ឆ្នាំ ២០១០-២០១៩
ប្រាំពីរ​ចិតសិប​ដង
ខែ មេសា ឆ្នាំ ២០១៨


ប្រាំពីរ​ចិតសិប​ដង

នៅក្នុង​ជីវិត​ដែល​ពោរពេញ​ដោយ​ថ្ម​ជំពប់ និង​ភាព​មិន​ល្អ​ឥត​ខ្ចោះ​នេះ យើង​ទាំងអស់​គ្នា​មាន​អំណរគុណ​យ៉ាង​ខ្លាំង​ចំពោះ​ឱកាស​ទីពីរ ។

កំហុស​គឺ​ជា​អ្វី​ដែល​កើត​មាន​ឡើង​ក្នុង​ជីវិត​មនុស្ស​គ្រប់​រូប ។ ការរៀន​លេង​ព្យាណូ​ឲ្យ​ស្ទាត់​ជំនាញ​គឺ​ចាំបាច់​ណាស់​ថា វា​ពុំ​អាច​ទៅ​រួច​ដោយ​គ្មាន​ការលេង​ខុស​រាប់រយ​ពាន់​ដង​ឡើយ—ប្រហែល​ជា​ខុស​មួយ​លាន​ដង​ផង​មើល​ទៅ ។ ដើម្បី​រៀន​ភាសា​បរទេស​មួយ មនុស្ស​ម្នាក់​ត្រូវ​ប្រឈម​មុខ​នឹង​ការអៀនខ្មាស​ដោយ​សារ​កំហុស​រាប់រយ​ពាន់—ឬ​ប្រហែល​ជា​មួយ​លាន​ដង​ផង​មើល​ទៅ ។ សូម្បី​តែ​អត្តពលករ​ដ៏​ឆ្នើម​បំផុត​របស់​ពិភពលោក​ក៏​ពុំ​ដែល​ថា​គ្មាន​កំហុស​ដែរ ។

គេ​និយាយ​ថា « ភាពជោគជ័យ​ពុំមែន​ជា​អវត្តមាន​នៃ​ភាពបរាជ័យ​ឡើយ ប៉ុន្តែ​គឺ​ជា​ការចេញពី​ភាពបរាជ័យ​មួយ​ទៅកាន់​ភាពបរាជ័យ​មួយ​ទៀត​ដោយ​គ្មាន​ការបាត់បង់​នូវ​ភាពរីករាយ​ឡើយ » ។​

បន្ទាប់​ពី​ការបង្កើត​អំពូល​ភ្លើង​របស់​លោក នោះ ថូម៉ាស អ៊ីឌីសុន បាន​និយាយ​ថា « ខ្ញុំ​ពុំ​បាន​បរាជ័យ​ចំនួន ១០០០ ដង​ឡើយ ។ អំពូល​ភ្លើង​ត្រូវបាន​បង្កើត​ឡើង​ជាមួយ​នឹង ១០០០ ជំហាន » ។ ឆាឡេស ហ្វេស ខែតធើរីង បាន​ហៅ​ភាពបរាជ័យ​ថា​ជា « ស្លាក​សញ្ញា​នៅលើ​ផ្លូវ​ដែល​ចង្អុល​បង្ហាញ​ផ្លូវ​ឆ្ពោះ​ទៅកាន់​ភាព​ជោគជ័យ » ។ ដោយ​ក្តីសង្ឃឹម កំហុស​នីមួយៗ​ដែល​យើង​ធ្វើ​ក្លាយ​ជា​មេរៀន​នៅក្នុង​ប្រាជ្ញា ដោយ​បង្វែរ​នូវ​ថ្ម​ជំពប់​ឆ្ពោះ​ទៅរក​ភាព​ជោគជ័យ ។

សេចក្ដី​ជំនឿ​ពុំ​ងាករេ​របស់​នីហ្វៃ​បាន​ជួយ​លោក​ឲ្យ​ចេញ​ពី​ភាព​បរាជ័យ​មួយ​ទៅកាន់​ភាព​បរាជ័យ​មួយ​ទៀត រហូត​ដល់​ទីបំផុត​លោក​បាន​ទទួល​ផ្ទាំង​លង្ហិន ។ ម៉ូសេ​បាន​ព្យាយាម ១០ ដង​ពីមុន​លោក​រកឃើញ​ភាព​ជោគជ័យ​ក្នុងការ​ភៀសខ្លួន​ពី​ស្រុក​អេស៊ីព្ទ​ជាមួយ​ពួក​សាសន៍​អ៊ីស្រាអែល ។

យើង​អាច​ឆ្ងល់​ថា—ប្រសិនបើ​ទាំង​នីហ្វៃ និង ម៉ូសេ កំពុង​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ ហេតុអ្វី​ព្រះអម្ចាស់​ពុំ​ផ្តល់​អន្តរាគមន៍ ហើយ​ជួយ​ពួកលោក​ឲ្យ​សម្រេច​បាន​ជោគជ័យ​នៅ​គ្រា​ដំបូង​តែ​ម្តង​ទៅ ? ហេតុអ្វី​ទ្រង់​ទុក​ឲ្យ​ពួកលោក—ហើយ​ហេតុអ្វី​ទ្រង់​ទុក​ឲ្យ​ពួកយើង—មាន​បញ្ហា និង​បរាជ័យ​ជា​ច្រើន​នៅក្នុង​ការព្យាយាម​ទទួល​បាន​ភាព​ជោគជ័យ​របស់​យើង​ដូច្នេះ ? នៅក្នុង​ចំណោម​ចម្លើយ​សំខាន់ៗ​ជាច្រើន​ចំពោះ​សំណួរ​នោះ នេះ​គឺ​ជា​ចម្លើយ​មួយ​ចំនួន ៖

  • ទីមួយ ព្រះអម្ចាស់​ជ្រាប​ដឹង​ថា « គ្រប់​ការណ៍​ទាំង​នេះ​នឹង​ផ្ដល់​ការពិសោធន៍​ដល់ [ យើង ] ហើយ​នឹង​ទៅ​ជា​ការល្អ​ដល់ [ យើង ] ទៅ​វិញ » ។

  • ទីពីរ ដើម្បី​ឲ្យ​យើង « ភ្លក់​នូវ​សេចក្តី​ល្វីងជូរចត់ ប្រយោជន៍​ឲ្យ [ យើង ] អាច​ចេះ​ឲ្យ​តម្លៃ​ដល់​របស់​ល្អ » ។

  • ទីបី ដើម្បី​បង្ហាញ​ថា « ចម្បាំង​នេះ​គឺ​ស្រេច​តែ​នៅលើ​ព្រះអម្ចាស់​វិញ » ហើយ​វា​មាន​តែ​តាមរយៈ​ព្រះគុណ​របស់​ទ្រង់​ប៉ុណ្ណោះ​ដែល​យើង​អាច​សម្រេច​កិច្ចការ​របស់​ទ្រង់ ហើយ​ប្រែក្លាយ​ដូចជា​ទ្រង់បាន ។

  • ទីបួន ដើម្បី​ជួយ​យើង​ឲ្យ​អភិវឌ្ឍ និង​ទទួល​បាន​នូវ​លក្ខណៈ​ដូច​ព្រះគ្រីស្ទ​ជាច្រើន​ដែល​ពុំ​ត្រូវ​អាច​ត្រូវបាន « បន្សុទ្ធ » លើកលែង​តែ​តាមរយៈ « ការផ្ទុយ »​ និង « ឡ​នៃ​សេចក្ដី​វេទនា »​ប៉ុណ្ណោះ ។

ដូច្នេះ​នៅក្នុង​ជីវិត​ដែល​ពោរពេញ​ដោយ​ថ្ម​ជំពប់ និង​ភាព​មិន​ល្អ​ឥត​ខ្ចោះ​នេះ យើង​ទាំងអស់​គ្នា​មាន​អំណរគុណ​យ៉ាង​ខ្លាំង​ចំពោះ​ឱកាស​ទីពីរ ។

នៅក្នុង​ឆ្នាំ ១៩៧០ កាល​ជា​និស្សិត​ថ្មីថ្មោង​នៅ ប៊ី.វ៉ាយ.យូ. នោះ​ខ្ញុំ​បាន​ចុះ​ឈ្មោះ​ចូលរៀន​នៅ​វគ្គសិក្សា​ដំបូង​ស្តីពី​ភាពចាំបាច់​នៃ​រូបវិទ្យា​ដែល​បង្រៀន​ដោយ ជេ បាលីហ្វ ជា​សាស្ត្រាចារ្យ​ដ៏​ឆ្នើម​មួយ​រូប ។ បន្ទាប់​ពី​បញ្ចប់​មេរៀន​នីមួយ​នៃ​វគ្គសិក្សា​នោះ គាត់​បាន​ធ្វើ​ការប្រឡង ។ ប្រសិនបើ​សិស្ស​បាន​ទទួល​និទ្ទេស ស៊ី ហើយ​ចង់​បាន​ពិន្ទុ​ល្អ​ជាង នោះ​សាស្ត្រាចារ្យ បាលីហ្វ នឹង​អនុញ្ញាត​ឲ្យ​សិស្ស​ប្រឡង​តេស្ត​កែច្នៃ​ដែល​មាន​នូវ​សំណួរ​ដដែលៗ ។ ប្រសិនបើ​សិស្ស​បាន​ទទួល​និទ្ទេស ប៊ី នៅ​ក្នុងការ​ព្យាយាម​លើក​ទីពីរ ហើយ​នៅតែ​ពុំ​ពេញចិត្ត​ទៀត នោះ​សិស្ស​អាច​ធ្វើ​ការប្រឡង​ជា​លើក​ទីបី និង​ទីបួន​ជាដើម ។ តាមរយៈ​ការអនុញ្ញាត​ឲ្យ​ឱកាស​ទីពីរ​ដល់​ខ្ញុំ​ជាច្រើន​ដង នោះ​គាត់​បាន​ជួយ​ខ្ញុំ​ឲ្យ​ពូកែ ហើយ​ទីបំផុត​ខ្ញុំ​បាន​ទទួល​និទ្ទេស អេ នៅក្នុង​ថ្នាក់ ។

រូបភាព
Professor Jae Ballif

គាត់​គឺ​ជា​សាស្ត្រាចារ្យ​ដ៏​វាងវៃ​អស្ចារ្យ​ម្នាក់ ដែល​បាន​បំផុសគំនិត​ដល់​សិស្ស​របស់​គាត់​ឲ្យ​បន្ត​ព្យាយាម—ដោយ​ចាត់ទុក​ថា ភាពបរាជ័យ​គឺ​ជា​មេរៀន ពុំមែន​ជា​សោកដនាកម្ម​នោះ​ទេ ហើយ​កុំ​ខ្លាច​នឹង​ភាព​បរាជ័យ ប៉ុន្តែ​ត្រូវ​រៀន​ពី​វា​វិញ ។

ថ្មីៗ​នេះ ខ្ញុំ​បាន​ទូរសព្ទ​ទៅ​បុរស​ដ៏​អស្ចារ្យ​នេះ ដែល​អស់​រយៈពេល ៤៧ ឆ្នាំ​ទៅ​ហើយ​ដែល​ខ្ញុំ​បាន​រៀន​រូបវិទ្យា​ជាមួយ​គាត់ ។ ខ្ញុំ​បាន​សួរ​គាត់​អំពី​មូលហេតុ​ដែល​គាត់​មាន​ឆន្ទៈ​ទុក​ឲ្យ​សិស្ស​របស់​គាត់​ព្យាយាម​ដោយ​ឥត​កំណត់ ដើម្បី​ធ្វើ​ឲ្យ​ពិន្ទុ​របស់​ពួកគេ​បាន​ល្អ​ប្រសើរ​ឡើង ។ គាត់​បាន​ឆ្លើយ​ថា ៖ « ខ្ញុំ​ចង់​នៅ​ខាង​សិស្ស​ហើយ​ជួយ​ពួកគេ » ។

ដោយសារ​យើង​មាន​អំណរគុណ​សម្រាប់​ឱកាស​ទីពីរ​បន្ទាប់​ពី​ធ្វើ​កំហុស ឬ​មាន​ភាព​បរាជ័យ​ខាង​គំនិត​រួច នោះ​យើង​ឆ្ងល់​យ៉ាង​អស្ចារ្យ​នៅ​ព្រះគុណ​នៃ​ព្រះអង្គសង្គ្រោះ​ក្នុង​ការប្រទាន​ឱកាស​ទីពីរ​ដល់​យើង ដើម្បី​យក​ឈ្នះ​លើ​អំពើ​បាប ឬ​បរាជ័យ​នៃ​ដួងចិត្ត ។

គ្មាន​នរណា​ម្នាក់​នៅ​ខាង​យើង​ច្រើន​ជាង​ព្រះអង្ក​សង្គ្រោះ​នោះ​ទេ ។ ទ្រង់​អនុញ្ញាត​ឲ្យ​យើង​ប្រឡង និង​បន្ត​ការប្រឡង​របស់​ទ្រង់​ទៀត ។ ដើម្បី​ប្រែ​ក្លាយ​ដូច​ជា​ទ្រង់ វា​នឹង​តម្រូវ​ឲ្យ​មាន ឱកាស​ទីពីរ រាប់​ពុំ​អស់ នៅក្នុង​ឧបសគ្គ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​របស់​យើង ជាមួយ​មនុស្ស​ខាង​សាច់​ឈាម ដូចជា​ការគ្រប់គ្រង​ការស្រេកឃ្លាន រៀន​ឲ្យ​មាន​ភាពអត់ធ្មត់ និង​មាន​ការអភ័យទោស យក​ឈ្នះ​លើ​ភាព​ខ្ជិលច្រអូស ចៀសវាង​ពី​អំពើ​បាប​នៃ​ការព្រងើយ​កន្តើយ និង​អ្វីៗ​ជា​ច្រើន​ទៀត ។ មនុស្ស​ខាង​សាច់​ឈាម​ប្រព្រឹត្ត​កំហុស តើ​មាន​ភាពបរាជ័យ​ប៉ុន្មាន​ដង​ទៅ​ដែល​យើង​នឹង​មាន រហូត​ដល់​ភាព​ខាង​សាច់​ឈាម​របស់​យើង​ឈប់​ជា​មនុស្ស ប៉ុន្តែ​ជា​ព្រះ​វិញ​នោះ ? រាប់ពាន់​ដង ? ប្រហែល​ជា​មួយ​លាន​ដង​ហើយ​មើល​ទៅ ។

ការដឹង​ថា ផ្លូវ​តូច ហើយ​ចង្អៀត​ពោរពេញ​ដោយ​ការសាកល្បង ហើយ​ថា ភាពបរាជ័យ​គឺ​ជា​អ្វី​ដែល​កើត​ឡើង​ប្រចាំ​ថ្ងៃ​សម្រាប់​ពួកយើង នោះ​ព្រះអង្គ​សង្គ្រោះ​បាន​បង់​ថ្លៃ​ឥតដែន​កំណត់ ដើម្បី​ប្រទាន​ឱកាស​ជា​ច្រើន​ដល់​យើង ឲ្យ​បាន​ជាប់​ដោយ​ជោគជ័យ​នូវ​ការលាកល្បង​នៃ​ជីវិត​រមែង​ស្លាប់​របស់​យើង ។ ការផ្ទុយ​ដែល​ទ្រង់​អនុញ្ញាត​ឲ្យ​កើត​មាន​ជារឿយៗ​អាច​ហាក់​ដូច​ជា​មិន​អាច​យក​ឈ្នះ​បាន ហើយ​ស្ទើរតែ​ពុំ​អាច​ទ្រាំ​បាន ប៉ុន្តែ​ទ្រង់​ពុំ​ទុក​យើង​ចោល​ដោយ​គ្មាន​សង្ឃឹម​ឡើយ ។

ដើម្បី​រក្សា​សេចក្តីសង្ឃឹម​របស់​យើង​ឲ្យ​នៅតែ​រឹងមាំ ពេល​យើង​ជួប​នឹង​ការសាកល្បង​នៃ​ជីវិត នោះ​ព្រះគុណ​របស់​ព្រះអង្កសង្គ្រោះ​ត្រៀម​រួច​ជា​ស្រេច ហើយ​មាន​វត្តមាន​ជានិច្ច ។ ព្រះគុណ​របស់​ទ្រង់​គឺ​ជា « ជំនួយ និង​កម្លាំង​ពី​ព្រះ…ជា​អំណាច​មួយ​ដែល​អាច​ធ្វើ​អ្វី​បាន​ទាំងអស់ ដែល​អនុញ្ញាត​ឲ្យ​បុរស និង​ស្ត្រី​ទទួល​បាន​ជីវិត​អស់កល្ប​ជានិច្ច និង​ការលើក​តម្កើង បន្ទាប់​ពី ពួកគេ​បាន​ពង្រីក​ការខិតខំ​របស់​ខ្លួន​ឲ្យ​អស់​ពី​សមត្ថភាព​របស់​ពួកគេ​ផ្ទាល់ » ។១០ ព្រះគុណ​របស់​ទ្រង់ និង​ព្រះនេត្រ​នៃ​សេចក្តីស្រឡាញ់​របស់​ទ្រង់​ទត​មើល​យើង​ពេញ​មួយ​ជីវិត​យើង​ទាំងមូល នៅពេល​ទ្រង់​បំផុសគំនិត សម្រាល​បន្ទុក ពង្រឹង ដោះលែង ការពារ ព្យាបាល ហើយ​បើ​មិន​ដូច្នេះ​ទេ « [ ជួយ ] រាស្ត្រ​របស់​ទ្រង់ » សូម្បី​តែ​នៅពេល​ពួកគេ​ជំពប់​ជើង​ដួល​នៅ​តាម​ផ្លូវ​តូច ហើយ​ចង្អៀត​ក្តី ។១១

ការប្រែចិត្ត​គឺ​ជា​អំណោយទាន​ដែល​អាច​មាន​រហូត​របស់​ព្រះ​ដែល​ធ្វើ​ឲ្យ និង​អាច​ឲ្យ​យើង​ចេញ​ពី​ភាពបរាជ័យ​មួយ​ទៅកាន់​ភាពបរាជ័យ​មួយ​ទៀត​ដោយ​គ្មាន​ការបាត់បង់​នូវ​ភាពរីក​រាយ​ឡើយ ។ ការប្រែចិត្ត​ពុំ​មែន​ជា​ផែនការ​បម្រុង​នៅក្នុង​ព្រឹត្តិការណ៍​ដែល​យើង​អាច​បរាជ័យ​ឡើយ ។ ការប្រែចិត្ត គឺជា ផែនការ​របស់​ទ្រង់ ដោយ​ដឹង​ថា យើង​នឹង​មាន​កំហុស ។ នេះ​គឺ​ជា​ដំណឹងល្អ​នៃ​ការប្រែចិត្ត ហើយ​ដូច​ប្រធាន រ័សុល អិម ណិលសុន បាន​សង្កេត​ឃើញ​ថា វា​នឹង​ក្លាយ​ជា « កម្មវិធី​សិក្សា​ពេញ​មួយ​ជីវិត​របស់​យើង » ។១២

នៅក្នុង​កម្មវិធី​សិក្សា​ពេញ​មួយ​ជីវិត​ស្តីពី​ការប្រែចិត្ត​នេះ ពិធីសាក្រាម៉ង់​គឺ​ជា​របៀប​ដែល​បាន​រៀបចំ​ឡើង​របស់​ព្រះអម្ចាស់​ក្នុង​ការបន្ត​ប្រទាន​នូវ​មធ្យោបាយ​ឆ្ពោះ​ទៅ​រកការអភ័យទោស​របស់​ទ្រង់ ។ ប្រសិនបើ​យើង​ទទួល​ទាន​វា​ដោយ​មាន​ដួងចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប នោះ​ទ្រង់​នឹង​ប្រទាន​ដល់​យើង​នូវ​ការអត់ទោស​រៀងរាល់​សប្តាហ៍ នៅពេល​យើង​រីកចម្រើន​ពី​ភាពបរាជ័យ​មួយ​ទៅកាន់​ភាពបរាជ័យ​មួយ​ទៀត​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា ។ ដ្បិត « ទោះ​ជា​ពួក​គេ​មាន​បាប​ក៏​ដោយ គង់តែ​ចិត្ត​យើង​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​អាណិត​មេត្តា​ដល់​ពួក​គេ​ដែរ » ។១៣

ប៉ុន្តែ​តើ​ទ្រង់​នឹង​អត់​ទោស​ឲ្យ​យើង​ប៉ុន្មាន​ដង​ទៅ ? តើ​ទ្រង់​នឹង​អត់ធន់​យូរ​ប៉ុណ្ណា​ទៅ ? មាន​គ្រា​មួយ ពេត្រុស​បាន​សួរ​ព្រះអង្គសង្គ្រោះ​ថា « ព្រះអម្ចាស់​អើយ បើ​បង ឬ​ប្អូន​ធ្វើ​បាប​នឹង​ខ្ញុំ នោះ​ត្រូវ​ឲ្យ​ខ្ញុំ​អត់​ទោស​ឲ្យ​គេ​ដល់​ប៉ុន្មាន​ដង ? តើ​ដល់​ប្រាំពី​ដង​ឬ​អី ?១៤

រូបភាព
ពេត្រុស និង ព្រះយេស៊ូវ

ប្រហែល​ជា ពេត្រុស​បាន​គិត​ថា ប្រាំពីរ​ដង គឺ​ជា​ចំនួន​មួយ​ច្រើន​គួរសម ដើម្បី​គូស​បញ្ជាក់​អំពី​សេចក្ដី​ចម្កួត​នៃ​ការអភ័យ​ទោស​ច្រើន​ដង​ពេក ហើយ​ថា​ចិត្ត​មេត្តា​នោះ​គួរតែ​មាន​ដែន​កំណត់ ។ ជា​ចម្លើយ​ឆ្លើយ​តប ព្រះអង្គ​សង្គ្រោះ​បាន​ប្រាប់​ពេត្រុស​កុំ​ឲ្យ​រាប់—គឺ​កុំ​ឲ្យ​បង្កើត​ដែនកំណត់​ទៅលើ​ការអភ័យទោស​ឡើយ ។

« ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​តប​ថា ខ្ញុំ​មិន​ថា ឲ្យ​អ្នក​អត់​ទោស​ត្រឹម​តែ​ប្រាំពីរ​ដង​ទេ គឺ​ដល់​ប្រាំពីរ​ចិតសិប​ដង​ទៅ​ទៀត » ។១៥

ប្រាកដ​ណាស់ ព្រះអង្គ​សង្គ្រោះ​ពុំ​បាន​បង្កើត​ដែន​កំណត់​ត្រឹម ៤៩០ ដង​នោះ​ឡើយ ។ នោះ​គឺ​ជា​ការប្រៀបធៀប​ដើម្បី​និយាយ​ថា ការទទួលទាន​សាក្រាម៉ង់​មាន​ដែនកំណត់​ត្រឹម​តែ ៤៩០ ដង ហើយ​នៅ​លើក​ទី ៤៩១ សវនករ​សួគ៌ា​សុំ ហើយ​និយាយ​ថា « សូម​ទោស កាត​នៃ​ការប្រែចិត្ត​របស់​អ្នក​អស់​សុពលភាព​ហើយ—គឺ​ចាប់ពី​ពេលនេះ​តទៅ អ្នក​ត្រូវ​ដោះស្រាយ​វា​ដោយ​ខ្លួន​ឯង​ទៅ » នោះ​ឡើយ ។

ព្រះអម្ចាស់​បាន​ប្រើប្រាស់​គណិតវិទ្យា​អំពី​ប្រាំពីរ​ចិតសិប​ដង​ក្នុង​ន័យ​ប្រៀបធៀប​អំពី​ដង្វាយធួន​ដ៏​និរន្តរ៍​របស់​ទ្រង់ សេចក្តីស្រឡាញ់​ឥត​ព្រំដែន​របស់​ទ្រង់ និង​ព្រះគុណ​គ្មាន​ដែនកំណត់​របស់​ទ្រង់ ។ « មែនហើយ ហើយ ដរាប​ណារាស្ត្រ​យើង​ប្រែចិត្ត យើង​នឹង​អត់ទោស​ឲ្យ​គេ​ចំពោះ​ការរំលង​ច្បាប់​ទាំងឡាយ​ដែល​គេ​បាន​ប្រព្រឹត្ត​ទាស់​នឹង​យើង » ។១៦

នោះ​ពុំ​មែន​មាន​ន័យ​ថា ពិធីសាក្រាម៉ង​ក្លាយ​ជា​អាជ្ញាប័ណ្ណ​ចំពោះ​ការធ្វើ​អំពើ​បាប​ឡើយ ។ នោះ​គឺជា​ហេតុផល​មួយ ដែល​ព្រះអម្ចាស់​បញ្ចូល​ឃ្លា​នេះ​នៅក្នុង​ព្រះគម្ពីរ​មរ៉ូណៃ ៖ « ប៉ុន្តែ ដរាប​ណា​ពួកគេ​ប្រែចិត្ត ហើយ​ស្វែងរក​ការអត់​ទោស​ដោយ ស្មោះ​អស់​ពី​ចិត្ត នោះ​ពួកគេ​តែងតែ​នឹង​បាន​អត់ទោស​ឲ្យ » ។១៧

ស្មោះអស់​ពីចិត្ត​សំដៅ​លើ ការខិតខំ​ពិត​ប្រាកដ និង​ការផ្លាស់ប្តូរ​ពិតប្រាកដ ។ « ការផ្លាស់ប្តូរ » គឺជា​ពាក្យ​សំខាន់​ដែល សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ​ប្រើ​ដើម្បី​ផ្តល់​និយមន័យ​ដល់​ពាក្យ ប្រែចិត្ត ៖ « ជា​ការ​ផ្លាស់​ប្រែ​គំនិត និង​ចិត្ត ដែល​ផ្ដល់​នូវ​អាកប្បកិរិយា​ដ៏​ជ្រះថ្លា​ចំពោះ​ព្រះ ចំពោះ​ខ្លួន និង​ចំពោះ​ជីវិត​ជា​ទូទៅ » ។១៨ ការផ្លាស់ប្តូរ​ប្រភេទ​នោះ​នាំ​ឲ្យ​មាន ការរីកចម្រើនខាង​វិញ្ញាណ ។ អញ្ចឹង ភាពជោគជ័យ​គឺ​ពុំមែន​ជា ការចេញ​ពី ភាពបរាជ័យ​មួយ​ទៅកាន់​ភាពបរាជ័យ​មួយ​ទៀត​ឡើយ ប៉ុន្តែ ជា ការរីកចម្រើន ពី​ភាពបរាជ័យ​មួយ​ទៅកាន់​ភាពបរាជ័យ​មួយ​ទៀត​ដោយ​គ្មាន​ការបាត់បង់​នូវ​ភាពរីករាយ​ឡើយ ។

ទាក់ទង​នឹង ការផ្លាស់ប្តូរ សូម​ពិចារណា​អំពី​ការយល់​ដឹង​ដ៏​សាមញ្ញ​នេះ ៖ « អ្វីៗ​ដែល​ពុំ​ផ្លាស់ប្តូរ​គឺ​បន្ត​នៅ​ដដែរ ។ សេចក្តីពិត​ដ៏​ច្បាស់​នេះ​ពុំ​មែនមាន​ន័យ​ថា ជា​ការស្តីបន្ទោស​ដល់​ប្រាជ្ញា​អ្នក​ឡើយ ប៉ុន្តែ​គឺ​ជា​ប្រាជ្ញា​ដ៏​ជ្រៅជ្រះ​របស់​ប្រធាន ប៊យដ៏ ឃេ ផាកកឺ ដែល​ក្រោយ​មក​បាន​ថ្លែង​បន្ថែម​ទៀត​ថា « ហើយ​នៅពេល​យើង​ឈប់​ផ្លាស់ប្តូរ—នោះ​យើង​នឹង​ឈប់​រីកចម្រើន​ផងដែរ » ។១៩

ដោយសារ​យើង​ពុំ​ចង់ ឈប់​ផ្លាស់ប្តូរ រហូត​ដល់​យើង​ក្លាយ​​ដូចជា​ព្រះអង្គសង្គ្រោះ​របស់​យើង២០ នោះ​យើង​ត្រូវ​បន្ត​ក្រោក​ឡើង​គ្រប់​ពេល​ដែល​យើង​ដួល ជាមួយ​នឹង​បំណង​ប្រាថ្នា​ដើម្បី​បន្ត​ការរីកចម្រើន​ទោះបី​ជា​យើង​មាន​ភាព​ទន់ខ្សោយ​ក្តី ។ នៅក្នុង​ភាព​ទន់ខ្សោយ​របស់​យើង ទ្រង់​បញ្ជាក់​យើង​ថា « គុណ​របស់យើង​ល្មម​ដល់​អ្នក​ហើយ ដ្បិត​កម្លាំង​យើង​បាន​ពេញ​ខ្នាត​ដោយ​សេចក្តី​កំសោយ » ។​២១

មាន​តែ​តាមរយៈ​ការសង្កេត​មើល​យូរ​អង្វែង ឬ​មើល​តារាង​នៃ​ការរីក​ចម្រើន​ប៉ុណ្ណោះ ដែល​យើង​អាច​ដឹង​ពី​ការរីក​ចម្រើន​ខាង​រូបកាយ​របស់​យើង ។ ដូចគ្នា​នេះ​ផងដែរ ជាទូទៅ​ការរីក​ចម្រើន​ខាង​វិញ្ញាណ​របស់​យើង​គឺ​មើល​ពុំ​ឃើញ​ឡើយ លើកលែង​តែ​យើង​គិត​អំពី​អ្វី​ដែល​កើត​ឡើង​ពី​អតីតកាល​ប៉ុណ្ណោះ ។ វា​ជា​រឿង​ឆ្លាតវៃ​ដើម្បី​គិត​សម្រាប់​ខ្លួន​យើង​អំពី​អតីតកាល​តាម​របៀប​នោះ​ជា​ទៀងទាត់ ដើម្បី​ទទួល​ស្គាល់​ការរីក​ចម្រើន​របស់​យើង និង​បំផុសគំនិត​យើង​ឲ្យ « ឈាន​ទៅ​មុខ​ដោយ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ព្រះ​គ្រីស្ទ ដោយ​មាន​ការ​ភ្លឺ​ថ្លា​នៃ​សេចក្ដី​សង្ឃឹម​ដ៏​ឥត​ខ្ចោះ » ។២២

ខ្ញុំ​មាន​អំណរគុណ​ដ៏​អស់កល្ប​ជានិច្ច​ចំពោះ​សេចក្តីសប្បុរស​ដែល​ពោរពេញ​ដោយ​ក្តីស្រឡាញ់ អត់ធ្មត់ និង​អត់ធន់​របស់​ព្រះមាតាបិតា​សួគ៌ ព្រមទាំង​ព្រះអង្គសង្គ្រោះ ដែល​អនុញ្ញាត​ឲ្យ​យើង​មាន​ឱកាស​ទីពីរ​រាប់​មិន​អស់ នៅលើ​ដំណើរ​របស់​យើង​ត្រឡប់​ទៅកាន់​វត្តមាន​របស់​ពួកទ្រង់​វិញ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។