ឆ្នាំ ២០១០-២០១៩
ចូរ​ព្យាយាម ចូរ​ព្យាយាម ចូរ​ព្យាយាម
ខែ តុលា ឆ្នាំ ២០១៨


ចូរ​ព្យាយាម ចូរ​ព្យាយាម ចូរ​ព្យាយាម

ព្រះអង្គ​សង្គ្រោះ​កំពុង​ដាក់​ព្រះនាម​ទ្រង់​នៅ​ក្នុង​ដួង​ចិត្ត​របស់​បងប្អូន ។ ហើយ​បងប្អូន​នឹង​ទទួល​អារម្មណ៍​នូវ​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​របស់​ព្រះគ្រីស្ទ​សម្រាប់​មនុស្ស​ដទៃ និង​ចំពោះ​ខ្លួន​ឯង ។

បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់ ខ្ញុំ​មាន​អំណរគុណ​សម្រាប់​ឱកាស​នេះ​ដើម្បី​និយាយ​ទៅ​កាន់​បងប្អូន ។ សន្និសីទ​នេះ​បាន​លើក​តម្កើង និង​ស្អាង​ខ្ញុំ​ឡើង ។ តន្ត្រី​ដែល​បាន​ប្រគំ និង​ពាក្យ​សម្ដី​ដែល​បាន​លើក​ឡើង​បាន​ដឹកនាំ​ដួង​ចិត្ត​របស់​យើង​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ខ្ញុំ​សូម​អធិស្ឋាន​ថា អ្វី​ដែល​ខ្ញុំ​និយាយ​នឹង​បាន​នាំ​ទៅ​ដល់​បងប្អូន​ដោយ​ព្រះវិញ្ញាណ​ដូចគ្នា​នេះ ។

កាល​ពី​ច្រើន​ឆ្នាំ​មុន ខ្ញុំ​គឺ​ជា​ទីប្រឹក្សា​ទីមួយ​របស់​ប្រធាន​មណ្ឌល​មួយ​រូប​នៅ​ភាគ​ខាង​កើត​នៃ​សហរដ្ឋ​អាមេរិក ។ កាល​យើង​កំពុង​បើក​រថយន្ត​ទៅ​កាន់​សាខា​តូចៗ​របស់​យើង គាត់​បាន​ពោល​មក​កាន់​ខ្ញុំ​ជា​ច្រើន​ដង​ថា « ហល នៅ​ពេលលោក​ជួប​មនុស្ស​ម្នាក់ សូម​ប្រព្រឹត្ត​ចំពោះ​ពួកគេ​ដូចជា​ពួកគេ​កំពុង​ជួប​ការ​លំបាក​ធ្ងន់​ធ្ងរ ហើយ​ភាគច្រើន លោក​នឹង​ធ្វើ​រឿង​ដ៏​ត្រឹមត្រូវ » ។ គាត់​មិន​ត្រឹម​តែ​និយាយ​ត្រូវ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ក៏​បាន​រៀន​អស់​ជា​ច្រើន​ឆ្នាំ​ផង​ដែរ​ថា ការ​ប៉ាន់ស្មាន​របស់​គាត់​គឺ​ទាប​ពេក ។ នៅ​ថ្ងៃ​នេះ ខ្ញុំ​ចង់​លើក​ទឹក​ចិត្ត​បងប្អូន​នៅ​ក្នុង​បញ្ហា​ដែល​បងប្អូន​ជួប​ប្រទះ ។

ជីវិត​រមែង​ស្លាប់​របស់​យើង​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ព្រះ​ជា​ទីស្រឡាញ់​មួយ​អង្គ ដើម្បី​ជា​ការ​សាកល្បង និង​ជា​ប្រភព​រីកចម្រើន​មួយ​សម្រាប់​យើង​ម្នាក់ៗ ។ បងប្អូន​ចងចាំ​បន្ទូល​របស់​ព្រះ​ស្ដីពី​កូនចៅ​របស់​ទ្រង់​នៅ​ឯ​ការបង្កបង្កើត​ផែនដី​នេះ​ថា « ហើយ​យើង​នឹង​សាកល្បង​ពួកគេ​មើល បើសិន​ជា​ពួកគេ​នឹង​ប្រព្រឹត្ត​នូវ​អ្វីៗ​គ្រប់​យ៉ាង ដែល ព្រះអម្ចាស់​ដ៏​ជា​ព្រះ​របស់​ពួកគេ​នឹង​បញ្ជា​ដល់​ពួកគេ » ។

តាំង​ពី​ដំបូង​មក ការ​សាកល្បង​ទាំង​នោះ​ពុំ​ងាយ​ស្រួល​ឡើយ ។ យើង​ប្រឈម​នឹង​ការ​សាកល្បង​ដែល​កើត​ចេញ​មក​ពី​ការ​មាន​រូប​កាយ​រមែង​ស្លាប់ ។ យើង​គ្រប់​គ្នា​រស់​នៅ​ក្នុង​ពិភពលោក​មួយ​ដែល​សង្គ្រាម​របស់​សាតាំង​ច្បាំង​ទាស់​នឹង​សេចក្ដី​ពិត និង​សុភមង្គល​របស់​យើង​ផ្ទាល់​កំពុង​តែ​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង ។ ពិភពលោក​នេះ ព្រមទាំង​ជីវិត​របស់​បងប្អូន និង​គ្រួសារ​អាច​ទំនង​ជា​ធ្វើ​ឲ្យ​បងប្អូន​មាន​កង្វល់​កាន់​តែ​ច្រើន ។

ការ​ធានា​អះអាង​របស់​ខ្ញុំ​គឺ​ថា ព្រះ​ជា​ទីស្រឡាញ់​ដែល​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​សាកល្បង​ទាំង​នេះ​ចំពោះ​បងប្អូន ក៏​បាន​រៀបចំ​ឡើង​នូវ​វិធី​ដ៏​ប្រាកដ​មួយ​ដើម្បី​យក​ឈ្នះ​វា​បាន​ផង​ដែរ ។ ព្រះវរបិតា​សួគ៌​ស្រឡាញ់​មនុស្ស​លោក​ដល់​ម្ល៉េះ បាន​ជា​ទ្រង់​បាន​ប្រទាន​ព្រះរាជ​បុត្រាស្ងួន​ភ្ញា​របស់​ទ្រង់​មក​ជួយ​យើង ។ ព្រះរាជ​បុត្រា​របស់​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ បាន​ប្រទាន​ព្រះជន្ម​របស់​ទ្រង់​ដើម្បី​យើង ។ ព្រះ​យេស៊ូវគ្រីស្ទ​បាន​ទ្រាំទ្រ​នៅ​ក្នុង​សួន​ច្បារ​គែតសាម៉ានី និង​នៅ​លើ​ឈើ​ឆ្កាង​នូវ​ទម្ងន់​នៃ​រាល់​អំពើ​បាប​របស់​យើង ។ ទ្រង់​បាន​ដក​ពិសោធន៍​នូវ​រាល់​ភាព​សោកសៅ ការ​ឈឺចាប់ និង​ឥទ្ធិពល​នៃ​អំពើបាប​របស់​យើង ដើម្បី​ទ្រង់​អាច​លួង​លោម ហើយ​ប្រទាន​កម្លាំង​ដល់​យើង​ឲ្យ​ឆ្លង​កាត់​រាល់​ការ​សាកល្បង​នៅ​ក្នុង​ជីវិត ។

បងប្អូន​ចងចាំ​ថា ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅ​កាន់​ពួក​អ្នក​បម្រើ​របស់​ទ្រង់​ថា ៖

« ហើយ​ព្រះ​វរបិតា និង​យើង​គឺ​តែ​មួយ ។ យើង​នៅ​ក្នុង​ព្រះ​វរបិតា ហើយ​ព្រះ​វរបិតា​នៅ​ក្នុង​យើង ហើយ​ដរាប​ណា អ្នក​រាល់​គ្នា​បាន​ទទួល​យើង នោះ​អ្នក​រាល់​គ្នា​នៅ​ក្នុង​យើង ហើយ​យើង​នៅ​ក្នុង​អ្នក​រាល់​គ្នា​ដែរ។

ហេតុ​ដូច្នោះ​ហើយ យើង​នៅ​កណ្ដាល​អ្នក​រាល់​គ្នា ហើយ​យើង​ជា​អ្នក​គង្វាល​ល្អ ហើយ​ជា​ថ្ម​ដា​នៃ​សាសន៍​អ៊ីស្រាអែល។ អ្នក​ណា​ដែល​សង់​នៅ​លើ​ថ្ម​ដា​នេះ​នឹង​មិន​ត្រូវ​រលំ​ឡើយ » ។

ព្យាការី​របស់​យើង​គឺ​ប្រធាន រ័សុល អិម ណិលសុន ក៏​ធ្លាប់​ផ្ដល់​ការធានា​អះអាង​ដូចគ្នា​នេះ​ដែរ ។ លើស​ពី​នោះ​ទៀត លោក​បាន​ពិពណ៌នា​ពី​វិធី​មួយ​ដែល​យើង​អាច​សង់​នៅ​លើ​ថ្ម​នោះ ហើយ​ដាក់​ព្រះ​នាម​របស់​ព្រះអម្ចាស់​ក្នុង​ដួង​ចិត្ត​ដើម្បី​ដឹកនាំ​យើង​ឆ្លងកាត់​ការ​សាកល្បង​ទាំងឡាយ​របស់​យើង ។

លោក​បាន​មាន​ប្រសាសន៍​ថា « បងប្អូន​ប្រហែល​ជា​បាន​បាក់​ទឹក​ចិត្ត​នៅ​ពេល​នេះ សូម​ចងចាំ​ថា ជីវិត​គឺ​ពុំ​មែន​ងាយ​ស្រួល​ទេ ។ យើង​ត្រូវតែ​ដក​ពិសោធន៍​ការ​សាកល្បង ហើយ​ស៊ូទ្រាំ​នឹង​ទុក្ខ​វេទនា​នៅ​ក្នុង​ជីវិត​នេះ ។ នៅ​ពេល​បងប្អូន​ចងចាំ​ថា ‹ ការ​អ្វី​ដែល​ព្រះ​ទ្រង់​ធ្វើ​ពុំ​បាន នោះ​គ្មាន​សោះ​ឡើយ ›​( លូកា ១:៣៧ ) នោះ​បងប្អូន​នឹង​ដឹង​ថា​ទ្រង់​គឺជា​ព្រះវរបិតា​របស់​បងប្អូន ។ បងប្អូន​គឺ​ជា​បុត្រាបុត្រី​ដែល​ត្រូវបាន​បង្កើត​ឡើង​តាម​រូបភាព​របស់​ទ្រង់ ត្រូវ​បាន​ប្រទាន​សិទ្ធិ​តាមរយៈ​ភាព​ស្មោះត្រង់​របស់​បងប្អូន ដើម្បី​ទទួល​វិវរណៈ​ក្នុង​ការជួយ​ដល់​ការ​ខិតខំ​ដ៏​សុចរិត​របស់​បងប្អូន ។ បងប្អូន​ប្រហែល​ជា​លើក​ដាក់​មក​លើ​ខ្លួន​នូវ​ព្រះនាម​ដ៏​បរិសុទ្ធ​របស់​ព្រះអម្ចាស់ ។ បងប្អូន​អាច​មាន​គុណសម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​និយាយ​ក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​របស់​ព្រះ ( សូមមើល គ. និង ស. ១:២០) » ។

ប្រសាសន៍​របស់​ប្រធាន​ណិលសុន​រំឭក​យើង​អំពី​ការសន្យា​ដែល​មាននៅ​ក្នុង​ពាក្យ​អធិស្ឋាន​សាក្រាម៉ង់ ជា​ការ​សន្យា​មួយ​ដែល​ព្រះវរបិតាសួគ៌​ជា​ទីស្រឡាញ់​របស់​យើង​បំពេញ នៅពេល​យើង​ធ្វើ​អ្វី​ដែល​យើង​បាន​សន្យា​នឹង​ធ្វើ​នោះ ។

សូម​ស្ដាប់​ពាក្យ​ទាំង​នោះ ៖ « ឱ ព្រះអង្គ​ជា​ព្រះវរបិតា​ដ៏​អស់កល្ប​ជានិច្ច​អើយ យើង​ខ្ញុំ​សូម​ដល់​ព្រះអង្គ​ដោយ​នូវ​ព្រះនាម​នៃ​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​គឺ​ព្រះយេស៊ូវ​គ្រីស្ទ សូម​ប្រទាន​ពរ ហើយ​ញែក​នំប៉័ង​នេះ​ចេញ​ជា​បរិសុទ្ធ​ដល់​ព្រលឹង​នៃ​ជន​ទាំងអស់​ណា​ដែល​ទទួល​ទាន​នំប៉័ង​នេះ ប្រយោជន៍​ឲ្យ​ពួកគេ​អាច​ទទួលទាន ដោយ​នូវ​ការ​ចងចាំ​ដល់​ព្រះ​កាយ​នៃ​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ ហើយ​ធ្វើ​បន្ទាល់​ដល់​ព្រះអង្គ ឱ ព្រះអង្គ​ជា​ព្រះវរបិតា​ដ៏​អស់កល្ប​ជានិច្ច​អើយ ថា​ពួកគេ​នឹង​ព្រម​លើក​ដាក់​មក​លើ​ខ្លួន​គេ​នូវ​ព្រះនាម​នៃ​ព្រះរាជបុត្រា​របស់​ព្រះអង្គ ហើយ​ចងចាំ​ទ្រង់​ជានិច្ច ហើយ​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់​ដែល​ទ្រង់​បាន​ប្រទានដល់​ពួកគេ ប្រយោជន៍​ឲ្យ​ពួកគេ​អាច​បាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់​នៅ​ជាមួយ​នឹង​ពួកគេ​ជា​ដរាប ។ អាម៉ែន » ។

រាល់​ពេល​យើង​និយាយ​ពាក្យ​ថា អាម៉ែន នៅពេល​ការ​អធិស្ឋាន​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​ជំនួស​យើង នោះ​យើង​ទូល​អង្វរ​ថា ដោយ​ការ​ទទួល​ទាន​នំប៉័ង​នោះ យើង​កំពុង​យល់​ព្រម​ដើម្បី​លើក​ដាក់​មក​លើ​ខ្លួន​នូវ​ព្រះនាម​ដ៏​បរិសុទ្ធ​របស់​ព្រះយេស៊ូវគ្រីស្ទ ចងចាំ​ទ្រង់​ជានិច្ច ហើយ​គោរព​បទបញ្ញត្តិ​របស់​ទ្រង់ ។ ប្រសិន​បើ​យើង​ធ្វើ​កិច្ចការ​ទាំង​នេះ នោះ​យើង​ត្រូវ​បាន​សន្យា​ថា យើង​អាច​នឹង​បាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់​នៅ​ជាមួយ​នឹង​យើង​ជា​ដរាប ។ ដោយ​សារ​តែ​ការ​សន្យា​ទាំង​នេះ ព្រះអង្គ​សង្គ្រោះ​គឺ​ជា​ថ្ម​ដែល​យើង​អាច​ឈរ​ដោយ​មាន​សុវត្ថិភាព ហើយ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​នៅ​គ្រប់​ព្យុះភ្លៀង​ដែល​យើង​ជួប​ប្រទះ ។

កាល​ខ្ញុំ​បាន​ពិចារណា​ពី​ពាក្យ​នៃ​សេចក្ដីសញ្ញា​នោះ និង​ពរជ័យ​ពាក់ព័ន្ធ​ដែល​បាន​សន្យា នោះ​ខ្ញុំ​ងឿង​ឆ្ងល់​ពី​អត្ថន័យ​នៃ​ការ​យល់​ព្រម​លើក​មក​ដាក់​លើ​ខ្លួន​យើង​នូវ​ព្រះនាម​នៃ​ព្រះគ្រីស្ទ ។

ប្រធាន ដាល្លិន អេក អូក ពន្យល់​ថា « វា​គឺជា​រឿង​ដ៏​សំខាន់​ដែល​ថា នៅ​ពេល​យើង​ទទួល​ទាន​សាក្រាម៉ង់ នោះ​យើង​ពុំ​ធ្វើ​សាក្សី​ថា យើង លើក​ដាក់​មក​លើ​ខ្លួន​យើង នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នោះ​ទេ ។ យើង​ធ្វើ​សាក្សី​ថា យើង​នឹង យល់ព្រម ធ្វើ​ដូច្នោះ ។ ( សូម​មើល គ. និង ស. ២០:៧៧ ) ។ ប្រាកដ​ណាស់ យើង​ធ្វើ​សាក្សី​តែ​ចំពោះ​ការ​យល់​ព្រម​របស់​យើង​វា​បង្ហាញ​ថា ប្រាកដ​ជា​មាន​អ្វី​មួយ​ផ្សេង​ទៀត​ដែល​ត្រូវ​កើត​ឡើង​ពីមុន​យើង​លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​ដ៏​ពិសិដ្ឋ​នោះ​នៅ​ក្នុង​អារម្មណ៍​ដ៏​សំខាន់​បំផុត » ។

ឃ្លា​ដែល​ចែង​ថា យើង​នឹង​« លើក​ដាក់​មក​លើ​ខ្លួន [ យើង ] »​នូវ​ព្រះនាម​របស់​ទ្រង់ ប្រាប់​យើង​ថា កាល​យើង​ទទួល​យក​ព្រះនាម​របស់​ព្រះអង្គសង្គ្រោះ​ជា​លើក​ដំបូង​នៅ​ពេល​យើង​ជ្រមុជទឹក ការ​ទទួល​យក​ព្រះនាម​របស់​ទ្រង់​ពុំ​បាន​បញ្ចប់​ត្រឹម​ពិធី​បុណ្យ​ជ្រមុជទឹក​នោះ​ឡើយ ។ យើង​ត្រូវ​តែ​ខិតខំ​ជា​បន្ត​បន្ទាប់​ដើម្បី​ទទួល​យក​ព្រះនាម​របស់​ទ្រង់​ពេញ​មួយ​ជីវិត​របស់​យើង រួម​ទាំង​ពេល​ដែល​យើង​រំឭក​សេចក្ដីសញ្ញា​នៅ​ឯ​តុ​សាក្រាម៉ង់ ហើយ​ចុះ​សេចក្ដី​សញ្ញា​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះអម្ចាស់​ផង​ដែរ ។

ដូច្នេះ សំណួរ​ដ៏​សំខាន់​ចំនួន​ពីរ​សម្រាប់​យើង​ម្នាក់ៗ​គឺ​ថា « តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​លើក​ដាក់​មក​លើ​ខ្លួន​នូវ​ព្រះនាម​របស់​ទ្រង់ ? » និង « តើ​ខ្ញុំ​នឹង​ស្គាល់​ពី​ពេលវេលា​ដែល​ខ្ញុំ​កំពុង​រីកចម្រើន​តាម​របៀប​ណា ? »

សេចក្ដី​ថ្លែង​ការណ៍​របស់​ប្រធាន​ណិលសុន ណែនាំ​នូវ​ចម្លើយ​មួយ​ដ៏​មាន​ន័យ ។ លោក​បាន​មាន​ប្រសាសន៍​ថា យើង​អាច​លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​របស់​ព្រះ​អង្គ​សង្គ្រោះ ហើយ​ថា​យើង​អាច​និយាយ​តំណាង​ឲ្យ​ទ្រង់ ។ នៅ​ពេល​យើង​និយាយ​តំណាង​ឲ្យ​ទ្រង់ នោះ​យើង​បម្រើ​ទ្រង់ ។ « ដ្បិត​តើ​មនុស្ស​នឹង​ស្គាល់​ចៅហ្វាយ ដែល​ខ្លួន​ពុំ​ដែល​បាន​បម្រើ​នោះ ហើយ​ដែល​ជា​អ្នក​ចម្លែក​ចំពោះ​មនុស្ស​នោះ ហើយ​នៅ​ឆ្ងាយ​ពី​សតិ​អារម្មណ៍ និង​បំណង​នៃ​ដួងចិត្ត​ខ្លួន​ដូច​ម្ដេច​បាន ? »

ការថ្លែង​ជំនួស​ទ្រង់​តម្រូវ​ឲ្យ​មាន​ការ​អធិស្ឋាន​នៃ​សេចក្ដី​ជំនឿ ។ វា​តម្រូវ​ឲ្យ​មាន​ការ​អធិស្ឋាន​ដ៏​ក្លៀវ​ក្លា​មួយ​ទៅ​កាន់​ព្រះវរបិតា​សួគ៌ ដើម្បី​រៀន​ពី​ពាក្យ​សម្ដី​ដែល​យើង​អាច​និយាយ ដើម្បី​ជួយ​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង​កិច្ចការ​របស់​ទ្រង់ ។ យើង​ត្រូវ​តែ​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​សម្រាប់​ការ​សន្យា​ថា « ទោះ​ជា​ដោយ​សំឡេង​របស់​យើង​ផ្ទាល់ ឬ​ក៏​ដោយ​សំឡេង​នៃ​ពួក​អ្នក​បម្រើ​របស់​យើង​ក្ដី​គឺ​ដូច​តែ​គ្នា » ។

ប៉ុន្តែ វា​តម្រូវ​ឲ្យ​មាន​លើស​ពី​ការ​និយាយ​តំណាង​ឲ្យ​ទ្រង់​ទៅ​ទៀត ដើម្បី​លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះ​នាម​របស់​ទ្រង់​នោះ ។ មាន​អារម្មណ៍​ជាច្រើន​នៅ​ក្នុង​ដួងចិត្ត​របស់​យើង​ដែល​យើង​ត្រូវ​តែ​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់ ក្នុង​នាម​ជា​ពួក​អ្នក​បម្រើ​របស់​ទ្រង់ ។

ព្យាការី​មរមន​បាន​ពិពណ៌នា​អំពី​អារម្មណ៍​ដែល​ធ្វើ​ឲ្យ​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់ ហើយ​អាច​ឲ្យ​យើង​លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​របស់​ទ្រង់ ។ អារម្មណ៍​ទាំងនោះ​រួមមាន សេចក្ដី​ជំនឿ សេចក្ដី​សង្ឃឹម និង​សេចក្ដីសប្បុរស ដែល​ជា​សេចក្ដី​ស្រឡាញ់​សុទ្ធសាធ​របស់​ព្រះគ្រីស្ទ ។

មរមន​បាន​ពន្យល់​ថា ៖

« ដ្បិត​ខ្ញុំ​វិនិច្ឆ័យ​ថា អ្នក​រាល់​គ្នា​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ ដោយ​ព្រោះ​ភាព​ស្លូតបូត​របស់​អ្នក ដ្បិត​បើ​សិន​ជា​អ្នក​រាល់​គ្នា​ពុំ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ទ្រង់​ទេ នោះ​អ្នក​រាល់​គ្នា​ពុំ​សម​នឹង​បាន​រាប់​ក្នុង​ចំណោម​រាស្ត្រ​នៃ​សាសនាចក្រ​របស់​ទ្រង់​ឡើយ។

ហើយ​ម្យ៉ាង​ទៀត ឱ​បង​ប្អូន​ដ៏​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​ចង់​និយាយ​ទៅ​កាន់​អ្នក​រាល់​គ្នា អំពី​សេចក្ដី​សង្ឃឹម។ តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​សេចក្ដី​ជំនឿ លើក​លែង​អ្នក​រាល់​គ្នា​នឹង​មាន​សេចក្ដី​សង្ឃឹម ?

ហើយ​តើ​អ្វី​ទៅ​ដែល​អ្នក​រាល់​គ្នា​សង្ឃឹម​ចង់​បាន ? មើលចុះ ខ្ញុំ​ប្រាប់​អ្នក​ថា អ្នក​រាល់គ្នា​នឹង​មាន​សេចក្តីសង្ឃឹម តាមរយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ និង អំណាច​នៃ​ដំណើរ​រស់​ឡើង​វិញ​របស់​ទ្រង់ ដើម្បី​ឲ្យ​បាន​ប្រោស​ឲ្យ​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ហើយ​នេះ​ក៏​មក​ពី​សេចក្តី​ជំនឿ​របស់​អ្នក​ដល់​ទ្រង់ ស្រប​តាម​ពាក្យ​សន្យា ។

ហេតុ​ដូច្នោះ​ហើយ បើ​សិន​ជា​មនុស្ស​ណា​មួយ​មាន​សេចក្ដី​ជំនឿ នោះ​គេ​ត្រូវ​តែ​មាន​សេចក្ដី​សង្ឃឹម ដ្បិត​អត់​ពី​សេចក្ដី​ជំនឿ​ទៅ នោះ​ពុំ​អាច​មាន​សេចក្ដី​សង្ឃឹម​ឡើយ ។

ហើយ​ម្យ៉ាង​ទៀត ខ្ញុំ​សូម​ប្រាប់​អ្នក​ថា អ្នក​នោះ​ពុំ​អាច​មាន​សេចក្ដី​ជំនឿ និង​សេចក្ដី​សង្ឃឹម​ទេ លើក​លែង​តែ​អ្នក​នោះ​ស្លូតបូត ហើយ​សុភាព​រាបសា ។

បើ​សិន​ជា​យ៉ាង​នេះ​មែន នោះ​សេចក្ដី​ជំនឿ និង​សេចក្ដី​សង្ឃឹម​របស់​គេ​គឺ​ជា​ការ​ឥត​ប្រ​យោជន៍​ទៅ​វិញ ដ្បិត​គ្មាន​អ្នក​ណា​អាច​បាន​ទៅ​ជា​ទី​គាប់​ចំពោះ​ព្រះ​ឡើយ លើក​លែងតែ​មនុស្ស​ស្លូតបូត ហើយ​សុភាព​រាបសា​ប៉ុណ្ណោះ ហើយ​បើ​សិន​ជា​មនុស្ស​នោះ​ស្លូតបូត ហើយ​សុភាព​រាបសា ហើយ​ទទួល​ស្គាល់​ដោយ​នូវ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះ​គ្រីស្ទ អ្នក​នោះ​ត្រូវ​តែ​មាន​សេចក្ដី​សប្បុរស ដ្បិត​បើ​សិន​ជា​គេ​គ្មាន​សេចក្ដី​សប្បុរស​ទេ អ្នក​នោះ​គ្មាន​ជា​អ្វី​ទាំង​អស់ ហេតុ​ដូច្នោះ​ហើយ អ្នក​នោះ​ត្រូវ​តែ​មាន​សេចក្ដី​សប្បុរស » ។

បន្ទាប់​ពី​ពិពណ៌នា​អំពី​សេចក្ដី​សប្បុរស​ហើយ មរមន​បន្ត​និយាយ​ទៀត​ថា ៖

« ប៉ុន្តែ​សេចក្ដី​សប្បុរស​គឺ​ជា​សេចក្ដីស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ ហើយ​ស្ថិត​ស្ថេរ​នៅ​ជានិច្ច ហើយ​អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​សប្បុរស​នៅ​ក្នុង​ថ្ងៃ​ចុង​ក្រោយ​បង្អស់​នឹង​បាន​ស្រួល​ដល់​អ្នក​នោះ​ហើយ ។

ហេតុដូច្នោះ​ហើយ ឱ បងប្អូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ចូរ​អធិស្ឋាន​ដល់​ព្រះវរបិតា ដោយ​អស់​ពី​កម្លាំង​ចិត្ត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់​នេះ ដែល​ទ្រង់​បាន​ប្រទាន​ដល់​អស់​អ្នក​ណា​ដែល​ជា​អ្នក​ដើរ​តាម​ដ៏​ពិត​នៃ​ព្រះរាជ​បុត្រា​របស់​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ក្លាយ​ទៅ​ជា​កូន​ព្រះ ដើម្បី​កាល​ណា​ទ្រង់​នឹង​លេច​មក នោះ​យើង​រាល់​គ្នា​នឹង​បាន​ដូច​ជាទ្រង់ ដ្បិត​យើង​នឹង​ឃើញ​ទ្រង់​ជា​ទ្រង់​ពិត​ប្រាកដ ដើម្បី​ឲ្យ​យើង​អាច​មាន​សេចក្ដីសង្ឃឹម​នេះ ដើម្បី​ឲ្យ​យើង​អាច​បាន​បរិសុទ្ធ​ដូចជា​ទ្រង់​បរិសុទ្ធ ។ អាម៉ែន » ។១០

ខ្ញុំ​មាន​ទីបន្ទាល់​ថា ព្រះអង្គ​សង្គ្រោះ​កំពុង​ដាក់​ព្រះនាម​ទ្រង់​នៅ​ក្នុង​ដួង​ចិត្ត​របស់​បងប្អូន ។ ចំពោះ​បងប្អូន​ភាគច្រើន សេចក្ដី​ជំនឿ​របស់​បងប្អូន​លើ​ទ្រង់​កំពុង​កើន​ឡើង ។ បងប្អូន​កំពុង​មាន​អារម្មណ៍​នូវ​សេចក្ដី​សង្ឃឹម និង​ភាព​សុទិដ្ឋិនិយម​ច្រើន ។ ហើយ​បងប្អូន​នឹង​ទទួល​អារម្មណ៍​នូវ​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​របស់​ព្រះគ្រីស្ទ​សម្រាប់​មនុស្ស​ដទៃ និង​ចំពោះ​ខ្លួន​ឯង ។

ខ្ញុំ​ឃើញ​ការណ៍​នេះ កើត​មាន​ចំពោះ​ពួក​អ្នក​ផ្សព្វផ្សាយសាសនា​នៅ​ជុំវិញ​ពិភពលោក ។ ខ្ញុំ​ឃើញ​វា​នៅក្នុង​សមាជិក​ដែល​និយាយ​នឹង​មិត្តភក្ដិ និង​សមាជិក​គ្រួសារ​របស់​ពួកគេ​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ បុរស ស្ត្រី យុវវ័យ ព្រមទាំង​កុមារ​ផង​ដែរ​កំពុង​ផ្ដល់​ការងារ​បម្រើ​ចេញ​ពី​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះអង្គ​សង្គ្រោះ និង​ចំពោះ​ពួក​អ្នក​ជិត​ខាង​ខ្លួន ។

បន្ទាប់​ពី​ឮ​ព័ត៌មាន​ភ្លាម​អំពី​គ្រោះ​មហន្តរាយ​ជុំវិញ​ពិភពលោក សមាជិក​ដាក់​ផែនការ​ចេញ​ទៅ​ជួយ​សង្គ្រោះ ពេល​ខ្លះ​ត្រូវ​ឆ្លង​កាត់​មហាសមុទ្រ ដោយ​គ្មាន​ការ​ស្នើ​សុំ​ឡើយ ។ ពេល​ខ្លះ​ពួកគេ​ពិបាក​ក្នុង​ការ​រង់​ចាំ​រហូត​ដល់​តំបន់​នានា​ដែល​រងគ្រោះ​នោះ​អាច​ទទួល​យក​ពួកគេ​ខ្លាំង​ណាស់ ។

ខ្ញុំ​ដឹង​ថា បងប្អូន​មួយ​ចំនួន​ដែល​កំពុង​ស្ដាប់​នៅ​ថ្ងៃ​នេះ ប្រហែល​ជា​មាន​អារម្មណ៍​ថា សេចក្ដី​ជំនឿ និង​សេចក្ដី​សង្ឃឹម​របស់​បងប្អូន​ត្រូវ​បាន​គ្រប​ដណ្ដប់​ដោយ​បញ្ហា ។ ហើយ​បងប្អូន​ប្រហែល​ជា​ចង់​ទទួល​អារម្មណ៍​នូវ​សេចក្ដីស្រឡាញ់ ។

បងប្អូន​ប្រុស​ស្រី ព្រះអម្ចាស់​មាន​ឱកាស​នៅ​ក្បែរ​បងប្អូន ដើម្បី​ទទួល​អារម្មណ៍ ហើយ​ចែកចាយ​ក្តី​ស្រឡាញ់​របស់​ទ្រង់ ។ បងប្អូន​អាច​អធិស្ឋាន​ដោយ​ទំនុក​ចិត្ត​ចំពោះ​ព្រះអម្ចាស់ ដើម្បី​ដឹកនាំ​បងប្អូន​ឲ្យ​ស្រឡាញ់​មនុស្ស​ម្នាក់​ជំនួស​ទ្រង់ ។ ទ្រង់​ឆ្លើយ​តប​ការ​អធិស្ឋាន​នៃ​ពួក​ស្ម័គ្រ​ចិត្ត​ដ៏​រាបសា​ដូចជា​បងប្អូន ។ បងប្អូន​នឹង​ទទួល​អារម្មណ៍​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​បងប្អូន និង​ចំពោះ​បុគ្គល​ដែល​បងប្អូន​បម្រើ​ជំនួស​ទ្រង់ ។ នៅពេល​បងប្អូន​ជួយ​បុត្រា​បុត្រី​របស់​ព្រះ​នៅ​ក្នុង​ឧបសគ្គ​របស់​ពួកគេ នោះ​ឧបសគ្គ​របស់​បងប្អូន​នឹង​បាន​ធូរ​ស្រាល ។ សេចក្ដី​ជំនឿ​និង​សេចក្ដី​សង្ឃឹម​របស់​បងប្អូន​នឹង​ត្រូវ​បាន​ពង្រឹង ។

ខ្ញុំ​គឺ​ជា​សាក្សី​មួយ​រូប​អំពី​សេចក្ដី​ពិត​នោះ ។ ភរិយា​របស់​ខ្ញុំ​បាន​និយាយ​តំណាង​ឲ្យ​ព្រះអម្ចាស់ ហើយ​បម្រើ​មនុស្ស​ជំនួស​ទ្រង់​ពេញ​មួយ​ជីវិត​របស់​គាត់ ។ ដូច​ដែល​ខ្ញុំ​បាន​លើក​ឡើង​ពី​ខាង​ដើម​ថា មាន​គ្រា​មួយ ប៊ីស្សព​របស់​យើង​បាន​និយាយ​មក​កាន់​ខ្ញុំ​ថា « ខ្ញុំ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ។ គ្រប់​ពេល​ដែល​ខ្ញុំ​ឮ​អំពី​បុគ្គល​ម្នាក់​នៅ​ក្នុង​វួដ​មាន​បញ្ហា ខ្ញុំ​បាន​ប្រញាប់​ប្រញាល់​ទៅ​ជួយ ។ ប៉ុន្តែ​លុះ​ខ្ញុំ​ទៅ​ដល់ វា​ទំនង​ដូចជា​ភរិយា​របស់​លោក​បាន​ទៅ​ដល់​ទីនោះ​មុន​ជានិច្ច » ។ រឿង​នោះ​បាន​កើត​ឡើង​នៅ​គ្រប់​ទីកន្លែង​ដែល​យើង​បាន​រស់​នៅ​អស់​រយៈពេល ៥៦ ឆ្នាំ ។

ឥឡូវ​នេះ គាត់​អាច​និយាយ​ពាក្យ​តែ​ពីរ​បី​ម៉ាត់​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ។ មនុស្ស​ដែល​គាត់​ស្រឡាញ់​ជំនួស​ឲ្យ​ព្រះអម្ចាស់ បាន​មក​សួរ​សុខ​ទុក្ខ​គាត់ ។ រាល់​យប់ និង​រាល់​ព្រឹក ខ្ញុំ​ច្រៀង​ទំនុក​តម្កើង​ជាមួយ​នឹង​គាត់ ហើយ​យើង​អធិស្ឋាន ។ ខ្ញុំ​ត្រូវ​​និយាយ​ពាក្យ​អធិស្ឋាន និង​ច្រៀង​ចម្រៀង ។ ពេល​ខ្លះ ខ្ញុំ​អាច​ឃើញ​គាត់​ហើប​មាត់​ច្រៀង​ទំនុកតម្កើង ។ គាត់​ចូល​ចិត្ត​ចម្រៀង​របស់​កុមារ ។ ទស្សនៈ​ដែល​គាត់​ទំនង​ជា​ចូល​ចិត្ត​បំផុត​ត្រូវបាន​សង្ខេប​នៅ​ក្នុង​បទ​« ខ្ញុំ​ព្យាយាម​ក្លាយ​ដូចជា​ព្រះយេស៊ូវ » ។១១

នៅ​ថ្ងៃ​មុន​នេះ បន្ទាប់​ពី​ច្រៀង​វគ្គ​បន្ទរ​ថា « ចូរ​ស្រឡាញ់​គ្នា​ដូចជា​ទ្រង់​ស្រឡាញ់​អ្នក ។ ចូរ​បង្ហាញ​មេត្តា​ក្នុង​កិច្ចការ​អ្នក​ធ្វើ » គាត់​បាន​និយាយ​តិចៗ ប៉ុន្តែ​ច្បាស់​ថា « ចូរ​ព្យាយាម ចូរ​ព្យាយាម ចូរ​ព្យាយាម » ។ ខ្ញុំ​គិត​ថា នៅពេល​គាត់​ឃើញ​ទ្រង់ គាត់​នឹង​រក​ឃើញ​ថា ព្រះអង្គ​សង្គ្រោះ​បាន​ដាក់​ព្រះនាម​របស់​ទ្រង់​នៅ​ក្នុង​ដួងចិត្ត​របស់​គាត់ ហើយ​ថា​គាត់​បាន​ប្រែ​ក្លាយ​ដូចជា​ទ្រង់ ។ ទ្រង់​កំពុង​នាំ​គាត់​ឆ្លងកាត់​ឧបសគ្គ​របស់​គាត់​នៅ​ពេល​នេះ ដូច​ដែល​ទ្រង់​នឹង​នាំ​បងប្អូន​ឆ្លង​កាត់​ឧបសគ្គ​របស់​បងប្អូន​ផង​ដែរ ។

ខ្ញុំ​សូម​ថ្លែង​ជា​សាក្សី​ដល់​បងប្អូន​ថា ព្រះអង្គសង្គ្រោះ​ស្គាល់ ហើយ​ស្រឡាញ់​បងប្អូន ។ ទ្រង់​ស្គាល់​ឈ្មោះ​របស់​បងប្អូន ដូចជា​បងប្អូន​ស្គាល់​ព្រះនាម​របស់​ទ្រង់​ដែរ ។ ទ្រង់​ជ្រាប​ពី​ឧបសគ្គ​របស់​បងប្អូន ។ ទ្រង់​បាន​ជួប​រឿង​ទាំង​នោះ ។ តាមរយៈ​ដង្វាយ​ធួន​របស់​ទ្រង់ នោះ​ទ្រង់​បាន​យក​ឈ្នះ​លើ​លោកិយ​នេះ ។ តាមរយៈ​ការ​យល់ព្រម​របស់​បងប្អូន​ដើម្បី​លើក​ដាក់​មក​លើ​ខ្លួន​នូវ​ព្រះនាម​របស់​ទ្រង់ នោះ​បងប្អូន​នឹង​លើក​បន្ទុក​របស់​មនុស្ស​ដទៃ​ទៀត​រាប់​មិន​អស់ ។ ហើយ​នៅ​ទីបំផុត បងប្អូន​នឹង​រក​ឃើញ​ថា បងប្អូន​ស្គាល់​ព្រះអង្គ​សង្គ្រោះ​កាន់​តែ​ប្រសើរ​ឡើង ហើយ​ថា​បងប្អូន​ស្រឡាញ់​ទ្រង់​កាន់​តែ​ច្រើន ។ ព្រះនាម​របស់​ទ្រង់​នឹង​ស្ថិត​នៅ​ក្នុង​ដួង​ចិត្ត​របស់​បងប្អូន ហើយ​ដិត​ជាប់​នៅ​ក្នុង​ការ​ចងចាំ​របស់​បងប្អូន ។ នោះ​គឺ​ជា​ឈ្មោះ​ដែល​បងប្អូន​នឹង​ត្រូវបាន​ហៅ ។ ខ្ញុំ​សូម​ធ្វើ​សាក្សី​ទាំង​នេះ ដោយ​មាន​អំណរគុណ​ចំពោះ​សេចក្ដីមេត្តា​ដ៏​គួរ​ឲ្យ​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​ខ្ញុំ ចំពោះ​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់ និង​ចំពោះ​បងប្អូន នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។