តើ​អ្នករាល់គ្នា​អាច​ចាប់​អារម្មណ៍​យ៉ាង​នេះ ឥឡូវ​នេះ​ទេ?

ដោយ​អែលឌើរ ឃ្វីនថិន  អិល ឃុក

នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់


ឃ្វីនថិន អិល ឃុក
​មនុស្ស​មួយចំនួន​ក្នុងសាសនាចក្រ ជឿ​ថា​ពួកគេ​ពុំ​អាច​ឆ្លើយ​សំណួរ​របស់​អាលម៉ាដោយពាក្យ បាទ ឬចាស៎​បាន​ទេ ។ ពួកគេ​ « ពុំ​ចាប់អារម្មណ៍​យ៉ាង​នេះ ឥឡូវ​នេះ​ទេ » ។

ប្រធាន ម៉នសុន យើង​ស្រឡាញ់ គោរព និង គាំទ្រ​លោក ! ការប្រកាស​ដ៏សំខាន់​ជាប្រវត្តិសាស្ត្រ​នេះ ជាមួយ​នឹង​ការ​បម្រើ​ផ្សព្វផ្សាយសាសនា​ កំពុងតែ​បំផុសគំនិត ។ ខ្ញុំ​អាច​ចងចាំ​អំពី​ការរំភើប​ចិត្ត​ក្នុង​ឆ្នាំ 1960 នៅពេលអាយុ​របស់​យុវជន​ដើម្បី​បម្រើ ត្រូវ​បាន​កាត់បន្ថយ​ពី 20 ឆ្នាំ ទៅ​ 19 ឆ្នាំ ។ ខ្ញុំ​បាន​ទៅ​ដល់​បេសកកម្ម​អង់គ្លេស ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​ ដែល​បាន​ហៅ​នៅ​អាយុ 20 ឆ្នាំ​ថ្មីម្នាក់ ។ អ្នក​មាន​អាយុ 19 ឆ្នាំ​ដំបូងគេ​នៅក្នុង​បេសកកម្ម​របស់​យើង គឺ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ជាការ​បន្ថែម​ដ៏​អស្ចារ្យ ។ គាត់​ក្មេង​ជាង​អ្នក​មាន​អាយុ 20 ឆ្នាំ​ពីរបីខែ ។ អស់​រយៈ​ពេល​មួយ​ឆ្នាំ​ក្រោយមក មាន​អ្នក​ផ្សព្វផ្សាយ​អាយុ 19 ឆ្នាំ​ជាច្រើន​បាន​មក​ដល់ ។ ពួកគេ​ជា​អ្នកផ្សពផ្សាយសាសនា មានការ​​គោរពប្រតិបត្តិ និង ស្មោះត្រង់ នោះ​ការងារបាន​​រីកចម្រើន ។ ខ្ញុំ​មាន​ទំនុកចិត្ត​ថា ការ​ច្រូតកាត់​ដ៏ធំជាងនេះ នឹង​ត្រូវ​បាន​សម្រេច​ក្នុង​ពេល​នេះ នៅពេល​អ្នក​ផ្សព្វផ្សាយសាសនា​សុចរិត និង​មានការតាំងចិត្ត ​បំពេញ​បទបញ្ញត្តិ​របស់​ព្រះអង្គសង្គ្រោះ ដើម្បី​ផ្សាយ​ដំណឹងល្អ​របស់ទ្រង់ ។

​ទស្សនៈ​​ខ្ញុំ​ចំពោះ​អ្នកទាំងឡាយ ដែល​នៅក្នុង​ជំនាន់​កំពុង​ពេញ​វ័យ គឺ​គួរ​តែ​ត្រៀម​ខ្លួន​ឲ្យ​ល្អ​ប្រសើ​ជាង​ជំនាន់មុនៗ ។ ចំណេះ​ដឹង​របស់​អ្នក​អំពី​បទគម្ពីរ គឺ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាពិសេស ។ ទោះ​ជាយ៉ាង​ណា ឧបសគ្គ​ទាំងឡាយ​ដែល​ជំនាន់​របស់​អ្នក ប្រឈមមុខ នៅ​ពេល​អ្នក​ត្រៀម​ខ្លួន​សម្រាប់​ការ​បម្រើ គឺ​មានស្រដៀងគ្នា​នឹង​ឧបសគ្គ​ទាំងឡាយ ដែល​សមាជិក​ទាំងអស់នៃ​សាសនាចក្រ​បានជួប ។ យើង​ទាំងអស់​គ្នា​បាន​ដឹង​ជាមុន​ថា ​វប្បធម៌​ច្រើន​បំផុតនៅ​ក្នុងពិភពលោក គឺពុំលើក​ទឹកចិត្ត​ដល់​សុចរិតភាព ឬ ការតាំងចិត្ត​ខាង​វិញ្ញាណ​ឡើយ ។ នៅ​ពេញ​ទាំង​ប្រវត្តិសាស្ត្រ អ្នកដឹកនាំសាសនាចក្រ​​បាន​ព្រមាន និង បង្រៀន​ពីការប្រែចិត្ត ។ នៅ​ក្នុងព្រះគម្ពីរមរមន អាលម៉ា​តូចដោយ​មាន​ក្តីកង្វល់ជាខ្លាំង​អំពី​ភាពទុច្ចរិត និង ការខ្វះ​នូវការប្តេជ្ញាចិត្ត ដែល​បាន​ធ្វើ​ឲ្យ​លោក​ ​លាលែង​ពី​តំណែង​ជា​មេចៅក្រម ជាអ្នកដឹកនាំ​នៃសាសន៍​នីហ្វៃ ហើយ​ផ្ដោត​កិច្ចខិតខំរបស់លោក​ទាំងអស់​ទៅ​លើ​ការ​ហៅ​ជា​ព្យាការី​របស់​លោកវិញ ។ 1

ខគម្ពីរ​ដ៏​សំខាន់បំផុត​មួយ​នៅ​ក្នុងចំណោម​ខគម្ពីរ​ទាំងអស់ អាលម៉ា​ប្រកាស​ថា « បើសិនជាអ្នករាល់គ្នា​បាន​ស្គាល់ការ​ផ្លាស់​ប្ដូរ​នៅ​ក្នុង​ដួងចិត្ត​អ្នក ហើយ​បើសិនជា​អ្នក​រាល់គ្នា​បាន​ចាប់​អារម្មណ៍​ចង់​ច្រៀង នូវ​ចម្រៀង​នៃ​សេចក្ដី​ស្រឡាញ់​ដែល​ប្រោសលោះ ខ្ញុំ​សូម​សួរ​ថា តើ​អ្នក​រាល់គ្នា​អាច​ចាប់​អារម្មណ៍​យ៉ាង​នេះ ឥឡូវ​នេះ​ទេ ? » ។ 2

អ្នកដឹកនាំ​តាមមូលដ្ឋាន​ទូទាំង​ពិភពលោក រាយការណ៍​ថា នៅពេល​ដែលមើលជាទូទៅលើ​ សមាជិក​សាសនាចក្រ ជាពិសេស យុវវ័យ​របស់​យើង ពុំ​ធ្លាប់​មាន​យុវវ័យ​ណា​រឹងមាំ​ជាង​នេះ​ទេ ។ ប៉ុន្តែ​ពួកគាត់​ស្ទើរ​តែ​ទាំងអស់ តែងតែ​លើក​ឡើង​នូវកង្វល់ពីរយ៉ាង​គឺ ៖ ទីមួយ បញ្ហា​​នៃ​ភាពទុច្ចរិតកើន​ឡើង​ក្នុងពិភពលោក និង ទីពីរ ធាតុពិតដែល​ថា សមាជិក​មួយចំនួន​ហាក់ដូច​ជាមិនខ្វល់ និង មិនមាន​ការប្តេជ្ញា​ចិត្ត​ខ្លាំង​ចំពោះ​សាសនាចក្រ ។ ពួកគាត់ស្វែង​រក​ដំបូន្មាន​អំពី​របៀប​ដើម្បី​ជួយ​សមាជិក ឲ្យ​ដើរតាម​ព្រះអង្គសង្គ្រោះ ហើយ​ទទួល​បាននូវ​ការ​ផ្លាស់​ប្រែចិត្តជឿ​​ក្នុង​ចិត្តដ៏ពិត និង យូរអង្វែង ។

សំណួរ​ « តើ​អ្នករាល់គ្នា​អាច​ចាប់​អារម្មណ៍​យ៉ាង​នេះ ឥឡូវ​នេះ​ទេ ? » នៅ​តែ​សំខាន់​ទោះ​ជា​អស់​រយៈ​ពេល​ច្រើន​សតវត្សរ៍​បាន​កន្លង​ទៅ​ហើយក្ដី ។ ព្រមជាមួយនោះ អ្វី​ដែល​​យើង​បាន​ទទួល​ក្នុង​គ្រាកាន់កាប់ត្រួតត្រា​នេះ-- រួម​មាននូវ​ការស្ដារឡើងវិញ​នៃ​ភាព​ពេញលេញ​នៃ​ដំណឹងល្អនៃ​ព្រះយេស៊ូវគ្រីស្ទ និង​ការ​បាន​​ទទួល​អំណោយទាន​ខាងវិញ្ញាណ​ជាច្រើន ហើយ​នឹង​ពរជ័យពី​ស្ថានសួគ៌​ជាច្រើនដែល​មិន​អាច​ប្រកែក​បាន​ --ដែល​សំណូមពរ​របស់​អាលម៉ា ពុំ​ធ្លាប់​មាន​អ្វី​សំខាន់​ជាងនេះ​ទេ ។

មិន​យូរ​ប៉ុន្មាន​បន្ទាប់ពី អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ត្រូវ​បាន​ហៅ​ជា​សាវក​ក្នុង​ឆ្នាំ 1943 ប្រធាន ចច អ័លប៊ើត ស៊្មីធ 3 បានឲ្យ​​ប្រឹក្សាថា « បេសកកម្ម​អ្នក គឺ ... ត្រូវ​ព្រមាន​ដល់​ប្រជាជន... ដោយ​ចិត្តល្អ​តាម​ដែលអាច​ធ្វើ​ទៅបាន ដើម្បី​ឲ្យ​ការ​កែប្រែចិត្ត នឹង​ក្លាយ​ជា​ថ្នាំព្យាបាល​តែមួយគត់​ចំពោះ​ជម្ងឺទាំងឡាយ​ក្នុងពិភពលោកនេះ » ។ 4 នៅពេល​សេចក្តី​ថ្លែង​នេះ​ត្រូវ​បានធ្វើឡើងនោះ ​យើង​បាន​ស្ថិត​នៅ​ក្នុង​ចម្បាំងនៃ​សង្គ្រាម​លោក​លើក​ទី​ពីរ ។

សព្វថ្ងៃ​នេះ ការ​បង្ខូច​ខាង​សីលធម៌​បាន​កើនឡើងកាន់​តែ​ខ្លាំងឡើងៗ​ ។ អ្នក​និពន្ធ​ល្បីម្នាក់ បាន​និយាយ​នា​ពេល​ថ្មីៗ​នេះ​ថា « មនុស្សគ្រប់គ្នា​ដឹងថា​​វប្បធម៌ កំពុង​តែ​រង​នូវ​គ្រោះ​មហន្តរាយ ហើយ​គ្មាន​នរណា​ម្នាក់​រំពឹង​ចង់​បាន​ការផ្លាស់​ប្ដូរ​នោះទេ » ។ 5 រូបភាព​អំពើហឹង្សា ភាពអសីលធម៌​នៅ​ក្នុងតន្ត្រី ​ការកំសាន្ដ សិល្បៈ និង ប្រព័ន្ធផ្សព្វផ្សាយ​ដទៃទៀត​នៅក្នុង​វប្បធម៌​សព្វថ្ងៃ គឺ​មានទំហំខ្លាំង​ក្លា​ណាស់ ។ រឿង​នេះ ត្រូវបាន​ពិពណ៌នា​យ៉ាងច្បាស់​ដោយ​អ្នក​ល្បី​ខាងសាសនា​បាទីស្ទ​ម្នាក់ ពេល​គាត់​ថ្លែង​ថា « ប្រព័ន្ធ​ស៊ាំ​ខាងវិញ្ញាណ​នៃ​អារយ្យធម៌​ទាំងមូល ត្រូវ​បាន​រងរបួស​ហើយ » ។ 6

វា​ពុំគួរ​​ភ្ញាក់​ផ្អើល​ទេ ដែល​មនុស្ស​មួយចំនួន​ក្នុងសាសនាចក្រ ជឿ​ថា​ពួកគេ​ពុំ​អាច​ឆ្លើយ​សំណួរ​របស់​អាលម៉ាដោយពាក្យ បាទ ឬចាស៎ ។ ពួកគេ​ « ពុំ​ចាប់អារម្មណ៍​យ៉ាង​នេះ ឥឡូវ​នេះ​ទេ » ។ ពួកគេ​មាន​អារម្មណ៍​​ថា ពួកគេ​ស្ថិត​នៅក្នុងភាពរាំងស្ងួត​ខាងវិញ្ញាណ ។ អ្នកផ្សេងទៀត ខឹង ឈឺចាប់ ឬ ស្រងាកចិត្ត ។ បើ​ការ​ពិពណ៌នា​ទាំងនេះ​ត្រូវ​នឹង​អ្នក ។ 7 វាជា​ការ​សំខាន់​ដើម្បី​វាយតម្លៃ​ពីមូលហេតុ​ដែល​អ្នក​ « ពុំ​ចាប់អារម្មណ៍​យ៉ាង​នេះ ឥឡូវ​នេះ​ទេ» ។

​ មនុស្ស​ជាច្រើន​ដែល​ស្ថិត​ក្នុង​គ្រោះ​រាំងស្ងួត​ខាងវិញ្ញាណ និង ខ្វះ​ការប្តេជ្ញាចិត្ត ពុំ​ចាំបាច់ថាគេ​បាន​ចូលរួម​​នៅ​ក្នុង​អំពើបាប ឬ អំពើរំលង​ធំៗ​ទេ ប៉ុន្តែ​ពួកគេ​បាន​ធ្វើ​នូវ​ជម្រើស​​ដែលពុំ​ឈ្លាសវៃ ។ មនុស្ស​មួយចំនួន​ពុំ​រក្សា​សេចក្ដីសញ្ញា​ពិសិដ្ឋ​របស់​ពួកគេ​ឲ្យ​តឹងរឹង​​ទេ ។ អ្នកដទៃទៀត ចំណាយពេល​ និង ថាមពល​របស់​គេ​ស្ទើរតែទាំងអស់​ទៅលើ​រឿង​ដែល​មិនសូវ​សំខាន់ ។ មនុស្ស​មួយចំនួន​បាន​អនុញ្ញាត​ឲ្យទស្សនៈខាង​​វប្បធម៌ និង​ខាងនយោបាយដ៏ខ្លាំងក្លា មក​ធ្វើ​ឲ្យ​ភក្ដីភាព​របស់​ពួកគេ​ចំពោះ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ទន់ខ្សោយ ។ មនុស្ស​មួយចំនួន​បាន​ដាក់​ខ្លួន​គេ​ចូល​ក្នុង​សម្ភារ​អ៊ិនធើរណិត ដែល​ពង្រីក បំផ្លើស ហើយ​ក្នុងករណីមួយចំនួន​ទៀត ប្រឌិត​នូវ​កំហុស​របស់​អ្នក​ដឹកនាំ​សាសនាចក្រ​មុនៗ ។ បន្ទាប់​មក​ពួកគេធ្វើ​ការ​សន្និដ្ឋាន​មិនត្រឹមត្រូវ​ ដែល​ជះឥទ្ធិពល​ដល់ទីបន្ទាល់ ។ នរណា​ដែល​បាន​ធ្វើ​នូវ​ជម្រើស​ទាំងនេះ អាច​ប្រែចិត្ត ហើយ កើតជាថ្មី​ខាងវិញ្ញាណ ។

ការផ្ដោតទៅ​លើ​​បទគម្ពីរ គឺ​សំខាន់​សម្រាប់​ការ​ចិញ្ចឹម​ខាង​វិញ្ញាណ ។ 8 បន្ទូល​របស់​ព្រះ បំផុស​ការប្តេជ្ញាចិត្ត និង​ ទង្វើរ ជា​ប្រទាលមុខសះ​សម្រាប់ព្យាបាល​អារម្មណ៍​ឈឺចាប់ កំហឹង ឬ ការ​ស្រងាកចិត្ត ។ 9 នៅពេល​ការប្តេជ្ញាវចិត្ត​របស់​យើង ថយចុះ​ដោយប្រការ​ណាមួយនោះ​ ដំណោះស្រាយ គឺ​ជា​ការប្រែចិត្ត ។ 10 ការប្តេជ្ញាចិត្ត និង ការប្រែចិត្ត គឺទាក់ទង​គ្នា​យ៉ាង​ជិត​ស្និទ្ធ ។

ស៊ី.  អេស.   លូវីស ជា​អ្នកនិពន្ធ​គ្រីស្ទាន​ដ៏ឧស្សាហ៍ និង ប៉ិនប្រសព្វ បាន​សរសេរ​អំពី​រឿង​នេះប្រកបដោយ​អានុភាព ។ គាត់​បាន​ប្រកាស​ថា គ្រីស្ទសាសនា ប្រាប់​មនុស្ស​ឲ្យប្រែចិត្ត ហើយ​សន្យា​អភ័យទោស​ដល់​ពួកគេ ប៉ុន្តែ​ទាល់​តែ​មនុស្ស​ដឹង និង ស្គាល់​ថា ពួកគេ​ត្រូវ​ការ​ការអភ័យទោស នោះ​គ្រីស្ទសាសនា ពុំ​មានន័យអ្វី​ចំពោះ​ពួកគេទេ ។ គាត់​បាន​ថ្លែង​ថា « នៅពេល​អ្នកដឹង​ថា​អ្នកឈឺ នោះ​អ្នក​នឹង​​ស្ដាប់​តាម​វេជ្ជបណ្ឌិតហើយ » ។ 11

ព្យាការី​យ៉ូសែប បាន​ចង្អុល​បង្ហាញ​ថា មុនពេល​អ្នកធ្វើ​​បុណ្យជ្រមុជទឹក អ្នក​អាច​ស្ថិត​ក្នុង​ទីតាំង​កណ្ដាល​មួយ​​រវាងសេចក្ដី​​ល្អ និង សេចក្ដី​អាក្រក់ ។ ប៉ុន្តែ « នៅពេល​អ្នក​ចូលរួ​ម​ក្នុង​សាសនាចក្រ​នេះ អ្នក​បានយល់ព្រម​ដើម្បី​បម្រើ​ព្រះ ។ នៅពេល​អ្នកធ្វើ​ដូច្នោះ អ្នកបាន​​ចាក​ចេញ​ពី​ទីតាំង​កណ្ដាលនោះ ហើយ​អ្នក​ពុំ​អាច​ត្រឡប់​ [ ទៅ​ ] វិញ​ឡើយ » ។ ការប្រឹក្សា​របស់​គាត់​គឺ​ថា យើង​មិន​ត្រូវ​ចាកចេញពី​​លោកគ្រូ​ឡើយ ។ 12

អាលម៉ា​គូសបញ្ជាក់​ថា តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ « ព្រះពាហុ​នៃ​សេចក្ដីមេត្តាករុណា បានលាត​សន្ធឹង​មក​រក​ » អ្នកទាំងឡាយ​ដែល​ប្រែចិត្ត ។ 13 បន្ទាប់មក​លោក​បានសួរ​នូវ​សំណួរដ៏​លម្អិត ហើយ​សំខាន់មួយ​ចំនួន​ដូចជា ៖ តើ​យើង​បាន​ត្រៀម​ខ្លួន​ដើម្បី​ជួបព្រះហើយឬនៅ ? តើ​យើង​រក្សា​ខ្លួន​យើង​គ្មាន​ទោស​ឬ​ទេ ? យើង​គួរ​តែ​គិត​អំពី​សំណួរ​ទាំងអស់​នេះ ។ បទពិសោធន៍​ផ្ទាល់​របស់​អាលម៉ា នៅ​ក្នុង​ការ​ពុំធ្វើតាម​ឪពុក​ដ៏ស្មោះត្រង់​របស់​គាត់ បន្ទាប់​មកគាត់​បាន​យល់យ៉ាង​ច្បាស់ អំពីថាតើ​គាត់​ត្រូវ​ការនូវការអភ័យទោសខ្លាំងប៉ុណ្ណា ហើយគាត់​យល់​ពី​អត្ថន័យ​នៃ​ការច្រៀង​ចម្រៀង​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​ប្រោសលោះ គឺ​មាន​អំណាច និង ថាមពលប៉ុណ្ណា ។

ខណៈ​រឿងអ្វីក៏​ដោយ​​​ដែល​ធ្វើឲ្យ​​ការប្តេជ្ញាចិត្តធ្លាក់ចុះ ​គឺជារឿង​សំខាន់​ដែល​ត្រូវ​គិត បញ្ហា​ខាងវប្បធម៌​ដែលជាប់ទាក់ទង​ពីរយ៉ាង គឺ​ទាំង​ភាពជាទូទៅ និង ភាព​សំខាន់ ។ ដំបូងគឺ​ការ​មាន​ចិត្ត​មិនល្អ អំពើហឹង្សា និង ការរំលោភបំពាន​ក្នុង​ផ្ទះ ។ ទីពីរ គឺ​ភាពអសីលធម៌​ខាង​ផ្លូវ​ភេទ និង គំនិត​មិន​បរិសុទ្ធ ។ ទាំងនេះ​ជាញឹកញាប់ កើត​មកមុន និង ជា​បុព្វហេតុ​នៃ​ការ​ជ្រើសរើស​ពុំ​សូវ​មាន​ការ​ប្តេជ្ញា​ចិត្ត ។

របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដែលនៅ​​ជិតស្និទ្ធ​នឹង​យើង គឺជារឿង​​សំខាន់​ខ្លាំង​ណាស់ ។ អំពើហឹង្សា ការរំលោភបំពាន ការ​ខ្វះ​សន្ដាន​ចិត្តល្អ និង ​ការ​មិនគោរព​នៅក្នុង​ផ្ទះ គឺពុំ​អាចទទួលយក​បាន​ទេ ។ ពុំ​អាច​ទទួលយកបានទាំង​​ចំពោះ​មនុស្ស​ពេញវ័យ និង ​ជំនាន់​ពេញ​វ័យ ។ ឪពុក​ខ្ញុំ ជា​សមាជិក​អសកម្ម ប៉ុន្តែ​ ​គាត់គឺ​ជា​គំរូ​ដ៏អស្ចារ្យ​មួយ ជាពិសេសការ​ប្រព្រឹត្ត​​របស់​គាត់​ចំពោះ​ម្ដាយ​ខ្ញុំ ។ គាត់​ធ្លាប់​និយាយ​ថា « ព្រះ​នឹង​ឲ្យ​បុរស​ទទួល​ខុសត្រូវ​ចំពោះ​គ្រប់​ដំណក់​ទឹកភ្នែក ដែល​ពួកគេ​ធ្វើ​ឲ្យ​ភរិយា​របស់​គេ​ស្រក់​ទឹកភ្នែក » ។ នេះ​ជា​គោលគំនិត​ដូចគ្នា​ដែល​បាន​គូស​បញ្ជាក់​ក្នុង « ក្រុមគ្រួសារ​ ៖ ការ​ប្រកាស​ដល់​ពិភពលោក » ។ វា​ថ្លែង​ថា « [ បុគ្គល​ណា ] ដែល​បាន​ធ្វើ​បាប​ភរិយា ឬ កូនចៅ ... គង់​តែ​ថ្ងៃ​ណា​មួយ​នឹង​ទទួល​ខុស​ត្រូវ​នៅ​ចំពោះព្រះ » ។ 14 មិន​ថា​យើងបានធំឡើងនៅ​ក្នុង​វប្បធម៌​ណា​នោះទេ ហើយ​មិន​ថា​ឪពុក​ម្ដាយ​យើង​ធ្វើបាប ឬ ពុំ​ធ្វើ​បាប​យើង​ទេ យើង​មិន​ត្រូវ​មាន​ការ​ធ្វើ​បាប​ខាង​រាងកាយ សតិអារម្មណ៍ ឬ ដោយពាក្យ​​សម្ដី​ទៅ​លើ​នរណា​ម្នាក់​ផ្សេង​ទៀត​នោះ​ឡើយ ។ 15

តម្រូវ​ការ​នៃ​ការ​មានភាពគួរសម​ក្នុង​សង្គម ពុំ​ធ្លាប់​សំខាន់​ជាង​ពេលនេះទេ ។ គ្រឹះ​នៃ​សន្ដានចិត្តល្អ និង ភាពគួរសម ចាប់​ផ្ដើម​ក្នុង​ផ្ទះ​របស់​យើង ។ វា​ពុំ​ជា​ការ​គួរឲ្យ​ភ្ញាក់​ផ្អើល​ទេ​ដែល​អាក្បកិរិយា​របស់​មនុស្ស​ជា​សាធារណៈ ធ្លាក់​ចុះ​ក្នុង​ពេល​ដូចគ្នា​នឹង​ការ​បែក​បាក់​ក្នុង​គ្រួសារ​នោះ ។ គ្រួសារ​គឺ​ជា​គ្រឹះ​សម្រាប់​ក្ដី​ស្រឡាញ់ និង ការ​ថែទាំជីវភាព​ខាង​វិញ្ញាណ ។ គ្រួសារ​លើក​កម្ពស់​បរិយាកាស​រក្សា​ខាង​សាសនា​អាច​​កើតឡើង​បាន ។​ ប្រាកដណាស់​ថា « មាន​លំអរ​នៅ​ព័ទ្ធ​ជុំ​វិញ កាលមាន​ក្ដី​ស្រឡាញ់​ក្នុង​ផ្ទះ » ។ 16

ភាព​អសីលធម៌​ខាង​ផ្លូវ​ភេទ និង គំនិត​មិនបរិសុទ្ធ ល្មើស​នឹង​បទដ្ឋាន​ដែល​បាន​បង្កើត​ឡើង​ដោយ​ព្រះអង្គសង្គ្រោះ ។ 17យើង​ត្រូវ​បាន​ព្រមាន​តាំង​ពី​ដំបូង​នៃ​គ្រាកាន់កាប់ត្រួតត្រា​នេះថា ភាពអសីលធម៌​ខាង​ផ្លូវ​ភេទ នឹង​ជា​បញ្ហា​ដ៏​ធំបំផុត ។ 18 ទង្វើរ​ដូច្នេះ នឹង​បណ្ដាលឲ្យ​មាន​គ្រោះ​រាំងស្ងួត​ខាង​វិញ្ញាណ ហើយ​បាត់​បង់​ការ​ប្តេជ្ញា​ចិត្ត បើ​ពុំ​ប្រែ​ចិត្ត​ទេ​នោះ ។ ខ្សែភាពយន្ត ទូរទស្សន៍ និង អ៊ិនធើរណិត ជាញឹកញាប់បង្ហាញ​ពី​សារ និង រូបភាព​ដែលថោកទាប​ ។ ថ្មីៗ​នេះ ប្រធាន ឌៀរថើរ អែហ្វ. អុជដូហ្វ និង ខ្ញុំ បាន​ទៅទស្សនា​​ភូមិព្រៃលិចទឹក​អាម៉ាហ្សូន ហើយ​បាន​សង្កេតឃើញ​មាន​​​ថាស​ផ្កាយរណបជាច្រើន​សូម្បី​តែនៅ​លើ​ដំបូល​ខ្ទម​តូចៗ​មួយចំនួន ។ យើង​អរសប្បាយ​នឹង​ព័ត៌មាន​ដ៏អស្ចារ្យ​ដែល​មាន​នៅ​​ក្នុ​ងតំបន់​ដាច់​ស្រយាល​នោះ ។ យើង​ក៏​បានទទួលស្គាល់​ផងដែរថា​ គ្មាន​កន្លែង​ណា​នៅ​លើ​ផែនដី​នេះ ដែល​ពុំ​ទទួលរងនូវ​ឥទ្ធិពល​ដោយ​រូបភាពដែល​ត្រេកត្រអាល អសីលធម៌ និង ខាង​ផ្លូវភេទនោះ​ឡើយ ។ នេះ​ជា​មូលហេតុ​មួយ ថាហេតុអ្វី​បាន​ជា​រូបអាសគ្រាម ក្លាយជា​បញ្ហាធ្ងន់ធ្ងរ​ក្នុង​ជំនាន់​របស់​យើង ។

ថ្មីៗ​នេះ ខ្ញុំ​បានសន្ទនា​ជាមួយនឹង​អ្នកកាន់បព្វជិតភាព​អើរ៉ុន​អាយុ 15 ឆ្នាំ​ម្នាក់ ។ គាត់​បានជួយ​ខ្ញុំ​ឲ្យ​យល់​​​ថា វា​ងាយស្រួល​ប៉ុណ្ណា​នៅក្នុង​ការប្រើប្រាស់​អ៊ិនធើរណិត​ជាទូទៅ​សម្រាប់​មនុស្ស​វ័យក្មេង ដែល​វា​ស្ទើរ​តែ​ពុំ​គិតសោះ​​ដើម្បី​បង្ហាញ​រូបភាព​មិនបរិសុទ្ធ ឬ​រូបភាពអាសគ្រាមនោះ​ ។ គាត់​បាន​បង្ហាញថា ត្បិត​គោលការណ៍​ភាគច្រើនបំផុត ដែល​សាសនាចក្របង្រៀន មាន​ការ​ទទួល​ស្គាល់​ខ្លះៗ​ក្នុង​សង្គម​ជាទូទៅ ថា​ ការ​ល្មើស​នឹង​គោលការណ៍​ទាំង​នេះ អាច​មាន​ឥទ្ធិ​ពល​ជា​ការ​បង្ហិនបង្ហោច​ដល់​សុខភាព និង សុខុមាលភាពដែរ ។ គាត់​បាន​ប្រាប់​អំពី ការជក់បារី ការប្រើ​គ្រឿងញៀន និង ការប្រើ​គ្រឿង​ស្រវឹង របស់មនុស្ស​ក្មេងៗ ។ ប៉ុន្តែ​គាត់​បាន​គូស​ចំណាំ​ថា គ្មាន​ការ​រអ៊ូរទាំខ្លាំងៗតបត ឬ​ ការ​ព្រមាន​សំខាន់​មួយ​ពី​សង្គម​ជាទូទៅ​អំពី​រូបអាសគ្រាម ឬ ភាពអសីលធម៌​ឡើយ ។

បងប្អូនប្រុសស្រី​ជាទីស្រឡាញ់​របស់​ខ្ញុំ ការវិភាគ​របស់​យុវជន​នេះ គឺ​ត្រឹមត្រូវ ។ តើ​ចម្លើយ​ជាអ្វីទៅ ? អស់រយៈពេល​ជាច្រើន​ឆ្នាំ ព្យាការី និង ពួកសាវក បាន​បង្រៀន​អំពី​សារៈសំខាន់​នៃរក្សា​សាសនា​នៅ​ក្នុង​ផ្ទះ ។ 19

ឪពុក​ម្ដាយ​ទាំងឡាយ វា​សំខាន់​ដែល​អ្នកត្រូវ​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​ការប្រជុំ និង កម្មវិធី​សាសនាចក្រ ជាមួយគ្រួសារ​អ្នក ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ កិច្ចការ​នេះ មិនអាចបំពេញ​នូវ​ការ​ទទួលខុសត្រូវដ៏​ពិសិដ្ឋ​របស់​អ្នក ដើម្បី​បង្រៀន​កូនចៅ​អ្នក​ឲ្យ​រស់នៅ​មាន​សីលធម៌ សុចរិត ហើយ​ដើរ​ត្រង់​ខ្លួន​នៅ​ចំពោះ​ព្រះអម្ចាស់យ៉ាងពេញលេញ​នោះ​ទេ ។ ជាមួយ​នឹ​ងការ​ប្រកាស​របស់ប្រធាន ម៉នសុន នៅព្រឹកនេះ វា​សំខាន់​ ដែល​នេះ​គឺ​ជា​ជោគជ័យ​ដ៏ពិត ដែល​ផ្ទះ​យើង​គួរ​តែ​ជាកន្លែង ដែលការ​មាន​សន្ដានចិត្តល្អ ការអភ័យទោស សេចក្ដីពិត និង សុចរិតភាពជ្រក​នៅ ។ ឪពុកម្ដាយ ត្រូវ​តែ​មានភាព​ក្លាហាន ដើម្បី​​ចម្រាញ់ ឬ គ្រប់គ្រង​ការប្រើ​អ៊ិនធើរណិត ទូរទស្សន៍ ខ្សែភាពយន្ត និង តន្ត្រី ។ ឪពុកម្ដាយ ត្រូវ​ហ៊ាន​និយាយថា ទេ ដើម្បី​ការពារ​សេចក្ដីពិត ហើយ​ថ្លែង​ទីបន្ទាល់​ដ៏​មានអានុភាព ។ កូនៗ​របស់​អ្នក ចាំបាច់ត្រូវដឹង​ថា អ្នក​មាន​ជំនឿ​លើ​ព្រះអង្គសង្គ្រោះ ស្រឡាញ់​ព្រះវរបិតាសួគ៌​អ្នក ហើយ​គាំទ្រ​អ្នកដឹកនាំ​នៃ​សាសនាចក្រ ។ ភាព​ចាស់ទុំ​ខាងវិញ្ញាណ ត្រូវ​តែ​បាន​ថែទាំបីបាច់​នៅ​ក្នុង​ផ្ទះ​របស់​យើង ។ ក្ដី​សង្ឃឹម​ខ្ញុំ​គឺ​ថា គ្មាន​នរណា​ម្នាក់​ដែល​នឹង​ចេញ​ពីសន្និសីទ​នេះ ​ដោយ​ពុំ​យល់​ថា បញ្ហាខាង​​​សីលធម៌​នៃ​ជំនាន់​យើង គឺ​ជា​រឿងដែល​ត្រូវ​តែ​ពិភាក្សា​ក្នុង​គ្រួសារនោះ​​ឡើយ ។ ប៊ីស្សព និង អ្នកដឹកនាំ​បព្វជិតភាព និង អង្គការជំនួយ ចាំបាច់​ត្រូវ​គាំទ្រ​ដល់​ក្រុមគ្រួសារ ហើយ​ត្រូវ​ប្រាកដ​ថា គោលការណ៍​ខាងវិញ្ញាណ​ត្រូវ​បាន​បង្រៀន ។ គ្រូបង្រៀន និង គ្រូ​សួរសុខទុក្ខ​​តាមផ្ទះ អាច​ជួយ ជាពិសេស​ដល់​កូនៗ​របស់​ឪពុកម្ដាយ​ទោល ។

យុវជន​ដែល​ខ្ញុំ​បាន​ប្រាប់ បាន​សួរ​ដោយស្មោះ​ថា តើ​ពួកសាវក​បាន​ដឹង​ថា ការ​បង្រៀន​តាំង​ពីដំបូង​​ក្នុង​ជីវិត និង​ការ​ការពារ​ទប់ទល់​នឹង​រូបអាសគ្រាម និង គំនិត​មិនបរិសុទ្ធ គួរ​តែ​ចាប់​ផ្ដើម​ឬ​ទេ ។ គាត់​បាន​និយាយ​ដោយ​មុតមាំ​ថា ​ក្នុង​តំបន់​ខ្លះ ទោះ​ជា​មុនពេល​យុវវ័យ​បញ្ចប់​ការសិក្សា​ពី​ថ្នាក់​បឋមសិក្សា ក៏​ពុំ​មែនជា​រឿង​ឆាប់​រហ័សពេក​នោះ​ដែរ ។

យុវវ័យ​ដែលធ្លាប់​​មើល រូបភាព​អសីលធម៌​តាំងពី​ក្មេង​វ័យ មាន​ការ​​ភ័យ​ខ្លាច​ថា ពួកគេ​ពុំសក្ដិសម​រួចទៅហើយ ដើម្បី​បម្រើ​ជា​អ្នកផ្សព្វផ្សាយសាសនា និង ទទួល​សេចក្ដី​សញ្ញា​ពិសិដ្ឋ ។ ជាលទ្ធផល ជំនឿ​របស់​គេ អាច​នឹងត្រូវ​កាត់បន្ថយ​យ៉ាង​ខ្លាំង ។ ខ្ញុំ​ចង់​អះអាង​នឹង​អ្នក​ យុវវ័យយើង​អើយ ដូច​ដែលអាលម៉ាបាន​បង្រៀន តាមរយៈការ​ប្រែចិត្ត​ នោះ​អ្នកអាច​សក្ដិសម​ចំពោះ​ពរជ័យទាំងអស់​នៃ​ស្ថានសួគ៌ ។ 20 នោះ​ជា​អ្វី​ដែល​ដង្វាយ​ធួន​របស់​ព្រះអង្គសង្គ្រោះ​ធ្វើឡើង ។ សូម​និយាយ​ជាមួយ​ឪពុកម្ដាយ​អ្នក ឬ អ្នកឲ្យដំបូន្មាន​ដែល​គួរ​ទុកចិត្ត ហើយ​ប្រឹក្សា​ជាមួយ​ប៊ីស្សព​អ្នក ។

នៅពេល​និយាយ​អំពីភាពអសីលធម៌ មនុស្ស​ពេញ​វ័យ​មួយចំនួនជឿ​ថា ការ​ប្រកាន់ខ្ជាប់​ទៅ​នឹង​គម្រោង​សប្បុរសធម៌​ ឬ គោលការណ៍ដ៏សំខាន់​មួយ ​ ពុំ​ចាំបាច់​ត្រូវ​ធ្វើ​តាម​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ​ទេ ។ ​ពួកគេ​និយាយ​ទៅ​ខ្លួន​គេ​ថា កិរិយា​មិនត្រឹមត្រូវ​ខាង​ផ្លូវភេទ​គឺ​ជា « រឿងតូចតាច ... [ បើ​ខ្ញុំ​ជា ] មនុស្ស​ល្អ និង មានសប្បុរសធម៌​នោះ » ។ 21 ការ​គិត​ដូច្នេះ គឺ​ជា​ការ​កុហក​ខ្លួន​ឯង​ដ៏អាក្រក់ ។ មនុស្ស​វ័យ​ក្មេង​មួយចំនួន បាន​ប្រាប់​ខ្ញុំ​ឲ្យ​ដឹង​ថា នៅ​ក្នុង​សង្គម​សព្វថ្ងៃ គឺ​វា​ពុំ « មានប្រជាប្រិយភាព » បើ​ព្យាយាម​ឲ្យខ្លាំង​ក្នុង​ផ្នែកជាច្រើន​ រួមមាន​ការរស់នៅដោយ​​តឹងរ៉ឹង​តាម​គោលការណ៍​សុចរិត​នោះ ។ 22 សូម​កុំ​ធ្លាក់​​ក្នុង​អន្ទាក់នេះឲ្យ​សោះ ។

នៅពិធី​បុណ្យជ្រមុជទឹក យើង​សន្យា​នឹង​លើកដាក់មក​លើ​យើង​នូវ « ព្រះនាម​នៃ [ ព្រះយេស៊ូវ ] គ្រីស្ទ ដោយ ​ប្ដេជ្ញា​ ថា នឹង​បម្រើ​ទ្រង់​ដល់​ចុង​បំផុត » ។ 23 សេចក្ដី​សញ្ញា​មួយដូច្នេះ តម្រូវ​ឲ្យ​មាន​ការ​ខិតខំ​ដោយ​ក្លាហាន ការប្តេជ្ញា​ចិត្ត និង ភាពសុចរិត បើយើង​ចង់​បន្ដ​ច្រៀង​ចម្រៀង​​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​ប្រោសលោះ ហើយ​បន្ត​ផ្លាស់ប្រែចិត្តជឿដ៏ពិត ។

គំរូ​ជា​ប្រវត្តិសាស្ត្រ​នៃ​ការតាំងចិត្ត​ដើម្បី​ឈរនៅ​រឹងមាំ និង មិនវៀចវេ​សម្រាប់​មនុស្ស​គ្រប់ជំនាន់ គឺ​បាន​បង្ហាញ​ដោយ​កីឡាករ​អូឡាំពិកនៅ​អង់គ្លេស ដែល​បាន​បញ្ចប់ក្នុងកីឡាអូឡាំពិក ​ឆ្នាំ 1924 ក្នុង​ទីក្រុងបារីស ប្រទេស​បារាំង ។

អេរិក លីតឌែល គឺ​ជា​កូនប្រុស​របស់​អ្នកផ្សព្វផ្សាយសាសនាជនជាតិ ស្កត់លែន ទៅ​ប្រទេស​ចិន ហើយ​ជា​បុរស​ជឿលើ​សាសនា​ដ៏​រឹងមាំ​ម្នាក់ ។ គាត់​បាន​ខឹង​នឹង​ថ្នាក់ដឹកនាំ​កីឡា​អូឡាំពិក​អង់គ្លេស​ ដោយ​បានបដិសេធ​ក្នុង​ការ​រត់​ប្រណាំងចម្ងាយ​ 91.44 ម. ​នៅ​ថ្ងៃ​អាទិត្យ ទោះ​ជា​ស្ថិត​នៅ​ក្រោម​សម្ពាធយ៉ាង​ខ្លាំង​ក្ដី​ ។ នៅ​ទីបំផុត គាត់​បាន​ទទួល​ជ័យ​ជំនះ​នៅ​ក្នុង​ការ​រត់​ប្រណាំងចម្ងាយ 400 ម៉ែត្រ ។ គំរូ​របស់​ លីតឌែល ក្នុង​ការ​បដិសេធ​ពុំ​រត់​នៅ​ថ្ងៃ​អាទិត្យ គឺ​ជា​ការ​បំផុសគំនិត​ដ៏​ពិសេស ។

ដោយ​ការពិពណ៌នា និង ការរំឭក​អំពី​កិត្តិយស​របស់គាត់ គាត់​យោង​ទៅ​​ពាក្យ​ដ៏បំផុសគំនិតមក​ពី​អេសាយ​ថា « តែអស់​អ្នកណា​ដែល​សង្ឃឹម​ដល់​ព្រះយេហូវ៉ាវិញ នោះ​គេ​នឹង​មានកម្លាំង​ចម្រើន​ជានិច្ច គេ​នឹង​ហើរ​ឡើង​ទៅ​លើ​ដោយ​ស្លាប​ដូច​ជា​ឥន្ទ្រី គេ​នឹង​រត់​ទៅ​ឥត​ដែល​ហត់ ហើយគេ​​នឹង​ដើរ​ឥត​ដែល​ល្វើយ​ឡើយ » ។ 24

ទង្វើ​ដ៏​គួរ​ឲ្យ​កោតសរសើរ​របស់ លីឌែល បាន​ជះឥទ្ធិពល​ខ្លាំង​ណាស់​ដល់​ការ​សម្រេចចិត្ត​របស់​កូន​ប្រុស​ពៅ​យើង កុំ​ឲ្យ​ចូលរួម​ក្នុង​កីឡា​នៅ​ថ្ងៃ​អាទិត្យ ហើយ​ដែល​សំខាន់ជាង​នោះ គឺដើម្បី​ញែក​ខ្លួន​គាត់​ពី​ទង្វើ​ដែល​មិន​សុចរិត និង ទង្វើខាង​លោកិយ ។ គាត់​បាន​ប្រើ​ពាក្យ​ដក​ស្រង់​ពី​អេសាយ សម្រាប់​ជាកំណត់ត្រា​ក្នុងសៀវភៅ​ប្រចាំ​ឆ្នាំ​របស់​គាត់ ។ អេរិក លីឌែល បាន​បន្សល់​ទុក​គំរូ​ដ៏​មាន​អានុភាព​អំពី​ការ​តាំងចិត្ត និង ការប្ដេជ្ញាចិត្ត​ចំពោះ​គោលការណ៍ ។

នៅពេល​យុវវ័យ​របស់​យើង​ធ្វើ​តាម​ការប្រឹក្សា​របស់ប្រធាន​ម៉នសុន ដោយ​ការ​រៀបចំ​ខ្លួន​ដើម្បី​បម្រើ​បេសកកម្ម ហើយ​នៅពេល​យើង​ទាំងអស់គ្នា​រស់នៅ​តាម​គោលការណ៍​ទាំងឡាយ ដែល​ព្រះអង្គសង្គ្រោះ​បានបង្រៀន ហើយ​រៀបចំ​ដើម្បី​ជួប​នឹង​ព្រះ ។ 25 នោះ​យើង​ឈ្នះ​ការរត់​ប្រណាំង​ដ៏​សំខាន់បំផុត ។ 26 យើង​នឹង​មាន​ព្រះវិញ្ញាណបរិសុទ្ធ ជា​អ្នកដឹកនាំទិសដៅ​ខាង​វិញ្ញាណ​របស់​យើង ។ ត្បិត​នរណា​ដែល​រស់នៅ​ដោយ​ឥត​របៀប​រៀបរយ សូមចាំថា វា​ពុំ​ដែល​យឺត​ពេល​ដើម្បី​យក​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ​ធ្វើ​ជា​គ្រឹះ​នៃ​សេចក្ដីជំនឿ និង​ ជីវិត​រស់នៅ​របស់​យើង​ទេ ។ 27

នៅ​ក្នុង​សម្ដី​របស់​អេសាយ​ថា « ទោះ​បើ​អំពើ​បាប​របស់​ឯង​ដូច​ជា​ពណ៌​ក្រហម​ទែង​ក៏ដោយ គង់​តែ​នឹង​បាន​ស​ដូច​ហិមៈ ទោះ​បើ​ក្រហម​ឆ្អៅ​ក៏ដោយ គង់​តែ​នឹង​បានដូចជា​រោម​ចៀម​វិញ » ។ 28

ការអធិស្ឋាន​ដ៏​ស្មោះ​របស់ខ្ញុំ​សុំ​ឲ្យ​យើង​ម្នាក់ៗ នឹង​ធ្វើ​នូវ​អ្វី​ៗ​​ដែល​ចាំបាច់ ដើម្បី​មានព្រះវិញ្ញាណ ក្នុង​ពេល​នេះ ដើម្បី​យើង​អាចចង់​ច្រៀង នូវ​ចម្រៀង​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​ប្រោសលោះ​ក្នុង​ដួងចិត្ត​យើង​ទាំងអស់​គ្នា ។ ខ្ញុំ​ថ្លែងទីបន្ទាល់​ពី​អំណាច​នៃ​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។​

Mostrar las referencias

  1.  

    1. សូមមើល អាលម៉ា 4:15–19 ។

  2.  

    2.  អាលម៉ា 5:26  ។

  3.  

    3. គ្រានោះ ចច អ័លប៊ើត ស៊្មីធ គឺ​ជា​ប្រធាន​នៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរនាក់​នាគ្រានោះ ។ លោក​បាន​ក្លាយ​ជា​​​ប្រធាន​នៃ​សាសនាចក្រ នៅ​ថ្ងៃ​ទី  21 ខែ ឧសភា ឆ្នាំ 1945 ។ ( សូមមើល Deseret News 2012 Church Almanac [ ឆ្នាំ 2012 ], 98 ) ។

  4.  

    4. ចច អ័លប៊ើត ស៊្មីធ នៅក្នុង Sheri  L. Dew, Ezra Taft Benson: A Biography ( ឆ្នាំ 1987 ), 184 ។

  5.  

    5. ភីហ្គី នូនណាន « The Dark Night Rises » Wall Street Journal, ថ្ងៃទី 28–29 ខែ​កក្កដា ឆ្នាំ 2012, A17 ។

  6.  

    6. បណ្ឌិត អរ.  អាល់ប៊ើត ម៉ូលើរ ជុញ្ញ័រ ប្រធាន​នៃ​ថ្នាក់សិក្ខាសាលា​ទ្រឹស្ដី​បាទីស្ទ​ប៉ែក​ខាង​ត្បូង បទបង្ហាញ​ដល់​​អ្នកដឹកនាំសាសនា នៅទីក្រុង នូវយ៉ោក ថ្ងៃទី 5 ខែ កញ្ញា ឆ្នាំ 2012 ។

  7.  

    7. សូមមើល នីហ្វៃទី  2 2:27; ។

  8.  

    8. សូមមើល យ៉ូហាន 5:39; អាម៉ុស 8:11; ក៏សូមមើល ជែមស៍ អ៊ី ហ្វោស្ត « A Personal Relationship with the Savior » Ensign, ខែ​វិច្ឆិកា ឆ្នាំ 1976,​ 58--59 ។

  9.  

    9. សូមមើល អាលម៉ា 31:5 ។

  10.  

    10. សូមមើល អាលម៉ា 36:23–26 ។

  11.  

    11. ស៊ី.   អេស.   លូវីស Mere Christianity ( ឆ្នាំ 1952 ), សៀវភៅ​ទី 1, ជំពូក 5, ទំព័រ 31–32 ។ លូវីស គឺ​ជា​អ្នក​អក្សរសាស្ត្រ​អង់គ្លេស​នៅសាកលវិទ្យាល័យ អូកស្វ៊ើត និង ជា​ប្រធាន​នៃ​សាកលវិទ្យាល័យ​ខេមប្រ៊ីត ភាសាអង់គ្លេស​យុគ្គ​កណ្ដាល និង ចលនា​អក្សសាស្ត្រ​អង់គ្លេស ។

  12.  

    12. សូមមើល Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ 2007), 324 សូមមើល ​​វិវរណៈ 3:15–16 ផងដែរ ។

  13.  

    13.  អាលម៉ា 5:33  ។

  14.  

    14. « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » Liahona និងEnsign, ខែ​វិច្ឆិកា ឆ្នាំ 2010, 129 ។

  15.  

    15. សូមមើល រីឆាដ  ជី. ស្កត « Removing Barriers to Happiness » Ensign, ខែ ឧសភា ឆ្នាំ 1998, 85–87 ។ ទំនៀមទំលាប់​ខាង​វប្បធម៌​មួយចំនួន គឺ​ផ្ទុយ​ទៅនឹង​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ ហើយ​អាច​នាំ​យើង​ទៅ​កាន់​ការ​វង្វេង ។ នៅពេល​ខ្ញុំ​នៅ​ប៉ាស៊ីហ្វិក​ខាង​ត្បូង ខ្ញុំ​បាន​ជួប​នឹង​បុរស​ម្នាក់​ដែល​បានមក​រៀន​អំពី​សាសនាចក្រ​អស់រយៈពេល​ជាច្រើន​ឆ្នាំ ។ គាត់​បាន​រាយការណ៍​ថា គាត់​ទទួល​អារម្មណ៍ជ្រាលជ្រៅ នៅពេល​​អ្នកដឹកនាំ​សាសនាចក្រ ​បាន​បង្រៀន​នៅ​ក្នុង​សន្និសីទ​បព្វជិតភាព « ដៃ​ដែល​អ្នក​បាន​ប្រើ​ទៅ​វាយ​កូនៗ​របស់​អ្នក​កាលពីមុន គឺ​ត្រូវ​បាន​ប្រើ​ដើម្បីប្រទានពរ​ដល់​កូនៗ​របស់អ្នក » ។ គាត់​បាន​ទទួល​មេរៀន​ពីអ្នកផ្សព្វផ្សាយសាសនា បានទទួលបុណ្យជ្រមុជទឹក ហើយ​បាន​ក្លាយ​ជាអ្នកដឹកនាំ​ដ៏អស្ចារ្យ​ម្នាក់ ។

  16.  

    16. « ក្ដីស្រឡាញ់​ក្នុង​ផ្ទះ » Hymns, no. 294 ។

  17.  

    17. សូមមើល អាលម៉ា 39 ។

  18.  

    18. សូមមើល អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « Cleansing the Inner Vessel » Ensign, ខែ​ឧសភា ឆ្នាំ 1986, 4 ។

  19.  

    19. ប្រធាន ហ្គរដុន  ប៊ី ហ៊ិងគ្លី បាន​ណែនាំ​ថា « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅ​ក្នុង​ការប្រជុំ​សមាគមសង្គ្រោះ​ទូទៅនៅ​ក្នុង​ខែ កញ្ញា ឆ្នាំ 1995 ។ ប្រធាន ថូម៉ាស​  អេស ម៉នសុន ធ្វើជាអធិបតី​ បាន​ផ្លាស់​ប្ដូរ​ជំពូកទីមួយ​នៃក្បួនខ្នាត​ភាគ 2 ៖ ការគ្រប់គ្រង​សាសនាចក្រ ( ឆ្នាំ 2010 ) « ក្រុមគ្រួសារ​នៅ​ក្នុង​សាសនាចក្រ នៅ​ក្នុង​ផែនការ​របស់​ព្រះ » ។

  20.  

    20. សូមមើល អាលម៉ា 13:27–30; 41:11–15 ។

  21.  

    21. រ៉ូស ដូថាត Bad Religion : How We Became a Nation of Heretics ( ឆ្នាំ 2012 ), 238 សូមមើល ​អាលម៉ា 39:5 ផងដែរ ។

  22.  

    22. ​វប្បធម៌ ដែល​ពេញ​ដោយ​អំពើហឹង្សា និង ភាព​អសីលធម៌ ហើយ​គ្រោះថ្នាក់​ដល់​អ្នកទាំងឡាយ ដែល​រស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះអង្គសង្គ្រោះ បានបង្រៀន គួរតែកុំឲ្យ​វារំខាន​ដល់​ជំនឿ​របស់​អ្នក ។ ដូចជាកំណាព្យ Wordsworth ដ៏ទន់ភ្លន់ បានតែងថា « ចិញ្ចឹម​ [ គំនិត​អ្នក ] មាន​គំនិត​គួរ​ឲ្យ​ស្ងើចសរសើរ ដែល​ពុំ​និយាយ​ពាក្យ​អាក្រក់ ពុំវិនិច្ឆ័យមិន​ត្រឹមត្រូវ ទាំងមិន​សើច​ចំអក​ដល់​មនុស្ស​ដែល​អត្មានិយម … នឹង​បាន​ជោគជ័យជានិច្ច … ឬ​ រំខាន​ដល់សេចក្ដីជំនឿដ៏រីករាយ [ របស់​អ្នក ] ឡើយ » ( « Lines Composed a Few Miles above Tintern Abbey » នៅ​ក្នុង The Oxford Book of English Verse,, ed. Christopher Ricks [ ឆ្នាំ​ 1999 ], 346 ) ។

  23.  

    23.  មរ៉ូណៃ 6:3; គូសបញ្ជាក់​បន្ថែម; សូមមើល​ផងដែរ ម៉ូសាយ 18:13 ។

  24.  

    24.  អេសាយ 40:31  ។ សូមមើល Robert L. Backman, « Day of Delight, » New Era, ខែ​មិថុនា ឆ្នាំ 1993, 48–49 ។

  25.  

    25. សូមមើល អាលម៉ា 34:32 ។

  26.  

    26. សូមមើល កូរិនថូសទី 1 9:24–27 ។

  27.  

    27. សូមមើល ហេលេមិន 5:12 ។ Oliver Wendell Holmes Sr បាន​ប្រឹក្សា​ថា « ខ្ញុំ​រក​ឃើញ​នូវ​រឿង​ដ៏​អស្ចារ្យ​នៅ​ក្នុង​ពិភពលោក​នេះ ពុំអាស្រ័យ​ថា​យើង​ឈរ​នៅ​កន្លែង​ណា ដូចជា​ទិសដៅ​ដែល​​​យើងត្រូវ​ទៅនោះ​ទេ៖ ដើម្បី​ទៅ​ដល់​ផែ​នៃ​ស្ថានសួគ៌ ពេលខ្លះ​យើង​ត្រូវបើក​ទូក​ទៅ​ក្នុង​ខ្យល់ ហើយ​ពេល​ខ្លះ​ត្រូវ​តទល់​នឹង​វា-- ប៉ុន្តែ​យើង​ត្រូវ​តែ​បើក​ទូកទៅ ហើយ​កុំ​ឲ្យ​រសាត់ ឬ​ពឹងលើ​យុថ្កា​នោះ​ឡើយ​ » (The Autocrat of the Breakfast-Table [ ឆ្នាំ 1858], 105 ) ។

  28.  

    28.  អេសាយ 1:18  ។