មេរៀនទី 97

អាលម៉ា 40

សៀវភៅ​ណែនាំ​ការសិក្សា​ព្រះគម្ពីរ​មរមន​សម្រាប់​គ្រូបង្រៀន ថ្នាក់​សិក្ខាសាលា


សេចក្តី​ផ្ដើម

នៅពេល​អាលម៉ា​បាន​ព្រមាន​ដល់​កូនប្រុស​របស់​គាត់ កូរីអានតុន អំពី​លទ្ធផល​នៃ​អំពើបាប គាត់​ដ៏​បាន​បង្រៀន​អំពី​ជីវិត​ក្រោយសេចក្ដី​ស្លាប់​ដែរ ។ គាត់​បាន​ពន្យល់​ថា តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ មនុស្ស​ទាំងអស់​នឹង​ត្រូវ​រស់ឡើងវិញ ។ គាត់​បាន​បង្រៀន​អំពី​ពិភពវិញ្ញាណ ដែល​អ្នកស្លាប់ ដោយ​ផ្អែកលើ​ជម្រើស​របស់​ពួកគេ​នៅក្នុង​ជីវិត​រមែងស្លាប់ រង់ចាំ​ទាំងនៅក្នុង​ស្ថានបរមសុខ ឬ ក្នុង​គុក​រហូត​ដល់​ការរស់ឡើងវិញ ។

កំណត់ចំណាំ ៖ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​មាន​ឱកាស​បង្រៀន​ដល់​គ្នាទៅវិញទៅមក ។ មុនចាប់ផ្ដើម​បង្រៀន សូម​រៀបចំ​ក្រដាស​ដែល​មាន​ការណែនាំ​សម្រាប់ភាព​ជា​ដៃគូ ។ សូម​យល់​ពី​ការណែនាំ​នីមួយៗ ដើម្បី​អ្នក​អាច​ជួយ​សិស្ស នៅពេល​ពួកគេ​រៀបចំ​បង្រៀន ។

យោបល់​សម្រាប់​ការបង្រៀន

អាលម៉ា 40

អាលម៉ា​បង្រៀន​កូរីអានតុន​អំពី​ពិភពវិញ្ញាណ និង​ការរស់ឡើងវិញ

សូម​សរសេរ​សំណួរ​ខាងក្រោម​នៅលើ​ក្ដារខៀន​មុនពេល​បង្រៀន ៖

  1. តើ​វា​អាច​កើតមាន​សម្រាប់​យើង​ដើម្បី​រស់នៅ​ក្រោយពី​យើង​ស្លាប់​ទេ ? តើ​នរណា​នឹង​ត្រូវ​រស់ឡើងវិញ ?

  2. តើ​យើងនឹង​ទៅ​កន្លែងណា នៅពេល​យើង​ស្លាប់ ? តើវា​មាន​សភាព​ដូចម្ដេច​នៅទីនោះ ?

  3. តើ​អ្វីទៅជា​ការស់ឡើងវិញ ? តើ​រាងកាយ​ដែល​រស់ឡើងវិញ​របស់​យើង​នឹង​ខុសពី​រាងកាយ​ខាងសាច់ឈាម​របស់​យើង​ដោយ​របៀបណា ? តើ​យើង​នឹង​ធ្វើអ្វី ក្រោយពី​យើង​បាន​រស់ឡើងវិញ ?

សូម​ឲ្យ​សិស្ស​ស្រមៃ​ថា ពួកគេ​គឺជា​អ្នក​ផ្សព្វផ្សាយ​សាសនា ហើយ​ថា​ពួកគេ​មាន​ការណាត់ជួប​នឹង​នរណាម្នាក់​ដែល​កំពុងស្វែងរក​ចម្លើយ​នឹងសំណួរ​ដែល​បាន​សរសេរ​នៅលើ​ក្ដារខៀន​នេះ ។ សូម​ពន្យល់​ថា អាលម៉ា 40 គឺជា​ការបន្ដ​នៃ​ការបង្រៀន​របស់​អាលម៉ា​ដល់​កូនប្រុស​របស់​គាត់​កូរីអានតុន និង​រួមមាន​ចម្លើយ​ទៅនឹង​សំណួរ​ទាំងនោះ ។

សូម​ឲ្យ​សិស្ស​អាន អាលម៉ា 40:1 ដោយ​ស្ងាត់ៗ ។ សូម​ឲ្យ​សិស្ស​រកមើល​មូលហេតុ​ដែល​អាលម៉ា​បាន​ពិភាក្សា​ពី​ការរស់ឡើងវិញ​ជាមួយ​នឹង​កូនប្រុស​របស់​គាត់ ។

  • ហេតុអ្វីបានជា​អាលម៉ា​បង្រៀន​កូរីអានតុន​អំពី​ការរស់ឡើងវិញ ?

  • នៅពេល​អ្នក​រំឭក​ពី​ជម្រើស​របស់​កូរីអានតុន ហេតុអ្វីបានជា​គាត់​អាច​បារម្ភ​អំពី​ការរស់ឡើង​វិញ ?

សូម​បែងចែក​សិស្ស​ជា​ដៃគូ ។ សូម​ឲ្យ​ដៃគូ​នីមួយៗ​នូវ​លេខ​មួយ ៖ 1, 2, ឬ 3 ។ សូម​ឲ្យ​ដៃគូ​នីមួយៗ​ធ្វើការ​ហាក់ដូចជា​ពួកគេ​ជា​ដៃគូ​ផ្សព្វផ្សាយ​សាសនា ដោយ​រៀបចំ​បង្រៀន​មេរៀន​ដ៏​ខ្លីមួយ​ដើម្បី​ឆ្លើយតប​នឹង​សំណួរ​នៅលើ​ក្ដារខៀន​ដែល​ស៊ីគ្នា​នឹង​លេខ​កិច្ចការ​របស់​ពួកគេ ។ ដើម្បី​ជួយ​ពួកគេ​ឲ្យ​រៀបចំ សូម​ឲ្យ​ពួកគេ​នូវ​ច្បាប់​ចម្លង​នៃ​ការណែនាំ​ដែល​ស៊ីគ្នា​នឹង​លេខ​របស់​ពួកគេ ( សូមមើល​ខាងក្រោម ) ។ នៅពេល​សិស្ស​ធ្វើការ អ្នក​អាច ដើរមើល​ក្នុង​ថ្នាក់ ដើម្បី​អ្នក​អាច​ស្ដាប់ និង​ជួយ​នៅពេល​ចាំបាច់ ។

ដៃគូ​ទី 1—អាលម៉ា 40:1–5

សំណួរ ៖ តើ​វា​អាច​កើតមាន​ដល់​យើង​ដើម្បី​រស់នៅ​ក្រោយពី​យើង​ស្លាប់​ទេ ? តើ​នរណា​នឹង​ត្រូវ​រស់ឡើងវិញ ?

សូម​រៀបចំ​ប្រើ អាលម៉ា 40:1–5 ដើម្បី​ឆ្លើយតប​នឹង​សំណួរ​ទាំងនេះ ។ នៅពេល​អ្នក​រៀបចំ សូម​សម្រេច​ថា​ផ្នែកណា​នៃ​មេរៀន​ដែល​ដៃគូ​នីមួយៗ​នឹង​បង្រៀន ។ សូម​ត្រៀមខ្លួន​ដើម្បី​ធ្វើ​ដូចខាងក្រោម ៖

សូម​ឲ្យ​ព័ត៌មាន​ខ្លះ​សម្រាប់​វគ្គ​ដែល​អ្នក​ដាក់​នោះ ។ ( នៅពេល​អ្នក​បង្រៀន​ពី​ព្រះគម្ពីរ សូម​ពន្យល់​នរណា​កំពុង​និយាយ នរណា​កំពុង​ស្ដាប់ ហើយ​កាលៈទេសៈ​ផ្សេង​ទៀត​ដែល​អាច​ជួយ​ដល់​អ្នករៀន​ឲ្យ​យល់​ពី​វគ្គ​នេះ ។

សូម​អាន​ខគម្ពីរ​ដែល​ឆ្លើយតប​នឹង​សំណួរ ។ សូម​ពន្យល់​ពី​របៀប​ដែល​សេចក្ដីពិត​ក្នុង​ខគម្ពីរ​ទាំងនេះ​ជួយ​ឆ្លើយ​នឹង​សំណួរ​ទាំងឡាយ ។ នៅពេល​អ្នក​ធ្វើ​ដូច្នោះ សូម​ប្រាកដ​ថា​គ្រប់គ្នា​យល់​ថា ដោយសារតែ​ព្រះយេស៊ូវគ្រីស្ទ មនុស្ស​ទាំងអស់​នឹង​ត្រូវ​រស់ឡើង​វិញ ។អ្នក​ក៏​អាច​ផ្ដល់​យោបល់​ថា អ្នកដែល​អ្នក​កំពុង​បង្រៀន​គួរ​សរសេរ​សេចក្ដីពិត​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​ក្បែរ អាលម៉ា 40:1–5 ។

សូម​ចែកចាយ​ពី​មូលហេតុ​ដែល​សេចក្ដីសន្យា​នៃ​ការរស់ឡើងវិញ​សំខាន់​ដល់​អ្នក ។ អ្នក​ក៏​អាច​សួរ​ឲ្យ​អ្នកដែល​អ្នក​បង្រៀន​ថា ហេតុអ្វី​បានជា​ពួកគេ​កោតសរសើរ​ដល់​សេចក្ដីសន្យា​នៃ​ការរស់ឡើងវិញ ។

សូម​ថ្លែងទីបន្ទាល់​អំពី​សេចក្ដីពិត​ដែល​អ្នក​បាន​បង្រៀន ។

ដៃគូ​ទី 2—អាលម៉ា 40:6–14

សំណួរ ៖ តើ​យើង​នឹង​ទៅ​កន្លែងណា នៅពេល​យើង​ស្លាប់ ? តើ​វា​មាន​សភាព​យ៉ាងណា​នៅទីនោះ ?

សូម​រៀបចំ​ប្រើ អាលម៉ា 40:6–7, 11–14 ដើម្បី​ឆ្លើយ​​សំណួរ​ទាំងនេះ ។ នៅពេល​អ្នក​រៀបចំ សូម​សម្រេច​ថា​ផ្នែកណា​នៃ​មេរៀន​ដែល​ដៃគូ​នីមួយៗ​នឹង​បង្រៀន ។ សូម​ត្រៀមខ្លួន​ដើម្បី​ធ្វើ​ដូចខាងក្រោម ៖

សូម​ឲ្យ​ព័ត៌មាន​ខ្លះ​សម្រាប់​វគ្គ​ដែល​អ្នក​ដាក់​នោះ ។ ( នៅពេល​អ្នក​បង្រៀន​ពី​ព្រះគម្ពីរ សូម​ពន្យល់​នរណា​កំពុង​និយាយ នរណា​កំពុង​ស្ដាប់ ហើយ​កាលៈទេសៈ​ផ្សេង​ទៀត​ដែល​អាច​ជួយ​ដល់​អ្នករៀន​ឲ្យ​យល់​ពី​វគ្គ​នេះ ។

សូម​អាន​ខគម្ពីរ​ដែល​ឆ្លើយតប​នឹង​សំណួរ ។ សូម​ពន្យល់​ពី​របៀប​ដែល​សេចក្ដីពិត​ក្នុង​ខគម្ពីរ​ទាំងនេះ​ជួយ​ឆ្លើយ​នឹង​សំណួរ​ទាំងឡាយ ។ ( វា​អាច​ជួយ​ពេល​អ្នក​បង្ហាញ​ថា នៅពេល​អាលម៉ា​បាន​ប្រើ​ឃ្លា « ភាពងងឹត​ខាងក្រៅ » គាត់​មិន​សំដៅ​លើ​សភាព​ចុងក្រោយ​របស់​សាតាំង និង​អ្នកដែល​ត្រូវបណ្ដាសា​នោះឡើយ ។ គាត់​បាន​សំដៅ​លើ​សភាព​នៃ​ភាពទុច្ចរិត​រវាង​ពេល​នៃ​ការស្លាប់​របស់​ពួកគេ និង​ពេល​នៃ​ការរស់ឡើងវិញ​របស់​ពួកគេ ។ សព្វថ្ងៃនេះ ជាធម្មតា​យើង​សំដៅ​លើ​សភាព​នេះ​ថា​ជា​គុក​ខាង​វិញ្ញាណ ។ នៅពេល​អ្នក​អាន​ខគម្ពីរ​ទាំងនេះ សូម​ប្រាកដ​ថា​គ្រប់គ្នា​យល់​ថា នៅ​ចន្លោះ​សេចក្ដីស្លាប់ និង​ការរស់ឡើងវិញ វិញ្ញាណ​ទាំងឡាយ​នៃ​ពួកសុចិរត​នឹង​រស់នៅ​ក្នុង​ស្ថានបរមសុខ ហើយ​វិញ្ញាណ​នៃ​ពួកទុច្ចរិត​នឹង​រស់នៅ​ក្នុង​គុក ។អ្នក​អាច​ផ្ដល់​យោបល់​ថា អ្នក​ដែល​អ្នក​កំពុង​បង្រៀន​គួរ​សរសេរ​សេចក្ដីពិត​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកកេ​ក្បែរ អាលម៉ា 40:11–14 ។

សូម​ចែកចាយ​ពី​របៀប​ដែល​ការយល់​របស់​អ្នក​ពី​សេចក្ដីពិត​នេះ​មាន​ឥទ្ធិពល​ដល់​ជម្រើស​ដែល​អ្នក​នឹង​ធ្វើ​នៅក្នុង​ជីវិត​នេះ ។ អ្នក​ក៏​អាច​សួរ​ដល់​សិស្ស​ថា តើ​ការយល់​របស់​ពួកគេ​ពី​ជីវិត​ក្រោយ​សេចក្ដីស្លាប់​បាន​ជួយ​ដល់​ពួកគេ​យ៉ាងណា​ខ្លះ ។

សូម​ថ្លែងទីបន្ទាល់​អំពី​សេចក្ដីពិត​ដែល​អ្នក​បាន​បង្រៀន ។

ដៃគូ​ទី 3—អាលម៉ា 40:21–26

សំណួរ ៖ តើ​អ្វីទៅជា​ការរស់ឡើងវិញ ? តើ​រាងកាយ​ដែល​រស់ឡើងវិញ​របស់​យើង​នឹង​ខុសគ្នា​ពី​រាងកាយ​នៃ​ជីវិត​រមែងស្លាប់​របស់​យើង​ដោយ​របៀបណា ? តើ​យើង​នឹង​ធ្វើ​អ្វី ក្រោយពី​យើង​បាន​រស់ឡើងវិញ ?

សូម​រៀបចំ​ប្រើ អាលម៉ា 40:21–26ដើម្បី​ឆ្លើយ​​សំណួរ​ទាំងនេះ ។ នៅពេល​អ្នក​រៀបចំ សូម​សម្រេច​ថា​ផ្នែកណា​នៃ​មេរៀន​ដែល​ដៃគូ​នីមួយៗ​នឹង​បង្រៀន ។ សូម​ត្រៀមខ្លួន​ដើម្បី​ធ្វើ​ដូចខាងក្រោម ៖

សូម​ឲ្យ​ព័ត៌មាន​ខ្លះ​សម្រាប់​វគ្គ​ដែល​អ្នក​ដាក់​នោះ ។ ( នៅពេល​អ្នក​បង្រៀន​ពី​ព្រះគម្ពីរ សូម​ពន្យល់​នរណា​កំពុង​និយាយ នរណា​កំពុង​ស្ដាប់ ហើយ​កាលៈទេសៈ​ផ្សេង​ទៀត​ដែល​អាច​ជួយ​ដល់​អ្នករៀន​ឲ្យ​យល់​ពី​វគ្គ​នេះ ។

សូម​អាន​ខគម្ពីរ​ដែល​ឆ្លើយតប​នឹង​សំណួរ ។ សូម​ពន្យល់​ពី​របៀប​ដែល​សេចក្ដីពិត​ក្នុង​ខគម្ពីរ​ទាំងនេះ​ជួយ​ឆ្លើយ​នឹង​សំណួរ​ទាំងឡាយ ។ ( នៅពេល​អ្នក​រៀបចំ​បង្រៀន វា​អាច​ជួយ​ពេល​អ្នក​យល់​ថា​ពាក្យព្រលឹងនៅក្នុង​ខគម្ពីរ​ទាំងនេះ​សំដៅលើ​វិញ្ញាណ​របស់​មនុស្ស​ម្នាក់ ។ សូម​ប្រាកដថា​គ្រប់គ្នា​យល់​ថា ការរស់ឡើងវិញ​គឺជា​ការរួបរួម​នៃ​វិញ្ញាណ និង​រាងកាយ​ដោយ​អ្វីៗ​ទាំងអស់​នឹង​ត្រូវ​បាន​ស្ដារឡើងវិញ​ដល់​ភាពពេញលេញ និង​ភាពឥតខ្ចោះ​របស់​ពួកគេ ។អ្នក​អាច​ផ្ដល់​យោបល់​ថា អ្នក​ដែល​អ្នក​កំពុង​បង្រៀន​គួរ​សរសេរ​សេចក្ដីពិត​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​ក្បែរ អាលម៉ា 40:21–23 ។

សូម​ចែកចាយ​ពី​មូលហេតុ​ដែល​អ្នក​មាន​សេចក្ដីអំណរ​ដែល​រាងកាយ និង​វិញ្ញាណ​របស់​អ្នក​នឹង​ត្រូវ​ស្ដារឡើងវិញ​នៅថ្ងៃមួយ​ដល់​ភាពពេញលេញ និង​ឥតខ្ចោះ​របស់​វា ។ អ្នក​ក៏​អាច​រៀបរាប់​ពី​របៀប​ដែល​ជម្រើស​របស់​អ្នក​ត្រូវបាន​ជះឥទ្ធិពល​ដោយ​ចំណេះដឹង​របស់​អ្នក​ថា អ្នក​នឹង​ឈរ​នៅចំពោះ​មុខព្រះ និង​ត្រូវ​កាត់សេចក្ដី​នៅថ្ងៃ​មួយ ។ សូម​ឲ្យ​សិស្ស​ចែកចាយ​ពី​អារម្មណ៍​របស់​គេ​អំពី​គោលលទ្ធិ​នៃ​ការរស់ឡើងវិញ និង​ការជំនុំជម្រះ​នៅ​ថ្ងៃចុងក្រោយ ។

សូម​ថ្លែងទីបន្ទាល់​អំពី​សេចក្ដីពិត​ដែល​អ្នក​បាន​បង្រៀន ។

ក្រោយពី​សិស្ស​បាន​រៀបចំ​ឆ្លើយនឹង​សំណួរ​ក្នុង​កិច្ចការ​របស់​ពួកគេ​ហើយ សូម​រៀបចំ​ឲ្យ​ពួកគេ​ធ្វើការ​ក្នុង​ក្រុម​តូចៗ​ដើម្បី​ឲ្យ​ពួកគេ​អាច​បង្រៀន​ដល់​គ្នាទៅវិញទៅមក​នៅក្នុង​ការដើរតួ​ជា​អ្នកផ្សព្វផ្សាយ​សាសនា ។ ក្រុម​នីមួយៗ​គួរ​មាន​ដៃគូ​បី ដោយ​ដៃគូ​នីមួយៗ​បាន​រៀបចំ​ចម្លើយ​ចំពោះ​សំណួរ​ខុសៗគ្នា ។ ( ប្រសិនបើ​មាន​សិស្ស​តិច សូម​ឲ្យ​ក្រុម​នីមួយៗ​បង្រៀន​ដល់សិស្ស​ក្នុង​ថ្នាក់​ទាំងមូល ) ។ សូម​ណែនាំ​សិស្ស​ឲ្យក្លាយជា​ខ្លួនគេ នៅពេល​ពួកគេ​បង្រៀន និង​នៅបេល​ពួកគេ​រៀន​ពី​អ្នកដទៃ​អំឡុងពេល​ដើរតួ ។ សូម​ធានា​ពួកគេ​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​បំផុសគំនិត​ដល់​ពួកគេ និង​ដល់​អ្នកដែល​ពួកគេ​បង្រៀន ប្រសិនបើ​ពួកគេ​ស្មោះត្រង់​នៅក្នុង​ការណែនាំ និង​ចម្លើយ​របស់​ពួកគេ ។ សូម​ស្ដាប់ នៅពេល​ពួកគេ​បង្រៀន​ដល់​គ្នាទៅវិញទៅមក ហើយ​សូម​ផ្ដល់​គំនិត​នៅពេល​អ្នក​មាន​អារម្មណ៍​ថា​បាន​បំផុស ។

ក្រោយពី​សិស្ស​មានពេល​បង្រៀន​ដល់​គ្នា​ទៅវិញទៅមក​នៅក្នុង​ក្រុម​ហើយ សូម​គិត​ពី​ការសួរ​សិស្ស​នូវ​សំណួរ​ខាងក្រោម​ខ្លះ ៖

  • តើ​អ្នក​បាន​រៀន​អ្វី នៅពេល​អ្នក​បាន​រៀបចំ​ឆ្លើយ​នឹង​សំណួរ​ក្នុង​កិច្ចការ​របស់​អ្នក ? តើ​អ្នក​បាន​រៀន​អ្វីខ្លះ នៅពេល​អ្នក​ត្រូវ​បាន​បង្រៀន​ដោយ​ដៃគូ​ដទៃ​ទៀត ?

  • ដោយ​ដឹង​ថា កូរីអានតុន​បាន​តស៊ូ​ក្នុង​ការគោរព​តាម​ច្បាប់​នៃ​បរិសុទ្ធភាព តើ​អ្នកគិត​ថា ការយល់​ពី​លក្ខណៈ​នៃ​ជីវិត​ក្រោយពី​សេចក្ដីស្លាប់​អាច​ជួយ​គាត់​ឲ្យ​តស៊ូ​នឹង​ការល្បួង​នាពេល​ខាងមុខ​ដោយ​របៀបណា ?

  • ហេតុអ្វីបានជា​សេចក្ដីពិត​ដែល​យើង​បាន​ពិភាក្សា​ថ្ងៃនេះ​មានន័យ​ដល់​អ្នក​យ៉ាងណា ?

សូម​ឲ្យ​សិស្ស​អាន អាលម៉ា 40:25–26 ដោយ​ស្ងាត់ៗ ដោយរកមើល​ភាពខុសគ្នា​រវាង​សភាព​ទីបញ្ចប់​នៃ​ពួកសុចរិត និង​សភាព​ទីបញ្ចប់​នៃ​ពួកទុច្ចរិត ។ ក្រោយពី​ពួកគេ​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ សូម​ឲ្យ​ពួកគេ​ចែកចាយ​ពី​របៀប​ដែល​វគ្គ​នេះ​ជះឥទ្ធិពល​ដល់​ការតាំងចិត្ត​របស់​ពួកគេ​ដើម្បី​រស់នៅតាម​ដំណឹងល្អ ។ អ្នក​អាច​ចែកចាយ​ចម្លើយរបស់​អ្នក​ទៅនឹង​សំណួរ​ដូចគ្នា​នេះ ។ សូម​ថ្លែងទីបន្ទាល់​ពី​តួនាទី​របស់​ព្រះយេស៊ូវគ្រីស្ទ​ក្នុង​ការធ្វើ​ឲ្យ​មាន​ពរជ័យ​នៃ​ការស់ឡើងវិញ ។

និមិត្ត​សញ្ញា​ចំណេះចំណាន​ខគម្ពីរការរំឭក​ចំណេះចំណាន​ខគម្ពីរ

ការយល់​របស់​សិស្ស​អំពី​វគ្គ​ព្រះគម្ពីរ​នឹង​បង្កើន នៅពេល​ពួកគេ​បង្កើត​សំណួរ​ដោយ​ខ្លួនគេ​អំពី​វគ្គ​នោះ ។ សូម​ឲ្យ​សិស្ស​ធ្វើការ​រួមគ្នា​ជា​ថ្នាក់​ទាំងមូល ឬ ក្រុម​តូចៗ ដើម្បី​សរសេរ​ពី​សញ្ញា​ដែល​បង្ហាញ​ពី​វគ្គ​ចំណេះចំណាន​ខគម្ពីរ​ដ៏​សំខាន់ ។ ( អ្នក​អាច​ជ្រើសរើស​ក្រុម​នៃ​វគ្គ​មួយ​ដែល​អ្នក​ចង់​ឲ្យ​សិស្ស​រៀន ឬ​រំឭក ។ បន្ទាប់មក សូម​ឲ្យ​ពួកគេ​អាន​សញ្ញា​របស់​ពួកគេ​ដល់​អ្នក ។ ពិន្ទុ​ត្រូវបាន​ទៅ​អ្នក ប្រសិនបើ​អ្នក​ទាយ​វគ្គ​ចំណេះចំណាន​ខគម្ពីរ​ត្រូវ ។ ពិន្ទុ​ត្រូវ​បាន​ទៅសិស្ស ប្រសិនបើ​អ្នក​មិន​អាច​ទាយ​ត្រូវ​ទេ​នោះ ។

កំណត់ចំណាំ ៖ ប្រវែង​នៃ​មេរៀន​នេះ​អាច​ឲ្យ​មាន​ពេល​សម្រាប់​ធ្វើ​សកម្មភាព​ចំណេះចំណាន​ខគម្ពីរ​នេះ ។ ទោះយ៉ាងណាក្ដី ដើម្បី​ប្រាកដ​ថា​សិស្ស​មានពេល​គ្រប់គ្រាន់​ដើម្បី​រៀបចំ និង​ចូលរួម​ក្នុង​មេរៀន​នេះ អ្នក​អាចប្រើ​សកម្មភាព​នេះ​នៅចុងបញ្ចប់​នៃ​មេរៀន បើ​មាន​ពេល ។ ប្រសិនបើ​អ្នក​មិនមានពេល​ប្រើ​សកម្មភាព​នេះ​ជា​ផ្នែក​នៃ​មេរៀន​ទេ អ្នក​អាចប្រើ​វា​នាពេល​ក្រោយ​ទៀត ។ សម្រាប់​សកម្មភាព​រំឭក​ផ្សេង​ទៀត សូម​មើល​ឧបសម្ព័ន្ធ​នៅ​ចុងបញ្ចប់​នៃ​សៀវភៅ​ណែនាំ​នេះ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

អាលម៉ា 40:11 ។ « នឹង​បាន​ត្រឡប់​ទៅផ្ទះ​វិញ គឺ​ទៅជួប​នឹង​ព្រះ​ដែល​ទ្រង់​បាន​ប្រទានជីវិត​ដល់​គេ »

ប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ បាន​ពន្យល់​ថា​ពាក្យ​នៅក្នុង អាលម៉ា 40:11 មិន​បាន​បង្រៀន​ថា យើង​នឹង​ត្រូវនាំ​ទៅក្នុង​វត្តមាន​នៃ​ព្រះ​ភ្លាមៗក្រោយពី​យើង​ស្លាប់​នោះទេ ។

« ពាក្យ​ទាំងនេះ​របស់​អាលម៉ា [អាលម៉ា 40:11–14] តាម​ខ្ញុំ​យល់​វា វា​មិន​មាន​បំណង​ដើម្បី​នាំ​គំនិត​ថា គ្រប់​វិញ្ញាណ​ទាំងអស់​ត្រូវ​ត្រឡប់​ទៅ​វត្តមាន​នៃ​ព្រះ​សម្រាប់​កិច្ចការ​មួយ​ចំពោះ​កន្លែង​មួយ​នៃ​សន្ដិភាព ឬ​កន្លែង​មួយ​នៃ​ការដាក់ទោស និង​នៅចំពោះ​មុខ​ទ្រង់​ដើម្បី​ទទួល​ការដាក់ទោស​ផ្ទាល់ខ្លួន​គេ​ទេ ។ ‹ នឹង​បាន​ត្រឡប់​ទៅផ្ទះ​វិញ › [ ប្រៀបធៀប​នឹង សាស្តា 12:7] មានន័យ​សាមញ្ញ​ថា ជីវិត​រមែងស្លាប់​របស់​ពួកគេ​បាន​មក​ដល់​ទីបញ្ចប់ ហើយ​ពួកគេ​បាន​ត្រឡប់​ទៅ​ពិភពវិញ្ញាណ​វិញ ជា​កន្លែង​ដែល​ពួកគេ​ត្រូវបាន​ដាក់​ទៅកន្លែង​មួយ​ស្របតាម​កិច្ចការ​របស់​ពួកគេ​ដោយ​សេចក្ដីយុត្តិធម៌ ឬ ដោយ​មិន​យុត្តិធម៌ នៅទីនោះ​ដើម្បី​រង់ចាំ​ការរស់ឡើងវិញ ។ ‹ ត្រឡប់​ទៅព្រះ​វិញ › គឺជា​ឃ្លា​មួយ​ដែល​ស្រដៀងគ្នា​ជា​ខ្លាំង​ទៅ​នឹង​លក្ខខណ្ឌ​ផ្សេង​ទៀត ។ ឧទាហរណ៍ ៖ បុរស​ម្នាក់​ចំណាយ​ពេល​មួយរយៈ​នៅក្នុង​តំបន់​បេសកកម្ម​នៅ​បរទេស​ខ្លះ ។ នៅពេល​គាត់​បាន​ដោះលែង ហើយ​ត្រឡប់​មកកាន់​សហរដ្ឋអាមេរិក​វិញ គាត់​អាច​និយាយ​ថា ‹ វា​អស្ចារ្យ​ដើម្បី​ត្រឡប់​មក​ផ្ទះ​វិញ › ដោយ​ឡែក​ផ្ទះ​របស់​គាត់​អាច​នៅ​កន្លែង​ណា​មួយ​នៅក្នុង​រដ្ឋ​យូថាហ៍ ឬ​អៃដាហូ ឬ ផ្នែក​ផ្សេង​ទៀត​នៃ​ភាពខាងលិច » (Answers to Gospel Questions, កែសម្រួល​ដោយ Joseph Fielding Smith Jr 5 vols. [1957–66], 2:85 ) ។

អាលម៉ា 40:11–15 ។ តើ​ពិភពវិញ្ញាណ​នៅ​ឯណា ?

ប្រធាន ព្រិកហាំ យ៉ង់ បាន​បង្រៀន ៖

« តើ​ពិភពវិញ្ញាណ​នៅ​ឯណា ? វា​គឺ​នៅ​ទីនេះ ។… តើ​ពួកគេ [ វិញ្ញាណ​នៃ​អ្នក​ដែល​បាន​ស្លាប់​ទៅ ] ទៅ​ហួស​ពី​ព្រំដែន​នៃ​ផែនដី​ដែល​បាន​រៀបចំ​នេះ​ទេ ? ទេ ពួកគេ​មិន​ទៅ​ហួស​ទេ ។ ពួកគេ​ត្រូវបាន​នាំមកកាន់​ផែនដី​នេះ » (Discourses of Brigham Young sel. John A. Widtsoe [1954] 376 ) ។

អាលម៉ា 40:11–15 ។ តើ​នឹង​មាន​អ្វី​កើតឡើង​ដល់​វិញ្ញាណ​ទាំងឡាយ​ដែល​នៅក្នុង​ពិភពវិញ្ញាណ ?

« នៅពេល​រាងកាយ​ខាង​សាច់​ឈាម​ស្លាប់ វិញ្ញាណ​បន្ដ​រស់នៅ ។ នៅក្នុង​ពិភព​វិញ្ញាណ វិញ្ញាណ​របស់​ពួក​សុចរិត‹ នឹង​បាន​ទទួល​ស្ថានភាព​នៃ​សុភមង្គល ដែល​ជា​ស្ថានបរមសុខ​ដែល​ជា​ស្ថានភាព​ឈប់​សម្រាក ស្ថាន​ភាពសុខសាន្ត ជា​កន្លែង​ដែល​គេ​នឹង​បាន​សម្រាក​ពី​អស់​ទាំង​កង្វល់ ពី​អស់​ទាំង​ការបារម្ភ និង​ពី​ទុក្ខ​ព្រួយ › (អាលម៉ា 40:12) ។ កន្លែង​មួយ​ហៅថា​គុក​ខាង​វិញ្ញាណ​ត្រូវ​បាន​រក្សា​ទុក​សម្រាប់ ‹ អ្នក​ដែល​បាន​ស្លាប់​នៅក្នុង​អំពើបាប​របស់​ពួកគេ ដោយ​មិន​បាន​ដឹង​ពី​សេចក្ដីពិត ឬ​នៅក្នុង​ការរំលង ដោយ​បាន​បដិសេធ​ព្យាការី › (គ. និង ស. 138:32) ។ វិញ្ញាណ​ទាំងឡាយ​នៅក្នុង​គុក​ត្រូវបាន ‹ បង្រៀន​ពី​សេចក្ដីជំនឿ​លើ​ព្រះ ការប្រែចិត្ត​ពី​អំពើបាប ការជ្រមុជទឹក​ជំនួស​សម្រាប់​ការផ្ដាច់បាប អំណោយទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​ដោយ​ការដាក់ដៃ​លើ​ក្បាល ហើយ​និង​គោលការណ៍​ផ្សេង​ទាំងឡាយ​នៃ​ដំណឹងល្អ​ដែល​ចាំបាច់​សម្រាប់​ពួកគេ​ដឹង › (គ. និង ស. 138:33–34) ។ ប្រសិនបើ​ពួកគេ​ទទួល​យក​គោលការណ៍​នៃ​ដំណឹងល្អ ប្រែចិត្ត​ពី​អំពើបាប​របស់​ពួកគេ ហើយ​ទទួល​យក​ពិធីការ​ទាំងឡាយ​ដែល​បាន​ធ្វើ​ជំនួស​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ពួកគេ​នឹង​ស្វាគមន៍​មកកាន់​ស្ថានបរមសុខ » (ពិតចំពោះ​សេចក្តីជំនឿ ៖ ឯកសារ​យោង​នៃ​ដំណឹង​ល្អ [2004] ទំព័រ 46–47 ) ។

អាលម៉ា 40:13–14 ។ ភាពងងឹត​ខាងក្រៅ

នៅពេល​អាលម៉ា​បាន​ប្រើ​ឃ្លា « ភាពងងឹត​ខាងក្រៅ » គាត់​បាន​សំដៅ​លើ​កន្លែង​បណ្ដោះអាសន្ន​នៅក្នុង​ពិភពវិញ្ញាណ​ក្រោយពី​សេចក្ដីស្លាប់​ដែល​ពួកទុច្ចរិត​នឹង​ត្រូវ​រង់ចាំ​ការរស់ឡើងវិញ ( សូមមើល អាលម៉ា 40:13–14) ។ ព្យាការី​ផ្សេង​ទៀត​បាន​យោង​ថា​កន្លែង​នេះ​ជា​គុក ( សូមមើល ពេត្រុសទី 1 3:18–20; គ. និង ស. 76:73; 138:28–42) ។