សេចក្ដី​ស្រឡាញ់---គឺ​ជាខ្លឹមសារ​នៃ​ដំណឹង​ល្អ


ថូម៉ាស អេស ម៉នសុន
យើង​ពិតជា​មិន​អាច​ស្រឡាញ់​ព្រះ​បាន​ឡើយ​ បើ​យើង​មិន​បាន​ស្រឡាញ់​អ្នក​រួម​ដំណើរ​នឹង​យើង​នៅ​លើ​ដំណើរ​នៃ​ជីវិត​រមែង​ស្លាប់​នេះ​ផង​នោះ។

បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់ កាល​ព្រះសង្គ្រោះ​យើង​បម្រើ​ក្នុង​ចំណោម​មនុស្ស ទ្រង់​ត្រូវបាន​សួរ​ដោយ​អ្នក​ច្បាប់​ម្នាក់​ថា « លោក​គ្រូ ក្នុង​បណ្ដា​ក្រិត្យវិន័យ តើ​បញ្ញត្តិ​ណា​ដែល​សំខាន់​បំផុត ? »

ម៉ាថាយ ​កត់ត្រា​អ្វី​ដែល​ព្រះយេស៊ូវ​បាន​តប ៖

« ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់​ ជា​ព្រះ​នៃ​អ្នក​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​អ្នក ។

« នេះ​ជា​បញ្ញត្តិ​យ៉ាង​សំខាន់​ទី​មួយ ។

« ហើយ​បញ្ញត្តិ​ទី​ពីរ​ក៏​បែប​ដូចគ្នា គឺ​ថា ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​អ្នក» ។1

ម៉ាកុស​បាន​បញ្ចប់​រឿង​នេះ​ជាមួយ​នឹង​បន្ទូល​របស់​ព្រះអម្ចាស់​ថា ៖ « គ្មាន​បញ្ញត្តិ​ណា​ទៀត​ធំ​ជាង​បទ​ទាំងពីរ​នេះ​ទេ» ។2

យើង​ពិតជា​មិន​អាច​ស្រឡាញ់​ព្រះ​បាន​ឡើយ​ បើ​យើង​មិន​បាន​ស្រឡាញ់​អ្នក​រួម​ដំណើរ​នឹង​យើង​នៅ​លើ​ដំណើរ​នៃ​ជីវិត​រមែង​ស្លាប់​នេះ​ផង​នោះ ។ ដូចគ្នា​នេះ​ដែរ យើង​ពិត​ជា​មិន​អាច​ស្រឡាញ់​អ្នក​ជិត​ខាង​យើង​បាន​ឡើយ បើ​យើង​មិន​បាន​ស្រឡាញ់​ព្រះ​ ជា​ព្រះវរបិតា​នៃ​យើង​រាល់​គ្នា​ផង​នោះ ។ សាវក​យ៉ូហាន​​ប្រាប់​យើង​ថា « យើង​បាន​ទទួល​បញ្ញត្តិ​នេះ​ពី​ព្រះ​មក​ថា អ្នក​ណា​ដែល​ស្រឡាញ់​ដល់​ព្រះ នោះ​ត្រូវ​តែ​ស្រឡាញ់​ដល់​បងប្អូន​ដែរ »។3 យើង​រាល់គ្នា​ជា​កូនចៅ​វិញ្ញាណ​នៃ​ព្រះវរបិតា​សួគ៌ ហើយ​ប្រៀប​បាន​នឹង​បងប្អូន​ប្រុស​ស្រី ។ កាល​យើង​រក្សា​សេចក្ដី​ពិត​នេះ​ក្នុង​ចិត្ត ការ​ស្រឡាញ់​រាល់​កូន​ចៅ​នៃ​ព្រះ​នឹង​មាន​ភាពងាយ​ស្រួល ។

តាម​ពិត ក្ដីស្រឡាញ់​ជា​ខ្លឹមសារ​ដ៏​សំខាន់​នៃ​ដំណឹង​ល្អ ហើយ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​គំរូ​ដល់​យើង ។ ជីវិត​ទ្រង់​គឺ​ជា​មរតក​នៃ​ក្ដីស្រឡាញ់ ។ ទ្រង់​បាន​ព្យាបាល​អ្នក​ឈឺ ទ្រង់​បាន​លើក​អ្នក​ទន់​ខ្សោយ ទ្រង់​បាន​សង្គ្រោះ​អ្នក​មាន​បាប ។ នៅ​ទី​បំផុត ពួក​មនុស្ស​អាក្រក់​បាន​ផ្ដាច់​ព្រះជន្ម​ទ្រង់ ។ តែនៅ​លើ​ភ្នំ​គាល់កូថា​បន្ទូល​ទាំងនេះ​ត្រូវ​បាន​បន្លឺ​ឡើង ៖ « ឱ ព្រះវរបិតា​អើយ សូម​អត់​ទោស​ដល់​អ្នក​ទាំង​នេះ​ផងត្បិត​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អ្វី​ទេ »4---នេះ​ជា​គំរូ​ដ៏​អស្ចារ្យ​នៃសេចក្ដីមេត្តា និង សេចក្ដីស្រឡាញ់​ក្នុង​ជីវិត​រមែង​ស្លាប់ ។

មាន​ឥរិយាបថ​ជា​ច្រើន​ដែល​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់ ដូចជា​ចិត្ត​សប្បុរស ភាព​អត់ធ្មត់ ភាព​មិន​អត្មានិយម ការ​យល់​ចិត្ត និង​ ការ​អត់​ទោស ។ នៅ​រាល់​ទំនាក់ទំនង​របស់​យើង ឥរិយាបថ​ទាំង​នេះ និង​ផ្សេង​ទៀត​ នឹង​ជួយ​បង្ហាញ​ឲ្យ​ឃើញ​ពីសេច​ក្ដី​ស្រឡាញ់​ក្នុង​ចិត្ត​យើង ។

ជាធម្មតា សេច​ក្ដីស្រឡាញ់​យើង​ នឹង​បង្ហាញ​នៅ​ក្នុង​ទំនាក់ទំនង​ប្រចាំ​ថ្ងៃ​យើង​ជាមួយ​នឹង​មនុស្ស​ម្នាក់​ទៀត ។ អ្វី​ដែល​សំខាន់ ​គឺ​ជា​សមត្ថភាព​យើង​ដើម្បី​ដឹង​ពីសេច​ក្ដី​ត្រូវការ​របស់​មនុស្ស​ម្នាក់ រួច​ហើយ​ឆ្លើយ​តបនឹង​វា​ ។ ខ្ញុំ​តែង​ឲ្យ​តម្លៃ​ទៅ​លើ​អារម្មណ៍​ដែល​បាន​បង្ហាញ​នៅ​ក្នុង​កំណាព្យ​ខ្លី​មួយ​ថា ៖

ទឹក​ភ្នែក​ខ្ញុំ​ស្រក់​នា​ពេល​រាត្រី
ដោយ​មិន​បាន​យល់​ន័យ
ពី​ក្ដី​ត្រូវការ​អ្នក​ដទៃ ធ្វើ​ឲ្យ​ភ្នែក​ខ្ញុំ​ងងឹត ។
តែ​ខ្ញុំ​ពុំ​ធ្លាប់​គិត
ថា​មាន​អារម្មណ៍​ខក​ចិត្ត
ចំពោះ​ការ​ធ្វើ​ល្អ​ឡើយ ។5

ថ្មីៗ​នេះ​ខ្ញុំ​ត្រូវ​បាន​គេ​ប្រាប់​ពី​គំរូ​នៃសេច​ក្ដី​មេត្តា​ករុណា​ដ៏​អស្ចារ្យ​មួយ---ជា​គំរូ​មួយ​ដែល​លទ្ធផល​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ។ នៅ​ពេល​នោះ​គឺ​ឆ្នាំ 1933 ដោយ​មាន​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ នោះឱកាស​មាន​ការងារ​ធ្វើ​គឺ​ពិបាក​ខ្លាំង​ណាស់ ។ ទីតាំង​នោះ​ គឺ​ស្ថិតនៅ​ប៉ែក​ខាង​កើត​នៃ​សហរដ្ឋ​អាមេរិក ។ អាឡិន ប៊ីស៊ីកឃើរ ទើប​រៀន​ចប់​ពី​ថ្នាក់​វិទ្យាល័យ ។ ក្រោយ​ពី​ការ​ស្វែងរក​ការងារ​ធ្វើ​ដ៏​យូរ​មក ទីបំផុត​នាង​បាន​ធ្វើ​ជា​ជាង​កាត់ដេរ​នៅ​ហាង​កាត់​ខោ​អាវ​មួយ ។ កម្មករ​នៅ​ហាង​នោះ​ត្រូវ​បាន​បង់​ថ្លៃ​ឲ្យ​ទៅ​តាម​បំណែក​ខោអាវ​ដ៏​ត្រឹមត្រូវ​ដែល​ពួកគេ​ដេរ​រួម​គ្នា​រាល់​ថ្ងៃ​ប៉ុណ្ណោះ ។ កាល​ពួកគេ​ដេរ​បាន​ច្រើន​បំណែក ពួកគេ​នឹង​បាន​ប្រាក់​កម្រៃ​កាន់តែ​ច្រើន ។

ក្រោយ​ពី​ធ្វើ​ការ​នៅ​ហាង​នោះ​បាន​មួយ​ថ្ងៃ អាឡិន បាន​ប្រឈម​នឹង​ការ​ផលិត​មួយ​ដែល​ធ្វើ​ឲ្យ​នាង​ស្មុគ​ស្មាញ ហើយ​ច្របូកច្របល់​ក្នុង​ចិត្ត ។ នាង​បាន​អង្គុយ​នៅ​ឯ​ម៉ាស៊ីន​ដេរ ខំ​ស្រាយ​អំបោះ​ចេញ​ពី​បំណែក​ដែល​នាង​កំពុង​ធ្វើ ​ដើម្បី​បញ្ចប់​វា តែ​មិន​បាន​ជោគជ័យ​សោះ ។ ទំនង​ដូចជា​គ្មាន​នរណា​ម្នាក់​ជួយ​នាង​បាន​ទេ ដោយសារ​ជាង​ដេរ​ផ្សេង​ទៀត ​កំពុង​ប្រញ៉ាប់ប្រញ៉ាល់​ដេរ​ឲ្យ​បាន​ច្រើន ​តាម​ដែល​ពួកគេ​អាច​ធ្វើ​បាន ។ អាឡិន មាន​អារម្មណ៍​ថា​តែល​តោល ហើយ​អស់​សង្ឃឹម ។ នាង​បាន​ចាប់ផ្ដើម​យំ​ទាំង​ខ្សឹបខ្សួល ។

ប៊ើរណាយ រ៉ក បាន​អង្គុយ​ទល់​មុខ​នឹង អាឡិន ។ គាត់​ចាស់​ជាង ហើយ​មាន​បទពិសោធន៍​ច្រើន​ជា​ជាង​ដេរ ។ ដោយ​ឃើញ​ពី​ទុក្ខព្រួយ​របស់ អាឡិន នោះ ប៊ើរណាយ បាន​ទុក​ការងារ​នាង​ចោល ហើយ​ទៅ​ក្បែរ​ អាឡិន ដោយ​ប្រាប់​នាង​ ហើយ​ជួយ​នាង​ដោយ​ចិត្ត​សប្បុរស ។ គាត់​បាន​នៅ​រហូត អាឡិន មាន​ទំនុក​ចិត្ត ហើយ​អាច​បញ្ចប់​បំណែក​នោះ​បាន​ដោយ​ជោគជ័យ ។ រួច ប៊ើរណាយ បាន​ត្រឡប់​ទៅ​ម៉ាស៊ីន​គាត់​វិញ ដោយ​ខក​ខាន​ឱកាស​បញ្ចប់​បំណែក​ជា​ច្រើន​ដែល​គាត់​អាច​ធ្វើ​បាន បើ​គាត់​មិន​បាន​ទៅ​ជួយ​នោះ ។

ដោយ​មាន​ទង្វើ​នៃ​សេច​ក្ដី​មេត្តា​ករុណា​មួយ​នេះ ប៊ើរណាយ និង អាឡិន បាន​ក្លាយ​ជា​មិត្ត​ដ៏​យូរ​អង្វែង ។ ទីបំផុត ពួកគេ​ទាំងពីរ​បាន​រៀបការ​ ហើយ​មាន​កូន​ចៅ​រៀងៗខ្លួន ។ ក្នុង​ឆ្នាំ 1950 ប៊ើរណាយ ដែល​ជា​សមាជិក​សាសនាចក្រ បាន​ឲ្យ​ព្រះគម្ពីរ​មរមន​មួយ​ក្បាល​​ទៅ អាឡិន និង គ្រួសារ​នាង ។ ក្នុង​ឆ្នាំ 1960 អាឡិន និង ស្វាមី​ ព្រម​ទាំង​កូនចៅ​នាង​ បាន​ជ្រមុជ​ទឹក​ ក្លាយជា​សមាជិក​សាសនាចក្រ ។ ក្រោយ​មក​ទៀត ពួកគេ​បាន​ផ្សារ​ភ្ជាប់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នៃ​ព្រះ ។

ជា​លទ្ធផល​នៃ​សេចក្ដីមេត្តា​ដែល ប៊ើរណាយ បាន​បង្ហាញ កាល​គាត់​បាន​ទៅ​ជួយ​មនុស្ស​ម្នាក់​ដែល​គាត់​មិន​ស្គាល់ តែ​ជា​អ្នក​ដែល​មាន​ទុក្ខ​សោក ហើយ​ត្រូវការ​ជំនួយ ឥឡូវ​នេះ​មាន​មនុស្ស​ជា​ច្រើន ទាំង​អ្នក​នៅ​រស់ និង​ អ្នក​ស្លាប់ កំពុង​រីករាយ​នឹង​ពិធី​បរិសុទ្ធនៃ​ការ​សង្គ្រោះ​ក្នុង​ដំណឹង​ល្អ ។

នៅ​ក្នុង​ជីវិត​យើង​រាល់​ថ្ងៃ យើង​ត្រូវបាន​ផ្ដល់​ឱកាស​ឲ្យ​ដើម្បី​បង្ហាញសេច​ក្ដីស្រឡាញ់ និង ចិត្ត​សប្បុរស​ដល់​អ្នក​ដែល​នៅ​ជុំវិញ​យើង ។ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​ថ្លែង​ថា ៖ « យើង​ត្រូវ​ចងចាំ​ថា មនុស្ស​ដែល​យើង​ជួប​នៅ​កន្លែង​ចត​ឡាន ក្នុង​ការិយាល័យ តាម​ជណ្ដើរ​យន្ត និង​កន្លែង​ផ្សេង​ទៀត គឺ​ជា​មនុស្ស​ដែល​ព្រះ​បាន​ប្រទាន​ដល់​យើង​ដើម្បី​ស្រឡាញ់ ហើយ​បម្រើ ។ យើង​នឹង​មិន​អាច​និយាយ​ពី​ភាពជា​បងប្អូន​នៃ​មនុស្ស​ទូទៅ​បាន​ឡើយ បើ​យើង​មិន​បាន​ចាត់ទុក​មនុស្ស​ដែល​នៅ​ជុំវិញ​យើង​ថា ​ជា​បងប្អូន​ប្រុសស្រី​របស់​យើង​ផង​នោះ » ។6

ជា​រឿយៗ ឱកាស​របស់​យើង​ដើម្បី​បង្ហាញ​ក្ដីស្រឡាញ់​កើត​មាន​ដោយ​មិន​ដឹង​ជា​មុន ។ ឧទាហរណ៍​មួយ​ពី​ឱកាស​បែប​នេះ​មាន​ក្នុង​អត្ថបទ​សារព័ត៌មាន​មួយ​ចេញ​ផ្សាយ​ខែ តុលា ឆ្នាំ 1981 ។ ដោយ​ខ្ញុំ​ចាប់​អារម្មណ៍​ខ្លាំង​ពី​ក្ដីស្រឡាញ់​ និង ក្ដីមេត្តា​ដែល​នៅ​ក្នុង​នោះ ទើប​ខ្ញុំ​រក្សា​វា​ទុក​ក្នុង​ឯកសារ​ខ្ញុំ​ច្រើន​ជាង​ 30 ឆ្នាំ ។

អត្ថបទ​នោះ​លើក​ឡើង​ពី​ជើង​ហោះហើរ​មួយ​នៃ​អាកាស​ចរណ៍ អាឡាស្កា ដែល​ធ្វើ​ដំណើរពី អេងឃើររេច, អាឡាស្កា ទៅ ស៊ីអាថល, រដ្ឋ​វ៉ាស៊ីនតោន---​ដែល​មាន​អ្នក​ដំណើរ 150 នាក់---បាន​បង្វែរ​ទិសដៅ​ទៅ​ក្រុង​ដាច់​ស្រយាល​មួយ​នៅ អាឡាស្កា ដើម្បី​ដឹក​ក្មេង​ម្នាក់​ដែល​មាន​របួស​ធ្ងន់ ។ មាន​ក្មេង​ប្រុស​ម្នាក់​អាយុ​ពីរ​ឆ្នាំ​ បាន​ដាច់​សរសៃ​ឈាម​​ដៃ​ធ្ងន់ធ្ងរ កាល​គាត់​ដួល​មុត​នឹង​អម្បែង​កែវ​មួយ​ ពេល​គាត់​លេង​នៅ​ជិត​ផ្ទះ​គាត់ ។ ក្រុង​នោះ​មាន​ចម្ងាយ 725 គ.ម ភាគ​ខាង​ត្បូង​នៃ អេងឃើររេច ហើយ​មិន​មែន​ជា​ផ្លូវ​នៃ​ជើង​ហោះ​ហើរ​នោះ​ឡើយ ។ តែ​ដោយ​ពួក​គ្រូពេទ្យ ​ដែល​ព្យាយាម​ជួយ​ក្មេង​ប្រុស​នោះ​ ត្រូវ​ការ​ជំនួយ​ជា​បន្ទាន់ ទើប​យន្តហោះ​នោះ​ ក៏​បង្វែរ​ទិស​មក​យក​ក្មេង​នោះ ហើយ​នាំ​គាត់​ទៅ ស៊ីអាថល ដើម្បី​គាត់​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ ។

កាល​យន្តហោះ​ចុះ​ក្បែរ​ក្រុង​ដាច់​ស្រយាល​នោះ ពួក​គ្រូពេទ្យ​បាន​ប្រាប់​នាវិក​ថា ក្មេង​ប្រុស​នេះ​កំពុង​ហូរ​ឈាម​ខ្លាំង​ណាស់ គាត់​មិន​អាច​រស់​រហូតដល់ ស៊ីអាថល បាន​ឡើយ ។ មាន​ការ​សម្រេច​ចិត្ត​មួយ​បាន​ធ្វើ​ឡើង​ដើម្បី​ហោះ​ទៅ ជូនៀរ , អាឡាស្កា ដែល​មាន​ចម្ងាយ 320 គ.ម.ទៀត ជា​ទីក្រុង​ជិត​បំផុត​ដែល​មាន​មន្ទីរ​ពេទ្យ ។

បន្ទាប់​ពី​ដឹក​ក្មេង​ប្រុស​នោះ​ទៅ​ដល់ ជូនៀរ ហើយ យន្ត​នោះ​បាន​ហោះ​ទៅ ស៊ីអាថល ដោយ​ខុស​ពី​កាលវិភាគ​ជា​ច្រើន​ម៉ោង ។ គ្មាន​អ្នក​ដំណើរ​ណា​ម្នាក់​ បាន​ត្អូញត្អែរ​ឡើយ ទោះ​ជា​ពួកគេ​ភាគច្រើន​បាន​ខក​ការ​ណាត់ និង​ការ​បន្ត​ជើង​ហោះហើរ​ក្ដី ។ តែ​ផ្ទុយ​ទៅ​វិញ កាល​វេលា​ចេះ​តែ​កន្លង​ទៅ ពួកគេ​បាន​រៃអង្គាស​ប្រាក់​បាន​យ៉ាង​ច្រើន​ទុក​ឲ្យ​ក្មេង​ប្រុស​នោះ និង គ្រួសារ​គាត់ ។

កាល​យន្តហោះ​ហៀប​នឹង​ចុះ​ចត​នៅ ស៊ីអាថល ពួក​អ្នក​ដំណើរ​បាន​នាំ​គ្នា​ស្រែក​ឡើង​ដោយ​ក្ដីរីករាយ ពេល​នាវិក​បាន​ប្រកាស​ថា គាត់​បាន​ទទួល​ដំណឹង​តាម​វិទ្យុ​ថា ក្មេង​ប្រុស​នោះ​បាន​ឆ្លងផុត​ពី​គ្រោះ​ថ្នាក់ ។7

មាន​បទគម្ពីរ​មួយ​បាន​ផុស​ឡើង​ក្នុង​គំនិត​ខ្ញុំ ៖ « សេចក្ដី​សប្បុរស ​គឺ​ជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ...ហើយ​អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​សប្បុរស​នៅ​ក្នុង​ថ្ងៃ​ចុង​ក្រោយ​បង្អស់ និង បាន​ស្រួល​ដល់​អ្នក​នោះ​ហើយ » ។8

បងប្អូន​ប្រុស​ស្រី ឱកាស​ដ៏​ធំ​បំផុត​របស់​យើង​មួយ​ចំនួន ដើម្បី​បង្ហាញសេច​ក្ដីស្រឡាញ់​គឺ ​ស្ថិត​នៅ​ក្នុង​ផ្ទះ​របស់​យើង​ផ្ទាល់ ។ សេចក្ដីស្រឡាញ់​ គួរ​ជា​កត្តា​ដ៏​សំខាន់​បំផុត​នៃ​ជីវិត​គ្រួសារ តែពេល​ខ្លះ​​រឿង​បែប​នេះ​គ្មាន​ឡើយ ។ បែរ​ជា​មាន​នូវ​ការ​ខ្វះ​ភាពអត់ធ្មត់ ការ​ទាស់​សម្ដី ការ​ឈ្លោះ​ប្រកែក និង​ ការ​បង្ហូរ​ទឹក​ភ្នែក​យ៉ាង​ច្រើន​ទៅ​វិញ ។ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​សួរ​ទាំង​សោកសៅ​ថា ៖ « ជាញឹកញាប់ ហេតុអ្វី​បាន​ជា [ មនុស្ស ] ដែល​យើង​ស្រឡាញ់ [ បំផុត ] ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ពាក្យ​សម្ដី​ដ៏​គ្រោតគ្រាត​របស់​យើង​ទៅវិញ ? ហេតុអ្វី​បាន​ជា​ពេល​ខ្លះ [ យើង ] ​និយាយ​ពាក្យ​បញ្ឈឺ​ដែល​ធ្វើ​ឲ្យ​ខ្ទេចខ្ទាំ​ដល់​ផ្លូវ​ចិត្ត​យ៉ាង​ខ្លាំង​ទៅ​វិញ ? »9 យើង​អាច​នឹង​មាន​ចម្លើយ​ចំពោះ​សំណួរ​ទាំងនេះ​ខុសៗ​គ្នា តែ​ការពិត​គឺ​ថា ហេតុផល​វា​ពុំ​មែន​ជា​បញ្ហា​ឡើយ ។ បើ​យើង​គោរព​តាម​ព្រះបញ្ញត្តិ​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក នោះ​យើង​ត្រូវ​ប្រព្រឹត្ត​ចំពោះ​គ្នា​ដោយ​ចិត្ត​សប្បុរស និង​ ការគោរព ។

ពិត​ណាស់ ការ​ដាក់​វិន័យ​ពេល​ខ្លះ វា​ត្រូវ​តែ​មាន ។​ តែ​ចូរ​យើង​ចងចាំ​ពី​ការ​ប្រឹក្សា​ដែល​មាន​នៅ​ក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា---ឲ្យ​ច្បាស់​ថា ពេល​យើង​ចាំបាច់​ត្រូវ​បន្ទោស​ដល់​អ្នក​ណា​ម្នាក់ នោះ​យើង​ត្រូវ​បង្ហាញ​សេចក្ដីស្រឡាញ់​ឲ្យ​បាន​ច្រើន​បន្ទាប់ពី​នោះ ។10

ខ្ញុំ​សង្ឃឹម​ថា យើង​នឹង​ព្យាយាម​ជានិច្ច​ ធ្វើ​ជា​មនុស្ស​មាន​ចិត្ត​សប្បុរស ហើយ​គិត​ពី​គំនិត និង អារម្មណ៍ ព្រមទាំង​ស្ថានភាព​នៃ​មនុស្ស​ដែល​នៅជុំវិញ​យើង ។ ចូរ​យើង​កុំ​បន្ទាបបន្ថោក ឬ​រិះគន់​គ្នាឡើយ ។ ផ្ទុយ​ទៅ​វិញ ចូរ​យើង​មាន​ចិត្ត​មេត្តា និង​ការ​គោរព ។ យើង​ត្រូវ​ប្រាកដ​ថា យើង​មិន​បំផ្លាញ​ទំនុកចិត្ត​របស់​មនុស្ស​ម្នាក់​ទៀត ​តាមរយៈ​សម្ដី ឬ ទង្វើ​ប្រមាថ​មើល​ងាយ​ឡើយ ។

ការ​អត់ទោស​ គួរ​មាន​ទៅ​វិញ​ទៅ​មក​ដោយសេច​ក្ដីស្រឡាញ់ ។ ក្នុង​ក្រុម​គ្រួសារ​យើង រួម​ទាំង​មិត្ត​យើង​ដែរ អាច​មាន​នូវ​អារម្មណ៍​ឈឺ​ចាប់ និង ការ​មិនចុះសម្រុង ។ ជា​ថ្មី​ម្ដង​ទៀត ទោះ​ជា​បញ្ហា​វា​តូច​ក្ដី នោះ​​​មិន​សំខាន់​ទេ ។ វា​មិន​អាច និង មិន​គួរ​ទុក​ឲ្យ​ដំបៅ-ក​ទៅ​ជា​ខ្ទុះ ហើយ​នៅ​ទីបំផុត​ធ្វើ​ឲ្យ​សាច់​រលួយ​បាន​ឡើយ ។ ការ​បន្ទោស​នៅតែ​ធ្វើ​ឲ្យ​ស្នាមរបួស​នោះមិន​ជា ។ មានតែ​ការអត់​ទោស​ប៉ុណ្ណោះ​ដែល​អាច​ព្យាបាល​បាន ។

មាន​ស្ត្រី​ដ៏​ប្រពៃ​ម្នាក់ ដែល​ក្រោយ​មក​បាន​ចែកឋាន​ទៅ បាន​មក​ជួប​ខ្ញុំ​នៅ​ថ្ងៃ​មួយ ហើយ​បាន​រៀបរាប់​ពី​ភាព​សោកស្ដាយ​មួយ​ចំនួន​ដោយ​មិន​បាន​ព្រៀង​ទុក ។ គាត់​បាន​និយាយ​ពី​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​ជាច្រើន​ឆ្នាំ​មុន ហើយ​វា​ទាក់ទង​នឹង​កសិករ​ម្នាក់​ជា​អ្នក​ជិត​ខាង​គាត់ ដែល​គ្រាមួយ ​គឺ​ជា​មិត្ត​ល្អ​នឹង​គ្នា តែ​ជា​មនុស្ស​ដែល​គាត់ និង ស្វាមី​គាត់​ មាន​បញ្ហា​ជា​មួយ​គ្នា​ជាច្រើន​ដង ។ មាន​ថ្ងៃ​មួយ​កសិករ​នោះ​បាន​សុំ​ដើរឆ្លង​កាត់​លើ​ដី​របស់​បងស្រី​នោះ​ដើម្បី​ទៅ​ដី​របស់​គាត់ ។ មក​ដល់​ត្រង់​នេះ បងស្រី​នោះ​បាន​ផ្អាក​ការ​អធិប្បាយ​របស់​គាត់ ហើយ​ក៏​ពោល​ទាំង​រំជួល​ចិត្ត​ថា « បងប្រុស​ ម៉នសុន ខ្ញុំ​មិន​បាន​ឲ្យ​គាត់​ដើរ​កាត់​ដី​យើង​ឡើយ តែ​ខ្ញុំ​ឲ្យ​គាត់​ដើរ​ផ្លូវ​ដ៏​ឆ្ងាយ​ដោយ​ថ្មើរ​ជើង​ ដើម្បី​បាន​ទៅ​ដល់​ដី​របស់​គាត់ ។ ខ្ញុំ​ពិត​ជា​ខុស ហើយ​ខ្ញុំ​ស្ដាយ​ក្រោយ​ណាស់ ។ ឥឡូវ​គាត់​ស្លាប់​ហើយ តែ​ខ្ញុំ​ប្រាថ្នា​ឲ្យ​ខ្ញុំ​អាច​ថ្លែង​ប្រាប់​គាត់​ថា ‹ ឲ្យ​ខ្ញុំ​សុំ​ទោស › ។ ខ្ញុំ​ប្រាថ្នា​ថា ​ឲ្យ​ខ្ញុំ​មាន​ឱកាស​ជា​លើក​ទី​ពីរ ​ដើម្បី​មាន​ចិត្ត​សប្បុរស​ខ្លាំងណាស់ » ។

កាល​ខ្ញុំ​បាន​ស្ដាប់​គាត់ ខ្ញុំ​បាន​គិត​ពី​ពាក្យ​ដ៏​សោកសៅ​មួយ​របស់ ចន ហ្គ្រីន​លីហ្វ វីធីយឺ ពោល​ថា ៖ « រាល់​ពាក្យ​សោកសៅ​ អាច​កើត​ឡើង​ដោយ​ការ​និយាយ ឬ​ការ​សរសេរ ឯ​រឿង​ដ៏​សោកសៅ​បំផុត​នោះ​គឺ​ថា ៖ វា​បាន​កើត​ឡើង​ទៅ​ហើយ » ។11 បងប្អូន​ប្រុស​ស្រី កាល​យើង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​ដោយសេច​ក្ដីស្រឡាញ់ និង​ ការ​គោរព នោះ​យើង​នឹង​ជៀស​ផុត​ពី​ការ​សោកស្ដាយ​បែប​នេះ​បាន ។

សេចក្ដីស្រឡាញ់​ ត្រូវ​បាន​បង្ហាញ​តាម​វិធី​ជាច្រើន​ដែល​ស្គាល់ដូចជា​ ៖ ការ​ញញឹម ការ​គ្រវី​ដៃ ការ​និយាយ​ល្អ និង​ការ​សរសើរ ។ ការ​បង្ហាញ​ផ្សេង​ទៀត​រឹតតែ​ឈ្លាសវៃ​ទៅ​ទៀត ដូចជា ការ​ចាប់​អារម្មណ៍​ពី​សកម្មភាព​របស់​មនុស្ស​ម្នាក់​ទៀត ការ​បង្រៀន​គោលការណ៍​មួយ​ដោយ​សប្បុរស ហើយ​អត់ធ្មត់ ការ​សួរ​សុខទុក្ខ​មនុស្ស​ម្នាក់​ដែល​ឈឺ ឬ ចាស់​ជរា ។ សម្ដី និង ទង្វើ​ទាំងនេះ និង អ្វី​ផ្សេង​ទៀត​ជាច្រើន អាច​នាំ​ទៅរកសេច​ក្ដីស្រឡាញ់​បាន ។

ឌែល ខានេជី ជា​អ្នក​និពន្ធ និង សាស្ត្រាចារ្យ​អាមេរិក​ដ៏​ល្បី​ឈ្មោះ​ម្នាក់ បាន​ជឿ​ថា មនុស្ស​ម្នាក់ៗ​មាន​នៅ​ក្នុង​ខ្លួន​ពួកគេ​នូវ « ​អំណាច​ដើម្បី​បង្កើន​​សុភមង្គល​ក្នុង​ចំនួន​ដ៏​ធំ [ ក្នុង ] ​ពិភពលោក​នេះ​បាន … គាត់​បាន​ថ្លែង​ថា « ដោយ​ផ្ដល់​ពាក្យ​អរគុណ​ដោយ​ចិត្ត​ស្មោះ​ទៅ​មនុស្ស​ម្នាក់​ដែល​ឯកោ ឬ​បាក់​ទឹក​ចិត្ត ។ ថ្ងៃ​ស្អែក​ « អ្នកប្រហែល​ជា​ភ្លេច​នូវ​ពាក្យ​ល្អ ​ដែល​អ្នក​និយាយ​នៅ​ថ្ងៃ​នេះ តែ​អ្នក​ដែល​ឮ​អ្នក គេ​អាច​នឹង​ឲ្យ​តម្លៃ​វា​ពេញ​មួយ​ជីវិត​ពួកគេ » ។12

ឥឡូវ​ ចាប់ពី​ថ្ងៃ​នេះ​ទៅ សូម​ឲ្យ​យើង​ចាប់ផ្ដើម​បង្ហាញ​សេចក្ដីស្រឡាញ់​ដល់​កូនចៅ​ព្រះ​គ្រប់រូប ទោះ​ជា​ពួកគេ​ជា​សមាជិក​គ្រួសារ​យើង មិត្ត​ភក្ដិ​យើង ជា​អ្នក​ទើប​ស្គាល់គ្នា ឬ​ជា​មនុស្ស​មិន​ដែល​ស្គាល់​ក្ដី ។ កាល​យើង​ក្រោក​ឡើង​រាល់​ព្រឹក ចូរ​យើង​តាំង​ចិត្ត ​ដើម្បី​ឆ្លើយ​តប​ដោយ​សេចក្ដីស្រឡាញ់ និង ចិត្ត​សប្បុរស​ ចំពោះ​អ្វី​ក៏​ដោយ​ដែល​យើង​នឹង​ជួប ។

បងប្អូន​ប្រុស​ស្រី សេចក្ដីស្រឡាញ់​នៃ​ព្រះ​ចំពោះ​យើង​ គឺមាន​​ហួស​ពី​ការ​យល់ដឹង​របស់​យើង​ទៅ​ទៀត ។ ដោយសារ​សេចក្ដីស្រឡាញ់​នេះ ទ្រង់​បាន​បញ្ជូន​ព្រះរាជ​បុត្រា​ទ្រង់ ជា​អង្គ​ដែល​ស្រឡាញ់​យើង ​ឲ្យ​បូជា​ព្រះ​ជន្ម​ទ្រង់​សម្រាប់​យើង ដើម្បី​យើង​អាច​មាន​ជីវិត​អស់​កល្ប ។ កាល​យើង​យល់​ពី​អំណោយ​ដ៏​គ្មាន​អ្វី​ប្រៀប​ផ្ទឹម​បាន​នេះ នោះ​ចិត្ត​យើង​នឹង​ពេញ​ដោយ​ក្ដី​ស្រឡាញ់​ចំពោះ​ព្រះវរបិតា​យើង ចំពោះ​ព្រះសង្គ្រោះ និង មនុស្ស​លោក ។ ខ្ញុំ​សូម​អធិស្ឋាន​អស់​ពី​ចិត្ត សុំ​ឲ្យ​រឿង​នេះ​បាន​កើត​ឡើង ក្នុង​ព្រះ​នាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

បង្ហាញ​សេចក្ដី​យោង

  1.  

    1. ម៉ាថាយ 22:36–39 ។

  2.  

    2. ម៉ាកុស 12:31 ។

  3.  

    3. យ៉ូហាន​ទី 1 4:21 ។

  4.  

    4. លូកា 23:34 ។

  5.  

    5. អ្នក​និពន្ធ​មិន​ស្គាល់​ឈ្មោះ ក្នុង​ Richard L. Evans «The Quality of Kindness» ImprovementEra ខែ ឧសភា ឆ្នាំ 1960 ទំព័រ 340 ។

  6.  

    6. Teachings of Spencer W. Kimball និពន្ធ​ដោយ Edward L. Kimball ( ឆ្នាំ 1982 ) ទំព័រ 483 ។

  7.  

    7. សូមមើល « Injured Boy Flown to Safety » Daily Sitka Sentinel ( Alaska) ថ្ងៃទី 22 ខែ​តុលា ឆ្នាំ 1981 ។

  8.  

    8. មរ៉ូណៃ 7:47 ។

  9.  

    9. ហ្គរដុន ប៊ី ហ៊ិងគ្លី «Let Love Be the Lodestar of Your Life» Ensign ខែ ឧសភា ឆ្នាំ 1989 ទំព័រ 67 ។

  10.  

    10. សូម​មើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា 121:43 ។

  11.  

    11. « ​Maud Muller » នៅក្នុង The Complete Poetical Works of Whittier ( ឆ្នាំ 1876 ) ទំព័រ 206 គូស​បញ្ជាក់បន្ថែម ។

  12.  

    12. Dale Carnegie, នៅក្នុង, ឧទាហរណ៍, Larry Chang, Wisdom for the Soul ( ឆ្នាំ 2006), 54