មេរៀនទី 54

ម៉ូសាយ 4

សៀវភៅ​ណែនាំ​ការសិក្សា​ព្រះគម្ពីរ​មរមន​សម្រាប់​គ្រូបង្រៀន ថ្នាក់​សិក្ខាសាលា


សេចក្តី​ផ្ដើម

បន្ទាប់​ពី​ការបង្រៀន​របស់​ស្ដេចបេនយ៉ាមីន ប្រជាជន​បានប្រែចិត្ត និង ទទួល​យក​នូវ​ការផ្ដាច់បាប​របស់​ពួកគេ ។ ពួកគេ “ ក៏​ពោរពេញ​ទៅដោយ​សេចក្ដីអំណរ ” និង មាន “ សេចក្ដីសុខសាន្ដ​ក្នុង​សតិសម្បជញ្ញៈ ” ( ម៉ូសាយ 4:3 ) ។ ស្ដេចបេនយ៉ាមីន​បាន​បន្ដ​បង្រៀន​ពួកគេ ដោយ​ជួយ​ពួកគេ​ឲ្យ​យល់​ពី​អ្វី​ដែល​ពួកគេ​ត្រូវ​ធ្វើ​ដើម្បី “ ទទួល​បាន​ការផ្ដាច់បាប [ របស់​ពួកគេ ] ” ( ម៉ូសាយ 4:12 ) ។ ដោយ​ការធ្វើ​ដូច្នោះ ទ្រង់​បាន​ប្រៀបធៀប​ពួកគេ​ទៅនឹង​អ្នកសុំទាន ដោយ​ពឹងផ្អែក​លើ​ព្រះ​សម្រាប់​សេចក្ដី​សង្គ្រោះ ។ ទ្រង់​ក៏​បាន​ព្រមាន​ពួកគេ​អំពី​គ្រោះថ្នាក់​នៃ​ការធ្វេសប្រហែស​ក្នុង​ការមើលថែ​គំនិត ពាក្យសំដី និង សកម្មភាព​របស់​ពួកគេដែរ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ូសាយ 4:1–8

ប្រជាជន​របស់​ស្ដេច​បេនយ៉ាមីន​ទទួល​បាន​ការផ្ដាច់​បាប​របស់​ពួកគេ និង ត្រូវ​ពោរពេញ​ដោយ​សេចក្ដីអំណរ និង សន្ដិភាព ។

សូម​ឲ្យ​សិស្ស​សញ្ជឹង​គិត​អំពី​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​យើង​អាច​ដឹង​ថា យើង​ត្រូវ​បាន​អភ័យទោស​ចំពោះ​អំពើបាប​របស់​យើង​ដោយ​របៀប​ណា ?

សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ហារ៉ូល ប៊ី លី ៖

ប្រធាន ហារ៉ូល ប៊ី លី

“ ប្រសិនបើ​ពេល​នោះ​មកដល់ នៅពេល​អ្នក​បាន​ធ្វើ​នូវ​អ្វីៗ​ទាំងអស់​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ប្រែចិត្ត​ចេញ​ពី​អំពើបាប​របស់​អ្នក មិនថា​អ្នកជា​នរណា អ្នកនៅ​កន្លែងណា ហើយ​បាន​ធ្វើ​ការសងថ្លៃ និង ការផ្គុំ​សងវិញ​អស់​ពី​សមត្ថភាព​របស់​អ្នក ប្រសិនបើ​វា​ជា​អ្វី​មួយ​ដែល​ប៉ះពាល់​ដល់​សមាជិកភាព​របស់​អ្នក​នៅក្នុង​សាសនាចក្រ​ ហើយ​អ្នក​បាន​ទៅរក​អ្នកមាន​សិទ្ធិ​អំណាច​ត្រឹមត្រូវ បន្ទាប់​មក​អ្នក​នឹង​ចង់​បាន​ចម្លើយ​នៃ​ការបញ្ជាក់​នោះ ថាតើ​ព្រះអម្ចាស់​បាន​ទទួល​យក​អ្នក​ទេ ។ នៅក្នុង​ព្រលឹង​ដែល​ខ្វាយខ្វល់​របស់​អ្នក ប្រសិនបើ​អ្នក​ស្រាវជ្រាវ ហើយ​អ្នក​រកឃើញ​សេចក្ដីសុខសាន្ដ​ក្នុង​សតិសម្បជញ្ញៈ ដោយ​ការបញ្ជាក់​នោះ អ្នក​អាច​ដឹង​ថា ព្រះអម្ចាស់​បាន​ទទួល​យក​ការប្រែចិត្ត​របស់​អ្នក ” ( “ Stand Ye in Holy Places,” Ensign ខែ កក្កដា ឆ្នាំ 1973 ទំព័រ 122 ) ។

សូម​រំឭក​សិស្ស​ថា ស្ដេចបេនយ៉ាមីន​បាន​ចែកចាយ​ពាក្យ​របស់​ទេវតា​អំពី​របៀប​ដើម្បី​ទទួល​បាន​ការផ្ដាច់បាប ។ អ្នក​អាច​រំឭក​ពួកគេ​ជាពិសេស​អំពី​បន្ទូល​របស់​ទេវតា​អំពី​ភាពខាងសាច់ឈាម​ជា​សត្រូវ​នៃ​ព្រះ និង អំពី​លទ្ធផល​ដែល​រង់ចាំ​ដល់​អស់អ្នក​ដែល​ស្លាប់​ដោយ​មិន​បាន​ប្រែចិត្ត​ពី​អំពើបាប​របស់​ពួកគេ ( សូម​មើល ម៉ូសាយ 3:19, 23–27 ) ។

សូម​ឲ្យ​សិស្ស​អាន ម៉ូសាយ 4:1–2 ដោយ​ស្ងាត់ស្ងៀម ដោយ​រកមើល​ឃ្លា​ដែល​បង្ហាញ​ពី​របៀប​ដែល​ប្រជាជន​របស់​ស្ដេច​បេនយ៉ាមីន​បាន​ឆ្លើយតប​ទៅនឹង​ពាក្យសម្ដី​របស់​ទេវតា ។ សូម​ឲ្យ​សិស្ស​ចែកចាយ​ឃ្លា​ដែល​ពួកគេ​រកឃើញ ។ ប្រសិនបើ​សិស្ស​ត្រូវការ​ជំនួយ​ដើម្បី​យល់​ពី​ឃ្លា “ ភាពខាង​សាច់ឈាម ” សូម​ពន្យល់​ថា​ពាក្យ សាច់ឈាម គឺ​ផ្ទុយពី វិញ្ញាណ ។ វា​សំដៅ​លើ​ចំណង់​ខាង​សាច់ឈាម​របស់​យើង ជាជាង​បំណងប្រាថ្នា​ខាង​វិញ្ញាណ​របស់​យើង​ដើម្បី​ខិតទៅ​ជិត​ព្រះអម្ចាស់ ។ អ្នក​អាច​ឲ្យ​សិស្ស​អាន អាលម៉ា 41:11 ហើយ​បន្ទាប់មក​សូម​ឲ្យ​គេ​ពន្យល់​ឃ្លា “ ស្ថានភាព​ខាង​សាច់ឈាម ” ជា​សម្ដី​ខ្លួនឯង​ផ្ទាល់ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ឃ្លា “ អន់​ជាង​ធូលី​ដី​ទៅទៀត ” សូម​ឲ្យ​ពួកគេ​អាន ហេលេមិន 12:4–8។ បន្ទាប់មក សូម​ឲ្យ​ពួកគេ​ពន្យល់​ជា​សម្ដី​ខ្លួន​ឯង​ពី​របៀប​ដែល​នរណាម្នាក់​ដែល​បរដិសេធ​មិន​ព្រម​ធ្វើតាម​ការប្រឹក្សា​ពី​ព្រះអម្ចាស់​អាច​ត្រូវ​បាន​ចាត់ទុក​ថា អន់ជាង​ធូលី​ដី​ទៅទៀត ។ សូម​ធានា​ថា ពួកគេ​យល់​ថា ព្រះវរបិតាសួគ៌​មិន​បាន​ចាត់ទុក​កូនចៅ​របស់​ទ្រង់​ថា​អន់ជាង​ធូលីដី​នោះ​ទេ ។

សូម​បង្ហាញ​ថា នៅពេល​ដែល​មនុស្ស​ស្គាល់​ពី​អំពើបាប​របស់​ពួកគេ ពួកគេ​ប្រែចិត្ត ដោយ​បង្ហាញ​សេចក្ដីជំនឿ​របស់​ពួកគេ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួន​របស់​ទ្រង់ ។ សូម​ឲ្យ​សិស្ស​អាន ម៉ូសាយ 4:3 ឮៗ ។ សូម​ឲ្យ​សិស្ស​យកចិត្ត​ទុកដាក់​លើ​របៀប​ដែល​មនុស្ស​បានដឹង​ថា​ពួកគេ​ត្រូវ​បាន​អភ័យទោស​ចំពោះ​អំពើបាប​របស់​ពួកគេ ។

  • យោងតាម ម៉ូសាយ 4:3 តើ​អារម្មណ៍​បែប​ណា​កើត​មានចំពោះ​អស់​អ្នក​ដែល​ទទួល​បាន​ការ​អភ័យ​ទោស​ពីព្រះអម្ចាស់ ?

  • មនុស្ស​ទទួល​បាន​នូវ​ការផ្ដាច់បាប​របស់​ពួកគេ ដោយសារតែ “ សេចក្ដីជំនឿ​ដ៏​ខ្លាំងក្លា​ដែល​ពួកគេ​មាន​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ” ។ តើ​សកម្មភាព​អ្វី​ខ្លះ ដែល​បង្ហាញ​ពី​សេចក្ដីជំនឿ​របស់​ពួកគេ ? ( សូមមើល ម៉ូសាយ 4:1–2 ។ )

  • ចេញពី​​សម្ដី​របស់​អ្នក​ផ្ទាល់ តើ​យើង​អាច​រៀន​អ្វី​ពី ម៉ូសាយ 4:1–3 អំពី​ការទទួល​បាន​ការផ្ដាច់បាប​របស់​យើង ? ( ចម្លើយ​មួយ​អាច​ថា នៅពេល​យើង​អនុវត្ត​សេចក្ដី​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ប្រែចិត្ត​ដោយ​ចិត្ត​ស្មោះ យើង​នឹង​ទទួល​បាន​ការផ្ដាច់បាប​របស់​យើង ។ អ្នក​អាចឲ្យ​​សិស្ស​គូស​ចំណាំ​ពាក្យ និង ឃ្លា​គន្លឹះ​នៅក្នុង ម៉ូសាយ 4:1–3 ដែល​បញ្ជាក់​ពី​គោលការណ៍​នេះ ។ )

សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ នែល អិល អាន់ឌើរសិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ដោយ​សង្ខេបពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ទទួល​បាន​ការផ្ដាច់បាប ៖

អែលឌើរ នែល អិល អាន់ឌើរសិន

“ នៅពេល​យើង​សារភាព​អំពើបាប​របស់​យើង​ដោយ​ស្មោះត្រង់ សា្ដរឡើងវិញ​នូវ​អ្វី​ដែល​យើង​អាច​ធ្វើ​ចំពោះ​អ្នកដែល​យើង​ធ្វើ​ខុស ហើយ​លះបង់​អំពើបាប​របស់​យើង​ដោយ​ការកាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ នោះ​យើង​នឹង​នៅក្នុង​ដំណាក់កាល​នៃ​ការទទួលបាន​ការអភ័យទោស ។ ស្របតាម​ពេលវេលា យើង​នឹង​មានអារម្មណ៍​ថា ភាព​តានតឹង​នៃ​ទុក្ខព្រួយ​យើង​បាន​ថយចុះ ដោយ​ការ ‹ ដកយក​ទោស​ចេញ​ពី​ក្នុង​ចិត្ត​យើង › ( អាលម៉ា 24:10 ) និង ការនាំ​មក​នូវ ‹ សេចក្ដីសុខសាន្ដ​ក្នុង​សតិសម្បជញ្ញៈ › ( ម៉ូសាយ 4:3 ) ។

“ សម្រាប់​អស់​អ្នកណា​ដែល​ពិត​ជា​បាន​ប្រែចិត្ត ប៉ុន្ដែ​ហាក់ដូចជា​មិន​អាច​មាន​អារម្មណ៍​ធូរស្បើយ ៖ សូម​បន្ដ​កាន់តាម​ព្រះបញ្ញត្តិ ។ ខ្ញុំ​សូម​សន្យា​ថា អ្នក​នឹង​ទទួល​បាន​ការធូរស្បើយ​តាម​ពេលវេលា​របស់​ព្រះអម្ចាស់ ។ ការព្យាបាល​ក៏​ត្រូវការ​ពេលវេលា​ដែរ ” (“ប្រែចិត្ត … ដើម្បី​ឲ្យ​យើង​អាច​ព្យាបាល​អ្នក ” Ensignលេអាហូណា ខែ វិច្ឆិកា ឆ្នាំ 2009 ទំព័រ 42 ) ។

សូម​ឲ្យ​សិស្ស​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​របស់​ពួកគេ​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​ការប្រែចិត្ត នៅពេល​ពួកគេ​បាន​ពិភាក្សា ម៉ូសាយ 4:1–3 ។ សូម​ឲ្យ​ពួកគេ​សរសេរ​អំពី​របៀប​ដែល​ពួកគេ​អាច​អនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ នៅពេល​ពួកគេ​ស្វែងរក​ការផ្ដាច់បាបទាំងឡាយ​របស់​ពួកគេ​ផងដែរ ។

សូម​ពន្យល់​ថា ក្រោយពី​បាន​ធ្វើ​ជា​សាក្សី​ដល់​អាកប្បកិរិយា​ប្រែចិត្ត​របស់​ប្រជាជន ស្ដេចបេនយ៉ាមីន​បាន​រំឭក​ពួកគេ​អំពី​ការពឹងផ្អែក​របស់​ពួកគេ​ទៅលើ​ព្រះអម្ចាស់ ។ សូម​ឲ្យ​សិស្ស​បី​បួន​នាក់​ឆ្លាស់គ្នា​អាន​ឮៗ​ពី ម៉ូសាយ 4:4–8 ។ សូម​ឲ្យ​សិស្ស​រកមើល​អ្វី​ដែល​ស្ដេចបេនយ៉ាមីន​ចង់​ឲ្យ​ប្រជាជន​របស់​ទ្រង់​យល់ ក្រោយពី​ពួកគេ​បាន​ទទួល​ការផ្ដាច់បាប​របស់​ពួកគេ​ហើយ ។

  • យោងតាម​ខគម្ពីរ​ទាំងនេះ តើ​អ្វី​ដែល​ជា “ មធ្យោបាយតែ​មួយ​គត់​​ដែល​នឹង​នាំ​មក​នូវ​សេចក្ដីសង្គ្រោះ [ ដល់​យើង ] ” ?

ក្រោយពី​សិស្ស​បាន​ឆ្លើយ​នឹង​សំណួរ​នេះ​ហើយ សូម​ឲ្យ​ពួកគេ​រំឭក ម៉ូសាយ 4:4–8 ដោយ​ស្ងាត់ស្ងៀម ដោយ​រកមើល​ឃ្លា​ដែល​ពិពណ៌នា​ប្រជាជន​ដែល​ទទួល​បាន​សេចក្ដីសង្គ្រោះ ។ អ្នក​អាច​ស្នើ​ថា ពួកគេ​គូរ​គូសចំណាំ​ឃ្លា​ទាំងនេះ ។ សូម​គិត​ពី​ការសួរ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អ្នក​គិត​ថា ដើម្បី “ ព្យាយាម​ក្នុង​ការកាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ [ របស់​ព្រះអម្ចាស់ ] មាន​ន័យ​យ៉ាង​ណា ?

  • តើ​សកម្មភាព​អ្វី​ខ្លះ ដែល​បង្ហាញ​ថា មនុស្ស​ម្នាក់​បាន “ ដាក់​ទីទុកចិត្ត​របស់​ខ្លួន​ទៅលើ​ព្រះអម្ចាស់ ” ?

  • តើ​តាម​របៀប​ណា​ដែល​អ្នក​ឃើញ​ពី “ សេចក្ដីល្អ​សប្បុរស​នៃ​ព្រះ” និង “ ព្រះចេស្ដា​ដ៏​ឥតប្រៀបផ្ទឹម​បាន” របស់​ទ្រង់ ?

សូម​បង្ហាញ​ថា ការប្រែចិត្ត និង ការគោរពតាម​ត្រូវការ​ការខិតខំ និង ការព្យាយាម​ច្រើន​ពី​យើង ។ ទោះជាយ៉ាងណាក្ដី មិន​ថា​យើង​ធ្វើការ​ខ្លាំង​ប៉ុណ្ណា​ទេ យើង​មិន​អាច​ទទួល​បាន​ការអភ័យទោស​ពី​អំពើបាប​របស់​យើង និង អំណោយ​នៃ​សេចក្ដីសង្គ្រោះ​ដោយគ្មាន​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​ឡើយ ។

ម៉ូសាយ 4:9–30

ស្ដេចប៊េនយ៉ាមីន​បង្រៀន​ពី​របៀប​ដើម្បី​ទទួល​បាន​ការផ្ដាច់បាប

សូម​សរសេរ ការទទួល​បាន​ការផ្ដាច់បាប នៅលើ​ក្ដារខៀន ។ សូម​ប្រាប់​សិស្ស​ថា ក្រោយពី​ប្រជាជន​បាន​ទទួល​ការផ្ដាច់បាប​របស់​ពួកគេ​ហើយ ស្ដេចបេនយ៉ាមីន​បានបង្រៀន​ពួកគេ​ពី​របៀប​ទទួល ឬ រក្សា​សភាព​ស្អាត និង បរិសុទ្ធ​នោះ ។

  • ហេតុអ្វី​បានជា​វា​ក៏​មាន​សារសំខាន់​ដល់​យើង​ម្នាក់ៗ​ដើម្បី​ដឹង​ដែរ​នោះ ?

សូម​ឲ្យ​សិស្ស​ស្រាវជ្រាវ ម៉ូសាយ 4:9–11 ដោយ​ស្ងាត់ស្ងៀម ដោយរកមើល​អ្វី​ដែល​យើង​ត្រូវធ្វើ​ដើម្បី​ទទួល​បាន​ការផ្ដាច់បាប​របស់​យើង ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ សូម​គិត​ពី​ការសរសេរ​ចម្លើយ​របស់​ពួកគេ​នៅលើ​ក្ដារខៀន ។ ចម្លើយ​អាច​រួម​មាន យើង​ត្រូវ​ចងចាំ​ពី​ភាពអស្ចារ្យ​នៃ​ព្រះ បន្ទាបខ្លួន អធិស្ឋាន​រាល់ថ្ងៃ និង ស្ថិតស្ថេរ​នៅក្នុង​សេចក្ដី​ជំនឿ ។

សូម​គិត​ពី​ការសួរ​សំណួរ​ខាងក្រោម ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់ និង អនុវត្ត​អ្វី​ដែល​ពួកគេ​បាន​អាន ។

  • ស្ដេច​បេនយ៉ាមីន​បាន​បង្រៀន​ថា យើង​ត្រូវ “ ជឿ​ដល់​ព្រះ​ចុះ ” ( ម៉ូសាយ 4:9 ) ។ ទ្រង់​ក៏​បាន​និយាយ​អំពី​ការភ្លក់​នូវ​សេចក្ដីស្រឡាញ់​របស់​ព្រះ និង តែងតែ​ចងចាំ​នូវ “ ភាពមហិមា​នៃ​ព្រះ” (ម៉ូសាយ 4:11) ។ តើ​បទពិសោធន៍​អ្វី​ដែល​បាន​ជួយ​អ្នក​ឲ្យ​យល់​ថា ព្រះគឺពិត និង មាន​ព្រះចេស្ដា ហើយ​ថា​ទ្រង់​ស្រឡាញ់​អ្នក ?

  • តើ​ការចងចាំ​ពី​ព្រះចេស្ដា សេចក្ដីល្អ និង សេចក្ដីស្រឡាញ់​របស់​ព្រះ ជះឥទ្ធិពល​ដល់​ឆន្ទៈ​របស់​យើង​ក្នុង​ការគោរព​ដល់​ទ្រង់​យ៉ាងដូចម្ដេច ?

សូម​អាន ម៉ូសាយ 4:12 ឮៗ​ដល់​សិស្ស ។ សូម​ឲ្យ​ពួកគេ​រកមើល​នៅក្នុង​ខគម្ពីរ​នេះ នូវ ពរជ័យ​ទាំងឡាយ​ដែល​កើត​មាន​ចំពោះ​អ្នក​ទាំងឡាយ​ណា​ ដែល​ធ្វើតាម​ការ​បង្រៀន​នៅក្នុង ម៉ូសាយ 4:5–11 ។

សូម​ពន្យល់​ថា ម៉ូសាយ 4:13–16 រួម​មាន​នូវ​ការពិពណ៌នា​របស់​សេ្ដចបេនយ៉ាមីន​អំពី​ប្រជាជន​ដែល​ទទួល​បាន​ការផ្ដាច់បាប​របស់​ពួកគេ ។ សូម​បែងចែក​សិស្ស​ក្នុង​ថ្នាក់​ជា​បី​ក្រុម ។ សូម​ឲ្យ​ក្រុម​ទីមួយ​អាន ម៉ូសាយ 4:13 ក្រុម​ទីពីរ​អាន ម៉ូសាយ 4:14–15 និង ក្រុម​ទីបី​អាន ម៉ូសាយ 4:16 ។ សូម​ឲ្យ​សិស្ស​អាន​ខគម្ពីរ​ដែល​បាន​ដាក់​រៀងៗ​ខ្លួន ហើយ​រកមើល​អាកប្បកិរិយា និង គុណសម្បត្តិ​ដែល​ស្ដេចប៊េនយ៉ាមីន​បាន​ពិពណ៌នា​ពី​អ្នកដែល​ស្វែងរក​ដើម្បី​ទទួល​បាន​ការផ្ដាច់បាប​របស់​ពួកគេ ។

ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ នៅពេល​ពួកគេ​ធ្វើ​ដូច្នោះ សូម​បញ្ជាក់​សេចក្ដីពិត​ថា ប្រសិនបើ​យើង​បន្ទាបខ្លួន ​ចំពោះ​ព្រះ ហើយ​ខិតខំ​អភិវឌ្ឍ​អាកប្បកិរិយា​ឲ្យ​ដូចជា​ព្រះគ្រីស្ទ នោះ​យើង​អាច​ទទួល​បាន​ការផ្ដាច់បាប​របស់​យើង ។សូម​ជួយ​សិស្ស​ឲ្យ​អនុវត្ត​នូវ​អ្វី​ដែល​ពួកគេ​កំពុង​រៀន ដោយ​ការសួរ​សំណួរ​មួយ ឬ ពីរ​ខាងក្រោម នៅពេល​អាកប្បកិរិយា ឬ គុណសម្បត្តិ​នីមួយៗ​ត្រូវ​បាន​លើកឡើង ៖

  • ហេតុអ្វីបានជា​អ្នក​គិត​ថា អាកប្បកិរិយា ( គុណសម្បត្តិ ) នេះ​ជួយ​ក្នុង​ការទទួល​បាន​ការផ្ដាច់បាប​របស់​យើង ?

  • តើ​នៅពេល​ណា​ដែល​អ្នក​បាន​ឃើញ​គំរូ​នៃ​អាកប្បកិរិយា ( គុណសម្បត្តិ ) នេះ ?

ស្ដេច​បេនយ៉ាមីន​បាន​ប្រើ​ភាពស្រដៀង​គ្នា​ដ៏​មាន​អំណាច​នេះ​ដែល​អាច​ជួយ​សិស្ស​ឲ្យ​មាន​អំណរ​ដល់​ពរជ័យ​ទាំងឡាយ​ដែល​ពួកគេ​បាន​ទទួល​ពី​ព្រះអម្ចាស់ ហើយ​ជម្រុញ​ពួកគេ​ឲ្យ​អភិវឌ្ឍ​អាកប្បកិរិយា​ទាំងឡាយ​ដែល​ពួកគេ​បាន​សិក្សា​នៅក្នុង ម៉ូសាយ 4:13–16 ។ សូម​ឲ្យ​សិស្ស​អាន ម៉ូសាយ 4:16–23 ដោយ​ស្ងាត់ស្ងៀម ។

  • ដោយ​យោងតាម​ស្ដេច​បេនយ៉ាមីន តើ​យើង​ទាំងអស់​គ្នា​ជា​អ្នកសុំ​ទាន​ដោយ​របៀប​ណា ?

  • តើ​ការយល់​នេះ​អាច​ជួយ​យើង​ឲ្យ​មាន​ចិត្ត​មេត្តា​អ្នកដទៃ​ជាងមុន​ដោយ​របៀប​ណា ?

  • សម្រាប់​អ្នកទាំងឡាយ​ណា​ដែល​មិន​អាចដាក់​ទាន​ដល់​អ្នកសុំទាន ឬ សម្រាប់​អ្នកណា​ដែល​មាន​តិចតួច​ដើម្បី​ឲ្យ តើ​សេ្ដចបេនយ៉ាមីន​បាន​ចែកចាយ​ការប្រឹក្សា​នៅក្នុង ម៉ូសាយ 4:24–26 អ្វីខ្លះ ?

  • នៅក្នុង​សាសនាចក្រ​សព្វថ្ងៃ​នេះ តើ​ការផ្ដល់​ដង្វាយតមអាហារ​ជួយ​យើង​ឲ្យ​ធ្វើតាម​ការប្រឹក្សា​នៅក្នុង ម៉ូសាយ 4:26 ដោយ​របៀប​ណា ? តើ​យុវវ័យ​អាច​ចូលរួម​នៅក្នុង​ដង្វាយ​តមអាហារ​ដោយ​របៀបណា ? ( ចម្លើយ​អាច​រួមមាន ពួកគេ​អាច​តមអាហារ អ្នកខ្លះ​អាច​បង់​ដង្វាយ​តមអាហារ ហើយ​អ្នកកាន់​អំណាច​បព្វជិត​អើរ៉ុន​នៅក្នុង​ផ្នែកខ្លះ​នៃ​ពិភពលោកប្រមូល​ដង្វាយ​តមអាហារ​ពី​សមាជិក​វួដ ឬ សាខា ។ )

សូម​បង្ហាញ​ថា ដោយ​មាន​អ្វីៗ​ល្អ​ទាំងអស់​ដែល​យើង​ត្រូវ​បាន​សុំ​ឲ្យ​ធ្វើ ពេលខ្លះ​វា​អាច​ពិបាក​មាន​តុល្យភាព​នៅក្នុង​ជីវិត​របស់​យើង ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ូសាយ 4:27 ឮៗ ។

  • តើ​អ្នក​គិត​ថា ការធ្វើ​អ្វីៗ​ទាំងអស់​នៅក្នុង “ ប្រាជ្ញា និង របៀបរៀបរយ” មាន​ន័យ​យ៉ាង​ដូចម្ដេច ?

  • តើ​ការប្រឹក្សា​នេះ​អាច​ជួយ​អ្នក​ដោយ​របៀប​ណា ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ូសាយ 4:29–30 ឮៗ ។ សូម​បង្ហាញ​ថា ម៉ូសាយ 4:30 គឺជា​វគ្គ​ចំណេះចំណាន​ខគម្ពីរ ។ អ្នក​អាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​គូស​ចំណាំ​សារលិខិត​នេះ​តាមរបៀប​មួយ​ដែល​ពួកគេ​អាច​រក​វា​ដោយ​ងាយស្រួល ។

  • តើ​អ្វី​ជា​ទំនាក់ទំនង​រវាង​គំនិត ពាក្យ​សម្ដី និង សកម្មភាព​របស់​យើង ? តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​មើលថែ​ខ្លួន​យើង ? តើ​យើង​អាច​ជួយ​គ្នា​ទៅវិញទៅមក​តាម​របៀប​ណា ?

សូម​គិត​ពី​ការឲ្យ​សិស្ស​សរសេរ​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​ពីរ​បី​នាទី អំពី​របៀប​ដែល​គោលការណ៍​នៅក្នុង ម៉ូសាយ 4:9–30 អាច​ជួយ​ពួកគេ នៅពេល​ពួកគេ​ខិតខំ​ដើម្បី​ទទួល​បាន​ការផ្ដាច់បាប​របស់​ពួកគេ ។ សូម​ថ្លែងទីបន្ទាល់​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះអម្ចាស់​ចំពោះ​ពួកគេ​គ្រប់គ្នា និង អំពី​បំណងប្រាថ្នា​របស់​ទ្រង់​ឲ្យ​ពួកគេ​ប្រែចិត្ត និង ទទួល​បាន​ការផ្ដាច់បាប ។

និមិត្ត​សញ្ញា​ចំណេះចំណាន​ខគម្ពីរម៉ូសាយ 4:30ចំណេះចំណាន​ខគម្ពីរ—

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​ទំនាក់ទំនង​រវាង​គំនិត ពាក្យសម្ដី និង សកម្មភាព​ទាំងឡាយ ដែល​បាន​បង្ហាញ​នៅក្នុង ម៉ូសាយ 4:30 សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ៖

“ គិត​ពី​គំនិត​ស្អាតស្អំ ។ អ្នកដែល​មាន​គំនិត​ស្អាតស្អំ មិន​ធ្វើ​អំពើ​កខ្វក់​នោះ​ទេ ។ អ្នក​មិន​ត្រឹម​តែ​ទទួលខុសត្រូវ​ចំពោះ​មុខ​ព្រះ​ចំពោះ​សកម្មភាព​របស់​អ្នក​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ព្រម​ទាំង​ចំពោះ​គំនិត​របស់​អ្នក​ដែរ ។ ដូច្នេះ សូម​រស់នៅ​ដោយ​សេចក្តី​ថ្លៃ​ថ្នូរ នៅ​ពេល​គំនិត និង សកម្មភាព​របស់​អ្នក​ត្រូវ​បាន​សម្តែង​ចេញនៅ​ក្នុង​សាសនា​ចក្រ​របស់​អ្នក ។ សុភាសិត​បុរាណ​មួយ​គឺ​នៅតែ​ពិត​ថា ពេល​អ្នក​សាប​ព្រោះគំនិត នោះ​អ្នក​ច្រូតបាន​សកម្មភាព អ្នក​សាបព្រោះ​សកម្មភាព នោះ​អ្នក​ច្រូត​បានទម្លាប់ អ្នក​សាប​ព្រោះ​ទម្លាប់ នោះ​អ្នក​ច្រូត​បានចរិត ហើយ​ចរិត​របស់​អ្នក​កំណត់​ពី​ជោគវាសនា​ដ៏​អស់កល្ប​របស់​អ្នក​។ ‹ ដ្បិតគេ​គិត​ក្នុង​ចិត្ត​យ៉ាងណា គេ​ក៏​យ៉ាង​នោះ​ដែរ› ” ( នៅក្នុង​របាយការណ៍​សន្និសីទ ខែ តុលា ឆ្នាំ 1964 ទំព័រ 60;ដកស្រង់​ពី សុភាសិត 23:7 ) ។

សូម​ពន្យល់​ថា ពន្លឺ និង ភាព​ងងឹត មិន​អាច​ស្ថិតនៅក្នុង​កន្លែង​ដូចគ្នា​នៅពេល​តែមួយ​បាន​ទេ ។ ពន្លឺ​បណ្ដេញ​ភាពងងឹត ។ ឧទាហរណ៍ តន្ដ្រី​សមរម្យ រូបភាព​ដែល​បំផុស​គំនិត សកម្មភាព​ត្រឹមត្រូវ​ល្អ និង គំនិត និង ពាក្យសម្ដី​ស្អាតស្អំ នឹង​អញ្ជើញ​ព្រះវិញ្ញាណ​មក​ក្នុង​ជីវិត​របស់​យើង និង បណ្ដេញ​គំនិត​មិន​ស្អាតស្អំ​ចេញ​ពី​គំនិត​របស់​យើង ។ សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា ពួកគេ​អាច​ប្រឆាំង​នឹង​ភាពងងឹត​ដោយ​បំភ្លឺ​ជីវិត​របស់​គេ ។

  • តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​រក្សា​គំនិត ពាក្យសម្ដី និង សកម្មភាព​របស់​យើង​ឲ្យ​នៅ​ស្អាតបាត ?

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​បង្កើត​គម្រោង​ជាក់លាក់​ដើម្បី​បំភ្លឺ​ជីវិត​របស់​ពួកគេ ។ អ្នក​អាច​ឲ្យ​ពួកគេ​សរសេរ​គម្រោង​របស់​ពួកគេ​នៅក្នុង​សៀវភៅកំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។