ឆ្នាំ ២០១០-២០១៩
ព្យាការី​នៃ​ព្រះ
ខែ មេសា ឆ្នាំ ២០១៨


ព្យាការី​នៃ​ព្រះ

ព្យាការី​ពុំ​ឈរ​នៅ​ចន្លោះ​រវាង​អ្នក និង​ព្រះអង្គសង្គ្រោះ​ទេ ។ ផ្ទុយ​ទៅវិញ លោក​ឈរ​នៅ​ក្បែរ​អ្នក ហើយ​ចង្អុល​បង្ហាញ​ផ្លូវ​ឆ្ពោះ​ទៅរក​ព្រះអង្គសង្គ្រោះ ។

ខ្ញុំ​សូម​បន្ថែម​ការស្វាគមន៍​របស់​ខ្ញុំ​ដល់​អែលឌើរ ហ្កង និង​អែលឌើរ សូរ៉េស ចូលមក​ភាព​ជា​បងប្អូន​ប្រុស​ដែល​គ្មាន​អ្វី​ប្រៀបផ្ទឹម​បាន​ក្នុង​កូរ៉ុម​នៃ​ពួកដប់ពីរ​នាក់ ។

នៅក្នុង​ការ​គាំទ្រ​ប្រធាន រ័សុល អិម ណិលសុន ជា​ព្យាការី​របស់​ព្រះអម្ចាស់ និង​ជា​ប្រធាន​សាសនាចក្រ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ នោះ​យើង​គឺ​ជា​ផ្នែក​មួយ​នៃ​ជំនុំ​មុតមាំ​របស់​ព្រះ—មុតមាំ​ដោយសារ​ព្រឹត្តិការណ៍​ដែល​ទើបតែ​កើត​ឡើង​នេះ​ត្រូវបាន​ត្រៀម​ទុក​នៅក្នុង​ស្ថានសួគ៌​តាំងពី​មុន​ពិភពលោក​នេះ​កើត​ឡើង​ម៉្លេះ ។ ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ជា​អង្គ​ដែល​ដឹកនាំ​កិច្ចការ​របស់​ទ្រង់​បាន​បង្ហាញ​ថ្ងៃនេះ​នូវ​ព្យាការី​របស់​ទ្រង់​តាមរយៈ​ប្រធាន​អាវរិង នូវ​ថ្នាក់ដឹកនាំ​ដែល​បាន​រើសតាំង​របស់​ទ្រង់​ដល់​ពួកយើង ដែល​ជា​រាស្ត្រ​នៃ​សេចក្តីសញ្ញា​របស់​ទ្រង់ ដោយ​អនុញ្ញាត​ឲ្យ​យើង​បង្ហាញ​ជា​សាធារណៈ​នូវ​ឆន្ទៈ​របស់​យើង​ក្នុង​ការគាំទ្រ​លោក និង​ធ្វើ​តាម​ការទូន្មាន​របស់​លោក ។

ចំពោះ​សមាជិក​រាប់លាន​នាក់​ដែល​ពុំ​នៅក្នុង​មជ្ឈមណ្ឌល​សន្និសីទ​នេះ​ជាមួយ​យើង ខ្ញុំ​ចង់​ឲ្យ​បងប្អូន​ដឹង​ថា ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​នៅក្នុង​អគារ​នេះ​អំឡុង​ពេល​នៃ​ការគាំទ្រ​របស់​ប្រធាន​ណិលសុន​គឺ​ពិត​ប្រាកដ ដូច​ជា​បងប្អូន​បាន​ចូលរួម​នឹង​ព្រឹត្តិការណ៍​នេះ​ដែល—គឺ​ពោរពេញ​ដោយ​ព្រះចេស្តា​ខាង​វិញ្ញាណ ។ ជំនុំ​ដែល​បាន​ដឹកនាំ​មក​ពី​សួគ៌ា​របស់​យើង​គឺ​ពុំ​មែន​មាន​តែ​នៅក្នុង​មជ្ឈមណ្ឌល​សន្និសីទ​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​មាន​នៅ​ទូទាំង​ពិភពលោក—នៅ​សាលាប្រជុំ​នៅ​ទ្វីប​អាស៊ី អាហ្វ្រិក និង អាមេរិក​ខាង​ជើង នៅក្នុង​ផ្ទះ​នានា​នៅ​អាមេរិក ​កណ្តាល និង​ខាង​ត្បូង និង​ទ្វីប​អឺរ៉ុប នៅក្នុង​ទីធ្លា​មុខ​ផ្ទះ​នៅ​ប៉ាស៊ីហ្វិក និង​កោះ​នានា​នៅលើ​សមុទ្រ ។ ជំនុំ​នេះ​គឺ​នៅក្នុង​ផ្នែក​ផ្សេងៗ​ទៀត​នៃ​ពិភព​លោក​ដែល​បងប្អូន​រស់នៅ ទោះបី​ជា​ទំនាក់ទំនង​របស់​បងប្អូន​គ្មាន​អ្វី​ក្រៅពី​សំឡេង​នៃ​ទូរសព្ទ​ស្មាតហ្វូន​របស់​បងប្អូន​ក្តី ។ ប៊ីស្សព​ពុំ​រាប់​ការលើក​ដៃ​របស់​បងប្អូន​ឡើយ ប៉ុន្តែ​វា​ត្រូវបាន​កត់ចំណាំ​ទុកនៅក្នុង​ស្ថានសួគ៌ ថា​វា​ជា​សេចក្តីសញ្ញា​របស់​យើង​ជាមួយ​ព្រះ ហើយ​សកម្មភាព​របស់​យើង​គឺ​ត្រូវបាន​កត់ត្រា​ទុក​នៅក្នុង​បញ្ជី​ជីវិត ។

ព្រះអម្ចាស់​ជ្រើសរើស​ព្យាការី​របស់​ទ្រង់

ការជ្រើសរើស​ព្យាការី​គឺ​ធ្វើ​ឡើង​ដោយ​ព្រះអម្ចាស់​ទ្រង់​ផ្ទាល់ ។ គ្មាន​យុទ្ធនាការ គ្មាន​ការ​វែកញែក គ្មាន​ការឈរ​ឈ្មោះ​បោះឆ្នោត គ្មាន​ការបែកបាក់ គ្មាន​ការមិន​ទុកចិត្ត គ្មាន​ការភាន់​ច្រឡំ ឬ​គ្មាន​ការភ្ញាក់ផ្អើល​ឡើយ ។ ខ្ញុំ​ផងដែរ សូម​បញ្ជាក់​ថា អំណាច​នៃ​ស្ថានសួគ៌​គឺ​គង់​នៅ​ជាមួយ​ពួកយើង​នៅក្នុង​បន្ទប់​ខាង​លើ​នៃ​ព្រះវិហារ​បរិសុទ្ធ នៅពេល​យើង​អធិស្ឋាន​ដោយ​នៅ​ព័ទ្ធជុំវិញ​ប្រធាន​ណិលសុន ហើយ​ទទួល​ការអនុមតិ​ដែល​ពុំ​អាច​ប្រកែក​បាន​របស់​ព្រះអម្ចាស់​មក​លើ​លោក ។

ការជ្រើសរើស​របស់​ប្រធាន ណិលសុន​ដើម្បី​បម្រើ​ជា​ព្យាការី​របស់​ព្រះ​ត្រូវបាន​ធ្វើ​ឡើង​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ ។ ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ទៅកាន់​យេរេមា​ក៏​អនុវត្ត​ចំពោះ​ប្រធាន​ណិលសុន​ផងដែរ ៖ « មុន​ដែល​យើង​បាន​ជប់​បង្កើត​អ្នក​នៅក្នុង​ពោះ​ម្ដាយ នោះ​យើង​ស្គាល់​អ្នក​ហើយ កាល​មិន​ដែល​អ្នក​សម្រាល​ចេញ​ពី​ផ្ទៃ​មក នោះ​យើង​បាន​ញែក​អ្នក​ជា​បរិសុទ្ធ​ផង ក៏​បាន​តាំង​អ្នក​ឡើង​ជា​ហោរា​ដល់​អស់​ទាំង​សាសន៍ » ។ ទើបតែ​បី​ឆ្នាំ​មុន កាល​អាយុ ៩០ ឆ្នាំ អែលឌើរ ណិលសុន គឺ​ជា​រៀមច្បង​ទី​បួន​ជាមួយ​នឹង​សាវក​ពីរ​រូប​នៃ​សាវក​ច្បង​បី​រូប​ដែល​ក្មេង​ជាង​លោក ។ ព្រះអម្ចាស់​ដែល​គ្រប់​គ្រង​លើ​ជីវិត និង​ការស្លាប់ ជ្រើសរើស​ព្យាការី​របស់​ទ្រង់ ។ ប្រធាន​ណិលសុន​ក្នុង​អាយុ ៩៣ ឆ្នាំ គឺ​មាន​សុខភាព​ល្អ​ខ្លាំង​ណាស់ ។ យើង​សង្ឃឹម​ថា លោក​នឹង​នៅ​ជាមួយ​យើង​អស់​មួយ ឬ​ពីរ​ទសវត្សរ៍​ទៀត ប៉ុន្តែ​ឥឡូវ​នេះ​យើង​កំពុង​ព្យាយាម​បញ្ចុះបញ្ចូល​លោក​ឲ្យ​តម​លេង​ជិះស្គី​ពី​ទីជម្រាល ។

ដោយសារ​យើង​គាំទ្រ​ព្យាការី​ថា​ជា អ្នក​ចាក់​ប្រេង​តាំង​របស់​ព្រះអម្ចាស់ នោះ​ចូរ​យើង​ប្រាកដ​ឲ្យ​ច្បាស់​ថា យើង​ថ្វាយ​បង្គំ​តែ​ព្រះ​ប៉ុណ្ណោះ ជា​ព្រះវរបិតាសួគ៌​របស់​យើង និង​ព្រះ​បុត្រា​របស់​ទ្រង់ ។ តាមរយៈបុណ្យ​គុណ សេចក្ដី​មេត្តាករុណា និង​ព្រះ​គុណ​របស់​ព្រះ​សង្គ្រោះ​របស់​យើង ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​ចូលទៅ​ក្នុង​វត្តមាន​របស់​ពួកទ្រង់​ម្តង​ទៀត​នា​ថ្ងៃ​ខាង​មុខ ។

មូលហេតុ​ដែល​យើង​ធ្វើ​តាម​ព្យាការី

ប៉ុន្តែ​ព្រះយេស៊ូវ​បាន​បង្រៀន​សេចក្តីពិត​ដ៏​សំខាន់​មួយ​អំពី​អ្នក​បម្រើ​ដែល​ទ្រង់​បាន​បញ្ជូន​មក​ឲ្យ​ពួកយើង ។ ទ្រង់​បាន​មាន​បន្ទូល​ថា « អ្នក​ណា​ដែល​ទទួល​អ្នក​រាល់​គ្នា នោះ​ឈ្មោះ​ថា ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ដែល​ទទួល​ខ្ញុំ នោះ​ក៏​ឈ្មោះ​ថា ទទួល​ព្រះអង្គ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ » ។

តួនាទី​ដ៏​សំខាន់​បំផុត​របស់​ព្យាការី​នៃ​ព្រះអម្ចាស់​គឺ​បង្រៀន​យើង​អំពី​ព្រះអង្គសង្គ្រោះ និង​ដឹកនាំ​ពួកយើង​ទៅកាន់​ទ្រង់ ។

មាន​ហេតុផល​សមរម្យ​ជា​ច្រើន​ដើម្បី​ធ្វើ​តាម​ប្រធាន រ័សុល អិម ណិលសុន ។ ទោះបីជា​មនុស្ស​ដែល​មិន​នៅក្នុង​ជំនឿ​ជាមួយ​យើង​ហៅ​លោក​ថា​ជា​មនុស្ស​ឆ្លាត​វៃ​ក្តី ។ លោក​គឺ​ជា​វេជ្ជបណ្ឌិត​កាល​លោក​មាន​អាយុ ២២ ឆ្នាំ ជា​វេជ្ជបណ្ឌិត​វះកាត់​បេះដូង​ដ៏​គួរ​ឲ្យ​កោត​សរសើរ និង​ជា​អ្នក​បង្កើត​ម៉ាស៊ីន​វះកាត់​បើក​បេះដូង​មុន​គេ​បង្អស់​ដ៏​ល្បីល្បាញ​មួយ​រូប ។

មនុស្ស​ផ្សេង​ទៀត​​ទទួល​ស្គាល់​ប្រាជ្ញា និង​ការវិនិច្ឆ័យ​របស់​លោក​ថា ៖ រយៈពេល​ប្រាំបួន​ទសវត្សរ៍​នៃ​ការរៀន​អំពី​ជីវិត និង​សេចក្តីស្លាប់ ការរស់នៅ​ដោយ​មិន​អត្មានិយម ដោយ​ស្រឡាញ់ និង​បង្រៀន​បុត្រាបុត្រី​របស់​ព្រះ​នៅ​គ្រប់​ទិសទី​នៃ​សាកលលោក និង​មាន​បទពិសោធន៍​ចាស់ទុំ​ក្នុង​ការមាន​កូន ១០ នាក់ ចៅ ៥៧ នាក់ និង​ចៅទួត ១១៨ នាក់ ( ចំនួន​ចុង​ក្រោយ​នេះ​គឺ​ត្រូវបាន​ផ្លាស់ប្តូរ​ជារឿយៗ មាន​ចៅ​ទួត​ម្នាក់​ទើប​កើត​កាល​ពី​ថ្ងៃពុធ​មុន​នេះ ) ។

រូបភាព
ប្រធាន រ័សុល អិម ណិលសុន ជាមួយ​ចៅទួត​ប្រុស​ថ្មី​របស់​លោក

អស់​អ្នក​ដែល​ស្គាល់​លោក​ច្បាស់​នឹង​និយាយ​អំពី​ប្រធាន​ណិលសុន​ថា លោក​ជួប​បទពិសោធន៍​លំបាកៗ​ក្នុង​ជីវិត​ជាមួយ​នឹង​សេចក្តីជំនឿ និង​ភាព​ក្លាហាន ។ នៅពេល​ជំងឺ​មហា​រីក​បាន​ឆក់​យក​ជីវិត​កូនស្រី​របស់​លោក​អាយុ ៣៧ ឆ្នាំ​ឈ្មោះ អ៊ីមីលី ដោយ​បន្សល់​ទុក​នូវ​ស្វាមី និង​កូន​តូច​ៗ​ប្រាំ​នាក់​ជា​ទីស្រឡាញ់ នោះ​ខ្ញុំ​បាន​ឮ​លោក​ថ្លែងថា « ខ្ញុំ​ជា​ឪពុក​របស់​នាង ជា​វេជ្ជបណ្ឌិត និង​ជា​សាវក​មួយ​រូប​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ប៉ុន្តែ​ខ្ញុំ​ត្រូវតែ​ឱន​ក្បាល​របស់​ខ្ញុំ ហើយ​ទទួល​ស្គាល់​ថា ‹ កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ › » ។

អ្នក​យាម​នៅលើ​ប៉ម

ទោះបី​យើង​កោត​សរសើរ​នូវ​គុណសម្បត្តិ​ដ៏​ថ្លៃថ្នូរ​ទាំងអស់​នេះ​ក្តី ហេតុអ្វី​យើង​ធ្វើ​តាម​ប្រធាន​ណិលុសុន ? ហេតុអ្វី​យើង​ធ្វើ​តាម​ព្យាការី ? ដោយសារ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​បាន​ហៅ​លោក ហើយ​រៀបចំ​លោក​ជា​អ្នក​ចាំ​យាម​របស់​ទ្រង់​នៅ​លើប៉ម ។

រូបភាព
ទីក្រុង​ខាខាសសូន ប្រទេស​បារាំង

ខាខាសសូន​គឺ​ជា​ទីក្រុង​មួយ​ដ៏​អស្ចារ្យ​នៅក្នុង​ប្រទេស​បារាំង ដែល​បាន​សាងសង់​ឡើង​តាំង​ពី​មជ្ឈិម​សម័យ ។ ប៉ម​ខ្ពស់ៗ​ត្រូវ​បាន​សង់​ឡើង​ទៅលើ​ពី​ជញ្ជាំង​ការពារ​ទីក្រុង​នោះ​សម្រាប់​ឲ្យ​អ្នក​ចាំយាម​ឈរ​លើ​ប៉ម​ទាំង​នោះ​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​យកចិត្ត​ទុកដាក់​ផ្តោត​មើល​ទី​ឆ្ងាយៗ​រកមើល​សត្រូវ​របស់​ពួកគេ ។ នៅពេល​អ្នក​ចាំយាម​បាន​ឃើញ​ពួក​ខ្មាំង​សត្រូវ​របស់​ពួកគេ​ចូល​មក នោះ​សំឡេង​ព្រមាន​របស់​គាត់​បាន​ការពារ​ប្រជាជន​នៅ​ទីក្រុង​ខាខាសសូន​ពី​គ្រោះថ្នាក់​ដែល​ហៀប​នឹងកើត​ឡើង​ដែល​ពួកគេ​ពុំ​អាច​មើល​ឃើញ ។

ព្យាការី​គឺ​ជា​អ្នក​ចាំយាម​នៅលើ​ប៉ម ដោយ​ការពារ​យើង​ពី​គ្រោះថ្នាក់​ខាង​វិញ្ញាណ​ដែល​យើង​ពុំ​អាច​មើល​ឃើញ ។

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅ​អេសេគាល​ថា « យើង​បាន​តាំង​ឯង​ឡើង​ឲ្យ​ធ្វើ​ជា​អ្នក​ចាំ​យាម ដល់​ពួក​វង្ស​អ៊ីស្រាអែល ដូច្នេះ ចូរ​ស្តាប់​ពាក្យ [ ពី ] មាត់​យើង ហើយ​ប្រកាស​ប្រាប់​គេ​ឲ្យ​យើង » ។

ជារឿយៗ យើង​និយាយ​អំពី​តម្រូវការ​របស់​យើង​ដើម្បី​ធ្វើតាម​ព្យាការី ប៉ុន្តែ​សូម​ពិចារណា​អំពី​បន្ទុក​ដ៏​ធ្ងន់​នេះ ដែល​ព្រះអម្ចាស់​បាន​ដាក់​មក​លើ​ព្យាការី​របស់​ទ្រង់​ថា ៖ « តែបើ​ឯង​មិន​ពន្យល់​ប្រាប់​មនុស្ស​អាក្រក់​នោះ… [ ហើយ​ថា ] មនុស្ស​អាក្រក់​នោះ​នឹង​ស្លាប់​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន​មែន…នោះ​យើង​នឹង​ទារ​ឈាម​វា​ពី​ដៃ​ឯង​វិញ » ។

ទីបន្ទាល់​ផ្ទាល់​ខ្លួន​ដ៏​ប្រសើរ

យើង​គាំទ្រ​ប្រធាន​ណិលសុន​ដោយ​រីករាយ ដូច​យើង​នឹង​គាំទ្រ​ពេត្រុស ឬ ម៉ូសេ ប្រសិនបើ​យើង​បាន​រស់នៅ​ក្នុង​ជំនាន់​របស់​ពួកលោក​ដែរ ។ ព្រះ​បាន​ប្រាប់​ម៉ូសេ​ថា « យើង​នឹង​នៅ​ជា​មួយ​នឹង​មាត់​ឯង ព្រម​ទាំង​បង្រៀន​សេចក្តី​ដែល​ឯង​ត្រូវ​និយាយ​ផង » ។ យើង​ស្តាប់​ព្យាការី​របស់​ព្រះអម្ចាស់​ជាមួយ​នឹង​សេចក្តីជំនឿ​ដែល​ថា ព្រះបន្ទូល​របស់​ទ្រង់​គឺ « មក​ពី​ព្រះ​ឱស្ឋ [ របស់​ព្រះអម្ចាស់ ] ផ្ទាល់ » ។

តើ​នេះ​ជា​សេចក្តីជំនឿ​​ងងឹត​ងងុល​ឬ ? ទេ វា​មិន​មែន​ឡើយ ។ យើង​ម្នាក់ៗ​មាន​សាក្សី​ខាង​វិញ្ញាណ​អំពី​ភាពពិត​ពេញលេញ​នៃ​ការស្តារ​ឡើងវិញ​នៃ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ តាមរយៈ​ឆន្ទៈ និង​ជម្រើស​ផ្ទាល់​របស់​យើង នោះ​យើង​លើក​ដៃ​យើង​នា​ព្រឹក​នេះ ដោយ​ប្រកាស​អំពី​បំណង​ប្រាថ្នា​របស់​យើង​ដើម្បី​គាំទ្រ​ព្យាការី​របស់​ព្រះអម្ចាស់​ជាមួយ​នឹង « សេចក្តីទុកចិត្ត សេចក្ដីជំនឿ និង​ដោយ​ការអធិស្ឋាន [ របស់​យើង ] » ហើយ​ធ្វើ​តាម​ការទូន្មាន​របស់​លោក ។ ក្នុង​នាម​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ យើង​មាន​ឯកសិទ្ធិ​ដើម្បី​ទទួល​សាក្សី​ផ្ទាល់​ខ្លួន​ថា ការហៅ​របស់​ប្រធាន​ណិលសុន​គឺ​មក​ពីព្រះ ។ ដោយសារ​ភរិយា​របស់​ខ្ញុំ ខាធី​បាន​ស្គាល់​ប្រធាន​ណិលសុន​ដោយ​ផ្ទាល់​អស់​រយៈពេល​ជិត​បី​ទសវត្សរ៍ ហើយ​គ្មាន​ការសង្ស័យ​អំពី​តួនាទី​មកពី​ព្រះ​របស់​លោក នៅពេល​លោក​ត្រូវបាន​ញែក​ចេញ នោះ​ភរិយា​ខ្ញុំ​បាន​ចាប់ផ្តើម​អាន​សុន្ទរកថា​សន្និសីទ​ទូទៅ​ទាំងអស់​របស់​លោក​តាំង​ពី ៣៤ ឆ្នាំ​មុន ដោយ​អធិស្ឋាន​ទូល​សូម​ការបញ្ជាក់​កាន់តែ​ច្បាស់​អំពី​តួនាទី​នៃ​ភាពជា​ព្យាការី​របស់​លោក ។ ខ្ញុំ​សូម​សន្យា​នឹង​បងប្អូន​ថា សាក្សី​ដ៏​អស្ចារ្យ​នេះ​នឹង​កើត​មាន​ឡើង​ចំពោះ​បងប្អូន នៅពេល​បងប្អូន​ស្វែងរក​សាក្សី​នោះ​ដោយ​បន្ទាបខ្លួន និង​ដោយ​សក្តិសម ។

ហេតុអ្វី​យើង​ត្រូវ​មាន​ឆន្ទៈ​ធ្វើតាម​ប្រសាសន៍​របស់​ព្យាការី​យើង ? សម្រាប់​អស់​អ្នក​ដែល​ស្វែងរក​ជីវិត​អស់កល្ប​ជានិច្ច​ដោយ​ព្យាយាម នោះ​ប្រសាសន៍​របស់​ព្យាការី​នាំ​មក​នូវ​សុវត្ថិភាព​ខាង​វិញ្ញាណ​មក​ក្នុង​គ្រា​ដ៏​វិលវល់​នេះ ។

យើង​រស់នៅ​ក្នុង​ភព​មួយ​ដែល​មាន​សំឡេង​កងរំពង​រាប់​លាន​សំឡេង ។ អ៊ិនធើណែត ទូរសព្ទ​ស្មាតហ្វន​របស់​យើង និង​ជម្រើស​ការកម្សាន្ត​ដ៏​ច្រើន​សន្ធឹកសន្ទាប់​ដែល​ទាក់ទាញ​ចំណាប់​អារម្មណ៍​យើង ហើយ​សម្រុក​ឥទ្ធិពល​របស់​វា​មក​លើ​ពួកយើង ដោយ​សង្ឃឹម​ថា យើង​នឹង​ទិញ​ផលិតផល​របស់​ពួកគេ ហើយ​កែច្នៃ​ទៅតាម​បទដ្ឋានរបស់​ពួកគេ ។

ប្រាកដ​ណាស់ ភាពងាយស្រួល​នៃ​ការទទួល​បាន​ព័ត៌មាន និង​គំនិត​រាប់​មិន​អស់ រំឭក​យើង​អំពី​ការព្រមាន​ពី​ព្រះគម្ពីរ​អំពី​ការ​ត្រូវបាន « បោក ហើយ​ផាត់​យើង​ចុះ​ឡើង ១០ ត្រូវ​ផាត់​ដោយ​ខ្យល់ »១១ និង​យក​ឈ្នះ​ដោយ « ឧបាយកល » នៃ​អស់​អ្នក​ដែល « នាំ​ឲ្យ​វង្វេង » ។១២

ការបោះ​យុថ្កា​នៃ​ព្រលឹង​យើង​ចំពោះ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ តម្រូវ​ឲ្យ​ស្តាប់​ដល់​អស់​អ្នក​ដែល​ទ្រង់​បញ្ជូន​មក ។ ការធ្វើ​តាម​ព្យាការី​នៅក្នុង​ពិភពលោក​ដ៏​រំជើបរំជួល​នេះ​គឺ​ដូចជា​ការ​ត្រូវបាន​រុំ​នៅក្នុង​ភួយ​រលោង និង​កក់ក្តៅ​នៅ​ថ្ងៃ​ដ៏​សែន​ត្រជាក់​ផងដែរ ។

យើង​រស់នៅ​ក្នុង​ពិភពលោក​មួយ​នៃ​ហេតុផល ការជជែកវែកញែក ការឈ្លោះ​ប្រកែក​គ្នា ការសមហេតុផល និង​ការពន្យល់ ។ ការសួរ​សំណួរ « ហេតុអ្វី ? » គឺ​ជា​សំណួរ​វិជ្ជមាន​នៅក្នុង​គ្រប់​ទិដ្ឋភាព​ជាច្រើន​នៃ​ជីវិត​របស់​យើង ដោយ​អនុញ្ញាត​ឲ្យ​អំណាច​នៃ​បញ្ញា​របស់​យើង​ដឹកនាំ​ការជ្រើសរើស និង​ការសម្រេច​ចិត្ត​ជាច្រើន​ដែល​យើង​ជួប​ប្រទះ​រៀងរាល់​ថ្ងៃ ។

ប៉ុន្តែ​ជារឿយៗ​សំឡេង​នៃ​ព្រះអម្ចាស់​កើត​ឡើង​ដោយ​គ្មាន​ការពន្យល់​អ្វី​ឡើយ ។១៣ ជាយូរយា​ណាស់​មក​ហើយ ពីមុន​ការសិក្សា​អំពី​ឥទ្ធិពល​នៃ​ការគ្មាន​ភក្តីភាព​ទៅលើ​ការទុកចិត្ត​ដល់​ស្វាមី ឬ​ភរិយា និង​កូនៗ នោះ​ព្រះអម្ចាស់​បាន​ប្រកាស​ថា « កុំ​ឲ្យ​ផិត​គ្នា​ឲ្យ​សោះ » ។១៤ លើស​ពី​ប្រាជ្ញា​តែ​មួយ​មុខ នោះ​យើង​ផ្តល់​តម្លៃ​ដល់​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ចូរ​កុំ​ភ្ញាក់ផ្អើល​ឡើយ

រូបភាព
ណូអេ​កំពុង​ប្រកាស

ខណៈ​ដែល​​សំឡេង​របស់​ព្យាការី​ថ្លែង​ដោយ​ស្រទន់ ជារឿយៗ​វា​ជា​សំឡេង​ដែល​សុំ​ឲ្យ​យើង​ផ្លាស់ប្តូរ ប្រែចិត្ត និង​ត្រឡប់​ទៅ​កាន់​ព្រះអម្ចាស់​វិញ ។ នៅពេល​ណា​មាន​ការកែតម្រូវ​ចាំបាច់ ចូរ​កុំ​បង្អង់​ពេល​ឡើយ ។ ហើយ​ចូរ​កុំ​ភ្ញាក់ផ្អើល នៅពេល​សំឡេង​ព្រមាន​របស់​ព្យាការី​ប្រឆាំង​ទាស់​នឹង​គំនិត​ពេញ​និយម​នៃ​ជំនាន់​នេះ ។ ការសើច​ចំអក​មក​ពី​ពួក​អ្នក​មិន​ជឿ​តែងតែ​កើត​មាន នៅពេល​ព្យាការី​ចាប់ផ្តើម​និយាយ ។ នៅពេល​បងប្អូន​បន្ទាប​ខ្លួន​ក្នុងការ​ធ្វើតាម​ការទូន្មាន​របស់​ព្យាការី​នៃ​ព្រះអម្ចាស់ នោះ​ខ្ញុំ​សូម​សន្យា​នឹង​បងប្អូន​ថា ពរជ័យ​នៃ​សុវត្ថិភាព និង​ភាពសុខសាន្ត​នឹង​ត្រូវ​បាន​បន្ថែម​ឲ្យ​ដល់​បងប្អូន ។

រូបភាព
សាំយូអែល​ជា​សាសន៍​លេមិន​ព្យាករ

ចូរ​កុំ​ភ្ញាក់ផ្អើល​ឡើយ ពេល​ទស្សន​ផ្ទាល់​ខ្លួន​របស់​បងប្អូន​ចាប់ផ្តើម​មិន​ស្រប​ជាមួយ​នឹង​ការបង្រៀន​របស់​ព្យាការី​នៃ​ព្រះអម្ចាស់​ជានិច្ច​នោះ ។ នោះ​គឺ​ជា​ឱកាស​ដើម្បី​រៀនសូត្រ បន្ទាបខ្លួន នៅពេល​យើង​លុតជង្គង់​ចុះ​អធិស្ឋាន ។ យើង​បោះ​ជំហាន​ទៅមុខ​ដោយ​សេចក្តីជំនឿ ដោយ​ទុកចិត្ត​លើ​ព្រះ ដោយ​ដឹង​ថា ជាមួយ​នឹង​ពេលវេលា នោះ​យើង​ទទួល​ការបញ្ជាក់​កាន់តែ​ច្បាស់​ខាង​វិញ្ញាណ​មក​ពី​ព្រះវរបិតាសួគ៌​របស់​យើង ។ ព្យាការី​មួយ​រូប​បាន​ពិពណ៌នា​អំពី​អំណោយទាន​ដែល​ពុំ​អាច​ប្រៀបផ្ទឹម​បាន​អំពី​ព្រះអង្គសង្គ្រោះ​ថា « ព្រះហឫទ័យ​នៃ​ព្រះរាជបុត្រា ត្រូវ​លេប​ដណ្ដប់​នៅ​ក្នុង​ព្រះហឫទ័យ​នៃ​ព្រះវរបិតា » ។១៥ ប្រាកដ​ណាស់ ការចុះចូល​ឆន្ទៈ​របស់​យើង​ទៅ​នឹង​ព្រះទ័យ​ព្រះ​គឺ​ពុំ​មែន​ជា​សញ្ញា​នៃ​ការចុះចាញ់​ឡើយ ប៉ុន្តែ​ជា​សញ្ញា​ចាប់ផ្តើម​នៃ​ជោគជ័យ​ដ៏​រុងរឿង​វិញ ។

មនុស្ស​មួយ​ចំនួន​នឹង​ព្យាយាម​វិភាគ​យ៉ាង​ខ្លាំង​អំពី​ប្រសាសន៍​របស់​ព្យាការី ដោយ​ច្របូកច្របល់​ក្នុង​ចិត្ត​ដើម្បី​កំណត់​ថា តើ​អ្វី​ជា​សំឡេង​ព្យាករ​របស់​លោក និង​អ្វី​ជា​គំនិត​ផ្ទាល់​ខ្លួន​របស់​លោក ។

នៅឆ្នាំ ១៩៨២ ពីរ​ឆ្នាំ​បន្ទាប់​ពី​ការហៅ​ធ្វើជា​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ បងប្រុស រ័សុល អិម ណិលសុន បាន​ថ្លែង​ថា ៖ « ខ្ញុំ​មិន​ធ្លាប់​សួរ​ខ្លួន​ឯង​ថា ‹ តើ​ពេល​ណា​ដែល​ព្យាការី​និយាយ​ក្នុង​នាម​ជា​ព្យាការី និង​តើ​ពេលណា​លោក​មិន​និយាយ​ក្នុង​នាម​ជា​ព្យាការី​ឡើយ ? › ចំណាប់​អារម្មណ៍​របស់​ខ្ញុំ​គឺ​ថា ‹ តើ​ខ្ញុំ​អាច​ក្លាយ​ដូច​ជា​គាត់​ដោយ​របៀប​ណា ? » លោក​បាន​បន្ថែម​ទៀត​ថា « [ ទស្សន​របស់​ខ្ញុំ​គឺ ] ឈប់​ឆ្ងល់​ពី​អ្វី​ដែល​ព្យាការី​ថ្លែង ប៉ុន្តែ​ត្រូវ​ផ្តោត​ចិត្ត​ទុកដាក់​ធ្វើ​តាម​អ្វី​ដែល​លោក​ថ្លែង​វិញ » ។១៦ នេះ​គឺ​ជា​របៀប​ដែល​មនុស្ស​បន្ទាបខ្លួន និង​មនុស្ស​ខាង​វិញ្ញាណ​បាន​ជ្រើសរើស​ដើម្បី​ដាក់​អាទិភាព​ក្នុង​ជីវិត​គាត់ ។ ៣៦ ឆ្នាំ​បាន​កន្លង​ផុត​ទៅ ហើយ​ឥឡូវ​នេះ លោក​គឺ​ជា​ព្យាការី​នៃ​ព្រះអម្ចាស់ ។

ការបង្កើន​សេចក្តីជំនឿ​របស់​អ្នក​លើ​ព្រះអង្គសង្គ្រោះ

នៅក្នុង​ជីវិត​ខ្ញុំ​ផ្ទាល់ ខ្ញុំ​បាន​ឃើញ​ថា នៅពេល​ខ្ញុំ​សិក្សា​ប្រសាសន៍​របស់​ព្យាការី​នៃ​ព្រះ​ប្រកប​ដោយ​ការអធិស្ឋាន និង​ដោយ​យក​ចិត្ត​ទុកដាក់ ដោយ​តម្រង់​ឆន្ទៈ​ខាង​វិញ្ញាណ​របស់​ខ្ញុំ​ទៅ​នឹង​ការបង្រៀន​ដ៏​បំផុស​គំនិត​របស់​លោក​ដោយ​អត់ធ្មត់ នោះ​សេចក្ដី​ជំនឿ​របស់​ខ្ញុំ​លើ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​កើន​ឡើង​ជានិច្ច ។១៧ ប្រសិនបើ​យើង​ជ្រើសរើស​ទុក​ការទូន្មាន​របស់​លោក​មួយ​អន្លើរ ហើយ​គិត​ថា យើង​ចេះ​ជាង នោះ​សេចក្តីជំនឿ​របស់​យើង​រងទុក្ខ ហើយ​ទស្សនវិស័យ​អស់កល្ប​ជានិច្ច​របស់​យើង​នឹង​ងងឹតងងល់ ។ ខ្ញុំ​សូម​សន្យា​នឹង​អ្នក​ថា នៅពេល​អ្នក​បន្ត​តាំងចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​ធ្វើតាម​ព្យាការី នោះ​សេចក្តីជំនឿ​របស់​អ្នក​លើ​ព្រះអង្គសង្គ្រោះ​នឹង​កើន​ឡើង ។

ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ថា « អស់​ទាំង​ព្យាការី…គឺ​បាន​ធ្វើ​បន្ទាល់​អំពី​យើង » ។១៨

ព្យាការី​ពុំ​ឈរ​នៅ​ចន្លោះ​រវាង​អ្នក និង​ព្រះអង្គសង្គ្រោះ​ទេ ។ ផ្ទុយ​ទៅវិញ លោក​ឈរ​នៅ​ក្បែរ​អ្នក ហើយ​ចង្អុល​បង្ហាញ​ផ្លូវ​ឆ្ពោះ​ទៅរក​ព្រះអង្គសង្គ្រោះ ។ ការទទួល​ខុសត្រូវ​ដ៏​ធំ​មហិមា និង​អំណោយ​ទាន​ដ៏​មាន​តម្លៃ​បំផុត​របស់​ព្យាការី​ចំពោះ​យើង​គឺ សាក្សី​ដ៏​រឹងមាំ​របស់​លោក ចំណេះដឹង​ពិតប្រាកដ​របស់​លោក ដែល​ថា​ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ។ ដូចជា​ពេត្រុស​ពី​ជំនាន់​បុរាណ​ដែល ព្យាការី​របស់​យើង​ប្រកាស​ថា « [ ទ្រង់​ជា ] ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ » ។១៩

នៅ​ថ្ងៃ​ខាង​មុខ ពេល​យើង​ក្រឡេក​មើល​ទៅជីវិត​រមែង​ស្លាប់​របស់​យើង នោះ​យើង​នឹង​រីករាយ ដែល​យើង​បាន​ដើរ​នៅលើ​ផែនដី​នេះ នៅ​គ្រា​នៃ​ព្យាការី​ដែល​កំពុង​នៅរស់ ។ នៅ​ថ្ងៃ​នោះ ខ្ញុំ​អធិស្ឋាន​ថា យើង​នឹង​អាច​និយាយ​ដូច្នេះ ៖

យើង​បាន​ស្តាប់​លោក ។

យើងបាន​ជឿ​លើ​លោក ។

យើង​បាន​សិក្សា​ប្រសាសន៍​របស់​លោក​ដោយ​ការអត់ធ្មត់ និង​សេចក្តីជំនឿ ។

យើង​បាន​អធិស្ឋាន​សម្រាប់​លោក ។

យើង​បាន​ឈរ​នៅ​ក្បែរ​លោក ។

យើង​បន្ទាបខ្លួន​សម​ល្មម​ដើម្បី​ធ្វើតាម​លោក ។

យើង​បាន​ស្រឡាញ់​លោក ។

ខ្ញុំ​សូម​បន្សល់​ទុក​នូវ​ទីបន្ទាល់​ដ៏​ឱឡារិក​របស់​ខ្ញុំ​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ជា​ព្រះអង្កសង្គ្រោះ និង​ព្រះអង្គ​ប្រោសលោះ​របស់យើង ហើយ​ប្រធាន រ័សុល អិម ណិលសុន គឺជា​ព្យាការី​ដែល​បាន​ចាក់​ប្រេងតាំង​របស់​ទ្រង់​នៅលើ​ផែនដី​នេះ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. យេរេមា ១:៥ ។

  2. សូមមើល នីហ្វៃ​ទី ២ ២:៨ ។

  3. ម៉ាថាយ ១០:៤០ ។

  4. ការចងចាំ​ផ្ទាល់​ខ្លួន សូមមើល​ផងដែរ Spencer J. Condie, Russell M. Nelson: Father, Surgeon, Apostle ( ឆ្នាំ ២០០៣ ) ទំព័រ ២៣៥ ។

  5. អេសេគាល ៣៣:៧ ។

  6. អេសេគាល ៣៣:៨ ។

  7. និក្ខមនំ ៤:១២ ។

  8. គោលលទ្ធិ និង សេចក្ដីសញ្ញា ២១:៥ ។

  9. គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៧:២២ ។

  10. អេភេសូរ ៤:១៤ ។

  11. យ៉ាកុប ១:៦ ។

  12. អេភេសូរ ៤:១៤ ។

  13. មាន​គ្រា​មួយ​នោះ ប្រធាន ដាល្លិន អេក អូក បាន​មាន​ប្រសាសន៍​ថា ៖

    « ក្នុងការ​សម្ភាសន៍​ឆ្នាំ ១៩៨៨… ខ្ញុំ​បាន​ពន្យល់​ឥរិយាបថ​របស់​ខ្ញុំ​ចំពោះ​ការព្យាយាម​ផ្តល់​ហេតុផល​ខាង​សាច់​ឈាម​សម្រាប់​វិវរណៈ​មក​ពី​ព្រះ ៖

    « ‹ ប្រសិនបើ​អ្នក​អាន​ព្រះគម្ពីរ​ដោយ​មាន​សំណួរ​នេះ​នៅក្នុង​ចិត្ត « ហេតុអ្វី​បានជា​ព្រះអម្ចាស់​បញ្ជា​ការណ៍​នេះ ឬ​ហេតុអ្វី​បានជា​ទ្រង់​បញ្ជា​ការណ៍​នោះ » នោះ​អ្នក​នឹង​រកឃើញ​ថា វា​មាន​តិច​ជាង​មួយ នៅក្នុង​ការបញ្ជា​មួយ​រយ​ដែល​មាន​មូលហេតុ​ផ្ដល់​ឲ្យ ។ វា​មិន​មែន​ជា​ផ្លូវ​របស់​ព្រះអម្ចាស់​ដើម្បី​ផ្ដល់​មូលហេតុ​ទេ ។ យើង [ ជីវិត​រមែងស្លាប់ ] អាច​ដាក់​មូលហេតុ​ចំពោះ​វិវរណៈ ។ យើង​អាច​ដាក់​មូលហេតុ​សម្រាប់​ព្រះបញ្ញត្តិ ។ នៅពេល​យើង​ធ្វើ​ដូច្នោះ នោះ​យើង​ធ្វើ​វា​ដោយ​ខ្លួនឯង​ហើយ ។ មនុស្ស​ខ្លះ​ដាក់​មូលហេតុ​ចំពោះ [ វិវរណៈ ]… ហើយ​ពួកគេ​បែរ​ជា​ខុស​ទាំងស្រុង ។ មាន​មេរៀន​មួយ​នៅក្នុង​រឿង​នោះ ។… ខ្ញុំ​បាន​សម្រេចចិត្ត​ជា​យូរ​មក​ហើយ​ថា ខ្ញុំ​មាន​ជំនឿ​ទៅលើ​បទបញ្ជា ហើយ​ខ្ញុំ​ពុំមាន​ជំនឿ​ទៅលើ​ហេតុផល ដែល​វា​ត្រូវ​បាន​ថ្លែង​ប្រាប់​នោះទេ › ។…

    មូលហេតុ​ពេញលេញ​ចំពោះ​ខ្ញុំ​វា​ហាក់​ដូចជា ការទទួល​យក​ហានិភ័យ​ពុំ​ចាំបាច់ ។… សូម​កុំ​ធ្វើ​ខុស ដូច​អ្វី​ដែល​កើតពី​អតីតកាល … ដោយ​ព្យាយាម​ដាក់​ហេតុផល​ទៅលើ​វិវរណៈ​ឡើយ ។ មូលហេតុ​នានា ប្រែ​ទៅជា​ការ​ធ្វើ​ឡើង​ដោយ​មនុស្ស​ដើម្បី​បាន​នូវ​អ្វី​ដែល​ធំ ។ វិវរណៈ​គឺ​ជា​អ្វី​ដែល​យើង​គាំទ្រ ជា​ព្រះទ័យ​របស់​ព្រះអម្ចាស់ និង​ជា​កន្លែង​ដែល​មាន​សុវត្ថិភាព › » (Life’s Lessons Learned [ ឆ្នាំ ២០១១ ] ទំព័រ ៦៨–៦៩ ) ។

  14. និក្ខមនំ ២០:១៤ ។

  15. ម៉ូសាយ ១៥:៧ ។

  16. រ័សុល អិម ណិលសុន នៅក្នុង Lane Johnson « Russell M. Nelson: A Study in ObedienceTambuliខែ មករា ឆ្នាំ ១៩៨៣ ទំព័រ ២៦ ។

  17. ប្រធាន ហិនរី ប៊ី អាវរិង បាន​មាន​ប្រសាសន៍​ថា ៖ « ការយល់​ខុស​មួយ​ទៀត​គឺ​ការជឿ​ថា ជម្រើស​ដើម្បី​ទទួល ឬ​ពុំ​ទទួល​យក​ការទូន្មាន​របស់​ព្យាការី​គឺ​មិន​លើស​ពី​ការ​សម្រេច​ចិត្ត​ថា តើ​ត្រូវ​ទទួល​យក​ការទូន្មាន​ល្អ ហើយ​ទទួល​បាន​ផល​ប្រយោជន៍ ឬ​បន្ត​នៅ​កន្លែង​របស់​យើង​ត​ទៅ​នោះ​ទេ ។ ប៉ុន្តែ ជម្រើស​នៃ​ការ​មិន​ទទួល​យក​ការ​ទូន្មាន​របស់​ព្យាការី ប្ដូរ​ជំហរ​ដែល​យើង​ឈរ ។ វា​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​កាន់​តែ​ច្រើន ។ ការបរាជ័យ​ក្នុង​ការធ្វើ​តាម​ការទូន្មាន​ដែល​បាន​ព្យាករ នាំ​ឲ្យ​អំណាច​ដើម្បី​ទទួល​ការទូន្មាន​ដ៏​បំផុស​គំនិត​ត្រូវ​ទន់​ខ្សោយ​នៅពេល​ខាង​មុខ ។ គ្រា​ដ៏​ល្អ​បំផុត​ដើម្បី​សម្រេច​ចិត្ត​ជួយ​ណូអេ​សាងសង់​ទូក​គឺ​ជា​គ្រា​ដំបូង​ដែល​លោក​បាន​សូម ។ គ្រប់​ពេល​ដែល​លោក​បាន​សូម​បន្ទាប់​រឿង​នោះ​មក មនុស្ស​ម្នាក់ៗ​មិន​ឆ្លើយ​តប​ដែល​ធ្វើ​ឲ្យ​បាត់បង់​នូវ​ការស្តាប់​តាម​ព្រះវិញ្ញាណ ។ ដូច្នេះ​ហើយ​គ្រប់​ពេល​ការស្នើ​សូម​របស់​លោក​ហាក់បី​ដូចជា​កាន់តែ​ល្ងង់ល្ងើរ រហូត​ដល់​ភ្លៀង​បាន​បង្អុល​ចុះ​មក ។ ហើយ​បន្ទាប់​មក​គឺ​វា​យឺត​ពេល​ទៅ​ហើយ » ( « Finding Safety in Counsel » Ensign ខែ ឧសភា ឆ្នាំ ១៩៩៧ ទំព័រ ២៥ ) ។

  18. នីហ្វៃទី ៣ ២០:២៤ ។

  19. ម៉ាថាយ ១៦:១៦ សូមមើល​ផងដែរ យ៉ូហាន ៦:៦៩ ។