ការ​តាម​ដាន


អិម រ័សុល បាឡឺដ
យើង​គ្រប់គ្នា​អាច​ចូល​ប្រឡូក​កាន់តែ​ខ្លាំង​នៅ​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​បាន​ដោយ​ជំនួស​ការ​ភ័យ​ខ្លាច​យើង​ជាមួយ​នឹង​សេចក្ដី​ជំនឿ​ពិត

នៅ​ខែ​កញ្ញា​កាល​ពី​ហុក​សិបបួន​ឆ្នាំ​មុន ខ្ញុំ​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ពី​បេសកកម្ម​​នៅ​ប្រទេស​អង់គ្លេសខ្ញុំ ។ បី​ថ្ងៃ​បន្ទាប់ពី​ត្រឡប់​មក​វិញ ខ្ញុំ​បាន​ចូល​រួម​កម្មវិធី​រាំ ហេឡូ ដេ នៅ​សាកល​វិទ្យាល័យ​យូថាហ៍​ជាមួយ​មិត្ត​ខ្ញុំ​ម្នាក់ ។ គាត់​បាន​ប្រាប់​ខ្ញុំ​ពី​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់​ឈ្មោះ បាបារ៉ា បូវិន ដែល​គាត់​បាន​គិត​ថា ខ្ញុំ​គួរ​ជួប ។ គាត់​បាន​នាំ​នាង​មក ហើយ​ណែនាំ​ខ្លួន ហើយ​យើង​ក៏​បាន​ចាប់​ផ្ដើម​រាំ ។

ជា​អកុសល នេះ​ជា​អ្វី​ដែល​យើង​ធ្លាប់​ហៅ​ថា «tag dance» មាន​ន័យ​ថា អ្នក​អាច​រាំ​នឹង​នារី​ម្នាក់​បាន​រហូត​មាន​មនុស្ស​ម្នាក់​ទៀត​​មក​គោះ​ស្មា​អ្នក​ឲ្យ​ឈប់ ។ បាបារ៉ា ជា​នារី​ម្នាក់​ដែល​មាន​បុរស​ចូលចិត្ត​ច្រើន ដូច្នេះ​ខ្ញុំ​បាន​រាំ​នឹង​នាង​តិច​ជាង​មួយ​នាទី ពីមុន​យុវជន​ម្នាក់​ទៀត​បាន​គោះ​ស្មា​ឲ្យ​ខ្ញុំ​ចេញ ។

ខ្ញុំ​មិន​អាច​ទទួល​យក​វា​បាន​ទេ ។ ដោយ​បាន​រៀន​ពី​សារៈសំខាន់​នៃ​ការ​តាម​ដាន​ក្នុង​បេសកកម្មខ្ញុំ ខ្ញុំ​បាន​លេខ​ទូរសព្ទ​នាង ហើយ​លុះ​ស្អែក​ឡើង​ខ្ញុំ​បាន​ទូរសព្ទ​បបួល​នាង​ចេញ​ដើរ​លេង​ភ្លាមៗ តែ​នាង​ជាប់​រវល់​នៅ​សាលា និង ជាមួយ​មិត្ត​របស់​នាង ។ អរគុណ​ដល់​បេសកកម្ម​ខ្ញុំ​ដែល​បាន​បង្រៀន​ខ្ញុំ​ឲ្យ​បន្ត​ព្យាយាម​ទោះ​ជា​ត្រូវ​ប្រឈម​នឹង​ការ​បាក់​ទឹកចិត្ត​ក្ដី ហើយ​នៅ​ទីបំផុត​ខ្ញុំ​អាច​ដើរ​លេង​ជាគូ​នឹង​នាង ។ ហើយ​វា​បាន​នាំ​ទៅ​រកការ​ដើរ​លេង​ផ្សេង​ទៀត ។ នៅ​ក្នុង​ការ​ដើរ​លេង​ទាំង​នោះ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​នាង​ជឿ​ថា ខ្ញុំ​ជា​អ្នក​ត្រឡប់​មក​ពី​បេសកកម្ម​វិញ​តែ​ម្នាក់​គត់​ដែល​សក្ដិសម---យ៉ាង​ហោច​ណាស់ ជាមួយ​នឹង​នាង ។ ឥឡូវ 64 ឆ្នាំ​ក្រោយ​មក យើង​មាន​កូន​ប្រាំពីរ​នាក់ និង​ចៅ និង ចៅទួត​ជាច្រើននាក់​ ​ដែល​ឈរ​ជា​ភស្ដុតាង​នៃ​សេចក្ដី​ពិត​ដ៏​សំខាន់ថា មិន​ថា​សារលិខិត​អ្នក​ល្អ​ប៉ុណ្ណា​នោះ​ទេ អ្នក​អាច​នឹង​គ្មាន​ឱកាស​ដើម្បី​បង្រៀន​វា​ឡើយ បើ​គ្មាន​ការ​តាមដាន​ជាបន្តបន្ទាប់​នោះ ។

នេះ​ប្រហែល​ជា​ហេតុផល​ដែល​ខ្ញុំ​មាន​អារម្មណ៍​យ៉ាង​ច្បាស់​នៅ​ថ្ងៃ​នេះ ​ដើម្បី​តាម​ដាន​នូវ​សារលិខិត​ពីរ​របស់​ខ្ញុំ​ក្នុង​សន្និសីទ​ទូទៅ​លើក​មុន ។

ក្នុង​សន្និសីទ​ខែ​តុលា ឆ្នាំ 2011 ខ្ញុំ​បាន​ជម្រុញ​ឲ្យ​យើង​ចងចាំ​ពី​បន្ទូល​ដ៏​សំខាន់​ពីរ​របស់​ព្រះអម្ចាស់ ៖ « ត្បិត​សាសនាចក្រ​របស់​យើង ​នឹង​ត្រូវ​បាន​ហៅ​ថា​ដូច្នោះហើយ​នៅ​គ្រា​ចុង​ក្រោយ​បង្អស់ គឺ​ជា​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ » ។1

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទាំង​នេះ​យ៉ាង​ច្បាស់​ថា នេះ​ពុំមែន​គ្រាន់តែ​ងារ​ជា​ផ្លូវ​ការ​មួយ​នោះ​ទេ តែ​ជា​ឈ្មោះ​ដែល​សាសនាចក្រ​ទ្រង់​នឹង​ត្រូវ​បាន​ហៅផងដែរ ។ ដោយ​មាន​ការ​ប្រកាស​យ៉ាង​ច្បាស់​ពី​ទ្រង់ យើង​មិន​គួរ​ហៅ​សាសនាចក្រ​នេះ​តាម​ឈ្មោះ​ផ្សេង​ទៀត​ឡើយ​ដូចជា « សាសនាចក្រ​មរមន » ឬ « សាសនាចក្រ​ LDS » ។

ពាក្យ​ថា មរមន អាច​ត្រូវ​បាន​ប្រើ​ដោយ​សមរម្យ​ក្នុង​បរិបទ​មួយ​ចំនួន​ដើម្បី​សំដៅ​ទៅ​លើ​សមាជិក​សាសនាចក្រ ដូចជា​ពួក​អ្នក​ត្រួស​ត្រាយ​ផ្លូវ​មរមន ឬ ចំពោះ​ស្ថាប័ន​ដូចជា ក្រុម​ចម្រៀង​រោង​ឧបោសថ​មរមន ។ សមាជិក​សាសនាចក្រ​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ពួក​មរមន ហើយ​នៅ​ក្នុង​ទំនាក់ទំនង​នឹង​អ្នក​ដែល​ពុំ​មែន​ជា​ជំនឿ​យើង យើង​អាច​ហៅ​ខ្លួន​ឯង​ថា​ជា​ពួក​មរមន បើ​យើង​ផ្ដល់​ព័ត៌មាន​ជាមួយ​នឹង​ឈ្មោះ​ពេញ​របស់​សាសនាចក្រ ។

បើ​សមាជិក​រៀន​ប្រើ​ឈ្មោះ​សាសនាចក្រ​ឲ្យ​ត្រឹមត្រូវ​ជាមួយ​នឹង​ពាក្យ មរមន វា​នឹង​គូស​បញ្ជាក់​ថា យើង​ជា​គ្រីស្ទាន ជា​សមាជិក​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ ។

បងប្អូន​ប្រុសស្រី ចូរ​យើង​តាមដាន ហើយ​បង្កើត​ទម្លាប់​នៃ​ការ​ធ្វើ​ឲ្យ​វា​មាន​ភាព​ច្បាស់​លាស់​ជានិច្ច​ថា យើង​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។

សារលិខិត​ទី​ពីរ​ដែល​ខ្ញុំ​ទទួល​អារម្មណ៍​ថា ខ្ញុំ​គួរ​តាម​ដាន​ គឺ​ត្រូវ​បាន​លើក​ឡើង​កាល​ពី​សន្និសីទ​ទូទៅ​លើក​មុន ពេល​ខ្ញុំ​បាន​លើក​ទឹកចិត្ត​សមាជិក​ឲ្យ​អធិស្ឋាន ​ដើម្បី​បាន​ដឹកនាំ​ទៅ​រក​យ៉ាង​ណាស់​មនុស្ស​ម្នាក់ ​ដែល​ពួកគេ​អាច​អញ្ជើញ​ឲ្យ​រៀន​ពី​ដំណឹង​ល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​ពី​មុន​បុណ្យ​គ្រីស្ទម៉ាស ។ មាន​សមាជិក​ជាច្រើន​បាន​ចែក​ចាយ​នឹង​ខ្ញុំ​នូវ​បទពិសោធន៍​ពិសេស​មួយ​ចំនួន​ដែល​ជា​លទ្ធផល​នៃ​ការ​ទូល​សុំ​របស់​ពួកគេ​ដល់​ព្រះអម្ចាស់​សម្រាប់​ឱកាស​ជា​អ្នក​ផ្សាយ​សាសនា ។

ឧទាហរណ៍ មាន​អ្នក​ត្រឡប់​មក​ពី​បេសកកម្ម​ម្នាក់​ បាន​អធិស្ឋាន​ជាក់លាក់​ដើម្បី​បាន​ដឹកនាំ​ទៅ​រក « មនុស្ស​ម្នាក់ » ដែល​អាច​ជួប ។ ឈ្មោះ​មិត្ត​រួម​ថ្នាក់​ម្នាក់​នៅ​មហា​វិទ្យាល័យ​កាល​ពី​មុន​ បាន​ផុស​ក្នុង​គំនិត​គាត់ ។ គាត់​បាន​ទាក់ទង​នាង​តាម​ Facebook ហើយ​បាន​ដឹង​ថា នាង​បាន​អធិស្ឋាន​ចង់​ដឹង​ពី​គោល​បំណង និង អត្ថន័យ​ក្នុង​ជីវិត​នាង ។ គាត់​បាន​តាម​ដាន​ចំ​ពេល​ដែល​នាង​កំពុង​ស្វែងរក​សេចក្ដី​ពិត ហើយ​នៅ​ខែ ធ្នូ នាង​បាន​ជ្រមុជ​ទឹក ។

ខ្ញុំ​មាន​របាយ​ការណ៍​ពី​ការអញ្ជើញ​ស្រដៀង​គ្នា​នេះ​ជាច្រើន តែ​មាន​មនុស្ស​តិចតួច​ណាស់​ដែល​បាន​ធ្វើ​ការ​តាម​ដាន​ដូចជា​ប្អូន​ប្រុស​ម្នាក់​នេះ ។

ខ្ញុំ​ជា​អ្នក​ជឿ​យ៉ាង​ខ្លាំង​លើ​គោលការណ៍​នៃ​ការ​តាមដាន ។ ដូច​បាន​ចែង​ក្នុង​សៀវភៅ​មគ្គុទេសន៍​អ្នក​ផ្សាយ​សាសនា ប្រកាស​ដំណឹង​ល្អ​ទ្រង់ ថា « ការ​ពង្រីក​ការតាំង​ចិត្ត​ដោយ​គ្មាន​ការ​តាមដាន គឺ​ដូចជា​ការ​ចាប់ផ្ដើម​ធ្វើ​ដំណើរ​ដោយ​គ្មាន​ទីបញ្ចប់ ឬ​ការ​ទិញ​សំបុត្រ​ទៅ​មើល​ការ​ប្រគុំ​តន្ត្រី​ដោយ​មិន​ចូល​ទៅ​ក្នុង​រោង​តន្ត្រីដូច្នោះ​ដែរ ។ បើ​គ្មាន​ការ​បំពេញ​សកម្មភាព​ទេ នោះ​ការ​តាំងចិត្ត​ គឺដូចជា​គ្មាន​អ្វី​សោះ »។2

សៀវភៅប្រកាស​ដំណឹង​ល្អ​ទ្រង់ បង្រៀន​មនុស្ស​គ្រប់គ្នា​ទាំង​របៀប​អញ្ជើញ និង របៀប​តាម​ដាន​ការអញ្ជើញ​របស់​យើង​ផងដែរ ។ គោលបំណង​នៃ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​ ត្រូវ​បាន​កំណត់​ជា​ការ​អញ្ជើញ « មនុស្ស​ដទៃ​មក​កាន់​ព្រះគ្រីស្ទ​ ដោយ​ការ​ជួយ​ពួកគេ​ឲ្យ​ទទួល​ដំណឹង​ល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ តាមរយៈ​សេចក្ដី​ជំនឿ​នៅ​លើ​ព្រះគ្រីស្ទ និង ដង្វាយ​ធួន​របស់​ទ្រង់ ការប្រែ​ចិត្ត ពិធី​បុណ្យ​ជ្រមុជ​ទឹក ការ​ទទួល​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត» ។3

ការ​អញ្ជើញ​ជា​ផ្នែក​ដ៏​ជាក់លាក់​នៃ​ដំណើរ​ការ​នេះ ។ តែ​សូម​ចាំ​ថា កិច្ចការ​ផ្សព្វផ្សាយ​សាសនា​សម្រាប់​សមាជិក​មាន​ច្រើន​លើស​ពី​ការ​គ្រាន់តែ​អញ្ជើញ​មនុស្ស​ឲ្យ​ស្ដាប់​ដល់​ពួក​អ្នក​ផ្សាយ​សាសនា​ទៅ​ទៀត ។ វា​ក៏​រួម​បញ្ចូល​នូវ​ការ​តាមដាន​នឹង​ពួក​អ្នក​ផ្សាយ​សាសនា​ក្នុង​​ការ​បង្កើតសេច​ក្ដីជំនឿ ការ​លើក​ទឹក​ចិត្ត​ឲ្យ​ប្រែចិត្ត ការ​រៀបចំ​ខ្លួន​ធ្វើ​សេចក្ដី​សញ្ញា និង​ការ​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត​ដែរ ។

គោលការណ៍​នៃ​ការ​តាម​ដាន​នេះ ​ត្រូវបាន​គូស​បញ្ជាក់​នៅ​ក្នុង​ព្រះគម្ពីរ​​កិច្ចការ ៖

« នោះ​ពេត្រុស និង យ៉ូហាន ឡើង​ទៅ​ក្នុង​ព្រះវិហារ​ជាមួយ​គ្នា។ …

« រីឯ​នៅ​ត្រង់​មាត់​ទ្វារ​ព្រះវិហារ​ដែល​ហៅ​ថា​ទ្វារ​លំអ នោះ​មាន​មនុស្ស​ម្នាក់​ដែល​ខ្វិន​ពី​កំណើត គេ​តែង​សែង​គាត់​យក​មក​ដាក់​នៅ​ទីនេះ​រាល់​តែ​ថ្ងៃ ដើម្បី​ឲ្យ​បាន​សូម​ទាន​ចំពោះ​អស់​អ្នកដែល​ចូល​ទៅ​ក្នុង​ព្រះវិហារ

« កាល​គាត់​ឃើញ​ពេត្រុស និងយ៉ូហាន​កំពុង​តែ​ដើរ​ចូល​ទៅ​ក្នុង​ព្រះវិហារ នោះ​គាត់​បាន​សូម​ទាន ។

« តែ​ពេត្រុស​ព្រមទាំង​យ៉ូហាន​ក៏​សំឡឹង​មើល​ទៅ​គាត់​ប្រាប់​ថា ចូរ​មើល​មក​យើង​ឯ​ណេះ ។

« គាត់​ក៏​ស្ដាប់​តាម​ដោយ​សង្ឃឹម​ថា​នឹង​បាន​អ្វី​ខ្លះ ។

« តែ​ពេត្រុស​និយាយ​ថា ឯ​ប្រាក់ ហើយ​និង​មាស ខ្ញុំ​គ្មាន​ទេ តែ​របស់​ដែល​ខ្ញុំ​មាន នោះ​ខ្ញុំ​នឹង​ឲ្យ​ដល់​អ្នក គឺ​ដោយសារ​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ ពី​ស្រុក​ណាសារ៉ែត ចូរ​អ្នក​ក្រោក​ឡើង​ដើរ​ទៅ​ចុះ » ។

នោះ​ជា​ការ​អញ្ជើញ​មួយ​ដ៏​អស្ចារ្យ​ពី​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ តែ​ពេត្រុស​មិន​បាន​ឈប់​ជាមួយ​នឹងការ​អញ្ជើញ​នោះ​ឡើយ ។ រឿង​បទគម្ពីរ​បន្ទាប់​ទៀត​បាន​ប្រាប់​យើង​ថា « រួច​ក៏​ចាប់​ដៃ​ស្ដាំ, ​ហើយ​លើក​គាត់​ឡើង ស្រាប់តែ​ប្រអប់​ជើង​ និង ភ្នែក​គោ​របស់​គាត់​មាន​កម្លាំង​ឡើង​ភ្លាម ។

« គាត់​ក៏​ស្ទុះ​ឈរ​ឡើង​ដើរ​ទៅ​មក ហើយ ​ចូល​ទៅ​ក្នុង​ព្រះវិហារ​ជាមួយ​នឹង​អ្នក​ទាំង​ពីរ​នោះ ទាំង​ដើរ ទាំង​លោត ទាំង​សរសើរ​ដល់​ព្រះផង » ។4

និយាយ​ម្យ៉ាង​ទៀត​គឺ​ថា ពេត្រុស​មិន​គ្រាន់តែ​ប្រើ​សិទ្ធិ​អំណាច​បព្វជិតភាព ហើយ​អញ្ជើញ​បុរស​នោះ​ឲ្យ​ក្រោក​ឡើង​ដើរ​ប៉ុណ្ណោះ​ទេ ។ គាត់​ក៏​បាន​តាមដាន​ការ​អញ្ជើញ​របស់​គាត់​ដែរ ដោយ​ការ​ជួយ​បុរស​នោះ ចាប់​ដៃ​ស្ដាំ​លើក​គាត់​ឡើង រួច​ដើរ​ជាមួយ​នឹង​គាត់​ចូល​ទៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

ដោយ​គិត​ពី​គំរូ​របស់​ពេត្រុស ខ្ញុំ​សូម​ណែនាំ​ថា យើង​គ្រប់គ្នា​អាច​ចូល​ប្រឡូក​កាន់តែ​ខ្លាំង​នៅ​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​បាន​ដោយ​ជំនួស​ការ​ភ័យ​ខ្លាច​យើង​ជាមួយ​នឹង​ក្ដី​ជំនឿ​ពិត ដោយ​អញ្ជើញ​មនុស្ស​ម្នាក់​យ៉ាង​ណាស់​មួយ​ត្រី​មាស​ម្ដង---បួន​ដង​ក្នុង​មួយ​ឆ្នាំ---ទទួល​ការ​បង្រៀន​ពី​ពួក​អ្នក​ផ្សាយ​សាសនា​ពេញ​ម៉ោង ។ ពួកគេ​បាន​រៀបចំ​ខ្លួន​បង្រៀន​ដោយ​ព្រះវិញ្ញាណ​ជាមួយ​នឹង​ការ​បំផុស​គំនិត​ដ៏​ស្មោះ​ពី​ព្រះអម្ចាស់ ។ យើង​ទាំងអស់​គ្នា​អាច​តាម​ដាន​ការ​អញ្ជើញ​របស់​យើង ​ជួយ​ដល់​អ្នក​ដទៃ​ ​លើក​ស្ទួយ​ពួកគេ ហើយ​ដើរ​ជាមួយ​ពួកគេ​ក្នុង​ដំណើរ​ខាង​វិញ្ញាណ​ពួកគេ ។

ដើម្បី​ជួយ​អ្នក​ក្នុង​ដំណើរការ​នេះ ខ្ញុំ​អញ្ជើញ​សមាជិក​ទាំងអស់ មិន​ថា​ការហៅ ឬ​កម្រិត​នៃ​សកម្មភាព​បច្ចុប្បន្ន​របស់​អ្នក​ជា​អ្វី​នោះ​ទេ ឲ្យ​មាន​សៀវភៅ ប្រកាស​ដំណឹង​ល្អ​ទ្រង់ មួយ​ក្បាល ។ វា​មាន​នៅ​មជ្ឈមណ្ឌល​ចែកចាយ​របស់​យើង និង​តាម​អ៊ិនធើរណិត​ផងដែរ ។ កំណែទម្រង់​​នៅ​លើ​អ៊ិនធើរណិត អាច​អាន និង​ទាញ​ចេញមក​ដោយ​ឥត​គិត​ថ្លៃ ។ វា​ជា​សៀវភៅ​ណែនាំ​សម្រាប់​កិច្ចការ​អ្នក​ផ្សាយ​សាសនា---មាន​ន័យ​ថា វា​ជា​សៀវភៅ​ណែនាំ​សម្រាប់​យើង​គ្រប់​គ្នា ។ សូម​អាន ហើយ​សិក្សា​វា រួច​អនុវត្ត​នូវ​អ្វី​ដែល​អ្នក​រៀន​ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​ពី​របៀប​ដើម្បី​នាំ​មនុស្ស​មក​ឯ​ព្រះគ្រីស្ទ​តាមរយៈ​ការ​អញ្ជើញ និង ការ​តាម​ដាន ។ ដូច​ប្រធាន ថូម៉ាស អេស ម៉នសុន បាន​ថ្លែង​ថា « ឥឡូវ​ជា​ពេល​សម្រាប់​សមាជិក និង​អ្នក​ផ្សាយ​សាសនា​រួម​គ្នា ធ្វើ​ការ​ជាមួយ​គ្នា ធ្វើ​ការ​ក្នុង​ចម្ការ​ព្រះអម្ចាស់ ដើម្បី​នាំ​ព្រលឹង​មក​កាន់​ទ្រង់ »។5

ព្រះយេស៊ូវគ្រីស្ទ​បាន​បង្រៀន​ពួក​សិស្ស​ទ្រង់​ថា ៖

« ចម្រូត​ធំ​ណាស់ តែ​មាន​អ្នក​ច្រូត​តិច​ទេ

« ដូច្នេះ​ចូរសូម​អង្វរ​ដល់​ព្រះអម្ចាស់​នៃ​ចម្រូត​​ ឲ្យ​ទ្រង់​ចាត់​អ្នក​ច្រូត​ មក​ក្នុង​ចម្រូត​​ទ្រង់ » ។6

ព្រះអម្ចាស់​បាន​ឆ្លើយ​តប​នឹង​ការអធិស្ឋាន​នោះ​ក្នុង​ជំនាន់​យើង ​ជាមួយ​នឹង​ចំនួន​ដ៏​ច្រើន​បំផុត​នៃ​ពួក​អ្នក​ផ្សាយ​សាសនា​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភព​លោក ។ ជាមួយ​នឹង​រលក​ថ្មី​នៃ​ពួក​អ្នក​ច្រូត​ដ៏​ស្មោះត្រង់​នេះ ព្រះអម្ចាស់​បាន​ប្រទាន​ឱកាស​មួយ​ទៀត​ដល់​យើង ​ដើម្បី​ជួយ​ទ្រង់​ក្នុង​ការ​ច្រូតកាត់មនុស្ស​ដ៏ច្រើន ។

មាន​នូវ​វិធី​ដ៏​មាន​ប្រយោជន៍​សម្រាប់​សមាជិក​ដើម្បី​ជួយ ហើយ​គាំទ្រ​ដល់​ពួក​អ្នក​ផ្សាយ​សាសនា​ដ៏​អស្ចារ្យ​របស់​យើង ។ ឧទាហរណ៍ អ្នក​អាច​ប្រាប់​អ្នក​ផ្សាយ​សាសនា​ថា អ្នក​កំពុង​សិក្សា​ ប្រកាស​ដំណឹង​ល្អ​ទ្រង់ ហើយ​សុំ​ឲ្យ​ពួកគេ​បង្ហាញ​អ្នក​ពី​អ្វី​ដែល​ពួកគេ​កំពុង​រៀន​ក្នុង​ការសិក្សា​ពួកគេ ។ ពេល​អ្នក​ចែកចាយ​គ្នា​ទៅ​វិញ​ទៅ​មក ទំនុក​ចិត្ត​រវាង​សមាជិក និង អ្នក​ផ្សព្វផ្សាយ​សាសនា​នឹង​មាន​ភាព​កើន​ឡើង​យ៉ាង​ពិត​ប្រាកដ ដូចជា​ព្រះអម្ចាស់​បាន​បញ្ជា​ថា ៖

« ប៉ុន្តែ​ដើម្បី​ឲ្យ [ បុរស និង ស្ត្រី ] គ្រប់​រូប​អាច​និយាយ​ដោយ​នូវ​ព្រះនាម​នៃ​ព្រះ​ដ៏​ជា​ព្រះអម្ចាស់ គឺ​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភព​លោក» ។7

ហើយ « មើល​ចុះ យើង​ចាត់​ឲ្យ​អ្នក​ទៅ​ធ្វើ​បន្ទាល់ ហើយ​ព្រមាន​ប្រជាជន ហើយ​តម្រូវ​ឲ្យ​មនុស្ស​ម្នាក់ៗ​ណា​ដែល​បាន​ព្រមាន​ នោះ​ត្រូវ​ព្រមាន​អ្នក​ជិត​ខាង​របស់​ខ្លួន » ។8

បងប្អូន​ប្រុស​ស្រី តើ​អ្នក​អាច​ស្រម៉ៃ​ឃើញ​ពី​ឥទ្ធិពល​នោះទេ បើ​គ្រួសារ និង​មិត្ត​បាន​ដាក់​បញ្ចូល​អ្វី​ដែល​ពួកគេ​កំពុង​រៀន​ពី​ការ​សិក្សា​ផ្ទាល់​ខ្លួននៅ​ក្នុង​ប្រកាស​ដំណឹង​ល្អ​ទ្រង់ ទៅ​ក្នុង​សំបុត្រ និង អ៊ីម៉ែល​ទៅ​ពួក​អ្នក​ផ្សាយ​សាសនា​ពេញ​ម៉ោង​របស់​ពួកគេ​នោះ ? តើ​អ្នក​ស្រម៉ៃ​ឃើញ​ពី​ពរជ័យ​ដែល​នឹង​កើត​មាន​ដល់​ក្រុម​គ្រួសារ ពេល​ពួកគេ​ដឹង ហើយ​យល់​ប្រសើរ​ជាងមុន​នូវ​អ្វី​ដែល​កូន​ប្រុស​ស្រី​ពួកគេ​កំពុង​សិក្សា និង បង្រៀន​ក្នុង​បេសកកម្ម​ពួកគេ​ដែរ​ទេ ? តើ​អ្នក​អាច​ស្រម៉ៃ​ឃើញ​ពី​ពរជ័យ​ដ៏​អស្ចារ្យ​នៃ​សេចក្ដីមេត្តា​ដែល​ធួន​ ដែល​យើង​នឹង​ទទួល​បាន​រួមគ្នា និង​រៀងៗ​ខ្លួន ​ពេល​យើង​ធ្វើ​កិច្ចការ​នេះ​ដែរ​ឬ​ទេ ? ព្រះអម្ចាស់​បាន​សន្យា​​ពរជ័យ​ទាំងនេះ​ ចំពោះ​ជន​ដែល​ថ្លែងទី​បន្ទាល់​ក្នុង​ដំណើរ​ការ​នៃ​ការ​អញ្ជើញ​មនុស្ស​ឲ្យ​មក​រក​ទ្រង់---រួច​តាម​ដាន​ការ​អញ្ជើញ​ទាំង​នោះ ។

ព្រះអម្ចាស់​មាន​បន្ទូល​តាមរយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ថា « អ្នក​រាល់​គ្នា​ត្រូវ​បាន​ពរ ត្បិត​ទីបន្ទាល់​ដែល​អ្នក​រាល់​គ្នា​បាន​ថ្លែង នោះ​ត្រូវ​បាន​កត់ទុក​នៅ​លើ​ស្ថានសួគ៌​សម្រាប់​ទុក​ឲ្យ​ពួក​ទេវតា​មើល ហើយ​ពួកគេ​មាន​ចិត្ត​ត្រេកអរ​មក​លើ​អ្នក ហើយ​អំពើ​បាប​ទាំងឡាយ​របស់​អ្នក​ត្រូវ​បាន​អត់ទោស​ឲ្យ​ហើយ »។9

« ត្បិត​យើង​នឹង​អត់​ទោស​អំពើ​បាប​ទាំងឡាយ​ដល់​អ្នក ព្រមទាំង​ព្រះបញ្ញត្តិ​នេះ​ផង​ថា---ប្រយោជន៍​ឲ្យ​អ្នក​នៅ​ខ្ជាប់ខ្ជួន...​ក្នុងការ​ថ្លែង​ទីបន្ទាល់​ដល់​សព្វ​ក្នុង​លោកិយ​ទាំងមូល​អំពី​ការណ៍​ទាំង​នោះ​ដែល​បាន​ប្រាប់​ដល់​អ្នក » ។10

បើ​យើង​តាមដាន ព្រះអម្ចាស់​នឹង​មិន​ធ្វើ​ឲ្យ​យើង​ខកចិត្ត​ឡើយ ។ ខ្ញុំ​ធ្លាប់​ឃើញ​ក្ដីអំណរ​ឥត​អ្វី​ផ្ទឹម​ ​រួម​នឹង​ការ​អញ្ជើញ​ដោយ​ទីបន្ទាល់ និង ការ​តាមដាន​ដ៏​ស្មោះ​ត្រង់​នៅ​ក្នុង​ចំណោម​សមាជិក​សាសនាចក្រ​ជុំ​វិញ​ពិភពលោក ។ ថ្មីៗ​នេះ​កាល​នៅ​ប្រទេស អាហ្សង់ទីន ខ្ញុំ​បាន​លើក​ទឹកចិត្ត​សមាជិក​ឲ្យ​អញ្ជើញ​មនុស្ស​ម្នាក់ ​មក​ព្រះវិហារ​ពីមុន​សន្និសីទ​ទូទៅ​នេះ ។ មាន​ក្មេង​អាយុ​ប្រាំ​ឆ្នាំ​ម្នាក់​ឈ្មោះ យ៉ូស្វេ បាន​ស្ដាប់ ហើយ​បាន​អញ្ជើញ​មិត្ត​ជិតស្និត និង គ្រួសារមិត្ត​របស់គាត់ ​ទៅ​កម្មវិធី​មួយ​នៅ​វួដ​របស់​ពួកគេ​នៅ ប៊ូណូស អ៊ែរ។ ខ្ញុំ​សូម​អាន​ក្នុង​សំបុត្រ​មួយ​ដែល​ខ្ញុំ​ទើប​បាន​ទទួល ដែល​ពន្យល់​ពី​ការ​អញ្ជើញ​របស់ យ៉ូស្វេ និង​ការ​តាម​ដាន​ដ៏​ស្មោះ​របស់​គាត់ ៖

« រាល់​ពីរ​បី​នាទី​ម្ដង [ យ៉ូស្វេ ] បាន​រត់​ចេញ​ទៅ​របង​ទ្វារ​មើល​ថា ​ពួកគេ​បាន​មក​ហើយ​ឬ​នៅ ។ គាត់​ពោល​ថា គាត់​បាន​ដឹង​ថា​ ពួកគេ​នឹង [ មក ] ។

« ល្ងាច​នោះ​បាន​កន្លង​ផុត​ទៅ ហើយ​មិត្តរបស់ យ៉ូស្វេ មិន​បាន​មក​ទេ តែ​ យ៉ូស្វេ មិន​លះបង់ចោល​ឡើយ ។ គាត់​បាន​មើល​របង​មុខ​ផ្ទះ​ដោយ​ស្មោះត្រង់​ពីរ​បី​នាទី​ម្ដង ។ លុះ​ដល់​ពេល​ត្រូវ​រៀបចំ​ឥវ៉ាន់​ទុក ស្រាប់​តែ​ យ៉ូស្វេ បាន​លោត​ចុះ​ឡើង ហើយ​ស្រែក​ថា ‹ ពួកគេ​មក​ហើយ ! ពួក​គេ​មក​ហើយ ! › ខ្ញុំ​បាន​សម្លឹង​មើល​គ្រួសារ​ទាំង​មូល ​បាន​ដើរ​សំដៅ​មក​ព្រះវិហារ ។ យ៉ូស្វេ បាន​រត់​ចេញ​ទៅ​រាក់​ទាក់​ពួកគេ ហើយ​ឱប​មិត្ត​របស់​គាត់ ។ ពួកគេ​បាន​ដើរ​ចូល ហើយ​ទំនង​ជា​រីករាយ​នឹង​កម្មវិធី​នោះ​ខ្លាំង​ណាស់ ។ ពួកគេ​យក​កូន​សៀវភៅ​ខ្លះៗ ហើយ​បាន​ចំណាយ​ពេល​ច្រើន​ ដើម្បី​ស្គាល់​មិត្ត​ថ្មី​មួយ​ចំនួន ។ វា​ជា​ការអស្ចារ្យ​ដោយ​មើល​ឃើញ​ពី​សេចក្ដី​ជំនឿ​របស់​ក្មេងប្រុស​តូច​ម្នាក់ ហើយ​ដឹង​ថា​កុមារ​ក៏​អាច​ជា​អ្នក​ផ្សាយ​សាសនា​បាន​ដែរ » ។11

វា​ជា​ទីបន្ទាល់​ខ្ញុំ​ថា ពេល​យើងធ្វើ​ការ​ជាមួយគ្នា ​ស្វែងរក​មនុស្ស​ម្នាក់ អញ្ជើញ ហើយ​តាម​ដាន​ដោយ​ទំនុក​ចិត្ត និង សេចក្ដី​ជំនឿ នោះ​ព្រះអម្ចាស់​​នឹងញញឹម​មក​លើ​យើង ហើយ​​​​កូនចៅ​ព្រះ​រាប់​រយ​ពាន់​នាក់​ ​នឹង​រកឃើញ​គោលបំណង និង​សេចក្ដី​សុខសាន្ដ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ សូម​ឲ្យ​ព្រះអម្ចាស់​ប្រទាន​ពរ​យើង​គ្រប់គ្នា​ក្នុង​ការ​ខិតខំ​របស់​​យើង​ ដើម្បី​ពន្លឿន​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ ខ្ញុំ​សូម​អធិស្ឋាន​ដោយ​រាបសារ​ក្នុង​ព្រះ​នាម​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

បង្ហាញ​សេចក្ដី​យោង

  1.  

    1. គោលលទ្ធិ និង​សេចក្ដី​សញ្ញា 115:4 ។

  2.  

    2. ប្រកាស​ដំណឹង​ល្អ​ទ្រង់ ៖ មគ្គុទេសន៍​ចំពោះ​ការ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ( ឆ្នាំ 2004 )ទំព័រ 204 ។

  3.  

    3. ប្រកាស​ដំណឹង​ល្អ​ទ្រង់ ទំព័រ 1 ។

  4.  

    4. កិច្ចការ 3:1--8 ការ​គូស​បញ្ជាក់​បាន​បន្ថែម ។

  5.  

    5. ថូម៉ាស អេស ម៉នសុន «Welcome to Conference» Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ 2013 ទំព័រ 4 ។

  6.  

    6. ម៉ាថាយ 9:37–38 ។

  7.  

    7. គោលលទ្ធិ និង​សេចក្ដី​សញ្ញា 1:20 ។

  8.  

    8. គោលលទ្ធិ និង​សេចក្ដី​សញ្ញា 88:81 ។

  9.  

    9. គោលលទ្ធិ និង​សេចក្ដី​សញ្ញា 62:3 ។

  10.  

    10. គោលលទ្ធិ និង​សេចក្ដី​សញ្ញា 84:61 ។

  11.  

    11. សំបុត្រ​ផ្ទាល់​ខ្លួន ថ្ងៃ​ទី 10 ខែ មិនា ឆ្នាំ 2014 ។