មេរៀន​ទី 146

អេធើរ 4–5

សៀវភៅ​ណែនាំ​ការសិក្សា​ព្រះគម្ពីរ​មរមន​សម្រាប់​គ្រូបង្រៀន ថ្នាក់​សិក្ខាសាលា


សេចក្តីផ្ដើម

ព្រះអម្ចាស់​បាន​បញ្ជា​ដល់​លោក​មរ៉ូណៃ​ឲ្យ​បិទត្រា​នូវ​ការនិមិត្ត​ដែល​បាន​កត់ត្រា​ទុក​អំពី​បងប្រុស​របស់​លោក​យ៉ារេឌ និង​បាន​ពន្យល់​ថា ការសរសេរ​ទាំងនេះ​នឹងត្រូវបាន​បង្ហាញ នៅពេល​ប្រជាជន​មាន​សេចក្ដីជំនឿ​ដូចជា​បងប្រុស​របស់​យ៉ារេឌ ។ លោក​មរ៉ូណៃ​បាន​ព្យាករណ៍​ថា សាក្សី​បី​នាក់​នឹង​ថ្លែងទីបន្ទាល់​អំពី​សេចក្ដីពិត​ពេញលេញ​នៃ​ព្រះគម្ពីរ​មរមន​នៅក្នុង​ថ្ងៃចុងក្រោយ ។

យោបល់​សម្រាប់​ការបង្រៀន

អេធើរ 4:1–7

លោក​មរ៉ូណៃ​កត់ត្រា និង​បិទត្រា​នូវ​ដំណើរឿង​ពេញលេញ​នៃ​ការនិមិត្ត​របស់​បងប្រុស​របស់​យ៉ារេឌ

សូម​ឲ្យ​សិស្ស​គិត​អំពី​វត្ថុ​មួយ​ដែល​មាន​តម្លៃជាពិសេស ​ដល់​ពួកគេ​ ឬ​ដល់​គ្រួសារ​របស់​ពួកគេ ហើយ​ថា​ពួកគេ​អាច​រក្សា​ទុក​វា​កុំ​ឲ្យ​ក្មេងៗ​ប៉ះពាល់​វា ។ ជា​ឧទាហរណ៍ អ្នក​អាច​បង្ហាញ ឬ​រៀបរាប់​ពី​អ្វីមួយ​ដែល​មាន​តម្លៃ​ដល់​អ្នក ។

  • ហេតុអ្វីបានជា​អ្នក​នឹង​មិន​អនុញ្ញាត​ឲ្យ​ក្មេង​ម្នាក់​ឈោង​ចាប់​យក​វត្ថុ​បែប​នោះ​បាន ?

  • តើ​ក្មេង​ម្នាក់​នោះ​នឹង​ត្រូវ​រៀន ឬ​ធ្វើ​អ្វីខ្លះ មុនពេល​អ្នក​នឹង​ទុកចិត្ត​លើ​គេ​ថា​គេ​អាច​កាន់​វត្ថុ​នោះ​បាន ?

សូម​ពន្យល់​ថា សេចក្ដីពិត​នៃ​ដំណឹងល្អ​មាន​តម្លៃ​ជា​ខ្លាំង​ដល់​ព្រះអម្ចាស់ ។ ទ្រង់​ចង់​ចែករំលែក​វា​ទាំងអស់​ដល់​យើង ប៉ុន្ដែ​ទ្រង់​រង់ចាំ រហូតដល់​យើង​រួចរាល់​ជាស្រេច​ដើម្បី​ទទួល​វា ។ នៅពេល​សិស្ស​សិក្សា​ពី អេធើរ 4 អំឡុងពេល​មេរៀន​នេះ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រកមលើ​គោលការណ៍​នានា​ដែល​អាច​ជួយ​ពួកគេ​ឲ្យ​រៀបចំ​ដើម្បី​ទទួល​បាន​សេចក្ដីពិត​មក​ពី​ព្រះអម្ចាស់ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អេធើរ 4:1– 5 ហើយ​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​លោក​មរ៉ូណៃ​កត់ត្រា និង​បិទត្រា​ទុក ។

  • តើ​លោក​មរ៉ូណៃ​ត្រូវបាន​បញ្ជា​ឲ្យ « បិទទុក » អ្វី ?

សូម​ពន្យល់​ថា លោក​មរ៉ូណៃ​បាន​បញ្ចប់​កំណត់ត្រា​អំពី​បងប្រុស​របស់​យ៉ារេឌ​នៅក្នុង​របៀប​មួយ​ដែល​ជាញឹកញាប់​ត្រូវបាន​ហៅ​ថា ចំណែក​បិទត្រា​ទុក​នៃ​ព្រះគម្ពីរមរមន ។ ( អ្នក​អាច​បង្ហាញ​តារាង​ដែល​មាន​ចំណងជើង​ថា ប្រភព​នៃ​ព្រះគម្ពីរមរមន ដែលស្ថិត​នៅក្នុង​ឧបសម្ព័ន្ធ​នៅចុងបញ្ចប់​នៃ​សៀវភៅ​ណែនាំ​នេះ ) ។

  • តើ​លោក​មរ៉ូណៃ​បាន​រៀបរាប់​អ្វី​ដែល​បងប្រុស​របស់​យ៉ារេឌ​បាន​ឃើញ​ដោយ​របៀបណា ? ( សូមមើល អេធើរ 4:4 ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​សិក្សា​បន្ថែម​ទៀត​អំពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​បង្ហាញ​ដល់​បងប្រុស​របស់​យ៉ារេឌ សូម​ឲ្យ​ពួកគេ​អាន អេធើរ 3:25–26 និង នីហ្វៃទី 2 27:8–10 ដោយ​ស្ងាត់ស្ងៀម ។ បន្ទាប់មក សួរ​ពួកគេ​នូវ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • យោងតាម អេធើរ 3:25–26 តើ​ព្រះអម្ចាស់​បាន​បង្ហាញ​អ្វី​ដល់​បងប្រុស​របស់​យ៉ារេឌ ?

  • យោងតាម នីហ្វៃទី 2 27:10 តើ​ចំណែក​បិទត្រា​ទុក​នៃ​ព្រះគម្ពីរមរមន​រួមមាន​អ្វីខ្លះ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អេធើរ 4:6–7 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម និង​រកមើល​លក្ខខណ្ឌ​ដែល​ត្រូវតែ​មាន មុនពេល​វិវរណៈ​ទាំងឡាយ​ដែល​ត្រូវ​បាន​ប្រទានដល់​បងប្រុស​របស់​យ៉ារេឌ ត្រូវ​បាន​ប្រកាស​ប្រាប់ ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​គូសចំណាំ​អ្វី​ដែល​ពួកគេ​រកឃើញ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។

  • តើ​លក្ខខណ្ឌ​អ្វីខ្លះ​ដែល​អ្នក​បាន​រកឃើញ ?

  • តើ​គោលការណ៍​អ្វីខ្លះ​អំពី​ការទទួល​បាន​នូវ​វិវរណៈ ដែល​យើង​អាច​រៀន​ពី​វគ្គ​គម្ពីរ​នេះ ? ( សូម​ជួយ​សិស្ស​ឲ្យ​ឃើញ​ថា នៅពេល​យើង​ប្រែចិត្ត និង​អនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​ទទួល​បាន​វិវរណៈ​បន្ថែម​ទៀត ) ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​យើង​ត្រូវ​ប្រែចិត្ត និង​ត្រូវតែ​ស្អាតស្អំ​ដើម្បី​ទទួល​បាន​វិវរណៈ​បន្ថែម​ទៀត ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​អត្ថន័យ​នៃ « អនុវត្ត​សេចក្ដីជំនឿ … ដូចដែល​បង​របស់​យ៉ារេឌ​បាន​ធ្វើ » ( អេធើរ 4:7  ) សូម​ឲ្យពួកគេ​សរសេរ​នៅក្នុង​សៀវភៅកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​អំពី​អ្វី​ដែល​ពួកគេ​អាច​ចងចាំ​ឲ្យ​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ថា បងប្រុស​របស់​យ៉ារេឌ​បាន​បង្ហាញ​សេចក្ដីជំនឿ​លើ​ព្រះអម្ចាស់ ។ អ្នក​អាច​ណែនាំថា ពួកគេ​គួរតែ​រំឭក អេធើរ 1–3 នៅពេល​ពួកគេ​ប្រមូល​នូវ​គំនិត​ទាំងនេះ ។ នៅពេល​ពួកគេ​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​សញ្ជឹង​គិត និង​សរសេរ​ហើយ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​អាន​ឧទាហរណ៍​ខ្លះ​ដែល​ពួកគេ​បាន​សរសេរ និង​ឲ្យ​គេ​ពន្យល់​ពី​មូលហេតុ​ដែល​ឧទាហរណ៍​ទាំងនោះ​បាន​ធ្វើឲ្យ​ពួកគេ​រំភើប ។

សូម​រំឭក​សិស្ស​អំពី​វត្ថុ​ដ៏​មាន​តម្លៃ​ដែល​ពួកគេ​បាន​គិត នៅពេល​ចាប់ផ្ដើម​ថ្នាក់ និង​ពី​លក្ខខណ្ឌ​ដែល​ពួកគេ​នឹង​ដាក់​មុនពេល​ពួកគេ​ទុកចិត្ត​លើ​ក្មេង​ម្នាក់ ។ សូម​ធ្វើ​ទីបន្ទាល់​ថា តាមរបៀប​ដូចគ្នា​នេះ ព្រះអម្ចាស់​តម្រូវឲ្យ​កូនចៅ​របស់​ទ្រង់​បំពេញ​តាម​លក្ខខណ្ឌ​មួយ​ចំនួន មុនពេល​ទ្រង់​នឹង​បង្ហាញ​សេចក្ដីពិត​ទាំងឡាយ​របស់​ទ្រង់​ដល់​ពួកគេ ។ ទ្រង់​តម្រូវឲ្យយើង​បង្ហាញ​នូវ​ការរៀបចំ​ជាស្រេច​ខាង​វិញ្ញាណ និង​សេចក្ដីជំនឿ​របស់​យើង ។

អេធើរ 4:8–19

ព្រះអម្ចាស់​បង្រៀន​ពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ ដើម្បី​ទទួល​បាន​វិវរណៈ​បន្ថែម​ទៀត

សូម​លើក​ក្រណាត់​មួយ​ផ្ទាំង​ឡើង ។ សូម​ពន្យល់​ថា ព្រះអម្ចាស់​បាន​បង្រៀន​គោលការណ៍​ទាំងឡាយ​ដែល​អាច​ជួយ​យើង​ឲ្យ​ទទួល​បាន​នូវ​វិវរណៈ ។ នៅពេល​ទ្រង់​បាន​បង្រៀន​ពី​គោលការណ៍​ទាំងនេះ ទ្រង់​បាន​សំដៅ​ទៅលើ​វាំងនន​មួយ ។ វាំងនន គឺជា​ស្បៃ​មួយ ឬក្រណាត់​មួយ​ផ្ទាំង​ដែល​ត្រូវបាន​ប្រើ​ដើម្បី​គ្រប ឬ​បាំង​អ្វីមួយ ។

សូម​ឲ្យ​សិស្ស​អាន អេធើរ 4:15 ដោយ​ស្ងាត់ស្ងៀម ហើយ​រកមើល​ឃ្លា​ដែល​រួមមាន​នូវ​ពាក្យ វាំងនន ។

  • តើ​វាំងនន​ប្រភេទ​ណា​ដែល​ព្រះអម្ចាស់​សំដៅ​លើ​នោះ ? ( « វាំងនន​នៃ​ការឥតជំនឿ » មួយ ) ។ តើ​ការឥតជំនឿ​ដូចជា​វាំងនន​មួយ​ដោយ​របៀបណា ?

  • ពាក្យ ហែក មានន័យ​ថា​ជ្រៀក ឬ​បែងចែក ។ តើ​អ្នកគិតថា វា​មាន​ន័យ​យ៉ាងណាក្នុង​ការ « ហែក​វាំងនន​នៃ​ការឥតជំនឿ​មួយ » ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អេធើរ 4:8 ឮៗ ហើយ​សិស្ស​ម្នាក់​ទៀត​អាន អេធើរ 4:11 ឮៗ ហើយ​ម្នាក់​ទៀត​អាន អេធើរ 4:15 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​មើល​តាម និង​រកមើលអ្វី​ដែល​អាច​រារាំង​យើង​ពី​ការទទួល​បាននូវ​វិវណៈ និង​អ្វី​ដែល​អាច​ជួយ​យើង​ឲ្យ « ហែក​វាំងនន​នៃ​ការឥត​ជំនឿ » ហើយ​ទទួល​បាន​នូវ​វិវរណៈ​បន្ថែម​ទៀត ។

  • តើ​អ្នក​គិត​ថា វា​មាន​ន័យ​យ៉ាងណា​ដើម្បី « តតាំង​ទាស់​នឹង​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់ » ? ( អេធើរ 4:8 ) ។

  • យោងតាម អេធើរ 4:8 តើ​លទ្ធផល​អ្វី​ដែល​យើង​នឹង​ជួប នៅពេល​យើង​តតាំង​ទាស់​នឹង​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់ ?

  • ស្របតាម អេធើរ 4:11 តើ​អ្វី​ជា​ពរជ័យ​មួយ ដែល​យើង​ទទួល​បាន នៅពេល​យើង​ជឿ​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ?

សូម​សរសេរ​ឃ្លា​មិន​ពេញលេញ​ខាង​ក្រោម​នៅ​លើ​ក្តារខៀន ៖

នៅពេល​យើង​ជឿ​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ …

សូម​ឲ្យ​សិស្ស​បំពេញ​ប្រយោគ​នេះ ស្របតាម​អ្វី​ដែលពួកគេ​បាន​រៀន​ពី​ក្នុង​ខគម្ពីរ​ទាំងនេះ ។ ទោះបីជា​សិស្ស​អាច​មាន​ចម្លើយ​ខុសគ្នា​ក្ដី សូម​ប្រាកដ​ថា ពួកគេ​រកឃើញ​គោលការណ៍​ខាងក្រោម ៖ នៅពេល​យើង​ជឿ​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ នោះ​ព្រះអម្ចាស់​នឹង​ប្រទានពរ​ដល់​យើង​ឲ្យ​ទទួល​បាន​វិវរណៈ​បន្ថែម​ទៀត ។ សូម​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ។ អ្នក​ក៏​អាច​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​វា​នៅក្នុង​ព្រះគម្ពីរ​របស់​គេ​ក្បែរ អេធើរ 4:11 ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​គោលការណ៍​នេះ សូម​សួរ ៖

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​យើង​ត្រូវ​ជឿ​លើ​សេចក្ដីពិត ដែល​យើង​បាន​ទទួល​រួចមកហើយ មុនពេល​ព្រះអម្ចាស់​នឹង​ប្រទានដល់​យើង​បន្ថែម​ទៀត​នោះ ?

សូម​ឲ្យ​សិស្ស​ម្នាក់​សរសេរ​នៅលើ​ក្ដារខៀន​នូវ​គំរូ​នៃ​ការអនុវត្ត​សេចក្ដីជំនឿ​ខាងក្រោម​នៅក្នុង​ព្រះបន្ទូលព្រះអម្ចាស់ ៖ ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន ; ការធ្វើ​តាម​ការបំផុស​គំនិត​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ; ការធ្វើតាម​អ្នកដឹកនាំ​សាសនាចក្រ​ក្នុង​ស្រុក ; ការសិក្សា​ព្រះគម្ពីរ​នៅក្នុង​សាសនាចក្រ និង​ក្នុង​ថ្នាក់​សិក្ខាសាលា ; ការធ្វើតាម​ពាក្យសម្ដី​របស់​ព្យាការី​ថ្ងៃចុងក្រោយ ។.

សូម​ឲ្យ​សិស្ស​សញ្ជឹងគិត​ពី​របៀប​ដែល​ការបង្ហាញ​ជំនឿ​ទៅលើ​ព្រះបន្ទូលព្រះអម្ចាស់​តាម​របៀប​មួយ នៃ​របៀប​ទាំងនេះ បាន​ដឹកនាំ​ពួកគេ​ឲ្យ​ទទួល​បាន​វិវរណៈ​បន្ថែម​ទៀត ។ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​ជួប ។

សូម​សំដៅ​ជាថ្មី​ម្ដងទៀត​ទៅលើ​ឧទាហរណ៍​ដែល​បាន​សរសេរ​នៅលើ​ក្ដារខៀន ។ សូម​ឲ្យ​សិស្ស​ពិចារណា​ពី​ឧទាហរណ៍​ទាំងនោះ នៅពេល​ពួកគេ​សញ្ជឹងគិត​ដោយ​ស្ងាត់ស្ងៀម​អំពី​របៀប​ណា​ដែល​ល្អ​ដើម្បី​បង្ហាញ​ជំនឿ​របស់​ពួកគេ​ទៅលើ​ព្រះបន្ទូល​នៃ​ព្រះ ។ សូមណែនាំ ចំពោះ​ឧទាហរណ៍​នីមួយៗ ពួកគេ​គួរ​វាយតម្លៃ​លើ​ខ្លួនគេ​ពី 1 ដល់ 10 ដោយ​ការដាក់​លេខ 10 មាន​ន័យ​ថា ឧទាហរណ៍​នេះ​សំដៅ​ទៅលើ​អ្វីមួយ​ដែល​ពួកគេ​បាន​ធ្វើ​ល្អប្រសើរ ។ សូម​ឲ្យ​សិស្ស​សរសេរ​នៅក្នុង​សៀវភៅកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​អំពី​របៀប​មួយ​ដែល​ពួកគេ​អាច​បង្ហាញ​នូវ​សេចក្ដីជំនឿ​កាន់តែ​ខ្លាំង​ជាងមុន ទៅតាម​ការដឹកនាំ​ដែល​ពួកគេ​បាន​ទទួល​ពី​ព្រះអម្ចាស់​រួចមកហើយ​នោះ ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​គោលការណ៍​ដែល​អ្នក​បានសរសេរ​នៅលើ​ក្ដារខៀន ហើយ​សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ធ្វើតាម​គោលដៅ​ដែល​ពួកគេ​បាន​សរសេរ​មក​នោះ ។

សូមលុប​ឃ្លា « ជឿ​លើ​ព្រះបន្ទូលព្រះអម្ចាស់ » ពី​លើ​ក្ដារខៀន ។ សូម​បង្ហាញ​ថា ព្រះអម្ចាស់​បានបង្រៀន​ពី​គោលការណ៍​បន្ថែម​ទៀត​អំពី​ការទទួល​បាន​វិវរណៈ ។ សូម​ឲ្យ​សិស្ស​អាន អេធើរ 4:13–15 ដោយ​ស្ងាត់ស្ងៀម ដោយ​រកមើល​រឿង​ផ្សេងៗ​ទៀត​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​ទទួល​បាន​វិវរណៈ​ពី​ព្រះអម្ចាស់ ។

នៅពេល​សិស្ស​បាន​មាន​ពេល​អាន​ហើយ សូម​ឲ្យ​ពួកគេផ្តល់​យោបល់​​ពី​របៀប​ដើម្បី​បំពេញ​ប្រយោគ​នេះ ។ ចម្លើយ​អាច​រួមមាន​គោលការណ៍​ដូចខាងក្រោម ៖ នៅពេល​យើង​ចូលមករក​ព្រះអម្ចាស់ នោះ​ព្រះអម្ចាស់​នឹង​ប្រទានពរ​ដល់​យើង​ឲ្យ​ទទួល​បាន​វិវរណៈ​បន្ថែម​ទៀត ។ នៅពេល​យើង​អធិស្ឋាន​ដោយ​រាបសា នោះ​ព្រះអម្ចាស់​នឹង​ប្រទានពរ​ដល់​យើង​ឲ្យ​ទទួល​បាន​វិវរណៈ​បន្ថែម​ទៀត ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​គោលការណ៍​ទាំងនេះ​កាន់តែ​ច្បាស់ សូម​គិត​ពី​ការសួរ​សំណួរ​ដូចខាងក្រោម​នេះ ៖

  • តើ​វា​មានន័យ​យ៉ាងណាចំពោះ​អ្នក ដើម្បីមករក​ព្រះអម្ចាស់ ? ( ចម្លើយ​អាច​រួមមាន ការសិក្សា​ព្រះបន្ទូល​របស់​ទ្រង់ ការបែរ​ដួងចិត្ត​ទៅរក​ទ្រង់ ការប្រែចិត្ត និង​ការធ្វើតាម ព្រមទាំង​គោរព​តាម​ទ្រង់ ) ។

  • តើ​វា​មាន​ន័យ​យ៉ាងណា ដែល​មាន​ចិត្តសង្រេង និង វិញ្ញាណទន់ទាប ? ( ការបន្ទាបខ្លួន ប្រែចិត្ត និង​ទទួលយក​តាម​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់ ) ។ តើ​ហេតុអ្វីបានជា​ឥរិយាបថ​ទាំងនេះ​ចាំបាច់ នៅពេល​យើង​អធិស្ឋាន​សុំ​ឲ្យ​មាន​វិវរណៈ​បន្ដ​មក​ពី​ព្រះអម្ចាស់ ?

សូម​ឲ្យ​សិស្ស​ពិចារណា​ពី​របៀប​ដែល​ពួកគេ​អាច​អនុវត្ត​គោលការណ៍​ទាំងនេះ​នៅក្នុង​ការខិតខំ​របស់​គេ​ដើម្បី​ទទួល​បាន​វិវរណៈ ។

សូម​សង្ខេប អេធើរ 4:17–19 ដោយ​ការពន្យល់​ថា ព្រះអម្ចាស់​បាន​ប្រកាស​ថា ការលេចចេញ​មក​នៃ​ព្រះគម្ពីរ​មរមន​នឹង​ជាទី​សម្គាល់​មួយ​ថា កិច្ចការ​ថ្ងៃចុងក្រោយ​របស់​ព្រះ​បាន​ប្រកាស​ហើយ ។ ទ្រង់​ក៏​បាន​តឿន​ឲ្យ​ប្រជាជន​ទាំងឡាយ​ប្រែចិត្ត និង​ចូលមករក​ទ្រង់​ដែរ ។

អេធើរ 5

លោក​មរ៉ូណៃ​ប្រកាស​ថា សាក្សី​បីនាក់​នឹង​ឃើញ ព្រមទាំង​ថ្លែងទីបន្ទាល់​អំពី​ផ្ទាំងចំណារ​ទាំងឡាយ

សូមលើក​រូបភាព យ៉ូសែប ស៊្មីធ កំពុង​បកប្រែ​ព្រះគម្ពីរមរមន ឡើង ( សៀវភៅ​រូបភាព​ដំណឹងល្អ [ ឆ្នាំ 2009 ], លេខ 92 ) ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន អេធើរ 5:1–3 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​មើល​តាម ដោយ​ស្រមៃមើល​នូវ​​អ្វី​ដែល​វា​អាច​កើតមាន​ឡើង ពេល យ៉ូសែប ស៊្មីធ បកប្រែ​ព្រះគម្ពីរ​មរមន ហើយ​ដឹង​ថា​ការប្រឹក្សា​នេះ​ត្រូវបាន​សរសេរ​ដោយផ្ទាល់​ដល់​លោក ដោយ​លោក​មរ៉ូណៃ​កាលពី​ជាង 1,400 ឆ្នាំ​មុន​នោះ ។

យ៉ូសែប ស៊្មីធ កំពុង​បកប្រែ​ព្រះគម្ពីរមរមន
  • តើ​លោក​មរ៉ូណៃ​បាន​មាន​ប្រសាសន៍​អ្វី​ខ្លះ អំពី​ផ្ទាំងចំណារ​ទាំងឡាយ​ដែល​លោក​បាន « បិទត្រា​ទុក » នោះ ?

  • យោងតាម អេធើរ 5:2–3 តើ​យ៉ូសែប នឹង​ត្រូវ​មាន​អភ័យឯកសិទ្ធិ​ដើម្បី​ធ្វើ​អ្វី​ជាមួយ​នឹង​ផ្ទាំងចំណារ​ទាំងនោះ ?

សូម​ឲ្យ​សិស្ស​ប្រាប់​ឈ្មោះ​សាក្សី​​នៃ​ព្រះគម្ពីរ​មរមនបីនាក់ និង​រំឭក​ពី​អ្វី​ដែល​ពួកលោក​បាន​ជួប ។ ( ប្រសិនបើ​សិស្ស​ត្រូវការ​ជំនួយ សូម​ឲ្យ​ពួកគេ​អាន « ទីបន្ទាល់​នៃ​ពួកសាក្សី​បីនាក់ » នៅ​ដើម​ទំព័រ​នៃ​ព្រះគម្ពីរ​មរមន ) ។ អ្នក​អាច​ពន្យល់​ថា បន្ថែម​ទៅលើ​សាក្សី​បី​នាក់ អ្នកផ្សេងទៀត​បាន​ថ្លែងទីបន្ទាល់​អំពី​ភាពពិត​នៃ​ផ្ទាំងចំណារ​មាស រួមមាន​សមាជិក​នៃ​ក្រុមព្រះ ( សូមមើល អេធើរ 5:4 ) មរ៉ូណៃ ( សូមមើល អេធើរ 5:6 ) យ៉ូសែប ស្ម៊ីធ និង​សាក្សី​ប្រាំបី​នាក់ ។

  • តើ​អ្នក​អាច​ក្លាយជា​សាក្សី​ម្នាក់​នៃ​ព្រះគម្ពីរ​មរមន​ដោយ​របៀបណា ទោះបីជា​មិន​បាន​មើល​ឃើញ​ផ្ទាំងចំណារ​ក្ដី ? តើ​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះគម្ពីរ​មរមន​អាច​មាន​ឥទ្ធិពល​លើ​មនុស្ស​ផ្សេង​ទៀត​ដោយ​របៀបណា ?

ដើម្បី​បញ្ចប់​មេរៀន​នេះ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះគម្ពីរមរមន ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

អេធើរ 5 ។ ទីបន្ទាល់​នៃ​ពួកសាក្សី​បី​នាក់

ប្រធាន ជែមស៍ អ៊ី ហ្វោស្ត ក្នុង​គណៈប្រធាន​ទីមួយ​បាន​មាន​ប្រសាសន៍ ៖

« ក្នុង​នាម​ជា​យុវជន​ថ្នាក់​បព្វជិតភាពអើរ៉ុន​វ័យក្មេង​ម្នាក់ ខ្ញុំ​បាន​ទទួល​ការបញ្ជាក់​ដំបូង​អំពី​ទីបន្ទាល់​ដ៏​គួរ​ឲ្យ​​អស្ចារ្យហួសប្រមាណពី​ពួកសាក្សី​បី​នាក់ ទាក់ទង​ទៅនឹង​សេចក្ដីពិត​ពេញលេញ​នៃ​ព្រះគម្ពីរមរមន ។ ប្រធាន​ស្ដេក​របស់​ខ្ញុំ​គឺជា​ប្រធាន ហែនរី ឌី. ម៉យលី ហើយ​ឪពុក​របស់​លោក​គឺ ជែមស៍ អេច. ម៉យលី ។ នៅក្នុង​រដូវក្ដៅ បងប្រុស ជែមស៍ អេច. ម៉យលី តែង​មក​លេង​នឹង​គ្រួសារ​របស់​លោក ហើយ​លោក​បាន​មក​ថ្វាយបង្គំ​ព្រះ​ជាមួយ​នឹង​យើង​នៅក្នុង​វួដ​ដ៏​តូច​មួយ​នៅ​ទិសអាគ្នេយ៍​នៃ​ជ្រលង​សលត៍​លេក ។

« នៅ​ថ្ងៃ​អាទិត្យ​មួយ បងប្រុស ជែមស៍ អេច. ម៉យលី បាន​ចែករំលែក​អំពី​បទពិសោធន៍​​មួយ​ជាមួយ​នឹង​យើង ។ កាល​នៅ​ជា​យុវជន លោក​បាន​ទៅសិក្សានៅ​សាកលវិទ្យាល័យ​មីឈីហ្កេន ដើម្បី​រៀន​ផ្នែកច្បាប់ ។ នៅពេល​លោក​បាន​បញ្ចប់​ការសិក្សា​របស់​លោក ឪពុក​របស់​លោក​បានប្រាប់​លោក​ថា ដាវីឌ វិតមើរ ជា​សាក្សី​ម្នាក់ក្នុង​ចំណោម​​សាក្សី​ក្នុង​ព្រះគម្ពីរមរមន​នៅ​រស់នៅ​នៅឡើយ​ទេ ។ លោក​ឪពុក​បានណែនាំ​ដល់​កូនប្រុស​​ថា កូន​គួរ​ឈប់​នៅតាម​ផ្លូវ​ត្រឡប់​ទៅ​ទីក្រុង​សលត៍​លេកវិញ ដើម្បី​ឈាង​ចូលលេង ដាវីឌ វិតមើរ ផ្ទាល់មុខ​ទៅ ។ បំណង​របស់​បងប្រុស ម៉យលី គឺ​ដើម្បី​សួរកូន​អំពី​ទីបន្ទាល់​របស់​លោក​ទាក់ទង​ទៅនឹង​ផ្ទាំងចំណារ​មាស​ទាំងឡាយ និង​ព្រះគម្ពីរមរមន ។

« អំឡុងពេល​ការទៅលេង​នោះ បងប្រុស​ម៉យលី បាន​មាន​ប្រសាសន៍​ទៅកាន់ ដាវីឌ វិតមើរ ៖ ‹ លោក​ពូ ពូ​គឺជា​បុរសមានវ័យ​ចំណាស់​ម្នាក់ ហើយ​ខ្ញុំ​គឺជា​យុវជន​ក្មេង​ម្នាក់ ។ ខ្ញុំ​បាន​សិក្សា​អំពី​សាក្សី និង​ទីបន្ទាល់​ជាច្រើន ។ សូម​ប្រាប់​ខ្ញុំ​អំពី​សេចក្ដីពិត​ទាក់ទង​ទៅនឹង​ទីបន្ទាល់​របស់​លោក​ពូ ក្នុង​នាម​ជា​សាក្សី​ម្នាក់​នៃ​ព្រះគម្ពីរមរមន​ផង › ។ នោះលោក ដាវីឌ វិតមើរ បាន​ប្រាប់​យុវជន​នេះ​ថា ៖ ‹ មែនហើយ ខ្ញុំ​បាន​កាន់​ផ្ទាំង​មាស​​នៅក្នុង​ដៃ​ខ្ញុំ ហើយ​វា​ត្រូវបាន​បង្ហាញ​ដល់​យើង​ដោយ​ទេវតា​មួយ​អង្គ ។ ទីបន្ទាល់​របស់​ខ្ញុំ​ទាក់ទង​ទៅនឹង​ព្រះគម្ពីរ​មរមន គឺជា​ការពិត › ។ ដាវីឌ វិតមើរ បាន​ចាកចេញ​ពី​សាសនាចក្រ ប៉ុន្ដែ​លោក​មិនដែល​បដិសេធ​ទីបន្ទាល់​របស់​លោក​អំពី​ការយាងមក​របស់​ទេវតា ការកាន់​ផ្ទាំងចំណារ​មាស ឬក៏​សេចក្ដីពិតពេញលេញ​នៃ​ព្រះគម្ពីរមរមន​នោះឡើយ ។ ដោយ​ស្ដាប់ឮ​ដោយ​ផ្ទាល់​ត្រចៀក​របស់ខ្ញុំ នូវ​បទពិសោធន៍​ដ៏​អស្ចារ្យ​ហួសប្រមាណនេះ​ដោយ​ផ្ទាល់​ពី​បបូរមាត់​របស់​បងប្រុស ម៉យលី វា​បាន​មាន​ឥទ្ធិពល​ដ៏​មាន​អានុភាព ដែល​បញ្ជាក់​ដ៏​ខ្លាំង​មក​លើ​ទីបន្ទាល់​ដែល​កំពុង​ដុះឡើង​របស់​ខ្ញុំ ។ ដោយ​មាន​ស្ដាប់​ឮ​ការណ៍នេះ ខ្ញុំ​បាន​មាន​អារម្មណ៍​ថា វា​បាន​ចងភ្ជាប់​នឹង​ខ្ញុំ » ( « A Growing Testimony » Ensign ខែ វិច្ឆិកា ឆ្នាំ 2000 ទំព័រ 54 ) ។

ប្រធាន ហិនរី ប៊ី អាវរិង ក្នុង​គណៈប្រធានទីមួយ​បាន​មាន​ប្រសាសន៍ ៖

« ពួកសាក្សី​បីនាក់​មិន​ដែល​បាន​បដិសេធ​នូវ​ទីបន្ទាល់​របស់​ពួកលោក​អំពី​ព្រះគម្ពីរមរមន​ឡើយ ។ ពួកលោក​មិន​អាច​នោះទេ ដោយសារ​ពួកលោក​បាន​ដឹង​ថា​វា​គឺជា​ការពិត ។ ពួកលោក​បាន​ធ្វើ​ការលះបង់ និង​បាន​ជួប​នឹង​ភាពលំបាក​ជាច្រើន​ហួសពី​អ្វី​ដែល​មនុស្ស​ភាគច្រើន​ធ្លាប់​បាន​ដឹង ។ អូលីវើរ ខៅឌើរី បាន​ផ្ដល់​នូវ​ទីបន្ទាល់​ដូចគ្នា​ដែរ​អំពី​ភាពដើម​ដ៏​ទេវភាព​នៃ​ព្រះគម្ពីរមរមន នៅពេល​លោក​រៀប​នឹង​ស្លាប់ ។… កាល​ដែល​ពួកលោក​បាន​បន្ដ​បញ្ជាក់​ពី​អ្វី​ដែល​ពួកលោក​បាន​ឃើញ និង​បាន​ឮ​នៅក្នុង​បទពិសោធន៍​ដ៏​អស្ចារ្យ​ទាំងនោះ អំឡុងពេល​ដ៏​យូរ​នៃ​ការធ្វើទុក្ខ​បុកម្នេញ​នៃ​ការបែងចែក​ពី​សាសនាចក្រ និង​ពី​លោក​យ៉ូសែប វា​ធ្វើ​ឲ្យ​ទីបន្ទាល់​របស់​ពួកលោក​កាន់តែ​មាន​អំណាច​ជាងមុន​ទៅទៀត » ( « An Enduring Testimony of the Mission of the Prophet Joseph » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ 2003 ទំព័រ 90 ) ។