២០១៩
អភិវឌ្ឍការយល់ចិត្ត​ដើម្បី​ផ្ដល់​ការងារបម្រើ
ខែ​កុម្ភៈ ឆ្នាំ​២០១៩


រូបភាព
ministering

គោលការណ៍​នៃ​ការងារបម្រើ ខែ​កុម្ភៈ ឆ្នាំ​២០១៩

អភិវឌ្ឍការយល់ចិត្ត​ដើម្បី​ផ្ដល់​ការងារបម្រើ

ការងារ​បម្រើ​គឺ​ជា​ការលើកស្ទួយ ។ យើង​អាច​លើកស្ទួយ​មនុស្សដទៃ​បាន​នៅ​ពេល​យើង​ព្យាយាម​យល់​អំពី​អ្វី​ដែល​ពួកគេ​កំពុង​ជួប​ប្រទះ និង​បង្ហាញ​ថា យើង​មាន​ឆន្ទៈ​ដើម្បី​ដើរ​ឆ្លង​កាត់តាម​អ្វី​ទាំងនោះ​ជាមួយ​ពួកគេ ។

ដោយសារតែ​ព្រះវរបិតាសួគ៌​យើង​សព្វព្រះទ័យ​ឲ្យ​យើង​ក្លាយ​ដូចជា​ទ្រង់ នោះ​ឧបសគ្គ​ដែល​យើង​ជួប​ក្នុង​ជីវិត​នេះ​អាច​ក្លាយ​ជា​ឱកាស​នៃ​ការរៀនសូត្រ ប្រសិនបើ​យើង​ទុកចិត្ត​ទ្រង់ ហើយ​បន្ដ​ដើរ​នៅ​លើ​មាគ៌ា​នេះ ។ ជា​អកុសល ការបន្ត​ដើរ​នៅ​លើ​មាគ៌ា​នេះ​អាចជា​កិច្ចការ​ដ៏​លំបាក នៅ​ពេល​យើង​មាន​អារម្មណ៍​ថា យើង​កំពុង​ប្រឈមមុខ​នឹង​ការសាកល្បង​ទាំងនេះ​ដោយ​ខ្លួន​ឯង ។

ប៉ុន្តែ​យើង​មិន​ចាំបាច់​ដើរ​នៅ​លើ​មាគ៌ា​នេះ​តែ​ឯង​នោះ​ទេ ។ ព្រះអង្គសង្គ្រោះ​យល់ចិត្ត​​ដ៏​ឥតខ្ចោះ ដោយ​សារ​ទ្រង់យាង​ចុះ​ក្រោម​គ្រប់​​ទាំងអស់ ប្រយោជន៍​ឲ្យ​ទ្រង់​នឹង​ជ្រាប​អំពី​របៀប​ដើម្បី​សង្គ្រោះ​យើង​នៅ​ក្នុង​ទុក្ខវេទនា និង​ជំងឺ​ទាំងឡាយ​របស់​យើង​ ( សូម​មើល អាលម៉ា ៧:១១–១២, គោលលទ្ធិ និង សេចក្ដីសញ្ញា ១២២:៨ ) ។ ទ្រង់​សព្វ​ព្រះទ័យ​រំពឹង​ឲ្យ​យើង​ធ្វើតាម​គំរូ​របស់​ទ្រង់ ហើយ​បង្ហាញ​ការយល់ចិត្ត​ផងដែរ ។ សមាជិក​គ្រប់​រូប​នៃ​សាសនាចក្រ​បាន​ចុះ​សេចក្ដីសញ្ញា​ថា​ « នឹង​ទួញ​យំ​ជាមួយ​នឹង​អ្នក​ណា​ដែល​ទួញ​យំ មែន​ហើយ ហើយ​កម្សាន្ត​ទុក្ខ​ដល់​អស់​អ្នក​ណា​ដែល​កំពុង​ត្រូវការ​កម្សាន្ត​ទុក » ( ម៉ូសាយ ១៨:៩ ) ។ ទោះជា​យើង​មាន​ឧបសគ្គ​ផ្ទាល់​ខ្លួន​ក្ដី យើង​ត្រូវបាន​បង្រៀន​ក្នុង​ព្រះគម្ពីរ​ឲ្យ​ចេញ​ទៅ ហើយ « លើក​ដៃ​ដែល​រោយ ហើយ [ ចម្រើន​កម្លាំង ] ដល់​ក្បាលជង្គង់​ដែល​ញ័រ​ផង » និង « ធ្វើ​ផ្លូវ​ឲ្យ​ត្រង់​សម្រាប់​ជើង​អ្នក​រាល់​គ្នា ក្រែង​អ្នក​ណា​ដែល​ខ្ញើច​ត្រូវ​បង្វែរ​ចេញ​ទៅ » ( ហេព្រើរ ១២:១២–១៣ សូម​មើល​ផងដែរ អេសាយ ៣៥:៣–៤, គោលលទ្ធិ និង សេចក្ដីសញ្ញា ៨១:៥–៦ ) ។

នៅ​ពេល​យើង​ចាប់​ដៃ​មនុស្សដទៃ អនុញ្ញាត​ឲ្យ​ពួកគេ​ពឹងផ្អែក​លើ​យើង ហើយ​ដើរជាមួយ​ពួកគេ នោះ​យើង​ជួយ​ពួកគេ​ឲ្យ​បន្ត​ដើរ​នៅ​លើ​មាគ៌ា​ដែល​មិន​គ្រាន់តែ​ដើម្បី​ឲ្យ​ព្រះអង្គសង្គ្រោះ​ធ្វើ​ឲ្យ​ពួកគេ​ប្រែចិត្តជឿ​—ដែល​ជា​គោលបំណង​សំខាន់​នៃ​ការងារបម្រើ​ប៉ុណ្ណោះ​ទេ—គឺ​ថែមទាំង​ដើម្បី​ប្រោស​ពួកគេ​ឲ្យ​ជា​​ផង ( សូម​មើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១១២:១៣ ) ។

តើ​ការយល់ចិត្ត​គឺ​ជា​អ្វី ?

ការយល់ចិត្ត​គឺ​ជា​ការយល់​ពី​អារម្មណ៍ គំនិត និង​ស្ថានភាព​របស់​បុគ្គល​ម្នាក់​ទៀត​ចេញ​ពី​ទស្សនវិស័យ​របស់​ពួកគេ ជាជាង​ទស្សនវិស័យ​ខ្លួន​យើង ។

ការមាន​ការយល់ចិត្ត​មាន​សារសំខាន់​នៅ​ក្នុង​ការងារបម្រើ​ដល់​មនុស្សដទៃ និង​បំពេញ​តាម​គោលបំណង​របស់​យើង​នៅ​ពេល​យើង​ផ្ដល់​ការងារ​បម្រើ​ដល់​បងប្អូនប្រុសស្រី​យើង ។ វា​អនុញ្ញាត​ឲ្យ​យើង​យល់​អំពី​អារម្មណ៍​របស់​មនុស្សដទៃ ។

ការយល់​អំពី​អារម្មណ៍​របស់​មនុស្សដទៃ

មាន​រឿង​មួយ​ដែល​បាន​តំណាល​ដោយ​បុរស​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​អៀនប្រៀនម្នាក់​ ដែល​ជា​ញឹកញាប់​គាត់​អង្គុយ​នៅ​ជួរ​ក្រោយគេ​ក្នុង​សាលថ្វាយបង្គំ​តែ​ឯង ។ នៅ​ពេល​សមាជិក​ម្នាក់​ក្នុង​កូរ៉ុម​អែលឌើរ​បាន​ទទួល​មរណភាព​ ប៊ីស្សព​បាន​ផ្ដល់​ការប្រសិទ្ធពរ​បព្វជិតភាព​ដើម្បី​លួងលោមចិត្ត​ដល់​គ្រួសារ​សព ។ បងប្អូនស្រី​ថ្នាក់​សមាគមសង្គ្រោះ​នាំ​យក​អាហារ​មក ។ មិត្តភក្ដិ និង​អ្នក​ជិតខាង​ដ៏​ចិត្តល្អ​បាន​មក​សួរសុខទុក្ខ​ដល់​គ្រួសារ​នោះ រួច​និយាយ​ថា « សូម​ប្រាប់​ពួកយើង​អំពី​អ្វី​ដែល​ពួកយើង​អាច​ធ្វើ​ដើម្បី​ជួយ » ។

ប៉ុន្តែ​នៅ​ពេល​បុរស​​អៀនប្រៀន​នេះ​បាន​មក​សួរសុខទុក្ខ​គ្រួសារ​នោះ​នៅ​ថ្ងៃ​នោះ គាត់​បាន​ចុច​កណ្ដឹង​ទ្វារ ហើយ​នៅ​ពេល​ស្ត្រី​មេម៉ាយ​បាន​បើកទ្វារ គាត់​បាន​និយាយ​យ៉ាង​សាមញ្ញ​ថា « ខ្ញុំ​មក​នេះ​ដើម្បី​សម្អាត​ស្បែកជើង​របស់​អ្នក » ។ ប៉ុន្មានម៉ោង​ក្រោយ​មក ស្បែកជើង​ទាំងអស់​គ្រួសារ​នោះ​ត្រូវបាន​សម្អាត ហើយ​ខាត់​យ៉ាង​ស្អាត​ដើម្បី​រៀបចំ​សម្រាប់​បុណ្យសព ។ នៅ​ថ្ងៃ​អាទិត្យ​បន្ទាប់ គ្រួសារ​​អែលឌើរ​ដែល​បាន​ទទួល​មរណភាព​នោះ បានមក​អង្គុយ​ក្បែរ​បុរស​​អៀនប្រៀន​នៅ​ជួរ​ខាង​ក្រោយ​គេ​នោះ ។

គាត់​គឺ​ជា​បុរស​ម្នាក់​ដែល​មាន​លទ្ធភាព​បំពេញ​សេចក្ដីត្រូវការ​ ​ដែល​មនុស្សដទៃ​មិន​អាច​បំពេញ​ឲ្យ​បាន ។ ទាំង​គ្រួសារ​នោះ និង​គាត់​ផងដែរ​បាន​មាន​ពរ​ដោយសារតែ​ការងារបម្រើ​ដ៏​យល់ចិត្ត​របស់​គាត់ ។

តើ​ខ្ញុំ​អាច​អភិវឌ្ឍ​ការយល់ចិត្ត​តាម​របៀប​ណា ?

មនុស្ស​ខ្លះ​ហាក់ដូចជា​មាន​ពរ​ដោយ​មាន​អំណោយទាន​នៃ​ការចេះយល់ចិត្ត ។ ប៉ុន្តែ​សម្រាប់​អ្នក​ទាំងឡាយ​ដែល​ពិបាក​នឹង​មាន​ការយល់ចិត្ត មាន​ដំណឹងល្អ​សម្រាប់​អ្នក ។ ជាង ៣០ ​ឆ្នាំ​មុន មាន​ចំនួន​អ្នក​ស្រាវជ្រាវ​ដ៏​ច្រើន បាន​សិក្សា​អំពី​ការយល់ចិត្ត ។ ខណៈ​ដែល​មាន​អ្នក​ស្រាវជ្រាវ​ជា​ច្រើន​នាក់​បាន​ស្រាវជ្រាវ​អំពី​ប្រធានបទ​នោះ​តាម​វិធី​ខុសៗគ្នា នោះ​ពួកគេ​ភាគច្រើន​យល់ស្រប​ថា ការយល់ចិត្ត​គឺ​ជា​អ្វី​មួយ​ដែល​យើង​អាច​រៀន​បាន ។

យើង​អាច​អធិស្ឋាន​ទូល​សូម​អំណោយទាន​នៃ​ការយល់ចិត្ត ។ ដើម្បី​កែលម្អ វា​ក៏​មាន​ប្រយោជន៍​ផងដែរ​ដើម្បី​មាន​ការយល់ដឹង​បន្ថែម​អំពី​របៀប​ដែល​ការយល់ចិត្ត​មាន​ដំណើរការ ។ យោបល់​ខាង​ក្រោម​ត្រូវបាន​ទទួលស្គាល់​ជាទូទៅ​ថា​ជា​ធាតុ​នានានៃ​​ការយល់ចិត្ត ។ ទោះជា​ធាតុ​ទាំងនេះ​ជា​ញឹកញាប់​កើតឡើង​ទាំង​​យើង​មិន​ដឹង​ខ្លួន​ថា​វា​កំពុង​កើតឡើង​ក៏​ដោយ ក៏​ការដឹងជា​មុន​អំពី​វា​នឹង​ផ្ដល់​ឲ្យ​យើង​នូវ​ឱកាស​ដើម្បី​កែលម្អ​ដែរ ។

១.យល់

ការយល់ចិត្ត​តម្រូវ​ឲ្យ​មាន​ការយល់​អំពី​ស្ថានភាព​របស់​បុគ្គល​ម្នាក់​ទៀត ។ ដរាប​ណា​យើង​យល់​អំពី​កាលៈទេសៈ​របស់​ពួកគេ​កាន់តែ​ច្បាស់ នោះ​វា​នឹង​កាន់តែ​ងាយស្រួល​ដើម្បី​យល់​អំពី​អារម្មណ៍​របស់​ពួកគេ​អំពី​កាលៈទេសៈ​នោះ និង​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​ជួយ ។

ការស្ដាប់​ដោយ​សកម្ម ការសួរ​សំណួរ និង​ការប្រឹក្សា​ជាមួយ​ពួកគេ និង​មនុស្សដទៃ​គឺ​ជា​សកម្មភាព​សំខាន់​ដើម្បី​យល់​អំពី​ស្ថានភាព​របស់​ពួកគេ ។ សូម​រៀន​អំពី​យោបល់​ទាំងនេះ​នៅ​ក្នុង​អត្ថបទ​គោលការណ៍​នៃ​ការងារបម្រើ​កាល​ពី​មុន ៖

  • « Five Things Good Listeners Do » Liahona ខែ​មិថុនា ឆ្នាំ​២០១៦ ទំព័រ​៦ ។

  • « Counsel about Their Needs » Liahona ខែ​កញ្ញា ឆ្នាំ​២០១៨ ទំព័រ​៦ ។

  • « Involve Others in Ministering—as Needed » Liahona ខែ​តុលា ឆ្នាំ​២០១៨ ទំព័រ​៦ ។

នៅ​ពេល​យើង​ព្យាយាម​យល់ យើង​ត្រូវតែ​ចំណាយ​ពេល​យល់​អំពី​ស្ថានភាព​ជាក់លាក់​របស់​ពួកគេ ជាជាង​ធ្វើ​ការសន្មត់​ដោយ​ផ្អែក​ទៅ​លើ​មនុស្ស​ម្នាក់​ទៀត​ដែល​មាន​បទពិសោធន៍​ស្រដៀង​នេះ ។ បើ​ពុំ​នោះ​សោតទេ យើង​នឹង​មិន​យល់​ឡើយ ហើយ​ទុក​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ថា​គ្មាន​ការយល់ចិត្ត ។

២.ស្រមៃ

ក្នុង​កិច្ចខិតខំ​របស់​យើង​ដើម្បី​រក្សា​សេចក្ដីសញ្ញា​​ទួញយំ​ជាមួយ​អ្នក​ទាំងឡាយ​ណា​ដែល​ទួញយំ និង​កម្សាន្ត​ចិត្ត​ដល់​អ្នក​ត្រូវការ​កម្សាន្ត​ចិត្ត យើង​អាច​អធិស្ឋាន​ទូល​សូម​ព្រះវិញ្ញាណបរិសុទ្ធ​ឲ្យ​ជួយ​យើង​យល់​អំពី​អារម្មណ៍​ដែល​មនុស្ស​ម្នាក់​ និង​របៀប​ដែល​យើង​អាច​ជួយ ។

នៅ​ពេល​យើង​យល់​អំពី​ស្ថានភាព​របស់​បុគ្គល​ម្នាក់ នោះ​យើង​ម្នាក់ៗ—ទោះជា​វា​កើតឡើង​ដោយ​ស្វ័យប្រវត្តិ ឬ​អត់​នោះ—អាច​អនុវត្ត​ការស្រមៃ​អំពី​គំនិត និង​អារម្មណ៍​របស់​យើង​នៅ​ក្នុង​ស្ថានភាព​នោះ ។ ការយល់​អំពី​គំនិត និង​អារម្មណ៍​ទាំងនោះ អម​ជាមួយ​នឹង​ការដឹកនាំ​ពី​ព្រះវិញ្ញាណបរិសុទ្ធ អាច​ជួយ​ដឹកនាំ​ការឆ្លើយតប​របស់​យើង​ទៅ​ដល់​ស្ថានភាព​របស់​ពួកគេ ។

នៅ​ពេល​យើង​យល់​អំពី​កាលៈទេសៈ​របស់​បុគ្គល​ម្នាក់​ទៀត ហើយ​ស្រមៃ​អំពី​អារម្មណ៍​របស់​ពួកគេ វា​សំខាន់​ដែល​ថា​យើង​មិន​វិនិច្ឆ័យ​លើ​ពួកគេ​ដោយ​ឥត​សមរម្យ ( សូម​មើល ម៉ាថាយ ៧:១ ) ។ ការយកចិត្តទុកដាក់ទៅលើ​របៀប​ដែល​មនុស្ស​ម្នាក់​ធ្លាក់​ក្នុង​ស្ថានភាព​នេះ អាច​នាំ​​ឲ្យ​សម្រាល​ការឈឺចាប់​ដែល​ស្ថានភាព​នេះ​បណ្ដាល​ឲ្យ​មាន ។

៣.ឆ្លើយ

របៀប​ដែល​យើង​ឆ្លើយ​មាន​សារៈសំខាន់​ណាស់ ព្រោះ​នោះ​ហើយ​គឺ​ជា​របៀប​ដែល​យើង​បង្ហាញ​ការយល់ចិត្ត ។ មាន​របៀប​ជា​ច្រើន​ដើម្បី​បង្ហាញ​ការយល់ចិត្ត​របស់​យើង​ទាំង​ពាក្យសម្ដី និង​កាយវិការ ។ វា​សំខាន់​ដែល​ត្រូវ​ចងចាំ​ថា គោលដៅ​របស់​យើង​គឺ​មិនមែន​សម្រាប់​ដោះស្រាយ​បញ្ហា​នោះ​ទេ ។ ជាញឹកញាប់ គោលដៅ​មាន​ភាពសាមញ្ញ​ដើម្បី​លើកស្ទួយ និង​ដើម្បី​ពង្រឹង​តាមរយៈ​ធ្វើ​ឲ្យ​ពួកគេ​ដឹង​ថា​ពួកគេ​មិន​នៅ​តែ​ឯង​ទេ ។ ការណ៍​នេះ​អាច​ជា​ការពោល​ពាក្យ​ថា « ខ្ញុំ​រីករាយ​ដែល​អ្នក​ប្រាប់​ខ្ញុំ » ឬ « ខ្ញុំ​ចូលរួម​សោកស្ដាយ ។ អ្នក​ច្បាស់​ជា​ឈឺ​ចាប់​ហើយ » ។

ក្នុង​គ្រប់​ករណី​ទាំងអស់ ចម្លើយ​របស់​យើង​ត្រូវតែ​ជា​ចម្លើយ​សប្បុរស ។ ហើយ​នៅពេល​សមរម្យណា​មួយ សូម​បង្ហាញ​ឲ្យ​អ្នក​ដទៃ​ឃើញ​​ភាពទន់ខ្សោយ និង​អសន្តិសុខ​របស់​អ្នកដែល​ងាយ​រង​ការ​ឈឺចាប់ វា​អាច​បង្កើត​ឲ្យ​មាន​​ទំនាក់ទំនងមាន​តម្លៃផងដែរ ។

ការអញ្ជើញ​ឲ្យ​អនុវត្ត

នៅ​ពេល​អ្នក​ពិចារណា​អំពី​កាលៈទេសៈ​របស់​អ្នកទាំងឡាយ​ដែល​អ្នក​ផ្ដល់​​ការងារបម្រើ សូម​ស្រមៃ​ថា​អ្នក​ស្ថិត​នៅ​ក្នុង​ស្ថានភាព​របស់​ពួកគេ និង​អ្វី​ដែល​អ្នក​គិត​ថា​អាច​មាន​ប្រយោជន៍​បំផុត​ប្រសិនបើ​អ្នក​យល់​ពី​អារម្មណ៍​របស់​ពួកគេ ។ សូម​អធិស្ឋាន​ដើម្បី​យល់​អំពី​អារម្មណ៍​ដែល​ពួកគេ​មាន រួច​ធ្វើតាម​ការយល់​នោះ ។ ចម្លើយ​របស់​អ្នក​អាច​ជា​ចម្លើយ​សាមញ្ញ ប៉ុន្តែ​វា​នឹង​មាន​ខ្លឹមសារ ។

កំណត់​ចំណាំ

  1. សូម​មើល W. Ickes, Empathic Accuracy (1997); and M. L. Hoffman, Empathy and Moral Development: Implications for Caring and Justice (2000) ។

  2. សូម​មើល​ជា​ឧទាហរណ៍ Emily Teding van Berkhout and John M. Malouff, “The Efficacy of Empathy Training: A Meta-Analysis of Randomized Controlled Trials,” Journal of Counseling Psychology ( ឆ្នាំ​២០១៦ ) ទំព័រ​៦៣(១), ទំព័រ​៣២–៤១ ។

  3. សូម​មើល​ជា​ឧទាហរណ៍ Brené Brown, I Thought It Was Just Me (But It Isn’t) ( ឆ្នាំ​២០១៨ ), Theresa Wiseman, “A Concept Analysis of Empathy,” Journal of Advanced Nursing (1996), 23, 1162–67; and Ed Neukrug and others, “Creative and Novel Approaches to Empathy: a Neo-Rogerian Perspective,” Journal of Mental Health Counseling, 35(1) ( ខែ​មករា ឆ្នាំ​២០១៣ ) ទំព័រ​២៩–៤២ ។

  4. សូម​មើល Henry B. Eyring, “The Comforter,” Liahona ខែ​ឧសភា ឆ្នាំ​២០១៥ ទំព័រ​១៧–២១ ។