មេរៀន​ទី 55

ម៉ូសាយ 5–6

សៀវភៅ​ណែនាំ​ការសិក្សា​ព្រះគម្ពីរ​មរមន​សម្រាប់​គ្រូបង្រៀន ថ្នាក់​សិក្ខាសាលា


សេចក្តី​ផ្ដើម

ម៉ូសាយ 5 រួមមាន​សេចក្ដីបញ្ចប់​នៃ​ការនិយាយ​របស់​ស្ដេច​បេនយ៉ាមីន​ទៅដល់​ប្រជាជន​របស់​ទ្រង់ កំណត់ត្រា​ដែល​ចាប់ផ្ដើម​នៅក្នុង ម៉ូសាយ 2 ។ ជាលទ្ធផល​នៃ​សេចក្ដីជំនឿ​របស់​ពួកគេ​ទៅលើ​ពាក្យសម្ដី​របស់​សេ្ដច​បេនយ៉ាមីន ប្រជាជន​បាន​ទទួល​បទពិសោធន៍​នៃ​ការផ្លាស់ប្ដូរ​ដួងចិត្ត​ដ៏​ធំ​អស្ចារ្យ​មួយ ។ ពួកគេ​បាន​ចូល​ទៅក្នុង​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះ ហើយ​បាន​លើក​ដាក់​មក​លើ​ខ្លួនគេ​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ដូចដែល​បាន​កត់ត្រា​នៅក្នុង ម៉ូសាយ 6 ស្ដេច​បេនយ៉ាមីន​បាន​ផ្ទេរ​នគរ​របស់​ទ្រង់​ទៅ​បុត្រា​របស់​ទ្រង់ ម៉ូសាយ ដែល​គ្រប់គ្រង​ស្របតាម​គំរូ​ព្រះបិតា​របស់​ទ្រង់ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ូសាយ 5:1–4

ប្រជាជន​របស់​ស្ដេច​បេនយ៉ាមីន​ពិពណ៌នា​ពី​ការផ្លាស់ប្ដូរ​ដ៏​ធំ​ដែល​ពួកគេ​បាន​ទទួល​តាមរយៈ​ព្រះវិញ្ញាណ

មុន​ចាប់ផ្ដើម​ថ្នាក់ សូម​សរសេរ​សំណួរ​ខាងក្រោម​នៅលើ​ក្ដារខៀន ។

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា អ្នក​ត្រូវ​ផ្លាស់ប្ដូរ​ខាង​វិញ្ញាណ​ដែរ​ឬ​ទេ ?

តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ ?

ប្រសិនបើ​អ្នក​មាន​បទពិសោធន៍​ពី​ការផ្លាស់ប្ដូរ តើ​អ្នក​បាន​បន្ដ​ការផ្លាស់ប្ដូរ​នោះ​មក​ដល់​សព្វថ្ងៃ​នេះ​ទេ ?

សូម​ឲ្យ​សិស្ស​ឆ្លើយ​នឹង​សំណួរ​ទាំងនេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​របស់​ពួកគេ ។ បន្ទាប់​មក​សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ ៖

“ សារៈសំខាន់នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​តម្រូវឲ្យ​មាន​ការផ្លាស់ប្ដូរ​ជា​មូលដ្ឋាន និង អចិន្ដ្រៃយ៍​នៅក្នុង​និស្ស័យ​របស់​យើង ដែល​កើត​មាន​តាមរយៈ​ការពឹងផ្អែក​របស់​យើង​ទៅលើ ‹ បុណ្យគុណ និង សេចក្ដី​មេត្តា​ករុណា និង ព្រះគុណ​នៃ​ព្រះម៊ែស៊ី​ដ៏​បរិសុទ្ធ › ( នីហ្វៃទី 2 2:8 ) ។ នៅពេល​យើង​ជ្រើសរើស​ធ្វើតាម​លោកចៅហ្វាយ យើង​ជ្រើសរើស​ដើម្បី​ផ្លាស់ប្ដូរ —ដើម្បី​កើត​ខាង​វិញ្ញាណ ” ( “ អ្នកត្រូវតែ​កើត​ជាថ្មី​ម្ដងទៀត ” Ensignលេអាហូណា ខែ ឧសភា ឆ្នាំ 2007 ទំព័រ 20 ) ។

អ្នក​អាច​ស្នើ​ថា សិស្ស​គួរ​សរសេរ​ការដកស្រង់​ខាងក្រោម​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​ក្បែរ ម៉ូសាយ 5:2 ឬ នៅក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ៖ “ នៅពេល​យើង​ជ្រើសរើស​ធ្វើតាម​លោកចៅហ្វាយ យើង​ជ្រើសរើស​ដើម្បី​ផ្លាស់ប្ដូរ ” ( អែលឌើរ ដេវីឌ អេ បែដណា ) ។

  • តើ​យើង​ជ្រើសរើស​ដើម្បី​ផ្លាស់ប្ដូរ​តាម​របៀប​ណា នៅពេល​យើង​ជ្រើសរើស​ដើម្បី​ធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ ?

សូម​ឲ្យ​សិស្ស​រំឭក ម៉ូសាយ 2–4 ពីរ​បី​នាទី ។ អ្នក​អាច​ស្នើ​ថា ពួកគេ​គួរ​អាន​សេចក្ដីសង្ខេប​នៃ​ជំពូក ។ សូម​សួរ​ពួកគេ​ថា តើ​ពួកគេ​ចងចាំ​អ្វី​ពី​បរិបទ​នៃ​ជំពូក​ទាំងនេះ ។ បន្ទាប់​មក​សូម​ឲ្យ​ពួកគេ​អាន ម៉ូសាយ 5:1 ដោយ​ស្ងាត់ស្ងៀម ។

  • តើ​សេ្ដចបេនយ៉ាមីន​ចង់​ដឹង​អ្វី​ពី​ប្រជាជន​របស់​ទ្រង់ ?

សូម​ឲ្យ​សិស្ស​អាន ម៉ូសាយ 5:2–5 ដោយ​ស្ងាត់ស្ងៀម ដោយ​រកមើល​ចម្លើយ​របស់​ប្រជាជន​ចំពោះ​សំណួរ​របស់​ស្ដេច​ប៊េនយ៉ាមីន ។ មុនពេល​សិស្ស​អាន អ្នក​អាច​ពន្យល់​ថា នៅក្នុង​ខ​ទី 2 ពាក្យ បំណង សំដៅ​លើ​និស្ស័យ​របស់​បុគ្គល​ម្នាក់ៗ —បំណងប្រាថ្នា និង អារម្មណ៍​របស់​គេ ។ ក្រោយពី​ពួកគេ​បាន​អាន​ហើយ សូម​សួរ​សំណួរ​ខាងក្រោម​ដើម្បី​ជួយ​ពួកគេ​ឲ្យ​វិភាគ​ខគម្ពីរ ៖

  • តើ​ប្រជាជន​បាន​និយាយ​អ្វី អំពី​បំណង​របស់​ពួកគេ ?

  • តើ​អ្វី​ដែល​នាំមក​នូវ​ការផ្លាស់ប្ដូរ​នេះ​នៅក្នុង​បំណង​របស់​ពួកគេ ? ( ពួកគេ​បាន​ជឿ​លើ​ការបង្រៀន​របស់​ស្ដេច​បេនយ៉ាមីន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួន ហើយ​ព្រះវិញ្ញាណ​បាន​ផ្លាស់ប្ដូរ​ដួងចិត្ត​របស់​ពួកគេ ។ )

សូម​បញ្ជាក់​ថា ការផ្លាស់ប្ដូរ​នៃ​ដួងចិត្ត​គឺ​មិនមែន​ត្រឹមតែ​ផ្លាស់ប្ដូរ​អាកប្បកិរិយា​នោះ​ទេ ។ នៅពេល​យើង​ទទួល​បាន​បទពិសោធន៍​នៃ​ការផ្លាស់ប្ដូរ​ដួងចិត្ត យើង​នឹង​ក្លាយជា​មនុស្ស​ថ្មី ដែល​បាន​ផ្លាស់ប្ដូរ​តាមរយៈ​អំណាច​នៃ​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​សេចក្ដីពិត​នេះ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់៖

“ ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ហ៊ុំព័ទ្ធ​ច្រើនជាង​ការចៀសវាង ការយកឈ្នះ និង ការសម្អាត​ពី​អំពើបាប និង ឥទ្ធិពល​អាក្រក់​ទាំងឡាយ​នៅក្នុង​ជីវិត​របស់​យើង វា​ក៏​សំខាន់​ដែល​តម្រូវ​ឲ្យ​មាន​ការធ្វើ​ល្អ ការធ្វើជា​មនុស្ស​ល្អ និង បាន​ប្រសើរ​ជាង​នេះ ។ … ការផ្លាស់ប្ដូរ​ដ៏​ធំ​នេះ​មិន​មែន​ជា​លទ្ធផល​សាមញ្ញ​នៃ​ការធ្វើការ​ខ្លាំង ឬ ការអភិវឌ្ឍ​វិន័យ​ផ្ទាល់ខ្លួន​ដ៏​អស្ចារ្យ​នោះ​ទេ ។ ប៉ុន្ដែ​វាជា​លទ្ធផល​នៃ​ការផ្លាស់ប្ដូរ​ជា​មូលដ្ឋាន​នៅក្នុង​បំណងប្រាថ្នា ការជម្រុញ និង ធម្មជាតិ​របស់​យើង​ដែល​ធ្វើ​កើត​ឡើង​តាមរយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ​ជា​ព្រះអម្ចាស់ ។ គោលបំណង​ខាងវិញ្ញាណ​របស់​យើង​គឺ​ត្រូវ​យកឈ្នះ​ទាំង​អំពើបាប និង ចំណង់​ចង់​ធ្វើ​បាប ទាំង​ស្នាម​ប្រឡាក់ និង​អំណាច​នៃ​អំពើបាប ” ( ដៃ​ស្អាត និង ចិត្ត​បរិសុទ្ធ ” Ensignលេអាហូណា ខែ វិច្ឆិកា ឆ្នាំ 2007 ទំព័រ 81–82 ) ។

  • តើ​អ្នកគិត​ថា ហេតុអ្វី​បានជា​យើងត្រូវការ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដើម្បី​ផ្លាស់ប្ដូរ​យ៉ាង​ពិតប្រាកដ​នោះ ?

សូម​ធ្វើ​ឲ្យ​សិស្ស​មាន​ចំណាប់​អារម្មណ៍​ ​ទៅលើ​ឃ្លា “ ដោយសារ​តែ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ដ៏​មាន​គ្រប់​ព្រះចេស្ដា ” នៅក្នុង ម៉ូសាយ 5:2 ។ អ្នក​អាច​ត្រូវ​ឲ្យ​និយម​ន័យ​ពាក្យ ដ៏​មាន​គ្រប់​ព្រះចេស្ដា ដែល​មានន័យ​ថា អំណាច​ទាំងឡាយ ។

  • តើ​យើង​អាច​រៀន​អ្វី​ខ្លះ​ពី ម៉ូសាយ 5:2–4 អំពី​របៀប​ដែល​យើង​អាច​ទទួល​បាន​នូវ​ការផ្លាស់ប្ដូរ​ដ៏​ធំ​នៅក្នុង​ជីវិត​របស់​យើង ?

នៅពេល​សិស្ស​ពិភាក្សា​សំណួរ​នេះ សូម​ប្រាកដ​ថា​ពួកគេ​យល់​ថា នៅពេល​យើង​អនុវត្ត​សេចក្ដី​ជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ទទួល​បាន​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​យើង​អាច​ទទួល​បាន​នូវ​ការផ្លាស់ប្ដូរ​ដ៏​ធំ​ក្នុង​ដួងចិត្ត ។

សូម​ពន្យល់​ថា ការទទួល​បាន​ការផ្លាស់ប្ដូរ​ដ៏​ធំ​ក្នុង​ដួងចិត្ត​គឺជា​ដំណើរការ​មួយ​ដែល​កើតឡើង​ពេញ​មួយ​ជិវិត​របស់​យើង វា​មិនមែន​ជា​ព្រឹត្តិការណ៍​តែ​ម្ដង​នោះ​ទេ ។ សូមអាន​សុន្ទរកថា​ខាងក្រោម​នេះ ដែល​ថ្លែង​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ៖

ការ​ប្រែ​ក្លាយ​ដូច​ជា​ព្រះគ្រីស្ទ​គឺ​ជា​ការ​ស្វែងរក​ពេញ​មួយ​ជីវិត ហើយ​ជា​ញឹកញាប់​វា​ជាប់​ទាក់ទង​ទៅនឹង​ការ​រីកចម្រើន និង ការ​ផ្លាស់​ប្តូរ​ដែល​មាន​សភាព​យឺត ស្ទើរតែ​ពុំ​អាច​ដឹង​បាន » ។ …

“ … ការប្រែចិត្ត​ដ៏​ពិត ទាក់ទង​នឹង​ការផ្លាស់ប្ដូរ​ដួងចិត្ត វា​មិនគ្រាន់តែ​ជា​ការផ្លាស់ប្ដូរ​អាកប្បកិរិយា​ប៉ុណ្ណោះ​ទេ ។ … ការប្រែចិត្ត​ភាគច្រើន​មិន​ទាក់ទង​នឹង​ការផ្លាស់ប្ដូរ​ដ៏​ខ្លាំង ឬ សោកនាដកម្ម​ទេ ប៉ុន្ដែ​វា​ជា​ការផ្លាស់ប្ដូរ​បន្ដ​មួយ​ជំហាន​ម្ដង​មួយ​ជំហាន​ម្ដង និង ជា​សកម្មភាព​បន្ដ​ឥតដាច់​ឆ្ពោះ​ទៅកាន់​ភាពជា​ព្រះ” ( “A Mighty Change of Heart,” Ensign ខែ តុលា ឆ្នាំ 1989 ទំព័រ 5 ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​អនុវត្ត​គោលការណ៍​នេះ ហើយ​វាយតម្លៃ​ដំណើរ​របស់​ពួកគេ​ក្នុង​ការទទួល​បាន​ការផ្លាស់ប្ដូរ​ដ៏​ធំ​មួយ​ក្នុង​ដួងចិត្ត​គេ សូម​ឲ្យ​ពួកគេ​ឆ្លើយតប​នឹង​សំណួរ​ខាងក្រោម​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ៖ ( អ្នក​អាច​សរសេរ​សំណួរ​ទាំងនេះ​នៅលើ​ក្ដារខៀន​មុនចាប់ផ្ដើម​ថ្នាក់ រៀបចំ​ក្រដាស​ដោយ​មាន​សំណួរ​ចែក​ឲ្យ​សិស្ស ឬ អាន​សំណួរ​យឺយៗ​ឲ្យ​សិស្ស​កត់ចូល​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។ )

  • តើ​បំណង​របស់​អ្នក​ត្រូវ​បាន​ផ្លាស់ប្ដូរដោយ​របៀប​ណា នៅពេល​អ្នក​បាន​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ ?

  • តើ​អ្នក​ត្រូវធ្វើ​អ្វី​ខ្លះ ដើម្បី​ឲ្យ​ព្រះអម្ចាស់​បន្ដ​ជួយ​អ្នក​ទទួល​បាន​ការផ្លាស់ប្ដូរ​នេះ ?

សូម​ឲ្យ​ឱកាស​ដល់​សិស្ស​ម្នាក់ ឬ ពីរ​នាក់​ចែកចាយ​ចម្លើយ​របស់​ពួកគេ ។ សូម​ប្រាកដ​ថា ពួកគេ​យល់​ថា ពួកគេ​មិន​មែន​ត្រូវតែ​ចែកចាយ​បទពិសោធន៍ ឬ អារម្មណ៍​ដែល​ផ្ទាល់ខ្លួន ឬ ឯកជន​ពេក​នោះ​ទេ ។

ម៉ូសាយ 5:5–15

ប្រជាជន​របស់​ស្ដេច​​បេនយ៉ាមីន​ចូល​ទៅក្នុង​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះ ហើយ​ទទួល​បាន​ឈ្មោះ​ថ្មី​មួយ

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ូសាយ 5:5 ឮៗ ។ សូម​ឲ្យ​សិស្ស​រកមើល​អ្វី​ដែល​ប្រជាជន​របស់​ស្ដេចបេនយ៉ាមីន​មាន​ឆន្ទៈ​នឹង​ធ្វើ ដោយសារតែ​ដួងចិត្ត​របស់​ពួកគេ​ត្រូវ​បាន​ផ្លាស់ប្ដូរ ។

  • តើ​ប្រជាជន​មាន​ឆន្ទៈ​នឹង​ធ្វើ​អ្វីខ្លះ​នាពេលឥឡូវ ដោយសារ​បំណង​របស់​ពួកគេ​ត្រូវបាន​ផ្លាស់ប្ដូរ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​សេចក្ដីសញ្ញា​កាន់តែ​ច្បាស់ សូម​ឲ្យ​គេ​សិក្សា​ប្រធាន​បទនេះ​ផ្ទាល់ខ្លួន​ពីរ​បី​នាទី ។ អ្នក​អាច​ស្នើ​ថា ពួកគេ​គួរ​សិក្សា​ប្រធាន​នេះ​នៅក្នុង​វចនានុក្រម​ព្រះគម្ពីរ​បរិសុទ្ធ ឬ ពិត​ចំពោះ​សេចក្ដី​ជំនឿ ឬ ឲ្យ​ពួកគេ​រកមើល​គម្ពីរ​ពី​ប្រធានបទ​នេះ​នៅក្នុង​លិបិក្រម​ព្រះគម្ពីរ​មរមន ឬ ព្រះគម្ពីរ​បី​រួម​បញ្ចូល​គ្នា ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​ធ្វើការ​ជា​ដៃគូ ហើយ​ពន្យល់​ពី​សេចក្ដីសញ្ញា​ដល់​គ្នា​ទៅវិញទៅមក​ជា​សម្ដី​ខ្លួនឯង​ផ្ទាល់ ។

  • តើ​ពាក្យ ឬ ឃ្លា​ណាមួយ​នៅក្នុង ម៉ូសាយ 5:5 បង្ហាញ​ពី​ភាពស្មោះត្រង់​នៃ​បំណងប្រាថ្នា​របស់​ប្រជាជន​ដើម្បី​ធ្វើ និង រក្សា​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះ ? ( ចម្លើយ​អាច​មាន “ ធ្វើ​តាម​ឆន្ទៈ​របស់​ទ្រង់” , “ ក្នុង​គ្រប់​កិច្ចការ​ទាំងអស់” និង “ ថ្ងៃ​ដែល​នៅសល់​ទាំងអស់​របស់​យើង” ។ )

  • តើ​ពាក្យ ឬ ឃ្លា​ណាមួយ​នៅក្នុង ម៉ូសាយ 5:5 រំឭក​អ្នក​អំពី​សេចក្ដីសន្យា​ដែល​យើង​រំឭក​រាល់ពេល​ដែល​យើង​ទទួលទាន​សាក្រាម៉ង់ ?

  • តើ​អ្នក​គិត​ថា ការធ្វើ​និង​ការរក្សាតាម​សេចក្ដីសញ្ញា​ជួយ​យើង​បន្ដ​នៅក្នុង​ដំណើរការ​នៃ​ការទទួល​បាន​ការផ្លាស់ប្ដូរ​ដួងចិត្ត​ដោយ​របៀប​ណា ?

សូម​ឲ្យ​សិស្ស​អាន ម៉ូសាយ 1:11 ដោយ​ស្ងាត់ស្ងៀម ។ សូម​ឲ្យ​ពួកគេ​រកមើល​មូលហេតុ​មួយ​ដែល​ស្ដេចបេនយ៉ាមីន​បាន​ប្រមូល​ប្រជាជន​ឲ្យ​ជុំ​គ្នា ។ ( ដើម្បី​ដាក់​ឈ្មោះ​មួយ ) ។ សូម​ពន្យល់​ថា ម៉ូសាយ 5:7–15 កត់ត្រា​ការពន្យល់​របស់​ស្ដេចបេនយ៉ាមីន​អំពី​ឈ្មោះ​ដែល​ទ្រង់​បាន​សន្យា​ថា​នឹង​ដាក់​ឲ្យ​ប្រជាជន​របស់​ទ្រង់ ។ សូម​ឲ្យ​សិស្ស​អាន​ត្រួសៗ​ក្នុង ម៉ូសាយ 5:7–14 ពីរ​បី​នាទី ដោយរកមើល​ពាក្យ ឈ្មោះ និង ត្រូវ​បាន​ហៅ ។អ្នក​អាច​ស្នើ​ថា សិស្ស​គួរ​គូស​ចំណាំ​ពាក្យ​ទាំងនេះ​រាល់ពេល​ដែល​គេ​ឃើញ​វា ។

សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្រាប់​ពី​ហេតុផល​ដែល​ពួកគេ​ត្រូវ​បាន​ដាក់​ឈ្មោះ​របស់​ពួកគេ ។ ឧទាហរណ៍ អ្នក​អាច​ឲ្យ​ពួកគេ​ប្រាប់​អំពី​របៀប​ដែល​ឪពុកម្ដាយ​របស់​ពួកគេ​ដាក់​ឈ្មោះ​គេ ឬ អ្នក​អាច​សួរ​ថា​ឈ្មោះ​របស់​គេ​មាន​អត្ថន័យ​ជាក់លាក់​ណាមួយ​ទេ ។ បន្ទាប់មក សូម​សួរ​សិស្ស​ក្នុង​ថ្នាក់ ៖

  • តើ​អ្វី​ជា​សារៈសំខាន់នៃ​ឈ្មោះ​មួយ ? ( សូម​សង្ខេប​ចម្លើយ​របស់​សិស្ស​ចំពោះ​សំណួរ​នេះ​នៅលើ​ក្ដារខៀន ។ ចម្លើយ​អាច​រួមមាន ឈ្មោះ​គឺជា​របៀប​ដែល​យើង​ត្រូវ​បាន​គេ​ស្គាល់ វា​ទាក់ទង​នឹង​អត្តសញ្ញាណ​របស់​យើង វាគឺជា​របៀប​ដែល​យើង​ត្រូវ​បាន​ញែកចេញ​ពី​អ្នកដទៃ ហើយ​វា​ជាញឹកញាប់​មាន​នូវ​កិត្តិយស និង ការរំពឹងទុក​ដោយសារ​តែ​គ្រួសារ​ដែល​ជាប់ពាក់ព័ន្ធ​នឹង​ឈ្មោះ​នោះ 

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ូសាយ 5:7–8 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ឈ្មោះ​ដែល​ស្ដេចបេនយ៉ាមីន​បាន​ដាក់​ដល់​ប្រជាជន​ទ្រង់ ។ សូម​ឲ្យ​ពួកគេ​រកមើល​ពាក្យ និង ឃ្លា​ដែល​បង្ហាញ​ពី​សារសំខាន់​នៃ​ឈ្មោះ​ផងដែរ ។ អ្នក​អាច​លើកទឹកចិត្ត​ពួកគេ​ឲ្យ​គូសចំណាំ​ពាក្យ និង ឃ្លា​ទាំងនេះ ។

  • តើ​ឈ្មោះ​អ្វី​ដែល​ស្ដេចបេនយ៉ាមីន​បាន​ដាក់​ឲ្យ​ប្រជាជន​របស់​ទ្រង់ ?

  • តើ​ពាក្យ និង ឃ្លា​អ្វី​ដែល​អ្នក​បាន​កត់សម្គាល់ ? តើ​ពាក្យ និង ឃ្លា​ទាំងនោះ​បង្រៀន​អ្វីខ្លះ​ដល់​អ្នក អំពី​ព្រះនាម​នៃ​ព្រះគ្រីស្ទ ?

  • តើ​យើង​លើកដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៅ​ពេល​ណា ? ( សូម​ប្រាកដ​ថា​សិស្ស​យល់​ថា យើង​លើកដាក់​មក​លើ​ខ្លួនយើង​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ នៅពេល​យើង​ធ្វើ និង​រក្សា​សេចក្ដីសញ្ញា​ដ៏​ពិសិដ្ឋ​នានា 

នៅពេល​សិស្ស​ពិភាក្សា​ខគម្ពីរ​ទាំងនេះ ពួកគេ​អាច​ត្រូវការ​ជំនួយ​ដើម្បី​យល់​ពី​គោលលទ្ធិ​ដែល​ថា យើង​អាច​ក្លាយជា “ បុត្រា​បុត្រី​របស់​ព្រះគ្រីស្ទ” ( ម៉ូសាយ 5:7 ) ។ អ្នក​អាច​បង្ហាញ​ថា ឪពុក​ម្នាក់​លះបង់​ជីវិត​សម្រាប់​កូន ។ យើង​គឺជា​កូនចៅ​ខាងវិញ្ញាណ​របស់​ព្រះវរបិតាសួគ៌ ។ យើង​ក៏​ជា​កូនចៅ​របស់​ឪពុក​នៅលើ​ផែនដី ដែល​មាន​ម្ដាយ​របស់​យើង​ផ្ដល់​ឱកាស​ដល់​យើង​ឲ្យ​រស់នៅ​លើ​ផែនដី​ខាង​រូបកាយ​សាច់ឈាម ។ ដោយ​សំដៅ​លើ ម៉ូសាយ 5:7 ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានបង្រៀន​ថា ព្រះយេស៊ូវគ្រីស្ទ​ក៏ “ ក្លាយជា​ព្រះបិតា​របស់​យើង​ដែរ” ដោយសារ​ទ្រង់ “ ផ្ដល់​ឲ្យ​យើង​នូវ​ជីវិត ជីវិត​ដ៏​អស់កល្ប​ជានិច្ច តាមរយៈ​ដង្វាយធួន​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​យើង” ។ ប្រធាន ស្ម៊ីធ បាន​ពន្យល់​ថា “ យើង​ក្លាយជា​បុត្រា និង បុត្រី​នៃ​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ​សេចក្ដីសញ្ញា​នៃ​ការគោរពតាម​របស់​យើង​ចំពោះ​ទ្រង់” ( Doctrines of Salvation, comp. ប្រ៊ូស អ័រ ម៉ាក់ខន់ឃី, វ៉ុល​ទី 3 ។ [1954–56], 1:29 ) ។

សូម​ឲ្យ​សិស្ស​មើល​ទៅ​ពាក្យ​នៅលើ​ក្ដារខៀន ដែល​ពិពណ៌នា​អំពី​សារសំខាន់​នៃ​ឈ្មោះ ។

  • តើ​ពាក្យ​ទាំងឡាយ​នៅលើ​ក្ដារខៀន​អាច​ជួយ​យើង​ឲ្យ​យល់​ពី​សារសំខាន់​នៃ​ការលើកដាក់​មក​លើ​ខ្លួនយើង​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀប​ណា ?

សូម​ឲ្យ​សិស្ស​អាន ម៉ូសាយ 5:9–13 ដោយ​ស្ងាត់ស្ងៀម ដោយ​រកមើល​ការប្រឹក្សា​បន្ថែម​ពី​ស្ដេចបេនយ៉ាមីន​អំពី​ការលើកដាក់​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ​មក​លើ​ខ្លួន​យើង ។ អ្នក​អាច​ស្នើ​ថា សិស្ស​គួរ​អាន​ខគម្ពីរ​ទាំងនេះ ហាក់ដូចជា​សេ្ដចបេនយ៉ាមីន​កំពុង​និយាយ​ទៅកាន់​ពួកគេ​ម្នាក់ៗ ។ សូម​ឲ្យ​សិស្ស​ធ្វើការ​ជា​ដៃគូ ហើយ​សូម​ឲ្យ​ពួកគេ​ពិភាក្សា​អំពី​សំណួរ​ខាងក្រោម​ដោយ​ផ្អែកលើ​អ្វី​ដែល​ពួកគេ​បាន​អាន ។ ( អ្នក​អាច​សរសេរ​សំណួរ​ទាំងនេះ​នៅលើ​ក្ដារខៀន ឬ ចែក​ជា​ក្រដាស​ដល់​ពួកគេ ) ។

  • សូម​គិត​អំពី​សារៈ​សំខាន់​នៃ​ការលើកដាក់​ព្រះនាម​នៃ​ព្រះគ្រីស្ទ​មកលើ​ខ្លួនយើង ។ តើ​អ្នក​គិត​ថា ការមាន​ព្រះនាម​នៃ​ព្រះគ្រីស្ទ​សរសេរ​នៅក្នុង​ដួងចិត្ត​របស់​អ្នក​មាន​អត្ថន័យ​យ៉ាងដូចម្ដេច ? តើ​ពរជ័យ​អ្វី​ខ្លះ ដែល​មក​ដល់​អ្នក​មាន​ព្រះនាម​នៃ​ព្រះគ្រីស្ទ​សរសេរ​នៅក្នុង​ដួងចិត្ត​របស់​ពួកគេ ?

  • សូម​គិត​អំពី​មនុស្ស​ដែល​អ្នកស្គាល់ ដែល​គោរព​ដល់​ព្រះនាម​នៃ​ព្រះគ្រីស្ទ ។ តើ​មនុស្ស​ទាំងនេះ​បាន​ធ្វើអ្វី​ខ្លះ ដើម្បី​បង្ហាញ​ពី​គារវភាព និង សេចក្ដីស្រឡាញ់​ដែល​ពួកគេ​មាន​ចំពោះ​ព្រះនាម​នៃ​ព្រះគ្រីស្ទ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ូសាយ 5:15 ឮៗ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​សកម្មភាព​ដែល​បង្ហាញ​ពី​អ្នកដែល​គោរព​តាម​សេចក្ដីសញ្ញា​របស់​ពួកគេ ។

  • តើ​សំណួរ​ណា​ខ្លះ ដែល​យើង​អាច​សួរ​ខ្លួនឯង​ដើម្បី​វាយតម្លៃ​ពី​ទំហំ​ដែល​យើង​បាន​លើកដាក់​ព្រះនាម​នៃ​ព្រះគ្រីស្ទ​មក​លើ​ខ្លួនយើង ?

សូម​ចែកចាយ​នូវ​អារម្មណ៍​របស់​អ្នក​អំពី អត្ថន័យ​នៃ​ការលើកដាក់​ព្រះនាម​នៃ​ព្រះគ្រីស្ទ​មក​លើ​ខ្លួន​អ្នក ។ សូម​ថ្លែងទីបន្ទាល់​ពីសារៈសំខាន់នៃ​ការធ្វើ​ដូច្នេះ​នៅក្នុង​ជីវិត​របស់​អ្នក ។

ម៉ូសាយ 6:1–7

ម៉ូសាយ​ចាប់ផ្ដើម​រជ្ជកាល​របស់​ទ្រង់​ជា​ស្ដេច

សូម​ឲ្យ​សិស្ស​អាន ម៉ូសាយ 6:1–3 ដោយ​ស្ងាត់ស្ងៀម ដោយរកមើល​អ្វី​ដែល​ស្ដេច​បេនយ៉ាមីន​បាន​ធ្វើ មុនពេល​ទ្រង់​បាន​ចាកចេញ​ពី​ហ្វូងមនុស្ស ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​វា​សំខាន់​ដើម្បី​កត់ត្រា​ឈ្មោះ​ប្រជាជន​ទាំងអស់​ដែល​បាន​ចូល​ទៅក្នុង​សេចក្ដីសញ្ញា ? ហេតុអ្វី​បានជា​សេ្ដចប៊េនយ៉ាមីន​តែងតាំង​សង្ឃ​ក្នុង​ចំណោម​ប្រជាជន ?

សូម​ពន្យល់​ថា ក្រោយពី​ការនិយាយ​ទៅកាន់​ប្រជាជន​ហើយ ស្ដេចបេនយ៉ាមីន​បាន​ប្រគល់​នគរ​ទៅឲ្យ​បុត្រា​ទ្រង់ ម៉ូសាយ ។ បី​ឆ្នាំ​ក្រោយមក ស្ដេច​បេនយ៉ាមីន​បាន​សុគត ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ូសាយ 6:6–7 ឮៗ​។ សូម​ឲ្យ​សិស្ស​រកមើល​ពាក្យ និង ឃ្លា​ដែល​បង្ហាញ​ថា ម៉ូសាយ​បាន​ធ្វើតាម​គំរូ​នៃ​បិតា​របស់​ទ្រង់ ហើយ​បាន​ជួយ​ប្រជាជន​របស់​ទ្រង់​ឲ្យ​បន្ដ​ទទួល​ការផ្លាស់ប្ដូរ​នៃ​ដួងចិត្ត​ដ៏​ធំ​របស់​ពួកគេ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

ម៉ូសាយ 5: 15 ។ « ខ្ជាប់ខ្ជួន ហើយ​នឹងនរ »

អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ពី​អត្ថន័យ​នៃ « ខ្ជាប់ខ្ជួន ហើយ​នឹងនរ » ។

« ពាក្យ ‹ ខ្ជាប់ខ្ជួន › ត្រូវបាន​ប្រើ​ដើម្បី​ប្រាប់​ពី​ការនៅជាប់​នឹងកន្លែង​មួយ រឹង​មាំ មិន​អាច​រង្គោះរង្គើ និង មាំមួន (Oxford English Dictionary Online ការបោះពុម្ព​លើកទី ២ [ ឆ្នាំ ១៩៨៩ ] « Steadfast » ) ។ ពាក្យ ‹ នឹងនរ › ត្រូវ​បាន​ប្រើ​ដើម្បី​បង្ហាញ​ថា មនុស្ស ឬ អ្វី​មួយ​មិន​ផ្លាស់ប្ដូរ មាំមួន​ខ្លាំង និង មិន​ប្រែប្រួល ។ វា​ក៏​បង្ហាញ​ពី​គុណភាព​នៃ​ការមិនទោរទន់ និង មិន​ងាយ​ប្ដូរ​ពី​គោលបំណង​របស់​នរណាម្នាក់ ( វចនានុក្រម​ភាសាអង់គ្លេស​ក្នុង​អ៊ិនធើណិត អហ្វហ្វឺតImmovable” ) ។ ហេតុដូច្នោះហើយ មនុស្ស​ម្នាក់​ដែល​ខ្ជាប់ខ្ជួន ហើយ​នឹងនរ​គឺ​រឹងមាំ មាំមួន​ខ្លាំង ហើយ​មិន​ងាយ​ប្ដូរ​ពី​គោលបំណង ឬ បេសកកម្ម​សំខាន់​មួយ” ( (“Steadfast and Immovable, Always Abounding in Good Works, New Era, ខែ មករា ឆ្នាំ 2008, ទំព័រ 2 ) ។