មេរៀនទី 92

អាលម៉ា 34–35

សៀវភៅ​ណែនាំ​ការសិក្សា​ព្រះគម្ពីរ​មរមន​សម្រាប់​គ្រូបង្រៀន ថ្នាក់​សិក្ខាសាលា


សេចក្តី​ផ្ដើម

ក្រោយពី​អាលម៉ា​បាន​បង្រៀន​ដល់​ពួកសាសន៍​សូរាំ​ឲ្យ​ជឿ​លើ​ព្រះរាជបុត្រា​នៃ​ព្រះ អាមូលេក​បាន​ប្រកាស​ពី​ទីបន្ទាល់​ផ្ទាល់​របស់​គាត់​លើ​ព្រះយេស៊ូវគ្រីស្ទ ដោយ​ផ្ដល់​ជា​សាក្សី​ទីពីរ ។ អាមូលេក ជា​ដៃគូ​របស់​អាលម៉ា បាន​បញ្ជា់​ថា ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ចាំបាច់​សម្រាប់​សេចក្ដីសង្គ្រោះ​ដល់​មនុស្ស​ទាំងអស់ ហើយ​ថា​បុគ្គល​ទាំងឡាយ​អាច​ទទួល​បាន​ពរជ័យ​ទាំងឡាយ​នៃ​ដង្វាយធួន នៅពេល​ពួកគេ​អនុវត្ត​សេចក្ដីជំនឿ​រហូត​ដល់​មាន​ការប្រែចិត្ត ។ ពួកសាសន៍​សូរាំ​ជាច្រើន​បានគោរព​តាម​ការអញ្ជើញ​របស់​អាលម៉ា​ដើម្បី​ប្រែចិត្ត ។ នៅពេល​ពួកសាសន៍​សូរាំ​ដែល​បាន​ប្រែចិត្ត​ត្រូវបាន​បណ្ដេញ​ចេញ​ពី​ដែនដី​ដោយ​សារ​ពួកអ្នកដឹកនាំ និង​ពួកសង្ឃ​ដ៏​ទុច្ចរិត​របស់​ពួកគេ ពួកសាសន៍​នីហ្វៃ និង​ប្រជាជន​អាំម៉ូន​បាន​ផ្ដល់​អាហារ សំលៀកបពាក់ និង​ដែនដី​សម្រាប់​មរតក​ដល់​ពួកគេ ។ ជាលទ្ធផល ពួកសាសន៍​លេមិន និង​ពួកសាសន៍​សូរាំ​ដែល​មិន​បាន​ប្រែចិត្ត​បាន​ចាប់ផ្ដើម​រៀបចំ​ធ្វើ​ចម្បាំង​នឹង​ពួកសាសន៍​នីហ្វៃ និង​ប្រជាជន​អាំម៉ូន ។

យោបល់​សម្រាប់​ការបង្រៀន

អាលម៉ា 34:1–14

អាមូលេក​បង្រៀន​ដល់​ពួកសាសន៍​សូរាំ​អំពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ

សូម​សរសេរ​ប្រយោគ​ខាងក្រោម​នៅលើ​ក្ដារខៀន មុន​ចាប់ផ្ដើម​បង្រៀន ។ សូម​ឲ្យ​សិស្ស​សរសេរ​នៅក្នុង​សៀវភៅ ឬ ក្រដាស​មួយ​ថា​តើ​ពួកគេ​គិត​ថា​ប្រយោគ​នីមួយៗ​ត្រូវ ឬ​ក៏​ខុស ។

  1. នៅពេល​ព្រះយេស៊ូវគ្រីស្ទ​បាន​សុគត​សម្រាប់​អំពើបាប​របស់​មនុស្សជាតិ ទ្រង់​បាន​រងទុក្ខ​តែ​សម្រាប់​មនុស្ស​សុចរិត​តែប៉ុណ្ណោះ ។

  2. មនុស្ស​ទាំងអស់​ត្រូវការ​ដង្វាយធួន ដើម្បី​ត្រូវបាន​សង្គ្រោះ ។

  3. មនុស្ស​ណា​ក៏​ដោយ​អាច​ស្លាប់ ឬ បង់​ជំនួស​អំពើបាប​នៃ​មនុស្ស​ផ្សេង​ទៀត ។

ក្រោយពី​សិស្ស​បាន​មាន​ពេល​កត់ត្រា​ចម្លើយ​របស់​ពួកគេ​ហើយ សូម​រំឭក​ពួកគេ​ថា អាលម៉ា​បាន​បង្រៀន​ដល់​ក្រុម​សាសន៍​សូរាំ​មួយ​ក្រុម​ពី​របៀប​ដើម្បី​ទទួល​បាន​ព្រះបន្ទូល​នៃ​ព្រះ ហើយ​អនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល អាលម៉ា 32–33) ។ សូម​សង្ខេប អាលម៉ា 34:1–7 ដោយ​ការពន្យល់​ថា អាមូលេក​បាន​ធ្វើ​តាម​អាលម៉ា​ដោយ​ការចែកចាយ​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​គាត់​អំពី​ព្រះអង្គ​សង្គ្រោះ ។ សូមឲ្យ​សិស្ស​សិក្សា​ពី​ការបង្រៀន​របស់​អាមូលេក​នៅក្នុង អាលម៉ា 34:8–9, 11 ដោយ​ស្ងាត់ៗ ដោយ​រកមើល​ឃ្លា​ដែល​បង្ហាញ​ថា​តើ​ប្រយោគ​នីមួយៗ​នៅលើ​ក្ដារខៀន​ត្រូវ ឬ​ក៏​ខុស ។ បន្ទាប់មក សូម​រំឭក​ប្រយោគ​ទាំងឡាយ​ទាំងអស់​គ្នា ។ ចម្លើយ​ត្រឹមត្រូវ​គឺ ៖

  1. ខុស —« ទ្រង់​នឹង​ធ្វើ​ឲ្យ​ធួន​នឹង​អំពើ​បាប​ទាំងឡាយ​នៃ​មនុស្ស​លោក » ( អាលម៉ា 34:8 ) ។

  2. ត្រូវ— « នោះ​ត្រូវ​តែ​មាន​ដង្វាយធួន​មួយ​កើតឡើង បើ​ពុំ​នោះ​សោត​ទេ​មនុស្ស​លោក​ទាំងអស់​នឹង​ពុំ​អាច​ចៀស​ផុត​ពី​សេចក្ដីវិនាស​បាន​ឡើយ » ( អាលម៉ា 34:9 ) ។

  3. ខុស— « គ្មាន​មនុស្ស​ណា​ម្នាក​អាច​បូជា​លោហិត​របស់​ខ្លួន​ផ្ទាល់ ដែល​នឹង​ធ្វើ​ឲ្យ​ធួន​នឹង​អំពើ​បាប​ទាំងឡាយ​នៃ​ជន​ដទៃ​បាន​ឡើយ » ( អាលម៉ា 34:11 ) ។

ក្រោយពី​សិស្ស​បាន​ពិភាក្សា​ចម្លើយ​នឹង​ប្រយោគ​ទី 3ហើយ សូម​សួរ ៖

  • តើ​អ្នក​គិត​ថា ហេតុអ្វីបានជា​ព្រះយេស៊ូវគ្រីស្ទ​គឺជា​អង្គ​តែ​ម្នាក់​គត់​ដែល​អាច​ធ្វើ​ឲ្យ​ធួន​សម្រាប់​អំពើបាប​នៃ​ពិភពលោក ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​ឆ្លើយ​នឹង​សំណួរ​នេះ សូម​ឲ្យ​ពួកគេ​អាន អាលម៉ា 34:10, 14 ដោយ​ស្ងាត់ៗ ។ បន្ទាប់មក សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ រ័សុល អិម ណិលសុន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

អែលឌើរ រ័សុល អិម ណិលសុន

« ដង្វាយធួន​របស់​ទ្រង់​គឺ​និរន្ដរ៍ —គ្មាន​ទីបញ្ចប់​ឡើយ ។ វា​ក៏ជា​និរន្ដរ៍​ដែល​មនុស្ស​ជាតិ​ទាំងអស់​នឹង​ត្រូវបាន​សង្គ្រោះ​ពី​សេចក្ដីស្លាប់​ដែល​មិន​ចេះ​ចប់ ។ វា​ជានិរន្ដរ៍​ក្នុង​ន័យ​ការរងទុក្ខ​ដ៏​ខ្លាំង​មហិមា​របស់​ទ្រង់ ។ … វា​ជានិរន្ដរ៍​ក្នុង​បរិបទ —វា​ត្រូវ​ធ្វើ​តែ​ម្ដង​សម្រាប់​មនុស្ស​ទាំងអស់ ។ ហើយ​សេចក្ដីមេត្តា​ករុណា​នៃ​ដង្វាយធួន​ពង្រីក​មិនត្រឹម​តែ​ដល់​ចំនួន​មនុស្ស​ដ៏​និរន្ដរ៍​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ថែមទាំង​ដល់​ចំនួន​ដ៏​និរន្ដរ៍​នៃ​ពិភពលោក​ទាំងឡាយ​ដែល​ត្រូវបាន​បង្កើត​ដោយ​ទ្រង់ ។ វា​ជា​និរន្ដរ៍​លើស​ពី​ការស្មាន​នៃ​រង្វាស់​របស់​មនុស្ស ឬ លើសពី​ការយល់ដឹង​ខាង​សាច់ឈាម ។

« ព្រះយេស៊ូវ​គឺជា​អង្គ​តែ​មួយ​គត់ ដែល​អាច​ផ្ដល់​នូវ​ដង្វាយធួន​ជានិរន្ដរ៍​មួយ​បែប​នោះ​បាន ដោយសារ​ទ្រង់​បាន​ប្រប្រសូតម្ដាយ​ជា​សាច់ឈាម​ម្នាក់ និង ពី​ព្រះវរបិតា​ខាង​វិញ្ញាណ ។ ដោយសារតែ​ការប្រសូត្រ​ដែល​មាន​តែមួយ​គត់​នោះ ព្រះយេស៊ូវ​គឺជា​អង្គ​ដ៏​និរន្ដរ៍​មួយ » ( « The Atonement »Ensign,ខែ វិច្ឆិកា ឆ្នាំ 1996, ទំព័រ 35 ) ។

« យោងតាម​ច្បាប់​ដ៏​អស់កល្បជានិច្ច ដង្វាយធួន​នោះ​ត្រូវការ​ការលះបង់​ផ្ទាល់ខ្លួន​ដោយ​ការធ្វើ​ជាមនុស្ស​ខាង​វិញ្ញាណ​អមត​ដែល​អាច​ស្លាប់​បាន ។ ហើយ​ទ្រង់​ត្រូវតែ​សុគត ហើយ​ទទួល​យក​នូវ​រាងកាយ​របស់​ទ្រង់​ផ្ទាល់​ម្ដង​ទៀត ។ ព្រះអង្គ​សង្គ្រោះ​គឺជា​អង្គ​តែមួយ​គត់​ដែល​អាច​សម្រេច​ការណ៍​នេះ​បាន ។ ដោយសារ​ម្ដាយ​របស់​ទ្រង់ ទ្រង់​ទទួល​បាន​អំណាច​ចេះ​ស្លាប់ ។ ដោយសារ​ពី​ព្រះវរបិតា​របស់​ទ្រង់ ទ្រង់​បាន​ទទួល​អំណាច​ដើម្បី​ឈ្នះ​លើ​សេចក្ដីស្លាប់ » ( « Constancy amid Change »Ensign,ខែ វិច្ឆិកា ឆ្នាំ 1993, ទំព័រ 34 ) ។

  • តើ​ការបង្រៀន​របស់​អាមូលេក និង​សេចក្ដីថ្លែងការណ៍​របស់​អែលឌើរ ណែលសុន បានជួយ​យើង​ឲ្យ​យល់​ពី​មូលហេតុ​ដែល​ព្រះយេស៊ូវគ្រីស្ទ​គឺជា​អង្គ​តែមួយ​គត់​ដែល​អាច​ធ្វើ​ឲ្យ​ធួន​សម្រាប់​អំពើបាប​នៃ​ពិភពលោក​ដោយ​របៀបណា ?

  • តើ​អ្នក​សង្ខេប​អ្វី​ដែល​អ្នក​បាន​រៀន​កន្លង​មក​ពី អាលម៉ា 34 អំពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀបណា ? ( សិស្ស​អាច​ឆ្លើយ​នូវ​សេចក្ដីពិត​ផ្សេង​ទៀត ប៉ុន្ដែ​សូម​ប្រាកដ​ថា ពួកគេ​យល់​ថា ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដ៏​និរន្ដរ៍ និង​អស់កល្ប​ជានិច្ច​ធ្វើ​ឲ្យ​សេចក្ដីសង្គ្រោះ​កើត​មាន​សម្រាប់​មនុស្ស​ជាតិ​ទាំងអស់ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​កោតសរសើរ​ពី​ភាពចាំបាច់​នៃ​ដង្វាយធួន​នៅក្នុង​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​របស់​ព្រះវរបិតាសួគ៌​កាន់តែ​ខ្លាំង សូម​គិត​ពី​ការប្រើ​សកម្មភាព​ខាងក្រោម ។ អ្នក​អាច​សម្រប​សកម្មភាព​នេះ​ឲ្យ​ស្រប​នឹង​តម្រូវការ និង​ចំណាប់អារម្មណ៍​របស់​សិស្ស​ដែល​អ្នក​បង្រៀន ។

សូម​សរសេរ​ឃ្លា​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ សូម​ស្រមៃ​ថា​ជីវិត​គ្មាន …

សូម​កាន់​វត្ថុ​មួយ ដែល​យុវវ័យ​ជាច្រើន​ផ្ដល់​តម្លៃ ( ដូចជា​ទូរស័ព្ទ​ដៃ​មួយ ) ហើយ​សូម​សួរ ៖

  • តើ​អ្នក​ស្រមៃ​ថា ជីវិត​នឹង​ទៅជា​យ៉ាងណា​បើ​គ្មាន​វត្ថុ​នេះ ?

បន្ទាប់មក សូម​លើក​ដប ឬ កែវ​ទឹក​មួយ ( ឬ​អ្វី​មួយ​ដែល​ចាំបាច់​ដើម្បី​ចិញ្ចឹម​ជីវិត ។

  • តើ​ជីវិត​នឹង​ទៅជា​យ៉ាងណា​បើ​គ្មាន​ទឹក​ទេ​នោះ ?

ក្រោយពី​សិស្ស​បាន​ពិភាក្សា​ពី​ភាពចាំបាច់​នៃ​ទឹក​ហើយ សូម​បំពេញ​ប្រយោគ​នៅលើ​ក្ដារខៀន ដើម្បី​ឲ្យ​វា​អាច​ទៅលើ​ដូច​ខាងក្រោម ៖ សូម​ស្រមៃ​ថា​ជីវិត​គ្មាន​ដង្វាយធួន​នៃ​ព្រះយស៊ូវគ្រីស្ទ ។

  • តើ​ជីវិត​នឹង​ខុសគ្នា​យ៉ាងណា បើ​សិន​ដង្វាយធួន​នៃ​ព្រះយស៊ូវគ្រីស្ទ ? ( សូម​ផ្ដល់​ពេល​ឲ្យ​សិស្ស​សញ្ជឹង​គិត​ពី​សំណួរ​នេះ មុនពេល​ឲ្យ​សិស្ស​ឆ្លើយ ។ ប្រសិនបើ​មាន​ពេល អ្នក​អាច​ឲ្យ​ពួកគេ​សរសេរ​ចម្លើយ​ទៅនឹង​សំណួរ​នេះ ។

អាលម៉ា 34:15–41

អាលម៉ា​បង្រៀន​ដល់​ពួកសាសន៍​សូរាំ​ពី​របៀប​ដើម្បី​អនុវត្ត​សេចក្ដីជំនឿ​ចំពោះ​ការប្រែចិត្ត

សូម​បង្ហាញ​ថា ទោះបីជា​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​ដង្វាយធួន​សម្រាប់​មនុស្ស​ទាំងអស់​ក្ដី យើង​មិន​មែន​ទទួល​បាន​ពរជ័យ​របស់​វា​ទាំងអស់​ដោយ​ស្វ័យប្រវត្តិ​នោះ​ទេ ។ អាមូលេក​បាន​បង្រៀន​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ទទួល​បាន​ពរជ័យ​ទាំងអស់​ដែល​មាន​តាមរយៈ​ដង្វាយធួន ។ សូម​ឲ្យ​សិស្ស​អាន អាលម៉ា 34:15–17 ដោយ​ស្ងាត់ៗ ហើយ​រកមើល​ឃ្លា​មួយ​ដែល​អាមូលេក​បាន​និយាយ​បួន​ដង ។ ( « សេចក្ដីជំនឿ​ចំពោះ​ការប្រែចិត្ត ។ » )

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​ពី អាលម៉ា 34:15–17 អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ទទួល​បាន​ពរជ័យ​ពេញលេញ​នៃ​ដង្វាយធួន ? ( សូម​ប្រាកដ​ថា សិស្ស​យល់​ថា ដើម្បី​ទទួល​បាន​ពរជ័យ​ពេញលេញ​នៃ​ដង្វាយធួន យើង​ត្រូវ​អនុវត្ត​សេចក្ដីជំនឿ​ចំពោះ​ការប្រែចិត្ត ។

  • តើ​អ្នក​គិត​ថា សេចក្ដីជំនឿ​ចំពោះ​ការប្រែចិត្ត​មាន​ន័យ​យ៉ាង​ណា ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​សេចក្ដីជំនឿ​ចំពោះ​ការប្រែចិត្ត សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៃ​គណៈប្រធាន​ទីមួយ ៖

« យើង​ត្រូវការ​សេចក្ដីជំនឿ​ដ៏​រឹង​មាំ​មួយ​ទៅលើ​ព្រះគ្រីស្ទ​ដើម្បី​អាច​ប្រែចិត្ត ។ … សេចក្ដីជំនឿ​លើ​ព្រះគ្រីស្ទ​នឹង​ផ្លាស់ប្ដូរ​គំនិត ជំនឿ និង​អាកប្បកិរិយា​របស់​យើង​ដែល​មិន​ស្រប​នឹង​ឆន្ទៈ​របស់​ព្រះ ។ … ការប្រែចិត្ត​មាន​ន័យ​ថា ការផ្លាស់ប្ដូរ​នៃ​គំនិត និង​ដួងចិត្ត —យើង​ឈប់​ធ្វើ​អ្វីដែល​ខុស ហើយ​យើង​ចាប់ផ្ដើម​ធ្វើ​អ្វី​ដែល​ត្រូវ » ( « Point of Safe Return » Ensignលេអាហូណា,ខែ ឧសភា ឆ្នាំ 2007, ទំព័រ 100 ) ។

  • តើ​ហេតុអ្វីបានជា​វា​សំខាន់​ដើម្បី​យល់​ថា ការប្រែចិត្ត​តម្រូវ​ឲ្យ​យើង​មិនត្រឹមតែ​ឈប់​ធ្វើ​នូវ​អ្វី​ដែល​ខុស​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​យើង​ត្រូវ​ចាប់ផ្ដើម​ធ្វើ​អ្វីដែល​ត្រូវ ?

  • យោងតាម អាលម៉ា 34:16 តើ​លទ្ធផល​អ្វី​នឹង​មក នៅពេល​យើង​អនុវត្ត​សេចក្ដីជំនឿ​ចំពោះ​ការប្រែចិត្ត ?

  • តើ​នឹង​មាន​អ្វីកើតឡើង ប្រសិនបើ​យើង​មិន​អនុវត្ត​សេចក្ដីជំនឿ​ចំពោះ​ការប្រែចិត្ត​ទេ​នោះ ? ( អ្នក​អាច​ពន្យល់​ថា « ការស្រប​នឹង​ច្បាប់​ដ៏​ពេញលេញ​នៃ​តម្រូវការ​នៃ​យុត្តិធម៌ » មានន័យ​ថា​ត្រូវ​រងទុក្ខ​នូវ​លទ្ធផល​ពេញលេញ​ចំពោះ​អំពើបាប​របស់​យើង និង​បាត់បង់​ពរជ័យ​នៃ​ជីវិត​ដ៏​អស់កល្ប​ជានិច្ច ។

  • យោងតាម អាលម៉ា 34:17 តើ​អ្វីមួយ​ដែល​យើង​អាច​ធ្វើ​ដើម្បី​សេចក្ដីជំនឿ​ចំពោះ​ការប្រែចិត្ត ?

សូម​ឲ្យ​សិស្ស​អាន អាលម៉ា 34:17–28 ដោយ​ស្ងាត់ៗ ។ សូម​ឲ្យ​ពួកគេ​រកមើល​អ្វី​ដែល​អាមូលេក​បាន​បង្រៀន​ដល់​ពួកសាសន៍​សូរាំ​អំពី​ការអធិស្ឋាន ដោយ​រួម​មាន​នៅពេលណា​អធិស្ឋាន និង​តើ​ត្រូវ​អធិស្ឋាន​សុំ​អ្វី ។

  • តើ​អាមូលេក​បាន​បង្រៀន​អំពី​ការអធិស្ឋាន​ដែល​ទាក់ទង​នឹង​ជីវិត​របស់​អ្នក​អ្វីខ្លះ ? តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​ការអធិស្ឋាន​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការអនុវត្ត​សេចក្ដីជំនឿ​ចំពោះ​ការប្រែចិត្ត ?

  • អាមូលេក​បាន​និយាយ​ថា ការអធិស្ឋាន​របស់​យើង​នឹង​មិន​បាន​ផ្ដល់​ប្រយោជន៍​អ្វី​ដល់​យើង ឬ គ្មាន​ន័យ​អ្វី​សម្រាប់​យើង​ទេ ប្រសិនបើ​យើង​មិន​ជួយ​អ្នកដទៃ​ជុំវិញ​យើង ( សូមើល អាលម៉ា 34:28) ។ តើ​អ្នក​គិត​ថា ហេតុអ្វីបានជា​វា​ពិត ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​គិត​ពី​របៀប​បន្ថែម​ដែល​យើង​អាច​អនុវត្ត​សេចក្ដីជំនឿ​ចំពោះ​ការប្រែចិត្ត សូម​ឲ្យ​ពួកគេ​ឆ្លើយនឹង​ឧទាហរណ៍​ខាងក្រោម ៖

  1. យុវជន​ម្នាក់​បាន​បង្កើន​ទម្លាប់​នៃ​ការប្រើ​ភាសា​មិន​សមរម្យ ។ តើ​របៀប​ណា​ខ្លះ ដែល​គាត់​ងាច​បង្ហាញ​សេចក្ដីជំនឿ​ចំពោះ​ការប្រែចិត្ត​ដើម្បី​មាន​សេរីភាព​ពី​ទម្លាប់​នេះ ? ( ចម្លើយ​អាច​រួម​មាន​ការអធិស្ឋាន​សុំ​ជំនួយ ការសុំ​ឲ្យ​សមាជិក​គ្រួសារ និង​មិត្តភក្ដិ​ជួយ និង​ការចូលរួម​ក្នុង​សកម្មភាព​ដែល​អញ្ជើញ​ឲ្យ​មាន​ព្រះវិញ្ញាណ ។

  2. យុវនារី​ម្នាក់ និង​យុវជន​ម្នាក់​បាន​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​ដែល​មិន​សមរម្យ​មួយ ។ ពួកគេ​បាន​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​បំផុស​គំនិត​ដល់​ពួកគេ​ថា ត្រូវ​បញ្ចប់​ទំនាក់ទំនង​នេះ​ភ្លាម ។ តើ​ការធ្វើតាម​ការបំផុស​នេះ​អាច​តំណាង​ឲ្យ​សេចក្ដីជំនឿ​ចំពោះ​ការប្រែចិត្ត​ដោយ​របៀបណា ? តើ​ជំហាន​ផ្សេង​ទៀត​អ្វី​ខ្លះ ដែល​ពួកគេ​ត្រូវ​ធ្វើ​ដើម្បី​ប្រាកដ​ថា ពួកគេ​ស្ថិតនៅលើល​ផ្លូវ​ដើម្បី​បំពេញ​តាម​ការប្រែចិត្ត ? ( ចម្លើយ​អាច​រួមមាន​ការស្វែងរក​ការដឹកនាំ​ពី​ប៊ីស្សព ឬ​ប្រធាន​សាខា និង​ការអធិស្ឋាន​សុំ​កម្លាំង និង​ការអភ័យទោស ។

  • តើ​ការពន្យារពេល​មាន​ន័យយ៉ាងណា ? តើ​មូលហេតុ​អ្វីខ្លះ ដែលធ្វើ​ឲ្យ​មនុស្ស​ពន្យារពេល ?

សូម​ឲ្យ​សិស្ស​អាន អាលម៉ា 34:33 ដោយ​ស្ងាត់ៗ ដោយ​រកមើល​អ្វី​ដែល​អាមូលេក​បាន​ព្រមាន​ដល់​ពួកសាសន៍​សូរាំ​កុំ​ឲ្យ​ពន្យារពេល​ធ្វើ ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេន​គ្នា​អាន​ឮ​ពី អាលម៉ា 34:32–35 ។ នៅពេល​ពួកគេ​អាន សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកកមើល​លទ្ធផល​នៃ​ការពន្យារពេល​ការប្រែចិត្ត​របស់​យើង ។ នៅពេល​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន សូម​សរសេរ​សេចក្ដីពិត​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ ជីវិត​នេះ​គឺជា​ពេលវេលា​សម្រាប់​យើង​ដើម្បី​រៀបចំ​ទៅជួប​នឹង​ព្រះ ។

  • តើ​អ្នក​នឹង​ពន្យល់​ពី​សេចក្ដីពិត​នេះ​ដល់​នរណាម្នាក់​ដោយ​របៀបណា ?

  • សូម​ស្រមៃ​ថា អ្នក​មាន​មិត្ត​ម្នាក់​ដែល​មិន​គោរព​តាម​ព្រះបញ្ញត្តិ​ខ្លះ​ដោយ​មាន​ចេតនា ប៉ុន្ដែ​គ្រោង​ដើម្បី​ប្រែចិត្ត​ក្រោយមក ។ តើ​អ្នក​នឹង​បង្រៀន​មិត្តភក្ដិ​នេះ​អ្វីខ្លះ ដោយ​ផ្អែកលើ​អ្វី​ដែល​អ្នក​បាន​រៀន​ពីអាលម៉ា 34:32–35 ?

សូម​ពន្យល់​ថា អាមូលេក​មិន​ត្រឹមតែ​បាន​ព្រមាន​ពី​លទ្ធផល​នៃ​ការពន្យារពេល​នៃ​ការប្រែចិត្ត​ប៉ុណ្ណោះ​ទេ គាត់​ក៏​បាន​បង្រៀន​អំពី​ពរជ័យ​នៃ​ការជ្រើសរើស​ដើម្បី​ប្រែចិត្ត​នា​ពេល​ឥឡូវ ។ សូម​ឲ្យ​សិស្ស​អាន អាលម៉ា 34:30–31 ដោយ​ស្ងាត់ៗ ហើយ​រកមើល​ពរជ័យ​នេះ ។

  • នៅក្នុង អាលម៉ា 34:31 តើ​ការធានា​អ្វី​ដែល​ត្រូវបាន​ផ្ដល់​ទៅដល់​អ្នកដែល​ប្រែចិត្ត​នាពេល​ឥឡូវ ? ( « រំពេច​នោះ ផែនការ​នៃ​សេចក្ដីប្រោសលោះ​ដ៏​មហិមា​នឹង​បាន​មក​ដល់​អ្នក » ។

សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ប៊យដ៍ ឃេ ផាកកឺនៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់ ៖

« អ្នក​មិន​ចាំបាច់​ដឹង​អ្វីៗ​មុនពេល​ព្រះចេស្ដា​នៃ​ដង្វាយធួន​នឹង​ធ្វើ​សម្រាប់​អ្នក​នោះ​ទេ ។ សូម​មាន​សេចក្ដីជំនឿ​លើ​ព្រះគ្រីស្ទ ; វា​ចាប់ផ្ដើម​ធ្វើ​កិច្ចការ​នោះ​នៅថ្ងៃ​ដែល​អ្នក​សុំ ! » ( « Washed Clean »Ensign,ខែ ឧសភា ឆ្នាំ 1997, ទំព័រ 10 ) ។

  • តើ​ការយល់​ពី​ការធានា​នេះ​នឹង​ជួយ​ដល់​យើង​ដោយ​របៀបណា ? តើ​អ្នក​មាន​អារម្មណ៍​ថា​ដង្វាយធួន​ចាប់ផ្ដើម​ធ្វើការ​សម្រាប់​អ្នក នៅពេល​អ្នក​បាន​ចាប់ផ្ដើម​ទុកចិត្ត​លើ​វា​តាម​របៀបណា ?

សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ហារ៉ូល ប៊ី លី ។ សូម​ឲ្យ​សិស្ស​ស្ដាប់​រក​នូវ​អ្វី​ដែល​ប្រធាន លី បាន​ហៅ​ថា​ជា « ព្រះបញ្ញត្តិ​ដ៏​សំខាន់​បំផុត » ។

« ឥឡូវនេះ ប្រសិនបើ​អ្នក​បាន​ប្រព្រឹត្ត​ខុស សូម​ចាប់ផ្ដើម​ថ្ងៃនេះ​ជា​ថ្ងៃ​នៃ​ការផ្លាស់ប្ដូរ​ជីវិត​របស់​អ្នក ។ សូម​ផ្លាស់ប្ដូរ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​ខុស​នោះ ។ ព្រះបញ្ញត្តិ​ដ៏​សំខាន់​បំផុត​ក្នុង​ចំណោម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ​គឺ ការណ៍​នោះ ដែល​អ្នក​កំពុង​មាន​ការលំបាក​បំផុត​ក្នុង​ការរក្សា​នៅ​ថ្ងៃនេះ ។ ប្រសិនបើ​វា​ជា​ការណ៍​មួយ​អំពី​ភាព​មិន​ស្មោះត្រង់ ប្រសិនបើ​វា​ជា​ការណ៍​មួយ​អំពី​ភាព​មិន​បរិសុទ្ធ ការមិន​ប្រាប់​សេចក្ដីពិត ថ្ងៃ​នេះ​គឺជា​ថ្ងៃ​សម្រាប់​អ្នក​ដើម្បី​ធ្វើការ​នោះ រហូត​ដល់​អ្នកអាច​បាន​យក​ឈ្នះ​លើ​ភាពទន់ខ្សោយ​នោះ ។ … សូម​ធ្វើ​វា​ឲ្យ​ត្រឹមត្រូវ ហើយ​បន្ទាប់មក​អ្នក​ចាប់ផ្ដើម​ការណ៍​មួយ​ទៀត​ដែល​ពិបាក​បំផុត​សម្រាប់​អ្នក​ដើម្បី​ធ្វើ​តាម » ( Teachings of Presidents of the Church: Harold B. Lee [ ឆ្នាំ 2000 ], ទំព័រ 30 ) ។

  • យោងតាម ប្រធាន លី តើ​អ្វី​គឺជា​ព្រះបញ្ញត្តិ​ដ៏​សំខាន់​បំផុត ? ហេតុអ្វី ?

សូម​សរសេរ​ប្រយោគ​មិនពេញលេញ​ខាងក្រោម​នៅលើ​ក្ដារខៀន ។ សូម​ឲ្យ​សិស្ស​បំពេញ​វា​នៅក្នុង​សៀវភៅកំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​របស់​ពួកគេ ។

ថ្ងៃនេះ ព្រះបញ្ញត្តិ​ដ៏​សំខាន់​បំផុត​សម្រាប់​ខ្ញុំ​គឺ …

ខ្ញុំ​នឹង​ចាប់ផ្ដើម​នាពេល​ឥឡូវ​ដើម្បី​អនុវត្ត​សេចក្ដីជំនឿ​ចំពោះ​ការប្រែចិត្ត​ដោយ …

អាលម៉ា 35

ពួកសាសន៍​សូរាំ​ដែល​ប្រែចិត្ត​ទៅ​រស់នៅ​ក្នុង​ចំណោម​ពួកសុចរិត

សូម​សង្ខេប អាលម៉ា 35 ដោយ​ការពន្យល់​ថា ពួកសាសន៍​សូរាំ​ជាច្រើន​បាន​ប្រែចិត្ត​ពី​អំពើបាប​របស់​ពួកគេ ។ ពួកគេ​ត្រូវបាន​បណ្ដេញ​ចេញពី​ដែនដី​ដោយ​ពួកអ្នក​គ្រប់គ្រង និង​ពួកសង្ឃ​ដ៏​ទុច្ចរិត​របស់​ពួកគេ ហើយ​ពួកគេ​បាន​ទៅរស់​នៅ​ក្នុង​ដែនដី​យើសុន​ជាមួយ​នឹង​ប្រជាជន​អាំម៉ូន ។ ប្រជាជន​អាម៉ូន​បាន​ផ្ដល់​ដែនដី​ឲ្យ​ពួកគេ ហើយ​ពួកសាសន៍​នីហ្វៃ​បាន​បញ្ជូន​កងទ័ព​ទៅការពារ​ពួកគេ ។

សូម​ថ្លែងទីបន្ទាល់​ថា យើង​អាច​ទទួល​បាន​ពរជ័យ​នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ នៅពេល​ដែល​យើង​អនុវត្ត​សេចក្ដីជំនឿ​ចំពោះ​ការប្រែចិត្ត ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ធ្វើតាម​គំរូ​នៃ​ប្រជាជន​អាំម៉ូន និង​សាសន៍​នីហ្វៃ ដោយ​ការបង្ហាញ​សន្ដានចិត្ត និង​ការផ្ដល់​ការគាំទ្រ​ដល់​អ្នក​ដែល​ស្វែងរក​ដើម្បី​ប្រែចិត្ត ។