ឆ្នាំ ២០១០-២០១៩
គេហដ្ឋាន​មួយ​ដែល​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​គង់​នៅ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០១៩


គេហដ្ឋាន​មួយ​ដែល​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​គង់​នៅ

បងប្អូន​នឹង​រក​ឃើញ​អំណរ​ដ៏​ធំ​បំផុត​មួយ​ចំនួន​របស់​បងប្អូន​ក្នុង​ការ​ខិតខំ​ប្រឹង​ប្រឹង​របស់​បងប្អូន​ដើម្បី​ធ្វើ​ឲ្យ​គេហដ្ឋាន​របស់​បងប្អូន​ក្លាយ​ជា​កន្លែង​នៃ​សេចក្ដី​ជំនឿ​លើព្រះអម្ចាស់​​ព្រះយេស៊ូវគ្រីស្ទ និង​ជា​កន្លែង​ដែល​ពោរពេញ​ដោយ​សេចក្ដីស្រឡាញ់ ។

បងប្អូន​ប្រុស​ស្រី​ជាទីស្រឡាញ់ ខ្ញុំ​មាន​អំណរគុណ​ដោយ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​និយាយ​ទៅ​កាន់​បងប្អូន​នៅ​ក្នុង​សន្និសីទ​ទូទៅ​ប្រចាំ​ឆ្នាំ​លើក​ទី ១៨៩ ​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ នៅ​ថ្ងៃ​នេះ កាល​ពី​ឆ្នាំ​១៨៣០ យ៉ូសែប ស្ម៊ីធ​បាន​រៀបចំ​​សាសនាចក្រ​នេះ​នៅ​ក្រោម​ការ​ដឹកនាំ​របស់​ព្រះអម្ចាស់ ។ វា​បាន​ធ្វើ​ឡើង​នៅ​ក្នុង​គេហដ្ឋាន​របស់​គ្រួសារវិតមើរ នៅជិត​ភូមិ​ហ្វាយែត រដ្ឋ​នូវយ៉ោក ។ នៅ​ថ្ងៃ​នោះ​មាន​សមាជិក​ប្រាំ​មួយ​នាក់ និង​មនុស្ស​ដែល​ចាប់​អារម្មណ៍​ប្រមាណ​ជា ៥០ នាក់ផ្សេង​ទៀត​នៅ​ទី​នោះ ។

ទោះ​ជា​ខ្ញុំ​ពុំ​បាន​ដឹង​ថា ព្យាការី​យ៉ូសែប ស្ម៊ីធ មាន​ប្រសាសន៍​អំពី​អ្វីខ្លះ ឬ​លោក​មាន​ភិនភាគ​បែប​ណា​នៅ​ពេល​ឈរ​នៅ​ពីមុខ​ក្រុម​ដ៏​តូច​នោះ​ក្ដី ក៏​ខ្ញុំ​ដឹង​ពី​អារម្មណ៍​របស់​មនុស្ស​ដែល​មាន​សេចក្ដី​ជំនឿ​លើ​ព្រះគ្រីស្ទ​ដែរ ។ ពួកគេ​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយថា​ពួកគេ​ស្ថិត​នៅ​ក្នុង​ទីបរិសុទ្ធ​មួយ ។ ពួកគេ​ប្រាកដ​ជា​មាន​អារម្មណ៍​ថា ពួកគេ​បាន​រួប​រួម​គ្នា​តែ​មួយ ។

អារម្មណ៍​ដ៏​អស្ចារ្យ​នោះ​គឺជា​អ្វី​ដែល​យើង​គ្រប់​គ្នា​ចង់​បាន​នៅ​ក្នុង​គេហដ្ឋាន​របស់​យើង ។ វា​គឺជា​អារម្មណ៍​ដែល​កើត​ចេញ​ពី​ការ​មាន« គំនិត​នៃ​ព្រះវិញ្ញាណ » ដូច​ដែល​ប៉ុល​បាន​រៀបរាប់ ។

គោលបំណង​របស់​ខ្ញុំ​នៅ​ថ្ងៃ​នេះ​គឺ​ដើម្បី​បង្រៀន​នូវ​អ្វី​ដែល​ខ្ញុំ​ដឹង​ពី​របៀប​ដែល​យើង​អាច​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ទទួល​បាន​អារម្មណ៍​នោះ​ឲ្យ​បាន​ញឹក​ញាប់ ហើយ​ធ្វើឲ្យ​វាស្ថិត​នៅ​យូរ​អង្វែង​ក្នុង​ក្រុម​គ្រួសារ​របស់​យើង ។ ដូចជាបងប្អូន​ដឹងតាម​បទពិសោធន៍ហើយថា រឿង​នោះ​ពិបាក​ធ្វើ​ណាស់ ។ ការ​ឈ្លោះប្រកែក​គ្នា ភាព​ឆ្មើង​ឆ្មៃ និង​អំពើបាប​ត្រូវ​តែ​មាន​ការ​ត្រួត​ពនិត្យ ។ សេចក្ដីស្រឡាញ់​សុទ្ធ​សាធ​នៃ​ព្រះគ្រីស្ទ​ត្រូវ​តែ​ចូល​ទៅ​ក្នុង​ដួង​ចិត្តរបស់​សមាជិក​គ្រួសារ​យើង ។

អ័ដាម និង អេវ៉ា លីហៃ និងសារ៉ា ព្រមទាំង​ឪពុកម្ដាយ​ផ្សេង​ទៀត​ដែល​យើង​ស្គាល់​នៅ​ក្នុង​បទគម្ពីរ​បាន​រក​ឃើញ​ថា វា​គឺជា​ឧបសគ្គ​ដ៏​លំបាក​មួយ ។ ប៉ុន្តែ​មាន​នូវ​គំរូ​ដែល​លើក​ទឹក​ចិត្ត​នៃ​សុភមង្គល​ដែល​បាន​គាំទ្រ​ក្នុង​ក្រុមគ្រួសារ និង​គេហដ្ឋានដើម្បី​ធ្វើ​ឲ្យ​យើង​បាន​ស្រាក​ស្រាន្ត​ចិត្ត ។ ហើយ​គំរូ​ទាំង​នោះអនុញ្ញាត​ឲ្យ​យើង​រៀន​ពី​រ​បៀបដែល​សុភមង្គល​អាច​កើត​មាន​ចំពោះ​យើង និង​ក្រុម​គ្រួសារ​របស់​យើង ។ បងប្អូន​ចងចាំ​ពី​ដំណើរ​រឿង​នៅ​ក្នុង​នីហ្វៃទី ៤៖

« ហើយ​ហេតុការណ៍​បានកើតឡើងថា គ្មាន​ការ​ទាស់​ទែង​គ្នានៅក្នុង​ដែនដី​ឡើយ ដោយ​ព្រោះ​មកពី​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ ដែល​បាន​ស្ថិត​នៅក្នុងចិត្ត​របស់​មនុស្ស ។

« ហើយ​ពុំ​មាន​ការឈ្នានីស ការទាស់ទែងគ្នា ការច្របូកច្របល់ ការសហាយស្មន់ ការភូតកុហក ការកាប់សម្លាប់ ឬ​ក៏​អំពើ​អាសអាភាស​ណាមួយ​ឡើយ ហើយ​ពិតជា​គ្មាន​ប្រជាជន​ណា ដែល​រីករាយ​សប្បាយ​ជាង​ប្រជាជន​ដែល​បាន​ត្រូវ​បង្កើត​ដោយ​ព្រះហស្ត​នៃ​ព្រះ​ឡើយ ។

« គ្មាន​ចោរប្លន់ គ្មាន​ឃាតករ ហើយ​ក៏​គ្មាន​ចែក​ទៅ​ជា​ពួក​លេមិន ឬ​ពួក​ណា​ផ្សេង​ទៀត​ឡើយ តែ​គេ​ទាំង​អស់​គ្នា​ទៅ​ជា​រូប​មួយ គឺជា​កូន​ចៅ​នៃ​ព្រះគ្រីស្ទ និង​ជា​អ្នក​គ្រង​នគរ​ព្រះ​ទុកជា​មរតក ។

« ហើយ​ពួកគេ​បាន​ទទួលពរ​ដ៏​ម្ល៉េះ​ហ្ន៎ ! ព្រោះ​ព្រះអម្ចាស់​ទ្រង់​បាន​ប្រទាន​ពរ​ដល់​ពួកគេ ចំពោះ​គ្រប់​កិច្ចការ​របស់​គេ មែន​ហើយ​ពួកគេ​បាន​ទទួលពរ ហើយ​ចម្រើន​ឡើង រហូត​ដល់​ឆ្នាំ​ទីមួយ​រយ​ដប់​បាន​កន្លង​ផុត​ទៅ ហើយ​តំណរ​ទីមួយ ចាប់​ពីព្រះគ្រីស្ទ​ទ្រង់​យាង​មក ក៏​បាន​ស្លាប់ទៅ ហើយ​នៅ​លើ​ដែនដី​ទាំងមូល ពុំ​មានការ​ទាស់​ទែង​អ្វីឡើយ » ។

ដូច​បងប្អូន​បាន​ជ្រាប​ហើយ​ថា គ្រា​រីករាយ​ពុំ​កើត​មាន​រហូត​នោះទេ ។ ដំណើរ​រឿង​នៅ​ក្នុង​នីហ្វៃ​ទី ៤ ពិពណ៌នា​ពី​រោគ​សញ្ញា​ចុង​ក្រោយ​នៃ​ភាពទន់ខ្សោយ​ខាង​វិញ្ញាណ​នៅ​ក្នុង​ចំណោម​មនុស្ស​ល្អ​មួយ​ក្រុម ។ វា​គឺជា​គន្លង​មួយ​ដែល​បាន​លេច​ឡើង​យ៉ាង​ច្រើន​នៅ​ក្នុង​ចំណោម​ប្រជាជន​ទូទៅ ក្នុង​ក្រុម​ជំនុំ ហើយ​រឿង​ដ៏​សោក​សៅ​បំផុត គឺ​ក្នុង​ក្រុម​គ្រួសារ ។ ដោយ​សិក្សា​ពី​គន្លង​នោះ យើង​អាច​មើល​ឃើញ​ពី​របៀប​ដែល​យើង​អាច​ការពារ ហើយ​សូម្បី​តែ​បង្កើន​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​ក្នុង​គ្រួសារ​យើង​ផង​ដែរ ។

នេះគឺជា​គន្លងនៃ​ភាព​ទន់​ខ្សោយ​ដែល​បាន​លេច​ឡើង​ ក្រោយ​ពី​ការ​រស់​នៅ​ក្នុង​ភាព​សុខសាន្ត​ដែល​ដំណឹងល្អ​នាំ​មក​បាន ២០០ ឆ្នាំ ៖

ភាព​ឆ្មើង​ឆ្មៃបាន​កើត​មាន​បន្តិច​ម្ដងៗ ។

ប្រជាជន​នោះ​បាន​ឈប់​ចែកចាយ​ជាមួយ​គ្នា​នូវ​អ្វី​ដែល​ពួកគេ​មាន ។

ពួកគេ​បាន​ចាប់ផ្ដើម​មើល​ឃើញ​ថា​ខ្លួនឯង​មាន​វណ្ណៈ​ខ្ពស់ ឬ​ទាប​ជាង​មនុស្ស​ដទៃ ។

ពួកគេ​បាន​ចាប់ផ្ដើម​ទន់ខ្សោយ​ក្នុង​សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

ពួកគេ​បាន​ចាប់ផ្ដើម​ស្អប់គ្នា ។

ពួកគេ​បាន​ចាប់ផ្ដើម​ប្រព្រឹត្ត​អំពើ​បាប​គ្រប់​ប្រភេទ ។

ឪពុក​ម្ដាយ​ឆ្លាត​វៃ​នឹង​សម្គាល់​ឃើញ​ពី​រោគ​សញ្ញា​ទាំង​នោះ នៅពេល​វា​លេច​ឡើង​នៅ​ក្នុង​ចំណោម​សមាជិក​គ្រួសារ​របស់​ពួកគេ ។ ពិតណាស់ ពួកគេ​នឹង​ខ្វល់​ខ្វាយ​ចិត្ត ។ ប៉ុន្តែ​ពួកគេ​នឹង​ដឹង​ថា ឫស​គល់​នៃ​រោគ​សញ្ញា​នោះ​គឺជា​ឥទ្ធិពល​របស់​សាតាំង​ដែល​កំពុង​ព្យាយាម​ដឹកនាំ​មនុស្ស​ល្អ​ឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​ផ្លូវ​មួយនៃ​អំពើ​បាប ហើយ​បាត់​បង់​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ដូច្នេះ ឪពុកម្ដាយ​ឆ្លាត​វៃ​នឹង​មើល​ឃើញ​ថា ឱកាសរួច​ផុត​ពី​បញ្ហា​នោះ​គឺ​ការ​ដឹកនាំកូន​ម្នាក់ៗ និង​ខ្លួន​ឯង​ទទួល​យក​ការ​អញ្ជើញ​របស់​ព្រះអម្ចាស់​ឲ្យ​មករក​ទ្រង់​ឲ្យ​កាន់​តែពេញ​លេញ ។

ឧទាហរណ៍ បងប្អូន​អាច​មាន​ជោគ​ជ័យ​តិច​តួច​ក្នុង​ការ​ហៅ​កូន​ម្នាក់​ឲ្យ​ប្រែចិត្ត​ពី​ភាព​ឆ្មើង​ឆ្មៃ ។ បងប្អូន​អាច​នឹង​ព្យាយាម​ទាក់ទាញ​កូនចៅ​ឲ្យ​ចែក​ចាយ​កាន់​តែ​សប្បុរស​នូវ​អ្វី​ដែល​ពួកគេ​មាន ។ បងប្អូន​អាច​សុំ​ឲ្យ​ពួកគេ​ឈប់គិត​ថា ពួកគេ​ល្អ​ជាង​មនុស្ស​ម្នាក់​ទៀត​ក្នុង​គ្រួសារ ។ ប៉ុន្តែ​នៅ​ពេល​នោះ​បងប្អូន​បានឃើញ​ពី​រោគ​សញ្ញា​ដែល​បាន​ពិពណ៌នាពី​ខាង​ដើម​ថា « ពួកគេ​បាន​ចាប់ផ្ដើម​ទន់ខ្សោយ​ក្នុង​សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវគ្រីស្ទ » ។

មាន​នូវ​គន្លឹះ​ដើម្បី​ដឹកនាំ​គ្រួសារ​បស់​បងប្អូន​ឈាន​ទៅ​រក​កន្លែង​ខាង​វិញ្ញាណ​ដែល​បងប្អូន​ចង់​បាន​សម្រាប់​ពួកគេ —និង​សម្រាប់​បងប្អូន​ដើម្បី​រស់​នៅ​ទីនោះ​ជាមួយ​នឹង​ពួកគេ ។ នៅពេល​បងប្អូន​ជួយ​ពួកគេ​ឲ្យ​រីកចម្រើន​ក្នុង​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ដែល​ជា​ព្រះ​ដ៏​ប្រោស​លោះ​ជា​ទីស្រឡាញ់​របស់ពួកគេ នោះ​ពួកគេ​នឹង​មាន​បំណង​ប្រាថ្នា​ដើម្បី​ប្រែចិត្ត ។ នៅពេល​ពួកគេ​មាន​អារម្មណ៍​នោះ ភាព​រាបសា​នឹង​ចាប់ផ្ដើម​ជំនួស​ឲ្យ​ភាព​ឆ្មើង​ឆ្មៃ ។ នៅពេល​ពួកគេ​ចាប់ផ្ដើម​ទទួល​អារម្មណ៍​នូវ​អ្វី​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួកគេ នោះ​ពួកគេ​នឹង​ចង់​ចែកចាយ​កាន់​តែ​សប្បុរស ។ ការ​ប្រកួត​ប្រជែង​ដើម្បី​ក្លាយ​ជា​មនុស្ស​សំខាន់ ឬ​មាន​កេរ្តិ៍​ឈ្មោះ​នឹងរសាយបាត់ ។ សេចក្ដី​ស្អប់​នឹង​សាប​សូន្យ​ដោយ​សារ​តែ​សេចក្ដី​ស្រឡាញ់ ។ ហើយ​នៅ​ទីបំផុត បំណង​ប្រាថ្នា​ដើម្បី​ធ្វើ​ល្អ​នឹង​ពង្រឹង​ពួកគេ​ប្រឆាំង​ទាស់​នឹង​ការ​ល្បួង​ឲ្យ​ធ្វើ​អំពើ​បាប ដូចដែល​បាន​កើត​ឡើង​ចំពោះប្រជាជន​ស្ដេច​បេនយ៉ាមីន​ធ្វើ​ឲ្យ​ប្រែចិត្ត​ជឿ ។ ប្រជាជន​ស្ដេច​បេនយ៉ាមីន​បាន​ថ្លែង​ទីបន្ទាល់​ថា ពួកគេ​គ្មាន​បំណង​ប្រព្រឹត្តិ​អំពើ​ទុច្ចរិត​ទៀត​ឡើយ ។

ដូច្នេះ ការ​ស្ថាបនា​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​គឺជា​ការ​ចាប់ផ្ដើម​នៃ​ការ​ផ្លាស់ប្ដូរ​ភាព​ទន់ខ្សោយ​ខាង​វិញ្ញាណ​នៅ​ក្នុង​គ្រួសារ និង​ក្នុង​គេហដ្ឋាន​របស់​យើង ។ សេចក្ដីជំនឿ​នោះទំនង​ជា​នាំ​មក​នូវ​ការ​ប្រែចិត្ត ជា​ការ​បង្រៀន​របស់​បងប្អូន​ទាស់​នឹង​រោគ​សញ្ញា​នីមួយៗនៃ​ភាព​ទន់​ខ្សោយ​ខាង​វិញ្ញាណ​ទៅ​ទៀត ។

បងប្អូន​នឹង​ដឹកនាំ​បាន​ល្អ​បំផុត​តាមរយៈ​គំរូ ។ សមាជិក​គ្រួសារ និង​មនុស្ស​ដទៃ​ត្រូវ​តែមើល​ឃើញ​បងប្អូន​រីកចម្រើន​នៅ​ក្នុង​សេចក្ដី​ជំនឿ​របស់​បងប្អូន​ផ្ទាល់​លើ​ព្រះយេស៊ូវគ្រីស្ទ និង​លើ​ដំណឹងល្អរបស់​ទ្រង់ ។ ថ្មីៗ​នេះ បងប្អូន​ទើប​តែ​ទទួល​បាន​ជំនួយដ៏​ធំ ។ ឪពុកម្ដាយ​ក្នុង​សាសនាចក្រ​នេះ​មាន​ពរ​ដោយ​មាន​កម្មវិធី​សិក្សា​ដ៏​បំផុស​គំនិត​មួយ​សម្រាប់​ក្រុម​គ្រួសារ និង​បុគ្គល​ម្នាក់ៗ ។ នៅពេល​បងប្អូន​ប្រើ​វា នោះ​បងប្អូន​នឹង​ស្ថាបនា​សេចក្ដីជំនឿ​របស់​បងប្អូន និង​សេចក្ដីជំនឿ​របស់​កូន​ៗ​បងប្អូន​លើ​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ ។

ការ​រីកចម្រើន​ក្នុង​សេចក្ដី​ជំនឿ

សេចក្ដីជំនឿ​របស់​អ្នក​លើ​ព្រះអង្គ​សង្គ្រោះ​បាន​រីកចម្រើន នៅពេល​បងប្អូន​បាន​ធ្វើ​តាម​សេចក្ដី​ណែនាំ​របស់​ប្រធាន រ័សុល អិម ណិលសុន​ ដើម្បី​អាន​ព្រះគម្ពីរ​មរមន​ឡើង​វិញ ។ បងប្អូន​បាន​គូស​ចំណាំវគ្គ និង​ពាក្យ​ពេចន៍​ដែល​យោងទៅ​ព្រះអង្គសង្គ្រោះ ។ សេចក្ដី​ជំនឿ​របស់​បងប្អូន​លើ​ព្រះយេស៊ូវគ្រីស្ទ​បាន​រីកចម្រើន ។ ប៉ុន្តែ ដូចជា​រុក្ខជាតិ​ថ្មី​ដែរ សេចក្ដី​ជំនឿ​​បែប​នេះលើ​ព្រះយេស៊ូវគ្រីស្ទ​នឹង​ចុះ​ខ្សោយ លើក​លែង​តែ​បងប្អូនស្វែង​រក​កម្លាំង​ជាបន្ត​បន្ទាប់​ដើម្បី​ពិចារណា ហើយ​អធិស្ឋាន​ដើម្បី​បង្កើន​វា ។

សមាជិក​ទាំងអស់​ក្នុង​គ្រួសារ​របស់​បងប្អូន​ប្រហែល​ជា​ពុំ​ធ្វើ​តាម​គំរូ​របស់​បងប្អូន​ក្នុង​ការ​រីកចម្រើន​សេចក្ដីជំនឿ​ឥឡូវ​នេះទេ ។ ប៉ុន្តែសូម​ចងចាំ​ពី​បទពិសោធន៍​របស់​អាលម៉ា​ជាកូន ។ នៅ​ក្នុង​សេចក្ដី​ត្រូវការ​ដ៏​ឈឺចាប់​របស់​លោក​ដើម្បី​ប្រែចិត្ត និង​អភ័យទោស លោក​បាន​ចងចាំ​ពី​សេចក្ដីជំនឿ​របស់​ឪពុក​លោក​លើ​ព្រះយេស៊ូវគ្រីស្ទ ។ កូនៗ​រ​បស់​បងប្អូន​ប្រហែល​ជា​ចងចាំ​ពី​សេចក្ដី​ជំនឿ​របស់​បងប្អូន​លើ​ព្រះអង្គ​សង្គ្រោះ​នៅ​គ្រា​មួយ ពេល​ពួកគេ​ត្រូវការ​ការ​ប្រែចិត្ត​យ៉ាង​ខ្លាំង ។ អាលម៉ា​បាន​ថ្លែង​ពី​គ្រានោះ​ថា ៖

« ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ពេល​ដែល​ឪពុក​ត្រូវ​ញាំញី​ដោយ​សេចក្ដី​ទុក្ខ​វេទនា នៅ​ពេល​ដែល​ឪពុក​កើតទុក្ខ​ដោយ​ការ​នឹក​ឃើញ​ដល់​អំពើ​បាប​ដ៏​ច្រើន​របស់​ឪពុក មើល​ចុះ ឪពុក​ក៏​នឹក​ឃើញ​ថា ធ្លាប់​បាន​ឮ​បិតា​របស់​ឪពុក ព្យាករ​ទៅ​កាន់​ប្រជាជន​អំពី​ការ​យាង​មក​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ដើម្បី​មក​ធ្វើ​ឲ្យ​ធួន​នឹង​អំពើ​បាប​ទាំង​ឡាយ​នៃ​មនុស្ស​លោក ។

« ឥឡូវ​នេះ នៅ​ពេល​ដែល​ឪពុក​នឹកគិត​ទៅ​លើ​រឿង​នេះ នោះ​ឪពុក​បាន​យំ​នៅ​ក្នុង​ចិត្ត ៖ ឱ​ព្រះ​យេស៊ូវ​អើយ ព្រះ​អង្គ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ សូម​ព្រះ​អង្គ​មាន​សេចក្ដី​មេត្តាករុណា​មក​លើ​ទូលបង្គំ​ផង ដែល​ជា​អ្នក​នៅ​ក្នុង​ប្រមាត់​ល្វីង​ជូរចត់ ហើយ​កំពុងតែ​ឡោមព័ទ្ធ​ទៅ​ដោយ​ច្រវាក់​ដ៏​អស់​កល្ប​ជានិច្ច​នៃ​សេចក្ដី​ស្លាប់ ។

« ឥឡូវ​នេះ មើលចុះ នៅពេល​ដែល​ឪពុក​កំពុងតែ​គិត​យ៉ាងនេះ នោះ​ឪពុក​ក៏​ឈប់​នឹក​ឃើញ​ការ​ឈឺ​ចាប់​ទៀត មែន​ហើយ ឪពុក​ក៏​អស់​កើត​ទុក្ខ​​ដោយ​ការ​នឹក​ឃើញ​អំពើ​បាប​របស់​ខ្លួន​ទៀត​ » ។

ការអធិស្ឋាន​ដោយ​សេចក្ដីស្រឡាញ់

បន្ថែម​ពី​លើ​គំរូ​របស់​បងប្អូន​អំពី​ការ​រីកចម្រើន​សេចក្ដីជំនឿ ការ​អធិស្ឋាន​ជា​គ្រួសារ​របស់​បងប្អូន​អាច​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ក្នុង​ការ​ធ្វើ​ឲ្យ​គេហដ្ឋាន​ក្លាយ​ជា​កន្លែង​មួយ​ដ៏​ពិសិដ្ឋ ។ ជាធម្មតា បុគ្គល​ម្នាក់​ត្រូវ​ជ្រើស​រើស​ឲ្យ​អធិស្ឋាន​សម្រាប់​គ្រួសារ ។ នៅពេល​ការ​អធិស្ឋាន​នោះបញ្ជាក់​យ៉ាង​ច្បាស់ចំពោះ​ព្រះ ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​ដែល​កំពុង​លុត​ជង្គង់ និង​កំពុង​ស្ដាប់ នោះ​សេចក្ដី​ជំនឿ​រីកចម្រើន​ក្នុង​ខ្លួន​ពួកគេ​ម្នាក់ៗ ។ ពួកគេ​អាច​មាន​ការ​បំផុស​គំនិត​ពី​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះវរបិតា និង​ព្រះអង្គ​សង្គ្រោះ ។ ហើយ​នៅពេល​បុគ្គល​ដែល​អធិស្ឋាន​លើក​ឡើង​ពី​បុគ្គល​ដែល​កំពុង​លុត​ជង្គង់​ក្នុង​រង្វង់​ដែល​មាន​ការ​ខ្វះខាត នោះ​មនុស្ស​ទាំងអស់​អាច​មាន​សេចក្ដី​ស្រឡាញ់​ចំពោះគ្នា និង​ពី​សមាជិក​គ្រួសារ​ម្នាក់ៗ ។

សូម្បីតែ​នៅពេល​សមាជិក​គ្រួសារ​ពុំ​រស់នៅ​ក្នុង​គេហដ្ឋាន​នោះ​ក្ដី ក៏​អ្នក​ដែល​អធិស្ឋាន​អាច​បង្កើត​ចំណង​នៃ​សេចក្ដី​ស្រឡាញ់​បាន​ដែរ ។ ការ​អធិស្ឋាន​ក្នុង​គ្រួសារ​អាច​មាន​ឥទ្ធិពល​ជុំវិញ​ពិភពលោក ។ ជា​ច្រើន​លើក​ច្រើន​គ្រា​ខ្ញុំ​បានដឹង​ថា មាន​សមាជិក​គ្រួសារ​ម្នាក់​ដែល​នៅ​ឆ្ងាយ​កំពុង​អធិស្ឋាន​នា​គ្រា​នោះ​សម្រាប់​រឿង​ដូចគ្នា​ដែល​ខ្ញុំ​កំពុង​អធិស្ឋាន ។ ចំពោះ​ខ្ញុំ ពាក្យ​ចាស់​បុរាណ​ដែល​និយាយ​ថា « គ្រួសារ​ដែល​អធិស្ឋាន​ជាមួយ​គ្នា​បន្ត​នៅ​ជាមួយ​គ្នា » អាច​បន្ថែម​ទៅ​ជា « គ្រួសារ​ដែល​អធិស្ឋាន​ជាមួយ​គ្នា​គឺ​នៅ​ជាមួយ​គ្នា សូម្បីតែ​នៅពេល​ពួកគេ​នៅ​ឆ្ងាយពី​គ្នា​ក្ដី » ។

ការ​បង្រៀន​ការ​ប្រែ​ចិត្ត​តាំង​ពី​ក្មេង

ដោយសារ​គ្មាន​យើង​ណា​ម្នាក់​ល្អ​ឥតខ្ចោះ​ឡើយ ហើយងាយ​នឹង​ប៉ះពាល់​ដល់​អារម្មណ៍​គ្នា នោះ​ក្រុម​គ្រួសារ​អាច​ក្លាយ​ជា​កន្លែង​ដ៏​ពិសិដ្ឋ​បាន ដរាប​ណា​យើង​ប្រែចិត្ត​ឲ្យ​បាន​លឿន ហើយ​ដោយ​ស្មោះត្រង់ ។ ឪពុកម្ដាយ​អាច​ធ្វើ​ជា​គំរូ ។ ពាក្យ​ទ្រគោះ​បោះ​បោក ឬ​គំនិត​មិន​ល្អ​អាច​ត្រូវប្រែចិត្ត​ឲ្យ​បាន​លឿន ហើយដោយ​ស្មោះត្រង់ ។ ពាក្យ​សាមញ្ញ​ថា « ខ្ញុំ​សូមទោស » អាច​ព្យាបាល​របួសនានា ហើយ​អនុញ្ញាត​ឲ្យ​មាន​ការ​អភ័យទោស និង​សេចក្ដី​ស្រឡាញ់ ។

ព្យាការី យ៉ូសែប ស៊្មីធ គឺជា​គំរូ​មួយ​សម្រាប់​យើង នៅពេល​លោក​ប្រឈម​មុខ​នឹង​ការ​វាយ​ប្រហារ​ដ៏​សាហាវ ជន​ក្បត់ និង​សូម្បី​តែ​ការ​មិន​ចុះ​សម្រុង​ក្នុង​គ្រួសារ​លោក ។ លោក​បាន​អភ័យទោស​ភ្លាម ទោះ​ជា​លោក​បាន​ដឹង​ថា ពួក​អ្នក​វាយប្រហារ​ទាំង​នោះ​អាច​នឹង​ធ្វើ​ម្ដង​ទៀត​ក្ដី ។ លោក​បាន​សុំ​ការ​អភ័យទោស ហើយ​លោកបាន​ធ្វើ​ឲ្យ​ដោយ​ឥត​ស្ទាក់​ស្ទើរ ។

ការ​អភិវឌ្ឍ​ស្មារតី​ជា​អ្នក​ផ្សព្វផ្សា​យសាសនា

បុត្រា​សេ្ដច​ម៉ូសាយ​បាន​តាំង​ចិត្ត​ដើម្បី​នាំ​ដំណឹងល្អ​ទៅ​ដល់​មនុស្ស​គ្រប់​រូប ។ បំណង​ប្រាថ្នា​នេះ​បាន​កើត​ចេញ​ពី​បទពិសោធន៍​របស់​ពួកគេ​ផ្ទាល់​ជាមួយ​នឹង​ការ​ប្រែ​ចិត្ត ។ ពួកគេ​ពុំ​ចង់​ឲ្យ​នរណាម្នាក់​រងទុក្ខ​នូវ​ឥទ្ធិពល​នៃ​អំពើបាប​ដូចជា​ពួកគេឡើយ ។ ដូច្នេះពួកគេ​បាន​ប្រឈម​មុខ​នឹង​ការ​បដិសេធ ការ​លំបាក និង​គ្រោះថ្នាក់​ជាច្រើន​ឆ្នាំ​ដើម្បី​នាំ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដល់​មារសត្រូវ​របស់​ពួកគេ ។ ក្នុង​ដំណើរការ​នេះ ពួកគេ​បាន​រកឃើញ​អំណរ​នៅ​ក្នុង​មនុស្ស​ជាច្រើន​ដែល​បាន​ប្រែ​ចិត្ត ហើយ​បាន​ដក​ពិសោធន៍​នូវ​អំណរ​នៃ​ការ​អភ័យទោស​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។

សមាជិក​គ្រួសារ​របស់​យើង​នឹង​រីកចម្រើន​ក្នុង​បំណង​​ប្រាថ្នា​របស់​ពួកគេ​ដើម្បី​ចែកចាយ​ដំណឹងល្អ នៅពេល​ពួកគេ​មាន​អំណរ​នៃ​ការ​អភ័យទោស ។ ការណ៍​នោះ​អាច​កើតមាន សូម្បីតែ​នៅពេល​ពួកគេ​រំឭកសេចក្ដីសញ្ញា​នានា កាល​ពួកគេ​ទទួល​ទាន​សាក្រាម៉ង់ ។ ស្មារតី​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​នឹង​រីកចម្រើន​នៅ​ក្នុង​គេហដ្ឋាន​របស់​យើង នៅពេល​កូនៗ និង​ឪពុកម្ដាយ​ទទួល​អំណរ​នៃ​ការ​អភ័យទោស​នៅក្នុង​ការ​ប្រជុំ​សាក្រាម៉ង់ ។ តាមរយៈ​គំរូ​របស់​ពួកគេ​អំពី​គារវភាព ទាំង​ឪពុកម្ដាយ និង​កូនៗ​អាច​ជួយ​គ្នា​ឲ្យ​មាន​អំណរ​នោះ ។ អំណរ​នោះ​អាច​មាន​ហួស​ពី​នោះ​ទៀត ដោយ​ធ្វើ​គេហដ្ឋាន​របស់​យើង​ក្លាយ​ជា​មជ្ឈមណ្ឌល​បំពាក់​បំប៉ន​អ្នក​ផ្សព្វផ្សាយ​សាសនា ។ សមាជិក​គ្រួសារ​អាច​នឹង​មិនបម្រើ​បេសកកម្ម​គ្រប់​គ្នា​ទេ ប៉ុន្តែ​គ្រប់​គ្នា​នឹង​មាន​បំណង​ប្រាថ្នា​ដើម្បី​ចែកចាយ​ដំណឹងល្អ ដែល​បាននាំ​ឲ្យ​ពួកគេ​មាន​នូវ​ការ​អភ័យទោស និង​ភាព​សុខសាន្ត ។ ហើយ​នា​ពេល​បច្ចុប្បន្ន​នេះ មិន​ថាពួកគេ​កំពុង​បម្រើ​ពេញម៉ោង ឬ​ក៏​អត់​នោះ​ទេ គ្រប់​គ្នា​អាច​មាន​អំណរ​ក្នុង​ការ​នាំ​យក​ដំណឹងល្អ​ទៅ​កាន់​មនុស្ស​ដទៃ​ទៀត ។

ការ​ទៅ​លេងព្រះវិហារ​បរិសុទ្ធ

សម្រាប់​ទាំង​ឪពុកម្ដាយ និង​កូនៗ ព្រះវិហារ​បរិសុទ្ធ​គឺជា​ឱកាស​ដ៏​ល្អ​បំផុត​ដើម្បី​ទទួល​បាន​អារម្មណ៍ និង​សេចក្ដី​ស្រឡាញ់​មួយ​ចំពោះ​កន្លែង​ដ៏​បរិសុទ្ធ ។ ជាពិសេស នៅពេល​កូនៗ​នៅ​ក្មេង ។ កុមារ​កើត​មក​ដោយ​មាន​ពន្លឺ​នៃ​ព្រះគ្រីស្ទ ។ សូម្បី​តែ​ទារក​មា្នក់​អាច​ទទួល​អារម្មណ៍​ថា ព្រះវិហារ​បរិសុទ្ធ​មាន​ភាព​ពិសិដ្ឋ ។ ដោយសារ​ឪពុកម្ដាយ​ស្រឡាញ់​កូនតូចៗ​របស់​ពួកគេ ចំពោះ​ពួកគេ ព្រះវិហារ​បរិសុទ្ធ​តំណាង​ឲ្យ​សេចក្ដី​សង្ឃឹម​ដែល​ពួកគេ​អាច​មាន​កូនចៅ​របស់​ពួកគេ​ដើម្បី​ស្រឡាញ់​នៅ​​ក្នុង​គ្រួសារ​ដ៏​អស់​កល្ប​របស់​ពួកគេ—ជា​រៀងរហូត ។

បងប្អូន​ខ្លះ​មាន​រូបថត​ព្រះវិហារ​បរិសុទ្ធ​នៅ​ក្នុងគេហដ្ឋាន​របស់​បងប្អូន ។ ដោយសារ​ព្រះវិហារ​បរិសុទ្ធ​កំពុង​តែ​ត្រូវ​បាន​ដាក់​បន្ថែម​ជុំវិញ​ពិភព​លោក ឪពុក​ម្ដាយ​ជា​ច្រើន​អាច​ទៅ​លេង​បរិវេណ​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​នឹង​ក្រុម​គ្រួសារ​របស់​ពួកគេ ។ ពួកគេ​មួយ​ចំនួន​អាចចូល​រួម​ការ​សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់ នៅពេល​ព្រះវិហារ​បរិសុទ្ធ​ត្រូវ​បាន​សាង​សង់​រួច ។ ឪពុកម្ដាយ​អាច​សួរ​កូនៗ​ពី​អារម្មណ៍​ដែល​ពួកគេ​បាន​នៅ​ក្បែរ ឬ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

ឪពុកម្ដាយ​គ្រប់​រូប​អាច​ថ្លែងទីបន្ទាល់​ថា​ព្រះវិហារ​បរិសុទ្ធ​មាន​ន័យ​យ៉ាងចំពោះ​គាត់ ។ ប្រធាន​អ៊ែសរ៉ា ​ថាហ្វ​ ប៊ែនសឹន ជា​អ្នក​ដែល​ស្រឡាញ់​ព្រះវិហារ​បរិសុទ្ធ បាន​ថ្លែង​ជារឿយៗ​ពី​ការ​មើល​ម្ដាយ​របស់​លោកអ៊ុត​សម្លៀក​បំពាក់​ព្រះវិហារ​បរិសុទ្ធ​របស់​គាត់​ដោយ​ប្រុង​ប្រយ័ត្ន ។​ លោក​បាន​ថ្លែង​ពី​អនុស្សាវរីយ៍​របស់​លោក​កាល​ពី​នៅ​ក្មេង ដោយ​មើល​គ្រួសារ​របស់​លោក នៅពេល​ពួកគេ​បាន​ចេញ​ពី​គេហដ្ឋាន​ទៅ​ចូល​រួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

នៅពេល​លោក​ជា​ប្រធាន​នៃ​សាសនាចក្រ លោក​បាន​ចូល​រួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នៅ​ថ្ងៃ​ដដែលៗ​ជា​រៀង​រាល់​សប្ដាហ៍ ។ លោក​តែង​តែ​ធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​បុព្វការីជន​របស់​លោក ។ ភាគច្រើន​ វា​កើត​ចេញ​ពីគំរូ​របស់​ឪពុកម្ដាយ​លោក ។

ទីបន្ទាល់​របស់​ខ្ញុំ

បងប្អូន​នឹង​រក​ឃើញ​អំណរ​ដ៏​ធំ​បំផុត​មួយ​ចំនួន​របស់​បងប្អូន​ក្នុង​ការ​ខិតខំ​ប្រឹង​ប្រឹង​របស់​បងប្អូន​ដើម្បី​ធ្វើ​ឲ្យ​គេហដ្ឋាន​របស់​បងប្អូន​ក្លាយ​ជា​កន្លែង​នៃ​សេចក្ដី​ជំនឿ​លើព្រះអម្ចាស់​​ព្រះយេស៊ូវគ្រីស្ទ និង​ជា​កន្លែង​ដែល​ពោរពេញ​ដោយ​សេចក្ដីស្រឡាញ់ ជា​សេចក្ដីស្រឡាញ់​ដ៏​សុទ្ធសាត​របស់​ព្រះគ្រីស្ទ ។ ការ​ស្ដារ​ឡើង​វិញ​នៃ​ដំណឹងល្អ​បាន​ចាប់ផ្ដើម​ជាមួយ​នឹង​សំណួរ​ដ៏​រាបសា​មួយ​ដែល​បាន​ពិចារណា​នៅ​ក្នុង​គេហដ្ឋាន​ដ៏​តូច​មួយ ហើយ​វា​អាច​បន្ត​នៅ​ក្នុង​គេហដ្ឋាន​របស់​យើង​ម្នាក់ៗ នៅពេល​យើង​បន្ត​ស្ថាបនា ហើយ​អនុវត្ត​គោលការណ៍​ទាំង​ឡាយ​នៃ​ដំណឹងល្អ​នៅ​ទី​នោះ ។ នេះ​គឺជា​សេចក្ដី​សង្ឃឹមរបស់​ខ្ញុំ និង​ជា​បំណង​ប្រាថ្នា​ដ៏​ជ្រាល​ជ្រៅ​របស់​ខ្ញុំ តាំង​ពី​ខ្ញុំ​នៅ​ក្មេង ។ បងប្អូន​គ្រប់​រូប​បាន​ស្គាល់​ពី​គេហដ្ឋាន​បែប​នេះ ។ ដោយ​មាន​ជំនួយ​របស់​ព្រះអម្ចាស់ បងប្អូន​ជាច្រើន​បាន​បង្កើត​គេហដ្ឋានទាំង​នោះ​ឡើង ។

បងប្អូន​ខ្លះ​បាន​ព្យាយាម​អស់​ពី​ចិត្ត​ដើម្បី​ទទួល​បាន​ពរជ័យ​នោះ ប៉ុន្តែពុំ​ទាន់​បាន​ទទួល​នៅ​ឡើយ ។ ការ​សន្យា​របស់​ខ្ញុំ​ចំពោះ​បងប្អូន​គឺជា​ការ​សន្យា​មួយ​ដែល​សមាជិក​មួយ​រូប​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បានធ្វើ​ចំពោះ​ខ្ញុំ នៅ​គ្រាមួយ ។ ខ្ញុំ​បាន​និយាយ​ទៅ​កាន់​លោក​ថា ដោយសារ​តែ​ការ​ជ្រើសរើស​របស់​សាច់​ញាតិ​មួយ​ចំនួន​ក្នុង​គ្រួសារ​របស់​យើង​បាន​ធ្វើ នោះ​ខ្ញុំ​គិត​ថា យើង​ពុំ​អាច​រួម​រស់​នឹង​គ្នា​នៅ​ជីវិត​ក្រោយ​ទៀត​បាន​ឡើយ ។ ដូច​អ្វី​ដែល​ខ្ញុំ​បាន​ចាំ នោះ​លោកបាន​ថ្លែងថា​ « អ្នក​កំពុង​ព្រួយ​បារម្ភ​ពី​បញ្ហា​ខុស​ឆ្គង​ហើយ ។ អ្នកគ្រាន់តែ​រស់នៅ​ឲ្យ​ស័ក្ដិសម​នឹង​នគរ​សេឡេស្ទាល​ទៅ​បាន​ហើយ នោះ​ការ​រៀបចំ​គ្រួសារ​គឺ​វា​នឹង​កាន់តែ​អស្ចារ្យ​ជាង​អ្វី​ដែល​អ្នក​អាច​នឹកគិត​ដល់ទៅ​ទៀត » ។

ខ្ញុំ​ជឿ​ថា លោក​បាន​ផ្ដល់​សេចក្ដី​សង្ឃឹម​ដ៏​រីករាយ​នោះ​ដល់​យើង​គ្រប់​គ្នា​ក្នុង​ជីវិត​រមែង​ស្លាប់ ដែល​បាន​ធ្វើ​អស់​ពី​លទ្ធភាព​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​យើង និង​សមាជិក​គ្រួសារ​របស់​យើង​​មាន​គុណសម្បត្តិ​គ្រប់​គ្រាន់​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។ ខ្ញុំ​ដឹង​ថា ផែនការ​របស់ព្រះ​វរ​បិតា​សួគ៌​គឺជា​ផែនការ​នៃ​សុភមង្គល ។ ខ្ញុំ​សូម​ថ្លែងទីបន្ទាល់​ថា ផែនការ​របស់​ទ្រង់​អាច​ធ្វើ​ឲ្យ​យើង​ម្នាក់ៗ​ដែល​បាន​ធ្វើ​អស់​ពីលទ្ធភាព​ដើម្បី​បាន​ផ្សារ​ភ្ជាប់​ជាគ្រួសារ​រៀង​រហូត​តទៅ ។​

ខ្ញុំ​ដឹង​ថា កូនសោ​បព្វជិតភាព​ដែល​បានស្ដារ​ដល់​យ៉ូសែប ស្ម៊ីធ​ត្រូវ​បាន​ប្រគល់​បន្ត​ដោយ​គ្មាន​ខ្វះ​ចន្លោះ​ដល់ប្រធាន រ័សុល អិម ណិលសុន​ ។​ កូនសោ​ទាំងនោះ​អាច​ធ្វើ​ឲ្យ​កើត​មានការ​ផ្សារភ្ជាប់​គ្រួសារ​នា​សព្វ​ថ្ងៃ​នេះ ។ ខ្ញុំ​ដឹង​ថា ព្រះ​វរ​បិតា​សួគ៌​ស្រឡាញ់​យើង ជាបុត្រា​បុត្រី​ខាង​វិញ្ញាណ​របស់​ទ្រង់ ដោយ​សេចក្ដីស្រឡាញ់​ដ៏​ល្អ​ឥត​ខ្ចោះ ។ ខ្ញុំ​ដឹង​ថា ដោយសារ​តែ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ យើង​អាច​ប្រែចិត្ត បាន​ជ្រះ​ស្អាត ហើយ​មាន​ភាពស័ក្ដិសម​ដើម្បី​រស់​នៅ​ក្នុង​ក្រុម​គ្រួសារ​ជា​ទី​ស្រឡាញ់​ជា​រៀង​រហូត​ ជាមួយ​នឹង​ព្រះវរបិតា​សួគ៌​នៃ​យើង និង​ព្រះរាជ​បុត្រា​ស្ងួន​ភ្ញា​របស់​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ដូច្នោះ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។