មើល​អ្នក​ដទៃ ដូចដែល​ពួកគេ​អាច​ប្រែក្លាយ​

ដោយ​ប្រធាន ថូម៉ាស  អេស ម៉នសុន


ថូម៉ាស អេស ម៉នសុន
យើង​ត្រូវ​តែអភិវឌ្ឍ​សមត្ថភាព​ដើម្បី​មើល​មនុស្ស​មិន​មែន​ត្រឹម​តែ​ថា​ ពួកគេ​ជា​នរណា​ពេល​បច្ចុប្បន្ន​នេះ​ទេ ប៉ុន្ដែ​មើល​ពួកគេ​ថា​ ពួកគេ​នឹង​ក្លាយជា​អ្វី ។

បងប្អូនប្រុស​ជាទី​ស្រឡាញ់ មាន​ចំនួន​ពីរដង​ក្នុង​មួយ​ឆ្នាំ ​មជ្ឈមណ្ឌល​សន្និសីទ​ដ៏​ល្អ​នេះ​មាន​​ពោរពេញ​ដោយ​អ្នកកាន់​បព្វជិតភាព​នៃ​ព្រះ ពេល​យើង​រួមគ្នា​ស្ដាប់​​សារលិខិត​ដ៏​បំផុស​គំនិត​ទាំងឡាយ ។ មាន​ព្រះវិញ្ញាណ​ដ៏​អស្ចារ្យ​មួយ ដែល​មាន​ពាសពេញ​ក្នុង​ការប្រជុំ​បព្វជិតភាព​ទូទៅ​នៃ​សាសនាចក្រ​នេះ ។ ព្រះវិញ្ញាណ​នេះ មក​ពី​មជ្ឈមណ្ឌល​សន្និសីទ ហើយ​ចូល​ទៅក្នុង​អគារ​នានា​ដែល​បុត្រា​នៃ​ព្រះ​ប្រជុំ ។ យើង​ពិត​ជា​មាន​អារម្មណ៍​ពី​ព្រះវិញ្ញណ​នោះ ​នា​យប់​នេះ ។

ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ មុនពេល​មជ្ឈមណ្ឌល​សន្និសីទ​ដ៏​ស្រស់ស្អាត​នេះ​ត្រូវ​បាន​កសាងឡើង​ មាន​អ្នកមក​ទស្សនា​ ​ ​វិសាលដ្ឋាន​នៃ​ព្រះវិហារបរិសុទ្ធ​ក្នុង​ទីក្រុង​សលត៍ លេកម្នាក់ បាន​ចូលរួម​វគ្គ​នៃ​សន្និសីទ​ទូទៅ​មួយ​នៅ​រោងឧបោសថ ។ គាត់​បាន​ស្ដាប់​នូវ​សារលិខិត​របស់​បងប្រុស​ទាំងឡាយ ។ គាត់​បាន​ផ្ចង់​អារម្មណ៍​ទៅ​នឹង​ការអធិស្ឋាន ។ គាត់បាន​ស្តាប់​​តន្ដ្រី​ដ៏​ពិរោះ​ច្រៀង​ដោយ​ក្រុម​ចម្រៀង​រោងឧបោសថ ។ គាត់​បាន​ស្ញប់ស្ញែង​នឹង​ភាពអស្ចារ្យ​នៃ​ព្យាណូ​ខ្យល់នៃ​​រោងឧបោសថ​ដ៏​ល្អ​ឯក ។ ក្រោយ​ពី​ការប្រជុំ​ចប់​ទៅ គេបាន​​ឮ​គាត់​និយាយ​ថា « ខ្ញុំ​នឹង​ផ្ដល់​អ្វីៗ​​ដែល​ខ្ញុំ​មាន បើ​ខ្ញុំ​ដឹង​ថា អ្វី​ដែល​អ្នកនិយាយ​ទាំងនោះ​បាន​និយាយ​ថ្ងៃនេះ​គឺជា​ការពិត » ។ ខ្លឹមសារ​ដែល​គាត់​និយាយ​នោះ​គឺ ៖ « ខ្ញុំ​ប្រាថ្នា​ថា ខ្ញុំ​មាន​ទីបន្ទាល់​មួយ​អំពី​ដំណឹងល្អ » ។

វា​ពិត​ជា​គ្មាន​អ្វី​ក្នុង​លោក​នេះ ដែល​នឹង​ផ្ដល់​នូវ​ការលួងលោម និង សុភមង្គល​ជាង​ការ​មាន​ទីបន្ទាល់​មួយ​ពី​សេចក្ដីពិត​នោះ​ទេ ។ ខ្ញុំ​ជឿ​ថា បុរស ឬ យុវជន​គ្រប់រូប​នៅ​ទីនេះ​យប់​នេះ​ ​មាន​ទីបន្ទាល់​មួយ ទោះជា​ទីបន្ទាល់​នោះ​មាន​កម្រិត​ខុស​ៗគ្នា​ក្ដី ។ ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា អ្នក​មិន​ទាន់​មាន​ទីបន្ទាល់​ដ៏​រឹងមាំ​មួយ ដូច​ដែល​អ្នក​នឹង​ចង់​មានទេ ។ ខ្ញុំ​សូម​ដាស់តឿន​អ្នក​ឲ្យ​ធ្វើការ​ដើម្បី​ទទួល​បាននូវ​​ទីបន្ទាល់​មួយ​នោះ ។ បើសិន​ទីបន្ទាល់​របស់​អ្នក​រឹងមាំ និង ស៊ីជម្រៅហើយ សូម​បន្ដ​ខំ​ប្រឹង​ដើម្បី​រក្សា​វា​ដូច​អញ្ចឹង​ត​ទៅ​ទៀត ។ តើ​វា​ជា​ពរ​ជ័យ​ដល់​យើង​ប៉ុណ្ណា​ទៅ​ហ្ន៎! ដើម្បី​មាន​ចំណេះ​ដឹង​មួយ​ពី​សេចក្តី​ពិត​នោះ ។

បងប្អូនប្រុស សារលិខិត​របស់​ខ្ញុំ​នា​យប់​នេះ​គឺ​ថា មាន​បុគ្គល​ជាច្រើន​ដែល​មាន​ទីបន្ទាល់​តិច ឬ គ្មាន​សោះ​ក្នុង​ពេល​នេះ ពួកគេ​ទាំងនោះ​អាច​នឹង​បាន​ ហើយ​ព្រម​ទទួល​យក​ទីបន្ទាល់​មួយដូច​អញ្ចឹង បើ​សិន​ជា​យើង​មាន​ចិត្ត​ចង់​ចែកចាយ​នូវ​ទីបន្ទាល់​របស់យើង​ជាមួយ​ពួកគេ និង​ដើម្បី​ជួយ​ពួកគេ​ឲ្យ​ផ្លាស់ប្ដូរនោះ ។ ពេល​ខ្លះ យើង​ក៏​អាច​ផ្ដល់នូវ​​ការលើកទឹកចិត្ត​ឲ្យ​មាន​ការផ្លាស់ប្ដូរ ។ ដំបូង ខ្ញុំ​នឹង​និយាយ​ពី​អ្នក​ដែល​ជា​សមាជិក ប៉ុន្ដែ​ក្នុង​ពេល​នេះ មិន​មាន​ការប្តេជ្ញា​ចិត្ត​ពេញលេញ​ចំពោះ​​ដំណឹងល្អ ។

ជាច្រើន​ឆ្នាំ​កន្លង​ទៅ នៅ​ឯ​​សន្និសីទ​តំបន់​មួយដែល​បាន​ប្រារព្ធ​ឡើង​​ក្នុងទីក្រុង Helsinki ប្រទេស​ហ្វាំងឡង់ ខ្ញុំ​បាន​ឮ​សារលិខិត​ដ៏​មាន​អំណាច គួរ​ចងចាំ និង ដ៏​បំផុស​មួយ​ដែល​បាននិយាយ​កំឡុង​​វគ្គ​សម្រាប់​អ្នកម្ដាយ និង កូនស្រី ។ ខ្ញុំ​មិន​បាន​ភ្លេច​នូវ​សារលិខិត​​នោះ​ទេ ទោះជា​វា​បាន​កន្លង​ទៅ​ជិត 40 ឆ្នាំ​ហើយ​តាំង​ពី​ខ្ញុំ​បាន​ឮ​វា​នោះ ។ ក្នុង​ចំណោម​ការពិត​ជាច្រើន​ដែល​អ្នកនិយាយ​បាន​ពិភាក្សា គាត់​បាន​និយាយ​ថា ស្ដ្រី​ម្នាក់​ត្រូវ​ការ​ប្រាប់​ថា នាង​ស្អាត ។ នាង​ត្រូវការ​ប្រាប់​ថា នាង​ជា​មនុស្ស​ដ៏​គួរ​ឲ្យ​គោរព ។ នាង​ត្រូវការ​ប្រាប់​ថា នាង​ជា​មនុស្ស​ដ៏មានតម្លៃ ។

បងប្អូន​ប្រុស ខ្ញុំ​ដឹង​ថា បុរស​ក៏​ដូចជា​ស្ដ្រី​ដែរ​ត្រង់​ចំណុច​នេះ ។ យើង​ត្រូវ​ការ​ប្រាប់​ថា យើង​មាន​តម្លៃ ថា​យើង​មាន​សមត្ថភាព និង ដែល​គួរ​ឲ្យ​គោរព ។ យើង​ត្រូវ​ទទួល​បាន​ឱកាស​មួយ​ដើម្បី​បម្រើ ។ សម្រាប់​សមាជិក​ទាំងឡាយ​ដែល​មិន​សកម្ម ឬ ដែល​ស្ទាក់ស្ទើរ​នឹង​សកម្ម យើង​អាច​ស្វែងរក​ដោយ​ការអធិស្ឋាន​នូវ​វិធី​ដើម្បី​ទៅ​ដល់​ពួកគេ​នោះ ។ ការសុំ​ពួកគេ​ឲ្យ​បម្រើ​តាម​សមត្ថភាព​ខ្លះ អាច​ជា​ការលើកទឹកចិត្ត​ដ៏​ត្រឹមត្រូវ​ដែល​ពួកគេ​ត្រូវការ​ដើម្បី​ត្រឡប់​មក​សកម្មភាព​ពេញលេញ​វិញ ។ ប៉ុន្ដែ អ្នកដឹកនាំ​ទាំងឡាយ​ដែល​អាច​ជួយ​ដោយ​ហៅ​ពួកគេ​ឲ្យ​បម្រើ ពេល​ខ្លះ​គាត់​មាន​ការស្ទាក់ស្ទើរ​ដើម្បី​ធ្វើការ​នោះទៅ​វិញ ។ យើង​ត្រូវ​ចាំ​ថា មនុស្ស​អាច​ផ្លាស់ប្ដូរ ។ ពួកគេ​អាច​ទុក​ចោលនូវ​​ទម្លាប់​អាក្រក់​នោះ​បាន ។ ពួកគេ​អាច​ប្រែចិត្ត​ពី​ការរំលង​នោះ​បាន ។ ពួកគេ​អាច​កាន់​បព្វជិតភាព​ដោយ​ស័ក្ដិសម​បាន ។ ហើយ​ពួកគេ​អាច​បម្រើ​ព្រះអម្ចាស់​ដោយ​ឧស្សាហ៍​បាន ។ ខ្ញុំ​សូម​លើក​ឧទាហរណ៍​ចំនួន​ពីរ​បី ។

នៅពេល​ខ្ញុំ​ក្លាយជា​សមាជិក​នៃ​កូរ៉ុម​នៃ​ពួកដប់ពីរ​នាក់​ដំបូង ខ្ញុំ​មាន​ឱកាស​អម​ដំណើរ​ប្រធាន អិន.  អេលឌិន ថែនណឺ ជា​ទីប្រឹក្សា​ដល់​ប្រធាន ដេវីឌ  អូ មិកឃេ ទៅ​សន្និសីទ​ស្ដេក​មួយ​នៅខេត្ត អាល់ប៊ើរតា ប្រទេស​កាណាដា ។ កំឡុង​ពេល​ប្រជុំ​នោះ ប្រធាន​ស្ដេក​បាន​អាន​ឈ្មោះ​បងប្រុស​បួន​នាក់​ដែល​ស័ក្ដិសម​នឹង​តែងតាំង​ជា​អែលឌើរ ។ ​ប្រធាន ថែនណឺ ធ្លាប់​ស្គាល់ពួក​បុរស​ទាំង​នេះ​ ដោយសារ​គាត់​ធ្លាប់​រស់នៅ​ក្នុង​តំបន់​នោះ​ពីមុន ។ ប៉ុន្ដែ​ប្រធាន ថែនណឺ បាន​ស្គាល់ និង ចាំថា​ ពួកគេ​ធ្លាប់មិន​មាន​ភាពសក្តិសម នឹង​មិន​បាន​ដឹង​ថា​ពួកគេ​បាន​ប្រែ​​ជីវិត​គេ​មក ហើយ​មាន​ភាពស័ក្ដិសម​យ៉ាង​ពេញលេញ​ដើម្បី​ក្លាយជា​អែលឌើរនោះ​ទេ​ ។

ប្រធាន​ស្ដេក អាន​ឈ្មោះ​បុរស​ទីមួយ ហើយ​សុំ​ឲ្យ​គាត់​ក្រោកឈរ ។ ប្រធាន ថែនណឺ បាន​ខ្សឹប​ប្រាប់​ខ្ញុំ​ថា « មើល​គាត់​ន៎ ! ខ្ញុំ​មិន​ដែល​គិត​ថា គាត់​នឹង​ស័ក្ដិសម​នោះ​ទេ » ។ ប្រធាន​ស្ដេក​អាន​ឈ្មោះ​បុរស​ទី​ពីរ ហើយ​គាត់​ក្រោកឈរ ។ ប្រធាន ថែនណឺ ប៉ះ​ខ្ញុំ​ម្ដងទៀត ហើយ​ប្រាប់​ពី​ការភ្ញាក់ផ្អើល​របស់​គាត់ ។ ហើយ​វា​បាន​បន្ដ​គ្រប់​បងប្រុស​ទាំង​បួន​រូប ។

ក្រោយពី​ការប្រជុំ ប្រធាន ថែនណឺ និង ខ្ញុំ​បាន​មាន​ឱកាសជួប​និង​​អបអរ​សាទរ​បងប្រុស​ទាំង​បួន​នេះ ។ ពួកគាត់​បាន​បង្ហាញ​ថា មនុស្ស​អាច​ផ្លាស់ប្ដូរ​បាន ។

អំឡុង​ទសវត្សរ៍​ឆ្នាំ 1940 និង 1950 អ្នកយាម​គុក​អាមេរិក​ម្នាក់​ឈ្មោះ ក្លីនតុន ដូហ្វី ល្បី​ឈ្មោះ​ដោយសារ​ការខិតខំ​របស់​គាត់​ដើម្បី​ស្ដារ​នីតិ​សម្បទា​បុរស​នៅក្នុង​គុក​របស់​គាត់ ។ អ្នករិះគន់​លើ​ការនេះ ​ម្នាក់​បាន​និយាយ​ថា « តើ​អ្នក​មិន​ដឹង​ទេ​ឬ​ថា ខ្លា​រខិន​មិន​អាច​ផ្លាស់ប្ដូរ​ស្នាម​អុជៗ​លើ​ខ្លួន​វា​បាន​នោះ! »

វ៉ាដិន ដូហ្វី បាន​ឆ្លើយ​ថា « អ្នក​ត្រូវ​ដឹង​ថា ខ្ញុំ​មិន​ធ្វើការ​ហ្នឹង​ជាមួយ​នឹង​ហ្វូង​ខ្លារខិន​ទេ ។ ខ្ញុំ​ធ្វើការ​ហ្នឹង​ជាមួយ​នឹង​មនុស្ស ហើយ​មនុស្ស​ផ្លាស់ប្ដូរ​រាល់ថ្ងៃ » ។1

ជាច្រើនឆ្នាំ​​កន្លង​ទៅ វា​ជា​ឱកាស​របស់​ខ្ញុំ​ដើម្បី​បម្រើ​ជា​ប្រធាន​បេសកកម្ម​ប្រទេស​កាណាដា ។ នៅ​ទីនោះ មាន​សាខា​មួយ​ដែល​មាន​អ្នកកាន់​បព្វជិតភាព​ដ៏​តិចតួច​បំផុត ។ យើង​តែងតែ​មាន​អ្នកផ្សព្វផ្សាយ​សាសនា​ម្នាក់​ធ្វើ​ជា​អធិបតី​នៃ​សាខា​នោះ ។ ខ្ញុំ​បាន​ទទួល​ការបំផុស​ដ៏​ខ្លាំង​មួយ​ថា យើង​ត្រូវ​មាន​តែ​សមាជិកម្នាក់​​​ពី​សាខានោះ ដើម្បី​​ធ្វើជា​ប្រធាន​​នៅ​ទីនោះ ។

យើង​មាន​សមាជិក​មជ្ឈិមវ័យ​ម្នាក់​នៅ​សាខា​នោះ ដែល​ជា​ឌីកុន​ម្នាក់​នៅ​ថ្នាក់​បព្វជិតភាព​អើរ៉ុន ប៉ុន្ដែ​គាត់​មិន​បាន​ចូល​រួម​ល្មម​គ្រប់គ្រាន់​ដើម្បី​បន្ដ​ក្នុង​ថ្នាក់​បព្វជិតភាព​ទេ ។ ខ្ញុំ​បាន​មាន​អារម្មណ៍​ដ៏បំផុស​ដើម្បី​ហៅ​គាត់ ឲ្យ​ធ្វើ​ជា​ប្រធាន​សាខា ។ ខ្ញុំ​នៅ​តែ​​ចងចាំ​ថ្ងៃ​នោះ​ជានិច្ច​ ពេល​ដែល​ខ្ញុំ​បាន​សម្ភាសន៍​ជាមួយ​គាត់ ។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា ព្រះអម្ចាស់​បាន​បំផុស​ខ្ញុំ​ឲ្យ​ហៅ​គាត់​ធ្វើ​ជា​ប្រធាន​សាខា ។ ក្រោយពី​ការប្រកែក​ជាច្រើន​ពី​ខាង​គាត់ និង ការលើក​ទឹកចិត្ត​ជាច្រើន​ពី​ខាង​ភរិយា​គាត់ គាត់​បាន​បង្ហាញ​ថា គាត់​នឹង​បម្រើ ។ ខ្ញុំ​បាន​តែងតាំង​គាត់​ជា​សង្ឃ ។

វា​គឺជា​ការចាប់ផ្ដើម​ថ្មី​មួយ​សម្រាប់​បុរស​នោះ ។ ជីវិត​របស់​គាត់​បាន​ប្តូរ​ទៅ​ជា​មាន​​របៀបរៀបរយ​យ៉ាង​រហ័ស ហើយ​គាត់បាន​​ធានា​ដល់​ខ្ញុំ​ថា គាត់​នឹង​រស់នៅ​តាម​បទបញ្ញត្តិ​ទាំងឡាយ ដូច​ដែល​គាត់​ត្រូវ​បាន​រំពឹង​​ថា​នឹង​រស់នៅ​តាម​នោះ ។ ក្នុង​ពេល​ពីរ​បី​ខែក្រោយ​មក​ គាត់​ត្រូវ​បាន​តែងតាំង​ជា​អែលឌើរ ។ ទីបំផុត គាត់ និង ភរិយា ព្រមទាំង​គ្រួសារ​គាត់ បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ ហើយ​បានទទួល​ពិធី​​ផ្សារភ្ជាប់ ។ កូនៗ​របស់​ពួកគាត់ បាន​បម្រើ​បេសកកម្ម ហើយ​បាន​រៀបការ​ក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ ។

ពេលខ្លះ ការឲ្យ​បងប្អូន​ប្រុស​យើង​ដឹង​ថា យើង​ត្រូវការ​គេ ហើយ​ថា​ពួកគេ​មាន​តម្លៃ​នោះ អាច​ជួយ​ពួកគេ​បោះ​ជំហានចូល​​ក្នុង​ការប្តេជ្ញា​ចិត្ត និង សកម្មភាព​ពេញលេញវិញ ។ នេះ​អាច​ជា​អ្នកកាន់​បព្វជិតភាព​ដ៏​ពិត ដោយ​មិន​គិត​ពី​អាយុ ។ វា​ជា​ការទទួល​ខុសត្រូវ​របស់​យើង ដើម្បី​ផ្ដល់​ឱកាស​ដល់​ពួកគេ​ឲ្យ​រស់នៅ​ដូចដែល​ពួកគេ​គួរតែ​ធ្វើ ។ យើង​អាច​ជួយ​ពួកគេ​ឲ្យ​យក​ឈ្នះ​លើ​បរាជ័យ​របស់​ពួកគេ ។ យើង​ត្រូវ​តែអភិវឌ្ឍ​សមត្ថភាព​ដើម្បី​មើល​មនុស្ស​មិន​មែន​ត្រឹម​តែ​ថា​ ពួកគេ​ជា​នរណា​ពេល​បច្ចុប្បន្ន​នេះ​ទេ ប៉ុន្ដែ​មើល​ពួកគេ​ថា​ ពួកគេ​នឹង​ក្លាយជា​អ្វី ពេល​ដែល​ពួកគេ​ទទួល​បាន​ទីបន្ទាល់​អំពី​ដំណឹងល្អ​របស់​ព្រះគ្រីស្ទនោះ ។

ខ្ញុំ​ធ្លាប់​បាន​ចូលរួម​ការប្រជុំ​មួយ​នៅទីក្រុងលីតវីល រដ្ឋខូឡូរ៉ាដូ ។ ទីក្រុង​ លីតវីល ស្ថិត​នៅលើ​ខ្ពង់រាប​មួយ​កម្ពស់​ជាង 3000 ម៉ែត្រ ។ ខ្ញុំ​ចាំ​ពី​ការប្រជុំ​ពិសេស​នោះ ដោយសារ​តែ​ខ្ពង់រាប​ដ៏​ខ្ពស់​នោះ ហើយ​​ខ្ញុំ​ក៏​បាន​ចាំនូវ​អ្វី​ដែល​កើតឡើង​នា​ល្ងាច​នោះ​ដែរ ។ នា​ល្ងាច​នោះមាន​អ្នកកាន់​បព្វជិតភាពតែ​បន្ដិច​បន្ដួច ​ប៉ុណ្ណោះ ។ ដូចគ្នា​នឹង​សាខា​នៅ​បេសកកម្ម​ប្រទេស​កាណាដា​ដែរ សាខា​នោះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​អ្នកផ្សព្វផ្សាយ​សាសនា​ម្នាក់ ហើយ​វា​អញ្ចឹង​តាំង​តែ​ពីមុន​មក ។

យប់​នោះ យើងបាន​​​មាន​ការប្រជុំ​ដ៏​ល្អ​មួយ ប៉ុន្ដែ​ពេល​យើង​ច្រៀង​ចម្រៀង​បិទ ខ្ញុំ​បាន​មាន​ការបំផុស​គំនិត​មួយ​ថា វា​គួរតែ​មាន​ប្រធាន​សាខា​ក្នុងមូល​ដ្ឋាន​ម្នាក់​ដើម្បី​ធ្វើ​ជា​អធិបតិ​លើ​​សាខា​នោះ ។ ខ្ញុំ​បាន​បែរ​ទៅ​ប្រធាន​បេសកកម្ម ហើយ​បាន​សួរ​ថា « តើ​មិនមាន​នរណា​ម្នាក់​នៅ​ទីនេះ ដែល​អាច​ធ្វើជា​អធិបតី -- ដែល​ជា​បុរស​ក្នុង​មូលដ្ឋាន​​ម្នាក់​ទេ​ឬ ?

គាត់​បាន​ឆ្លើយ​ថា « ខ្ញុំ​មិន​ស្គាល់​មនុស្ស​ណា​ម្នាក់​ទេ » ។

ពេល​ច្រៀង​ចម្រៀង​នោះ ខ្ញុំបាន​មើល​ដោយ​ប្រយ័ត្ន​ទៅ​ពួក​បុរស​ដែល​អង្គុយ​នៅ​ជួរ​ទី​បី​ដំបូង ។ ការយកចិត្ត​ទុកដាក់​របស់​ខ្ញុំ​ហាក់​ដូចជា​ផ្ដោត​លើ​បងប្រុស​ម្នាក់ ។ ខ្ញុំ​និយាយ​ទៅកាន់​ប្រធាន​បេសកកម្ម​ថា « តើ​គាត់​អាច​បម្រើ​ជា​ប្រធាន​សាខា​បាន​ទេ ? »

គាត់បាន​ឆ្លើយ​ថា « ខ្ញុំ​មិន​ដឹង​ដែរ ។ ប្រហែល​ជា​គាត់​អាច » ។

ខ្ញុំ​បាន​និយាយ​ថា « ប្រធាន ខ្ញុំ​នឹង​នាំ​គាត់​ទៅ​បន្ទប់​ផ្សេង​ទៀត ហើយ​សម្ភាសន៍​គាត់ ។ សូម​អ្នក​និយាយ​ក្រោយពី​ច្រៀង​ចប់ រហូតដល់​យើង​ត្រឡប់​មក​វិញ » ។

ពេល​យើងទាំង​​ពីរ​នាក់​បាន​ដើរចូល​​ទៅ​បន្ទប់​វិញ ប្រធាន​បេសកកម្ម​បាន​បញ្ចប់​ទីបន្ទាល់​របស់​គាត់ ។ ខ្ញុំ​បាន​ណែនាំ​ឈ្មោះ​បងប្រុស​នោះ​ថា​ជា​ប្រធាន​សាខា​ថ្មី ។ ពី​ថ្ងៃ​នោះ​មកទីក្រុង Leadville រដ្ឋ Colorado មាន​សមាជិក​ក្នុង​មូលដ្ឋាន​ម្នាក់​ដើម្បី​ដឹកនាំ​សាខា​​នៅ​ទីនោះ ។

បងប្អូន​ប្រុស គោលការណ៍​ដូចគ្នា​នេះ ក៏អនុវត្ត​ចំពោះ​​អ្នកទាំងឡាយ​ណា​ដែល​មិន​មែន​ជា​សមាជិក​នៅឡើយ ។ យើង​គួរតែ​អភិវឌ្ឍ​សមត្ថភាព​ដើម្បី​មើល​មនុស្ស​មិន​មែន​ត្រឹម​តែ​ថា​ពួកគេ​ជា​នរណា​នោះ​ទេ ប៉ុន្ដែ​មើល​ពួកគេ​ថា​ពួកគេ​នឹង​ក្លាយជា​អ្វី ពេល​ពួកគេ​ក្លាយ​ជា​សមាជិក​នៃ​សាសនាចក្រ ពេល​ពួកគេ​មាន​ទីបន្ទាល់​មួយ​អំពី​ដំណឹងល្អ ហើយ​ពេល​ជីវិត​របស់​ពួកគេ​មាន​ក្ដី​សុខដុម​នឹង​ការបង្រៀន​នេះ ។

ត្រឡប់​ទៅ​ឆ្នាំ 1961 វិញ សន្និសីទ​ទូទាំង​ពិភពលោក​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​សម្រាប់​ប្រធាន​បេសកកម្ម​ទាំងអស់ ហើយ​គ្រប់​ប្រធាន​បេសកកម្ម​ក្នុង​សាសនាចក្រ ត្រូវ​បាន​នាំ​ទៅ​ទីក្រុង​សលត៍ លេក សម្រាប់​ការប្រជុំ​ទាំងនោះ ។ ខ្ញុំ​បាន​មក​ទីក្រុង​សលត៍ លេក ពី​បេសកកម្ម​របស់​ខ្ញុំ​នៅទីក្រុង តូរ៉ុនតូ ប្រទេសកាណាដា ។

ក្នុង​ការប្រជុំ​ពិសេស​មួយ អិន.   អេលឌិន ថែនណឺ ដែល​ពេលនោះ​ជា​ជំនួយការ​ម្នាក់​ដល់​កូរ៉ុម​នៃ​ពួក​ដប់ពីរ​នាក់ ទើបតែ​ត្រឡប់​មក​ពីការ​បំពេញ​នូវ​​បទពិសោធន៍​ដំបូង​របស់​គាត់​ក្នុង​ការគ្រប់គ្រង​បេសកកម្ម​នៅ​ចក្រភព​អង់គ្លេស និង អឺរ៉ុប​ខាង​លិច ។ គាត់​បាន​ប្រាប់​ពី​អ្នកផ្សព្វផ្សាយ​សាសនា​ម្នាក់ ដែល​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ដ៏​ជោគជ័យ​បំផុត​ដែល​គាត់​ធ្លាប់​បាន​ជួប​នៅក្នុង​ការសម្ភាសន៍​ទាំងអស់​ដែល​គាត់​បាន​ធ្វើ​។ គាត់​បាន​និយាយ​ថា នៅពេល​គាត់​សម្ភាសន៍​អ្នកផ្សព្វផ្សាយ​សាសនា​នោះ គាត់​បាន​និយាយ​ទៅ​កាន់​គេ​ថា « ខ្ញុំ​គិត​ថា មនុស្ស​ទាំងអស់​ដែល​អ្នក​បាន​ជ្រមុជទឹក​ឲ្យ​ហើយ មក​ព្រះវិហារ​តាមរយៈ​មិត្តភក្តិ ។ »

យុវជន​នោះ​បាន​ឆ្លើយ​ថា « ទេ ! យើង​បាន​រកជួប​​ពួកគេ​ទាំងអស់ ដោយ​ការស្វែងរក » ។

បងប្រុស​ថែនណឺ បាន​សួរ​គាត់​ពី​ភាពខុសគ្នា​អំពី​ការទៅ​ដល់​របស់​គាត់ -- ហេតុអ្វី​បាន​ជា​គាត់​មាន​ជោគជ័យ​ដ៏​សម្បើម​បែប​នេះ ពេល​អ្នកផ្សេង​មិនមាន​នោះ ។ យុវជន​នោះ​បាន​និយាយ​ថា គាត់​ចង់​ជ្រមុជទឹក​ឲ្យ​មនុស្ស​គ្រប់រូប​ដែល​គាត់​បាន​ជួប ។ គាត់​និយាយ​ថា បើសិនជា​គាត់​គោះ​ទ្វារ ហើយ​ឃើញ​បុរស​ម្នាក់​កំពុង​ជក់​បារី ហើយ​ស្លៀកពាក់​សំលៀកបំពាក់​ចាស់ និង មើល​ទៅ​ហាក់​ដូច​ជា​មិន​ចាប់​អារម្មណ៍​នឹង​អ្វីៗ -- ជាពិសេស​នោះ គឺ​អំពី​សាសនា -- អ្នកផ្សព្វផ្សាយ​សាសនា​ត្រូវ​ស្រមៃ​ក្នុង​ចិត្ត​គាត់​ពី​សភាព​ដែល​បុរស​នោះ​នឹង​ដូច​យ៉ង​ម៉េច​ដែរ ​បើ​គាត់​ស្ថិត​ក្នុង​កាលៈទេសៈ​មួយ​ផ្សេង​ពី​នេះ ។ នៅក្នុង​គំនិត​របស់​គាត់ គាត់​នឹង​មើល​ទៅបុរស​នោះ​​ថា​ បាន​កោរពុកមាត់​ស្អាតបាត ហើយ​ពាក់​អាវ​ស និង ខោ​ស​មួយ ។ ហើយ​អ្នកផ្សព្វផ្សាយ​សាសនា​នោះ អាច​ឃើញ​ខ្លួនគាត់​កំពុង​នាំ​បុរស​នោះ ទៅក្នុង​ទឹក​នៃ​ពិធីបុណ្យ​ជ្រមុជ​ទឹក ។ គាត់​បាន​និយាយ​ថា « ពេល​ខ្ញុំ​មើល​ទៅ​នរណា​ម្នាក់​តាម​របៀប​នោះ ខ្ញុំ​មាន​សមត្ថភាព​ថ្លែង​ទីបន្ទាល់​របស់​ខ្ញុំ​ចំពោះ​គាត់​តាម​របៀប​មួយ ដែល​អាច​ប៉ះ​ដល់​ដួងចិត្ត​គាត់ » ។

យើង​មាន​ការទទួល​ខុសត្រូវ​ដើម្បី​មើល​ទៅ​មិត្តភក្តិ សហការី អ្នកជិតខាង​របស់​យើង​តាម​របៀប​នេះ ។ ជាថ្មី​ម្ដង​ទៀត យើង​មាន​ទំនួល​ខុសត្រូវ​ដើម្បី​មើល​បុគ្គល​មួយ មិន​មែន​ត្រឹម​តែ​ថា​ពួកគេ​ជា​នរណា​នោះ​ទេ ប៉ុន្ដែ​មើល​ពួកគេ​ថា​ពួកគេ​អាច​ក្លាយជា​អ្វី ។ ខ្ញុំ​សូម​អង្វករ​អ្នក​ឲ្យ​គិត​ពី​ពួកគេ​តាម​របៀប​នេះ ។​

បងប្អូន​ប្រុស ព្រះអម្ចាស់​ប្រាប់​អ្វី​មួយ​ដល់​យើង អំពី​សារៈសំខាន់​នៃ​បព្វជិតភាព​ដែល​យើង​កាន់​នេះ ។ ទ្រង់​ប្រាប់​យើង​ថា យើង​ទទួល​បាន​វា​ដោយ​សម្បថ និង សេចក្ដី​សញ្ញា​មួយ ។ ទ្រង់​ប្រទាន​ការណែនាំ​ដល់​យើង​ថា យើង​ត្រូវតែ​ស្មោះត្រង់ និង ពិត​ក្នុង​អ្វីទាំងអស់​ដែល​យើង​ទទួល​បាន ហើយ​ថា​យើង​មាន​ការទទួល​ខុសត្រូវ​ដើម្បី​រក្សា​សេចក្ដី​សញ្ញា​នេះ​រហូតដល់​ទីបញ្ចប់ ។ ហើយ​បន្ទាប់មក អ្វី​ទាំងអស់​ដែល​ព្រះវរបិតា​មាន នឹងត្រូវ​បាន​ប្រទាន​ដល់​យើង ។2

យើង​ត្រូវ​មាន​សេចក្តី​ក្លាហាន​ -- សេចក្តី​ក្លាហាន​ក្នុង​ការ​​បដិសេធ​ការល្បួង សេចក្តី​ក្លាហាន​ក្នុង​ការ​​ថ្លែង​ទីបន្ទាល់​ទៅ​អ្នកទាំងឡាយ​ដែល​យើង​ជួប ដោយ​ចងចាំ​ថា មនុស្ស​គ្រប់រូប​ត្រូវ​មាន​ឱកាស​មួយ​ដើម្បី​ស្ដាប់​សារលិខិតនេះ ។ វា​មិនមែន​ជា​រឿង​ងាយស្រួល​ធ្វើ​នោះ​ទេ​សម្រាប់​មនុស្ស​ភាគច្រើន ។ ប៉ុន្ដែ​យើង​អាច​ជឿ​តាម​ពាក្យ​របស់​ប៉ុល​ទៅកាន់​ធីម៉ូថេ​ថា ៖

« ត្បិត​ព្រះ​ទ្រង់​មិន​បាន​ប្រទាន​ឲ្យ​យើង​មាន​វិញ្ញាណ​ដែល​តែងតែ​ខ្លាច​ឡើយ គឺ​ឲ្យ​មាន​វិញ្ញាណ​ដ៏​មាន​អំណាច សេចក្ដី​ស្រឡាញ់ និង ប្រាជ្ញា​នឹង​ធឹង​វិញ ។

« ដូច្នេះ មិន​ត្រូវ​ឲ្យ​អ្នក​មាន​សេចក្ដី​ខ្មាស​ចំពោះ​ការធ្វើ​បន្ទាល់​ពី​ព្រះអម្ចាស់​នៃ​យើង​នោះ​ឡើយ » ។3

នៅ​ខែ ឧសភា ឆ្នាំ 1974 ខ្ញុំ​នៅ​ជាមួយ​នឹង​បងប្រុស ចន  អេច. ហ្គ្រូ​ប៊ើហ្គ នៅ​កោះ​ជន​ជាតិ​តុងហ្គា ។ យើង​បាន​មាន​ការណាត់​មួយ​ទៅ​ចូល​គាល់​សេ្ដច​តុងហ្គា ហើយ​យើង​បាន​ជួប​នឹង​ទ្រង់​ជាលក្ខណៈ​​ផ្លូវការ​មួយ ។ យើង​បាន​និយាយ​គ្នាលេង​ជា​​ធម្មតា ។ ទោះយ៉ាងណាក្ដី មុនពេល​យើង​ចាកចេញ ចន ហ្គ្រូ​ប៊ើហ្គ បាន​និយាយ​អ្វីមួយ​ដែល​ប្លែក​ពី​​ធម្មតា ។ គាត់​បាន​និយាយ​ថា « ព្រះគុណជា​​ម្ចាស់ ទ្រង់​គួរតែ​ក្លាយជា​មរមន​ម្នាក់ ព្រមទាំង​អ្នក​ដែល​នៅ​ក្រោម​បង្គាប់​របស់​ទ្រង់​ផងដែរ ដូច្នេះ​ពេល​នោះ​បញ្ហា​របស់​ទ្រង់ និង បញ្ហា​របស់​ពួកគេ​នឹង​ត្រូវ​បាន​ដោះស្រាយ​បាន​ច្រើន » ។

សេ្ដច​ទ្រង់​ញញឹម​ស្ញាញ ហើយ​ឆ្លើយ​ថា « ចន ហ្គ្រូ​ប៊ើហ្គ ប្រហែល​ជា​អ្នក​​និយាយ​ត្រូវ​ហើយ » ។

ខ្ញុំ​បាន​គិត​ពី​សាវក​ប៉ុល ពីមុខ​ព្រះរាជា​អ័គ្រីប៉ា ។ ខ្ញុំបាន​​គិត​ពី​ចម្លើយ​របស់​ព្រះរាជា​អ័គ្រីម៉ា​ចំពោះ​ទីបន្ទាល់​របស់​ប៉ុល​ថា ៖ « បន្ដិច​ទៀត ឯង​នឹង​នាំ​ឲ្យ​យើង​ត្រឡប់​ទៅជា​អ្នកគ្រីស្ទាន​ដែរ » ។4 បងប្រុស ហ្គ្រូ​ប៊ើហ្គ មានសេចក្តី​ក្លាហាន​ក្នុង​ការ​​ថ្លែង​ទីបន្ទាល់​របស់​គាត់​ចំពោះ​ស្ដេច​មួយ​អង្គ ។

យប់​នេះ មាន​អ្នកកាន់​បព្វជិតភាព​យើង​រាប់​ពាន់​នាក់ ដែល​កំពុង​បម្រើ​ព្រះអម្ចាស់ ជា​អ្នកផ្សព្វផ្សាយ​សាសនា​របស់​ទ្រង់​ពេញ​ម៉ោង ។ ក្នុង​ការឆ្លើយតប​នឹង​ការហៅ​បម្រើ​បេសកកម្ម​នេះ ពួកគេ​បាន​ចាកចេញ​ពី​ផ្ទះ គ្រួសារ មិត្តភក្ដិ និង សាលា ហើយ​បាន​ចេញ​ទៅ​បម្រើ ។ អ្នក​ទាំងឡាយ​ដែល​មិន​យល់ សួរ​ថា ៖ « ហេតុអ្វី​បាន​ជា​ពួកគេ​ឆ្លើយតប​យ៉ាង​លឿន ហើយ​មាន​ឆន្ទៈ​ចង់​ធ្វើ​​ខ្លាំង​ម្ល៉េះ ? »

អ្នកផ្សព្វផ្សាយ​សាសនា​របស់​យើង អាច​ឆ្លើយ​តាម​សម្ដី​របស់​ប៉ុល​ដែល​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ដ៏​ខ្ពស់ ដែល​បាន​រស់នៅ​ជាយូរ​មក​ហើយ​ថា ៖ « ពីព្រោះ​បើ​ខ្ញុំ​ផ្សាយ​ដំណឹងល្អ​ទៅ នោះ​មិន​មែន​ជា​ហេតុ​ឲ្យ​ខ្ញុំ​អួត​ខ្លួន​ទេ ត្បិត​ខ្ញុំ​ជាប់​ក្នុង​សេចក្ដី​បង្ខំ បើ​ខ្ញុំ​មិន​ផ្សាយ​ដំណឹងល្អ​វិញ នោះ​វរ​ដល់​ខ្ញុំ​ហើយ ! »5

ព្រះគម្ពីរ​ដ៏​បរិសុទ្ធ​មាន​ការប្រកាស​ដែល​ទាក់ទង​បំផុត ការទទួល​ខុសត្រូវ​ដែល​ចងជាប់​បំផុត និង បទបញ្ញត្តិ​ដែល​ចំៗ​បំផុត ដែល​បាន​ប្រទាន​ដោយ​ព្រះអម្ចាស់​ដែល​បាន​រស់​ឡើង​វិញ ពេល​ទ្រង់​មកបង្ហាញ​អង្គទ្រង់​​ឯ​កាលីឡេ​ទៅ​ដល់​សាវក​ដប់​មួយ​នាក់ ។ ទ្រង់​មាន​ព្រះបន្ទូល​ថា ៖

« គ្រប់​ទាំង​អំណាច​បាន​ប្រគល់​មក​ខ្ញុំ​នៅលើ​ស្ថានសួគ៌ ហើយ​លើ​ផែនដី​ផង ។

« ដូច្នេះ ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​ដោយ​នូវ​ព្រះនាម​ព្រះវរបិតា ព្រះរាជបុត្រា និង ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ ៖

« ហើយ​បង្រៀន​ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង ហើយ​មើល ខ្ញុំ​ក៏​នៅ​ជាមួយ​នឹង​អ្នករាល់គ្នា​ជា​រាល់ថ្ងៃ​ដែរ ដរាប​ដល់​បំផុត​កល្ប » ។6

ការបញ្ជា​ដ៏​ទេវភាព​នេះ រួមគ្នា​នឹង​សេចក្ដី​សន្យា​ដ៏​រុងរឿង​របស់​វា គឺជា​ការណែនាំ​ចំពោះ​ការ​ប្រព្រឹត្ត​របស់​​យើង​នា​សព្វថ្ងៃ​នេះ ដូចជា​ក្នុង​កាល​ដ៏​ខ្ពង់ខ្ពស់​បំផុត ។ កិច្ចការ​ផ្សព្វផ្សាយ​សាសនា គឺជា​ ​គ្រឹះ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ វា​តែងតែ​មាន​លក្ខណៈ​របៀប​នេះ ហើយ​វា​នឹង​តែ​ជា​មាន​លក្ខណៈ​របៀប​នេះ​ជានិច្ច ។ ដូចដែល​ព្យាការី យ៉ូសែប ស្ម៊ីធ​បាន​ប្រកាស​ថា ៖ « ក្រោយពី​អ្វី​ទាំងអស់​បាន​និយាយ​រួច កិច្ចការ​ដ៏​អស្ចារ្យ និង សំខាន់​បំផុត​នោះ​គឺ​ត្រូវ​ផ្សព្វផ្សាយ​ដំណឹងល្អ » ។7

ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ដ៏​ខ្លី ​អ្នកផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​ទាំងអស់​ដែល​បាន​កំពុង​បម្រើ​នៅក្នុង​ជួរ​កងទ័ព​រាជា​នៃ​ព្រះ​នេះ នឹង​ត្រូវ​បញ្ចប់​ការងារ​ពេញ​ម៉ោង​របស់​ពួកគេ ហើយ​នឹង​ត្រូវ​ត្រឡប់​ទៅ​ផ្ទះ និង អ្នក​ជាទី​ស្រឡាញ់​របស់​ពួកគេ​វិញ ។ អ្នក​ដែល​ជំនួស ​ពួកគេនេះ នឹង​ត្រូវ​បាន​ឃើញ​នា​យប់​នេះ​ក្នុងចំណោម​​អ្នកកាន់​បព្វជិតភាព​អើរ៉ុន​នៃ​សាសនាចក្រ ។ យុវជន​ទាំងឡាយ តើ​អ្នក​ត្រៀម​ខ្លួន​បំពេញ​នូវ​តម្រូវ​ការ​នេះ​​ហើយ​ឬ​នៅ ? តើ​អ្នក​មាន​ឆន្ទៈ​ដើម្បី​ធ្វើការ​នេះឬទេ ? តើ​អ្នក​បាន​រៀបចំ​ដើម្បី​បម្រើ​ហើយ​ឬនៅ ?

សារលិខិត​ដំណឹងល្អ​នេះ គឺជា​បុរស​ដែល​មាន​សេចក្ដី​ជំនឿ​លើ​ព្រះ ; គឺ​ជា​បុរស​ដែល​មាន​សេចក្ដី​ជំនឿ​លើ​សាសនា​របស់​គេ ; គឺ​ជា​បុរស​ដែល​ផ្ដល់​កិត្តិយស​ដល់​បព្វជិតភាព​របស់​គេ ; ... គឺ​ជា​បុរស​ដែល​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ និង ព្រះចេស្ដា​នៃ​ព្រះ ... ជា​បុរស​នៃ​កិត្តិយស សេចក្ដី​សុចរិត គុណធម៌ និង បរិសុទ្ធភាព » ។8

បងប្អូន​ប្រុសអើយ យើង​ម្នាក់ៗ​ត្រូវ​បាន​បញ្ជា​ឲ្យ​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះគ្រីស្ទ ។ នៅពេល​ជីវិត​របស់​យើង​ប្រតិបត្តិ​តាម​បទដ្ឋាន​ផ្ទាល់​របស់​ព្រះ នោះ​អ្នកទាំងឡាយ​ ​ដែល​បាន​ទទួល​ឥទ្ធិពល​ពី​យើង នឹង​មិន​ដែល​និយាយ​ត្អូញត្អែរ​​ថា ៖ « រដូវ​ច្រូតកាត់​បាន​កន្លង​ហើយ រដូវក្ដៅ​ក៏​ផុត​ទៅ តែ​យើង​រាល់គ្នា​មិន​ទាន់បាន​សង្គ្រោះ​នៅ​ឡើយ » ។9

ជា​អ្នកគង្វាល​ដ៏​ឥតខ្ចោះ​នៃ​ព្រលឹងទាំងឡាយ​ ជា​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​បាន​សង្គ្រោះ​មនុស្ស​ជាតិ បាន​ផ្ដល់​នូវ​ការធានា​ដ៏​ទេវភាព​ដល់​យើង​ថា ៖

« ហើយ​បើ​សិន​ជា​អ្នក​ត្រូវ​ធ្វើការ​អស់​មួយ​ជីវិត​អ្នក ដោយ​ស្រែក​ប្រាប់​ពី​ការប្រែចិត្ត​ដល់​ប្រជាជន​នេះ ហើយ​គ្រាន់តែ​នាំ​ព្រលឹង​តែ​មួយ​គត់​មក​រក​យើង នោះ​អ្នក​នឹង​មាន​សេចក្ដី​អំណរ​ដ៏​មហិមា​ជាមួយ​អ្នក​នោះ នៅក្នុង​នគរ​នៃ​ព្រះវរបិតា​របស់​យើង !

« ហើយ​ឥឡូវ​នេះ បើ​សិន​ជា​អ្នក​នឹង​មាន​សេចក្ដីអំណរ​ដ៏​មហិមា​ដល់​ព្រលឹង​តែមួយ ហើយ​យ៉ាង​ណា​ទៅ ដែល​អ្នក​បាន​នាំ​មក​រក​យើង នៅក្នុង​នគរ​នៃ​ព្រះវរបិតា​យើង នោះ​អ្នក​នឹង​មាន​សេចក្ដី​អំណរ​ដ៏​មហិមា បើសិនជា​អ្នក​បាន​នាំ​ព្រលឹង​ជាច្រើន​មក​រក​យើង ! »10

អំពី​ទ្រង់​ដែល​បាន​មាន​ព្រះបន្ទូល​ទាំងនេះ ខ្ញុំ​សូម​ថ្លែងជា​សក្ខីភាពផ្ទាល់​ខ្លួន​ខ្ញុំ ។ ទ្រង់​គឺជា​ព្រះរាជបុត្រា​នៃ​ព្រះ ជា​ព្រះប្រោលលោះ​របស់​យើង និង ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។

ខ្ញុំ​អធិស្ឋាន​ថា យើង​នឹង​មាន​សេចក្ដី​ក្លាហាន​ដើម្បី​ធ្វើជា​មិត្ត​នឹង​អ្នកដទៃ ការតាំងចិត្ត​ដើម្បី​ព្យាយាម ហើយ​ព្យាយាម​ទៀត និង ការបន្ទាប​ខ្លួន​ដែលចាំ​បាច់​ត្រូវ​មាន​ក្នុង​ការ​​ស្វែងរក​ការដឹកនាំ​ពី​ព្រះវរបិតា​របស់​យើង ពេល​យើង​បំពេញ​តាម​ការបញ្ជា​របស់​យើង​ក្នុង​ការចែកចាយ​ដំណឹងល្អ ។ បងប្អូន​ប្រុសទាំងឡាយ​អើយ ទំនួល​ខុសត្រូវ​គឺ​នៅលើ​យើង ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ អាម៉ែន ។

Mostrar las referencias

  1.  

    1. In Bill Sands, The Seventh Step ( ឆ្នាំ 1967), 9 ។

  2.  

    2. សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា 84:33–39  ។

  3.  

    3.  ធីម៉ូថេទី 2 1:7–8  ។

  4.  

    4.  កិច្ចការ 26:28  ។

  5.  

    5.  កូរិនថូសទី 1 9:16  ។

  6.  

    6.  ម៉ាថាយ 28:18–20  ។

  7.  

    7.  ការបង្រៀន​នៃ​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ ( ឆ្នាំ 2007 ) ទំព័រ 330 ។

  8.  

    8.  ការបង្រៀន​នៃ​ប្រធាន​សាសនាចក្រ ៖ យ៉ូហាន ថេលើរ ( ឆ្នាំ 2001 ) ទំព័រ 73 ។

  9.  

    9.  យេរេមា 8:20  ។

  10.  

    10.  គោលលទ្ធិ និង សេចក្ដី​សញ្ញា 18:15–16  ។