ឆ្នាំ ២០១០-២០១៩
ព្រះវរបិតា
ខែ តុលា ឆ្នាំ ២០១៨


ព្រះវរបិតា

យើង​ម្នាក់ៗ​មាន​នូវ​សក្ដានុពល​ដើម្បី​ប្រែ​ក្លាយ​ដូចជា​ព្រះវរបិតា ។ ដើម្បី​ធ្វើ​ដូច្នេះ​បាន យើង​ត្រូវ​តែ​ថ្វាយ​បង្គំ​ព្រះវរបិតា​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះរាជ​បុត្រា ។

ភរិយា​របស់​ខ្ញុំ​មេលីនដា បាន​ព្យាយាម​អស់​ពី​ដួង​ចិត្ត​ពេញ​មួយ​ជីវិត​របស់​គាត់​ដើម្បី​ធ្វើ​ជា​សិស្ស​ដ៏​ស្មោះត្រង់​ម្នាក់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ប៉ុន្តែ​នៅ​គ្រា​ចាប់ផ្ដើម​នៃ​យុវវ័យ​របស់​គាត់ គាត់​មាន​អារម្មណ៍​ពុំ​ស័ក្ដិសម​ចំពោះ​សេចក្ដី​ស្រឡាញ់ និង​ពរជ័យ​របស់​ព្រះវរបិតា​សួគ៌​ឡើយ ដោយសារ​គាត់​បាន​យល់​ច្រឡំ​ពី​និស្ស័យ​របស់​ទ្រង់ ។ សំណាង​ល្អ មេលីនដា​បាន​បន្ត​គោរព​បទបញ្ញត្តិ​ទោះ​ជា​គាត់​មាន​ភាព​សោកសៅ​យ៉ាង​ណា​ក្ដី ។ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន គាត់​បាន​មាន​បទពិសោធន៍​ជា​បន្ត​បន្ទាប់​គ្នា​មួយ​ដែល​បាន​ជួយ​គាត់​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​និស្ស័យ​របស់​ព្រះ រួម​ទាំង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​បុត្រា​បុត្រី​ទ្រង់ និង​អំណរគុណ​របស់​ទ្រង់​ចំពោះ​ការ​ខិតខំ​របស់​យើង​ដើម្បី​ធ្វើ​កិច្ចការ​របស់​ទ្រង់ ទោះ​ជា​វា​ពុំ​ល្អ​ឥតខ្ចោះ​ក្ដី ។

គាត់​ពន្យល់​ពី​របៀប​ដែល​រឿង​នេះ​បាន​ជះ​ឥទ្ធិពល​ដល់​រូប​គាត់​ថា « ឥឡូវ​នេះ ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត​ថា ផែនការ​របស់​ព្រះ​វរបិតា​ពិត​ជា​ដំណើរ​ការ​មែន ថា​ទ្រង់​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​បាន​ទទួល​ជោគជ័យ ហើយ​ថា​ទ្រង់​ប្រទាន​ដល់​យើង​នូវ​មេរៀន និង​បទពិសោធន៍​ដែល​យើង​ត្រូវ​ការ​ដើម្បី​ត្រឡប់​ទៅ​វត្តមាន​របស់​ទ្រង់​វិញ ។ ខ្ញុំ​កាន់​តែ​មើល​ឃើញ​ចំពោះ​ខ្លួន​ឯង និង​មនុស្ស​ដទៃ​ទៀត ដូចជា​ព្រះ​បាន​ទត​ឃើញ​ដែរ ។ ខ្ញុំ​អាច​មាន​លទ្ធភាព​ធ្វើ​ជា​ម្ដាយ បង្រៀន ហើយ​បម្រើ​ដោយ​មាន​សេចក្ដី​ស្រឡាញ់​ច្រើន និង​មាន​ការ​ភ័យ​ខ្លាច​តិច ។ ខ្ញុំ​មាន​ភាព​សុខសាន្ត និង​ទំនុក​ចិត្ត​ជាជាង​ការ​ភ័យ​បារម្ភ និង​ភាព​អសន្តិសុខ ។ ជំនួស​ឲ្យ​អារម្មណ៍​ដែល​ត្រូវ​គេ​វិនិច្ឆ័យ ខ្ញុំ​មាន​អារម្មណ៍​នូវ​ការ​គាំទ្រ ។ សេចក្ដី​ជំនឿ​របស់​ខ្ញុំ​គឺ​កាន់​តែ​រឹង​មាំ ។ ខ្ញុំ​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតា​ខ្ញុំ​កាន់​តែ​ញឹក​ញាប់ ហើយ​កាន់​តែ​ជ្រាល​ជ្រៅ » ។

ការ​មាន​« គំនិត​ដ៏ ត្រឹមត្រូវ មួយ​អំពី​បុគ្គលិក​លក្ខណៈ​ភាព​ល្អ​ឥតខ្ចោះ និង​ឥរិយាបថ​របស់ [ ព្រះវរបិតា​សួគ៌ ] » គឺ​ជា​រឿង​ដ៏​ចាំបាច់​ចំពោះ​ការ​អនុវត្ត​សេចក្ដីជំនឿ​គ្រប់គ្រាន់​ដើម្បី​ទទួល​បាន​ភាព​តម្កើង​ឡើង ។ ការ​យល់​ដឹង​ដ៏​ត្រឹមត្រូវ​មួយ​អំពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះវរបិតាសួគ៌​អាច​ផ្លាស់​ប្ដូរ​របៀប​ដែល​យើង​មើល​ឃើញ​ខ្លួន​ឯង និង​មនុស្ស​ដទៃ​ទៀត ហើយ​ជួយ​យើង​ឲ្យ​យល់​ពី​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង​របស់​ព្រះ​ចំពោះ​បុត្រា​បុត្រី​របស់​ទ្រង់ និង​ព្រះរាជ​បំណង​ដ៏​ធំ​របស់​យើង​ដើម្បី​ជួយ​យើង​ឲ្យ​ក្លាយ​ដូចជា​ទ្រង់ ។ ទស្សនៈ​ខុស​ឆ្គង​មួយ​អំពី​និស្ស័យ​របស់​ទ្រង់​អាច​បន្សល់​ទុក​ឲ្យ​យើង​នូវ​អារម្មណ៍​ថា យើង​ខ្វះ​សមត្ថភាព​ដើម្បី​ត្រឡប់​ទៅ​វត្តមាន​របស់​ទ្រង់​វិញ ។

គោលបំណង​របស់​ខ្ញុំ​នៅ​ថ្ងៃ​នេះ​គឺ​ដើម្បី​បង្រៀន​នូវ​ចំណុច​គោលលទ្ធិ​ដ៏​សំខាន់ៗ​អំពី​ព្រះវរបិតា​ដែល​នឹង​អនុញ្ញាត​ឲ្យ​យើង​ម្នាក់ៗ ជា​ពិសេស​អស់​អ្នក​ដែល​ងឿង​ឆ្ងល់​ថា ព្រះ​ស្រឡាញ់​ពួកគេ​ដែរ​ឬ​អត់​នោះ ឲ្យ​មាន​ការ​យល់ដឹង​កាន់​តែ​ប្រសើរ​ឡើង​អំពី​បុគ្គលិក​លក្ខណៈ​ពិត​របស់​ទ្រង់ ហើយ​អនុវត្ត​សេចក្ដី​ជំនឿ​ដ៏​ធំ​លើ​ទ្រង់ លើ​ព្រះរាជបុត្រា​របស់​ទ្រង់ និង​លើ​ផែនការ​របស់​ទ្រង់​សម្រាប់​យើង ។

ជីវិត​មុន​ឆាក​ជីវិត​នេះ

នៅ​ក្នុង​ជីវិត​មុន​ឆាក​ជីវិត​នេះ យើង​បាន​កើត​ជា​បុត្រាបុត្រី​ខាង​វិញ្ញាណ​របស់​ព្រះមាតា​បិតា​សួគ៌ ហើយ​បាន​រស់​នៅ​ជាមួយ​នឹង​ពួកទ្រង់​ជា​គ្រួសារ​មួយ ។ ពួក​ទ្រង់​ស្គាល់​យើង បាន​បង្រៀន​យើង ហើយ​បាន​ស្រឡាញ់​យើង ។ យើង​ចង់​ក្លាយ​ដូចជា​ព្រះវរបិតា​សួគ៌​នៃ​យើង​ខ្លាំង​ណាស់ ។ ប៉ុន្តែ ដើម្បី​ធ្វើ​ដូច្នោះ​បាន យើង​បាន​ដឹង​ថា យើង​ត្រូវ​តែ ៖

  1. មាន​រូបកាយ​អតមៈ​ដ៏​រុង​រឿង 

  2. រៀបការ ហើយ​បង្កើត​ក្រុម​គ្រួសារ​តាមរយៈ​អំណាច​ផ្សារ​ភ្ជាប់​នៃ​បព្វជិតភាព  និង

  3. ទទួល​នៅរាល់​ចំណេះដឹង អំណាច និង​ឥរិយាបថ​ជា​ព្រះ ។

ដោយ​សារ​ហេតុផល​នោះ ព្រះវរបិតា​បាន​បង្កើត​ផែនការ​មួយ​ដែល​នឹង​អនុញ្ញាត​ឲ្យ​យើង  ទទូល​បាន​រូបកាយ​ដែល​នឹង​មាន​ភាព​អមតៈ ហើយ​រុង​រឿង​នៅ​ក្នុង​ការ​រស់​ឡើង​វិញ ប្រសិនបើ​លក្ខខណ្ឌ​ត្រូវ​បាន​បំពេញ រៀបការ ហើយ​បង្កើត​ក្រុម​គ្រួសារ​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ ឬ​ចំពោះ​អ្នក​ស្មោះត្រង់​ដែល​គ្មាន​ឱកាស បន្ទាប់​ពី​ជីវិត​រមែង​ស្លាប់  រីកចម្រើន​ឆ្ពោះ​ទៅ​រក​ភាព​ល្អ​ឥតខ្ចោះ និង​នៅ​ទីបំផុត​ត្រឡប់​ទៅ​រក​ព្រះ​មាតា​បិតា​សួគ៌​របស់​យើង​វិញ ហើយ​រស់​នៅ​ជាមួយ​ពួក​ទ្រង់ និង​ក្រុម​គ្រួសារ​របស់​យើង​នៅ​ក្នុង​ស្ថានភាព​នៃ​ភាព​តម្កើង​ឡើង និង​សុភមង្គល​ដ៏​អស់​កល្ប ។១០

បទគម្ពីរ​ហៅ​ផែនការ​នេះ​ថា ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ។១១ យើង​មាន​អំណរ​គុណ​ជា​ខ្លាំង​ចំពោះ​ផែនការ​នេះ​ដែល​នៅពេល​វា​ត្រូវ​បាន​បង្ហាញ​ដល់​យើង យើង​បាន​ស្រែក​ហោ​ដោយ​អំណរ ។១២ យើង​ម្នាក់ៗ​ទទួល​យក​លក្ខខណ្ឌ​នៃ​ផែនការ​នោះ រួម​ទាំង​បទពិសោធន៍ និង​ឧបសគ្គ​នៃ​ជីវិត​រមែង​ស្លាប់​ដែល​នឹង​ជួយ​យើង​ឲ្យ​អភិវឌ្ឍ​ឥរិយាបថ​ជា​ព្រះ ។១៣

ជីវិត​រមែង​ស្លាប់

អំឡុង​ពេល​នៃ​ជីវិត​រមែង​ស្លាប់ ព្រះវរបិតា​សួគ៌​ប្រទាន​ដល់​យើង​ជាមួយ​នឹង​លក្ខខណ្ឌ​ដែល​យើង​ត្រូវ​ការ​ដើម្បី​រីកចម្រើន​នៅ​ក្នុង​ផែនការ​របស់​ទ្រង់ ។ ព្រះវរបិតា​បាន​បង្កើត​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្នុង​សាច់​ឈាម ១៤ ហើយ​បាន​ប្រទាន​ដល់​ទ្រង់​ជាមួយ​នឹង​ជំនួយដ៏​ទេវភាព​ដើម្បី​បំពេញ​បេសកកម្ម​របស់​ទ្រង់​ក្នុង​ជីវិត​រមែង​ស្លាប់ ។ ព្រះវរបិតា​សួគ៌​ក៏​នឹង​ជួយ​យើង​ម្នាក់ៗ​ផង​ដែរ ប្រសិន​បើ​យើង​ខិតខំ​គោរព​បទបញ្ញត្តិ​របស់​ទ្រង់ ។១៥ ព្រះវរបិតា​ប្រទាន​សិទ្ធិ​ជ្រើស​រើស​ដល់​យើង ។១៦ ជីវិត​របស់​យើង​គឺ​ស្ថិត​នៅ​ក្នុង​ព្រះហស្ដ​របស់​ទ្រង់ ហើយ« ថ្ងៃ​របស់​យើង​ត្រូវបាន​រាប់​ទុក » និង​« មិន​ត្រូវ​បាន​រាប់​ទុក​ជា​តិច​ឡើយ » ។​១៧ ហើយ​ទ្រង់​ត្រូវ​ប្រាកដ​ថា នៅ​ទី​បំផុត​រឿង​ទាំងអស់​ដំណើរ​ការ​សម្រាប់​សេចក្ដី​ល្អ​របស់​មនុស្ស​ដែល​ស្រឡាញ់​ទ្រង់ ។១៨

ព្រះវរបិតា​សួគ៌​គឺ​ជា​អង្គ​ដែល​ប្រទាន​នំប៉័ង​ប្រចាំ​ថ្ងៃ​ដល់​យើង ១៩ ដែល​វា​រួមមាន​ទាំង​អាហារ​ដែល​យើង​ទទួល​ទាន និង​កម្លាំង​ដែល​យើង​ត្រូវការ​ដើម្បី​គោរព​បទបញ្ញត្តិ​របស់​ទ្រង់ ។២០ ព្រះវរបិតា​ប្រទាន​អំណោយទាន​ល្អៗ ។២១ ទ្រង់​ឮ ហើយ​ឆ្លើយ​តប​ការអធិស្ឋាន​របស់​យើង ។២២ ព្រះវរបិតា​សួគ៌​រំដោះ​យើង​ឲ្យ​រួច​ពី​អំពើ​អាក្រក់ នៅ​ពេល​យើង​អនុញ្ញាត​ឲ្យ​ទ្រង់​ធ្វើ​ដូច្នោះ ។២៣ ទ្រង់​ព្រះ​កន្សែង​ជំនួស​យើង នៅពេល​យើង​រង​ទុក្ខ ។២៤ នៅ​ទីបំផុត ពរជ័យ​របស់​យើង​ទាំងអស់​កើត​ចេញ​មក​ពី​ព្រះ​វរបិតា ។២៥

ព្រះវរបិតា​សួគ៌​ដឹកនាំ​យើង ហើយ​ប្រទាន​ដល់​យើង​នូវ​បទពិសោធន៍​ដែល​យើង​ត្រូវការ​អាស្រ័យ​ទៅ​លើ​កម្លាំង ភាពទន់ខ្សោយ និង​ការ​ជ្រើស​រើស​របស់​យើង ដើម្បី​យើង​អាច​បង្កើត​ផល​ល្អ ។២៦ ព្រះវរបិតា​ផ្ចាញ់​ផ្ចាល​យើង នៅពេល​ចាំបាច់ ដោយសារ​ទ្រង់​ស្រឡាញ់​យើង ។២៧ ទ្រង់​គឺ​ជា​« មនុស្ស​នៃ​ដំបូន្មាន » ២៨ ដែល​នឹង​ទូន្មាន​យើង ប្រសិន​បើ​យើង​ទូល​សូម ។២៩

ព្រះវរបិតាសួគ៌​គឺជា​អង្គ​ដែល​បញ្ជូន​ទាំង​ព្រះចេស្ដា និង​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ចូល​មក​ក្នុង​ជីវិត​របស់​យើង ។៣០ តាមរយៈ​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ សិរី​ល្អ—ឬ​បញ្ញា ពន្លឺ និង​ព្រះចេស្ដា—​របស់​ព្រះវរបិតា​អាច​គង់​នៅ​ក្នុង​ខ្លួន​យើង​បាន ។៣១ ប្រសិន​បើ​យើង​នឹង​ខិតខំ​បង្កើន​នៅ​ក្នុង​ពន្លឺ និង​សេចក្ដី​ពិត​រហូត​ដល់​ភ្នែក​របស់​យើង​មាន​ភាព​ស្មោះត្រង់​ទាំង​ស្រុង​ចំពោះ​សិរីល្អ​នៃ​ព្រះ នោះ​ព្រះវរបិតា​សួគ៌​នឹង​បញ្ជូន​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដី​សន្យា​ដើម្បី​ផ្សារ​ភ្ជាប់​យើង​ទៅ​នឹង​ជីវិត​ដ៏​អស់​កល្ប ហើយ​បើក​សម្ដែង​ព្រះភក្ត្រ​របស់​ទ្រង់​មក​កាន់​យើង—មិន​ថា​នៅក្នុង​ជីវិត​នេះ ឬ​ជីវិត​ក្រោយ​នោះ​ទេ ។៣២

ជីវិត​បន្ទាប់​ពី​ជីវិត​នេះ

នៅ​ក្នុង​ពិភព​វិញ្ញាណ​បន្ទាប់​ពី​ជីវិត​នេះ ព្រះវរបិតា​សួគ៌​បន្ត​ចាត់​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ចាត់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដល់​អស់​អ្នក​ដែល​ត្រូវការ​ដំណឹងល្អ ។ ទ្រង់​ឆ្លើយ​តប​ការ​អធិស្ឋាន ហើយ​ជួយ​អស់​អ្នក​ដែល​ពុំ​ស្គាល់​ដំណឹងល្អ​ឲ្យ​ទទួល​ពិធី​បរិសុទ្ធ​នៃ​ការ​សង្គ្រោះជំនួស ។៣៣

ព្រះវរបិតា​លើក​ព្រះ​យេស៊ូវ​គ្រីស្ទ​ឡើង ហើយ​ប្រទាន​ពរ​ទ្រង់​នូវ​អំណាច​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​រស់​ឡើង​វិញ ៣៤ ជា​មធ្យោបាយ​ដែល​យើង​ទទួល​បាន​រូបកាយ​អមតៈ ។ ការ​ប្រោស​លោះ និង​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះអង្គ​សង្គ្រោះ​នាំ​យើង​ត្រឡប់​ទៅ​វត្តមាន​របស់​ព្រះវរបិតា ជា​កន្លែង​ដែល​យើង​នឹង​ត្រូវ​បាន​ជំនំជម្រះ​ដោយ​ព្រះយេស៊ូវ​គ្រីស្ទ ។៣៥

អស់​អ្នក​ដែល​ពឹង​ផ្អែក​លើ « បុណ្យ​គុណ សេចក្ដីមេត្តា​ករុណា និង​ព្រះគុណ​នៃ​ព្រះមែស៊ី​ដ៏​បរិសុទ្ធ » ៣៦ នឹង​ទទួល​បាន​រូបកាយ​ដែល​មាន​សិរីល្អ​ដូចជា​ព្រះវរបិតា ៣៧ និង​រស់​នៅ​ជាមួយ​នឹង​ទ្រង់នៅ​ក្នុង « ស្ថានភាព​សុភមង្គល​ដ៏​មិន​ចេះចប់​មិន​ចេះ​ហើយ » ។៣៨ នៅ​ទីនោះ ព្រះវរបិតា​នឹង​ជូត​រាល់​ទឹក​ភ្នែក​របស់​យើង ៣៩ ហើយ​ជួយ​យើង​បន្ត​ដំណើរ​របស់​យើង​ដើម្បី​ក្លាយ​ដូចជា​ទ្រង់ ។

វា​ច្បាស់​ណាស់​ថា​ព្រះវរបិតា​សួគ៌​តែង​គង់​នៅ​ទី​នោះ​ក្បែរ​យើង​ជានិច្ច ។៤០

បុគ្គលិក​លក្ខណៈ​របស់​ព្រះវរបិតា

ដើម្បី​ប្រែ​ក្លាយ​ដូចជា​ព្រះវរបិតា យើង​ត្រូវតែ​អភិវឌ្ឍ​បុគ្គលិក​លក្ខណៈ​របស់​ទ្រង់ ។ ភាពល្អ​ឥត​ខ្ចោះ និង​ឥរិយាបថ​របស់​ព្រះវរបិតា​សួគ៌​រួម​មាន​ដូច​ត​ទៅ​នេះ ៖

  • ព្រះវរបិតា​គឺ​« គ្មាន​ទីបញ្ចប់ និង​អស់​កល្បជានិច្ច » ។៤១

  • ទ្រង់​មាន​ភាព​យុត្តិធម៌ មាន​សេចក្ដីមេត្តា​ករុណា មាន​ព្រះទ័យ​ល្អ អត់ធ្មត់​យ៉ាង​ល្អ​ឥត​ខ្ចោះ ហើយ​សព្វ​ព្រះទ័យ​ចង់​បាន​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​យើង​តែ​ប៉ុណ្ណោះ ។៤២

  • ព្រះ​វរ​បិតា​សួគ៌​គឺ​ជា​សេចក្ដី​ស្រឡាញ់ ។៤៣

  • ទ្រង់​រក្សា​សេចក្ដី​សញ្ញា​របស់​ទ្រង់ ។៤៤

  • ទ្រង់​ពុំ​ផ្លាស់​ប្ដូរ​ឡើយ ។៤៥

  • ទ្រង់​ពុំ​ចេះ​កុហក​ទេ ។៤៦

  • ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ ។៤៧

  • ទ្រង់​ជ្រាប​គ្រប់​អ្វី​ទាំងអស់—អតីតកាល បច្ចុប្បន្នកាល និង​អនាគត​កាល—តាំង​ពី​ដំបូង​មក ។៤៨

  • ព្រះ​វរ​បិតា​សួគ៌​មាន​បញ្ញា​ញាណ ៤៩ លើស​យើង​គ្រប់​គ្នា ។៥០

  • ព្រះវរបិតា​មាន​គ្រប់​ព្រះចេស្ដា ៥១ ហើយ​ធ្វើ​អ្វីៗ​ដែល​ទ្រង់​មាន​ព្រះទ័យ​ចង់​ធ្វើ ។៥២

បងប្អូន​ប្រុស​ស្រី យើង​អាច​ទុក​ចិត្ត ហើយ​ពឹង​ផ្អែក​លើ​ព្រះវរបិតា​បាន ។ ដោយសារ​ទ្រង់​មាន​នូវ​ទស្សន​វិស័យ​ដ៏​អស់​កល្ប​មួយ នោះ​ព្រះវរបិតា​សួគ៌​អាច​ទត​ឃើញ​រឿង​ដែល​យើង​ពុំ​អាច​មើល​ឃើញ ។ អំណរ កិច្ចការ និង​សិរីល្អ​របស់​ទ្រង់​គឺ​ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង​ភាព​តម្កើង​ឡើង​ដល់​យើង ។៥៣ អ្វី​គ្រប់​យ៉ាង​ដែល​ទ្រង់​ធ្វើ​គឺ​សម្រាប់​ផល​ប្រយោជន៍​ដល់​យើង ។ ទ្រង់​« សព្វ​ព្រះទ័យ​ចង់​បាន​សុភមង្គល​ដ៏​អស់​កល្ប [ ដល់​យើង ] ច្រើន​ជាង [ យើង ] ចង់​បាន​សម្រាប់​ខ្លួន​យើង​ទៅ​ទៀត » ។៥៤ ហើយ​ទ្រង់​« នឹង​ពុំ​តម្រូវ​ឲ្យ [ យើង ] ដក​ពិសោធន៍​នូវ​គ្រា​ដ៏​លំបាក​មួយ​លើស​ពី​ភាព​ចាំបាច់​សម្រាប់​ប្រយោជន៍ [ របស់​យើង ] ឬ​សម្រាប់​មនុស្ស​ដែល [ យើង ] ស្រឡាញ់​នោះ​ឡើយ » ។៥៥ ជា​លទ្ធផល ទ្រង់​ផ្ដោត​លើ​ការ​ជួយ​យើង​ឲ្យ​រីកចម្រើន ពុំ​មែន​លើ​ការ​កាត់​សេចក្ដី និង​ការ​ដាក់​ទោស​យើង​នោះ​ទេ ។៥៦

ការ​ប្រែ​ក្លាយ​ដូចជា​ព្រះវរបិតា​របស់​យើង

ក្នុង​នាម​ជា​បុត្រា​បុត្រី​ខាង​វិញ្ញាណ​របស់​ព្រះ យើង​ម្នាក់ៗ​មាន​នូវ​សក្ដានុពល​ដើម្បី​ប្រែ​ក្លាយ​ដូចជា​ព្រះវរបិតា ។ ដើម្បី​ធ្វើ​ដូច្នេះ​បាន យើង​ត្រូវ​តែ​ថ្វាយ​បង្គំ​ព្រះវរបិតា​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះរាជ​បុត្រា ។៥៧ យើង​ធ្វើ​ការណ៍​នេះ​ដោយ​ខិតខំ​គោរព​ប្រតិបត្តិ​តាម​ព្រះឆន្ទៈ​របស់​ព្រះវរបិតា ដូចជា​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ ៥៨ និង​ដោយ​ប្រែចិត្ត​ជា​បន្ត​បន្ទាប់ ។៥៩ នៅ​ពេល​យើង​ធ្វើ​កិច្ចការ​ទាំង​នេះ នោះ​យើង « បាន​ទទួល​ព្រះគុណ​ថែម​លើ​ព្រះគុណ »​រហូត​ដល់​យើង​ទទួលភាព​ពេញ​លេញ​របស់​ព្រះវរបិតា ៦០ ហើយ​ត្រូវ​បាន​ប្រទាន​ឲ្យ​ជាមួយ​នឹង​« បុគ្គលិក​លក្ខណៈ ភាព​ល្អ​ឥត​ខ្ចោះ និង​ឥរិយាបថ​របស់​ទ្រង់ » ។៦១

ដោយ​ពិចារណា​ពី​ភាព​ខុសគ្នា​រវាង​អ្វី​ដែល​យើង​មាន​ជា​មនុស្ស​រមែង​ស្លាប់ និង​អ្វី​ដែល​ព្រះវរបិតា​បាន​ប្រែក្លាយ នោះ​ប្រាកដ​ជា​មាន​មនុស្ស​មួយ​ចំនួន​មាន​អារម្មណ៍​ថា ការប្រែ​ក្លាយ​ដូចជា​ព្រះវរបិតា​ពុំ​អាច​សម្រេច​បាន​នោះ​ទេ ។ ប៉ុន្តែ​បទគម្ពីរ​បាន​បញ្ជាក់​យ៉ាង​ច្បាស់ ។ ប្រសិន​បើ​យើង​នឹង​តោង​ខ្ជាប់​ក្នុង​សេចក្ដី​ជំនឿ​ចំពោះ​ព្រះគ្រីស្ទ ហើយ​ស្វែង​រក​ព្រះគុណ​របស់​ព្រះ​តាមរយៈការ​គោរព​ប្រតិបត្តិ នៅ​ទីបំផុត​យើង​នឹង​ក្លាយ​ដូចជា​ព្រះវរបិតា ។ ខ្ញុំ​មាន​ការ​លួង​លោម​ចិត្ត​ដ៏​អស្ចារ្យ​ដោយសារ​អស់​អ្នក​ដែល​ខិតខំ​គោរព​ប្រតិបត្តិ​នឹង​« បាន​ទទួល ព្រះគុណ​ថែម​លើ​ព្រះគុណ » ហើយ​នៅ​ទីបំផុត « បាន​ទទួល នូវ​ភាព​ពេញ​លេញ » ។៦២ និយាយ​ម្យ៉ាង​ទៀត យើង​នឹងពុំ​ក្លាយ​ដូចជា​ព្រះវរបិតា​ដោយ​សារ​យើង​តែ​ម្នាក់​ឯង​នោះ​ទេ ។​៦៣ ផ្ទុយ​ទៅ​វិញ វា​នឹង​កើត​ឡើង​តាមរយៈ​អំណោយទា​ន​នៃ​ព្រះគុណ ខ្លះ​ធំ ប៉ុន្តែ​ភាគច្រើន​តូច ដែល​ស្ថាបនា​លើ​គ្នា​រហូត​យើង​មាន​ភាព​ពេញលេញ ។ ប៉ុន្តែ​បងប្អូន​ប្រុសស្រី​អើយ វា​នឹង​កើត​ឡើង !

ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ទុក​ចិត្ត​ថា ព្រះ​វរ​បិតា​សួគ៌​ជ្រាប​ពី​របៀប​លើក​តម្កើង​បងប្អូន សូម​ស្វែង​រក​ជំនួយ​គាំទ្រ​ប្រចាំ​ថ្ងៃ​របស់​ទ្រង់ ហើយ​ដើរ​ឆ្ពោះ​ទៅ​មុខ​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះគ្រីស្ទ សូម្បីតែ​ពេល​បងប្អូន​ពុំ​អាច​ទទួល​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ក្ដី ។

មាន​រឿង​ជាច្រើន​ដែល​យើង​ពុំ​យល់​អំពី​ការ​ប្រែ​ក្លាយ​ដូចជា​ព្រះវរបិតា ។៦៤ ប៉ុន្តែ​ខ្ញុំ​អាច​ថ្លែង​ទីបន្ទាល់​យ៉ាង​ច្បាស់​ថា ការ​ខិតខំ​ក្លាយ​ដូចជា​ព្រះវរបិតា​គឺ​មាន​តម្លៃ​គ្រប់​គ្រាន់​ចំពោះ​រាល់​ពលិកម្ម​ទាំងឡាយ ។៦៥ ពលិកម្ម​ដែល​យើង​ធ្វើ​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ មិន​ថា​វា​ធំ​ប៉ុណ្ណា​ទេ​គឺ​វា​ពុំ​អាច​ប្រៀប​ផ្ទឹម​បាន​នឹង​អំណរ សុភមង្គល និង​សេចក្ដីស្រឡាញ់​ដ៏​ពុំ​អាច​វាស់​វែង ដែល​យើង​នឹង​ទទួល​បាន​នៅ​ក្នុង​វត្តមាន​របស់​ព្រះ​ឡើយ ។៦៦ ប្រសិន​បើ​បងប្អូន​កំពុង​តែ​ពិបាក​ជឿ​ថា វា​មាន​តម្លៃ​គ្រប់​គ្រាន់​ចំពោះ​ពលិកម្ម​ដែល​បងប្អូន​ត្រូវ​បាន​សុំ​ឲ្យ​ធ្វើ នោះ​ព្រះអង្គ​សង្គ្រោះ​អំពាវ​នាវ​ទៅ​កាន់​បងប្អូន ដោយ​មាន​បន្ទូល​ថា « អ្នក​រាល់​គ្នា​ពុំ​ទាន់​យល់​នៅ​ឡើយ​ទេ អំពី​ព្រះ​ពរ​ដ៏​ធំ​ណាស់​ហ្ន៎ ដែល​ព្រះ​វរបិតា…បាន​រៀបចំ​ទុក​សម្រាប់​អ្នក…អ្នក​រាល់​គ្នា​ពុំ​អាច​ទ្រាំ​គ្រប់​ទាំង​អស់​បាន​ឡើយ​នៅ​ពេល​នេះ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ចូរ​សង្ឃឹម​ឡើង ដ្បិត​យើង​នឹង​ដឹកនាំ​អ្នក​រាល់​គ្នា » ។៦៧

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះ​វរ​បិតា​សួគ៌​របស់​បងប្អូន​ស្រឡាញ់ បងប្អូន ហើយ​សព្វ​ព្រះទ័យ​ឲ្យ បងប្អូន រស់នៅ​ជាមួយ​នឹង​ទ្រង់​ម្ដង​ទៀត ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។