មេរៀន​ទី 42

នីហ្វៃទី 2 33

សៀវភៅ​ណែនាំ​ការសិក្សា​ព្រះគម្ពីរ​មរមន​សម្រាប់​គ្រូបង្រៀន ថ្នាក់​សិក្ខាសាលា


សេចក្តីផ្ដើម

នីហ្វៃ​បាន​បញ្ចប់​កំណត់ត្រា​របស់​គាត់​ដោយ​ការប្រកាស​ថា ពាក្យ​ពាក្យសម្ដី​ដែល​សរសេរ​របស់​គាត់​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ និង បញ្ចុះបញ្ចូល​មនុស្ស​ឲ្យ​ធ្វើ​ល្អ ហើយ​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ។ គាត់​បាន​និយាយ​ថា ទោះបីជា​គាត់​បាន​សរសេរ « នៅក្នុង​ភាព​ទន់ខ្សោយ » ក្ដី ក៏​ការសរសេរ​របស់​គាត់​នឹង​មាន « តម្លៃ​ដ៏​ធំ » និង « បាន​ធ្វើ​ជា​ខ្លាំង » សម្រាប់​អស់​អ្នក​ទាំងឡាយ​ដែល​នឹង​អាន​វាផង​ដែរ ( សូម​មើល នីហ្វៃទី 2 33:3–4 ) ។ គាត់​បាន​ថ្លែង​ទីបន្ទាល់​ថា ការសរសេរ​របស់​គាត់​គឺជា « ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ » ហើយ​ថា​ប្រជាជន​នឹង​ទទួល​ខុសត្រូវ​ចំពោះ​ព្រះ​ចំពោះ​ចម្លើយ​របស់​ពួកគេ​ទៅកាន់​ការសរសេរ​នោះ ( សូម​មើល នីហ្វៃទី 2 33:10–15 ) ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃទី 2 33:1–2

នីហ្វៃ​បង្រៀន​អំពី​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ក្នុង​ការនាំ​សេចក្ដី​ពិត​ទៅដល់​ដួងចិត្ត​របស់​យើង

សូម​គូស​រូបភាព​ដូច​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ៖

Heart
  • តើ​មាន​ភាព​ខុសគ្នា​យ៉ាង​ណា​រវាង​សារលិខិត​មួយ​ដែល ទៅដល់ ដួងចិត្ត​របស់​នរណា​ម្នាក់ និង សារលិខិត​មួយ​ដែល ទៅក្នុង ដួងចិត្ត​របស់​នរណា​ម្នាក់​នោះ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន នីហ្វៃទី 2 33:1 ឮៗ ។ បន្ទាប់​មក សូម​ឲ្យ​សិស្ស​សញ្ជឹង​គិត​ពី​សំណួរ​ខាងក្រោម​ដោយ​ស្ងាត់ស្ងៀម ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​វា​សំខាន់​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​នាំ​សេចក្ដី​ពិត ទៅដល់ ដួងចិត្ត​របស់យើង ប៉ុន្ដែ​មិន​មែន ទៅក្នុង ដួងចិត្ត​របស់​យើង​នោះ ?

នៅពេល​សិស្ស​សញ្ជឹងគិត​អំពី​សំណួរ​នេះ សូម​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដេវីឌ អេ. បែដណា នៃ​កូរ៉ុមនៃ​ពួកសាវក​ដប់ពីរ​នាក់ ។ សូម​ពន្យល់​ថា នៅក្នុង​សេចក្ដី​ថ្លែងការណ៍​នេះ អែលឌើរបែដណា កំពុង​និយាយ​អំពី នីហ្វៃទី 2 33:1 ។

អែលឌើរ ដាវីឌ អេ. បែដណា

« សូម​កត់​ចំណាំ​ពី​របៀប​ដែល​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​នាំ​សារលិខិត ទៅដល់ ប៉ុន្ដែ​មិន​មែន​ចាំបាច់ ទៅក្នុង ដួងចិត្ត​នោះ​ទេ ។ « គ្រូបង្រៀន​ម្នាក់​អាច​ពន្យល់ បង្ហាញ លួងលោម ហើយ​ធ្វើ​ទីបន្ទាល់ និងធ្វើ​យ៉ាង​ដូច្នោះ​ដោយ​មាន​អំណាច និងប្រសិទ្ធភាព​ខាង​វិញ្ញាណ ។ នៅ​ទីបញ្ចប់ ទោះជា​យ៉ាង​ណា​ក្ដី អត្ថន័យ​នៃ​សារលិខិត​មួយ និង សាក្សី​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ទំលុះ​ទៅក្នុង​ដួងចិត្ត បើសិនជា​អ្នក​ទទួល​នោះ​អនុញ្ញាត​ឲ្យ​វា​ចូល​ទៅ​នោះ » ( « Seek Learning by Faith »[ សុន្ទរកថា​ថ្លែង​ទៅ​កាន់​អ្នកអប់រំ​សាសនា CES នៅថ្ងៃទី 6 ខែ កុម្ភៈ ឆ្នាំ 2006 ] ទំព័រ 1 si.lds.org ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ជើរ៉ល អិន. ឡាន នៃ​ពួកចិតសិប​នាក់ ៖

« ហេតុអ្វី​បានជា​គ្រាន់តែ ទៅដល់ ដួងចិត្ត ? សិទ្ធិ​ជ្រើសរើស​របស់​បុគ្គល គឺ​ពិសិដ្ឋ​ខ្លាំង​ណាស់​ដែល​ព្រះវរបិតាសួគ៌​នឹង​មិន​ដែល​បង្ខំ​ដល់​ដួងចិត្ត​របស់​មនុស្ស​នោះ​ទេ ទោះបីជា​ដោយ​ព្រះចេស្ដា​ដ៏​និរន្ដរ៍​របស់​ទ្រង់​ទាំងអស់​ក្ដី ។ … ព្រះ​អនុញ្ញាត​ឲ្យ​យើង​ក្លាយជា​អ្នកយាម ឬ អ្នក​ចាំ​ទា្វរ នៃ​ដួងចិត្ត​ផ្ទាល់​របស់​យើង ។ ដោយសារ​ឆន្ទៈ​សេរី​របស់​យើង​ផ្ទាល់ យើង​ត្រូវ​តែ​បើក​ដួងចិត្ត​របស់​យើង​ចំពោះ​ព្រះវិញ្ញាណ » ( « Opening Our Hearts » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ 2008 ទំព័រ 33 ) ។

  • តើ​អ្វី​ដែល​សម្រេច​ថាតើ​សារលិខិត​មួយ​ចូល​ក្នុង​ដួងចិត្ត​របស់​មនុស្ស​ម្នាក់​ដោយ​របៀប​ណា ?

  • តើ​នៅពេល​ណា​ដែល​អ្នក​បាន​មាន​អារម្មណ៍​ថា សារលិខិត​ដំណឹងល្អ​មួយ​បាន​ចូល​ក្នុង​ដួងចិត្ត​របស់​អ្នក ? តើ​ការណ៍​នេះ​ប្រាប់​អ្វី​ខ្លះ ដល់​អ្នក​អំពី​ដួងចិត្ត​អ្នក​នា​ពេល​នោះ ?

សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 2 33:2ដោយ​ស្ងាត់ស្ងៀម ដោយ​ស្វែងរក​ពី​របៀប​ដែល​មនុស្ស​ជាច្រើន​ឆ្លើយតប​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​ពួកគេ​មាន​ចិត្ត​រឹងរូស ។ អ្នក​អាច​ពន្យល់​ថា ពាក្យ « ឥត​ប្រយោជន៍ » មាន​ន័យ​ថា « គ្មាន​អ្វី​ទាំងអស់ » ។ ដើម្បី « រាប់ [ ការសរសេរ​ទាំងឡាយ ] ទុក​ជា​របស់​ឥតប្រយោជន៍​ទៅ​វិញ » គឺ​គិត​ថា​វា​ឥត​មាន​តម្លៃ​អ្វី​ទេ ។

  • តើ​អ្វី​ខ្លះ​ជាដំណើរប្រព្រឹត្ត និង ឥរិយាបថ​របស់​មនុស្ស​ដែល​មាន​ចិត្ត​រឹងរូស​នោះ ?

  • សម្រាប់​អ្នក តើ​អ្វី​ជា​សារលិខិត​នៃ នីហ្វៃទី 2 33:2 ? ( សិស្ស​អាច​ឆ្លើយ​ថា យើង​ជ្រើសរើស​ដើម្បី​បើក​ក៏​បាន ឬ បិទ​ដួងចិត្ត​របស់​យើង​ក៏​បាន​ចំពោះ​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ ។ សូម​ប្រាកដ​ថា ពួកគេ​យល់​ថា នៅពេល​យើង​បើក​ដួងចិត្ត​របស់​យើង នោះ​សារលិខិត​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ចូល​មក​ក្នុង​ដួងចិត្ត​របស់​យើង​បាន ) 

មុនពេល​បន្ដ​មេរៀន​ទៅ​មុខ​ទៀត សូម​ទុក​ពេល​ឲ្យ​​សិស្សបន្តិច​ដើម្បី​ពិចារណា​ដោយ​ស្ងប់ស្ងាត់​ពី​ស្ថានភាព​នៃ​ដួងចិត្ត​របស់​ពួកគេ ហើយ​ដើម្បី​សម្រេច​ថា​តើ​ពួកគេ​កំពុង​អនុញ្ញាត​ឲ្យ​សារលិខិត​នៃ​សេចក្ដី​ពិត​ចូល​មក​ក្នុង​ដួងចិត្ត​របស់​ពួកគេ​ដែរ​ទេ ។

នីហ្វៃទី 2 33:3–15

នីហ្វៃ​ពន្យល់​ពី​គោលបំណង​នៃ​កំណត់ត្រា​របស់​គាត់ និង សេចក្ដី​សង្ឃឹម​របស់​គាត់​ថា អ្នកអាន​របស់​គាត់​នឹង​ជឿ​លើ​ព្រះគ្រីស្ទ

សូម​សរសេរ​សំណួរ​ខាងក្រោម​នៅ​លើ​ក្តារខៀន ៖

នីហ្វៃទី 2 33:3—ខ្ញុំ​អធិស្ឋាន​ឥតដាច់​សម្រាប់ …

នីហ្វៃទី 2 33:4—ខ្ញុំ​ដឹង …

នីហ្វៃទី 2 33:6—ខ្ញុំ​សរសើរ​តម្កើង …

នីហ្វៃទី 2 33:7—ខ្ញុំ​មាន …

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន នីហ្វៃទី 2 33:3–7 ដោយ​ស្ងាត់ស្ងៀម ដោយ​ស្វែងរក​សេចក្ដី​សង្ឃឹម​ទាំងឡាយ​របស់​នីហ្វៃ​សម្រាប់​អ្នក​ទាំងឡាយ​ណា​ដែល​នឹង​អាន​ពាក្យ​របស់​គាត់ ។ សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់​ឲ្យ​ឡើង​មក​ក្ដារខៀន ហើយ​បំពេញ​ប្រយោគ​ទាំងឡាយ ដោយ​ប្រើ​ពាក្យ​​ខ្លួន​គេ​ផ្ទាល់ ឬ ពាក្យ​របស់​នីហ្វៃ ។ ( ឃ្លា​ពីរបី​នៅលើ​ក្ដារខៀន នាំ​ទៅ​រក​ចម្លើយ​ច្រើន​ជាង​មួយ ) ។

  • តើ​យើង​អាច​ពង្រឹង​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​យើង​អំពី​ព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួន​របស់​ទ្រង់​ដោយ​របៀប​ណា ?

សូម​ឲ្យ​សិស្ស​ប្រាំ​នាក់​ប្ដូរ​វេន​គ្នា​អាន​ឮៗ​នៅក្នុង នីហ្វៃទី 2 33:10–14 ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​អាន​តាម ដោយស្វែងរក​ឃ្លា​នៅក្នុង​ការលា​របស់​នីហ្វៃ​ដែល​មាន​អត្ថន័យ​ខ្លាំង​ដល់​ពួកគេ ។ អ្នក​អាច​ស្នើ​ថា សិស្ស​គួរតែ​គូស​ចំណាំ​ឃ្លា​ទាំងនេះ​ទុក ។

  • តើ​ឃ្លា​មួយ​ណា​ដែល​មាន​អត្ថន័យ​ខ្លាំង​ចំពោះ​អ្នក ? ហេតុអ្វី ?

  • ប្រសិនបើ​មនុស្ស​ជឿ​លើ​ព្រះគ្រីស្ទ តើ​ពួកគេ​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​ព្រះគម្ពីរ​មរមន ? ( សូមមើល នីហ្វៃទី 2 33:10 ) ។

  • តើ​នីហ្វៃ​បាន​ព្រមាន​ថា​នឹង​មាន​អ្វី​ខ្លះ​កើតឡើង ចំពោះ​អស់​អ្នក​ណា​ដែល​បដិសេធ​ពាក្យ​ទាំងឡាយ​របស់​គាត់ ? ( នៅពេល​សិស្ស​ឆ្លើយ​នឹង​សំណួរ​នេះ​ហើយ អ្នក​អាច​ស្នើ​ថា ពួកគេ​ក៏​គួរតែ​គិត​អំពី​របៀប​ដែល​ពួកគេ​នឹង​មាន​អារម្មណ៍​នៅក្នុង​វត្តមាន​នៃ​ព្រះអម្ចាស់ ប្រសិនបើ​ពួកគេ​ជឿ និង បាន​ធ្វើតាម​ពាក្យ​ទាំងឡាយ​របស់​នីហ្វៃ និង ព្យាការី​ផ្សេង​ទៀត ) ។

សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 2 33:15 ដោយ​ស្ងាត់ស្ងៀម ហើយ​សញ្ជឹង​គិត​ពី​ពាក្យ​ចុងក្រោយ​របស់​នីហ្វៃ​ថា ៖ « ខ្ញុំ​ត្រូវតែ​គោរព​ធ្វើតាម » ។ បន្ទាប់​មក សូម​ផ្ដល់​ពេល​ពីរបី​នាទី ​ដល់​ពួកគេ​ឲ្យ​មើល​ត្រឡប់​ទៅ​ក្រោយ​វិញ តាមរយៈ​នីហ្វៃទី 1 និង 2 ដោយ​ស្វែងរក​គំរូ​ទាំងឡាយ​នៃ​ការគោរព​ប្រតិបត្តិ​របស់​នីហ្វៃ ។ ក្រោយ​ពេល​ពីរ​បី​នាទី សូម​ឲ្យ​សិស្ស​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ ចម្លើយ​អាច​រួមមាន ៖ ការចាក​ចេញ​ពី​ទីក្រុង​យេរូសាឡិម ការត្រឡប់​ទៅ​ទីក្រុង​យេរូសាឡិម​វិញ​ដើម្បី​ទៅយក​ផ្ទាំង​លង្ហិន ការត្រឡប់​ទៅ​ទីក្រុង​យេរូសាឡិម​វិញ​ម្ដងទៀត​ដើម្បី​សុំ​ឲ្យ​គ្រួសារ​របស់​អ៊ីសម៉ាអែល​ចូលរួម​ជាមួយ​នឹង​ពួកគេ ការរក្សា​ផ្ទាំង​ទាំង​ពីរ​នោះ ការធ្វើតាម​ការដឹកនាំ​នៅលើ​លីអាហូណា ការកសាង​សំពៅ​មួយ ការធ្វើ​ដំណើរ​ទៅ​ដែនដី​សន្យា ការបែកចេញ​ពី​លេមិន និង លេមយួល និង ការដឹកនាំ​ប្រជាជន​របស់​គាត់​នៅក្នុង​សេចក្ដី​សុចរិត ។ នៅពេល​សិស្ស​ផ្ដល់​ឧទាហរណ៍​ខ្លះ អ្នក​អាច​សរសេរ​វា​នៅលើ​ក្ដារខៀន ។

សូម​សរសេរ​ដូច​ខាងក្រោម​ដាក់​លើ​ក្ដារខៀន ៖ ខ្ញុំ​ត្រូវតែ …

សូម​អញ្ជើញ​សិស្ស​ឲ្យ​បំពេញ​ប្រយោគ​នេះ​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​របស់​ពួកគេ ។ សូម​បង្ហាញ​ទំនុកចិត្ត​របស់​អ្នក​ថា ពួកគេ​អាច​ជ្រើសរើស​ដើម្បី​គោរព​តាម​បាន ។ សូម​ចែកចាយ​គំនិត​របស់​អ្នក អំពី​របៀប​ដែល​ពាក្យ​របស់​នីហ្វៃ​អាច​ជួយ​ពួកគេ​ឲ្យ​ពង្រឹង​នូវ​សេចក្ដី​ជំនឿ​របស់​ពួកគេ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ និង បង្កើន​សមត្ថភាព​របស់​ពួកគេ​ដើម្បី​ធ្វើ​ល្អ ។

ការរំឭក​នីហ្វៃទី 2 ឡើងវិញ

សូម​ចំណាយ​ពេល​ខ្លះ​ដើម្បី​ជួយ​សិស្ស​ឲ្យ​រំឭក​នីហ្វៃទី 2 ឡើងវិញ ។ សូម​ឲ្យ​ពួកគេ​គិត​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី​គម្ពីរ​នេះ ទាំង​នៅក្នុង​ថ្នាក់​សិក្ខាសាលា និង នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់​របស់​ពួកគេ ។ ប្រសិនបើ​ចាំបាច់ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​មើល​ត្រួសៗ​ក្នុង​នីហ្វៃទី 2 ដើម្បី​ជួយ​ពួកគេ​ឲ្យ​ចងចាំ​វិញ ។ សូម​ឲ្យ​ពួកគេ​រៀបចំ​ចែកចាយ​អ្វី​មួយ​ពី​នីហ្វៃទី 2 ដែល​បាន​បំផុស​គំនិត​ពួកគេ​ឲ្យ​ធ្វើ​ល្អ និង មាន​សេចក្ដី​ជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ដូចដែល​នីហ្វៃ​បាន​និយាយ ( សូម​មើល នីហ្វៃទី ទី 2 33:4 ) ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​បី​បួន​នាក់​ចែកចាយ​នូវ​គំនិត និង អារម្មណ៍​របស់​ពួកគេ ។

សូម​ចែកចាយ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​អំពី​ទំនួល​ខុសត្រូវ​ដែល​យើង​មាន​ដើម្បី​អាន​ព្រះគម្ពីរ​មរមន និង អំពី​ពរជ័យ​ទាំងឡាយ​ដែល​មក​ក្នុង​ជីវិត​របស់​យើង នៅពេល​យើង​បំពេញ​ការទទួល​ខុសត្រូវ​នេះ ៖

ប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ បាន​មាន​ប្រសាសន៍​ថា ៖ « ចំពោះ​ខ្ញុំ វា​ហាក់ដូចជា​សមាជិក​សាសនាចក្រ​គ្រប់រូបនឹង​មិន​ដែល​ទទួល​បាន​ការពេញចិត្ត​ឡើយ រហូត​ដល់​គាត់​បាន​អាន​ព្រះគម្ពីរ​មរមន​ម្ដង​ហើយ​ម្ដង​ទៀត ហើយ​ពិចារណា​ពី​វា​យ៉ាង​ពេញលេញ ដើម្បី​ឲ្យ​គាត់​អាច​ថ្លែង​ជា​សាក្សី​ថា វា​គឺ​ពិត​ជា​កំណត់ត្រា​មួយ​ដែល​មាន​ការបំផុស​គំនិត​ពី​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ ហើយ​ថា​ប្រវត្តិសាស្ដ្រ​របស់​វា​គឺជា​រឿង​ពិត » ( នៅក្នុង​របាយការណ៍​សន្និសីទ ខែ តុលា ឆ្នាំ 1961 ទំព័រ 18 ) ។

ប្រធាន ហ្គរដុន ប៊ី. ហ៊ិងគ្លី បាន​បង្រៀន​ថា ប្រសិនបើ​សមាជិក​ទាំងឡាយ​នៃ​សាសនាចក្រ​អាន​ព្រះគម្ពីរ​មរមន « នឹង​មាន​រង្វាស់​បន្ថែម​មួយ​នៃ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​មក​ក្នុង​ជីវិត [ របស់​ពួកគេ ] និង នៅក្នុង​ផ្ទះ [ របស់​ពួកគេ ] នោះ​ការតាំងចិត្ត​ដ៏​រឹងមាំ​មួយ​ដើម្បី​ដើរ​ដោយ​ការគោរព​ប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ និង ទីបន្ទាល់​កាន់​តែ​រឹងមាំ​អំពី​ភាពពិត​ដែល​នៅរស់​របស់​ព្រះរាជបុត្រា​នៃ​ព្រះ » ( « A Testimony Vibrant and True »Ensignខែ សីហា ឆ្នាំ 2005 ទំព័រ 6 ) ។

ដើម្បី​បញ្ចប់​មេរៀន​នេះ អ្នក​អាច​គិត​ពី​ការចែកចាយ​បទពិសោធន៍​ផ្ទាល់ខ្លួន​មួយ​ជា​ទីបន្ទាល់​ថា ពាក្យ​ទាំងឡាយ​របស់​នីហ្វៃ​នៅក្នុង​ជំពូក​នេះ​ត្រូវ​បាន​បំពេញ​នៅក្នុង​ជីវិត​របស់​អ្នក ។