ចូរ​យើង​កុំ​ដើរ​ខុស​ផ្លូវ​ឡើយ


ក្លូឌីអូ ឌី ស្សីវីក
ខ្ញុំ​អធិស្ឋាន​ថា យើង​នឹងមិន​វង្វេង​ផ្លូវ ដើម្បី​យើង​អាច​ត្រូវ​បាន​ទំនាក់ទំនង​ជាមួយ​នឹង​ស្ថានសួគ៌​ជា​រៀងរហូត​។

ពេល​ក្មេង​ប្រុស​ម្នាក់​ កំពុង​ហាត់​លេង​ព្យ៉ាណូ នោះ​មាន​អ្នក​លក់​ដូរ​ម្នាក់​ឃើញ​វា​តាម​បង្អួច សួរ​ថា ម្ដាយ​ឯង​នៅ​ផ្ទះ​ឬ​ទេ » ?

កុមារា​នោះ​ឆ្លើយ​ថា « តើ​លោក​ពូ​គិត​ដូចម្តេច​ដែរ » ?

កូន​ជា​ទី​ស្រឡាញ់​អាយុ​ប្រាំ​ឆ្នាំ​យើង​ដែល​ចេះ​លេង​ព្យ៉ាណូ អរគុណ​ដល់​ការជំរុញ​ទឹកចិត្ត​ពី​ភរិយា​ខ្ញុំ ! នៅ​ពេល​គ្រូ​មក​ដល់​ផ្ទះ កូន​ប្រុស​យើង អាតឌ្រាន តែងតែ​រត់​​ពួន​គេច​ពី​មេរៀន ។ តែ​ថ្ងៃ​មួយ មាន​រឿង​អស្ចារ្យ​កើតឡើង ! គាត់​​បានចាប់​​ផ្ដើម​ចូលចិត្ត​តន្ត្រី​ជា​ខ្លាំង ហើយ​បន្ត​ហាត់​លេង​ដោយ​ខ្លួនឯង ។

បើ​យើង​អាច​ចូល​ទៅ​ដល់​ចំណុច​នៃ​ដំណើរការ​នៃ​ការប្រែចិត្ត​របស់​យើង នោះ​វា​នឹង​ជា​រឿង​គួរ​ឲ្យ​ស្ងប់ស្ញែង ។ វា​នឹង​អស្ចារ្យ​ដែល​មាន​បំណង​ជ្រៅ​ក្នុង​ចិត្ត ដើម្បី​រក្សា​បញ្ញត្តិ​ដោយ​ពុំ​បាច់មាន​​គេ​តឿន​យើង​ជាញយៗ និង ឲ្យ​ជឿស៊ប់​ថា បើ​យើង​ដើរ​តាម​មាគ៌ា​ត្រឹមត្រូវ នោះ​យើង​នឹង​ទទួល​បានព្រះ​​ពរ​ដែល​សន្យា​នៅ​ក្នុង​ព្រះគម្ពីរ ។

ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​ទៅ​លេង​ឧទ្យាន​ជាតិ​ឈ្មោះ​ថា ជាមួយ​ភរិយា និង​កូន​ស្រី​យើង អេវើរលីន និង មិត្តភក្តិ​គ្រួសារ​យើង​ម្នាក់ ។ ថ្ម​ដុះ​រាង​កោង​ដែល​ល្បីល្បាញ​ជាង​គេ​នៅ​ទី​នោះ​ឈ្មោះ ដេលីខេត អាក ។ យើង​សម្រេច​ចិត្ត​ដើរ​ប្រមាណ 2 គ.ម ឡើង​លើ​ភ្នំ​ស្វែងរក​ថ្ម​ដុះ​រាង​កោង​នោះ ។

យើង​ចាប់ផ្ដើម​ដើរ​ទៅ​ដោយ​ក្ដី​រំភើប តែពេល​ដើរ​បាន​បន្តិច​ក្រោយ​មក​ នោះ​មាន​អ្នក​ផ្សេងៗ​​​ត្រូវការ​ការ​សម្រាក ។ ដោយ​សារ​​ខ្ញុំ​ចង់​ទៅ​ឲ្យ​ដល់​ទី​នោះ ទើប​ខ្ញុំ​សម្រេច​ចិត្ត​បន្ត​ដើរ​ទៅ​ទៀត​តែ​ឯង ។ ដោយ​គ្មាន​ការប្រុងប្រយ័ត្ននៅ​តាម​ផ្លូវ​ដែល​ឆ្ពោះ​ទៅ ខ្ញុំ​បាន​ដើរ​តាម​បុរស​ម្នាក់នៅ​ពី​ខាង​មុខ​ខ្ញុំ ​ដែលគាត់​​ទំនង​ជា​ស្គាល់​ផ្លូវ​ច្បាស់ ។ ផ្លូវ​នោះ​កាន់តែ​លំបាក​ទៅៗ ហើយ​ខ្ញុំ​ត្រូវ​លោត​ហក់​ពី​ថ្ម​មួយ​ទៅ​ថ្ម​មួយ ។ ពី​ព្រោះ​តែ​ការលំបាក​នោះ ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​ថា នារីៗ​ដែល​មក​ជាមួយ​ខ្ញុំ ​មិន​អាច​ធ្វើ​វា​បាន​ទេ ។ ភ្លាម​នោះ ខ្ញុំ​បាន​មើល​ឃើញ​ថ្ម​ដុះ ដេលីខេត អាក តែ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ ព្រោះ​វា​ស្ថិត​នៅ​ទី​ដែល​ពិបាក​ទៅ​ដល់ណាស់ ។

ខ្ញុំ​សម្រេច​ចិត្ត​មក​ត្រឡប់វិញ ​ដោយ​ការខក​ចិត្ត ។ ខ្ញុំបាន​​រង់ចាំ​ជួប​គ្នា​វិញ ​ដោយ​អន្ទះសារ ។ ខ្ញុំ​សួរ​ពួក​គេ​​ភ្លាម​ថា « អ្នក​រាល់​គ្នា​បាន​ទៅ​ដល់​ថ្ម​ដុះ ដេលីខេត អាក ដែរ​ឬ​ទេ » ? ពួកគេ​បាន​ប្រាប់​ខ្ញុំ​ដោយ​រីករាយ​ថា ​បានទៅដល់ ។ ពួកគេ​ប្រាប់​ថា ពួកគេ​​បាន​ដើរ​តាម​ផ្លាក​សញ្ញា​បង្ហាញ​ផ្លូវ​ដោយប្រុង​​ប្រយ័ត្ន ហើយ​ដោយ​ព្យាយាម ទើប​បាន​ទៅ​ដល់​ទិសដៅ ។

ជា​អកុសល​ ខ្ញុំ​បាន​ដើរ​ខុស​ផ្លូវ ។ វា​ជា​មេរៀន​មួយ​​ដ៏​ល្អ​ដែល​ខ្ញុំ​រៀននៅ​​ថ្ងៃ​នោះ !

តើ​យើង​ដើរ​ខុស​ពី​ផ្លូវ​ត្រូវ​ញឹកញាប់​ប៉ុណ្ណា ដោយ​បណ្ដោយ​ខ្លួន​ទៅ​តាម​ការនិយម​ខាង​លោកិយ ? យើង​ត្រូវ​សួរ​ខ្លួន​ឯង​ជានិច្ច ​បើ​យើង​ជា​អ្នក​ធ្វើតាម​បន្ទូល​ព្រះយេស៊ូវ ។

ការបង្រៀន​ដ៏អស្ចារ្យ​មួយ​មាន​នៅ​ក្នុង​គម្ពីរ​យ៉ូហានថា ៖

« ចូរ​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់​នឹង​អ្នក​រាល់​គ្នា​ចុះ ។ ប្រៀប​ដូច​ជា​ខ្នែង បើ​មិន​នៅ​ជាប់​នឹង​គល់ នោះ​ពុំ​អាច​នឹង​បង្កើត​ផល​ដោយ​ឯកឯង​បាន​ទេ ដូច្នេះ អ្នក​រាល់​គ្នា​ក៏​ពុំ​បាន​ដែរ លើក​តែ​នៅ​ជាប់​នឹង​ខ្ញុំ ។

« ខ្ញុំ​ជា​គល់ អ្នក​រាល់​គ្នា​ជា​ខ្នែង អ្នក​ណា​ដែល​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់​នឹង​អ្នក​នោះ នោះ​ទើប​នឹង​បង្កើត​ផល​ឡើង​ជា​ច្រើន ដ្បិត​បើ​ដាច់​ពី​ខ្ញុំ​ចេញ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ធ្វើ​អ្វី​បាន​ទេ » ( យ៉ូហាន 15:4–5 ) ។

តាម​រឿង​ប្រៀប​ប្រដូច​នេះ យើង​អាច​ឃើញថា​យើង​មាន​ទំនាក់ទំនង​ស្អិត​រមួត និង​សំខាន់​ជាមួយ​ព្រះ​យេស៊ូវ និង ប្រយោជន៍​ដែល​ទ្រង់​ដាក់​នៅ​លើ​យើង​ម្នាក់ៗ ។ ទ្រង់​ជា​ឫស និង ជា​មែក​ដែល​នាំ​ទឹក​រស់​មក​ឲ្យ​យើង​ម្នាក់ៗ គឺ​សំបក​ឈើ​ដែល​នាំ​ជីវជាតិ​ចិញ្ចឹម​មក​ឲ្យ​យើង ដើម្បី​អាច​បង្កើត​ជា​ផង​ផ្លែ ។ ព្រះយេស៊ូវ​បង្រៀន​យើង ​ប្រៀប​ដូចជា​​​ មែក — ឬ​ការ​ពឹង​ផ្អែក​លើ​ទ្រង់ — នោះ​យើង​នឹង​ពុំ​ព្រងើយ​កន្តើយ​នឹង​តម្លៃ​នៃ​ការបង្រៀន​នៃ​ទ្រង់​ឡើយ ។

មាន​កំហុស​ខ្លះ​ដែល​ធ្ងន់ធ្ងរ ហើយ​បើ​យើង​ពុំ​កែ​វា​ទាន់ពេល​ទេ​នោះ វា​នឹង​នាំ​យើង​ចេញ​ពី​ផ្លូវ​ត្រូវ​ជា​រៀង​រហូត ។ បើ​យើង​ប្រែ​ចិត្ត ហើយ​កែខ្លួន ទង្វើ​នោះ​នឹង​នាំ​ឲ្យ​យើង​ចេះ​បន្ទាប​ខ្លួន កែ​ចរិក ហើយ​កាន់តែ​ជិតស្និទ្ធ​នឹង​ព្រះ​វរបិតា​សួគ៌ ។

ខ្ញុំ​ចង់​លើក​ឧទាហរណ៍​អំពី​រឿង​នេះ ដោយ​យោង​តាម​គ្រា​ដ៏​រំភើប​មួយ​ដែល​ព្យាការី យ៉ូសែប ស៊្មីធ បាន​ជួប​ប្រទះ ។ តាម​បទពិសោធន៍​នេះ ព្រះ​អង្គ​សង្គ្រោះ​បាន​បង្រៀន​មេរៀន​ដ៏​មាន​តម្លៃ​អំពី​គោលការណ៍​ដែល​យើង​អាច​រក្សា​ទុក​ក្នុង​ចិត្ត​ពេញ​មួយ​ជីវិត ។ វា​កើត​ឡើង​ពេល ម៉ាទិន ហារីស បាន​ធ្វើ​ឲ្យ​បាត់អត្ថបទ​ 116 ទំព័រ ដែល​​បាន​បក​ប្រែ​ក្នុង​ផ្នែក​ទី​មួយ​នៃ​ព្រះគម្ពីរ​មរមន ។

ក្រោយ​ពី​ប្រែចិត្ត​ពី​ការទទឹង​នឹង​ដំបូន្មាន​ព្រះ ព្យាការី​បាន​ទទួល​វិវរណៈ​ដែល​ចែង​ក្នុង​គោលលទ្ធិ និង សេចក្តី​សញ្ញា កណ្ឌ​ទី 3 ( សូម​មើល ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស៊្មីធ [ ឆ្នាំ 2007 ] ទំព័រ 69–71 ) ។ ខ្ញុំ​សូម​លើក​ឡើង​គោលការណ៍​បី ចេញពី​អ្វី​ដែល​ចែង​ក្នុង​ខ​ទី 1 ដល់ទី​ 10 ដែល​យើង​គួរ​ចងចាំ​ជានិច្ច ៖

  1. 1.

    កិច្ចការ និង គោលបំណង​របស់​ព្រះ​ ពុំ​អាច​បង្អាក់​បាន​ឡើយ ។

  2. 2.

    យើង​ពុំ​ត្រូវ​កោត​ខ្លាច​មនុស្ស​ជាង​ព្រះ​ឡើយ ។

  3. 3.

    មាន​តម្រូវការ​ឲ្យ​ប្រែចិត្ត​ជា​ដរាប ។

ក្នុង​ខ​ទី 13 ព្រះ​បង្រៀន​យើង​ពី​ទង្វើ​ទាំង​បួន​ដែល​យើង​ពុំ​ត្រូវ​ប្រព្រឹត្ត ៖

  1. 1.

    បដិសេធ​ចោល​ឱវាទ​របស់​ព្រះ ។

  2. 2.

    ក្បត់​ពាក្យ​សន្យា​ពិសិដ្ឋ​ដែល​បាន​ធ្វើ​នៅ​ចំពោះ​ព្រះ ។

  3. 3.

    ពឹងផ្អែក​ទៅ​លើ​ការវិនិច្ឆ័យ​របស់​ខ្លួន ។

  4. 4.

    អួតអាង​នៅ​ក្នុង​ប្រាជ្ញា​ខ្លួន ។

ខ្ញុំ​សូម​អធិស្ឋាន​ថា យើង​នឹង​ពុំ​វង្វេង​ផ្លូវ ប្រយោជន៍​ឲ្យ​យើង​អាច​ភ្ជាប់​ទៅ​ឯ​ស្ថានសួគ៌ ដើម្បី​កុំ​ឲ្យ​លោកិយ​ទាញ​យើង​​ចេញ​ទៅ​ឆ្ងាយ​បាន​ឡើយ ។

បើ​មាន​នរណា​ម្នាក់​ទៅ​ដល់​ចំណុចនៃ​ការបោះបង់​មាគ៌ា​ព្រះអម្ចាស់​ចោល — ត្រង់​ទី​ណាមួយ​នៅ​តាម​ដំណើរការ​នោះ — ដោយ​មាន​វិប្បដិសារី​ដ៏​ធំ ដែល​មាន​អារម្មណ៍ល្វីង​ជូរចត់​ចំពោះ​ការបដិសេធ​ចោល​ឱវាទ​របស់​ព្រះ ដោយ​បាន​ក្បត់​នឹង​ពាក្យ​សន្យា​ពិសិដ្ឋ​ដែល​ធ្វើ​ជាមួយ​ព្រះ ដោយ​ពឹង​ផ្អែក​ទៅ​លើ​ការវិនិច្ឆ័យ​របស់​ខ្លួន ឬ អួតអាង​លើ​​ប្រាជ្ញា​ខ្លួន ។

បើ​នេះ​ជា​បញ្ហា​របស់​អ្នក ខ្ញុំ​សូម​ទូន្មាន​អ្នក​ឲ្យ​ប្រែ​ចិត្ត ហើយ​ត្រឡប់​មក​តាម​ផ្លូវ​ត្រូវ​វិញ ។

គ្រា​មួយ​ចៅ​ម្នាក់​បាន​ទូរស័ព្ទ​ទៅ​ជូនពរ​ថ្ងៃ​កំណើតលោក​​តា ។ ចៅ​​បាន​សួរលោក​​តា​ថា ​គាត់​មាន​វ័យ​ប៉ុន្មាន​ហើយ ។ លោកតា​ថា ​គាត់​មាន​វ័យ 70 ឆ្នាំ ហើយ ។ ចៅ​គាត់​ បាន​គិត​មួយ​ស្របក់ ហើយ​សួរ​លោក​តា​ថា « តើ​លោក​តា បានរាប់​​​តាំង​ពី​លោក​តា​មាន​អាយុ 1 ឆ្នាំមក​​ឬ ? »

មនុស្ស​គិត​ថា​ពួក​គេ​នឹង​ពុំ​ដែល​ចាស់ ក្នុង​អំឡុង​កុមារភាព និង យុវវ័យ​របស់​ពួកគេ​ឡើយ ដែល​ជា​គំនិត​​ថា ​មរណភាព​ពុំ​មាន​អនុភាព​ចំពោះ​ពួកគេ​ឡើយ — ថា​វា​គឺ​សម្រាប់​មនុស្ស​ចាស់ជរា — ហើយ​ថា​ការចូល​ទៅ​ដល់​ចំណុច​នោះ គឺ​ជា​ពេល​វែង​អន្លាយ​ត​ទៅ​មុខ​ទៀត ។ វេលា​កន្លង​ទៅ​ជា​ច្រើន​ខែ​ ច្រើន​រដូវ​ហួស​ទៅ​ហើយ នោះ​​ស្នាមជ្រីវ​​ជ្រួញបាន​​លេច​ឡើង កម្លាំង​​ចុះខ្សោយ ហើយត្រូវ​ទៅ​ជួប​គ្រូ​ពេទ្យ​កាន់តែ​ញឹកញាប់ ជា​ដើម ។

ថ្ងៃ​នោះ​នឹង​មក​ដល់​ដែល​យើង​នឹង​ទៅ​ជួប​ព្រះ​ប្រោសលោះ និង ព្រះ​អង្គ​សង្គ្រោះ ដែល​ជា​ព្រះយេស៊ូវ​គ្រីស្ទ​​ម្ដង​ទៀត ។ ខ្ញុំ​សូម​ឲ្យ​ឱកាស​ដ៏​ពិសិដ្ឋ និង អស្ចារ្យ​នោះ យើង​អាច​ស្គាល់​ទ្រង់ ​ព្រោះ​តែ​ចំណេះដឹង​ដែល​យើង​មាន​អំពី​ទ្រង់ និង ព្រោះ​តែ​យើង​បាន​ធ្វើ​តាម​ការបង្រៀន​នៃ​ទ្រង់ ។ ទ្រង់​នឹង​បង្ហាញ​យើង​នូវ​ស្នាម​លើ​ព្រះហស្ដ និង ព្រះ​បាទទ្រង់​ ហើយ​យើង​នឹង​ឱប​ក្រសោប​គ្នា​ដោយ​យូរ​អង្វែង ទាំង​ស្រក់​​ទឹក​ភ្នែក​ដោយ​អំណរ ​ព្រោះ​បាន​ដើរ​តាម​មាគ៌ា​ទ្រង់ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ទៅ​ដល់​ចុង​ផែនដី​ ទាំង​បួន​ទិស​ថា ព្រះយេស៊ូវគ្រីស្ទ​ មាន​ព្រះជន្ម​រស់ ។ ទ្រង់​ទូន្មាន​ថា « ចូរ​ប្រុង​ស្ដាប់ ឱ​អ្នក​រាល់​គ្នា​ដែល​ជា​សាសន៍​ទាំង​ឡាយ​នៃ​ផែនដី​អើយ ហើយ​ឮ​ព្រះ​បន្ទូល​ទាំងឡាយ​នៃ​ព្រះ​ដែល​បាន​បង្កើត​អ្នក​ចុះ » ( គ. និង ស. 43:23 ) ។ សូម​ឲ្យ​យើង​អាច​ចាប់​​យក ស្ដាប់ យល់ដឹង ​ហើយ​បកស្រាយ​ព្រះ​សារ​បន្ទូល​ដោយ​ត្រឹមត្រូវថា « ​ព្រះ​ជា​អ្នក​បង្កើត [ យើង ] មក » ដូច្នេះ សូម​កុំ​ដើរ​ចេញ​ពី​មាគ៌ា​ទ្រង់ឡើយ ខ្ញុំ​អង្វរ​ក្នុង​ព្រះ​នាម​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។