ថ្នាក់​សិក្ខាសាលា
មេរៀន​ទី១៩ ៖ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ១:៦៨-៧៥, គោលលទ្ធិ និង សេចក្ដី​សញ្ញា១៣


មេរៀន​ទី១៩

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ១:៦៨-៧៥,គោលលទ្ធិ និង សេចក្ដី​សញ្ញា១៣

បុព្វកថា

នៅ​ថ្ងៃទី ១៥ ខែ​ឧសភា ឆ្នាំ ១៨២៩ យ៉ូសែប ស៊្មីធ និង​អូលីរើរ ខៅឌើរី បាន​ទៅ​ក្នុង​ព្រៃ​ជិត​ចម្ការ​របស់​យ៉ូសែប នៅ​ហាម៉ូនី រដ្ឋ​ផែនសិលវេញ៉ា ដើម្បី​ទូលសូមសួរ​ដល់ព្រះអម្ចាស់​បន្ទាប់ពី​ការ​បកប្រែ​វគ្គ​គម្ពីរ​មួយ ក្នុង​ព្រះគម្ពីរមរមន ដែល​គូសបញ្ជាក់​ពីសារៈសំខាន់​នៃ​ពិធីបរិសុទ្ធ​នៃពិធីបុណ្យជ្រមុជទឹក ។ ខណៈដែល​កំពុង​តែ​អធិស្ឋាន នោះ​យ៉ូហាន បាទីស្ទ បាន​លេច​មក​ឯ​ពួកលោក ក្នុង​នាម​ជា​តួអង្គ​ដែលបាន​រស់ឡើងវិញ ។ លោក​បាន​ប្រទាន​បព្វជិតភាព​អើរ៉ុន​មក​លើ​ពួកលោក បានដឹកនាំ​ពួកលោក​ឲ្យ​ជ្រមុជទឹក​គ្នាទៅវិញទៅមក​ក្នុង​ទន្លេ សុសគ្វីហាណា នៅជិត​នោះ រួច​ហើយ​បាន​ដឹកនាំ​ពួកលោក​ឲ្យ​តែងតាំងអំណាច​បព្វជិតភាព​អើរ៉ុន ដល់គ្នាទៅវិញទៅមក ។ ពាក្យ​របស់​យ៉ូហាន​ទៅកាន់​យ៉ូសែប ស្ម៊ីធ និង​អូលីវើរ​ខៅឌើរី ត្រូវ​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា១៣ ។ បន្ទាប់ពី​បុណ្យជ្រមុជ​ទឹក​របស់​ពួកលោក យ៉ូសែប និង អូលីវើរ ត្រូវ​បាន​ពេញ​ទៅដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​បាន​ទទួល​បទពិសោធន៍​ពរជ័យ​ដ៏​មហិមា ។

យោបល់​សម្រាប់ការ​បង្រៀន

យ៉ូសែប ស៊្មីធ --ប្រវត្តិ១:៦៨–៧២;គោលលទ្ធិ និង សេចក្ដី​សញ្ញា១៣

យ៉ូហាន បាទីស្ទ ប្រគល់​បព្វជិតភាព​អើរ៉ុន​មក​ឲ្យ​យ៉ូសែប ស៊្មីធ និង អូលីវើរ​ខៅឌើរី

សូមសរសេរ សំណួរ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន​មុន​ពេល​រៀន ឬ​ចែក​ក្រដាស​សំណួរ​ដល់​សិស្ស​ម្នាក់ៗ ( សូម​កុំ​សរសេរ​ចម្លើយឡើយ ) ។ នៅពេលសិស្ស​មក​ដល់ថ្នាក់រៀន សូម​អញ្ជើញ​ពួកគេ​ឲ្យ​ឆ្លើយ​សំណួរ​នៅលើ​ក្រដាស​មួយសន្លឹក ឬ​នៅលើ​ក្រដាស​ដែលចែក​ឲ្យពួកគេ​នោះ ។ បើ​ចាំបាច់ សូម​ឲ្យ​យោបល់​ដល់​ពួកគេ​ឲ្យ​ប្រើ​លិបិក្រម​នៃ​បណ្ដុំ​ព្រះគម្ពីរ ( សូមមើល « បព្វជិតភាព អើរ៉ុន » ) ឬ សេចក្ដីណែនាំ​ដល់បទគម្ពីរ ( សូម​មើល « បព្វជិតភាព អើរ៉ុន » ) ដើម្បី​រក​ចម្លើយ​ត្រឹមត្រូវ ។ អ្នក​អាច​នឹង​ចង់​រង់ចាំ​រហូត​ដល់ សិស្ស​បាន​កត់ត្រា​ចម្លើយ​របស់ពួកគេ​រួច មុន​ពេល​អ្នក​ចាប់​ផ្ដើម​ការ​ប្រជុំ​ធម្មនិដ្ឋាន ។

  1. តើ​នៅកន្លែង​ណា​ក្នុង​បទគម្ពីរ ដែល​យើង​អាច​រៀន​អំពី​ការ​ស្ដារឡើង​វិញ​នៃ​បព្វជិតភាព​អើរ៉ុន ?​

  2. តើបព្វជិត​ភាព​អើរ៉ុន​បានស្ដារឡើងវិញ​នៅថ្ងៃខែ​ឆ្នាំ​ណា ?

  3. តើ​ទេវតា​ដែល​ស្ដារបព្វជិតភាព​អើរ៉ុន​មក​កាន់​ផែនដី​វិញ តាមរយៈ​ការ​ប្រគល់​វា​ទៅឲ្យ​យ៉ូសែប ស្ម៊ីធ និង​អូលីវើរ ខៅឌើរី ឈ្មោះអ្វី ?

  4. តើ​បព្វជិតភាព​អើរ៉ុន​បាន​ប្រគល់​ទៅដល់ពួកលោកដោយរបៀបណា ?

  5. តើ​ទេវតា​បានសន្យា​នឹង​យ៉ូសែប និង អូលីវើរ ថា​ពួកគេ​នឹង​ទទួល​បាន​អ្វី​ខ្លះទៀត ? តើ​ពួកគេ​នឹង​ទទួល​វា​មកពី​នរណា ?

( ចម្លើយ ៖ (១)យ៉ូសែប ស្ម៊ីធ --ប្រវត្តិគោលលទ្ធិ និង សេចក្ដី​សញ្ញា១៣, (២) ថ្ងៃ​ទី១៥ ខែ ឧសភា ឆ្នាំ១៨២៩ [ សូមមើល យ៉ូសែប ស្ម៊ីធ --ប្រវត្តិ១:៧២  ]; (៣) យ៉ូហាន បាទីស្ទ [ សូមមើល យ៉ូសែប ស្ម៊ីធ --ប្រវត្តិ១:៧២  ]; (៤) ដោយ​ការដាក់ដៃលើ [ សូមមើល យ៉ូសែប ស្ម៊ីធ --ប្រវត្តិ១:៦៨, ៧១ ]; (៥) យ៉ូហាន បាទីស្ទ បានប្រាប់​ពួកគាត់​ថា ថ្ងៃ​ក្រោយ​ពួកគាត់​នឹង​ទទួល​បព្វជិតភាព​មិលគីស្សាដែក​មកពី​សាវក ពេត្រុស យ៉ាកុប និង​យ៉ូហាន [ សូមមើល យ៉ូសែប ស្ម៊ីធ --ប្រវត្តិ១:៧២ ] ) ។

បន្ទាប់ពីការប្រជុំ​ធម្មនិដ្ឋាន សូម​ឲ្យ​សិស្ស​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ទីមួយ ។ បន្ទាប់ពី​ពួកគេ​បាន​ឆ្លើយ​សំណួរ​នេះ​ដោយត្រឹមត្រូវ សូម​ចាត់តាំង​សិស្ស​ឲ្យ​ធ្វើ​ការ​ជា​គូៗ ហើយ​ពិនិត្យ​ចម្លើយរបស់ពួកគេ​ជាមួយសំណួរ​ទាំងឡាយ​ដែល​នៅ​សល់ ។ ណែនាំ​ពួកគេ​ឲ្យ​ប្រើ យ៉ូសែប ស្ម៊ីធ --ប្រវត្តិ១:៦៨-៧២ និង​ការ​ពិពណ៌នា​ដោយ អូលីវើរ ខៅឌើរី បន្ទាប់​ពី​យ៉ូសែប ស្ម៊ីធ --ប្រវត្តិ ។ អ្នក​ក៏អាចផ្លាស់វេនគ្នាទូទាំងថ្នាក់រៀន ដើម្បីជួយសិស្ស​ស្វែរក​ចម្លើយ​ត្រឹមត្រូវ ។

បន្ទាប់ពី​មានពេល​គ្រប់គ្រាន់ សូម​រំឭក​ចម្លើយ​ជាមួយគ្នា​ក្នុងថ្នាក់ ។ នៅពេល​អ្នក​មើល​ចម្លើយទាំងនោះ​ជាមួយគ្នា សូមជួយ​សិស្ស​ប្រាប់ និង​យល់​នូវគោលលទ្ធិ​ដូច​ខាង​ក្រោម ៖ យ៉ូហាន បាទីស្ទ បាន​ស្ដារ​បព្វជិតភាព​អើរ៉ុន​មកកាន់ផែនដីវិញ( សូម​មើល យ៉ូសែប ស្ម៊ីធ —ប្រវត្តិ១:៧២ ) ។ បព្វជិតភាព គឺត្រូវ​បាន​ប្រគល់​ដោយ​ការដាក់ដៃលើ( សូមមើល យ៉ូសែប ស្ម៊ីធ —ប្រវត្តិ១:៦៨, ៧១ ) ។ ផងដែរ នៅពេល​អ្នក​ពិនិត្យ​មើល​ចម្លើយ​របស់​សិស្ស សូម​ពន្យល់​ថា យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី បាន​ទទួលបព្វជិតភាព​មិលគីស្សាដែក​ពី ពេត្រុស យ៉ាកុប និង យ៉ូហាន ក្រោយមក​នៅខែ ឧសភា ឆ្នាំ១៨២៩ ( សូមមើល ឡារី ស៊ី ផតធើរ« The Restoration of the Aaronic and Melchizedek Priesthoods, » Ensign ខែ ធ្នូ ឆ្នាំ១៩៩៦, ទំព័រ ៣០–៤៧ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន យ៉ូសែប ស្ម៊ីធ —ប្រវត្តិ១:៦៨ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ផ្ទៀង​តាម រកមើល​អ្វីដែល​យ៉ូសែប និង​អូលីវើរ កំពុង​ធ្វើ ដែល​ដឹកនាំ​ពួកលោក​ឲ្យ​ទូលសួរ​ដល់​ព្រះអម្ចាស់ អំពី​ពិធីបុណ្យ​ជ្រមុជ​ទឹក​សម្រាប់​ការ​ផ្ដាច់បាប ។

  • ស្របតាម​ខគម្ពីរនេះ តើ​អ្វីខ្លះ​ដែល​បាន​នាំ​ឲ្យ យ៉ូសែប និង អូលីវើរ សួរ​អំពី​ពិធីបុណ្យជ្រមុជទឹក​សម្រាប់ការ​ផ្ដាច់បាប ? ( ពួកគេ​កំពុង​បកប្រែ​ព្រះគម្ពីរ​មរមន ហើយ​បាន​មកឃើញ​ការ​បង្រៀន​ស្ដីអំពី​ពិធីបុណ្យជ្រមុជទឹក សម្រាប់ការ​ផ្ដាច់បាប ) ។

សូម​ចង្អុលបង្ហាញ​ថា ការស្ដារឡើងវិញ​នៃ​បព្វជិតភាព​អើរ៉ុន គឺ​សំខាន់យ៉ាងខ្លាំង ដែល​ពាក្យ​របស់យ៉ូហាន​បាទីស្ទ ត្រូវបាន​ដាក់បញ្ចូល​នៅក្នុង​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ជា​កណ្ឌទី១៣ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:១៨ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ផ្ទៀង​តាម ហើយប្រាប់អំពី​របៀប​ដែល​ការ​ស្ដារឡើងវិញ​នៃ​បព្វជិតភាព​អើរ៉ុន បាន​ឆ្លើយ​តប​ដល់ការ​អធិស្ឋាន​របស់ យ៉ូសែប និង អូលីវើរ ដើម្បី​ដឹង​ច្រើន​ទៀត​អំពី​ពិធីបុណ្យជ្រមុជទឹក សម្រាប់ការ​ផ្ដាច់បាប ។

  • តើ​ការស្ដារឡើងវិញ​នៃ​បព្វជិតភាព​អើរ៉ុន​ឆ្លើយតប​ចំពោះ​ការអធិស្ឋាន​របស់​យ៉ូសែប និង អូលីវើរ ដើម្បី​ដឹង​ច្រើន​ទៀត​អំពី​ពិធីបុណ្យជ្រមុជទឹក សម្រាប់ការ​ផ្ដាច់បាប យ៉ាង​ដូចម្តេច​ខ្លះណា ?

នៅលើ​ក្ដារខៀន សូម​គូររូបភាព​ទ្វារ​ដែលមាន​រន្ធសោ ។

រូបភាព
គំនូរូបទ្វារ
រូបភាព
គំនូរ​កូនសោ
  • តើ​គោលបំណង​នៃទ្វារ​មួយនេះជាអ្វី ? ( នៅពេលសិស្ស​ពិភាក្សា​អំពី​សំណួរ​នេះ សូមជួយ​ពួកគេ​មើល​ឃើញ​ថា ទ្វារ​បាន​បើក​ឲ្យ​ឃើញ​កន្លែងមួយទៀត ) ។ បន្ថែមពីលើនោះ ទ្វារ​អាច​បិទ​ឃាំង​យើង​ឬ​បើក​ឲ្យ​យើង​ចូល ) ។

បង្ហាញ​សិស្ស​នូវ​កូនសោ​មួយ ( ឬ​គូររូប កូនសោ​ដ៏​សាមញ្ញ​មួយ នៅលើ​ក្ដារខៀន) ហើយ​សួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​កូនសោ​មួយ​ទាក់ទង​ទៅនឹង​ដំណើរការ​របស់ទ្វា​យ៉ាងដូចម្ដេច ? ( ចាក់សោបិទ ឬចាក់សោ​បើកទ្វារ ។ នៅពេល​យើង​ប្រើ​កូនសោ​មួយចាក់​បើក​ទ្វារ នោះ​វា​អាច​ឲ្យ​យើង​ដើរ​ឆ្លងកាត់ ហើយ​ជួប​អ្វី​ដែល​នៅ​ឯម្ខាង​ទៀត ) ។

សូម​ពន្យល់​ថា ព្រះអម្ចាស់​ប្រើ​កូនសោ​ជា​និមិត្តរូបមួយ ដើម្បីតំណាង​នូវ​សិទ្ធិអំណាច​នៃ​បព្វជិតភាព ដែល​ចាក់​បើក​ទ្វារ​សម្រាប់​យើង​ទទួល​នូវ​ឱកាស​និង​ពរជ័យ​ដ៏អស់កល្បជានិច្ច ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្រាវជ្រាវ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣:១ រកមើល​កូនសោ​ដែល​ជាប់ទាក់ទង​ទៅនឹង​បព្វជិតភាព​អើរ៉ុន ។ អ្នក​អាចនឹង​ចង់​ស្នើ​ឲ្យ​សិស្ស​គូសចំណាំ​កូនសោ​ទាំងនេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ពេល​ពួកគេ​ស្វែងរក​វា ។

  • តើ​យ៉ូហាន​បាទីស្ទ ប្រាប់ថា​បព្វជិតភាព​អើរ៉ុន​កាន់កូនសោ​អ្វីខ្លះ ? ( បព្វជិតភាព​អើរ៉ុន កាន់​កូនសោ​នៃ​ការ​បម្រើ​នៃ​ពួក​ទេវតា និង​នៃ​ដំណឹងល្អ​នៃ​ការ​ប្រែចិត្ត និង នៃ​ពិធីបុណ្យជ្រមុជទឹក​ដោយ​ការ​ពន្លិចសម្រាប់​ការ​ផ្ដាច់​បាប ។ អ្នក​អាច​នឹង​ចង់​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​សរសេរ​សេចក្ដីថ្លែងការ​នេះ​នៅក្រោម​រូបភាព​នៃ​ទ្វារ​នៅលើ​ក្ដារខៀន ) ។

ដើម្បីជួយ​សិស្ស​យល់​កាន់តែ​ប្រសើរ​អំពី​កូនសោ​នៃ​បព្វជិត​ភាព​អើរ៉ុន​ទាំងនេះ និង​ពរជ័យទាំងឡាយ ដែល​វា​មាន​សម្រាប់សមាជិក​នៃ​សាសនាចក្រ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ នូវការ​ពន្យល់​ដូច​ខាង​ក្រោម ដោយអែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ ( សូម​ពិចារណា​ធ្វើការ​ថតចម្លង​សេចក្ដីថ្លែងការណ៍​នេះ​តូចៗ​សម្រាប់សិស្ស​ម្នាក់ៗ ដើម្បី​រក្សា​នៅក្នុង​គម្ពីរ​របស់ពួកគេ ) ។

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« តើ​បព្វជិតភាព​អើរ៉ុនកាន់ [ កូនសោនៃ ] ‹ ដំណឹងល្អ​នៃការ​ប្រែចិត្ត និង​ពិធីបុណ្យជ្រមុជទឹក និង​ការ​ផ្ដាច់បាប › មានន័យ​យ៉ាងណាខ្លះ ? អត្ថន័យ គឺ​អាច​រកបាន​នៅក្នុង​ពិធីបរិសុទ្ធ​នៃ​ពិធីបុណ្យជ្រមុជទឹក និង​នៅក្នុង​ពិធីសាក្រាម៉ង់ ។ ពិធីបុណ្យជ្រមុជទឹក គឺ​សម្រាប់ការផ្ដាច់បាប ហើយ​ពិធីសាក្រាម៉ង់ គឺ​រំឭក​សេចក្ដីសញ្ញា និង​ពរជ័យទាំងឡាយ​នៃពិធីបុណ្យជ្រមុជទឹក ។ ទាំងពីរ គួរ​តែ​ដើរ​ឈាន​មុខ​ដោយ​ការ​ប្រែចិត្ត ។

« គ្មាន [ យើង ] ណា​ម្នាក់ បាន​រស់នៅ​ដោយ​គ្មានអំពើបាបសោះ ចាប់តាំងពី​ពិធីបុណ្យជ្រមុជទឹក [ របស់​យើង ] ទៅនោះទេ ។ បើ​គ្មាន​ការ​ផ្ដល់​នូវ​ការ​លាង​សម្អាត​បន្ថែម​ខ្លះៗ ក្រោយ​ពី​ពិធី​បុណ្យ​ជ្រមុជ​ទឹក​យើងទេ នោះ​យើង​ម្នាក់ៗ​នឹង​ត្រូវ​វង្វេង​នូវ​រឿង​ខាង​វិញ្ញាណ​មិនខាន ។

« យើង​ត្រូវ​បាន​បញ្ជា​ឲ្យ​ប្រែចិត្ត​ពី​អំពើបាប​របស់​យើង ហើយ​មក​រក​ព្រះអម្ចាស់​ដោយ​ដួងចិត្ត​សង្រេង និងវិញ្ញាណទន់ទាប ហើយ​ទទួលទាន​សាក្រាម៉ង់​ដោយ​ការ​គោរពតាម​សេចក្ដីសញ្ញានានា​នៃពិធីសាក្រាម៉ង់ ។ នៅពេល​យើង​រំឭក​ពីសេចក្ដី​សញ្ញា​នៃពិធីបុណ្យជ្រមុជទឹក​របស់​យើង​តាម​វិធី​នេះ នោះ​ព្រះអម្ចាស់​នឹង​រំឭក​ឥទ្ធិពល​នៃ​ការ​លាង​សម្អាត​នៃពិធីបុណ្យជ្រមុជទឹក​របស់​យើង ។

« យើង​ពុំ​អាច​ថ្លែង​បំផ្លើសពី​សារៈសំខាន់​នៃ​បព្វជិតភាព​អើរ៉ុន​ក្នុង​នេះ​នោះទេ ។ ជំហាន​សំខាន់ៗ​ទាំងអស់នេះ មាន​នូវការ​ផ្ដាច់បាប ដែលត្រូវ​ធ្វើឡើង​តាមរយៈ​ពិធីបរិសុទ្ធ​នៃ​ការ​សង្គ្រោះ​នៃពិធីបុណ្យជ្រមុជទឹក និងការ​រំឭកពិធីបរិសុទ្ធ​នៃ​ពិធីសាក្រាម៉ង់ ។ ពិធីបរិសុទ្ធ​ទាំងពីរនេះ គឺ​ត្រូវបាន​ធ្វើ​ឡើង​ដោយ​អ្នកកាន់បព្វជិតភាព​អើរ៉ុន ក្រោម​ការ​ដឹកនាំ​របស់​គណៈប៊ីស្សព ដែល​អនុវត្ត​កូនសោ​នៃ​ដំណឹងល្អ​នៃ​ការ​ប្រែចិត្ត និង​នៃ​ពិធីបុណ្យជ្រមុជទឹក និង​សម្រាប់ការ​ផ្ដាច់បាប » ( « The Aaronic Priesthood and the Sacrament, »Ensignខែ វិច្ឆិកា ឆ្នាំ១៩៩៨, ទំព័រ ៣៧-៣៨ ) ។

  • តើ​កូនសោ​នៃ​បព្វជិតភាព​អើរ៉ុន ជួយយើង​ឲ្យ​ទទួល​ពរជ័យ​នៃ​ដង្វាយធួន​របស់ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀបណា ?

  • ស្របតាម អែលឌើរ អូក តើ​នរណា​ដឹកនាំ​កូនសោ​នៃ​ដំណឹងល្អ​នៃ​ការ​ប្រែចិត្ត និង​ពិធីបុណ្យជ្រមុជទឹក​នៅក្នុង​វួដ​នីមួយៗ ?

ដើម្បីជួយសិស្ស​យល់​កាន់តែ​ច្បាស់​អំពី កូនសោ​នៃ​ការ​បម្រើ​នៃពួកទេវតា សូម​អញ្ជើញសិស្ស​ម្នាក់ឲ្យ​អាន​នូវការ​ពន្យល់​ដូច​ខាង​ក្រោម ដោយអែលឌើរ អូក ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« ក្នុងនាម​ជា​អ្នកកាន់បព្វជិតភាព​អើរ៉ុន​វ័យក្មេង ខ្ញុំ​ពុំ​ដែលគិត​ថា ខ្ញុំ​នឹង​ឃើញ​ទេវតា​ទេ ហើយ​ខ្ញុំ​បាន​ងឿង​ឆ្ងល់​អំពី​លក្ខណៈ​ដូចនោះ មានទាក់ទង​អ្វី​នឹង​បព្វជិតភាព​អើរ៉ុន ។

« ប៉ុន្តែ​ការ​បម្រើ​នៃពួកទេវតា ក៏​អាចជារឿងអាថ៌​កំបាំង ។ សារលិខិត​របស់ទេវតា អាច​ត្រូវ​បាន​ផ្ដល់​ឲ្យ​ដោយ​សម្លេង ឬ​ដោយ​គំនិត ឬ​អារម្មណ៍​ទំនាក់ទំនង​នៅក្នុង​ចិត្ត » ( « The Aaronic Priesthood and the Sacrament, » ៣៩ ) ។

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​មក​ខាង​មុខ​ថ្នាក់ ហើយ​កាន់​រូបភាព យុវជន​កំពុង​ទទួលបុណ្យ​ជ្រមុជទឹក( រូបភាព​សិល្បៈដំណឹងល្អ [ ២០០៩ ] លេខ ១០៣ សូមមើលផងដែរ LDS.org) និង​ការ​ប្រសិទ្ធពរ​នៃ​ពិធីសាក្រាម៉ង់ ( លេខ ១០៧ ) បើ​មាន ។

រូបភាព
យុវជន​កំពុង​ទទួលបុណ្យជ្រមុជទឹក
រូបភាព
ការប្រសិទ្ធពរ​សាក្រាម៉ង់
  • តើ​ការយល់​ដឹង​អំពី​កូនសោ​បព្វជិតភាព​អើរ៉ុន អាច​មាន​ឥទ្ធិពល​លើ​គំនិត​និង​សកម្មភាព​របស់​អ្នក នៅពេល​អ្នក​ត្រៀម​ខ្លួន​បម្រើ និង​ទទួលទាន​សាក្រាម៉ង់​រាល់​សប្ដាហ៍​យ៉ាង​ដូចម្ដេចខ្លះ ?

សូម​អញ្ជើញ​យុវនារី​ម្នាក់​ក្នុងថ្នាក់​ឲ្យ​ចែកចាយ​អារម្មណ៍​របស់ពួកគេ​អំពី​បព្វជិតភាពអើរ៉ុន និង​ពរជ័យ​ដែល​កើត​មាន​នៅក្នុង​ជីវិត​របស់​ពួកគេ ។ អ្នក​ក៏អាច​ចង់ចែកចាយ​ពីមូលហេតុ​ដែលអ្នក​មានអំណរគុណ​ចំពោះ ការ​ស្ដារឡើង​វិញ​នៃ​បព្វជិតភាព​អើរ៉ុន​ផងដែរ ។

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ១:៧៣-៧៥

យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី បាន​ទទួលបទពិសោធន៍​នៃពរជ័យ​ដ៏មហិមា បន្ទាប់ពីពិធីបុណ្យជ្រមុជទឹក​របស់ពួកលោក

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន យ៉ូសែប ស្ម៊ីធ —ប្រវត្តិ១:៧៣ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ផ្ទៀង​តាម ហើយ​ប្រាប់​ពាក្យ ឬ​ឃ្លា​ដែល​ពិពណ៌នា​ថា យ៉ូសែប និង អូលីវើរ បានទទួលបទពិសោធន៍​អ្វី បន្ទាប់ពី​ពួកគាត់​បាន​ទទួល​បុណ្យជ្រមុជទឹក​រួចហើយនោះ ។ អ្នក​អាច​ស្នើ​ឲ្យ​សិស្ស​គូសចំណាំ​ពាក្យ និង ឃ្លា​ទាំងនេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។

  • តើ​មាន​អ្វី​មក​សណ្ឋិត​លើ​យ៉ូសែប និង​អូលីវើរ បន្ទាប់ពី​ពួកលោកបាន​ទទួលបុណ្យជ្រមុជទឹក ?

ដោយ​សារ​យ៉ូសែប និង អូលីវើរ ពុំ​ទាន់​បាន​ទទួល​អំណោយទាន​ នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅឡើយ នោះ​អ្វីដែលពួកលោក​បាន​ជួប​ក្នុង​ស្ថានភាព​នេះ គឺជា ព្រះចេស្ដារ​ នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ យ៉ូសែប និង អូលីវើរ នឹង​ទទួល​បព្វជិតភាព​មិលគីស្សាដែក​ដើម្បី​ការប្រគល់​អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ នៅ​ថ្ងៃ​ក្រោយ ( សូម​មើល យ៉ូសែប ស្ម៊ីធ —ប្រវត្តិ១:៧០ សូមមើល​ផងដែរ Bible Dictionary ឬ​សេចក្ដីណែនាំ​ដល់បទគម្ពីរ « ព្រះវិញ្ញាណ​បរិសុទ្ធ »scriptures.lds.org ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន យ៉ូសែប ស្ម៊ីធ —ប្រវត្តិ១:៧៤ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ឲ្យផ្ទៀង​តាម រកមើលពរជ័យ​ជាក់លាក់មួយ ដែល​យ៉ូសែប និង​អូលីវើរ បានទទួល​តាមរយៈព្រះចេស្ដា​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។ បន្ទាប់ពីសិស្សបាន​រាយការណ៍​នូវអ្វីដែលពួកគេ​បាន​រកឃើញ​ហើយ សូមសរសេរ​គោលលទ្ធិដូចខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ ព្រះវិញ្ញាណ​បរិសុទ្ធ ជួយ​យើង​យល់​អំពីអត្ថន័យ និង​បំណង​នៃ​ព្រះគម្ពីរ ។

  • ហេតុអ្វី​ក៏អ្នកគិត​ថា យើង​ត្រូវការ​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បីជួយយើង​យល់​បទគម្ពីរដូច្នេះ ?

  • តើ​ពេលណា ដែល​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ជួយ​អ្នក​ឲ្យ​យល់ « អត្ថន័យ​និង​បំណងពិត » នៃ​បទគម្ពីរ ?

អញ្ជើញសិស្ស​ឲ្យ​ចំណាយពេល​ពីរបីនាទី សរសេរ​នៅក្នុង​សៀវភៅកំណត់​ចំណាំ​ក្នុង​ថ្នាក់​របស់​ពួកគេ ឬ​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ អំពី​អ្វី​ដែលពួកគេ​នឹង​ធ្វើ ដើម្បី​អញ្ជើញ​ឲ្យ​មាន​ការ​ជួយ​ពីព្រះវិញ្ញាណបរិសុទ្ធ នៅពេល​ពួកគេ​សិក្សា​ព្រះគម្ពីរ ។

សេចក្តី​អធិប្បាយនិង ព័ត៌មាន​សាច់រឿង

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ១:៧៤ ។ ការ​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅពេល​សិក្សា​ព្រះគម្ពីរ

អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ពី​ភាព​ចាំបាច់​នៃ​ការ​មាន​ព្រះវិញ្ញាណ​គង់​ជាមួយ​យើង ពេល​យើង​សិក្សា​ព្រះគម្ពីរ ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« បើ​យើងស្វែង​រក និង​ទទួល​យកវិវរណៈ និង​ការ​បំផុស​គំនិត​ដើម្បី​ពង្រីក​ការយល់ដឹង​នៃ​បទគម្ពីរ​របស់​យើង នោះ​យើង​នឹង​ដឹង​អំពី​ការ​បំពេញ​តាម​ការ​សន្យា​ដ៏​បំផុសគំនិត​របស់​នីហ្វៃ​ថា អ្នក​ទាំងឡាយ​ដែល​ស្វែងរក​ដោយព្យាយាម នឹង​មាន ‹ ការ​អាថ៌កំបាំង​ទាំងឡាយ​នៃ​ព្រះ … នឹង​បាន​បើក​បង្ហាញ​ដល់​គេ ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណបរិសុទ្ធ › ( នីហ្វៃទី ១១០:១៩ ) ។

« …មាន​អ្វីជាច្រើនទៀត​ដែលបាន​ប្រាប់នៅក្នុង​ព្រះគម្ពីរ​ដែលអាច​ត្រូវ​បាន​យល់​តែ​តាមរយៈ​ការ​បំផុសគំនិត​ពីព្រះវិញ្ញាណបរិសុទ្ធ​ប៉ុណ្ណោះ ។ នៅ​ក្នុង​ពាក្យ​សម្ដី​របស់​សាវក​ប៉ុល ‹ បើ​មិន​មែន​ជា​ព្រះវិញ្ញាណ​នៃ​ព្រះ​នោះ​ក៏​គ្មាន​អ្នកណា​ស្គាល់សណ្ឋាន​ព្រះបាន​ដែរ › ( JSTកូរិនថូសទី១ ២:១១ ) ។…

« យ៉ូសែប ស៊្មីធ និង​អូលីវើរ ខៅឌើរី បាន​ធ្វើ​ជា​គំរូ​សម្រាប់​គ្រាកាន់កាប់ត្រួតត្រា​នេះ ។ បន្ទាប់ពី​ពិធីបុណ្យជ្រមុជទឹក​របស់ពួកលោករួចមក ពួកលោក​បាន​ពេញ​ដោយព្រះវិញ្ញាណបរិសុទ្ធ ។ នោះ​ដូច​ដែល​យ៉ូសែប បាន​ពន្យល់​នៅក្នុង​ប្រវត្តិ​ផ្ទាល់ខ្លួន​របស់​លោក ‹ មកពី​គំនិត​យើង​បាន​ទទួល​ការ​បំភ្លឺ នោះ​យើង​ចាប់​ផ្ដើម​យល់​នូវ​បទគម្ពីរទាំងឡាយ​ដែល​បាន​លាត​ត្រដាង​នៅចំពោះយើង ហើយ​អត្ថន័យ និងគោលបំណង​នៃ​វគ្គ​ដ៏​អាថ៌កំបាំង​ទាំងឡាយនោះ ក៏​បាន​បើក​សម្ដែង​ដល់​យើង តាមរបៀប​ដែល​យើង​ពុំ​ដែលបាន​ទទួលពីមុន ឬ​គិត​ពីមុន​មក​សោះ › ( យ៉ូសែប ស្ម៊ីធ--ប្រវត្តិ១:៧៤) ។…

« ដូច​ប៉ុល​បាន​ប្រាប់ដល់​ធីម៉ូថេរ ‹ គ្រប់ទាំង​បទគម្ពីរ គឺ​ជា​ព្រះទ្រង់​បាន​បញ្ចេញ​ព្រះវិញ្ញាណ​បណ្ដាល​ឲ្យ​តែងទេ › ( ធីម៉ូថេទី ២ ៣:១៦ សូមមើល​ផងដែរ ពេត្រុសទី ២១:២១ នេះ​មានន័យថា ដើម្បីយល់​បទគម្ពីរ គំនិត​យើង​ចាំបាច់​ត្រូវ​បាន​បំភ្លឺ​ដោយ​ព្រះវិញ្ញាណនៃ​ព្រះអម្ចាស់ » ( Scripture Reading and Revelation » Ensign, ខែ មករា ឆ្នាំ១៩៩៥, ៧, ៩ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា១៣:១ ។ តើ​មានន័យ​យ៉ាងណា​ដែល​ថា កូន​ប្រុស​ទាំងឡាយ​របស់​លេវី ថ្វាយដង្វាយ​ដល់ព្រះអម្ចាស់​នោះ ?

ព្យាការី យ៉ូសែប ស៊្មីធ បាន​ពន្យល់​ដូចខាង​ក្រោម​អំពី​ដង្វាយ​ដែល​នឹង​ផ្ដល់​ឲ្យ​ដោយ​កូន​ប្រុសទាំងឡាយ​របស់​លេវី ៖

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

« ជាទូទៅ មាន​គំនិត​ស្មាន​ថា ដង្វាយ​គឺ​ត្រូ​វ​បាន​សម្រេចហើយ នៅពេល​ការពលិកម្ម​ដ៏ធំ​[ ឧ. ការពលិកម្មរបស់ព្រះអម្ចាស់​ព្រះយេស៊ូ ] ត្រូវ​បាន​ធ្វើឡើង​ហើយនោះ ហើយ​ថា​វា​នឹង​ពុំចាំបាច់​ដើម្បី​មាន​ពិធីបរិសុទ្ធ​នៃ​ការ​ថ្វាយ​នៅពេល​អនាគត​ទេ ប៉ុន្តែ​អ្នកទាំងឡាយ​ដែល​ជឿ​ដូច្នេះ គឺ​ច្បាស់ណាស់​ថា ពួកគេ​ពុំ​បាន​ស្គាល់​កាតព្វកិច្ច ឯកសិទ្ធិ និង​សិទ្ធិអំណាច​នៃបព្វជិតភាព ឬ​ស្គាល់​ពួកព្យាការីទេ ។

« ការ​ថ្វាយ​ដង្វាយ ត្រូវ​បានត​ភ្ជាប់ និង​បង្កើត​ជា​ផ្នែក​មួយ​នៃ​កាតព្វកិច្ច​នៃបព្វជិតភាពជានិច្ច ។ វា​ចាប់​ផ្ដើម​ជាមួយនឹង​បព្វជិតភាព ហើយ​វា​នឹង​បន្ដ​រហូត​ដល់​បន្ទាប់ពី​ការ​យាង​មក​របស់ព្រះគ្រីស្ទ ពីមួយជំនាន់​ទៅមួយជំនាន់ ។…

« ដង្វាយ​ទាំងនេះ ក៏ដូចជា​ពិធីបរិសុទ្ធ​នានា​ទាំងអស់ គឺ​ជា​របស់​ផង​បព្វជិតភាព នៅពេល​ព្រះវិហារបរិសុទ្ធ​នៃ​ព្រះអម្ចាស់​នឹង​សាងសង់ឡើង ហើយ​កូនប្រុសទាំងឡាយ​នៃ​លេវី បាន​បរិសុទ្ធ នោះ​នឹង​បាន​ស្ដារឡើងវិញ និង​ចូលរួម​ពេញលេញ​នៅ​ក្នុង​អំណាច លទ្ធផល និង​ពរជ័យ​នានា​របស់ពួកគេ ។ ការណ៍នេះ​បាន​មាន ហើយ​នៅតែ​មាន​ជានិច្ច ពេល​ដែល​អំណាច​នៃ​បព្វជិតភាព​មិលគីស្សាដែក ត្រូវ​បាន​បង្ហាញ​គ្រប់គ្រាន់ តើ​ការ​ក​សាងឡើង​វិញ​នៃ​រឿង​ដែល​បាន​និយាយ​ដោយ​ព្យាការី​ដ៏បរិសុទ្ធ​ត្រូវ​បាន​បំពេញ​ទាំងអស់ យ៉ាង​ដូចម្ដេចទៅ ? វា​ពុំ​ត្រូវ​បាន​ពន្យល់​ថា ច្បាប់​របស់​ម៉ូសេ នឹង​ត្រូវ​បាន​ស្ថាបនា​ឡើង​ម្ដងទៀត ជាមួយនឹង​ក្បួន​របស់វា​ទាំងអស់ និង​ពិធីផ្សេងៗ​នោះទេ ការណ៍​នេះ​ពុំ​ដែលត្រូវបាន​និយាយ​ដោយពួកព្យាការី​ទេ ប៉ុន្តែ​រឿង​ទាំង​នោះ​ពិត​ជាមាន​តាំងពីមុន​ជំនាន់​របស់​ម៉ូសេ ដូចជា ការ​ថ្វាយដង្វាយ នឹង​ត្រូវមាន​បន្ដ » ( History of the Church,៤:២១១–១២ ) ។

ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានពន្យល់​បន្ថែមទៀត​ថា ៖

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

« យើង​កំពុង​រស់នៅ​ក្នុង​គ្រាកាន់កាប់ត្រួត​ត្រា​នៃ​ពេលពេញកំណត់ ដែល​រឿង​គ្រប់យ៉ាង​ត្រូវ​បាន​ប្រមូល​ផ្ដុំ ហើយ រឿង​គ្រប់យ៉ាង ត្រូវ​បាន​ស្ដារឡើងវិញ ចាប់តាំងពី​ដើមដំបូង ។ សូម្បី​តែផែនដីនេះ គឺ​ត្រូវ​បាន​ស្ដារឡើងវិញ​ក្នុង​ស្ថានភាព​ដែល​មានជ័យជំនះ មុនពេល​ការ​រំលង​របស់​លោក​អ័ដាម ។ ឥឡូវ​នៅក្នុង​ធម្មជាតិ​នៃវត្ថុ​ទាំងឡាយ​ច្បាប់​នៃ​ការ​ថ្វាយ នឹងត្រូវ​បាន​ស្ដារឡើងវិញ ឬក៏​រឿង​គ្រប់យ៉ាង ដែលត្រូវ​បាន​បញ្ជា​ដោយព្រះអម្ចាស់ នឹង​ពុំ​ត្រូវ​បាន​ស្ដារឡើងវិញ​ ។ ហេតុដូច្នោះហើយ វា​នឹង​ចាំបាច់ ដែល​កូនប្រុសទាំងឡាយ​នៃ​លេវី ដែល​បាន​ថ្វាយ​ដ​ង្វាយ​ជា​លោហិត​ពី​បុរាណ​នៅ​អ៊ីស្រាអែល ត្រូវ​ថ្វាយ​ដង្វាយ​ដូចនេះ​ម្ដងទៀត ដើម្បីបញ្ចប់​ពិធីបរិសុទ្ធ​នេះ​នៅក្នុង​គ្រាកាន់កាប់ត្រួតត្រា​នេះ ។ ការ​ថ្វាយ​ដង្វាយដោយ​ការ​បង្ហូរ​លោហិត គឺ​ត្រូវបាន​ជំនួស​នៅជំនាន់​របស់​លោក​អ័ដាម ហើយ​ចាំបាច់​នឹង​ត្រូវ​ស្ដារឡើងវិញ ។

« ការ​បូជា​សត្វ នឹង​ត្រូវ​បាន​ធ្វើឡើង ដើម្បី​បំពេញការ​ស្ដារឡើងវិញ​នៅពេល​ព្រះវិហារបរិសុទ្ធដែល​បាន​និយាយ​នោះ ត្រូវបាន​សាងសង់ឡើង នៅ​ការ​ចាប់​ផ្ដើម​នៃ​សហសវត្សរ៍ ឬ​នៅ​ក្នុងការ​ស្ដារឡើងវិញ នោះ​ការ​ថ្វាយ​ដង្វាយលោហិត នឹង​ត្រូវ​បាន​ធ្វើ​ឡើង​យូរ​ល្មម​ដើម្បី​បំពេញ​នូវភាព​ពេញលេញនៃ​ការ​ស្ដារឡើងវិញ​ក្នុង​គ្រាកាន់កាប់ត្រួត​ត្រានេះ ។​ ក្រោយមក ការ​ពលិកម្មនឹង​មាន​លក្ខណៈ​ផ្សេង​មួយចំនួន » ( Doctrines of Salvationed. Bruce R. McConkie [ ឆ្នាំ១៩៥៦ ], ៣:៩៤ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា១៣:១ ។ ការ​ពន្យល់​អំពី​កូនសោនានា

អែលឌើរ ប្រូស អ័រ មិកខនឃី បានពន្យល់ថា វិវរណៈដែលព្រះសំដៅលើចំពោះ កូនសោ គឺក្នុងរបៀបពីយ៉ាង ៖​

រូបភាព
អែលឌើរ​ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

« ការ​ប្រើ​ពាក្យ​កូនសោពីរ​ផ្សេងគ្នា ត្រូវ​បាន​រកឃើញ​នៅក្នុង​វិវរណៈ ។ មួយ​មាន​សេចក្ដីយោង​ទៅ​អំណាច​ដឹកនាំ ដែលសាសនាចក្រ ឬ​នគរ និង​អង្គការ​ទាំងអស់​នៃ​នគរ​ត្រូវ​បានគ្រប់គ្រង កូនសោនៃ​នគរ គឺ​ជា​អំណាច​នៃ​គណៈប្រធាន ។ ការ​ប្រើប្រាស់​មួយ​ទៀត សំដៅទៅលើ​អត្ថន័យ​ដែល​បាន​ផ្ដល់​ឲ្យ ជា​អ្វីមួយ​ដែល​ត្រូវ​បាន​បើក​សម្ដែង រក​ឃើញ ឬ​បើក​បង្ហាញ » ( Mormon Doctrine, 2nd ed. [ ឆ្នាំ​១៩៦៦ ], ៤០៩–១០ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា១៣:១ ។ កូនសោ​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​ដោយ​ការពន្លិច​សម្រាប់​ការផ្តាច់បាប

អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ផ្ដល់​នូវ​ការ​យល់​ដឹង​ដូច​ខាង​ក្រោម​អំពី​កូនសោ​នៃ​ការ​បម្រើ​របស់​ពួក​ទេវតាថា ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« តាម​របៀប​ដ៏​ជិត​ស្និត ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​អើរ៉ុន​ទាំងនេះ គឺ​សំខាន់​ផង​ដែរ​ចំពោះការបម្រើ​នៃពួកទេវតា ។

« ‹ ពាក្យ « ទេវតា » គឺ​ត្រូវបានប្រើ​ក្នុង​បទគម្ពីរ​សម្រាប់​តួអង្គ​ស្ថានសួគ៌​គ្រប់អង្គ​ដែល​មាន​សារដំណឹង​របស់ព្រះ › ( ចច ឃ្យូ ខានុន Gospel Truth, sel. Jerreld L. Newquist [ ឆ្នាំ១៩៨៧ ], ៥៤ ) ។ បទគម្ពីរ​រៀបរាប់​នូវ​ឧទាហរណ៍​យ៉ាងច្រើន ដែល​ពួក​ទេវតា​បាន​លេច​មក​ជាតួអង្គ ។…

« ប៉ុន្តែ​ការ​បម្រើ​នៃពួកទេវតា ក៏​អាចជារឿងអាថ៌​កំបាំង ។ សារលិខិត​របស់ទេវតា អាច​ត្រូវ​បាន​ផ្ដល់​ឲ្យ​ដោយ​សម្លេង ឬ​ដោយ​គំនិត ឬ​អារម្មណ៍​ទំនាក់ទំនង​នៅក្នុង​ចិត្ត ។

« … ទេវតា​ភាគច្រើន​ទំនាក់ទំនង​តាមរយៈ​អារម្មណ៍ ឬ​បាន​ស្ដាប់ឮ ជាជាងការ​បាន​ឃើញ ។

« តើ​បព្វជិតភាព​អើរ៉ុន កាន់​កូនសោ​នៃ​ការ​បម្រើ​របស់ពួកទេវតា​យ៉ាង​ដូចម្ដេច ? ចម្លើយ​គឺ​ដូចគ្នា​នឹង​ព្រះវិញ្ញាណ​នៃព្រះអម្ចាស់ ។

« ជាទូទៅ ពរជ័យ​នៃការ​មានភាពជាដៃគូ និង​ទំនាក់ទំនង​ខាង​វិញ្ញាណ គឺ​មាន​តែ​ចំពោះ​អ្នកទាំងឡាយ​ណា​ដែល​ស្អាត​ស្អំ​ប៉ុណ្ណោះ ។ ដូច​បាន​ពន្យល់​ពីខាង​ដើម តាមរយៈ​ពិធីបរិសុទ្ធ​បព្វជិតភាព​អើរ៉ុន នៃ​ពិធីបុណ្យជ្រមុជទឹក និង​ពិធីសាក្រាម៉ង់ នោះយើង​ត្រូវ​បាន​ស្អាត​ពី​អំពើ​បាប​របស់​យើង ហើយ​បាន​សន្យា​ថា បើ​យើង​រក្សា​សេចក្ដីសញ្ញា​ទាំងឡាយ​របស់​យើង នោះ​យើង​នឹង​តែងតែ​មានព្រះវិញ្ញាណរបស់ទ្រង់​គង់​នៅជាមួយ​យើងជានិច្ច ។ ខ្ញុំ​ជឿ​ថា ការសន្យា​ពុំ​សំដៅ​តែ​ទៅលើ​ព្រះវិញ្ញាណ​បរិសុទ្ធតែប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ក៏​សំដៅ​ទៅលើ​ការ​បម្រើ​នៃ​ពួកទេវតា ដ្បិត ‹ ពួក​ទេវតា​និយាយ​ដោយព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហេតុដូច្នោះ​ហើយ ពួក​ទេវតា​និយាយ​អំពី​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ › ( នីហ្វៃទី ២ ៣២:៣ ) ។ ដូច្នេះ​អ្នកទាំងឡាយ​ដែល​កាន់​បព្វជិត​ភាព​អើរ៉ុន បើក​ទ្វា​សម្រាប់​សមាជិក​សាសនាចក្រ​ទាំងអស់ ដែល​ទទួល​ទាន​ពិធីសាក្រាម៉ង់​ដោយ​សក្ដិសម ដើម្បី​រីករាយ​នឹង​ភាពជា​ដៃគូ​នៃព្រះវិញ្ញាណ​នៃព្រះអម្ចាស់ និង​ការ​បម្រើ​នៃពួកទេវតា ។

« បព្វជិតភាព​អើរ៉ុនកាន់ [ កូនសោនៃ ] ‹ ដំណឹងល្អ​នៃការ​ប្រែចិត្ត និង​ពិធីបុណ្យជ្រមុជទឹក និង​ការ​ផ្ដាច់បាប › ( គ. និង ស. ៨៤:២៧ ) ។ អំណាច​នៃការ​លាង​សម្អាត​នៃដង្វាយធួន​របស់ព្រះអង្គសង្គ្រោះ​យើង ត្រូវ​បាន​រំឭក​សម្រាប់​យើង នៅពេលយើង​ទទួលទាន​ពិធីសាក្រាម៉ង់ ។ ការសន្យា​ដែល​ថា យើងអាច ‹ បាន​ព្រះវិញ្ញាណរបស់​ទ្រង់​គង់​នៅ​ជាមួយនឹង​[ យើង​ ] ជានិច្ច › ( គ. និង ស. ២០:៧៧) គឺ​សំខាន់​ចំពោះ​ជីវភាព​ខាង​វិញ្ញាណរបស់​យើង ។ ពិធី​បរិសុទ្ធនៃ​បព្វជិតភាព​អើរ៉ុន គឺ​សំខាន់​សម្រាប់​ការណ៍​អស់ទាំងនេះ » ( « The Aaronic Priesthood and the Sacrament, » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៨, ៣៨-៤០ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា១៣:១ ។ ការ​បម្រើ​នៃពួកទេវតា

ប្រធាន​ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​ពន្យល់​ពីការ​បម្រើ​នៃពួកទេវតា​តាម​របៀប​នេះ​ថា ៖

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« កាលដែល​វិលហ្វូឌ វូឌដ្រុព្វ ជាបុរស​ដែលបាន​រស់នៅ​ជាច្រើន​ឆ្នាំ ហើយ​មានបទពិសោធន៍​យ៉ាង​ច្រើន គឺ​ជា​ប្រធាននៃ​សាសនាចក្រ នោះ​លោក​បាន​មានប្រសាសន៍​ទៅកាន់​យុវជន​នៃ​បព្វជិតភាព​អើរ៉ុន​ថា ៖ ‹ ខ្ញុំ​មានបំណង​ដើម្បីសម្ដែង​ប្រាប់អ្នក​រាល់គ្នា​អំពីការពិតថា វា​ពុំ​បាន​ធ្វើឲ្យមានភាព​ខុស​ប្លែក​គ្នា​ទេ ទោះជា​បុរស​នោះ​ជា​សង្ឃ ឬ​ជា​សាវក​ក្ដី បើ​គាត់​តម្កើង​ការ​ហៅ​របស់គាត់នោះ ។ ជាសង្ឃម្នាក់ កាន់កូនសោ​នៃការបម្រើ​នៃ​ពួកទេវតា › ។ ‹ ទោះជា​សាវក ជា​ពួកចិតសិបនាក់ ឬជា​អែលឌើរ នៅក្នុង​ជីវិត​ខ្ញុំគឺពុំដែលបានទទួល ការ​ពារមកពីព្រះអម្ចាស់​ច្រើនជាងកាល​ដែល​ខ្ញុំ​កាន់តំណែង​ជា​សង្ឃនោះ​ឡើយ › ។ ( Millennial Star, ៥៣:៦២៩ ) ។

« សូម​គិត​អំពី​វា យុវជន​ជា​ទីស្រឡាញ់របស់ខ្ញុំ​អើយ ។ បព្វជិតភាព​ដែលអ្នកកាន់នេះ​មាននូវ​កូនសោ​នៃ​ការ​បម្រើ​នៃ​ពួកទេវតា ។ តាម​ដែលខ្ញុំយល់ នោះវាមានន័យថា បើ​អ្នករស់នៅ​ដោយ​សក្ដិសម​នៃ​បព្វជិតភាព នោះអ្នកមានសិទ្ធិ​ដើម្បី​ទទួល​និង​រីករាយ​ជាមួយនឹង​ព្រះចេស្ដា​នៃ​តួអង្គស្ថានសួគ៌ ដើម្បីដឹកនាំ​អ្នក ការពារ​អ្នក និង​ប្រទានពរ​អ្នក ។ មែនហើយ បើ​គាត់​ចេះគិត​ច្រើន តើ​គាត់​នឹង​មិនស្វាគមន៍​នូវ​ពរជ័យ​អស្ចារ្យ​ដូច្នេះ​ទេឬអី ? « The Priesthood of Aaron, » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៨២, ៤៥ ) ។