ឆ្នាំ ២០១០-២០១៩
សម្រាប់​ព្រះអម្ចាស់
ខែ តុលា ឆ្នាំ ២០១៨


សម្រាប់​ព្រះអម្ចាស់

ការស្គាល់​បុគ្គល និង​មូលហេតុ​ក្នុង​ការបម្រើ​មនុស្ស​ដទៃ ជួយ​យើង​ឲ្យ​យល់​ថា ការបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​សេចក្តីស្រឡាញ់​គឺជា​ភក្តីភាព​ចំពោះ​ព្រះ ។

បងប្អូន​ស្រី​ជាទីស្រឡាញ់​របស់​ខ្ញុំ នារាត្រី​ដ៏​សំខាន់​នេះ ខ្ញុំ​សូម​បង្ហាញ​សេចក្តីស្រឡាញ់ និង​អំណរគុណ​របស់​ខ្ញុំ​ដល់​បងប្អូន​គ្រប់​រូប ។ មិន​ថា​បងប្អូន​មាន​អាយុ​ប៉ុន្មាន នៅទីណា ឬ​មាន​កាលៈទេសៈ​បែប​ណា​ទេ យើង​ជួបជុំ​គ្នា​នា​រាត្រី​នេះ​នៅក្នុង​សាមគ្គីភាព ក្នុង​កម្លាំង ក្នុង​គោលបំណង និង​ក្នុង​ទីបន្ទាល់​ថា ព្រះវរបិតាសួគ៌ ព្រះអង្គសង្គ្រោះ​គឺ​ព្រះយេស៊ូវគ្រីស្ទ និង​ព្យាការី​នៅរស់​របស់​យើង​គឺ​ប្រធាន រ័សុល អិម ណិលសុន ស្រឡាញ់ និង​ដឹកនាំ​ពួកយើង ។

ជា​គូស្វាមី​ភរិយា​វ័យ​ក្មេង ប៊ីស្សព​បាន​ហៅ​យើង​ឲ្យ​ទៅ​សួរសុខទុក្ខ និង​ផ្តល់​ការងារបម្រើ​ដល់​គ្រួសារ​មួយ​ដែល​ពុំ​បាន​មក​ព្រះវិហារ​អស់​ជា​ច្រើន​ឆ្នាំ ។ យើង​មាន​ឆន្ទៈ​ទទួល​យក​ការចាត់តាំង​នោះ ហើយ​បាន​ទៅ​ផ្ទះរបស់​ពួកគេ​នៅពីរបី​ថ្ងៃ​ក្រោយ​មក ។ វា​បង្ហាញ​យ៉ាង​ច្បាស់​ភ្លាម​ថា ពួកគេ​ពុំ​ចង់​ឲ្យ​សមាជិក​មក​ពី​ព្រះវិហារ​ទៅ​សួរសុខទុក្ខ​ពួកគេ​ទេ ។

ដូច្នេះ​ពេលទៅ​សួរសុខទុក្ខ​លើក​ក្រោយ យើង​បាន​យក​នំ​ឃុកឃី​មួយ​ចាន​ទៅ​ជាមួយ ដោយ​មាន​ទំនុកចិត្ត​ថា នំ​សូកូឡា​នោះ​នឹង​ធ្វើ​ឲ្យ​ពួកគេ​ទន់ចិត្ត ។ ពួកគេ​ពុំ​ទន់ចិត្ត​ទេ ។ គូស្វាមី​ភរិយា​នោះ​បាន​និយាយ​ជាមួយ​យើង​តាម​កញ្ចក់​ទ្វារ ដែល​បង្ហាញ​កាន់តែ​ច្បាស់​ថា ពួកគេ​មិន​ស្វាគមន៍​យើង​ឡើយ ។ ប៉ុន្តែ​ពេល​យើង​បើក​ឡាន​ត្រឡប់​ទៅ​ផ្ទះ​វិញ យើង​ប្រាកដ​ចិត្ត​ថា យើង​អាច​សម្រេច​បាន​ជោគជ័យ បើ​យើង​ធ្វើ​នំ​បំពង​ជូន​ពួក​គាត់វិញ ។

ការខ្វះខាត​ទស្សនវិស័យ​ខាង​វិញ្ញាណ​របស់​យើង​បាន​ធ្វើ​ឲ្យ​ការប៉ុនប៉ង​បន្ថែម​នោះ​បរាជ័យ​កាន់តែ​ខ្លាំង ។ ការបដិសេធ​គឺពុំធ្វើ​ឲ្យ​យើង​ស្រណុកចិត្ត​ឡើយ ។ យូរៗ​ទៅ យើង​បាន​ចាប់ផ្តើម​សួរ​ខ្លួន​យើង​ថា « ហេតុអ្វី យើង​ធ្វើ​កិច្ចការ​នេះ ? តើ​អ្វី​ទៅ​ជា​គោលបំណង​របស់​យើង ? »

អែលឌើរ ខាល ប៊ី ឃុក បាន​មាន​ប្រសាសន៍​ថា ៖ « ការបម្រើ​នៅ​ក្នុង​សាសនាចក្រ…អាច​ជា​ឧបសគ្គ ប្រសិនបើ​យើង​ត្រូវបាន​សុំ​ឲ្យ​ធ្វើ​កិច្ចការ​ដែល​បំភ័យ​យើង ប្រសិនបើ​យើង​ទន់ខ្សោយ​ក្នុង​ការបម្រើ ឬ​ប្រសិនបើ​យើង​ត្រូវបាន​ហៅ​ឲ្យ​ធ្វើ​កិច្ចការ​ដែល​យើង​ពុំ​ចាប់ផ្តើម​ស្វែងរក​ការ​អំពាវនាវ » ។​ យើង​បាន​ជួប​នឹង​សេចក្តីពិត​ដូច​ប្រសាសន៍​របស់​អែលឌើរ​ឃុក ពេល​យើង​បាន​សម្រេច​ចិត្ត​ថា យើង​ត្រូវ​ស្វែងរក​ការណែនាំ​ពី​ព្រះ​ដែល​មាន​ទស្សនវិស័យ​អស្ចារ្យ​ជាង​យើង ។

ដូច្នេះ បន្ទាប់​ពី​អធិស្ឋាន និង​សិក្សា​ដោយ​ស្មោះសរ​ជាច្រើន​មក យើង​បាន​ទទួល​ចម្លើយ​ទៅ​នឹង មូលហេតុ នៃ​ការបម្រើ​របស់​យើង ។ យើង​មាន​ការផ្លាស់ប្តូរ​មួយ​នៅក្នុង​ការយល់​ដឹង​របស់​យើង​គឺ​ការផ្លាស់ប្តូរ​ចិត្ត ពិតណាស់​គឺ​បទពិសោធន៍​នៃ​វិវរណៈ ។ ពេល​យើង​បាន​ស្វែងរក​ការណែនាំ​ពី​ព្រះគម្ពីរ នោះ​ព្រះអម្ចាស់​បាន​បង្រៀន​យើង​អំពី​របៀប ធ្វើ​ឲ្យ​ដំណើរការ​នៃ​ការបម្រើ​ដល់​មនុស្ស​ដទៃ​មាន​ភាពកាន់តែ​ងាយស្រួល និង​មាន​អត្ថន័យ ។ នេះ​ជា​ខគម្ពីរ​ដែល​យើង​អាន​ដែល​បាន​ផ្លាស់ប្តូរ​ទាំង​ចិត្ត និង​វិធីសាស្ត្រ​របស់​យើង ៖ « អ្នក​ត្រូវ​ស្រឡាញ់​ដល់​ព្រះ​អម្ចាស់​ជា​ព្រះ​នៃ​អ្នក​ឲ្យ​អស់​ពី​ចិត្ត​នៃ​អ្នក អស់​ពី​ពលំ អស់​ពី​គំនិត ហើយ​អស់​ពី​កម្លាំង​នៃ​អ្នក ហើយ​ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ នោះ​អ្នក​ត្រូវ​បម្រើ​ទ្រង់ » ។ ទោះជា​យើង​ស្គាល់​ខគម្ពីរ​នេះ​ក្តី វា​ហាក់ដូចជា​ថ្លែង​មក​កាន់​យើង​ក្នុង​របៀប​មួយ​ថ្មី និង​សំខាន់ ។

យើង​បាន​ដឹង​ថា យើង​បាន​ព្យាយាម​ដោយ​ស្មោះត្រង់​ដើម្បី​បម្រើ​គ្រួសារ​នេះ និង​បម្រើ​ប៊ីស្សព​របស់​យើង ប៉ុន្តែ​យើង​ត្រូវ​សួរ​ខ្លួន​យើង​ថា តើ​យើង​ពិតជា​បម្រើ​ដោយសារ​សេចក្តីស្រឡាញ់​ចំពោះ​ព្រះអម្ចាស់​ដែរ​ឬ​ទេ ។ ស្តេច​បេនយ៉ាមីន​បាន​បញ្ជាក់​ច្បាស់​អំពី​លក្ខណៈ​នេះ ពេល​ទ្រង់​បាន​ថ្លែង​ថា « មើល​ចុះ យើង​សូម​ប្រាប់​អ្នក​ថា ពី​ព្រោះ​យើង​បាន​ប្រាប់​អ្នក​ថា យើង​បាន​ចំណាយ​ពេល​វេលា​នៃ​ជីវិត​យើង​ក្នុង​ការ​បម្រើ​អ្នក នោះ​យើង​ពុំ​មាន​បំណង​ចង់​អួតអាង​ឡើយ ដ្បិត យើង​គ្រាន់តែ​នៅ​ក្នុង​ការ​បម្រើ​ដល់​ព្រះ​តែ​ប៉ុណ្ណោះ » ។

ដូច្នេះ តើ​នរណា​ដែល​ស្តេច​បេនយ៉ាមីន​បម្រើ​ពិតប្រាកដ​នោះ ? គឺ​ព្រះវរបិតា​សួគ៌ និង​ព្រះអង្គ​សង្គ្រោះ ។ ការស្គាល់​បុគ្គល និង មូលហេតុ ក្នុង​ការបម្រើ​មនុស្ស​ដទៃ ជួយ​យើង​ឲ្យ​យល់​ថា ការបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​សេចក្តីស្រឡាញ់​គឺ​ជា​ភក្តីភាព​ចំពោះ​ព្រះ ។

នៅពេល​ការផ្តោត​ចិត្ត​របស់​យើង​ផ្លាស់ប្តូរ​ដោយ​សន្សឹមៗ នោះ​ការអធិស្ឋាន​យើង​ក៏​បាន​ផ្លាស់ប្តូរ​ដែរ ។ យើង​បាន​ចាប់ផ្តើម​ទន្ទឹង​រកមើល​ឱកាស​ទៅ​សួរសុខទុក្ខ​គ្រួសារ​ជា​ទីស្រឡាញ់​នេះ ដោយសារ​តែ​សេចក្តីស្រឡាញ់​របស់​យើង​ចំពោះ​ព្រះអម្ចាស់ ។ យើង​ធ្វើ​កិច្ចការ​នោះ​សម្រាប់​ទ្រង់ ។ ទ្រង់​បាន​ធ្វើ​ឲ្យ​គ្មាន​ឧបសគ្គ​ទៀត​ឡើយ ។ បន្ទាប់​ពី​អស់រយៈពេល​ជា​ច្រើន​ខែ​ដែល​យើង​ឈរ​នៅ​ក្រៅ​មាត់​ទ្វារ គ្រួសារ​នោះ​បាន​ចាប់ផ្តើម​ឲ្យ​ពួកយើង​ចូល​ផ្ទះ​របស់​ពួកគេ ។ ទីបំផុត យើង​បាន​មាន​ការអធិស្ឋាន និង​ការពិភាក្សា​ដំណឹងល្អ​ដ៏​ទន់ភ្លន់​ជាមួយ​គ្នា​ជា​ទៀងទាត់ ។ ចំណង​មិត្តភាព​យូរអង្វែង​បាន​បង្កើត​ឡើង ។ យើង​ថ្វាយ​បង្គំ និង​ស្រឡាញ់​ទ្រង់ តាមរយៈ​ការស្រឡាញ់​បុត្រាបុត្រី​របស់​ទ្រង់ ។

តើ​អ្នក​អាច​គិត​អំពី​គ្រា​ណា​មួយ​ដែល​អ្នក​បាន​ជួយ​នរណា​ម្នាក់​ក្នុង​គ្រា​អាសន្ន​ដោយ​ក្តីស្រឡាញ់ ជាមួយ​នឹង​ការខិតខំ​ដោយ​ស្មោះសរ ហើយ​អ្នក​មាន​អារម្មណ៍​ថា ការខិតខំ​របស់​អ្នក​ត្រូវបាន​គេ​ច្រាន​ចោល ឬ​ប្រហែល​ជា​គេ​គ្មាន​អំណរគុណ ឬ​មិន​ចង់​ទទួល​ដែរ​ឬ​ទេ ? នៅ​ក្នុង​គ្រា​នោះ តើ​អ្នក​បាន​ឆ្ងល់​អំពី​តម្លៃ​នៃ​ការបម្រើ​របស់​អ្នក​ដែរ​ឬ​ទេ ? បើដូច្នេះ​មែន សូម​ឲ្យ​បន្ទូល​របស់​ស្តេច​បេនយ៉ាមីន​ជំនួស​ចិត្ត​សង្ស័យ និង​ការឈឺចាប់​ដែល​អ្នក​មាន​ចុះ​គឺថា ៖ « អ្នក​រាល់​គ្នា​គ្រាន់តែ​នៅក្នុង​ការបម្រើ​ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ » ។

ជាជាង​ការបង្កើត​ឲ្យ​មាន​ការថ្នាំងថ្នាក់​ចិត្ត នោះ​យើង​អាច​បង្កើត​ទំនាក់ទំនង​ដ៏​ល្អ​ឥតខ្ចោះ​ជាមួយ​ព្រះវរបិតាសួគ៌​យើង តាមរយៈ​ការបម្រើ ។ សេចក្ដី​ស្រឡាញ់ និង​ភក្តីភាព​របស់​យើង​ចំពោះ​ទ្រង់​ដកយក​តម្រូវការ​សម្រាប់​ការទទួលស្គាល់ ឬ​អំណរគុណ ហើយ​អនុញ្ញាត​ឲ្យ​សេចក្តីស្រឡាញ់​របស់​ទ្រង់​ហូរ​ចូល​មក និង​ផុស​ឡើង​ក្នុង​ចិត្ត​យើង ។

ជួនកាល យើង​អាច​ចាប់ផ្តើម​បម្រើ​ដោយសារ​តែ​វា​ជា​ករណីកិច្ច ឬ​កាតព្វកិច្ច ប៉ុន្តែ​ទោះ​យើង​មាន​អារម្មណ៍​ដូច​នោះ​ក្តី ក៏​ការបម្រើ​នោះ​អាច​ជំរុញ​យើង​កាន់តែ​ប្រសើរ​ឡើង ហើយ​ដឹកនាំ​យើង​ឲ្យ​បម្រើ​ក្នុង « របៀប​មួយ​កាន់តែ​ប្រពៃ » ។—ដូច​ការអញ្ជើញ​របស់​ប្រធាន​ណិលសុន​ដើម្បី « មើល​ថែ និង​ផ្តល់​ការងារ​បម្រើ​ដល់​មនុស្ស​ដទៃ​តាម​មធ្យោបាយ​មួយ​កាន់តែ​ថ្មី កាន់តែ​បរិសុទ្ធ » ។

ពេល​យើង​ផ្តោត​ចិត្តទុកដាក់​ទៅ​លើ​អ្វី​ទាំងអស់​ដែល​ព្រះ​បាន​ធ្វើ​សម្រាប់​ពួកយើង នោះ​ការបម្រើ​យើង​ជំរុញ​ចេញ​ពី​ចិត្ត​ប្រកប​ដោយ​អំណរគុណ ។ ពេល​យើង​ពុំ​សូវ​បារម្ភ​ថា តើ​ការបម្រើ​របស់​យើង​ផ្តល់​ប្រយោជន៍​អ្វី​ខ្លះ​ដល់​យើង នោះ​យើង​ដឹង​ថា ការផ្តោត​ចិត្ត​ទុកដាក់​នៃ​ការបម្រើ​យើង​គឺទុក​ព្រះ​ជា​មុន ។​

ប្រធាន អិម រ័សុល បាឡឺដ បាន​បង្រៀន​ថា « ពេល​យើង​ស្រឡាញ់​ព្រះ និង​ព្រះគ្រីស្ទ​ដោយ​អស់​ពី​ចិត្ត ព្រលឹង និង​គំនិត​របស់​យើង នោះ​យើង​អាច​ចែកចាយ​សេចក្តីស្រឡាញ់​នោះ​ជាមួយ​អ្នក​ជិតខាង​តាមរយៈ​ទង្វើ​នៃ​សេចក្តីសប្បុរស និង​ការបម្រើ » ។១០

ក្រឹតវិន័យ​ដំបូង​នៃ​ក្រឹត្យ​វិន័យ​ទាំង​ដប់​ប្រការ​បង្ហាញ​ពី​ប្រាជ្ញា​ដ៏​ទេវភាព​នេះ ៖ « យើង​នេះ​គឺ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ។… កុំ​ឲ្យ​មាន​ព្រះ​ឯ​ណា​ទៀត​នៅ​ចំពោះ​យើង​ឲ្យ​សោះ » ។១១ ស្ថានភាព​នៃ​ក្រឹត្យវិន័យ​នេះ​ជួយ​យើង​ឲ្យ​យល់​ថា ប្រសិនបើ យើង​ដាក់​ទ្រង់​ទុក​ជា​អាទិភាព​ចម្បង​របស់​យើង ទីបំផុត​អ្វីៗ​ផ្សេង​ទៀត​នឹង​ដំណើរការ​យ៉ាង​រលូន​—សូម្បីតែ​ការបម្រើ​របស់​យើង​ដល់​មនុស្ស​ដទៃ​ក្តី ។ ពេល​ទ្រង់​មាន​មុខងារ​សំខាន់​បំផុត​នៅក្នុង​ជីវិត​យើង តាមរយៈ​ការជ្រើសរើស​ដោយ​ចេតនា​របស់​យើង នោះ​ទ្រង់​អាច​ប្រទាន​ពរ​ដល់​ទង្វើ​យើង​សម្រាប់​ជា​ប្រយោជន៍​យើង និង​សម្រាប់​ជា​ប្រយោជន៍​ដល់​មនុស្ស​ដទៃ ។

ព្រះអម្ចាស់​បាន​ទូន្មាន​ថា « ចូរ​មើល​មក​ឯ​យើង ដោយ​នូវ​គ្រប់​ទាំង​គំនិត » ។១២ ហើយ​រៀងរាល់​សប្តាហ៍ យើង​ចុះ​សេចក្តីសញ្ញា​ដើម្បី​ធ្វើ​រឿង​នោះ—ដើម្បី « ចងចាំ​ទ្រង់​ជានិច្ច » ។១៣ តើ​ការផ្តោត​ចិត្ត​ទុកដាក់​លើ​ព្រះ​នេះ​អាច​អនុវត្ត​នៅក្នុង​គ្រប់​កិច្ចការ​ដែល​យើង​ធ្វើ​ដែរ​ឬ​ទេ ? តើ​ការ​ធ្វើ​កិច្ចការ​តូចតាច​មួយ​អាច​ក្លាយ​ជា​ឱកាស​មួយ​ដើម្បី​បង្ហាញ​សេចក្តីស្រឡាញ់ និង​ភក្តីភាព​យើង​ចំពោះ​ទ្រង់​ដែរ​ឬ​ទេ ? ខ្ញុំ​ជឿ​ថា វា​អាច ហើយ​នឹង​ធ្វើ​បាន ។

យើង​អាច​ធ្វើ​ឲ្យ​គ្រប់​កិច្ចការ​លើ​បញ្ជី​ការងារ​យើង​ឲ្យ​ក្លាយ​ជា​របៀប​មួយ​ដើម្បី​សរសើរ​តម្កើង​ទ្រង់ ។ យើង​អាច​ចាត់ទុក​កិច្ចការ​នីមួយៗ​ថា​ជា ឯកសិទ្ធិ និង​ឱកាស​មួយ​ដើម្បី​បម្រើ​ទ្រង់ ទោះ​ពេល​យើង​នៅ​កំពុង​ជាប់​ការងារ​ដែល​ផុត​កំណត់ មាន​កាតព្វកិច្ច ឬ​រវល់​ប្តូរ​កន្ទប​ឲ្យ​កូន​ក្តី ។

អាំម៉ូន​ថ្លែង​ថា « មែន​ហើយ ខ្ញុំ​ដឹង​ថា ខ្ញុំ​គ្មាន​ន័យ​អ្វី​ទាំង​អស់ រីឯ​ចំពោះ​កម្លាំង​របស់​ខ្ញុំ​វិញ ខ្ញុំ​ទន់ខ្សោយ ហេតុ​ដូច្នេះ​ហើយ ខ្ញុំ​នឹង​ពុំ​អួត​ពី​ខ្លួន​ខ្ញុំ​ឡើយ តែ​ខ្ញុំ​នឹង​អួត​ពី​ព្រះ​របស់​ខ្ញុំ​វិញ ដ្បិត​នៅ​ក្នុង​កម្លាំង​របស់​ទ្រង់ ខ្ញុំ​អាច​ធ្វើ​គ្រប់​ការណ៍​ទាំង​អស់ » ។១៤

ពេល​ការបម្រើ​ព្រះ​របស់​យើង​ក្លាយ​ជា​អាទិភាព​ចម្បង​ក្នុង​ជីវិត​របស់​យើង នោះ​យើង​លះបង់​ខ្លួន​យើង ហើយ​ទីបំផុត យើង​ស្គាល់​ខ្លួន​យើង ។១៥

ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​គោលការណ៍​នេះ​ដែល​សាមញ្ញ និង​ដោយ​ផ្ទាល់​ថា ៖ « ដូច្នេះ ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់គ្នា បាន​ភ្លឺ​នៅមុខ​ប្រជាជន​នេះ ដើម្បី​ឲ្យ​គេ​អាច​ឃើញ​ការល្អ​របស់​អ្នក​រាល់​គ្នា ហើយ សរសើរ​តម្កើង​ដល់​ព្រះវរបិតា​នៃ​អ្នករាល់​គ្នា ដែល​គង់​នៅលើ​ស្ថានសួគ៌ » ។១៦

ខ្ញុំ​សូម​ចែកចាយ​ជាមួយ​បងប្អូន​នូវ​ពាក្យ​សម្តី​នៃ​ប្រាជ្ញា​វាងវៃ ដែល​មាន​នៅលើ​ជញ្ជាំង​នៃ​មណ្ឌល​ក្មេង​កំព្រា​នៅ​ទីក្រុង​ខាលខុតតា ប្រទេស​ឥណ្ឌា ៖ « ប្រសិនបើ​អ្នក​មាន​សន្តាន​ចិត្ត​ល្អ នោះ​គេ​អាច​ចោទ​ប្រកាន់​អ្នក​អំពី​ភាព​អាត្មានិយម ដែល​លាក់​កំបាំង​ក្តីស្រឡាញ់ ។ ចូរ​មាន​សន្តាន​ចិត្ត​ល្អ​ជានិច្ច ។ អ្នក​ចំណាយ​ពេល​រាប់​ឆ្នាំ​ដើម្បី​សាងសង់ តែ​បុគ្គល​ម្នាក់​អាច​បំផ្លាញ​វា​តែ​មួយ​យប់​ប៉ុណ្ណោះ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ចូរ​សាងសង់​វា ។ សេចក្តីល្អ​ដែល​អ្នក​ធ្វើ​នៅ​ថ្ងៃនេះ ជារឿយៗ​មនុស្ស​នឹង​ភ្លេច​នៅ​ថ្ងៃ​ស្អែក ។ ចូរ​ធ្វើ​ល្អ​ជានិច្ច ។ ទោះ​ផ្តល់​ដល់​ពិភពលោក​ឲ្យ​អស់​ពី​សមត្ថភាព​ដែល​អ្នក​មាន​ក្តី ក៏​វា​ពុំ​គ្រប់គ្រាន់​ដែរ ។ ទោះ​ជា​យ៉ាង​ណា​ក្តី ចូរ​ផ្តល់​ដល់​ពិភពលោក​ឲ្យ​អស់​ពី​សមត្ថភាព​ដែល​អ្នក​អាច​ធ្វើ​បាន ។ បងប្អូន​ឃើញ​ទេ ទីបំផុត ការវិភាគ​ចុងក្រោយ​នោះ​គឺ​រវាង​អ្នក និង​ព្រះ​របស់​អ្នក​ប៉ុណ្ណោះ… » ។១៧

បងប្អូន​ស្រី​អើយ វា​គឺ​ជា​រឿង​រវាង​យើង និង​ព្រះអម្ចាស់ ។ ដូច​ប្រធាន ជែមស៍ អ៊ី ហ្វោស្ត មាន​ប្រសាសន៍​ថា ៖ « ‹ តើ​អ្វី​ទៅ​ជា​តម្រូវការ​ដ៏​ធំ​បំផុត​នៅក្នុង​ពិភពលោក ? ›… ‹ តើ​វា​ពុំមែន​ជា​តម្រូវការ​ដ៏​ខ្លាំង​បំផុត​នៅក្នុង​ពិភពលោក​ទាំង​មូល​សម្រាប់​បុគ្គល​ម្នាក់ ដើម្បី​មាន​ទំនាក់ទំនង​ផ្ទាល់​ខ្លួន បន្តបន្ទាប់ ជា​ប្រចាំ ជាប់លាប់​ជាមួយ​ព្រអង្គសង្គ្រោះ​ទេឬ​អី ? › ការមាន​ទំនាក់ទំនង​បែប​នោះ​អាច​ស្រាយ​បង្ហាញ​ភាពជាព្រះ​នៅក្នុង​ពួកយើង ហើយ​គ្មាន​អ្វី​អាច​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ប្រសើរ​ជាង​នៅក្នុង​ជីវិត​យើង ដូច​យើង​បាន​ស្គាល់ ហើយ​យល់​អំពី​ទំនាក់ទំនង​នៃ​ភាព​ជា​ព្រះ​របស់​យើង​ជាមួយ​ព្រះ​ឡើយ » ។​១៨

ស្រដៀង​គ្នា​ផងដែរ អាលម៉ា​បាន​ពន្យល់​កូន​ប្រុស​របស់​លោក​ថា « មែនហើយ ចូរ​អំពាវនាវ​ដល់​ព្រះ​នូវ​អស់​ទាំង​ការគាំទ្រ​របស់​កូន មែនហើយ ចូរ​ធ្វើ​អ្វីៗ​ទាំងអស់​ចំពោះ​ព្រះអម្ចាស់ ហើយ​ទោះ​ជាទី​ណា​ដែល​កូន​ទៅ គឺ​កូន​ទៅ​ក្នុង​ព្រះអម្ចាស់ មែនហើយ ចូរ​បំបែរ​មនោសញ្ចេតនា​ទាំងអស់​របស់​កូន ឆ្ពោះ​ទៅ​រក​ព្រះអម្ចាស់​វិញ មែន​ហើយ ចូរ​ដាក់​ចិត្ត​មេត្រី​របស់​កូន​ទៅ​លើ​ព្រះអម្ចាស់​ដរាប​ត​ទៅ » ។១៩

ហើយ​ប្រធាន រ័សុល អិម ណិលសុន ក៏​បាន​បង្រៀន​យើង​ដូចគ្នា​ថា « នៅ​ពេល​យើង​យល់​អំពី​ដង្វាយ​ធួន​ដោយ​ស្ម័គ្រ​ព្រះ​ទ័យ​របស់​ទ្រង់ នោះ​រាល់​ស្មារតី​ធ្វើ​ការ​ពលិកម្ម​របស់​យើង ត្រូវបាន​បិតបាំង​ជិត​ទាំងស្រុង​ដោយ​ស្មារតី​ដ៏​ជ្រាល​ជ្រៅ​នៃ​អំណរ​គុណ​ចំពោះ​អភ័យ​ឯក​សិទ្ធិ​ដែល​បាន​បម្រើ​ទ្រង់​វិញ » ។២០

បងប្អូន​ស្រី​អើយ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ពេល​ព្រះយេស៊ូវគ្រីស្ទ​ធ្វើការ ជួយ យើង និង នៅក្នុង យើង តាមរយៈ​អំណាច​នៃ​ដង្វាយធួន​របស់​ទ្រង់ នោះ​ទ្រង់​ចាប់ផ្តើម​ធ្វើការ តាមរយៈ យើង​ដើម្បី​ផ្តល់​ពរ​ដល់​មនុស្ស​ដទៃ ។ យើង​បម្រើ​ពួកគេ ប៉ុន្តែ​យើង​ធ្វើ​ដូច្នោះ​ដោយសារ​ការ​ស្រឡាញ់ និង​ការ​បម្រើ​ទ្រង់ ។ យើង​ក្លាយ​ដូចជា​អ្វី​ដែល​ខគម្ពីរ​ពិពណ៌នា​ថា ៖ « មនុស្ស [ និង​ស្ត្រី ] គ្រប់រូប​ស្វែង​រក​ចំណូលចិត្ត​នៃ​អ្នក​ជិតខាង​របស់ [ ខ្លួន ] ហើយ​ប្រព្រឹត្ត​នូវ​គ្រប់ការ​ទាំងអស់ ដោយ​មាន​ភ្នែក​ស្មោះស្ម័គ្រ​ទាំង​ស្រុង​ចំពោះ​សិរីល្អ​នៃ​ព្រះ » ។២១

ប្រហែល​ជា​ប៊ីស្សព​យើង​បាន​ដឹង​ថា នោះ​គឺជា​មេរៀន​ដែល​ស្វាមី​ខ្ញុំ និង​ខ្ញុំ​នឹង​រៀន​មក​ពី​ការមាន​ចេតនា​ដំបូង និង​ល្អ​នោះ ប៉ុន្តែ​ពុំ​ទាន់​ល្អ​ឥតខ្ចោះ​នៅ​ឡើយ គឺ​កិច្ចខិតខំ​ដើម្បី​ផ្តល់​ការងារ​បម្រើ​ដល់​បុត្រា និង​បុត្រី​ជាទីស្រឡាញ់​របស់​ព្រះ ។ ខ្ញុំ​សូម​ថ្លែង​សាក្សី​ផ្ទាល់​ខ្លួន និង​រឹងមាំ​របស់​ខ្ញុំ​អំពី​សេចក្តីល្អ និង​សេចក្តីស្រឡាញ់​ដែល​ទ្រង់​ចែកចាយ​ជាមួយ​ពួកយើង ពេល​យើង​ព្យាយាម​បម្រើ​ទ្រង់ ។ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។