សេចក្ដី​ផ្ដើមពីគម្ពីរយ៉ាកុប

សៀវភៅ​ណែនាំ​ការសិក្សា​ព្រះគម្ពីរ​មរមន​សម្រាប់​គ្រូបង្រៀន ថ្នាក់​សិក្ខាសាលា


ហេតុអ្វី​បានជា​ត្រូវ​សិក្សា​គម្ពីរ​នេះ ?

តាមរយៈ​ការសិក្សា​គម្ពីរ​យ៉ាកុប សិស្ស​អាច​រៀន​មេរៀន​ដ៏​សំខាន់​ជាច្រើន​ពី​បុរស​ម្នាក់​ដែល​មាន​សេចក្ដី​ជំនឿ​យ៉ាង​មុតមាំទៅលើ​ព្រះយេស៊ូវគ្រីស្ទ ។ យ៉ាកុប​បាន​ថ្លែង​ទីបន្ទាល់​ម្តងហើយម្តងទៀត​អំពី​ព្រះអង្គ​សង្គ្រោះហើយ​បាន​អញ្ជើញ​ប្រជាជន​របស់​គាត់និងអស់​អ្នក​ទាំងឡាយ​ណា​ដែល​បាន​អាន​ពាក្យ​ទាំងឡាយ​របស់​គាត់​ឲ្យ​ប្រែចិត្ត ។ គាត់​បាន​បង្រៀននិងបង្ហាញ​ពី​សារៈសំខាន់​នៃ​ការបំពេញ​ការហៅ​បម្រើ​ដែល​មក​ពី​ព្រះអម្ចាស់​ដោយ​ឧស្សាហ៍​ព្យាយាម ។ គាត់​បាន​ព្រមាន​ដល់​ប្រជាជន​របស់​គាត់​អំពី​គ្រោះថ្នាក់​នៃ​អំនួតទ្រព្យ​សម្បត្តិនិងភាព​អសីលធម៌ ។ យ៉ាកុប​ក៏​បាន​ដកស្រង់ និង​បញ្ចេញ​យោបល់​លើ​ដំណើររឿង​ប្រៀបធៀប​របស់​ស៊ីណូសអំពី​ដើម​អូលីវដែល​បង្ហាញ​ពី​ការខិតខំ​ដ៏​មិន​ចេះ​នឿយហត់​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​នាំ​មក​នូវ​សេចក្ដី​សង្គ្រោះ​ដល់​កូនចៅ​របស់​ព្រះ​ទាំងអស់និងផ្ដល់​សេចក្ដី​សង្ខេប​មួយ​អំពី​ទំនាក់ទំនង​របស់​ព្រះ​ជាមួយ​នឹង​វង្ស​នៃ​អ៊ីស្រាអែល ។ នៅក្នុង​ការប្រឈម​មុខ​របស់​គាត់​នឹង​សេរេមជា​អ្នកប្រឆាំង​នឹង​ព្រះគ្រីស្ទយ៉ាកុប​បាន​បង្ហាញ​ពី​របៀប​ដើម្បី​ឆ្លើយតប​ដោយ​សុចរិត​ទៅនឹង​អស់​អ្នក​ទាំងឡាយ​ណា​ដែល​បាន​សួរឬរិះគន់​សេចក្ដី​ជំនឿ​របស់​យើង ។

តើ​នរណា​បាន​សរសេរ​គម្ពីរ​នេះ ?

យ៉ាកុបដែល​ជា​កូនប្រុសទីប្រាំ​របស់​សារ៉ាយនិង​លីហៃបាន​សរសេរ​គម្ពីរ​នេះ ។ គាត់​បាន​កើត​នៅក្នុង​ទីរហោស្ថានអំឡុងពេល​ការធ្វើ​ដំណើរ​គ្រួសារ​គាត់​ទៅកាន់​ដែនដី​សន្យា ។ កាលពី​គាត់​នៅ​វ័យ​ក្មេងយ៉ាកុប « បាន​រង​ទុក្ខ​វេទនានិងការសោកសៅ​ដ៏​ច្រើន​ដោយ​ព្រោះ​ការទ្រគោះ​របស់​បងៗ [ គាត់ ] » ( នីហ្វៃទី2 2:1 ) ។ ទោះជា​យ៉ាងណា​ក្ដីលីហៃ​បាន​សន្យា​នឹង​យ៉ាកុប​ថាព្រះ​នឹង « ធ្វើ​ឲ្យ​សេចក្ដី​វេទនា​ទាំងឡាយ [ របស់​គាត់ ] ក្លាយ​ទៅជា​ផល​ប្រយោជន៍​ដល់ [ គាត់ ] វិញ » ហើយ​ថា​គាត់​នឹង​ចំណាយ​ពេល​របស់​គាត់ « ក្នុង​ការបម្រើ​ព្រះ [ របស់​គាត់ ] » ( នីហ្វៃទី2 2:2–3 ) ។ កាល​គាត់​នៅ​វ័យ​ក្មេង យ៉ាកុប​បាន​ឃើញ​សិរីល្អ​របស់​ព្រះអង្គ​សង្គ្រោះ ( សូម​មើល នីហ្វៃទី2 2:3–4 ) ។ នីហ្វៃ​បាន​តែងតាំង​យ៉ាកុប​ជា​សង្ឃ និង ជា​គ្រូម្នាក់​នៃ​សាសន៍​នីហ្វៃ​ ( សូម​មើល នីហ្វៃទី2 5:26) ហើយ​ក្រោយមក​បាន​ប្រគល់​ដល់​គាត់​នូវ​ផ្ទាំង​នីហ្វៃ​តូច​មួយ ( សូម​មើល យ៉ាកុប 1:1–4) ។ ក្នុង​នាម​ជា​អ្នកដឹកនាំ​បព្វជិតភាព និង គ្រូ​ដ៏​ស្មោះត្រង់​ម្នាក់ យ៉ាកុប​បាន​ធ្វើការ​ដោយ​ឧស្សាហ៍​ព្យាយាម​ដើម្បី​បញ្ចុះបញ្ចូល​ប្រជាជន​របស់​គាត់​ឲ្យ​ជឿ​ដល់​ព្រះគ្រីស្ទ ( សូមមើល យ៉ាកុប 1:7 ) ។ គាត់​បាន​ទទួល​វិវរណៈ​ជាច្រើន​ទាក់ទង​នឹង​ព្រះអង្គ​សង្គ្រោះ បាន​ជួប​នឹង​ការបម្រើ​របស់​ពួកទេវតា បាន​ឮ​សំឡេង​របស់​ព្រះអម្ចាស់ ( សូម​មើល យ៉ាកុប 7:5 ) ហើយ​បាន​ឃើញ​ព្រះប្រោសលោះ​របស់​គាត់ ( សូមមើល នីហ្វៃទី2 11:2–3 ) ។ យ៉ាកុប​គឺជា​ឪពុក​របស់​អេណុស ដែល​គាត់​បាន​ប្រគល់​ផ្ទាំង​ឲ្យ​ មុនពេល​គាត់​ស្លាប់ ។

តើ​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ​ទៅ​ឲ្យ​នរណា ហើយ​ហេតុអ្វី ?

នីហ្វៃ​បាន​ណែនាំ​យ៉ាកុប​ឲ្យ​កត់ត្រា​ការបង្រៀន វិវរណៈ និង ការព្យាករណ៍​ដ៏​ពិសិដ្ឋ​ទាំងឡាយ « ដោយ​យល់​ដល់​ព្រះគ្រីស្ទ ហើយ​ដោយ​យល់​ដល់​ប្រជាជន​របស់​យើង » ( យ៉ាកុប 1:4 ) ។ យ៉ាកុប​បាន​គោរព​តាម​ការណែនាំ​នេះ ហើយ​បាន​រក្សា​ការសរសេរ​ទាំងឡាយ​ដែល​គាត់ « ចាត់​ទុក​ថា​ជា​រឿង​ដ៏​ពិសេស​បំផុត » ( យ៉ាកុប 1:2 ) ។ គាត់​បាន​សរសេរ​ថា ៖ « យើង​ខំ​ព្យាយាម​ដើម្បី​ឆ្លាក់​ពាក្យ​ទាំងនេះ នៅលើ​ផ្ទាំង​ដោយ​សង្ឃឹម​ថា បងប្អូន​ជាទី​ស្រឡាញ់​របស់​យើង និង កូនចៅ​យើង​នឹង​ទទួល​ពាក្យ​ទាំងនេះ​ដោយ​ចិត្ត​អរគុណ ។ … ​ព្រោះ​ដោយ​គោលបំណង​នេះ​ហើយ ដែល​យើង​បាន​សរសេរ​រឿង​ទាំងនេះ​ដើម្បី​ឲ្យ​គេ​ដឹង​ថា យើង​បាន​ដឹង​អំពី​ព្រះគ្រីស្ទ ហើយ​យើង​បាន​សង្ឃឹម​ដល់​សិរីល្អ​របស់​ទ្រង់​ជាច្រើន​រយ​ឆ្នាំ​មុន​ទ្រង់​យាង​មក​ម៉្លេះ » ( យ៉ាកុប 4:3–4) ។ យ៉ាកុប​បាន​អធិប្បាយ​លើ​គំនិត​ចម្បង​មួយ​នៃ​ការសរសេរ​របស់​គាត់ នៅពេល​គាត់​បាន​និយាយ​ថា « ហេតុអ្វី​បានជា​មិន​និយាយ​អំពី​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ ហើយ​ទទួល​ការចេះដឹង​ដោយ​ឥតខ្ចោះ​អំពី​ព្រះអង្គ … ? » ( យ៉ាកុប 4:12 ) ។

តើ​វា​បាន​សរសេរ​នៅ​ពេល​ណា ហើយ​នៅ​កន្លែង​ណា ?

គម្ពីរ​យ៉ាកុប​ចាប់ផ្ដើម​ប្រហែល​ជា​នៅក្នុង​ឆ្នាំ 544 ម.គ.ស. នៅពេល​នីហ្វៃ​បាន​ប្រគល់​ផ្ទាំងតូច​ដល់​យ៉ាកុប ។ វា​បញ្ចប់​កៀក​នឹង​ចុងបញ្ចប់​នៃ​ជីវិត​របស់​យ៉ាកុប នៅពេល​លោក​បាន​បន្ដ​ផ្ទាំង​នេះ​ទៅដល់​កូនប្រុស​របស់​គាត់ គឺ​អេណុស ។ យ៉ាកុប​បាន​សរសេរ​កំណត់ត្រា​នេះ ខណៈពេល​គាត់​រស់នៅ​ក្នុង​ដែនដី​នីហ្វៃ ។

តើ​មាន​លក្ខណៈ​ពិសេស​​អ្វី​ខ្លះ​នៅក្នុង​គម្ពីរ​នេះ ?

គម្ពីរ​យ៉ាកុប ផ្ដល់​ព័ត៌មាន​ដែល​ទាក់ទង​នឹង​ការគ្រប់គ្រង​សាសន៍​នីហ្វៃ​បន្ទាប់ពី​នីហ្វៃ​បាន​ស្លាប់​ទៅ ។ នីហ្វៃ​បាន​តែងតាំង​បុរស​ម្នាក់​ឲ្យ​បន្ដ​ពី​គាត់ ធ្វើ​ជា​ស្ដេច និង ជា​អ្នកគ្រប់គ្រង​លើ​ប្រជាជន​នេះ ខណៈ​ពេល​ដែល​យ៉ាកុប និង​ប្អូនប្រុស​របស់​គាត់ យ៉ូសែបបាន​បន្ដ​ធ្វើ​ជា​អ្នកដឹកនាំ​ខាង​វិញ្ញាណ​លើ​សាសន៍​នីហ្វៃ ។ លក្ខណៈ​ពិសេស​មួយ​ទៀត​នៃ​គម្ពីរ​នេះ​គឺ ការដាក់​ទោស​របស់​យ៉ាកុប​ចំពោះ​ការអនុវត្ត​ពហុអាពាហ៍ពិពាហ៍​ដែល​មិន​មាន​សិទ្ធិ​អំណាច ។ សេចក្ដី​យោង​តែមួយ​គត់​ចំពោះ​បញ្ហា​នេះ​នៅក្នុង​ព្រះគម្ពីរ​មរមន មាន​នៅក្នុង​យ៉ាកុប​ជំពូក​ទី 2 ។ គម្ពីរ​យ៉ាកុប​ក៏​រួម​មាន​ជំពូក​ដែល​វែង​ជាង​គេ​បំផុត​នៅក្នុង​ព្រះគម្ពីរ​មរមន​ដែរ គឺ​យ៉ាកុប​ជំពូក​ទី 5 ដែល​មាន​ដំណើររឿង​ប្រៀបធៀប​របស់​ស៊ីណូស​អំពី​ដើម​អូលីវ ។ បន្ថែម​លើ​នេះ គម្ពីរ​យ៉ាកុប​កត់ត្រា​ពី​គំរូ​ដំបូង​គេ​បំផុត​នៃ​ការព្រមាន​ដោយ​ផ្ទាល់​ពី​ព្យាការី​ក្នុង​ព្រះគម្ពីរ​មរមន​​ដល់​សាសន៍នីហ្វៃ​ចំៗ​ជំទាស់​នឹង​អំនួត—អំពើបាប​ដែល​បណ្ដាល​ឲ្យ​មាន​ការបំផ្លាញ​នៅ​ទីបញ្ចប់​របស់​ពួកគេ ( សូម​មើល យ៉ាកុប 2:12–22; មរ៉ូណៃ 8:27 ) ។ វា​ក៏​បាន​កត់ត្រា​អំពី​ការលេចឡើង​ដំបូង​នៃ​អ្នក​ប្រឆាំង​នឹង​ព្រះគ្រីស្ទ​ក្នុង​ចំណោម​ប្រជាជន​នីហ្វៃ ។

គម្រោង

យ៉ាកុប 1 យ៉ាកុប​គោរព​តាម​ការបញ្ជា​របស់​នីហ្វៃ​ដើម្បី​រក្សា​កំណត់ត្រា​ដ៏​ពិសិដ្ឋ​មួយ ។ នីហ្វៃ​ស្លាប់ ។ យ៉ាកុប និង យ៉ូសែប បាន​បម្រើ​នៅក្នុង​ចំណោម​ប្រជាជន ដោយ​បង្រៀន​ពួកគេ​នូវ​ព្រះបន្ទូល​នៃ​ព្រះ ។

យ៉ាកុប 2–3 ពេល​និយាយ​នៅ​ព្រះវិហារ​បរិសុទ្ធ យ៉ាកុប​ព្រមាន​ដល់​សាសន៍​នីហ្វៃ​អំពី​អំនួត ការស្រឡាញ់​ទ្រព្យ​សម្បត្តិ និង ភាពអសីលធម៌ ។

យ៉ាកុប 4–6 យ៉ាកុប​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ ហើយ​បាន​ដកស្រង់​ដំណើររឿង​ប្រៀបធៀប​របស់​ស៊ីណូស​នៃ​ដើម​អូលីវ ។ គាត់​លើកទឹកចិត្ត​ប្រជាជន​របស់​គាត់​ឲ្យ​ប្រែចិត្ត ទទួល​នូវ​សេចក្ដី​មេត្តា​ករុណា​ពី​ព្រះអម្ចាស់ និង រៀបចំខ្លួន​សម្រាប់​ការជំនុំជំរះ ។

យ៉ាកុប 7 ដោយ​មាន​ជំនួយ​ពី​ព្រះអម្ចាស់ យ៉ាកុប​បាន​ផ្ចាញ់ផ្ចាល​សេរេម ជា​អ្នក​ប្រឆាំង​នឹង​ព្រះគ្រីស្ទ ។ គាត់​លើកឡើង​ពី​វិបត្តិ​រវាង​សាសន៍​នីហ្វៃ និង សាសន៍​លេមិន ហើយ​បាន​បន្ដ​ផ្ទាំង​តូច​ទៅឲ្យ​អេណុស ។