ព្រះគ្រីស្ទ ជា​ព្រះប្រោសលោះ


ខាឡូស អេច អាម៉ានដូ
ការ​ពលិកម្ម​របស់​ [ព្រះប្រោសលោះ] ប្រទានពរ​ដល់​មនុស្សគ្រប់គ្នា ចាប់តាំង​ពីជំនាន់​អ័ដាម ជាមនុស្ស​ដំបូង រហូត​ដល់​មនុស្ស​ចុង​ក្រោយ​គេ​បង្អស់។

ព្រះយេស៊ូវ​គ្រីស្ទ​ ជា​ព្រះ​រាជ​បុត្រា​nS ព្រះ បាន​ប្រសូត ហើយ សុគត​​នៅ​ក្នុង​លក្ខណៈ​យ៉ាង​ពិសេស ។ ទ្រង់​​​បាន​រស់​នៅ ហើយធំ​ឡើង ក្នុង​ស្ថានភាព​យ៉ាង​រាប​ទាប ដោយ​គ្មាន​ទ្រព្យ​សម្បត្តិស្តុកស្តមឡើយ ។ ទ្រង់​បាន​មាន​បន្ទូល​ពី​អង្គ​ទ្រង់​ថា « កញ្ជ្រោង​មាន​រូង​វា ហើយ​សត្វហើរ​លើ​អាកាស​ក៏​មាន​សំបុក​ដែរ តែ​កូន​មនុស្ស​គ្មាន​កន្លែង​ណា​នឹង​កើយ​ក្បាល​ទេ » ( លូកា 9:58 ) ។

ទ្រង់​មិន​ដែល​ទទួល​កត្តិយស ការថ្នាក់ថ្នម និង មុខ​មាត់ ឬ ប៉ង​ចង់​បាន​ការធ្វើ​ល្អ​​ពី​អ្នក​នយោបាយ​នៃ​ផែនដី​នេះ ឬ ពី​អ្នក​ដឹក​នាំ​សាសនា​ក្នុងជំនាន់​ទ្រង់​ឡើយ ។ ទ្រង់​ក៏ពុំ​គង់​នៅ​លើ​បល្ល័ង្ក​យ៉ាង​ខ្ពស់​​ក្នុង​សាលា​ប្រជុំ​ដែរ ។

ការបង្រៀន​របស់​ទ្រង់​សាមញ្ញ ហើយ​ថ្វីបើ​​បណ្តា​ជន​បាន​ដើរ​តាម​ទ្រង់​ក្តី ក៏​ការបម្រើ​របស់​ទ្រង់​ តែងតែ​មាននូវ​ការ​ប្រសិទ្ធពរដល់​បណ្តាជន​ម្ដង​ម្នាក់​ៗ​ផង​ដែរ ។ ទ្រង់​បាន​ធ្វើ​អព្ភូតហេតុយ៉ាងច្រើន ​នៅ​ក្នុង​ចំណោម​​អ្នក​ដែល​បាន​ទទួល​ទ្រង់ទុក​ជាអង្គមួយ ​ដែល​ត្រូវ​បាន​បញ្ជូន​មក​ពី​ព្រះ ។

ទ្រង់​បាន​ផ្ដល់​សិទ្ធិ​អំណាច និង​ព្រះចេស្ដា​​ដល់​ពួកសាវក​ ដើម្បី​​ធ្វើ​អព្ភូតហេតុ « ក៏​នឹង​ធ្វើ​ការ​ធំ​ជាង » ការណ៍​ដែល​ទ្រង់​បាន​ធ្វើ​ទៅ​ទៀត(យ៉ូហាន 14:12) ប៉ុន្តែ​ទ្រង់​មិន​ផ្ទេរ​សិទ្ធិឲ្យ​ពួកគេ​មាន​ឯកសិទ្ធិ​អភ័យ​ទោស​បាប​ឡើយ ។​ ខ្មាំង​​សត្រូវទ្រង់បាន​​ទាស់​ចិត្ត ​ពេល​ពួកគេ​ឮ​ទ្រង់​មាន​បន្ទូល​ថា « អញ្ជើញ​ទៅ​ចុះ តែ​កុំ​ធ្វើ​បាប​ទៀត​ឡើយ » ( យ៉ូហាន 8:11 ) ឬ « បាប​នាង​បាន​អត់​ទោស​ឲ្យ [ នាង ] ហើយ » ( លូកា 7:48 ) ។ ឯកសិទ្ធិ​នោះ ​គឺជា​របស់ផង​​ទ្រង់​តែមួយអង្គ​​គត់ ​ព្រោះ​ទ្រង់​គឺជា​ព្រះរាជ​បុត្រា​នៃ​ព្រះ និង​ដោយសារទ្រង់​បាន​​បង់ថ្លៃ​លោះ​អំពើបាប​ទាំងនោះ​ ជាមួយ​នឹង​ដង្វាយធួន​របស់​ទ្រង់ ។

អំណាច​លើ​សេចក្តីស្លាប់​របស់​ទ្រង់

អំណាច​លើ​សេចក្តីស្លាប់​របស់​ទ្រង់​ ក៏​ជា​លក្ខណៈ​ពិសេស​ដ៏​​ទេវភាព​មួយផង​ដែរ ។ យ៉ៃរ៉ុស ​ជា​មេ​សាលា​ប្រជុំ បាន​អង្វរ « ទ្រង់​ឲ្យយាង​ទៅផ្ទះគាត់ ព្រោះ​គាត់​មាន​កូន​ស្រីតែ ១ អាយុ​ប្រហែល ១២ ឆ្នាំ មាន​ជំងឺ​ឈឺ​ជិត​ស្លាប់ » ( លូកា 8:41–42 ) ។ ព្រះ​អម្ចាស់​បាន​ឮ​ការអង្វរ​របស់​គាត់ ហើយ​ខណៈ​ដែល​​កំពុង​ដើរទៅ ស្រាប់​តែមាន​​អ្នក​បម្រើ រត់​មក​ប្រាប់​យ៉ៃរ៉ុស​ថា « កូន​លោក​ស្លាប់​ហើយ កុំ​នៅ​រំខាន​ចិត្ត​លោក​គ្រូ​ទៀត » ​​( លូកា 8:49 ) ។ បន្ទាប់ពី​​ទ្រង់បាន​​​យាង​ចូល​ផ្ទះគាត់ នោះព្រះ​យេស៊ូវ ​បានបញ្ជាគេ​ឲ្យ​ចេញ​អស់ ហើយ​ទ្រង់​ចាប់​ដៃ​នាង​ រួច​មាន​បន្ទូល​ភ្លាម​ថា « ចូរក្រោក​ឡើង ! » ( លូកា 8:54 ) ។

ក្នុង​គ្រា​មួយ​ទៀត​ ខណៈ​ពេល​ទ្រង់​កំពុង​តែ​យាង​ទៅ​ទីក្រុង​ណាអ៊ីន ទ្រង់​បាន​យាង​ក្បែរ​មនុស្ស​​កំពុង​សែង​ខ្មោច ស្ត្រី​មេម៉ាយ​ម្នាក់​កំពុង​តែ​យំ ​ដោយ​ព្រោះ​តែ​កូន​ប្រុស​តែ​មួយ​របស់​គាត់​ស្លាប់ ។ ដោយ​មាន​ព្រះហឫទ័យ​ក្តួល​អាណិត នោះ​ទ្រង់​បាន​ពាល់​ក្ដារ​មឈូស ហើយ​មាន​បន្ទូលថា « អ្នក​កំឡោះ​អើយ ខ្ញុំ​បង្គាប់​អ្នក​ថា ចូរ​ក្រោក​ឡើង »​ ( លូកា 7:14 ) ។ មនុស្ស​គ្រប់​រូប ដែល​បាន​ឃើញ​អព្ភូតហេតុ​ បាន​ស្រែក​ពោល​ថា « មាន​ហោរា​ ១​ ធំ ​បាន​កើត​ឡើង​ក្នុង​ពួក​យើង …​ ហើយ​ថាព្រះ​បាន​ប្រោស​រាស្ត្រ​ទ្រង់​ហើយ » ( លូកា 7:16 ) ។ អព្ភូត​ហេតុ​នេះ​ ពិត​ជាអស្ចារ្យ​ក្រៃលែង​ ពី​ព្រោះពួកគេ​បាន​ប្រកាស​ថា ​កំឡោះ​នេះ​ បាន​ស្លាប់​ពិត​ទៅ​ហើយ ហើយ​កំពុង​តែ​យក​សព​គាត់​ទៅ​កប់ ។ ព្រម​ជាមួយ​នឹង​ការ​ប្រោស​យុវវ័យ​ពីរ​នាក់​ឲ្យ​រស់​ឡើង​វិញ នោះ​ភស្តុតាង​នៃ​សិទ្ធិ​អំណាច​ និង​ព្រះចេស្ដា​របស់​ទ្រង់​លើ​សេចក្តី​ស្លាប់ ​ធ្វើ​ឲ្យ​ពួក​អ្នក​ស្រុក​ស្ងប់ស្ងែង ហើយ​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​របស់​ទ្រង់​ភ័យ​ខ្លាច​ផង​ដែរ ។

គ្រា​ទីបី គឺជា​អព្ភូតហេតុ​ដ៏​អស្ចារ្យ​បំផុត ។ ម៉ាថា ម៉ារា និង ឡាសារ ​គឺជា​បង​ប្អូន​បង្កើតនឹងគ្នា ដែល​ព្រះ​គ្រីស្ទ យាងទៅ​​ជួប​ជា​ញយៗ ។ នៅ​ពេល​អ្នកស្រុក​បានទូល​ប្រាប់​ទ្រង់ថា ​ឡាសារ ឈឺ នោះ​ទ្រង់​បាននៅពីរថ្ងៃទៀត មុន​នឹង​​យាង​ទៅ​គ្រួសារ​នោះ ។ ជា​ការ​លួង​លោម​ដល់​ម៉ាថា បន្ទាប់​ពី​ការ​ស្លាប់​របស់​បងប្រុស​នាង នោះទ្រង់​បានថ្លែង​ទី​បន្ទាល់​យ៉ាង​អង់​អាច​ថា « ខ្ញុំ​ជា​សេចក្តី​រស់​ឡើង​វិញ ហើយ​ជាជីវិត​ អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ទោះបី​បាន​ស្លាប់​ហើយ គង់​តែ​នឹង​រស់​ឡើង​វិញដែរ » ( យ៉ូហាន 11:25 ) ។

នៅ​ពេល​ព្រះអង្គ​សង្គ្រោះ​បាន​សុំ​ឲ្យ​អ្នក​ទួញយំ ​រមៀល​ថ្ម​ចេញ​ពីមាត់​ផ្នូរ នោះ​ ម៉ាថា បាន​ខ្សឹប​ប្រាប់​ទ្រង់​ថា « ព្រះ​អម្ចាស់​អើយ ខ្មោច​នោះ​ធុំ​ខ្លិន​ហើយ ព្រោះ​ស្លាប់​កន្លង​មក​បាន​ ៤​​ ថ្ងៃហើយ » ( យ៉ូហាន 11:39 ) ។

នោះ​ព្រះ​យេស៊ូវ​ បាន​រំឭក​ដល់​នាងដោយ​ក្ដី​ស្រឡាញ់​ថា « តើ​ខ្ញុំ​មិន​បាន​ប្រាប់​នាង​ថា បើសិន​នាង​ជឿ នោះនាង​នឹង​ឃើញ​សិរីល្អ​នៃ​ព្រះ​ទេ​ឬអី ? » ( យ៉ូហាន 11:40 ) ។ ហើយ​កាល​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ហើយ ក៏​បន្លឺ​បន្ទូល​ថា ៖

« ឡាសារ​អើយ ចូរ​ចេញ​មក ។

« នោះអ្នក​ដែល​បាន​ស្លាប់​ ក៏​ចេញ​មក » ( យ៉ូហាន 11:43–44 ) ។

បន្ទាប់​ពី​ការបញ្ចុះ​សព​របស់​ឡាសារ​ក្នុង​ផ្នូរ ៤ ថ្ងៃ សត្រូវ​របស់​ព្រះ​រាជ​បុត្រា​នៃ​ព្រះ បាន​មើល​ឃើញ​ភស្តុតាង​ ដែល​មិន​អាច​បដិសេធ​បាន ពួកគេ​មិន​អាច​ព្រងើយ​កន្តើយ ឬ និយាយ​មួល​បង្គាច់ ថា​ជា​អព្ភូតហេតុ​ក្លែង​ក្លាយ​ទៀត​ឡើយ « ដូច្នេះ​ចាប់​តាំងពី​ថ្ងៃ​នោះ​មក គេក៏​ពិគ្រោះ​គ្នា​នឹង​សំឡាប់​ទ្រង់​ចេញ » ( យ៉ូហាន 11:53 ) ។

បញ្ញត្តិថ្មី

ក្រោយមក ព្រះ​អម្ចាស់​ដែល​មាន​ព្រះជន្ម​រស់ បាន​ធ្វើ​ពិធី​បុណ្យ​រំលង​ជា​មួយ​ពួក​សាវក​របស់​ទ្រង់ បានបង្កើត​​ពិធីបរិសុទ្ធ​នៃ​​សាក្រាម៉ង់ ហើយ​បាន​ប្រទាន​បញ្ញត្តិ​ដល់​ពួក​គេ ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ការ​បម្រើ​គ្នា​ដោយ​ស្មោះ ។

ការរងទុក្ខ​​នៅ​ក្នុង​សួនច្បារ​គែតសេម៉ានី

ក្រោយ​ពី​នោះ​មក មានការបង្ហាញនូវ​សេចក្តី​ស្រឡាញ់​ដ៏ធំ​អនេក​របស់​ទ្រង់​ចំពោះ​មនុស្ស​លោក ហើយក្នុង​ការ​អនុវត្តន៍​ដ៏​ពេញ​លេញ​ស្រប​តាម​ព្រះឆន្ទៈ​របស់​ទ្រង់​ផ្ទាល់ នោះ​ទ្រង់​បាន​ទទួល​អម្រែក​នៃ​ទុក្ខ​លំបាក​ដ៏​ធំ​បំផុត​​របស់​​ទ្រង់​​ដោយ​អង់អាច​​ក្លាហាន ។ ទ្រង់​​បាន​​រង​នូវ​ការឈឺចាប់​​ដ៏​ធំ​អនេក នៅក្នុង​សួនច្បារ​គែតសេម៉ានី ក្នុង​ភាពឯកោ​ទាំង​ស្រុង ដោយ​បាន​ហូរ​ព្រះលោហិត​​ចេញ​ពី​រន្ធ​ញើស ។ ដោយ​គោរព​ព្រះវរបិតា​របស់ទ្រង់​ទាំងស្រុង នោះ​ទ្រង់​បានធ្វើ​ឲ្យធួន​ចំពោះ​អំពើ​បាប​របស់​យើង ហើយ​ក៏បាន​ទទួល​លើក​ដាក់​មកលើ​ទ្រង់នូវជំងឺ និងការ​ឈឺចាប់របស់​យើង ដើម្បី​ឲ្យ​ព្រះទ័យ​របស់ទ្រង់​បាន​ពោរពេញ​ដោយ​ក្តីមេត្តា​ករុណា ( សូមមើល អាលម៉ា 7:11–13 ) ។

យើង​ជំពាក់​បំណុល​ទ្រង់ និង ព្រះ​វរបិតា​សួគ៌​យើង ពីព្រោះ​ការ​ពលិកម្ម​របស់​ទ្រង់ ​បាន​ប្រទាន​ពរ​ដល់​ជន​គ្រប់​រូប ចាប់​តាំងពី​ជំនាន់​អ័ដាម ជា​មនុស្ស​ដំបូង រហូត​ដល់​មនុស្សចុង​​ក្រោយ​គេ​បង្អស់។

ការកាត់​ទោស និង ការឆ្កាង​របស់​ព្រះអង្គ​សង្គ្រោះ

ក្រោយ​ពីរងទុក្ខ​ក្នុង​សួន​ច្បារ​គែតសេម៉ានី​បាន​ចប់​ហើយ នោះ​ទ្រង់​បាន​ប្រគល់​អង្គ​ទ្រង់​ដោយ​ស្ម័គ្រ​ព្រះទ័យ​ទៅ​ឲ្យ​ពួក​សត្រូវ​ទ្រង់ ។ ដោយមាន​សាវក​ទ្រង់​ម្នាក់ក្បត់ នោះ​គេ​បាន​ដាក់​ទោស​ទ្រង់​មួយ​រំពេច ដោយ​អយុត្តិធម៌ និង ខុស​ច្បាប់ ក្នុង​ការកាត់​សេចក្តី​​ទាំង​មួល​បង្គាច់ និង មិន​ល្អ ។ ក្នុង​រាត្រី​ដដែល​នោះ ទ្រង់​ត្រូវ​បាន​គេ​ចោទ​ពី​បទ​ឧក្រិដ្ឋ​នៃ​ការប្រមាថ​ព្រះ ហើយ​ត្រូវ​បាន​គេ​ដាក់ទោស​ឲ្យ​សុគត ។ ក្នុង​ការ​ស្អប់ និង គំនុំ​សងសឹក​របស់​ពួកគេ—ពីព្រោះតែ​​ទ្រង់​បាន​ថ្លែង​ទីបន្ទាល់​ដល់​ពួកគេ​ថា ទ្រង់​គឺជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ—នោះ​ខ្មាំង​សត្រូវ​របស់​ទ្រង់ ​បាន​ដាក់​គម្រោង ​ដើម្បី​ឲ្យ​លោក​ពីឡាត់​ដាក់ទោស​ទ្រង់ ។ ដោយ​មូលហេតុ​នោះ​ហើយ ពួកគេ​បាន​ផ្លាស់​ប្ដូរ​ការ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​នៃ​ការប្រមាថ​ព្រះ ទៅ​ជា​បទ​បះបោរ​វិញ ដើម្បី​ឲ្យ​ទ្រង់​ត្រូវ​សុគត​ដោយ​ការ​ឆ្កាង ។

ការដាក់​ទោស​​ទ្រង់នៅ​ក្នុង​ចំណោម​ពួករ៉ូម គឺ​កាន់តែ​សាហាវ​ទៅ​ទៀតដូចជា​ ៖ ការសើច​ចំអក និង​ ការមើល​ងាយ​អំពី​នគរ​ខាង​វិញ្ញាណ​របស់​ទ្រង់ ​មើលងាយការ​សោយរាជ្យ​របស់ទ្រង់ដោយ​បំពាក់​មកុដ​បន្លា​លើ​ព្រះសិរសា​ទ្រង់ ការ​វាយ​​ធ្វើ​បាបទ្រង់​​យ៉ាង​ឈឺ​ចាប់ និង ​​​ការឆ្កាង​ទ្រង់ឲ្យ​មាន​ការ​ឈឺ​ចាប់កាន់​តែ​​យូរ គឺជា​ការព្រមាន​យ៉ាង​ច្បាស់ដល់​មនុស្ស​គ្រប់​រូប ដែល​ហ៊ាន​​ប្រកាស​ខ្លួន​ថា ជា​សិស្ស​របស់​​ទ្រង់។

​រាល់​ពេល​នៃ​ការរង​ទុក្ខ​របស់​ទ្រង់ ព្រះប្រោសលោះ​នៃ​ផែនដី បាន​បង្ហាញ​នូវ​លទ្ធភាព​គ្រប់គ្រង​លើព្រះ​​អង្គ​ទ្រង់​យ៉ាង​វិសេស ។ ទ្រង់​តែងតែ​គិត​អំពី​ការប្រទាន​ពរ​ដល់​អ្នក​ដទៃ ដោយ​ព្រះទ័យ​សប្បុរស ហើយទន់ភ្លន់ ទ្រង់​បាន​អង្វរ​ដល់​យ៉ូហាន​ឲ្យមើល​​ថែ ​ម៉ារា ជា​មាតា​ទ្រង់ ។ ទ្រង់​បាន​ទូល​សូម​ព្រះ​វរបិតា​សួគ៌ ​ឲ្យ​អភ័យ​ទោស​ដល់​អ្នក​ដែល​ឆ្កាង​ទ្រង់ ។ ​ដោយ​បាន​បំពេញ​កិច្ចការ​របស់​ទ្រង់​នៅលើ​ផែនដី​ហើយ នោះ​ទ្រង់​បាន​ប្រគល់​វិញ្ញាណ​​ទ្រង់​ទៅ​ដល់​ព្រះ ហើយ​បាន​ដក​ដង្ហើម​ចុង​ក្រោយ​របស់​ទ្រង់ ។ ព្រះ​កាយ​របស់​ព្រះ​គ្រីស្ទ ត្រូវ​បាន​គេ​យក​ទៅ​ដាក់ក្នុង​ផ្នូរ ហើយ​​ទុក​នៅ​ទី​នោះ​ចំនួន​បី​ថ្ងៃ ។

កិច្ចការ​របស់​ព្រះ​ប្រោសលោះក្នុង​ចំណោម​អ្នក​ស្លាប់

ខណៈ​ដែល​ពួក​សិស្ស​​ទ្រង់ កំពុងតែ​មាន​ទុក្ខសោក ការខកចិត្ត និង ការស្រពេច​ស្រពិល នោះ​ព្រះអង្គ​សង្គ្រោះ​យើង នៅ​ក្នុង​ផ្នែក​មួយ​ទៀត​នៃ​ផែនការ​ដ៏​រុង​រឿង​របស់​ព្រះ​វរបិតា​ទ្រង់ ទ្រង់​បាន​បន្តការ​បម្រើ​របស់​ទ្រង់ក្នុង​របៀប​ថ្មី ។ ក្នុង​អំឡុង​ពេល​បី​ថ្ងៃ​ដ៏ខ្លីនោះ ទ្រង់​បាន​ធ្វើការ​ដោយ​មិន​នឿយ​ហត់ ដើម្បី​រៀបចំ​​កិច្ចការ​នៃ​សេចក្តីសង្គ្រោះ​ដ៏ធំ​ ក្នុង​ចំណោម​អ្នក​ស្លាប់ ។ ថ្ងៃ​ទាំង​នោះ​ បាន​ក្លាយ​ទៅ​ជា​ថ្ងៃ​ពោរពេញ​ទៅ​ដោយ​ក្តីសង្ឃឹម​ដ៏​ធំ​បំផុតចំពោះ​​គ្រួសារ​នៃ​ព្រះ ។ អំឡុងពេល​នៃការ​​យាង​ទៅជួប​របស់​​​ទ្រង់ ទ្រង់​បាន​រៀបចំ​ពួក​អ្នក​ដើរតាម​​ស្មោះ​ត្រង់​របស់​ទ្រង់​ ដើម្បី​ឲ្យ​ពួកគេ​នាំ​យក​ដំណឹង​ល្អ​នៃ​ការប្រោសលោះ ទៅ​ដល់​អស់​អ្នក​ដែល​បាន​ស្លាប់ ឬ អ្នក​​បដិសេធ​ផែនការ​នេះ កាលពី​​នៅ​រស់ ឲ្យ​បាន​​ដឹង​ពី​ផែនការ​ដ៏​រុង​រឿង ។ ឥឡូវនេះ ពួកគេ​នឹង​មាន​ឱកាស​ដើម្បីបាន​រួច​ពី​សេវកភាព​របស់​ពួកគេ និងត្រូវ​បាន​ប្រោសលោះ​ដោយ​ព្រះ​នៃ​មនុស្ស​រស់ និង មនុស្ស​ស្លាប់ ( សូមមើល គ. និង ស. 138:19, 30–31 ) ។

ទ្រង់​បាន​ក្លាយ​ទៅ​ជា​ផល​ដំបូង​នៃ​ការ​រស់ឡើងវិញ

ដោយ​បាន​បំពេញ​កិច្ចការ​ទ្រង់ក្នុង​ពិភព​វិញ្ញាណ​ហើយ នោះ​ទ្រង់​បាន​ត្រឡប់​មក​ផែនដី​វិញ—ដើម្បី​នឹង​ផ្គុំ​​វិញ្ញាណ និង ព្រះ​កាយ​​ទ្រង់ចូល​គ្នាជារៀង​រហូត ។ ថ្វីបើ​ទ្រង់​បាន​បង្ហាញ​ព្រះចេស្ដា​​លើ​សេចក្តីស្លាប់​​​យ៉ាង​ពេញ​លេញ​ក៏​ដោយ ក៏​ដំណើររឿង​ក្នុង​បទ​គម្ពីរ​ អំពី​ពួក​អ្នក​ដែល​ទ្រង់​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ មុន​ការរស់​ឡើង​វិញ​របស់​ទ្រង់ បាន​បង្ហាញ​ថា ពួកគេ​គ្រាន់តែ​មាន​ជីវិត​រស់​ឡើង​វិញ​ដោយ​អព្ភូតហេតុ ​ដែល​ពន្យា​ជីវិត​គេ​ប៉ុណ្ណោះ ពួកគេ​នឹង​នៅតែ​ស្លាប់ដដែល ។

ព្រះគ្រីស្ទ​ គឺជា​ផល​ផ្លែ​ដំបូង​ដែល​បាន​រស់​ឡើង​វិញ ហើយ​នឹង​មិន​សុគត​ទៀត​ឡើយ ដើម្បី​មាន​រូបកាយ​មួយ​ឥត​ខ្ចោះ ដ៏អស់កល្ប​ជានិច្ច ។ នៅ​ក្នុង​ស្ថានភាព​​រស់​ឡើង​វិញ​របស់​ទ្រង់ ទ្រង់​បាន​យាង​មក​ជួប​ម៉ារា ដែល​បាន​ថ្វាយ​បង្គំ​ទ្រង់​ភ្លាម ពេល​នាង​បាន​ដឹង​ថា ​ជាទ្រង់នោះ ។ ដោយ​ព្រះទ័យ​ស្រទន់ ព្រះប្រោសលោះ​របស់​យើង បាន​ប្រាប់​នាង​អំពី​លក្ខណៈ​រុងរឿង​ថ្មី​របស់​ទ្រង់​ថា ៖ « កុំ​ពាល់​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​ទាន់​ឡើង​ទៅ​ឯ​ព្រះវរបិតា​ខ្ញុំ​នៅ​ឡើយ » ( យ៉ូហាន 20:17 )—ដែល​ផ្តល់​នូវ​ទី​បន្ទាល់​បន្ថែម​ថា ការបម្រើ​របស់​ទ្រង់​ក្នុង​ពិភព​វិញ្ញាណ ​គឺមាន​​ពិត ហើយ​​បានចប់​សព្វគ្រប់​ហើយ ។ បន្ទាប់មក តាម​​ការពិពណ៌នា​ដែល​បញ្ជាក់​នូវ​ភាពពិតនៃ​ការរស់​ឡើង​វិញ​របស់​ទ្រង់ ទ្រង់​បាន​មាន​បន្ទូល​ថា « ខ្ញុំ​ឡើង​ទៅ​ឯ​ព្រះ​វរ​បិតា​ខ្ញុំ ជា​ព្រះ​វរ​បិតា​នៃ​អ្នក​រាល់​គ្នា គឺជា​ព្រះ​នៃ​ខ្ញុំ ហើយ​ជា​ព្រះ​នៃ​អ្នករាល់គ្នា​ដែរ » ( យ៉ូហាន 20:17 ) ។ បន្ទាប់​ពី​បាន​យាង​ទៅ​ឯ​ព្រះ​វរបិតា​ទ្រង់​ហើយ ទ្រង់​បាន​ត្រឡប់​មក​វិញ ​បង្ហាញ​អង្គ​ទ្រង់​ដល់​ពួក​សាវក « ទ្រង់​បង្ហាញ​ព្រះហស្ដ និង ចំហៀង​ទ្រង់​ឲ្យ​គេ​មើល ដូច្នេះ​ពួក​សិស្ស​មាន​ចិត្ត​ត្រេកអរ ដោយ​បាន​ឃើញ​ព្រះ​អម្ចាស់ » ( យ៉ូហាន 20:20 ) ។

ព្រះ​ប្រោសលោះ​នឹង​យាង​ត្រឡប់​មក​វិញ

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះ​គ្រីស្ទ​នឹង​យាង​ត្រឡប់​មក​វិញ តាម​របៀប​ខុស​គ្នា​ពី​ការយាង​មកជា​លើក​​ដំបូង​របស់​ទ្រង់ ។ ទ្រង់​នឹង​យាង​មក​ក្នុង​ព្រះចេស្ដា និង សិរីល្អ ជាមួយ​នឹង​ពួក​បរិសុទ្ធ​សុចរិត និង ​ស្មោះត្រង់​គ្រប់​រូប ។ ទ្រង់​នឹង​យាង​មក​ជា​សេ្តច​នៃ​អស់​ទាំង​ស្តេច និង​ជា​ព្រះ​នៃ​អស់​ទាំង​ព្រះ ជា​ម្ចាស់​នៃ​មេត្រីភាព ជា​ព្រះ​មែស៊ី​ ដែល​បានសន្យា ជា​ព្រះអង្គ​សង្គ្រោះ និង ព្រះប្រោសលោះ ដើម្បី​​ជំនុំជំរះ​ដល់​អ្នក​នៅរស់ និង អ្នក​ស្លាប់ ។ ខ្ញុំ​ស្រឡាញ់ ហើយ​បម្រើ​ទ្រង់​ដោយ​អស់ពី​ដួងចិត្ត​ខ្ញុំ ហើយ​ខ្ញុំ​សូម​អង្វរ​ឲ្យ​យើង​​​បម្រើ​ដោយ​ចិត្តអំណរ និង​ការលះបង់ ហើយ​សុំ​ឲ្យ​​យើង​នៅ​តែ​ស្មោះ​ត្រង់​ចំពោះ​ទ្រង់​រហូត​ដល់ទី​បញ្ចប់ ។ ក្នុង​ព្រះនាមទ្រង់ ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។