ឆ្នាំ ២០១០-២០១៩
ព្រះគ្រីស្ទ ៖ ជា​ពន្លឺ​ដែល​បំភ្លឺ​នៅ​ក្នុង​ភាព​ងងឹត
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០១៩


ព្រះគ្រីស្ទ ៖ ជា​ពន្លឺ​ដែល​បំភ្លឺ​នៅ​ក្នុង​ភាព​ងងឹត

បើ​អ្នក​មាន​អារម្មណ៍​ថា​ពន្លឺ​ទីបន្ទាល់​របស់​អ្នក​កំពុង​ផ្ទុះព្រាកៗ ហើយ​ភាព​ងងឹត​ខិត​ជិត​មក​ដល់ សូម​ក្លាហាន​ឡើង ។ សូម​រក្សា​សេចក្ដីសន្យា​របស់​អ្នក​ចំពោះ​ព្រះ ។

ការិយាល័យ​របស់​ខ្ញុំ​នៅ​ក្នុង​អគារ​សមាគម​សង្គ្រោះ​មើល​ឃើញ​ព្រះវិហារបរិសុទ្ធ​សលត៍ លេក​បាន​យ៉ាង​ឥតខ្ចោះ ។ ជារៀងរាល់យប់ ដូចជា​សព្វដង ពន្លឺ​ភ្លើង​ខាង​ក្រៅ​ព្រះវិហារបរិសុទ្ធ​បាន​បំភ្លឺ​នៅ​ពេល​ព្រលប់ ។ ព្រះវិហារបរិសុទ្ធ​គឺជា​ពន្លឺ​បំភ្លឺ​យ៉ាង​ខ្ជាប់ខ្ជួន​នៅ​ក្រៅ​បង្អួច​របស់​ខ្ញុំ ។

រូបភាព
​ព្រះវិហារ​បរិសុទ្ធ​​សលត៍ លេក​នៅ​ពេល​ព្រលប់

នៅយប់មួយ​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅនេះ ទោះ​ជា​ព្រះអាទិត្យ​លិច​ហើយ​ក្ដី ក៏​ការិយាល័យ​របស់​ខ្ញុំ​ពុំ​បំភ្លឺ​ឡើង​សោះ​ខុសពីធម្មតា ។ ពេល​ខ្ញុំ​ក្រឡេក​មើល​ទៅ​ក្រៅ​បង្អួច ព្រះវិហារបរិសុទ្ធ​​​ស្រអាប់ ។ ពន្លឺ​ពុំ​បាន​បំភ្លឺ​ឡើង​ទេ ។ ខ្ញុំ​បាន​មាន​អារម្មណ៍​ស្រងូត​ស្រងាត់​ភ្លាម ។ ខ្ញុំ​ពុំ​អាច​មើល​ឃើញ​កំពូល​ព្រះវិហារ​បរិសុទ្ធដែល​ខ្ញុំ​​​ធ្លាប់​បាន​មើល​រាល់​ល្ងាច​អស់​ជាច្រើន​ឆ្នាំ​ទៀត​ឡើយ ។

រូបភាព
កំពូល​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក ដែល​គ្មាន​ពន្លឺ

ដោយ​មើល​ឃើញ​ភាព​ងងឹត​នៅកន្លែង​ដែល​ខ្ញុំ​បាន​រំពឹង​ទុក​ថានឹង​មាន​ពន្លឺ វា​បាន​រំឭក​ខ្ញុំ​ថា សេចក្ដី​ត្រូវការ​ដ៏សំខាន់​មួយ​ដែល​យើង​មាន​ដើម្បី​រីកចម្រើន​គឺ​ការ​បន្តតភ្ជាប់​នឹង​ប្រភព​នៃ​ពន្លឺ​រ​បស់​យើងគឺ​—ព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់​គឺជា​ប្រភព​នៃ​ថាមពល​របស់​យើង ជា​ពន្លឺ និង​ជីវិត​នៃ​ពិភពលោក ។ បើ​គ្មាន​ការ​ភ្ជាប់​ដ៏​រឹងមាំ​ទៅនឹង​ទ្រង់​ទេ នោះ​យើង​ចាប់​ផ្ដើម​ស្លាប់​ខាង​វិញ្ញាណ​ហើយ ។ សូម​ដឹង​ថា សាតាំង​ព្យាយាម​ប្រើ​ប្រាស់​សម្ពាធ​លោកិយ​ដែល​យើង​ទាំងអស់​គ្នា​ប្រឈម​មុខ ។ វា​ខំ​ធ្វើ​ឲ្យ​ពន្លឺ​យើង​ស្រអាប់ ផ្ដាច់​ទំនាក់ទំនង​របស់​យើង កាត់ផ្ដាច់​ការផ្គត់ផ្គង់​ថាមពល ទុក​ឲ្យ​យើង​នៅ​ម្នាក់​ឯង​ក្នុង​ទីងងឹត ។ សម្ពាធ​ទាំងនេះ​គឺជា​ស្ថានភាព​ទូទៅ​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ប៉ុន្តែ​សាតាំង​ខំ​ផ្ដាច់​យើង​ចេញ ហើយ​ប្រាប់​យើង​ថា​យើង​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ជួប​រឿង​នេះ ។

ពួក​យើង​មួយចំនួន​ត្រូវ​បាន​ពិការ​ដោយ​ភាព​សោកសៅ

នៅពេល​សោកនាដកម្ម​កើត​មាន​មកលើ​យើង នៅពេល​ជីវិត​ឈឺ​ចាប់​ខ្លាំង​រហូតមិនអាច​ដក​ដង្ហើម​បាន នៅពេល​យើង​ត្រូវ​គេ​យក​ទៅ​វាយ​ដំ​ដូចជា​បុរស​នៅ​តាមផ្លូវ​ទៅ​ក្រុង​យេរីកូ ហើយ​ទុក​ឲ្យ​​ស្លាប់​តែឯង នោះ​ព្រះយេស៊ូវ​បាន​យាងមក ហើយ​បាន​ចាក់​ប្រេង​រំរបួស លើក​បី​យើង​ឡើង​ថ្នមៗ​នាំ​យើង​ទៅ​ផ្ទះ​សំណាក់ មើល​ថែ​យើង ។ ចំពោះ​អ្នកទាំងឡាយ​ដែល​សោកសៅ ទ្រង់​មាន​បន្ទូល​ថា « យើង​នឹង​សម្រាល​បន្ទុក​ទាំងឡាយ​ដែល​ដាក់នៅលើ​ស្មា​អ្នក​ផង ហើយ​សូម្បី​តែ​រូប​អ្នក​ក៏​មិន​អាច​ចាប់​អារម្មណ៍​ថា​មានបន្ទុក​ទាំង​នោះ​នៅ​លើ​ខ្នង​អ្នកឡើយ … ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​អាច​ដឹង​ជា​ពិត​ប្រាកដ​ថា យើង​ជា​ព្រះអម្ចាស់​ដ៏​ជា​ព្រះ មក​រក​រាស្ត្រ​យើង​ក្នុង​ពេល​គេ​ស្ថិត​ក្នុង​សេចក្ដី​វេទនា » ។ព្រះគ្រីស្ទ​ព្យាបាល​របួស ។

ពួក​យើង​មួយចំនួន​មាន​ការ​នឿយហត់ខ្លាំង

អែលឌើរ ជេហ្វ្រី អរ ​ហូឡិន បាន​មានប្រសាសន៍​ថា « វា​ពុំ​មាន​ចេតនា​ឲ្យ​យើង​រត់​លឿន​ជាង​កម្លាំង​ដែល​យើង​មាន​នោះទេ ។ … ប៉ុន្តែ​ថ្វីបើ​វា​បែប​នោះ​ក្តី ខ្ញុំ​ដឹង​ថា …​មាន​បងប្អូន​ជា​ច្រើន​បាន​រត់យ៉ាង​លឿន ហើយ​ជួនកាល​ថាមពល​កម្លាំង និង​សតិអារម្មណ៍​របស់​អ្នក​ស្ទើរតែ​អស់​រលីង​តែ​ម្តង » ។ នៅពេល​ការរំពឹង​ទុក​ធ្វើ​ឲ្យ​យើង​ថប់បារម្ភ នោះ​យើង​អាច​ថយ​ក្រោយ ហើយ​ទូលសូម​ព្រះវរបិតាសួគ៌​ថា​មានអ្វី​ខ្លះ​ត្រូវ​បោះ​បង់​ចោល ។ ផ្នែក​មួយ​នៃ​បទពិសោធន៍​ជីវិត​របស់​យើង គឺ​ការ​រៀន​នូវ​អ្វី​ដែលមិន​គួរ​ធ្វើ ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នោះ​ក្ដី ពេល​ខ្លះ​ជីវិត​យើង​អាច​មាន​ភាព​នឿយហត់ ។ ព្រះយេស៊ូវ​អះអាង​នឹង​យើង​ថា « អស់​អ្នក​ដែល​នឿយព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរមក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នករាល់គ្នា​ឈប់​សម្រាក » ។

ព្រះគ្រីស្ទ​ស្ម័គ្រ​ព្រះទ័យ​ចូលរួម​ទឹម​នឹង​យើង ហើយ​ទាញនឹម​នោះ​ដើម្បី​សម្រាល​បន្ទុក​របស់​យើង ។ ព្រះគ្រីស្ទ​គឺ​ជា​សេចក្ដី​សម្រាក ។

ពួក​យើង​មួយចំនួន​មានអារម្មណ៍​ថា​យើង​ពុំ​ស័ក្ដិសម

ដោយ​មូលហេតុ​ផ្សេងៗ យើងមាន​អារម្មណ៍​ថា​ត្រូវ​គេ​បដិសេធ ។ ព្រះគម្ពីរ​សញ្ញា​ថ្មី​បង្ហាញ​ពី​កិច្ចខិតខំ​យ៉ាង​ខ្លាំង​ដែល​ព្រះយេស៊ូវ​បាន​ឈោង​ទៅ​ជួយ​មនុស្ស​គ្រប់​ប្រភេទ ៖ អ្នក​ឃ្លង់ អ្នក​ប្រមូល​ពន្ធ កុមារ​តូចៗ ពួកកាលីឡេ ស្ត្រី​សំផឹង ពួក​ផារ៉ាស៊ី អ្នក​មាន​បាប សាសន៍​សាម៉ារី ស្ត្រីមេម៉ាយ ទាហាន​រ៉ូម អ្នក​ប្រព្រឹត្ត​សហាយស្មន់ ពួក​ពុំ​ស្អាតស្អំ​តាម​តម្រា ។ ស្ទើរតែ​គ្រប់​ដំណើររឿង ទ្រង់​បាន​ឈោង​ទៅ​ជួយ​មនុស្ស​ម្នាក់​ដែល​ត្រូវ​គេ​បដិសេធ​ក្នុង​សង្គម​តាម​ទំនៀម​ទម្លាប់ ។

លូកា ៩ ប្រាប់​ពី​ដំណើររឿង​របស់​មេ​អ្នក​ប្រមូល​ពន្ធ​នៅ​ទីក្រុង​យេរីកូ ឈ្មោះ សាខេ ។ គាត់​បាន​ឡើង​លើ​ដើមឈើ​ដើម្បី​មើល​ឃើញ​ព្រះគ្រីស្ទ​យាង​មក ។ សាខេ​ធ្វើ​ការ​ឲ្យ​រដ្ឋាភិបាល​រ៉ូម ហើយ​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជាមនុស្ស​ពុក​រលួយ ហើយ​ជា​មនុស្ស​មានបាប ។ ព្រះយេស៊ូវ​បាន​ទត​ឃើញ​គាត់​នៅ​លើ​ដើម​ឈើ ហើយ​បាន​ហៅ​គាត់​ដោយ​មាន​បន្ទូល​ថា « សាខេ ចូរ​អ្នក​ចុះ​មក​ជា​ប្រញាប់ ដ្បិត​ថ្ងៃ​នេះ ខ្ញុំ​ត្រូវ​ស្នាក់​នៅ​ផ្ទះ​អ្នក » ។ ហើយ​នៅពេល​ព្រះយេស៊ូវ​បាន​ឃើញ​សេចក្ដីល្អ​នៅ​ក្នុង​ដួងចិត្ត​របស់​សាខេ និង​រឿង​ដែល​គាត់​បាន​ធ្វើ​ចំពោះ​អ្នក​ដទៃ ទ្រង់​បាន​ទទួល​យក​ការ​ថ្វាយ​របស់​គាត់ ដោយ​មានបន្ទូល​ថា « ថ្ងៃ​នេះ សេចក្តី​សង្គ្រោះ​បាន​មក​ដល់​ផ្ទះ​នេះ​ហើយ ពី​ព្រោះ​អ្នក​នេះ​ជា​ពូជ​លោក​អ័ប្រាហាំ​ដែរ » ។

ព្រះគ្រីស្ទ​បាន​ប្រាប់​ពួក​សាសន៍​នីហ្វៃ​ដោយ​ទន់ភ្លន់​ថា « យើង​មិន​បាន​បញ្ជា​នរណា​មួយ​ក្នុង​ពួក​អ្នក​ឲ្យ​ចេញ​ទៅ​ឡើយ » ។ ពេត្រុស​បាន​បង្ហាញ​យ៉ាង​មាន​អានុភាព​នៅក្នុង​កិច្ចការ ១០ នៅពេល​លោក​ប្រកាស​ថា « ព្រះ​ទ្រង់​បាន​សម្ដែង​ឲ្យ​ខ្ញុំ​ដឹង​ថា មិន​ត្រូវ​រាប់​អ្នក​ណា​ថា​មិន​ស្អាត ឬ​មិន​បរិសុទ្ធ​ឡើយ » ។ វា​គឺជា​តម្រូវការ​ដ៏​ខ្ជាប់ខ្ជួន​មួយ​របស់​ពួក​សិស្ស​គ្រីស្ទាន និង​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដើម្បី​បង្ហាញ​សេចក្ដីស្រឡាញ់​ពិត​ដល់​គ្នា​ទៅវិញ​ទៅមក ។ ព្រះយេស៊ូវ​បាន​ផ្ដល់​ការ​អញ្ជើញ​ដូចគ្នា​នេះ​មក​កាន់យើង​ដូច​ទ្រង់​បាន​ធ្វើ​ចំពោះ​សាខេ​ថា ៖ « មើល យើង​ឈរ​នៅ​មាត់​ទ្វារ​ទាំង​គោះ បើ​អ្នក​ណា​ឮ​សំឡេង​យើង ហើយ​បើក​ទ្វារ​ឲ្យ នោះ​អញ​នឹង​ចូល​ទៅ​ឯ​អ្នក​នោះ យើង​នឹង​បរិភោគ​ជា​មួយ​នឹង​អ្នក​នោះ ហើយ​អ្នក​នោះ​ជា​មួយ​នឹង​យើង​ដែរ » ។១០ព្រះគ្រីស្ទ​ទតមើល​យើង​នៅលើ​ដើមឈើ​របស់យើង ។

ពួក​យើង​មួយចំនួន​ត្រូវ​បាន​កម្ទេច​ដោយ​ចម្ងល់​នានា

ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ខ្ញុំ​ត្រូវ​រងទុក្ខ ហើយ​មួរម៉ៅ​នឹង​ចម្ងល់​ជាច្រើន​ដែល​ខ្ញុំ​ពុំ​អាច​រក​បាន​ចម្លើយ ។ នៅព្រឹក​ព្រលឹម​ថ្ងៃអាទិត្យ​មួយ ខ្ញុំ​មាន​សុបិន​តូច​មួយ ។ នៅ​ក្នុង​សុបិន​នោះ ខ្ញុំ​មើលឃើញ​ផ្ទះ​កញ្ចុះ​មួយ ហើយ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​គួរ​ទៅ​ឈរ​នៅ​ទីនោះ ។ វាមាន​ក្រឡោង​ប្រាំ​ជុំ​វិញ ប៉ុន្តែ​បង្អួច​ធ្វើ​ពី​ថ្ម ។ ខ្ញុំ​បាន​រអ៊ូ​ក្នុង​សុបិន​នោះ ដោយ​​មិន​ចង់​ចូល​ទៅ​ខាង​ក្នុង​នោះ​ទេ​ពី​ព្រោះ​វា​ចង្អៀតណាស់ ។ បន្ទាប់មក​មាន​គំនិត​មួយ​ផុស​ក្នុង​ចិត្ត​ខ្ញុំ​ថា បងប្រុស​យ៉ារេឌ​បាន​អត់ធ្មត់​រំលាយ​គ្រាប់​គ្រួស​ទៅជា​ថ្មកែវ​ថ្លា ។ ថ្ម​កែវថ្លា​គឺជា​ថ្ម​ដែល​បាន​ត្រូវ​កែច្នៃ​​ឡើងមក ។ នៅពេល​ព្រះអម្ចាស់បាន​ពាល់​គ្រាប់គ្រួស​របស់​បងប្រុស​យ៉ារេឌ នោះ​វា​បាន​ចេញ​ពន្លឺ​ដើម្បី​បំភ្លឺ​នៅ​ក្នុង​ទូក​ងងឹត ។១១ រំពេច​នោះ ខ្ញុំ​បាន​មាន​បំណង​ប្រាថ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​កញ្ចុះ​នោះ​ជាង​កន្លែង​ណាៗ​ទាំងអស់ ។ វា​គឺជា​កន្លែង— កន្លែង​តែមួយគត់— ឲ្យ​ខ្ញុំ​« មើលឃើញ »​ ពិត ។ ចម្ងល់​នានា​ដែល​រំខាន​ខ្ញុំ​មិន​បាន​រលត់​បាត់​ឡើយ ប៉ុន្តែ​មានសំណួរ​កាន់តែ​បំភ្លឺ​នៅ​ក្នុង​ចិត្ត​ខ្ញុំ​បន្ទាប់ពី​ខ្ញុំ​ដឹង​ខ្លួន​ឡើង​គឺថា « តើ​អ្នក​នឹង​ចម្រើន​សេចក្ដីជំនឿ​របស់​អ្នក ដូចជា​បងប្រុស​របស់​យ៉ារេឌ ដើម្បី​ឲ្យ​ថ្ម​របស់​អ្នក​អាច​ក្លាយ​ទៅ​ជា​ពន្លឺ​យ៉ាង​ដូចម្ដេច ? » ១២

ខួរក្បាល​​របស់​យើង​បង្កើតឡើង​ដើម្បីស្វែងរក​ការ​យល់ដឹង និង​អត្ថន័យ​នៅ​ក្នុង​ប្រអប់​រៀបរយ ។ ខ្ញុំ​មិន​ដឹង​ពី​មូលហេតុ​ថា​ហេតុអ្វី​ក៏​វាំងនន​នៃ​ជីវិត​រមែង​ស្លាប់​ក្រាស់​ខ្លាំង​នោះទេ ។ នេះ​ពុំ​មែនជា​ដំណាក់កាល​នៅ​ក្នុង​ការអភិវឌ្ឍ​អស់កល្បជានិច្ចរបស់​យើង​ដែល​យើង​មាន​គ្រប់​ចម្លើយ​នោះទេ ។ វា​គឺ​ជា​ដំណាក់កាល​ដែល​យើង​អភិវឌ្ឍ​សេចក្ដី​ប្រាកដ​របស់​យើង ( ឬ​ពេល​ខ្លះ​ជា​សេចក្ដីសង្ឃឹម​របស់​យើង ) នៅ​ក្នុង​ភស្ដុតាង​នៃ​រឿង​ដែល​មើល​មិនឃើញ ។ សេចក្ដី​ប្រាកដ​នោះកើត​ឡើង​តាម​របៀប​ជាច្រើន​ដែល​ពុំ​តែងតែ​ងាយស្រួល​វិភាគ​នោះទេ ប៉ុន្តែ​មាន​ពន្លឺ​នៅ​ក្នុង​សេចក្ដីងងឹត​របស់​យើង ។ ព្រះយេស៊ូវ​មានបន្ទូល​ថា « យើង​ជាពន្លឺ និង​ជា​ជីវិត និង​សេចក្ដីពិត​នៃ​លោកិយ » ។១៣ សម្រាប់​អ្នក​ទាំងឡាយ​ដែល​ស្វែងរក​សេចក្ដីពិត វា​ហាក់ដូចជា​ដំបូង​ឡើយ​ត្រូវ​ធ្វើ​ដូចជា​បង្អួច​ល្ងីល្ងើ​ដែល​គួរ​ឲ្យ​ខ្លាច​ធ្វើ​ពីថ្ម​នោះ ។ ប៉ុន្តែ​តាម​ការអត់ធ្មត់ និង​សំណួរ​ស្មោះត្រង់ ព្រះយេស៊ូវ​អាច​ផ្លាស់ប្រែ​បង្អួច​ថ្ម​របស់​យើង​ទៅ​ជា​បង្អួច​កញ្ចក់ និង​ពន្លឺ ។ព្រះគ្រីស្ទ​គឺជា​ពន្លឺ​ដើម្បី​មើល​ឃើញ ។

ពួក​យើង​មួយចំនួន​មានអារម្មណ៍​ថា​យើង​មិន​ដែល​ល្អ​គ្រប់គ្រាន់​ទេ

អំពើបាបក្រហមទែង​ក្នុង​គម្ពីរ​សញ្ញា​ចាស់​ពុំ​គ្រាន់តែ​មាន​ពណ៌​ខ្លាំង​ប៉ុណ្ណោះ​ទេ ប៉ុន្តែមិន​សាបស​ពណ៌​ផងដែរ មានន័យ​ថា ពណ៌​វា​ដិត​ខ្លាំង​ទៅនឹង​សំឡី ហើយ​នឹង​ពុំ​សាបពណ៌​ឡើយ មិន​ថា​បោកគក់​ប៉ុន្មាន​ដង​នោះទេ ។១៤ សាតាំង​ប្រើ​មូលហេតុ​នេះ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា ៖ សំឡី​ស​ដែល​ប្រឡាក់​ពណ៌​ក្រហម​ទែងហើយ មិន​អាច​ត្រឡប់​ទៅ​ជា​ពណ៌​ស​វិញ​បាន​ទេ ។ ប៉ុន្តែ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រកាស​ថា « ផ្លូវ​របស់​យើង​ខ្ពស់​ជាង​ផ្លូវ​របស់​ឯង » ១៥ ហើយ​អព្ភូតហេតុ​នៃ​ព្រះគុណ​ទ្រង់​គឺ​ថា នៅពេល​យើង​ប្រែចិត្ត​ពី​អំពើបាប​របស់​យើង នោះ​ឈាម​ក្រហម​ឆ្អៅ​របស់ទ្រង់​ប្រែ​យើង​ឲ្យ​ទៅ​ជា​បរិសុទ្ធ ។ វា​ពុំ​គ្រាន់​តែ​សមនោះទេ ប៉ុន្តែ​វា​ជា​ការពិត ។

រូបភាព
អំបោះ​ជ្រលក់​​ពណ៌​ក្រហម​ទែង

រូបថត​មក​ពី iStock.com/iinwibisono

« ទោះ​បើ​អំពើ​បាប​របស់​ឯង​ដូច​ជា​ពណ៌​ក្រហម​ទែង​ក៏​ដោយ គង់​តែ​នឹង​បាន​ស​ដូច​ហិមៈ ទោះ​បើ​ក្រហម​ឆ្អៅ​ក៏​ដោយ គង់​តែ​នឹង​បាន​ដូច​ជា​រោម​ចៀម​វិញ » ។ ១៦ ព្រះអម្ចាស់​មាន​បន្ទូល​ដោយ​ក្ដីមេត្តា​ថា ៖ អ្នក « ដែល​ប្រែចិត្ត​ពី​អំពើ​បាប … ទាំងឡាយ​របស់​ខ្លួន​អ្នក​នោះ​នឹង​ឈ្មោះ​ថា​បាន​អត់ទោស​ឲ្យ​ហើយ ហើយ​យើង​ជា​ព្រះអម្ចាស់​មិន​ចាំ​ពី​អំពើបាប​ទាំង​នោះ ទៀត​ទេ » ។ ១៧ មូលដ្ឋានគ្រឹះ​គឺ​ថា ៖ ចូរ​មក​ចុះ យើង​នឹង​ពិភាក្សា​ជា​មួយ​គ្នា ។១៨ អ្នក​ដែល​មាន​កំហុស ទាំង​អស់គ្នា​មក​លឿន​ឡើង ។១៩ ចូរ​មក​រក​ខ្ញុំ ហើយ​ប្រែចិត្ត​ចុះ ។២០ យើង​នឹង​ពុំ​ចងចាំ​អំពើបាប​អ្នក​ទៀត​ឡើយ ។២១ អ្នក​អាច​បាន​ជាសះស្បើយ​ឡើងវិញ ។២២ ខ្ញុំ​មាន​កិច្ចការ​ឲ្យ​អ្នក​ធ្វើ ។២៣ ព្រះគ្រីស្ទ​ធ្វើ​ឲ្យសំឡី​​​ស ។

ប៉ុន្តែ​តើ​ជំហាន​ដែល​ត្រូវ​អនុវត្ត​មានអ្វីខ្លះ ? តើ​អ្វី​ជា​​គន្លឹះ​ដើម្បី​ភ្ជាប់​ទៅនឹង​ព្រះចេស្ដា​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​យើង​មាន​ចិត្ត​សង្ស័យ​​ ? ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​យ៉ាង​សាមញ្ញ​ថា ៖ « គន្លឹះ​គឺ​ធ្វើ និង​រក្សា​សេចក្ដី​សញ្ញា​ពិសិដ្ឋ ។… វា​ពុំ​មែន​ជា​ផ្លូវ​ស្មុគស្មាញ​ទេ » ។២៤ សូម​ដាក់​ព្រះគ្រីស្ទ​ជា​ស្នូល​នៃ​ជីវិត​របស់​អ្នក ។២៥

បើ​អ្នក​មាន​អារម្មណ៍​ថា​ពន្លឺ​ទីបន្ទាល់​របស់​អ្នក​កំពុង​ផ្ទុះព្រាកៗ ហើយ​ភាព​ងងឹត​ខិត​ជិត​មក​ដល់ សូម​ក្លាហាន​ឡើង ។ សូម​រក្សា​សេចក្ដីសន្យា​របស់​អ្នក​ចំពោះ​ព្រះ ។ សូម​សួរ​សំណួរ​របស់​អ្នក ។ រំលាយ​ថ្ម​ទៅ​ជា​កញ្ចក់​ដោយ​អត់ធ្មត់ ។ ងាក​ទៅរក​ព្រះយេស៊ូវ ដែល​នៅ​តែ​ស្រឡាញ់​អ្នក ។

ព្រះយេស៊ូវ​មាន​បន្ទូល​ថា ៖ « ខ្ញុំ​ជា​ពន្លឺ​លោកិយ [ ដែល ] ពន្លឺ​នោះ​ក៏​ភ្លឺ​មក​ក្នុង​សេចក្តី​ងងឹត តែ​សេចក្តី​ងងឹត​យល់​មិន​ដល់​ពន្លឺ​ទេ » ។ ២៦ នោះ​មានន័យ​ថា ភាព​ងងឹត​ពុំ​អាច​ពន្លត់​ពន្លឺ​បាន​ឡើយ មិន​ថា​វា​ខំប្រឹង​ខ្លាំង​ប៉ុណ្ណា​ទេ ។ ពុំ​អាច​សោះឡើយ ។ អ្នកអាច​ទុកចិត្ត​ថា ពន្លឺ​របស់​ទ្រង់​នឹង​នៅ​ទីនោះ​សម្រាប់​អ្នក ។

រូបភាព
ព្រះវិហារ​បរិសុទ្ធ​ សលត៍ លេក ដែល​ភ្លឺ​ឡើង​វិញ

យើង ឬ​ប្រជាជន​ដែល​យើង​ស្រឡាញ់ អាច​នឹង​ទៅ​ជា​​ងងឹត​បណ្ដោះ​អាសន្ន ។ ក្នុងករណី​ព្រះវិហារបរិសុទ្ធ​សលត៍ លេក អ្នក​គ្រប់គ្រង​អគារ បងប្រុស វ៉ាល វ៉ាយ បាន​ទទួល​ទូរសព្ទ​ភ្លាម ។ មនុស្ស​បាន​កត់សម្គាល់ ។ តើ​មាន​រឿង​អ្វី​នឹង​ពន្លឺ​ភ្លើង​ព្រះវិហារបរិសុទ្ធ ? ដំបូងឡើយ បុគ្គលិក​បាន​ទៅ​មើល​​​គ្រប់​បន្ទះ​អេឡិច​ត្រូនិច​នៅ​ព្រះវិហារបរិសុទ្ធ​ដោយផ្ទាល់ ហើយ​បាន​បើក​ភ្លើង​ដោយ​ដៃ ។ បន្ទាប់មក​ពួកគេ​បាន​ដាក់​ថ្ម​នៅ​ក្នុង​ឧបករណ៍​ផ្គត់ផ្គង់​ថាមពល​ដោយ​ស្វ័យប្រវត្តិ ហើយ​បាន​សាក​មើល​ថា​វា​ខូច​មកពី​អ្វី ។

វា​ពិបាក​ដើម្បី​ធ្វើ​ឲ្យ​ពន្លឺ​នោះ​ភ្លឺ​វិញ​​ដោយ​ខ្លួន​ឯង ។ ពួក​យើង​ត្រូវការ​មិត្តភក្ដិ ។ យើង​ត្រូវការ​គ្នា​ទៅវិញទៅមក ។ ដូចជា​បុគ្គលិក​គ្រប់គ្រង​អគារ​ព្រះវិហារបរិសុទ្ធ​ដែរ យើង​អាច​ជួយ​គ្នា​ទៅវិញទៅមក​ដោយ​ការ​បង្ហាញ​ខ្លួន សាកថ្ម​ខាងវិញ្ញាណ​របស់​យើង ជួសជុល​អ្វី​ដែល​ខូច ។

រូបភាព
ព្រះវិហារ​បរិសុទ្ធ សលត៍ លេក​នៅពេល​បុណ្យ​គ្រីស្ទម៉ាស

ពន្លឺ​រៀងៗខ្លួន​របស់​យើង​អាច​ដូចជា​អំពូលភ្លើង​តែមួយ​នៅលើ​ដើមឈើ​មួយ ។ ប៉ុន្តែ​យើង​នៅ​តែ​បំភ្លឺ​ពន្លឺ​តូច​របស់​យើង ហើយ​ពន្លឺ​ទាំងអស់​រួមគ្នា ដូចជា​ព្រះវិហារ​បរិសុទ្ធ​សលត៍ លេក​នៅពេល​បុណ្យ​គ្រីស្ទម៉ាស​ដែរ យើង​អាច​ទាក់ទាញ​មនុស្ស​រាប់​លាន​មកកាន់​ដំណាក់​របស់ព្រះអម្ចាស់ ។ ដែល​ល្អ​បំផុត​នោះ ដូចជា​ប្រធាន ណិលសុន បាន​លើក​ទឹកចិត្ត​ថា យើង​អាច​នាំ​ពន្លឺ​របស់​ព្រះអង្គ​សង្គ្រោះ​មក​កាន់​ខ្លួន​យើង ហើយ​មនុស្ស​ដែល​សំខាន់​ចំពោះ​យើង​ដោយ​ទង្វើ​សាមញ្ញៗ​នៃ​ការ​រក្សា​សេចក្ដីសញ្ញា​របស់​យើង ។ តាម​វិធី​ផ្សេងៗ ព្រះអម្ចាស់​ប្រទាន​រង្វាន់​ដល់​ទង្វើ​ស្មោះត្រង់​ដោយ​ព្រះចេស្ដា និង​អំណរ ។២៧

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់ថា ព្រះ​​ស្រឡាញ់បងប្អូន ។ ព្រះអម្ចាស់​ដឹង​ថា​បងប្អូន​ព្យាយាម​ខ្លាំង​ប៉ុណ្ណា ។ បងប្អូន​កំពុង​រីកចម្រើន ។ សូម​បន្ត​ឆ្ពោះ​ទៅ​មុខ ។ ទ្រង់​មើល​ឃើញ​ការ​លះបង់​លាក់​កំបាំង​របស់​បងប្អូន​ទាំងអស់ ហើយ​រាប់​វា​ជា​សេចក្ដីល្អ​របស់​បងប្អូន និង​សេចក្ដី​ល្អ​នៃ​មនុស្ស​ដែល​បងប្អូន​ស្រឡាញ់ ។ ការងារ​របស់​បងប្អូន​ពុំ​ឥតប្រយោជន៍​ឡើយ ។ បងប្អូន​មិន​ឯកោឡើយ ។ ព្រះនាមទ្រង់គឺ អេម៉ាញ៉ូអែល មានន័យ​ថា « ព្រះអង្គ​គង់​ជាមួយ​នឹង​យើង​ខ្ញុំ » ។២៨ ទ្រង់​ពិតជា​គង់នឹង​បងប្អូន ។

សូម​បោះ​ជំហាន​ទៅ​មុខ​នៅលើ​ផ្លូវ​សេចក្ដីសញ្ញា ទោះជា​វា​ងងឹត​ខ្លាំង​មើល​មិន​ឃើញ​ខាង​មុខ​ក្ដី ។ ពន្លឺ​នឹង​ភ្លឺ​ឡើង​វិញ ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​អំពីសេចក្ដីពិត​នៅ​ក្នុង​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ ហើយព្រះបន្ទូល​បាន​ពេញ​ដោយ​ពន្លឺ ៖ « ចូរចូល​មក​ជិត​យើង នោះ​យើង​នឹង​ចូល​ទៅ​ជិត​អ្នក ចូរ​ព្យាយាម​ស្វែងរក​យើង នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ជួប​យើង ចូរ​សូម នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ទទួល ចូរគោះ​នោះ​តែង​នឹង​បាន​បើក​ឲ្យ​អ្នក » ។២៩ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។