ឆ្នាំ ២០១០-២០១៩
អំណរ​នៃ​ការបម្រើ​ប្រកប​ដោយ​ភាព​មិន​អាត្មានិយម
ខែ តុលា ឆ្នាំ ២០១៨


អំណរ​នៃ​ការបម្រើ​ប្រកប​ដោយ​ភាព​មិន​អាត្មានិយម

យើង​បាន​សន្យា​ជាមួយ​ព្រះវរបិតា​គង់​នៅ​ស្ថានសួគ៌​យើង​ថា យើង​នឹង​បម្រើ​ទ្រង់ និង​មនុស្ស​ដទៃ​ដោយ​សេចក្តីស្រឡាញ់ ហើយ​ធ្វើតាម​ព្រះទ័យ​ទ្រង់​នៅក្នុង​រឿង​គ្រប់​យ៉ាង ។

បន្ទាប់​ពី​សន្និសីទ​ទូទៅ​កន្លង​មក​នេះ មនុស្ស​ជាច្រើន​បាន​មក​ជួប​ខ្ញុំ​ដោយ​មាន​សំណួរ​ដូចគ្នា​ថា ៖ « តើ​កៅអី​អង្គុយ​ទាំង​នោះ​មាន​ផាសុកភាព​ដែរ​ឬ​ទេ ? » ចម្លើយ​របស់​ខ្ញុំ​គឺ​ដូច​គ្នា​គ្រប់​ពេល​ទាំងអស់​ថា ៖ « កៅអី​ទាំង​នោះ​មាន​ផាសុកភាព​ណាស់ ប្រសិនបើ​អ្នក​មិន​ត្រូវ​ឡើង​និយាយ​នោះ » ។ វា​ត្រូវ មែនទេ ? កៅអី​របស់​ខ្ញុំ​គ្មាន​ផាសុកភាព​ទេ​នៅក្នុង​សន្និសីទ​លើក​នេះ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​មាន​អំណរគុណ​ចំពោះ​ពរជ័យ និង​មាន​កិត្តិយស​ក្នុង​ការនិយាយ​ទៅកាន់​បងប្អូន​នា​ល្ងាច​នេះ ។

ជួនកាល​នៅពេល​យើង​បម្រើ យើង​ត្រូវ​អង្គុយ​លើ​កៅអី​ផ្សេងៗ​ជា​ច្រើន ។ កៅអី​ខ្លះ​មាន​ផាសុកភាព​ណាស់ ហើយ​កៅអី​មួយ​ចំនួន​ទៀត​គ្មាន​ផាសុកភាព​ទេ ប៉ុន្តែ​យើង​បាន​សន្យា​ជាមួយ​ព្រះវរបិតា​គង់​នៅស្ថានសួគ៌​យើង​ថា យើង​នឹង​បម្រើ​ទ្រង់ និង​មនុស្ស​ដទៃ​ដោយ​សេចក្តីស្រឡាញ់ ហើយ​ធ្វើតាម​ព្រះទ័យ​ទ្រង់​នៅក្នុង​រឿង​គ្រប់​យ៉ាង ។

ពីរបី​ឆ្នាំ​មុន យុវវ័យ​នៅ​ក្នុង​សាសនាចក្រ​បាន​រៀន​ថា « នៅពេល​អ្នក ‹ ចាប់ផ្ដើម​ធ្វើការ​បម្រើ​ព្រះ › [ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤:២ ] អ្នក​កំពុង​ចូលរួម​ក្នុង​ដំណើរ​ដ៏​អស្ចារ្យ​មួយ​ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក ។ អ្នក​កំពុង​ជួយ​ព្រះ​ឲ្យ​ពន្លឿន​កិច្ចការ​របស់​ទ្រង់ ហើយ​វា​គឺជា​បទពិសោធន៍​មួយ​ដ៏​ល្អ​រីករាយ ហើយ​អស្ចារ្យ » ។ វា​ជាដំណើរ​មួយ​ដែល​មាន​សម្រាប់​មនុស្ស​ទាំងអស់—គ្រប់​អាយុ—ហើយ​វា​ក៏​ជា​ដំណើរ​មួយ​ដែល​នាំ​យើង​ដើរ​លើ​ផ្លូវ​ដែល​ព្យាការី​ជា​ទីស្រឡាញ់​របស់​យើង​បាន​ថ្លែង​ពី​វា​គឺ « ផ្លូវ​នៃ​សេចក្តីសញ្ញា » ។

ប៉ុន្តែ​ជា​អកុសល យើង​រស់នៅ​ក្នុង​ពិភពលោក​ដ៏​អាត្មានិយម​មួយ​ដែល​មនុស្ស​សួរ​ជានិច្ច​ថា « តើ​វា​មាន​ប្រយោជន៍​អ្វី​សម្រាប់​ខ្ញុំ ? » ជា​ជាងសួរ​ថា « តើ​ខ្ញុំ​អាច​ជួយ​នរណា​បាន​នៅ​ថ្ងៃ​នេះ ? »

រូបភាព
បងស្រី និង​បងប្រុស អែនតូនីទី
រូបភាព
វីតូរីយ៉ា អែនតូនីទី

ឧទាហរណ៍​ដ៏​អស្ចារ្យ​មួយ​នៅក្នុង​ជីវិត​ខ្ញុំ​អំពី​ការបម្រើ​ប្រកប​ដោយ​ភាព​មិន​អាត្មានិយម​គឺ​បងស្រី វិចតូរីយ៉ា អែនតូនី ។ វិចតូរីយ៉ា​គឺជា​គ្រូបង្រៀន​ថ្នាក់​អង្គការ​បឋម​សិក្សា​ម្នាក់​នៅក្នុង​សាខា​របស់​ខ្ញុំ កាល​ខ្ញុំ​បាន​ធំ​ដឹង​ក្ដី​ឡើង​នៅ​ប្រទេស​អាហ្សង់​ទីន ។ រៀងរាល់​រសៀល​ថ្ងៃ​អង្គារ ពេល​យើង​មក​ជួបជុំ​គ្នា​សម្រាប់​ថ្នាក់​អង្គការបឋម​សិក្សា គាត់​យក​នំ​សូកូឡា​មក​ឲ្យ​ពួកយើង ។ មនុស្ស​គ្រប់គ្នា​ចូលចិត្ត​នំ​នោះ—មែនហើយ គឺ​គ្រប់គ្នា លើកលែង​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ ។ ខ្ញុំ​ស្អប់​នំ​សូកូឡា​ណាស់ ។ ហើយ​ទោះបី​គាត់​បាន​ព្យាយាម​ចែក​រំលែក​នំ​នោះ​ជាមួយ​ខ្ញុំ​ក្តី ខ្ញុំ​ប្រកែក​មិន​យក​វា​ជានិច្ច ។

ថ្ងៃ​មួយ បន្ទាប់​ពី​គាត់​បាន​ចែក​នំ​សូកូឡា​ជាមួយ​ក្មេងៗ​ទាំងអស់​រួច ខ្ញុំ​បាន​សួរ​គាត់​ថា « ហេតុអ្វី​បង​មិន​យក​នំ​ដែល​មាន​រសជាតិ​ផ្សេង​មក—ដូចជា​រសជាតិ​ក្រូច ឬ​វ៉ាន់នីឡា​ជាដើម ? »

បន្ទាប់​ពី​សើច​បន្តិច​មក គាត់​បាន​សួរ​ខ្ញុំ​ថា « ហេតុអ្វី ប្អូន មិន​ភ្លក់​នំ​នោះ​បន្តិច​ទៅ ? នំ​នេះ​ធ្វើ​ឡើង​ដោយ​គ្រឿង​ផ្សំ​ពិសេស ហើយ​ខ្ញុំ​សន្យា​ថា ប្រសិនបើ​ប្អូន​ភ្លក់​វា នោះ​ប្អូន​នឹង​ចូលចិត្ត​វា ! »

ខ្ញុំ​បាន​មើល​ជុំវិញ​ខ្លួន ហើយ​ដោយ​ក្តីភ្ញាក់ផ្អើល មនុស្ស​គ្រប់គ្នា​ហាក់ដូចជា​ចូលចិត្ត​នំ​នោះ​ណាស់ ។ ខ្ញុំ​បាន​យល់​ព្រម​ភ្លក់​នំ​នោះ ។ អ្នក​អាច​ទាយ​ទៅ​មើល​ថា តើ​មាន​អ្វី​កើត​ឡើង ? ខ្ញុំ​ចូលចិត្ត​វា ! នោះ​ជា​លើកដំបូង​ហើយ ដែល​ខ្ញុំ​ចូលចិត្ត​នំ​សូកូឡា ។

ខ្ញុំ​ពុំ​បាន​ដឹង​ឡើយ រហូត​ដល់​អស់ពេល​ជាច្រើន​ឆ្នាំ​ក្រោយ​មក​អំពី​គ្រឿង​ផ្សំ​សម្ងាត់​ដែល​មាន​នៅក្នុង​នំ​សូកូឡា​របស់​បងស្រី​អែនតូនីទី ។ កូនៗ​របស់​ខ្ញុំ និង​ខ្ញុំ​បាន​សួរសុខទុក្ខ​ម្តាយ​ខ្ញុំ​រៀងរាល់​សប្តាហ៍ ។ ការទៅសួរ​សុខទុក្ខ​មួយ​នៃ​ការសួរសុខទុក្ខ​ទាំង​នេះ ម្តាយ​ខ្ញុំ និង​ខ្ញុំ​បាន​ហូប​នំសូកូឡា​មួយ​ដុំ ហើយ​ខ្ញុំ​បាន​ប្រាប់​គាត់​អំពី​របៀប​ដែល​ខ្ញុំ​បាន​ប្រែជា​ចូលចិត្ត​នំ​នោះ​ជា​លើក​ដំបូង ។ បន្ទាប់​មក គាត់​បាន​បំភ្លឺ​គំនិត​ខ្ញុំ​ជា​មួយ​រឿង​ផ្សេង​ទៀត​ដែល​ខ្ញុំ​ពុំ​ដឹង ។

ម្តាយ​ខ្ញុំ​ថ្លែ​ង​ថា « គ្រីស្ទ​កូន​ដឹង​ទេ វិចតូរីយ៉ា និង​គ្រួសារ​គាត់​គ្មាន​ធនធាន​ច្រើន​ទេ ហើយ​រៀងរាល់​សប្តាហ៍​គាត់​ត្រូវ​ជ្រើសរើស​យក​ការបង់​ប្រាក់​សម្រាប់​ឡាន​ក្រុង​ដឹក​គាត់ និង​កូន​បួន​នាក់​របស់​គាត់​មក​ថ្នាក់​អង្គការ​បឋម​សិក្សា ឬ​ក៏​ទិញ​គ្រឿង​ផ្សំ​ដើម្បី​ធ្វើ​នំ​សូកូឡា​សម្រាប់​ថ្នាក់​អង្គការបឋម​សិក្សា​របស់​គាត់ ។ គាត់​បាន​ជ្រើស​ធ្វើ​នំ​សូកូឡា​ជាជាង​ទុក​ប្រាក់​ជិះ​ឡាន​ក្រុង ហើយ​គាត់ និង​កូនៗ​គាត់​បាន​ដើរ​អស់​ចម្ងាយ​ជាង​ប្រាំមួយ​គីឡូម៉ែត្រ​ទាំងទៅ​ទាំង​មក ទោះ​មាន​អាកាសធាតុ​បែប​ណា​ក្តី » ។

នៅ​ថ្ងៃ​នោះ ខ្ញុំ​មាន​អំណរគុណ​កាន់តែ​ខ្លាំង​ឡើង​ចំពោះ​នំ​សូកូឡា​របស់​គាត់ ។ កាន់តែ​សំខាន់​នោះ ខ្ញុំ​បាន​រៀន​ថា គ្រឿង​ផ្សំ​សម្ងាត់​នៅក្នុង​នំ​សូកូឡា​របស់​វិចតូរីយ៉ា​នោះ​គឺ​សេចក្តីស្រឡាញ់ ដែល​គាត់​មាន​ដល់​អស់​អ្នក​ដែល​គាត់​បាន​បម្រើ និង​ការលះបង់ប្រកប​ដោយ​ភាព​មិន​អាត្មា​និយម​របស់​គាត់​ដល់​ពួកយើង ។

ពេល​ត្រឡប់​ទៅ​គិត​អំពី​នំ​របស់​វិចតូរីយ៉ា វា​បាន​ជួយ​ខ្ញុំ​ឲ្យ​ចាំ​អំពី​ការលះបង់​ប្រកប​ដោយ​ភាព​មិន​អាត្មានិយម​ដែល​បង្ហាញ​ដោយ​មេរៀន​អស់កល្ប ដែល​បង្រៀន​ដោយ​ព្រះអម្ចាស់​ដល់​ពួកសិស្ស​របស់​ទ្រង់ ពេល​ទ្រង់​យាង​ទៅ​កាន់​ឃ្លាំង​រតនសម្បត្តិ​នៃ​ព្រះវិហារ​បរិសុទ្ធ ។ បងប្អូន​ដឹង​រឿង​នោះ​ហើយ ។ អែលឌើរ ជេម អ៊ី ថាល់មេហ្គ បាន​បង្រៀន​ថា មាន​ហិប​ចំនួន ១៣ « ហើយ​មនុស្ស​បាន​ទម្លាក់​ការបរិច្ចាគ​ចូល​ទៅក្នុង​ហិប​ទាំង​នោះ ក្នុង​គោលបំណង [ ផ្សេងៗ ] ដែល​បង្ហាញ​ដោយ​អក្សរ​ចារឹក [ នៅ ] លើ​ប្រអប់​ទាំង​នោះ » ។ ព្រះយេស៊ូវ​បាន​ទត​មើល​អ្នក​បរិច្ចាគ​ឈរ​តម្រង់​ជួរ ដែល​មាន​មនុស្ស​គ្រប់​ប្រភេទ​ទាំងអស់ ។ មនុស្ស​ខ្លះ​បាន​ឲ្យ​អំណោយ​ដោយ « គោលបំណង​ដ៏​ស្មោះសរ » ឯ​អ្នក​ខ្លះ​ទៀត​បាន​ដាក់ « មាស និង​ប្រាក់​យ៉ាង​ច្រើន​សន្ធឹក » ទៅ​ក្នុង​ប្រអប់ទាំង​នោះ ដោយ​រំពឹង​ថា មាន​គេ​មើល​ឃើញ មាន​គេ​កត់សម្គាល់ ហើយ​កោតសរសើរ​ដល់​ការបរិច្ចាគ​របស់​ពួកគេ ។

« នៅក្នុង​ចំណោម​មនុស្ស​ទាំង​នោះ មាន​ស្ត្រី​មេម៉ាយ​ក្រីក្រ​ម្នាក់ ដែល…ទម្លាក់​កាក់​ស្ពាន់​តូច​ពីរ​ដែល​យើង​ស្គាល់​ថា​ជា​ស្លឹង ចូលទៅ​ក្នុង​ហិប​រតនសម្បត្តិ​មួយ​នៃ​ហិប​ទាំង​នោះ ការបរិច្ចាគ​របស់​គាត់​មាន​តម្លៃ​តិច​ជាង​ពាក់​កណ្តាល​នៃ​ប្រាក់​កាក់​មួយ​សេន​របស់​អាមេរិក​ទៅ​ទៀត ។ ព្រះអម្ចាស់​បាន​ហៅ​ពួកសិស្ស​ទ្រង់​ឲ្យ​មក​ឯ​ទ្រង់ ឲ្យ​ចាប់​អារម្មណ៍​លើ​ស្ត្រី​មេម៉ាយ​ក្រីក្រ និង​ទង្វើ​របស់​គាត់ ហើយ​ទ្រង់​មាន​បន្ទូល​ថា ៖ ‹ ខ្ញុំ​បា្រប់​អ្នក​រាល់​គ្នា​ជា​បា្រកដ​ថា ស្ត្រី​មេម៉ាយ​ក្រ​នេះ​បាន​ថ្វាយ​លើស​ជាង​អ្នក​ទាំង​អស់ ដែល​ដាក់​ក្នុង​ឃ្លាំង ៖ ដ្បិត​គេ​សុទ្ធ​តែ​យក​ពី​របស់​ជា​សំណល់​ខ្លួន​មក​ថ្វាយ តែ​ស្រ្តី​នេះ​បាន​យក​ពី​សេចក្តី​កម្សត់​ខ្លួន​មក​ថ្វាយ​វិញ គឺ​ជា​របស់​ដែល​នាង​មាន​ទាំង​ប៉ុន្មាន​សម្រាប់​ចិញ្ចឹម​ជីវិត​ខ្លួន​ផង › [ ម៉ាកុស ១២:៤៣–៤៤ ] » ។

រូបភាព
ប្រាក់​ស្លឹង​របស់​ស្ត្រី​មេម៉ាយ

ស្ត្រី​មេម៉ាយ​នោះ​ហាក់ដូចជា​គ្មាន​មុខងារ​ធំដុំ​នៅក្នុង​សង្គម​នា​គ្រា​នោះ​ទេ ។ គាត់​ពិតជា​មាន​អ្វី​មួយ​ដែល​សំខាន់​ជាង ៖ គោលបំណង​របស់​គាត់​គឺ​បរិសុទ្ធ ហើយ​គាត់​បាន​ថ្វាយ​នូវ​អ្វីៗ​ទាំងអស់​ដែល​គាត់​ត្រូវ​ថ្វាយ ។ ប្រហែល​ជា​គាត់​បាន​ថ្វាយ​តិចជាង​មនុស្ស​ដទៃ ដោយ​ស្ងាត់ស្ងៀម​ជាង​មនុស្ស​ដទៃ ហើយ​ផ្សេង​ពី​មនុស្ស​ដទៃ ។ នៅក្នុង​ក្រសែ​ភ្នែក​មនុស្ស​មួយ​ចំនួន អ្វី​ដែល​គាត់​បាន​ថ្វាយ​គឺ​ពុំ​សំខាន់​ទេ ប៉ុន្តែ​នៅក្នុង​ព្រះនេត្រ​នៃ​ព្រះអង្គសង្គ្រោះ « ពិចារណា​អស់​ទាំង​គំនិត​ដែល​ចិត្ត​គិត ហើយ​ដែល​សម្រេច​ដែរ »  នោះ​គាត់​បាន​ថ្វាយ​នូវ​អ្វីៗ​ទាំងអស់ ។

បងប្អូន​ស្រី តើ​យើង​កំពុង​ថ្វាយ​អ្វីៗ​ទាំងអស់​ដល់​ព្រះអម្ចាស់​ដោយ​គ្មាន​ចិត្ត​ស្ទាក់ស្ទើរ​ដែរ​ឬ​ទេ ? តើ​យើង​កំពុង​លះបង់​ពេលវេលា និង​ទេពកោសល្យ​របស់​យើង ដើម្បី​ឲ្យ​ជំនាន់​ដែល​កំពុង​ពេញ​វ័យ​អាច​រៀន​ស្រឡាញ់​ព្រះអម្ចាស់ ហើយ​គោរព​បទបញ្ញត្តិ​របស់​ទ្រង់​ដែរ​ឬ​ទេ ? តើ​យើង​កំពុង​ផ្តល់​ការងារ​បម្រើ​ដល់​អ្នក​ដែល​នៅ​ជុំវិញ​យើង និង​អ្នក​ដែល​យើង​ត្រូវ​បាន​ចាត់​ដោយ​យកចិត្ត​ទុកដាក់ និង​ឧស្សាហ៍​ព្យាយាម—ដោយ​ការលះបង់​ពេលវេលា និង​កម្លាំង​ដែល​អាច​ត្រូវ​ប្រើ​ក្នុង​របៀប​ផ្សេង​ទៀត​ដែរ​ឬ​ទេ ? តើ​យើង​កំពុង​រស់នៅ​តាម​ក្រឹត្យវិន័យ​ធំ​ពីរ—ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះ និង​ស្រឡាញ់​បុត្រាបុត្រី​របស់​ទ្រង់​ដែរ​ឬ​ទេ ? ជារឿយៗ សេចក្ដី​ស្រឡាញ់​នោះ​គឺ​បង្ហាញ​ឡើង​តាមរយៈ​ការបម្រើ ។

ប្រធាន ដាល្លិន អេក អូក បាន​បង្រៀន​ថា ៖ « ព្រះអង្គ​សង្គ្រោះ​របស់​យើង​បាន​លះបង់​ព្រះអង្គ​ទ្រង់​ផ្ទាល់​ក្នុង​ការបម្រើ​ដែល​ប្រកប​ដោយ​ភាព​មិន​អាត្មានិយម ។ ទ្រង់​បាន​បង្រៀន​ថា យើង​ម្នាក់ៗ​គួរធ្វើ​តាម​ទ្រង់ ដោយ​បដិសេធ​ចោល​នូវ​ភាព​អាត្មានិយម​របស់​យើង ដោយ​ចាប់​អារម្មណ៍​ក្នុង​ការបម្រើ​មនុស្ស​ដទៃ » ។

លោក​បាន​បន្ត​ថា ៖

« ឧទាហរណ៍​មួយ​ដែល​យើង​ស្គាល់​អំពី​ការលះបង់​ខ្លួន​យើង​នៅក្នុង​ការបម្រើ​មនុស្ស​ដទៃ…គឺ​ការលះបង់​ដែល​ឪពុកម្តាយ​បាន​ធ្វើ​ដល់​កូនៗ​របស់​ពួកគាត់ ។ ម្តាយ​បាន​រង​ការឈឺចាប់ និង​បាត់បង់​នូវ​អាទិភាព និង​ភាព​ស្រណុក​ផ្ទាល់​ខ្លួន ដើម្បី​បង្កើត និង​ចិញ្ចឹម​កូន​ម្នាក់ៗ ។ ឪពុក​កែតម្រូវ​ជីវិត និង​អាទិភាព​នានា​របស់​ពួកគាត់​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ ។…

…យើង​ក៏​មាន​អំណរ​ដល់​អ្នក​ដែល​មើលថែ​សមាជិក​គ្រួសារ​ដែល​ពិការ និង​ឪពុក​ម្តាយ​ចាស់​ជារា ។ គ្មាន​នរណា​ម្នាក់​ដែល​ធ្វើ​ការបម្រើ​នេះ​សួរ​ថា តើ​វា​មាន​ប្រយោជន៍​អ្វី​សម្រាប់​ខ្ញុំ​នោះ​ទេ ? ការបម្រើ​ទាំង​នេះ​តម្រូវ​ឲ្យ​ទុក​ភាពស្រណុក​ផ្ទាល់​ខ្លួន​មួយ​អន្លើសិន​សម្រាប់ការបម្រើ​ដែល​ប្រកប​ដោយ​ភាព​មិន​អត្មា​និយម ។…

[ ហើយ ] ការណ៍​ទាំងអស់​នេះ​បង្ហាញ​ពី​គោលការណ៍​ដ៏​អស់កល្ប​មួយ​ថា យើង​កាន់តែ​មាន​ភាពរីករាយ និង​កាន់តែ​បាន​បំពេញ ពេល​យើង​ប្រព្រឹត្ត និង​បម្រើ​សម្រាប់​អ្វី​ដែល​យើង​ផ្ដល់​ឲ្យ ពុំ​មែន​អ្វី​ដែល​យើង​ទទួល​បាន​នោះ​ទេ ។

ព្រះអង្គ​សង្គ្រោះ​របស់​យើង​បង្រៀន​យើង​ឲ្យ​ធ្វើ​តាម​ទ្រង់ ដោយ​ធ្វើ​ការលះបង់​ដ៏​ចាំបាច់ ដើម្បី​លះបង់​ខ្លួន​យើង​នៅក្នុង​ការបម្រើ​ដែល​ប្រកប​ដោយ​ភាព​មិន​អាត្មានិយម​ដល់​មនុស្ស​ដទៃ » ។

ប្រធាន ថូម៉ាស អេស ម៉នសុន ក៏​បាន​បង្រៀន​ដូច​នេះ​ផងដែរ​ថា « ប្រហែល​នៅពេល​យើង​ជួប​នឹង​អង្គ​បង្កបង្កើត​យើង​ផ្ទាល់ នោះ​យើង​នឹង​ពុំ​ត្រូវបាន​សួរ​ថា ‹ តើ​អ្នក​កាន់​មុខ​តំណែង​ប៉ុន្មាន ? › នោះ​ទេ ប៉ុន្តែ​យើង​ប្រហែល​ជា​ត្រូវបាន​សួរ​ថា ‹ តើ​អ្នក​បាន​ជួយ​មនុស្ស​ប៉ុន្មាន​នាក់​វិញ ? › ប្រាកដ​ណាស់ បងប្អូន​ពុំ​អាច​ស្រឡាញ់​ព្រះអម្ចាស់​បាន​ឡើយ លុះត្រា​តែ​បងប្អូន​បម្រើ​ទ្រង់ តាមរយៈ​ការបម្រើ​ដល់​រាស្ត្រ​ទ្រង់​សិន » ។

ម្យ៉ាង​ទៀត ឱ​បងប្អូន​ស្រី​អើយ វា​មិន​ជា​អ្វី​ទេ បើ​យើង​អង្គុយ​នៅលើ​កៅអី​មាន​ផាសុកភាព ឬ​បើ​យើង​អង្គុយ​គ្មាន​ផាសុកភាព​ពេញ​មួយ​ការប្រជុំ​នេះ​លើ​កៅអី​ច្រេះ​ចាប់​នៅ​ជួរ​ខាង​ក្រោយ​នោះ ។ បើសិន​ចាំបាច់ វា​ក៏​មិន​ជា​អ្វី​ដែរ​ដែល​បងប្អូន​ត្រូវ​ចេញ​ពី​ការប្រជុំ​មួយ​រយៈ​ដើម្បី​លួង​កូន​តូច​ដែល​យំ​នោះ ។ អ្វី​ដែល​សំខាន់​នោះ​គឺ​ថា យើង​មក​ដោយ​មាន​បំណង​មួយ​ដើម្បី​បម្រើ ថា​យើង​កត់សម្គាល់​ឃើញ​អស់​អ្នក​ដែល​យើង​ផ្តល់​ការងារ​បម្រើ ហើយ​បាន​ស្វាគមន៍​ពួកគេ​ដោយ​អំណរ ហើយ​ថា​យើង​ណែនាំ​ខ្លួន​យើង​ឲ្យ​អ្នក​ដែល​អង្គុយ​ក្បែរ​យើង​បាន​ស្គាល់​យើង​—ឈោង​ទៅ​រក​ពួកគេ​ដោយ​ការរាប់អាន ទោះបី​យើង ពុំត្រូវ​បាន ចាត់​ឲ្យ​ផ្តល់​ការងារ​បម្រើ​ដល់​ពួកគេ​ក្តី ។ ហើយ​វា​ពិត​ជា​សំខាន់​ណាស់​ដែល​យើង​ធ្វើ​កិច្ចការ​ទាំង​នោះ​ជាមួយ​នឹង​គ្រឿងផ្សំ​ពិសេស​នៃ​ការបម្រើ រួមជាមួយ​សេចក្តីស្រឡាញ់ និង​ការលះបង់ ។

ខ្ញុំ​បាន​ដឹង​ច្បាស់​ថា យើង​ពុំ​ត្រូវ​ធ្វើ​នំ​សូកូឡា​ដើម្បី​ក្លាយ​ជា​គ្រូបង្រៀន​ថ្នាក់​បឋម​សិក្សា​ដ៏​មាន​ជោគជ័យ ឬ​មាន​ការលះបង់​ឡើយ ដោយសារ​វា​ពុំមែន​អំពី​រឿង​នំ​នោះ​ទេ ។ វា​គឺ​ជា​សេចក្តីស្រឡាញ់​ដែល​បង្កប់​នៅក្នុង​ទង្វើ​នោះ​វិញ​ទេ​តើ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា សេចក្ដី​ស្រឡាញ់​នោះ​បាន​ធ្វើ​ឲ្យ​ពិសិដ្ឋ​តាមរយៈ​ការលះបង់—គឺ​ការលះបង់​របស់​គ្រូបង្រៀន​ម្នាក់ ហើយ​កាន់តែ​អស្ចារ្យ​នោះ​គឺ​តាម​រយៈ​ការបូជា​ដ៏​ខ្ពង់ខ្ពស់ និង​អស់កល្ប​ជានិច្ច​នៃ​ព្រះរាជបុត្រា​របស់​ព្រះ ។ ខ្ញុំ​សូម​ធ្វើ​ជា​សាក្សី​ថា ទ្រង់​មាន​ព្រះជន្ម​រស់ ! ខ្ញុំ​ស្រឡាញ់ទ្រង់ ហើយ​មាន​បំណង​ទម្លាក់​ចោល​នូវ​បំណង​ប្រាថ្នា​ដ៏​អាត្មានិយម​របស់​ខ្ញុំ ដើម្បី​ស្រឡាញ់ និង​ផ្តល់​ការងារ​បម្រើ​ដូច​ទ្រង់​ធ្វើ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. គណៈ​ប្រធាន​យុវនារី​ទូទៅ « This Marvelous Work » Liahona ខែ មករា ឆ្នាំ ២០១៥ ទំព័រ ៤៩ ។

  2. រ័សុល អិម ណិលសុន « As We Go Forward Together » Liahona ខែ មេសា ឆ្នាំ ២០១៨ ទំព័រ ៧ ។

  3. ជេម អ៊ី ថាល់មេហ្គ Jesus the Christ ( ឆ្នាំ ១៩១៦ ) ទំព័រ ៥៦១ ។

  4. គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៣៣:១ ។

  5. សូមមើល ម៉ាថាយ ២២:៣៧, ៣៩ ។

  6. ដាល្លិន អេក អូក « Unselfish Service » Liahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៩៣, ៩៦ ។

  7. ថូម៉ាស អេស ម៉នសុន « Great Expectations » ( ការប្រជុំធម្មនិដ្ឋាន​សាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃ​ទី ១១ ខែ មករា ឆ្នាំ ២០០៩ ) ទំព័រ ៦ គេហទំព័រ speeches.byu.edu ។