ឆ្នាំ ២០១០-២០១៩
អំណោយទាន​ដ៏​មាន​តម្លៃ​មក​ពីព្រះ
ខែ មេសា ឆ្នាំ ២០១៨


អំណោយទាន​ដ៏​មាន​តម្លៃ​មក​ពីព្រះ

ជីវិត​អាច​ពោរពេញ​ដោយ​សេចក្ដីជំនឿ អំណរ សុភមង្គល សេចក្ដី​សង្ឃឹម និង​សេចក្ដី​ស្រឡាញ់ នៅ​ពេល​យើង​អនុវត្ត​សេចក្ដី​ជំនឿ​ដ៏​ពិត​ប្រាកដ​ក្នុង​កម្រិត​តិចតួច​បំផុត​ទៅ​លើ​ព្រះគ្រីស្ទ ។

បង​ប្អូន​ប្រុស​ស្រី យើង​ទើប​តែ​បាន​ចូល​រួម​នៅ​ក្នុង​ជំនុំ​មុត​មាំ​មួយ ជា​ការ​អនុវត្ត​មួយ​ដែល​អាច​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​ទៅ​ព្រះគម្ពីរ​ប៊ីប​វិញ នៅ​ពេល​សាសន៍​អ៊ីស្រាអែល​កាល​ពី​បុរាណ​បាន​ប្រមូល​ផ្ដុំ​គ្នា ដើម្បី​ទទួល​បាន​វត្តមាន​របស់​ព្រះអម្ចាស់ ហើយ​សាទរ​ចំពោះ​ព្រះពរ​របស់​ទ្រង់ ។ យើង​មាន​ឯកសិទ្ធិ​ដើម្បី​រស់នៅ​ក្នុង​គ្រា​មួយ​ដែល​ការ​អនុវត្ត​ពី​បុរាណ​នេះ​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​តាមរយៈ​ព្យាការី​យ៉ូសែប ស្ម៊ីធ ។ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​បងប្អូន​ឲ្យ​កត់​ត្រា​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ផ្ទាល់​ខ្លួន​នូវ​អារម្មណ៍​ដែល​បងប្អូន​មាន​ស្ដីពី​ឱកាស​ដ៏​ពិសិដ្ឋ​បំផុត​នេះ​ដែល​បងប្អូន​បាន​ចូល​រួម ។

ថ្មីៗ​នេះ យើង​បាន​លា​មិត្ត និង​ព្យាការី​ជាទី​ស្រឡាញ់​របស់​យើង​គឺ​ប្រធាន​ថូម៉ាស អេស ម៉នសុន ។ ទោះ​ជា​យើង​ទាំងអស់​គ្នា​នឹក​ដល់​លោក​ក្ដី ក៏​យើង​មាន​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ដែល​ព្រះអម្ចាស់​បាន​ហៅ​ព្យាការី​ថ្មី​មួយ​រូប​គឺ​ប្រធាន រ័សុល អិម ណិលសុន ឲ្យ​ធ្វើ​ជា​អធិបតី​លើ​សាសនាចក្រ​របស់​ទ្រង់​ដែរ ។ តាម​លំដាប់​លំដោយ​មួយ ឥឡូវ​នេះ​បាន​ចាប់ផ្ដើម​ទំព័រ​ថ្មី​មួយ​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​សាសនាចក្រ​របស់​យើង ។ នេះ​គឺ​ជា​អំណោយទាន​ដ៏​មាន​តម្លៃ​មួយ​មក​ពី​ព្រះ ។

នៅ​ពេល​យើង​ម្នាក់ៗ​បាន​គាំទ្រ​ប្រធាន ណិលសុន​ដោយ​ការ​លើក​ដៃ​របស់​យើង នោះ​យើង​បាន​ឈរ​ជា​សាក្សី​ចំពោះ​ព្រះ ហើយ​បាន​ទទួល​ស្គាល់​ថា លោក​គឺ​ជា​អ្នក​បន្ត​តំណែង​ដ៏​ពេញ​សិទ្ធិ​របស់​ប្រធាន​ម៉នសុន ។ ដោយ​ការ​លើក​ដៃ​របស់​យើង យើង​បាន​សន្យា​ថា នឹង​ស្ដាប់​តាម​ប្រសាសន៍​របស់​លោក នៅ​ពេល​លោក​ទទួល​ការ​ដឹកនាំ​មក​ពី​ព្រះអម្ចាស់ ។

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ដូច្នេះ ៖

« អ្នក​ត្រូវ​ស្តាប់​តាម​គ្រប់​អស់​ទាំង​ពាក្យសម្ដី និង​បញ្ញត្តិ​ទាំងឡាយ​របស់​លោក​ដែល​លោក [ មាន​ន័យ​ថា ប្រធាន​សាសនាចក្រ ] នឹង​ឲ្យ​ដល់​អ្នក​នៅពេល​លោក​បាន​ទទួល​ពាក្យ​ទាំងនោះ …

ដ្បិត​ពាក្យ​សម្ដី​របស់​លោក​នោះ​ហើយ អ្នក​នឹង​បាន​ទទួល ហាក់​ដូចជា​បាន​មក​ពី​ព្រះឱស្ឋ​របស់​យើង​ផ្ទាល់ ដោយ​សេចក្ដី​អត់ធន់ និង​សេចក្ដីជំនឿ​គ្រប់​យ៉ាង » ។

ខ្ញុំ​បាន​ស្គាល់​ព្យាការី​ថ្មី​របស់​យើង​អស់​រយៈពេល​ជាង ៦០ ឆ្នាំ​ហើយ ។ ខ្ញុំ​បាន​បម្រើ​ជាមួយ​លោក​នៅ​ក្នុង​កូរ៉ុម​នៃ​ពួក​ដប់ពីរ​នាក់​អស់រយៈពេល ៣៣ ឆ្នាំ ហើយ​ខ្ញុំ​ធ្វើ​ជា​សាក្សី​ថា ព្រះហស្ត​របស់​ព្រះម្ចាស់​បាន​រៀបចំ​លោក​ដើម្បី​ក្លាយជា​សាវក​ជា​អធិបតី និង​ជា​ព្យាការី​របស់​យើង ដើម្បី​បម្រើ​គ្រប់​កូនសោ​នៃ​បព្វជិតភាព​ដ៏​បរិសុទ្ធ​នៅលើ​ផែនដី ។ សូម​ឲ្យ​យើង​ម្នាក់ៗ​គាំទ្រ​លោក និង​ទីប្រឹក្សា​របស់​លោក​ទាំង​ស្រុង ហើយ​ធ្វើ​តាម​ការ​ដឹកនាំ​របស់​ពួក​លោក ។ យើង​ក៏​សូម​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ដល់​អែលឌើរ ហ្កង និង​អែលឌើរ សូរ៉េស ជា​សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​ដែរ ។

បន្ទាប់​ពី​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ ជា​ព្រឹត្តិការណ៍​មួយ​ដែល​យើង​អបអរ​សាទរ​នៅ​ចុង​សប្ដាហ៍​នៃ​បុណ្យ​អ៊ីស្ទើរ​ដ៏​រុង​រឿង​នេះ ទ្រង់​បាន​បង្ហាញ​អង្គ​ទ្រង់​ដល់​ពួក​សិស្ស​របស់​ទ្រង់ ហើយ​មាន​បន្ទូល​ថា « សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្តី​សុខ​សាន្ត ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ជា​ព្រះវរបិតា​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ » ។ សូម​កត់​សម្គាល់​អំពី​សកម្មភាព​ដែល​មាន​ពីរ​ជំហាន—ព្រះ​ចាត់​ព្រះរាជ​បុត្រា​ទ្រង់​ឲ្យ​មក ។ ព្រះរាជបុត្រា​ចាត់​ពួក​អ្នក​បម្រើ​របស់​ទ្រង់—ជា​បុរស និង​ស្ត្រី​ដែល​មាន​ជីវិត​រមែង​ស្លាប់—ឲ្យ​សម្រេច​កិច្ចការ​របស់​ទ្រង់ ។

យើង​មិន​គួរ​ភ្ញាក់​ផ្អើល​ឡើយ ដោយ​ដឹង​ថា បុគ្គល​ទាំងឡាយ​ដែល​បាន​ហៅ​ឲ្យ​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់​ពុំ​មែន​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​នោះ ។ ដំណើរ​រឿង​នៅ​ក្នុង​បទគម្ពីរ​បាន​រៀប​រាប់​លម្អិត​នូវ​ព្រឹត្តិការណ៍​អំពី​បុរស និង​ស្ត្រី​ដែល​ព្រះ​បាន​ហៅ​ដើម្បី​សម្រេច​កិច្ចការ​ដ៏​ធំ​មួយ—ជា​បុត្រា​បុត្រី​ដ៏​ល្អ​របស់​ព្រះវរបិតា​សួគ៌​នៃ​យើង បាន​ហៅ​ឲ្យ​បម្រើ​នៅ​ក្នុង​ការ​ចាត់​តាំង​របស់​ពួកគេ​ក្នុង​សាសនាចក្រ ដោយ​ខិតខំ​ធ្វើ​អស់​ពី​លទ្ធភាព ប៉ុន្តែ​គ្មាន​ពួកគេ​ណា​ម្នាក់​ល្អ​ឥតខ្ចោះ​នោះ​ទេ ។ វា​ក៏​ពិត​ចំពោះ​យើង​នា​ពេល​បច្ចុប្បន្ន​នេះ​ផង​ដែរ ។

ដោយ​ដឹង​អំពី​ភាព​ទន់​ខ្សោយ និង​កំហុស​របស់​មនុស្ស តើ​យើង​ដើរ​ឆ្ពោះ​ទៅ​មុខ​ដោយ​គាំទ្រ ហើយ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​តាម​របៀប​ណា ? វា​ចាប់ផ្ដើម​ដោយ​សេចក្ដី​ជំនឿ—សេចក្ដី​ជំនឿ​ដ៏​ពិត​ស្មោះត្រង់​លើ​ព្រះ​អម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ។ សេចក្ដី​ជំនឿ​លើ​ព្រះអង្គ​សង្គ្រោះ​គឺជា​គោលការណ៍​ទីមួយ​នៃ​គោលលទ្ធិ និង​ដំណឹងល្អ​នៃ​ព្រះគ្រីស្ទ ។

ច្រើន​ឆ្នាំ​កន្លង​ទៅ ខ្ញុំ​បាន​ទៅ​ទស្សនកិច្ច​ដែនដី​បរិសុទ្ធ ។ កាល​យើង​បើក​ឡាន​ទៅ​ក្បែរ​ដើម​ម៉ាសថាត នាយក​មជ្ឈមណ្ឌល​ប៊ី.វ៉ាយ.យូ.​យេរូសាឡិម​បាន​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​ធ្លាប់​ឃើញ​គ្រាប់​ពូជ​ម៉ាសថាត​ដែរ​ឬ​ទេ ។ ខ្ញុំ​មិន​ធ្លាប់​ឃើញ​ទេ ដូច្នេះ​យើង​ក៏​បាន​ឈប់​ឡាន ។ គាត់​បាន​បង្ហាញ​ខ្ញុំ​នូវ​គ្រាប់​ពូជ​ទាំង​នោះ​មក​ពី​ដើម​ម៉ាសថាត ។ វា​តូច​ខ្លាំង​ណាស់ ។

បន្ទាប់​មក ខ្ញុំ​បាន​នឹក​ចាំ​អំពី​ការ​បង្រៀន​របស់​ព្រះយេស៊ូវ​ថា « ដ្បិត​ខ្ញុំ​ប្រាប់​ជា​ប្រាកដ​ថា បើ​មាន​សេចក្តី​ជំនឿ​ដូច​គ្រាប់​ពូជ​មួយ​យ៉ាង​ល្អិត នោះ​អ្នក​រាល់​គ្នា​អាច​នឹង​និយាយ​ទៅ​ភ្នំ​នេះ​ថា ចូរ​រើ​ចេញ​ពី​ទី​នេះ​ទៅ​ទី​នោះ​ចុះ នោះ​នឹង​បាន​ដូច្នោះ ហើយ​ក៏​គ្មាន​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​ធ្វើ​មិន​កើត​នោះ​ទេ » ។

បើ​យើង​មាន​សេចក្ដី​ជំនឿ​ដូច​ជា​គ្រាប់​ពូជ​តូច​មួយ នោះ​ព្រះអម្ចាស់​អាច​ជួយ​យើង​ឲ្យ​រើ​ភ្នំ​នៃ​ការ​បាក់​ទឹក​ចិត្ត និង​ការ​សង្ស័យ​នៅ​ក្នុង​កិច្ចការ​ដែល​មាន​នៅ​ពីមុខ​យើង កាល​យើង​បម្រើ​ជាមួយ​នឹង​កូន​ចៅ​របស់​ព្រះ រួម​បញ្ចូល​ទាំង​សមាជិក​គ្រួសារ សមាជិក​សាសនាចក្រ និង​អស់​អ្នក​ដែល​ពុំ​មែន​ជា​សមាជិក​សាសនាចក្រ​ផង​ដែរ ។

បងប្អូន​ប្រុស​ស្រី ជីវិត​អាច​ពោរពេញ​ដោយ​សេចក្ដីជំនឿ អំណរ សុភមង្គល សេចក្ដី​សង្ឃឹម និង​សេចក្ដី​ស្រឡាញ់ នៅ​ពេល​យើង​អនុវត្ត​សេចក្ដី​ជំនឿ​ដ៏​ពិត​ប្រាកដ​ក្នុង​កម្រិត​តិចតួច​បំផុត​ទៅ​លើ​ព្រះគ្រីស្ទ—សូម្បី​តែជា​សេចក្ដី​ជំនឿ​ប៉ុន​គ្រាប់​ពូជ​ម៉ាសថាត​តូច​មួយ​ក្តី ។

អែលឌើរ ចច អេ ស្ម៊ីធ បាន​នឹក​ឃើញ​ពាក្យ​ទូន្មាន​មួយ​ចំនួន​ដែល​ប្រធាន យ៉ូសែប ស៊្មីធ បាន​ផ្ដល់​ឲ្យ​លោក​ថា ៖ « លោក​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​មិន​គួរ​បាក់​ទឹក​ចិត្ត​ឡើយ មិន​ថា​ជុំវិញ​ខ្លួន​ខ្ញុំ​មាន​ការ​លំបាក​ប៉ុណ្ណា​នោះ​ទេ ។ បើ​ខ្ញុំ​ត្រូវ​លិចលង់​ចូល​ទៅ​ក្នុង​បាត​រណ្ដៅ ណូវ៉ា ស្កូទៀ ដ៏​ជ្រៅ​បំផុត ហើយ​ភ្នំ​ធំៗ​ទាំងអស់​បាន​សង្កត់​មក​លើ​ខ្ញុំ​ក្ដី ក៏​ខ្ញុំ​មិន​គួរ​បាក់​ទឹក​ចិត្ត​ឡើយ ប៉ុន្តែ​ត្រូវ​តោង​ឲ្យ​ជាប់ អនុវត្ត​សេចក្ដី​ជំនឿ ហើយ​បន្ត​មាន​ចិត្ត​ក្លាហាន ហើយ​នៅ​ទីបំផុត ខ្ញុំ​នឹង​បាន​ក្រោក​ចេញ ហើយ​ឈរ​នៅ​លើ​កំពូល​នៃ​គំនរ​នោះ » ។

យើង​គួរ​ចងចាំ​ការ​ប្រកាស​របស់​ប៉ុល​ថា « ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំងអស់​បាន ដោយសារ​ព្រះគ្រីស្ទ​ដែល​ទ្រង់​ចម្រើន​កម្លាំង​ដល់​ខ្ញុំ »។ ការ​ដឹង​អំពី​រឿង​នេះ​គឺ​ជា​អំណោយទាន​ដ៏​មាន​តម្លៃ​មួយ​ទៀត​មក​ពី​ព្រះ ។

បន្ថែម​ពី​លើ​អំណោយ​ទាន​ទាំងឡាយ​ដែល​ខ្ញុំ​បាន​លើក​ឡើង វា​មាន​នូវ​អំណោយទាន​ជាច្រើន​ទៀត ។ ឥឡូវ​នេះ ខ្ញុំ​គ្រាន់តែ​និយាយ​អំពី​អំណោយទាន​តែ​ពីរ​បី​ប៉ុណ្ណោះ—អំណោយទាន​នៃ​ថ្ងៃ​ឈប់​សម្រាក ពិធីសាក្រាម៉ង់ ការ​បម្រើ​ដល់​មនុស្ស​ដទៃ និង​អំណោយទាន​ដែល​មិន​អាច​ប្រៀប​ផ្ទឹម​បាន​មក​ពី​ព្រះ​គឺ​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។

អនុភាព​នៃ​ថ្ងៃ​ឈប់​សម្រាក​គឺ​ដើម្បី​ដក​ពិសោធន៍​នៅ​ក្នុង​ព្រះវិហារ និង​នៅ​ផ្ទះ​នូវ​ភាព​រីករាយ អំណរ និង​អារម្មណ៍​កក់​ក្ដៅ​ពី​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ដោយ​គ្មាន​ការ​អូស​ទាញ​ណា​មួយ​ឡើយ ។

មាន​មនុស្ស​ជាច្រើន​បណ្ដោយ​ឲ្យ​ខ្លួន​ពួកគេ​ចំណាយ​ពេល​យ៉ាង​ច្រើន​លើ​អ៊ិនធើរណែត​ជាមួយ​ឧបករណ៍​ចល័ត​របស់​ពួកគេ—ជា​អេក្រង់​ដែល​បំភ្លឺ​មុខ​ពួកគេ​ទាំង​យប់​ទាំង​ថ្ងៃ និង​ការ​ដាក់​កាស​ស្ដាប់​នៅ​ក្នុង​ត្រចៀក​ដែល​រារាំង​ពួកគេ​មិន​ឲ្យ​ឮ​សំឡេង​តូច​រហៀង​របស់​ព្រះវិញ្ញាណ ។ បើ​យើង​គ្មាន​ពេល​ចេញ​ឆ្ងាយ​ពី​ឧបករណ៍​ទាំង​នោះ​ទេ យើង​អាច​នឹង​ខក​ខាន​នូវ​ឱកាស​ស្ដាប់​ឮ​ព្រះសូរ​សៀង​របស់​ទ្រង់​ដែល​មាន​បន្ទូល​ថា « ចូរ​បង្អង់​សិន ហើយ​ឲ្យ​បាន​ដឹង​ថា យើង​ជា​ព្រះ » ។ ឥឡូវនេះ ការ​ទាញ​យក​ប្រយោជន៍​ពី​ភាព​ជឿន​លឿន​នៃ​បច្ចេកវិទ្យា​ដែល​បំផុស​គំនិត​មក​ពី​ព្រះអម្ចាស់​គឺ​មិនមែន​ជា​រឿង​ខុស​ឆ្គង​ទេ ប៉ុន្តែ​យើង​ត្រូវ​តែ​វៃ​ឆ្លាត​នៅ​ក្នុង​ការ​ប្រើ​ប្រាស់​វា ។ ចូរ​ចងចាំ​អំពី​អំណោយទាន​នៃ​ថ្ងៃ​ឈប់​សម្រាក ។

ពរជ័យ​នៃ​ការ​ទទួល​សាក្រាម៉ង់​នៅ​ក្នុង​ការប្រជុំ​ពិធី​សាក្រាម៉ង់​ពុំ​ត្រូវ​ក្លាយ​ជា​ទម្លាប់ ឬ​គ្រាន់តែ​ជា​អ្វី​មួយ​ដែល​យើង​ធ្វើ​នោះ​ឡើយ ។ វា​មាន​រយៈពេល​តែ ៧០ នាទី​ប៉ុណ្ណោះ​ក្នុង​មួយ​សប្ដាហ៍ កាល​យើង​ផ្អាក ហើយ​ស្វែង​រក​ភាព​សុខសាន្ត អំណរ និង​សុភមង្គល​ឲ្យ​កាន់​តែ​ច្រើន​នៅ​ក្នុង​ជីវិត​របស់​យើង ។

ការ​ទទួល​ទាន​សាក្រាម៉ង់ និង​ការ​រំឭក​ចាំ​សេចក្ដី​សញ្ញា​របស់​យើង​គឺ​ជា​សញ្ញា​មួយ​របស់​យើង​ចំពោះ​ព្រះអម្ចាស់​ថា យើង​នឹង​ចងចាំ​ទ្រង់​ជានិច្ច ។ ដង្វាយ​ធួន​របស់​ទ្រង់​គឺ​ជា​អំណោយទាន​ដ៏​មាន​ក្ដី​មេត្តា​មួយ​មក​ពី​ព្រះ ។

ឯកសិទ្ធិ​នៃ​ការ​បម្រើ​ដល់​កូនចៅ​របស់​ព្រះវរបិតា​សួគ៌​គឺជា​ឱកាស​ផ្សេង​មួយ​ទៀត​ដើម្បី​ធ្វើ​តាម​គំរូ​នៃ​ព្រះរាជ​បុត្រា​ស្ងួន​ភ្ញា​របស់​ទ្រង់​តាមរយៈ​ការ​បម្រើ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ។

ឱកាស​បម្រើ​ខ្លះ​គឺ​ជា​ឱកាស​ផ្លូវការ—ដូច​ជា​នៅ​ក្នុង​គ្រួសារ​របស់​យើង ការហៅ​របស់​យើង​ក្នុង​សាសនាចក្រ និង​ការ​ចូល​រួម​របស់​យើង​ក្នុង​ការ​បម្រើ​ដល់​សហគមន៍ ។

សមាជិក​សាសនាចក្រ—ទាំង​បុរស និង​ស្ត្រី—មិន​គួរ​មាន​ចិត្ត​ស្ទាក់​ស្ទើរ​ដើម្បី​ឈរ​ឈ្មោះ​សម្រាប់​តួនាទី​សាធារណៈ​នៅ​កម្រិត​ណា​មួយ​ក្នុង​រដ្ឋាភិបាល​ដែល​ពួកគេ​រស់​នៅ​ឡើយ បើ​ពួកគេ​ចង់​ធ្វើ​ដូច្នោះ ។ សំឡេង​របស់​យើង​គឺ​ចាំបាច់​ណាស់​នៅ​សព្វ​ថ្ងៃ​នេះ ហើយ​វា​សំខាន់​នៅ​ក្នុង​សាលា​រៀន ទីក្រុង និង​ប្រទេស​របស់​យើង ។ នៅ​ទី​ណា​ដែល​មាន​លទ្ធិ​ប្រជាធិបតេយ្យ ក្នុង​នាម​ជា​សមាជិក យើង​មាន​កាតព្វកិច្ច​បោះ​ឆ្នោត​រើស​បុរស​ស្ត្រី​ដែល​គួរ​ឲ្យ​គោរព​ជា​អ្នក​ដែល​មាន​ឆន្ទៈ​ចង់​បម្រើ ។

ឱកាស​ជាច្រើន​ដើម្បី​បម្រើ​គឺ​ពុំ​មែន​ជា​ឱកាស​ផ្លូវការ​ទេ—គ្មាន​ការចាត់​តាំង—ហើយ​វា​កើត​មាន​កាល​យើង​ឈោង​ទៅ​ជួយ​មនុស្ស​ដទៃ​ដែល​យើង​ជួប​នៅ​ក្នុង​ដំណើរ​នៃ​ជីវិត​នេះ ។ ចូរ​ចងចាំ​ថា ព្រះយេស៊ូវ​បាន​បង្រៀន​ដល់​អ្នក​ប្រាជ្ញ​ខាង​ច្បាប់​ថា យើង​គួរ​ស្រឡាញ់​ព្រះ និង​អ្នក​ជិត​ខាង​របស់​យើង​ឲ្យ​ដូច​ជា​ខ្លួន​យើង​ផ្ទាល់ ដោយ​យក​សាសន៍​សាម៉ារី​ល្អ​ធ្វើ​ជា​ឧទាហរណ៍ ។

ការ​បម្រើ​ធ្វើ​ឲ្យ​យើង​យល់​អំពី​ជីវប្រវត្តិ និង​ការងារ​បម្រើ​របស់​ព្រះគ្រីស្ទ ។ ទ្រង់​បាន​យាង​មក​បម្រើ​ដូច​ដែល​បទគម្ពីរ​បង្រៀន​ថា « ដូច​ជា​កូន​មនុស្ស​បាន​មក មិន​មែន​ឲ្យ​គេ​បម្រើ​លោក​ទេ គឺ​នឹង​បម្រើ​គេ​វិញ ហើយ​នឹង​ឲ្យ​ជីវិត​ខ្លួន​ទុក​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​ផង » ។១០

ពេត្រុស​អាច​នឹង​ផ្ដល់​ការពិពណ៌នា​ដ៏​ល្អ​បំផុត​ចំពោះ​ការងារ​បម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង​ពាក្យ​ប្រាំ​ម៉ាត់ នៅ​ពេល​លោក​ហៅ​ព្រះយេស៊ូវ​ថា​ជា​អង្គ​ដែល « យាង​ចុះ​ឡើង​ធ្វើការ​ល្អ » ។១១

ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ​គឺជា​អំណោយទាន​ដ៏​មាន​តម្លៃ​បំផុត​របស់​យើង​ដែល​បាន​មក​ពី​ព្រះ ។ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា « ខ្ញុំ​ជា​ផ្លូវ ជា​សេចក្តី​ពិត ហើយ​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះវរបិតា​បាន​ឡើយ » ។១២

នីហ្វៃ​បាន​ចាប់​យក​ចំណុច​សំខាន់​អំពី​ព្រះអង្គ​សង្គ្រោះ នៅ​ពេល​លោក​បាន​ប្រកាស​ថា « យើង​និយាយ​អំពី​ព្រះ​គ្រីស្ទ យើង​អរ​រីករាយ​ក្នុង​ព្រះ​គ្រីស្ទ យើង​ផ្សាយ​អំពី​ព្រះ​គ្រីស្ទ យើង​ព្យាករ​អំពី​ព្រះ​គ្រីស្ទ ហើយ​យើង​សរសេរ ស្រប​តាម​ពាក្យ​ព្យាករ​ទាំង​ឡាយ​របស់​យើង ដើម្បី​ឲ្យ​កូន​ចៅ​យើង​អាច​ដឹង​ថា តើ​ត្រូវ​ស្វែងរក​ប្រភព​ណា​មួយ ដើម្បី​ឲ្យ​បាន​ផ្ដាច់​បាប​របស់​ពួក​គេ។ » ។១៣ យើង​ត្រូវ​តែ​រក្សា​ព្រះគ្រីស្ទ​ជា​ស្នូល​នៃ​ជីវិត​របស់​យើង​នៅ​គ្រប់​ពេល និង​គ្រប់​ទីកន្លែង ។

យើង​គួរ​ចងចាំ​ថា ព្រះនាម​ទ្រង់​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​កន្លែង​ថ្វាយ​បង្គំ​របស់​យើង យើង​ជ្រមុជទឹក​នៅ​ក្នុង​ព្រះនាម​ទ្រង់ ហើយ​យើង​ទទួល​បាន​ពិធី​បញ្ជាក់ បាន​តែង​តាំង បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​ផ្ទាល់​ខ្លួន ហើយ​បាន​ផ្សារ​ភ្ជាប់​នៅ​ក្នុង​អាពាហ៍​ពិពាហ៍​នៅ​ក្នុង​ព្រះនាម​របស់​ទ្រង់ ។ យើង​ទទួល​ទាន​សាក្រាម៉ង់ ហើយ​សន្យា​លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​ទ្រង់—ហើយ​ក្លាយ​ជា​ពួក​គ្រិស្តសាសនិក​ពិត ។ ជា​ចុង​ក្រោយ យើង​ត្រូវ​បាន​សុំ​នៅ​ក្នុង​ពាក្យ​អធិស្ឋាន​សាក្រាម៉ង់​ឲ្យ​« ចងចាំ​ទ្រង់​ជានិច្ច » ។១៤

នៅ​ពេល​យើង​ត្រៀម​ខ្លួន​សម្រាប់​ថ្ងៃ​អាទិត្យ​បុណ្យ​អ៊ីស្ទើរ​នៅ​ថ្ងៃ​ស្អែក ចូរ​យើង​ចងចាំ​ថា ព្រះគ្រីស្ទ​គឺ​ខ្ពស់​បំផុត ។ ទ្រង់​គឺជា​ចៅក្រម​ដ៏​សុចរិត ជា​ព្រះ​គាំទ្រ​ដ៏​ស្មោះ​ត្រង់​របស់​យើង ជា​ព្រះ​ប្រោស​លោះ​ដ៏​មាន​ពរ ជា​អ្នក​គង្វាល​ដ៏​ល្អ ជា​ព្រះមែស៊ី​ដែល​បាន​សន្យា ជា​មិត្ត​ដ៏​ពិត និង​ជា​អ្វីៗ​ច្រើន​ទៀត ។ ទ្រង់​ពិត​ជា​អំណោយទាន​មួយ​ដ៏​មាន​តម្លៃ​បំផុត​មក​ពី​ព្រះវរបិតា​របស់​យើង​សម្រាប់​យើង​គ្រប់​គ្នា ។

នៅ​ក្នុង​ភាព​ជា​សិស្ស​របស់​យើង យើង​មាន​តម្រូវការ កង្វល់ និង​ការ​ចាត់​តាំង​ជាច្រើន ។ ប៉ុន្តែ​សកម្មភាព​ខ្លះ​ត្រូវ​តែ​ជា​មូល​ដ្ឋាន​គ្រឹះ​ជានិច្ច​នៃ​សមាជិក​ភាព​របស់​យើង​ក្នុង​សាសនាចក្រ ។ ព្រះអម្ចាស់​បង្គាប់​ថា « ហេតុ​ដូច្នោះ​ហើយ ចូរ​មាន​ចិត្ត​ស្មោះត្រង់​ចុះ ចូរ​ឈរ​នៅ​ក្នុង​តំណែង​ដែល​យើង​បាន​តែងតាំង​ដល់​អ្នក ចូរ​ជួយ អ្នក​ទន់ខ្សោយ ចូរ​លើក ដៃ​ដែល​រោយ ហើយ​ចូរ​ចម្រើន​កម្លាំង ដល់​ក្បាល​ជង្គង់​ដែល​ញ័រ​ផង » ។១៥

នេះ​គឺជា​សកម្មភាព​របស់​សាសនាចក្រ ! នេះ​គឺជា​សាសនា​ដែល​បរិសុទ្ធ ! នេះ​គឺជា​ដំណឹងល្អ​នៅ​ក្នុង​អត្ថន័យ​ពិត​របស់​វា នៅ​ពេល​យើង​ជួយ​លើក ហើយ​ចម្រើន​កម្លាំង​ដល់​អ្នក​ដែល​មាន​សេចក្ដី​ត្រូវការ​ខាង​វិញ្ញាណ និង​ខាង​សាច់​ឈាម ! ការ​ធ្វើ​កិច្ចការ​នេះ​តម្រូវ​ឲ្យ​យើង​ទៅ​សួរ​សុខ​ទុក្ខ​ពួកគេ ហើយ​ជួយ​ដល់​ពួកគេ ១៦ ដើម្បី​ឲ្យ​ទីបន្ទាល់​អំពី​សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ព្រមទាំង​ដង្វាយ​ធួន​របស់​ទ្រង់​នឹង​ត្រូវ​បាន​ស្ថាបនា​យ៉ាង​រឹង​មាំ​នៅ​ក្នុង​ដួង​ចិត្ត​របស់​ពួកគេ ។

សូម​ឲ្យ​ព្រះអម្ចាស់​ជួយ ហើយ​ប្រទាន​ពរ​ដល់​យើង​ឲ្យ​រក្សា​អំណោយទាន​ដ៏​មាន​តម្លៃ​ជា​ច្រើន​របស់​យើង​ដែល​បាន​មក​ពី​ព្រះ រួម​មាន​ទាំង​សមាជិកភាព​របស់​យើង​នៅក្នុង​សាសនាចក្រ​របស់​ទ្រង់​ដែល​បាន​ស្តារ​ឡើង​វិញ ។ ខ្ញុំ​សូម​អធិស្ឋាន​ថា យើង​នឹង​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​បុត្រាបុត្រី​របស់​ព្រះវរបិតា​សួគ៌ ហើយ​អាច​មើល​ឃើញ​សេចក្ដី​ត្រូវការ​របស់​ពួកគេ ហើយ​មាន​ឆន្ទៈ​ដើម្បី​ឆ្លើយ​សំណួរ និង​កង្វល់​របស់​ពួកគេ​អំពី​ដំណឹងល្អ​តាម​របៀប​ច្បាស់​លាស់ ហើយ​មាន​សន្ដាន​ចិត្ត​ល្អ ដែល​វា​នឹង​បង្កើន​ការ​យល់ដឹង និង​អំណរគុណ​ចំពោះ​គ្នា ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។ អ្វី​ដែល​យើង​នឹង​ត្រូវ​បាន​បង្រៀន​នៅ​ក្នុង​សន្និសីទ​ទូទៅ​នេះ​កើត​មាន​ចំពោះ​យើង​តាមរយៈ​ការ​បំផុស​គំនិត​មក​ពី​ពួក​សាវក និង​ពួក​ព្យាការី មក​ពី​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ និង​ថ្នាក់​ដឹកនាំ​ដែល​ជា​ស៊ីស្ទើរ ដែល​ជា​ពួក​អ្នក​កាន់​តំណែង​ទូទៅ​ក្នុង​សាសនាចក្រ ។ សូម​ឲ្យ​អំណរ និង​ភាព​សុខសាន្ត​របស់​ព្រះអម្ចាស់​កើត​មាន​ចំពោះ​យើង​ម្នាក់ៗ នេះ​គឺជា​ការ​អធិស្ឋាន​ដ៏​រាបសា​របស់​ខ្ញុំ ក្នុង​ព្រះនាម​នៃ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ អាម៉ែន ៕