ឆ្នាំ ២០១០-២០១៩
ការងារ​បម្រើ​នៃ​ការផ្សះផ្សា
ខែ តុលា ឆ្នាំ ២០១៨


ការងារ​បម្រើ​នៃ​ការផ្សះផ្សា

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​ភាពសុខសាន្ត​ចំពោះ​ព្រលឹង​ដែល​ផ្សះផ្សា​ជាមួយ​ព្រះ ព្រមទាំង​រវាង​គ្នា​នឹង​គ្នា​នឹង​កើត​មាន​ឡើង ប្រសិនបើ​យើង​បន្ទាប​ខ្លួន និង​ក្លាហាន​ល្មម​ដើម្បី​អនុវត្ត​តាម ។

កាល​ពី​ខែ​មេសា ពេល​ប្រធាន រ័សុល អិម ណិលសុន បាន​ណែនាំ​គោលគំនិត​អំពី​ការងារ​បម្រើ នោះ​លោក​បាន​សង្កត់​ធ្ងន់​ថា វា​ជា​របៀប​មួយ​ដើម្បី​គោរព​ក្រឹត្យវិន័យ​ធំ​ពីរ ក្នុងការ​ស្រឡាញ់​ព្រះ និង​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក ។ ពួកយើង​ក្នុងនាម​ជា​អ្នក​កាន់​តំណែង​ក្នុង​សាសនាចក្រ សូម​សរសើរ និង​អបអរ​សាទរ​ដល់​បងប្អូន​ចំពោះ​ការឆ្លើយ​តប​ដ៏​អស្ចារ្យ​ដែល​បងប្អូន​បាន​ចាប់ផ្តើម​ធ្វើ​កិច្ចការ​នោះ ។ យើង​សូម​អរគុណ​បងប្អូន​សម្រាប់​ការធ្វើ​តាម​ព្យាការី​ជា​ទីស្រឡាញ់​របស់​យើង​នៅក្នុង​ការខិតខំ​ដ៏​អស្ចារ្យ​នេះ ហើយ​យើង​សូម​ផ្តល់​យោបល់​ថា សូម​បងប្អូន​កុំ​រង់ចាំ​ការណែនាំ​បន្ថែម​ទៀត​អី ។ សូម​ចុះ​ប្រឡូក​ក្នុង​កិច្ចការ​នោះ​ទៅ ។ ហើយ​ជួយ​អ្នក​ដែល​ត្រូវការ​ជំនួយ ។ សូម​កុំ​នៅ​សម្ងំ​ស្ងៀម​ដោយ​ឆ្ងល់​ថា តើ​បងប្អូន​គួរ​ធ្វើ​ការបម្រើ​ប្រភេទ​ណា​នោះ​ឡើយ ។ ប្រសិនបើ​យើង​ធ្វើ​តាម​គោលការណ៍​គ្រឹះ​ដែល​ត្រូវបាន​បង្រៀន បន្ត​គាំទ្រ​ជាមួយ​កូនសោ​បព្វជិតភាព ហើយ​ស្វែងរក​ព្រះវិញ្ញាណ​បរិសុទ្ធ​ដឹកនាំ​យើង នោះ​យើង​ពុំ​អាច​បរាជ័យ​ឡើយ ។

នា​ព្រឹក​នេះ ខ្ញុំ​ចង់​ថ្លែង​អំពី​លក្ខណៈនៃ​ការងារ​បម្រើ​ក្នុង​កម្រិត​មួយ​កាន់តែ​ផ្ទាល់​ខ្លួន​ដែល​ពុំមែន​មក​ពី​ការចាត់តាំង ពុំ​ទាក់ទង​នឹង​កាលវិភាគ​សម្ភាស ហើយ​គ្មាន​ការរាយការណ៍​អ្វី​ឡើយ ក្រៅពី​រាយការណ៍​ទៅ​កាន់​ស្ថានសួគ៌​នោះ ។ ខ្ញុំ​សូម​ចែកចាយ​គំរូ​សាមញ្ញ​មួយ​ស្តីពី​គំរូ​នៃ​ការងារ​បម្រើ ។

ហ្គ្រាន ម័រ៉ែល បូវិន គឺជា​ស្វាមី និង​ឪពុក​ម្នាក់​ដែល​ខិតខំ​ធ្វើការ និង​មាន​ការលះបង់ ដូច​ជា​មនុស្ស​ជា​ច្រើន​ទៀត​ដែល​ប្រកប​របរ​ចិញ្ចឹម​ជីវិត​របស់​ពួកគេ​ដោយ​ធ្វើ​ស្រែចម្ការ មាន​វិបត្ត​ហិរញ្ញវត្ថុ នៅពេល​ដំណាំ​ដំឡូង​ក្នុង​មូលដ្ឋាន​នោះ​គ្មាន​គ្រប់គ្រាន់ ។ គាត់ និង​ភរិយា​គាត់​ឈ្មោះ​ន័រម៉ា បាន​ចាប់ផ្តើម​ធ្វើ​ការងារ​ផ្សេង ទីបំផុត​បាន​ប្តូរ​ទៅ​រស់នៅ​ទីក្រុង​មួយ​ផ្សេង​ទៀត ហើយ​សេចដ្ឋកិច្ច​របស់​ពួកគេ​បាន​ចាប់ផ្តើម​មាន​ស្ថេរភាព​ឡើង​វិញ ។ ប៉ុន្តែ នៅក្នុង​រឿង​ដ៏​អកុសល​មួយ បងប្រុស​បូវិន​មាន​ក្តី​ឈឺ​ចាប់​ជា​ខ្លាំង​ពន់ពេក ពេល​ប៊ីស្សព​ដូច​ជា​ពុំ​ជឿ​ជាក់​លើ​ការប្រកាស​របស់​គ្រួសារ​ម័រ៉ែល​ដែល​ថា បងប្រុស​បូវិន​គឺជា​អ្នក​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ពេញលេញ ពេល​សម្ភាស​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។

ខ្ញុំ​ពុំ​ដឹង​ថា តើ​ម្នាក់​ណា​ត្រូវជាង​ម្នាក់​ណា​ទេ​នៅ​ថ្ងៃ​នោះ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា បងស្រី​បូវិន​បាន​ដើរ​ចេញ​ពី​ការសម្ភាស​នោះ ជាមួយ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​គាត់​ដែល​បាន​បន្ត​រួច ខណៈ​ដែល​បងប្រុស​បូវិន​ដើរ​ចេញ​មក​ទាំង​ខឹង​សម្បារ ដែល​ធ្វើ​ឲ្យ​គាត់​ដើរ​ចេញ​ពី​សាសនាចក្រ​អស់រយៈ ១៥ ឆ្នាំ ។

ដោយ​មិន​គិត​ថា អ្នក​ណា​ជា​អ្នក​ត្រូវ​អំពី​រឿង​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ប្រាកដ​ណាស់​ទាំង​គ្រួសារ​ម័រ៉ែល និង​ប៊ីស្សព​បាន​ភ្លេច​យ៉ាង​ច្បាស់​ក្រឡែត​នូវ​សេចក្តីបង្គាប់​របស់​ព្រះអង្គសង្គ្រោះ​ឲ្យ « ស្រុះ​ស្រួល នឹង​អ្នក​ដើម​ចោទ​វិញ​ជា​ប្រញាប់ »  ហើយ​ប៉ុល​បាន​ទូន្មាន​ថា « កុំ​ឲ្យ​សេចក្តី​កំហឹង​របស់​អ្នក​នៅ​ដរាប​ដល់​ថ្ងៃ​លិច​ឡើយ » ។ ការពិត​នោះ​គឺ​ថា ពួកគេ ពុំ​បាន ស្រុះស្រួល​គ្នា ហើយ​កំហឹង​របស់​បងប្រុស​បូវិន បាន​មាន ដល់​ថ្ងៃលិច អស់ជា​ច្រើន​ថ្ងៃ ច្រើន​សប្តាហ៍ រហូត​ដល់​ច្រើន​ឆ្នាំ ដែល​បង្ហាញ​ចំណុច​មួយ​ដែល​និយាយ​ដោយ​អ្នក​ប្រាជ្ញា​បុរាណ​សាសន៍​រ៉ូម​ម្នាក់​ថា « បើ​មិន​ចេះ​ទប់​កំហឹង​ទេ ជារឿយៗ វា​កាន់តែ [ ធ្វើ​ឲ្យ​ខូច​ប្រយោជន៍ ] ជាង​ការខូតខាត​ដែល​បង្ក​ឲ្យ​មាន​កំហឹង​នោះ​ទៅ​ទៀត » ។ ប៉ុន្តែ​អព្ភូតហេតុ​នៃ​ការផ្សះផ្សា​គ្នា​គឺ​មាន​សម្រាប់​យើង​ជានិច្ច ហើយ​ដោយសារ​សេចក្តីស្រឡាញ់​សម្រាប់​គ្រួសារ​គាត់ និង​សាសនាចក្រ ដែល​គាត់​បាន​ដឹង​ថា​ជា​ការពិត នោះ​ម័រ៉ែល បូវិន បាន​ត្រឡប់​មក​សកម្មភាព​ទាំងស្រុង​វិញ​ក្នុង​សាសនាចក្រ ។ ខ្ញុំ​សូម​ប្រាប់​បងប្អូន​អំពី​របៀប​ដែល​វា​កើត​ឡើង ។

ប្រាត​កូនប្រុស​របស់​បងប្រុស​បូវិន​គឺជា​កល្យាណ​មិត្ត​នឹង​ពួកយើង ហើយ​ជា​ពួកចិតសិប​នាក់​ប្រចាំ​តំបន់​ដ៏​ស្មោះត្រង់​បម្រើ​នៅ​រដ្ឋ​អៃដាហូ​ភាគ​ខាង​ត្បូង ។ កាល​រឿង​នោះ​កើត​ឡើង ប្រាត​មាន​អាយុ ១១ ឆ្នាំ ហើយ​អស់រយៈពេល ១៥ ឆ្នាំ ប្រាត​បាន​ឃើញ​ភក្តីភាព​របស់​ឪពុក​គាត់​ទៅលើ​សាសនា​បាន​ធ្លាក់​ចុះ គាត់​ជា​សាក្សី​ម្នាក់​ដែល​ឃើញ​ពី​ឥទ្ធិពល​អវិជ្ជមាន​ដែល​កើត​មក​ពី​កំហឹង និង​ការយល់​ខុស​នោះ ។ មាន​អ្វី​មួយ​ចាំបាច់​ត្រូវ​ធ្វើ​ឡើង ។ នៅក្នុង​ឆ្នាំ ១៩៧៧ ពេល​បុណ្យ Thanksgiving បាន​ឈាន​ចូល​មក​ដល់ ប្រាត​ជា​សិស្ស​អាយុ ២៦ នៅ​សាលកវិទ្យាល័យ ព្រិកហាំ យ៉ង់ ភរិយា​គាត់ វ៉ាលើរី និង​កូន​តូច​ទើបតែ​កើត​ឈ្មោះ​ម៉ាឃ បាន​រៀបចំ​ឥវ៉ាន់​ដាក់​ឡាន​ពួកគេ ក្នុង​អាកាសធាតុ​មិន​ល្អ​នោះ ហើយ​បើក​ទៅ​ទីក្រុង​ប៊ីលលីង រដ្ឋ​ម៉ុនតាណា ។ ការបើក​ឡាន​កិន​លើ​ពំនូក​ព្រិល​នៅ​ក្បែរ​ទីក្រុង វ៉េស យេឡូ​ស្តូន ពុំ​អាច​រារាំង​ពួកគេ​ទាំង​បី​នាក់ ពី​ការផ្តល់​ការងារ​បម្រើ​ក្នុងការ​ទាក់ទង​ជាមួយ​បងប្រុស បូវិន ស៊ីញ័រ ទេ ។

ពេល​ទៅ​ដល់​ទីនោះ ប្រាត និង​ប្អូន​ស្រី​របស់​គាត់​ឈ្មោះ​ផាម បាន​សូម​ជួប​ជាមួយ​ឪពុក​របស់​ពួកគេ​តែ​បី​នាក់ ។ ប្រាត​បាន​ចាប់ផ្តើម​និយាយ​ដោយ​រំជួល​ចិត្ត​ថា « ប៉ា​គឺ​ជា​មនុស្ស​អស្ចារ្យ​ណាស់ ហើយ​ពួកកូន​បាន​ដឹង​ជានិច្ច​ថា ប៉ា​ស្រឡាញ់​ពួកកូន​ណាស់ ។ ប៉ុន្តែ​មាន​រឿង​បាន​កើត​ឡើង ហើយ​វា​បាន​កន្លង​ផុត​ទៅ​យូរ​ហើយ ។ ដោយសារ​ប៉ា​បាន​ឈឺចាប់​ម្តងហើយ នោះ​គ្រួសារ​ទាំង​មូល​បាន​ឈឺចាប់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ។ ពួកយើង​បាន​ខូច​ចិត្ត ហើយ​មាន​តែ​ប៉ា​ប៉ុណ្ណោះ​ដែល​អាច​ជួយ​យើង​បាន ។ បន្ទាប់​ពី​រយៈពេល​នេះ សូម សូម​ប៉ា​មាន​ចិត្ត​បំភ្លេច​រឿង​ដ៏​អកុសល​ជាមួយ​ប៊ីស្សព​នោះ ហើយ​នាំ​គ្រួសារ​នេះ​ទៅ​ក្នុង​ដំណឹងល្អ​វិញ ដូច​ប៉ា​ធ្លាប់​បាន​ធ្វើពីមុន​បាន​ដែរ​ឬ​ទេ ? »

មាន​ភាពស្ងប់ស្ងាត់​ទាំងស្រុង ។ បន្ទាប់​មក បងប្រុស​បូវិន​បាន​មើល​មុខ​ពួកគេ​ទាំង​ពីរ​នាក់​ជា​កូន​របស់​គាត់ ដែល​ជា​ឆ្អឹង​ពី​ឆ្អឹង​គាត់ ជា​សាច់​ពី​សាច់​គាត់  ហើយ​បាន​និយាយ​តិចៗ​ថា « បាទ ។ បាទ ប៉ា​នឹង​ធ្វើ​វា » ។

ដោយ​ក្តី​រំភើប ប៉ុន្តែ​ភ្ញាក់ផ្អើល​នឹង​ចម្លើយ​ដែល​ពុំ​បាន​រំពឹង​ទុក​នេះ ប្រាត​បូវិន និង​គ្រួសារ​គាត់​បាន​ឃើញ​ស្វាមី និង​ឪពុក​របស់​ពួកគេ​បាន​ទៅ​ជួប​ប៊ីស្សព​បច្ចុប្បន្ន​របស់​គាត់ ក្នុង​ស្មារតី​មួយ​នៃ​ការផ្សះផ្សា​គ្នា ដើម្បី​រៀបចំ​រឿង​ត្រឹមត្រូវ​សម្រាប់​ជីវិត​គាត់ ។ ក្នុង​ការឆ្លើយ​តប​ដ៏​ប្រពៃ​ចំពោះ​ការមក​ជួប​ដ៏​ក្លាហាន ប៉ុន្តែ​ពុំ​បាន​រំពឹង​ទុក​នេះ ប៊ីស្សព​ដែល​ធ្លាប់​ផ្តល់​ការអញ្ជើញ​ច្រំដែលៗ​ដល់​បងប្រុស​បូវិន​ឲ្យ​ត្រឡប់​មក​វិញ​នោះ បាន​ឱប​បងប្រុស​ម័រ៉ែល​គឺ​ឱប​គាត់—គឺ​ឱប​គាត់​យ៉ាង​យូរ ។

ក្នុង​រយៈពេល​តែ​ពីរ​បី​សប្តាហ៍​ប៉ុណ្ណោះ—វាមិន​ចំណាយ​ពេល​ច្រើន​ឡើយ—បងប្រុស​បូវិន​បាន​ចូលរួម​ទាំងស្រុង​ក្នុង​សកម្មភាព​សាសនាចក្រ​វិញ ហើយ​បាន​ធ្វើ​ឲ្យ​ខ្លួន​គាត់​មាន​ភាព​ស័ក្តិសម​ត្រឡប់​ទៅ​ព្រះវិហារ​បរិសុទ្ធ​វិញ ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក គាត់​បាន​ទទួល​ការហៅ​ឲ្យ​ធ្វើ​ជា​អធិបតី​លើ​សាខា​តូច​មួយ​ដ៏​លំបាក​ដែល​មាន​សមាជិក ២៥ នាក់ ហើយ​បាន​ធ្វើ​ឲ្យ​សាខា​នោះ​រីកចម្រើន​រហូត​មាន​សមាជិក​ជាង ១០០ នាក់ ។ រឿង​ទាំង​នេះ​បាន​កើត​ឡើង​អស់​រយៈពេល​ជិត​ពាក់​កណ្តាល​សតវត្សរ៍​កន្លង​ទៅ ប៉ុន្តែ​លទ្ធផល​នៃ​ការងារ​បម្រើ​ដោយ​ការអង្វរករ​របស់​កូនប្រុស​ស្រី​ដល់​ឪពុក​របស់​ពួកគេ ហើយ​ដោយ​ឪពុក​នោះ​មាន​ឆន្ទៈ​អភ័យទោស ហើយ​បន្ត​ឆ្ពោះ​ទៅ​មុខ ទោះបី​ភាព​មិន​គ្រប់​លក្ខណ៍​របស់​មនុស្ស​ដទៃ​បាន​នាំ​ពរជ័យ ដែល​នៅតែ​កើត​មាន—ហើយ​នឹង​កើត​មាន​ជា​រៀងរហូត​ដល់​គ្រួសារ​បូវិន ។

បងប្អូន​ប្រុស​ស្រី​អើយ ព្រះយេស៊ូវ​បាន​សុំ​ឲ្យ​យើង « រស់នៅ​ជាមួយ​គ្នា​ដោយ​នូវ​សេចក្ដី​ស្រឡាញ់ »  ដោយ « ពុំ​ត្រូវ​មាន​ការ​ប្រកែក​គ្នា នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឡើយ » ។ ទ្រង់​បាន​ព្រមាន​ពួកសាសន៍​នីហ្វៃ​ថា « អស់​អ្នក​ណា​ដែល​មាន​វិញ្ញាណ​នៃ​ការ​ទាស់ទែង​គ្នា គឺ​ពុំ​មែន​ជា​របស់​ផង​យើង​ទេ » ។ ប្រាកដ​ណាស់ នៅក្នុង​កម្រិត​មួយ​ដ៏​ធំ​សម្បើម នោះ​ទំនាក់ទំនង​របស់​យើង​ចំពោះ​ព្រះគ្រីស្ទ​នឹង​ត្រូវ​បាន​កំណត់—ឬ​យ៉ាង​ហោច​ណាស់​រង​ឥទ្ធិពល—ដោយ​សារ​ទំនាក់ទំនង​រវាង​គ្នា​នឹង​គ្នា​របស់​យើង ។

ទ្រង់​បាន​មាន​បន្ទូល​ថា « បើ​អ្នក​រាល់​គ្នា…មាន​បំណង​ចង់​មក​រក​យើង តែ​ចាំ​ថា បងប្អូន​របស់​អ្នក​មាន​រឿង​អ្វី​ទាស់​នឹង​អ្នក—

ចូរ​អ្នក​ទៅ​រក​បងប្អូន​អ្នក ហើយ​ផ្សះផ្សា​ជាមួយ​នឹង [ គាត់ ] ជា​មុន​សិន រួច​ហើយ ទើប​មក​រក​យើង​ដោយ​អស់​ពី​ដួង​ចិត្ត ទើប​យើង​នឹង​ទទួល​អ្នក » ។

យើង​ម្នាក់ៗ​អាច​និយាយ​ពីក្តី​ឈឺចាប់ និង​ទុក្ខព្រួយ ព្រមទាំង​អនុស្សាវរីយ៍​ដ៏​ពឺតផ្សារ​រាប់​មិន​អស់​ពី​អតីត​កាល ដែល​គ្រា​នោះ​នៅតែ​រុកគួន​ភាពសុខសាន្ត​ក្នុង​ចិត្ត​របស់​បុគ្គល ឬ​គ្រួសារ ឬ​អ្នក​ជិត​ខាង​ណា​ម្នាក់ ។ មិន​ថា​អ្នក​បាន​បង្ក​ឲ្យ​មាន​ក្តីឈឺចាប់ ឬ​ត្រូវរង​ក្តី​ឈឺចាប់​នោះ​ទេ ដំបៅ​ទាំង​នោះ​ត្រូវតែ​ព្យាបាល ដើម្បី​ឲ្យ​ជីវិត​អាច​ទទួល​រង្វាន់​ដូច​អ្វី​ដែល​ព្រះ​មាន​ព្រះទ័យ​ឲ្យ​ទទួល ។ ដូចជា​អាហារ​ក្នុង​ទូរ​ទឹកកក​របស់​អ្នក ដែល​ចៅៗ​របស់​អ្នក​ពិនិត្យ​ជំនួស​អ្នក​ដោយ​យកចិត្ត​ទុកដាក់​ដែរ នោះ​អាហារ​ខូច​ទាំង​នោះ​បាន​ផុត​កំណត់​យូរ​ណាស់​មក​ហើយ ។ សូម​កុំ​ទុក​វា​នៅក្នុង​ព្រលឹង​ដ៏​មាន​តម្លៃ​របស់​អ្នក​ទៀត​ឡើយ ។ ដូច​ប្រូស្ពើរ៉ូ​បាន​និយាយ​ទៅ​កាន់​អាឡុនសូ​ដ៏​មាន​វិប្បដិសារី​នៅក្នុង​ល្ខោន The Tempest ថា « ចូរ​យើង​កុំ​កើត​ទុក្ខ​ចំពោះ​រឿង​អតីតកាល​ឡើយ » ។១០

ព្រះគ្រីស្ទ​បាន​បង្រៀន​នៅ​ជំនាន់​ព្រះគម្ពីរ​សញ្ញា​ថ្មី​ថា « ចូរ​លើក​លែង​ឲ្យ​គេ នោះ​គេ​នឹង​លើក​លែង​ឲ្យ​អ្នក​វិញ » ។១១ ហើយ​នៅ​ជំនាន់​របស់​យើង ទ្រង់​បង្រៀន​ថា ៖ « យើង​ជា​ព្រះអម្ចាស់​នឹង​អត់ទោស​ដល់​អ្នក​ណា ដែល​យើង​នឹង​អត់​ទោស ប៉ុន្តែ​រីឯ​អ្នក​វិញ​គឺ​តម្រូវ​ឲ្យ​អត់​ទោស​ដល់​មនុស្ស​ទាំងអស់ » ។១២ ប៉ុន្តែ វា​សំខាន់​សម្រាប់​អ្នក​ដែល​រស់នៅ​ក្នុង​ការថ្នាំងថ្នាក់​ចិត្ត​ឲ្យ​ពិចារណា​អំពី​អ្វី​ដែល​ទ្រង់ ពុំ​បាន មាន​បន្ទូល ។ ទ្រង់ ពុំបាន មាន​បន្ទូល​ថា « អ្នក​ពុំ​ត្រូវបាន​អនុញ្ញាត​ឲ្យ​មាន​អារម្មណ៍​ឈឺចាប់​ពិតប្រាកដ ឬ​កើត​ទុក្ខ​ពិត​ប្រាកដ ដោយសារ​តែ​ជួប​នឹង​ការបំផ្លិចបំផ្លាញ​ដោយ​ស្នាដៃ​មនុស្ស​ដទៃ​នោះ​ទេ » ។ ហើយ​ទ្រង់ក៏​ពុំ​បាន មាន​បន្ទូល​ថា « ដើម្បី​មាន​ការអភ័យទោស​ទាំងស្រុង អ្នក​ត្រូវ​ត្រឡប់​ទៅ​រក​ទំនាក់ទំនង​ដ៏​ឈឺចាប់ ឬ​ត្រឡប់​ទៅ​រក​កាលៈទេសៈ​រំលោភបំពាន បំផ្លិចបំផ្លាញ » នោះ​វិញ​ឡើយ ។ ប៉ុន្តែ​ទោះបី​ជា​មាន​ការខកចិត្ត​ខ្លាំង​ប៉ុណ្ណា​អាច​កើត​ឡើង​ចំពោះ​យើង​ក្តី ក៏​យើង​អាច​ដោះស្រាយ​ក្តី​ឈឺចាប់​របស់​យើង​បាន នៅពេល​យើង​ឈាន​ជើង​ដើរ​លើ​ផ្លូវ​ឆ្ពោះ​ទៅរក​ការព្យាបាល​ពិតប្រាកដ​តែ​ប៉ុណ្ណោះ ។ ផ្លូវ​នេះ​គឺ​ការអភ័យទោស​ដែល​ព្រះយេស៊ូវ​ជា​អ្នក​ស្រុក​ណាសារ៉ែត បាន​អំពាវនាវ​ដល់​ពួក​យើង​ម្នាក់ៗ​ថា « ចូរ​មក​តាម​ខ្ញុំ » ។១៣

ជាមួយ​នឹង​ការអញ្ជើញ​ដើម្បី​ក្លាយ​ជា​សិស្ស​របស់​ទ្រង់ ហើយ​សាកល្បង​ធ្វើ​ដូច​ទ្រង់បាន​ធ្វើ នោះ​ព្រះយេស៊ូវ​កំពុង​សុំ​ឲ្យ​យើង​ធ្វើ​ជា​ឧបករណ៍​នៃ​ព្រះគុណ​របស់​ទ្រង់—ធ្វើ​ជា « ទូត​តំណាង​ព្រះគ្រីស្ទ » នៅក្នុង « ការងារ​បម្រើ​នៃ​ការផ្សះផ្សា » ដូច​ប៉ុល​បាន​ពិពណ៌នា​អំពី​វា​ដល់​ពួក​សាសន៍​កូរិនថូស ។១៤ អង្គ​ព្យាបាល​នៃ​របួស​គ្រប់​យ៉ាង ទ្រង់​ជា​អង្គ​កែ​ទោស​កំហុស​ទាំងអស់ សុំ​ឲ្យ​យើង​ធ្វើការ​ជាមួយ​ទ្រង់​នៅក្នុង​កិច្ចការ​លំបាក​នៃ​ការផ្សះផ្សា​ក្នុង​ពិភពលោក ដែល​ពុំ​រកឃើញ​ភាពសុខសាន្ត​តាម​របៀប​ណា​ផ្សេង​ទៀត​ឡើយ ។

ដូច្នេះ​ដូច ហ្វីលីព ប៊្រូក បាន​និពន្ធ​ថា ៖ « អ្នក​ដែល​ទុក​ឲ្យ​ការយល់​ខុស​ដ៏​សោកសៅ​បន្ត​មាន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដោយ​ប៉ង​ទុក​ជម្រះ​វា​ចោល​នូវ​ថ្ងៃ​ណា​មួយ អ្នក​ដែល​កំពុង​បន្ត​មាន​ជម្លោះ​ដ៏​អាក្រក់ ដោយសារ​អ្នក​ហាក់​ដូចជា​ពុំ​សម្រេច​ចិត្ត​ថា ឥឡូវ​នេះ​គឺជា​ថ្ងៃ​ដើម្បី​លះបង់​អំនួត​របស់​អ្នក​ហើយ [ ដោះស្រាយ ] វា អ្នក​ដែល​មាន​មុខ​ក្រញូវ​ដើរ​កាត់​មនុស្ស​ដទៃ​នៅ​តាម​ផ្លូវ ដោយ​មិន​និយាយ​រក​ពួកគេ ក្នុង​បំណង​ឆ្កួត​លាលី​ដើម្បី​បញ្ឈឺ​គេ… អ្នក​ដែល​កំពុង​ទុក​ឲ្យ…[ នរណា​ម្នាក់ ] ដែល​ឈឺ​ចិត្ត ពុំ​បាន​ទទួល​ពាក្យ​អរគុណ ឬ​ក្តី​អាណិតអាសូរ​ដែល​អ្នក​គួរ​ធ្វើ…ថា​ចាំ​ធ្វើ​នៅថ្ងៃ​ណា​មួយ…នោះ​ចូរ​ទៅ​ភ្លាម ហើយ​ធ្វើ​កិច្ចការ​ដែល​អ្នក​ពុំ​អាច​មាន​ឱកាស​ធ្វើ​វា​ម្តង​ទៀត » ។១៥

បងប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ការអភ័យទោស និង​ការបោះបង់​ចោល​នូវ​ការអាក់អន់​ចិត្ត ទាំង​ចាស់ ឬ​ថ្មី​ក្តី គឺ​ជា​ផ្នែក​សំខាន់​ដ៏​រុងរឿង​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ការជួលជុល​ខាង​វិញ្ញាណ​ដ៏​អស្ចារ្យ​នោះ អាច​កើត​មាន​បាន​តាម​រយៈ​ព្រះប្រោសលោះ​របស់​យើង​តែ​ប៉ុណ្ណោះ ទ្រង់​ជា​អង្គ​ដែល​រហ័ស​នឹង​ផ្តល់​ជំនួយ​ដល់​យើង​ដោយ « ប្រោស​ឲ្យ​ជា​នៅ​ក្នុង​ចំអេង​ស្លាប​ទ្រង់ » ។១៦ យើង​ថ្លែង​អំណរគុណ​ទ្រង់ និង​ព្រះវរបិតាសួគ៌​យើង ដែល​បាន​បញ្ជូន​ទ្រង់​មក ដែល​ធ្វើ​ឲ្យ​យើង​បាន​ដូច​ដើម និង​កើត​ម្តង​ទៀត រួចផុត​ពី​ទុក្ខ​មុនៗ និង​កំហុស​ពី​អតីតកាល ដែល​ពុំ​គ្រាន់តែ​អាច​ធ្វើ​បាន​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ទទួល បាន​បង់ថ្លៃ​យ៉ាង​ឈឺចាប់ ដោយ​ព្រះលោហិត​នៃ​កូនចៀម​ដែល​បាន​ច្រួច​គឺ​ជា​និមិត្តរូប ។

ជាមួយ​នឹង​សិទ្ធិ​អំណាច​នៃ​ភាព​ជា​សាវក​ដែល​បាន​ប្រទាន​មក​ខ្ញុំ តាមរយៈ​ព្រះអង្គសង្គ្រោះ​នៃ​ពិភពលោក នោះ​ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​ភាពសុខសាន្ត​ចំពោះ​ព្រលឹង​ដែល​ផ្សះផ្សា​ជាមួយ​ព្រះ ព្រមទាំង​រវាង​គ្នា​នឹង​គ្នា​នឹង​កើត​មាន​ឡើង ប្រសិនបើ​យើង​បន្ទាប​ខ្លួន និង​ក្លាហាន​ល្មម​ដើម្បី​អនុវត្ត​តាម ។ ព្រះអង្គសង្គ្រោះ​បាន​ទូល​អង្វរ​ថា « ចូរ​ឈប់​ទាស់ទែង​នឹង​គ្នា » ។១៧ ប្រសិនបើ​អ្នក​មាន​ការឈឺចាប់​មួយ​ពីមុន សូម​កែតម្រូវ​វា ។ សូម​មើលថែ​គ្នា​ដោយ​សេចក្តីស្រឡាញ់ ។

មិត្ត​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​អើយ នៅក្នុង​ការងារ​បម្រើ​នៃ​ការផ្សះផ្សា នោះ​ខ្ញុំ​សូម​ឲ្យ​បងប្អូន​ធ្វើ​ជា​អ្នក​ផ្សះផ្សា​គេ—ឲ្យ​ស្រឡាញ់​ភាពសុខសាន្ត ឲ្យ​ស្វែងរក​ភាព​សុខសាន្ត ឲ្យ​បង្កើត​ភាពសុខសាន្ត ឲ្យ​រីករាយ​នឹង​ភាពសុខសាន្ត ។ ខ្ញុំ​ធ្វើ​ការស្នើសុំ​នេះ​នៅក្នុង​ព្រះនាម​ម្ចាស់​នៃ​មេត្រីភាព ដែល​ជ្រាប​ដឹង​អំពី​ការ « ត្រូវ​របួស​នៅក្នុង​ផ្ទះ​របស់​មិត្ត​សំឡាញ់ [ ទ្រង់ ] » ១៧ ប៉ុន្តែ​ជា​អង្គ​ដែល​នៅតែ​អាច ហើយ​មាន​ព្រះទ័យ​អភ័យទោស និង​បំភ្លេច​ចោល—ហើយ​ព្យាបាល—ហើយ​បាន​រីករាយ ។ ដោយ​ការណ៍​នោះ ខ្ញុំ​សូម​អធិស្ឋាន​សម្រាប់​បងប្អូន និង​សម្រាប់​ខ្ញុំ នៅ​ក្នុង​ព្រះ​នាម​របស់​ព្រះ​អម្ចាស់​ព្រះ​យេស៊ូវគ្រីស្ទ អាម៉ែន ។