បញ្ញត្តិ​យ៉ាង​សំខាន់​ទីមួយ

ដោយ​អែលឌើរ ជែហ្វ្រី  អ័រ ហូឡិន

នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់


ជែហ្វ្រី អ័រ ហូឡិន
យើង​មានជីវិត​នៃ​ភាព​ជា​សិស្ស​ដែលមាន​ការ​លះបង់ ដើម្បី​បង្ហាញក្ដីស្រឡាញ់​របស់យើង​ចំពោះ​ព្រះអម្ចាស់ ។

ខ្ញុំ​មាន​ក្ដី​អាណិតអាសូរ​ខ្លាំង​ដល់​សាវក​ដប់មួយអ្នក​ដែល​នៅ​រស់ បន្ទាប់ពី​ការសុគត​របស់​ព្រះអង្គសង្គ្រោះ​នៃ​ពិភពលោក​ជាង​ក្រុម​ណាៗទាំងអស់​ក្នុងប្រវត្តិសាស្ត្រ ។ ខ្ញុំ​គិត​ថា​ ពេល​ខ្លះ​យើង​ភ្លេចគិត​ពី​ការ​ខ្វះ​បទពិសោធន៍​របស់​ពួកគេ ហើយ​ថា​តើ​ពួកគេ​ពឹងផ្អែក​លើ​ព្រះយេស៊ូវ​ទាំងស្រុង​ខ្លាំង​ប៉ុណ្ណា ។ ទ្រង់បាន​មាន​បន្ទូល​អំពី​ពួកគេ « ខ្ញុំ​បាន​នៅ​ជាមួយ​នឹង​អ្នករាល់គ្នា​ជា​យូរ​ដល់​ម្ល៉េះ ហើយ​អ្នក​មិន​ទាន់​ស្គាល់​ខ្ញុំ​ឬ ? » ។ 1

ប៉ុន្តែ​ ពួកគេ​ពុំគិត​ថា ទ្រង់​នៅ​ជាមួយ​ពួកគេ​យូរ​គ្រប់គ្រាន់​ល្មម​ទេ ។ ​រយៈពេល​បីឆ្នាំ គឺពុំ​មានរយៈ​ពេល​យូរ​ដើម្បី​ហៅឲ្យ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ពីអ្នក​ផ្លាស់​ប្រែ​ចិត្ត​ថ្មី លុបបំបាត់​កំហុស​នៃ​របៀប​ចាស់​របស់ពួកគេ បង្រៀន​ពួកគេអំពី​ភាព​អស្ចារ្យ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ រួច​ហើយ​ទុក​ឲ្យ​ពួកគេ​នៅ​បន្ដ​ធ្វើ​កិច្ចការ ទាល់​តែ​ពួកគេ​ត្រូវ​បាន​គេ​សម្លាប់​ផងដែរនោះ​ ។ វា​ពិត​ជា​ពិបាក​ក្នុង​ការ​ទទួល​យក​នូវ​អនាគត​បែប​នេះ​ ចំពោះ​អ្នក​ដែល​ទើប​តែងតាំង​ជា​អែលឌើរនោះ​។

ជាពិសេស វាពិបាក​សម្រាប់​ពួកគេ​នៅ​តែ​ឯង ។ ព្រះយេស៊ូវ​បាន​ព្យាយាម​ប្រាប់​ពួកគេ​ដដែលៗ​ថា ទ្រង់​នឹង​មិន​ នៅ​ជាមួយពួកគេ​ជា​សាច់ឈាម​ទៀត​ទេ ប៉ុន្តែ​ពួកគេ​មិន​អាច ឬ នឹង​មិនអាច​យល់​អំពី​គំនិត​ដ៏តានតឹង​ដូច្នេះទេ ។ ម៉ាកុស បាន​សរសេរ​ថា ៖

« ទ្រង់​កំពុង​តែ​បង្រៀន​ពួកសិស្ស​ថា កូនមនុស្ស​ត្រូវ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់ដៃ​នៃ​មនុស្ស​លោក គេ​នឹង​សម្លាប់​លោក រួច​ដល់​បីថ្ងៃ​ក្រោយ ដែល​គេ​សម្លាប់ នោះលោក​នឹង​រស់ឡើងវិញ ។

« តែ​អ្នកទាំងនោះ​មិន​បាន​យល់​សេចក្ដី​នោះ​ទេ ក៏​ខ្លាច​មិន​ហ៊ាន​ទូល​សួរទ្រង់​ផង » ។ 2

បន្ទាប់ពី​ពេល​ដ៏ខ្លី​ដើម្បី​រៀន ឬ ពេល​តិចតួច​ដើម្បី​ត្រៀម​ខ្លួន​នោះ មានរឿង​អ្វីមួយ​បាន​កើត​ឡើង ដែល​គេពុំ​បាន​គិត​ ឬ ជឿ​ថា​នឹង​កើត​ឡើង ។ ព្រះអម្ចាស់​ និង ជាលោកគ្រូ​របស់ពួកគេ ជាអ្នកប្រឹក្សា​ និង ជាស្ដេចរបស់ពួកគេ ត្រូវ​បាន​គេ​ឆ្កាង ។ ការ​បម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់ត្រូវ​បញ្ចប់ ឯការពុះពារ​បង្កើត​សាសនាចក្រ​ទ្រង់​ឡើង ហាក់​ដូចជាត្រូវ​​ទទួលគ្រោះកម្ម ហើយ​ទទួលជោគវាសនា​ផុតរលត់ ។ សាវក​​​បាន​ធ្វើ​ជាសាក្សី​ទ្រង់ នៅក្នុង​ស្ថានភាព​រស់ឡើងវិញ​របស់​ទ្រង់ ប៉ុន្តែ​នោះកាន់តែ​បន្ថែម​នូវ​ការ​ច្របូក​ច្របល់​ដល់​ពួកគេ ។ ដោយ​សារ​ពួកគេ​ច្បាស់​ជា​ងឿងឆ្ងល់ថា​ « តើ​យើង​ត្រូវ​ធ្វើ​អ្វី​ឥឡូវ​នេះ ? » ពួកគេ​បានងាក​ទៅ​​រក​ចម្លើយ​មក​ពី​ពេត្រុស ជា​សាវក​ច្បង ។

ឥឡូវ​អនុញ្ញាត​ឲ្យ​ខ្ញុំ​និយាយ​នូវ​អ្វី​ដែល​ពួកគេ​អាច​នឹង​និយាយ​ទៅគ្នា​ទៅ​វិញ​ទៅ​មក ដែល​វា​គ្មាន​ក្នុងគម្ពីរទេ ។ ពេត្រុស​អាច​និយាយ​ទៅ​កាន់សិស្សរួម​គ្រូ​​របស់គាត់​ថា ៖ « បងប្អូន​ប្រុស​ទាំងឡាយ រយៈពេល​បីឆ្នាំ​នោះ គឺ​ជាឆ្នាំ​ដ៏រុងរឿង ។ គ្មាន​គ្នា​យើង​ណា​ម្នាក់ អាច​នឹក​គិត​ថា ក្នុង​រយៈពេលប៉ុន្មាន​ខែ​យ៉ាង​ខ្លី​កន្លងទៅនេះ​ យើង​បាន​ឃើញ​អព្ភូតហេតុ ហើយ​យើង​រីករាយ​នឹងបទពិសោធន៍​ដ៏​ទេវភាពនោះ​ទេ ។ យើង​បាន​និយាយ អធិស្ឋាន និង ធ្វើ​ការ​ជាមួយ​នឹង​បុត្រា​នៃ​ព្រះផ្ទាល់ ។ យើង​បាន​ដើរ​ជាមួយទ្រង់ ហើយ​បាន​យំ​ជាមួយទ្រង់ ហើយ​នៅ​យប់​ដ៏អាក្រក់​ចុងក្រោយ​នោះ គ្មាន​នរណា​ម្នាក់​យំ​ខ្លាំង​ជាង​ខ្ញុំ​នោះ​ទេ ។ ប៉ុន្តែ​វា​បាន​កន្លង​ផុត​ទៅ​ហើយ ។ ទ្រង់​បាន​បញ្ចប់​កិច្ចការ​របស់ទ្រង់ ហើយ​ទ្រង់​បាន​រស់​ឡើង​ពីផ្នូរ ។ ទ្រង់​បាន​បង្ហើយ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់ និង របស់​​យើង​ហើយ ។ ដូច្នេះ​អ្នក​សួរ​ថា ‹ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ឥឡូវនេះ ? › ខ្ញុំ​មិនដឹង​​ថា​ប្រាប់​អ្នក​អ្វី​ក្រៅ​ពី​ត្រឡប់​ទៅ​រក​ជីវិត​កាលពីមុន​របស់​អ្នក​ទៅ ហើយ​អរសប្បាយចុះ ។ ខ្ញុំ​ចង់ ‹ ទៅ​នេសាទ​ត្រី​› វិញ » ។ ហើយ​យ៉ាង​ហោចណាស់ មាន​​ប្រាំ​មួយ​នាក់​ក្នុង​ចំណោម​អ្នកទាំង​ដប់នាក់ បន្ដ​នៅ​ជា​សាវក បាន​និយាយ​យល់​ស្រប​ថា « យើង​ក៏​ទៅ​ជាមួយ​អ្នក​ដែរ » ។ យ៉ូហាន គឺ​ជា​ម្នាក់​ក្នុង​ចំណោម​ពួកគេ បាន​សរសេរ​ថា « ស្រាប់​តែ​គេ​ចេញ​ទៅ​ចុះ​ទូក » ។3

ប៉ុន្តែ​គួរ​ឲ្យ​សោក​ស្ដាយ ការ​នេសាទ​ពុំ​ចាប់​បាន​អ្វី​សោះ ។ យប់​ដំបូង​ដែល​ពួកគេ​ត្រឡប់​ទៅ​សមុទ្រ​​វិញ ពួកគេ​ពុំ​ចាប់​បានអ្វីសោះ គ្មាន​បាន​ត្រី​មួយទេ ។ ពេល​ព្រលឹមឡើង ពួកគេ​បាន​ត្រឡប់​ទៅ​ច្រាំង​វិញ​ទាំង​ខកចិត្ត ជាកន្លែង​ដែល​ពួកគេ​មើល​ឃើញ​ពី​ចម្ងាយ​នូវ​មនុស្ស​ម្នាក់ ដែល​បាន​ស្រែក​ហៅ​ពួកគេ « កូនអើយ តើ​អ្នក​ចាប់​បាន​អ្វី​ទេ ? » សាវកទាំងនេះ ដែល​បាន​ត្រឡប់ទៅ​ធ្វើ​ជា​អ្នក​នេសាទ​វិញ បាន​ឆ្លើយ​ទាំង​ពុំ​សប្បាយចិត្ត ដែល​គ្មាន​អ្នក​នេសាទ​ណា​ចង់​ឆ្លើយ​ថា « យើង​ចាប់​ពុំ​បាន​អ្វី​ទេ » ពួកគេ​បាន​រអ៊ូ ហើយ​កាន់​តែ​ខឹង ពេល​ពួក​គេ​ត្រូវ​បាន​ហៅ​ថា « ​កូន​អើយ » បែប​នេះ​នោះ ។4

មនុស្ស​ចម្លែក​បានស្រែក​ប្រាប់ ​ថា « ចូរ​ទម្លាក់​អួន​ទៅ​ខាង​ស្ដាំទូក នោះ​ទើបបាន » 5 -- ហើយ​ដោយ​ពាក្យ​ដ៏​សាមញ្ញទាំងនោះ នោះ​ពួកគេ​ស្គាល់​ភ្លាម​ថា​ជា​នរណា ។ កាល​ពីបីឆ្នាំ​មុន បុរស​ទាំងនេះ បាន​នេសាទ​នៅ​ក្នុង​សមុទ្រ​នេះ ។ ក្នុង​ស្ថានភាព​ដូចគ្នា​នេះ​ដែរ តាម​បទគម្ពីរបាន​ប្រាប់​ថា​ ពួកគេ​ « បាន​ដឹក​អួន​ទាល់​ភ្លឺ គ្មាន​បាន​អ្វី​សោះ » ។ 6 ប៉ុន្តែ​អ្នក​ស្រុក​កាលីឡេ នៅ​លើ​មាត់ច្រាំង បាន​ហៅ​ពួកគេ​ឲ្យ​ទំលាក់​អួន​ពួកគេ​ចុះ រួច​ពួកគេ​បានទម្លាក់​ចុះទៅ « នោះ​ក៏​ជាប់​បាន​ត្រី​សន្ធឹក » 7 ដល់ម្ល៉េះ​បាន​ជា​ធ្វើ​ឲ្យ​អួន​របស់​គេ​ធ្លាយ គេ​ចាប់​បាន​ត្រី​ពីរទូក​ពេញ ហើយ​មានទម្ងន់​ដ៏​ធ្ងន់ ដែល​ធ្វើ​ឲ្យទូក​គេ​ចាប់​ផ្ដើម​លិច ។

ឥឡូវ វា​បានកើត​ឡើង​ម្ដង​ទៀត ។ « កូនៗ » ទាំង​នេះ នៅពេល​ពួកគេ​ត្រូវ​បាន​ហៅ​ដោយ​ត្រឹមត្រូវ បាន​ទម្លាក់​អួន​ពួកគេ​ចុះ ហើយ « ទាញ​មក​វិញ​មិន​រួច​ ព្រោះ​ជាប់​ត្រី​សន្ធឹក​ណាស់ » ។ 8 យ៉ូហាន​ បាន​និយាយយ៉ាង​ប្រាកដ ​ថា « គឺពិតជាព្រះអម្ចាស់ » ។9 ហើយ​ពេត្រុស​បាន​លោត​រំលង​គែមទូកចុះទៅ ។

បន្ទាប់ពី​បាន​ជួបជុំ​ជាមួយ​នឹង​ព្រះយេស៊ូវ​ដែល​រស់ឡើងវិញ​ដោយ​ក្ដីអំណរ នោះ​ពេត្រុស បាន​សន្ទនា​ជាមួយ​នឹង​ព្រះអង្គសង្គ្រោះថា ទូលបង្គំ​គិត​ថា វា​ជាគ្រា​ដ៏សំខាន់នៅក្នុងប្រវត្តិសាស្ត្រ​នៃ​ពួកសាវក ហើយ​ប្រាកដ​ណាស់​ សម្រាប់ពេត្រុស​ផ្ទាល់ បាន​បំផុសគំនិតថា គាត់​ជា​​បុរសមាំ​ដូច​ថ្ម​ដ៏​អស្ចារ្យ​រូបនេះ ទៅ​ជាជីវិត​ដ៏​​វិសេស​នៃ​ការ​បម្រើ​ និង ការដឹកនាំ​​ដែលលះបង់ ។ ពេល​មើល​ទៅ​ទូកចាស់តូច អួនកណ្តាច​​របស់ពួកគេ និង គំនរត្រីចំនួន 153 ក្បាល នោះ​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ទៅ​សាវក​ច្បង​ថា « ពេត្រុស តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជាជាង​​របស់​ទាំង​នេះ​ឬអី ? » ពេត្រុស​តប​ថា « ព្រះករុណា​វិសេស ព្រះអម្ចាស់​ទ្រង់​ជ្រាប​ថា​ទូលបង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ » ។10

ព្រះអង្គសង្គ្រោះ​តប​នឹង​ចម្លើយ​នោះ​ ប៉ុន្តែ​បន្ដ​មើល​ចំភ្នែក​របស់​សិស្សទ្រង់ រួច​មាន​បន្ទូល​ម្ដងទៀត​ថា « ពេត្រុស តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ ? » អ្នកនេសាទ​ដ៏​ល្អ​នេះ ដោយ​សារតែ​ការ​សួរ​ដដែលៗ បាន​ឆ្លើយ​សំណួរ​ជា​លើក​ទីពីរ ដោយ​មាន​ការ​ច្របូក​ប្របល់​បន្ដិច​​ថា « ព្រះករុណា​វិសេស ព្រះអម្ចាស់​ទ្រង់​ជ្រាប​ថា​ទូលបង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ » ។ 11

ព្រះអង្គសង្គ្រោះ បាន​ផ្ដល់ចម្លើយ​ដ៏ខ្លី ​ តែ​បាន​សួរ​ឥតឈប់ ទ្រង់​សួរ​ជា​លើក​ទីបី​ថា « ពេត្រុស តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ ? » មក​ដល់​ពេល​នេះ ពេត្រុស​ពិតជា​មាន​អារម្មណ៍​មិន​ស្រួលទេ ។ ប្រហែល​ជា​មាន​ការ​ចងចាំក្នុងដួងចិត្ត​គាត់​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន ពេល​គាត់​ត្រូវ​បាន​សួរ​សំណួរ​ផ្សេង​បីដង ហើយ​គាត់​បាន​ឆ្លើយ​ដោយ​​អង់អាច​ដូចគ្នា​នេះ-- ប៉ុន្តែ​ជាចម្លើយ​អវិជ្ជមាន ។ ឬប្រហែលជា​គាត់​ចាប់ផ្ដើម​ងឿង​ឆ្ងល់​ បើ​សិនជា​គាត់​មិន​យល់​សំណួរ​របស់​លោកគ្រូ ។ ឬ​ប្រហែល​ជា​គាត់​កំពុងសាក ចិត្ត ចង់​បាន​ភាពស្មោះ​ត្រង់​ចំពោះ​ចម្លើយ​ដែលគាត់​បាន​ត្រៀម​ផ្ដល់​ជា​ស្រេច ស្ទើរ​តែ​ដោយ​ស្វ័យ​ប្រវត្តិ​នោះ ។ មិន​ថា​គាត់​មាន​អារម្មណ៍​យ៉ាង​ណា​ទេ ពេត្រុស​បាន​និយាយ​ជា​លើកទីបី​ថា « ព្រះករុណា​វិសេស ព្រះអម្ចាស់​ទ្រង់​ជ្រាប​ថា​ទូលបង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ » ។ 12

( ហើយ​ជាថ្មីម្ដងទៀត ខ្ញុំ​ទទួលស្គាល់​ថា នេះ​ជា​ចំណេះដឹង​ដែលពុំបាន​កត់ត្រា​ក្នុង​គម្ពីរទេ ) ចំពោះ​ចម្លើយ​​របស់ព្រះយេស៊ូវ ប្រហែល​ជា​ទ្រង់​មាន​បន្ទូល​ដូចនេះ​ថា ៖ « ពេត្រុស ហេតុអ្វីអ្នក​មក​ទីនេះ ? ហេតុអ្វី​ក៏​យើង​មក​ឆ្នេរ​សមុទ្រ​ដដែលនេះ ដែលមានអួន​ដដែល និង​មាន​ការ​សន្ទនាដូចគ្នា​ដដែលនេះ ? តើ​វា​មិន​ជាក់​ស្ដែង​ទេឬអីពេលនោះ ហើយ​នឹងពេលនេះ ថា​បើ​យើង​​ចង់បាន​ត្រី យើង​អាច​ចាប់​ត្រីបាន​នោះ? ពេត្រុស អ្វី​ដែល​យើង​​ត្រូវការ​គឺ​ពួកសិស្ស-- ហើយ​យើង​​ត្រូវ​ការ​ពួកគេ​ជា​រៀងរហូត ។ យើង​​ត្រូវ​ការ​អ្នក​​ឲ្យ​ចំណី​ចៀម​ និង សង្គ្រោះ​ចៀម​របស់​យើង ។ យើង​ត្រូវការ​អ្នក​ផ្សាយដំណឹងល្អ និង ការពារ​សាសនា​យើង ។ យើង​ត្រូវ​ការ​អ្នក​ដែល​ស្រឡាញ់​យើង ដែលពិតជាស្រឡាញ់​យើង ហើយ​ស្រឡាញ់​អ្វីៗ​ដែល​ព្រះវរបិតាសួគ៌​យើង​បាន​បញ្ជា​ឲ្យ​យើង​ធ្វើ ។ សារលិខិត​របស់យើង​ពុំ​ទន់ខ្សោយ​ទេ ហើយ​កិច្ចការ​ងារ​របស់​យើង​ក៏ពុំ​មែន​ជា​បណ្ដោះ​អាសន្នដែរ ។ កិច្ចការ​ងារ​របស់យើង​ពុំ​មែន​អកុសល ឬ គ្មាន​ក្ដីសង្ឃឹម​នោះទេ ហើយ​វា​ក៏​មិន​ត្រូវ​បាន​បំភ្លេច​តាម​ពេល​វេលា​នោះ​ដែរ ។ វា​គឺ​ជា​កិច្ចការ​នៃ​ព្រះដ៏មហិមា ហើយ​វានឹង​ផ្លាស់ប្ដូរ​ពិភពលោក ។ ដូច្នេះ​សម្រាប់​លើកទីពីរ ហើយ​ទំនងជា​ជាលើកចុង​ក្រោយផងដែរ​ ពេត្រុស យើងសុំឲ្យ​អ្នក ​បោះ​បង់​ចោល​អ្វីទាំងអស់នេះ ហើយ​ទៅ​បង្រៀន និង ថ្លែងទីបន្ទាល់ ធ្វើ​ការ និង ​បម្រើ​ដោយភក្ដីភាព រហូត​ដល់​ថ្ងៃ​ដែល​ពិភពលោក នឹង​ធ្វើ​ដូចគ្នា​នូវ​អ្វី​ដែល​គេ​បាន​ធ្វើ​មក​លើ​យើង​ » ។

បន្ទាប់មក​​ងាក​ទៅរក​ពួកសាវក​ទាំងអស់ ទ្រង់​ប្រហែលជា​នឹង​មានបន្ទូល​ដូច​នេះ​ថា « តើ​អ្នក​ល្ងិតល្ងង់​ដូច​ជា​ពួក​សង្ឃ និង ពួកផារ៉ាស៊ីឬ ? ដូចជា​ហេរ៉ូឌ និង ពីឡាត់​ឬ ? តើ​អ្នក​គិតដូចជាពួកគេ​ថា កិច្ចការ​នេះ​អាច​នឹង​បញ្ចប់​ដោយ​ងាយ ពេល​គេ​សម្លាប់​យើង​ឬ ? តើ​អ្នក​គិត​ដូចជា​ពួកគេ​ថា ការឆ្កាង ការបោះដែកគោល និង ផ្នូរ​គឺជា​ទីបញ្ចប់​នៃ​អ្វីៗទាំងអស់ឬ ហើយ​មនុស្ស​ម្នាក់​ៗ អាចត្រឡប់ទៅ​កាន់ជីវិត​ចាស់​ដែល​ពួកគេ​មាន​ពីមុនដោយ​រីករាយឬ ? កូនៗ តើ​ជីវិត​របស់​យើង និង ក្ដីស្រឡាញ់​របស់​យើង ពុំ​ចាក់​ក្នុង​ដួងចិត្ត​របស់​អ្នក​ច្រើន​ជា​ង​រឿង​នោះ​ទេ​ឬ​អី ? »

បងប្អូនប្រុសស្រីជាទីស្រឡាញ់​របស់​ខ្ញុំ​ ខ្ញុំ​ពុំ​ដឹង​ច្បាស់​ពី​អ្វី​ដែល​យើង​នឹង​ជួប ​នៅ​ថ្ងៃ​ជំនុំ​ជំរះ​របស់​យើង​ទេ ប៉ុន្តែ​ខ្ញុំ​នឹង​ភ្ញាក់​ផ្អើល​ណាស់ បើក្នុង​ការ​សន្ទនា​នោះ ព្រះ​ពុំ​បាន​សួរ​យើង​នូវ​អ្វី​ដែល​ព្រះគ្រីស្ទ​បាន​សួរ​ដល់​ពេត្រុស​​ថា « តើ​​អ្នក​ស្រឡាញ់​យើង​ឬទេ ? » ខ្ញុំ​គិត​ថា ទ្រង់​នឹង​ចង់​ដឹង​បើ​ជីវិត​រមែង​ស្លាប់​របស់​យើង ពេលខ្លះ​​ការ​យល់​រឿង​ដូចជា​ក្មេងនេះ តើ​យើង​យ៉ាង​ហោច​ណាស់​​យល់​បទបញ្ញត្តិ​មួយ ដែល​ជា​បញ្ញត្តិទីមួយ និង ធំជាងគេ​បង្អស់​ថា « ត្រូវ​ឲ្យ​ឯង​ស្រឡាញ់​ព្រះ​យេហូវ៉ា ជាព្រះ​នៃ​ឯង​​ឲ្យ​អស់ពីចិត្ត អស់ពី​ព្រលឹង និង​អស់​ពីកម្លាំង​ឯង​ » ដែរ​ឬ​ទេ ។ 13 បើ​សិនជាមាន​​គ្រា​ដូច្នោះ យើង​អាច​និយាយ​ថា « ព្រះករុណា​វិសេស ព្រះ​អម្ចាស់​ទ្រង់​ជ្រាប​ថា​ទូលបង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ » ​បន្ទាប់មក ទ្រង់អាច​នឹង​រំឭក​យើង​ថា លក្ខណៈ​នៃ​ក្ដីស្រឡាញ់​ដ៏ខ្ពស់​បំផុត គឺ​ការមានភក្ដីភាពជានិច្ច ។

ព្រះយេស៊ូវ​មាន​បន្ទូលថា​ « បើ​អ្នក​ស្រឡាញ់​ខ្ញុំ ចូរ​រក្សា​បញ្ញត្តិ​របស់​ខ្ញុំ​ចុះ » ។ 14 ដូច្នេះ​យើង​មាន​អ្នកជិតខាង​ដើម្បី​ប្រទានពរ កុមារតូច​ៗ​ដើម្បីការពារ មនុស្ស​ក្រីក្រ​ដើម្បី​លើកឡើង និង សេចក្ដីពិត​ដើម្បី​ការពារ ។ មាន​ការ​ខុសឆ្គង​ជាច្រើន​ដែល​ត្រូវ​កែតម្រូវ​​វិញ មាន​សេចក្ដីពិត​ដើម្បី​ចែកចាយ និង សេចក្ដី​ល្អ​ដើម្បី​ធ្វើ ។ ជាសង្ខេប យើង​ចាំបាច់ត្រូវ​រស់នៅ​ឲ្យដូចជា​ពួក​សិស្ស​ដែលមាន​ការ​លះបង់ ដើម្បី​បង្ហាញក្ដីស្រឡាញ់​របស់យើង​ចំពោះ​ព្រះអម្ចាស់ ។ យើង​មិនអាច​ឈប់ ហើយ​ត្រឡប់ទៅ​ក្រោយ​វិញ​ទេ ។ បន្ទាប់ពី​បាន​ជួប​នឹង​ព្រះរាជបុត្រា​មានព្រះជន្មរស់​នៃព្រះដ៏មានព្រះជន្ម នោះ​គ្មាន​អ្វី​ដែលនឹង​​ត្រឡប់​ទៅ​ដូចជា​ជីវិត​ចាស់​​នោះ​ទេ ។ ការ​ឆ្កាង ដង្វាយធួន និង ការ​រស់ឡើងវិញ​របស់ព្រះយេស៊ូវគ្រីស្ទ គូស​សញ្ញា​នៃ​ការ​ចាប់ផ្ដើម​ជីវិត​ជាគ្រីស្ទាន​ ពុំ​មែន​ជា​ទីបញ្ចប់​នោះទេ ។ គឺ​សេចក្ដីពិត និង ធាតុពិត​នេះ​ហើយ ដែល​អនុញ្ញាត​ឲ្យ​​ពួកអ្នកនេសាទ​កាលីឡេ​ប្រឡប់​មក​ជា​ពួកសាវក​ម្ដងទៀត​ ដែល​គ្មាន​ « កន្លែង​ជំនុំ ឬ​ ដាវ» 15 ចាក​ចោល​អួនទាំងនោះ​ជា​លើក​ទីពីរ ហើយ​​​បន្ដ​សំលៀង​ប្រវត្តិសាស្ត្រ​នៃ​ពិភពលោក​ដែល​យើង​រស់នៅ​ក្នុងពេល​នេះ​ទេ ។

ខ្ញុំ​ថ្លែង​ទីបន្ទាល់ចេញ​ពី​ដួងចិត្តខ្ញុំ ដោយ​បំណង​នៃ​ព្រលឹង​​ខ្ញុំ ​ចំពោះ​អ្នក​ទាំងអស់ណា ដែល​អាច​ស្ដាប់​ឮ​សម្លេង​ខ្ញុំ​ថា កូនសោជាសាវក​ទាំងនោះ ត្រូវ​បាន​ស្ដារឡើងវិញ​នៅលើ​ផែនដី ហើយ​វាមាន​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ចំពោះអ្នក​ដែល​ពុំ​ទាន់​បាន​ចូលរួម​នឹង​យើង​នៅក្នុង​បុព្វហេតុ​នៃ​ព្រះគ្រីស្ទចុង​ក្រោយ​ដ៏មហិមានេះ យើង​សូមនិយាយថា « សូម​មក​ចុះ » ។ ចំពោះ​អ្នកទាំងឡាយ​ណា​ដែលធ្លាប់​នៅ​ជាមួយ​យើង ហើយ​បានដកខ្លួន​​ថយ ដោយ​ចង់​ចូលរួម​តែ​ក្នុង​ទិដ្ឋភាព​វប្បធម៌​មួយចំនួន​នៃ​សាសនាចក្រ តែ​ពុំ​ចូលរួម​នៅក្នុង​ពរជ័យ​ពេញលេញ​នៃ​ដំណឹងល្អ​ដែលបាន​ស្ដារឡើងវិញ ខ្ញុំសូម​​និយាយ​ថា ខ្ញុំ​ខ្លាច​ថា​អ្នក​​ប្រឈមមុខ​នឹង​យប់​យន់សែន​យូរ ហើយ​គ្មាន​ចាប់បានអ្វីក្នុងអួនសោះ ។ យើង​សូម​ហៅ​អ្នក​ឲ្យ​ត្រឡប់មកវិញ ចូរ​នៅស្មោះត្រង់​ និង​ ស្រឡាញ់ព្រះ ហើយ​ជួយ​ស្ថាបនានគរ​ព្រះ ។ ខ្ញុំ​ក៏​​ហៅ​ដោយ​ស្មោះ​ដល់​អ្នក​ត្រឡប់មក​ពី​ផ្សព្វផ្សាយសាសនា​គ្រប់រូប ដែល​ធ្លាប់​ឈរ​នៅ​ជិត​អាងបុណ្យជ្រមុជទឹក​ ហើយ​លើក​ដៃ​ជា​កែង​និយាយ​ថា « ដោយ​បាន​ទទួលការ​អនុញ្ញាត​មក​ពីព្រះយេស៊ូវគ្រីស្ទ » ។ 16 ការ​អនុញ្ញាត​នោះ គឺត្រូវ​ផ្លាស់​ប្ដូរ​ការ​ផ្លាស់ប្រែចិត្តជឿ​របស់អ្នក​ជារៀងរហូត ប៉ុន្តែ​វា​ក៏​ត្រូវ​ផ្លាស់ប្ដូរ​អ្នក​ជារៀងរហូត​ផងដែរ ។ ចំពោះ​យុវវ័យ​ក្នុងសាសនាចក្រ ដែល​កំពុង​ធំពេញវ័យ ហើយ​មិន​យូរ​ប៉ុន្មាន​នឹង​ចេញទៅ​ព្រះវិហារបរិសុទ្ធ បេសកកម្ម ព្រះវិហារបរិសុទ្ធ ហើយ​នឹង​រៀបការ​ យើងសូម​និយាយ​ថា ៖ « ចូរ​ស្រឡាញ់​ព្រះ ហើយ​ជ្រះស្អាត​ពី​ឈាម​នៃ​មនុស្ស​តំណរ​នេះ » ។ អ្នក​មាន​កិច្ចការ​យ៉ាងច្រើន​ដើម្បី​ធ្វើ ដែល​ត្រូវ​បាន​គូស​បញ្ជាក់​នៅក្នុង​ការប្រកាស​ដ៏​អស្ចារ្យ ដែល​ប្រធានថូម៉ាស  អេស. ម៉នសុន បាន​ថ្លែង​កាល​ពីព្រឹក​ម្សិលមិញ » ។ ព្រះបិតាសួគ៌​របស់​អ្នក​ រំពឹង​ឲ្យ​អ្នក​មានក្ដី​ស្រឡាញ់​ និង ភក្ដីភាពគ្រប់ពេល​ក្នុង​ជីវិត​របស់អ្នក ។

អស់អ្នកដែលស្ដាប់ឮ​សម្លេង​ខ្ញុំ សម្លេង​របស់ព្រះគ្រីស្ទ បាន​បន្លឺ​គ្រប់ពេល ហើយ​បាន​សួរ​យើង​ម្នាក់ៗ ខណៈ​ដល់​ពេល​​ថា « តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ ? » ហើយ​ចំពោះ​​យើងទាំងអស់គ្នា ខ្ញុំ​ឆ្លើយ​ដោយការ​គោរព និង អស់ពីព្រលឹង​របស់​ខ្ញុំ​ថា « ព្រះអម្ចាស់​អើយ យើង​ខ្ញុំ​ស្រឡាញ់​ទ្រង់ » ។ ហើយ​បាន​ដាក់​ « ដៃយើង​កាន់​នង្គ័ល » ។ 17 យើង​នឹង​ពុំ​បែរ​មើល​ក្រោយឡើយ រហូត​ដល់​កិច្ចការ​នេះ ត្រូវ​បាន​បញ្ចប់ ហើយ​សេចក្ដីស្រឡាញ់​នៃ​ព្រះពិត និង អ្នក​ជិតខាង បាន​គ្រប់គ្រង​ពិភពលោក ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។​

Mostrar referencias

  1.  

    1.  យ៉ូហាន 14:9  ។

  2.  

    2.  ម៉ាកុស 9:31–32  ។

  3.  

    3.  យ៉ូហាន 21:3  ។

  4.  

    4. សូមមើល​យ៉ូហាន 21:5 

  5.  

    5.  យ៉ូហាន 21:6  ។

  6.  

    6.  លូកា 5:5  ។

  7.  

    7.  លូកា 5:6  ។

  8.  

    8.  យ៉ូហាន 21:6  ។

  9.  

    9.  យ៉ូហាន 21:7 

  10.  

    10.  យ៉ូហាន 21:15

  11.  

    11.  យ៉ូហាន 21:16  ។

  12.  

    12.  យ៉ូហាន 21:17  ។

  13.  

    13.  លូកា 10:27 ; សូមមើលផងដែរ ម៉ាថាយ 22:37–38

  14.  

    14.  យ៉ូហាន 14:15  ។

  15.  

    15. Frederic W. Farrar, ជីវិត​ដ៏​រុងរឿង​របស់ព្រះគ្រីស្ទ (1994), 656 សូមមើល​ជំពូក 62 សម្រាប់​ស្ថានភាព​តានតឹង​កាន់តែច្រើន​​នៃ​ការ​បង្កើត​ព្រះវិហារ​ថ្មី​នេះ​ ។

  16.  

    16.  គោលលទ្ធិ និង សេចក្ដីសញ្ញា 20:73  ។

  17.  

    17.  លូកា 9:62  ។