ថ្នាក់​សិក្ខាសាលា
មេរៀន​ទី១២ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា១០


មេរៀន​ទី១២

គោលលទ្ធិ និង សេចក្តីសញ្ញា១០

បុព្វកថា

បន្ទាប់ពី​បាត់ឯកសារដែលសរសេរ​ដោយដៃ​ចំនួន១១៦ ទំព័រមក ព្យាការី​បាន​បាត់បង់​អំណាច​ដើម្បី​បកប្រែ ។ ក្រោយ​ពី​ការ​អធិស្ឋាន​ដោយរាបសារ និងការ​ប្រែចិត្ត​អស់មួយរយៈពេលមកនោះ​ផ្ទាំ​ងចំណារនិង យូរីម និងធូមីម ត្រូវ​បាន​ប្រគល់​មក​ឲ្យ យ៉ូសែប វិញ ។ ព្រះអម្ចាស់ បាន​បញ្ជា​យ៉ូសែប​មិន​ឲ្យ​បកប្រែឡើងវិញ​នូវផ្នែក​នៃ​ផ្ទាំងចំណារ​ដែលបានបាត់​ទាំង១១៦ ទំព័រ​នោះទេ ហើយ​ទ្រង់​បាន​បើក​សម្ដែង​អំពី​ផែនការ​សម្ងាត់​របស់សាតាំង ដើម្បី​បំផ្លាញ​កិច្ចការ​របស់ព្រះ ។ រួច​ហើយព្រះអម្ចាស់បាន​បញ្ជា​ឲ្យយ៉ូសែប ស្ម៊ីធ បកប្រែ​ផ្ទាំង​តូច​របស់នីហ្វៃ ។ ទ្រង់​ក៏បាន​ពន្យល់​អំពី គោលបំណង​នៃ​ព្រះគម្ពីរមរមន ហើយនឹង​តួនាទី​វា​នៅក្នុងការ​ស្ថាបនា​សាសនាចក្រ​របស់ទ្រង់ ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា១០:១-៤

ព្រះអម្ចាស់ បាន​ស្ដារ​អំណោយទាន​ដើម្បី​បកប្រែ​របស់​យ៉ូសែប ឡើងវិញ

សូម​ឲ្យសិស្ស​មើល​សង្ខេបៗ​នូវ​អ្វី​ដែល​ពួកគេ​រៀន​មកពី​មេរៀន​មុន អំពីការបាត់ឯកសារ​ដែលសរសេរ​ដោយដៃ​ចំនួន១១៦ ទំព័រឡើងវិញ ( សូមមើលគ. និង ស. ៣ ) ។ សូម​រំឭក​សិស្ស​ថា ដោយសារ​តែការទទូច​សុំដដែលៗ​របស់​ព្យាការី​ដើម្បី​អនុញ្ញាត​ឲ្យ​ម៉ាទីន ហារិស យក​ឯកសារ​ដែលបាន​សរសេរ​ដោយដៃទៅ ជាលទ្ធផល​នាំ​ឲ្យ​បាត់​ទំព័រ​ទាំងនោះ មរ៉ូណៃ​ក៏បានដក​យកផ្ទាំង​ចំណារ​មាស និង​យូរីម និង​ធូមីម ចេញ​ពី យ៉ូសែប ស៊្មីធ ។

ក្រោយមក​មរ៉ូណៃ បាន​ប្រគល់​ផ្ទាំងចំណារ និង យូរីម និងធូមីម​ឲ្យវិញ ។ មួយរយៈកាល បន្ទាប់ពីទទួលបាន​របស់ទាំងនេះ​មកវិញ យ៉ូសែប ស៊្មីធ បាន​ទទួលវិវរណៈ ដែលបានកត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០ ។ នៅ​ក្នុង​វិវរណៈនេះព្រះអម្ចាស់ បាន​ណែនាំ​យ៉ូសែប អំពី​អ្វីដែលត្រូវធ្វើ​ជាមួយ​នឹង​ផ្នែក​នៃ​ផ្ទាំង​ចំណារ ដែលបាន​សរសេរ​ដោយដៃ ដែល​បាន​បាត់នោះ ។ ( សូមមើល លូស៊ី ម៉ាក ស្ម៊ីធ History of Joseph Smith by His Mother, បាន​បោះពុម្ពដោយ Preston Nibley [ ឆ្នាំ១៩៥៨ ], ទំព័រ១៣៣-៣៦ ) ។

សូមសង្ខេប គោលលទ្ធិ និង សេចក្ដី​សញ្ញា១០:១–២ ដោយ​ពន្យល់​ថា ព្រះអម្ចាស់​បាន​រំឭក​យ៉ូសែប ពី​មូល​ហេតុ​ដែល​អំណាច​ដើម្បីបកប្រែ​ត្រូវ​បាន​ដកចេញពីលោក និង​អ្វីដែលបាន​កើតឡើង​ជា​លទ្ធផល​មកពី​កំហុស​របស់​លោក ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា១០:៣-៤ ។ សូម​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​ការ​ប្រឹក្សា​ដែល​ព្រះអម្ចាស់​បាន​ផ្ដល់ឲ្យ ពេល​យ៉ូសែប ស៊្មីធ ចាប់​ផ្ដើម​បកប្រែ​ម្ដងទៀត​នោះ ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • ហេតុអ្វី​បាន​ជា​អ្នកគិត​ថា យ៉ូសែប ស៊្មីធ ចាំបាច់ត្រូវ​ទទួល​បានការ​ប្រឹក្សា​កុំ​ឲ្យ​ធ្វើការ ឬ​បកប្រែ​ហួស​ពីកម្លាំង​ដែល​លោក​មាន​ដូច្នេះ ?

  • តើការ​ប្រឹក្សា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា១០:៤ ណែនាំ​យើង នៅពេល​យើង​បម្រើ​ព្រះអម្ចាស់​យ៉ាងដូចម្ដេច​ខ្លះ ?

គោលលទ្ធិ និង សេចក្ដីសញ្ញា១០:៥-៣៧

ព្រះអម្ចាស់​ព្រមាន​អំពី​ផែនការ​របស់សាតាំង​ក្នុងការ​បំផ្លាញ​យ៉ូសែប ស៊្មីធ និង​កិច្ចការ​របស់ព្រះ

សូម​បង្ហាញ​អង្គប់ ឬ​អន្ទាក់​មួយ ( ឬ គូរ​រូបភាព​មួយ​នៅលើ​ក្ដារខៀន ) ។

រូបភាព
គំនូដាន​អង្គប់​កណ្ដុរ
  • តើ​ឧបករណ៍​ដូច្នេះ តំណាង​ឲ្យ​បំណង​របស់សាតាំង​ចំពោះ​យើង​យ៉ាងដូចម្ដេច ?

សូម​ឲ្យ​សិស្ស​ម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា១០:៥ ឲ្យឮៗ សូម​អញ្ជើញសិស្ស​ក្នុង​ថ្នាក់​ឲ្យ​រក​មើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ ព្យាការី​យ៉ូសែប ស្ម៊ីធ ធ្វើ​ដើម្បី​គេចចេញពី​សាតាំង ។

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​ចេញមក​ពីខ​នេះ ? ( សិស្ស​អាច​ប្រាប់គោលការណ៍​ផ្សេងមួយ ប៉ុន្តែ​សូម​ប្រាកដ​ថា អ្នក​គូស​បញ្ជាក់​ប្រាប់ថា នៅពេល​យើង​អធិស្ឋានជានិច្ច នោះ​យើង​នឹង​មានអំណាច​ដើម្បី​យកឈ្នះ​លើ​សាតាំង និង​អ្នកទាំងឡាយ​ដែល​បម្រើ​វា ។ សូម​ពិចារណា​សរសេរ​គោលការណ៍​នេះនៅ​លើ​ក្ដារខៀន ។

  • តើ​ការ​អធិស្ឋាន​ជួយ​យើង « យកឈ្នះ​លើ​សាតាំង ហើយ…​គេច​ចេញ [ ពី​អ្នកទាំងឡាយ ]​ដែល​ជួយ​កិច្ចការ​របស់វា​យ៉ាងដូចម្ដេច ?

សូម​អញ្ជើញសិស្ស​ពីរបីនាក់​ឲ្យចែកចាយ​ឧទាហរណ៍​អំពី​របៀប​ដែល​ការ​អធិស្ឋាន​បាន​ជួយ​ពួកគេ​ឲ្យ​ទប់ទល់​នឹង​ការ​ល្បួង​របស់សាតាំង ។ ( សូម​រំឭក​សិស្ស​ថា ពួកគេ​មិន​គួរ​ចែកចាយ​ពី​បទពិសោធន៍ ឬ រឿង​ផ្ទាល់​ខ្លួន​ច្រើន​ពេក​នោះ​ទេ ) ។

សូម​ពន្យល់​ថា ព្រះអម្ចាស់ បាន​ព្រមាន​ដល់​យ៉ូសែប អំពី​អន្ទាក់មួយ​ដែល​សាតាំង​បាន​ដាក់ ដើម្បី​ព្យាយាម​បំផ្លាញ​ដល់ព្យាការី និង​កិច្ចការ​របស់ព្រះ ។ សូម​អញ្ជើញ​សិស្ស​បួនប្រាំ​នាក់​ឲ្យ​ឆ្លាស់វេន​គ្នា​អានឲ្យឮៗមកពី​គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០:៨-១៩ ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​ផ្ទៀងតាម ហើយ​ប្រាប់​អំពីផែនការ​របស់បុគ្គល​ទុច្ចរិត ដែល​កាន់កាប់​ឯកសារ​សរសេរ​ដោយដៃ​នោះ ។

  • តើ​ផែនការ​របស់បុគ្គលទុច្ចរិត ដែល​មាន​ឯកសារ​សរសេរ​ដោយដៃជាអ្វី ? ( ដើម្បី​បង្ខូច​កិត្តិយស​ព្យាការី និងកិច្ចការ​របស់ព្រះអម្ចាស់ តាម​រយៈការ​ផ្លាស់ប្ដូរ​ពាក្យ​នៃឯកសារ​សរសេរ​ដោយដៃ​នោះ ។ បើ​យ៉ូសែប បាន​បកប្រែ​ឯកសារ​ដូចគ្នា​ម្ដងទៀត ពួកគេ​នឹង​និយាយ​ថា លោក​ពុំអាច​ធ្វើ​វា​ដូច​គ្នា​ពីរដងទេ ហេតុដូច្នោះ​ពុំមានអំណោយទានទេ ) ។

សូម​លើក​អន្ទាក់ ឬ​អង្គប់ ដែល​អ្នកដាក់បង្ហាញ​កាលពីមុន​ឡើង ( ឬ​សំដៅទៅលើ​រូបភាព​ដែលបានគូរនៅលើ​ក្ដារខៀន ) ។ សូម​ពន្យល់ថា នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា១០:២០–២៩ ព្រះអម្ចាស់ បាន​និយាយអំពី​ឥទ្ធិពល​របស់សាតាំង​ចំពោះមនុស្ស​ទុច្ចរិត ដែលទទួលបាន​ឯកសារ​សរសេរ​ដោយដៃចំនួន១១៦​ទំព័រនោះ និង​របៀប​ដែល​សាតាំង​សម្រេច​គោលបំណង​ទុច្ចរិត​របស់វា ។ សូម​ឲ្យ​សិស្ស​ធ្វើការ​ជា​ដៃគូ ។ សូម​ឲ្យ​សិស្ស​ម្នាក់​ក្នុងចំណោម​ដៃគូ​នីមួយៗ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា​១០:២០–២៩ ដោយ​ស្ងាត់ស្ងៀម ស្វែងរក​អ្វី​ដែល​ខទាំង​នេះ បង្រៀន​អំពី​គោលបំណង​របស់សាតាំង ។ សូម​ឲ្យ​សិស្ស​ម្នាក់ទៀត អាន​ខដូចគ្នា ស្វែងរក​មើល​យុទ្ធសាស្ត្រ​ដែលសាតាំង​ប្រើ​ដើម្បី​សម្រេច​គោលបំណង​វា ។ ក្រោយពីឲ្យ​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បានរកឃើញជាមួយ​នឹង​ដៃគូ​របស់ពួកគេ ។

  • តើ​យើង​រៀន​អ្វីខ្លះ អំពី​គោលបំណង​របស់​សាតាំង​មកពី​ខទាំងនេះ ? ( សិស្ស​អាច​រកឃើញ​គោលការណ៍​ផ្សេង​មួយ ប៉ុន្ដែ​សូម​ប្រាកដ​ថា ពួកគេ​បាន​ប្រាប់​ពីសេចក្ដីពិត​ដូច​ខាង​ក្រោម ៖ សាតាំង​មានបំណង​បំផ្លាញ​កិច្ចការ​របស់ព្រះអម្ចាស់ និង​ព្រលឹង​របស់យើង ។ អ្នក​អាច​សរសេរ​សេចក្ដីពិត​នេះ​នៅលើ​ក្ដារខៀន ។ អ្នក​ក៏អាច​ឲ្យ​យោបល់​ដល់សិស្សឲ្យ​គូសចំណាំ​ពាក្យ ឬ​ឃ្លា​ដែល​បង្រៀន​សេចក្ដីពិត​នេះនៅក្នុង ខ ២២-២៣ និង ២៧ ) ។

  • ចេញមក​ពី​អ្វី​ដែល​អ្នក​អាន​នៅក្នុង​ខទាំងនេះ តើ​សាតាំង​ព្យាយាម​បំផ្លាញ​កិច្ចការ​របស់​ព្រះអម្ចាស់ និង​ព្រលឹង​របស់យើង​យ៉ាងដូចម្ដេច ?

ដើម្បីជួយសិស្ស​យល់ និង​ដឹងពីសារៈសំខាន់​នៃ​សេចក្ដីពិតនេះ សូម​សួរ​សំណួរ​ដូច​ខាង​ក្រោម ។ សូមអញ្ជើញសិស្ស​ដែលចាប់ដៃគូគ្នា​ពិភាក្សា​ពីចម្លើយ​របស់ពួកគេ ។

  • តើ​អ្នកបាន​ឃើញភស្ដុតាងអ្វីខ្លះ ដែលសាតាំង​បានប្រើ​ដើម្បីបោកបញ្ឆោត ញុះញង់​កំហឹង បញ្ជោរ និងកុហក ដើម្បីបំផ្លាញ​កិច្ចការ​របស់ព្រះអម្ចាស់ និងព្រលឹង​របស់​យើងនោះ ?

  • តើ​ការ​ដឹងជាមុន​អំពី​បំណង​របស់សាតាំង និងវិធីសាស្ត្រ​របស់វា ជួយយើង​ចៀសវាង​និង​គេចចេញពី​អន្ទាក់​របស់​វា​យ៉ាង​ដូចម្ដេច ?

សូមអញ្ជើញសិស្ស​ឲ្យចំណាយពេល​ពីរបីនាទី សរសេរ​ក្នុងសៀវភៅ​កំណត់ចំណាំ ក្នុង​ថ្នាក់​របស់​ពួកគេ ឬ​សៀវភៅ​កំណត់ហេតុការសិក្សា​ព្រះគម្ពីរ អំពីវិធីសាស្ត្រ​របស់​មារសត្រូវ​ដែល​បាន​សរសេរ​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា១០:២០–២៩ដែល​ពួកគេ​បាន​ឃើញ​ឬ​ដឹង​នោះ ។ សូមពួកគេ​ឲ្យ​សរសេរ​អំពី​អ្វី​ដែលពួកគេ​អាច​ធ្វើ ដើម្បី​ចៀសវាង ឬ​គេចចេញ​ពី​អន្ទាក់របស់សាតាំង​ផងដែរ ។

បន្ទាប់ពី​សិស្ស​មាន​ពេលសរសេរ​គ្រប់គ្រាន់ហើយ សូម​សង្ខេប គោលលទ្ធិ និង សេចក្ដី​សញ្ញា១០:៣០–៣៧ ដោយពន្យល់​ថា ដោយសារ​តែ​ផែនការ​របស់​មនុស្ស​ទុច្ចរិត ដើម្បីបំផ្លាញ​កិច្ចការ​របស់ព្រះ និង​កេរ្តិ៍ឈ្មោះ​របស់​យ៉ូសែប ស៊្មីធ នោះព្រះអម្ចាស់​បាន​បញ្ជា​យ៉ូសែប​កុំ​ឲ្យ​បកប្រែឡើងវិញ​នូវ​ផ្នែកនោះ​ក្នុង​ផ្ទាំងចំណារដែល​បាន​បាត់ចំនួន១១៦ ទំព័រ​ដែលបានបកប្រែហើយ​នោះឡើយ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា១០:៣៨-៤៥

ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​យ៉ូសែប ស្ម៊ីធ បកប្រែ​ផ្ទាំង​តូច​របស់នីហ្វៃ ។

សូម​អញ្ជើញ​សិស្ស​ពីរបីនាក់​ឲ្យ​ឆ្លាស់វេន​គ្នា​អានឲ្យ​ឮៗ​គោលលទ្ធិ និង សេចក្ដី​សញ្ញា១០:៣៨-៤២ ។ សូម​ឲ្យសិស្សក្នុងថ្នាក់​រកមើល​អ្វី​ដែលព្រះអម្ចាស់ បាន​បញ្ជា​ឲ្យ​យ៉ូសែប​បកប្រែ​ជំនួស​ឲ្យការបកប្រែឡើងវិញ​នូវ​ចំណែក​នៃ​ផ្ទាំងចំណារ​ដែល​បានបាត់ចំនួន១១៦ ទំព័រ ដែលបានបកប្រែហើយ​នោះ ។

  • តើ​ព្រះ​អម្ចាស់​បាន​បញ្ជា​យ៉ូសែប​​ឲ្យបកប្រែ​អ្វី ? ហេតុអ្វី ?

សូម​ជួយ​សិស្ស​ឲ្យ​យល់​អំពី​របៀប​ដែលព្រះអម្ចាស់​បាន​រៀបចំ​សម្រាប់​ឯកសារ​សរសេរ​ដោយដៃដែលបានបាត់ចំនួន១១៦ ទំព័រនោះ ។ សូម​ពន្យល់​ថា ការបាត់​ឯកសារ​ដែលមាន​ការ​បកប្រែ​នៃគម្ពីរលីហៃ គឺ​មាននៅក្នុងសេចក្តី​សង្ខេប​របស់មរមន អំពី​ផ្ទាំង​ធំ​របស់នីហ្វៃ ។ មរមន​ត្រូវ​បាន​បំផុស​ឲ្យ​ភ្ជាប់​ផ្ទាំងតូច​របស់នីហ្វៃ​ទៅនឹង​កំណត់ត្រា​របស់​លោក « សម្រាប់​គោលបំណង​ដ៏​ឆ្លាតវៃ​មួយ » ដែល​ពេល​នោះ​លោកពុំ​យល់ឡើយ ( សូមមើលពាក្យសម្ដីនៃមរមន១:៣–៧ ) ។ ផ្ទាំង​តូច​របស់​នីហ្វៃ បាន​មាន​ប្រហែល​ជា​ក្នុង​រយៈពេល​ដូចគ្នា​នឹងគម្ពីរ​លីហៃ ។ បន្ទាប់ពី​ការបាត់​ចំនួន​១១៦ ទំព័រ​នោះ​មក ព្រះអម្ចាស់​បាន​បញ្ជា​ព្យាការី​យ៉ូសែប ស្ម៊ីធ ឲ្យ​បកប្រែ​ឯកសារ​មកពី​ផ្ទាំង​តូច​របស់​នីហ្វៃ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា១០:៤៣​ដោយ​ស្ងាត់ស្ងៀម ហើយ​រកមើល​សេចក្ដីពិត​ដ៏សំខាន់មួយ ដែលព្រះអម្ចាស់​បាន​ចង់​ឲ្យ​យ៉ូសែប ស្ម៊ីធ យល់ ។ ( នៅពេល​សិស្ស​ចែកចាយ​គំនិត​របស់ពួកគេ សូមសរសេរ​សេចក្ដីពិត​ដូច​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ ប្រាជ្ញា​របស់​ព្រះមហិមា​ជាង​កលល្បិច​នៃ​អារក្ស​ទៅទៀត ។ អ្នកអាច​នឹង​ត្រូវការ​ពន្យល់​ថា កលល្បិច សំដៅ​ទៅលើ​ការ​ប្រើ​ល្បិច​ដើម្បី​បញ្ឆោត​មនុស្ស ) ។

  • តើ​ផែនការ​របស់ព្រះអម្ចាស់ ជំនួស​ឯកសារ​សរសេរ​ដោយដៃ​ដែលបានបាត់ បង្ហាញពីសេចក្ដីពិត​នេះ​យ៉ាងដូចម្ដេច ?

សូម​អញ្ជើញសិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្តីសញ្ញា១០:៤៤–៤៥ ដោយ​ស្ងាត់ស្ងៀម ស្វែងរកមើល​ភស្ដុតាង​នៃ​សេចក្ដីពិត​នៅក្នុងខខ ៤៣ ។

  • ស្របតាម គោលលទ្ធិ និង សេចក្ដី​សញ្ញា១០:៤៤–៤៥ ហេតុអ្វី​ផ្ទាំង​តូច​របស់​នីហ្វៃ​មាន​តម្លៃជាង​ឯកសារដែលបានបាត់ចំនួន ១១៦ ទំព័រ​នោះដូច្នេះ ?

  • តើ​ការដឹងថា ព្រះបាន​រៀបចំ​ផ្លូវ​មួយ​ដើម្បី​សងថ្លៃ ឯកសារ​សរសេរ​ដោយដៃ​ដែលបានបាត់​ចំនួន១១៦ ទំព័រ ជួយ​អ្នក​យល់កាន់តែ​ពេញលេញពីទំនុក​ចិត្ត​របស់ទ្រង់​យ៉ាងដូចម្ដេច ?

គោលលទ្ធិ និង សេចក្ដីសញ្ញា១០:៤៦-៧០

ព្រះអម្ចាស់​ក៏បាន​ពន្យល់​អំពី គោលបំណង​នៃ​ព្រះគម្ពីរមរមន ហើយនឹង​តួនាទី​វា​នៅក្នុងការ​ស្ថាបនា​សាសនាចក្រ​របស់ទ្រង់

សូម​សង្ខេប​គោលលទ្ធិ និង សេចក្ដី​សញ្ញា១០:៤៦–៦១ ដោយការ​ពន្យល់​ថា នៅក្នុង​ខទាំងនេះ ព្រះអម្ចាស់​បាន​ថ្លែងទីបន្ទាល់ថា ទ្រង់បាន​ឆ្លើយតបចំពោះ​ការ​អធិស្ឋាន​របស់ពួកសិស្ស​នីហ្វៃ​របស់ទ្រង់ ដោយការ​រក្សា និងការ​នាំ​ព្រះគម្ពីរមរមន​ឲ្យ​ចេញមក​នៅជំនាន់របស់យើង ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា១០:៦២-៦៣ ឲ្យឮៗ ។ សូម​ឲ្យសិស្ស​ក្នុងថ្នាក់ផ្ទៀងតាម រកមើល​អ្វី​ដែលព្រះអម្ចាស់​បាន​មានបន្ទូល​ថា ព្រះគម្ពីរ​មរមន នឹង​នាំ​មកនូវពន្លឺ ។

  • តើ​ព្រះគម្ពីរមរមន​នឹង​នាំ​អ្វីខ្លះទៅកាន់ពន្លឺ ? ( ចំណុចពិត​នៃ​គោលលទ្ធិរបស់ព្រះគ្រីស្ទ ) ។

  • ស្របតាម ខ ៦៣ តើព្រះអម្ចាស់​ប្រើ​ចំណុចពិត​នៃ​គោលលទ្ធិ​របស់ទ្រង់ ដើម្បីយកឈ្នះ​លើ​កិច្ចការ​របស់សាតាំង​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញសិស្ស​ម្នាក់អានឲ្យ​ឮៗ​អំពី​ការសន្យា​ចុង​ក្រោយរបស់ព្រះអម្ចាស់​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា១០:៦៧, ៦៩–៧០ ។ សូម​ឲ្យសិស្ស​ផ្ទៀងតាម ហើយកត់ចំណាំ​ឃ្លា​ដែល​មានអត្ថន័យ​ចំពោះពួកគេ ក្នុងពន្លឺ​នៃអ្វីដែលពួកគេ​បាន​រៀន​នៅថ្ងៃនេះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ឃ្លា ដែល​មាន​អត្ថន័យ​ចំពោះ​ពួកគេ និង ហេតុអ្វី ។ សូម​បញ្ចប់​ដោយ​ទីបន្ទាល់​របស់​អ្នក ។

សេចក្តី​អធិប្បាយនិង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដី​សញ្ញា១០:៤៥ ។ « ទស្សនៈ​ដ៏​ជ្រាលជ្រៅ​បន្ថែម​ទៀត​បញ្ចេញ​យោបល់​ជ្រាលជ្រៅ​ទៅទៀត​អំពី​ដំណឹងល្អ​របស់​យើង »

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ថា « គោលបំណង​ដ៏​ឈ្លាសវៃ » របស់​ព្រះអម្ចាស់ ( សូមមើល នីហ្វៃទី១ ៩:៥, ពាក្យ​សម្ដីនៃ​មរមន១:៧) សម្រាប់​ការ​បញ្ជា​ឲ្យ​សរសេរ​និង​រក្សា​ផ្ទាំង​តូច​របស់នីហ្វៃ ដែល​មាន​តម្លៃ​ហួស​ពី​ការ​បាត់បង់​ឯកសារសរសេរ​ដោយ​ដៃ​ចំនួន១១៦ ទំព័រ​ទៅទៀត ។

រូបភាព
អែលឌើរ ជេហ្វ្រី អ័រ ហូឡិន

« វា​ធ្វើ​ឲ្យ​ខ្ញុំ​អស្ចារ្យ​ដែល​ថា មាន​គោលបំណង​ដ៏​ឈ្លាស​វៃជាង ដើម្បី [ ការ​សង​ថ្លៃ​ចំពោះ​ការ​បាត់បង់​នៃ​ឯកសារ១១៦ ទំព័រ នោះ ] ឬ​ឲ្យកាន់​តែ​ត្រឹមត្រូវ​គឺថា មាន​គោលបំណង​កាន់តែ​ឈ្លាតវៃ​នៅក្នុង នោះ ។ គន្លឹះ​ចំពោះ​យោបល់​នៃ​គោលបំណង​ដ៏​កាន់តែ​ឈ្លាសវៃ គឺ​មាន​នៅក្នុង ខ ៤៥នៃ គោលលទ្ធិ និង សេចក្ដី​សញ្ញា១០ ។ ដូច​ដែលព្រះអម្ចាស់​បាន​ណែនាំ​ដល់​យ៉ូសែប អំពី​និតិវិធីនៃការ​បកប្រែ និងការ​ដាក់​បញ្ចូល​ឯកសារ​មកពី​ផ្ទាំង​តូច ទៅក្នុង​អ្វី​ដែល​បាន​ចាប់​ផ្ដើម ជា​ការ​បកប្រែ​នៃ​ការ​សង្ខេប​ផ្ទាំង​ធំ ដែល​ទ្រង់មានបន្ទូលថា ‹ មើល​ចុះ មានការ​ណ៍​ជា​ច្រើន ដែល​បាន​ចារ​នៅលើ​ផ្ទាំង​នីហ្វៃ ដែល​បញ្ចេញយោបល់​ជ្រាលជ្រៅ​ទៅទៀត អំពី​ដំណឹងល្អ​របស់​យើង › ( គូសបញ្ជាក់​បន្ថែម ) ។

« ដូច្នេះ វា​ស្ដែង​យ៉ាងច្បាស់​ថា ការណ៍​នេះ​ពុំ​មែន ជាការ​តបស្នង នៅក្នុង​ការ​បង្កើត​ផលិតផលសម្រេច​នៃ​ព្រះគម្ពីរមរមន​នោះទេ ។ វា​ពុំ​មែន​ជា​ការ​ដោះដូរ--​ថាអ្នកឲ្យ​ខ្ញុំ១១៦ ទំព័រ​នៃ​ឯកសារ​ដែលសរសេរ​ដោយដៃ ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​១៤២ ទំព័រ​នៃ​អត្ថបទ​ដែលបាន​បោះពុម្ព​នោះទេ ។ វា​ពុំដូច្នេះទេ ។ យើង​បាន​ទទួល​ច្រើនជាង​អ្វី​ដែល​យើង​បាន​បាត់បង់ ។ ហើយ​វា​ត្រូវ​បាន​ស្គាល់តាំង​ពី​ដើម​ដំបូង​មកថា វា​នឹង​កើត​មាន​ដូច្នោះ ។ វា គឺជា គោលបំណង​កាន់តែ​ឈ្លាសវៃ ។ យើង​ពុំ​ដឹង​ច្បាស់​នូវអ្វី​ដែល​យើង​បាន​បាត់​នៅក្នុង១១៦ ទំព័រ​នោះ​ទេ ប៉ុន្តែ​យើង​ដឹង​ថា អ្វីដែល​យើង​បាន​ទទួល​នៅក្នុង​ផ្ទាំង​តូច​គឺ​ជា​ការ​ប្រកាស​ផ្ទាល់ខ្លួន​របស់​សាក្សី​បី​នាក់​ដ៏​អស្ចារ្យ ជា​សំឡេង​គោលលទ្ធិ​ដ៏សំខាន់​បី​អំពី​ព្រះគម្ពីរមរមន ដែល​ថ្លែងទីបន្ទាល់​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ។

« ឱ យើង​ប្រាថ្នា​ថា យើង​អាច​មាន​នូវ​ទីបន្ទាល់​ដ៏ច្បាស់ និង​មាន​តម្លៃ​ទាំងអស់​នោះ ដែល​ត្រូវ​បាន​ដកចេញពី​កំណត់ត្រា​ខាង​ព្រះគម្ពីរ​ប៊ីប ។ ប៉ុន្តែ​យ៉ាង​ហោចណាស់​ក្នុង​នាមជា​អ្នកអាន​ព្រះគម្ពីរ​មរមន យើង​មាន​នីហ្វៃ យ៉ាកុប និង អេសាយ ថ្លែង​មកកាន់​យើង​ចំៗ ក្នុង​នាមជា​សាក្សី​ផ្ទាល់​ភ្នែក​អំពី​ព្រះអង្គសង្គ្រោះ​នៃជីវិត​មុនជីវិត​នេះ ។ ពួកលោក​គឺ​ជា​អ្នក​ទទួល​វិវរណៈ​ដ៏អស្ចារ្យ​ស្ដីអំពី​ជីវិត​និង​ការ​បម្រើ​របស់ទ្រង់ និង​អំពី​ទំនាក់ទំនង​សេចក្ដីសញ្ញា​របស់ព្រះ​ជា​មួយ​នឹង​វង្ស​អ៊ីស្រាអែល ទាំងជំនាន់​បុរាណ និងជំនាន់​ថ្មី ។

« ខ្ញុំ​គិត​ថា វា​នឹង​ជាការ​រំភើប​យ៉ាង​ខ្លាំង បើ​ឯកសារ​ដែលសរសេរ​ដោយ​ដៃ​ចំនួន១១៦ ទំព័រ បើកឡើង​នៅថ្ងៃ​មួយ ប៉ុន្តែ​បើ​វា​ត្រូវ​បាន​នាំ​ទៅកាន់​ការិយាល័យ​ខ្ញុំ​នៅថ្ងៃ​ស្អែក នោះ​ខ្ញុំ​នឹង​មិន​ដោះដូរ​វា​ជាមួយ​នឹង​ផ្ទាំង​តូច​របស់នីហ្វៃទេ ព្រោះជា ‹ ដែល​បញ្ចេញ​យោបល់​ជ្រាលជ្រៅ​ទៅទៀត › ត្រូវ​បាន​ផ្ដល់​តាមរយៈការ​ចាំយាម​របស់ព្យាការី​ដ៏​អស្ចារ្យ ដែល​ឈរ​នៅ​ច្រក​ទ្វារ​នៃ​ព្រះគម្ពីរ ។ ដូច្នេះ សូម​ប្រាប់​ដល់សិស្ស​អ្នក​ឲ្យ​ឈប់​រអ៊ូរទាំ ហើយ​ត្រូវ​អាន--រួមទាំង​គម្ពីរ​អេសាយ​ផង » ( « A Standard unto My People » [ សុន្ទរកថា ទៅកាន់​គ្រូ​ខាង​សាសនា​ស៊ី.អ៊ី.អែស ថ្ងៃទី ៩ ខែ សីហា ឆ្នាំ១៩៩៤ ], ទំព័រ ៧–៩,LDS.org ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា១០:៣៨-៤៥ ។ គម្ពីរ​លីហ្វៃ

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

នៅក្នុង​អារម្ភកថា​​ចំពោះ​ការបោះពុម្ព​លើក​ទីមួយ​នៃ​ព្រះគម្ពីរ​មរមន យ៉ូសែប ស៊្មីធ បាន​ពិពណ៌នា​អំពី​ប្រភព​ដែល​ឯកសារ​សរសេរ​ដោយដៃ​ចំនួន១១៦ ទំព័រ ត្រូវ​បាន​បកប្រែ​ថា ៖ « ខ្ញុំ [ យ៉ូសែប ស្ម៊ីធ ] បានបកប្រែ ដោយអំណោយទាន និង​ព្រះចេស្តា​របស់​ព្រះ ហើយ​បាន​បណ្តាល​ឲ្យ​សរសេរ​បាន​មួយ​រយ​ដប់​ប្រាំ​មួយ​ទំព័រ ដែល​ខ្ញុំ​បាន​ដកស្រង់​ចេញពី​គម្ពីរ​លីហៃ ដែល​ជា​ដំណើរ​រឿង​សង្ខេប​មួយ​ចេញ​ពី​ផ្ទាំង​ចំណារ​របស់​លីហៃ ដោយ​ដៃ​របស់​មរមន ដែល​ដំណើរ​រឿង​នេះ ត្រូវ​បាន​មនុស្ស​មួយ​ចំនួន​លួច​ទៅ ហើយ​លាក់​ពី​ខ្ញុំ ថ្វីបើ​ខ្ញុំ​ព្យាយាម​ស្វែងរក​វា​ក្តី » ( Teachings of Presidents of the Church: Joseph Smith[ ឆ្នាំ ២០០៧ ]៦៣ ) ។