ថ្នាក់​សិក្ខាសាលា
ការ​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ


៤. ការ​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ​២០១៨ )

ការ​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ

រូបភាព
យុវជន​អាន​ព្រះគម្ពីរ

ព្រះ​គឺ​ជា​ប្រភព​នៃ​រាល់​សេចក្ដីពិត

ព្រះ​ជ្រាប​ដឹង​នូវ​អ្វីៗ​គ្រប់យ៉ាង ហើយ​ទ្រង់​គឺ​ជា​ប្រភព​នៃ​សេចក្ដីពិត​ទាំងអស់ ( សូមមើល ​ម៉ូសាយ ៤:៩ ) ។ ដោយ​សារ​ព្រះវរបិតាសួគ៌​របស់​យើង​ស្រឡាញ់​យើង ហើយ​ចង់​ឲ្យ​យើង​រីកចម្រើន​ឆ្ពោះ​ទៅ​រក​ការប្រែក្លាយ​ដូចជា​ទ្រង់ នោះ​ទ្រង់​បាន​លើក​ទឹកចិត្ត​យើង​ឲ្យ « ស្វែងរក​ការរៀនសូត្រ គឺ​ដោយ​សារ​ការសិក្សា និង ដោយសារ​សេចក្តីជំនឿផង » ( គ. និង ស. ៨៨:១១៨ ) ។ នៅ​ក្នុង​ការ​ស្វែងរក​សេចក្ដីពិត​របស់​យើង យើង​អាច​ទុកចិត្ត​លើ​ទ្រង់​ទាំង​ស្រុង ដោយ​ពឹង​ផ្អែក​ទៅ​លើ​ប្រាជ្ញា​របស់​ទ្រង់ សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ និង​ព្រះចេស្ដា​របស់​ទ្រង់​ដើម្បី​បង្រៀន និង​ប្រទានពរ​ដល់​យើង ។ ព្រះ​បាន​សន្យា​ថា​នឹង​​បើក​សម្ដែង​សេចក្ដីពិត​ដល់​គំនិត និង​ដួងចិត្ត​របស់​យើង​តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ ប្រសិន​បើ​យើង​នឹង​ស្វែង​រក​ទ្រង់​ដោយ​ឧស្សាហ៍​ព្យាយាម ( សូមមើល ​គ. និង ស. ៨:២-៣ ) ។

២. ដើម្បី​ជួយ​យើង ព្រះវរបិតាសួគ៌​បាន​បង្រៀន​​យើង​អំពី​របៀប​ដើម្បី​ទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ ។ ទ្រង់​បាន​បង្កើត​លក្ខខណ្ឌ​នានា ដែល​យើង​ត្រូវ​ធ្វើ​តាម​ដើម្បី​ទទួល​បាន​ចំណេះ​ដឹង​ដូច្នោះ ។ លំនាំ​ដែល​បាន​តែងតាំង​ដ៏ទេវភាព​របស់​ព្រះ តម្រូវ​ឲ្យ​យើង​មាន​បំណងប្រាថ្នា​ដ៏​ស្មោះត្រង់​ដើម្បី​ដឹង​ពីសេចក្ដីពិត ( សូមមើលមរ៉ូណៃ ១០:៤-៥ )ហើយ​មាន​ឆន្ទៈ​រស់នៅ​ស្របតាម​អ្វី​ដែល​ទ្រង់​បាន​បើក​សម្ដែង ( សូមមើល​យ៉ូហាន ៧:១៧ ) ។ បំណង​ប្រាថ្នាដ៏​ស្មោះត្រង់​របស់​យើង នឹង​ដឹកនាំ​យើង​ឲ្យ​ស្វែងរក​សេចក្ដីពិត​តាមរយៈ​ការ​អធិស្ឋាន ( សូមមើល​យ៉ាកុប ១:៥-៦,នីហ្វៃទី ២ ៣២:៨-៩ ) និង​ការ​សិក្សា​បន្ទូល​របស់​ព្រះ​ដោយ​ឧស្សាហ៍​ព្យាយាម ( សូមមើល​ធីម៉ូថេទី ២ ៣:១៥-១៧,​នីហ្វៃទី ២ ៣២:៣ ) ។

ការ​សួរ​សំណួរ និង​ការ​ស្វែង​រក​ចម្លើយ

៣. ពេល​ខ្លះ​យើង​អាច​នឹង​រកឃើញ​ព័ត៌មាន​ថ្មី ឬ​មាន​សំណួរ​ទាក់ទង​នឹង​គោលលទ្ធិ ការ​អនុវត្ត ឬ​ប្រវត្តិ​សាសនាចក្រ ដែល​ហាក់​ដូចជា​ពិបាក​យល់ ។ ការ​សួរសំណួរ និង​ការ​ស្វែងរក​ចម្លើយ គឺជា​ផ្នែក​ដ៏សំខាន់​មួយ​នៃ​ការខិតខំ​របស់​យើង​ដើម្បី​រៀន​អំពី​សេចក្ដីពិត ។ សំណួរ​ខ្លះ​ដែល​កើត​មានក្នុង​គំនិត​របស់​យើង អាច​នឹង​ត្រូវ​បាន​បំផុសគំនិត​ដោយ​ព្រះវិញ្ញាណបរិសុទ្ធ ។ សំណួរ​បំផុសគំនិត​នានា គួរ​តែ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​អំណោយទាន​មកពី​ព្រះ​ ដែល​បានប្រទាន​ឱកាស​ដល់​យើងឲ្យ​​បង្កើន​ការ​យល់ដឹង​របស់​យើង ហើយ​ពង្រឹង​ដល់​ការ​អះអាង​របស់​យើង​ថា ព្រះអម្ចាស់​មានព្រះទ័យ​បង្រៀន​ដល់​យើង ។ មិន​ថា​សំណួរ​របស់​យើង​ចេញ​មកពី​ប្រភព​ណា​ទេ យើង​ត្រូវ​បាន​ប្រទាន​ពរ​ឲ្យ​មាន​លទ្ធភាព​ដើម្បីគិត និងរក​ហេតុផល ហើយ​មាន​ឥទ្ធិពល​របស់​ព្រះអម្ចាស់​ដើម្បី​​ពង្រីក​គំនិត​របស់​យើង ហើយ​ពង្រីក​​ដល់ការ​យល់​ដឹង​ក្នុងគំនិត​របស់​យើងកាន់តែ​ខ្លាំង ។ ឥរិយាបទ និង​បំណង​ប្រាថ្នា​ដែល​យើង​សួរ​សំណួរ និង​ស្វែងរក​ចម្លើយ​នឹង​មាន​ឥទ្ធិពល​​យ៉ាង​ខ្លាំង​ទៅ​លើ​សមត្ថភាពរបស់​យើង​ដើម្បី​រៀន​សូត្រ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

៤. គោលលទ្ធិ​ទាំង​បី​ដូច​ទៅ​នេះ​អាច​ដឹកនាំ​យើង​នៅពេល​យើង​ព្យាយាម​រៀនសូត្រ និង​យល់​ដឹង​អំពី​សេចក្ដីពិត​ដ៏​អស់កល្ប​ជានិច្ច ហើយ​ដោះស្រាយ​សំណួរ ឬ​បញ្ហា​នានា ។

  • ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ ។

  • ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំង​ឡាយ​ដោយ​ទស្សន​វិស័យ​ដ៏​អស់កល្ប​មួយ ។

  • ព្យាយាម​យល់​ដឹង​បន្ថែម តាម​រយៈ​ធនធាន​ដែល​បាន​ប្រទាន​មក​ពី​ព្រះ ។

គោលការណ៍​ទី ១ ៖ ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ

៥. យើង​ធ្វើសកម្មភាព​ដោយ​សេចក្ដីជំនឿ​នៅពេល​យើង​ជ្រើសរើស​ទុកចិត្ត​លើ​​ព្រះ ហើយ​បែរ​ទៅរក​ទ្រង់ជា​ដំបូង​បំផុត តាមរយៈ​ការ​អធិស្ឋាន​ដោយ​ស្មោះត្រង់ សិក្សា​ការ​បង្រៀន​របស់ទ្រង់ ហើយគោរព​ប្រតិបត្តិ​តាម​បទបញ្ញត្តិ​ទាំងឡាយ​របស់ទ្រង់ ។

៦.នៅពេល​យើង​ព្យាយាម​អភិវឌ្ឍ​ការ​យល់​ដឹង​របស់​យើង ហើយ​ដោះស្រាយ​កង្វល់​នានា នោះ​វា​សំខាន់​ណាស់​ដែល​យើងត្រូវ​ពឹង​ផ្អែក​ទៅលើ​ទីបន្ទាល់​ដែល​យើង​មាន​រួច​ទៅហើយ​អំពី​ព្រះយេស៊ូវគ្រីស្ទ ការ​ស្ដារឡើងវិញ​នៃ​ដំណឹងល្អ​របស់ទ្រង់ និងការ​បង្រៀន​របស់​ពួក​ព្យាការី​ដែលបាន​តែង​តាំង​ដោយទ្រង់ ។ អែលឌើរ ជែហ្វ្រី  អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀនថា « ពេល​គ្រាទាំង​នោះ​មក​ដល់ ហើយបញ្ហា​នានា​បង្ហាញជា​​រូបរាង​ឡើង​ នោះដំណោះ​ស្រាយ​មិន​បាន​កើតឡើង​​ភ្លាមៗ​ទេ សូម​កាន់​ខ្ជាប់​ទៅនឹង​អ្វី​ដែល​អ្នក​បាន​ដឹង​រួច​ហើយ ហើយ​ឈរ​យ៉ាង​រឹង​មាំ​រហូត​ដល់​ចំណេះ​ដឹង​បន្ថែម​ទៀត​មក​ដល់« ខ្ញុំ​ជឿ​ហើយ លោកម្ចាស់​អើយ »EnsignLiahonaខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៩៤ ) ។ ព្រះអម្ចាស់​ផ្ទាល់​បាន​អញ្ជើញ​យើង​ឲ្យ « មើល​ទៅ [ ទ្រង់ ] ដោយ​នូវ​គ្រប់​ទាំង​គំនិត ចូរ​កុំ​សង្ស័យ កុំ​ខ្លាច​ឡើយ » ( គ. និង ស. ៦:៣៦ ) ។

៧. អំឡុង​ពេល​ដែល​យើង​រកមិនឃើញ​ចម្លើយ​ភ្លាមៗ​ចំពោះ​សំណួរ​របស់​យើង វា​ជាជំនួយ​ដើម្បី​ចងចាំ​ថា ទោះ​បី​ជា​ព្រះវរបិតាសួគ៌​បាន​បើក​សម្តែង​អ្វីៗ​ទាំង​អស់​ដែល​ចាំបាច់​សម្រាប់​សេចក្ដីសង្គ្រោះ​របស់​យើង​ក្ដី ក៏​ទ្រង់​ពុំ​ទាន់បាន​បើក​សម្ដែង​សេចក្ដីពិត​ទាំងអស់​ដែរ ។ នៅពេល​យើង​បន្ដ​ស្វែងរក​ចម្លើយ​ នោះ​យើង​ត្រូវ​តែ​រស់នៅ​ដោយ​សេចក្ដីជំនឿ—ទុកចិត្ត​ថា​យើង​នឹង​ទទួលបាន​ចម្លើយ​ដែល​យើង​ស្វែងរក​នៅទីបំផុត ( សូមមើល​សុភាសិត ៣:៥-៦,​អេធើរ ១២:៦ ) ។ នៅពេល​យើង​ស្មោះត្រង់​ចំពោះ​សេចក្ដីពិត និង​ពន្លឺ ដែល​យើង​បាន​ទទួល​រួច​ហើយនោះ នោះយើង​នឹង​ទទួលបានវា​​បន្ថែម​ទៀត ។ ចម្លើយ​ចំពោះ​សំណួរ​ និង​ការ​អធិស្ឋាន​របស់​យើង ជាញឹកញាប់​កើត​មាន « មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ » ( នីហ្វៃទី ២ ២៨:៣០ ) ។

គោលការណ៍​ទី២ ៖ ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំង​ឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ

៨. ដើម្បី​ពិនិត្យ​មើល​គោលគំនិតខាង​គោលលទ្ធិ សំណួរ​ខាង​គោលលទ្ធិ និង​បញ្ហា​សង្គម​ដោយ​ទស្សនវិស័យ​ដ៏អស់កល្ប​ជានិច្ច​​មួយ នោះ​យើង​គួរ​ពិចារណា​វា​ក្នុង​បរិបទ​នៃ​ផែនការ​នៃ​សេចក្ដីសង្គ្រោះ និង​ការ​បង្រៀន​ទាំងឡាយ​របស់​ព្រះអង្គ​សង្គ្រោះ ។ យើង​ស្វែងរក​ជំនួយ​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​មើល​ឃើញ​នូវ​រឿង​ទាំងឡាយ​ដូចជា​ព្រះអម្ចាស់​ទត​ឃើញ​( សូម​មើល កូរិនថូស​ទី ១ ២:៥, ៩–១១ ) ។ ការ​ធ្វើដូចនេះ អនុញ្ញាត​ឲ្យ​យើងព្រាង​សំណួរ​ជាថ្មី ( ដើម្បី​មើល​ទៅ​សំណួរ​តាម​របៀប​ផ្សេង ) ហើយ​មើល​ទៅ​គំនិត​នានា​ដោយ​ផ្អែក​ទៅលើ​បទដ្ឋាន​នៃ​សេចក្ដីពិត​របស់​ព្រះអម្ចាស់ ជាជាង​ដោយ​ការ​ទទួល​យក​ការ​សន្មត ឬ​ការ​ប៉ាន់​ស្មាន​របស់​លោកិយ ។ យើង​ធ្វើដូច​​នេះ​ដោយ​ការ​សួរ​សំណួរ​ដូចជា « តើ​ខ្ញុំ​បានដឹង​អ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ផែនការ​របស់ទ្រង់រួច​ហើយនោះ ហើយ​តើ​ទ្រង់​បាន​ទាក់​ទង​នឹង​កូនចៅ​របស់ទ្រង់​ដោយរបៀបណា ? » និង​សំណួរ​ « តើ​ការ​បង្រៀន​ដំណឹងល្អ​អ្វី​ខ្លះ​ដែល​ទាក់ទង ឬ​បញ្ជាក់​អំពី​គោលគំនិត ឬ​បញ្ហា​នេះ ? »

៩. ទោះជា​សំណួរ​ទាក់ទង​នឹង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ក្ដី ក៏វា​អាច​នឹង​ចាំបាច់​ត្រូវ​ពិនិត្យ​មើល​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​ជានិច្ច​មួយដែរ ។ នៅពេល​យើង​បោះ​យុថ្កា​​នៃ​ទំនុកចិត្ត​របស់​យើង​ទៅលើ​ព្រះវរបិតាសួគ៌ និង​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​របស់ទ្រង់ នោះ​យើង​អាច​មើលឃើញ​បញ្ហា​នានា​កាន់តែ​ច្បាស់ ។ វាអាច​នឹង​ជួយ​យើង​ឲ្យ​ពិនិត្យ​មើល​សំណួរ​ខាង​ប្រវត្តិសាស្ត្រតាម​បរិបទ​ប្រវត្តិសាស្ត្រ​ត្រឹមត្រូវ​ផងដែរ ដោយពិចារណា​អំពី​វប្បធម៌ និង​បទដ្ឋាន​​នៃ​វេលាកាល​នោះ ជាជាង​ការ​ដាក់បង្ខំ​ឲ្យ​ទទួលយក​ទស្សនវិស័យ និង​ឥរិយាបថ​នា​ពេល​បច្ចុប្បន្ននេះ ។

១០. វា​សំខាន់​ដើម្បីចងចាំ​ថា រឿង​លម្អិត​ខាង​ប្រវត្តិសាស្ត្រ​ពុំ​មាន​នូវ​អំណាច​សង្គ្រោះ​នៃ​ពិធីបរិសុទ្ធ សេចក្ដីសញ្ញា និង​គោលលទ្ធិ​នោះទេ ។ ការ​ត្រូវ​រំខាន​ដោយ​រឿង​លម្អិតដែល​​មិនសូវ​សំខាន់​ ធ្វើ​ឲ្យ​​យើង​ភ្លេច​អព្ភូត​ហេតុ​ដែល​បាន​បើក​សម្ដែង​អំពី​ការ​ស្ដារឡើងវិញ គឺ​ដូចជា​ការ​ចំណាយពេល​វិភាគ​ទៅ​លើ​ប្រអប់​កាដូ ហើយ​មិន​ខ្វល់​អំពី​អំណោយ​ដ៏អស្ចារ្យ​នៅក្នុង​ប្រអប់កាដូ​ដូច្នោះ​ដែរ ។

គោលការណ៍​ទី ៣ ៖ ការស្វែងរក​ការ​​យល់ដឹង​បន្ថែម​តាម​រយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏ទេវភាព

១១. ជា​ចំណែក​នៃ​ដំណើរ​ការ​ដែលបាន​តែង​តាំង​​របស់ព្រះអម្ចាស់​ដើម្បី​ទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ នោះទ្រង់​បាន​បង្កើត​ប្រភព​ជាច្រើន​តាមរយៈ​អ្វី​ដែល​ទ្រង់​បើកសម្តែង​សេចក្ដីពិត និង​ការណែនាំ​ដល់​កូនចៅរបស់ទ្រង់ ។ ប្រភព​ទាំងនេះ រួមមាន ពន្លឺ​នៃ​ព្រះគ្រីស្ទ ព្រះវិញ្ញាណបរិសុទ្ធ បទគម្ពីរ ឪពុកម្ដាយ និង​អ្នកដឹកនាំ​សាសនាចក្រ ។ គណៈប្រធានទីមួយ​ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់—ពួកព្យាការី​របស់​ព្រះអម្ចាស់​នៅលើ​ផែនដី​សព្វថ្ងៃនេះ—គឺជាប្រភព​ដ៏សំខាន់​នៃ​សេចក្ដីពិត ។ ព្រះអម្ចាស់​បាន​ជ្រើសរើស ហើយបាន​តែងតាំង​បុគ្គល​ម្នាក់ៗ​ទាំងនេះ​ដើម្បី​និយាយ​ជំនួស​ទ្រង់ ។

១២. យើង​អាច​រៀន​សេចក្ដីពិត​តាមរយៈ​ប្រភព​ដែល​គួរឲ្យ​ទុកចិត្ត​ផ្សេងៗ​ទៀត​ផងដែរ ។ ទោះជា​យ៉ាងណា​ក៏ដោយ អ្នក​ស្វែងរក​សេចក្ដីពិត​ដ៏ស្មោះត្រង់ គួរ​តែ​ប្រុង​ប្រយត្ន័​​ចំពោះ​ប្រភព​ព័ត៌មាន​ដែល​មិន​គួរ​ទុកចិត្ត​ផងដែរ ។ យើងរស់នៅ​ក្នុង​គ្រា​មួយ​ ដែលមាន​មនុស្ស​ជា​ច្រើន « ​រាប់​សេចក្ដីអាក្រក់ថា​ជា​ល្អ ហើយ​សេចក្ដីល្អ​ថា​ជាអាក្រក់​វិញ » ( អេសាយ ៥:២០ ) ។ សាតាំង​គឺ​ជា​បិតា​នៃសេចក្តីកុហក ហើយ​ព្យាយាម​បង្ខូច​សេចក្ដីពិត រួច​អូសទាញ​យើង​ឲ្យ​ងាកចេញ​ពី​ព្រះអម្ចាស់ និង​ពួក​អ្នកបម្រើ​ដែល​បាន​តែងតាំង​របស់ទ្រង់ ។ នៅពេល​យើង​ងាក​ទៅ​រក​ចម្លើយ និងការ​ដឹកនាំ​មកពីប្រភព​ដែលបាន​តែងតាំង​ដ៏ទេវភាព​របស់ព្រះអម្ចាស់ នោះ​យើង​អាច​ត្រូវ​បាន​ប្រទាន​ពរ​ឲ្យ​ចេះ​បែង​ចែក​​រវាង​សេចក្ដីពិត និង​កំហុស​ឆ្គង ។ ការ​រៀន​ស្គាល់ និង​ចៀសចេញ​ពី​ប្រភព​មិន​គួរ​ឲ្យជឿ អាច​ការពារ​យើង​កុំ​ឲ្យ​ភាន់​ច្រឡំ និង​ការ​ពារ​យើង​ពី​អ្នកទាំង​ឡាយ​​ដែល​ព្យាយាម​បំផ្លាញ​សេចក្ដីជំនឿ​យើង ។

ការ​ជួយ​ដល់​អ្នកដទៃ​ឲ្យ​ទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ

១៣. នៅពេល​អ្នកដទៃ​មក​កាន់​យើង​ដោយ​មាន​សំណួរ​ ឬចង់​​រៀន​អំពីគោលលទ្ធិ​ ការ​អនុវត្ត ឬ​ប្រវត្តិ​របស់​សាសនាចក្រ តើ​យើង​អាច​ជួយពួកគេ​នៅក្នុង​ការ​ស្វែងរក​សេចក្ដីពិត​របស់ពួកគេ​យ៉ាង​ដូចម្ដេច ?​ ខាង​ក្រោម​នេះ គឺជា​របៀប​មួយចំនួន​​ដែល​យើងអាច​ជួយពួកគេ ៖

១៤. ស្ដាប់​ដោយយកចិត្តទុកដាក់ និង​ដោយ​ការ​អធិស្ឋាន ៖ស្ដាប់​ដោយយក​ចិត្តទុកដាក់​ពីមុន​អ្នកឆ្លើយ ព្យា​យាម​បញ្ជាក់ និង​យល់ពី​សំណួរ​ដែល​ពួកគេមាន​ជាក់​ស្ដែង ។ ព្យាយាម​យល់ពី​​បំណង​ពិត​នៃ​សំ​ណួរ​អារម្មណ៍ និងជំនឿ​របស់ពួកគេ​​ប្រកប​ដោយការ​គិតគូរ ។

១៥. បង្រៀន និង​ថ្លែងទីបន្ទាល់​អំពី​សេចក្ដីពិត​នៃ​ដំណឹងល្អ ៖​ចែកចាយ​នូវ​ការ​បង្រៀន​ដែល​អនុវត្ត​ចេញមកពី​បទគម្ពីរ និង​ការ​បង្រៀន​របស់​ពួក​ព្យាការីបច្ចុប្បន្ន និងពី​របៀប​ដែលការបង្រៀន​បាន​ធ្វើ​ឲ្យ​មានភាព​ខុសប្លែក​នៅក្នុងជីវិត​របស់អ្នក ។ ជួយ​ដល់​អ្នក​ទាំងឡាយ​ដែល​អ្នក​និយាយ​ជាមួយ​ឲ្យ​ពិនិត្យ ឬ​ព្រាង​សំណួរ​របស់ពួកគេ​សារជាថ្មី​នៅក្នុង​បរិបទ​នៃ​ដំណឹងល្អ​ និង​ផែនការ​នៃ​សេចក្ដីសង្គ្រោះ ។

១៦. អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ ៖សូម​ចងចាំ​ថា ព្រះអម្ចាស់​តម្រូវ​ឲ្យ​យើង​ស្វែងរក​ចំណេះ​ដឹង​ខាង​វិញ្ញាណ​សម្រាប់​ខ្លួន​យើង​ផ្ទាល់ ។ ហេតុដូច្នោះ​ហើយ យើង​ត្រូវ​តែ​អញ្ជើញ​អ្នកដទៃ​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ តាមរយៈ​ការ​អធិស្ឋាន ការគោរព​តាមបទបញ្ញត្តិ​ទាំងឡាយ និងការសិក្សា​ព្រះបន្ទូល​នៃ​ព្រះ​ដោយឧស្សាហ៍​ព្យាយាម ការ​ប្រើ​ប្រភព​ដែល​បាន​តែងតាំង​ដោយ​ព្រះ ជាពិសេស​ព្រះគម្ពីរមរមន ។ បើ​អាច​ធ្វើ​ទៅបាន សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចងចាំ​បទពិសោធន៍​ដែល​ពួកគេ​បាន​មាន ​ពេល​ពួក​គេ​បាន​ទទួល​អារម្មណ៍​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ និង​ដើម្បី​កាន់​ខ្ជាប់​ទៅនឹង​សេចក្ដី​ពិតដ៏អស់កល្បជានិច្ច​ដែល​ពួកគេ​បាន​រៀន​រហូត​ដល់​ចំណេះ​ដឹង​បន្ថែម​ទៀត​មក​ដល់ ។

១៧. បញ្ចប់ ៖ផ្ដល់​ជំនួយ​ដើម្បី​ស្វែងរក​ចម្លើយ បន្ទាប់មក​បញ្ចប់​​ដោយការ​ចែកចាយ​នូវអ្វី​ដែលអ្នកបាន​រៀន ។ អ្នក​ក៏​អាច​ស្វែងរក​ចម្លើយ​ជាមួយ​គ្នា​ផងដែរ ។ បង្ហាញ​នូវ​ការ​ទុកចិត្ត​ទៅលើ​ការសន្យា​របស់ព្រះអម្ចាស់​ដើម្បី​ប្រទាន​វិវរណៈ​ផ្ទាល់ខ្លួន ។

សេចក្ដីយោង​ដែល​ទាក់ទង ៖យេរេមា ១:៤–៥, អេម៉ុស ៣:៧, ម៉ាថាយ ៥:១៤–១៦, ម៉ាថាយ ១៦:១៥–១៩, យ៉ូហាន ១៥:១៦, យ៉ូហាន ១៧:៣, អេភេសូរ ២:១៩–២០, អេភេសូរ ៤:១១–១៤, នីហ្វៃទី ២ ២:២៧, ម៉ូសាយ ១៨:៨–១០, នីហ្វៃទី ៣ ១៨:១៥, ២០–២១, គ. និង ស. ១:៣៧–៣៨, គ. និង ស. ១៨:១៥–១៦, គ. និង ស. ២១:៤–៦,គ. និង ស. ៨៨:១១៨

ប្រធានបទ​ដែលទាក់ទងនឹង​គោលលទ្ធិ ៖ ក្រុមព្រះ ៖ ព្រះវិញ្ញាណ​បរិសុទ្ធ ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ៖ សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ពួកព្យាការី និងវិវរណៈ បទបញ្ញត្តិ​ទាំងឡាយ