ថ្នាក់​សិក្ខាសាលា
៤. ការ​ស្ដារ​ឡើងវិញ


៤. ការ​ស្ដារ​ឡើង​វិញ ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ​២០១៨ )

៤. ការ​ស្ដារ​ឡើងវិញ

រូបភាព
ផ្ទាំង​ចំណារ​មាស

៤.១. ព្រះ​បាន​ស្ដារ​ដំណឹងល្អ​របស់​ទ្រង់​ឡើងវិញ​នៅ​ថ្ងៃ​ចុង​ក្រោយ​ទាំងនេះ ដោយ​ការស្ថាបនា​​ឡើង​វិញ​នូវ​សេចក្ដីពិត​របស់​ទ្រង់ សិទ្ធិអំណាច​បព្វជិតភាព និង​សាសនាចក្រ​នៅ​លើ​ផែនដី​នេះ ។ ពួក​ព្យាការី​ពី​បុរាណ​ទាំងឡាយ​បាន​ព្យាករ​អំពី​ការ​ស្ដារឡើងវិញ​នៃ​ដំណឹងល្អ​នៅថ្ងៃ​ចុង​ក្រោយ ( សូមមើលអេសាយ ២៩:១៣-១៤,កិច្ចការ ៣:១៩-២១ ) ។

៤.២. ការស្ដារឡើងវិញ​បាន​ចាប់​ផ្ដើមនៅ​ឆ្នាំ ១៨២០ ។ ព្រះ​ជា​ព្រះបិតា និង​ព្រះរាជបុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវ​គ្រីស្ទ បាន​បង្ហាញ​ព្រះកាយដល់​យ៉ូសែប ស្ម៊ីធ ជាការ​ឆ្លើយ​តប​ចំពោះ​ការ​អធិស្ឋាន​របស់​យ៉ូសែប ហើយ​ពួក​ទ្រង់​បាន​ហៅ​លោក​ឲ្យ​ធ្វើ​ជា​ព្យាការី​នៃ​ការ​ស្ដារឡើងវិញ ( សូមមើលយ៉ូសែប ស្ម៊ីធ–ប្រវត្តិ ១:១៥-២០ ) ។

៤.៣. ព្រះ​បាន​ហៅ​យ៉ូសែប ស្ម៊ីធ ឲ្យ​ធ្វើ​ជា​សាក្សី​ថ្ងៃ​ចុង​ក្រោយ​​អំពី​ព្រះគ្រីស្ទ​ដ៏មាន​ព្រះជន្ម​រស់ ។ ក្នុង​នាម​ជា​ព្យាការី​នៃ​ការ​ស្ដារឡើងវិញ យ៉ូសែប ស្ម៊ីធ បាន​បកប្រែ​ព្រះគម្ពីរមរមន​ដោយ​អំណោយទាន និង​ព្រះចេស្ដា​នៃ​ព្រះ ( សូមមើលគ. និង ស. ១៣៥:៣ ) ។ ព្រះគម្ពីរមរមន​អម​ជាមួយ​នឹង​ព្រះគម្ពីរ​ប៊ីប បាន​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​មាន​នូវ​ភាព​ពេញ​លេញ​នៃ​ដំណឹងល្អ ( សូមមើលអេសេគាល ៣៧:១៥-១៧ ) ។ ព្រះគម្ពីរមរមន​ក៏​ជា​សាក្សី​អំពី​ការ​ហៅ​ជា​ព្យាការី​របស់​យ៉ូសែប ស្ម៊ីធ និងភាព​ពេញ​លេញ​នៃ​ការ​ស្ដារឡើងវិញ​ផងដែរ ។

៤.៤. ជា​ចំណែក​នៃ​ការ​ស្ដារឡើងវិញ ព្រះ​បាន​បញ្ជូន​សារទូត​ទេវតា​ឲ្យ​មក​ស្ដារ​បព្វជិតភាព​អើរ៉ុន និង​បព្វជិតភាព​មិលគីស្សា​ដែក​ឡើងវិញ ។ បន្ទាប់​មក ទ្រង់​បាន​បង្គាប់​ថា សាសនាចក្រ​​របស់ ទ្រង់​ត្រូវ​រៀបចំ​ឡើង​ជា​ថ្មី​នៅ​លើ​ផែនដី​នៅ ថ្ងៃ​ទី ៦ ខែ ​មេសា ឆ្នាំ ១៨៣០ ។ ដោយ​សារ​សាសនាចក្រ​ត្រូវ​បាន​ស្ថាបនា​ឡើងពី​ព្រះ​​ផ្ទាល់ នោះ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​គឺ​ជា « សាសនា​ចក្រ​តែ​មួយ​ដែលពិត ហើយ​សកម្ម​នៅ​លើ​ផ្ទៃ​ផែន​ដីទាំង​មូល » ( គ. និង ស. ១:៣០ ) ។

សេចក្ដី​យោង​ដែល​ទាក់ទង ៖ អេម៉ុស ៣:៧, អេភេសូរ ២:១៩–២០, អេភេសូរ ៤:១១–១៤, គ. និង ស. ១៣:១, គ. និង ស. ៧៦:២២–២៤, គ. និង ស. ១០៧:៨

ប្រធានបទដែល​ទាក់ទង  ៖ ក្រុម​ព្រះ ពួកព្យាការី និង​វិវរណៈ

ការក្បត់​សាសនា

៤.៥. តម្រូវការ​ដើម្បី​មាន​​ការ​ស្ដារឡើង​វិញ​នៃ​សេចក្ដីពិត​របស់​ព្រះនៅ​ក្នុងថ្ងៃ​ចុង​ក្រោយនោះ​​គឺ សិទ្ធិអំណាច​បព្វជិតភាព ហើយ​​សាសនាចក្រ​បាន​កើតឡើង​វិញ​ដោយសារ​តែ​ការ​ក្បត់​សាសនា ។ ការ​ក្បត់សាសនា​កើត​ឡើង​នៅពេល​ដែល​បុគ្គល​ម្នាក់ ឬច្រើន​នាក់បាន​ងាក​ចេញ​ពី​សេចក្ដីពិត​នៃ​ដំណឹងល្អ ។

៤.៦. បន្ទាប់ពី​ការ​ឆ្កាង​របស់ព្រះអង្គសង្គ្រោះ និង​​ការស្លាប់​របស់​ពួក​សាវក​របស់ទ្រង់ នោះ​មានមនុស្ស​ជាច្រើន​បាន​ងាកចេញ​ពី​សេចក្ដីពិត ដែលព្រះអង្គសង្គ្រោះ​បាន​ស្ថាបនាឡើង ( សូមមើល​ថែស្សាឡូនិចទី ២ ២:១-៣ ) ។ គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ និង​ផ្នែក​ជាច្រើន​នៃ​បទគម្ពីរ​បរិសុទ្ធ​ត្រូវ​បាន​បាត់បង់ ឬ​បំផ្លាញ​ចោល ។ ការ​ផ្លាស់ប្ដូរ​ដោយ​គ្មានសិទ្ធិអំណាច​បាន​ធ្វើឡើងនៅក្នុង​ការរៀបចំ​សាសនាចក្រ និង​ពិធីបរិសុទ្ធ​បព្វជិតភាព​នានា ។ ដោយ​សារ​ការ​រីករាល​ដាល​នៃ​ភាព​ទុច្ចរិត​នោះ ព្រះអម្ចាស់​បាន​ដក​យក​សិទ្ធិ​អំណាច និង កូនសោ​ទាំងឡាយ​នៃ​បព្វជិត​ភាព​ចេញ​ពី​ផែន​ដី ។ ទោះ​ជា​មាន​មនុស្ស​ល្អ និង​ស្មោះត្រង់ជា​ច្រើន​ដែល​បាន​ថ្វាយបង្គំ​ព្រះ​ស្របតាម​ពន្លឺ​ដែលពួកគេមាន និង​បាន​ទទួល​ចម្លើយ​ចំពោះ​ការ​អធិស្ឋាន​របស់ពួកគេ​ក្ដី ក៏​ពិភពលោក​ត្រូវ​បាន​ទុកចោល​ ដោយ​គ្មាន​វិវរណៈ​ពីព្រះ​តាមរយៈ​ព្យាការី​ដែល​នៅរស់​ដែរ ។ គ្រា​នេះ​គឺ​ត្រូវបាន​ស្គាល់​ថា​ជាការក្បត់​សាសនា​ដ៏​ធំ ។

៤.៧. អំឡុង​ពេល​ផ្សេង​ទៀត​នៃ​ការ​ក្បត់​សាសនា ​បាន​កើត​ឡើង​ពេញ​ក្នុង​ប្រវត្តិ​សាស្ត្រ​នៃ​ពិភព​លោក ។

ប្រធានបទដែល​ទាក់ទង ៖ ពួកព្យាការី និង​វិវរណៈ បព្វជិតភាព និង​កូនសោ​បព្វជិតភាព ពិធីបរិសុទ្ធ និង​សេចក្ដីសញ្ញា​ទាំងឡាយ

គ្រា​កាន់​កាប់​ត្រួត​ត្រា​នៃ​ដំណឹង​ល្អ

៤.៨. នៅពេល​កូនចៅ​របស់ព្រះ​បាន​ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​នៃ​ការ​ក្បត់សាសនា នោះ​ទ្រង់​បាន​ឈោង​ព្រះហស្ត​ដោយ​ក្ដី​ស្រឡាញ់​ទៅ​ជួយ​ពួកគេ តាមរយៈ​ការ​ហៅ​ពួកព្យាការី និង​ការ​ប្រទាន​ពរជ័យ​នៃ​ដំណឹងល្អ​ជាថ្មី​តាមរយៈ​ពួកព្យាការី​របស់​ទ្រង់​ទៅ​ដល់​ប្រជាជន ។ អំឡុង​ពេលដែល​ព្រះអម្ចាស់​បើក​សម្ដែង​សេចក្ដី​ពិត​របស់​ទ្រង់ នោះ​សិទ្ធិ​អំណាច​បព្វជិតភាព និង​ពិធី បរិសុទ្ធ​នានា​ត្រូវ​បាន​ហៅ​ថា​គ្រា​កាន់​កាប់​ត្រួតត្រា​មួយ ។ វា​គឺ​ជា​អំឡុង​ពេល​មួយ​ដែល​យ៉ាង​ហោច​ណាស់ ព្រះ​អម្ចាស់​មាន​អ្នក​បម្រើ​ដែល​បាន​ទទួលសិទ្ធិ​អំណាច​ម្នាក់​នៅ​លើ​ផែនដី ដែល​កាន់​បព្វជិតភាព​បរិសុទ្ធ និង ជា​អ្នក​ដែល​មាន​នូវ​ការ​អនុញ្ញាត​ពី​ព្រះ​ដើម្បី​ចែក​ចាយ​ដំណឹង​ល្អ និង ដើម្បី​ចាត់ចែង​ពិធី​បរិសុទ្ធ​ដែល​មាន​ក្នុង​ដំណឹង​ល្អ​នោះ ។

៤.៩. គ្រា​កាន់កាប់​ត្រួតត្រា​ត្រូវ​បាន​ស្គាល់​តាម​រយៈ អ័ដាម អេណុក ណូអេ អ័ប្រាហាំ ម៉ូសេ ព្រះយេស៊ូវគ្រីស្ទ និង​អ្នក​ដទៃទៀត ។ ការស្ដារឡើងវិញ​នៃដំណឹងល្អ​នៅថ្ងៃ​ចុង​ក្រោយ ដែលព្រះអម្ចាស់​បាន​ចាប់​ផ្ដើម​តាមរយៈ​ព្យាការី​យ៉ូសែប​ ស្ម៊ីធ គឺជា​ចំណែក​នៃ​លំនាំ​នៃគ្រាកាន់កាប់ត្រួតត្រា​នេះ ។

៤.១០. នៅ​គ្រប់​គ្រា​កាន់កាប់​ត្រួតត្រា ព្រះអម្ចាស់ និង​ពួក​ព្យាការី​របស់​ទ្រង់​បាន​ព្យាយាម​ស្ថាបនា​ស៊ីយ៉ូន​ឡើង ។ ស៊ីយ៉ូន​សំដៅ​ទៅ​លើ​រាស្ត្រ​នៃ​សេចក្ដីសញ្ញា​របស់​ព្រះ ដែល​មាន​ភាព​បរិសុទ្ធ​នៅក្នុង​ដួងចិត្ត​ មាន សាមគ្គីភាព​នៅ​ក្នុង​សេចក្ដី​សុចរិត ហើយ​មើល​ថែ​គ្នា​ទៅ​វិញ​ទៅ​មក ( សូមមើលម៉ូសេ ៧:១៨ ) ។ ស៊ីយ៉ូន​ក៏​សំដៅ​ទៅលើ​កន្លែង​មួយ​ដែល​មាន​​ភាព​បរិសុទ្ធ​នៅក្នុង​ចិត្តផងដែរ ។

៤.១១. សព្វថ្ងៃនេះ យើង​កំពុង​រស់នៅ​ក្នុង​គ្រា​កាន់កាប់ត្រួតត្រា​ចុង​ក្រោយ​—​ជា​គ្រា​កាន់កាប់ត្រួតត្រា​នៃ​ពេល​ពេញកំណត់ ។ វាគឺជា​គ្រាកាន់កាប់ត្រួតត្រា​តែមួយគត់ ដែល​នឹង​ពុំ​បញ្ចប់​ដោយការ​ក្បត់​សាសនា​ឡើយ ។ សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ នឹង​មាន​ពេញ​នៅ​លើ​ផែនដីទាំងមូល ហើយ​នឹង​ឈរ​នៅជា​រៀងរហូត​ដល់ទីបំផុត ( សូមមើល​ដានីយ៉ែល ២:៤៤ ) ។

ប្រធានបទដែល​ទាក់ទង ៖ ពួកព្យាការី និង​វិវរណៈ បព្វជិតភាព និង​កូនសោ​បព្វជិតភាព ពិធីបរិសុទ្ធ និង​សេចក្ដីសញ្ញា​ទាំងឡាយ