ឆ្នាំ ២០១០-២០១៩
តួនាទី​ព្រះគម្ពីរ​មរមន​ក្នុង​ការផ្លាស់​ប្រែ​ចិត្ត​ជឿ
ខែ តុលា ឆ្នាំ ២០១៨


តួនាទី​ព្រះគម្ពីរ​មរមន​ក្នុង​ការផ្លាស់​ប្រែ​ចិត្ត​ជឿ

យើង​កំពុង​ប្រមូល​ផ្ដុំ​ពួក​អ៊ីស្រាអែល​លើក​ចុង​ក្រោយ ហើយ​កំពុង​តែ​ធ្វើ​ដូច្នោះ​ដោយ​មាន​ព្រះគម្ពីរ​មរមន ជា​ឧបករណ៍​ដ៏​មាន​អានុភាព​បំផុត​ក្នុង​ការ​ផ្លាស់​ប្រែចិត្ត​ជឿ ។

សព្វថ្ងៃ​នេះ មនុស្ស​ជាច្រើន​ងឿង​ឆ្ងល់​អំពី​ភាព​ពិត​របស់​ព្រះ និង​ទំនាក់ទំនង​របស់​យើង​នឹង​ទ្រង់ ។ មនុស្ស​ជា​ច្រើន​ពុំ​បានដឹង ឬ​ដឹង​បន្ដិចបន្ដួច​អំពី​ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា​របស់​ទ្រង់ ។ ជាង ៣០ ឆ្នាំ​កន្លង​ទៅ ប្រធាន​អ៊ែសរ៉ា ថាហ្វ​ប៊ែនសឹន បាន​សង្កេត​ឃើញ​ថា « ពិភពលោក​សព្វ​ថ្ងៃនេះ… ភាគ​ច្រើន​បដិសេធ​ភាព​ជា​ព្រះ​របស់​ព្រះអង្គសង្គ្រោះ ។ ពួក​គេ​សង្ស័យ​ពី​ការប្រសូត​ដោយ​អព្ភូតហេតុ​ទ្រង់ ព្រះជន្ម​ដ៏​ល្អ​ឥតខ្ចោះ និង​ភាព​ពិត​នៃ​ការមាន​ព្រះ​ជន្មរស់​ឡើង​វិញ​ដ៏​រុងរឿង​របស់​ទ្រង់ » ។

នៅ​ជំនាន់​របស់​យើង ចម្ងល់​នេះ​ពុំ​គ្រាន់តែ​ផ្ដោត​លើ​ព្រះអង្គសង្គ្រោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​លើ​សាសនាចក្រ​របស់​ទ្រង់​ផងដែរ គឺ —សាសនាចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ—ដែល​ទ្រង់​បាន​ស្ដារ​ឡើងវិញ​តាមរយៈ​ព្យាការី យ៉ូសែប ស៊្មីធ ។ ជាញឹកញាប់ ចម្ងល់​ទាំងនេះ​ផ្ដោត​ទៅលើ​ប្រវត្តិសាស្ត្រ ការ​បង្រៀន ឬ​ការ​អនុវត្ត​ក្នុង​សាសនាចក្រ​របស់​ព្រះអង្គសង្គ្រោះ ។

ព្រះគម្ពីរ​មរមន​ជួយ​យើង​ឲ្យ​ចម្រើន​ទីបន្ទាល់

ចេញ​ពី​សៀវភៅ ប្រកាស​ដំណឹង​ល្អ​របស់​យើង យើង​អាន​ថា « សូម​ចងចាំ​ថា ការ​យល់ដឹង​របស់​យើង [ អំពី​ព្រះ​វរបិតា​សួគ៌ និង​ផែនការ​នៃ​សុភមង្គល​របស់​ទ្រង់ ] កើត​ចេញ​មកពី​ពួក​ព្យាការី​សម័យ​ទំនើប—យ៉ូសែប ស៊្មីធ និង​ពួកអ្នក​ស្នង​តំណែង​របស់​លោក—ទទួល​បាន​វិវរណៈ​ដោយ​ផ្ទាល់​មក​ពី​ព្រះ ។ ហេតុដូច្នោះ​ហើយ សំណួរ​ដំបូង​ដែល​នរណា​ម្នាក់​គួរ​ឆ្លើយ​ថា តើ​យ៉ូសែប ស្ម៊ីធ ជា​ព្យាការី​ឬ​អត់​ទេ នោះ​គាត់​អាច​ឆ្លើយ​សំណួរ​នេះ ដោយ​ការ​អាន និង​ការ​អធិស្ឋាន​អំពី​ព្រះគម្ពីរ​មរមន » ។

ទីបន្ទាល់​របស់​ខ្ញុំ​អំពី​ការហៅ​បម្រើ​ពីព្រះ​របស់​ព្យាការី យ៉ូសែប ស៊្មីធ ត្រូវ​បាន​ពង្រឹង​តាមរយៈ​ការ​សិក្សា​ព្រះគម្ពីរ​មរមន ៖ សក្ខីយបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ប្រកប​ដោយ​ការ​អធិស្ឋាន ។ ខ្ញុំ​បាន​ធ្វើ​តាម​ការ​អញ្ជើញ​របស់​មរ៉ូណៃ​ឲ្យ « សូម​សួរ​ដល់​ព្រះ​ជា​ព្រះវរបិតា​ដ៏​គង់​នៅ​អស់កល្ប​ជានិច្ច ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះគ្រីស្ទ » ដើម្បី​ដឹង​អំពី​សេចក្ដីពិត​ពេញលេញ​នៃ​ព្រះគម្ពីរ​មរមន ។ ខ្ញុំ​ថ្លែង​ជា​សាក្សី​ថា ខ្ញុំ​ដឹង​ថា​វា​ជាការ​ពិត ។ ចំណេះដឹង​នោះ​កើត​មាន​ចំពោះ​ខ្ញុំ ដូចជា​វា​មាន​ចំពោះ​បងប្អូន « ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។

បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន​បាន​ចែង​ថា ៖ « អស់​អ្នក​ណា​ដែល​បាន​ទទួល​ទីបន្ទាល់​ដ៏​ប្រសើរ [ អំពី​ព្រះគម្ពីរ​មរមន ] ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ក៏​នឹង​បាន​ដឹង​ដោយ​សារ​ព្រះចេស្ដា​ដដែល​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក ថា យ៉ូសែប ស៊្មីធ គឺ​ជា​អ្នក​ទទួល​វិវរណៈ និង​ជា​ព្យាការី​របស់​ទ្រង់ នៅ​ជាន់​ចុង​ក្រោយ​បង្អស់ ហើយ​ថា​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​គឺជា​នគរ​នៃ​ព្រះអម្ចាស់ ដែល​បាន​ស្ដារ​ឡើង​វិញ​ម្ដង​ទៀត​នៅលើ​ផែនដី ដើម្បី​រៀបចំ​សម្រាប់​ការ​យាង​មក​ជា​លើក​ទីពីរ​នៃ​ព្រះមែស៊ី » ។

ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង​នៅ​ប្រទេស​ឈីលី ខ្ញុំ​បាន​រៀន​មេរៀន​មួយ​ដែល​ផ្លាស់ប្តូរ​ជីវិត​អំពី​អំណាច​នៃ​ការ​ផ្លាស់ប្រែចិត្ត​ជឿ​នៃ​ព្រះគម្ពីរ​មរមន ។ ហ្គុនសាឡេស—បាន​បម្រើ​នៅ​ក្នុង​តំណែង​ខ្ពស់​មួយ​ក្នុង​ព្រះវិហារ​របស់​គាត់​អស់​ជា​ច្រើន​ឆ្នាំ ។ គាត់​ទទួល​ការ​បំពាក់បំប៉ន​អំពី​សាសនា​យ៉ាង​ច្រើន ថែម​ទាំង​មាន​បរិញ្ញាបត្រ​ខាង​សាសនា​វិទ្យា​ផងដែរ ។ គាត់​មាន​មោទនភាព​ចំពោះ​ជំនាញ​ព្រះគម្ពីរ​ប៊ីប​របស់​គាត់ ។ វា​ច្បាស់​ចំពោះ​យើង​ថា គាត់​គឺ​ជា​អ្នក​ប្រាជ្ញ​ខាង​សាសនា​ម្នាក់ ។

គាត់​បាន​ដឹង​ច្រើន​អំពី​អ្នក​ផ្សព្វផ្សាយ​សាសនា​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ នៅពេល​ពួកគេ​ដើរ​បង្រៀន​ក្នុង​ទីក្រុង​កំណើត​របស់​លោក​គឺ​ទីក្រុង​លីម៉ា ប្រទេស​ប៉េរូ ។ គាត់​តែងតែ​ចង់ជួប​ពួកគេ​ដើម្បី​គាត់​អាច​បង្រៀន​ពួកគេ​ពី​ព្រះគម្ពីរ​ប៊ីប ។

ថ្ងៃ​មួយ វា​ស្ទើរ​តែ​ជា​អំណោយ​មកពី​ស្ថានសួគ៌​ដូច​គាត់​បាន​គិត មាន​អ្នក​ផ្សព្វផ្សាយសាសនា​ពីរ​នាក់​បាន​ហៅ​គាត់​នៅ​តាម​ផ្លូវ ហើយ​សួរ​គាត់ បើ​សិន​ជា​ពួកគេ​អាច​ទៅ​ផ្ទះ​គាត់ ហើយ​ចែកចាយ​បទគម្ពីរ​ជាមួយ​គាត់​បាន​ឬ​ទេ ។ សុបិន​គាត់​បាន​ក្លាយជា​ការពិត​ហើយ ! ការអធិស្ឋាន​របស់​គាត់​បាន​ទទួល​ចម្លើយ ។ ទីបំផុត គាត់​អាច​នាំ​យុវជន​ដែល​វង្វេង​ផ្លូវ​ទាំង​នេះ​មក​ផ្លូវ​ត្រឹមត្រូវ​វិញ ។ គាត់​បាន​ប្រាប់​ពួកគេ​ថា គាត់​រីករាយ​នឹង​ឲ្យ​ពួកគេ​មក​ផ្ទះ​គាត់​ដើម្បី​ពិភាក្សា​អំពី​បទគម្ពីរ ។

គាត់​រង់ចាំ​ការ​ណាត់​ជួប​យ៉ាង​អន្ទះសា ។ គាត់​ត្រៀម​គម្ពីរ​ប៊ីប​ជាស្រេច​ដើម្បី​ប្រើ​ទៅ​បង្ហាញ​ពី​ជំនឿ​របស់​ពួកគេ​ថា​ខុស ។ គាត់​មាន​ទំនុក​ចិត្ត​ថា ព្រះគម្ពីរ​ប៊ីប​នឹង​បង្ហាញ​ពី​កំហុស​នៃ​ផ្លូវ​របស់​ពួកគេ​យ៉ាង​ច្បាស់ ។ យប់​ណាត់​ជួប​បាន​មក​ដល់ ហើយ​អ្នក​ផ្សព្វផ្សាយ​សាសនា​គោះ​ទ្វារ​ផ្ទះ​គាត់ ។ គាត់​រំភើប ។ ពេល​របស់​គាត់​បាន​មក​ដល់​ហើយ ។

គាត់​បាន​បើក​ទ្វារ ហើយ​បាន​អញ្ជើញ​អ្នក​ផ្សព្វផ្សាយ​សាសនា​ចូល​ក្នុង​ផ្ទះ ។ អ្នក​ផ្សព្វផ្សាយ​ម្នាក់​ហុច​សៀវភៅ​ពណ៌​ខៀវ​មួយ​ក្បាល​ដល់​គាត់ ហើយ​ថ្លែង​ទីបន្ទាល់​ដោយ​អស់​ពី​ចិត្ត​ថា គាត់​បាន​ដឹង​ថា សៀវភៅ​នេះ​មាន​នូវ​ព្រះបន្ទូល​របស់​ព្រះ ។ អ្នក​ផ្សព្វផ្សាយ​សាសនា​ទីពីរ បាន​បន្ថែម​ទីបន្ទាល់​ដ៏​មាន​អានុភាព​អំពី​សៀវភៅ​នេះ ដោយ​ថ្លែង​ទីបន្ទាល់​ថា វា​ត្រូវ​បាន​បកប្រែ​ដោយ​ព្យាការី​សម័យ​ទំនើប​របស់​ព្រះ ដែល​មាន​ឈ្មោះ​ថា យ៉ូសែប ស៊្មីធ ហើយ​ថា​សៀវភៅ​នេះ​បង្រៀន​អំពី​ព្រះគ្រីស្ទ ។ រួច​អ្នក​ផ្សព្វផ្សាយសាសនា​បាន​សុំ​លា​ទៅ​វិញ ។

ហ្គុនសាឡេស​ខក​ចិត្ត​ជា​ខ្លាំង ។ ប៉ុន្តែ​គាត់​បាន​បើក​សៀវភៅ​នោះ​ឡើង ហើយ​គាត់​បាន​ចាប់​ផ្ដើម​បើក​មើល​ពី​ដើម​ដល់​ចប់ ។ គាត់​បាន​អាន​ទំព័រ​ដំបូង ។ គាត់​អាន​មួយ​ទំព័រ​ហើយ​មួយ​ទំព័រ​ទៀត ពុំ​ឈប់​សោះ រហូត​ដល់​រសៀល​ថ្ងៃ​ស្អែក ។ គាត់​បាន​អាន​គម្ពីរ​នោះ​ពី​ដើម​ដល់​ចប់ ហើយ​បាន​ដឹង​ថា​វា​គឺជា​ការ​ពិត ។ គាត់​បាន​ដឹង​នូវ​អ្វី​ដែល​គាត់​ត្រូវ​ធ្វើ ។ គាត់​បាន​ទូរសព្ទ​ទៅ​អ្នក​ផ្សព្វផ្សាយសាសនា បាន​ទទួល​មេរៀន ហើយ​បាន​បោះបង់​ជីវិត​ដែល​គាត់​ធ្លាប់​ស្គាល់​ដើម្បី​ក្លាយ​ជា​សមាជិក​មួយ​រូប​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

បុរស​ដ៏​ល្អ​រូប​នោះ​គឺ​ជា​គ្រូបង្រៀន អិម ធី ស៊ី របស់​ខ្ញុំ ក្នុង​ទីក្រុង ប្រូវ៉ូ រដ្ឋ យូថាហ៍ ។ ដំណើរ​រឿង​ការ​ប្រែចិត្តជឿ​របស់​បងប្រុស ហ្គុនសាឡេស និង​អំណាច​នៃ​ព្រះគម្ពីរ​មរមន បាន​ផ្ដល់​ចំណាប់​អារម្មណ៍​ដ៏​ខ្លាំង​មួយ​មក​លើ​ខ្ញុំ ។

នៅ​ពេល​ខ្ញុំ​ទៅ​ដល់​ប្រទេស​ឈីលី ប្រធាន​បេសកកម្ម​របស់​ខ្ញុំ​គឺ​ប្រធាន រ៉យដិន ជេ ហ្គលេត បាន​អញ្ជើញ​ពួក​យើង​ឲ្យ​អាន​ទីបន្ទាល់​របស់​ព្យាការី យ៉ូសែប ស៊្មីធ ដែល​បាន​កត់ត្រា​នៅក្នុង យ៉ូសែប ស៊្មីធ—ប្រវត្តិ រាល់​សប្ដាហ៍ ។ គាត់​បាន​បង្រៀន​យើង​ថា ទីបន្ទាល់​អំពី​ការ​និមិត្ត​ដំបូង នឹង​មាន​ទំនាក់ទំនង​ដោយ​ផ្ទាល់​ទៅ​នឹង​ទីបន្ទាល់​ផ្ទាល់​ខ្លួន​របស់​យើង​អំពី​ដំណឹងល្អ និង​ព្រះគម្ពីរ​មរមន ។

ខ្ញុំ​បាន​ទទួល​យក​ការ​អញ្ជើញ​របស់​គាត់​ដោយ​ហ្មត់ចត់ ។ ខ្ញុំ​បាន​អាន​ដំណើររឿង​អំពី​ការ​និមិត្ត​ដំបូង ខ្ញុំ​បាន​អាន​ព្រះគម្ពីរ​មរមន ។ ខ្ញុំ​បាន​អធិស្ឋាន​ដូច​បាន​ដឹកនាំ​ដោយ​មរ៉ូណៃ ហើយ​បាន​ទូល​សូម « ព្រះ​ជា​ព្រះវរបិតា​ដ៏​គង់​នៅ​អស់កល្ប​ជានិច្ច ដោយ​នូវ​ព្រះនាម​នៃ​ព្រះគ្រីស្ទ »  ប្រសិន​បើ​ព្រះគម្ពីរ​មរមន​ពិត​ឬ​ទេ ។ ដូចជា​ព្យាការី យ៉ូសែប ស្ម៊ីធ បាន​មាន​ប្រសាសន៍ ខ្ញុំ​សូម​ធ្វើ​ជា​សាក្សី​ថា ខ្ញុំ​ដឹង​ថា​ព្រះគម្ពីរ​មរមន​គឺជា « គម្ពីរ​ដ៏​ត្រឹមត្រូវ​បំផុត​ជាង​គម្ពីរ​នានា​ទាំងអស់​នៅលើ​ផែនដី​នេះ ហើយ​ជា​មូលដា្ឋន​នៃ​សាសនា​របស់​យើង ហើយ​បុគ្គល​ម្នាក់ៗ [ នឹង ] ចូល​ទៅ​ជិត​ព្រះ​បាន ដោយសារ​ធ្វើ​តាម​សិក្ខាបទ​ទាំងឡាយ​នៃ​គម្ពីរ​នេះ​ជាជាង​គម្ពីរ​ដទៃ​ទាំងអស់ » ។ ព្យាការី យ៉ូសែប ក៏​បាន​ប្រកាស​ថា ៖ « បើ​ដក​ព្រះគម្ពីរ​មរមន និង​វិវរណៈ​ចេញ តើ​សាសនា​របស់​យើង​នៅ​កន្លែង​ណា ? គឺ​យើង​គ្មាន​អ្វី​ទាល់តែ​សោះ » ។

ការ​ប្រែចិត្តជឿ​ផ្ទាល់​ខ្លួន

កាល​ណា​យើង​កាន់តែ​យល់ដឹង​អំពី​ខ្លួន​យើង និង​គោលបំណង​នៃ​ព្រះគម្ពីរ​មរមន នោះ​ការ​ផ្លាស់ប្រែចិត្ត​ជឿ​របស់​យើង​កាន់តែ​ស៊ីជម្រៅ និង​កាន់តែ​ជឿជាក់ ។ ការតាំងចិត្ត​របស់​យើង​ត្រូវ​បាន​ពង្រឹង​ដើម្បី​រក្សា​សេចក្ដីសញ្ញា​ដែល​យើង​បាន​ចុះ​ជាមួយ​នឹង​ព្រះ ។

គោលបំណង​សំខាន់​នៃ​ព្រះគម្ពីរ​មរមន គឺ​ដើម្បី​ប្រមូល​ផ្ដុំ​ពួក​អ៊ីស្រាអែល​ដែល​ខ្ចាត់​ព្រាត់ ។ ការ​ប្រមូល​ផ្ដុំ​នេះ​ផ្ដល់​ឱកាស​ដល់​បុត្រាបុត្រី​ទាំងអស់​របស់​ព្រះ ឲ្យ​ចូល​ទៅ​លើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ហើយ​តាមរយៈ​ការ​គោរព​តាម​សេចក្ដីសញ្ញា​ទាំង​នោះ នោះ​យើង​ត្រឡប់​ទៅ​កាន់​ទីវត្តមាន​របស់​ព្រះវរបិតា​វិញ ។ នៅ​ពេល​យើង​បង្រៀន​អំពី​ការ​ប្រែចិត្ត ហើយ​ជ្រមុជទឹក​អ្នក​ផ្លាស់ប្រែចិត្ត​ជឿ នោះ​យើង​ប្រមូល​ផ្ដុំ​ពួក​អ៊ីស្រាអែល​ដែល​ខ្ចាត់ព្រាត់ ។

ព្រះគម្ពីរ​មរមន​មាន​សេចក្ដីយោង​ចំនួន ១០៨ អំពី​វង្សអ៊ីស្រាអែល ។ នៅ​ដើម​ព្រះគម្ពីរ​មរមន នីហ្វៃ​បាន​បង្រៀន​ថា « ដ្បិត​ភាពពោរពេញ​នៃ​ចេតនា​របស់​ខ្ញុំ​គឺ​ដើម្បី​ឲ្យ​ខ្ញុំ​អាច​បញ្ចុះបញ្ចូល​មនុស្ស​ឲ្យ​មករក​ព្រះ​នៃ​អ័ប្រាហាំ និង​ព្រះ​នៃ​អ៊ីសាក និង​ព្រះ​នៃ​យ៉ាកុប ហើយ​បាន​សង្គ្រោះ » ។ ព្រះ​នៃ​អ័ប្រាហាំ អ៊ីសាក និង យ៉ាកុប គឺ​ជា​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះ​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់ ។ យើង​ត្រូវ​បាន​សង្គ្រោះ នៅពេល​យើង​មក​រក​ព្រះគ្រីស្ទ តាមរយៈ​ការ​រស់នៅ​តាម​ដំណឹងល្អ​របស់​ទ្រង់ ។

ក្រោយ​មក នីហ្វៃ​បាន​សរសេរ​ថា ៖

« មែន​ហើយ គឺ​ឪពុក​ខ្ញុំ​បាន​និយាយ​ជា​ច្រើន​អំពី ពួក​សាសន៍​ដទៃ និង​អំពី​វង្ស​អ៊ីស្រាអែល​ផង​ថា ពួកគេ​នឹង​ត្រូវ​ប្រៀបធៀប​ដូចជា​ដើម​អូលីវ ដែល​មែក​ទាំងឡាយ​នឹង​ត្រូវ​កាត់​ចេញ ហើយ​ត្រូវ​ខ្ចាត់ខ្ចាយ​ពាស​ពេញ​នៅ​លើ​ផ្ទៃ​ផែនដី ។…

ហើយ​បន្ទាប់​ពី​វង្ស​អ៊ីស្រាអែល​ត្រូវ​ខ្ចាត់ខ្ចាយ​ទៅ​ហើយ នោះ​ពួកគេ​នឹង​បាន​ប្រមូល​រួមគ្នា​ជា​ថ្មី ឬ​សរុប​សេចក្ដីថា បន្ទាប់​ពី​ពួក​សាសន៍​ដទៃ បាន​ទទួល​នូវភាព​ពោរពេញ​នៃ​ដំណឹងល្អ​ហើយ នោះ​មែក​កំណើត​ទាំង​ឡាយ​នៃ​ដើម​អូលីវ ឬ​ក៏​សំណល់​ទាំងឡាយ​នៃ​រង្ស​អ៊ីស្រាអែល នឹង​បាន​បំបៅ​ជាប់​នឹង​ដើម​វិញ ឬ​នឹង​បាន​ការ​ចេះដឹង​អំពី​ព្រះមែស៊ី​ដ៏​ពិត គឺ​ជា​ព្រះអម្ចាស់​របស់​ពួកគេ និង​ព្រះ​ដ៏​ប្រោសលោះ​របស់​ពួកគេ » ។១០

ដូចគ្នា​នេះដែរ នៅ​ចុង​បញ្ចប់​នៃព្រះ​គម្ពីរ​មរមន ព្យាការី​មរ៉ូណៃ​រំឭក​យើង​អំពី​សេចក្ដីសញ្ញា​របស់​យើង ដោយ​ថ្លែង​ថា « ដើម្បី​កុំ​ឲ្យ​អ្នក​ត្រូវ​លាយឡំ ឱ​រង្ស​អ៊ីស្រាអែល​អើយ ដើម្បី​ឲ្យ​សេចក្ដី​សញ្ញា​នៃ​ព្រះវរបិតា​ដ៏​នៅ​អស់កល្ប​ជានិច្ច ដែល​បាន​ធ្វើ​ដល់​អ្នក​អាច​បាន​បំពេញ » ។១១

សេចក្ដីសញ្ញា​នៃ​ព្រះវរបិតា​ដ៏​អស់កល្ប​ជានិច្ច

តើ​មរ៉ូណៃ​ចង់​សំដៅ « សេចក្ដីសញ្ញា​នៃ​ព្រះវរបិតា​ដ៏​អស់កល្ប​ជានិច្ច » លើ​អ្វី ? យើង​អាន​នៅ​ក្នុង​គម្ពីរ​អ័ប្រាហាំ ៖

« ព្រះនាម​យើង​គឺ​ព្រះយេហូវ៉ា ហើយ​យើង​ដឹង​ពី​ដើម​ដំបូង​មក​ចុង​បំផុត ហេតុដូច្នេះ​ហើយ ព្រះហស្ដ​យើង​នឹង​នៅ​លើ​អ្នក ។

ហើយ​យើង​នឹង​បង្កើត​សាសន៍​មួយ​យ៉ាង​ធំ​ពី​អ្នក ហើយ​យើង​នឹង​ប្រទានពរ​ដល់​អ្នក​ហួស​កម្រិត ហើយ​ធ្វើ​ឲ្យ​ឈ្មោះ​អ្នក​បាន​ធំ​ក្នុង​ចំណោម​អស់​ទាំង​សាសន៍ ហើយ​អ្នក​នឹង​ទៅ​ជា​ពរ​ដល់​ពូជ​អ្នក​ជា​បន្ដ​បន្ទាប់​ទៅ ដើម្បី​ឲ្យ​ពួកគេ​បាន​កាន់​ការងារ​បម្រើ និង​បព្វជិតភាព​នេះ​ដល់​អស់​ទាំង​សាសន៍ ដោយ​ដៃ​របស់​ពួកគេ » ។១២

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​នៅ​ក្នុង​ការ​ចាក់​ផ្សាយ​ទូទាំង​ពិភពលោក​ថ្មីៗ​មួយ​ថា « នេះ​គឺជា​ថ្ងៃ​ចុង​ក្រោយ ហើយ​ព្រះអម្ចាស់​កំពុង​តែ​ពន្លឿន​កិច្ចការ​របស់​ទ្រង់ ។ ការ​ប្រមូលផ្ដុំ​នោះ​គឺ​ជា​កិច្ចការ​ដ៏​សំខាន់​បំផុត​នៅលើ​ផែនដី​សព្វ​ថ្ងៃនេះ ។ ពុំ​មាន​អ្វី​ផ្សេង​ទៀត​អាច​ធំ​សម្បើម​ជាង មាន​សារៈសំខាន់​ជាង និង​មាន​ឬទ្ធិ​ជាង​កិច្ចការ​នេះ​នោះ​ទេ ។ ហើយ​បើ​បងប្អូន​ជ្រើសរើស បើ​បងប្អូន​ចង់​ធ្វើ បងប្អូន​អាច​ធ្វើ​ជា​ចំណែក​ដ៏​សំខាន់​ក្នុង​កិច្ចការ​នេះ ។ បងប្អូន​អាច​មាន​ចំណែក​ដ៏​ធំ​នៅក្នុង​កិច្ចការ​ដ៏​ធំ ដ៏​មហិមា ដ៏​មហស្ចារ្យ !

នៅពេល​យើង​និយាយ​អំពី​ការ​ប្រមូលផ្ដុំ យើង​និយាយ​សាមញ្ញ​អំពី​សេចក្ដីពិត​ជា​មូលដ្ឋាន​គ្រឹះនេះ ៖ គ្រប់​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌​យើង នៅទាំង​សងខាង​នៃ​វាំងនន ស័ក្ដិសម​នឹង​ស្ដាប់​ឮ​សារលិខិត​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ពួកគេ​សម្រេច​ចិត្ត​ដោយ​ខ្លួនឯង បើ​ពួកគេ​ចង់​ដឹង​បន្ថែម » ។១៣

នោះ​គឺ​ជា​អ្វី​ដែល​យើង​កំពុង​ធ្វើ​ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ៖ យើង​កំពុង​ព្យាយាម​ជួយ​នាំ​មក​នូវ​ការ​យល់ដឹង—និង​ការ​ផ្លាស់ប្រែ​ចិត្តជឿ—លើ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដល់​ពិភពលោក ។ ពួក​យើង​គឺជា « អ្នក​ប្រមូល​ផ្ដុំ​នៅ​ថ្ងៃ​ចុង​ក្រោយ » ។១៤ បេសកកម្ម​របស់​យើង​គឺ​ច្បាស់លាស់ ។ បងប្អូន​ប្រុសស្រី ចូរ​ឲ្យ​យើង​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អ្នក​ដែល​ទទួល​យក​ការ​សន្យា​របស់​មរ៉ូណៃ​ដាក់​ក្នុង​ចិត្ត បាន​អធិស្ឋាន ហើយ​បាន​ទទួល​ចម្លើយ​មួយ​ដើម្បី​ដឹង​ថា ព្រះគម្ពីរ​មរមន​គឺ​ពិត បន្ទាប់​មក​ចែកចាយ​ចំណេះដឹង​នោះ​ជាមួយ​អ្នកដទៃ​តាម ពាក្យ​សម្ដី ហើយ​សំខាន់​បំផុត​នោះ គឺ​តាម​ទង្វើ ។

តួនាទី​ព្រះគម្ពីរ​មរមន​ក្នុង​ការ​ផ្លាស់​ប្រែ​ចិត្ត​ជឿ

ព្រះគម្ពីរ​មរមន​មាន​ភាពពេញលេញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។១៥ វា​ដឹកនាំ​យើង​ទៅ​រក​សេចក្ដីសញ្ញា​របស់​ព្រះវរបិតា ហើយ​បើ​យើង​រក្សា​សេចក្ដីសញ្ញា នោះ​វា​នឹង​ធានា​ឲ្យ​យើង​បាន​អំណោយ​ដ៏​មហិមា​បំផុត​របស់​ទ្រង់—គឺ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។១៦ ព្រះគម្ពីរ​មរមន​គឺ​ជា​មូលដ្ឋាន​នាំ​ទៅ​រក​ការ​ផ្លាស់​ប្រែចិត្តជឿ​របស់​បុត្រាបុត្រី​នៃ​ព្រះវរបិតាសួគ៌​ទាំងអស់ ។

ការ​ដក​ស្រង់​ម្ដងទៀត​មក​ពី​ប្រធាន​ណិលសុន ៖ « នៅពេល​បងប្អូន​…​អាន​ព្រះគម្ពីរ​មរមន​ប្រចាំ​ថ្ងៃ បងប្អូន​នឹង​រៀន​គោលលទ្ធិ​នៃ​ការប្រមូល​ផ្ដុំ សេចក្ដីពិត​អំពី​ព្រះយេស៊ូវគ្រីស្ទ ដង្វាយធួន​របស់​ទ្រង់ និង​ភាព​ពេញលេញ​នៃ​ដំណឹងល្អ​របស់​ទ្រង់ ដែល​រក​ពុំ​មាន​នៅក្នុង​ព្រះគម្ពីរ​បរិសុទ្ធ​ឡើយ ។ ព្រះគម្ពីរ​មរមន​គឺ​ជា​ចំណុច​សំខាន់​ដើម្បី​ប្រមូល​ផ្ដុំ​វង្សអ៊ីស្រាអែល ។ តាមពិត បើគ្មាន​ព្រះគម្ពីរ​មរមន​ទេ នោះ​ការ​ប្រមូល​ផ្ដុំ​នៃ​វង្សអ៊ីស្រាអែល​ដែល​បាន​សន្យា​ទុក​ក៏​មិន​កើត​មាន​ឡើង​ដែរ » ។១៧

ខ្ញុំ​សូម​បញ្ចប់​ដោយ​ព្រះបន្ទូល​របស់​ព្រះអង្គសង្គ្រោះ នៅពេល​ទ្រង់​បាន​បង្រៀន​ដល់​ពួក​សាសន៍​នីហ្វៃ​អំពី​ពរជ័យ​ដែល​បាន​សន្យា ៖ « អ្នករាល់​គ្នា​គឺ​ជា​កូនចៅ​នៃ​ពួក​ព្យាការី ហើយ​អ្នករាល់​គ្នា​គឺ​ជា​វង្សអ៊ីស្រាអែល ហើយ​អ្នករាល់​គ្នា​នៅ​ក្នុង​សេចក្ដីសញ្ញា ដែល​ព្រះវរបិតា​ទ្រង់​បាន​ធ្វើ​ជា​មួយ​នឹង​ពួក​អយ្យកោ​អ្នក ដោយ​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ ទៅ​លោក​អ័ប្រាហាំ​ថា ៖ ដោយសារ​ពូជ​អ្នក នោះ​គ្រប់​ទាំង​ពូជ​មនុស្ស​នៅលើ​ផែនដី​នឹង​បាន​ពរ » ។១៨

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា យើង​គឺ​ជា​បុត្រាបុត្រី​របស់​ព្រះ ជា​ពូជ​របស់​អ័ប្រាហាំ ជា​វង្ស​អ៊ីស្រាអែល ។ យើង​កំពុង​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល​លើក​ចុង​ក្រោយ ហើយ​កំពុង​ធ្វើ​ដូច្នោះ​ដោយ​ព្រះគម្ពីរ​មរមន—ជា​គម្ពីរ​មួយ ដែល​រួម​ផ្គុំ​នឹង​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ គឺ​ជា​ឧបករណ៍​ដ៏​មាន​អានុភាព​បំផុត​ក្នុង​ការ​ផ្លាស់ប្រែចិត្តជឿ ។ យើង​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្យាការី​នៃ​ព្រះ គឺ​ប្រធាន រ័សុល អិម ណិលសុន ដែល​កំពុង​ដឹកនាំ​ការ​ប្រមូល​ផ្ដុំ​នៃ​វង្សអ៊ីស្រាអែល​នៅ​ជំនាន់​របស់​យើង ។ ព្រះគម្ពីរ​មរមន​គឺ​ពិត ។ វា​បាន​ផ្លាស់ប្ដូរ​ជីវិត​របស់​ខ្ញុំ ។ ខ្ញុំ​សូម​សន្យា​នឹង​បងប្អូន ដូចជា​មរ៉ូណៃ និង​ពួក​ព្យាការី​ជា​ច្រើន​ថា វា​អាច​ផ្លាស់ប្ដូរ​ជីវិត​បងប្អូន​បាន ។១៩ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. Teachings of Presidents of the Church: Ezra Taft Benson ( ឆ្នាំ ២០១៤ ) ទំព័រ ១២៩ ។

  2. « តើ​ព្រះគម្ពីរ​មរមន​មាន​តួនាទី​យ៉ាង​ដូចម្ដេច ? » ប្រកាស​ដំណឹងល្អ​របស់យើង ៖ មគ្គុទេសក៍​ចំពោះ​ការ​បម្រើ​ជា​អ្នក​ផ្សព្វ​ផ្សាយ​សាសនា បាន​ធ្វើ​កំណែ ( ឆ្នាំ ២០១៨ ) គេហទំព័រ lds.org/manual/missionary ។

  3. មរ៉ូណៃ ១០:៤ ។

  4. មរ៉ូណៃ ១០:៤ ។

  5. បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន ។

  6. មរ៉ូណៃ ១០:៤ ។

  7. បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន ។

  8. Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ ២០០៧ ) ទំព័រ ១៩៦ ។

  9. នីហ្វៃ​ទី ១ ៦:៤ ។

  10. នីហ្វៃ ទី ១ ១០:១២, ១៤ ។

  11. មរ៉ូណៃ ១០:៣១ ។

  12. អ័ប្រាហាំ ២:៨–៩ ។

  13. រ័សុល អិម ណិលសុន « Hope of Israel » ( ការប្រជុំធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវវ័យ ថ្ងៃ​ទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ) ទំព័រ ៨ គេហទំព័រ HopeofIsrael.lds.org ។

  14. សូមមើល យ៉ាកុប ៥:៧២ ។

  15. ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​បង្រៀន​ថា ៖ « ព្រះ​អម្ចាស់​ទ្រង់​ផ្ទាល់​បាន​ថ្លែង​ថា ព្រះ​គម្ពីរ​មរមន​មាន​នូវ ‹ ភាព​ពោរពេញ​នៃ​ដំណឹង​ល្អ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ › ( គ. និង ស. ២០:៩) ។ នោះ​មិន​មែន​មាន​ន័យ​ថា ព្រះគម្ពីរ​មរមន​មាន​គ្រប់​ទាំង​ការបង្រៀន គ្រប់​ទាំង​គោលលទ្ធិ​ដែល​ធ្លាប់​បាន​បើក​សម្តែង​នោះ​ឡើយ ។ តែ​វា​មាន​ន័យ​ថា ក្នុង​ព្រះគម្ពីរ​មរមន យើង​នឹង​រក​ឃើញ​ភាពពេញលេញ​នៃ​គោលលទ្ធិ​ទាំង​នោះ ដែល​តម្រូវ​ឲ្យ​មាន​សម្រាប់​សេចក្តី​សង្គ្រោះ​របស់​យើង ។ ហើយ​វា​ត្រូវ​បាន​បង្រៀន​យ៉ាង​ច្បាស់ និង សាមញ្ញ​ម្ល៉ោះ​ហើយ​សូម្បី​តែ​កូន​ក្មេង​ក៏​អាច​រៀន​ពី​របៀប​ទាំងឡាយ​នៃ​សេចក្តី​សង្គ្រោះ និង ភាពលើក​តម្កើង​បាន​ដែរ » (Teachings: Ezra Taft Benson ទំព័រ ១៣១ ) ។

  16. សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៤:៧ ។

  17. រ័សុល អិម ណិលសុន « សង្ឃឹម​អ៊ីស្រាអែល » ទំព័រ ៧ ។

  18. នីហ្វៃ ទី ៣ ២០:២៥ ។

  19. សូមមើល ឧទាហរណ៍ ហិនរី ប៊ី អាវរិង « The Book of Mormon Will Change Your Life » លីអាហូណា ខែ កុម្ភៈ ឆ្នាំ ២០០៤ ទំព័រ ១២–១៦ ។