ឆ្នាំ ២០១០-២០១៩
ចូរ​មក​ស្តាប់​សំឡេង​ព្យាការី
ខែ តុលា ឆ្នាំ ២០១៨


ចូរ​មក​ស្តាប់​សំឡេង​ព្យាការី

នៅពេល​យើង​បង្កើត​ការអនុត្ត​នូវ​ការស្តាប់ និង​ប្រុង​ស្តាប់​តាម​សំឡេង​នៃ​ពួកព្យាការី​នៅរស់​នៅក្នុង​ជីវិត នោះ​យើង​នឹង​ច្រូត​កាត់​នូវ​ពរជ័យ​អស់កល្ប​ជានិច្ច ។

និយាយ​អំពី​ប្រធាន​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ព្រះអម្ចាស់​បាន​ប្រកាស​ថា ៖

« ហើយ​ជា​ថ្មី​ទៀត ភារកិច្ច​របស់​ប្រធាន​នៃ​តំណែង​របស់​បព្វជិតភាព​ជាន់​ខ្ពស់ គឺ​ត្រូវ​ត្រួតត្រា​លើ​សាសនាចក្រ​ទាំង​មូល ហើយ​ត្រូវ​ធ្វើ​ដូច​ជា​លោក​ម៉ូសេ—

…មែន​ហើយ គឺ​ត្រូវ​ធ្វើ​ជា​អ្នក​មើល​ឆុត ជា​អ្នក​បើក​សម្ដែង ជា​អ្នក​បកប្រែ ហើយ​ជា​ព្យាការី ដោយ​មាន​គ្រប់​អំណោយទាន​ទាំង​អស់​នៃ​ព្រះ ដែល​ទ្រង់​ប្រទាន​មក​លើ​មេដឹកនាំ​សាសនាចក្រ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១០៧:៩១–៩២ ការ​គូស​បញ្ជាក់​បាន​បន្ថែម ) ។

ខ្ញុំ​មានពរ​ដើម្បី​ធ្វើជា​សាក្សី​អំពី​អំណោយទាន​មួយ​ចំនួន​របស់​ព្រះ​ទៅលើ​ពួកព្យាការី​របស់​ទ្រង់ ។ ខ្ញុំ​សូម​ចែក​ចាយ​បទពិសោធន៍​មួយ​ជាមួយ​បងប្អូន​បាន​ទេ ? ពីមុន​ការហៅ​បម្រើ​បច្ចុប្បន្ន​របស់​ខ្ញុំ ខ្ញុំ​បាន​ជួយ​ស្វែងរក និង​ផ្តល់​អនុសាសន៍​អំពី​ទីតាំង​នានា​សម្រាប់​សង់​ព្រះវិហារ​បរិសុទ្ធ នា​ពេល​អនាគត ។ បន្ទាប់​ពី​ថ្ងៃ​ទី ១១ ខែ កញ្ញា ឆ្នាំ ២០០១ មក ការឆ្លង​កាត់​ព្រំដែន​សហរដ្ឋ​អាមេរិក​មាន​ការត្រួតពិនិត្យ​តឹងរឹង​ណាស់ ។ ជា​លទ្ធផល សមាជិក​សាសនាចក្រ​ជា​ច្រើន​ចំណាយ​ពេល​ពីរ​ទៅបី​ម៉ោង ដើម្បី​ធ្វើ​ដំណើរ​ពី​វ៉ាន់ខូវើរ ប្រទេស​កាណាដា ទៅ​ព្រះវិហារ​បរិសុទ្ធ ស៊ីអាថល វ៉ាស៊ីនតោន ។ ប្រធាន​ហ្គរដុន ប៊ី ហ៊ិងគ្លី ប្រធាន​សាសនាចក្រ​នៅ​គ្រា​នោះ​បាន​ផ្តល់​យោបល់​ថា ព្រះវិហារ​បរិសុទ្ធ​នៅក្នុង​ទីក្រុង​វ៉ាន់​ខូវើរ​នឹង​ផ្តល់​ពរ​ដល់​សមាជិក​សាសនាចក្រ ។ ការស្វែងរក​ទីតាំង​ត្រូវ​បាន​អនុញ្ញាត ហើយ​បន្ទាប់​ពី​យើង​បាន​ត្រួត​ពិនិត្យ​មើល​ដី​មួយ​ចំនួន​ដែល​ជា​កម្មសិទ្ធិ​របស់​ព្រះ​វិហារ នោះ​ទីតាំង​ផ្សេងៗ​ទៀត​ដែល​ពុំមែន​ជា​កម្មសិទ្ធិ​របស់​ព្រះវិហារ​ក៏​ត្រូវ​បាន​ពិនិត្យពិច័យ​ដែរ ។

ទីតាំង​ដ៏​ស្រស់​ស្អាត​មួយ​នៅ​តំបន់​ដែល​សម្បូរ​ដោយ​អគារ​សាសនា​នៅជាប់​នឹង​មហាវិថី ត្រេន ខាណាឌៀន ត្រូវបាន​រក​ឃើញ ។ ដី​នោះ​នៅ​នឹង​មាត់​ច្រក វា​មាន​ដើម​ស្រល់​ដ៏​ស្រស់​ស្អាត ហើយ​វា​ជា​ទីតាំង​ដែល​គេ​ងាយ​នឹង​មើល​ឃើញ ពេល​មនុស្ស​រាប់​ពាន់​នាក់​បើក​ឡាន​កាត់​ទី​នោះ ។

យើង​បាន​បង្ហាញ​ទីតាំង​នោះ​ជាមួយ​រូបភាព និង​ផែនទី​នៅក្នុង​ការប្រជុំ​គណៈកម្មាការ​ទីតាំង​ព្រះវិហារ​បរិសុទ្ធ​ប្រចាំ​ខែ ។ ប្រធាន​ហ៊ីងគ្លី​បាន​អនុមតិ​ឲ្យ​យើង​ចុះ​កិច្ចសន្យា ហើយ​ចុះសិក្សា​កិច្ចការ​ចាំបាច់​នានា ។ នៅក្នុង​ខែ​ធ្នូ​នា​ឆ្នាំ​នោះ យើង​បាន​រាយការណ៍​ប្រាប់​ទៅ​គណៈកម្មការ​វិញ​ថា ការសិក្សា​នានា​ត្រូវ​បាន​បញ្ចប់ ហើយ​យើង​សូម​ការអនុមិត​ដើម្បី​ទិញ​ដី​នោះ ។ បន្ទាប់​ពី​ឮ​របាយ​ការណ៍​របស់​យើង ប្រធាន​ហ៊ីងគ្លី​បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​គួរ​ទៅ​មើល​ទី​តាំង​នោះ » ។

ក្រោយ​មក​ទៀត​នៅក្នុង​ខែ​នោះ គឺ​ពីរ​ថ្ងៃ​បន្ទាប់​ពី​បុណ្យ​គ្រីស្ទម៉ាស់​រួច យើង​បាន​ចេញ​ដំណើរ​ទៅ​វ៉ាន់ខូវើរ​ជាមួយ​ប្រធាន​ហ៊ិងគ្លី, ប្រធាន ថូម៉ាស អេស ម៉នសុន និង ប៊ី វីល្លាម ស្ថាបនិក​ព្រះវិហារ​បរិសុទ្ធ ។ យើង​បាន​ជួប ប៉ុល គ្រីស្ទីនសិន ប្រធាន​ស្តេក​ក្នុង​មូលដ្ឋាន​ដែល​បាន​ដឹក​យើង​ទៅកាន់​ទីតាំង​នោះ ។ ពេលនោះ​អាកាសធាតុ​រាងសើម និង​ចុះ​អ័ព្ទ​បន្តិច​នៅ​ថ្ងៃ​នោះ ប៉ុន្តែ​ប្រធាន​ហ៊ិងគ្លី​បាន​ចុះ​ពី​លើ​ឡាន ហើយ​ចាប់ផ្តើម​ដើរ​សព្វ​លើ​ទីតាំង​នោះ ។

បន្ទាប់​ពី​ចំណាយ​ពេល​ខ្លះ​មើល​ទីតាំង​នោះ​មក ខ្ញុំ​បាន​សួរ​ប្រធាន​ហ៊ិងគ្លី ប្រសិនបើ​លោក​ចង់​មើល​ទីតាំង​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​យើង​បាន​ពិចារណា ។ លោក​បាន​មាន​ប្រសាសន៍​ថា លោក​ចង់​ទៅ ។ បងប្អូន​ដឹង​ទេ តាមយៈ​ការមើល​ទីតាំង​ផ្សេង​ទៀត នោះ​យើង​អាច​ប្រៀបធៀប​អំពី​គុណ​តម្លៃ​នៃ​ទីតាំង​ទាំង​នោះ ។

យើង​បាន​ធ្វើ​ដំណើរ​ជា​រង្វង់​ដ៏​ធំ​មួយ​តាម​ទិស​នាឡិកា​ជុំវិញ​ទីក្រុង​វ៉ាន់ខូវើរ ដោយ​មើល​ទីតាំង​ផ្សេងៗ ទីបំផុត​បាន​ត្រឡប់​មក​ដល់​ទីតាំង​ចាស់​វិញ ។ ប្រធាន​ហ៊ីងគ្លី​បាន​មាន​ប្រសាសន៍​ថា « ដី​នេះ​គឺ​ជា​ទីតាំង​ដ៏​ស្រស់​ស្អាត​មួយ » ។ បន្ទាប់​មក​លោក​បាន​សួរ​ថា « តើ​យើង​អាច​ទៅ​សាលា​ប្រជុំ​ដែល​ជា​កម្មសិទ្ធិ​របស់​សាសនាចក្រ​ដែល​មាន​ចម្ងាយ​ប្រហែល​ជា​កន្លះ​គីឡូ​ម៉ែត្រ​ពី​នេះ​បាន​ទេ ? »

យើង​បាន​តប​ថា « ពិតជា​បាន​លោក​ប្រធាន » ។

យើង​បាន​ឡើង​ជិះ​ឡាន​វិញ ហើយ​បើក​ទៅ​សាលា​ប្រជុំ​ដែល​នៅ​ក្បែរ​នោះ ។ ពេល​យើង​ទៅ​ដល់​សាលា​ជំនុំ ប្រធាន​ហ៊ីងគ្លី​បាន​មាន​ប្រសាសន៍​ថា « សូម​បត់​ឆ្វេង​នៅទី​នេះ » ។ យើង​បាន​បត់ ហើយ​បើក​តាម​ផ្លូវ​ដូច​បាន​បង្គាប់​ប្រាប់ ។ ផ្លូវ​នោះ​បាន​ចាប់ផ្តើម​ឡើង​ទួល​បន្តិច​ម្តងៗ ។

ពេល​ឡាន​បាន​ឡើង​ទៅដល់​កំពូល​ភ្លាម ប្រធាន​ហ៊ីងគ្លី​បាន​មាន​ប្រសាសន៍​ថា « សូម​ឈប់​ឡាន ឈប់​ឡាន » ។ បន្ទាប់​មក លោក​បាន​ចង្អុល​ទៅ​ខាង​ស្តាំ​ដៃ​ទៅ​ដី​មួយ​កន្លែង ហើយ​មាន​ប្រសាសន៍​ថា « ចុះ​ដី​នេះ​វិញ ? នេះ​គឺជា​ទីតាំង​សម្រាប់​ព្រះវិហារ​បរិសុទ្ធ​ហើយ ។ នេះ​គឺជា​កន្លែង​ដែល​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​ព្រះវិហារ​បរិសុទ្ធ​សង់​នៅទីនេះ ។ តើ​លោក​អាច​ទិញ​ដី​នេះ​បាន​ទេ ? តើ​លោក​អាច​ទិញ​ដី​នេះ​បាន​ទេ ? »

យើង​ពុំ​បាន​មើល​ដី​នេះ​ពីមុន​ឡើយ ។ វា​នៅ​ក្រោយ ហើយ​ឆ្ងាយ​ពី​មហាវិថី ហើយ​វា​ពុំ​នៅ​ក្នុង​បញ្ជី​លក់​ឡើយ ។ នៅពេល​យើង​បាន​ឆ្លើយ​ថា យើងពុំ​ដឹង​ទេ នោះ​ប្រធាន​ហ៊ិងគ្លី​បាន​ចង្អុល​ទៅ​ដី​នោះ ហើយ​មាន​ប្រសាសន៍​ម្តង​ទៀត​ថា « នេះ​គឺជា​ទីតាំង​សម្រាប់​ព្រះវិហារ​បរិសុទ្ធ​ហើយ » ។ យើង​បាន​នៅ​ទីនោះ​មួយ​សន្ទុះ បន្ទាប់​មក​បាន​ចេញ​ទៅ​ប្រលាន​យន្តហោះ​ដើម្បី​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

នៅ​ថ្ងៃ​បន្ទាប់ គេបាន​ទូរសព្ទ​ហៅ​បងប្រុស​វិល្លាម និង​ខ្ញុំ​ឲ្យ​ទៅ​ការិយាល័យ​ប្រធាន​ហ៊ិងគ្លី ។ លោក​បាន​គូស​ប្លង់​នៃ​អ្វីៗ​ទាំងអស់​នៅលើ​ក្រដាស​មួយ​សន្លឹក ៖ ដែល​មាន​ផ្លូវ​នានា សាលា​ជំនុំ បត់​ឆ្វេង​នៅទីនេះ សញ្ញា x ដែល​ជា​ទីតាំង​នៃ​ព្រះវិហារ​បរិសុទ្ធ ។ លោក​បាន​សួរ​ថា តើ​យើង​បាន​ដឹង​អ្វី​ខ្លះ​ហើយ ។ យើង​បាន​ជម្រាប​លោក​ថា លោក​ពុំ​គួរ​សម្រេច​ទិញ​ដី​ដែល​ពិបាក​នោះ​ទេ ។ ដី​នេះ​មាន​ម្ចាស់​បី​នាក់ ៖ ម្នាក់​មក​ពី​ប្រទេស​កាណាដា ម្នាក់​មក​ពី​ប្រទេស​ឥណ្ឌា និង​ម្នាក់​ទៀត​មក​ពី​ប្រទេស​ចិន ! ហើយ​វា​ពុំមែន​ជា​ទី​ប្រជុំជន​របស់​សាសនា​នោះ​ទេ ។

លោក​បាន​មាន​ប្រសាសន៍​ថា « មែនហើយ ចូរ​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​លោក​ទៅ » ។

បន្ទាប់​មក អព្ភូតហេតុ​បាន​កើត​ឡើង ។ នៅ​អំឡុង​បីបួន​ខែ យើង​បាន​ធ្វើ​ជា​ម្ចាស់​លើ​ដី​នោះ ហើយ​ក្រោយ​មក​សាលាក្រុង​ឡែនហ្គ្លី ប្រ៊ីធីស កូឡុំប៊ី បាន​ផ្តល់​ការអនុញ្ញាត​ឲ្យ​សាងសង់​ព្រះវិហារ​បរិសុទ្ធ ។

រូបភាព
ព្រះវិហារ​បរិសុទ្ធ វ៉ានគូវើរ ប្រេធីស កូឡុំប៊ី

ពេល​គិត​អំពី​បទពិសោធន៍​នេះ ខ្ញុំ​មាន​ចិត្ត​រាបសា​តាមរយៈ​ការដឹង​ថា ទោះបី​ជា​បងប្រុស​វិល្លាម និង​ខ្ញុំ​មាន​ការអប់រំ​ត្រឹមត្រូវ និង​មានបទពិសោធន៍​ជា​ច្រើន​ឆ្នាំ​នៅក្នុង​ផ្នែក​អចលនទ្រព្យ និង​ការរចនា​ប្លង់​ព្រះវិហារ​បរិសុទ្ធ ហើយ​ប្រធាន​ហ៊ីងគ្លី​ដែល​ពុំ​បាន​ទទួល​ការបំពាក់បំប៉ន​ផ្នែក​នេះ​ក្តី ក៏​លោក​មាន​អ្វី​មួយ​ដែល​អស្ចារ្យ​ជាង—គឺ​អំណោយ​ទាន​នៃ​ការព្យាករ​របស់​អ្នក​មើល​ឆុត ។ លោក​អាច​ប្រមើល​មើល​ឃើញ​ពី​ទីតាំង​ដែល​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះ​គួរ​នៅ​ត្រង់​ណា ។

ពេល​ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់​ដល់​ពួកបរិសុទ្ធ​ជំនាន់​ដើម នៅ​សម័យ​កាន់កាប់​ត្រួតត្រា​នេះ​ឲ្យ​សាងសង់​ព្រះវិហារ​បរិសុទ្ធ នោះ​ទ្រង់​បាន​ប្រកាស​ថា ៖

« ប៉ុន្តែ​ចូរ​ឲ្យ​មាន​ដំណាក់​មួយ​សង់​ឡើង​ថ្វាយ​ដល់​ព្រះ​នាម​របស់​យើង តាម​គំរូ​ដែល​យើង​នឹង​បង្ហាញ​ដល់​ពួក​គេ ។

ហើយ​បើ​សិន​ជា​រាស្ត្រ​របស់​យើង​មិន​សង់​ដំណាក់​នោះ តាម​គំរូ​ដែល​យើង​នឹង​បង្ហាញ…ទេ នោះ​យើង​នឹង​មិន​ទទួល​ដំណាក់​នោះ​ពី​ដៃ​របស់​ពួក​គេ​ឡើយ » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ១១៥:១៤–១៥ ) ។

ដូច​ជា​ពួកបរិសុទ្ធ​ជំនាន់​ដើម​ដែរ ការណ៍​នេះ​គឺ​ដូច​គ្នា​ចំពោះ​ពួកយើង​នា​សព្វថ្ងៃ​នេះ ៖ ព្រះអម្ចាស់​បាន​បើក​សម្តែង និង​បន្ត​បើក​សម្តែង​ដល់​ប្រធាន​សាសនាចក្រ​នូវ​លំនាំ​ដែល​នគរ​ព្រះ​ត្រូវបាន​ដឹកនាំ​នៅក្នុង​ជំនាន់​របស់​យើង​នេះ ។ ហើយ​នៅក្នុង​កម្រិត​ផ្ទាល់​ខ្លួន​មួយ លោក​ផ្តល់​ការណែនាំ​ទាក់ទង​នឹង​របៀប​ដែល​យើង​ម្នាក់ៗ​គួរ​ដឹកនាំ​ជីវិត​យើង ដើម្បី​ឲ្យ​ឥរិយាបថ​របស់យើង​ត្រូវបាន​ព្រះអម្ចាស់​ទ្រង់​សព្វ​ព្រះហឫទ័យ ។

នៅ​ខែ​មេសា​ឆ្នាំ ២០១៣ ខ្ញុំ​បាន​ថ្លែង​អំពី​កិច្ច​ខិតខំ​ដែល​ទាក់ទង​នឹង​ការរៀបចំ​គ្រប់គ្រឹះ​នៃ​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ធានាបាន​ថា វា​អាច​ឈរ​រឹងមាំ​នៅ​កណ្តាល​ព្យុះ និង​គ្រោះ​ធម្មជាតិ​នានា​ដែល​ព្រះវិហារ​បរិសុទ្ធ​នឹង​ជួប ។ ប៉ុន្តែ​គ្រឹះ​នោះ​គឺ​គ្រាន់តែ​ជា​ការចាប់​ផ្តើម​ប៉ុណ្ណោះ ។ ព្រះវិហារ​បរិសុទ្ធ​សង់​ឡើង​ចេញ​ពី​សម្ភារ​ជា​ច្រើន​ដែល​ត្រូវ​ស្រប​តាម​គំរូ​ដែល​បាន​រចនា​ប្លង់​ជា​មុន ។ ប្រសិនបើ​ជីវិត​របស់​យើង​ក្លាយ​ជា​ព្រះវិហារ​បរិសុទ្ធ នោះ​ពួកយើង​ម្នាក់ៗ​កំពុង​ព្យាយាម​សាងសង់​ខ្លួន​តាម​ការបង្រៀន​ពី​ព្រះអម្ចាស់ ( សូមមើល កូរិនថូស​ទី ១ ៣:១៦–១៧ ) យើង​អាច​សួរ​ខ្លួន​យើង​ដោយ​ហេតុផល​ថា « តើ​សម្ភារ​សាងសង់​អ្វី​ខ្លះ ដែល​យើង​គួរ​សាងសង់​ឡើង ដើម្បី​ធ្វើ​ឲ្យ​ជីវិត​យើង​ស្រស់​ស្អាត ខ្ពង់ខ្ពស់ ហើយ​ទប់ទល់​នឹង​ព្យុះ​នៃ​លោកិយ​នេះ​បាន ? »

យើង​រក​ឃើញ​ចម្លើយ​ចំពោះ​សំណួរ​នេះ​បាន​នៅក្នុង​ព្រះគម្ពីរ​មរមន ។ ស្ដី​ពី​ព្រះគម្ពីរ​មរមន​ព្យាការី យ៉ូសែប ស្ម៊ីធ បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​បាន​ប្រាប់​បងប្អូន​ទាំង​ឡាយ​ថា ព្រះគម្ពីរ​មរមន គឺជា​គម្ពីរ​ដ៏​ត្រឹមត្រូវ​បំផុតជាង​គម្ពីរ​នានា​ទាំងអស់​នៅលើ​ផែនដី​នេះ ហើយ​ជា​មូលដ្ឋាន​នៃ​សាសនាចក្រ​របស់​យើង ហើយ​បុគ្គល​ម្នាក់ៗ​អាច​ចូល​ទៅជិត​ព្រះ​បាន ដោយសារ​ការធ្វើតាម​សិក្ខាបទ​ទាំងឡាយ​នៃ​គម្ពីរ​ដទៃ​ទាំងអស់ » ( បុព្វកថា​ព្រះគម្ពីរ​មរមន ) ។ នៅក្នុង​បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន យើង​ត្រូវបាន​បង្រៀន​ថា អស់​អ្នក​ណា​ដែល​បាន​ទទួល​ទីបន្ទាល់ [ ដ៏ ប្រសើរ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ថា ព្រះគម្ពីរ​មរមន​គឺជា​ព្រះបន្ទូល​នៃ​ព្រះ ] ក៏​នឹង​បាន​ដឹង​ដោយ​សារ​ព្រះចេស្ដា​ដដែល​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក ថា យ៉ូសែប ស៊្មីធ គឺ​ជា​អ្នក​ទទួល​វិវរណៈ និង​ជា [ ព្យាការី​នៃ​ការស្តារ​ឡើង​វិញ ] ហើយ​ថា​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ គឺជា​នគរ​នៃ​ព្រះអម្ចាស់ ដែល​បាន​សាង​ឡើង​វិញ​ម្ដង​ទៀត​នៅលើ​ផែនដី » ។

ដូច្នេះ​នេះ​គឺ​ជា​សម្ភារ​សាងសង់​ចាំបាច់​មួយ​ចំនួន​នៃ​សេចក្តីជំនឿ និង​ទីបន្ទាល់​របស់​យើង​ម្នាក់ៗ ៖

  1. ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះអង្គសង្គ្រោះ​នៃ​ពិភពលោក ។

  2. ព្រះ​គម្ពីរ​មរមន​គឺ​ជា​ព្រះបន្ទូល​នៃព្រះ ។

  3. សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ជា​នគរ​ព្រះនៅ​លើ​ផែនដី​នេះ ។

  4. យ៉ូសែប ស៊្មីធ គឺ​ជា​ព្យាការី ហើយ​យើង​មាន​ព្យាការី​នៅរស់​នៅលើ​ផែនដី​សព្វ​ថ្ងៃ​នេះ ។

ប៉ុន្មាន​ខែ​នេះ ខ្ញុំ​បាន​ស្តាប់​សុន្ទរកថា​សន្និសីទ​មួយ​ដែល​ប្រធាន​ណិលសុន​បាន​ថ្លែង ចាប់តាំង​ពី​លោក​ត្រូវបាន​ហៅ​ដំបូង​ឲ្យ​ធ្វើ​ជា​សាវក ។ សុន្ទរកថា​នេះ​បាន​ផ្លាស់​ប្ដូរ​ជីវិត​ខ្ញុំ ។ ពេល​ខ្ញុំ​បាន​សិក្សា និង​ពិចារណា​អំពី​រយៈពេល ៣៤ ឆ្នាំ​នៃ​ការប្រមូល​ផ្តុំ​ប្រាជ្ញា​របស់​ប្រធាន​ណិលសុន នោះ​ប្រធាន​បទ​នានា​ដ៏​ច្បាស់​លាស់ និង​ខ្ជាប់ខ្ជួន​មកពី​ការបង្រៀន​របស់​លោក​បាន​ជ្រាប​ចូលក្នុង​ចិត្ត​ខ្ញុំ ។ ប្រធាន​បទ​នីមួយៗ​ទាក់ទង​នឹង​សម្ភារ​សាងសង់​ទាំង​នោះ​ដែល​ទើប​តែ​បាន​លើក​ឡើង ឬ​ក៏​ជា​គន្លឹះ​ផ្សេង​ទៀត​នៃ​សម្ភារ​សាងសង់​សម្រាប់​ព្រះវិហារ​បរិសុទ្ធ​ផ្ទាល់​ខ្លួន​របស់​យើង ។ សម្ភារ​សាងសង់​ទាំង​នោះ​រួមមាន សេចក្តីជំនឿ​លើ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ការ​ប្រែចិត្ត បុណ្យ​ជ្រមុជ​ទឹក​សម្រាប់​ការផ្តាច់​បាប អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ការប្រោសលោះ​មរណជន និង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ ការរក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បាន​បរិសុទ្ធ ដោយចាប់ផ្តើម​ជាមួយ​នឹង​ទស្សនៈវិស័យ​ដ៏​ច្បាស់លាស់ ដោយ​បន្ត​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា ។ ប្រធាន​ណិលសុន​បាន​ថ្លែង​អំពី​អ្វីៗ​ទាំង​នេះ​ដោយ​សេចក្តីស្រឡាញ់ និង​ភក្តីភាព ។

ថ្ម​ជ្រុង​យ៉ាង​ឯក និង​សម្ភារ​សាងសង់​នៃ​សាសនាចក្រ និង​ជីវិត​របស់​យើង​គឺ​ព្រះយេស៊ូវគ្រីស្ទ ។ នេះ​គឺ​ជា​សាសនាចក្រ​របស់​ទ្រង់ ។ ប្រធាន​ណិលសុន​គឺ​ជា​ព្យាការី​របស់​ទ្រង់ ។ ការបង្រៀន​របស់​ប្រធាន​ណិលសុន​ធ្វើ​ជា​សាក្សី និង​បើក​សម្តែង​នូវ​ព្រះជន្ម និង​បុគ្គលិក​លក្ខណៈ​នៃ​ព្រះយេស៊ូវគ្រីស្ទ​សម្រាប់​ជា​ប្រយោជន៍​ដល់​យើង ។ លោក​បាន​ថ្លែង​ដោយ​ក្តីស្រឡាញ់ និង​ដឹង​ច្បាស់​អំពី​លក្ខណៈ​របស់​ព្រះអង្គសង្គ្រោះ និង​បេសកកម្ម​របស់​ទ្រង់ ។ លោក​ក៏​បាន​ថ្លែង​ទីបន្ទាល់​ជារឿយៗ និង​ស្មោះសរ​អំពី​ការហៅ​មក​ពី​ព្រះ​នៃ​ពួកព្យាការី​នៅ​រស់—គឺ​ប្រធាន​សាសនាចក្រ—ដែល​លោក​បាន​បម្រើ​ទ្រង់ ។

ឥឡូវ​ថ្ងៃ​នេះ វា​ជា​ឯកសិទ្ធិ​របស់​យើង​ដើម្បី​គាំទ្រលោក ជា​ព្យាការី​នៅរស់​របស់​ព្រះអម្ចាស់​នៅផែនដី​នេះ ។ យើង​ស្គាល់​អំពី​ការគាំទ្រ​ថ្នាក់ដឹកនាំ​សាសនាចក្រ​តាមរយៈ​លំនាំ​របស់​ព្រះ​ដោយ​ការលើក​ដៃ​របស់យើង​ជា​កែង ដើម្បី​បង្ហាញ​ពី​ការទទួល​យក និង​ការគាំទ្រ​របស់​យើង ។ យើង​បាន​ធ្វើ​វា​ទើបតែ​ប៉ុន្មាន​នាទី​មុន​ប៉ុណ្ណោះ ។ ប៉ុន្តែ​ការគាំទ្រ​ពិតប្រាកដ​គឺ​ត្រូវលើស​ពី​ការគ្រាន់តែ​លើក​ដៃ​ជា​សញ្ញា​នេះ​ទៅ​ទៀត ។ ដូច​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង​សេចក្តីសញ្ញា ១០៧:២២ គណៈ​ប្រធាន​ទី​មួយ​ត្រូវ​បាន « គាំទ្រ​ដោយ​សេចក្ដី​ទុកចិត្ត សេចក្ដី​ជំនឿ និង សេចក្តី​អធិស្ឋាន​នៃ​សាសនាចក្រ » ។ យើង​គាំទ្រ​ព្យាការី​នៅរស់​ទាំងស្រុង និង​ពិតប្រាកដ​នៅពេល​យើង​អភិវឌ្ឍ​លំនាំ​នៃ​ទំនុកចិត្ត​លើ​ប្រសាសន៍​របស់​លោក មាន​សេចក្តីជំនឿ​ដើម្បី​អនុវត្ត​តាម​ពាក្យ​ពេចន៍​ទាំង​នោះ បន្ទាប់​មក​អធិស្ឋាន​ទូល​សូម​ពរជ័យ​ជា​បន្ត​បន្ទាប់​របស់​ព្រះអម្ចាស់​ឲ្យ​មាន​ដល់​លោក ។

ពេល​ខ្ញុំ​គិត​អំពី​ប្រធាន រ័សុល អិម ណិលសុន ខ្ញុំ​បាន​ទទួល​អារម្មណ៍​មួយ​នៃ​ការលួងលោម​នៅក្នុង​បន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ ពេល​ទ្រង់​មាន​បន្ទូល​ថា « ហើយ​បើសិន​រាស្ត្រ​យើង​នឹង​ប្រុង​ស្តាប់​តាម​សំឡេង​របស់​យើង និង​តាម​សំឡេង​នៃ​ពួក​អ្នក​បម្រើ​របស់​យើង ដែល​យើង​បាន​តែងតាំង​ឡើង ឲ្យ​ដឹកនាំ​រាស្ត្រ​យើង មើល​ចុះ​យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ពួកគេ​នឹង​មិន​ត្រូវបាន​រើចេញ​ពី​កន្លែង​គេ​ឡើយ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១២៤:៤៥ ) ។

ការស្តាប់ និង​ប្រុង​ស្តាប់​តាម​ពួកព្យាការី​នៅរស់​នឹង​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង ថែម​ទាំង​មាន​ឥទ្ធិពល​ផ្លាស់ប្តូរ​ជីវិត​របស់​យើង​ផងដែរ ។ យើង​ត្រូវបាន​ពង្រឹង ។ យើង​មាន​ការធានា​អះអាង និង​មាន​ទំនុកចិត្ត​លើ​ព្រះអម្ចាស់​កាន់តែ​ខ្លាំង​ឡើង ។ យើង​ឮ​បន្ទូល​នៃ​ព្រះអម្ចាស់ ។ យើង​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះ ។ យើង​នឹង​ដឹង​អំពី​របៀប​ដឹកនាំ​ជីវិត​របស់​យើង​ជាមួយ​នឹង​គោលបំណង ។

ខ្ញុំ​ស្រឡាញ់ ហើយ​គាំទ្រ​ប្រធាន រ័សុល អិម ណិលសុន និង​ប្រធាន​ដទៃ​ផ្សេង​ទៀត​ដែល​ត្រូវបាន​ហៅ​ជា​ព្យាការី អ្នក​មើលឆុត និង​អ្នក​ទទួល​វិវរណៈ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា លោក​មាន​អំណោយទាន​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​លោក ហើយ​ខ្ញុំ​ធ្វើជា​សាក្សី​ថា នៅពេល​យើង​បង្កើត​ការអនុត្ត​នូវ​ការស្តាប់ និង​ប្រុង​ស្តាប់​តាម​សំឡេង​នៃ​ពួកព្យាការី​នៅរស់​នៅក្នុង​ជីវិត នោះ​ជីវិត​យើង​នឹង​សាងសង់​ឡើង​ស្រប​តាម​លំនាំ​ដ៏​ប្រសើរ​របស់​ព្រះអម្ចាស់​សម្រាប់​យើង ហើយ​យើង​នឹង​ច្រូត​កាត់​នូវ​ពរជ័យ​អស់កល្ប​ជានិច្ច ។ ការអញ្ជើញ​នេះ​គឺ​សម្រាប់​មនុស្ស​ទាំងអស់ ។ ចូរ​មក​ស្តាប់​សំឡេង​ព្យាការី មែន​ហើយ ចូរ​មក​រក​ព្រះគ្រីស្ទ ហើយ​រស់នៅ​ចុះ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។