ឆ្នាំ ២០១០-២០១៩
ការឃ្វាល​ព្រលឹង​ទាំងឡាយ
ខែ តុលា ឆ្នាំ ២០១៨


ការឃ្វាល​ព្រលឹង​ទាំងឡាយ

យើង​ឈោង​ទៅ​ជួយ​មនុស្ស​ដទៃ​ដោយ​ក្តីស្រឡាញ់ ដោយសារ​វា​គឺជា​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​បង្គាប់​ឲ្យ​យើង​ធ្វើ ។

នៅក្នុង​ការសន្ទនា​ថ្មីៗ​នេះ​ជាមួយ​មិត្តភក្តិ​របស់​ខ្ញុំ គាត់​បាន​ប្រាប់​ខ្ញុំ​ថា កាល​គាត់​នៅ​ក្មេង ទើបតែ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ក្លាយ​ជា​សមាជិក​សាសនាចក្រ ភ្លាម​នោះ​គាត់​មាន​អារម្មណ៍​ថា ហាក់​ដូច​ជា​គ្មាន​ការស្វាគមន៍​គាត់​នៅក្នុង​វួដ​ឡើយ ។ ពួកអ្នក​ផ្សព្វផ្សាយ​សាសនាចក្រ​ដែល​បាន​បង្រៀន​គាត់​បាន​ប្តូរ​ទៅ​ឆ្ងាយ ហើយ​គាត់​មាន​អារម្មណ៍​ថា​ឯកោ ។ ដោយ​គ្មាន​មិត្តភក្តិ​នៅក្នុង​វួដ នោះ​គាត់​បាន​ជួប​មិត្ត​ចាស់​របស់​គាត់ ហើយ​ជាមួយ​មិត្តភក្តិ​ទាំងនោះ​គាត់​បាន​ពាក់ព័ន្ធ​នឹង​សកម្មភាព​ដែល​នាំ​គាត់​ឲ្យ​ចេញ​ឆ្ងាយ​ពី​ការចូលរួម​ព្រះវិហារ—គឺ​ច្រើន​ពេក​រហូត​ដល់​គាត់​បាន​ចាប់ផ្តើម​វង្វេង​ចេញ​ពី​ហ្វូង ។ គាត់​បាន​ពិពណ៌នា​ទាំង​ទឹក​ភ្នែក​អំពី​អំណរគុណដ៏​ធំ​ដែល​គាត់​មាន ពេល​សមាជិក​វួដ​បាន​ផ្តល់​ការងារ​បម្រើ​ដល់​គាត់ ហើយ​បាន​អញ្ជើញ​គាត់​ឲ្យ​ត្រឡប់​មក​វិញ ក្នុង​របៀប​ដ៏​កក់ក្តៅ និង​ប្រកប​ដោយ​ការ​រាប់អាន ។ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ គាត់​បាន​ត្រឡប់​មក​ក្នុង​ហ្វូង​វិញ​ដោយ​សុវត្ថិភាព ដោយ​ពង្រឹង​ដល់​មនុស្ស​ដទៃ ព្រមទាំង​ខ្លួន​គាត់​ផងដែរ ។ តើ​យើង​មិន​មាន​អំណរគុណ​សម្រាប់​អ្នក​គង្វាល​នៅក្នុង​ប្រទេស​ប្រេស៊ីល ដែល​បាន​មើល​ថែ​យុវជន​ម្នាក់​នេះ​គឺ​អែលឌើរ ខាឡូស អេ ហ្គូដយ ដែល​ឥឡូវ​នេះ​អង្គុយ​ក្រោយ​ខ្ញុំ ជា​សមាជិក​នៃ​គណៈប្រធាន​ពួកចិត​នាក់​ទេ​ឬ​អី ?

តើ​វា​មិនមែន​ជា​រឿង​អស្ចារ្យ​ទេ​ឬ​អី ដែល​កិច្ចខិតខំ​តូចតាច​មួយ​ដូចនេះ​អាច​មាន​លទ្ធផល​អស់កល្ប​ជានិច្ច​នោះ ? សេចក្តីពិត​នេះ​គឺ​ជា​ចំណុច​សំខាន់​នៃ​ការងារ​បម្រើ​របស់​សាសនាចក្រ ។ ព្រះវរបិតា​សួគ៌​អាច​យក​កិច្ចខិតខំ​សាមញ្ញ ប្រចាំ​ថ្ងៃ​របស់​យើង ហើយ​ធ្វើ​វា​ឲ្យ​ទៅ​ជា​អ្វី​មួយ​ដែល​អស្ចារ្យ ។ អស់​រយៈពេល​តែ​ប្រាំ​មួយ​ខែ​ប៉ុណ្ណោះ​ចាប់តាំង​ពី​ប្រធាន រ័សុល អិម ណិលសុន បាន​ប្រកាស​ថា ៖ « ព្រះអម្ចាស់​បាន​ធ្វើ​ការ​កែ​តម្រូវ​ដ៏​សំខាន់​តាម​របៀប​ដែល​យើង​អាច​មើល​ថែ​គ្នា​ទៅ​វិញ​ទៅ​មក »  ដោយ​ពន្យល់​ថា « យើង​នឹង​អនុវត្ត​មធ្យោបាយ​មួយ​កាន់តែ​ថ្មី កាន់តែ​បរិសុទ្ធ​ដើម្បី​មើល​ថែ និង​ផ្តល់​ការងារ​បម្រើ​ដល់​មនុស្ស​ដទៃ ។ ពួក​យើង​នឹង​ហៅ​កិច្ចខិតខំ​ទាំងនេះ​ដោយ​សាមញ្ញ​ថា ‹ ការងារ​បម្រើ › » ។

ប្រធាន​ណិលសុន​ក៏​បាន​ពន្យល់​ថា ៖ « សញ្ញា​សម្គាល់​នៃ​សាសនាចក្រ​ពិត និង​សកម្ម​របស់​ព្រះអម្ចាស់ ជានិច្ចកាល គឺ​ជា​ការខិតខំ​ដែល​បាន​រៀបចំ បាន​ដឹកនាំ​ទៅ​រក​ការ​បម្រើ​ដល់​បុត្រាបុត្រី​របស់​ព្រះ និង​ក្រុមគ្រួសារ​របស់​ពួកគេ​ម្នាក់ៗ ។ ដោយសារ​នេះ​គឺ​ជា​សាសនាចក្រ​របស់​ទ្រង់ នោះ​ពួក​យើង​ក្នុង​នាម​ជា​អ្នកបម្រើ​របស់​ទ្រង់​នឹង​ផ្តល់​ការងារ​បម្រើ​ដល់​មនុស្ស​ម្នាក់ៗ​ដូចជា​ទ្រង់​បាន​ធ្វើ ។ ពួក​យើង​នឹង​ផ្តល់​ការងារ​បម្រើ​នៅ​ក្នុង​ព្រះនាម​របស់​ទ្រង់ ដោយ​ព្រះចេស្ដា និង​សិទ្ធិ​អំណាច​របស់​ទ្រង់ ហើយ​ដោយ​សណ្ដាន​ចិត្ត​ល្អ​ដែល​ពោរពេញ​ដោយ​ក្ដីស្រឡាញ់​របស់​ទ្រង់ » ។

ចាប់តាំង​ពី​ការប្រកាស​នោះ​មក ការឆ្លើយតប​របស់​បងប្អូន​មាន​ភាពអស្ចារ្យ​ណាស់ ! យើង​បាន​ទទួល​របាយការណ៍​នៃ​ជោគជ័យ​ដ៏​អស្ចារ្យ​ក្នុងការ​អនុវត្ត​ការផ្លាស់ប្តូរ​ទាំង​នេះ​ស្ទើរតែ​គ្រប់​ស្តេក​នៅក្នុង​ពិភពលោក ដូច​បាន​ណែនាំ​ដោយ​ព្យាការី​នៅរស់​របស់​យើង ។ ឧទាហរណ៍ បងប្អូន​ប្រុស​ស្រី​ដែល​ផ្តល់​ការងារ​បម្រើ​ត្រូវ​បាន​ចាត់តាំង​ទៅ​ក្រុមគ្រួសារ ដៃគូ—រួម​ទាំង​យុវជន និង​យុវនារី—ត្រូវបាន​រៀបចំ​ឡើង ហើយ​ការសម្ភាស​ស្តីពី​ការងារ​បម្រើ​បាន​ធ្វើ​ឡើង ។

ខ្ញុំ​គិត​ថា ការប្រកាស​ប្រកប​ដោយ​វិវរណៈ​ស្តីពី​ការងារ​បម្រើ​ដែល​បាន​ធ្វើ​ឡើង​កាល ប្រាំមួយ​ខែ​មុន ពី​មុន​ការប្រកាស​ប្រកប​ដោយ​វិវរណៈ កាល​ពី​ម្សិលមិញ​នេះ​អំពី—« តុល្យភាព និង​ទំនាក់ទំនង​ថ្មី​មួយ​រវាង​ការណែនាំ​ដំណឹងល្អ​នៅក្នុង​គេហដ្ឋាន និង​នៅក្នុង​សាសនាចក្រ » —វា​ពុំមែន​ជា​រឿង​ចៃដន្យ​ទេ ។ ចាប់​ពី​ខែ​មករា​ត​ទៅ ពេល​យើង​ថ្វាយ​បង្គំ​នៅ​ព្រះវិហារ​តែ​ពីរ​ម៉ោង នោះ​អ្វីៗ​ទាំងអស់​ដែល​យើង​បាន​រៀន​នៅក្នុង​ការងារ​បម្រើ​នឹង​ជួយ​យើង ឲ្យ​ថ្លឹងថ្លែង​ឡើង​វិញ​នៅ​ម៉ោង​ទំនេរ​នោះ ក្នុង​របៀប​មួយ​កាន់តែ​ខ្ពង់ខ្ពស់ និង​កាន់តែ​បរិសុទ្ធ ដើម្បី​មាន​ថ្ងៃ​ឈប់​សម្រាក​ដែល​ផ្តោត​ទៅលើ​គេហដ្ឋាន​ជាមួយ​គ្រួសារ និង​មនុស្ស​ជា​ទី​ស្រឡាញ់ ។

ជាមួយ​នឹង​រចនា​សម្ព័ន្ធ​ទាំង​នេះ យើង​អាច​សួរ​ថា តើ​យើង​ដឹង​ថា យើង​កំពុង​ផ្តល់​ការងារ​បម្រើ​តាម​របៀប​ព្រះអម្ចាស់​ដោយ​របៀប​ណា ? តើ​យើង​ជួយ​អ្នក​គង្វាល​ល្អ​នៅក្នុង​របៀប​ដែល​ទ្រង់​ប៉ង​ដែរ​ឬ​ទេ ? »

ក្នុង​ការពិភាក្សា​ថ្មីៗ​នេះ ប្រធាន ហិនរី ប៊ី អាវរិង បាន​លើក​សរសើរ​ដល់​ពួក​បរិសុទ្ធ​នៅក្នុង​ការកែតម្រូវ​ចំពោះ​ការផ្លាស់ប្តូរ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ទាំង​នេះ ប៉ុន្តែ​ក៏​បាន​បង្ហាញ​សេចក្តីសង្ឃឹម​ដ៏​ស្មោះសរ​របស់​លោក​ថា សមាជិក​ទទួល​ស្គាល់​ថា ការងារ​បម្រើ​គឺ​វា​លើស​ពី « ការគ្រាន់តែ​មាន​សន្តាន​ចិត្ត​ល្អ​ទៅ​ទៀត » ។ នោះ​ពុំមែន​មាន​ន័យ​ថា ការមាន​សន្តាន​ចិត្ត​ល្អ​គឺ​មិន​សំខាន់​នោះ​ទេ ប៉ុន្តែ​អស់​អ្នក​ដែល​យល់​អំពី​ស្មារតី​ពិត​នៃ​ការងារ​បម្រើ​ដឹង​ថា វា​ត្រូវ​ធ្វើ​លើស​ពី​ការគ្រាន់តែ​មាន​សន្តាន​ចិត្ត​ល្អ​ទៅ​ទៀត ។ ដោយ​បាន​ធ្វើ​តាម​របៀប​របស់​ព្រះអម្ចាស់ ការងារ​បម្រើ​អាច​មាន​ឥទ្ធិពល​យូរ​អង្វែង​សម្រាប់​សេចក្តីល្អ ដែល​បន្ត​មាន​លុះ​ដល់​អស់​កល្ប​ត​រៀង​ទៅ ដូច​វា​បាន​កើត​ឡើង​ដល់​អែលឌើរ​ហ្គូដយ ។

« ព្រះអង្គសង្គ្រោះ​បាន​បង្ហាញ​ជា​គំរូ​អំពី​អត្ថន័យ​នៃ​ការងារ​បម្រើ នៅ​ពេល​ទ្រង់​បម្រើ​ដោយសារ​តែ​សេចក្ដីស្រឡាញ់ ។… ទ្រង់…បាន​បង្រៀន អធិស្ឋាន​សម្រាប់​មនុស្ស​ដទៃ លួងលោម​ចិត្ត ហើយ​ប្រទានពរ​ដល់​មនុស្ស​ជុំវិញ​ទ្រង់ ដោយ​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ដើរ​តាម​ទ្រង់ ។… នៅ​ពេល​សមាជិក​សាសនាចក្រ​ផ្ដល់​ការងារ​បម្រើ [ នៅក្នុង​មធ្យោបាយ​មួយ​កាន់តែ​ខ្ពង់ខ្ពស់ និង​កាន់តែ​បរិសុទ្ធ ] នោះ​ពួកគេ​ព្យាយាម​បម្រើ​ប្រកប​ដោយ​ការអធិស្ឋាន​ដូច​ទ្រង់​បាន​ធ្វើ—ដើម្បី…‹ មើល​ការ​ខុសត្រូវ​លើ​សាសនាចក្រ​ជានិច្ច ហើយ​នៅ​ជាមួយ និង​ចម្រើន​កម្លាំង​ពួក​គេ › ដើម្បី ‹ ទៅ​ផ្ទះ​នៃ​សមាជិក​ម្នាក់ៗ › និង​ជួយ​មនុស្ស​ម្នាក់ៗ​ឲ្យ​ក្លាយ​ជា​សិស្ស​ពិត​របស់​ព្រះយេស៊ូវគ្រីស្ទ » ។

យើង​យល់​ថា អ្នក​គង្វាល​ពិត​ស្រឡាញ់​ចៀម​គាត់ ស្គាល់​ឈ្មោះ​ចៀម​នីមួយៗ ហើយ « មាន​ចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួន​លើ » ចៀម​ទាំង​នោះ ។

រូបភាព
ចៀម​នៅលើ​ភ្នំ

ជាច្រើន​ឆ្នាំ​មក​ហើយ​មិត្ត​ម្នាក់​របស់​ខ្ញុំ​បាន​ចំណាយ​ពេល​ក្នុង​ជីវិត​គាត់​ធ្វើ​ជា​ម្ចាស់​កសិដ្ឋាន ខិតខំ​ចិញ្ចឹម​សត្វ​គោ និង​ចៀម​នៅ​ភ្នំ​រ៉កគី​ដ៏​មាំមួន ។ មាន​គ្រា​មួយ គាត់​បាន​ចែកចាយ​ជាមួយ​ខ្ញុំ​អំពី​ឧបសគ្គ និង​គ្រោះថ្នាក់​ដែល​ទាក់ទង​នឹង​ការចិញ្ចឹម​ចៀម ។ គាត់​បាន​រៀបរាប់​ថា នៅ​ដើម​រដូវ​ផ្ការីក ពេល​ព្រិល​នៅលើ​ជួរ​ភ្នំ​ជាច្រើន​បាន​រលាយ​ស្ទើរតែ​អស់ នោះ​គាត់​បាន​ដាក់​ហ្វូង​ចៀម​របស់​គ្រួសារ​គាត់​ដែល​មាន​ចៀម​ប្រហែល​ជា ២០០០ ក្បាល​នៅលើ​ភ្នំ​នោះ​សម្រាប់​រដូវ​ក្តៅ ។ នៅ​ទីនោះ គាត់​បាន​មើល​ថែ​ចៀម​រហូត​ដល់​ជិត​ផុត​រដូវ​ស្លឹក​ឈើ​ជ្រុះ ពេល​ពួកគេ​ត្រូវ​ប្តូរ​ពី​ទីវាល​ចិញ្ចឹម​ចៀម​រដូវ​ក្តៅ​ទៅ​ទីវាល​ចិញ្ចឹម​ចៀម​រដូវ​រងា​នៅក្នុង​វាល​រហោស្ថាន ។ គាត់​បាន​ពិពណ៌​នា​អំពី​សេចក្តីលំបាក​ដ៏​ខ្លាំង​ក្នុងការ​មើល​ថែ​ហ្វូង​ចៀម​ដ៏​ធំ ទាំង​តម្រូវការ​តាំង​ពី​ព្រលឹម រហូត​ដល់​យប់​ជ្រៅ—ក្រោក​ពី​ព្រលឹម​អុល​ពីមុន​ព្រះអាទិត្យ​រះ ហើយ​ចប់​កិច្ចការ​រហូត​ដល់​យប់​ងងឹត ។ គាត់​ពុំ​អាច​ធ្វើ​វា​តែ​ម្នាក់​ឯង​បាន​ទេ ។

រូបភាព
អ្នក​ចិញ្ចឹម​សត្វ​ជាមួយ​ចៀម

មនុស្ស​ផ្សេង​ទៀត​បាន​ជួយ​មើល​ថែ​ហ្វូង​ចៀម​នោះ រួមមាន​កម្មករ​មាន​បទពិសោធន៍​បាន​ជួយ​កម្មករ​ថ្មីៗ​ដែល​ទទួល​បាន​ប្រយោជន៍​មក​ពី​ដៃគូ​របស់​ពួកគេ​ដែល​មាន​ប្រាជ្ញា ។ គាត់​ក៏​ពឹង​ទៅលើ​សេះ​ចាស់​ពីរ​ក្បាល កូនសេះ​ពីរ​ក្បាល​ដែល​កំពុង​ហ្វឹកហ្វាត់ សុនក​ចាស់​យាម​ចៀម​ពីរ​ក្បាល និង​កូន​សុនក​យាម​ចៀម​ពីរ​បី​ក្បាល​ទៀត ។ អំឡុងពេល​រដូវ​ក្តៅ មិត្ត​របស់​ខ្ញុំ និង​ចៀម​គាត់​បាន​ជួប​នឹង​ខ្យល់ ព្រមទាំង​ព្យុះ​ភ្លៀង ជំងឺ គ្រោះថ្នាក់ គ្រោះ​រាំង​ស្ងួត និង​ការ​លំបាក​ផ្សេងៗ​ទៀត​ដែល​យើង​អាច​ស្រមៃ​ឃើញ ។ មាន​ឆ្នាំ​ខ្លះ ពួកគេ​ត្រូវ​ដឹក​ជញ្ជូន​ទឹក​ពេញ​មួយ​ឆ្នាំ​ដើម្បី​ទុក​ឲ្យ​ចៀម​ទាំង​នោះ​ផឹក ។ បន្ទាប់​មក រៀងរាល់​ឆ្នាំ​នៅ​ចុង​រដូវ​ស្លឹក​ឈើ​ជ្រុះ ពេល​អាកាសធាតុ​រដូវ​រងា​បាន​ចាប់ផ្តើម​ចូល​មក​ដល់ ហើយ​ត្រូវ​យក​ចៀម​ចេញ​ពី​ភ្នំ និង​រាប់​ចៀម ជាទូទៅ​មាន​ចៀម​ជាង ២០០ ក្បាល​បាន​បាត់ ។

រូបភាព
គៀង​ចៀម
រូបភាព
ហ្វូង​ចៀម

ហ្វូង​ចៀម ២០០០ ក្បាល​ដែល​បាន​ដាក់​នៅលើ​ភ្នំ​នៅ​ដើម​រដូវ​ផ្ការីក​នោះ​បាន​កាត់​បន្ថយ​នៅ​តិច​ជាង ១៨០០ ក្បាល​ប៉ុណ្ណោះ ។ ចៀម​ភាគច្រើន​ដែល​បាត់​ខ្លួន ពុំ បាត់​បង់​ដោយ​សារ​ជំងឺ ឬ​ស្លាប់​ដោយ​ធម្មជាតិ​នោះ​ទេ ប៉ុន្តែ​ដោយសារ​សត្វ​សាហាវ​ដូចជា​តោ ឬ​កញ្ជ្រោង​ភ្នំ​ស៊ី​ជា​អាហារ ។ សត្វ​សាហាវ​ទាំង​នេះ​តែងតែ​ឃើញ​ចៀម​ដែល​បាន​វង្វេង​ចេញ​ពី​ហ្វូង​ដ៏​មាន​សុវត្ថិភាព ដោយ​ដក​ខ្លួន​ពួកគេ​ចេញ​ពី​ការការពារ​របស់​អ្នក​គង្វាល​ពួកវា ។ តើ​បងប្អូន​អាច​ពិចារណា​មួយ​សន្ទុះ​អំពី​អ្វី​ដែល​ខ្ញុំ​ទើប​តែ​ពិពណ៌នា​នេះ​ក្នុង​បរិបទ​ខាង​វិញ្ញាណ​ដែរ​ឬ​ទេ ? តើ​នរណា​ជា​អ្នក​គង្វាល ? តើ​នរណា​ជា​ហ្វូង​ចៀម ? តើ​នរណា​ជា​អ្នក​ជួយ​អ្នក​គង្វាល​នោះ ?

រូបភាព
អ្នក​គង្វាល​ល្អ

ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​ផ្ទាល់​មាន​ព្រះ​បន្ទូល​ថា ៖ « ខ្ញុំ​ជា​អ្នក​គង្វាល​ល្អ ខ្ញុំ​ស្គាល់​ចៀម​របស់​ខ្ញុំ ហើយ​ចៀម​ក៏​ស្គាល់​ខ្ញុំ…ខ្ញុំ​ស៊ូ​ប្តូរ​ជីវិត​ខ្ញុំ​នឹង​ចៀម » ។

រូបភាព
ព្រះយេស៊ូវ​ឲ្យ​ចំណី​ចៀម​ទ្រង់

ព្យាការី​នីហ្វៃ​ក៏​បាន​បង្រៀន​ដូច​នេះ​ដែរ​ថា ព្រះយេស៊ូវ « នឹង​ចិញ្ចឹម​ចៀម​របស់​ទ្រង់ ហើយ​នៅ​ក្នុង​ព្រះ​អង្គ នោះ​ពួក​វា​នឹង​រក​ឃើញ​វាលស្មៅ » ។ ខ្ញុំ​មាន​ភាព​សុខសាន្ត​នៅក្នុង​ការដឹង​ថា « ព្រះអម្ចាស់​គឺ​ជា​អ្នក​គង្វាល ខ្ញុំ »  ហើយ​ទ្រង់​ស្គាល់ និង​មើល​ថែ​យើង​ម្នាក់ៗ ។ ពេល​យើង​ជួប​នឹង​ខ្យល់ និង​ព្យុះ​ភ្លៀង​នៃ​ជីវិត ជំងឺ គ្រោះថ្នាក់ និង​ភាព​រាំង​ស្ងួត នោះ​ព្រះអម្ចាស់—អ្នក​គង្វាល​យើង—នឹង​ប្រទាន​ការងារ​បម្រើ​ដល់​យើង ។ ទ្រង់​នឹង​ស្តារ​ព្រលឹង​របស់​យើង​ឡើង​វិញ ។

នៅក្នុង​របៀប​ដូច​មិត្ត​របស់​ខ្ញុំ​មើល​ថែ​ចៀម​របស់​គាត់​ដោយ​មាន​ជំនួយ​របស់​កម្មករ សេះ សុនក​យាម​ចៀម​ទាំង​ចាស់ ទាំង​ក្មេង​ដែរ នោះ​ព្រះអម្ចាស់​ក៏​ត្រូវការ​ជំនួយ​នៅក្នុង​ឧបសគ្គ​ការងារ​នៃ​ការមើល​ថែ​ដល់​ចៀម​នៅក្នុង​ហ្វូងចៀម របស់​ទ្រង់ ផងដែរ ។

រូបភាព
ការងារ​បម្រើ​របស់​ព្រះយេស៊ូវគ្រីស្ទ

ក្នុង​នាម​ជា​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌​ពោរពេញ​ដោយ​ក្តីស្រឡាញ់ ហើយ​ក្នុងនាម​ជា​ចៀម​ក្នុង​ហ្វូង​ចៀម​ទ្រង់ នោះ​យើង​រីករាយ​នឹង​ពរជ័យ​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រទាន​ការងារ​បម្រើ​ដល់​យើង​ម្នាក់ៗ ។ ទន្ទឹម​នឹង​នេះ​ដែរ យើង​មាន​ការទទួល​ខុស​ត្រូវ​មួយ ដើម្បី​ផ្តល់​ជំនួយ​ដែល​ជា​ការងារ​បម្រើ​ដល់​មនុស្ស​ដទៃ​នៅ​ជុំវិញ​យើង​ក្នុង​នាម​យើង​ផ្ទាល់​ជា​អ្នក​គង្វាល ។ យើង​ស្តាប់​តាម​បន្ទូល​របស់​ព្រះអម្ចាស់​ឲ្យ « បម្រើ​យើង ហើយ​ចេញ​ទៅ​ក្នុង​នាម​យើង ហើយ…ប្រមូល​ចៀម​របស់​យើង » ។១០

តើ​នរណា​ជា​អ្នក​គង្វាល ? បុរស​ស្ត្រី និង​កុមារ​គ្រប់​រូប​នៅក្នុង​នគរ​ព្រះ​គឺ​ជា​អ្នក​គង្វាល ។ ពុំ​តម្រូវ​ឲ្យ​មាន​ការហៅ​ជា​ផ្លូវការ​នោះ​ទេ ។ ចាប់តាំង​ពី​ពេល​ដែល​យើង​ងើប​ចេញ​ពី​ទឹក​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​មក យើង​ត្រូវ​ចាត់​ឲ្យ​ធ្វើ​កិច្ចការ​នេះ ។ យើង​ឈោង​ទៅ​ជួយ​មនុស្ស​ដទៃ​ដោយ​ក្តីស្រឡាញ់ ដោយសារ​វា​គឺជា​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​បង្គាប់​ឲ្យ​យើង​ធ្វើ ។ អាលម៉ា​បាន​គូស​បញ្ជាក់​ថា ៖ « តើ​មាន​អ្នក​គង្វាល​ណា​មួយ…ដែល​មាន​ចៀម​ច្រើន ហើយ​ពុំ​បាន​មើល​ចៀម​ទាំង​នោះ ដើម្បី​កុំ​ឲ្យ​ចចក​ចូល​មក​ស៊ី​ចៀម​របស់​ខ្លួន ?… តើ​អ្នក​គង្វាល​ពុំ​ដេញ​វា​ចេញ​ទេ​ឬ​អី ? »១១ មិន​ថា​នៅពេល​ណា​ដែល​អ្នក​ជិតខាង​យើង​មាន​ទុក្ខ​ព្រួយ​ខាង​សាច់ឈាម ឬ​ខាង​វិញ្ញាណ​ទេ ចូរ​យើង​ប្រញាប់​ទៅ​ជួយ​ពួកគេ ។ យើង​រែក​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឲ្យ​បន្ទុក​នោះ​បាន​ស្រាល ។ យើង​ទួញ​យំ​ជាមួយ​អស់​អ្នក​ណា​ដែល​ទួញ​យំ ។ យើង​កម្សាន្ដ​ទុក្ខ​ដល់​អស់​អ្នក​ណា​ដែល​កំពុង​ត្រូវ​ការ​កម្សាន្ដ​ទុក្ខ ។១២ ព្រះអម្ចាស់​រំពឹង​ចង់​បាន​ការណ៍​នេះ​ពី​ពួកយើង​ដោយ​ក្តីស្រឡាញ់ ។ ហើយ​ថ្ងៃ​នោះ​នឹង​មក​ដល់ ពេល​យើង​នឹង​ត្រូវបាន​ឲ្យ​ទទួល​ខុសត្រូវ​សម្រាប់​ការមើល​ថែ ដែល​យើង​ធ្វើ​នៅក្នុង​ការងារ​បម្រើ​ដល់​ហ្វូង​ចៀម​របស់​ទ្រង់ ។១៣

មិត្ត​ខ្ញុំ​ដែល​ជា​អ្នក​គង្វាល​បាន​ចែកចាយ​ធាតុ​សំខាន់​មួយ​ផ្សេង​ទៀត​នៅក្នុង​ការមើល​ថែ​ចៀម​នៅ​ឯ​ទីវាល ។ គាត់​បាន​ពិពណ៌នា​ថា ចៀម​ដែល​បាត់​គឺ​ជា​ចៀម​ដែល​ងាយ​រង​គ្រោះ​ជាពិសេស​ដោយសារ​គ្រោះថ្នាក់​ពី​សត្វ​សាហាវ ។ ប្រាកដ​ណាស់ គាត់ និង​ក្រុម​គាត់​បាន​ចំណាយ​ពេល ១៥ ភាគរយ​នៃ​ពេល​វេលា​របស់​ពួកគាត់​ដើម្បី​ស្វែងរក​ចៀម​ដែល​វង្វេង​នោះ ។ កាលណា​ពួកគេ​រក​ឃើញ​ចៀម​ដែល​វង្វេង​នោះ​កាន់តែ​ឆាប់ ពីមុន​ចៀម​នោះ​ចេញ​កាន់តែ​ឆ្ងាយ​ពី​ហ្វូង ដរាប​នោះ​ចៀម​ដែល​បាត់​ទំនង​ជា​ពុំសូវ​មាន​គ្រោះថ្នាក់​ឡើយ ។ តម្រូវ​ឲ្យ​មាន​ការអត់ធ្មត់ និង​ការលុតដំ​ខ្លួន​យ៉ាង​ខ្លាំង ដើម្បី​រក​ចៀម​ដែល​បាត់​ឃើញ​វិញ ។

« ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​បាន​ឃើញ​អត្ថបទ​មួយ​នៅក្នុង​សារព័ត៌មាន​ក្នុង​មូលដ្ឋាន​មួយ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​បាន​ទុក​វា ។ នៅ​ទំព័រ​មុខ​មាន​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា « សុនក​ដែល​មាន​ការប្តេជ្ញា​ចិត្ត មិន​បោះបង់​ចោល​ចៀម​ដែល​វង្វេង​ឡើយ » ។១៤ អត្ថបទ​នេះ​ពិពណ៌នា​អំពី​ចៀម​មួយ​ក្រុម​តូច​ដែល​ជា​កម្មសិទ្ធិ​របស់​ម្ចាស់​កសិដ្ឋាន​ម្នាក់ ដែល​នៅមិន​ឆ្ងាយ​ពី​កសិដ្ឋាន​មិត្ត​របស់​ខ្ញុំ​ដែល​ត្រូវបាន​ទុកចោល​ឲ្យ​នៅក្នុង​ទីវាល​របស់​ពួកគេ​នា​រដូវ​ក្តៅ​មួយ ។ ពីរបី​ខែ​ក្រោយ​មក ចៀម​ទាំង​នោះ​បាន​ផ្អើល ហើយ​ជាប់​នៅក្នុង​ព្រិល​នៅលើ​ភ្នំ​នោះ ។ នៅពេល​គេ​ទុក​ចៀម​ចោល​ដូច្នោះ សុនក​យាម​ចៀម​បន្ត​នៅ​ជាមួយ​ចៀម​ទាំង​នោះ ដ្បិត​នោះ​គឺ​ជា​កាតព្វកិច្ច​របស់​វា​ដើម្បី​មើល​ថែ និង​ការពារ​ចៀម​នោះ ។ សុនក​នោះ​មិន​ឈប់​មើល​ថែ​ចៀម​ទាំង​នោះ​ទេ ! នៅទីនោះ​សុនក​បាន​បន្ត—ដើរ​ជុំ​វិញ​ចៀម​ដែល​វង្វេង​អស់​ជា​ច្រើន​ខែ​នៅក្នុង​អាកាសធាតុ​ត្រជាក់ និង​មាន​ព្រិល​ធ្លាក់ ដោយ​ធ្វើ​ជា​របាំង​ការពារ​ប្រឆាំង​នឹង​កញ្ជ្រោង តោ​ភ្នំ ឬ​សត្វ​សាហាវ​ផ្សេង​ទៀត​ដែល​ចង់​ធ្វើ​បាប​ចៀម​នោះ ។ សុនក​នោះ​បន្ត​នៅ​ទីនោះ​រហូត​ដល់​វា​អាច​ដឹកនាំ ឬ​គៀង​ចៀម​នោះ​ត្រឡប់​ទៅ​កន្លែង​សុវត្ថិភាព​របស់​អ្នក​គង្វាល និង​ហ្វូង​ចៀម​វិញ ។ រូបភាព​ដែល​បាន​ថត​ពី​លើ​ទំព័រ​មុខ​នៃ​អត្ថបទ​នេះ​អាច​ឲ្យ​បុគ្គល​ម្នាក់​ឃើញ​ពី​បុគ្គលិក​លក្ខណៈ​នៅក្នុង​ក្រសែ​ភ្នែក និង​ឥរិយាបថ​របស់​សុនក​យាម​ចៀម​មួយ​ក្បាល ។

រូបភាព
បុគ្គលិក​លក្ខណៈ​នៅក្នុង​ក្រសែ​ភ្នែក និង​ឥរិយាបថ​របស់​សុនក​យាម​ចៀម

នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី យើង​ឃើញ​ពី​រឿង​ប្រដូច និង​ការណែនាំ​មួយ​មក​ពី​ព្រះអង្គសង្គ្រោះ ដែល​ផ្តល់​ការយល់​ដឹង​បន្ថែម​ទាក់ទង​នឹង​ការទទួល​ខុសត្រូវ​របស់​យើង​ក្នុង​នាម​ជា​អ្នក​គង្វាល ជា​បងប្អូន​ប្រុស​ស្រី​ដែល​ផ្តល់​ការងារ​បម្រើ​ដល់​ចៀម​ដែល​បាត់ ៖

« ក្នុង​ពួកអ្នករាល់​គ្នា បើ​អ្នក​ណា​មាន​ចៀម​មួយ​រយ តែ​បាត់​មួយ តើ​មិន​ទុក​ចៀម​កៅសិប​ប្រាំបួន​ឲ្យ​នៅ​ទីរហោស្ថាន ដើម្បី​នឹង​ទៅ​តាម​រក​ចៀម​មួយ​ដែល​បាត់​ទាល់​តែ​ឃើញ​ទេ​ឬ​អី ?

កាល​ណា​រក​ឃើញ​ហើយ នោះ​ក៏​លើក​ព្រនរ​មក​ដោយ​អំណរ ។

លុះ​មក​ដល់​ផ្ទះ​វិញ អ្នក​នោះ​នឹង​ហៅ​ពួក​សំឡាញ់ និង​ពួក​អ្នក​ជិត​ខាង​មក​ប្រាប់​ថា សូម​អរ​សប្បាយ​ជា​មួយ​នឹង​ខ្ញុំ ដ្បិត​ចៀម​ខ្ញុំ​ដែល​បាត់ នោះ​ឃើញ​វិញ​ហើយ » ។១៥

ពេល​យើង​សង្ខេប​មេរៀន​ដែល​បាន​បង្រៀន​នៅក្នុង​រឿង​ប្រដូច​នេះ យើង​ឃើញ​ពី​ការទូន្មាន​ដ៏​មាន​តម្លៃ ៖

  1. យើង​ត្រូវ​ស្វែងរក​ចៀម​ដែល​បាត់ ។

  2. យើង​ស្វែងរក​ពួកគេ​រហូត​ដល់​រក​ពួកគេ​ឃើញ ។

  3. ពេល​យើង​រកឃើញ​ពួកគេ នោះ​យើង​អាច​ដាក់​ពួកគេ​នៅ​លើ​ស្មា​យើង​នាំ​ពួកគេ​មក​ផ្ទះ​វិញ ។

  4. យើង​ធ្វើ​ជា​មិត្តភក្តិ​នឹង​ពួកគេ​ពេល​ពួកគេ​ត្រឡប់​មក​វិញ ។

បង​ប្អូន​ប្រុស​ស្រី​អើយ ឧបសគ្គ​ដ៏​ធំ​បំផុត​របស់​យើង និង​រង្វាន់​ដ៏​មហិមា​របស់​យើង​អាច​កើត​មាន​ឡើង ពេល​យើង​ផ្តល់​ការងារ​បម្រើ​ដល់​ចៀម​ដែល​បាត់ ។ សមាជិក​សាសនាចក្រ​នៅក្នុង​ព្រះគម្ពីរ​មរមន « [ បាន ] ថែទាំ​ប្រជាជន ហើយ​បាន​ផ្ដល់​ដល់​គេ​នូវ​អ្វីៗ​ដែល​ទាក់ទង​ទៅ​នឹង​សេចក្ដីសុចរិត » ។១៦ យើង​អាច​ធ្វើ​តាម​គំរូ​របស់​ពួកគេ ហើយ​ចាំ​ថា ការងារ​បម្រើ​ត្រូវបាន « ដឹកនាំ​ដោយ​ព្រះវិញ្ញាណ…អាច​បត់បែន ហើយ…កែសម្រួល​ឲ្យ​ស្រប​ទៅ​នឹង​សេចក្ដីត្រូវការ​របស់​សមាជិក​ម្នាក់ៗ » ។ វា​គឺជា​រឿង​សំខាន់​ថា យើង « ព្យាយាម​ជួយ​បុគ្គល និង​គ្រួសារ​ទាំងឡាយ​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​ទទួល​ពិធីបរិសុទ្ធ​បន្ទាប់ៗ​ទៀត​របស់​ពួកគេ ឲ្យ​គោរព​តាម​សេចក្ដីសញ្ញា [ របស់​ពួកគេ ]…ហើយ​ក្លាយ​ជា​មនុស្ស​មាន​ភាពខ្លួន​ទីពឹង​ខ្លួន » ។១៧

គ្រប់​ព្រលឹង​ទាំង​អស់​មាន​តម្លៃ​ចំពោះ​ព្រះវរបិតាសួគ៌​យើង ។ ការអញ្ជើញ​ដោយ​ផ្ទាល់​របស់​ទ្រង់​ដើម្បី​ផ្តល់​ការងារ​បម្រើ​គឺ​មាន​គុណតម្លៃ​ខ្លាំង​បំផុត ព្រមទាំង​សំខាន់​ចំពោះ​ទ្រង់ ដ្បិត​នេះ​ជា​កិច្ចការ និង​សិរី​ល្អ​របស់​ទ្រង់ ។ ប្រាកដ​ណាស់ វា​គឺ​ជា​កិច្ចការ​នៃ​ភាពអស់កល្ប​ជានិច្ច ។ បុត្រាបុត្រី​គ្រប់រូប​របស់​ទ្រង់​មាន​សក្តានុពល​ដែល​ពុំ​អាច​កាត់ថ្លៃ​បាន​នៅក្នុង​ព្រះ​នេត្រ​របស់​ព្រះ ។ ទ្រង់​ស្រឡាញ់ បងប្អូន ដោយ​សេចក្តីស្រឡាញ់​ដែល​បងប្អូន​ពុំ​អាច​ចាប់ផ្តើម​យល់​បាន​ឡើយ ។ ដូច​រឿង​សុនក​យាម​ចៀម​ដ៏​ស្មោះត្រង់​ដែរ នោះ​ព្រះអម្ចាស់​នឹង​បន្ត​នៅ​លើ​ភ្នំ​ដើម្បី​ការពារ បងប្អូន ឆ្លង​កាត់​ខ្យល់ ព្យុះភ្លៀង ព្រិល និង អ្វីៗ​ជា​ច្រើន​ទៀត ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​យើង​កាល​ពី​សន្និសីទ​មុន​ថា ៖ « សារលិខិត​របស់​យើង​ទៅកាន់​ពិភពលោក [ ហើយ​ខ្ញុំ​អាច​បន្ថែម​ថា ‹ ដល់​ក្រុម​អ្នក​ផ្តល់​ការងារ​បម្រើ​របស់​យើង › ] គឺ​សាមញ្ញ ហើយ​ដោយ​ស្មោះ ៖ ពួក​យើង​សូម​អញ្ជើញ​បុត្រា​បុត្រី​របស់​ព្រះ​ទាំងអស់​ទាំង នៅ​សង្ខាង​នៃ​វាំងនន ឲ្យ​មក​រក​ព្រះអង្គសង្គ្រោះ ទទួល​យក​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​ដ៏​បរិសុទ្ធ ទទួល​បាន​អំណរ​យូរ​អង្វែង និង​ស័ក្ដិសម​សម្រាប់​ជីវិត​អស់កល្ប​ជានិច្ច ។១៨

សូម​ឲ្យ​យើង​លើក​កម្ពស់​ការយល់​ដឹង​យើង​ឆ្ពោះ​ទៅ​កាន់​ទស្សនវិស័យ​របស់​ព្យាការី ដើម្បី​យើង​អាច​ឃ្វាល​ព្រលឹង​ទាំងឡាយ​ឆ្ពោះ​ទៅ​កាន់​ព្រះវិហារ​បរិសុទ្ធ ហើយ​ទីបំផុត​ឆ្ពោះ​ទៅកាន់​ព្រះអង្គសង្គ្រោះ​គឺ​ព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់​ពុំ​រំពឹង​ឲ្យ​យើង​ធ្វើ​អព្ភូតហេតុ​អ្វី​ឡើយ ។ ទ្រង់​គ្រាន់តែ​ស្នើសុំ​ថា យើង​ត្រូវ​នាំ​បងប្អូន​ប្រុសស្រី​យើង​មក​កាន់​ទ្រង់ ដ្បិត ទ្រង់ មាន​ព្រះចេស្តា​ដើម្បី​សង្គ្រោះ​ព្រលឹង​ទាំងឡាយ ។ នៅពេល​យើង​ធ្វើ​ដូច្នោះ យើង​អាច ហើយ​នឹង​ទទួល​បាន​ការសន្យា​នេះ ៖ « រួច​កាល​ណា​មេ​ពួក​អ្នក​គង្វាល​បាន​លេច​មក​នោះ​នឹង​ទទួល​ភួង​ជ័យ ដែល​មិន​ចេះ​ស្រពោន​ឡើយ » ។១៩ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​ការណ៍​នេះ—និង​អំពី​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះអង្គសង្គ្រោះ និង​ព្រះប្រោសលោះ​យើង—នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។