ឆ្នាំ ២០១០-២០១៩
ពិធីបរិសុទ្ធ​នៃ​ការសង្គ្រោះ​នឹង​នាំ​ពន្លឺ​ដ៏​អស្ចារ្យ​មក​កាន់​យើង
ខែ មេសា ឆ្នាំ ២០១៨


ពិធីបរិសុទ្ធ​នៃ​ការសង្គ្រោះ​នឹង​នាំ​ពន្លឺ​ដ៏​អស្ចារ្យ​មក​កាន់​យើង

ការចូលរួម​នៅក្នុង​ពិធីបរិសុទ្ធ និង​ការ​គោរព​តាម​សេចក្ដីសញ្ញា​ដែល​ជាប់​ទាក់ទង នឹង​នាំ​ពន្លឺ​ដ៏​អស្ចារ្យ ហើយ​ការ​ការពារ​ដល់​បងប្អូន​នៅក្នុង​ពិភពលោក​ដ៏​ងងឹត​នេះ ។

បង​ប្អូន​ប្រុស​ស្រី ខ្ញុំ​រីករាយ​ដើម្បី​នៅ​ជាមួយ​បងប្អូន​នៅ​ក្នុង​ដំណឹងល្អ ឬ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ។

មាន​មិត្ត​ម្នាក់​បាន​សួរ​អែលឌើរ នែល អិល អាន់ឌើរសិន ដែល​កាល​នោះ​លោក​ជា​ពួកចិតសិប​នាក់​ថា តើ​គាត់​មាន​អារម្មណ៍​យ៉ាង​ណា​ដែល​ត្រូវ​និយាយ​នៅ​មុខ​មនុស្ស ២១,០០០ នាក់​នៅ​មជ្ឈមណ្ឌល​សន្និសីទ ។ អែលឌើរ អាន់ឌើរសិន បាន​តប​ថា « ពុំ​មែន​មនុស្ស ២១,០០០ នោះ​ធ្វើ​ឲ្យ​អ្នក​ភ័យ​នោះ​ទេ គឺ​ជា​បងប្អូន​ប្រុស ១៥ រូប​ដែល​អង្គុយ​នៅ​ពី​ក្រោយ​អ្នក​វិញ​ទេ​តើ » ។ ខ្ញុំ​សើច​នៅពេល​នោះ ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​មាន​អារម្មណ៍​ដូច្នោះ ។ ខ្ញុំ​ស្រឡាញ់ ហើយ​គាំទ្រ​បងប្អូន​ប្រុស ១៥ រូប​នេះ​ជា​ពួក​ព្យាការី អ្នក​មើល​ឆុត និង អ្នក​ទទួល​វិវរណៈ ។

ព្រះអម្ចាស់​បាន​ប្រាប់​អ័ប្រាហាំ​ថា តាមរយៈ​ពូជពង្ស​របស់​លោក និង​តាមរយៈ​បព្វជិតភាព នោះ​ក្រុមគ្រួសារ​ទាំងអស់​នៅ​ក្នុង​ផែនដី​នឹង​ត្រូវ​បាន​ប្រទានពរ « ដោយ​ព្រះ​ពរ​ទាំងឡាយ​នៃ​ដំណឹងល្អ…គឺ​ខាង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » ( អ័ប្រាហាំ ២:១១ សូមមើល​ផងដែរ ខ ២–១០ ) ។

ពរជ័យនៃ​ដំណឹងល្អ និង​បព្វជិតភាព​ដែល​បាន​សន្យា​ទាំងនេះ ត្រូវ​បាន​ស្ដារ​ឡើង​វិញ​នៅ​លើ​ផែនដី បន្ទាប់មក​នៅក្នុង​ឆ្នាំ ១៨៤២ ព្យាការី យ៉ូសែប ស៊្មីធ បាន​បម្រើ​ពិធីអំណោយទាន​ពិសិដ្ឋ​ដល់​បុរស និង​ស្ត្រី​ទាំងឡាយ​ក្នុង​ចំនួន​មាន​កំណត់ ។ មើស៊ី ហ្វីឌីង ថមសុន គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​នោះ ។ ព្យាការី​បាន​មាន​ប្រសាសន៍​ទៅកាន់​គាត់​ថា « [ អំណោយទាន​ពិសិដ្ឋ ] នេះ​នឹង​នាំ​អ្នក​ចេញ​ពី​សេចក្ដីងងឹត​មក​កាន់​ពន្លឺ​ដ៏​អស្ចារ្យ » ។

នៅ​ថ្ងៃ​នេះ ខ្ញុំ​ចង់​ផ្ដោត​ទៅ​លើ​ពិធីបរិសុទ្ធ​នៃ​ការសង្គ្រោះ ដែល​នឹង​នាំ​ពន្លឺ​ដ៏​អស្ចារ្យ​មក​កាន់​បងប្អូន និង​ខ្ញុំ ។

ពិធី​បរិសុទ្ធ និង​សេចក្តីសញ្ញា

នៅក្នុង​កូន​សៀវភៅ ពិត​ចំពោះ​សេចក្តី​ជំនឿ យើង​អាន​ថា « ពិធី​បរិសុទ្ធ​គឺជា​ពិធី​ដ៏​ពិសិដ្ឋ​ជា​ផ្លូវការ​មួយ ដែល​ត្រូវបាន​ធ្វើ​ឡើង​ដោយ​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព ។ [ ពិធី ] បរិសុទ្ធ [ ដែល ] សំខាន់​ចំពោះ​ភាព​លើកតម្កើង​របស់​យើង…ត្រូវ​បាន​គេ​ហៅ​ថា​ជា​ពិធិ​បរិសុទ្ធ​សម្រាប់​ការសង្រ្គោះ ។ វា​រួមមាន​នូវ​ពិធី​បុណ្យ​ជ្រមុជ​ទឹក ពិធី​បញ្ជាក់ ការតែងតាំង​​បព្វជិតភាព​មិលគីស្សាដែក ( សម្រាប់​បុរស ) អំណោយទាន​ពិសិដ្ឋ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង ពិធី​ផ្សារភ្ជាប់​អាពាហ៍ពិពាហ៍ » ។

អែលឌើរ ដេវីឌ អេ បែដណា បាន​បង្រៀន​ថា « ពិធីបរិសុទ្ធ​នៃ​សេចក្ដីសង្គ្រោះ និងភាព​លើក​តម្កើង​ឡើង ដែល​បាន​ធ្វើ​ឡើង​នៅក្នុង​សាសនាចក្រ​ដែល​បាន​ស្ដារឡើង​វិញ​របស់​ព្រះអម្ចាស់…​បង្កើត​ជា​ច្រក​ផ្លូវ​ដែល​មាន​ការ​អនុញ្ញាត ដែល​តាមច្រក​ផ្លូវ​នោះ ពរជ័យ និង​អំណាច​នានា​នៃ​ស្ថានសួគ៌​អាច​ចាក់​ស្រោច​មក​ក្នុង​ជីវិត​របស់​យើង​ម្នាក់ៗ » ។

ក៏​ដូចជា​ផ្នែក​ទាំង​សងខាង​នៃ​កាក់​ដែរ គ្រប់​ពិធីបរិសុទ្ធ​នៃ​ការ​សង្គ្រោះ​មាន​មក​ជាមួយ​នូវ​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះ ។ ព្រះ​សន្យា​នឹង​យើង​នូវ​ពរជ័យ​ជាច្រើន បើ​យើង​គោរព​ដោយ​ស្មោះត្រង់​ចំពោះ​សេចក្ដីសញ្ញា​ទាំងនោះ ។

ព្យាការី អាម៉ូលេក បាន​ប្រកាស​ថា « នេះ​គឺ​ជា​ពេលវេលា…ប្រុងប្រៀប​ខ្លួន​ទៅ​ជួប​នឹង​ព្រះ… » ( អាលម៉ា ៣៤:៣២ ) ។ តើ​យើង​ប្រុងប្រៀប​ខ្លួន​តាម​របៀប​ណា ? ដោយ​ការ​ទទួលយក​ពិធីបរិសុទ្ធ​ទាំងឡាយ​ដោយ​សក្ដិសម ។ នៅ​ក្នុង​ប្រសាសន៍​របស់​ប្រធាន រ័សុល អិម. ណិលសុន យើង​ត្រូវ​តែ « បន្ដ​ដើរ​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា » ។ ប្រធាន ណិលសុន បាន​បន្ដ​ថា « ការតាំង​ចិត្ត​របស់​បងប្អូន​ដើម្បី​ធ្វើ​តាម​ព្រះអង្គសង្គ្រោះ​តាមរយៈ​ការ​ចុះ​សេចក្ដីសញ្ញា​ជាមួយ​ទ្រង់ បន្ទាប់មក​រក្សា​សេចក្ដី​សញ្ញា​នោះ នឹង​បើក​ទ្វារ​ទៅកាន់​ពរជ័យ និង​ឯកសិទ្ធិ​ខាង​វិញ្ញាណ​ទាំងអស់ ដែល​មាន​ចំពោះ​បុរស ស្ត្រី និង​កុមារ​នៅ​គ្រប់​ទីកន្លែង » ។

ចន និង​ប៊ូនី នូមែន ក៏​ដូចជា​នឹង​បងប្អូន​ជាច្រើន​ផងដែរ គឺ​ជា​អ្នក​ទទួល​យក​ពរជ័យ​ខាង​វិញ្ញាណ​ដែល​ប្រធាន ណិលសុន បាន​សន្យា ។ នៅ​ថ្ងៃ​អាទិត្យ​មួយ បន្ទាប់ពី​ចូលរួម​ក្នុង​ព្រះវិហារ​ជាមួយ​នឹង​កូន​តូចៗ​បី​នាក់​របស់​គាត់ ប៊ូនី បាន​និយាយ​ទៅ​ចន​ដែល​ពុំ​មែនជា​សមាជិក​នៃ​សាសនាចក្រ​ថា « អូន​ពុំ​អាច​ធ្វើ​ការណ៍​នេះ​ដោយ​ខ្លួន​អូន​ផ្ទាល់​បាន​ទេ ។ បង​ចាំបាច់​ត្រូវ​សម្រេច​ចិត្ត​ថា​តើ​បង​មក​ព្រះវិហារ​អូន​ជាមួយ​នឹង​ពួកយើង ឬ​បង​ជ្រើសរើស​ព្រះវិហារ​មួយ​ដែល​យើង​អាច​ទៅ​ជាមួយ​គ្នា ប៉ុន្តែ​កូនៗ​ចាំបាច់​ត្រូវ​ដឹង​ថា​ឪពុក​របស់​ពួកគេ​ស្រឡាញ់​ព្រះ​ផងដែរ » ។ នៅ​ថ្ងៃ​អាទិត្យ និង​ជា​រៀងរាល់​ថ្ងៃ​អាទិត្យ​ក្រោយ​មក ចន ពុំ​គ្រាន់តែ​ចូលរួម​ក្នុង​ព្រះវិហារ​ទេ គាត់​ក៏​បាន​បម្រើ​ផងដែរ ថែម​ទាំង​បាន​លេង​ព្យាណូ​សម្រាប់​វួដ សាខា និង​ថ្នាក់​អង្គការ​បឋមសិក្សា​អស់​ជា​ច្រើន​ឆ្នាំ ។ ខ្ញុំ​មាន​ឯកសិទ្ធិ​ដែល​បាន​ជួប​នឹង​ចន កាល​ពី​ខែ​មេសា ឆ្នាំ ២០១៥ ហើយ​នៅក្នុងការ​ជួប​គ្នា​នោះ យើង​បាន​ពិភាក្សា​ថា វិធី​ដ៏​ល្អ​បំផុត​ដែល​គាត់​អាច​បង្ហាញ​សេចក្ដីស្រឡាញ់​ចំពោះ​ប៊ូនី គឺ​នាំ​នាង​ទៅ​កាន់​ព្រះវិហារ​បរិសុទ្ធ ប៉ុន្តែ​រឿង​នោះ​ពុំ​អាច​ធ្វើ​ទៅ​បាន​ទេ លុះត្រា​តែ​គាត់​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។

បន្ទាប់ពី​ចូលរួម​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​អស់​រយៈពេល ៣៩ ឆ្នាំ ចន បាន​ទទួល​បុណ្យ​ជ្រមុជទឹក​នៅ​ក្នុង​ឆ្នាំ ២០១៥ ។ មួយ​ឆ្នាំ​ក្រោយ​មក ចន និង​ប៊ូនី បាន​ផ្សារភ្ជាប់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ មែនហ្វីស ថែនណេស៊ី ជា​រយៈពេល ២០ ឆ្នាំ​បន្ទាប់ពី​នាង​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​ផ្ទាល់​ខ្លួន​របស់​នាង ។ កូន​ប្រុស​អាយុ ៤៧ ឆ្នាំ​របស់​ពួកគេ​ឈ្មោះ រ៉ូប៊ើត បាន​និយាយ​អំពី​ឪពុក​របស់​គាត់​ថា « ប៉ា​ពិត​ជា​វិវត្តន៍​ខ្លាំង​ណាស់​ចាប់​តាំង​ពី​គាត់​បាន​ទទួល​បព្វជិតភាព » ។ ប៊ូនី​បាន​បន្ថែម​ថា « ចន តែងតែ​ជា​មនុស្ស​រីករាយ និង​សប្បាយ​ចិត្ត ប៉ុន្តែ​ការ​ទទួល​ពិធីបរិសុទ្ធ និង​ការ​គោរព​តាម​សេចក្ដីសញ្ញា​របស់​គាត់ កាន់តែ​ពង្រីក​នូវ​ភាព​ទន់ភ្លន់​របស់​គាត់ » ។

ដង្វាយធួន​នៃ​ព្រះគ្រីស្ទ និង​គំរូ​របស់​ទ្រង់

ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​ប្រធាន ប៊យដ៏ ឃេ ផាកកឺ បាន​ព្រមាន​ថា « ទង្វើ​ល្អ​បើ​គ្មាន​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ​ទេ នោះ​នឹង​ពុំ​បាន​ប្រោសលោះ​ទាំង​ពុំ​បាន​លើកតម្កើង​ដល់​មនុស្ស​លោកទេ » ។ តាមពិត យើង​ពុំ​គ្រាន់តែ​ត្រូវការ​ពិធីបរិសុទ្ធ និង​សេចក្តី​សញ្ញា​ទំាងឡាយ​ដើម្បី​ត្រឡប់​ទៅ​ព្រះវរបិតា​យើង​វិញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​ត្រូវការ​ព្រះរាជបុត្រា​ទ្រង់​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់​ផងដែរ ។

ស្តេច បេនយ៉ាមីន បាន​បង្រៀន​ថា មាន​តែ​នៅក្នុង និង​តាមរយៈ​ព្រះនាម​នៃ​ព្រះគ្រីស្ទ​ប៉ុណ្ណោះ ទើប​សេចក្ដីសង្គ្រោះ​អាច​កើត​មាន​មក​ដល់​កូនចៅ​មនុស្ស ( សូមមើល ម៉ូសាយ ៣:១៧ សូមមើល​ផងដែរ មាត្រា​នៃ​សេចក្ដី​ជំនឿ ១:៣ ) ។

តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រោសលោះ​យើង​ពី​ផលវិបាក​នៃ​ការ​ធ្លាក់​របស់​លោក​អ័ដាម ហើយ​ធ្វើ​ឲ្យ​យើង​អាច​មាន​ការ​ប្រែចិត្ត និង​ការ​លើកតម្កើង​នៅ​ទីបំផុត ។ អស់​មួយ​ព្រះជន្ម​របស់​ទ្រង់ ទ្រង់​បាន​ធ្វើ​ជា​គំរូ​សម្រាប់​យើង​ដើម្បី​ទទួល​បាន​ពិធីបរិសុទ្ធ​នៃ​ការ​សង្គ្រោះ—ដែល​ជា « អំណាច​នៃ​ព្រះ​ត្រូវ​បាន​សម្ដែង​ឲ្យ​ឃើញ » ( គ. និង ស. ៨៤:២០ ) ។

បន្ទាប់​ពី​ព្រះអង្គសង្គ្រោះ​បាន​ទទួល​ពិធីបរិសុទ្ធ​នៃ​បុណ្យជ្រមុជ​ទឹក « ដើម្បី​បំពេញ​សេចក្ដី​សុចរិត​គ្រប់​យ៉ាង » ( សូមមើល នីហ្វៃទី ២ ៣១:៥-៦ ) សាតាំង​បាន​ល្បួង​ទ្រង់ ។ ដូចគ្នា​នេះ​ដែរ ការល្បួង​របស់​យើង​ពុំ​បាន​បញ្ចប់​បន្ទាប់ពី​ពិធីបុណ្យ​ជ្រមុជ​ទឹក ឬ​ការ​ផ្សារភ្ជាប់​នោះ​ទេ ប៉ុន្តែ​ការ​ទទួល​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ និង​ការគោរព​តាម​សេចក្ដីសញ្ញា​ដែល​ជាប់​ជាមួយ​នោះ ជួយ​បំពេញ​ខ្លួន​យើង​ដោយ​ពន្លឺ​ដ៏​អស្ចារ្យ ហើយ​ផ្ដល់​កម្លាំង​ដល់​យើង​ដើម្បី​ទប់ទល់ ហើយ​យក​ឈ្នះ​ការ​ល្បួង​ទាំងឡាយ ។

ការ​ព្រមាន

អេសាយ​បាន​ព្យាករ​ថា នៅ​ថ្ងៃ​ចុងក្រោយ « ផែនដី​ត្រូវ​ស្មោកគ្រោក…ពីព្រោះ​គេ​បាន…​ធ្វើ​ខុស​នឹង​ច្បាប់​ទាំង​ប៉ុន្មាន » ( អេសាយ ២៤:៥; សូមមើល​ផងដែរ គ. និង ស. ១:១៥ ) ។

ការ​ព្រមាន​ដែល​ទាក់ទង​មួយ​បាន​បើក​សម្ដែង​ដល់​ព្យាការី យ៉ូសែប ស្ម៊ីធ គឺ​ថា មនុស្ស​មួយ​ចំនួន « ចូល​មកជិត [ ព្រះអម្ចាស់ ] ដោយ​បបូរ​មាត់​របស់​គេ …[ ហើយ ] គេ​បង្រៀន​សេចក្ដី​ដែល​ជា​បញ្ញត្តិ​របស់​មនុស្ស​វិញ ដោយ​មាន​ឫកពា​ជា​អ្នក​គោរព​ប្រតិបត្តិ​ដល់​ព្រះ ប៉ុន្តែ​មិន​ព្រម​ទទួល​ស្គាល់​ព្រះចេស្ដា ដែល​មក​ដោយ​ការ​គោរព​ប្រតិបត្តិ​នោះ​ទេ » ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៩ ) ។

ប៉ុល​ក៏​បាន​ព្រមាន​ផងដែរ​ថា មនុស្ស​ជាច្រើន​នឹង​មាន « ​ឫក​ពា​ជា​អ្នក​គោរព​ប្រតិបត្តិ​ដល់​ព្រះ ប៉ុន្តែ [ មិន​ព្រម​ទទួល​ស្គាល់ ] ព្រះចេស្ដា ៖ ដែល​មក​ដោយ​ការ​គោរព​ប្រតិបត្តិ​នោះ​ទេ… » ( ធីម៉ូថេទី ២ ៣:៥ ) ។ ខ្ញុំ​សូម​និយាយ​ឡើង​វិញ​ថា សូម​ងាក​ចេញ​ពី​រឿង​នោះ ។

មាន​ការ​រំខាន និង​ការល្បួង​ជាច្រើន​នៅក្នុង​ជីវិត គឺ​ជា « ឆ្កែ​ចចក​ដែល​ឆ្មក់​ស៊ី » ( ម៉ាថាយ ៧:១៥ ) ។ គឺ​ជា​អ្នកគង្វាល​ពិត​ដែល​នឹង​រៀបចំ ការពារ ហើយ​ព្រមាន​ដល់​ចៀម និង​ហ្វូង​ចៀម នៅពេល​ឆ្កែ​ចចក​ទាំង​នោះ​កំពុង​មក ( សូមមើល យ៉ូហាន ១០:១១–១២ ) ។ ក្នុង​នាម​ជា​ជំនួយការ​អ្នកគង្វាល​ដែល​ព្យាយាម​ត្រាប់​តាម​ជីវិត​ដ៏​ឥតខ្ចោះ​នៃ​អ្នកគង្វាល​ល្អ តើ​យើង​ពុំ​មែន​ជា​អ្នកគង្វាល​ជីវិត​ផ្ទាល់​ខ្លួន​របស់​យើង និង​ជីវិត​អ្នកដទៃ​ផងដែរ​ទេ​ឬ​ តាមរយៈ​ការ​ទូន្មាន​របស់​ពួក​ព្យាការី អ្នក​មើល​ឆុត និង អ្នក​ទទួល​វិវរណៈដែល​យើង​ទើបតែ​គាំទ្រ ហើយ​ដោយ​ព្រះចេស្ដា និង​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​យើង​អាច​មើល​ឃើញ​ឆ្កែ​ចចក​កំពុង​ដើរ​មក បើ​យើង​ឃ្លាំ​មើល ហើយ​ត្រៀម​ខ្លួន​នោះ ។ ផ្ទុយ​ទៅ​វិញ នៅពេល​យើង​ជា​អ្នក​គង្វាល​ដែល​ពុំ​យក​ចិត្ត​ទុក​ដាក់​នឹង​ព្រលឹង​យើង​ផ្ទាល់ និង​ព្រលឹង​អ្នកដទៃ នោះ​ភាព​មហន្ដរាយ​នឹង​កើត​មាន ។ ភាព​ពុំ​យក​ចិត្ត​ទុកដាក់​នាំ​ទៅរក​ភាព​មហន្ដរាយ ។ ខ្ញុំ​សូម​អញ្ជើញ​ឲ្យ​យើង​ម្នាក់ៗ​ធ្វើ​ជា​អ្នក​គង្វាល​ដ៏​ស្មោះត្រង់ ។

បទពិសោធន៍ និង​ទីបន្ទាល់

ពិធីសាក្រាម៉ង់​គឺ​ជា​ពិធីបរិសុទ្ធ​មួយ​ដែល​ជួយ​យើង​ស្ថិត​នៅ​លើ​ផ្លូវ ហើយ​ការ​ទទួល​ទាន​ដោយ​សក្ដិសម​គឺ​ជា​ភស្ដុតាង​ថា យើង​រក្សា​សេចក្ដីសញ្ញា​ដែល​ជាប់​ទាក់ទង​នឹង​ពិធីបរិសុទ្ធ​ដទៃ​ទៀត​ទាំងអស់ ។ ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ខណៈ​ដែល​ភរិយា​ខ្ញុំ អានីតា និង ខ្ញុំ​កំពុង​បម្រើ​នៅ​បេសកកម្ម​អាខានសាស លីថល រ៉ក ខ្ញុំ​បាន​ចេញ​ទៅ​បង្រៀន​ជាមួយ​នឹង​អ្នក​ផ្សព្វផ្សាយសាសនា​វ័យ​ក្មេង​ពីរ​នាក់ ។ អំឡុង​មេរៀន​បងប្រុស​ល្អ​ដែល​យើង​ទៅ​បង្រៀន​នោះ​បាន​និយាយ​ថា « ខ្ញុំ​បាន​ទៅ​ព្រះវិហារ​របស់​អ្នក ហេតុអ្វី​ក៏​អ្នក​ត្រូវ​ទទួលទាន​នំប៉័ង ហើយ​ទឹក​ជា​រៀងរាល់​ថ្ងៃ​អាទិត្យ​ដូច្នេះ ? នៅ​ក្នុង​ព្រះវិហារ​របស់​យើង ពួក​យើង​ធ្វើ​តែ​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ គឺ​នៅ​បុណ្យ​អ៊ីសស្ទើរ និង​បុណ្យ​គ្រីស្ទម៉ាស់ ហើយ​នោះ​គឺ​ជា​រឿង​ប្រកប​ដោយ​អត្ថន័យ​ណាស់ » ។

យើង​ចែកចាយ​ជាមួយ​នឹង​គាត់​ថា យើង​ត្រូវ​បាន​បញ្ជា​ឲ្យ « ជួបជុំ​គ្នា​ជា​ញឹកញាប់​ដើម្បី​ទទួល​ទាន​នំប៉័ង និង​ស្រា​ទំពាំង​បាយជូរ » ( មរ៉ូណៃ ៦:៦; សូមមើល​ផងដែរ គ. និង ស. ២០:៧៥ ) ។ យើង​បាន​អាន ម៉ាថាយ ២៦ និង នីហ្វៃទី ៣ ១៨ ឮៗ ។ គាត់​បាន​ឆ្លើយតប​ថា គាត់​នៅ​តែ​មិន​ឃើញ​ថា​វា​ចាំបាច់​នោះ​ទេ ។

បន្ទាប់មក​យើង​បាន​ចែកចាយ​នូវ​ការ​ប្រៀបធៀប​ដូច​ត​ទៅ​នេះ ៖ « ចូរ​ស្រមៃ​ថា​អ្នក​ស្ថិត​ក្នុង​ឧប្បទ្ទវហេតុ​រថយន្ដ​ធ្ងន់ធ្ងរ​មួយ ។ អ្នក​រងរបួស ហើយ​សន្លប់​បាត់​ស្មារតី ។ មាន​មនុស្ស​ម្នាក់​រត់មក​ឃើញ​ថា អ្នក​សន្លប់​បាត់​ស្មារតី ក៏​បាន​ទូរសព្ទ​ទៅ​លេខ​សង្គ្រោះ​បន្ទាន់ ៩១១ ។ អ្នក​ត្រូវ​បាន​គេ​ជួយ ហើយ​ដឹង​ស្មារតី​ឡើង​វិញ ។

ពួក​យើង​បាន​សួរ​បងប្រុស​រូប​នេះ​ថា « នៅពេល​ដែល​អ្នក​ដឹងខ្លួន​ហើយ​ស្គាល់​អ្នក​ដែល​នៅ​ជុំវិញ​អ្នក តើ​មាន​សំណួរ​អ្វីខ្លះ​ដែល​អ្នក​នឹង​សួរ ? »

គាត់​បាន​និយាយ​ថា « ខ្ញុំ​នឹង​ចង់​ដឹង​ថា​តើ​ខ្ញុំ​មក​ដល់​ទីនោះ​ដោយ​របៀប​ណា ហើយ​នរណា​នាំ​ខ្ញុំ​មក ។ ខ្ញុំ​នឹង​ចង់​ថ្លែង​អំណរគុណ​ដល់​គាត់​រាល់​ថ្ងៃ ដោយសារ​គាត់​បាន​សង្គ្រោះ​ជីវិត​ខ្ញុំ » ។

ពួក​យើង​បាន​ចែកចាយ​ជាមួយ​នឹង​បងប្រុស​ដ៏​ល្អ​រូប​នេះ​អំពី​របៀប​ដែល​ព្រះអង្គសង្គ្រោះ​បាន​សង្គ្រោះ​ជីវិត​របស់​យើង និង​របៀប​ដែល​យើង​ចាំបាច់​ត្រូវ​ថ្លែង​អំណរគុណ​ទ្រង់​ជា​រៀងរាល់​ថ្ងៃ ជា​រៀងរាល់ថ្ងៃ ជា​រៀងរាល់​ថ្ងៃ !

បន្ទាប់មក​ពួក​យើង​បាន​សួរ​ថា « នៅពេល​ដឹង​ថា​ទ្រង់​បាន​ប្រទាន​ជីវិត​របស់​ទ្រង់​ដើម្បី​អ្នក និង​យើង តើ​អ្នក​ចង់​ទទួលទាន​នំប៉័ង និង​ទឹក​ដែល​ជា​តំណាង​ឲ្យ​ព្រះកាយ និង​ព្រះលោហិត​របស់​ទ្រង់​ញឹកញាប់​ប៉ុណ្ណា ?

គាត់​បាន​និយាយ​ថា « ខ្ញុំ​យល់​ហើយ ខ្ញុំ​យល់​ហើយ ។ ប៉ុន្តែ​មាន​រឿង​មួយ​ទៀត ។ ព្រះវិហារ​របស់​អ្នក​ពុំ​អ៊ូអរ​ដូចជា​ព្រះវិហារ​របស់​យើង​ទេ » ។

ចំពោះ​រឿង​នោះ​ពួក​យើង​បាន​បន្ដ​ថា « តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា បើ​ព្រះអង្គសង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ​យាង​កាត់​តាម​ទ្វារ​នោះ ? »

គាត់​និយាយ​ថា « ខ្ញុំ​នឹង​លត់​ជង្គង់​ចុះ​ភ្លាម » ។

ពួក​យើង​បាន​សួរ​ថា « តើ​នោះ​ពុំ​មែនជា​អ្វី​ដែល​អ្នក​ទទួល​អារម្មណ៍​ទេ​ឬ​អី នៅពេល​ដែល​អ្នក​ដើរ​មក​ក្នុង​រោង​ថ្វាយបង្គំ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ—ទាំង​មាន​គារវភាព​ចំពោះ​ព្រះអង្គសង្គ្រោះ ? »

គាត់​បាន​និយាយ​ថា « ខ្ញុំ​យល់​ហើយ ខ្ញុំ​យល់​ហើយ ខ្ញុំ​យល់​ហើយ ! » ។

គាត់​បាន​មក​ព្រះវិហារ​នៅ​ថ្ងៃ​អាទិត្យ​បុណ្យ​អ៊ីសស្ទើរ ហើយ​បន្ដ​ត្រឡប់​មក​វិញ ។

ខ្ញុំ​សូម​អញ្ជើញ​ពួក​យើង​ម្នាក់ៗ​ឲ្យ​សួរ​ខ្លួន​ឯង​ថា « តើ​ពិធីបរិសុទ្ធ​អ្វីខ្លះ​រួមទាំង ពិធីសាក្រាម៉ង់ ដែល​ខ្ញុំ​ចាំបាច់​ត្រូវ​ទទួល ហើយ​តើ​សេចក្ដីសញ្ញា​អ្វីខ្លះ​ដែល​ខ្ញុំ​ចាំបាច់​ត្រូវ​ចុះ រក្សា និង​គោរព​នោះ ? » ខ្ញុំ​សន្យា​ថា ការចូលរួម​នៅក្នុង​ពិធីបរិសុទ្ធ និង​ការ​គោរព​តាម​សេចក្ដីសញ្ញា​ដែល​ជាប់​ទាក់ទង នឹង​នាំ​ពន្លឺ​ដ៏​អស្ចារ្យ ហើយ​ការ​ការពារ​ដល់​បងប្អូន​នៅក្នុង​ពិភពលោក​ដ៏​ងងឹត​នេះ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ ២០០៧ ) ទំព័រ ៤១៤ ។

  2. កូនសៀវភៅពិត​ចំពោះ​សេចក្ដី​ជំនឿ ៖ សេចក្ដី​យោង​ដំណឹងល្អ ( ឆ្នាំ ២០០៤ ) ទំព័រ ១០៩ សូមមើល​ផងដែរ ក្បួន​ខ្នាត​ភាគ ២ ៖ ការគ្រប់គ្រង​សាសនាចក្រ ( ឆ្នាំ ២០១០ ) ២.១.២ ។

  3. ដេវីឌ អេ បែដណា « បាន​ទទួល​ការ​ផ្ដាច់​បាប​ទាំងឡាយ​របស់​បងប្អូន​ជានិច្ច » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៦០ ។

  4. រ័សុល អិម ណិលសុន, « As We Go Forward Together, »Liahona ខែ មេសា ឆ្នាំ ២០១៨ ទំព័រ ៧ ។

  5. ប៊យដ៍ ឃេ ផាកកឺ «The Only True Church» Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៥ ទំព័រ ៨២ ។