ឆ្នាំ ២០១០-២០១៩
ឈ្មោះ​ត្រឹមត្រូវ​របស់​សាសនាចក្រ
ខែ តុលា ឆ្នាំ ២០១៨


ឈ្មោះ​ត្រឹមត្រូវ​របស់​សាសនាចក្រ

ព្រះយេស៊ូវគ្រីស្ទ​បាន​ដឹកនាំ​ឲ្យ​ហៅ​សាសនាចក្រ​នេះ​តាម​ព្រះនាម​របស់​ទ្រង់ ដោយសារ​នេះ​គឺជា​សាសនាចក្រ​របស់​ទ្រង់ ហើយ​វា​ពោរពេញ​ដោយ​ព្រះចេស្ដា​របស់​ទ្រង់ ។

បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់ នៅ​ថ្ងៃ​ឈប់​សម្រាក​ដ៏​ស្រស់​បំព្រង​នេះ យើង​បាន​រីករាយ​ជាមួយ​នឹង​គ្នា​ចំពោះ​ពរជ័យ​ជាច្រើន​មក​ពី​ព្រះ ។ យើង​មាន​អំណរគុណ​ណាស់​ចំពោះ​ទីបន្ទាល់​របស់​បងប្អូន​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ស្ដារ​ឡើង​វិញ ចំពោះ​ការ​លះបង់​ដែល​បងប្អូន​បាន​ធ្វើ ដើម្បី​បន្ត ឬ​ត្រឡប់​ទៅ​ផ្លូវ​នៃ​សេចក្ដីសញ្ញា និង​ចំពោះការ​បម្រើ​របស់​បងប្អូន​ដែល​មាន​ការ​លះបង់​ខ្ពស់​នៅ​ក្នុង​សាសនាចក្រ​របស់​ទ្រង់ ។

នៅ​ថ្ងៃ​នេះ ខ្ញុំ​បង្ខំ​ចិត្ត​ឲ្យ​ពិភាក្សា​ជាមួយ​នឹង​បងប្អូន​នូវ​បញ្ហា​មួយ​ដែល​មាន​សារៈ​សំខាន់​បំផុត ។ ប៉ុន្មាន​សប្ដាហ៍​មុន ខ្ញុំ​បាន​ចេញ​សេចក្ដីថ្លែង​ការណ៍​មួយ​ស្ដីពី​ការ​ហៅ​ឈ្មោះ​របស់​សាសនាចក្រ​ឲ្យ​បាន​ត្រឹមត្រូវ ។​ ខ្ញុំ​បាន​ធ្វើ​ការណ៍​នេះ ដោយសារ​ព្រះអម្ចាស់​បាន​បំផុស​គំនិត​ខ្ញុំ​អំពី​សារៈសំខាន់​នៃ​ឈ្មោះ​ដែល​បាន​ប្រកាស​សម្រាប់​សាសនាចក្រ​របស់​ទ្រង់ គឺ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។

ដូច​បងប្អូន​បាន​រំពឹង​ទុក ការ​ឆ្លើយ​តប​ចំពោះ​សេចក្ដី​ថ្លែង​ការណ៍​នេះ និង​ចំពោះ​រចនាបទ​ដែល​បាន​កែសម្រួល  ត្រូវ​បាន​ដាក់​បញ្ចូល​គ្នា ។ ភ្លាមៗ​នោះ មាន​សមាជិក​ជាច្រើន​បាន​កែតម្រូវ​ឈ្មោះ​របស់​សាសនាចក្រ​នៅ​លើ​ទំព័រ​បណ្ដាញ និង​ទំព័រ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​ពួកគេ ។ មាន​មនុស្ស​ខ្លះ​ទៀត​បាន​ងឿង​ឆ្ងល់​ថា ហេតុអ្វី​វា​គឺជា​រឿង​ចាំបាច់​ដើម្បី​គូស​បញ្ជាក់​ពី​អ្វី​មួយ​ដែល« ពុំ​សូវ​សំខាន់ » ខណៈ​ដែល​រឿង​ជាច្រើន​កំពុង​កើត​ឡើង​ក្នុង​ពិភព​លោក ។ ហើយ​ខ្លះ​ទៀត​បាន​ពោល​ថា វា​ពុំ​អាច​ធ្វើ​ទៅ​បាន​ទេ តើ​ខំ​ព្យាយាម​ធ្វើ​អ្វី ? ខ្ញុំ​សូម​ពន្យល់​ពី​ហេតុផល​ដែល​យើង​ខ្វល់​ខ្វាយ​យ៉ាង​ខ្លាំង​អំពី​បញ្ហា​នេះ ។ ប៉ុន្តែ​ដំបូង ខ្ញុំ​សូម​ថ្លែង​នូវ​អ្វីដែល​ពុំ​មែន ជា​គោលបំណង​នៃ​ការ​ខិតខំ​នេះ ៖

  • វា ពុំ​មែន​ជា​ការ​ប្ដូរ​ឈ្មោះ​នោះ​ទេ ។

  • វា ពុំ​មែន​ ជា​ការ​ផ្លាស់​ប្ដូរ​រូបភាព​ថ្មី​អំពី​សាសនាចក្រ​នោះ​ទេ ។

  • វា ពុំ​មែន ជា​រឿង​សើរៗ​នោះ​ទេ ។

  • វា​ពុំ​មែន​ជា​ការ​ធ្វើ​ដោយ​ពុំ​គិត​ល្អិតល្អន់​នោះ​ដែរ ។

  • ហើយ​វា​ក៏​ពុំ​មែន ជា​រឿង​ដែល​ពុំ​សំខាន់​នោះ​ឡើយ ។

ផ្ទុយ​ទៅ​វិញ វា គឺជា ការ​កែ​តម្រូវ​មួយ ។ វា គឺជា បទបញ្ញត្តិ​របស់​ព្រះអម្ចាស់ ។ យ៉ូសែប ស្ម៊ីធ ពុំ​បាន​ដាក់​ឈ្មោះ​សាសនា​ដែល​បាន​ស្ដារ​ឡើង​វិញ​តាមរយៈ​លោក​ឡើយ ហើយ​មរមន​ក៏​ដូច​គ្នា​ដែរ ។ គឺ​ព្រះអង្គ​សង្គ្រោះ​ផ្ទាល់​ដែល​មាន​បន្ទូល​ថា « ដ្បិត​សាសនាចក្រ​របស់​យើង​នឹង​ត្រូវបាន​ហៅ​ថា​ដូច្នោះ ហើយ​នៅ​គ្រាចុងក្រោយ​បង្អស់ គឺជា​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទនៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ » ។

សូម្បី​តែកាល​ពី​បុរាណ នៅ​ឆ្នាំ ៣៤ គ.ស. ព្រះអម្ចាស់​របស់​យើង​ដែល​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ ទ្រង់​បាន​ប្រទាន​ការណែនាំ​ដូចគ្នា​ដល់​សមាជិក​សាសនាចក្រ​របស់​ទ្រង់ នៅ​ពេល​ទ្រង់​បាន​យាង​ទៅ​ជួប​ពួកគេ​នៅ​ទ្វីប​អាមេរិក ។ នៅ​គ្រា​នោះ​ទ្រង់​បាន​មាន​បន្ទូល​ថា ៖

« អ្នក​រាល់​គ្នា​ត្រូវ​ហៅ​សាសនាចក្រ​តាម​នាម​យើង ។ …

« ហើយ​តើ​នេះ​ជា​សាសនាចក្រ​របស់​យើង​ដូច​ម្ដេច​កើត លើក​លែង​តែ​ហៅ​តាម​នាម​យើង ? ដ្បិត​បើ​សិន​ជា​សាសនាចក្រ​នេះ ហៅ​តាម​ឈ្មោះ​លោក​ម៉ូសេ នោះ​ជា​សាសនាចក្រ​របស់​លោក​ម៉ូសេ​ហើយ ឬ​បើ​សិន​ជា​សាសនាចក្រ​នេះ​ហៅ​តាម​ឈ្មោះ​របស់​បុរស​ណា​ម្នាក់ នោះ​ជា​សាសនាចក្រ​របស់​បុរស​នោះ​ហើយ តែ​បើ​សិន​ជា​សាសនាចក្រ​នេះ​ហៅ​តាម​នាម​យើង នោះ​ទើប​ជា​សាសនាចក្រ​របស់​យើង » ។

ដូច្នេះ ឈ្មោះ​របស់​សាសនាចក្រ​ពុំ​អាច​ផ្លាស់​ប្ដូរ​បាន​ទេ ។ នៅពេល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​យ៉ាង​ច្បាស់​ពី​ឈ្មោះ​នៃ​សាសនាចក្រ​របស់​ទ្រង់ ហើយ​ថែម​ទាំង​បាន​ប្រកាស​នូវ​សេចក្ដី​ប្រកាស​ជាមួយ​នឹង​ឃ្លា​ថា « សាសនាចក្រ​របស់​យើង​នឹង​ត្រូវ​បាន​ហៅ​ថា​ដូច្នោះ » នោះទ្រង់​មាន​បន្ទូល​យ៉ាង​ម៉ឺង​ម៉ា់ត់ ។ ហើយ​ប្រសិន​បើ​យើង​អនុញ្ញាត​ឲ្យ​ឈ្មោះ​ហៅ​ក្រៅ​ត្រូវ​បាន​យក​មក​ប្រើ ឬ​សម្រប ឬ​សូម្បី​តែ​លើក​កម្ពស់​ឈ្មោះ​ហៅ​ក្រៅ​ទាំង​នោះ​ដោយ​ខ្លួន​ឯង​ក្ដី នោះ​ទ្រង់​នឹង​អាក់​អន់​ព្រះទ័យ ។

តើ​ឈ្មោះ​មួយ ឬ​ក្នុង​ករណី​នេះ ឈ្មោះ​ហៅ​ក្រៅ​មួយ​មាន​តម្លៃ​អ្វី​ខ្លះ ? ទាក់​ទង​នឹង​ឈ្មោះ​ហៅ​ក្រៅ​របស់​សាសនាចក្រ ដូចជា « សាសនាចក្រ អិល.ឌី.អេស. » « សាសនាចក្រ​មរមន » ឬ​« សាសនាចក្រ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ » នោះ​អ្វី​ដែល​សំខាន់​បំផុត នៅក្នុង ឈ្មោះ​ទាំង​នោះ​គឺ ការ​បាត់ ព្រះនាម​របស់​ព្រះអង្គសង្គ្រោះ ។ ការ​ដក​យក​ព្រះនាម​របស់​ព្រះអម្ចាស់​ចេញ​ពី​សាសនាចក្រ​របស់​ព្រះអម្ចាស់​គឺជា​ជោគជ័យ​ដ៏​ធំ​មួយ​សម្រាប់​សាតាំង ។ នៅពេល​យើង ដក​យក ព្រះនាម​របស់​ព្រះអង្គ​សង្គ្រោះ នោះ​យើង​កំពុង បដិសេធ នូវ​រាល់​អ្វីៗ​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​សម្រាប់​យើង—រួម​ទាំង​ដង្វាយ​ធួន​របស់​ទ្រង់​ផង​ដែរ ។

សូម​ពិចារណា​ពី​បញ្ហា​នេះ​ចេញ​ពី​ទស្សនវិស័យ​របស់​ទ្រង់ ៖ នៅ​ជីវិត​ពីមុន​ឆាក​ជីវិត​នេះ ទ្រង់​គឺជា​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​គម្ពីរ​សញ្ញា​ចាស់ ។ នៅក្រោម​ការដឹកនាំ​របស់​ព្រះវរបិតា​ទ្រង់ នោះ​ព្រះអង្គ​គឺ​ជា​ព្រះ​ដ៏​បង្កបង្កើត​នៃ​ពិភពលោក​នេះ និង​ពិភពលោក​ផ្សេង​ទៀត ។ ទ្រង់​បាន​ជ្រើស​រើស​ចុះចូល​តាម​ព្រះទ័យ​របស់​ព្រះវរបិតា​ទ្រង់ ហើយ​ធ្វើ​រឿង​មួយ​សម្រាប់​បុត្រា​បុត្រី​ទាំងអស់​របស់​ព្រះ ដែល​គ្មាន​នរណា​ម្នាក់​ផ្សេង​ទៀត​អាច​ធ្វើ​បាន​ឡើយ ! ការ​យាង​ចុះ​មក​ផែនដី​ជា​បុត្រា​ស្ងួន​ភ្ញា​របស់​ព្រះវរបិតា​នៅ​ក្នុង​សាច់​ឈាម នោះ​ទ្រង់​ត្រូវ​បាន​គេ​ស្អប់ ចំអក ស្ដោះ​ទឹក​មាត់​ដាក់ និង​វាយ​នឹង​រំពាត់​យ៉ាង​ឃោរឃៅ ។ នៅ​ក្នុង​សួន​ច្បារ​គែតសាម៉ានី ព្រះអង្គ​សង្គ្រោះ​របស់​យើង​បាន​លើក​ដាក់​មក​លើ​អង្គ​ទ្រង់នៅ រាល់ ការ​ឈឺចាប់ រាល់ អំពើ​បាប ព្រមទាំង​រាល់ ការ​បារម្ភ និង​រាល់ ការ​រងទុក្ខ​ដែល​បងប្អូន និង​ខ្ញុំ ព្រមទាំង​មនុស្ស​គ្រប់​រូប​ដែល​ធ្លាប់​រស់​នៅ ឬ​នឹង​រស់​នៅ​បាន​ដក​ពិសោធន៍ ។ នៅ​ក្រោម​ទម្ងន់​នៃ​បន្ទុក​ដ៏​ឈឺចាប់​នោះ ទ្រង់​បាន​ហូរ​លោហិត​ចេញ​ពី​គ្រប់​រន្ធ​ញើស ។ ការ​រងទុក្ខ​ទាំង​នេះ​កាន់​តែ​មាន​ភាព​ខ្លាំង​ឡើង នៅពេល​ទ្រង់​ត្រូវ​បាន​គេ​ឆ្កាង​នៅ​លើ​ឈើ​ឆ្កាង​ត្រង់​កាលវ៉ារី​យ៉ាង​ឃោរ​ឃៅ ។

តាមរយ​បទពិសោធន៍​ដ៏​ឈឺចាប់​ទាំង​នេះ និង​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់​នៅ​ពេល​ក្រោយ​មក—ជា​ដង្វាយធួន​ដ៏​និរន្ដរ​របស់​ទ្រង់—នោះ​ទ្រង់​បាន​ប្រទាន​អមតភាព​ដល់​មនុស្ស​គ្រប់​រូប ហើយ​បាន​បង់​ថ្លៃ​ជំនួស​យើង​ម្នាក់ៗ​ឲ្យ​រួច​ផុត​ពី​ឥទ្ធិពល​នៃ​អំពើបាប យោង​តាម​លក្ខខណ្ឌ​នៃ​ការ​ប្រែ​ចិត្ត​របស់​យើង ។

បន្ទាប់​ពី​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ និង​ការ​ស្លាប់​របស់​ពួក​សាវក​របស់​ទ្រង់ នោះ​ពិភពលោក​នេះ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​គ្រា​នៃ​សេចក្ដី​ងងឹត​អស់​ជា​ច្រើន​សតវត្សរ៍ ។ បន្ទាប់មក នៅ​ឆ្នាំ ១៨២០ ព្រះជា​ព្រះវរបិតា និង​ព្រះរាជ​បុត្រា​របស់​ទ្រង់​គឺ​ព្រះយេស៊ូវ​គ្រីស្ទ បាន​យាង​មក​ជួប​នឹង​ព្យាការី​យ៉ូសែប ស្ម៊ីធ ដើម្បី​ផ្ដួច​ផ្ដើម​ការ​ស្ដារ​ឡើង​វិញ​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់ ។

បន្ទាប់​ពី​អ្វីៗ​ដែល​ទ្រង់​បាន​ស៊ូទ្រាំ—ហើយ​បន្ទាប់​ពី​អ្វីៗ​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​មនុស្ស​លោក—ខ្ញុំ​មាន​ចិត្ត​សោកស្ដាយ​យ៉ាង​ខ្លាំង ដោយ​សារ​យើង​បាន​ទទួល​យក​ទាំង​ពុំ​ដឹង​ខ្លួន ដោយ​ហៅ​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះអម្ចាស់​តាម​ឈ្មោះ​ផ្សេង​វិញ ដែល​ឈ្មោះ​នីមួយៗ​បាន​ដក​ចេញ​នូវ​ព្រះនាម​ដ៏​ពិសិដ្ឋ​របស់​ព្រះយេស៊ូវគ្រីស្ទ !

រាល់​ថ្ងៃ​អាទិត្យ នៅពេល​យើង​ទទួល​ទាន​សាក្រាម៉ង់​ដោយ​ស័ក្ដិសម នោះ​យើង​រំឭក​ចាំ​ការ​សន្យា​ដ៏​ពិសិដ្ឋ​របស់​យើង​ចំពោះ​ព្រះវរបិតា​សួគ៌​ថា យើង​នឹង​យល់​ព្រម​លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​នៃ​ព្រះរាជបុត្រា​របស់​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ។ យើង​សន្យា​ដើម្បី​ដើរ​តាម​ទ្រង់ ប្រែចិត្ត គោរព​បទបញ្ញត្តិ​របស់​ទ្រង់ ហើយ​ចងចាំ​ទ្រង់ ជានិច្ច

នៅពេល​យើង​ដក​ព្រះនាម​របស់​ទ្រង់​ចេញ​ពី​សាសនាចក្រ​របស់​ទ្រង់ យើង​កំពុង​តែ​ដក ទ្រង់ ចេញ​ក្នុង​នាម​ជា​គ្រឹះ​នៃ​ជីវិត​របស់​យើង ។

ការ​លើក​ដាក់​ព្រះនាម​របស់​ព្រះអង្គ​សង្គ្រោះ​មក​លើ​ខ្លួន​យើង រួម​មាន ការ​ប្រកាស និង​ការ​ធ្វើ​ជា​សាក្សី​ដល់​មនុស្ស​ដទៃ​ផង​ដែរ—តាមរយៈ​សកម្មភាព និង​ពាក្យ​សម្ដី​របស់​យើង—ថា ព្រះយេស៊ូវ​គឺ​ជាព្រះគ្រីស្ទ ។ តើ​យើង​មាន​ការ​ភ័យ​ខ្លាច​ខ្លាំង​ក្នុង​ការ​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ដែល​ហៅ​យើង​ថា « ពួក​មរមន » អាក់អន់​ចិត្ត ហើយ​ពុំ​បាន ការពារ ព្រះអង្គ​សង្គ្រោះ ដើម្បី​ឈរ​ការពារ​ជំនួស​ទ្រង់ សូម្បី​តែ​ឈ្មោះ​សាសនាចក្រ​របស់​ទ្រង់​មែន​ទេ ?

ប្រសិន​បើ​យើង​ម្នាក់ៗ​រួម​គ្នា​ចង់​ទទួល​បាន​ព្រះចេស្ដា​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ—ដើម្បី​សម្អាត ហើយ​ព្យាបាល​យើង ដើម្បី​ពង្រឹង ហើយ​តម្កើង​យើង ហើយ​នៅ​ទីបំផុត​តម្កើង​យើង​ឡើង—នោះ​យើង​ត្រូវ​តែ​ទទួល​ស្គាល់​ទ្រង់​ឲ្យ​បាន​ច្បាស់​ថា ទ្រង់​ជា​ប្រភព​នៃ​ព្រះចេស្ដា​នោះ ។ យើង​អាច​ចាប់ផ្ដើម​ដោយ​ហៅ​សាសនាចក្រ​របស់​ទ្រង់​តាម​ឈ្មោះ​ដែល​ទ្រង់​បាន​ប្រកាស ។

ភាគច្រើន​នៃ​ពិភពលោក​នេះ សាសនាចក្រ​របស់​ព្រះអម្ចាស់​ត្រូវបាន​គេ​ហៅ​ថា​ជា​« សាសនាចក្រ​មរមន » ។ ប៉ុន្តែ​ក្នុង​នាម​យើង​ជា​សមាជិក​សាសនាចក្រ​របស់​ព្រះអម្ចាស់ យើង​ដឹង​ថា អង្គ​ដែល​គង់​ជា​សិរសា​នៃ​សាសនាចក្រ​នេះ​គឺ​ព្រះយេស៊ូវគ្រីស្ទ​ផ្ទាល់ ។ ជា​អកុសល មាន​មនុស្ស​ជាច្រើន​ដែល​ឮ​ពាក្យ​ថា មរមន អាច​គិត​ថា យើង​ថ្វាយ​បង្គំ​លោក​មរមន ។ វា​ពុំ​មែន​ដូច្នោះ​ទេ ! យើង​គោរព ហើយ​ផ្ដល់​កិត្តិយស​ដល់​ព្យាការី​ពី​បុរាណ​ដ៏​អស្ចារ្យ​នៅ​ទ្វីប​អាមេរិក​រូប​នោះ ។ ប៉ុន្តែ​យើង ពុំមែន ជា​ពួក​សិស្ស​របស់​មរមន​ទេ ។ យើង​គឺ​ជាពួក​សិស្ស​របស់​ព្រះអម្ចាស់ ។

នៅ​សម័យ​ដើម​នៃ​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើង​វិញ ពាក្យ​ដូចជា សាសនាចក្រ​មរមន និង ពួក​មរមន ១០ ជារឿយៗ ត្រូវបាន​ប្រើជា​ពាក្យ​ប្រមាថ—ជា​ពាក្យ​ដ៏​អាក្រក់ ជា​ពាក្យ​រំលោភ​បំពាន—ដែល​បាន​រៀប​ចំឡើង​ដើម្បី​បិទ​បាំង​ព្រះចេស្ដា​របស់​ព្រះ​នៅ​ក្នុង​ការ​ស្ដារ​ឡើង​វិញ​នូវ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ ។១១

បងប្អូន​ប្រុស​ស្រី មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ជាច្រើន​ខាង​លោកិយ​ទាស់​នឹង​ការ​ស្ដារ​ឡើង​វិញ​នូវ​ឈ្មោះ​ត្រឹមត្រូវ​របស់​សាសនាចក្រ​នេះ ។ ដោយ​សារ​យើង​រស់នៅ​ក្នុង​ពិភព​ឌីជីថល ហើយ​មាន​នូវ​ម៉ាស៊ីន​ស្រាវជ្រាវ​ដ៏​ប្រសើរ​ដែល​ជួយ​យើង​ទាំងអស់​គ្នា​ស្វែងរក​ព័ត៌មាន​ដែល​យើង​ត្រូវការ​តែ​មួយ​ពព្រិច​ភ្នែក—រួម​ទាំង​ព័ត៌មាន​អំពី​សាសនាចក្រ​របស់​ព្រះអម្ចាស់​ផង​ដែរ—នោះ​ពួក​អ្នក​រិះ​គន់​និយាយ​ថា ការ​កែ​តម្រូវ​មួយ​នៅ​ពេល​នេះ​គឺ​ពុំមែន​ជា​រឿង​ឆ្លាត​វៃ​ឡើយ ។ មនុស្ស​ផ្សេង​ទៀត​មាន​អារម្មណ៍​ថា ដោយសារ​យើង​ត្រូវ​បាន​គេ​ស្គាល់​ទូទៅ​ថា​ជា « ពួក​មរមន » និង​ជា​« សាសនាចក្រ​មរមន » នោះ​យើង​គួរ​តែ​ទទួល​យក​វា​ទៅ ។

ប្រសិន​បើ​ការណ៍​នេះ​គឺជា​ការ​ពិភាក្សា​អំពី​ការ​ដាក់​ឈ្មោះ​អង្គការ​មួយ​ដែល​មនុស្ស​បង្កើត​ឡើង នោះ​ការ​ប្រកែក​ទាំង​នោះ​អាច​មាន​ជោគជ័យ ។ ប៉ុន្តែ​នៅក្នុង​បញ្ហា​ដ៏​សំខាន់​នេះ យើង​មើល​ទៅ​ទ្រង់​ដែល​ជា​សិរសា​នៃ​សាសនាចក្រ​នេះ ហើយ​ទទួល​ស្គាល់​ថា របៀប​របស់​ព្រះអម្ចាស់​ពុំ​មែន ហើយ​នឹង​ពុំ​ដែល​ជា​របៀប​របស់​មនុស្ស​ឡើយ ។ ប្រសិន​បើ​យើង​អត់ធ្មត់ ហើយ​ប្រសិនបើ​យើង​នឹង​ធ្វើ​ផ្នែក​របស់​យើង​ឲ្យ​បាន​ល្អ នោះ​ព្រះអម្ចាស់​នឹង​ដឹកនាំ​យើង​ឲ្យ​ឆ្លងកាត់​កិច្ចការ​ដ៏​សំខាន់​នេះ ។ នៅ​ទីបំផុត យើង​ដឹង​ថា ព្រះអម្ចាស់​ជួយ​អស់​អ្នក​ដែល​ខិតខំ​ធ្វើ​តាម​ព្រះទ័យ​របស់​ទ្រង់ ដូចជា​ទ្រង់​បាន​ជួយ​នីហ្វៃ​ឲ្យ​សម្រេច​បាន​កិច្ចការ​សង់​សំពៅ​មួយ​ដើម្បី​ជិះ​ឆ្លង​សមុទ្រ​ដែរ ។១២

យើង​គួរ​មាន​ភាព​គួរ​សម ហើយ​អត់ធ្មត់​នៅ​ក្នុង​ការ​ខិតខំ​របស់​យើង​ដើម្បី​កែតម្រូវ​កំហុស​ទាំង​នេះ ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​ទទួល​ខុស​ត្រូវ​នឹង​យល់​ចំពោះ​សំណើ​សុំ​របស់​យើង ។

នៅ​ក្នុង​សន្និសីទ​ទូទៅ​កាល​ពី​លើក​មុន អែលឌើរ បេនយ៉ាមីន ដេ ហូយូស បាន​លើក​ឡើង​ពី​ព្រឹត្តិការណ៍​មួយ​បែប​នេះ ។ លោក​មាន​ប្រសាសន៍​ថា ៖

« ច្រើន​ឆ្នាំ​កន្លង​ទៅ កាល​ខ្ញុំ​កំពុង​បម្រើ​ក្នុង​ផ្នែក​កិច្ចការ​សាធារណៈ​របស់​សាសនាចក្រ​នៅ​ប្រទេស​ម៉ិកស៊ិក [ ដៃ​គូ​ខ្ញុំ និង​ខ្ញុំ ] ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​នៅ​ក្នុង​កម្មវិធី​វិទ្យុ​មួយ ។ … [ នាយក​កម្មវិធី​មួយ​រូប ] បាន​សួរ [ យើង ] ថា ‹ ហេតុអ្វី​សាសនាចក្រ​មាន​ឈ្មោះ​មួយ​វែង​យ៉ាង​នេះ ?…

« ដៃ​គូ​ខ្ញុំ និង​ខ្ញុំ បាន​ញញឹម​ចំពោះ​សំណួរ​ដ៏​សំខាន់​មួយ​បែប​នោះ រួចហើយ​បាន​ចាប់ផ្ដើម​ពន្យល់​ថា ឈ្មោះ​របស់​សាសនាចក្រ​ពុំ​មែន​ត្រូវ​បាន​ជ្រើស​រើស​ដោយ​មនុស្ស​ឡើយ ។ ព្រះ​អង្គសង្គ្រោះ​បាន​ប្រទាន​ឈ្មោះ​នោះ ។ … នាយក​កម្មវិធី​រូប​នោះ តប​ដោយ​ការ​គោរព​ភ្លាមៗ​ថា ‹ ដូច្នេះ​យើង​នឹង​និយាយ​ឈ្មោះ​នោះ​ម្ដង​ហើយ​ម្ដង​ទៀត​ដោយ​ក្ដី​រីករាយ​បំផុត › » ។១៣

របាយការណ៍​នោះ​ផ្ដល់​នូវ​គំរូ​មួយ ។ ម្ដង​មួយៗ នោះ​ការ​ខិតខំ​ដ៏​ល្អ​បំផុត​របស់​យើង​ម្នាក់ៗ​នឹង​តម្រូវ​ឲ្យ​មាន​ដើម្បី​កែ​តម្រូវ​កំហុស​ដែល​បាន​ទទួល​យក​បន្តិច​ម្ដងៗ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ។១៤ មនុស្ស​ផ្សេង​ទៀត​ប្រហែល​ជា​អាច ឬ​ក៏​មិន​អាច​ធ្វើ​តាម​គោលការណ៍​របស់​យើង​ក្នុង​ការ​ហៅ​យើង​តាម​ឈ្មោះ​ត្រឹមត្រូវ​ទេ ។ យើង​មាន​ការ​ខូច​ចិត្ត ប្រសិន​បើ​មនុស្ស​ភាគច្រើន​ហៅ​សាសនាចក្រ​នេះ និង​សមាជិក​សាសនាចក្រ​តាម​ឈ្មោះ​ខុស ប៉ុន្តែ​យើង​នឹង​ខ្វះ​នូវ​ភាព​ស្មោះត្រង់ ប្រសិន​បើ​យើង​ធ្វើ​រឿង​ដូចគ្នា​នេះ ។

រចនា​បថ​របស់​យើង​ដែល​បាន​កែ​សម្រួល​គឺ​មាន​ប្រយោជន៍ ។ វា​ចែង​ថា ៖ « នៅ​ក្នុង​សេចក្ដីយោង​ទីមួយ ឈ្មោះ​ពេញ​របស់​សាសនាចក្រ​គឺត្រូវ​បាន​ហៅ​ថា ‹ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ › ។ ប្រសិនបើ​ត្រូវ​ការ​នូវ​សេចក្ដី​យោង​[ ទីពីរ ] ដែល​បាន​បង្រួម​ឲ្យ​ខ្លី នោះ​ឈ្មោះ ‹ សាសនាចក្រ › ឬ ‹ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ › ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ប្រើ ។ ឈ្មោះ ‹ សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ស្ដារ​ឡើង​វិញ › ក៏​ត្រឹមត្រូវ ហើយ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ប្រើ​ផង​ដែរ » ។១៥

ប្រសិន​បើ​មាន​នរណា​ម្នាក់​សួរ​ថា « តើ​អ្នក​ជា​ពួក​មរមន​មែន​ទេ ? » បងប្អូន​អាច​តប​ថា « ប្រសិន​បើ​អ្នក​ចង់​សួរ​ថា តើ​ខ្ញុំ​គឺ​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​មែន​ទេ ខ្ញុំ​សូម​ឆ្លើយ​ថា មែន​ខ្ញុំ​គឺ​ជា​សមាជិក ! »

ប្រសិន​បើ​មាន​នរណា​ម្នាក់​សួរ​ថា « តើ​អ្នក​គឺជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​មែន​ទេ ? » ១៦ នោះ​បងប្អូន​អាច​តប​ថា « មែន​ខ្ញុំ​គឺ​ជា​សមាជិក ។ ខ្ញុំ​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ខ្ញុំ​គឺជា​សមាជិក​នៃ​សាសនាចក្រ​របស់​ទ្រង់​ដែល​បាន​ស្ដារ​ឡើង​វិញ » ។

បងប្អូន​ប្រុស​ស្រី​ជាទីស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​សូម​សន្យា​ដល់​បងប្អូន​ថា ប្រសិន​បើ​យើង​ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព​ដើម្បី​ស្ដារ​ឈ្មោះ​ត្រឹមត្រូវ​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់​ឡើង​វិញ នោះ​ទ្រង់​ដែល​ជា​សិរសា​នៃ​សាសនាចក្រ​នេះ នឹង​ចាក់​ស្រោច​ព្រះចេស្ដា និង​ពរជ័យ​របស់​ទ្រង់​មក​លើ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ១៧ ដែល​យើង​ពុំ​ធ្លាប់​បាន​ឃើញ​ពីមុន​មក​ឡើយ ។ យើង​នឹង​មាន​ចំណេះដឹង និង​ព្រះចេស្ដា​នៃ​ព្រះ​ដើម្បី​ជួយ​យើង​នាំ​យក​ពរជ័យ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្ដារ​ឡើង​វិញ​ទៅ​ដល់​គ្រប់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស គ្រប់​ភាសា និង​គ្រប់​ទាំង​ប្រជាជន ហើយ​ដើម្បី​រៀបចំ​ពិភពលោក​នេះ​សម្រាប់​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអម្ចាស់ ។

ដូច្នេះ តើ​ឈ្មោះ​មួយ​មាន​តម្លៃ​យ៉ាង​ណា ? នៅពេល​មាន​សំណួរ​ដែល​ទាក់​ទង​នឹង​ឈ្មោះ​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់ ចម្លើយ​គឺ​« អ្វីៗ​គ្រប់​យ៉ាង ! » ព្រះយេស៊ូវគ្រីស្ទ​បាន​ដឹកនាំ​ឲ្យ​ហៅ​សាសនាចក្រ​នេះ​តាម​ព្រះនាម​របស់​ទ្រង់ ដោយសារ​នេះ​គឺជា​សាសនាចក្រ​របស់​ទ្រង់ ហើយ​វា​ពោរពេញ​ដោយ​ព្រះចេស្ដា​របស់​ទ្រង់ ។

ខ្ញុំ​ដឹង​ថា ព្រះ​មាន​ព្រះជន្ម​រស់ ។ ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ ។ ទ្រង់​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​នៅសព្វ​ថ្ងៃ​នេះ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដូច្នោះ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. « ព្រះអម្ចាស់​បាន​បំផុស​គំនិត​ដល់​ខ្ញុំ​អំពី​សារៈសំខាន់​នៃ​ឈ្មោះ​ដែល​ទ្រង់​បាន​បើក​សម្ដែង​សម្រាប់​សាសនាចក្រ​របស់​ទ្រង់ គឺ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ យើង​មាន​កិច្ចការ​នៅ​ចំពោះ​មុខ ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​យើង​ស្រប​តាម​ព្រះទ័យ​របស់​ទ្រង់ ។ នៅ​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ ថ្នាក់​ដឹកនាំ និង​នាយកដ្ឋាន​មួយ​ចំនួន​ក្នុង​សាសនាចក្រ​បាន​ផ្ដួច​ផ្ដើម​នូវ​ជំហាន​ដ៏​ចាំបាច់​ដើម្បី​ធ្វើ​កិច្ចការ​នេះ ។ ព័ត៌មាន​បន្ថែម​ទៀត​អំពី​បញ្ហា​ដ៏​សំខាន់​នេះ​នឹង​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ » ( រ័សុល អិម ណិលសុន នៅក្នុង « The Name of the Church » [ សេចក្តីថ្លែងការណ៍​ជា​ផ្លូវការ ថ្ងៃ​ទី ១៦ ខែ សីហា ឆ្នាំ​២០១៨ ] គេហទំព័រ mormonnewsroom.org ) ។

  2. ប្រធាន​សាសនាចក្រ​កាល​ពីមុន​បាន​ធ្វើ​ការ​ស្នើ​សុំ​ស្រដៀង​គ្នា​នេះ​ដែរ ។ ឧទាហរណ៍ ប្រធាន ចច អ័លប៊ើត ស៊្មីធ បាន​មាន​ប្រសាសន៍​ថា « សូម​កុំ​ធ្វើ​ឲ្យ​ព្រះអម្ចាស់​ខក​ព្រះទ័យ ដោយ​ហៅ​សាសនា​ចក្រ​នេះ​ថា​ជា​សាសនាចក្រ​មរមន ។ ទ្រង់​ពុំ​បាន​ហៅ​សាសនាចក្រ​នេះ​ថា ជា​សាសនាចក្រ​មរមន​នោះ​ទេ »​( នៅ​ក្នុង Conference Report ខែ​មេសា ឆ្នាំ​១៩៤៨ ទំព័រ ១៦០ ) ។

  3. សូម​មើល « Style Guide—The Name of the Church » គេហទំព័រ mormonnewsroom.org ។

  4. គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៥:៤ ។

  5. នីហ្វៃ​ទី ៣ ២៧:៧–៨ ។

  6. សូមមើល ម៉ូសេ ១:៣៣ ។

  7. សូមមើល គោលលទ្ធិ និង សេចក្តី សញ្ញា ១៩:១៨ ។

  8. សូម​មើល មរ៉ូណៃ ៤:៣, គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៣៧, ៧៧ ។

  9. មរមន​គឺជា​អ្នក​សរសេរ​ម្នាក់​ក្នុង​ចំណោម​អ្នក​សរសេរ​ដ៏​សំខាន់​ទាំង​បួន​រូប​ក្នុង​ព្រះគម្ពីរ​មរមន រីឯ​អ្នក​ផ្សេង​ទៀត​គឺ នីហ្វៃ យ៉ាកុប និង​មរ៉ូណៃ ។ ពួកលោក​ទាំងអស់​គឺជា​សាក្សី​របស់​ព្រះអម្ចាស់ ក៏​រួម​ទាំង​អ្នក​បកប្រែ​ដែល​បាន​បំផុស​គំនិត​ផង​ដែរ​គឺ​យ៉ូសែប ស្ម៊ីធ ។

  10. សូម្បី​តែ​ពាក្យ​ថា សាសនា​មរមន ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​ពាក្យ​ដ៏​ឃោរ​ឃៅ​ដែល​ត្រូវ​បាន​យក​មក​ប្រើ​ដែរ ( សូមមើល History of the Church ២:៦២–៦៣, ១២៦) ។

  11. ពាក្យ​ប្រមាថ​ផ្សេង​ទៀត​ទំនង​ជា​បាន​ប្រើ​នៅ​ក្នុង​គ្រា​នៃ​ព្រះគម្ពីរ​សញ្ញា​ថ្មី ។ អំឡុង​ការ​កាត់​ទោស​សាវក​ប៉ុល​នៅ​ចំពោះ​មុខ​ហ្វីលិក នោះ​ប៉ុល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ជា « មនុស្ស​ចង្រៃ ជា​មេ​នៃ​ពួក​ណាសារ៉ែត »​( កិច្ចការ ២៤:៥ ) ។ ស្ដីពី​ការ​ប្រើ​ឃ្លា​« នៃ​ពួក​ណាសារ៉ែត » នោះ​មាន​អ្នក​វិភាគ​ម្នាក់​បាន​សរសេរ​ថា « ជាទូទៅ នេះ​គឺ​ជា​ឈ្មោះ​ដែល​ត្រូវ​បាន​ផ្ដល់​ឲ្យ​គ្រិស្ដ​សាសនិក​តាម​ការ​មិន​ពេញ​ចិត្ត ។ ពួកគេ​ត្រូវ​បាន​ហៅ​បែប​នោះ ដោយសារ​ព្រះយេស៊ូវ​បាន​ប្រសូត​នៅ​ណាសារ៉ែត »( Albert Barnes Notes, Explanatory and Practical, on the Acts of the Apostles[ ឆ្នាំ​១៩៧៣ ] ទំព័រ ៣១៣ ) ។

    ស្រដៀង​គ្នា​នេះ​ដែរ មាន​អ្នក​វិភាគ​ម្នាក់​ទៀត​ថ្លែង​ថា « ដោយ​សារ​ព្រះអម្ចាស់​របស់​យើង​ត្រូវ​បាន​ហៅ​យ៉ាង​ឃោរ​ឃៅ​ថា ជា ‹ អ្នក​ស្រុក​ណាសារ៉ែត ›​( Matt. xxvi. 71 ) ដូច្នេះ​ពួក​សាសន៍​យូដា​បាន​ហៅ​ពួក​សិស្ស​របស់​ទ្រង់​ថា​ជា ‹ ពួក​ណាសារ៉ែត › ។ ពួកគេ​ពុំ​បាន​សារ​ភាព​ថា ពួកគេ​គឺជា​គ្រិស្ដ​សាសនិក​នោះ​ទេ ឧទាហរណ៍ ពួក​សិស្ស​នៃ​ព្រះមែស៊ី » ( The Pulpit Commentary: The Acts of the Apostles ed. H. D. M. Spence and Joseph S. Exell [ ឆ្នាំ​១៨៨៤ ] ២:២៣១ ) ។

    ស្រដៀង​គ្នា​នេះ​ដែរ អែលឌើរ ណែល អេ ម៉ាកស្វែល បាន​សង្កេត​ឃើញ​ថា « នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ខាង​បទគម្ពីរ យើង​ឃើញ​ការ​ខិតខំ​ជា​បន្ត​បន្ទាប់ ដើម្បី​បង្អាប់​កិត្តិយស​របស់​ពួក​ព្យាការី ជា​វិធី​មួយ​ដើម្បី​លុប​បំបាត់​ពួកគេ—ដើម្បី​ដាក់​ឈ្មោះ​ឲ្យ​ពួកគេ ជា​វិធី​មួយ​ធ្វើ​ឲ្យ​ពួកគេ​ចុះ​ខ្សោយ ។ ប៉ុន្តែ​ភាគច្រើន ពួកគេ​គ្រាន់​តែ​បាន​បដិសេធ​តាម​ជំនាន់​របស់​ពួកគេ និង​ដោយប្រវត្តិ​សាស្ត្រ​ខាង​លោកិយ​ប៉ុណ្ណោះ ។ នៅ​ទីបំផុត គ្រិស្ដ​សាសនិក​កាល​ពី​បុរាណ​ត្រូវ​បាន​ហៅ​ថា ‹ និកាយ​ណាសារ៉ែត › ( កិច្ចការ ២៤:៥ ) » ( « Out of Obscurity » Ensign ខែ​វិច្ឆិកា ឆ្នាំ​១៩៨៤ ទំព័រ ១០ ) ។

  12. សូម​មើល នីហ្វៃទី ១ ១៨:១–២ ។

  13. បេនយ៉ាមីន ដេ ហូយូស « Called to Be Saints » Liahona ខែ​ឧសភា ឆ្នាំ​២០១១ ទំព័រ ១០៦ ។

  14. ខណៈ​ដែល​យើង​ពុំ​អាច​ហាម​ឃាត់​នូវ​អ្វី​ដែល​មនុស្ស​ដទៃ​ហៅ​យើង​បាន ប៉ុន្តែ​យើង​មាន​ការ​គ្រប់​គ្រង​គ្រប់​គ្រាន់​លើ​របៀប​ដែល​យើង​ហៅ​ខ្លួន​ឯង ។ តើ​យើង​អាច​រំពឹង​ឲ្យ​មនុស្ស​ដទៃ​គោរព​ដល់​ឈ្មោះ​ត្រឹមត្រូវ​របស់​សាសនាចក្រ​តាម​របៀប​ណា​ទៅ ប្រសិន​បើ​យើង​ជា​សមាជិក​ពុំ​បាន​ធ្វើ​ដូច្នោះ​ផង​នោះ ?

  15. « Style Guide—The Name of the Church » គេហទំព័រ mormonnewsroom.org ។

  16. ពាក្យ​ថា ពួក​បរិសុទ្ធ ជារឿយៗ ត្រូវ​បាន​ប្រើ​នៅ​ក្នុង​ព្រះគម្ពីរ​ប៊ីប ។ ក្នុង​សំបុត្រ​របស់​ប៉ុល​ទៅកាន់​ពួក​អេភេសូរ ឧទាហរណ៍ លោក​បាន​ប្រើ​ពាក្យ ពួក​បរិសុទ្ធ យ៉ាង​ហោច​ណាស់​ម្ដង នៅ​គ្រប់​ជំពូក ។ ពួក​បរិសុទ្ធ​គឺ​ជា​បុគ្គល​ដែល​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ខិតខំ​ធ្វើ​តាម​ទ្រង់ ។

  17. សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៣៣ ។