ឆ្នាំ ២០១០-២០១៩
ដូចជា​ទ្រង់​បាន​ធ្វើ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០១៩


ដូចជា​ទ្រង់​បាន​ធ្វើ

នៅ​ពេល​ដែល​យើង​ព្យាយាម​ធ្វើ​ការងារ​បម្រើ ដូចជា​ទ្រង់​បាន​ធ្វើ យើង​នឹង​ត្រូវ​បាន​ផ្ដល់​នូវ​ឱកាស ដើម្បី​បំភ្លេច​ខ្លួនឯង ហើយ​លើក​ស្ទួយ​អ្នក​ដទៃ ។

ប្រហែលជា ១៨ ខែ​កន្លង​ទៅ នៅ​រដូវស្លឹក​ឈើ​ជ្រុះ​ឆ្នាំ ២០១៧ បងប្រុស​ខ្ញុំ ម៉ែក មាន​អាយុ ៦៤ ឆ្នាំ ត្រូវបាន​ធ្វើ​រោគ​វិនិច្ឆ័យ​ថា​មានជម្ងឺ​មហារីក​លំពែង ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​បាន​ទទួល​ពរជ័យ​បព្វជិតភាព​ពី​គ្រូ​បង្រៀន​តាម​ផ្ទះ​របស់​គាត់ ហើយ​គាត់​ក៏​បាន​ជួប​ប៊ីស្សព​ផងដែរ ។ ក្រោយមក​គាត់​បាន​ផ្ញើរ​រូប​ព្រះវិហារ​បរិសុទ្ធ​អូកឡេន​ កាលីហ្វញ៉ា​មក​ខ្ញុំ ដែល​គាត់​បាន​ថត​ពី​មន្ទីរពេទ្យ​ដែល​គាត់​ទទួល​ការព្យាបាល ដោយ​មាន​ដាក់​ចំណងជើង​ថា « មើល​អ្វី​ដែល​បង​មើល​ឃើញ​ពី​បន្ទប់​មន្ទីរពេទ្យ​របស់​បង » ។

ខ្ញុំ​ភ្ញាក់​ផ្អើល​នឹង​មតិ​របស់​គាត់​អំពី​គ្រូបង្រៀន​តាមផ្ទះ ពរជ័យ​បព្វជិតភាព ប៊ីស្សព និង​ព្រះវិហារ​បរិសុទ្ធ ដូច​ជា​ខ្ញុំ​ភ្ញាក់​ផ្អើល​ពី​មហារីក​ដែរ ។ បងប្អូន​ឃើញ​ទេ ម៉ែក ជា​សង្ឃ​នៅក្នុង​បព្វជិតភាព​អើរ៉ុន ពុំ​បាន​ចូលរួម​ព្រះវិហារ​ជា​ទៀងទាត់​អស់​ជិត ៥០​ឆ្នាំ​ហើយ ។

ក្នុង​នាម​ជា​គ្រួសារ យើង​ចាប់​អារម្មណ៍​ពី​ការរីក​ចម្រើន​ខាង​វិញ្ញាណ​របស់​គាត់​ស្ទើរ​តែ​ដូច​ជា​ការរីកចម្រើន​នៅក្នុង​ការតយុទ្ធ​ជាមួយ​នឹង​មហារីក​ដែរ មួយ​ភាគ​ធំ​គឺ​ដោយសារ​តែ​ឥឡូវ​នេះ​គាត់​មាន​សំណួរ​ជា​ញឹកញាប់​អំពី​ព្រះគម្ពីរ​មរមន អំណាច​នៃការ​ផ្សារភ្ជាប់ និង​ជីវិត​បន្ទាប់​ពី​ការស្លាប់ ។ ជា​ច្រើន​ខែ​កន្លង​ផុត​ទៅ មហារីក​បាន​រីករាលដាល ទីបំផុត តម្រូវឲ្យ ម៉ែក មក​មជ្ឈមណ្ឌល​មហារី​ហាន់​មែន​នៅ​រដ្ឋ​យូថាហ៍ ដើម្បី​ទទួល​ការព្យាបាល​ជំនាញ​បន្ថែម ។

មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​គាត់​មកដល់ ចន ហូលប្រូក ជា​អ្នក​ដឹកនាំ​បេសកកម្ម​វួដ​ដែល​បម្រើ​ដល់​មណ្ឌលថែទាំ​ជា​កន្លែង​ដែល ម៉ែក កំពុង​ស្នាក់​នៅ បាន​មក​សួរ​សុខទុក្ខ​គាត់ ។ ចន បាន​និយាយ​ថា « វា​ច្បាស់​ណាស់​ចំពោះ​ខ្ញុំ​ថា ម៉ែក ជា​បុត្រា​របស់​ព្រះ » ហើយ​ពួកគេ​បាន​បង្កើត​ចំណង​មិត្តភាព​ភ្លាម ដែល​នាំ​ឲ្យ ចន ក្លាយ​ជា​បងប្អូន​ប្រុស​ផ្ដល់​ការងារ​បម្រើ ក្រៅ​ផ្លូវការ របស់ ម៉ែក ។ មាន​ការអញ្ជើញ​ភ្លាមៗ​មួយ​ដើម្បី​ឲ្យ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​មក​សួរ​សុខទុក្ខ តែ​បងប្រុស​ខ្ញុំ​បាន​បដិសេធ ប៉ុន្តែ​បន្ទាប់​ពី​ចង​មិត្តភាព​បាន​មួយ​ខែ​មក ចន បាន​សួរ​ម្ដង​ទៀត​ដោយ​ពន្យល់​ទៅ ម៉ែក ថា « ខ្ញុំ​គិត​ថា​បង​នឹង​រីករាយ​ស្ដាប់​ដល់​សារលិខិត​ដំណឹងល្អ » ។ ពេល​នេះ​បង​ខ្ញុំ​បាន​ទទួល​ការអញ្ជើញ ដែល​នាំ​ទៅរក​ការជួប​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ជា​ញឹកញាប់ ក៏​ដូច​ជា​ការសួរសុខ​ទុក្ខ​ពី​ប៊ីស្សព ចូន ស្សាប ផង​ដែរ ហើយ​ការសន្ទនា​ទាំងនោះ​បាន​នាំ​ឲ្យ ម៉ែក ទទួល​បាន​ពរជ័យ​លោក​អយ្យកោ​ដែល​មាន​រយៈ​ពេល ៥៧ ឆ្នាំ​បន្ទាប់​ពី​បុណ្យ​ជ្រមុជ​ទឹក​របស់​គាត់ ។

នៅ​ដើម​ខែ​ធ្នូ​ឆ្នាំ​មុន បន្ទាប់​ពី​ទទួល​ការព្យាបាល​ប៉ុន្មាន​ខែ​មក ម៉ែក បាន​សម្រេច​ចិត្ត​បញ្ឈប់​ការព្យាបាល​មហារីក​ដោយ​ដឹង​ថា​គាត់​នឹង​ស្លាប់ ហើយ​ការសម្រេច​ចិត្ត​ឈប់​នេះ​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ។ វេជ្ជបណ្ឌិត​របស់​គាត់​បាន​ប្រាប់​យើង​ថា ម៉ែក មាន​ពេល​ប្រហែល​បី​ខែ​ដើម្បី​រស់នៅ ។ ពេលនោះ សំណួរ​ដំណឹងល្អ​ចេះ​តែ​បន្ដ— ក៏​ដូចជា​ការ​សួរសុខទុក្ខ និង​ការ​គាំទ្រ​របស់​ថ្នាក់ដឹកនាំ​បព្វជិតភាព​ក្នុង​មូលដ្ឋាន​របស់​គាត់ ។ ពេល​យើង​ទៅ​សួរ​សុខទក្ខ ម៉ែក ជា​ញឹកញាប់​យើង​បាន​ឃើញ​ព្រះគម្ពីរ​មរមន​នៅលើ​តុ​ក្បែរ​គ្រែ​ដែល​បើក​ចំហរ កាល​ដែល​យើង​ពិភាក្សា​ពី​ការស្ដារ​ឡើង​វិញ​នៃ​ដំណឹងល្អ កូនសោ​បព្វជិតភាព ពិធីបរិសុទ្ធ​ព្រះវិហារ​បរិសុទ្ធ និង​ធម្មជាតិ​ដ៏​អស់កល្ប​នៃ​មនុស្ស ។

មក​ដល់​ត្រឹម​ពាក់​កណ្ដាល​ខែ​ធ្នូ ដោយ​មាន​ពរជ័យ​លោក​អយ្យកោ​ក្នុង​ដៃ នោះ ម៉ែក មាន​អាការៈ​រឹងមាំ​ជាង​មុន ហើយ​បាន​ពន្យាពេល​ក្នុង​ការរស់នៅ​បាន​យ៉ាងហោច​ណាស់​បី​ខែ​ទៀត ។ យើង​ថែមទាំង​បាន​រៀប​ផែនការ​ឲ្យ​គាត់​មក​ចូលរួម​បុណ្យ​គ្រីស្ទម៉ាស់ ចូល​ឆ្នាំ​ថ្មី និង​កម្មវិធី​ផ្សេងៗ​ទៀត​ជាមួយ​យើង ។​ នៅ​ថ្ងៃ​ទី ១៦ ខែ ធ្នូ ខ្ញុំ​បាន​ទទួល​ទូរសព្ទ​មួយ​ដែល​ពុំ​បាន​រំពឹង​ទុក​ជា​មុន​ពី​ប៊ីស្សព ស្សាប ដោយ​បាន​ប្រាប់​ខ្ញុំ​ថា លោក និង​ប្រធាន​ស្តេក​បាន​សម្ភាស ម៉ែក ហើយ​បាន​ឃើញ​ថា​គាត់​មាន​ភាពស័ក្ដិសម​នឹង​ទទួល​បព្វជិតភាព​មិលគីស្សាដែក ហើយ​សួរ​ថា​ពេល​ណា​ខ្ញុំ​មាន​ពេល​ចូលរួម​បាន ។ ពិធីបរិសុទ្ធ​បាន​ដាក់​កាលវិភាគ​សម្រាប់​ថ្ងៃ​សុក្រ ទី ២១ ខែ​ធ្នូ ។

ពេល​ថ្ងៃ​នោះ​មក​ដល់ ភរិយា​ខ្ញុំ ខារ៉ូល និង​ខ្ញុំ បាន​មក​ដល់​មណ្ឌល​ថែទាំ ហើយ​មាន​គេ​មក​ជួប​យើង​ភ្លាមៗ​នៅ​ផ្លូវ​ដើរ​ជិត​បន្ទប់​គាត់ ដោយ​បាន​ប្រាប់​ថា ម៉ែក អត់​មាន​ជីបចរ​ទេ ។ ពេល​យើង​ចូល​ទៅ​ក្នុង​បន្ទប់ យើង​បាន​ឃើញ​លោក​អយ្យកោ ប៊ីស្សព និង​ប្រធាន​ស្តេក​របស់​គាត់​រង់ចាំ​នៅ​ទី​នោះ—បន្ទាប់​មក ម៉ែក បាន​បើក​ភ្នែក ។ គាត់​ស្គាល់​ខ្ញុំ និង​បាន​ទទួល​ស្គាល់​ថា គាត់​អាច​ស្ដាប់​ឮ​ខ្ញុំ ហើយ​បាន​រៀបចំ​រួច​រាល់​ហើយ​ដើម្បី​ទទួល​បព្វជិតភាព ។ ហាសិប​ឆ្នាំ បន្ទាប់​ពី ម៉ែក ត្រូវបាន​តែងតាំង​ជា​សង្ឃ​នៅក្នុង​បព្វជិតភាព​អើរ៉ុន ខ្ញុំ​បាន​មាន​ឯកសិទ្ធិ​ផ្ដល់​បព្វជិតភាព​មិលគីស្សាដែក និង​តែងតាំង​បងប្រុស​ខ្ញុំ​ក្នុង​មុខ​តំណែង​អែលឌើរ ដោយ​មាន​ជំនួយ​ពី​ថ្នាក់​ដឹកនាំ​ក្នុង​តំបន់​របស់​គាត់ ។ ប្រាំ​ម៉ោង​ក្រោយ​មក ម៉ែក បានទទួល​មរណភាព ឆ្លង​កាត់​វាំងនន​ទៅ​ជួប​ឪពុក​ម្ដាយ​យើង​ក្នុង​នាម​ជា​អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក​មួយ​រូប ។

កាល​ពី​មួយ​ឆ្នាំ​មុន ប្រធាន រ័សុល អិម ណិលសុន បាន​ពង្រីក​ការហៅ​បម្រើ​មួយ​ដល់​យើង​ម្នាក់ៗ​ឲ្យ​ថែទាំ​បងប្អូន​ប្រុសស្រី​តាម​របៀប​ដែល « កាន់តែ​ខ្ពង់ខ្ពស់ និង​កាន់តែ​បរិសុទ្ធ » មួយ ។ និយាយ​ដល់​ព្រះអង្គ​សង្គ្រោះ ប្រធាន ណិលសុន បាន​បង្រៀន​ថា « ដោយសារ​នេះ​គឺ​ជា​សាសនាចក្រ​របស់​ទ្រង់ ពួក​យើង​ក្នុង​នាម​ជា​អ្នកបម្រើ​របស់​ទ្រង់​នឹង​ធ្វើ​ការងារ​បម្រើ​ដល់​មនុស្ស​ម្នាក់ៗ​ដូចជា​ទ្រង់​បាន​ធ្វើ ។ ពួក​យើង​នឹង​ផ្តល់​ការងារ​បម្រើ​នៅ​ក្នុង​ព្រះនាម​របស់​ទ្រង់ ដោយ​ព្រះចេស្ដា និង​សិទ្ធិ​អំណាច​របស់​ទ្រង់ ហើយ​ដោយ​សណ្ដាន​ចិត្ត​ល្អ​ដែល​ពោរពេញ​ដោយ​ក្ដីស្រឡាញ់​របស់​ទ្រង់ » ។

ក្នុង​ការឆ្លើយ​តប​ដល់​ការអញ្ជើញ​របស់​ព្យាការី​របស់​ព្រះ នោះ​កិច្ច​ខិតខំ​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​ដើម្បី​ផ្ដល់​ការងារ​បម្រើ​ដល់មនុស្ស​ម្នាក់ៗ​បាន​ធ្វើ​ឡើង​នៅ​ជុំ​វិញ​ពិភពលោក នៅក្នុង​កិច្ច​ខិតខំ​ដែល​បាន​សម្រប​សម្រួល​ទាំងពីរ គឺ​ក្នុង​នាម​ជា​សមាជិក​បំពេញ​ការចាត់តាំង​នៃ​ការងារ​បម្រើ​របស់​ខ្លួន​ដោយ​ស្មោះត្រង់ ក៏​ដូចជា​អ្វី​ដែល​ខ្ញុំ​នឹង​ហៅ​ថា ការងារ​បម្រើ​ដែល « មិន​បាន​ប្រៀង​ទុក » ដែល​មាន​មនុស្ស​ជា​ច្រើន​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដូច​ព្រះគ្រីស្ទ ក្នុង​ការឆ្លើយ​តប​ដល់​ឱកាស​ដែល​មិន​បាន​រំពឹង​ទុក ។ ក្នុង​គ្រួសារ​យើង​ផ្ទាល់ យើង​បាន​ឃើញ​យ៉ាង​ច្បាស់​នូវ​ការងារ​បម្រើ​ប្រភេទ​នេះ ។

ចន ជា​អតីត​ប្រធាន​បេសកកម្ម​មួយ​រូប ជា​មិត្ត​របស់ ម៉ែក និង​ជា​បងប្រុស​ដែល​ផ្ដល់​ការងារ​បម្រើ ធ្លាប់​បាន​ប្រាប់​ពួក​អ្នក​ផ្សព្វផ្សាយ​របស់​គាត់​ថា « បើ​មាន​នរណា​ម្នាក់​ដែល​នៅ​លើ​បញ្ជី​ដែល​និយាយ​ថា ‹ មិន​ចាប់​អារម្មណ៍ › សូម​កុំ​បោះបង់​គេ​ចោល​ឡើយ ។ មនុស្ស​ផ្លាស់​ប្ដូរ » ។ បន្ទាប់​មក​គាត់​បាន​ប្រាប់​យើង​ថា « ម៉ែក បាន​ផ្លាស់​ប្ដូរ​ខ្លាំង​ណាស់ » ។ ចន គឺ​ជា​មិត្ត​ដំបូង ដែល​ផ្ដល់​ការ​លើក​ទឹកចិត្ត​និង​ការគាំទ្រ​ជា​ញឹកញាប់—ប៉ុន្ដែ​ការងារ​បម្រើ​របស់​គាត់​ពុំ​បញ្ឈប់​នៅ​ត្រឹម​សួរសុខទុក្ខ​ដោយ​រាក់ទាក់​នោះទេ ។ ចន បាន​ដឹង​ថា ការងារ​បម្រើ​មួយ​គឺ​មាន​ច្រើន​ជាង​គ្រាន់តែ​ជា​មិត្ត​ម្នាក់ ហើយ​ថា​មិត្តភាព​ត្រូវបាន​ពង្រីក​ពេល​យើង​ធ្វើ​ការងារ​បម្រើ ។

វា​មិន​ចាំបាច់​តែ​សម្រាប់​អ្នក​ដែល​កំពុង​រងទុក្ខ​ដោយ​ជំងឺ​ដែល​យាយី​ជីវិត ដូចជា​បងប្រុស​ខ្ញុំ​នោះ​ទេ​ដែល​ត្រូវការ​ការងារ​បម្រើ​នោះ ។ សេចក្ដី​ត្រូវការ​ទាំងនោះ​លេចឡើង​ជា​រូបរាង ទំហំ និង​លក្ខខណ្ឌ​ខុស​ៗ​គ្នា ។ ឪពុក ឬ​ម្ដាយ​តែ​ឯង គូរ​ស្វាមី​ភរិយា​ដែល​មិន​សូវ​សកម្ម យុវវ័យ​ដែល​កំពុង​ជួប​ការលំបាក ម្ដាយ​ដែល​មាន​បន្ទុក​ច្រើន​ហួស ការល្បង​ជំនឿ ឬ ហរិញ្ញវត្ថុ សុខភាព ឬ​បញ្ហា​អាពាហ៍​ពិពាហ៍—បញ្ជី​គឺ​ស្ទើរ​តែ​គ្មាន​ទីបញ្ចប់ ។ ទោះ​យ៉ាង​ណា ដូច​ជា​បងប្រុស ម៉ែក របស់​ខ្ញុំ​ដែរ គ្មាន​នរណា​ម្នាក់​ទៅ​ឆ្ងាយ​ហួស ហើយ​វា​មិនដែល​យឺត​ពេល​ទេ​សម្រាប់ជំនួយ​ដ៏​ពោរពេញ​ដោយ​ក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​នោះ ។

យើង​ត្រូវបាន​បង្រៀន​អំពីគេហទំព័រ​ការងារ​បម្រើ​របស់​សាសនាចក្រ​ថា « ខណៈ​ដែល​មាន​គោលបំណង​ជា​ច្រើន​សម្រាប់​ការងារ​បម្រើ នោះ​កិច្ច​ខិតខំ​របស់​យើង​នៅ​ក្នុង​ការងារ​បម្រើ​គួរ​ត្រូវ​បាន​ដឹកនាំ​ដោយ​បំណង​ប្រាថ្នា​ដើម្បី​ជួយ​មនុស្ស​ដទៃទៀត​ឲ្យ​សម្រេច​បាន​ការ​ប្រែចិត្ត​ជឿ​ផ្ទាល់​ខ្លួន​មួយ​ដែល​កាន់តែ​ស៊ីជម្រៅ ហើយ​ប្រែ​ក្លាយ​កាន់​តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ » ។ អែលឌើរ នែល អិល អាន់ឌើរសិន បានមាន​ប្រសាសន៍​ថ្លែង​ដូច្នេះ​ថា ៖

មនុស្ស​ម្នាក់​ដែល​មាន​ចិត្ត​ល្អអាច​ជួយ​មនុស្ស​ម្នាក់​ប៉ះ​កង់​ឡាន នាំ​មិត្ត​រួម​ថ្នាក់​ទៅ​ជួប​វេជ្ជបណ្ឌិត ទទួលទាន​អាហារ​ថ្ងៃ​ត្រង់​ជាមួយ​នឹង​មនុស្ស​ម្នាក់​ដែល​សោកសៅ ឬ​ញញឹម ហើយ​និយាយ​ពាក្យ​សួស្ដី​ដែលធ្វើ​ឲ្យ​គាត់​មាន​ភាព​រីករាយ ។

« ប៉ុន្តែ​អ្នក​ធ្វើ​តាម​បទបញ្ញត្តិ​ទីមួយ​​នឹង​ធ្វើ​បន្ថែម​ពី​លើ​សកម្មភាព​ដ៏​សំខាន់​នៃ​ការ​បម្រើ​ទាំង​នេះ​ដោយ​ឯក​ឯង » ។

នៅក្នុង​ការធ្វើ​គំរូ​ពី​ការងារ​បម្រើ​របស់​យើង​តាម​ព្រះយេស៊ូវ​គ្រីស្ទ វា​គឺជា​រឿង​ដ៏​សំខាន់​ដែល​ត្រូវចងចាំ​ថា កិច្ច​ខិតខំ​របស់​ទ្រង់​ដើម្បី​ស្រឡាញ់ លើក​ស្ទួយ បម្រើ ហើយ​ប្រទាន​ពរ​ មាន​នូវ​គោលដៅ​ដ៏​ខ្ពស់​មួយ​លើស​ពី​ការ​បំពេញ​តាម​សេចក្ដី​ត្រូវការ​ភ្លាមៗ​ទៅ​ទៀត ។ ទ្រង់​ត្រាស់​ដឹង​យ៉ាង​ច្បាស់​ពី​សេចក្ដី​ត្រូវការ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ ហើយ​មាន​សេចក្ដី​មេត្តា​ករុណា​ចំពោះ​ការ​រងទុក្ខ​បច្ចុប្បន្ន​របស់​ពួកគេ កាលដែល​ទ្រង់​បាន​ព្យាបាល ផ្ដល់​ចំណី អត់ទោស និង​បង្រៀន ។ ប៉ុន្តែ ទ្រង់​សព្វ​ព្រះទ័យ​ចង់​ធ្វើ​លើស​ពីការ​មើល​ថែ​នៅ​ថ្ងៃ​នោះ​ទៅ​ទៀត ។ ទ្រង់​មាន​ព្រះទ័យ​ឲ្យ​មនុស្ស​ដែល​នៅ​ជុំ​វិញ​ទ្រង់​ដើរ​តាម​ទ្រង់ ហើយ​ឈាន​ទៅ​ដល់​សក្ដានុពល​របស់​ពួកគេ ។

នៅ​ពេល​ដែល​យើង​ព្យាយាម​ធ្វើ​ការងារ​បម្រើ « ដូចជា​ទ្រង់​បាន​ធ្វើ » យើង​នឹង​ត្រូវ​បាន​ផ្ដល់​នូវ​ឱកាស ដើម្បី​បំភ្លេច​ខ្លួនឯង ហើយ​លើក​ស្ទួយ​អ្នក​ដទៃ ។ ជាញឹកញាប់ ឱកាស​ទាំង​នេះ​អាច​មាន​ការ​រអាក់​រអួល ការសាក​ល្បង​បំណង​ប្រាថ្នា​របស់​យើង​ក្នុង​ការ​ក្លាយ​កាន់​តែ​ដូចព្រះ​អម្ចាស់ ដែល​មាន​ការបម្រើ​ដ៏​អស្ចារ្យ​ជាង​គេ​ទាំង​អស់ ដង្វាយ​ធួន​ដ៏​គ្មាន​ទី​បញ្ចប់​របស់​ទ្រង់ គឺ​មិន​ងាយ​ស្រួល​នោះ​ទេ ។ នៅក្នុងម៉ាថាយ ជំពូក ២៥ យើង​ត្រូវបាន​រំឭក​ពី​របៀប​ដែល​ព្រះអម្ចាស់​មាន​ព្រះទ័យ​អំពី​យើង ដូចទ្រង់​ដែរ គឺ​ពេល​យើង​ងាយ​យល់​ពី​ការលំបាក ការសាកល្បង និង​ឧបសគ្គ​នានា​ដែល​មនុស្ស​ជា​ច្រើន​បាន​ជួប តែ​ជាញឹកញាប់​ត្រូវបាន​មើល​រំលង ៖

« ឱ​ពួក​អ្នក​ដែល​ព្រះវរបិតា​យើង​បាន​ប្រទាន​ពរ​អើយ ចូរ​មក​ទទួល​មរដក​ចុះ គឺ​ជា​នគរ​ដែល​បាន​រៀបចំ​ទុក​សម្រាប់​អ្នក​រាល់​គ្នា តាំង​ពី​កំណើត​លោកីយ៍​មក ៖

« ពី​ព្រោះ​យើង​បាន​ឃ្លាន ហើយ​អ្នក​រាល់​គ្នា​បាន​ឲ្យ​បរិភោគ យើង​បាន​ស្រេក ហើយ​អ្នក​រាល់​គ្នា​បាន​ឲ្យ​ផឹក យើង​ជា​អ្នក​ដទៃ ហើយ​អ្នក​រាល់​គ្នា​បាន​ទទួល​យើង ។

« នោះ​ពួក​មនុស្ស​សុចរិត​នឹង​ទូល​សួរ​ទ្រង់​ថា ព្រះអម្ចាស់​អើយ តើ​យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់​ស្រេក​ឃ្លាន ហើយ​បាន​ថ្វាយ​ទ្រង់​សោយ​ពី​កាល​ណា ?

« តើ​យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់​ជា​អ្នក​ដទៃ ហើយ​បាន​ទទួល​ទ្រង់​ពី​កាល​ណា ? ...

« នោះ​ស្តេច​នឹង​ឆ្លើយ​ទៅ​គេ​ថា យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ​ទាំង​នោះ ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បង​ប្អូន​យើង​នេះ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ដល់​យើង​ដែរ » ។១០

មិន​ថា​យើង​បម្រើ​ក្នុង​នាម​ជា​បងប្អូន​ប្រុស​ស្រី​ដែល​ផ្ដល់​ការងារ​បម្រើ ឬ​ដោយ​គ្រាន់តែ​នៅពេល​យើង​បាន​ដឹង​ពី​តម្រូវការ​របស់​នរណា​ម្នាក់​នោះទេ យើង​ត្រូវបាន​លើក​ទឹក​ចិត្ត​ឲ្យ​ស្វែង​រក​ការណែនាំ និង​ការដឹកនាំ​ពី​ព្រះវិញ្ញាណ—បន្ទាប់​មក​ធ្វើ​សកម្ម​ភាព ។ យើង​អាច​ឆ្ងល់​ថា​តើ​ការបម្រើ​បែប​ណា​ឲ្យ​បាន​ល្អ​បំផុត តែ​ព្រះអម្ចាស់​ទ្រង់​ត្រាស់ដឹង ហើយ​តាម​រយៈ​ព្រះវិញ្ញាណ​របស់​ទ្រង់ យើង​នឹង​ត្រូវបាន​ដឹកនាំ​នៅក្នុង​កិច្ច​ខិតខំ​របស់​យើង ។ ដូច​នីហ្វៃ​ដែល « ត្រូវ​បាន​នាំ​ទៅ​ដោយ​ព្រះ​វិញ្ញាណ ដោយ​មិន​ដឹង​ជា​មុន​សោះ​ឡើយ​ថា តើ [ គាត់ ] នឹង​ត្រូវ​ធ្វើ​អ្វី​ខ្លះ »១១នោះ​យើង​ក៏​នឹង​ត្រូវបាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ កាល​យើង​ពុះពារ​ប្រែក្លាយ​ជា​ឧបករណ៍​នៅក្នុង​ព្រះហស្ត​ព្រះអម្ចាស់​ដើម្បី​ផ្ដល់​ពរ​ដល់​បុត្រ​ទ្រង់ ។ នៅ​ពេល​ដែល​យើងស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ នោះ​យើង​នឹង​ត្រូវ​បាន​ដាក់​នៅ​ក្នុង​កាលៈទេសៈ និង​ស្ថាន​ភាព​ផ្សេងៗ​ដែល​យើង​អាច​ធ្វើ​សកម្មភាព និង​ផ្ដល់​ពរ—និយាយ​ម្យ៉ាង​ទៀត​គឺ ការងារ​បម្រើ ។

មាន​ពេល​ផ្សេង​ទៀត​ដែល​យើង​ដឹង​ពី​តម្រូវ​ការ​មួយ ប៉ុន្តែ​មាន​អារម្មណ៍​ថា​គ្មាន​លទ្ធភាព​ដើម្បី​ឆ្លើយ​តប ដោយ​សន្មត់​ថា អ្វី​ដែល​យើង​មាន​ដើម្បី​ផ្ដល់​ឲ្យ​គឺ​មិន​គ្រប់​គ្រាន់​ទេ ។ ទោះជា​យ៉ាងណា​ដើម្បី​ធ្វើ « ដូចជា​ទ្រង់​បាន​ធ្វើ »១២គឺ​ការធ្វើ​ការងារ​បម្រើ​ដោយ​ផ្ដល់​ឲ្យ​នូវ​អ្វី​ដែល​យើង​មាន​លទ្ធភាព​ផ្ដល់​ឲ្យ ហើយ​ទុក​ចិត្ត​ថា ព្រះអ​ម្ចាស់​នឹង​ស្អាង​ដល់​កិច្ច​ខិតខំ​របស់​យើង​ក្នុង​ការផ្ដល់​ពរ​ដល់ « អ្នក​ធ្វើ​ដំណើរ​រួម​ជាមួយ​យើង​នៅក្នុង​ការធ្វើ​ដំណើរ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ » ។១៣ សម្រាប់​មនុស្ស​ខ្លះ វា​អាច​ជា​ការ​ផ្ដល់​ឲ្យ​នូវ​អំណោយ​នៃ​ពេល​វេលា និង​ទេពកោសល្យ មនុស្ស​ផ្សេង​ទៀត វា​អាច​ជា​ពាក្យ​ល្អៗ ឬ​ជា​ជំហរ​មួយ​ដ៏​រឹង​មាំ ។ ទោះ​បី​យើង​អាច​មាន​អារម្មណ៍​ថា កិច្ច​ខិតខំ​របស់​យើង​មិន​គ្រប់គ្រាន់​ក្ដី ប្រធាន ដាល្លិន អេក អូក បាន​ចែកចាយ​គោលការណ៍​សំខាន់​មួយ​ទាក់ទង​នឹង « កិច្ចការ​តូចតាច និង​ងាយ » ។ លោក​បាន​បង្រៀន​ថា ទង្វើ​តូចតាច និង​ងាយ​គឺ​ពោរពេញ​ដោយ​អំណាច ដោយសារ​វា​អញ្ជើញ « ភាពជា​ដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ »១៤ ជា​ដៃគូ​ដែល​ប្រទាន​ពរ​ដល់​ទាំងអ្នក​ផ្ដល់ និង​អ្នក​ទទួល ។

ដោយ​ដឹង​ថា គាត់​ទទួល​មរណភាព​ក្នុង​ពេល​ឆាប់ៗ នោះ​បងប្រុស​ខ្ញុំ ម៉ែក បាន​និយាយ​ថា « វា​អស្ចារ្យ​ណា​ដែល​មហារីក​លំពែង​អាច​ធ្វើ​ឲ្យ​អ្នក​ផ្តោត​ទៅលើ​អ្វី​ដែល​សំខាន់​បំផុត​នោះ » ។១៥ សូម​អរគុណ​ដល់​បុរស និង​ស្ត្រី​ដ៏​អស្ចារ្យ​ទាំងឡាយ​ដែល​បាន​ឃើញ​សេចក្ដី​ត្រូវការ​មួយ ពុំ​បាន​វិនិច្ឆ័យ ហើយ​បាន​ផ្ដល់​ការងារ​បម្រើ​ដូច​ជា​ព្រះអង្គ​សង្គ្រោះ វា​មិន​បាន​យឺត​ពេល​ទេ​សម្រាប់ ម៉ែក ។ សម្រាប់​មនុស្ស​មួយ​ចំនួន ការផ្លាស់​ប្ដូរ​អាច​កើតឡើង​ភ្លាមៗ សម្រាប់​អ្នក​ផ្សេង​ទៀត​ប្រហែល​ជា​កើតឡើង​នៅ​ឯ​ម្ខាង​ទៀត​នៃ​វាំងនន ។ ទោះ​យ៉ាង​ណា យើង​ត្រូវ​ចាំ​ថា វា​មិន​ដែល​ហួស​ពេល​ទេ ហើយ​គ្មាន​នរណា​ម្នាក់​បាន​វង្វេង​ឆ្ងាយ​ហួស​ពី​ផ្លូវ ដែល​ដង្វាយធួន​ដ៏​ឥត​ព្រំដែន​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ពេលវេលា និង​វិសាលភាព​ពុំ​អាច​ឈោង​ដល់​នោះ​ឡើយ ។

កាល​ពី​សន្និសីទ​ខែ​តុលា​មុន​នេះ អែលឌើរ ឌេល ជី រេនឡាន់ បាន​បង្រៀន​ថា « មិន​ថា​យើង​ធ្លាក់​ចេញ​ពី​ផ្លូវ​នេះ​យូរ​ប៉ុណ្ណា ... នៅ​គ្រា​ណា​ដែល​យើង​សម្រេច​ចិត្ត​ដើម្បី​ផ្លាស់ប្តូរ​នោះទេ ព្រះ​ជួយ​យើង​ឲ្យ​ត្រឡប់​មក​វិញ » ។១៦ ទោះ​យ៉ាងណា ការសម្រេច​ចិត្ត​ដើម្បី​ផ្លាស់ប្ដូរ​នោះ ជា​ញឹកញាប់​ជា​លទ្ធផល​នៃ​ការអញ្ជើញ​ដូច​ជា « ខ្ញុំ​គិត​ថា​បង​នឹង​រីករាយ​ស្ដាប់​ដល់​សារលិខិត​ដំណឹងល្អ » ។​ ដូច​ជា​វា​មិន​ដែល​យឺត​ពេល​ហួស​សម្រាប់​ព្រះអង្គ​សង្គ្រោះ នោះ​វា​ក៏​មិន​ដែល​ឆាប់​ពេក​សម្រាប់​ពួក​យើង​ធ្វើ​ការ​អញ្ជើញ​នោះ​ដែរ ។

ជា​ថ្មី​ម្ដង​ទៀត រដូវកាល​បុណ្យ​អ៊ីស្ទើរ​នេះ ជា​ឱកាស​ដ៏​ឱឡារិក​មួយ​ដើម្បី​សញ្ជឹង​គិត​ពី​ការពលិកម្ម​ដ៏​ធួន​ធំធេង​របស់​ព្រះអង្គ​សង្គ្រោះ​របស់​យើង​គឺ​ព្រះយេស៊ូវគ្រីស្ទ និង​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​យើង​ម្នាក់ៗ​ជាមួយ​នឹង​តម្លៃ​ដ៏មហិមា—ជា​តម្លៃ​មួយ​ដែល​ទ្រង់​ផ្ទាល់​បាន​ប្រកាស​ថា « បណ្ដាល​ឲ្យ [ ទ្រង់ ] គឺជា​ព្រះ​ដែល​មហិមា​លើ​អ្វីៗ​ទាំង​អស់ ត្រូវ​ញ័រ​ដោយ​សារ​តែ​ការ​ឈឺ​ចាប់ » ។ ទ្រង់​បាន​ថ្លែង​ថា « ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ... យើង​បាន​ទទួល​ទាន និងសម្រេច​ការ​រៀបចំ​របស់​យើង​ចំពោះ​កូន​ចៅ​មនុស្ស » ។១៧

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ដោយសារ​ទ្រង់ « បាន​បញ្ចប់ » នោះ​នឹង​មាន​សេចក្ដី​សង្ឃឹម​ជានិច្ច ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។