មេរៀនទី 129

នីហ្វៃទី 3 20

សៀវភៅ​ណែនាំ​ការសិក្សា​ព្រះគម្ពីរ​មរមន​សម្រាប់​គ្រូបង្រៀន ថ្នាក់​សិក្ខាសាលា


សេចក្តីផ្ដើម

នៅពេល​ថ្ងៃ​ទីពីរ​នៃ​ការបម្រើ​របស់​ទ្រង់​នៅក្នុង​ចំណោម​ពួកសាសន៍​នីហ្វៃ ព្រះយេស៊ូវគ្រីស្ទ​បានដឹកនាំ​ពិធីសាក្រាម៉ង់​ដល់​ប្រជាជន​ម្ដងទៀត ។ ទ្រង់​បាន​ថ្លែងទី​បន្ទាល់​ថា សេចក្តីសញ្ញា និង​សេចក្ដីសន្យា​ទាំងឡាយ​របស់​ព្រះវរបិតា​នឹង​ត្រូវបាន​បំពេញ​នៅ​ថ្ងៃចុង​ក្រោយ ។ ពួកសាសន៍​អ៊ីស្រាអែល​នឹង​ត្រូវ​បាន​ប្រមូល​ផ្ដុំ ហើយ​សាសន៍​ទាំងឡាយ​នៅលើ​ផែនដី​នឹង​ត្រូវបាន​ប្រទានពរ ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃទី 3 20:1–9

ព្រះអង្គសង្គ្រោះ​បម្រើ​ពិធីសាក្រាម៉ង់​ដល់​ប្រជាជន​ម្ដង​ទៀត

ដើម្បី​ចាប់ផ្ដើម​មេរៀន​នេះ សូម​ពន្យល់​ថា អ្នក​ចង់​ឲ្យ​យុវជន និង​យុវនារី​នៅក្នុង​ថ្នាក់​ឆ្លើយ​នឹង​សំណួរខុសៗ​គ្នា ។ សូម​ឲ្យយុវជន​ពីរ​បី​នាក់​ដែល​កាន់​អំណាច​បព្វជិតភាព​អើរ៉ុន​ប្រាប់​ដល់​សិស្ស​ក្នុង​ថ្នាក់​អំពី​ការទទួលខុសត្រូវ​របស់​ពួកគេ​ក្នុង​ការរៀបចំ ការប្រសិទ្ធពរ ឬ​ការចែក​សាក្រាម៉ង់ ។ សូមជួយ​ពួកគេ​ចែកចាយ​ពី​អារម្មណ៍​អំពី​ការបំពេញ​កាតព្វកិច្ច​ទាំងនេះ​ដោយ​ការសួរ​ពួកគេ​នូវ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​ការជួយ​បម្រើ​ពិធីសាក្រាម៉ង់​មាន​ន័យ​យ៉ាងណា​ដល់​អ្នក ?

  • តើ​អ្នក​បង្ហាញ​ដល់​ព្រះអម្ចាស់​ថា អ្នក​យល់​ពី​លក្ខណៈសម្បត្តិដ៏ពិសិដ្ឋ​នៃ​ពិធីបរិសុទ្ធ​នេះ​ដោយ​របៀបណា ?

សូម​ជួយ​យុវនារី​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​អារម្មណ៍​របស់​ពួកគេ​អំពី​ភាពពិសិដ្ឋ​នៃ​ពិធីសាក្រាម៉ង់​ដោយ​ការសួរ​ពួកគេ​នូវ​សំណួរ​ខាងក្រោម ៖

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា នៅពេល​អ្នក​ឃើញ​យុវជន​ដ៏​មាន​ភាពសក្តិសម​បម្រើ​ពិធីសាក្រាម៉ង់ ?

  • តើ​អ្នក​ធ្វើ​អ្វី​ខ្លះ​អំឡុងពេល​ការបម្រើ​ពិធីសាក្រាម៉ង់ ដែល​បង្ហាញ​ថា​អ្នក​យល់​ពី​លក្ខណៈសម្បត្តិដ៏ពិសិដ្ឋរបស់​ពិធី​សាក្រាម៉ង់ ?

សូម​ពន្យល់​ថា នៅ​ថ្ងៃទីពីរ​នៃ​ការបម្រើ​របស់​ទ្រង់ដល់ពួកសាសន៍​នីហ្វៃ ព្រះអង្គសង្គ្រោះ និង​ពួកសាវក​របស់​ទ្រង់​បាន​បម្រើ​ពិធី​សាក្រាម៉ង់​ដល់​ប្រជាជន​ជា​លើកទីពីរ ។ សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 3 20:1 ដោយ​ស្ងាត់ស្ងៀម ។ សូម​បង្ហាញ​នូវ​ប្រយោគ​ខាងក្រោម ៖ « ហើយ​ទ្រង់​បាន​បញ្ជា​ពួកគេ​ថា ពួកគេ​មិន​គួរ​ឈប់​អធិស្ឋាន​នៅក្នុង​ដួងចិត្ត​របស់​គេ​ទេ » ។

  • តើ​ឃ្លា « មិន​គួរ​ឈប់​អធិស្ឋាន » នៅក្នុង​ដួងចិត្ត​របស់​អ្នក​មាន​ន័យ​យ៉ាងណា​ដល់​អ្នក ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 3 20:3–5 ឮៗ ។

  • តើ​អ្នក​គិត​ថា​ការអធិសា្ឋន​នៅក្នុង​ចិត្ត​របស់​អ្នក​អាច​មាន​អានុភាព​លើ​បទពិសោធន៍​​ប្រចាំ​សប្ដាហ៍​របស់​អ្នក​ក្នុង​ការទទួល​យក​ពិធីសាក្រាម៉ង់​ដោយ​របៀបណា ?

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​វា​សំខាន់​ដើម្បី​នៅតែ​បន្ដ​ផ្ដោតលើ​ព្រះអង្គ​សង្គ្រោះ នៅ​ពេល​យើង​ទទួល​យក​សាក្រាម៉ង់ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 3 20:8 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​រកមើលអ្វី​ដែល​នំប៉័ង និង​ស្រាទំពាំងបាយជូ​តំណាង​ឲ្យ ។ ( វា​អាច​ជួយ​ច្រើន​ដើម្បី​ពន្យល់​ថា ការអនុវត្ត​សព្វថ្ងៃ​នៅក្នុង​សាសនាចក្រ​គឺ​ប្រើ​ទឹក​ជំនួស​ឲ្យ​ស្រាទំពាំងបាយជូ ។ [ សូមមើល គ. និង ស. 27:2 ] ) ។

  • តើ​នំប៉័ង និង​ទឹក​នៅក្នុង​ពិធី​សាក្រាម៉ង់​តំណាង​ឲ្យ​អ្វី ? ( ព្រះកាយ និងព្រះ​​លោហិត​របស់​ព្រះអង្គសង្គ្រោះ ) ។

អ្នក​អាច​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ជេម អ៊ិ ថាល់មេហ្គ នៃ​កូរ៉ុមនៃពួក​សាវក​ដប់ពីរនាក់ ​ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​អត្ថន័យ​ប្រៀប​ធៀប​នៃ​ការអញ្ជើញ​របស់​ព្រះអង្គសង្គ្រោះ​ឲ្យ​ទទួល​ទាន​សាច់​របស់​ទ្រង់ និង​ផឹក​ឈាម​របស់​ទ្រង់ ៖

« ទទួល​ទាន​សាច់ និង​ផឹក​ឈាម​របស់​ព្រះគ្រីស្ទ​ គឺ​ត្រូវ​ជឿ​លើនិង​ទទួល​យក​ទ្រង់​ជាព្រះ​រាជ​បុត្រា​នៃ​ព្រះពិត​ប្រាកដ និង​ជា​ព្រះអង្គសង្គ្រោះ​នៃ​ពិភពលោក ហើយ​ត្រូវ​គោរព​តាម​បទបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។ ដោយ​យោងតាម​អត្ថន័យ​នេះ វា​មាន​ន័យ​ថា ការអាច​ធ្វើ​ឲ្យ​ព្រះវិញ្ញាណនៃព្រះ​ក្លាយជា​ផ្នែក​ដ៏​ខ្ជាប់​ខ្ជួន​មួយ​នៃ​ការរស់នៅ​របស់​បុគ្គល​ម្នាក់ៗ ថែមទាំង​ជា​រសជាតិ​នៃ​អាហារ​ដែល​គេ​ទទួលទាន ក៏​ត្រូវបាន​ប្រដូច​ទៅនឹង​ព្រះកាយ​របស់​ទ្រង់​ដែរ » ( Jesus the Christ, ការបោះពុម្ព​លើកទី 3 [ ឆ្នាំ 1916 ], ទំព័រ 342; អក្សរ​ទ្រេត​ត្រូវបាន​បន្ថែម ) ។

  • តើ​មាន​និមិត្តសញ្ញា​អ្វី​ដែល​មាន​នៅក្នុង​ការទទួល​យក​នំប៉័ង និង​ទឹក ?

  • យោងតាម នីហ្វៃទី 3 20:8 តើ​ព្រះយេស៊ូវគ្រីស្ទ​បាន​សន្យា​ដល់​អស់អ្នក​ទាំងឡាយណា​ដែល​ទទួល​យក​ពិធីសាក្រាម៉ង់អ្វីខ្លះ ? ( ព្រលឹង​របស់​ពួកគេ​នឹង​ត្រូវបាន​បំពេញ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​ការដែល​ព្រលឹង​របស់​ពួកគេ​ត្រូវបាន​បំពេញ សូម​ឲ្យ​ពួកគេ​គិត​អំពី​ចំនួន​នៃ​នំប៉័ង និង​ទឹក​ដែល​ពួកគេ​តែង​ទទួល​យក នៅពេល ពួកគេ​ទទួល​ទាន​សាក្រាម៉ង់ ។ បន្ទាប់​មក​សួរ ៖

  • ប្រសិនបើ​អ្នក​ឃ្លាន និង​ស្រេកទឹក តើ​អ្នក​នឹង​ត្រូវ​ឆ្អែត​ដោយ​របស់ទាំង​នេះ​ទេ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 3 20:9 ឮៗ ហើយ​សូម​សួរ​សិស្ស​ក្នុង​ថ្នាក់ ៖

  • តើ​គោលការណ៍​អ្វី​ដែល​យើង​អាច​រៀន​ពី​ការបង្រៀនរ​បស់​ព្រះអង្គសង្គ្រោះ​នៅក្នុង នីហ្វៃទី 3 20:8–9 ? ( សិស្ស​អាច​ប្រើ​ពាក្យ​ខុសគ្នា ប៉ុន្ដែ​ពួកគេ​គួរ​រកឃើញ​នូវ​គោលការណ៍​ដូច​ខាងក្រោម​នេះ ៖ ប្រសិនបើ​យើង​សក្តិសម​ទទួលទាន​សាក្រាម៉ង់ នោះ​យើង​អាច​ត្រូវ​បាន​បំពេញ​ដោយ​ព្រះវិញ្ញាណបរិសុទ្ធ ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុមនៃពួក​សាវក​ដប់ពីរនាក់ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់រក​របៀប​ដែល​យើងត្រូវ​អាច​ប្រទានពរ នៅពេល​យើង​ត្រូវបាន​ពោរពេញ​ដោយ​ព្រះវិញ្ញាណ ៖

អែលឌើរដាល្លិន អេក អូក

« សូម​ឲ្យ​យើង​ធ្វើ​ខ្លួនយើង​ឲ្យ​សក្តិសម​នឹង​សេចក្ដីសន្យា​របស់​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ថា ដោយ​ការទទួល​យក​ពិធីសាក្រាម៉ង់ យើង​នឹង ‹ ត្រូវ​បាន​បំពេញ › ( នីហ្វៃទី 3 20:8; សូមមើល​ផងដែរ នីហ្វៃទី 3 18:9 ) ដែល​មាន​ន័យ​ថា យើង​នឹង​ត្រូវ​បាន ‹ បំពេញ​ដោយ​ព្រះវិញ្ញាណ › ( នីហ្វៃទី 3 20:9 ) ។ព្រះវិញ្ញាណ​នោះ —ព្រះវិញ្ញាណបរិសុទ្ធ — គឺជាអង្គលួងលោម​របស់យើង ជា​អង្គ​ជួយ​យើង​ស្វែង​រក​ទិស​ដៅ ជា​អង្គ​ទំនាក់ទំនងរបស់​យើង ជា​អង្គបកប្រែ​របស់​យើង សាក្សី​របស់​យើង និង​ជា​អង្គ​ដែលបន្សុទ្ធ​យើង— ជា​អង្គដឹកនាំយើង​ពិត​ប្រាកដ និង​ជា​អង្គ​ឲ្យយើង​រួច​ពី​បាប នៅ​ដំណើរ​ខាង​សាច់ឈាម​របស់​យើង​ទៅរក​ជីវិតដ៏នៅអស់កល្បជានិច្ច ។​

« … ចេញពី​សកម្មភាព​ដែល​មើល​ទៅ​តូចតាច​នៃ​ការបន្ដ​សេចក្តីសញ្ញានៃ​ពិធីបុណ្យជ្រមុជទឹក​ដោយ​មនៈសិការ និង​ដោយ​ការគោរព នោះ​វា​នាំ​មក​នូវ​ការបន្ដ​នៃ​ពរជ័យ​នៃ​ពិធីបុណ្យជ្រមុជទឹក​ដោយ​ទឹក និង​ដោយ​ព្រះវិញ្ញាណ ដែល​យើង​អាច​មាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់​នៅ​ជាមួយ​នឹង​យើង​ជានិច្ច ។ តាម​របៀប​នេះ ​យើង​ទាំងអស់គ្នា​នឹង​ត្រូវបាន​ដឹកនាំ ហើយ​តាម​របៀប​នេះ យើង​ទាំងអស់​គ្នា​អាច​ត្រូវ​បាន​​សម្អាត » ( « Always Have His Spirit » Ensign, ខែ វិច្ឆិកា ឆ្នាំ 1996, ទំព័រ 61 ) ។

  • តើ​មាន​របៀប​ណាខ្លះ​ដែល​យើង​អាច​ត្រូវ​បាន​ប្រទានពរ នៅពេល​យើង​ពោរពេញ​ដោយ​ព្រះវិញ្ញាណ ?

  • តើ​នៅពេល​ណា​ដែល​ការទទួល​យក​ពិធីសាក្រាម៉ង់​បាន​ជួយ​អ្នក​ ឲ្យ​ពោរពេញ​ដោយ​ព្រះវិញ្ញាណបរិសុទ្ធ ?

សូម​ធ្វើទីបន្ទាល់​អំពី​ពរជ័យ​ដែល​អ្នក​បាន​មាន​​ពី​ការទទួល​យក​ពិធីសាក្រាម៉ង់ ហើយ​​និង​ភាព​​ពោរពេញ​ដោយ​ព្រះវិញ្ញាណ ។ សូម​បញ្ជាក់​ថា ការអធិស្ឋាន​នៅក្នុង​ចិត្ត​របស់​យើង​គឺជា​របៀប​មួយ​ដែល​យើង​អាច​រៀបចំ​នឹង​ទទួល​យក​ពិធីសាក្រាម៉ង់ និង​ដើម្បី​ត្រូវបាន​ពោរពេញ​ដោយ​ព្រះវិញ្ញាណបរិសុទ្ធ ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ចំណាយពេល​អធិស្ឋាន​មុនពេល​ទទួល​យក​សាក្រាម៉ង់ ។

នីហ្វៃទី 3 20:10–46

ព្រះ​អង្គ​សង្គ្រោះ​បង្រៀន​ដល់​ពួកសាសន៍​នីហ្វៃ​អំពី​សេចក្ដីសញ្ញា ដែល​នឹង​ត្រូវ​បំពេញ​នៅ​ថ្ងៃចុងក្រោយ

សូម​ឲ្យ​សិស្ស​សរសេរ​នៅក្នុង​សៀវភៅសរសេរ ឬកំណត់ហេតុការ​សិក្សា​ព្រះ​គម្ពីរ​នូវ​ការរៀបរាប់​ដ៏​សង្ខេប​មួយ​អំពី​គុណសម្បត្តិ​ដ៏​សំខាន់​បំផុត​របស់​ពួកគេ ។ ក្រោយពី​ពួកគេ​បញ្ចប់​ហើយ សូម​ឲ្យ​ពួកគេ​រកមើល​គុណសម្បត្តិ​ដែល​ពួកគេ​បាន​ផ្ដោតលើ ។ តើ​វា​ជា​លក្ខណៈសម្បត្តិ​ខាង​រាងកាយ​ឬ ? លក្ខណៈ​សម្បត្តិ​ខាង​ចរិយាសម្បត្តិ​ឬ ? លក្ខណៈ​សម្បត្តិ​ខាង​វិញ្ញាណ​ឬ ? ​( ប្រសិន​បើ​មាន​ពេល អ្នក​អាច​សុំ​ឲ្យ​សិស្ស​ពីរ​បី​នាក់​អាន​អ្វី​ដែល​ពួកគេ​បាន​សរសេរ ) ។ សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដាវីឌ អេ បែដណា នៃ​កូរ៉ុមនៃពួក​សាវក​ដប់ពីរនាក់ ហើយ​សូម​ឲ្យ​សិស្ស​ស្ដាប់​នូវ​អ្វី​ដែល​លោក​បាន​មាន​ប្រសាសន៍​​គួរកំណត់​​អត្តសញ្ញាណ​របស់​បុគ្គល​ម្នាក់ ៖

អែលឌើរ ដាវីឌ អេ បែដណា

« អ្នក​អាច​ចូល​ចិត្ត ​តន្ដ្រី កីឡា ឬ​បច្ចេកវិទ្យា ហើយ​ថ្ងៃណា​មួយ​អ្នក​អាច​ធ្វើ​ការ​នៅក្នុង​ក្រុមហ៊ុន​ពាណិជ្ជកម្ម ឬ​វិជ្ជាជីវៈ ឬ​ខាង​សិល្បៈ ។ វា​អាច​សំខាន់​ដូចជា​សកម្មភាព និង​ការងារ​បែបនេះ វា​មិន​បាន​បង្ហាញ​ថា​តើ​យើង​ជា​នរណា​នោះទេ ។ ជា​ចំបង​ និង​ការណ៍​ដ៏​សំខាន់​បំផុត​នោះ យើង​មាន​​រូបកាយ​ខាង​វិញ្ញាណ ។ យើង​គឺជា [ កូនចៅ ] របស់​ព្រះ និង​ជា​ពូជ​របស់​អ័ប្រាហាំ » ( « Becoming a Missionary » Ensign លីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2005 ទំព័រ 47 ) ។

  • តើ​អែលឌើរ បែដណា បាន​ឲ្យ​និយមន័យ​ថា​យើង​ជា​នរណា ? តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​វា​សំខាន់​សម្រាប់យើង​ដើម្បី​ឃើញ​ខ្លួន​យើង​ « ជា​ចំបង ហើយសំខាន់​បំផុត » ថាជា​មនុស្សមាន​រូបកាយ​​ខាង​វិញ្ញាណ​ដែល​ជា​កូនចៅ​នៃ​ព្រះ ?

សូម​បង្ហាញ​ថា បន្ថែម​លើ​ការនិយាយ​ថា យើង​គឺជា​កូនចៅ​របស់​ព្រះ អែលឌើរ បែដណា​បាន​មាន​ប្រសាសន៍​ថា យើង​គឺជា​ពូជ​របស់​អ័ប្រាហាំ ។ សូម​ពន្យល់​ថា​ឃ្លា « ពូជ​របស់​អ័ប្រាហាំ » អាច​សំដៅ​លើ​ប្រជាជន​ដែល​ជា​កូនចៅ​របស់​អ័ប្រាហាំ​តាម​ន័យ​ត្រង់ ។ វា​ក៏​អាច​សំដៅ​លើ​ប្រជាជន​ដែល​ទទួល​យក​ភាពពេញលេញ​នៃ​ដំណឹងល្អ ពរជ័យ​នៃ​បព្វជិតភាព និង​សេចក្ដីសន្យា និង​សេចក្ដីសញ្ញា​ដូចគ្នា​ដែល​ព្រះ​បាន​ធ្វើ​ជាមួយ​នឹង​អ័ប្រាហាំ ដោយ​ការទទួល​យក និង​ការគោរព​តាម​ច្បាប់ និង​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

សូម​ប្រាប់​សិស្ស​ថា​នៅក្នុង នីហ្វៃទី 3 20 ទាំងមូល ពួកគេ​នឹង​សិក្សា​អំពី​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ​ដល់​ពួកសាសន៍​នីហ្វៃអំពី​សេចក្ដីសញ្ញា និង​សេចក្ដីសន្យា​ទាំងឡាយ​ដែល​បាន​ធ្វើ ជាមួយ​នឹង​អ័ប្រាហាំ និង​កូនចៅ​របស់​លោក ( វង្ស​អ៊ីស្រាអែល ) ។ ទ្រង់​បាន​មាន​បន្ទូល​ថា ពួកគេ​អាច​រៀន​អំពី​សេចក្ដីសញ្ញា​ទាំងនេះ​ដោយ​ការសិក្សា​ពាក្យពេចន៍​របស់​អេសាយ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 3 20:11–12 ឮៗ ។ សូម​ឲ្យសិស្ស​ក្នុង​ថ្នាក់មើល​តាម ដោយ​រកមើលអ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ថា​នឹង​កើតឡើង នៅពេល​ពាក្យ​របស់​អេសាយ​ត្រូវបាន​បំពេញ ។ ក្រោយពី​សិស្ស​បាន​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​ហើយ អ្នក​អាច​ពន្យល់​ថា ពាក្យ​របស់​អេសាយ​នឹង​ត្រូវបាន​បំពេញ​នៅ​ក្នុង​ថ្ងៃចុងក្រោយ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 3 20:13 ឮៗ ហើយ​សូម​ឲ្យ​សិស្ស​រកមើល​របៀប​ដែល​ព្រះវរបិតាសួគ៌​នឹង​បំពេញ​តាម​សេចក្ដីសញ្ញា​របស់​ទ្រង់​ជាមួយ​នឹង​វង្ស​អ៊ីស្រាអែល​នៅក្នុង​ថ្ងៃចុងក្រោយ ។ ​សូម​​ឲ្យ​សិស្ស​សង្ខេប​សេចក្ដីពិត​ដែល​ពួកគេ​បាន​រៀន​ពី នីហ្វៃទី 3 20:11–13 ។ ( ចម្លើយ​របស់​សិស្ស​អាច​ខុសគ្នា ប៉ុន្ដែ​ពួកគេ​គួរ​រកឃើញ​នូវ​សេចក្ដីពិត​ខាងក្រោម​នេះ ៖ ព្រះអម្ចាស់​នឹង​បំពេញ​តាម​សេចក្ដីសញ្ញា​របស់​ទ្រង់​ដើម្បី​ប្រមូល​វង្សអ៊ីស្រាអែល​នៅក្នុង​ថ្ងៃចុង​ក្រោយ ។ សូម​គិត​ពី​ការសរសេរ​សេចក្ដីពិត​នេះ​នៅលើ​ក្ដារខៀន )។

  • យោងតាម នីហ្វៃទី 3 20:13 តើ​ចំណេះដឹង​អ្វី​ដែល​ប្រជាជន​នៃ​វង្ស​អ៊ីស្រាអែល​នឹង​ទទួល​បាន ដែល​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការប្រមូល​ផ្ដុំ​នោះ ? ( ពួកគេ​នឹង​ទទួល​បាន « នាំ​មក​ឲ្យ​ស្គាល់​ព្រះអម្ចាស់ ជា​ព្រះ​របស់​គេ ដែល​បាន​ប្រោសលោះ​ពួកគេ » ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​ឃើញ​ពី​របៀប​ដែល​ការស្គាល់​ព្រះយេស៊ូវគ្រីស្ទ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការប្រមូល​ផ្ដុំ​ពូជ​អ៊ីស្រាអែល សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃ​កូរ៉ុមនៃពួក​សាវក​ដប់ពីរនាក់ ។ សូម​ឲ្យ​សិស្ស​ស្ដាប់​រក​អ្វីដែល​ទាក់ទង​នឹង​ការប្រមូល​ផ្ដុំ​ពូជ​អ៊ីស្រាអែល ។

« ការប្រមូល​ផ្ដុំ​ពូជ​អ៊ីស្រាអែល​រួមមាន​ការជឿ និង​ការទទួល និង​ការរស់នៅ​ដោយ​សុខដុម​ជាមួយ​នឹង​អ្វី​ទាំងអស់​ដែល​ព្រះអម្ចាស់​ធ្លាប់​បាន​ផ្ដល់​ដល់​ប្រជាជនជំរើស​របស់​ទ្រង់​កាលពី​បុរាណ ។ វា​រួមមាន​ការមាន​សេចក្ដីជំនឿ​ទៅលើ​ព្រះអម្ចាស់ ព្រះ​យេស៊ូវ​គ្រីស្ទ លើ​ការប្រែចិត្ត លើ​ការជ្រមុជទឹក និង​ការទទួល​បាន​អំណោយទានព្រះវិញ្ញាណបរិសុទ្ធ និង​ការកាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ ។ វា​រួមមាន​ការជឿលើ​ដំណឹងល្អ ការចូលរួម​ក្នុង​សាសនា​ចក្រ និង​ការមក​កាន់​នគរ​នៃព្រះ ។ វា​រួមមាន​ការទទួល​បាន​បព្វជិតភាព​ដ៏​បរិសុទ្ធ ការទទួល​ធ្វើ​ពិធីការបរិសុទ្ធ​នៅក្នុង​កន្លែង​ដ៏​បរិសុទ្ធ​ដោយ​អំណាច​ពី​ទី​ខ្ពស់ និង​ការទទួល​បាន​ពរជ័យ​ទាំងឡាយ​នៃ​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប តាមរយៈ​ពិធីការ​នៃ​អាពាហ៍ពិពាហ៍សេឡេស្ទាល ។​ ហើយ​វា​ក៏​អាច​រួមមាន​ការប្រជុំ​គ្នា​នៅ​កន្លែង ឬ​ដែនដី​ជ្រើសរើស​មួយ​ដើម្បី​ថ្វាយបង្គំ​ព្រះ » ( A New Witness for the Articles of Faith [ ឆ្នាំ 1985 ] ទំព័រ 515 ) ។

  • តើ​ការជឿលើ និង​ការធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល​ដោយ​របៀបណា ?

សូម​សង្ខេប នីហ្វៃទី 3 20:14–22 ។ សូម​ពន្យល់​ថា ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ពួកសាសន៍​នីហ្វៃ​ថា ជា​ផ្នែក​នៃ​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល និង​ក្នុង​ការបំពេញ​តាម​សេចក្ដីសញ្ញា​របស់​ព្រះអម្ចាស់​ជាមួយ​នឹង​អ័ប្រាហាំ ព្រះវរបិតាសួគ៌​បាន​ប្រទាន​ដល់​កូនចៅ​របស់​លីហៃ​នូវ​ដែនដី​ដែល​ពួកគេ​បាន​រស់នៅ​ជា​មរតក ។ ទ្រង់​ក៏​បាន​ពន្យល់​ពី​របៀប​មួយ​ទៀត​ដែល​សាសន៍​នីហ្វៃ​ត្រូវបាន​ប្រទានពរ​ក្នុង​នាម​ជាកូនចៅ​នៃ​សេចក្ដីសញ្ញា ។ សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 3 20:23–24 ដោយ​ស្ងាត់​ស្ងៀម​ ដោយ​រកមើល​អ្នកដែល​ម៉ូសេ​បាន​ព្យាករណ៍​ថា​នឹង​ប្រទានដល់​វង្ស​អ៊ីស្រាអែល ។ ក្រោយពី​សិស្ស​រៀបរាប់​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​ហើយ សូម​ឲ្យ​ពួកគេ​អាន នីហ្វៃទី 3 20:25–26 ដោយ​ស្ងៀមស្ងាត់ ។ សូម​ឲ្យ​ពួកគេ​រកមើល​របៀប​ដែល​កូនចៅ​របស់​លីហៃ​ត្រូវបាន​ប្រទានពរ​ដោយ​សារតែ​សេចក្ដី​សញ្ញា​​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ជាមួយ​នឹង​អ័ប្រាហាំ ។ នៅពេល​សិស្ស​រៀប​រាប់​អ្វី​ដែល​ពួកគេ​រកឃើញ សូម​បញ្ជាក់​ថា ព្រះវរបិតាសួគ៌​បាន​បញ្ជូន​ព្រះយេស៊ូវគ្រីស្ទ​ទៅជួប​នឹង​កូនចៅ​របស់​លីហៃ និង​សង្គ្រោះ​ពួកគេ​ចេញពី​អំពើបាប « ដោយសារ [ ពួកគេ​គឺជា ] កូនចៅ​នៃ​សេចក្ដីសញ្ញា » ។​

  • តើ​យើង​ត្រូវបាន​ប្រទានពរ​ដោយ​សេចក្ដីសញ្ញា​ដែល​យើង​ធ្វើ​ជាមួយ​នឹង​ព្រះវរបិតាសួគ៌​ដោយ​របៀបណា ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 3 20:27 ឮៗ ហើយ​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ការទទួលខុសត្រូវ​មួយ​ដែល​មក​ជាមួយ​នឹង​សេចក្ដីសញ្ញា​ដែល​យើង​ធ្វើ​ជាមួយ​នឹង​ព្រះអម្ចាស់ ។

  • នៅពេល​យើង​បាន​ធ្វើ​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះអម្ចាស់ តើ​ការទទួល​ខុសត្រូវ​របស់​យើង​ចំពោះ​មនុស្ស​ផ្សេង​ទៀត​ទូទាំង​ពិភពលោក​មាន​អ្វីខ្លះ ? ( សិស្ស​នឹង​អាច​រកឃើញ​នូវ​សេចក្ដីពិត​ខាងក្រោម​នេះ ៖ ក្នុង​នាម​ជា​កូនចៅ​របស់​អ័ប្រាហាំ យើង​មាន​ការទទួលខុសត្រូវ​តាម​សេចក្ដីសញ្ញា​មួយ​ដើម្បី​ប្រទានពរ​ដល់​មនុស្សផ្សេង​ទៀត​នៅលើ​ផែនដី ។ សូម​គិត​ពី​ការសរសេរ​សេចក្ដីពិត​នេះ​នៅលើ​ក្ដារខៀន ) ។

  • តើ​អ្នក​គិត​ថា យើង​អាច​ជា​ពរជ័យ​មួយ​ដល់​មនុស្ស​ទាំងអស់​នៅលើ​ផែនដី​ដោយ​របៀបណា ? ( ប្រសិនបើ​អ្នក​បាន​សរសេរ​ប្រយោគ​នៃ​គោលលទ្ធិ​នៅលើ​ក្ដារខៀន សូម​បន្ថែម​ពាក្យ « ដោយ​ការចែកចាយ​ដំណឹងល្អ​ជាមួយ​នឹង​ពួកគេ  ។

សូម​សង្ខេប នីហ្វៃទី 3 20:29–46 ដោយ​ពន្យល់​សង្ខេប​ថា បន្ថែម​លើ​ការបង្រៀន​ដល់​ពួកសាសន៍​នីហ្វៃអំពី​ពរជ័យ និង​ការទទួលខុសត្រូវ​របស់ពួកគេ​ក្នុង​នាម​ជា​កូនចៅ​នៃ​សេចក្ដីសញ្ញា នោះ​ព្រះអង្គ​សង្គ្រោះ​បាន​បញ្ជាក់​ថា ដែនដី​មរតក​របស់​ពួកសាសន៍​យូដា​នឹង​ជា​ទីក្រុង​យេរូសាឡិម ។ ទ្រង់​បាន​ដកស្រង់​ការព្យាករណ៍​របស់​អេសាយ ដែល​បាន​ប្រាប់​ជាមុន​ពី​ពេល​ដែល​ពួកសាសន៍​យូដា​នឹង​ត្រូវ​សា្ដរឡើងវិញ​ទៅកាន់​ដែនដី ​មរតក​របស់​ពួកគេ ក្រោយពី​ពួកគេ​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​អធិស្ឋាន​​ទៅកាន់​ព្រះបិតា​ក្នុង​ព្រះនាម​របស់​ទ្រង់ ។

ដើម្បី​បញ្ចប់ សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 3 20:46 ឮៗ ។ សូម​ឲ្យ​សិស្ស​ដទៃទៀតមើល​តាម ហើយ​រកមើល​របៀប​មួយ​ដែល​ពួកគេ​អាច​ប្រទាន​ពរ​ដល់​ជីវិត​របស់​មនុស្ស​ផ្សេង​ទៀត​ជាមួយ​នឹង​ដំណឹងល្អ​អំឡុងពេល​សប្ដាហ៍​ក្រោយ ។ សូម​ដាក់​ផែនការ​ដើម្បី​តាមដាន​សិស្ស​អំឡុងពេល​បង្រៀន​លើក​ក្រោយ​ដើម្បី​ផ្ដល់​ឱកាស​ដល់​ពួកគេ​ឲ្យ​រៀបរាប់​ពី​បទពិសោធន៍​របស់​គេ ។ សូម​ធ្វើទីបន្ទាល់​អំពី​សារៈសំខាន់នៃ​ការបំពេញ​ទំនួល​ខុស​ត្រូវ​របស់​យើង​ដើម្បី​ជួយ​ប្រមូល​សាសន៍​អ៊ីស្រាអែល ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

នីហ្វៃទី 3 20:16។ « បីដូចជា​កូន​សត្វ​សិង្ហ​មួយនៅហ្វូង​ចៀម »

ដោយ​យោង​លើ​ការបង្រៀន​នៅក្នុង នីហ្វៃទី 3 20:16 អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃ​កូរ៉ុមនៃពួកសាវក​ដប់ពីរនាក់​បាន​បង្រៀន ៖

« បន្ទូលទាំងនេះរបស់​ព្រះអម្ចាស់​យើង ទៅកាន់​ពួកសាសន៍​នីហ្វៃ​ត្រូវបាន​ដកស្រង់​ពី មីកា 5:8–9 និង​មាន​សេចក្ដីយោង​ទៅរក​ការវិនាស​ហិនហោច និង​ការឆេះ​នៅ​ទីបញ្ចប់​ដែល​នឹង​បំផ្លាញ​ពួកទុច្ចរិត​នៅ​ពេល​ការយាង​មក​ជា​លើកទីពីរ ។ លើកលែង​តែ​មនុស្ស​មួយចំនួន​ដែល​ជា​អ្នកដើរតាម​ព្រះគ្រីស្ទ​ដោយ​បន្ទាបខ្លួន ពួកសាសន៍​ដទៃ​នឹង​មិន​ប្រែចិត្ត​ឡើយ ។ ពួកគេ​នឹង​សប្បាយរីករាយ​ក្នុង​សេចក្ដីខ្ពើមឆ្អើម និង​អំពើបាប​របស់​ពួកគេ​ប្រឆាំង​នឹង​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ ហើយ​ពួកគេ​នឹង​ត្រូវ​ឆេះ​ដោយពន្លឺ​​នៃ​ការយាងមក​របស់​ព្រះអម្ចាស់​យើង ខណៈពេល​ដែល​ពួកសុចរិត— នៅទីនេះ​ត្រូវបាន​ហៅ​ថា​ជា​កូនចៅ​នៃ​យ៉ាកុប— ត្រូវ​គោរព​តាម​នៅ​ថ្ងៃនោះ ។ ហើយ​បន្ទាប់មក នៅក្នុង​រូបភាព​នៃ​ការព្យាករណ៍ វា​នឹង​ក្លាយ ដូចជា​កូនចៅ​សំណល់​នៃ​អ៊ីស្រាអែល​បំផ្លាញ​សត្រូវ​របស់​គេ ដូចជា​កូន​សត្វ​សិង្ហ​មួយ​នៅក្នុង​ហ្វូងចៀម » (The Millennial Messiah: The Second Coming of the Son of Man [ ឆ្នាំ 1982 ] ទំព័រ 248 ) ។

នីហ្វៃទី 3 20:26 ។ កូនចៅ​ក្នុង​សេចក្ដីសញ្ញា

អែលឌើរ រ័សុល អិម ណិលសុន នៃ​កូរ៉ុម​នៃពួក​សាវក​ដប់ពីរនាក់​បាន​មាន​ប្រសាសន៍​អំពី​ពរជ័យ​នៃ​ការដឹង​ថា យើង​គឺជា​កូនចៅ​ក្នុង​សេចក្ដីសញ្ញា ៖

« នៅពេល​យើង​ដឹង​ថា យើង​គឺជា​កូនចៅ​ក្នុង​សេចក្ដីសញ្ញា យើង​ដឹង​ថា​យើង​ជា​នរណា និង​អ្វី​ដែល​ព្រះ​សង្ឃឹម​ចង់​បាន​ពី​យើង ។ « ក្រឹត្យវិន័យ​របស់​ទ្រង់​បាន​កត់​ទុក​ក្នុង​ចិត្ត​របស់​យើង​ហើយ ។ ទ្រង់​គឺ​ជា​ព្រះ​របស់​ពួក​យើង ហើយ​ពួកយើង​គឺ​ជា​រាស្ត្រ​របស់​ទ្រង់ ។ កូនចៅ​ក្នុង​សេចក្ដីសញ្ញា​ដែល​ធ្វើ​តាម​ទ្រង់​យ៉ាង​​រឹងមាំ ទោះបីជា​នៅក្នុង​កណ្ដាល​ឧបសគ្គ​ក្ដី ។ នៅពេល​គោលលទ្ធិ​នោះ​ត្រូវបាន​ឆ្លាក់​យ៉ាងជ្រៅ​នៅក្នុង​ដួងចិត្ត​របស់យើង នោះ​ខ្សែ​នៃ​សេចក្ដីស្លាប់​ត្រូវ​លួងលោម ហើយ​ការខំប្រឹង​ខាងវិញ្ញាណ​របស់យើង​ត្រូវបាន​ពង្រឹង » ( « Covenants » Ensign Liahona ខែ វិច្ឆិកា ឆ្នាំ 2011 ទំព័រ 88 ) ។

នីហ្វៃ​ទី 3 20:26–27 ។ ការបំពេញ​នៃ​សេចក្ដីសញ្ញា​អ័ប្រាហាំ

អែលឌើរ រ័សុល អិម ណិលសុន នៃ​កូរ៉ុមនៃពួក​សាវក​ដប់ពីរនាក់​បាន​មាន​ប្រសាសន៍​អំពីរបៀប​មួយ​ដែល​យើង​អាច​ជួយ​បំពេញ​តាម​សេចក្ដីសញ្ញា​អ័ប្រាហាំ ៖

« ការទទួលខុសត្រូវ​របស់​យើង​គឺ​ដើម្បី​ជួយ​បំពេញ​សេចក្តីសញ្ញាអ័ប្រាហាំ ។ យើង​គឺជា​កូនចៅ​ដែល​បាន​តែងតាំងទុក​ជា​មុន ហើយ​បាន​រៀបចំ​ដើម្បី​ប្រទានពរ​ដល់​មនុស្ស​ទាំងឡាយ​នៅលើ​ពិភពលោក ។ នោះ​គឺជាមូលហេតុ​ដែល​កាតព្វកិច្ច​បព្វជិតភាព រួមមាន​កិច្ចការ​ផ្សព្វ​ផ្សាយសាសនា ។ ក្រោយពី 4,000 ឆ្នាំ​នៃ​ការចូលរួម និង​ការរៀបចំ នេះ​គឺជា​ថ្ងៃ​ដែល​បាន​ជ្រើស នៅពេល​ដែល​ដំណឹងល្អ​ត្រូវបាននាំ​ទៅដល់​គ្រប់ជាតិសាសន៍នៅលើ​ផែនដី ។ នេះ​គឺជា​ពេល​នៃ​ការប្រមូល​ពួក​អ៊ីស្រាអែល​ដែល​បាន​សន្យា​ទុក ។ ហើយ​យើង​ត្រូវ​បានចូលរួម ! តើ​វា​មិន​គួរ​ឲ្យ​រំភើប​ទេឬ ? ព្រះអម្ចាស់​ទុកព្រះទ័យលើ​យើង និង​កូនប្រុស​របស់​យើង —ហើយ​ទ្រង់​មាន​សេចក្ដីរីករាយ​ជាខ្លាំង​ចំពោះ​កូនស្រី​របស់​យើង —ដែល​បម្រើ​ដោយ​សក្ដិសម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅក្នុង​ពេល​ដ៏​អស្ចារ្យ​នេះ​នៃ​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល» ( « Covenants » Ensign Liahona ខែ វិច្ឆិកា ឆ្នាំ 2011 ទំព័រ 88 ) ។

នីហ្វៃទី 3 20:27 ។ អ្នកមាន​កាតព្វកិច្ច​ដើម្បី​ចែកចាយ​ដំណឹងល្អ

អែលឌើរ ដាវីឌ អេ បែដណា នៃ​កូរ៉ុមនៃពួក​សាវក​ដប់ពីរនាក់​បាន​បញ្ជាក់​ពី​កាតព្វកិច្ច​របស់​យើង​ដើម្បី​ចែកចាយ​ដំណឹងល្អ​ដល់​អ្នកដទៃ ៖

« អ្នក និង​ខ្ញុំ ថ្ងៃនេះ និង​ជា​និរន្ដរ៍​ទៅ គឺ​ត្រូវ​ប្រទានពរ​ដល់​មនុស្ស​ទាំងឡាយ​នៅ​គ្រប់​ជាតិសាសន៍​ជុំវិញ​ពិភពលោក ។ អ្នក និង​ខ្ញុំ ថ្ងៃនេះ និង​ជា​និរន្ដរ៍​ទៅ ត្រូវ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ប្រកាស​អំពី​សារលិខិត​នៃ​ការសា្ដរឡើង​វិញ ។ អ្នក និង​ខ្ញុំ ថ្ងៃនេះ និង​ជា​និរន្ដរ៍​ទៅ ត្រូវ​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួល​បាន​ពិធីបរិសុទ្ធ​នៃ​សេចក្ដីសង្គ្រោះ ។ ការប្រកាស​ដំណឹងល្អ​មិនមែន​ជា​កាតព្វកិច្ច​បព្វជិតភាព​ក្រៅម៉ោង​នោះ​ទេ ។ វា​មិនមែន​ជា​សកម្មភាព​សាមញ្ញ​មួយ​ដែល​យើង​ធ្វើ​ក្នុង​ពេលកំណត់​មួយ ឬ​កិច្ចការ​មួយ​ដែល​យើង​ត្រូវ​បំពេញ​ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រនៃ​ព្រះយេស៊ូវគ្រីស្ទនៃ​ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ​នោះ​ទេ ។ ប៉ុន្ដែ កិច្ចការផ្សព្វផ្សាយសាសនា​គឺជា​ការបង្ហាញ​នៃ​អត្តសញ្ញាណ និង​មរតក​ខាង​វិញ្ញាណ​របស់​យើង ។ យើង​ត្រូវបាន​តែងតាំង​ជា​មុនពីមុន​ឆាកជីវិតនេះ និង​បាន​កើតនៅ​ក្នុង​ជីវិត​រមែងស្លាប់​ដើម្បី​បំពេញ​តាម​សេចក្ដីសញ្ញា និង​សេចក្ដីសន្យា​ដែល​ព្រះ​បាន​ធ្វើ​ជាមួយ​នឹង​អ័ប្រាហាំ ។ យើង​នៅលើ​ផែនដី​នៅពេល​នេះ​ដើម្បី​បញ្ជាក់​ពី​បព្វជិតភាព និង​ដើម្បី​ផ្សាយដំណឹងល្អ ។ នោះគឺជា​យើង ហើយ​នោះ​គឺជា​មូលហេតុ​ដែល​នៅ​ទីនេះ—ថ្ងៃនេះ និង​ជា​និរន្ដរ៍​ទៅ » ( « Becoming a Missionary » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ 2005 ទំព័រ 47 ) ។