ខ្យល់គួច​ខាង​វិញ្ញាណ


នែល អិល អាន់ឌើរសិន
ចូរកុំ​ឲ្យ​ខ្យល់គួច​នោះ អូសទាញ​អ្នក​បានឡើយ។ នេះ​ជា​ជំនាន់អ្នក---ដើម្បី​ឈរ​យ៉ាង​រឹងមាំ​ក្នុង​នាម​ជា​សិស្សនៃ​ព្រះយេស៊ូវគ្រីស្ទ។

ខ្ញុំ​សូម​ស្វាគមន៍​អ្នក​នាព្រឹកនេះ---ជាពិសេស​ចំពោះ​យុវវ័យ​ទាំងនៅក្នុង​មជ្ឈមណ្ឌល​សន្និសីទនេះ និង​នៅជុំវិញពិភពលោក ។ អ្នក​រស់​នៅ​ក្នុង​ជំនាន់ជម្រើស​នៃ​ជោគវាសនា​ជាក់លាក់ ហើយ​ខ្ញុំ​និយាយ​ជាពិសេស​ទៅកាន់អ្នក ។

ជាច្រើន​ឆ្នាំ​កន្លង​ទៅ កាលយើង​បាន​ទៅ​សួរសុខទុក្ខ​​គ្រួសារ​យើង​នៅ​រដ្ឋផ្ល័ររីដា មាន​ព្យុះ​កំបុត​ត្បួង​មួយបោក​បក់​នៅ​ក្បែរ​កន្លែង​ដែល​យើង​ស្នាក់​នៅ ។ មានស្ត្រី​ម្នាក់​រស់នៅ​ក្នុង​ផ្ទះ​ចល័ត​មួយ​បាន​រត់​ទៅបន្ទប់ទឹក​គាត់​ដើម្បីមាន​សុវត្ថិភាព ។ ផ្ទះ​ចល័ត​នោះ​បាន​ចាប់ផ្ដើម​ញ័រ ។ លុះមួយ​សន្ទុះ​ក្រោយ​មក ។ ​គាត់បាន​ឮសំឡេង​អ្នក​ជិត​ខាង​គាត់ថា ៖ « ខ្ញុំនៅ​បន្ទប់ខាង​មុខនេះ » ។ កាល​ចេញពី​បន្ទប់​ទឹក​នោះ​មក គាត់​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដោយដឹង​​ថា ខ្យល់នោះ​បាន​គួច​យក​ផ្ទះ​ចល័ត​គាត់ទៅ​លើ​អាកាស​ ហើយ​បាន​ធ្វើ​ឲ្យ​វាមក​ទើរ​លើ​ដំបូល​ផ្ទះចល័ត​របស់​អ្នក​ជិតខាង​គាត់ ។

មិត្ត​វ័យ​ក្មេង​របស់ខ្ញុំ​អើយ ពិភពលោក​នេះនឹង​មិន​ក្លាយ​ជា​ទីស្ងប់ស្ងាត់​ឡើយ កាល​យើង​ខិតទៅ​កាន់តែជិត​នឹង​ការ​យាង​មក​ជាលើក​ទីពីរ​របស់​ព្រះអម្ចាស់ ។ ព្រះគម្ពីរ​ប្រកាស​ថា « គ្រប់ទាំងអស់​នឹង​នៅ​ក្នុង​ស្ថានភាព​ចលាចល »។1 ព្រិកហាំ យ៉ង់ បាន​ថ្លែង​ថា « វា​ត្រូវ​បាន​បើក​សម្ដែង​ដល់ខ្ញុំនៅ​គ្រា​ចាប់ផ្ដើម​សាសនាចក្រ​នេះ ថា​សាសានចក្រ​នេះ​ នឹង​រីកសាយ រុងរឿង រីកចម្រើន​ ហើយ​កាន់តែធំ រីឯអំណាច​របស់​សាតាំង ក៏​កើនឡើង​ក្នុង​កម្រិត​ដូចគ្នា ដែល​ដំណឹងល្អ​នឹង​រីកសាយ​នៅ​ក្នុង​ចំណោម​ប្រជាជាតិនៃ​ផែនដីនេះដែរ» ។2

កង្វល់ដែល​ធំជាង​ការ​រញ្ជួយ​ដី និង សង្គ្រាម3​​ដែល​បាន​ព្យាករណ៍​ទៅ​ទៀតនោះគឺ ខ្យល់​គួច​ខា​ងវិញ្ញាណ​ដែល​អាច​ផ្ដាច់​អ្នក​ចេញពី​គ្រឹះ​ខាង​វិញ្ញាណ​របស់អ្នក ហើយ​ដាក់​វិញ្ញាណ​អ្នក​នៅ​ទី​ដែល​អ្នកនឹង​នឹក​ស្មាន​មិន​ដល់ ពេល​ខ្លះ​​អ្នក​មិន​បានទាំង​​ដឹង​ខ្លួន​ថា អ្នក​ត្រូវបាន​ផ្ដាច់​ចេញ​ឡើយ ។

ខ្យល់គួច​ដ៏​អាក្រក់​នេះ​ គឺជា​ការ​ល្បួង​ពី​មារសត្រូវ ។ អំពើ​បាប​តែង​មាន​នៅ​ក្នុង​ពិភពលោកនេះ តែ​វា​ពុំ​ធ្លាប់មាន ហើយ​ងាយ ​នឹង​ទទួល​យក​ដូចសព្វថ្ងៃ​នេះ​ឡើយ ។ ពិតណាស់ មាន​កម្លាំង​ដ៏អស្ចារ្យ​មួយ​ ដែល​នឹង​ធ្វើ​ឲ្យ​ខ្យល់គួច​នៃ​អំពើបាបនេះ​ស្ងប់​បាន ។ វា​ហៅ​ថា ការ​ប្រែចិត្ត។

រាល់​ខ្យល់គួច​នៅ​ក្នុង​ជីវិត​នេះ​ មិនសុទ្ធតែ​កើត​​មក​ពី​ទង្វើ​អ្នក​ឡើយ ។ បាបខ្លះ​កើត​ឡើង​ ដោយសារការ​ជ្រើសរើស​ខុស​របស់​អ្នកដទៃ ហើយ​ខ្លះ​កើត​ឡើង​ដោយសារ​នេះ​ជា​ជីវិត​រមែង​ស្លាប់ ។

កាលពីក្មេង ប្រធាន ប៊យដ៍ ឃេ ផាកកឺ បានរងទុក្ខ​យ៉ាងខ្លាំង​ដោយ​មាន​ជំងឺខួរ​ឆ្អឹង​ខ្នង ។ កាល អែលឌើរ ដាល្លិន អេក អូក មាន​វ័យប្រាំពីរ​ឆ្នាំ ឪពុកលោក​បាន​ស្លាប់ភ្លាមៗ ។ ពេលស៊ិស្ទើរ ខារូល អេហ្វ ម៉ាកខនឃី ​ក្នុង​គណៈប្រធាន​យុវនារី​ទូទៅ មាន​វ័យ​ជំទង់ ឪពុកម្ដាយ​គាត់បាន​លែងលះគ្នា ។ ឧបសគ្គ​នឹង​កើត​មាន​ចំពោះអ្នក​ តែ​ពេលអ្នក​ទុកចិត្ត​លើ​ព្រះ វា​នឹង​ពង្រឹងសេចក្ដីជំនឿ​អ្នក ។

តាម​ធម្មជាតិ ដើម​ឈើ​ដែល​លូតលាស់​ក្នុងបរិដ្ឋានដែល​មាន​ខ្យល់​ខ្លាំង ​នឹង​មាន​ភាពរឹងមាំ ។ កាល​ខ្យល់​បក់ខ្លាំងជុំវិញ​ដើមឈើ​តូច​មួយ វា​ជម្រុញ​ឲ្យ​ផ្នែក​ខាង​ក្នុង​នៃដើម​ឈើ​នោះ​ធ្វើ​រឿង​ពីរ​យ៉ាង ។ ទីមួយ វាធ្វើ​ឲ្យ​ឫស​លូតលាស់​កាន់តែ​លឿន ហើយ​ចាក់កាន់តែជ្រៅ​ ។ ទីពីរ កម្លាំង​នៅ​ក្នុង​ដើម​ឈើ​នោះ​ ចាប់ផ្ដើម​បង្កើតទម្រង់​កោសិកាដែលធ្វើ​ឲ្យ​គល់ និង មែក​ឡើង​ក្រាស់ ហើយអាច​បត់បែន​ទៅ​តាម​សម្ពាធ​ខ្យល់​បាន ។ ឫស​ និង មែក​ដ៏រឹងមាំ​ទាំងនេះ​ ការពារ​ដើម​ឈើ​នោះពីខ្យល់​ដែល​នឹង​កើត​មាន​ម្ដងទៀត ។4

អ្នក​ពិត​ជាមានតម្លៃ​ចំពោះព្រះ​ លើស​ពី​ដើម​ឈើ​មួយ​ដើម​ទៅទៀត ។ អ្នក​ជា​បុត្រា និង​បុត្រី​នៃទ្រង់ ។ ទ្រង់បាន​ធ្វើ​ឲ្យ​វិញ្ញាណ​អ្នក​រឹងមាំ ហើយ​ធន់​ទៅ​នឹង​ខ្យល់​គួច​នៃ​ជីវិត​នេះ ។ ខ្យល់គួច​នៅ​ក្នុង​យុវវ័យ​របស់អ្នក ដែលប្រៀប​បាន​នឹង​ខ្យល់​បក់​បោក​ទៅលើ​ដើម​ឈើ​តូច​មួយ អាច​បង្កើន​កម្លាំង​ខាង​វិញ្ញាណ​អ្នក ដោយ​រៀបចំអ្នក​​សម្រាប់អនាគត ។

តើ​អ្នក​រៀបចំខ្លួន​សម្រាប់​ខ្យល់គួច​របស់​អ្នក​តាម​របៀប​ណា? « ចូរចងចាំ...ចុះថា គឺ​នៅលើ​សិលានៃព្រះ​ដ៏​ប្រោសលោះនៃយើង គឺព្រះគ្រីស្ទជា ព្រះរាជ​បុត្រានៃព្រះ ដែលកូនត្រូវសង់គ្រឹះរបស់កូន ដើម្បី​កាល​ណាអារក្សបញ្ចេញខ្យល់ដ៏​ខ្លាំងក្លារបស់វាមក … ព្រួញរបស់វានៅក្នុងខ្យល់គួច … កាលណាព្រិល និង ខ្យល់ព្យុះកំណាចទាំងអស់​របស់វា បោកបក់មកលើកូន នោះវា​នឹងគ្មានអំណាច... ដើម្បីទាញ​កូន​ចុះ...​ពីព្រោះ​មក​ពី​សិលា​ដែលកូនបានសង់​នៅលើនោះ»។5 នេះ​ជា​សុវត្ថិភាពរបស់​អ្នក​នៅ​ក្នុង​ខ្យល់​គួច​នោះ។

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​ថ្លែង​ថា « ទីដែល​បទដ្ឋាន​នៃ​សាសនាចក្រ និង បទដ្ឋាន​ក្នុង​សង្គម ​ដែល​ស្ទើរ​តែ​ដើរ​ស្រប​គ្នា​នៅគ្រាមួយ ឥឡូវ​នេះបែរ​ទៅ​ជា​មានការ​បែង​ចែក​ដ៏ធំ​រវាងយើងទៅវិញ ហើយ​វា​កំពុង​តែរីកធំទៅៗ»។6 ចំពោះជន​ខ្លះ ការ​បែងចែក​នេះ បង្កើត​នូវ​ភាពចលាចល​ខាងវិញ្ញាណ​ដ៏ធំ។ ខ្ញុំសូម​ចែក​ឧទាហរណ៍​មួយ។

កាលពី​ខែ​មុន គណៈប្រធានទីមួយ និង កូរ៉ុមនៃពួកដប់ពីរនាក់​ បាន​ចេញ​លិខិត​មួយ​ដល់​ថ្នាក់ដឹកនាំ​ក្នុង​សាសនាចក្រ​នៅជុំវិញពិភពលោក ។ មាន​មួយ​ផ្នែក​បានចែងថា ៖ «ការ​ផ្លាស់ប្ដូរ​ក្នុង​ច្បាប់ស៊ីវិល មិន​អាច​ផ្លាស់​ប្ដូរ​ក្រិត្យវិន័យ​ខាង​សីលធម៌​ ដែល​ព្រះ​បាន​បង្កើត​ឡើយ ។ ព្រះរំពឹង​ឲ្យ​យើង​គាំទ្រ ហើយ​រក្សា​ព្រះបញ្ញត្តិទ្រង់ មិនថាទស្សនៈ និង និន្នាការ​ក្នុង​សង្គមមានភាពខុស​គ្នា​យ៉ាងណា​នោះទេ ។ ច្បាប់ព្រហ្មចារីភាព​​របស់ទ្រង់ ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ៖ ទំនាក់ទំនង​ខាង​ផ្លូវភេទ​ ដែល​ត្រឹមត្រូវ​ មាន​តែ​រវាង​បុរសម្នាក់ និង ស្ត្រី​ម្នាក់​ ដែល​បាន​រៀបការស្រប​តាម​ច្បាប់​ ជាប្ដីប្រពន្ធ​ប៉ុណ្ណោះ ។ យើង​ជម្រុញ​​ឲ្យ​អ្នក​មើលឡើងវិញនូវ...គោលលទ្ធិ​ដែល​មាន​ក្នុង ‹ក្រុមគ្រួសារ៖ ការប្រកាស​ដល់​ពិភពលោក›» ។7

ទោះ​ពិភពលោក​នេះ​ ងាក​ចេញ​ឆ្ងាយពី​ច្បាប់ព្រហ្មចារីភាព​របស់​ព្រះក្ដី តែ​យើង​មិនត្រូវ​ធ្វើ​​ដូច្នោះ​ឡើយ ។ ប្រធាន ម៉នសុន បាន​ថ្លែង​ថា ៖ « ព្រះអង្គសង្គ្រោះ​នៃ​មនុស្សលោក​ បាន​រៀបរាប់​ថា ទ្រង់ជាមនុស្ស​នៅ​ក្នុង​លោកិយ​នេះ តែ​ពុំ​មែន​ជា​របស់ផង​លោកិយ​ឡើយ ។ យើងក៏​អាច​រស់នៅ​ក្នុង​ពិភពលោក​នេះ តែ​ពុំមែន​ជា​របស់​វា​បាន​ដែរ កាល​យើង​បដិសេធ​នូវ​គំនិត​ និង ការ​បង្រៀន​ខុស​ឆ្គង ហើយ​បន្ត​នៅ​ពិតស្មោះត្រង់​​ចំពោះ​អ្វីដែល​ព្រះ​បាន​បញ្ជា» ។8

ទោះ​រដ្ឋាភិបាល​ និង មនុស្ស​ល្អ​ជាច្រើន​ បាន​កែនិយមន័យ​លើ​ការ​រៀបការក្ដី តែ​ព្រះអម្ចាស់​មិន​ធ្វើ​ដូច្នោះ​ឡើយ ។ តាំងពីដំបូងមក ព្រះបាន​ផ្ដើម​ការ​រៀបការរវាងបុរសម្នាក់ និង ស្ត្រីម្នាក់ គឺ---អ័ដាម និង នាងអេវ៉ា ។ ទ្រង់បាន​កំណត់​គោលបំណង​នៃ​ការរៀបការ​ លើសលប់​ជាង​​ភាពរីករាយ និងក្ដីអំណរ​​ផ្ទាល់ខ្លួន​របស់​ពួក​មនុស្ស​​ពេញ​វ័យទៅទៀត វាជា​ការធ្វើ​អ្វីមួយដែល​សំខាន់​ជាង​ ដើម្បី​បង្កើត​បរិយាកាស​ដ៏ល្អមួយ ​សម្រាប់​​កុមារ​មក​ចាប់​កំណើត ហើយទទួលការ​ចិញ្ចឹមបីបាច់ ។ ក្រុមគ្រួសារ​ ជា​ទ្រព្យសម្បត្តិ​នៃ​ស្ថានសួគ៌។9

ហេតុអ្វីបាន​ជា​យើង​បន្ត​និយាយ​ពីរឿងនេះ? ដូច​ប៉ុល​បាន​ថ្លែង​ថា « ដោយ​យើង​ខ្ញុំ​មិន​រាប់អាន​របស់​ដែល​មើល​ឃើញ​ឡើយ គឺ​រាប់អាន​តែ​របស់​ដែល​មើលមិន​ឃើញ​វិញ » ។10 ដូច​ពួកសាវក​នៃព្រះគ្រីស្ទដែរ ទំនួលខុសត្រូវ​របស់​យើង ​គឺ​បង្រៀន​ដល់​កូនចៅ​ទ្រង់អំ​​ពីផែនការ​នៃ​ព្រះដ៏បង្កបង្កើតរបស់​​យើង ហើយ​ព្រមាន​អំពី​ផលវិបាក​នៃ​ការ​មិន​គោរ​ព​តាម​ព្រះបញ្ញ​ត្តិ​ទ្រង់ ។

ថ្មីៗនេះ ខ្ញុំបាន​និយាយ​នឹង​​ក្មេងស្រី​ថ្នាក់ឡូរ៉លម្នាក់ ​រស់​នៅ​សហរដ្ឋ​អាមេរិក។ ខ្ញុំ​សូ​មដកស្រង់​ពី​អ៊ីម៉ែល​របស់​នាង​​៖

«​នៅ​ឆ្នាំ​មុន​នេះ មិត្ត​ខ្ញុំ​មួយ​ចំនួនក្នុងហ្វេសប៊ុក បាន​ចាប់ផ្ដើម​សរសេរ​គំនិតពួកគេ​ស្ដីពី​ការរៀបការ ។ ភាគច្រើន​ចូល​ចិត្ត​ការ​រៀបការ​ភេទ​ដូចគ្នា ហើយ​មាន​យុវវ័យ អិល.ឌី.អេស. មួយចំនួន​តូច បាន​បង្ហាញថា​ពួកគេ «ចូលចិត្ត» ការ​សរសេរ​នោះ ។ ខ្ញុំ​មិន​បាន​បញ្ចេញ​មតិ​ទេ ។

« ខ្ញុំ​បាន​សម្រេច​ចិត្ត​ប្រកាស​ពី​ជំនឿ​ខ្ញុំ​លើ​ការរៀបការ​បែបប្រពៃណី​តាម​វិធីដ៏ប្រុង​ប្រយ័ត្នមួយ​ ។

« នៅ​ក្នុង​រូបភាពព័ត៌មាន​ខ្ញុំ ខ្ញុំ​បាន​ថែម​ចំណងជើងថា ‹ខ្ញុំ​ជឿ​លើ​ការរៀបការ​រវាងបុរសម្នាក់ និង ស្ត្រី​ម្នាក់›។ រំពេច​នោះ​ ខ្ញុំ​បាន​ទទួលសារ​ជាច្រើន ។ ‹ ឯង​អត្មានិយម​ណាស់ ›។ ‹ ឯង​ចាំតែ​ថ្កោល​ទោសគេ ›។ មាន​មិត្ត​ម្នាក់​ ​បាន​ប្រៀប​ប្រដូច​ខ្ញុំ​ទៅនឹងម្ចាស់ទាសករ​ម្នាក់ ។ ហើយ​ខ្ញុំ​បាន​ទទួល​សារ​នេះ​ ពី​មិត្ត​សម្លាញ់​ម្នាក់ ដែល​ជាសមាជិក​សាសនាចក្រដ៏រឹងមាំម្នាក់​ថា ៖ ‹ឯង​ត្រូវ​រស់​នៅ​តាម​កាលសម័យ។ រឿង​ទាំងឡាយ​កំពុងផ្លាស់ប្ដូរ ហើយឯង​គួរ​ធ្វើ​ដូចគ្នាដែរ›។

នាង​បាន​ថ្លែង​ថា «ខ្ញុំ​មិនបាន​​ឈ្លោះ​តបទេ តែ​ខ្ញុំក៏មិន​បាន​ដក​យក​ពាក្យ​ខ្ញុំវិញដែរ» ។

នាង​បានបញ្ចប់ថា ៖ «ពេលខ្លះ ដូច ប្រធាន ម៉នសុន បានថ្លែង​ថា ‹អ្នក​ត្រូវ​តែ​ឈរ​តែម្នាក់ឯង›។ សង្ឃឹម​ថា​ ក្នុងនាមជាយុវវ័យ យើង​នឹង​ឈររួមគ្នាដោយមាន​ភក្ដីភាព​ចំពោះព្រះ និង​ចំពោះ​ការ​បង្រៀន​នៃ​ពួ​ក​ព្យាការី​នៅ​រស់​របស់ទ្រង់» ។11

កង្វល់ដ៏ធំ​សម្រាប់​យើង ​គួរតែជា​​ជន​ដែល​កំពុង​ជួបបញ្ហា​នឹង​ការ​ស្រឡាញ់​មនុស្ស​ភេទដូចគ្នា ។ វា​ជា​ខ្យល់គួច​មួយ​ដែល​មាន​ល្បឿន​យ៉ាងលឿន ។ ខ្ញុំ​ចង់សម្ដែងក្ដីស្រឡាញ់​ និង ការ​កោត​សរសើររបស់​​ខ្ញុំ ​ចំពោះអ្នកដែល​ប្រឈម​នឹង​ការសាកល្បង​នៃក្ដី​ជំនឿ​នេះ​ដោយ​ក្លាហាន ហើយ​នៅ​ស្មោះ​ចំពោះ​ព្រះបញ្ញត្តិ!12 តែ​មនុស្សគ្រប់គ្នា ដែល​មាន​សេរីភាព​ក្នុង​ការ​សម្រេច​ចិត្ត និង ជំនឿ​ផ្ទាល់ខ្លួនរបស់​គេ គួរ​ទទួល​បាន​ចិត្តសប្បុរស និង ការ​គោរព​ពី​យើងផងដែរ ។13

ព្រះអម្ចាស់​មិន​បាន​បង្រៀន​យើង​ឲ្យ​ស្រឡាញ់​តែ​មិត្ត​យើងនោះទេ ក៏​ឲ្យ​យើង​ស្រឡាញ់​អ្នក​គិត​ផ្ទុយ​ពី​យើង​ដែរ---សូម្បី​តែ​អ្នក​ដែល​បាន​បដិសេធ​យើងក្ដី ។ ទ្រង់​មាន​បន្ទូល​​ថា ៖ « ត្បិត​បើ​អ្នក​រាល់គ្នា​ស្រឡាញ់​តែអស់​អ្នក​ណា​ដែល​ស្រឡាញ់​ដល់​ខ្លួន នោះ​តើ​បាន​បំណាច​អ្វី? » ...ហើ​យ​បើ​អ្នក​រាល់គ្នា​គំនាប់តែបងប្អូន​អ្នក​ប៉ុណ្ណោះ នោះ​តើ​បាន​ធ្វើ​អ្វីប្លែក​ពីគេ?»14

ព្យាការី យ៉ូសែប ស៊្មីធ បានព្រមាន​យើងឲ្យ «ប្រុងប្រយ័ត្ន​ពីឫក​ពា​ឆ្មើងឆ្មៃ» ហើយ​បើ​ក​ចិត្ត​យើង​ចំពោះ​បុរស​ស្ត្រី​គ្រប់រូប​ រហូត​ដល់​យើង​មាន​អារម្មណ៍ «​​ចង់​លើក​ពួកគេ​ដាក់​លើ​ស្មារ​» ។15 ក្នុងដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ គ្មាន​នូវ​ការចំអក ការ​បំពាន ឬការ​ប្រកាន់សាសនាឡើយ ។

បើ​អ្នកឆ្ងល់​ពី​ការ​ប្រឹក្សា​របស់ថ្នាក់ដឹកនាំ​សាសនាចក្រ​ សូម​ពិភាក្សា​នឹង​ឪពុកម្ដាយ និងថ្នាក់​ដឹកនាំ​របស់​អ្នកអំ​ពី​កង្វល់​ដ៏ស្មោះ​របស់អ្នក ។ អ្នក​ត្រូវ​ការ​កម្លាំង​ដែល​កើត​ចេញពី​ការ​ទុក​ចិត្ត​លើ​ពួក​ព្យាការី​របស់​ព្រះអម្ចាស់ ។ ប្រធាន ហារ៉ូល ប៊ី លី បាន​ថ្លែង​ថា ៖ « សុវត្ថិភាព​តែ​មួយ​គត់​ដែល​យើង​មាន​ក្នុងនាម​ជា​សមាជិក​សាសនាចក្រនេះគឺ...ត្រូវ​រៀន​ស្ដាប់បន្ទូល និង ព្រះបញ្ញត្តិ​ដែល​ព្រះអម្ចាស់​បាន​ប្រទានឲ្យ​ ​តាម​រយៈ​ព្យាការី​ទ្រង់ ។ ... វា​ជា​អ្វីមួយ​ដែល​ត្រូវការ​ភាពអត់ធ្មត់ និង សេចក្ដីជំនឿ ។ អ្នក​អាច​នឹង​​មិន​ចូល​ចិត្ត​ចំពោះ​​អ្វីដែល​កើតឡើង ។ ... វា​អាច​ផ្ទុយ​ពី​ទស្សនៈខាង​នយោបាយ​... ទស្សនៈ​ខាង​សង្គម​របស់​អ្នក...វា​អាច​ដាក់កំហិតដល់...ជីវិត​អ្នក​ក្នុង​សង្គម ។ តែ​បើ​អ្នក​ស្ដាប់​រឿង​ទាំងនេះ ដូចជា​វា​ចេញ​មក​ពី​ព្រះឱស​របស់​ព្រះអម្ចាស់ផ្ទាល់ នោះ‹ទ្វារ​នរក​នឹង​ពុំ​ដែល​ឈ្នះ​អ្នក​ឡើយ... ហើយ​ព្រះអម្ចាស់ដ៏ជាព្រះ​ ទ្រង់​នឹង​កំចាត់អំណាច​នៃ​សេចក្ដីងងឹតចេញពីអ្នក​ទៅ...› (គ. និង ស. 21:6)» ។16

ការ​ការពារ​ដ៏អស្ចារ្យ​មួយ​ទៀត​ពី​ខ្យល់គួច​នៃ​ជីវិត ​គឺ​ព្រះគម្ពីរ​មរមន ។

កាល​ប្រធាន ហិនរី ប៊ី អាវរិង នៅក្មេង គ្រួសារ​គាត់បាន​ផ្លាស់ទៅទីក្រុង​ថ្មីមួយ ។ ដំបូង​ គាត់បាន​ឃើញ​ថា ការ​ប្ដូរ​លំនៅ​នោះ​គ្មាន​អ្វីរីករាយ​សោះ ហើយ​មាន​មិត្ត​តិច ។ លោក​មាន​អារម្មណ៍​ថា លោក​មិនសូវ​​ចុះសម្រុង​នឹង​សិស្ស​នៅ​វិទ្យាល័យ​លោក​ទេ ។ ខ្យល់គួច​នោះ​បាន​បោកបក់ឡើង ។ តើ​លោក​បានធ្វើ​អ្វីខ្លះ? លោក​បានចំណាយ​កម្លាំង​ដើម្បី​សិក្សាព្រះគម្ពីរមរមន ដោយ​​អានចប់​ជាច្រើនដង ។17 ច្រើន​ឆ្នាំ​ក្រោយ​មក ប្រធាន អាវរិង បាន​ធ្វើ​ទីបន្ទាល់ថា ៖ «ខ្ញុំ[ចូល​ចិត្ត]​ត្រឡប់​ទៅ​ព្រះគម្ពីរ​មរមន ហើយ​ទទួល​ការ​ចិញ្ចឹម​បីបាច់​ខាង​វិញ្ញាណ​ជា​រឿយៗ»។18 «[វា]ជាទីបន្ទាល់ដែល​បានសរសេរ​យ៉ាងមាន​ឥទ្ធិពល​បំផុត​​ដែល​យើងមាន​ថា ព្រះយេស៊ូវ ជាព្រះគ្រីស្ទ»។19

ព្រះអម្ចាស់​បានប្រទាន​វិធី​មួយទៀត ដើម្បី​​ឲ្យ​អ្នក​ឈរ​យ៉ាង​រឹង​មាំ វា​ជា​អំណោយ​ទាន​ខាង​វិញ្ញាណ​មួយ ​ដែល​មាន​អំណាច​លើស​ពី​ខ្យល់​គួចនៃ​មារសត្រូវ​ទៅ​ទៀត! ទ្រង់បាន​ថ្លែង​ថា ចូរ « ឈរនៅក្នុងទីបរិសុទ្ធ​ទាំងឡាយ ហើយ​ចូរ​កុំរើ​ឡើយ» ។20

កាលខ្ញុំ​នៅ​ក្មេង មាន​តែព្រះវិហារបរិសុទ្ធ 13 កន្លែង​ប៉ុណ្ណោះ​ក្នុង​សាសនាចក្រ ។ ឥឡូវ​នេះ មាន 142 កន្លែង ។ 85 ភាគរយ​នៃ​សមាជិក​សាសនាចក្រ ​រស់​នៅ​ក្នុង​ចម្ងាយ 320 គ.​ម. ពី​ព្រះវិហារ​បរិសុទ្ធ ។ ព្រះអម្ចាស់​បាន​អនុញ្ញាត​ឲ្យ​ជំនាន់​អ្នកមានសិទ្ធិ​ចូល​ទៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធទ្រង់ ​លើស​ពី​ជំនាន់​ណាៗទាំងអស់​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក ។

តើ​អ្នក​ធ្លាប់​​ឈរ​ក្នុងព្រះវិហារ​បរិសុទ្ធ ដោយ​ស្លៀក​ពាក់​ស រង់ចាំ​ធ្វើ​បុណ្យ​ជ្រមុជទឹក​ដែរទេ? តើ​អ្នក​មានអារម្មណ៍​យ៉ាងណាដែរ? មាន​នូវ​អារម្មណ៍​ដ៏អស្ចារ្យនៃ​ភាពបរិសុទ្ធ​នៅ​ក្នុងព្រះវិហារ​បរិសុទ្ធ ។ សេច​ក្ដី​សុខសាន្ត​នៃព្រះអម្ចាស់​ បាន​ធ្វើ​ឲ្យ​ខ្យល់គួច​នៃ​ពិភពលោក​ស្ងប់បាត់ ។

អារម្មណ៍​ដែល​អ្នក​មាន​ក្នុង​ព្រះវិហារ​បរិសុទ្ធ ​គឺជា​លំនាំ​មួយ​ពីអារម្មណ៍​ដែល​អ្នកចង់​បាន​នៅ​ក្នុងជីវិតនេះ ។21

សូម​ស្វែងរក​ជីដូនជីតា និង បងប្អូន​សាច់ឆ្ងាយ​របស់អ្នក​ ដែល​បាន​ចែកឋានទៅ ។ សូម​យក​ឈ្មោះពួកគាត់​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​អ្នក។22 ពេលអ្នករៀន​ពី​ជីដូនជីតា​អ្នក នោះ​អ្នក​នឹង​ឃើញ​ពី​លំនាំនៃជីវិត ការរៀបការ និង​កូនចៅ ។ លំនាំនៃ​ភាពសុចរិត ហើយ​ពេលខ្លះ​ជា​លំនាំ​ដែល​អ្នក​នឹង​ចង់​ជៀសវាង។23

ក្រោយ​មក​ទៀត​នៅ​ក្នុងព្រះវិហារ​បរិសុទ្ធ អ្នក​នឹង​រៀន​បន្ថែមទៀត​ពី​ការ​បង្កបង្កើត​នៃ​ពិភពលោក​នេះ ពី​លំនាំ​នៅ​ក្នុងជីវិត​របស់​អ័ដាម និង នាងអេវ៉ា ហើយ​សំខាន់​បំផុត គឺ​អំពី​ព្រះអង្គសង្គ្រោះ​យើង ។

បងប្អូនប្រុសស្រី​វ័យ​ក្មេង​របស់ខ្ញុំ​អើយ យើង​ស្រឡាញ់ ហើយ​កោត​សរសើរ​ដល់​អ្នក​ខ្លាំង​ណាស់ ហើយ​បាន​អធិស្ឋាន​សម្រាប់អ្នក ។ ចូរ​កុំ​ឲ្យ​ខ្យល់គួច​នោះ​អូស​ទាញ​បាន​ឡើយ ។ នេះ​ជា​ជំនាន់អ្នក---ដើម្បី​ឈរ​យ៉ាង​រឹងមាំ​ក្នុង​នាម​ជា​សិស្សនៃ​ព្រះយេស៊ូវគ្រីស្ទ ។24

សូម​សង់គ្រឹះ​របស់អ្នក​ឲ្យ​កាន់តែរឹងមាំ​នៅ​លើ​សិលា​នៃ​ព្រះប្រោសលោះ​នៃអ្នក ។

សូមឲ្យតម្លៃ​ដល់​ឆាកជីវិត និង ការ​បង្រៀន​ដ៏អស្ចារ្យ​របស់​ទ្រង់​ ឲ្យ​បាន​ពេញលេញ ។

សូម​ធ្វើ​តាម​គំរូ និង ព្រះបញ្ញត្តិ​ទ្រង់​ ឲ្យ​កាន់តែ​ឧស្សាហ៍ថែមទៀត ។

សូម​ឱបក្រសោប​ឲ្យ​ជាប់​នឹង​ក្ដីស្រឡាញ់​ សេច​ក្តីមេត្តា និង ព្រះគុណ​ទ្រង់ ព្រមទាំង​អំណោយ​ទានដ៏អស្ចា្យ​នៃ​ដង្វាយធួន​ទ្រង់ ។

បើ​អ្នក​ធ្វើ​ដូច្នោះ ខ្ញុំ​សូម​សន្យា​នឹង​អ្នក​ថា អ្នក​នឹង​ឃើញ​ខ្យល់គួច​នោះយ៉ាងច្បាស់---ជា​ការ​សាកល្បង ការ​ល្បួង ការ​អូសទាញ ឬ​ឧបសគ្គ ដើម្បីជួយ​អ្នក​ឲ្យ​រីកចម្រើន ។ ហើយ​ពេល​អ្នករស់នៅ​ដោយ​សុចរិតពីមួយឆ្នាំទៅមួយឆ្នាំ ខ្ញុំ​គិត​ថា បទពិសោធន៍​របស់​អ្នក​នឹង​បញ្ជាក់​ដល់​អ្នក​ម្ដងហើយ​ម្ដងទៀត​ថា ព្រះយេស៊ូវ គឺជាព្រះគ្រីស្ទ ។ សិលាខាង​វិញ្ញាណ​ដែលស្ថិត​នៅ​​ក្រោម​ជើង​អ្នក ​នឹង​រឹងមាំ ហើយ​នឹង​មាន​សុវត្ថិភាព ។ អ្នក​នឹង​​រីករាយ ដែល​​ព្រះបាន​ដាក់អ្នក​នៅទីនេះ ដើម្បី​ជាផ្នែក​មួយ​នៃ​ការ​រៀបចំចុងក្រោយ​សម្រាប់ការ​យាងមក​ដ៏រុងរឿង​របស់ទ្រង់ ។

ព្រះអម្ចាស់​បាន​មានបន្ទូលថា « ខ្ញុំ​មិន​ចោល​អ្នករាល់គ្នា​ឲ្យ​នៅ​កំព្រា​ទេ ខ្ញុំ​នឹង​មក​ឯអ្នករាល់គ្នា​វិញ» ។25 នេះ​ជាការ​សន្យារបស់​​ទ្រង់​ចំពោះ​អ្នក ។ ខ្ញុំ​ដឹង​ថា ការ​សន្យានេះពិត ។ ខ្ញុំ​ដឹងថា ទ្រង់​មាន​ព្រះជន្ម​រស់ ក្នុង​ព្រះនាម​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

បង្ហាញ​សេចក្ដី​យោង

  1.  

    1.  គោលលទ្ធិ និង​សេចក្ដី​សញ្ញា 88:91  ។

  2.  

    2.  Discourses of Brigham Young, sel. John A. Widtsoe (ឆ្នាំ 1954) ទំព័រ 72 ។

  3.  

    3. សូម​មើល ដាល្លិន អេក អូក «Preparation for the Second Coming» Ensign Liahona ខែ ឧសភា ឆ្នាំ 2004 ទំព័រ 7–10 ។

  4.  

    4. សូមមើល A. Stokes, A. H. Fitter, and M. P. Courtts «Responses of Young Trees to Wind and Shading: Effects on Root Architecture» Journal of Experimental Botany វ៉ុល 46 លេខ 209 (ខែ កញ្ញា ឆ្នាំ 1995) ទំព័រ 1139--46 ។

  5.  

    5.  ហេលេមិន 5:12  ។

  6.  

    6. ថូម៉ាស អេស ម៉នសុន «Priesthood Power» Ensign Liahona ខែ ឧសភា ឆ្នាំ 2011 ទំព័រ 66 ។

  7.  

    7. សារលិខិតគណៈប្រធានទីមួយ ចុះថ្ងៃទី 6 ខែ មិនា ឆ្នាំ 2014 សូមមើល​ផងដែរ ដេវីឌ អេ បែដណា «We Believe in Being Chaste» EnsignLiahona ខែ ឧសភា ឆ្នាំ 2013 ទំព័រ 41–44។ ដាល្លិន អេក អូក «No Other Gods» EnsignLiahona ខែ វិច្ឆិកា ឆ្នាំ 2013 ទំព័រ 72–75, ដើម្បី​កម្លាំង​នៃ​យុវជន (កូនសៀវភៅ ឆ្នាំ 2011) ទំព័រ 35–37។

  8.  

    8. ថូម៉ាស អេស ម៉នសុន EnsignLiahona ខែ ឧសភា ឆ្នាំ 2011 ទំព័រ 67 ។

  9.  

    9. អែលឌើរ រ័សុល អិម ណិលសុន ៖ «អាពាហ៍ពិពាហ៍គឺជាគ្រឹះ​នៃ​ច្បាប់សង្គម ។ ... ការរួម​រស់​នោះ​ពុំ​មែន​គ្រាន់តែ​រវាងស្វាមី និង ភរិយា​នោះទេ។ វា​ទាក់ទង​នឹងភាព​ជាដៃគូ​ដ៏ពេញ​លេញ​ជាមួយ​នឹង​ព្រះ» («Nurturing Marriage» EnsignLiahona ខែ ឧសភា ឆ្នាំ 2006 ទំព័រ 36) ។ សូមមើល​ផងដែរ ម៉ាថាយ 19:5–6 ។

  10.  

    10.  កូរិនថូសទី 2 4:18  ។

  11.  

    11. ការ​ឆ្លើយឆ្លង និង ការ​សន្ទនា​ផ្ទាល់​ខ្លួន នៅថ្ងៃទី 17 ខែ មិនា ឆ្នាំ 2014 សូមមើល​ផងដែរ ថូម៉ាស អេស ម៉នសុន «Dare to Stand Alone» EnsignLiahona ខែ វិច្ឆិកា ឆ្នាំ 2011 ទំព័រ 60–67។

  12.  

    12. សូមមើល ជែហ្វ្រី អ័រ ហូឡិន «Helping Those Who Struggle with Same-Gender Attraction» Ensign ខែតុលា ឆ្នាំ 2007 ទំព័រ 42–45 Liahona ខែ តុលា ឆ្នាំ 2007 ទំព័រ 40–43 ។

  13.  

    13. សូម្បី​តែពេល​ដែល​ជនទទឹងនឹងព្រះគ្រីស្ទឈ្មោះ កូរីហូរ បានស្វែងរក​បំផ្លាញ​សេចក្ដីជំនឿ​របស់​ប្រជាជន នោះ​ក្រិត្យវិន័យ​របស់ព្រះ​បាន​ការពារគាត់ពីការ​ដាក់ទោស​តាម​ច្បាប់ ៖ «គ្មានច្បាប់អ្វី​ដែល​ជំទាស់​នឹង​ជំនឿ​របស់​មនុស្ស​នោះទេ ព្រោះថា បើ​មាន​ច្បាប់ណាមួយដែល​ធ្វើ​ឲ្យ​មនុស្ស​ពុំ​ស្មើ​គ្នានោះគឺជាទំនាស់​ដ៏ខ្លាំង​ដល់​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃព្រះ ។ ...បើ​មនុស្ស​ចង់​បម្រើ​ព្រះ នោះ​គឺជា​សិទ្ធិ​របស់​អ្នកនោះ... ប៉ុន្តែ​បើ​គេ​មិន​ចង់​ជឿ​ទ្រង់ទេ គឺ​គ្មាន​ច្បាប់​ឯណា​មក​ធ្វើ​ទោស​ដល់​អ្នក​នោះឡើយ» (អាលម៉ា 30:7, 9) ។ មាត្រាទីដប់មួយ​នៃ​សេចក្ដីជំនឿ​ចែងថា «យើង​ខ្ញុំ​សូម​អះអាង​យក​សិទ្ធិ​ក្នុងការ​ថ្វាយ​បង្គំ​ព្រះដ៏មាន​មហិទ្ធិឫទ្ធិ ស្របតាម​ការ​ណែនាំ​នៃ​សម្បជញ្ញៈរបស់​យើង​ខ្ញុំ ហើយ​សូម​បណ្ដោយ​ឲ្យ​មនុស្ស​ទាំងអស់​មានសិទ្ធិដូចគ្នា ចូរ​ឲ្យ​គេថ្វាយបង្គំ​តាម​របៀបណា នៅទីណា ឬ​អ្វីក៏ដោយ​ដែល​គេប្រាថ្នា » ។

  14.  

    14.  ម៉ាថាយ 5:46--47  ។

  15.  

    15.  ការ​បង្រៀន​នៃ​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ ( ឆ្នាំ 2007) ទំព័រ 427, 429 ។

  16.  

    16.  Teachings of Presidents of the Church: Harold B. Lee (ឆ្នាំ 2000) ទំព័រ 84–85 សូមមើល​ផងដែរ រ៉ូបឺត ឌី ហែល «General Conference: Strengthening Faith and Testimony» EnsignLiahona ខែ វិច្ឆិកា ឆ្នាំ 2013 ទំព័រ 6–8 ។

  17.  

    17. សូមមើល Robert I. Eaton and Henry J. Eyring, I Will Lead You Along: The Life of Henry B. Eyring (ឆ្នាំ 2013) ទំព័រ 40 ។

  18.  

    18. ហិនរី ប៊ី អាវរិង Choose Higher Ground (ឆ្នាំ 2013) ទំព័រ 38 ។

  19.  

    19. ហិនរី ប៊ី អាវរិង To Draw Closer to God (ឆ្នាំ 1997) ទំព័រ 118។

  20.  

    20.  គោលលទ្ធិ និង​សេចក្ដី​សញ្ញា 87:8 សូម​មើល​ផងដែរ គោលលទ្ធិ និង សេចក្តី​សញ្ញា 45:32 ។

  21.  

    21. សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា 52:14 ។

  22.  

    22. សូមមើល នែល អិល អាន់ឌើរសិន «Find Our Cousins!» (សុន្ទរកថាធ្វើ​ឡើង​នៅសន្និសីទ RootsTech ឆ្នាំ 2014 ថ្ងៃទី 8 ខែ កុម្ភៈ ឆ្នាំ 2014), lds.org/prophets-and-apostles/unto-all-the-world/find-our-cousins

  23.  

    23. សូមមើល ដេវីឌ អេ បែដណា «The Hearts of the Children Shall Turn» EnsignLiahona ខែវិច្ឆិកា ឆ្នាំ 2011 ទំព័រ 24–27 ។

  24.  

    24. សូមមើល ហេលេមិន 7:9 ។

  25.  

    25.  យ៉ូហាន 14:18  ។