ឆ្នាំ ២០១០-២០១៩
កំពុងតែ​ដាក់​គ្រឹះ​នៃ​កិច្ចការ​ដ៏​ធំ
ខែ តុលា ឆ្នាំ ២០១៨


កំពុងតែ​ដាក់​គ្រឹះ​នៃ​កិច្ចការ​ដ៏​ធំ

មេរៀន​ទាំងឡាយ​ដែល​យើង​បាន​បង្រៀន​តាមរយៈ​ទម្លាប់​ដែល​យើង​បង្កើត​ក្នុង​គេហដ្ឋាន​យើង ទោះជា​តូចតាច ឬ​សាមញ្ញ​ក្ដី មាន​សារៈសំខាន់​ណាស់​ក្នុង​ពិភពលោក​សព្វថ្ងៃ ។

ក្នុង​នាម​ជា​ឪពុកម្ដាយ​នៅ​ក្រុង​ស៊ីយ៉ូន យើង​មាន​កាតព្វកិច្ច​ដ៏​ពិសិដ្ឋ​មួយ​ដើម្បី​ជួយ​កូនចៅ​របស់​យើង​ឲ្យ​មាន​បំណងប្រាថ្នា និង​ការតាំងចិត្ត​ទទួលបាន​អំណរ ពន្លឺ និង​សេចក្ដីពិត​ដទៃ​ទៀត​នៃ​ដំណឹងល្អ​ព្រះយេស៊ូវគ្រីស្ទ ។ កាល​យើង​ចិញ្ចឹម​កូនៗ​យើង យើង​បង្កើត​ទម្លាប់​ផ្សេងៗ​ក្នុង​គេហដ្ឋាន​យើង ហើយ​យើង​បង្កើត​លំនាំ​ទំនាក់ទំនង និង​ឥរិយាបថ​ក្នុង​ទំនាក់ទំនង​គ្រួសារ​យើង ។ នៅ​ពេល​ធ្វើ​ដូចនោះ ទម្លាប់​ផ្សេងៗ​ដែល​យើង​បង្កើត ឡើង​គួរតែ​ធ្វើ​ឲ្យ​មាន​ភាពរឹងមាំ មាន​លក្ខណៈសម្បត្តិ​មុតមាំ​នៃ​ភាពល្អ​ក្នុង​កូនៗ​យើង ដែល​នឹង​ផ្ដល់​ឲ្យ​ពួកគេ​នូវ​ភាពរឹងមាំ​ដើម្បី​ប្រឈម​នឹង​ឧបសគ្គ​នានា​នៃ​ជីវិត ។

អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ គ្រួសារ​យើង​បាន​រីករាយ​នឹង​ទម្លាប់​នៃ​ការបោះ​តង់​លើ​ភ្នំ​ខ្ពស់ៗ​នៅ​តំបន់​ភ្នំ​អ៊ិនថា ភាគ​ឦសាន​រដ្ឋ​យូថាហ៍ ។ យើង​ធ្វើ​ដំណើរ​ចម្ងាយ ៣២​គីឡូម៉ែត្រ​តាម​ផ្លូវ​ដី​គ្រួស​ដើម្បី​ទៅ​ដល់​ជ្រលង​ភ្នំ​បៃតង​ដ៏​ស្រស់បំព្រង ដែល​មាន​ជ្រលងជ្រោះ​ខ្ពស់ៗ ដែល​នៅ​ចន្លោះ​ជ្រលង​ទាំង​នោះ​មាន​ទឹក​ទន្លេ​ដ៏​ត្រជាក់ និង​ថ្លា​ឈ្វេង ។ រាល់​ឆ្នាំ ដោយ​សង្ឃឹម​ថា​នឹង​រំឭក​អំពី​តម្លៃ​នៃ​គោលលទ្ធិ​ដំណឹងល្អ និង​ការអនុវត្ត​នានា​ទៅ​ដល់​ដួងចិត្ត​នៃ​កូនៗ និង​ចៅៗ​របស់​យើង នោះ​ស៊ូសាន និង​ខ្ញុំ​សូម​ឲ្យ​កូន​ប្រុស​ទាំង​ប្រាំ​មួយ​នាក់​យើង ព្រមទាំង​គ្រួសារ​ពួកគេ​ផង​ឲ្យ​រៀបចំ​សារលិខិត​ខ្លី​មួយ​អំពី​ប្រធានបទ​ដែល​ពួកគេ​ដឹង​ថា​ជា​ធាតុ​ដ៏​សំខាន់​ក្នុង​មូលដ្ឋានគ្រឹះ​នៃ​គេហដ្ឋាន​ដែល​ផ្ដោត​លើ​ព្រះយេស៊ូវគ្រីស្ទ ។ បន្ទាប់​មក យើង​ជួបជុំ​គ្នា​ក្នុង​ការប្រជុំធម្មនិដ្ឋាន​គ្រួសារ​មួយ​នៅ​ទីតាំង​ដែល​បាន​កំណត់ ហើយ​គ្រួសារ​នីមួយៗ​ធ្វើ​បទបង្ហាញ​សារលិខិត​របស់​ខ្លួន ។

រូបភាព
សារលិខិត​ឆ្លាក់​លើ​ថ្ម

ឆ្នាំ​នេះ ចៅៗ​របស់​យើង​បាន​សរសេរ​ប្រធានបទ​អំពី​សារលិខិត​របស់​ពួកគេ​នៅ​លើ​ដុំ​ថ្ម រួច​ពួកគេ​កប់​ដុំ​ថ្ម​ទាំងនោះ​ម្នាក់​ម្ដងៗ​នៅ​ក្បែរៗ​គ្នា តំណាង​ឲ្យ​គ្រឹះ​ដ៏​រឹងមាំ​ដែល​ជីវិត​ដ៏​រីករាយ​ត្រូវបាន​ស្ថាបនា​ឡើង ។ ក្នុង​ចំណោម​សារលិខិត​ទាំង​ប្រាំមួយ មាន​មួយ​បង្ហាញ​អំពី​សេចក្ដីពិត​មិន​ប្រែប្រួល និង​អស់កល្ប ដែល​ថា​ព្រះយេស៊ូគ្រីស្ទ​គឺ​ជា​ថ្ម​ជ្រុង​នៃ​មូលដ្ឋានគ្រឹះ​នោះ ។

អេសាយ​បាន​ចែង​ថា « ហេតុ​នោះ​បាន​ជា ព្រះអម្ចាស់យេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា មើល យើង​ដាក់​ថ្ម​១​នៅ​ក្រុង​ស៊ីយ៉ូន ទុក​ជា​ជើង​ជញ្ជាំង ជា​ថ្ម​ដែល​បាន​ល្បង​ហើយ ជា​ថ្ម​ជ្រុង​ទី​ដ៏​មាន​តម្លៃ​ដែល​បាន ដាក់​យ៉ាង​មាំមួន » ។ ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ថ្ម​ជ្រុង​ទី​ដ៏​មាន​តម្លៃ​នៃ​មូលដ្ឋានគ្រឹះ​របស់​ស៊ីយ៉ូន ។ គឺ​ទ្រង់​ហើយ​ដែល​បាន​ត្រាស់សម្ដែង​ដល់​ព្យាការី យ៉ូសែប ស៊្មីធ​ថា « ហេតុដូច្នោះហើយ ចូរកុំ​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ ដ្បិត​អ្នករាល់គ្នា​កំពុង​តែ​ដាក់គ្រឹះ​នៃ​កិច្ចការ​ដ៏​ធំ ។ ហើយ​ចេញ​ពី​ការណ៍​ដ៏​តូចតាច នោះ​បណ្តាល​ឲ្យ​មាន​ការណ៏​ដ៏​ធំធេង​ឡើង » ។

មេរៀន​ទាំងឡាយ​ដែល​យើង​បាន​បង្រៀន​តាមរយៈ​ទម្លាប់​ដែល​យើង​បង្កើត​ក្នុង​គេហដ្ឋាន​យើង ទោះជា​តូចតាច ឬ​សាមញ្ញ​ក្ដី មាន​សារៈសំខាន់​ណាស់​ក្នុង​ពិភពលោក​សព្វថ្ងៃ ។ តើ​កិច្ចការ​តូចតាច និង​សាមញ្ញ​ណា​ខ្លះ​ដែល​នៅ​ពេល​ត្រូវបាន​បង្កើត​ឡើង នឹង​ធ្វើ​ឲ្យ​មាន​កិច្ចការ​អស្ចារ្យ​មួយ​ក្នុង​ជីវិត​កូនចៅ​របស់​យើង ?

ប្រធាន រ័សុល អិម ណិលសុន ទើបតែ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​សមាជិក​នៅក្បែរ​ទីក្រុង​តូរ៉ុនតូ ប្រទេស​កាណាដា ហើយ​បាន​រំឭក​ឪពុកម្ដាយ​ទាំងឡាយ​យ៉ាង​មោះមុត អំពី​ករណីយកិច្ច​ដ៏​ពិសិដ្ឋ​ដែល​យើង​មាន​ដើម្បី​បង្រៀន​កូនចៅ​របស់​យើង ។ ក្នុង​ចំណោម​ករណីយកិច្ច​ចាំបាច់​ដែល​បាន​លើកឡើង ប្រធាន​ណិលសុន​បាន​សង្កត់​ធ្ងន់​លើ​កាតព្វកិច្ច​ដែល​យើង​មាន​ក្នុង​នាម​ជា​ឪពុក​ម្តាយ​ដើម្បី​បង្រៀន​កូនចៅ​របស់​ខ្លួន​ឲ្យ​យល់​អំពី​មូលហេតុ​ដែល​យើង​ទទួលទាន​សាក្រាម៉ង់ ភាពចាំបាច់​នៃ​ការកើត​ក្នុង​សេចក្ដីសញ្ញា និង​សារៈសំខាន់​នៃ​ការរៀបចំ​ខ្លួន​ទទួល​ពរ​របស់​លោក​អយ្យកោ ហើយ​លោក​បាន​លើកទឹកចិត្ត​ឪពុកម្ដាយ​ឲ្យ​ដឹកនាំ​ការអាន​ព្រះគម្ពីរ​ជា​ក្រុម​គ្រួសារ ។ តាមរយៈ​កិច្ចខិតខំ​នេះ ព្យាការី​ជា​ទីស្រឡាញ់​របស់​យើង​លើកទឹកចិត្ត​យើង​ឲ្យ​ធ្វើ​គេហដ្ឋាន​យើង​ក្លាយ​ជា « ទីបរិសុទ្ធ​នៃ​សេចក្ដីជំនឿ » ។

ក្នុង​ព្រះគម្ពីរ​មរមន អេណុស​កត់ត្រា​អំពី​ការដឹងគុណ​ដ៏​ជ្រាលជ្រៅ​ដែល​លោក​មាន​សម្រាប់​គំរូ​របស់​ឪពុក​លោក​ដែល « បាន​បង្រៀន [ លោក ] តាម​ភាសា​របស់​លោក និង​តាម​ដំបូន្មាន និង​សេចក្ដី​ដាស់តឿន​របស់​ព្រះអម្ចាស់ » ។ អេណុស​បាន​ប្រកាស​ដោយ​មុតមាំ​ថា « ហើយ​សូម​ឲ្យ​ព្រះ​នាម​នៃ​ព្រះ​របស់​ខ្ញុំ​បាន​ប្រកប​ដោយ​ព្រះ​ពរ​ចំពោះ​រឿង​នេះ​ចុះ » ។

ខ្ញុំ​រក្សា​ទម្លាប់​តូចតាច និង​សាមញ្ញ​ដែល​យើង​មាន​ក្នុង​គេហដ្ឋាន​យើង​ជាង ៣៥ ឆ្នាំ​ហើយ​ក្នុង​អាពាហ៍ពិពាហ៍​របស់​យើង ។ ទម្លាប់​របស់​យើង​ភាគ​ច្រើន​តូចតាច ប៉ុន្តែ​មាន​ខ្លឹមសារ ។ ឧទាហរណ៍ ៖

  • អំឡុង​ពេល​ល្ងាច​ដែល​ខ្ញុំ​មិន​នៅ​ផ្ទះ ខ្ញុំ​តែងតែង​ដឹង​ថា ក្រោម​ការដឹកនាំ​របស់​ស៊ូសាន នោះ​កូន​ប្រុស​ច្បង​របស់​ខ្ញុំ​នឹង​ស្ម័គ្រចិត្ត​ដោយ​មិន​ចាំបាច់​ស្នើសុំ ដើម្បី​ដឹកនាំ​ការសិក្សា​ព្រះគម្ពីរ និង​ការអធិស្ឋាន​ជា​គ្រួសារ ។

  • ទម្លាប់​មួយ​ទៀត––យើង​មិន​ដែល​ចេញ​ពី​ផ្ទះ ឬ​បញ្ចប់​ការសន្ទនា​តាម​ទូរសព្ទ​ដោយ​មិន​បាន​ពោល​ពាក្យ​ថា « យើង​ស្រឡាញ់​គ្នា » នោះ​ទេ ។

  • ជីវិត​យើង​មាន​ពរ​ដោយ​ការញែក​ពេល​ជា​ទៀងទាត់​មួយ ដើម្បី​រីករាយ​នឹង​ការសម្ភាស​ផ្ទាល់ខ្លួន​ជាមួយ​កូន​ប្រុសៗ​របស់​យើង ។ អំឡុង​ពេល​សម្ភាស ខ្ញុំ​បាន​សួរ​កូន​ប្រុស​យើង​ម្នាក់​អំពី​បំណងប្រាថ្នា​របស់​គាត់ និង​ការរៀបចំ​ខ្លួន​បម្រើ​បេសកកម្ម ។ បន្ទាប់​ពី​បាន​ពិភាក្សា​បន្តិច គាត់​គិត​យ៉ាង​ហ្មត់ចត់​ដោយ​មិន​និយាយ​អ្វី រួច​គាត់​ទ្រោប​ទៅ​មុខ ហើយ​បាន​ពោល​ថា « តើ​ប៉ា​ចាំ​បាន​អំពី​កាល​ខ្ញុំ​នៅ​តូច ហើយ​យើង​បាន​ចាប់ផ្ដើម​មាន​ការសម្ភាស​ជាមួយ​គ្នា​ទេ ? » ខ្ញុំ​តប​ថា « ចាំ​បាន » ។ គាត់​ពោល​ថា « ខ្ញុំ​បាន​សន្យា​នឹង​ប៉ា​ថា ខ្ញុំ​នឹង​បម្រើ​បេសកកម្ម ហើយ​ប៉ា និង​ម៉ាក់​បាន​សន្យា​ថា​នឹង​បម្រើ​បេសកកម្ម​ពេល​អ្នក​ទាំង​ពីរ​ចាស់​ទៅ » ។ បន្ទាប់​មក ដល់​វេន​ខ្ញុំ​មិន​និយាយ​អ្វី​ម្ដង ។ « តើ​ប៉ាម៉ាក់​មាន​បញ្ហា​មួយ​ចំនួន ដែល​រារាំង​មិន​ឲ្យ​បម្រើ​បេសកកម្ម—ដែល​ប្រហែលជា​ខ្ញុំ​អាច​ជួយ​បាន​ឬ​ទេ ? »

ទម្លាប់​ល្អៗ​ដ៏​ជាប់លាប់​ក្នុង​គ្រួសារ​ដែល​រួមមាន​ការអធិស្ឋាន ការអាន​ព្រះគម្ពីរ រាត្រីជួបជុំ​ក្រុមគ្រួសារ និង​ការចូលរួម​ការប្រជុំ​ក្នុង​ព្រះវិហារ ទោះជា​មើល​ទៅ​តូចតាច និង​សាមញ្ញ​ក្ដី ក៏​វា​បង្កើត​ជា​វប្បធម៌​នៃ​ក្ដីស្រឡាញ់ ការគោរព សាមគ្គីភាព និង​សុវត្ថិភាព​ដែរ ។ ក្នុង​ស្មារតី​ដែល​មាន​មក​ជាមួយ​កិច្ចខិតខំ​ទាំងនេះ កូនៗ​យើង​ត្រូវបាន​ការពារ​ពី​អណ្តាត​ភ្លើង​ដ៏​ខ្លាំងក្លា​របស់​អារក្ស ដែល​បង្កប់​យ៉ាង​ច្រើន​ក្នុង​វប្បធម៌​ខាង​លោកិយ​នៅ​ជំនាន់​យើង​នេះ ។

យើង​ត្រូវបាន​រំឭក​អំពី​ដំបូន្មាន​ដ៏​ឆ្លាតវៃ​របស់​ហេលេមិន​ដល់​ពួក​កូន​ប្រុស​លោក​ថា « ចូរ​ចងចាំ​ចុះ​ថា គឺ​នៅ​លើ​សិលា​នៃ​ព្រះ​ដ៏​ប្រោស​លោះ​នៃ​យើង គឺ​ព្រះ​គ្រីស្ទ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ដែល​កូន​ត្រូវ​សង់​គ្រឹះ​របស់​កូន ដើម្បី​កាលណា​អារក្ស​បញ្ចេញ​ខ្យល់​ដ៏​ខ្លាំង​ក្លា​របស់​វា​មក មែន​ហើយ ព្រួញ​របស់​វា​នៅ​ក្នុង​ខ្យល់​កួច មែន​ហើយ កាលណា​ព្រិល និង​ខ្យល់​ព្យុះ​កំណាច​ទាំង​អស់​របស់​វា​បោកបក់​មក​លើ​កូន នោះ​វា​នឹង​គ្មាន​អំណាច​មក​លើ​កូន​ឡើយ ដើម្បី​ទាញ​កូន​ចុះ​ទៅ​ក្នុង​ជង្ហុក​នៃ​សេចក្ដី​វេទនា និង​ទុក្ខ​លំបាក​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ពី​ព្រោះ​មក​ពី​សិលា​ដែល​កូន​បាន​សង់​នៅ​លើ​នោះ ដែល​ជា​គ្រឹះ​ដ៏​ខ្ជាប់​ខ្ជួន​មួយ ជា​គ្រឹះ​មួយ​បើ​សិន​ណា​មនុស្ស​សង់​នៅ​លើ​នោះ នោះ​ពួក​គេ​មិន​អាច​រលំ​បាន​ឡើយ » ។

ច្រើន​ឆ្នាំ​កន្លង​ទៅ អំឡុង​ពេល​ខ្ញុំ​បម្រើ​ជា​ប៊ីស្សព​ថ្មីថ្មោង សុភាព​បុរស​ចំណាស់​ម្នាក់​បាន​សូម​ខ្ញុំ​ជួប ។ គាត់​បាន​ប្រាប់​អំពី​ការដើរ​ចេញ​ពី​សាសនាចក្រ និង​ពី​ទម្លាប់​សុចរិត​របស់​ឪពុកម្ដាយ​គាត់​កាល​គាត់​នៅ​ក្មេង ។ គាត់​ពិពណ៌នា​យ៉ាង​ពិស្ដារ​អំពី​ភាពក្រៀមក្រំ​ដែល​គាត់​បាន​មាន​ក្នុង​ជីវិត​គាត់​ស្វែងរក​អំណរ​គ្មាន​ទីបញ្ចប់​របស់​គាត់​យ៉ាង​ឥត​ប្រយោជន៍ ក្នុង​ចំណោម​សុភមង្គល​តែ​មួយ​ភ្លែត​ដែល​លោកិយ​ផ្ដល់​ឲ្យ ។ ឥឡូវ​នេះ ក្នុង​ជីវិត​គាត់​ក្រោយ​ពី​នោះ​មក គាត់​ទទួល​បាន​អ្វី​មួយ​ដ៏​ទន់ភ្លន់ ពេល​ខ្លះ​ជា​ការបំផុស​ខ្សឹប​ប្រាប់​ដដែលៗ​មក​ពី​ព្រះវិញ្ញាណ​នៃ​ព្រះ​ដឹកនាំ​គាត់​ឲ្យ​ត្រឡប់​ទៅ​រក​មេរៀន ការអនុវត្ត អារម្មណ៍ និង​សុវត្ថិភាព​ខាង​វិញ្ញាណ​ដែល​គាត់​មាន​កាល​ពី​យុវវ័យ​វិញ ។ គាត់​បាន​សម្ដែង​ការដឹងគុណ​សម្រាប់​ទម្លាប់​ផ្សេង​របស់​ឪពុកម្ដាយ​គាត់ ហើយ​ក្នុង​ភាសា​បច្ចុប្បន្ន​គាត់​ពោល​ពាក្យ​របស់​អេណុស​ដែល​ប្រកាស​ថា « សូម​ឲ្យ​ព្រះ​នាម​នៃ​ព្រះ​របស់​ខ្ញុំ​បាន​ប្រកប​ដោយ​ព្រះ​ពរ​ចំពោះ​រឿង​នេះ​ចុះ » ។

ក្នុង​បទពិសោធន៍​របស់​ខ្ញុំ ការវិលត្រឡប់​របស់​បុរស​ជា​ទីស្រឡាញ់​នេះ​ទៅ​រក​ដំណឹងល្អ​វិញ ស្រដៀង​ទៅ​នឹង​មនុស្ស​ជាច្រើន​ដែរ ហើយ​កើត​ឡើង​ម្ដងហើយ​ម្ដង​ទៀត​ជាញឹកញាប់​ក្នុង​ចំណោម​បុត្រាបុត្រី​ព្រះ​ដែល​ចាក​ចេញ​ពី​សាសនាចក្រ​មួយ​រយៈ ហើយ​ត្រឡប់​មក​រក​ការបង្រៀន និង​ការអនុវត្ត​ដែល​ធ្លាប់​ធ្វើ​កាល​ពី​ក្មេង ។ នៅ​គ្រា​នោះ យើង​បង្ហាញ​ប្រាជ្ញា​នៃ​អ្នក​និពន្ធ​គម្ពីរ​សុភាសិត​ដែល​ដាក់តឿន​ឪពុកម្ដាយ​ទាំងឡាយ​ថា « ចូរ​បង្ហាត់​កូន​ក្មេង ឲ្យ​ប្រព្រឹត្ត​តាម​ផ្លូវ​ដែល​គួរ​ប្រព្រឹត្ត ៖​នោះ​វា​នឹង​មិន​លះបង់​ពី​ផ្លូវ​នោះ​ដរាប​ដល់​ចាស់ » ។

ឪពុកម្ដាយ​គ្រប់​រូប​ជួប​នឹង​គ្រា​នៃ​ការខូចចិត្ត និង​មាន​កម្រិត​នៃ​ការប្ដេជ្ញាចិត្ត និង​ភាពរឹងមាំ​ច្រើន​ប្រភេទ​នៅ​ពេល​ចិញ្ចឹម​កូនៗ ។ យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​ឪពុកម្ដាយ​អនុវត្ត​សេចក្ដីជំនឿ​ដោយ​ការបង្រៀន​កូនៗ​យ៉ាង​ឥត​លាក់លៀម ដោយ​មាន​ក្ដីស្រឡាញ់ និង​ធ្វើ​រាល់​កិច្ចការ​ដែល​ពួកគាត់​អាច​ធ្វើ​ដើម្បី​ជួយ​ពួកគេ​នៅ​តាម​ផ្លូវ នោះ​ពួកគេ​ទទួលបាន​ក្ដីសង្ឃឹម​កាន់តែ​ច្រើន​ថា គ្រាប់​ពូជ​ដែល​ព្រួស​នោះ​នឹង​ចាក់​ឫស​នៅ​ក្នុង​ចិត្ត និង​គំនិត​របស់​កូនៗ ។

ម៉ូសេ​បាន​យល់​ច្បាស់​អំពី​តម្រូវការ​គ្រឹះ​ឲ្យ​មាន​ការបង្រៀន​ជាប់លាប់​នេះ ។ លោក​បាន​ទូន្មាន​ថា « ត្រូវ​ឲ្យ​ប្រិតប្រៀន [ បន្ទូល​ទាំងនេះ ] ដល់​កូន​ចៅ​ឯង ព្រម​ទាំង​និយាយ​ដំណាល ក្នុង​កាល​ដែល​អង្គុយ​នៅ​ក្នុង​ផ្ទះ​ហើយ​ដើរ​តាម​ផ្លូវ ក្នុង​កាល​ដែល​ដេក ហើយ​ក្រោក​ឡើង​ផង » ។

យើង​លុត​ជង្គង់​ក្បែរ​កូនៗ​យើង​ពេល​អធិស្ឋាន​ជា​គ្រួសារ យើង​មើលថែ​ពួកគេ​ដោយ​ខិតខំ​រក្សា​ការអាន​ព្រះគម្ពីរ​ជា​គ្រួសារ​ដ៏​មាន​ខ្លឹមសារ យើង​មើលថែ​ពួកគេ​ដោយ​ការអត់ធ្មត់ ដោយ​ក្ដីស្រឡាញ់​ពេល​យើង​ចូលរួម​រាត្រី​ជួបជុំ​ក្រុមគ្រួសារ​ជាមួយ​គ្នា ហើយ​យើង​ខ្វាយខ្វល់​ពី​ពួកគេ​ពេល​យើង​អធិស្ឋាន ។ ឱ​យើង​ពិត​ជា​ចង់​ឲ្យ​គ្រាប់​ពូជ​ដែល​យើង​សាបព្រួស​នេះ ចាក់​ឫស​ទៅ​ក្នុង​ចិត្ត និង​គំនិត​របស់​កូនៗ​យើង​ណាស់ ។

ខ្ញុំ​ជឿ​ថា វា​មិន​សូវ​សំខាន់​ទេ​ទោះជា​កូនៗ​យើង « យល់ » នៅ​ពេល​យើង​បង្រៀន​នោះ​ដូចជា​ពេល​កំពុង​តស៊ូ​ក្នុង​ការអាន​ព្រះគម្ពីរ ឬ​ធ្វើ​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ឬ​ចូលរួម​ក្នុង​កម្មវិធី​ម៉្ញូតឆល និង​ការប្រជុំ​ផ្សេងៗ​ទៀត​ក្នុង​សាសនាចក្រ ។ វា​មិន​សូវ​សំខាន់​ទេ​ទោះជា​ក្នុង​គ្រា​នោះ​ពួកគេ​យល់​អំពី​សារៈសំខាន់​នៃ​សកម្មភាព​ទាំងនោះ ហើយ​ដែល​សំខាន់​នោះ​គឺ​ថា ក្នុង​នាម​យើង​ជា​ឪពុកម្ដាយ យើង​អនុវត្ត​ក្ដីជំនឿ​ដើម្បី​ធ្វើតាម​ព្រះឱវាទ​របស់​ព្រះអម្ចាស់​ដើម្បី​រស់នៅ បង្រៀន ដាស់តឿន​យ៉ាង​ឧស្សាហ៍ និង​បង្កើត​ការរំពឹងទុក​ដែល​ត្រូវបាន​បំផុសគំនិត​តាមរយៈ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ វា​ជា​កិច្ចខិតខំ​ធ្វើឡើង​ដោយ​ក្ដីជំនឿ––យើង​ជឿ​ថា ថ្ងៃ​ណា​មួយ​គ្រាប់ពូជ​ដែល​បាន​ព្រួស​ក្នុង​ភាពយុវវ័យ​របស់​ពួកគេ​នឹង​ចាក់​ឫស ហើយ​ចាប់ផ្ដើម​ដុះពន្លក និង​លូតលាស់ ។

អ្វី​ដែល​យើង​និយាយ អ្វី​ដែល​យើង​ប្រកាស និង​អ្វី​ដែល​យើង​បង្រៀន កំណត់​ពី​ហេតុការណ៍​ដែល​នឹង​កើតឡើង​ក្នុង​ចំណោម​ពួក​យើង ។ នៅ​ពេល​យើង​បង្កើត​ទម្លាប់​ល្អៗ​ដែល​បង្រៀន​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ នោះ​ព្រះវិញ្ញាណបរិសុទ្ធ​ថ្លែង​សាក្សី​អំពី​ភាពពេញលេញ​នៃ​សេចក្ដីពិត​ក្នុង​សារលិខិត​របស់​យើង ហើយ​ចិញ្ចឹម​បីបាច់​គ្រាប់​ពូជ​នៃ​ដំណឹងល្អ​ដែល​បាន​ដាក់​ដាំ​ជ្រៅ​ទៅ​ក្នុង​ចិត្ត​នៃ​កូនៗ​យើង​ដោយ​មាន​ការខិតខំ​យើង​នៅ​តាម​ផ្លូវ ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ដូច្នោះ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។