ភាព​ជា​បងស្រី៖ ឱ! យើង​ត្រូវ​ការ​គ្នា​ណាស់


បូនី អិល. អូស្ការ​សុន
ចូរ​យើងទាំងអស់គ្នា​ឈោង​ទៅ​ជួយ​គ្នា​ទៅវិញទៅមក ឆ្លង​កាត់​នូវ​គ្រា​នៃ​ការផ្លាស់ប្ដូរ និងសំខាន់​ក្នុង​ជីវិត​រស់នៅ​របស់យើង។​

នៅក្នុង​វីដេអូ​នោះ យើង​បាន​ឃើញ​ប្រទេស​ចំនួន​ប្រាំបី និង​បាន​ស្ដាប់​ឮ​ប្រាំ​បួន​ភាសា​ផ្សេងៗ​គ្នា ។ ចូរ​នឹកស្រម៉ៃ​អំពី​របៀប​ដែល​ភាសា​ជាច្រើន​នោះ ត្រូវ​បាន​បន្ថែម​នៅ​វគ្គ​ចុង​ក្រោយ ។ វា​រីករាយណាស់ ដើម្បី​ដឹង​ថា ក្នុង​នាម​ជា​បងប្អូន​ស្រី​នៅទូទាំងពិភពលោក យើង​អាច​បន្លឺ​សំឡេង​យើង នៅក្នុង​ទីបន្ទាល់​អំពី​ភាពពិត​ដ៏អស់កល្ប ដែល​ថា​ យើង​គឺ​ជា​បុត្រី​របស់ព្រះវរបិតាសួគ៌​ជា​ទីស្រឡាញ់ ។

នេះ​ជា​ឱកាស​ដ៏​អស្ចារ្យ​មួយ ដើម្បី​នៅ​ទីនេះ ក្នុង​ឱកាសជា​ប្រវត្តិសាស្ត្រ ហើយ​ថ្លែង​ទៅ​កាន់​ស្ត្រី​ទាំងអស់​នៃ​សាសនាចក្រ ចាប់ពី​អាយុ ប្រាំបី​ឆ្នាំ​ឡើងទៅ ។ នេះ​ជា​កម្លាំង​ដ៏​រឹងមាំ នៅក្នុង​ការរួបរួមគ្នារបស់​យើង​នា​ល្ងាច​នេះ ។ ពេល​ខ្ញុំ​មើល​យើង​ទាំងអស់​គ្នា​ជួបជុំ​គ្នា​ក្នុង​មជ្ឈមណ្ឌល​សន្និសីទ​នេះ ហើយសញ្ជឹង​គិត​អំពី​មនុស្ស​រាប់ពាន់​នាក់ដទៃទៀត ដែល​កំពុង​មើល​ការ​ចាក់​ផ្សាយ​នេះ​ពី​គ្រប់​កន្លែង​លើ​ពិភពលោក ដែលជាអំណាច​រួមគ្នា​នៃ​ទីបន្ទាល់ និង​សេចក្ដីជំនឿ​របស់​យើង​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ពិត​ជា​បង្កើត​បាន​ជា​ការ​ប្រជុំ​ស្ត្រី​ដ៏មាន​អំណាច និង​ពោរពេញ​ដោយ​ក្ដី​ជំនឿ​បំផុត​មួយ ក្នុង​ប្រវត្តិសាស្ត្រ​សាសនាចក្រ ហើយ​ប្រហែលជា​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​ផងដែរ ។

យប់​នេះ យើង​រីករាយ​ក្នុង​តំណែង​ផ្សេងៗ​គ្នា​ជាច្រើន​របស់​យើង ក្នុង​នាម​ជា​ស្ត្រី​ក្នុង​សាសនាចក្រ ។ យើង​មានភាព​ខុសគ្នា និង​ដាច់ដោយឡែក​តាម​របៀប​ផ្សេងៗ យើង​ក៏​ទទួលស្គាល់ថា យើង​គឺ​ជា​បុត្រី​នៃ​ព្រះវរបិតា​តែ​មួយ​ដែលបង្កើត​យើងឲ្យក្លាយ​ជា​បងប្អូន​ស្រី​នឹង​គ្នា ។ យើង​រួបរួម​គ្នា​ក្នុង​ការ​ស្ថាបនា​នគរ​ព្រះ និង​នៅក្នុង​សេចក្ដីសញ្ញា ដែល​យើង​បាន​ធ្វើ មិន​ថា​ស្ថានភាព​យើង​យ៉ាង​ណា​នោះ​ទេ ។ ការ​ប្រជុំ​រួម​គ្នា​នេះ គឺ​ជា​ភាព​ជា​បងប្អូន​ស្រី​ដ៏​រុងរឿង​បំផុត​នៅ​លើ​ផ្ទៃ​ផែនដី ដោយ​គ្មាន​សង្ស័យឡើយ !1

ជា​បងប្អូន​ស្រី បង្ហាញ​ថា មាន​ចំណង​ដែល​ពុំ​អាច​ផ្ដាច់​បាន​រវាង​យើងទាំងអស់គ្នា ។ បងប្អូន​ស្រី​ទាំងឡាយ ចូរ​មើល​ថែ​គ្នា​ទៅវិញ​ទៅមក ថែទាំ​គ្នា​ទៅវិញទៅមក លួងលោមគ្នា ហើយ​ជួយគ្នា​ទាំង​ក្នុង​គ្រា​លំបាក និង​គ្រា​សប្បាយ ។ ព្រះអម្ចាស់​មាន​បន្ទូលថា « យើង​មាន​បន្ទូល​មក​កាន់​អ្នកថា ចូរ​រួមគ្នា​តែ​មួយ ហើយ​បើ​សិន​ជា​អ្នក​រាល់គ្នា​មិន​រួម​គ្នា​តែ​មួយ​ទេ ឈ្មោះ​ថា អ្នករាល់គ្នា​ពុំ​មែន​ជា​របស់​ផង​យើង​ឡើយ » ។ 2

មារសត្រូវ នឹង​ឲ្យ​យើង​រិះគន់ ឬ​វិនិច្ឆ័យគ្នា​ទៅវិញទៅមក ។ វា​ចង់​ឲ្យ​យើង​គិត​ផ្ដោត​លើ​ភាព​ខុសគ្នា​របស់យើង ហើយ​ប្រៀបធៀប​ខ្លួន​យើង​នឹង​អ្នកដទៃ ។ អ្នក​ប្រហែល​ជា​ចូលចិត្ត​ហាត់​ប្រាណ​ខ្លាំងៗ​រយៈពេល​មួយ​ម៉ោង​រាល់​ថ្ងៃ ពីព្រោះ​វា​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ស្រស់ថ្លា តែ​​ខ្ញុំបែរ​ជា​​គិត​ថា ​វា​គឺ​ជា​ការ​សម្រេច​ដ៏​ធំមួយ​ទៅ​វិញ បើ​ខ្ញុំគ្រាន់តែ​​ដើរ​ឡើង​កាំជណ្ដើរ​ជំនួស​ឲ្យ​ការ​ជិះ​ជណ្ដើរ​យន្ត​នោះ ។ យើង​នៅតែ​ជា​មិត្ត មែន​ទេ ?

យើង​ជា​ស្ត្រី អាច​នឹង​​រិះគន់​ខ្លួន​ឯង​វិញ ។ ពេល​យើង​ប្រៀបធៀប​ខ្លួន​យើង​ទៅ​នឹង​អ្នកដទៃ នោះ​យើង​នឹង​តែងតែ​មាន​អារម្មណ៍ថា ​មិន​ល្អគ្រប់​គ្រាន់ ឬ​តូច​ចិត្ត​នឹង​អ្នកដទៃ ។ បងស្រី ផាទ្រីស្សា ធី ហូឡិន បាន​មានប្រសាសន៍​ថា « ចំនុចសំខាន់គឺ​ថា តាមធម្មតា យើង​ពុំ​អាច​ហៅ​ខ្លួនយើង​ជា​គ្រីស្ទាន​ ហើយ​បន្ដ​វិនិច្ឆ័យ​អ្នកដទៃ-- ឬ​ខ្លួន​យើង​--យ៉ាង​ខ្លាំង​នោះទេ » ។ 3 រួច​គាត់​បន្ដ​ថ្លែង​​ថា គ្មាន​អ្វី​ដែល​សំខាន់ខ្លាំង​​ចំពោះ​យើង ដែល​យើង​ត្រូវ​បោះបង់​ចោល​ចិត្តមេត្តា និង​ភាព​ជា​បងប្អូន​ស្រី​របស់យើង​ទេ ។ យើង​គ្រាន់​តែ​ត្រូវ​ការការ​​សម្រាក ហើយ​​រីករាយ​នៅក្នុង​ភាព​ខុសគ្នា​ដ៏​ទេវភាព​របស់យើង ។ យើង​ចាំបាច់​ត្រូវ​ដឹង​ថា យើង​ទាំងអស់​គ្នា មាន​បំណង​បម្រើ​នៅក្នុង​នគរ ដោយ​ប្រើ​ទេពកោសល្យ​ និង​អំណោយទាន​ពិសេសរបស់​យើង តាម​​របៀប​យើង​ផ្ទាល់​ ។​ នោះ​យើង​អាច​រីករាយ​នឹង​ភាព​ជា​បងប្អូន​ស្រី​ និង​ទំនាក់ទំនង​យើង ហើយ​ចាប់​ផ្ដើម​បម្រើ ។

ភាព​ពិត​គឺ​ថា យើង​ពិតជា ត្រូវ​ការ​គ្នា​ខ្លាំង​ណាស់ ។ តាម​ធម្មជាតិ​ស្ត្រី យើង​ស្វែងរក​មិត្តភាព ការគាំទ្រ និងភាព​ជា​ដៃគូ ។ យើង​មាន​អ្វី​ច្រើនណាស់​​ត្រូវ​រៀន​ពី​គ្នា ហើយ​ជាញឹកញាប់ យើង​ទុក​ឲ្យ​របាំង​ផ្ទាល់​ខ្លួន រារាំង​យើង​មិន​ឲ្យ​រីករាយ​នឹង​ទំនាក់ទំនង​នានា ដែល​អាច​មាន​នៅក្នុង​ចំណោម​ពរជ័យ​ដ៏​មហិមា​បំផុត​ក្នុង​ជីវិត​យើង ។ ឧទាហរណ៍ យើង​ ដែល​ជា​ស្ត្រី​វ័យចំណាស់បន្ដិច ត្រូវ​ការ​​នូវ​អ្វី ដែល​កុមារី​ទាំងឡាយ ត្រូវ​ផ្ដល់​ឲ្យ ។ យើង​អាច​រៀន​ច្រើន​ពី​អ្នក កុមារី​នានា អំពី​ការ​បម្រើ និង​ក្ដី​ស្រឡាញ់​ដូច​ព្រះគ្រីស្ទ ។

ថ្មីៗ​នេះ ខ្ញុំបាន​ស្ដាប់ឮ​រឿង​ដ៏​អស្ចារ្យមួយ អំពី​កុមារីតូច​​ម្នាក់ ឈ្មោះ សារ៉ា ដែល​ម្ដាយរបស់ សារ៉ា មាន​ឱកាស​ជួយ​ដល់​ស្ត្រី​ផ្សេង​ទៀត​ក្នុង​វួដ​នាង ឈ្មោះ ប្រេនដា ដែល​មានជម្ងឺ​ស្លាប់មួយចំហៀង​ខ្លួន ។​ សារ៉ា ចូលចិត្ត​ទៅ​ជាមួយ​ម្ដាយ​នាង ​ដើម្បីជួយ ប្រេនដា ។ នាង​នឹង​ដាក់​ឡេ​នៅលើ​ដៃ​របស់ ប្រេនដា ហើយ​ច្របាច់​ម្រាម​ដៃ និ​ងដៃ​របស់គាត់ ដោយ​សារ​គាត់​ឈឺ​ដៃជា​ញឹកញាប់ ។ បន្ទាប់មក គាត់​បាន​លាត​ដៃ​របស់​ ប្រេនដា ថ្មមៗ​លើក​ទៅលើ​ក្បាល ដើម្បីធ្វើ​លំហាត់​សាច់ដុំ ។ សារ៉ា បាន​កក់សក់​ឲ្យ ប្រេនដា ហើយ​នៅ​លេង​ជាមួយគាត់ ខណៈដែល​ម្ដាយ​នាង​មើល​ថែ​តម្រូវ​ការ​ផ្សេងៗ​ទៀត ។ សារ៉ា បាន​រៀន​អំពី​សារៈសំខាន់ និង​ក្ដី​អំណរ​នៃ​ការ​បម្រើ​មនុស្ស​ម្នាក់ទៀត ហើយ​បាន​យល់​ថា ទោះ​ជា​កុមារ​ម្នាក់ ក៏​អាច​ធ្វើ​ឲ្យ​មាន​ភាព​ខុស​ប្លែក​គ្នា​ដ៏ធំ នៅ​ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់បាន​ដែរ ។

ខ្ញុំ​ចូលចិត្ត​គំរូ​ដែល​យើង​មាន​នៅក្នុង​ជំពូក​ទីមួយ​នៃគម្ពីរ​លូកា ដែល​ពិពណ៌នា​អំពី​ទំនាក់​ទំនង​ផ្អែម​ល្ហែម រវាង ម៉ារា ជា​ម្ដាយ​របស់​ព្រះយេស៊ូវ និង​បងប្អូនជីដូន​មួយ​របស់​នាង អេលីសាប៊ែត ។ ម៉ារា គឺ​ជា​ស្ត្រី​វ័យ​ក្មេង​ម្នាក់ ពេល​នាង​ត្រូវ​បានប្រាប់​ដំណឹង​អំពី​បេសកកម្ម​ដ៏អស្ចារ្យ​របស់នាង ឲ្យ​ធ្វើ​ជា​មាតា​របស់ព្រះរាជបុត្រា​នៃ​ព្រះ ។ ដំបូង​ឡើយ វា​មើល​ទៅ​ជា​ការទទួលខុសត្រូវ​ដ៏​ធ្ងន់​មួយ ដើម្បី​ធ្វើ​តែម្នាក់ឯង ។ គឺ​ព្រះអម្ចាស់​ផ្ទាល់ ដែល​បាន​ផ្ដល់​មនុស្ស​ម្នាក់​ទៀត ដើម្បី​ជួយ​រែក​បន្ទុក​របស់​នាង​ម៉ារា ។ តាមរយៈ​សារមកពី​ទេវតា កាព្រីយ៉ែល នោះ​ម៉ារា ​បានទទួល​​ឈ្មោះ​​​ស្ត្រី​ដ៏ជាទីទុកចិត្ត និង​ចេះ​យល់ចិត្តម្នាក់​ ដែល​នាង​អាច​ទៅ​រក​ជំនួយ គឺ​បងប្អូនជីដូនមួយគាត់ ឈ្មោះ​ អេលីសាប៊ែត ។

ស្រី​ក្រមុំវ័យ​ក្មេង​នេះ និង​បងប្អូន​ជីដូន​មួយ​របស់នាង ដែលជា « ប្ដី​ប្រពន្ធ​ដ៏​ចាស់​ណាស់​ផង » 4 បាន​ចែកចាយ​នូវ​ចំណង​ដូចគ្នា​មួយ ​នៅ​ក្នុង​ពេល​មាន​គត៌​ដ៏​អព្ភូតហេតុ​របស់ពួកគេ ហើយ​ខ្ញុំ​​អាច​គិត​ពី​សារៈសំខាន់​ដែល​ពួកគេ​មាន​ជាមួយគ្នា​រយៈពេល​បី​ខែ ដើម្បី​ពួកគេ​អាច​និយាយជាមួយគ្នា​ យល់ចិត្ត​គ្នា ​ហើយ​គាំទ្រ​គ្នា​ក្នុង​ការហៅ​ដ៏ពិសេស​របស់ពួកគេនោះ ។​ ពួកគេ​ជា​គំរូ​ដ៏​ល្អ​មួយ អំពី​​​ស្ត្រីនៃ​ជំនាន់ផ្សេង​គ្នា ចេះ​មើលថែ​បីបាច់​គ្នាទៅវិញទៅមក​ ។

អ្នកទាំងឡាយ​ដែលមាន​វ័យ​​ចាស់ទុំ​ជាង អាច​មានឥទ្ធិពល​ដ៏​ខ្លាំង​លើក្មេងជំនាន់​ក្រោយ ។ នៅពេល​ម្ដាយ​របស់ខ្ញុំ​នៅក្មេង​ ឪពុកម្ដាយ​​របស់គាត់ ពុំ​សកម្ម​ក្នុង​សាសនាចក្រ​ទេ ។ ទោះ​ជា​គាត់​មាន​អាយុ​ទើប​តែ​ប្រាំ​ឆ្នាំ​ក្ដី ក៏​គាត់​​ដើរ​តែឯង​ទៅ​ព្រះវិហារ ​ចូលរួម​​ការ​ប្រជុំ​របស់គាត់-- ក្នុង​ថ្នាក់​កុមារ ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ និង​ការ​ប្រជុំ​សាក្រាម៉ង់-- ទាំងអស់​ក្នុង​ពេល​ផ្សេងៗគ្នាដែរ ។

ថ្មីៗ​នេះ ខ្ញុំ​បាន​សួរ​ម្ដាយ​ខ្ញុំ​ថា ហេតុអ្វីក៏​គាត់​អាច​ធ្វើ​កិច្ចការ​ទាំងអស់​នោះ​បាន​រាប់សប្ដាហ៍ ដោយ​គាត់​គ្មាន​ការ​គាំទ្រ ឬ​ការ​លើក​ទឹកចិត្ត​​ពីគ្រួសារ​ដូច្នេះ ។ ចម្លើយ​របស់គាត់​គឺ​ថា « ម៉ាក់ មាន​គ្រូ​បង្រៀន​ថ្នាក់កុមារ ដែល​ស្រឡាញ់​ម៉ាក់ » ។ គ្រូ​បង្រៀន​ទាំង​នេះ មើល​ថែ​គាត់ ហើយ​បង្រៀន​ដំណឹងល្អ​ដល់គាត់ ។ ពួកគេ​បាន​បង្រៀន​គាត់​ថា គាត់​មាន​ព្រះបិតាសួគ៌​មួយអង្គ ដែល​ស្រឡាញ់​គាត់ ហើយ​បារម្ភ​អំពីគាត់ ទ្រង់​ចង់ឲ្យ​គាត់បន្ដ​មក​ព្រះវិហារ​រាល់​​សប្ដាហ៍ ។ ម្ដាយ​ខ្ញុំ​បាន​និយាយមក​ខ្ញុំ​ថា « នោះ​គឺ​ជា​ឥទ្ធិពល​ដ៏​សំខាន់​បំផុត​មួយ ក្នុង​ជីវិត​កាលពីកុមារភាព​របស់ម្ដាយ » ។ ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​អាច​អរគុណ​បងប្អូនស្រី​ដ៏​ល្អទាំង​នោះ​នា​ថ្ងៃ​មួយ ! វ័យ​ពុំ​សំខាន់​ទេ ខណៈដែលយើង​ធ្វើការ​បម្រើ​ដូច​ព្រះគ្រីស្ទ​នោះ ។

ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ ខ្ញុំ​បាន​ជួប​នឹង​ប្រធាន​យុវនារី​ស្ដេក​ម្នាក់ ក្នុង​រដ្ឋ​កាលីហ្វូញ៉ា ដែល​បាន​ប្រាប់ខ្ញុំ​ថា ថ្មីៗនេះ ម្ដាយ​គាត់​ដែលមាន​វ័យ 81 ឆ្នាំ ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​ជា​អ្នក​ផ្ដល់​ដំបូន្មាន​ថ្នាក់ម៉ៃម៉េត ។ ខ្ញុំ​បារម្ភ ដូច្នេះ​ខ្ញុំ​ក៏​បាន​ទូរស័ព្ទ​ទៅ​ម្ដាយ​នាង ។ ពេល​ប៊ីស្សព​របស់​បងស្រី វេល បេកឃើរ បាន​សុំជួប​នឹង​គាត់ គាត់​ទន្ទឹង​ថា នឹង​ត្រូវ​បាន​ហៅ​ជា​បណ្ណារក្ស ឬ​អ្នក​កាន់ពង្ស​ប្រវត្តិប្រចាំ​វួដ ។ នៅពេល​ប៊ីស្សព បានសុំ​ឲ្យ​គាត់​បម្រើ​ជា​អ្នក​ផ្ដល់​ដំបូន្មាន​ថ្នាក់​ម៉ៃម៉េត ក្នុង​អង្គការ​យុវនារី នោះ​គាត់ប្រតិកម្ម​ថា « លោក​ច្បាស់​ឬ​អត់ ?»

ប៊ីស្សព​របស់គាត់ បាន​ឆ្លើយ​តប​ដោយ​មុត​មាំ​ថា « បងស្រី បេកឃើរ វា​ពុំ​ខុស​ទេ ការ​ហៅ​នេះ​គឺ​មក​ពី​ព្រះអម្ចាស់ »​ ។

គាត់​បាន​ថ្លែង​ថា គាត់​គ្មាន​ចម្លើយ​អ្វី ក្រៅពី​ថា « ប្រាកដ​ណាស់ » ប៉ុណ្ណោះ ។

ខ្ញុំ​ចូលចិត្ត​ការ​បំផុសគំនិត​ដែល​ប៊ីស្សព​រូបនេះ​មាន ថា​ម៉ៃម៉េត​បួនរូប​នៅក្នុង​វួដ​លោក ត្រូវ​រៀន​ច្រើន​ពី​ប្រាជ្ញា បទពិសោធន៍ និង​គំរូ​ពេញមួយជីវិត​របស់​ស្ត្រី​ចាស់ទុំ​រូប​នេះ ។​ ហើយ​ស្មាន​ទៅ​មើល ថា​បងស្រី បេកឃើរ នឹង​ទៅ​រក​នរណា ពេល​គាត់ត្រូវការ​ជំនួយ​បង្កើត​​ទំព័រ Facebook របស់គាត់នោះ ?

ខ្ញុំ​គិតអំពី​ជំនួយ​ដ៏អស្ចារ្យ ដែល​បងប្អូនស្ត្រី​សមាគមសង្គ្រោះ អាច​មាន នៅក្នុងការ​ស្វាគមន៍​យុវនារី​ដែល​ទើប​តែចេញ​ពី​​ថ្នាក់​យុវនារី​ថ្មីៗ​នេះ ។ បងប្អូនស្ត្រី​វ័យក្មេង​របស់យើង ជាញឹកញាប់​មាន​អារម្មណ៍​ហាក់ដូចជា ពួកគេ​ពុំ​មាន​កន្លែងណា ឬ​អ្វីមួយ​ ដូចគ្នា​នឹង​ស្ត្រី​ទាំងឡាយ​ក្នុង​សមាគមសង្គ្រោះ​សោះ ។ មុនពេលពួកគេ​ចូល​ដល់​អាយុ 18 ឆ្នាំ នោះ​ពួកគេ​ត្រូវការ​អ្នកដឹកនាំ​យុវនារី និង​ម្ដាយៗ ដែល​នឹង​ថ្លែង​ទីបន្ទាល់​អំពីពរជ័យ​ដ៏មហិមា​នៃ​​សមាគម​សង្គ្រោះ ។ ពួកគេ​ចាំបាច់​ត្រូវ​ដឹង​អំពី​ភាព​រំភើប​រីករាយ​ក្នុងការ​ចូលរួម​ចំណែក​ក្នុង​អង្គការ​ដ៏​រុងរឿង​មួយដូច្នេះ ។ នៅពេល​យុវនារី ចាប់​ផ្ដើម​ចូលរួម​ក្នុង​សមាគមសង្គ្រោះ អ្វី​ដែល​ពួកគេ​ត្រូវការ​បំផុត​ គឺ​មិត្តម្នាក់ អង្គុយ​នៅជិត កៀក​ស្មា​ពួកគេ ហើយ​នឹង​ឱកាស​ដើម្បី​បង្រៀន និង​បម្រើ ។ ចូរ​យើងទាំងអស់គ្នា​ឈោង​ទៅ​ជួយ​គ្នា​ទៅវិញទៅមក ឆ្លង​កាត់​នូវ​គ្រា​នៃ​ការផ្លាស់ប្ដូរ និងសំខាន់​ក្នុង​ជីវិត​រស់នៅ​របស់យើង ។​

អរគុណ​ដល់​ស្ត្រី​​នៃ​សាសនាចក្រ​ទាំងអស់ ដែលកំពុង​តែ​ឈោង​ទៅជួយ​ដល់​មនុស្ស​គ្រប់វ័យ និង​វប្បធម៌ ដើម្បី​ប្រទានពរ និង​បម្រើ​ដល់​អ្នកដទៃ ។ យុវនារី​កំពុង​បម្រើ​កុមារ​ថ្នាក់បឋមសិក្សា និង​រៀមច្បងចាស់ៗ ។ បងប្អូន​ស្ត្រី​នៅលីវ​គ្រប់​វ័យ ចំណាយពេល​រាប់​មិន​អស់ មើល​ថែ​តម្រូវការ​របស់អ្នក​ដែលនៅ​ជុំវិញ​ពួកគេ ។ យើង​ទទួល​ស្គាល់​យុវនារី​រាប់ពាន់នាក់ ដែល​បាន​លះបង់​ពេល​វេលា 18 ខែ​របស់ពួកគេ ដើម្បី​ចែកចាយ​ដំណឹងល្អ​ដល់​ពិភពលោក ។ ដូច​ជាអ្វី​ដែល​​ទំនុកដំកើង​ជាទីស្រឡាញ់​យើងប្រាប់ អ្វីៗ​ទាំងអស់នេះ បង្ហាញ​ជាភស្ដុតា​ថា « កិច្ច​ការ​នៃ​ពួកទេវតា ត្រូវ​បាន​ប្រគល់​ដល់​ស្ត្រី​ទាំងឡាយ » ។ 5

បើ​មានឧបសគ្គ ​ដោយ​សារ​តែ​យើង​ខ្លួន​ឯង​ជា​អ្នក​បង្កើត​ឡើង​វា ។ យើង​ត្រូវ​តែ​ឈប់​គិត​ទៅលើ​ភាព​ខុស​គ្នា​របស់យើង ហើយ​ទន្ទឹង​ចាំ​អ្វី​ដែល​យើង​មាន​ដូចគ្នា រួច​ហើយ​យើង​អាច​ចាប់​ផ្ដើម​ដឹង​អំពី​សក្កានុពល​ដ៏ធំបំផុត ហើយ​សម្រេច​សេចក្ដីល្អ​ដ៏​មហិមា​បំផុត​ក្នុងពិភពលោក​នេះ ។ បងស្រី ម៉ាជូរី  ភី. ហ៊ីងគ្លី ធ្លាប់មានប្រសាសន៍​ថា « អូ៎! យើង​ត្រូវ​ការ​គ្នា​ណាស់ ! ។ យើង​ដែលមានវ័យ​ចំណាស់ ត្រូវការ​អ្នក​ដែល​នៅក្មេង ។ ហើយ​សង្ឃឹម​ថា អ្នក​ដែល​នៅ​ក្មេង ត្រូវ​ការ​ចាស់ៗ ដូច​ជា​យើង​មួយចំនួន​ដែរ ។ វា​គឺ​ជា​កត្តា​សង្គមមួយ ដែល​ស្ត្រី​ ត្រូវការ​ស្ត្រី ។ យើង​ត្រូវការមាន​មិត្តភាពជ្រៅជ្រះ ​ដោយ​ស្មោះ និង​ស្កប់ស្កល់​បំផុត » ។ 6 បងស្រី ហ៊ីងគ្លី មានប្រសាសន៍​ត្រូវណាស់ អូ៎! យើង​ត្រូវ​ការ​គ្នា​ណាស់ !

បងប្អូន​ស្ត្រី​ទាំងឡាយ គ្មាន​ក្រុម​ស្ត្រី​ណា​ទៀត​ក្នុង​ពិភពលោក​នេះ ដែល​អាច​ទទួលបានពរជ័យ​ដ៏​មហិមា ជាង​យើង ដែលជា​ស្ត្រី​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​នោះ​ទេ ។ យើង គឺ​ជា​សមាជិក​នៃ​សាសនាចក្រ​របស់ព្រះអម្ចាស់ មិន​ថា​ស្ថានភាព​ជាបុគ្គល​របស់​យើង​យ៉ាងណា​ទេ យើង​អាច​រីករាយ​ទាំងអស់​គ្នា​នូវ​ពរជ័យ​ពេញលេញ នៃ​អំណាច​បព្វជិតភាព តាមរយៈ​ការ​រក្សា​សេចក្ដីសញ្ញា ដែល​យើង​បាន​ធ្វើ​នៅ​ពិធីបុណ្យជ្រមុជទឹក និង​នៅក្នុង​ព្រះវិហារបរិសុទ្ធ ។ យើង​មាន​ព្យាការី​នៅរស់ ដើម្បី​ដឹកនាំ និង​បង្រៀន​យើង ហើយ​យើង​រីករាយ​នឹង​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ​ដ៏​មហិមា ដែល​បម្រើ​ជា​ការលួងលោកចិត្ត និង​ការណែនាំ​ក្នុង​ជីវិត​រស់នៅ​របស់យើង ។ យើង​មាន​ពរ​ដើម្បី​ធ្វើ​ការ​ពួត​ដៃគ្នា​ជាមួយ​នឹង​បងប្អូន​ប្រុស​សុចរិត នៅ​ពេល​យើង​ពង្រឹង​ដល់គេហដ្ឋាន និង​ក្រុមគ្រួសារ ។ យើង​អាច​ទទួលបាន​កម្លាំង និង​អំណាច​នៃ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ និង​អ្វីៗជាច្រើនទៀត ។

បន្ថែម​ពីលើ​ការ​រីករាយ​នឹង​ពរជ័យ​ដ៏​ចម្បង​ទាំងនេះ យើង​មានគ្នាទៅវិញទៅមក-- ជា​បងប្អូនស្រី​ក្នុង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ យើង​ទទួល​ពរ​ដោយ​លក្ខណៈទន់ភ្លន់ និង​សប្បុរស ដែល​អាច​ឲ្យ​យើង​ផ្ដល់​សេចក្ដីស្រឡាញ់​ដូច​ព្រះគ្រីស្ទ ហើយ​បម្រើ​ដល់​អ្នកទាំងឡាយ​នៅជុំវិញ​យើង ។ នៅពេល​យើង​មើល​ទៅ​ភាព​ខុសគ្នា​របស់​យើងនៅ​គ្រប់វ័យ វប្បធម៌ និង​ស្ថានភាព​ ដើម្បិ​ចិញ្ចឹមបីបាច់ និង​បម្រើ​គ្នាទៅវិញទៅមក នោះយើង​នឹង​បំពេញ​ដោយ​ក្ដី​ស្រឡាញ់​សុទ្ធសាធ​របស់ព្រះគ្រីស្ទ និង​ការ​បំផុសគំនិត​ ដែល​ដឹកនាំ​យើង​ឲ្យ​ដឹងពេល​ណា និង​ត្រូវ​បម្រើនរណា​ ។

ខ្ញុំ​សូម​អញ្ជើញ​អ្នក​ដូចការ​អញ្ជើញ​កាល​ពី​លើក​មុខ ដោយ​ប្រធាន​សមាគមសង្គ្រោះ​ទូទៅ ដែល​មានប្រសាសន៍​ថា « ខ្ញុំ​សូមអញ្ជើញ​អ្នក​រាល់គ្នា មិនត្រឹមតែ​ចេះ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក​ច្រើនប៉ុណ្ណោះ​ទេ ប៉ុន្តែ​ស្រឡាញ់​គ្នា​ឲ្យ​កាន់​តែ​ល្អប្រសើរជាងមុន » ។ 7 សូម​ឲ្យ​យើង​ដឹងថា​ តើ​យើង​ត្រូវ​ការ​គ្នា​ប៉ុណ្ណា ហើយ​សូម​ឲ្យ​យើង​ទាំងអស់គ្នា​ស្រឡាញ់​គ្នា​ទៅវិញទៅ​មក​កាន់​តែ​ប្រសើរឡើង នេះ​ជា​ការអធិស្ឋាន​របស់ខ្ញុំ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

បង្ហាញ​សេចក្ដី​យោង

  1.  

    1. សូមមើល បាបារ៉ា ប៊ី. ស្ម៊ីធ, « The Bonds of Sisterhood, » Ensign, ខែ​មិនា ឆ្នាំ 1983, 20–23 ។

  2.  

    2. គោលលទ្ធិ និង​សេចក្ដី​សញ្ញា 38:27 ។

  3.  

    3. ផាទ្រីស្សា ធី. ហូឡែន «‘One Thing Needful’: Becoming Women of Greater Faith in Christ,» Ensign, ខែ​តុលា ឆ្នាំ 1987, 29 ។

  4.  

    4. លូកា 1:7 ។

  5.  

    5. « As Sisters in Zion » Hymns, no. 309 ។

  6.  

    6. Glimpses into the Life and Heart of Marjorie Pay Hinckley, ed. Virginia H. Pearce ( ឆ្នាំ 1999), 254–55 ។

  7.  

    7. បូនី ឌី. ភើរគិន « Choosing Charity: That Good Part, »Ensign Liahona, ខែ​វិច្ឆិកា ឆ្នាំ 2003, 106 ។