២០១៨
ការប្រឹក្សា​អំពី​សេចក្តី​ត្រូវការ​ទាំងឡាយ​របស់​ពួកគេ
ខែ កញ្ញា ឆ្នាំ ២០១៨


រូបភាព
ministering

គោលការណ៍​នៃ​ការងារបម្រើ ខែ កញ្ញា ឆ្នាំ ២០១៨

ការប្រឹក្សា​អំពី​សេចក្តី​ត្រូវការ​ទាំងឡាយ​របស់​ពួកគេ

អ្នក​មិន​ត្រូវ​ធ្វើ​កិច្ចការ​នេះ​តែ​ម្នាក់​ឯង​នោះ​ទេ ។ ការប្រឹក្សា​អាច​ផ្តល់​ឲ្យ​អ្នក​នូវ​ជំនួយ​ដែល​អ្នក​ត្រូវការ នៅ​ក្នុង​ការជួយ​ដល់​អ្នក​ដទៃ ។

ព្រះ​បាន​អញ្ជើញ​អ្នក​ឲ្យ​ធ្វើ​ការងារ​បម្រើ​ដល់​បុគ្គល​ម្នាក់ ឬ គ្រួសារ​មួយ​នៅ​ក្នុង​វួដ ឬសាខា​ស្រប​តាម​សេចក្តី​ត្រូវការ​ទាំងឡាយ​របស់​ពួកគេ ។ តើ​យើង​អាច​ដឹង​អំពី​សេចក្ដី​ត្រូវការ​ទាំងនោះ​យ៉ាង​ដូចម្ដេច ? គោលការណ៍​នៃ​ការប្រឹក្សា​គឺ​ជា គន្លឹះ​ដែល​ត្រូវ​បាន​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​នៅ​ក្នុង​សាសនាចក្រ ។

បន្ទាប់​ពី​ការពិភាក្សា យើង​នឹង​ពិចារណាអំពីអ្វីដែល​ត្រូវប្រឹក្សា នោះ​យើង​នឹង​ធ្វើ​ការស្វែង​យល់​អំពី ៖

  1. ការប្រឹក្សា​ជាមួយ​ព្រះវរបិតាសួគ៌ ។

  2. ការប្រឹក្សា​ជាមួយ​បុគ្គល និង​គ្រួសារ​ដែល​បាន​ចាត់​តាំង ។

  3. ការប្រឹក្សា​ជាមួយ​ដៃ​គូរ​របស់​យើង

  4. ហើយ​ធ្វើ​ការប្រឹក្សា​ជាមួយ​អ្នក​ដទៃ​ទៀត​ដែល​បាន​ចាត់​តាំង​ទៅ​បុគ្គល ឬ​គ្រួសារ​ដូច​គ្នា​នោះ ។

ការប្រឹក្សា​ជាមួយ​ថ្នាក់់​ដឹកនាំ​របស់​យើង​ក៏​មាន​សារៈសំខាន់​ផង​ដែរ ។ អត្ថបទ​មួយ​ស្តី​អំពី​គោលការណ៍​នៃ​ការងារបម្រើ​ដែល​នឹង​ចេញ​ផ្សាយ​នា​ពេល​ខាងមុខ​នៅ​ក្នុង​លីអាហូណា​នឹង​មាន​នូវ​ការស្វែង​យល់​អំពី​ការប្រឹក្សា​ជាមួយ​ថ្នាក់ដឹកនាំ​ក៏​ដូចជា​អំពី​តួនាទី​នៃ​ការសម្ភាសន៍​អំពី​ការងារបម្រើ​នៅ​ក្នុង​ដំណើរការ​នោះ​ដែរ ។

ប្រធានបទដែល​យើង​អាច​ធ្វើ​ការប្រឹក្សា​អំពី

ការយល់ដឹង​អំពី​សេចក្តី​ត្រូវការ​ទាំងឡាយ​គឺ​មាន​សារៈសំខាន់​ដើម្បី​ធ្វើ​ការងារបម្រើ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ។ ប៉ុន្តែ តើ​សេចក្តី​ត្រូវការ​ទាំងនោះ​អាច​ស្តែង​ចេញ​មក​ក្នុង​ទម្រង់​យ៉ាង​ណា​ខ្លះ ហើយ​ថា​តើ​មាន​អ្វី​ផ្សេង​ទៀត​ក្រៅ​តែ​ពី​សេចក្តី​ត្រូវការ​ទាំងឡាយ​នោះ​ដែល​យើង​គួរ​ដឹង​ដែរ​ឬ​ទេ ?

សេចក្តី​ត្រូវការ​អាច​កើតឡើង​តាម​របៀប​ជា​ច្រើន ។ អស់អ្នកដែល​យើង​ផ្តល់​ការបម្រើ អាច​នឹង​ជួប​នូវ​ឧបសគ្គ​ជា​ច្រើន​ដែល​ទាក់ទង និង​ខាងអារម្មណ៍ ខាង​ហិរញ្ញវត្ថុ ខាង​រាងកាយ ខាង​ការអប់រំ និងអ្វីៗជា​ច្រើន ។ សេចក្តី​ត្រូវការ​ខ្លះ​មាន​អាទិភាព​ជាង​សេចក្តី​ត្រូវការ​ផ្សេង​ទៀត ។ សេចក្តី​ត្រូវការ​មួយ​ចំនួន យើង​អាច​ជួយ​បាន ចំណែក​សេចក្តី​ត្រូវការ​មួយ​ចំនួន​ទៀត​តម្រូវ​ឲ្យ​មាន​ការចូលរួម​ពី​សំណាក់​អ្នក​ដទៃ​ទៀត​ដើម្បី​ជួយ ។ នៅ​ក្នុង​កិច្ច​ខំប្រឹងប្រែង​នានា​របស់​យើង​ដើម្បី​ជួយ​បំពេញ​តាម​តម្រូវការ​ខាង​លោកិយ នោះ​សូម​កុំ​ភ្លេច​ថា ការហៅ​ឲ្យ​ធ្វើ​ការងារបម្រើ​របស់​យើង​មាន​រួមបញ្ចូលទាំងការជួយអ្នកដទៃឲ្យរីកចម្រើនលើផ្លូវនៃសេចក្តីសញ្ញា ការរៀបចំ និង​ការទទួល​នូវ​ពិធី​បរិសុទ្ធ​ទាំងឡាយ​នៃ​បព្វជិតភាព​ដែល​ចាំបាច់​សម្រាប់​ការលើក​តម្កើង ។

បន្ថែម​ពី​លើ​ការប្រឹក្សា​អំពី​សេចក្តី​ត្រូវការ​របស់​បុគ្គល​ម្នាក់ ឬ គ្រួសារ​មួយ យើង​ក៏​គួរ​តែ​ស្វែង​យល់​ឲ្យ​ដឹង​អំពី​ភាពរឹងមាំ​របស់​ពួកគេ​ផង​ដែរ ។ តើ​ផ្នែក​អ្វី​ខ្លះ​ដែល​ពួកគេ​មិនត្រូវការជំនួយនោះ ? តើ​សមត្ថភាព​និង​អំណោយទាន​អ្វី​ខ្លះ​ដែល​ពួកគេ​មាន ដែល​អាច​ផ្តល់ពរ​ដល់​មនុស្ស​ដទៃ ? តើ​ពួកគេ​អាច​ជួយ​បាន​ល្អបំផុត​យ៉ាង​ដូចម្តេច ដើម្បី​ស្ថាបនា​នគរ​របស់​ព្រះ ? ភាពរឹងមាំ​របស់​បុគ្គល​ម្នាក់ៗ អាច​នឹង​សំខាន់​ដែល​ត្រូវ​ស្វែង​យល់​ដូច​ជា​សេចក្តី​ត្រូវការ​របស់​គាត់ ឬ នាង​ដែរ ។

ការប្រឹក្សា​ជាមួយ​ព្រះវរបិតាសួគ៌

គោលលទ្ធិ​ដ៏​សំខាន់​មួយ​នៃ​សេចក្តី​ជំនឿ​របស់​យើង​គឺ​ថា ព្រះវបិតាសួគ៌​មាន​ព្រះបន្ទូល​មក​កាន់​បុត្រាបុត្រី​របស់​ទ្រង់​( សូម​មើល​មាត្រា​នៃ​សេចក្តី​ជំនឿ ១:៩) ។ នៅ​ពេល​ដែល​យើង​ទទួល​បាន​នូវ​ការចាត់តាំង​ថ្មី​មួយ ដើម្បី​ផ្តល់​ការងារ​បម្រើ​ដល់​នរណា​ម្នាក់ យើង​គួរតែ​ប្រឹក្សា​ជាមួយ​ព្រះវបិតាសួគ៌​តាម​រយៈ​ការអធិដ្ឋាន ស្វែងរក​នូវ​ប្រាជ្ញា និង​ការយល់ដឹង​អំពី​សេចក្តី​ត្រូវការ​នានា និង​ភាពរឹងមាំ​ទាំងឡាយ​របស់​ពួកគេ ។ ដំណើរការ​នៃ​ការប្រឹក្សា​តាម​រយៈ​ការអធិដ្ឋាន​នោះ គប្បី​បន្ត​រហូត​ក្នុង​ការចាត់តាំង​នៃ​ការងារបម្រើ​នោះ ។

ការប្រឹក្សា​ជាមួយ​បុគ្គល និង​ក្រុម​គ្រួសារ

របៀប​និង​ពេល​វេលា​ដែល​យើង​ទំនាក់ទំនង​ជាមួយ​បុគ្គល​និង​ក្រុមគ្រួសារ​ដែល​យើង​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ វា​អាស្រ័យ​ទៅ​លើ​កាលៈទេសៈ​ផ្សេងៗ​គ្នា ប៉ុន្តែ​ការប្រឹក្សា​ដោយ​ផ្ទាល់​ជាមួយ​បុគ្គល ឬ គ្រួសារ​គឺ​សំខាន់​ណាស់​ក្នុង​ការ​កសាង​ទំនាក់ទំនង និង​ការយល់ដឹង​ពី​សេចក្តី​ត្រូវការ​នានា​របស់​ពួកគេ ដោយ​រួមទាំង​របៀប​ដែល​ពួកគេ​ចង់​ឲ្យ​ជួយ​ផង​ដែរ ។ សំណួរ​មួយ​ចំនួន​អាច​ត្រូវ​រង់ចាំ​រហូត​ដល់​ទំនាក់ទំនង​ដ៏​មាន​ខ្លឹមសារ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​សិន ។ នៅ​ពេល​ដែល​មិន​មាន​នូវ​វិធី​ដ៏​ត្រឹមត្រូវ​ជាក់លាក់​ណា​មួយ​ដើម្បី​ធ្វើ​រឿង​នោះ សូម​ពិចារណា​នូវ​សេចក្តី​ដូច​ខាង​ក្រោម ៖

  • សូម​ស្វែងរក​នូវ​របៀប​និង​ពេល​វេលា​ដែល​ពួកគេ​ចង់​ឲ្យ​ទាក់ទង ។

  • សូម​រៀន​អំពី​ចំណាប់​អារម្មណ៍ និង​ប្រវត្តិ​របស់​ពួកគេ ។

  • មក​ដោយមាន​យោបល់​ពី​របៀប​នានា​ដែល​អ្នក​អាច​ជួយ ហើយ​សុំ​យោបល់​របស់​ពួកគេ ។

នៅ​ពេល​ដែល​យើង​សាង​នូវ​ទំនុកចិត្ត ចូរ​ពិចារណា​ពី​ការពិភាក្សា​នូវ​សេចក្តី​ត្រូវការ​នៃ​បុគ្គល ឬ គ្រួសារ ។ សួរ​សំណួរ​នានា​ដូច​បាន​បំផុស​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ឧទាហរណ៍ ៖

  • តើ​មាន​ឧបសគ្គ​អ្វី​ខ្លះ​ដែល​ពួកគេ​ជួប​ប្រទះ ?

  • តើ​អ្វី​ខ្លះ​ជា​គោលដៅ​របស់​បុគ្គល ឬ គ្រួសារ ? ឧទាហរណ៍ ៖ តើ​ពួកគេ​ចង់​ធ្វើ​ឲ្យ​ការធ្វើ​រាត្រី​ជួបជុំ​គ្រួសារកាន់​តែ​ប្រសើរ និង​ទៀងទាត់ ឬ កាន់​តែ​ប្រែក្លាយ​មាន​ភាពខ្លួន​ទីពឹង​ខ្លួន​ឬ​ទេ ?

  • តើ​យើង​អាច​ជួយ​ពួកគេ​ជាមួយ​នឹង​គោលដៅ​ព្រម​ទាំង​ឧបសគ្គ​នានា​យ៉ាង​ដូចម្ដេច ?

  • តើ​ពិធី​បរិសុទ្ធ​ដំណឹង​ល្អ​អ្វី​ខ្លះ​ដែលនឹង​កើតមាន​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ? តើ​អ្នក​អាច​ជួយ​ពួកគេ​ក្នុង​ការរៀបចំ​ខ្លួន​បាន​យ៉ាង​ដូចម្ដេច ?

សូម​ចងចាំ​ដើម្បី​ផ្តល់​នូវ​ការជួយ​ដែល​ជាក់លាក់​ដូច​ជា « តើ​រាត្រី​មួយ​ណា​ក្នុង​សប្តាហ៍​នេះ​ដែល​យើង​អាច​នាំយក​អាហារ​ជូន​អ្នក ? » ការផ្តល់​នូវ​ការជួយ​ដែល​មិន​ជាក់លាក់​ដូច​ជា « សូម​ប្រាប់​យើង​ប្រសិន​បើ​មាន​អ្វី​ដែល​យើង​អាច​ជួយ » វា​មិន​សូវ​មាន​ប្រសិទ្ធ​ភាព​ទេ ។

ការប្រឹក្សា​ជាមួយ​ដៃ​គូរ​របស់​យើង

ដោយ​ព្រោះថា អ្នក​និង​ដៃ​គូរ​អ្នក​អាច​នឹង​មិន​តែងតែ​នៅ​ជាមួយ​គ្នា​នៅ​ពេល​ដែល​អ្នក​ធ្វើ​ការទំនាក់ទំនង​ជាមួយ​បុគ្គល ឬ គ្រួសារ វា​សំខាន់​ដើម្បី​ធ្វើ​ការសម្របសម្រួល និងប្រឹក្សារួមគ្នានៅពេលអ្នកស្វែងរកការបំផុសគំនិតក្នុងនាមជាដៃគូម្នាក់ ។ នេះ​គឺ​ជា​សំណួរ​មួយ​ចំនួន​ដែល​អ្នក​អាច​លើក​យក​មក​ពិចារណា ៖

  • តើអ្នកនឹងទាក់ទងជាមួយគ្នាក្នុងនាមជាដៃគូដោយរបៀប​ណា និង​ញឹកញាប់​ប៉ុណ្ណា ?

  • តើ​អ្នក​អាច​ប្រើ​ភាពរឹងមាំ​របស់​អ្នក​ដើម្បី​ធ្វើ​ការងារ​បម្រើ​ចំពោះ​សេចក្តី​ត្រូវការ​របស់​គ្រួសារ ឬ បុគ្គល​ដោយ​របៀប​ណា ?

  • តើ​កិច្ចការ​អ្វី​ខ្លះ​ដែល​អ្នក​បាន​រៀន តើ​បទពិសោធន៍​អ្វី​ខ្លះ​ដែល​អ្នក​បាន​ទទួល និង​តើ​ការបំផុស​គំនិត​អ្វី​ខ្លះ​ដែល​អ្នក​ធ្លាប់​បាន​ទទួល​ចាប់​តាំង​ពី​ពេល​ចុង​ក្រោយ​បំផុត​ដែល​អ្នក​បាន​និយាយ​អំពី​បុគ្គល ឬ គ្រួសារ​មួយ ?

ការប្រឹក្សា​ជាមួយ​អ្នក​ដទៃ​ទៀត​ដែល​បាន​ចាត់តាំង

ជានិច្ច​ជាកាល វា​អាច​ជា​ការល្អ​ដើម្បី​និយាយ​ជាមួយ​និង​អ្នក​ដទៃ​ទៀត​ដែល​ត្រូវ​បាន​ចាត់​ឲ្យ​ផ្តល់​ការងារបម្រើ​ទៅ​ដល់​បុគ្គល ឬ គ្រួសារ​តែ​មួយ​ដូច​អ្នក​ដែរ ។

ការធ្វើ​ទំនាក់ទំនង​ដើម្បី​ដោះស្រាយ​នូវ​រាល់​ឧបសគ្គ​ទាំងឡាយ

អ៊ែលឌើរ ឈី ហុង (សាំ) វ៉ុង ក្នុងពួកចិតសិបនាក់អនុវត្តតាមព្រឹត្តិការណ៍មកពីម៉ាកុស ២​មក​ក្នុង​ជំនាន់​របស់​យើង​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​របៀប​នៃ​ការប្រឹក្សា​រួមគ្នា​អាច​សម្រេច​កិច្ចការ​បាន សម្រាប់​មនុស្ស​បួន​នាក់​រិះគិត​មើល​អំពី​របៀប​ដើម្បី​អនុញ្ញាត​ឲ្យ​បុរស​ម្នាក់​ដែល​មាន​ជម្ងឺ​ស្វិត​ដៃ​ជើង​អាច​ចូល​មក​ចំពោះ​វត្តមាន​នៃ​ព្រះ​យេស៊ូវបាន ។

អ៊ែលឌើរ វ៉ុង​បាន​មាន​ប្រសាសន៍ថា « វា​អាច​នឹង​កើត​ឡើង​ដោយ​របៀប​នេះ » ។ « មនុស្ស​បួន​នាក់​បាន​កំពុង​តែ​បំពេញ​ការចាត់តាំង​មក​ពី​ប៊ីស្សព​របស់​ពួកគេ ឲ្យ​ទៅ​សួរ​សុខទុក្ខ​បុរស​ដែល​មាន​ជំងឺ​ស្វិត​ដៃ​ជើង​នោះ​នៅ​ឯ​ផ្ទះ​របស់​គាត់ ។ … នៅ​ក្នុង​ក្រុម​ប្រឹក្សា​វួដ​ថ្មីៗ បន្ទាប់​ពី​ប្រឹក្សា​រួមគ្នា​អំពី​តម្រូវការ​នានា​ក្នុង​វួដ​ហើយ នោះ​ប៊ីស្សព​បាន​ចាត់​ឲ្យ​មាន​នូវ​កិច្ចការ ‹ ការជួយសង្គ្រោះ › ។ អ្នក​ទាំង​បួន​នេះ​ត្រូវ​បាន​ចាត់​ឲ្យ​ជួយ​បុរស​ម្នាក់​នេះ ។ …

« [ នៅ​ពេល​ដែល​ពួកគេ​បាន​មក​ដល់​អគារ​ជា​ទី​ដែល​ព្រះគ្រីស្ទ​គង់​នៅ​នោះ ] បន្ទប់​នោះ​មាន​មនុស្ស​ចង្អៀត​ណែនណាន់ ។ ពួកគេ​មិន​អាច​ចូល​តាម​មាត់​ទ្វារ​បាន​ឡើយ ។ ខ្ញុំ​ជឿ​ថា ពួកគេ​បាន​ព្យាយាម​តាម​គ្រប់​វិធី​ដែល​ពួកគេ អាច​គិត​ឃើញ ប៉ុន្តែ​ពួកគេ​នៅ​តែ​មិន​អាច​ចូល​ទៅ​បាន ។ … ពួកគេ​បាន​ប្រឹក្សា​រួមគ្នា​ពី​អ្វី​ដែល​ត្រូវ​ធ្វើ​បន្ទាប់​ទៀត—ពី​របៀប​ដែល​ពួកគេ​អាច​នាំ​បុរស​នោះ​ទៅ​ឲ្យ​ព្រះយេស៊ូវគ្រីស្ទ​ព្យាបាល ។ ពួកគេ​បាន​មាន​ផែនការ​មួយ—ជា​អ្វី​មួយ​ដ៏​ពិបាក ប៉ុន្តែ​ពួកគេ​បាន​ធ្វើ​វា ។

« … ‹ ពួកគេ​បាន​បើក​ដំបូល​ផ្ទះ​ត្រង់​កន្លែង​ដែល​ទ្រង់​គង់នៅ កាល​ពួកគេ​បាន​ទំលុះ​រួច​ហើយ នោះ​ក៏​សំរូត​គ្រែ​ដែល​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ដេក​នោះ​ចុះ​ទៅ › ( ម៉ាកុស ២:៤ ) …

« … ‹ ព្រះយេស៊ូវ​ក៏​ឃើញ​សេចក្ដី​ជំនឿ​របស់​អ្នក​ទាំង​នោះ ហើយ​ទ្រង់​មាន​បន្ទូល​ទៅ​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​ថា កូនអើយ បាប​របស់​ឯង​បាន​អត់​ទោស​ឲ្យ​ឯង​ហើយ › (ម៉ាកុស ២:៥) ។ »

ការអញ្ជើញ​ឲ្យ​អនុវត្ត

អ៊ែលឌើរ ឌៀថើរ អេស្វ អុជដូហ្វ នៃ​កូរ៉ុម​សាវក​ដប់​ពីរ​នាក់​បាន​ដាស់តឿន​ថា « ប្រឹក្សា​ជាមួយ​គ្នា ប្រើ​គ្រប់​ធនធាន​ដែល​មាន ស្វែងរក​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណ ទូល​ព្រះអម្ចាស់​សុំ​ការបញ្ជាក់​ពី​ទ្រង់ ហើយ​បន្ទាប់​មក​មូរ​ដៃអាវ​របស់​អ្នក​ហើយ​ចេញ​ទៅ​ធ្វើការ ។

« ខ្ញុំ​សូម​សន្យា​នឹង​បងប្អូន​ថា ប្រសិន​បើ​បងប្អូន​នឹង​ធ្វើ​តាម​គំរូ​នេះ បងប្អូន​នឹង​ទទួល​ការណែនាំ​ជាក់លាក់ និង​លម្អិត​ថា​តើ​នរណា អ្វីខ្លះ ពេល​ណា​និង​ទីណា​ដើម្បី​ផ្តល់​ឲ្យ​តាម​មាគ៌ា​របស់​ព្រះអម្ចាស់ » ។

កំណត់​ចំណាំ

  1. សូម​មើលប្រកាស​ដំណឹង​ល្អ​របស់​យើង ៖ មគ្គុទេសន៍​ចំពោះ​ការ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ( ឆ្នាំ ២០០៤ ) ទំព័រ ១៨៣ ។

  2. ឈី ហុង (សាំ) វ៉ុង « Rescue in Unity » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ១៤–១៥ ។

  3. ឌៀថើរ អេស្វ អុជដូហ្វ « Providing in the Lord’s Way » លីអាហូណា​ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៥៥ ។