ឆ្នាំ ២០១០-២០១៩
ប្រុងប្រៀប​ទៅ​ជួប​ព្រះ
ខែ មេសា ឆ្នាំ ២០១៨


ប្រុងប្រៀប​ទៅ​ជួប​ព្រះ

ការបន្ត​ការទទួលខុសត្រូវ​ដែល​ព្រះ​បាន​ចាត់តាំង​នៅក្នុង​សេចក្តីសុចរិត សាមគ្គីភាព និង​សមភាព​នឹង​រៀបចំ​យើង​ទៅ​ជួប​ព្រះ ។

អ៊ីលីស្សា អ័រ ស្នូ និយាយ​អំពី​ការឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ( ដែល​គាត់​បាន​ចូលរួម ) ដោយ​ថ្លែង​ថា ៖ « ពិធី​ឧទ្ធិសឆ្លង​អាច​ត្រូវបាន​ហាត់​សម ប៉ុន្តែ​គ្មាន​មនុស្ស​ណា​ម្នាក់​អាច​ពិពណ៌នា​អំពី​ការបង្ហាញ​ពី​សួគ៌ា​នៅ​ថ្ងៃ​ដ៏​គួរ​ឲ្យ​ចងចាំ​នោះ​ទេ ។ ពួកទេវតា​បាន​បង្ហាញ​ព្រះកាយ​ដល់​មនុស្ស​មួយ​ចំនួន ខណៈ​ដែល​ការទទួល​អារម្មណ៍​ពី​វត្តមាន​របស់​ព្រះ​ត្រូវបាន​ដឹង​ដល់​អស់​អ្នក​ដែល​ចូលរួម ហើយ​ដួងចិត្ត​នៃ​បុគ្គល​ម្នាក់ៗ​ពោរពេញ​ដោយ​អំណរ​ដែល​ពុំ​អាច​ថ្លែង​បញ្ជាក់​បាន និង​ដោយ​សិរី​ល្អ » ។

ការបង្ហាញ​របស់​ព្រះ​ដែល​បាន​កើត​ឡើង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺត​ឡង់ គឺ​ជា​គ្រឹះ​ឆ្ពោះ​ទៅកាន់​គោលបំណង​នៃ​ការស្តារ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ឡើង​វិញ ដើម្បី​នាំ​មក​នូវ​សេចក្តីសង្គ្រោះ និង​ការលើក​តម្កើង​នៃ​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌​យើង ។ នៅពេល​យើង​ប្រុងប្រៀប​ទៅ​ជួប​ព្រះ នោះ​យើង​អាច​ដឹង​នូវ​ការទទួល​ខុសត្រូវ​របស់​យើង​ដែល​ព្រះ​បាន​ចាត់តាំង តាមរយៈ​ការរំឭក​ឡើង​វិញ​អំពី​កូនសោ​ពិសិដ្ឋ​ដែល​បាន​ស្តារ​ឡើង​វិញ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ។

នៅក្នុង​ការអធិស្ឋាន​ឧទ្ទិស​ឆ្លង ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​ទូល​អង្វរ​ដោយ​រាបទាប​ដល់​ព្រះអម្ចាស់ « សូម​ទទួល​ដំណាក់​នេះ …ដែល​ទ្រង់​បាន​បញ្ជា​ឲ្យ​ទូលបង្គំ​ទាំង​អស់​គ្នា​សង់ » ។

មួយ​សប្ដាហ៍​ក្រោយ​មក នៅ​ថ្ងៃ​អាទិត្យ​បុណ្យ​អ៊ីស្ទើរ ព្រះអម្ចាស់​បាន​បង្ហាញ​ព្រះកាយ​នៅក្នុង​ការនិមិត្ត​ដ៏​រុងរឿងមួយ ហើយ​បាន​ទទួល​យក​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់ ។ ការណ៍​នេះ​បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី ៣ ខែ មេសា ឆ្នាំ ១៨៣៦ វា​ស្ទើរតែ​ជិត ១៨២ ឆ្នាំ​មក​ហើយ ចាប់តាំង​ពី​ថ្ងៃ​អាទិត្យ​បុណ្យ​អ៊ីស្ទើរ​នោះ ។ វា​ក៏​ជា​រដូវកាល​បុណ្យ​រំលង​ផងដែរ—គឺ​ជា​គ្រា​ដ៏​កម្រ​មួយ​ដែល​បុណ្យ​អ៊ីស្ទើរ និង​បុណ្យ​រំលង​ត្រួត​លើ​គ្នា ។ បន្ទាប់​ពី​ការនិមិត្ត​ចប់ ព្យាការី​បុរាណ​បី​រូប ម៉ូសេ, អេលីយ៉ាស និង​អេលីយ៉ា បាន​បង្ហាញ​ខ្លួន ហើយ​ប្រគល់​កូនសោ​ដ៏​ចាំបាច់ ដើម្បី​សម្រេច​ព្រះរាជ​បំណង​របស់​ព្រះអម្ចាស់​សម្រាប់​សាសនាចក្រ ដែល​បាន​ស្តារ​ឡើង​វិញ​របស់​ទ្រង់​នៅក្នុង​សម័យ​កាន់កាប់​ត្រួតត្រា​នេះ ។ គោលបំណង​នោះ​គឺ​សាមញ្ញ ប៉ុន្តែ​ត្រូវបាន​បង្ហាញ​ដោយ​ក្បោះក្បាយ​ថា ជា​ការប្រមូល​ផ្តុំ​នៃ​សាសន៍​អ៊ីស្រាអែល ការផ្សារ​ភ្ជាប់​ពួកគេ​ជា​ក្រុមគ្រួសារ និង​ការរៀបចំ​ពិភពលោក​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអម្ចាស់ ។

ការបង្ហាញ​ខ្លួន​ទាំង​អេលីយ៉ា និង ម៉ូសេ​គឺ​ជា « ព្រឹត្តិការណ៍​ស្រប​គ្នា…[ ជាមួយ​នឹង ] ‹ ប្រពៃណី​របស់​ពួកយូដា យោង​តាម​អ្វី​ដែល​ម៉ូសេ និង​អេលីយ៉ា​នឹង​មក​ដល់​ទាំងអស់​គ្នា​នៅ ‹ គ្រា​ចុង​បញ្ចប់ › » ។ នៅក្នុង​គោលលទ្ធិ​របស់​យើង ការបង្ហាញ​ខ្លួន​នេះ បាន​សម្រេច​នូវ​គ្រឹះ​នៃ​ការស្តារ​ឡើង​វិញ​នៃ​កូនសោ​ពិសេសៗ « ដែល​បាន​ប្រទាន​ឲ្យ… សម្រាប់​ថ្ងៃ​ចុង​ក្រោយ​បង្អស់ និង​សម្រាប់​ពេល​ចុង​ក្រោយ​បង្អស់ ដែល​ជា​គ្រា​កាន់កាប់​ត្រួតត្រា​នៃ​ពេល​ពេញ​កំណត់ » ។

ព្រះវិហារ​បរិសុទ្ធ ខឺតឡង់ ទាំង​ទីតាំង និង​ទំហំ គឺ​មាន​ទំនាក់ទំនង​មិន​ច្បាស់លាស់ ។ ប៉ុន្តែ​ក្នុង​ន័យ​ដ៏​សំខាន់​របស់​ព្រះវិហារ​បរិសុទ្ធ​នេះ​ចំពោះ​មនុស្ស​លោក វា​គឺជា ឥទ្ធិពល​អស់កល្ប​ជានិច្ច ។ ពួកព្យាការី​បុរាណ​បាន​ស្តារ​កូនសោ​បព្វជិតភាព​សម្រាប់​ពិធីបរិសុទ្ធ​នៃ​សេចក្តីសង្គ្រោះ​អស់កល្ប​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូគ្រីស្ទ ។ នេះ​ជា​លទ្ធផល​ដែល​ធ្វើ​ឲ្យ​ពួក​សមាជិក​ស្មោះត្រង់​មាន​អំណរ​ដ៏​លើសលុប ។

កូនសោ​ទាំង​នេះ​ផ្តល់ « ព្រះ​ចេស្ដា​មក​ពី​ស្ថាន​លើ »  សម្រាប់​ការទទួល​ខុសត្រូវ​ដែល​ព្រះ​បាន​ចាត់​មក ដែល​តាំង​ពីមុន​រហូត​ដល់​ពេល​ឥឡូវ​នេះ​បង្កើត​ជា​គោលបំណង​ចម្បង​នៃ​សាសនាចក្រ ។ នៅ​ថ្ងៃ​បុណ្យ​អ៊ីស្ទើរ​ដ៏​អស្ចារ្យ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ នោះ​កូនសោ​បី​ត្រូវបាន​ស្តារ​ឡើង​វិញ ៖

ទីមួយ ម៉ូសេ​បាន​បង្ហាញ​កាយ ហើយ​ប្រគល់​កូន​សោ​ទាំង​ឡាយ​នៃ​ការ​ប្រមូល​សាសន៍​អ៊ីស្រាអែល​ពី​ទិស​ទាំង​បួន​នៃ​ផែនដី គឺ​ជា​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ។

ទីពីរ អេលីយ៉ាស​បាន​បង្ហាញ​កាយ ហើយ​ប្រគល់​កូនសោ​គ្រា​កាន់កាប់​ត្រួតត្រា​នៃ​ដំណឹង​ល្អ​របស់​លោក​អ័ប្រាហាំ ដែល​រួមមាន​ទាំង​ការស្តារ​ឡើង​វិញ​នូវ​សេចក្តីសញ្ញា​នៃ​អ័ប្រាហាំ ។១០ ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា គោលបំណង​នៃ​កូនសោ​នៃ​សេចក្តីសញ្ញា​គឺ​ដើម្បី​រៀបចំ​សមាជិក​សម្រាប់​នគរ​ព្រះ ។ លោក​បាន​មាន​ប្រសាសន៍​ថា « យើង​ស្គាល់​ខ្លួន​យើង ហើយ [ យើង​ដឹង ] អំពី​អ្វី​ដែល​ព្រះ​រំពឹង​ចង់​បាន​ពី​យើង » ។១១

ទី​បីអេលីយ៉ា​បាន​បង្ហាញ​កាយ ហើយ​ប្រគល់​កូនសោ​នៃ​ការផ្សារភ្ជាប់​នៅក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​នេះ គឺ​ជា​កិច្ចការ​ពង្សប្រវត្តិ និង​ពិធី​បរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដែល​អនុញ្ញាត​ឲ្យ​សេចក្តីសង្គ្រោះ​មាន​ដល់​មនុស្ស​នៅរស់ និង​មរណជន ។១២

នៅក្រោម​ការណែនាំ​មក​ពី​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ នោះ​មាន​ក្រុមប្រឹក្សា​ប្រតិបត្តិ​ចំនួន​បី​នៅ​ទីស្នាក់ការ​កណ្តាល​នៃ​សាសនាចក្រ​ដែល​មើល​ខុសត្រូវ​លើ​ការទទួលខុសត្រូវ​ទាំង​បី​នេះ ដែល​ព្រះ​បាន​ចាត់តាំង​ដោយ​ផ្អែក​លើ​កូនសោ​ដែល​បាន​ស្តារ​ឡើង​វិញ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ។ ក្រុមប្រឹក្សា​ទាំង​នោះ​គឺ ក្រុមប្រឹក្សា​ប្រតិបត្តិ​អ្នក​ផ្សព្វផ្សាយ​សាសនា ក្រុមប្រឹក្សា​ប្រតិបត្តិ​បព្វជិតភាព និង​ក្រុមគ្រួសារ និង​ក្រុមប្រឹក្សា​ប្រតិបត្តិ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ។

តើ​យើង​កំពុង​ធ្វើ​អ្វី​ខ្លះ​នា​ពេល​បច្ចុប្បន្ន​នេះ ដើម្បី​បំពេញ​ការទទួល​ខុសត្រូវ​ដែល​ព្រះ​បាន​ចាត់តាំង​ទាំង​នេះ ?

ទីមួយ ទាក់ទង​នឹង​ការស្តារ​ឡើង​វិញ​របស់​ម៉ូសេ​នូវ​កូនសោ​នៃ​ការប្រមូល​ផ្តុំ​សាសន៍​អ៊ីស្រាអែល សព្វ​ថ្ងៃ​នេះ មាន​អ្នក​ផ្សព្វផ្សាយ​ស្ទើរតែជិត ៧០០០០ នាក់​ដែល​កំពុង​ផ្សព្វផ្សាយ​ដំណឹង​ល្អ​របស់​ទ្រង់​នៅ​ទូទាំង​ផែនដី ដើម្បី​ប្រមូល​ពួក​ដែល​ទ្រង់​រើស​តាំង ។ នេះ​គឺ​ជា​បទបញ្ញត្តិ​នៃ​ការបំពេញ​កិច្ចការ​ដ៏​មហិមា និង​អស្ចារ្យ​ដែល​នីហ្វៃ​បាន​ព្យាករ​ទាំង​ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ និង​វង្ស​អ៊ីស្រាអែល ។ នីហ្វៃ​បាន​ឃើញ​ជំនាន់​របស់​យើង ពេល​ដែល​ពួក​បរិសុទ្ធ​នៃ​ព្រះ​នឹង​មាន​ពាសពេញ​ផ្ទៃ​ផែនដី​ទាំងអស់ ប៉ុន្តែ​ពួកគេ​មាន​ចំនួន​តិច​ដោយសារ​តែ​អំពើ​ទុច្ចរិត ។ ប៉ុន្តែ លោក​បាន​ព្យាករ​ថា ពួកគេ​នឹង « ប្រដាប់​អាវុធ​ដោយ​សេចក្ដី​សុចរិត និង​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ ដោយ​សិរី​ល្អ​ដ៏​អស្ចារ្យ » ។១៣ នៅពេល​បាន​ពិចារណា​អំពី​ប្រវត្តិ​ខ្លីៗ​នៃ​សាសនាចក្រ​ដែល​បាន​ស្តារ​ឡើង​វិញ នោះ​កិច្ចខិតខំ​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​គឺ​ជា​រឿង​ដ៏​សំខាន់​បំផុត ។ យើង​កំពុង​ឃើញ​អំពី​ការបំពេញ​តាម​ការព្យាករ​នៃ​ការនិមិត្ត​របស់​នីហ្វៃ ។ ទោះបី​ជា​ចំនួន​យើង​តិច​ក្តី យើង​នឹង​បន្ត​កិច្ច​ខិតខំ​របស់​យើង និង​ឈោង​ទៅ​រក​អស់​អ្នក​ដែល​នឹង​ឆ្លើយ​តប​ចំពោះ​សារលិខិត​របស់​ព្រះអង្គសង្គ្រោះ ។

ទីពីរ អេលីយ៉ា​បាន​បង្ហាញ​កាយ ហើយ​បាន​ប្រគល់​គ្រាកាន់​កាប់ត្រួតត្រា​នៃ​ដំណឹងល្អ​របស់​លោក​អ័ប្រាហាំ​ដោយ​ប្រាប់​ថា នៅ​ក្នុង​យើង និង​ពូជ​របស់​យើង នោះ​អស់​ទាំង​តំណ​មនុស្ស​បន្ទាប់​ពី​យើង​មក​នឹង​បាន​ពរ ។ នៅក្នុង​សន្និសីទ​នេះ ការណែនាំ​ដ៏​សំខាន់​ត្រូវបាន​បង្ហាញ​ដើម្បី​ជួយ​ធ្វើ​ឲ្យ​ពួក​បរិសុទ្ធ​បាន​ល្អ​ឥតខ្ចោះ និង​រៀបចំ​ពួកគេ​សម្រាប់​នគរ​ព្រះ ។១៤ ការប្រកាស​នៅក្នុង​សម័យ​ប្រជុំ​បព្វជិតភាព​ជាមួយ​នឹង​ការគោរព​ដល់​កូរ៉ុម​ពួកអែលឌើរ និង​សង្ឃ​ជាន់​ខ្ពស់​នឹង​រៀបចំ​អំណាច និង​សិទ្ធិ​អំណាច​បព្វជិតភាព ។ ការបង្រៀន​តាម​ផ្ទះ និង​ការបង្រៀន​សួរសុខ​ទុក្ខ ឥឡូវ​នេះ​គឺ « ការបម្រើ » ដូច​ដែល​បាន​បង្រៀន​យ៉ាង​ស្ទាត់​នៅក្នុង​សម័យ​ប្រជុំ​នេះ នឹង​រៀបចំ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ឲ្យ​ជួប​នឹង​ព្រះ ។

ទី​បី អេលីយ៉ា​បាន​ប្រគល់​កូនសោ​នៃ​ការផ្សារ​ភ្ជាប់​សម្រាប់​គ្រា​កាន់កាប់​ត្រួតត្រា​នេះ ។ សម្រាប់​ពួក​យើង​ដែល​រស់នៅ​ក្នុង​គ្រា​នេះ ការ​កើន​ឡើង​នៃ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​គឺ​អស្ចារ្យ​ណាស់ ។ ល្បឿន​នេះ​នឹង​បន្ត ហើយ​លឿន​ឆ្ពោះ​ទៅមុខ​រហូត​ដល់​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះអង្គសង្គ្រោះ ក្រែង​លោ​ផែនដី​ទាំង​មូល « នឹង​ត្រូវ​កម្ទេច​ចោល​សូន្យ​ឈឹង​ក្នុង​កាល​ទ្រង់​យាង​មក » ។១៥

កិច្ចការ​ពង្សប្រវត្តិ​បាន​រីកចម្រើន​យ៉ាង​គំហុក​នៅក្នុង​រយៈពេល​ពីរបី​ឆ្នាំ​ចុង​ក្រោយ​នេះ​ដោយសារ​បច្ចេកវិទ្យា​ដែល​ស្ថានសួគ៌​បាន​ប្រទាន​ពរ​មក ។ យើង​នឹង​មិន​ទទួល​ខុសត្រូវ​ដើម្បី​បំពេញ​ចិត្ត​ដល់​ការទទួល​ខុសត្រូវ​ដែល​ព្រះ​បាន​ចាត់​តាំង​នេះ ហើយ​រំពឹង​ថា មាន​នរណា​ម្នាក់ ឬ​សាច់​ញាតិ​មួយ​ចំនួន​ផ្សេង​ទៀត​នឹង​ធ្វើ​កិច្ចការ​នេះ​ឡើយ ។ ខ្ញុំ​សូម​ចែកចាយ​ប្រសាសន៍​ត្រង់ៗ​របស់​ប្រធាន យ៉ូសែប ហ្វិលឌីង ស្ម៊ីធ ដូច្នេះ ៖ « គ្មាន​នរណ​ម្នាក់​ត្រូវ​បាន​លើកលែង​ពី​កាតព្វកិច្ច​ដ៏​មហិមា​នេះ​បាន​ឡើយ ។ កិច្ចការ​នេះ​តម្រូវ​ឲ្យ​ធ្វើ​ទាំង​ពួក​សាវក និង​ពួក​បងប្អូន​ប្រុស [ ស្រី ] ដ៏​រាបទាប​បំផុត ។ ទីកន្លែង ឬ​ភាពខុសប្លែក​គ្នា ឬ​ការបម្រើ​យូរយារ​នៅក្នុង​សាសនាចក្រ…នឹង​ពុំ​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់​ទទួល​អារម្មណ៍​ព្រងើយ​កន្តើយ​ចំពោះ​សេចក្តីសង្គ្រោះ​នៃ​មរណជន​របស់​បុគ្គល​នោះ​ឡើយ » ។១៦

ឥឡូវ​នេះ​យើង​មាន​ព្រះវិហារ​បរិសុទ្ធ​នៅ​ទូទាំង​ពិភពលោក ហើយ​មាន​ធនធាន​នៃ​មូលនិធិ​ជំនួយ​សម្រាប់​ការធ្វើ​ដំណើរ​ទៅ​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​ជួយ​ដល់​អស់​អ្នក​ដែល​ខ្វះខាត​ដែល​នៅ​ឆ្ងាយ​ពី​ព្រះវិហារ​បរិសុទ្ធ ។

ក្នុងនាម​ជា​បុគ្គល​ម្នាក់ យើង​ក៏​នឹង​ធ្វើ​ការវាយ​តម្លៃ​កិច្ចខិតខំ​របស់​យើង​ក្នុង​ការ​បន្ត​ធ្វើ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ និង​ការប្រុងប្រៀប​ទៅ​ជួប​ព្រះ ។

សេចក្តីសុចរិត សាមគ្គីភាព និង​សមភាព​នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះអម្ចាស់​ផ្តល់​គ្រឹះ​សម្រាប់​ការទទួល​ខុស​ត្រូវ​ដ៏​ពិសិដ្ឋ​ទាំង​នេះ

ទាក់ទង​នឹង​សេចក្តីសុចរិត ជីវិត​នេះ​គឺជា​ពេល​វេលា​សម្រាប់​ឲ្យ​ពួកយើង​ទាំងអស់​គ្នា​ប្រុងប្រៀប​ខ្លួន​ទៅ​ជួប​នឹង​ព្រះ ។១៧ ព្រះគម្ពីរ​មរមន​ផ្តល់​គំរូ​ជា​ច្រើន​អំពី​លទ្ធផល​នៃ​សោកដនាកម្ម​នៅពេល​បុគ្គល​ម្នាក់ៗ ឬ​ក្រុម​នានា​ដែល​មិន​គោរព​តាម​បទបញ្ញត្តិ​ព្រះ ។១៨

អំឡុង​ពេល​នៃ​ជីវិត​របស់​ខ្ញុំ បញ្ហា និង​កង្វល់​ខាង​លោកិយ​បាន​ផ្លាស់ប្តូរ​យ៉ាង​ខ្លាំង​ពី​មួយ​ទៅ​មួយ​ទៀត—ពី​អ្វី​ដែល​គ្មាន​តម្លៃ និង​ពុំ​សំខាន់​បន្ត​ឆ្ពោះ​ទៅ​រក​ភាព​អសីលធម៌​ធ្ងន់ធ្ងរ ។ វា​ត្រូវបាន​គេ​កោត​សរសើរ​ថា ភាពអសីលធម៌​ដែល​គ្មាន​ការអនុញ្ញាត​ត្រូវបាន​ជួប​ប្រទះ និង​កាត់​ទោស ។១៩ ភាពអសីលធម៌​ដែល​គ្មាន​ការអនុញ្ញាត​បែប​នោះ​គឺ​ប្រឆាំង​នឹង​ក្រឹត្យវិន័យ​របស់​ព្រះ និង​ច្បាប់​សង្គម ។ អស់​អ្នក​ដែល​យល់​ដឹង​អំពី​ផែនការ​របស់​ព្រះ ក៏​ត្រូវ​ប្រឆាំង​ទាស់​នឹង​ភាព​អសីលធម៌​នៃ​ការយល់​ព្រម​ដែល​ជា​អំពើ​បាប​ផងដែរ ។ ការប្រកាស​របស់​យើង​អំពី​ក្រុមគ្រួសារ​ដល់​ពិភពលោក​ព្រមាន​ថា « បុគ្គល​ណា​ដែល​បំពាន​លើ​សេចក្ដីសញ្ញា​នៃ​ព្រហ្មចារីភាព ដោយ​បាន​ធ្វើ​បាប​ភរិយា ឬ​កូនចៅ [ ឬ​បុគ្គល​ណា​ម្តង​ទៀត ] … គង់​តែ​ថ្ងៃ​ណា​មួយ​នឹង​ទទួល​ខុសត្រូវ​នៅ​ចំពោះ​ព្រះ » ។២០

នៅពេល​យើង​ក្រឡេក​មើល​ជុំវិញ​ខ្លួន យើង​ឃើញ​អំពី​ការបំផ្លិចបំផ្លាញ​ដោយសារ​តែ​អំពើ​ទុច្ចរិត និង​ការញៀន​នៅ​គ្រប់​ទីកន្លែង ។ ក្នុងនាម​ជា​បុគ្គល​ម្នាក់ៗ ប្រសិនបើ​យើង​ពិតជា​ខ្វាយខ្វល់​អំពី​ការជំនំជម្រះ​នៅទីបំផុត​របស់​ព្រះអង្គសង្គ្រោះ​របស់​យើង នោះ​យើង​គួរតែ​ស្វែងរក​ការប្រែចិត្ត ។ ខ្ញុំ​បារម្ភ​ថា មនុស្ស​ជាច្រើន​ឈប់​មាន​អារម្មណ៍​ទទួល​ខុសត្រូវ​ចំពោះ​ព្រះ ហើយ​ពុំបែរ​ទៅរក​ព្រះគម្ពីរ ឬ​ពួកព្យាការី​សម្រាប់​ការណែនាំ​ឡើយ ។ ក្នុងនាម​ជា​សង្គម ប្រសិនបើ​យើង​សញ្ជឹង​គិតអំពី​លទ្ធផល​នៃ​អំពើ​បាប នោះ​នឹង​មាន​ការផ្ទុយ​ដ៏​ធំ​សម្បើម​នៅក្នុង​ស្រទាប់​សាធារណៈជន​ចំពោះ​ការណ៍​អាសគ្រាម និង​ការយក​ស្ត្រី​ជា​ឧបករណ៍​ផ្លូវ​ភេទ ។​២១ ដូច​អាលម៉ា​បាន​ប្រាប់​កូនប្រុស​របស់​លោក​គឺ​កូរីអានតុន​នៅក្នុង​ព្រះគម្ពីរ​មរមន​ថា « សេចក្ដី​ទុច្ចរិត​ពុំដែល​ជា​សុភមង្គល​ឡើយ » ។២២

ទាក់ទង​នឹង​សាមគ្គីភាព ព្រះអង្គ​សង្គ្រោះ​បាន​ប្រកាស​ថា « បើសិន​ជា​អ្នករាល់​គ្នា​មិន​រួមគ្នា​តែ​មួយ​ទេ ឈ្មោះ​ថា អ្នក​រាល់​គ្នា​ពុំ​មែន​ជា​របស់​ផង​យើង​ឡើយ » ។២៣ យើង​ដឹង​ថា វិញ្ញាណ​នៃ​ការទាស់ទែង​គ្នា​គឺជា​របស់​ផង​អារក្ស ។២៤

នៅក្នុង​ជំនាន់​របស់​យើង ការបញ្ជាក់​នៅក្នុង​ព្រះគម្ពីរ​ដើម្បី​ឲ្យ​មាន​សាមគ្គីភាព​គឺ​ត្រូវបាន​គេ​ព្រងើយ​កន្តើយ​ជា​ខ្លាំង ហើយ​សម្រាប់​មនុស្ស​មួយ​ចំនួន​ការគូស​បញ្ជាក់​ស្តីពី​ការបែងចែក​បក្សពួក​២៥ ជា​រឿយៗ​ផ្តោត​ទៅលើ ស្ថានភាព​គ្រួសារ ភេទ ពូជសាសន៍ និង​ទ្រព្យ​សម្បត្តិ ។ នៅក្នុង​ប្រទេស​ជាច្រើន ប្រសិនបើ​មិន​ទាំងអស់ មនុស្ស​មាន​គំនិត​ទីទៃ​ពីគ្នា​យ៉ាង​ខ្លាំង​អំពី​របៀប​រស់នៅ ។ នៅក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់ វប្បធម៌​តែ​មួយ​គត់​ដែល​យើង​ធ្វើតាម និង​បង្រៀន​គឺ​ជា​វប្បធម៌​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សាមគ្គីភាព​ដែល​យើង​ស្វែងរក​គឺ​ការួបរួម​ជាមួយ​ព្រះអង្គសង្គ្រោះ និង​ការ​បង្រៀន​របស់​ទ្រង់ ។២៦

នៅពេល​យើង​ពិចារណា​អំពី​គោលបំណង​ចម្បង​នៃ​សាសនាចក្រ នោះ​គោលបំណង​ទាំង​នោះ​ផ្អែក​ទៅលើ សមភាព​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ២៧ និង​ការធ្វើតាម​វប្បធម៌​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ទាក់ទង​នឹង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា គុណសម្បត្តិ​ចម្បង​សម្រាប់​ពិធីបុណ្យ​ជ្រមុជទឹក គឺ​ការបន្ទាប​ខ្លួន​របស់​បុគ្គល​ម្នាក់​នៅ​ចំពោះ​ព្រះ ហើយ​មក​ដោយ​មាន​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់​ទាប ។២៨ ការអប់រំ ទ្រព្យសម្បត្តិ ពូជសាសន៍ ឬ​ភូមិសាស្ត្រ​គួរ​ពុំ​ត្រូវបាន​ពិចារណា​ឡើយ ។

លើស​ពីនោះ​ទៀត អ្នកផ្សព្វផ្សាយ​សាសនា​បម្រើ​ដោយ​បន្ទាប​ខ្លួន​នៅ​កន្លែង​ដែល​ខ្លួន​បាន​ហៅ ។ ពួកគេ​គ្មាន​ចំណង់​ដើម្បី​បម្រើ​ដោយផ្អែក​លើ​បទដ្ឋាន​នៃ​ស្ថានភាព ឬ​ការរៀបចំ​សម្រាប់​អាជីព​នាពេល​អនាគត​បែប​លោកិយ​ឡើយ ។ ពួកគេ​បម្រើ​ដោយ​អស់​ពី​ចិត្ត គំនិត កម្លាំង និង​ពលំ​របស់​ពួកគេ ទៅ​គ្រប់​កន្លែង​ដែល​ពួកគេ​ត្រូវបាន​ចាត់​តាំង ។ ពួកគេ​ពុំ​ជ្រើសរើស​ដៃគូ​ផ្សព្វផ្សាយ​សាសនា​របស់​ខ្លួន​ឡើយ ហើយ​ពួកគេ​ព្យាយាម​ដោយ​ឧស្សាហ៍​ដើម្បី​អភិវឌ្ឍ​លក្ខណៈ​ដូច​ព្រះគ្រីស្ទ២៩ ដែល​ជា​ចំណុច​សំខាន់​នៃ​វប្បធម៌​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ព្រះគម្ពីរ​ផ្តល់​ការណែនាំ​សម្រាប់​ទំនាក់ទំនង​ដ៏​សំខាន់​បំផុត​របស់​យើង ។ ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​ថា បទបញ្ញត្តិ​ទី​មួយ​គឺ​ត្រូវ​ឲ្យ « ស្រឡាញ់​ព្រះអម្ចាស់​ជា​ព្រះ​នៃ​ឯង » ។ ហើយ​បទ​បញ្ញត្តិ​ទីពីរ​គឺ​ត្រូវ​ឲ្យ « ស្រឡាញ់​អ្នក​ជិតខាង​ឲ្យ​ដូច​ខ្លួន​អ្នក » ។៣០

ព្រះអង្គសង្គ្រោះ​បាន​ពន្យល់​ថា មនុស្ស​គ្រប់​គ្នា​គឺ​ជា​អ្នក​ជិត​ខាង​របស់​យើង ។៣១ ព្រះគម្ពីរ​មរមន​បាន​ប្រាប់​យ៉ាង​ច្បាស់​ថា គ្មាន​ការបែងចែក​គ្មាន​កុលសម្ព័ន្ធ ឬ​ចែក​វណ្ណៈ​គ្នា​ឡើយ ។៣២ យើង​ត្រូវ​តែ​រួម​សាមគ្គី​គ្នា ហើយ​មាន​សមភាព​នៅ​ចំពោះ​ព្រះ ។

ពិធី​បរិសុទ្ធ​ពិសិដ្ឋ និង​ការទទួល​ខុសត្រូវ​ពី​ព្រះ​ត្រូវ​ស្ថាបនា​ឡើង​នៅលើ​គោលការណ៍​គ្រឹះ​នេះ ។ ខ្ញុំ​រពឹង​ទុក​ថា បទពិសោធន៍​ផ្ទាល់​របស់​អ្នក​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នឹង​ស្រដៀង​ទៅ​នឹង​បទពិសោធន៍​របស់​ខ្ញុំ​ផងដែរ ។ នៅពេល​ខ្ញុំ​ចេញ​ពី​ធ្វើការ​ប្រចាំ​ថ្ងៃម្តង ៗ​នៅក្នុង​ទីក្រុង សាន់ ហ្វ្រាន់ស៊ីស្កូ ហើយ​ទៅ​ដល់​ព្រះវិហារ​បរិសុទ្ធ​អូកលែន ខ្ញុំ​បាន​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់ និង​ភាពសុខសាន្ត​ដ៏​លើសលុប ។ ផ្នែក​មួយ​ដ៏​ចម្បង​បំផុត​ដែល​ខ្ញុំ​បាន​ទទួល​អារម្មណ៍​នោះ​គឺ​ថា ខ្ញុំ​ខិត​កាន់តែ​ជិត​ព្រះ និង​ព្រះរាជ​បំណង​របស់​ទ្រង់ ។ ពិធី​បរិសុទ្ធ​នៃ​ការសង្គ្រោះ​គឺ​ជា​ការផ្តោតចិត្ត​ទុកដាក់​សំខាន់​របស់​ខ្ញុំ ប៉ុន្តែ​ផ្នែក​ដ៏​សំខាន់​នៃ​អារម្មណ៍​ដ៏​ល្អៗ​ទាំង​នោះ​គឺ​សមភាព និង​សាមគ្កីភាព​ដែល​បាន​ទទួល​អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ មនុស្ស​គ្រប់​គ្នា​ស្លៀក​ពាក់​ស ។ គ្មាន​ភស្តុតាង​ណា​ដែល​បង្ហាញ​ពី​ទ្រព្យ​សម្បត្តិ ឋានៈ ឬ​ការទទួល​បាន​ការអប់រំ​អ្វី​ឡើយ យើង​ទាំងអស់​គ្នា​គឺជា​បងប្អូន​ប្រុស​ស្រី​នឹង​គ្នា ដោយ​បន្ទាបខ្លួន​របស់​យើង​នៅ​ចំពោះ​ព្រះ ។

នៅក្នុង​បន្ទប់​ផ្សារភ្ជាប់​ដ៏​ពិសិដ្ឋ ពិធីបរិសុទ្ធ​នៃ​អាពាហ៍ពិពាហ៍​អស់កល្ប​គឺ​ដូចគ្នា​សម្រាប់​មនុស្ស​គ្រប់​រូប ។ ខ្ញុំ​ពេញចិត្ត​នូវ​សេចក្តី​ពិត​មួយ​ដែល​គូស្វាមី​ភរិយា​មួយ​គូ​មក​ពី​ស្ថានភាព​ក្រីក្រ និង​ស្វាមី​ភរិយា​មួយ​គូ​ទៀត​មក​ពី​ស្ថានភាព​ដ៏​មាន​ទ្រព្យសម្បត្តិ​បំផុត​បាន​ទទួល​បទពិសោធន៍​ដូចគ្នា​ទាំងស្រុង ។ ពួកគេ​ពាក់​រ៉ូប​មួយ​ប្រភេទ​ដូចគ្នា ហើយ​ចុះ​សេចក្តីសញ្ញា​ដូចគ្នា​នៅលើ​អាសនា​តែ​មួយ ។ ពួកគេ​ក៏​ទទួល​ពរជ័យ​នៃ​បព្វជិតភាព​អស់កល្ប​ដូចគ្នា​ផងដែរ ។ ការណ៍​បាន​ធ្វើ​ឡើង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ដ៏​ស្រស់ស្អាត​ដែល​បាន​សាងសង់​ឡើង​ដោយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​ពួកបរិសុទ្ធ ទុក​ជា​ដំណាក់​ដ៏​ពិសិដ្ឋ​របស់​ព្រះអម្ចាស់ ។

ការបំពេញ​ការទទួល​ខុសត្រូវ​ដែល​ព្រះ​បាន​ចាត់តាំង ដោយ​ផ្អែក​លើ​សេចក្តីសុចរិត សាមគ្គីភាព និង​សមភាព​នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះអម្ចាស់ នោះ​នាំ​មក​នូវ​សុភមង្គល​ផ្ទាល់​ខ្លួន និង​ភាព​សុខសាន្ត​នៅ​នា​លោកិយ​នេះ និង​រៀបចំ​យើង​សម្រាប់​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​នៅ​បរលោក​នាយ ។៣៣ វា​ប្រុងប្រៀប​ខ្លួន​យើង​ដើម្បី​ជួប​នឹង​ព្រះ ។៣៤

យើង​អធិស្ឋាន​ថា បងប្អូន​គ្រប់​គ្នា ដោយ​មិន​គិត​អំពី​ស្ថានភាព​បច្ចុប្បន្ន​របស់​បងប្អូន​ឡើយ នោះ​បងប្អូន​នឹង​ប្រឹក្សា​ជាមួយ​ប៊ីស្សព ហើយ​មាន​ភាព​សក្តិសម​នឹង​កាន់​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។៣៥

យើង​មាន​អំណរគុណ​ដែល​សមាជិក​ជា​ច្រើន​ថែម​ទៀត កំពុង​រៀបចំ​ខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ ។ មាន​ការកើន​ឡើង​យ៉ាង​ខ្លាំង​នូវ​ចំនួន​មជ្ឈិមវ័យ​ដែល​កាន់​ប័ណ្ណ​ចូល​ព្រះវិហារ​ដោយ​សក្តិសម​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ។ ប័ណ្ណ​សម្រាប់​ការប្រើប្រាស់​មាន​កម្រិត​សម្រាប់​ពួកយុវវ័យ​សក្តិសម​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ពីរ​ឆ្នាំចុង​ក្រោយ​នេះ ។ ប្រាកដណាស់ សមាជិក​ភាពដ៏​ស្មោះត្រង់​នៃ​សាសនាចក្រ​ពុំ​ដែល​មាន​ភាពរឹងមាំ​ជាង​ពេល​នេះ​ឡើយ ។

ជា​ទីបញ្ចប់ សូម​បញ្ជាក់​ថា ថ្នាក់ដឹកនាំ​រៀមច្បង​នៃ​សាសនាចក្រ​ដែល​ធ្វើ​ជា​អធិបតី​លើ​គោលបំណង​នៃ​សាសនាចក្រ​ដែល​ព្រះ​បាន​ចាត់​តាំង​នេះ​ទទួល​បាន​ជំនួយ​ពី​ព្រះ ។ ការណែនាំ​នេះ​កើត​ឡើង​មក​ពី​ព្រះវិញ្ញាណ ហើយ​ជួនកាល​កើត​ឡើង​ដោយ​ផ្ទាល់​មក​ពី​ព្រះអង្គសង្គ្រោះ ។ ការណែនាំ​ខាង​វិញ្ញាណទាំង​ពីរ​បែប​នេះ​ត្រូវបាន​ប្រទាន​ឲ្យ ។ ខ្ញុំ​មាន​អំណរគុណ​ដែល​បាន​ទទួល​ជំនួយ​បែប​នោះ ។ ប៉ុន្តែ​ការណែនាំ​នោះ​ត្រូវបាន​ប្រទាន​ឲ្យ​មក​តាម​ពេលវេលា​របស់​ព្រះអម្ចាស់ មួយ​បន្ទាត់​ម្តងៗ មួយ​សិក្ខាបទ​ម្ដងៗ៣៦ នៅពេល « ព្រះអម្ចាស់​ដែល​ជ្រាប​ដឹង​អ្វីៗ​ទាំងអស់​ជ្រើសរើស​ដោយ​ចេតនា​ដើម្បី​បង្រៀន​ពួកយើង » ។៣៧ ការណែនាំ​សម្រាប់​សាសនាចក្រ​ទាំងមូល​កើត​ឡើង​តាម​រយៈ​ព្យាការី​របស់​ទ្រង់​តែ​ប៉ុណ្ណោះ ។

យើង​ទាំងអស់​គ្នា​មាន​ឯកសិទ្ធិ​គាំទ្រ​ប្រធាន រ័សុល អិម ណិលសុន ជា​ព្យាការី​របស់​យើង និង​ជា​ប្រធាន​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅក្នុង​សន្និសីទ​នេះ ។ ពួក​ដប់ពីរ​នាក់ ទាំង​ជាក្រុម និង​រៀងៗ​ខ្លួន មាន​បទពិសោធន៍​ដ៏​សំខាន់​ខាង​វិញ្ញាណ នៅពេល​យើង​ដាក់ដៃ​របស់​ពួកយើង​លើ​ក្បាល​របស់​ប្រធាន​ណិលសុន និង​ប្រធាន ដាល្លិន អេក អូក ជា​អ្នក​ពោល​ពាក្យ​អធិស្ឋាន ដោយ​បាន​តែងតាំង និង​ញែក​លោក​ចេញ​ជា​ប្រធាន​សាសនាចក្រ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា លោក​ត្រូវបាន​តែងតាំង​តាំង​ពី​មុន​កំណើត​លោកិយ ហើយ​ត្រូវបាន​រៀបចំ​ពេញ​មួយ​ជីវិត​លោក ដើម្បី​ធ្វើ​ជា​ព្យាការី​របស់​ព្រះអម្ចាស់​សម្រាប់​ជំនាន់​របស់​យើង ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។