ឆ្នាំ ២០១០-២០១៩
ចូរ​អ្នក​ជ្រើសរើស​ថ្ងៃ​នេះ​ចុះ
ខែ តុលា ឆ្នាំ ២០១៨


ចូរ​អ្នក​ជ្រើសរើស​ថ្ងៃ​នេះ​ចុះ

សុភមង្គល​អស់​កល្ប​ជានិច្ច​ដ៏​ធំធេង​របស់​យើង​អាស្រ័យ​ទៅ​លើ​ការរើស​យក​ព្រះ​ដែល​មាន​ព្រះជន្មរស់ ហើយ​ចូលរួម​នឹង​ទ្រង់​ក្នុង​កិច្ចការ​របស់​ទ្រង់ ។

តួអង្គ​ដែល​បាន​ប្រឌិត​ឡើង​ឈ្មោះ ម៉ារី ផបភីន គឺជា​មេដោះ​ដ៏​សាមញ្ញ​ម្នាក់​ជន​ជាតិ​អង់គ្លេស—ដែល​ចេះ​មន្ត​អាគម ។ គាត់​បាន​ហោះ​ទៅ​ដល់ អ៊ីដវ៉ឌៀន ទីក្រុង ឡុងដ៍ មួយ​រំភេច ដើម្បី​ជួយ​គ្រួសារ​ប៊ែងស៍ ដែល​នៅ​ផ្ទះ​លេខ ១៧ ផ្លូវ ឆើរី ទ្រី ដែល​រង​គ្រោះថ្នាក់ ។ គាត់​ត្រូវ​បាន​ប្រគល់​ឲ្យ​មើល​ថែ​ក្មេងៗ​គឺ ជេន និង ម៉ៃឃើល ។ នៅក្នុង​អត្តចរិត​ដ៏​ម៉ឹងម៉ាត់ ប៉ុន្តែ​មាន​សន្តាន​ចិត្ត​ល្អ នោះ​គាត់​ចាប់ផ្តើម​បង្រៀន​ពួកគេ​នូវ​មេរៀន​ដ៏​មាន​តម្លៃ​ដែល​ដក់ជាប់​ក្នុង​ចិត្ត ។

ជេន និង ម៉ៃឃើល មាន​ការរីកចម្រើន​យ៉ាង​ខ្លាំង ប៉ុន្តែ​ម៉ារី​សម្រេច​ចិត្ត​ថា វា​ដល់ពេល​ដែល​គាត់​ត្រូវ​ចាកចេញ​ហើយ ។ នៅក្នុង​ដំណាក់​កាល​នោះ ប៊ើត​ជា​មិត្ត​របស់​ម៉ារី​ដែល​ជា​អ្នក​បោស​សម្អាត​បំពង់​ផ្សែង​ព្យាយាម​បញ្ចុះបញ្ជូល​គាត់​មិន​ឲ្យ​ចាកចេញ ។ ប៊ើត​បាន​ប្រកែក​ថា « តែ​ពួកគេ​ជា​ក្មេង​ល្អ​ណាស់​ម៉ារី » ។

ម៉ារី​តប​ថា « តើ​ខ្ញុំ​នឹង​បង្រៀន​ពួកគេ​ឬ ប្រសិនបើ​ពួកគេ​មិនមែន​ជា​ក្មេង​ល្អ​នោះ ? ប៉ុន្តែ​ខ្ញុំ​ពុំ​អាច​ជួយ​ពួកគេ​បាន​ឡើយ ប្រសិនបើ​ពួកគេ​ពុំ​អនុញ្ញាត​ឲ្យ​ខ្ញុំ​ជួយ​នោះ ហើយ​គ្មាន​មនុស្ស​ណា​ពិបាក​បង្រៀន​ជាង​ក្មេង​ដែល​គិត​ថា ពួកគេ​ដឹង​អ្វីៗ​គ្រប់​យ៉ាង​នោះ​ទេ » ។

ប៊ើត​សួរ​ថា « អញ្ចឹង ធ្វើ​ដូចម្តេច​ទៅ ? »

ម៉ារី​ឆ្លើយ​ថា « ដូច្នេះ​ពួកគេ​ត្រូវ​រៀន​ថែម​ទៀត​ដោយ​ខ្លួន​ពួកគេ​ផ្ទាល់ » ។

បងប្អូន​ប្រុស​ស្រី ដូចជា ជេន និង ម៉ៃឃើល ប៊ែងស៍ ដែល យើង​គឺ​ជា « ក្មេង​ល្អ » ដែល​ស័ក្តិសម​នឹង​ត្រូវបាន​បង្រៀន ។ ព្រះវរបិតាសួគ៌​របស់​យើង​សព្វ​ព្រះទ័យ​ជួយ និង​ប្រទាន​ពរ​ដល់​យើង ប៉ុន្តែ​យើង​តែងតែ​ពុំ​អនុញ្ញាត​ឲ្យ​ទ្រង់​ជួយ​យើង​ឡើយ ។ ជួនកាល យើង​ថែម​ទាំង​ធ្វើ​ដូចជា​យើង​ដឹង​នូវ​រឿង​គ្រប់​យ៉ាង​រួច​ទៅ​ហើយ​ទៀត​ផង ។ ហើយ​យើង​ត្រូវ « រៀន » ដោយ​ខ្លួន​យើង​ផ្ទាល់ ។ នោះ​ជា​មូលហេតុ​ដែល​យើង​ចេញ​ពី​ជីវិត​មុន​ជីវិត​នេះ​គឺ​មក​ពី​ផ្ទះ​សួគ៌ា ហើយ​មក​កាន់​ផែនដី ។ « ការរៀន​សូត្រ » របស់​យើង​ទាក់ទង​នឹង​ការធ្វើ​ការសម្រេច​ចិត្ត​នានា ។

គោលបំណង​របស់​ព្រះវរបិតាសួគ៌​យើង​ក្នុងការ​ធ្វើ​ជា​ឪពុកម្តាយ គឺ​ពុំ​គ្រាន់តែ​ឲ្យ​បុត្រាបុត្រី​របស់​ទ្រង់ ធ្វើ អ្វី​ដែល​ត្រូវ​ប៉ុណ្ណោះ​ទេ គោលបំណង​របស់​ទ្រង់​គឺ​ឲ្យ​បុត្រាបុត្រី​របស់​ទ្រង់ ជ្រើសរើស ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ ហើយ​នៅ​ទីបំផុត​ក្លាយ​ដូចជា​ទ្រង់ ។ ប្រសិនបើ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើង​គោរព​ប្រតិបត្តិ នោះ​ទ្រង់​នឹង​ប្រើ​ការប្រទាន​រង្វាន់ និង​ការដាក់​ទណ្ឌកម្ម​ភ្លាមៗ ដើម្បី​មាន​ឥទ្ធិពល​លើ​ឥរិយាបថ​របស់​យើង ។

ប៉ុន្តែ​ព្រះ​ពុំ​ចាប់​អារម្មណ៍​លើ​បុត្រាបុត្រី​ទ្រង់​ដោយ​គ្រាន់តែ​ឲ្យ​ពួកគេ​ក្លាយ​ជា « សត្វ​ចិញ្ចឹម » ដែល​ត្រូវ​បាន​បង្វឹក ហើយ​គោរព​តាម ដែល​នឹង​មិន​ទំពា​ស្បែក​ជើង​របស់​ទ្រង់​នៅក្នុង​បន្ទប់​ទទួល​ភ្ញៀវ​នៅ​នគរ​សេឡេស្ទាល​នោះ​ទេ ។ ទេ ព្រះ​សព្វ​ព្រះទ័យ​ឲ្យ​បុត្រាបុត្រី​ទ្រង់​រីកចម្រើន​ខាង​វិញ្ញាណ និង​ចូលរួម​នឹង​ទ្រង់​ក្នុង​កិច្ចការ​គ្រួសារ ។

ព្រះ​បាន​បង្កើត​ផែនការ​មួយ ដែល​យើង​អាច​ក្លាយ​ជា​អ្នក​គ្រង​មរតក​នៅក្នុង​នគរ​ទ្រង់ ជា​ផ្លូវ​នៃ​សេចក្តីសញ្ញា​មួយ​ដែល​នាំ​យើង​ក្លាយ​ដូចជា​ទ្រង់ មាន​ជីវិត​ដូច​ដែល​ទ្រង់​មាន ហើយ​រស់នៅ​ជា​រៀងរហូត​ជា​ក្រុមគ្រួសារ​នៅក្នុង​វត្តមាន​របស់​ទ្រង់ ។ ជម្រើស​ផ្ទាល់​ខ្លួន​ធ្លាប់​មាន—ហើយ​មាន—សារៈសំខាន់​ចំពោះ​ផែនការ​នេះ ដែល​យើង​បាន​រៀន​នៅក្នុង​ជីវិត​មុន​ឆាក​ជីវិត​នេះ ។ យើង​បាន​ទទួល​យក​ផែនការ​នេះ ហើយ​ជ្រើសរើស​មក​កាន់​ផែនដី ។

ដើម្បី​ប្រាកដ​ថា យើង​នឹង​អនុវត្ត​សេចក្តីជំនឿ ហើយ​រៀន​ប្រើ​សិទ្ធិ​ជ្រើសរើស​របស់​យើង​ត្រឹមត្រូវ នោះ​វាំងនង​នៃ​ការភ្លេច​បាន​បាំង​លើ​គំនិត​យើង ដូច្នេះ​យើង​ពុំ​បាន​ចាំ​អំពី​ផែនការ​ព្រះ​ឡើយ ។ ប្រសិនបើ​គ្មាន​វាំង​នន​នោះ​ទេ គោលបំណង​របស់​ព្រះ​ពុំ​អាច​សម្រេច​បាន​ឡើយ ដោយសារ​យើង​ពុំ​រីកចម្រើន ហើយ​ក្លាយ​ជា​អ្នក​ទទួល​មរតក​ដ៏​គួរ​ឲ្យ​ទុកចិត្ត ដូច​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើង​ប្រែក្លាយ ។

ព្យាការី​លីហៃ​បាន​ថ្លែង​ថា ៖ « ហេតុដូច្នោះ​ហើយ ព្រះអម្ចាស់​ដ៏​ជា​ព្រះ​ទ្រង់​ប្រទាន​ដល់​មនុស្ស​ថា គេ​ត្រូវ​ប្រព្រឹត្ត​អ្វីៗ​ដោយ​ខ្លួន​ឯង ។ ហេតុដូច្នោះ​ហើយ មនុស្ស​ពុំ​អាច​ប្រព្រឹត្ត​អ្វីៗ​ដោយ​ខ្លួន​ឯង​បាន​ទេ លើកលែង​តែ​មាន​អ្វី​មក​ល្បួង​ខាង​នេះ​មួយ ឬ​ខាង​នោះ​មួយ » ។ នៅ​កម្រិត​មូលដ្ឋាន ជម្រើស​មួយ​គឺ​តំណាង​ដោយ​ព្រះយេស៊ូវគ្រីស្ទ​ដែល​ជា​កូន​ច្បង​របស់​ព្រះវរបិតា ។ ជម្រើស​ផ្សេង​ទៀត​គឺ​តំណាង​ដោយ​សាតាំង​ជា​លូស៊ីហ្វើរ ដែល​ចង់​បំផ្លាញ​សិទ្ធិ​ជ្រើសរើស និង​ដណ្តើម​អំណាច ។

នៅក្នុង​ព្រះយេស៊ូវគ្រីស្ទ « នោះ​យើង​មាន​ព្រះ​ដ៏​ជា​ជំនួយ​មួយ​អង្គ​ហើយ​ដែល​ទ្រង់​គង់​នៅ​ចំពោះ​ព្រះវរបិតា » ។ បន្ទាប់​ពី​បំពេញ​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់​រួច ព្រះយេស៊ូវ « បាន​យាង​ឡើង​ទៅ​ឯ​ស្ថានសួគ៌…​ដើម្បី​សូម​ដល់​ព្រះ​វរបិតា​នូវ​សិទ្ធិ​នៃ​សេចក្ដី​មេត្តាករុណា​របស់​ទ្រង់​ចំពោះ​កូន​ចៅ​មនុស្ស​លោក ។ ហើយ​ដោយ​បាន​សូម​នូវ​សិទ្ធិ​នៃ​សេចក្តីមេត្តា​ករុណា​នោះ « ទ្រង់​ជួយ​តវ៉ា ដើម្បី​ឧត្ដម​គតិ​របស់​កូន​ចៅ​មនុស្ស » ។

ការជួយ​តវ៉ា​របស់​ព្រះគ្រីស្ទ​ជាមួយ​ព្រះវរបិតា​ជំនួស​យើង​គឺ​ពុំ​មែន​ជា​ការប្រឆាំង​ជំទាស់​ឡើយ ។ ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​អនុញ្ញាត​ឲ្យ​ព្រះទ័យ​ទ្រង់ ត្រូវ​លេប​ដណ្តប់​នៅក្នុង​ព្រះ​ហឫទ័យ​នៃ​ព្រះ​វរបិតា  ពុំ​បាន​គាំទ្រ​អ្វី​ផ្សេង​ក្រៅពី​អ្វី​ដែល​ព្រះវរបិតា​សព្វព្រះទ័យ​ឲ្យ​មនុស្ស​ទាំងអស់​ធ្វើ​តាំង​ពី​ដំបូង​ឡើយ ។ ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ និង​អបអរសាទរ​ដល់​ភាពជោគជ័យ​របស់​យើង​ដោយ​ពុំ​សង្ស័យ​អ្វី​ឡើយ ។

យ៉ាង​ហោច​ណាស់ ការជួយ​តវ៉ា​របស់​ព្រះគ្រីស្ទ​គឺ​ដើម្បី​រំឭក​យើង​ថា ទ្រង់​បាន​បង់​ថ្លៃ​សម្រាប់​អំពើ​បាប​យើង ហើយ​ថា គ្មាន​នរណា​ម្នាក់​ត្រូវបាន​ដកចេញ​ពី​ឥទ្ធិពល​នៃ​សេចក្តីមេត្តា​ករុណា​របស់​ព្រះ​ឡើយ ។១០ សម្រាប់​អស់​អ្នក​ដែល​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ប្រែចិត្ត ទទួល​បុណ្យ​ជ្រមុជទឹក ហើយ​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត—ជា​ដំណើរការ​មួយ​នាំ​ទៅរក​ការស្រុះស្រួល​នឹង​ព្រះ ១១—នោះ​ព្រះអង្គសង្គ្រោះ​អភ័យទោស​ឲ្យ ព្យាបាល និង​ជួយ​តវ៉ា ។ ទ្រង់​គឺជា​អ្នក​ជួយ​យើង ជា​អ្នក​លួងលោម និង​ជា​អ្នក​អង្វរករ​ជំនួស​យើង—ធ្វើ​ជា​សាក្សី ហើយ​ធានា​ឲ្យ​មាន​ការសម្រុះសម្រួល​របស់​យើង​ជាមួយ​ព្រះ ។១២

ផ្ទុយទៅវិញ លូស៊ីហ្វើរ​គឺជា​អ្នក​ចោទ​ប្រកាន់ ឬ​រដ្ឋ​អាជ្ញា ។ យ៉ូហាន​ជា​អ្នក​ទទួល​វិវរណៈ​បាន​ពិពណ៌នា​អំពី​បរាជ័យ​នៅ​ទីបំផុត​របស់​លូស៊ីហ្វើរ​ដូច្នេះ​ថា ៖ « នោះ​ខ្ញុំ​ឮ​សំឡេង​មួយ​យ៉ាង​ខ្លាំង​នៅ​លើ​មេឃ​ថា ឥឡូវ​នេះ សេចក្តី​សង្គ្រោះ ព្រះចេស្តា និង​រាជ្យ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា ហើយ​អំណាច​របស់​ព្រះគ្រីស្ទ​នៃ​ទ្រង់ បាន​មក​ដល់​ហើយ » ។ ហេតុអ្វី​ទៅ ? ដោយសារ « អា​នោះ​ដែល​ចោទ​ប្រកាន់​ពី​ពួក​បង​ប្អូន​យើង​រាល់​គ្នា​ដែល​ចេះ​តែ​ចោទ​ពី​គេ នៅ​ចំពោះ​ព្រះ​ទាំង​យប់​ទាំង​ថ្ងៃ វា​ត្រូវ​បោះ​ទម្លាក់​ទៅ​ហើយ ។ គេ​បាន​ឈ្នះ​វា ដោយសារ​ឈាម​នៃ​កូន​ចៀម ហើយ​ដោយសារ​សេចក្តី​បន្ទាល់​របស់​គេ » ។១៣

លូស៊ីហ្វើរ​គឺជា​អ្នក​ចោទ​ប្រកាន់​នេះ ។ វា​បាន​និយាយ​ទាស់​នឹង​យើង​នៅក្នុង​ជីវិត​មុន​ឆាក​ជីវិត​នេះ ហើយ​វា​បន្ត​ប្រកាស​បដិសេធ​យើង​នៅក្នុង​ជីវិត​នេះ ។ វា​ព្យាយាម​ទាញ​យើង​ទម្លាក់​ចុះ ។ វា​ចង់​ឲ្យ​យើង​ទទួល​បទពិសោធន៍​នៃ​ការឈឺចាប់​ដ៏​គ្មាន​ទីបញ្ចប់ ។ វា​ជា​បុគ្គល​ម្នាក់​ដែល​ប្រាប់​យើង​ថា យើង​អសមត្ថភាព វា​ជា​បុគ្គល​ម្នាក់​ដែល​ប្រាប់​យើង​ថា យើង​ពុំ​ល្អ​គ្រប់គ្រាន់​ទេ វា​ជាបុគ្គល​ម្នាក់​ដែល​ប្រាប់​យើង​ថា យើង​ពុំ​អាច​ជួសជុល​កំហុស​យើង​បាន​ទេ ។ វា​គឺ​ជា​បុគ្គល​ម្នាក់​ដែល​សម្លុត​ធ្វើ​បាប​យើង វា​ជា​ម្នាក់​ដែល​ទាត់​យើង ពេល​យើង​ដួល​ចុះ ។

ប្រសិនបើ​លូស៊ីហ្វើរ​បង្រៀន​ក្មេង​ឲ្យ​ដើរ ហើយ​ក្មេង​ជំពប់​ជើង​ដួល នោះ​វា​នឹង​ស្រែក​ដាក់​ក្មេង​នោះ ដាក់​ទោស​ក្មេង ហើយ​ប្រាប់​ក្មេង​នោះ​ឲ្យ​ឈប់​ព្យាយាម​ដើរ​ទៀត ។ របៀប​របស់​លូស៊ីហ្វើរ​នាំ​ឲ្យ​មាន​ការបាក់​ទឹកចិត្ត និង​ភាពអស់​សង្ឃឹម—នៅ​ទីបំផុត និង​ជានិច្ច​ត​ទៅ ។ បិតា​នៃ​សេចក្តីកុហក​នេះ​គឺ​ជា​អ្នក​ផ្តល់​នូវ​ការកុហក​ដ៏​ធំ​បំផុត ១៤ ហើយ​ធ្វើការ​ដោយ​ល្បិច​កិច្ចកល​ដើម្បី​បោក​បញ្ឆោត និង​បង្វែរ​យើង « ដ្បិត​វា​ព្យាយាម​ធ្វើ​ឲ្យ​មនុស្ស​លោក​ទាំង​អស់​មាន​ទុក្ខវេទនា​ដូច​វា​ដែរ » ។១៥

ប្រសិនបើ​ព្រះគ្រីស្ទ​បង្រៀន​ក្មេង​ឲ្យ​ដើរ ហើយ​ក្មេង​ជំពប់​ជើង​ដួល នោះ​ទ្រង់​នឹងជួយលើក​ក្មេង​នោះ​ឡើង ហើយ​លើក​ទឹកចិត្ត​វា​ឲ្យ​បន្ត​ដើរ​ជំហាន​បន្ទាប់​ទៀត ។១៦ ព្រះយេស៊ូវគ្រីស្ទ​គឺជា​អ្នក​ជួយ​យើង និង​ជា​អ្ន​ក​លួងលោម​យើង ។ របៀប​របស់​ទ្រង់​នាំ​មកនូវ​អំណរ និង​សេចក្តីសង្ឃឹម—នៅ​ទី​បំផុត និង​ជានិច្ច​ត​ទៅ ។

ផែនការ​របស់​ព្រះ​រួម​មាន​នូវ​ការណែនាំ​សម្រាប់​យើង នៅក្នុង​ព្រះគម្ពីរ​យើង​ហៅ​ការណែនាំ​នោះ​ថា​ជា​បទបញ្ញត្តិ ។ បទបញ្ញត្តិ​ទាំង​នេះ​ពុំមែន​ជា​អ្វី​ដែល​ហួស​សម័យ ហើយ​ក៏​ពុំ​មែន​ជា​ការប្រមូលផ្តុំ​តាម​ទំនើង​ចិត្ត​នៃ​ការរំលោភ​លើ​ច្បាប់​ក្នុង​គោលបំណង ដើម្បី​គ្រាន់តែ​បំពាក់បំប៉ន​យើង​ឲ្យ​គោរព​ប្រតិបត្តិ​នោះ​ទេ ។ បទបញ្ញត្តិ​ទាំង​នេះ​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការអភិវឌ្ឍ​បុគ្គលិក​លក្ខណៈ​របស់​យើង​ស្តីពី​ភាពជា​ព្រះ ការត្រឡប់​ទៅ​កាន់​ព្រះវរបិតាសួគ៌​យើង​វិញ និង​ការទទួល​អំណរ​ដ៏​យូរ​អង្វែង ។ ការគោរព​ប្រតិបត្តិ​តាម​បញ្ញត្តិ​ទ្រង់​ពុំ​មែន​ជា​ទង្វើ​ល្ងិតល្ងង់​ទេ យើង​ជ្រើសរើស​ព្រះ និង​ផ្លូវ​របស់​ទ្រង់​ដោយ​ចេតនា​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ លំនាំ​សម្រាប់​ពួកយើង​គឺ​ដូចគ្នា​ទៅ​នឹង​លំនាំ​សម្រាប់​អ័ដាម និង​អេវ៉ា ដែល « ព្រះ​ទ្រង់​ប្រទាន​បញ្ញត្តិ​ទាំងឡាយ​ដល់​គេ បន្ទាប់ពី​បាន​ប្រាប់​ឲ្យ​គេ​ដឹង​នូវ​ផែនការ​នៃ​សេចក្ដី​ប្រោសលោះ » ។១៧ ទោះបី​ជា​ព្រះ​សព្វ​ព្រះទ័យ​ឲ្យ​យើង​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា​ក្តី ទ្រង់​ប្រទាន​ដល់​យើង​នូវ​សេចក្តីថ្លៃថ្នូរ​នៃ​ការជ្រើសរើស ។

ប្រាកដ​ណាស់ ព្រះ​សព្វ​ព្រះទ័យ រំពឹងទុក និង​ត្រាស់​បង្គាប់​ថា បុត្រាបុត្រី​ម្នាក់ៗ​របស់​ទ្រង់​ជ្រើសរើស​សម្រាប់​ខ្លួន​ពួកគេ​ផ្ទាល់ ។ ទ្រង់​នឹង​មិន​បង្ខំ​យើង​ឡើយ ។ តាមរយៈ​អំណោយទាន​នៃ​សិទ្ធិ​ជ្រើសរើស ព្រះ​អនុញ្ញាត​ឲ្យ​បុត្រាបុត្រី​ទ្រង់ « ធ្វើ​សកម្មភាព​ដោយ​ខ្លួន​ឯង ហើយ​ពុំ​មែន​ទទួល​សកម្មភាព​ទេ » ។១៨ សិទ្ធិ​ជ្រើសរើស​អនុញ្ញាត​ឲ្យ​យើង​ជ្រើសរើស​ដើរ ឬ​មិន​ដើរ​នៅលើ​ផ្លូវ​នេះ ។ សិទ្ធិ​ជ្រើសរើស​អនុញ្ញាត​ឲ្យ​យើង​ដើរ​ចេញ ឬ​ដើរ​លើ​ផ្លូវ​នេះ ។ ដូច​គ្នា​នេះ​ដែរ យើង​មិន​ត្រូវ​បាន​បង្ខំ​ឲ្យ​គោរព​តាម ហើយ​យើង​ក៏​មិន​ត្រូវបាន​បង្ខំ​មិន​ឲ្យ​គោរព​តាម​ដែរ ។ គ្មាន​នរណា​ម្នាក់​អាច​យក​យើង​ចេញ​ពី​ផ្លូវ​នេះ​ឡើយ ប្រសិនបើ​យើង​មិន​ចូល​ដៃ​ចូល​ជើង​ដើម្បី​ចេញ​ពី​ផ្លូវ​នេះ ។ ( ឥឡូវ​នេះ សូម​កុំ​ច្រឡំ​ជាមួយ​អស់​អ្នក​ដែល​ត្រូវបាន​គេ​រំលោភបំពាន​លើ​សិទ្ធិ​ជ្រើសរើស​ឲ្យ​សោះ ។ ពួកគេ​ពុំ​ចេញ​ពី​ផ្លូវ​ឡើយ ពួកគេ​គឺ​ជា​ជន​រងគ្រោះ ។ ពួកគេ​ទទួល​ការយល់​ដឹង សេចក្ដី​ស្រឡាញ់ និង​ក្តីអាណិតអាសូរ​របស់​ព្រះ ) ។

ប៉ុន្តែ ពេល​យើង​ចេញ​ពី​ផ្លូវ​នេះ ព្រះ​មាន​ព្រះទ័យ​ព្រួយ ដោយសារ​ទ្រង់​ជ្រាប​ថា នៅ​ទីបំផុត​វា​នឹង​នាំ​ទៅរក​ភាព​អពមង្គល និង​ការបាត់បង់​ពរជ័យ​ដោយ​ចៀស​មិន​រួច ។ នៅក្នុង​ព្រះគម្ពីរ ការចេញ​ពី​ផ្លូវ​នេះ​គឺ​សំដៅ​ទៅ​លើ​អំពើ​បាប ហើយ​លទ្ធផល​នៃ​ការ​ពុំ​សូវ​មាន​សុភមង្គល និង​បាត់បង់​ពរជ័យ​គឺ​ត្រូវបាន​ហៅ​ថា​ការដាក់​ទណ្ឌកម្ម ។ ក្នុង​ន័យ​នេះ ព្រះ​ពុំ​ដាក់​ទណ្ឌកម្ម​យើង​ទេ ទណ្ឌកម្ម​គឺ​ជា​លទ្ធផល​នៃ​ជម្រើស​ផ្ទាល់​របស់​យើង ពុំមែន​ជម្រើស​របស់​ទ្រង់​ទេ ។

នៅពេល​យើង​ដឹង​ថា យើង​ធ្លាក់​ចេញ​ពី​ផ្លូវ នោះ​យើង​អាច​បន្ត​នៅក្រៅ​ផ្លូវ ឬ​ដោយសារ​តែ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​រើស​ដើរ​ត្រឡប់​ក្រោយ ហើយ​ត្រឡប់​មក​លើ​ផ្លូវ​វិញ ។ នៅក្នុង​ព្រះគម្ពីរ ដំណើរការ​នៃ​ការសម្រេច​ចិត្ត​ដើម្បី​ផ្លាស់ប្តូរ និង​ត្រឡប់​ទៅលើ​ផ្លូវ​វិញ​គឺ​ត្រូវបាន​ហៅ​ថា​ការប្រែចិត្ត ។ ការមិន​ប្រែចិត្ត​មាន​ន័យ​ថា យើង​ជ្រើស​ដក​គុណសម្បត្តិ​ចេញ​ពី​ខ្លួន​យើង​ក្នុង​ការ​ទទួល​ពរជ័យ​ដែល​ព្រះ​សព្វ​ព្រះទ័យ​ប្រទាន​ដល់​យើង ។ ប្រសិនបើ​យើង « មិន​ព្រម​ត្រេកអរ​ចំពោះ​អ្វី ដែល [ យើង ] អាច​ទទួល​បាន » នោះ​យើង​នឹង « វិល​ទៅ…កន្លែង [ របស់​យើង ] វិញ ដើម្បី​ត្រេក​អរ​ចំពោះ​អ្វី​ដែល [ យើង ] ព្រម​ទទួល » ១៩—ជា​ជម្រើស​របស់​យើង ពុំមែន​ជម្រើស​របស់​ព្រះ​ឡើយ ។

មិន​ថា​យើង​ធ្លាក់​ចេញ​ពី​ផ្លូវ​នេះ​យូរ​ប៉ុណ្ណា ឬ​រសាត់​ព្រាត់​ឆ្ងាយ​ប៉ុណ្ណា​ទេ នៅ​គ្រា​ណា​ដែល​យើង​សម្រេច​ចិត្ត​ដើម្បី​ផ្លាស់ប្តូរ នោះ​ព្រះ​ជួយ​យើង​ឲ្យ​ត្រឡប់​មក​វិញ ។២០ តាម​ទស្សនៈ​របស់​ព្រះ តាមរយៈ​ការប្រែចិត្ត​ដោយ​ស្មោះសរ ហើយ​ខិតខំ​ជឿន​ទៅ​មុខ​ដោយ​ខ្ជាប់ខ្ជួន​នៅក្នុង​ព្រះគ្រីស្ទ នៅពេល​យើង​បាន​ត្រឡប់​មក​លើ​ផ្លូវ​នេះ​វិញ នោះយើង​ហាក់​ដូចជា​មិន​ដែល​ធ្លាក់​ចេញ​ពី​ផ្លូវ​នេះ​ឡើយ ។២១ ព្រះអង្គ​សង្គ្រោះ​បង់​ថ្លៃ​សម្រាប់​អំពើបាប​យើង ហើយ​រំដោះ​យើង​ចេញ​ពី​ការពុំ​សូវ​មាន​សុភមង្គល និង​ពរជ័យ ។ នៅក្នុង​ព្រះគម្ពីរ​ការណ៍​នេះ​ត្រូវបាន​ហៅ​ថា​ការអភ័យទោស ។ បន្ទាប់​ពី​បុណ្យ​ជ្រមុជ​ទឹក​រួច សមាជិក​ទាំងអស់​បាន​រអិល​ចេញ​ពី​ផ្លូវ—មាន​ពួកយើង​ខ្លះ​ថែម​ទាំង​លោត​ចេញ​ពី​ផ្លូវ​នេះ​ទៀត​ផង ។ ហេតុដូច្នោះ​ហើយ ការអនុវត្ត​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្ត ការទទួល​ជំនួយ​ពី​ទ្រង់ និង​ការត្រូវ​បាន​អភ័យទោស​ពុំ​មែន​ជា​ព្រឹត្តិការណ៍​តែ​ម្តង​នោះ​ទេ ប៉ុន្តែ​ជា​ដំណើរការ​យូរ​អង្វែង ជា​ដំណើរការ​ដែល​កើត​ឡើង​ច្រំដែល និង​ដដែលៗ ។ នេះ​ជា​របៀប​ដែល​យើង « កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត » ។២២

យើង​ត្រូវ​រើស​ព្រះ​ដែល​យើង​នឹង​បម្រើ ។២៣ សុភមង្គល​អស់​កល្ប​ជានិច្ច​ដ៏​ធំធេង​របស់​យើង​អាស្រ័យ​ទៅ​លើ​ការរើស​យក​ព្រះ​ដែល​មាន​ព្រះជន្មរស់ ហើយ​ចូលរួម​នឹង​ទ្រង់​ក្នុង​កិច្ចការ​របស់​ទ្រង់ ។ នៅពេល​យើង​ព្យាយាម « រៀន » ដោយ​ខ្លួន​យើង​ផ្ទាល់ នោះ​យើង​អនុវត្ត​ការប្រើ​សិទ្ធិ​ជ្រើសរើស​របស់​យើង​ដោយ​ត្រឹមត្រូវ ។ ដូច​អតីត​ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ​ពីរ​រូប​បាន​ថ្លែង​ថា យើង​ពុំ​គួរ​ធ្វើ​ជា « ក្មេង​ដែល​ត្រូវការ​ការលួងលោម និង​ការកែតម្រូវ​គ្រប់ពេល​នោះ​ទេ » ។២៤ អត់ទេ ព្រះ​សព្វ​ព្រះទ័យ​យើង​ឲ្យ​ក្លាយ​ជា​មនុស្ស​ពេញវ័យ​ដែល​មាន​ភាព​ចាស់ទុំ និង​គ្រប់គ្រង​ខ្លួន​យើង​បាន ។

ការជ្រើសរើស​ដើម្បី​ធ្វើ​តាម​ផែនការ​ព្រះវរបិតា​គឺ​ជា​ផ្លូវ​តែ​មួយ​គត់ ដែល​យើង​អាច​ក្លាយ​ជា​អ្នក​ទទួល​មរតក​នៅក្នុង​នគរ​ទ្រង់ មាន​តែ​ផ្លូវ​នេះ​ទេ ដែល​អាច​ឲ្យ​ទ្រង់​ទុក​ព្រះទ័យ​លើ​យើង ដើម្បី​មិន​ឲ្យ​យើង​សូម​នូវ​អ្វី​ដែល​ផ្ទុយ​នឹង​ព្រះទ័យ​របស់​ទ្រង់ ។២៥ ប៉ុន្តែ​យើង​ត្រូវ​ចាំ​ថា « គ្មាន​មនុស្ស​ណា​ពិបាក​បង្រៀន​ជាង​ក្មេង​ដែល​គិត​ថា ពួកគេ​ដឹង​អ្វីៗ​គ្រប់​យ៉ាង​នោះ​ទេ » ។ ដូច្នេះ​យើង​ត្រូវមាន​ឆន្ទៈ​ទទួល​ការបង្រៀន​នៅក្នុង​របៀប​របស់​ព្រះអម្ចាស់ តាមរយៈ​ព្រះអម្ចាស់ និង​អ្នក​បម្រើ​របស់​ទ្រង់ ។ យើង​អាច​ទុកចិត្ត​ថា យើង​ជា​បុត្រាបុត្រី​សំណព្វ​របស់​ព្រះមាតាបិតា​សួគ៌​យើង ២៦ ហើយ​មាន​តម្លៃ​ដើម្បី​ឲ្យ​គេ « បង្រៀន » ហើយ​ត្រូវ​ប្រាកដ​ថា « ដោយ​ខ្លួន​យើង​ផ្ទាល់ » ពុំមែន​មាន​ន័យ​ថា « ឯកោ » នោះ​ទេ ។

ដូច​ព្យាការី​យ៉ាកុប​ក្នុង​ព្រះគម្ពីរ​មរមន​បាន​ថ្លែង នោះ​ខ្ញុំ​សូម​ថ្លែង​ជាមួយ​លោក​ថា ៖

« ហេតុ​ដូច្នេះ​ហើយ ចូរ​រីករាយ​ក្នុង​ចិត្ត​ឡើង ហើយ​ចូរ​ចងចាំ​ថា អ្នក​រាល់​គ្នា​បាន​សេរីភាព ដើម្បី​ធ្វើ​អ្វីៗ​សម្រាប់​ខ្លួន​ឯង—គឺ​ដើម្បី​រើស​យក​ផ្លូវ​ទៅ​ឯ​សេចក្ដី​ស្លាប់​ដ៏​អស់​កល្ប​ជានិច្ច ឬ​ក៏​ផ្លូវ​ទៅ​ឯ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​វិញ ។

ហេតុ​ដូច្នោះ​ហើយ ឱ​បងប្អូន​ប្រុស [ ស្រី ] ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ចូរ​សម្រុះសម្រួល​ខ្លួន​ទៅ​តាម​បំណង​នៃ​ព្រះ ហើយ​មិនមែន​តាម​បំណង​នៃ​អារក្ស…ហើយ​ចូរ​ចងចាំ​ថា បន្ទាប់ពី​បងប្អូន​រាល់​គ្នា​បាន​ស្រុះស្រួល​ជាមួយ​នឹង​ព្រះ​ហើយ​នោះ គឺ​មាន​តែ​ដោយ​សារ និង​តាម​រយៈ​ព្រះ​គុណ​របស់​ព្រះ​ប៉ុណ្ណោះ ដែល​បងប្អូន​រាល់​គ្នា​បាន​សង្គ្រោះ » ។២៧

ដូច្នេះ សូម​ជ្រើសរើស​មាន​ជំនឿ​លើ​ព្រះគ្រីស្ទ ជ្រើស​ការប្រែចិត្ត ជ្រើស​ទទួល​បុណ្យ​ជ្រមុជទឹក ហើយ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ជ្រើស​រៀបចំ​ខ្លួន​ដោយ​មាន​មនសិការ ហើយ​ទទួល​ទាន​សាក្រាម៉ង់​ដោយ​ស័ក្តិសម ជ្រើស​រើស​ចុះ​សេចក្តីសញ្ញា​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​ជ្រើស​បម្រើ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ និង​បុត្រាបុត្រី​របស់​ទ្រង់ ។ ជម្រើស​របស់​យើង​នឹង​កំណត់​អំពី​ខ្លួន​យើង និង​អ្វី​ដែល​យើង​នឹង​ប្រែក្លាយ ។

ខ្ញុំ​សូម​បញ្ចប់​ជាមួយ​នឹង​ពរជ័យ​ទាំងអស់​របស់​យ៉ាកុប​ថា ៖ « ហេតុ​ដូច្នោះ​ហើយ សូម​ព្រះ​ទ្រង់​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​រស់​ពី…សេចក្ដី​ស្លាប់​ដ៏​អស់​កល្ប​ជានិច្ច​ដោយ​អំណាច​នៃ​ដង្វាយ​ធួន ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ទទួល​ចូល​ក្នុង​នគរ​ដ៏​អស់​កល្ប​ជានិច្ច​នៃ​ព្រះ » ។២៨ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។