មេរៀនទី ២០
គោលលទ្ធិ និង សេចក្តីសញ្ញា ១៤-១៦
បុព្វកថា
នៅចុងខែ ឧសភា ឆ្នាំ ១៨២៩ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី បានស៊ូទ្រាំនឹងការគំរាមគំហែងពីមនុស្សកំណាច ខណៈដែលកំពុងតែបញ្ចប់ការបកប្រែព្រះគម្ពីរមរមន ។ ដេវីឌ វីតមើរ បានជួយពួកគេផ្លាស់ពី ហាម៉ូនី រដ្ឋផែនសិលវេញ៉ា ទៅផ្ទះរបស់វីតមើរ នៅហ្វាយ៉ែត រដ្ឋនូវយ៉ោក ដូច្នេះពួកលោកអាចគេចចេញពីការបៀតបៀន ហើយពួកលោកអាចបង្រៀនដំណឹងល្អដែលបានស្ដារឡើងវិញដល់គ្រួសារ វីតមើរ និងអ្នកជិតខាងពួកគេផងដែរ ។ គ្រួសារ វីតមើរ បានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើព្រឹត្តការណ៍ដែលបានបើកបង្ហាញអំពីការស្ដារឡើងវិញ ។ យ៉ូសែប ស្ម៊ីធ បានពិពណ៌នាអំពី ដេវីឌ វីតមើរ ចន វីតមើរ និង ពេត្រុស វីតមើរ ជុញ្ញ័រ ថាជា « មិត្ត និងជំនួយការដ៏មោះមុតបំផុត នៅក្នុងកិច្ចការ ហើយ… រំភើបដើម្បីដឹងអំពីកាតព្វកិច្ចរបស់ពួកគេម្នាក់ៗ » ( History of the Church,១:៤៨–៤៩) ។ ព្យាការីបានអធិស្ឋាន ហើយបានទទួលវិវរណៈសម្រាប់ ដេវីឌ វិតមើរ និង បងប្អូនប្រុសគាត់ ចន និង ពេត្រុស ។ បងប្អូនប្រុសទាំងនេះ បានរៀនអំពីតួនាទីរបស់ពួកគាត់នៅក្នុងការនាំចេញមកនូវកិច្ចការរបស់ព្រះអម្ចាស់ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្តីសញ្ញា ១៤
ព្រះអម្ចាស់បានហៅដេវីឌ វិតមើរ ឲ្យជួយនៅក្នុងកិច្ចការនៅថ្ងៃចុងក្រោយ
ដើម្បីជួយសិស្សយល់អំពីប្រវត្តិខាងប្រវត្តិសាស្ត្រនៃវិវរណៈទាំងឡាយ ដែលពួកគេនឹងសិក្សានៅថ្ងៃនេះ សូមសង្ខេបព័ត៌មាននៅក្នុងបុព្វកថានៃមេរៀននេះ ។ បន្ថែមពីលើនោះ អ្នកអាចនឹងចង់សុំឲ្យសិស្សម្នាក់អានដំណើររឿងដូចខាងក្រោម ។ មុនពេលសិស្សអាន សូមពន្យល់ថា ដេវីឌ វិតមើរ ត្រូវដាំដុះស្រូវនៅលើកដីកសិដ្ឋានគ្រួសារ ហើយបានបាចកំបោរខ្លះៗដើម្បីធ្វើឲ្យដីមានជីវជាតិ ។ គាត់បានទទួលអារម្មណ៍បំផុសគំនិតថា គាត់គួរតែជួយយ៉ូសែប និងអូលីវើរ បន្ទាប់ពីគាត់បានបញ្ចប់កិច្ចការទាំងនោះ ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ស្ដាប់អព្ភូតហេតុនានា ដែលអនុញ្ញាតឲ្យ ដាវីឌ វិតមើរ ជួយដល់អូលីវើរ ខៅឌើរី និង យ៉ូសែប ស៊្មីធ គេចចេញពីអ្នកបៀតបៀនពួកគេ ៖
« ដេវីឌ បានទៅចម្ការ ហើយបានឃើញថា គាត់មានការងារយ៉ាងច្រើនដែលត្រូវធ្វើការសម្រាប់រយៈពេលពីរថ្ងៃឯណោះ ។… រួចហើយគាត់បានចងសេះភ្ជាប់រនាស់ ហើយជំនួសឲ្យការបែកចែងចម្ការជារងៗ តាមដែលកសិករធ្លាប់ធ្វើ នោះគាត់បានទៅរាស់ជុំវិញចម្ការទាំងមូល គាត់បានបន្តរហួសថ្ងៃត្រង់ គាត់បានសម្រាកសម្រាប់អាហារពេលល្ងាច គាត់បានមើលជុំវិញ ហើយបានមានការភ្ញាក់ផ្អើលថា គាត់បានរាស់បានពាក់កណ្ដាលស្រែរួចទៅហើយ ។ បន្ទាប់ពីអាហារពេលល្ងាច គាត់បានទៅធ្វើដូចពីមុន ហើយដល់ល្ងាចឡើង គាត់បានបង្ហើយអស់ការងារ ដែលត្រូវធ្វើសម្រាប់រយៈពេលពីរថ្ងៃនោះ ។
« ឪពុកគាត់ ពេលបានទៅចម្ការនៅល្ងាចនោះដែរ បានឃើញនូវអ្វីដែលបានធ្វើរួច ហើយគាត់បានស្រែកឡើងថា ‹ ច្បាស់ជាមានអំណាចពីស្ថានខ្ពស់ ជួយនៅក្នុងកិច្ចការនេះហើយ ហើយឪពុកគិតថា កូនត្រូវទៅរដ្ឋផែនសិលវេញ៉ាភ្លាម ពេលកូនបានបាចជីរួចរាល់ហើយនោះ › ។
« នាព្រឹកឡើង ដេវីឌ បានយកម៉ែត្រឈើមួយកាន់នឹងដៃ ហើយបានចេញទៅបាចជី ដែលគាត់បានទុកចោល កាលពីពីរថ្ងៃមុន គរទុកនៅជិតផ្ទះរបស់បងស្រីគាត់ ប៉ុន្តែពេលគាត់ទៅដល់ទីនោះ គាត់បានឃើញថា វាបានបាត់អស់រលីង ! រួចគាត់បានរត់ទៅរកបងស្រីរបស់គាត់ ហើយសួរគាត់ថា តើគាត់មានដឹងថាវាទៅណាទេ ។ គាត់បាននិយាយដោយភ្ញាក់ផ្អើលថា ‹ ហេតុអ្វីមកសួរបងអញ្ជឹង តើវាពុំត្រូវបានបាចកាលពីម្សិលមិញទេឬអី?›
ដេវីឌ បានឆ្លើយថា «‹ទេ តាមដែលខ្ញុំដឹងនោះ› ។
បងស្រីគាត់បានឆ្លើយថា «‹បងភ្ញាក់ផ្អើលនឹងរឿងនោះណាស់ ព្រោះក្មេងៗមករកបងកាលព្រឹកមិញ ហើយបានសុំអង្វរឲ្យបងចេញទៅមើល បុរសៗដែលបានបាចជីនៅក្នុងស្រែ ដោយនិយាយថា ពួកគេពុំធ្លាប់ឃើញនណា បាចជីលឿនដូច្នេះក្នុងជីវិតពួកគេនោះទេ។ បងបានទៅមើល ហើយបានឃើញបុរសបីនាក់នៅធ្វើការក្នុងចម្ការ ដូចជាក្មេងបាននិយាយមែន ប៉ុន្តែបងស្មានថា ប្អូនបានជួលមនុស្សឲ្យមកជួយ ព្រោះប្អូនព្យាយាមចង់ធ្វើការនោះឲ្យហើយឆាប់នោះអី បងក៏បានទៅចូលក្នុងវិញដោយពុំនិយាយអ្វីទៀតពីរឿងនោះ › ។
« ដាវីឌបានដេញដោលសាកសួរពីរឿងដែលបានកើតឡើងនោះ ទាំងនៅក្នុងចំណោមសាច់ញាតិ និងអ្នកជិតខាងរបស់គាត់ ប៉ុន្តែគ្មាននរណាដឹងថាអ្នកណាបានធ្វើនោះទេ » ( លូស៊ី ម៉ាក ស្ម៊ីធ History of Joseph Smith by His Mother, ed. Preston Nibley [ ឆ្នាំ ១៩៥៨ ], ១៤៨–៤៩ ) ។
-
តើអ្នកគិតថាបទពិសោធន៍ទាំងនេះ អាចមានឥទ្ធិពលលើដេវីឌ វិតមើរយ៉ាងដូចម្ដេចខ្លះ ?
សូមសង្ខេប គោលលទ្ធិ និង សេចក្ដីសញ្ញា ១៤:១–៥ ដោយពន្យល់ថា ព្រះអម្ចាស់ បានប្រកាសអំពីការលេចចេញមកនៃកិច្ចការរបស់ទ្រង់ និងពរជ័យដែលបានសន្យាដល់អ្នកទាំងឡាយដែលចូលរួមចំណែកក្នុងកិច្ចការនេះ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៤:៦-៧ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលការដឹកនាំរបស់ព្រះអម្ចាស់ចំពោះដេវីឌ និងពរជ័យដែលដេវីឌ នឹងទទួល ដែលជាលទ្ធផលមកពីការស្ដាប់តាមការណែនាំរបស់ព្រះអម្ចាស់ ។
-
តើព្រះអម្ចាស់សន្យាអ្វីខ្លះដល់ដេវីឌ វិតមើរ ? តើដេវីឌ បានតម្រូវឲ្យធ្វើអ្វីខ្លះ ដើម្បីការសន្យានេះត្រូវបានបំពេញ ?
សូមឲ្យសិស្សថ្លែងឡើងវិញអំពីគោលការណ៍នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៤:៧ ជាពាក្យរបស់ពួកគេផ្ទាល់ ។ នៅពេលសិស្សបានឆ្លើយតប សូមសរសេរគោលការណ៍ដូចខាងក្រោមនៅលើក្ដារខៀន ៖ បើសិនជាយើងរក្សាបទបញ្ញត្តិរបស់ព្រះ ហើយស៊ូទ្រាំរហូតដល់ទីបំផុត នោះយើងនឹងទទួលបានជីវិតដ៏អស់កល្បជានិច្ច ។
-
តើវាមានន័យយ៉ាងម៉េច ដើម្បីទទួលបានជីវិតអស់កល្បជានិច្ចនោះ ? ( ដើម្បីទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច គឺដើម្បីរស់នៅជារៀងរហូតជាមួយនឹងក្រុមគ្រួសាររបស់យើងនៅក្នុងវត្តមានរបស់ព្រះ ។ ជីវិតអស់កល្បជានិច្ច គឺជាប្រភេទជីវិតដែលព្រះទ្រង់មានព្រះជន្មនៅ ) ។
-
តើការសន្យានៃជីវិតអស់កល្បជានិច្ច លើកទឹកចិត្តយើងឲ្យរក្សាបទបញ្ញត្តិរបស់ព្រះ ហើយស៊ូទ្រាំដល់ចុងបំផុតយ៉ាងដូចម្ដេចខ្លះ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៤:៨ ឲ្យឮៗ ។ សូមឲ្យសិស្សផ្ទៀងតាមរកមើលពរជ័យផ្សេងទៀត ដែលដេវីឌ វិតមើរ អាចទទួលបានបើគាត់គោរពប្រតិបត្តិ ។ បន្ទាប់ពីសិស្សបានរាយការណ៍នូវអ្វីដែលពួកគេរកឃើញហើយនោះ សូមពន្យល់ថា មិនយូរប៉ុន្មានបន្ទាប់ពី យ៉ូសែប ស៊្មីធ បានទទួលវិវរណៈសម្រាប់ ដេវីឌ នោះដេវីឌ បានក្លាយទៅជាសាក្សីម្នាក់នៃសាក្សីបីនាក់អំពីព្រះគម្ពីរមរមន ។ គាត់បានឃើញទេវតាមរ៉ូណៃ និងផ្ទាំងចំណារមាស ហើយបានស្ដាប់ឮសំឡេងរបស់ព្រះ ថ្លែងទីបន្ទាល់អំពីសេចក្ដីពិតពេញលេញនៃកំណត់ត្រានោះ ។
សូមពន្យល់ថា ព្រះអម្ចាស់ បានប្រទានដល់ ដេវីឌ វិតមើរ នូវការសន្យាមួយទៀត អាស្រ័យទៅលើសេចក្ដីស្មោះត្រង់របស់ដេវីឌ ។ ដើម្បីរៀបចំសិស្សឲ្យប្រាប់អំពីគោលការណ៍មួយនៅក្នុងបន្ទូលរបស់ព្រះអម្ចាស់ ទៅដល់ ដេវីឌ សូមសរសេរដូចខាងក្រោមនៅលើក្ដារខៀន ៖ បើយើង ព្រះអម្ចាស់នឹង .
សូមអញ្ជើញសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៤:៩-១១ដោយស្ងាត់ស្ងៀម ។ សូមអញ្ជើញពួកគេឲ្យប្រាប់អំពីគោលការណ៍មួយ ដែលត្រូវនឹងគំរូនៅលើក្ដារខៀន ។ សូមឲ្យសិស្សពីរបីនាក់ចែកចាយអ្វីដែលពួកគេបានរកឃើញ ។ សិស្សអាចនឹងផ្ដល់យោបល់នូវគោលការណ៍ផ្សេងៗ ប៉ុន្តែត្រូវប្រាកដថា វាច្បាស់លាស់ បើយើងជួយកិច្ចការរបស់ទ្រង់ដោយស្មោះត្រង់ នោះព្រះអម្ចាស់នឹងប្រទានពរដល់យើងទាំងខាងសាច់ឈាម និងខាងវិញ្ញាណ ។
-
តើព្រះអម្ចាស់សុំឲ្យអ្នកជួយនៅក្នុងកិច្ចការរបស់ទ្រង់តាមវិធីណាខ្លះ ? តើមានពរជ័យអ្វីខ្លះដែលកើតមានក្នុងជីវិតរបស់អ្នក ពេលអ្នកបានជួយនៅក្នុងកិច្ចការរបស់ព្រះអម្ចាស់ ?
គោលលទ្ធិ និង សេចក្តីសញ្ញា ១៥-១៦
ព្រះយេស៊ូវគ្រីស្ទ បង្រៀនចន វិតមើរ និងពេត្រុស វិតមើរ ជុញ្ញ័រ អំពីអ្វីដែលមានតម្លៃបំផុតចំពោះពួកគេ
សូមអញ្ជើញសិស្សពីរនាក់ឲ្យឡើងមកខាងមុខថ្នាក់ ។ សូមឲ្យដៃគូម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៥: ១ ឲ្យឮៗ ហើយសុំឲ្យដៃគូម្នាក់ទៀតអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៦:១ ឲ្យឮៗ ។ សូមឲ្យសិស្សទាំងនេះអានខ ២-៦ នៃកណ្ឌទាំងនេះតាមរបៀបដូចគ្នា ។
សូមអញ្ជើញសិស្សឲ្យប្រាប់ពីបំណងប្រាថ្នាដែល ចន វិតមើរ និងពេត្រុស វិតមើរ ជុញ្ញ័រ មានដូចគ្នានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៥:៣–៤ និង គោលលទ្ធិ និង សេចក្តីសញ្ញា ១៦:៣–៤ ។
-
តើ ចន វិតមើរ និង ពេត្រុស វិតមើរ ជុញ្ញ័រ ទាំងពីរនាក់មានបំណងប្រាថ្នាអ្វី ? ( ដើម្បីដឹងនូវអ្វីដែលពួកគេអាចធ្វើ ដែលមានតម្លៃមហិមាបំផុតចំពោះពួកគេ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៥:៦ និង ១៦:៦ ដោយស្ងាត់ស្ងៀម ។ សូមសួរពួកគេឲ្យប្រាប់ចម្លើយដែលព្រះអម្ចាស់បានប្រទានដល់បុរសទាំងនេះ ។
-
តើព្រះអម្ចាស់បានឆ្លើយនឹងសំណួររបស់ពួកគេយ៉ាងដូចម្ដេច ? តើគោលការណ៍អ្វីដែលយើងអាចរៀនមកពីចម្លើយរបស់ព្រះអម្ចាស់នោះ ? ( ទោះជាសិស្សអាចប្រើពាក្យផ្សេងគ្នា សូមប្រាកដថា ពួកគេយល់ថា កិច្ចខិតខំរបស់យើងដើម្បីនាំអ្នកដទៃឲ្យមករកព្រះយេស៊ូវគ្រីស្ទ គឺមានតម្លៃមហិមាណាស់ចំពោះយើង ) ។
-
តើយើងអាចធ្វើអ្វីខ្លះ ដើម្បីជួយអ្នកដទៃឲ្យមករកព្រះគ្រីស្ទ ?
-
ហេតុអ្វីក៏កិច្ចខិតខំទាំងនេះមហិមាខ្លាំងម៉្លេះចំពោះយើង ?
សូមអញ្ជើញសិស្សឲ្យមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១៥ និង ១៦ ស្វែងរករបៀបដែលវិវរណៈទាំងពីរនេះ មានភាពខុសពីគ្នា ។ ( ភាពខុសគ្នាតែមួយគត់គឺថា មួយបានថ្លែងទៅកាន់ចន ហើយមួយទៀតគឺថ្លែងទៅកាន់ ពេត្រុស ) ។
សូមពន្យល់ថា ជួនកាល ព្រះអម្ចាស់បើកសម្ដែងសារលិខិតដូចគ្នាទៅកាន់មនុស្សផ្សេងគ្នា ដោយសារពួកគេមានតម្រូវការ ស្ថានភាព ឬបំណងប្រាថ្នាស្រដៀងគ្នា ។ ទោះជាយ៉ាងណាក៏ដោយ យើងអាចប្រាកដថា ទ្រង់ស្គាល់យើងម្នាក់ៗ ។ នៅក្នុងឧទាហរណ៍នេះទ្រង់បានហៅ ចន វិតមើរ និង ពេត្រុស វិតមើរ ជុញ្ញ័រ ដោយឈ្មោះ ហើយបានបើកសម្ដែងព្រះឆន្ទៈទ្រង់ដល់ពួកគេម្ដងម្នាក់ៗ ។
-
តើពរជ័យបព្វជិតភាព និងការហៅបម្រើបេសកកម្ម អាចបង្ហាញថា ព្រះស្គាល់យើងផ្ទាល់ ទោះជាពរជ័យ ឬការហៅបម្រើបេសកកម្មនោះ មាននូវពាក្យស្រដៀងគ្នា ចំពោះពាក្យដែលផ្ដល់ទៅអ្នកដទៃទៀត យ៉ាងដូចម្ដេច ?
ដើម្បីផ្ដល់ឧទាហរណ៍មួយទៀត ថាព្រះស្គាល់យើងដោយផ្ទាល់ សូមអញ្ជើញសិស្សម្នាក់ឲ្យអានដំណើររឿងខាងក្រោមដោយអែលឌើរ ដេវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« កាលលើកមុន ខ្ញុំបាននិយាយទៅកាន់អ្នកដឹកនាំបព្វជិតភាពម្នាក់ ដែលបានលើកទឹកចិត្តឲ្យទន្ទេញចាំឈ្មោះរបស់យុវវ័យទាំងអស់ដែលមានអាយុ ១៣ ទៅ ២១ ឆ្នាំ នៅក្នុងសេ្ដករបស់គាត់ ។ ការប្រើរូបថតដែលមិនដឹងខ្លួនរបស់យុវជន និងយុវនារី គាត់បានបង្កើតជាកាតបញ្ចាំង ដើម្បីគាត់អាចមើលពេលធ្វើដំណើរទៅធ្វើការ និងនៅពេលផ្សេងៗទៀត ។ អ្នកដឹកនាំបព្វជិតភាពនេះ បានរៀនយ៉ាងឆាប់អំពីឈ្មោះរបស់យុវវ័យទាំងអស់ ។
« នៅយប់មួយអ្នកដឹកនាំបព្វជិតភាពនោះ បានសុបិនអំពីយុវជនម្នាក់ដែលគាត់បានស្គាល់តែក្នុងរូបថត ។ នៅក្នុងការសុបិននោះ គាត់បានឃើញយុវជននោះ ស្លៀកពាក់អាវពណ៌ស ហើយពាក់ស្លាកឈ្មោះអ្នកផ្សព្វផ្សាយសាសនា ។ យុវជននោះ កំពុងបង្រៀនដល់គ្រួសារមួយ ដោយមានដៃគូអង្គុយជិតគាត់ ។ យុវជននោះ កាន់ព្រះគម្ពីរមរមននៅក្នុងដៃគាត់ ហើយគាត់បានមើលទៅដូចជា គាត់កំពុងថ្លែងទីបន្ទាល់អំពីភាពពេញលេញនៃព្រះគម្ពីរ ។ រួចហើយអ្នកដឹកនាំបព្វជិតភាពនោះបានភ្ញាក់ដឹងខ្លួនពីសុបិន ។
« នៅក្នុងការជួបជុំបព្វជិតភាពមួយ អ្នកដឹកនាំរូបនោះបានទៅជួបនឹងយុវជនដែលគាត់បានឃើញក្នុងសុបិន ហើយបានសុំនិយាយនឹងយុវជននោះរយៈពេលពីរបីនាទី ។ បន្ទាប់ពីការណែនាំសង្ខេបៗមក អ្នកដឹកនាំបានហៅយុវជននោះដោយឈ្មោះ ហើយបាននិយាយថា ៖ ‹ ខ្ញុំពុំមែនជាមនុស្សរវើរវាយទេ ។ ខ្ញុំពុំដែលសុបិនឃើញសមាជិកនៅលីវណាម្នាក់ក្នុងស្ដេកនេះទេ ក្រៅពីអ្នក ។ ខ្ញុំចង់ប្រាប់អ្នកអំពីសុបិនរបស់ខ្ញុំ រួចហើយខ្ញុំចង់ឲ្យអ្នកជួយខ្ញុំយល់អំពីអត្ថន័យរបស់វា › ។
« អ្នកដឹកនាំបព្វជិតភាពបានរៀបរាប់ប្រាប់ពីសុបិននោះ ហើយបានសួរដល់យុវជននោះ អំពីអត្ថន័យនៃសុបិន ។ ដោយនិយាយទាំងអួលដើមក យុវជននោះបានឆ្លើយតបដោយសាមញ្ញថា ‹ នោះមានន័យថា ព្រះស្គាល់ខ្ញុំជានរណា › ។ ការសន្ទនាបន្ទាប់ទៀត រវាងយុវជននេះ និងអ្នកដឹកនាំបព្វជិតភាព គឺមានអត្ថន័យបំផុត ហើយពួកគាត់បានយល់ព្រមដើម្បីជួប ហើយប្រឹក្សាជាមួយគ្នាពីមួយគ្រាទៅមួយគ្រា អំឡុងពេលជាច្រើនខែបន្តបន្ទាប់មក » ( The Tender Mercies of the Lord » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០០៥, ទំព័រ១០០ ) ។
-
ហេតុអ្វីក៏វាមានប្រយោជន៍សម្រាប់យើង ដើម្បីដឹងថា ព្រះស្គាល់យើងដោយផ្ទាល់ ?
សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយអំពីរបៀបដែលពួកគេដឹងថា ព្រះស្គាល់ពួកគេដោយផ្ទាល់ ។ ( អ្នកអាចនឹងចាំបាច់ត្រូវពន្យល់ថា ឧទាហរណ៍របស់សិស្ស ពុំចាំបាច់ថាវាត្រូវតែអស្ចារ្យពេកនោះទេ ។ សូមរំឭកសិស្សថា ពួកគេមិនចាំបាច់ចែកចាយពីបទពិសោធន៍ដែលផ្ទាល់ខ្លួន ឬ ឯកជនពេកនោះទេ ) ។
-
តើចំណេះដឹងដែលថា ព្រះស្គាល់អ្នកដោយផ្ទាល់អាចមានឥទ្ធិពលលើការសម្រេចចិត្តរបស់អ្នកជាប្រចាំថ្ងៃយ៉ាងដូចម្ដេច ? តើចំណេះដឹងនេះ មានឥទ្ធិពលលើការសម្រេចចិត្តរបស់អ្នកយ៉ាងដូចម្ដេច ?
អ្នកអាចនឹងចង់បញ្ចប់មេរៀននេះ ដោយការថ្លែងទីបន្ទាល់អំពីសេចក្ដីពិត ដែលអ្នកបានពិភាក្សា ហើយអញ្ជើញសិស្សឲ្យធ្វើតាមសេចក្ដីពិតទាំងនេះ ។