មេរៀនទី 139

មរមន 5–6

សៀវភៅ​ណែនាំ​ការសិក្សា​ព្រះគម្ពីរ​មរមន​សម្រាប់​គ្រូបង្រៀន ថ្នាក់​សិក្ខាសាលា


សេចក្តីផ្ដើម

លោក​មរមន​បាន​ព្យាករណ៍​ថា បញ្ជី​របស់​លោក​នឹង​លេច​ចេញ​មក​នៅក្នុង​ថ្ងៃ​ចុងក្រោយ​ដើម្បី​បញ្ចុះបញ្ចូល​អស់​អ្នក​ដែល​អាន​វា​ថា ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ។ លោក​បាន​លើកទឹកចិត្ត​អស់​អ្នក​ដែល​នឹង​អាន​កំណត់ត្រា​ឲ្យ​ប្រែចិត្ត ហើយ​ត្រៀមខ្លួន​សម្រាប់​ការជំនុំជម្រះ​របស់​ខ្លួន​នៅ​ចំពោះ​មុខ​ព្រះ ។ នៅក្នុង​ចំណោម​ប្រជាជន​របស់​លោក​ផ្ទាល់ លោក​មរមន​បាន​ពិចារណា​ជាថ្មី​អំពី​ការលាលែង​ពី​តំណែង​របស់​លោក​ពី​មេទ័ព​របស់​កងទ័ព​សាសន៍​នីហ្វៃ ដោយ​យល់ព្រម​ដឹកនាំ​ពួកគេ​នៅក្នុង​ចម្បាំង​ម្ដងទៀត ។ ទោះជាយ៉ាងណាក្ដី ប្រជាជន​បាន​បដិសេធ​មិន​ព្រម​ប្រែចិត្ត ហើយ​ពួកគេ​ត្រូវបាន​ពួកសាសន៍​លេមិន​ដេញ​តាម រហូត​ដល់​សាសន៍​នីហ្វៃ​ទាំងមូល​ត្រូវបាន​បំផ្លាញ ។ នៅពេល​លោក​មរមន​បាន​ឃើញ​ទិដ្ឋភាព​នៃ​សេចក្ដីស្លាប់ និង​សេចក្តីបំផ្លិចបំផ្លាញ​នេះ លោក​បាន​ទួញយំ​ចំពោះ​ការធ្លាក់​នៃ​ប្រជាជន​របស់​លោក និង​ការមិន​មាន​ឆន្ទៈ​បែរទៅរក​ព្រះយេស៊ូវគ្រីស្ទ​របស់​គេ ។

យោបល់​សម្រាប់​ការបង្រៀន

មរមន 5:1–9

លោក​មរមន​សម្រេចចិត្ត​ដឹកនាំ​កងទ័ព​នីហ្វៃ​ម្ដងទៀត ប៉ុន្ដែ​ពួកសាសន៍​លេមិន​បាន​យក​ឈ្នះ

សូម​លើកឡើង​ពី​គ្រោះ​មហន្ដរាយ​ដែល​អាច​ជា​ការគំរាមកំហែង​មួយ​នៅក្នុង​តំបន់​របស់​អ្នក —ឧទាហរណ៍ ការរញ្ជួយ​ផែនដី ព្យុះ​ស៊ូណាមី ការផ្ទុះ​ភ្នំភ្លើង ឬ​ខ្យល់ព្យុះសង្ឃរា ។ សូម​ឲ្យ​សិស្ស​ស្រមៃ​ថា ពួកគេ​ត្រូវបាន​ព្រមាន​ថា គ្រោះធម្មជាតិ​នេះ​នឹង​កើតឡើង​នៅក្នុង​សហគមន៍​របស់​គេ​ក្នុង​អំឡុង​ប៉ុន្មាន​ថ្ងៃ​ទៀត ។

  • តើ​អ្នក​នឹង​ទៅរក​ជំនួយ​នៅ​កន្លែងណា ?

សូម​រំឭក​សិស្ស​ថា ពួកសាសន៍​នីហ្វៃ​បាន​ជួប​នឹង​គ្រោះថ្នាក់​បែប​ស្រដៀងគ្នា​នេះ ប៉ុន្ដែ​គ្រោះថ្នាក់​ដែល​នឹង​កើត​មាន​គឺ​ខាងវិញ្ញាណ ។ សូម​រំឭក​សិស្ស​ផងដែរ​ថា ពួកសាសន៍​នីហ្វៃ​ស្ថិត​នៅ​ក្នុង​សង្រ្គាម ហើយ​ថា​ដោយសារតែ​អំពើទុច្ចរិត​របស់​គេ លោក​មរមន​បាន​បដិសេធ​មិន​ព្រម​ដឹកនាំ​កងទ័ព​របស់​ពួកគេ​ឡើយ ( សូមមើល មរមន 3:16 ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន មរមន 5:1–2 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ហើយ​រកមើល​នរណា​ដែល​ពួកសាសន៍​នីហ្វៃ​បាន​ជឿ​ថា អាច​រំដោះ​ពួកគេ​ពី​សេចក្ដីទុក្ខវេទនា​របស់​គេ​បាន ។

  • ទោះបីជា​វា​គឺជា​ការពិត​ថា លោក​មរមន​អាច​ដឹកនាំ​ពួកសាសន៍​នីហ្វៃ​នៅក្នុង​ចម្បាំង​ទ័ព​មួយ​ក្ដី ហេតុអ្វី​បានជា​លោក​មរមន​បាន​ជឿ​ថា ប្រជាជន​នឹង​មិន​ត្រូវ​បាន​រំដោះ​ពី​សេចក្ដីទុក្ខវេទនា​របស់​ពួកគេ ?

  • តើ​យើង​អាច​រៀន​ពី មរមន 5:1–2 អំពី​កន្លែង​ណា​ខ្លះ​ដែល​យើង​គួរ​ទៅរក​ជំនួយ​ដំបូង​គេ​នៅក្នុង​សេចក្ដី​ទុក្ខវេទនា​របស់​យើង ? ( យើង​អាច​ទៅរក​ជំនួយ​ពី​ព្រះ​ជា​ដំបូង ដែល​នឹង​ឆ្លើយតប​ដល់​អ្នកណា​ដែល​ប្រែចិត្ត និង​អង្វរ​សុំ​ទ្រង់​ក្នុង​ពេល​សេចក្ដីវេទនា​របស់​គេ ) ។

សូម​សង្ខេប មរមន 5:3–7 ដោយ​ការពន្យល់​ថា នៅក្រោម​ការដឹកនាំ​របស់​លោក​មរមន សាសន៍​នីហ្វៃ​បាន​វាយបក​រលក​សង្គ្រាម​ពីរ​បី​ដង​លើ​សាសន៍​លេមិន ។ ប៉ុន្ដែ​នៅទីបញ្ចប់​ពួកសាសន៍​លេមិន « បាន​ជាន់ឈ្លី​ប្រជាជន​សាសន៍​នីហ្វៃ​នៅក្រោម​ជើង​គេ » ( មរមន 5:6 ) ។ នៅពេល​ពួកសាសន៍​នីហ្វៃ​បាន​ចាញ់ អ្នកដែល​មិន​អាច​រត់ចេញ​លឿន​ល្មម​ត្រូវបាន​បំផ្លាញ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន មរមន 5:8–9 ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​មូលហេតុ​របស់​លោក​មរមន​ដែល​មិន​បាន​សរសេរ​ដំណើររឿង​ទាំងមូល​នៃ​រឿង​ដែល​លោក​បាន​ឃើញ ។

  • ហេតុអ្វី​បាន​ជា​លោក​មរមន​មិន​ព្រម​ផ្ដល់​នូវ​ការរៀបរាប់​ពេញលេញ​នៃ​អ្វី​ដែល​លោក​បាន​ឃើញ ?

មរមន 5:10–24

លោក​មរមន​ពន្យល់​ថា គោលបំណង​នៃ​កំណត់ត្រា​នៃ​ព្រះគម្ពីរ​មរមន​គឺ ដើម្បី​បញ្ចុះបញ្ចូល​ប្រជាជន​ឲ្យ​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន មរមន 5:10–11 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ហើយ​រកមើល​ពាក្យ​មួយ​ដែល​លោក​មរមន​បាន​ប្រើ​បី​ដង ដើម្បី​រៀបរាប់​ពី​របៀប​ដែល​ប្រជាជន​នៅក្នុង​ថ្ងៃ​ចុងក្រោយ​នឹង​មាន​ដឹង នៅពេល​ពួកគេ​បាន​ដឹង​អំពី​ការធ្លាក់​នៃ​ជាតិ​សាសន៍​នីហ្វៃ ។ ( លោក​បាន​មាន​ប្រសាសន៍​ថា យើង​នឹង « កើតទុក្ខ » ។ )

  • តើអ្វី​ដែល​អ្នក​ឃើញ​ថា ដំណើររឿង​នេះ​ក្រៀមក្រំ ?

សូម​បង្វែរ​ការយកចិត្ត​ទុកដាក់​របស់​សិស្ស​ទៅលើ​ប្រយោគ​របស់​លោក​មរមន​នៅក្នុង មរមន 5:11 ថា​ប្រសិនបើ​ប្រជាជន​របស់​លោក​បាន​ប្រែចិត្ត នោះ​ពួកគេ​អាចនឹង​ត្រូវ « ឱបខ្ជាប់​នៅក្នុង​ព្រះហស្ដ​នៃ​ព្រះយេស៊ូវ » ។

  • តើ​អ្នក​គិត​ថា វា​មាន​ន័យ​ដូចម្ដេច​ដើម្បី « ត្រូវបាន​ឱប​ខ្ជាប់​នៅក្នុង​ព្រះហស្ដ​នៃ​ព្រះយេស៊ូវ » ? ( អ្នក​អាច​បង្ហាញ​ថា​ពាក្យ ឱបខ្ជាប់ មាន​ន័យ​ថា​ត្រូវបាន​កាន់​យ៉ាង​ជាប់ ឬ​យ៉ាង​មាន​សុវត្ថិភាព ឬ​ត្រូវបាន​ឱប​ក្រសោប ) ។

  • តើ​ឃ្លា​នេះ​បង្រៀន​យើង​អំពី​លទ្ធផល​នៃ​ការប្រែចិត្ត​ផ្ទាល់ខ្លួន​យើង​ដូចម្ដេច​ខ្លះ ? ( សូម​ជួយ​សិស្ស​ឲ្យ​រកមើល​គោលការណ៍​ខាងក្រោម ៖ តាមរយៈ​ការប្រែចិត្ត យើង​អាច​ត្រូវបាន « ឱបខ្ជាប់​នៅក្នុង​ព្រះហស្ដ​របស់​ព្រះយេស៊ូវ » ។ សូម​សរសេរ​គោលការណ៍​នេះ​នៅ​លើ​ក្ដារខៀន ) ។ 

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​គោលការណ៍​នេះ សូម​ឲ្យ​ពួកគេ​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ ឃេន អេហ្វ. រីឆាត នៃ​ក្រុម​ចិតសិប​នាក់ ៖

« អ្នក​ទាំង​អស់​ណា​ដែល​នឹង​មក​អាច​ត្រូវបាន ‹ ឱបខ្ជាប់​នៅក្នុង​ព្រះហស្ដ​នៃ​ព្រះយេស៊ូវ › ។ [ មរមន 5:11 ] ។ ព្រលឹង​ទាំងអស់​អាច​ត្រូវបាន​ព្យាបាល​ដោយ​ព្រះចេស្ដា​របស់​ទ្រង់ ។ ការឈឺចាប់​ទាំងអស់​អាច​ត្រូវបាន​លួងលោម ។ នៅក្នុង​ទ្រង់ យើង​អាច ‹ រកឃើញ​ការសម្រាក​ដល់​ព្រលឹង [ របស់យើង ] › ។ [ ម៉ាថាយ 11:29 ។ ] ស្ថានភាព​ខាង​សាច់ឈាម​របស់​យើង​មិន​អាច​ផ្លាស់ប្ដូរ​ភ្លាមៗ​នោះ​ទេ ប៉ុន្ដែ​ការឈឺចាប់ ការព្រួយបារម្ភ ការរងទុក្ខ និង​ការភ័យខ្លាច​របស់​យើង​អាច​ត្រូវបាន​លេប​ចូល​ក្នុង​សេចក្ដីសុខសាន្ដនិង​ថ្នាំ​ព្យាបាល​របស់​ទ្រង់ » ( « The Atonement Covers All Pain » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ 2011, ទំព័រ 16 ) ។

សូម​ឲ្យ​សិស្ស​ឆ្លើយ​នឹង​សំណួរ​ខាងក្រោម​មួយ​នៅក្នុង​សៀវភៅ​សរសេរ ឬ​ក្នុង​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ ។ ( អ្នក​អាច​សរសេរ​សំណួរ​នេះ​នៅលើ​ក្ដារខៀន ឬ​អាន​វា​យឺតៗ​ដើម្បី​ឲ្យ​សិស្ស​អាច​កត់​វា​បាន ) ។ 

  • តើ​នៅពេល​ណា​ដែល​អ្នក​មាន​អារម្មណ៍​ថា​ត្រូវបាន « ឱបខ្ជាប់​នៅក្នុង​ព្រះហស្ដ​របស់​ព្រះយេស៊ូវ » ?

  • តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ទទួល​បាន​ការលួងលោម ការការពារ និង​ការអភ័យទោស​ពី​ព្រះអម្ចាស់​បាន​យ៉ាងពេញលេញ ?

សូម​ពន្យល់​ថា មរមន 5:12–13 រួមមាន​ការព្យាករណ៍​របស់​មរមន​ថា ការសរសេរ​របស់​លោក​នឹង​ត្រូវបាន​លាក់ទុក ហើយ​បន្ទាប់មក​ត្រូវបាន​យកចេញ​ដើម្បី​ត្រូវបាន​អាន​ដោយ​មនុស្ស​ទាំងអស់ ។ សូម​ឲ្យ​សិស្ស​អាន មរមន 5:14–15 ដោយ​ស្ងាត់ៗ​ដោយ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះទ័យ​ឲ្យ​ការសរសេរ​របស់​មរមន​ធ្វើ​សម្រាប់​ប្រជាជន​នៅក្នុង​ថ្ងៃចុងក្រោយ ។ អ្នក​អាចណែនាំ​ថា សិស្ស​គួរ​គូសចំណាំ​ឃ្លា​ដែល​សំខាន់​ដល់​ពួកគេ ។

  • យោងតាម មរមន 5:14–15 តើ​អ្វី​ជា​គោលបំណង​នៃ​ព្រះគម្ពីរ​មរមន ? ( សូម​ប្រាកដ​ថា សិស្ស​ថ្លែង​ថា ព្រះគម្ពីរមរមន​ត្រូវបាន​សរសេរ​ដើម្បី​បញ្ចុះបញ្ចូល​មនុស្ស​ទាំងអស់​ថា ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ដើម្បី​ជួយ​ព្រះ​ឲ្យ​បំពេញ​សេចក្ដីសញ្ញា​របស់​ទ្រង់​ជាមួយ​នឹង​វង្សអ៊ីស្រាអែល ហើយ​ដើម្បី​ជួយ​កូនចៅ​ពួកសាសន៍​លេមិន​ឲ្យ​ជឿ​លើ​ដំណឹងល្អ​យ៉ាងពេញ​លេញ​ជាងនេះ ) ។

នៅពេល​សិស្ស​ឆ្លើយ​ថា ការសរសេរ​របស់​មរមន​មាន​បំណង​ដើម្បី​បញ្ចុះបញ្ចូល​មនុស្ស​ថា ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ទាក់ទង​នឹង​ការណ៍​នេះ​ជា​គោលបំណង​ចម្បង​នៃ​ព្រះគម្ពីរ​មរមន ។

  • តើ​គោលបំណង​ចម្បង​នៃ​ព្រះគម្ពីរមរមន​នេះ​ប្រទាន​ពរ​ដល់​អ្នក​ដែល​អាន​វា​តាម​របៀបណា​ខ្លះ ?

  • តើ​ការសិក្សា​របស់​អ្នក​អំពី​ព្រះគម្ពីរមរមន​បានជួយ​អ្នក​ឲ្យ​ជឿ ហើយ​ស្រឡាញ់​ព្រះយេស៊ូវគ្រីស្ទ​យ៉ាងពេញលេញ​ជាង​នេះ​ដោយ​របៀបណា ?

សូម​បង្ហាញ​ថា ព្រះគម្ពីរមរមន​ជួយ​ដល់​មនុស្ស​ជាច្រើន​ឲ្យ​ប្រែចិត្ត​ថ្មីៗ​នេះ ហើយ​ត្រូវបាន « ឱបខ្ជាប់​នៅក្នុង​ព្រះហស្ដ​នៃ​ព្រះយេស៊ូវ » ប៉ុន្ដែ​ថា​នៅតែ​មាន​មនុស្ស​ជាច្រើន​ដែល​បដិសេធ​មិន​ជឿ​លើ​ព្រះគ្រីស្ទ ។

នៅលើ​ក្ដារខៀន​នៅក្បែរ​គោលការណ៍​អំពី​ការប្រែចិត្ត​ដែល​អ្នក​បាន​សរសេរ​ពី​មុន​នៅក្នុង​មេរៀន​នេះ សូម​សរសេរ​ដូច​ខាងក្រោម ៖ ប្រសិនបើ​យើង​បដិសេធ​មិន​ព្រម​ប្រែចិត្ត​ទេ … សូម​ឲ្យ​សិស្ស​ម្នាក់​អាន មរមន 5:16–19 ឮៗ ហើយ​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​លទ្ធផល​នៃ​ការបដិសេធ​មិន​ព្រម​ប្រែចិត្ត​របស់​ពួកសាសន៍​នីហ្វៃ ។ សូម​ឲ្យ​សិស្ស​ប្រើ​អ្វី​ដែល​ពួកគេ​រកឃើញ​នៅក្នុង​ខគម្ពីរ​ទាំងនេះ​ដើម្បី​បំពេញ​ប្រយោគ​នៅលើ​ក្ដារខៀន ។ នៅពេល​ពួកគេ​ឆ្លើយ អ្នក​អាច​សួរ​សំណួរ​ខាងក្រោម​នេះ​ខ្លះ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​យល់​ពាក្យ និង​ឃ្លា​នៅក្នុង​ខគម្ពីរ​នេះ ៖

  • តើ​អ្នក​គិត​ថា វា​មាន​ន័យ​ដូចម្ដេច​ដែលថា « គ្មាន​ព្រះគ្រីស្ទ និង​ព្រះ​នៅក្នុង​លោកិយ » ឡើយ ? ( មរមន 5:16 ) ។ ( ចម្លើយ​អាច​រួមមាន វា​មាន​ន័យ​ថា​ដែល​រស់នៅ​ដោយ​គ្មាន​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ឬ​ព្រះវរបិតាសួគ៌ និង​ដោយ​គ្មាន​ឥទ្ធិពល និង​ការដឹកនាំ​ពី​ស្ថានសួគ៌ ) ។

  • អង្កាម​គឺជា​សំបក​ខាង​ក្រៅ​ដ៏​ស្រាល​របស់​ស្រូវ ។ នៅពេល​គេ​ច្រូតកាត់​ស្រូវ អង្កាម​ត្រូវ​បាន​គេ​បោះចោល ។ តើ​អ្នក​គិត​ថា អ្វី​ជា​អត្ថន័យ​នៃ​ឃ្លា « ត្រូវ​រុញច្រាន​ដូចជា​អង្កាម​ដែល​ខ្យល់​ផាត់ » ? ( មរមន 5:16 ) ។

  • តើ​វា​នឹង​ទៅ​ជា​យ៉ាង​ណា ដែល​ស្ថិត​នៅលើ​ទូក​មួយ​ដោយ​គ្មានទិស​ដៅ​ដើម្បី​ទៅ ឬ​ចង្កូត​ ហើយ​គ្មាន​យុថ្កា ? ( សូមមើល មរមន 5:18 ។ )តើ​ស្ថានភាព​នេះ​ស្រដៀង​ទៅនឹង​ស្ថានភាព​នៃ​ពួកសាសន៍​នីហ្វៃ​យ៉ាង​ដូចម្ដេច ?

  • តើ​ប្រសាសន៍​របស់​មរមន​បង្រៀន​យើង​អំពី​អ្នក​ដែល​បដិសេធ​មិន​ព្រម​ប្រែចិត្ត​អ្វីខ្លះ ? ( ចម្លើយ​របស់​សិស្ស​គួរ​បង្ហាញ​ថា ការបដិសេធ​មិន​ព្រម​ប្រែចិត្ត​នាំមក​នូវ​ការបាត់បង់​ការដឹកនាំ​ពី​ព្រះអម្ចាស់ ។សូម​បំពេញ​ប្រយោគ​នៅលើ​ក្ដារខៀន​ដោយ​ការសរសេរ​សេចក្ដីពិត​ខាងក្រោម​នេះ ៖ ប្រសិនបើ​យើង​បដិសេធ​មិន​ព្រម​ប្រែចិត្ត​ទេ នោះ​ព្រះវិញ្ញាណ​នឹង​ដកថយ ហើយ​យើង​នឹង​បាត់បង់​នូវ​ការដឹកនាំ​ពី​ព្រះអម្ចាស់ ។)

សូម​ឲ្យ​សិស្ស​សញ្ជឹងគិត​ក្នុង​ចិត្ត​អំពី​របៀប​ដែល​ពួកគេ​បាន​ឃើញ​គោលការណ៍​នេះ​នៅក្នុង​ជីវិត​របស់​គេ ឬ​នៅក្នុង​ជីវិត​របស់​អ្នកដទៃ ។

សូម​ឲ្យ​សិស្ស​រំឭក មរមន 5:11, 16–18 និង​គោលការណ៍​ចំនួន​ពីរ​បន្ដិច ដែល​អ្នក​បាន​សរសេរ​នៅលើ​ក្ដារខៀន ។

  • ជា​សម្ដី​ខ្លួនឯង តើ​អ្នក​នឹង​បង្ហាញ​ពី​ភាពខុសគ្នា​រវាង​លទ្ធផល​នៃ​ការប្រែចិត្ត​ដោយ​ស្មោះត្រង់ និង​លទ្ធផល​នៃ​ការបដិសេធ​មិន​ព្រម​ប្រែចិត្ត​ដោយ​របៀបណា ?

សូម​ឲ្យ​សិស្ស​អាន មរមន 5:22–24 ដោយ​ស្ងាត់ៗ​ដោយ​រកមើល​អ្វី​ដែល​មរមន​បាន​ដាស់តឿន​ប្រជាជន​នៅក្នុង​ថ្ងៃចុងក្រោយ​ឲ្យ​ធ្វើ ។ អ្នក​អាច​ណែនាំថា សិស្ស​គួរ​គូសចំណាំ​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​ធ្វើ​ទីបន្ទាល់​អំពី​សេចក្ដីពិត​នៃ​គោលការណ៍​ផ្ទុយគ្នា​ទាំង​ពីរ​នេះ​នៅ​លើ​ក្ដារខៀន ។

មរមន 6

លោក​មរមន​តំណាល​ពី​សង្គ្រាម​ចុង​ក្រោយ​របស់​សាសន៍​នីហ្វៃ ហើយ​ទួញ​យំ​ចំពោះ​សេចក្តី​បំផ្លិចបំផ្លាញ​នៃ​ប្រជាជន​របស់​លោក

សូម​សួរ​សំណួរ​ដូច​ខាងក្រោម ៖

  • តើ​អ្នក​អាច​មាន​អារម្មណ៍​យ៉ាង​ដូចម្ដេច​នៅពេល​មនុស្ស​ជាទីស្រឡាញ់​ម្នាក់​ស្លាប់ ដែល​មាន​ជំនឿ​លើ​ព្រះ​ពេញមួយ​ជីវិត​របស់​គេ ?

  • តើ​អ្នក​អាច​មាន​អារម្មណ៍​យ៉ាងដូចម្ដេច​នៅពេល​មនុស្ស​ជាទីស្រឡាញ់​ម្នាក់​ស្លាប់ ដែល​មិន​បាន​គោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ​ពេញមួយ​ជីវិត​របស់​គេ ?

សូម​ពន្យល់​ថា លោក​មរមន​បាន​មាន​អារម្មណ៍​សោកស្ដាយ​ជាខ្លាំង​ចំពោះ​ការស្លាប់​នៃ​មនុស្ស​ទាំងអស់ ដោយសារ​លោក​បាន​ដឹង​ថា ពួកគេមិន​បាន​រៀបចំ​ខ្លួន​ដើម្បី​ទៅ​ជួប​នឹង​ព្រះទេ ។ សូម​សង្ខេប មរមន 6:1–6 ដោយ​ការពន្យល់​ថា ពួកសាសន៍​លេមិន​បាន​អនុញ្ញាត​ឲ្យ​ពួក​សាសន៍​នីហ្វៃ​ប្រជុំគ្នា​ទៅ​ដែនដី​គូម៉ូរ៉ា​ដើម្បី​ធ្វើ​ចម្បាំង ។ លោក​មរមន​បាន​ឈាន​ដល់​វ័យ​ចំណាស់ ហើយ​លោក​បាន​ដឹង​ថា ការណ៍​នេះ​នឹង​ជា « ការតស៊ូ​ចុងក្រោយ​បំផុត​របស់​ប្រជាជន [ លោក ] » ( មរមន 6:6 ) ។ លោក​បាន​ប្រគល់​បញ្ជី​ពិសិដ្ឋ​មួយ​ចំនួន​ឲ្យ​ទៅ​កូន​ប្រុស​របស់​លោក គឺ​មរ៉ូណៃ ហើយ​លោក​បាន​លាក់​ទុក​បញ្ជី​ទាំងឡាយ​នៅ​ក្នុង​ភ្នំ​គូម៉ូរ៉ា ។ លោក​បាន​កត់ត្រា​អ្វី​ដែល​លោក​បាន​ឃើញ​អំពី​សេចក្តី​បំផ្លិចបំផ្លាញ​ចុងក្រោយ​នៃ​ប្រជាជន​របស់​លោក ។ សូម​ឲ្យ​សិស្ស​អាន មរមន 6:7–15 ដោយ​ស្ងាត់ៗ​ដោយគិត​អំពី​របៀប​ដែល​លោក​មរមន​អាច​មាន​អារម្មណ៍ នៅពេល​លោក​បាន​សរសេរ​ពាក្យ​ទាំងនេះ ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ពួកសាសន៍​នីហ្វៃ​បាន​រង់ចាំ​សេចក្ដីស្លាប់​ដោយ « សេចក្ដី​ភិតភ័យ​ជាខ្លាំង » ? ( មរមន 6:7 ) ។

សូម​អាន មរមន 6:16–22 ឮៗ​ដល់​សិស្ស នៅពេល​ពួកគេ​មើល​តាម​នៅក្នុង​ព្រះគម្ពីរ​របស់​គេ ។ បន្ទាប់មក សូម​ឲ្យ​ពួកគេ​សរសេរ​នៅក្នុង​សៀវភៅ​សរសេរ ឬ​ក្នុង​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​អំពី​គំនិត និង​អារម្មណ៍​ដែល​ពួកគេ​មាន នៅពេល​ពួកគេ​អាន និង​ស្ដាប់​ខគម្ពីរ​ទាំងនេះ ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ អ្នក​អាច​ឲ្យ​ពួកគេ​មាន​ឱកាស​ចែកចាយ​គំនិត​ខ្លះ​ដែល​ពួកគេ​បាន​សរសេរ​នោះ ។

សូម​ថ្លែងទីបន្ទាល់​ដល់​សិស្ស​អំពី​សេចក្ដីស្រឡាញ់​ដែល​ព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ ព្យាការី ថ្នាក់ដឹកនាំ និង​ឪពុកម្ដាយ​មាន​ចំពោះ​ពួកគេ ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ប្រែចិត្ត​ពី​អំពើបាប​របស់​ពួកគេ ដើម្បី​ឲ្យ​ពួកគេ​អាច​ត្រូវ​បាន « ឱប​ខ្ជាប់​នៅក្នុង​ព្រះហស្ដ​នៃ​ព្រះយេស៊ូវ » ( មរមន 5:11 ) ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

មរមន 5:11 ។ « ឱប​ខ្ជាប់​នៅក្នុង​ព្រះហស្ដ​នៃ​ព្រះយេស៊ូវ »

អែលឌើរ រ័សុល អិម ណិលសុន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ពី​ការភ្ជាប់​រវាង​ពាក្យ ដង្វាយធូន និង ឃ្លា « ឱប​ខ្ជាប់​នៅក្នុង​ព្រះហស្ដ​នៃ​ព្រះយេស៊ូវ » ។

« អត្ថន័យ​នៃ​ការមាន​បាន ត្រូវបាន​រកឃើញ​នៅក្នុង​ការសិក្សា​នៃ​ពាក្យ ដង្វាយធួន នៅក្នុង​ភាសា​សេមីក​នៃ​ជំនាន់​ព្រះគម្ពីរ​សញ្ញាចាស់ ។ ជា​ភាសា​ហេព្រើរ ពាក្យ​គ្រឹះ​នៃ​ដង្វាយធួន​គឺ kaphar ជា​កិរិយា​ស័ព្ទ​ដែល​មាន​ន័យ​ថា ‹ គ្របលើ › ឬ ‹ អភ័យទោស › ។ ទំនាក់​ទំនង​យ៉ាង​ជិតដិត​នៃ​ពាក្យ​អារ៉ាម៉ាយ និង​ពាក្យ​អារ៉ាប់ kafat មាន​ន័យ​ថា ‹ ការក្រសោប​យ៉ាងជាប់ › —នោះ​គ្មាន​ចម្ងល់​ទាក់ទង​នឹង​ការក្រសោប​នៃ​បុណ្យ​នៅ​ប្រទេស​អេស៊ីព្ទ​ឡើយ ។ សេចក្ដីយោង​ទៅ​ការក្រសោប​នោះ​គឺជា​ភស្ដុតាង​នៅក្នុង​ព្រះគម្ពីរមរមន ។ ឃ្លា​មួយ​និយាយ​ថា ‹ ព្រះអម្ចាស់​ទ្រង់​បាន​ប្រោសលោះ​ព្រលឹង … ឪពុក​បាន​ឃើញ​សិរីល្អ​របស់​ទ្រង់ ហើយ​ឪពុក​ត្រូវបាន​ឱប​ក្រសោប​ជា​អង្វែង​តទៅ ដោយ​ព្រះពាហុ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ › [នីហ្វៃទី 2 1:15] ។ ឃ្លា​មួយ​ទៀត​ផ្ដល់​នូវ​សេចក្ដី​សង្ឃឹម​ដ៏​រុងរឿង​នៃ​ការត្រូវបាន ‹ ឱប​ខ្ជាប់​នៅក្នុង​ព្រះហស្ដ​នៃ​ព្រះយេស៊ូវ › [មរមន 5:11] » ។ ( « The Atonement » Ensign ខែ វិច្ឆិកា ឆ្នាំ 1996 ទំព័រ 34 ) ។

មរមន 5:16 ។ នៅពេល​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ចាកចេញ​ទៅ

ប្រធាន ហារ៉ូល ប៊ី លី បាន បង្រៀន ថា ៖

« លោក​មរមន​បាន​រៀបរាប់​ពី​ប្រជាជន​ខ្លះ ជា​ប្រជាជន​របស់​លោក ដែល​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​បាន​ចាកចេញ​ឈប់​គង់​នៅ​ជាមួយ [ សូមមើល នីហ្វៃទី 2 26:11] ។… ចំពោះ​ខ្ញុំ វាហាក់​ដូច​ជា​ច្បាស់ណាស់​ថា អ្វី​ដែល​លោក​បាន​កំពុង​និយាយ​នោះ គឺ​មិន​ត្រឹមតែ​មិន​អាច​មាន​មាន​ដៃគូ ឬ​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​លោក​បាន​កំពុង​និយាយ​ថា ពន្លឺ​នៃ​សេចក្ដីពិត [ ពន្លឺ​នៃ​ព្រះគ្រីស្ទ ] ដែល​មនុស្ស​គ្រប់គ្នា​បាន​កើតមក​នៅ​ក្នុង​ពិភព​លោក​នេះ​ត្រូវមាន និង​មិន​ដែល​ឈប់​តស៊ូ​នៅ​ជាមួយ​នឹង​បុគ្គល​គ្រប់រូប​ឡើយ លុះត្រាតែ​គេ​បាត់បង់​វា​តាមរយៈ​អំពើបាប​របស់​គេ​ផ្ទាល់ » ( នៅ​ក្នុង​របាយការណ៍​សន្និសីទ ខែ មេសា ឆ្នាំ 1956, ទំព័រ 108 ) ។

មរមន 6:16–22 ។ កុំ​បដិសេធ​ព្រះហស្ដ​ដ៏​លាតសន្ធឹង​របស់​ព្រះគ្រីស្ទ

លោក​មរមន​បាន​ទួញយំ​ចំពោះ​ការស្លាប់​នៃ​ប្រជាជន​របស់​លោក និង​បាន​សោកស្ដាយ​ថា ពួកគេ​មិន​បាន​ផ្លាស់ប្ដូរ​គំនិត​របស់​គេ​ទេ ។ លោក​បាន​មាន​ប្រសាសន៍​ថា ប្រសិនបើ​ពួកគេ​បាន​ដាក់​នូវ​សេចក្ដីឆ្មើងឆ្មៃ​របស់​ពួកគេ​មួយ​ឡែក ហើយ​បាន​ប្រែចិត្ត​ពី​អំពើបាប​របស់​ពួកគេ នោះ​ការរួបរួម​នឹង​ព្រះអង្គ​សង្គ្រោះ​របស់​ពួកគេ​នឹង​ពោរពេញ​ដោយ​សេចក្ដីរីករាយ ( សូម​មើល មរមន 6:17) ។ ប្រធាន ជែមស៍ អ៊ី ហ្វោស្ត នៃ​គណៈប្រធាន​ទី​មួយ បាន​រៀបរាប់​ពី​សេចក្ដីអំណរ​ដែល​យើង​នឹង​មាន ប្រសិនបើ​យើង​បាន​រៀបចំ​ខ្លួន​យើង​ដើម្បី​ទៅ​ឈរ​នៅ​ចំពោះ​មុខ​ព្រះអម្ចាស់​នៅ​ថ្ងៃ​ជំនុំជម្រះ​ថា ៖

« យើង​ចង់​បាន​ពរជ័យ​ដ៏​ពិត​ប្រាកដ​នៃ​ដង្វាយធួន —ដើម្បី​ក្លាយជា​មនុស្ស​ម្នាក់​នៅ​ជាមួយ​នឹង​ទ្រង់ ដើម្បី​នៅក្នុង​វត្តមាន​ដ៏​ទេវភាព​របស់​ទ្រង់ ដើម្បី​ត្រូវបាន​ហៅ​ដោយ​ឈ្មោះ នៅពេល​ទ្រង់​ស្វាគមន៍​យើង​ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​កក់ក្ដៅ ជា​មួយ​ស្នាមញញឹម​ដ៏​ស្រស់ ហៅ​យើង​ដោយ​លាត​ត្រដាង​ព្រះហស្ដ​រង់ចាំ​ដើម្បី​បាន​ក្រសោប​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​ដ៏​គ្មាន​ព្រំដែន​របស់​ទ្រង់ ។ ឱ ! បទពិសោធន៍​ដ៏​​រុងរឿង​នេះ នឹង​ក្លាយជា​ការពិត ប្រសិនបើ​យើង​អាច​មាន​អារម្មណ៍​ថា​សក្តិសម​ល្មម​ដើម្បី​នៅក្នុង​វត្តមាន​របស់​ទ្រង់​នោះ ។ អំណោយ​ទាន​មិន​គិត​ថ្លៃ​នៃ​ពលិកម្ម​ដ៏​ធួន​វិសេស​អស្ចារ្យ​របស់​ទ្រង់​សម្រាប់​យើង​ម្នាក់ៗ គឺជា​របៀប​តែមួយ​គត់​ដែល​យើង​អាច​ត្រូវបាន​តម្កើងឡើង​ល្មម​ដើម្បី​ឈរ​នៅចំពោះ​មុខ​ទ្រង់ និង​មើល​ទៅ​ទ្រង់​ដោយ​មុខ ។ សារលិខិត​នៃ​ដង្វាយធួន​ដ៏​លើសលុប គឺ​ជា​សេចក្ដីស្រឡាញ់​ដ៏​ឥតខ្ចោះ​ដែល​ព្រះអង្គ​សង្គ្រោះ​មាន​សម្រាប់​យើង​ម្នាក់ៗ និង​សម្រាប់​យើង​ទាំងអស់​គ្នា ។ វា​គឺជា​សេចក្ដី​ស្រឡាញ់​មួយ​ដែល​ពោរពេញ​ទៅដោយ​សេចក្ដី​មេត្តា ការអត់ធ្មត់ សិរីល្អ យុត្តិធម៌ ការសង្កត់ចិត្ត​ដ៏​យូរ និង​លើស​ពី​អ្វីៗ​ទាំងអស់​គឺ​ការអភ័យទោស ។

« ឥទ្ធិពល​ដ៏​អាក្រក់​របស់​សាតាំង​នឹង​បំផ្លាញ​សេចក្ដីសង្ឃឹម​ទាំងឡាយ ដែល​យើង​មាន​នៅ​ក្នុង​ការយកឈ្នះ​លើ​កំហុស​របស់​យើង ។ វា​នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា យើង​បាន​វង្វេង ហើយ​ថា​គ្មាន​សេចក្ដីសង្ឃឹម​ទៀត​ឡើយ ។ ផ្ទុយទៅវិញ ព្រះយេស៊ូវ​ឈោង​ព្រះហស្ត​ចុះ​មក​យើង​ដើម្បី​លើក​យើង​ឡើង ។ តាមរយៈ​ការប្រែចិត្ត​របស់​យើង និង​អំណោយទាន​នៃ​ដង្វាយធួន នោះ​យើង​អាច​រៀបចំ​ដើម្បី​មាន​ភាពសក្តិសម​នឹង​ឈរ​នៅក្នុង​វត្តមាន​របស់​ទ្រង់ » ( « The Atonement: Our Greatest Hope » Ensign ខែ វិច្ឆិកា ឆ្នាំ 2001 ទំព័រ 20 ) ។