ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៤ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ១


មេរៀន ទី ៤

គោលលទ្ធិ និង សេចក្តីសញ្ញា ១

បុព្វកថា

ត្រឹម​ខែ​វិច្ឆិកា ឆ្នាំ ១៨៣១ យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​ច្រើន​ជាង ៦០ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សមាជិក​សាសនាចក្រ​ភាគច្រើន ពុំ​មានវិធីចូលទៅ​ប្រើ​ច្បាប់​ចម្លង​នៃ​វិវរណៈទាំងនោះឡើយ ។ ព្យាការី​យ៉ូសែប បាន​កោះហៅឲ្យ​មានសន្និសីទមួយនៅ ហៃរ៉ុម អូហៃអូ ដើម្បី​ពិភាក្សា​អំពី​ការ​បោះពុម្ព​វិវរណៈទាំងឡាយ ជា​សៀវភៅមួយ ដែល​នឹង​ហៅថា សៀវភៅ​នៃ​ព្រះបញ្ញត្តិ ។ គណៈកម្មការ​នៃ​ពួកអែលឌើរ បាន​ព្រាង​បុព្វកថា​មួយ​ចំពោះ​សៀវភៅ​នោះ ។ ដោយ​ពុំ​ពេញចិត្ត​នឹង​ការ​ពង្រាង​នេះ អ្នកទាំងឡាយ​ដែល​ចូលរួម​ក្នុង​សន្និសីទ បាន​ស្នើរសុំ​ឲ្យ​យ៉ូសែប ស្ម៊ីធ សួរ​ដល់​ព្រះអម្ចាស់​សុំ​បុព្វកថា​មួយ ។ បន្ទាប់ពីការ​ទូលអង្វរ​ដល់​ព្រះអម្ចាស់​ក្នុង​ការ​អធិស្ឋាន យ៉ូសែប បាន​ទទួល​បុព្វកថា​ដោយ​វិវរណៈ ។ បុព្វកថា​របស់​ព្រះអម្ចាស់ ចំពោះ​សៀវភៅ​នៃ​ព្រះបញ្ញត្តិ​ក្លាយជា​កណ្ឌទី ១ នៃ គោលលទ្ធិ និង សេចក្ដី​សញ្ញា ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ១:១-១៦

ព្រះអម្ចាស់​ព្រមាន​អំពី​ការ​វិនិច្ឆ័យ ដែល​នឹង​កើត​មាន​មក​លើ​អ្នក​បះបោរ នៅពេល​ការយាងមក​ជា​លើកទីពីរ ។

អ្នក​អាច​នឹង​ចាប់​ផ្ដើម​មេរៀន​នេះ ដោយ​ការ​សុំដល់​សិស្ស​ក្នុង​ថ្នាក់ឲ្យ ពិចារណា​ពី​សំណួរ​នានា​ដូចខាង​ក្រោម ពេល​អ្នក​អាន​វា​ឮៗ ។ បន្ទាប់ពីឲ្យ​ពេលគ្រប់គ្រាន់ដល់សិស្ស​ហើយ សូម​អញ្ជើញ​សិស្ស​ម្នាក់ ឬ​ពីរនាក់​ចែកចាយ​ចម្លើយ​របស់ពួកគេ ។

  • តើ​មាន​នរណាម្នាក់​ធ្វើ​ឲ្យ​អ្នកចាប់​ចំណាប់អារម្មណ៍ ហើយព្រមាន​អ្នកអំពី​អ្វី​មួយ​នៅពេលណាដែរ​ឬ​ទេ ? តើ​អ្នក​ឆ្លើយតប​ដោយ​របៀប​ណា ?

  • តើ​អ្នក​​មាន​អារម្មណ៍​ដឹងថា​មនុស្ស​ម្នាក់ ខំ​ព្រមានដល់​អ្នក​យ៉ាង​ដូចម្តេច ? ហេតុអ្វី​អ្នក​មាន​អារម្មណ៍​បែបនោះ ?

សូម​ដាក់​បង្ហាញ​គម្ពីរ គោលលទ្ធិ និង សេចក្ដី​សញ្ញា របស់អ្នក ហើយ​ពន្យល់​ថា នៅក្នុង​គម្ពីរ​នេះ ព្រះអម្ចាស់​បាន​ផ្ដល់នូវ​ការ​ព្រមាន ដាក់បទបញ្ញត្តិ និង​ការ​ណែនាំ​ជាច្រើន ដែល​សំខាន់​សម្រាប់​សុភមង្គល និង​សេចក្ដី​សង្គ្រោះ​របស់​យើង ។ សូម​ប្រាប់​សិស្ស​ថា ព្រះអម្ចាស់ បាន​បើក​សម្ដែង​កណ្ឌ​ទី ១ ជា​បុព្វកថា ចំពោះ​វិវរណៈដទៃទៀត នៅ​ក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ។ បុព្វកថា រៀបចំ​អ្នកអាន​សម្រាប់​មាតិការ​នៃ​សៀវភៅ​មួយ ដោយ​សង្ខេប​សារ និង​គោលបំណង​របស់​អ្នកនិពន្ធ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពី​បរិបទ​ប្រវត្តិសាស្ត្រ​សម្រាប់ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១ អ្នក​អាច​នឹង​ចង់​រៀបរាប់​ពីព័ត៌មាន​មួយចំនួន​មកពី​បុព្វកថា​នៃ​មេរៀន​នេះ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១:១-៣ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ផ្ទៀងតាម និង​ប្រាប់​អំពី​ពាក្យ ឬ​ឃ្លានានា​ដែល​ព្រះអម្ចាស់ បាន​ប្រើ​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​ទាំងឡាយ​ដែល​នឹង​អាន​បន្ទូល​ទ្រង់ ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​អ្វី​ដែល​ពួកគេ​រកឃើញ ។ ( នៅពេល​សិស្ស​ឆ្លើយ​តប អ្នក​អាច​នឹង​ចង់​ពន្យល់​ថា ការ​ស្ដាប់ មានន័យ​ថា​ស្ដាប់​ដោយ​យកចិត្ត​ទុកដាក់ ។ នៅពេល​យើង​ពិតជា​ស្ដាប់​ព្រះអម្ចាស់ នោះ​យើង​នឹង​ដើរ​តាម​ការ​ប្រឹក្សា​របស់ទ្រង់ ហើយ​គោរព​តាមបទបញ្ញត្តិ​របស់ទ្រង់ ) ។

  • តើ​ព្រះអម្ចាស់​កំពុង​មានបន្ទូល​ទៅកាន់​នរណា ក្នុង​ខគម្ពីរ​ទាំងនេះ ? ( ព្រះអម្ចាស់ កំពុង​មានបន្ទូល​ទៅកាន់​កូនចៅ​មនុស្ស​ទាំងអស់លើ​ផែនដី ពុំ​គ្រាន់​តែ​សមាជិក​នៃ​សាសនាចក្រ​ប៉ុណ្ណោះទេ ) ។

  • តើ​អ្នក​គិតថា​វា​មានន័យ​យ៉ាងណា ត្រង់​ឃ្លាថា « សេចក្ដីទុច្ចរិត​របស់ពួកគេ​នឹង​ត្រូវ​ថ្លែង​ប្រាប់​ពី​លើ​ដំបូល​ផ្ទះ ហើយ​អំពើស្ងាត់​កំបាំង​របស់ពួកគេ នឹង​ត្រូវ​បើក​សម្ដែង​មក​ឲ្យ​ឃើញ» នោះ? (គ និង ស ១:៣) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ១:៤-៧​ឲ្យ​ឮៗ ហើយ​សួរ​ដល់សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ប្រាប់​ពី​របៀប​ដែលព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ទ្រង់នឹង​ផ្ដល់​ការ​ព្រមាន​របស់ទ្រង់​ដល់​មនុស្ស​ទាំងអស់តាម​របៀប​ណា ។

  • តើ​ព្រះអម្ចាស់​មានបន្ទូល​ថា ទ្រង់​នឹង​ផ្ដល់​ការ​ព្រមាន​របស់ទ្រង់​ដល់​មនុស្ស​ទាំងអស់​តាម​របៀប​ណា ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែ​ពួកគេ​គួរ​តែ​ប្រាប់​ពី​គោលលទ្ធិ​ដូច​ខាង​ក្រោម ៖ ព្រះអម្ចាស់ មាន​បន្ទូល​ការ​ព្រមាន​របស់ទ្រង់​ដល់​មនុស្ស​ទាំងអស់ តាមរយៈ​ពួកសិស្ស​ជម្រើស​របស់ទ្រង់ ។ អ្នក​អាច​នឹង​ចង់​ឲ្យ​យោបល់​ដល់​សិស្ស​ឲ្យគូស​ចំណាំ​គោលលទ្ធិ​នេះ​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១:៤ ឬ​សរសេរ​វា​នៅ​រឹម​ខគម្ពីរ​របស់ពួកគេ ) ។

  • តើ​ព្រះអម្ចាស់ នឹង​មាន​បន្ទូល ហើយបោះពុម្ព​ការ​ព្រមាន​របស់ទ្រង់ តាមរយៈពួកសិស្ស​ណា​ខ្លះ ?

សូម​សង្ខេប គោលលទ្ធិ និង សេចក្ដី​សញ្ញា ១:៨-១០ ដោយ​ការ​ពន្យល់​ថា ព្រះអម្ចាស់ បាន​ប្រកាស​ថា ទ្រង់​នឹង​ជំនុំជម្រះ​មនុស្ស​ទាំងអស់ ស្របតាម​ទង្វើរបស់ពួកគេ និង​របៀប​ដែល​ពួកគេ​ប្រព្រឹត្ត​នឹង​អ្នកដទៃ ។ សូម​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១:១១-១៤ ឲ្យ​ឮៗ ហើយ​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀងតាម និង​ប្រាប់​ការ​ព្រមាន​បន្ថែម​ទៀត ។

  • ស្របតាម​លេខយោង ១២ តើ​ព្រះអម្ចាស់​សំដៅ​ទៅ​លើ​ព្រឹត្តការណ៍​អ្វីខ្លះ នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ១:១២?

  • នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១:១៤ តើ​អ្នក​គិត​ថា​ព្រះអម្ចាស់​ចង់​មាន​ន័យ​យ៉ាងណា នៅពេល​ទ្រង់​បានព្រមាន​ថា អ្នក​ទាំងឡាយ​ដែល​ពុំ​ស្ដាប់​តាមពួកព្យាការី និង​ពួកសាវក​របស់ទ្រង់ នឹង​ត្រូវ​កាត់ចេញ ? ( ពួកគេ​នឹង​ត្រូវ​បំបែក​ចេញ​ពី​ពួក​សុចរិត ហើយ​បាត់បង់ពរជ័យ ដែល​មាន​តាមរយៈ​ពិធីបរិសុទ្ធ និង​សេចក្ដីសញ្ញានានា​នៃ​ដំណឹងល្អ ) ។

សូម​ពន្យល់​ថា ការ​ព្រមាន​ទាំងនេះ គឺ​ចាំបាច់ណាស់ ដោយ​សារតែមាន​អំពើទុច្ចរិត និង​ការក្បត់សាសនា​នៅទូទាំង​ពិភពលោក ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា 1១:១៥-១៦ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​ប្រាប់​ពាក្យ ឬ​ឃ្លា​នានា ដែល​បង្ហាញ​ពី​សេចក្ដីទុច្ចរិត ឬ​ការ​ក្បត់​សាសនា ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្រាប់​ពី​អ្វី​ដែល​ពួកគេ​បានរកឃើញ ។

  • តើ​មនុស្ស​នៅក្នុង​ជំនាន់​របស់​យើងដើរ « តាម​វិធី​ផ្ទាល់ខ្លួន [ ពួកគេ ] ហើយ​ដើរ​តាម​រូបភាព​នៃ​ព្រះ​ផ្ទាល់ខ្លួន [ ពួកគេ ] តាម​របៀប​ណា​ខ្លះ ? (គ និង ស ១:១៦) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១:១៧-៣៣

ដំណឹងល្អ​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​តាមរយៈ​យ៉ូសែប ស្ម៊ីធ ដើម្បី​រៀបចំ​ពិភពលោក​សម្រាប់​គ្រោះ​មហន្តរាយ​នៃ​ថ្ងៃ​ចុង​ក្រោយ

សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​ត្រួសៗ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១:១៧ ហើយ​ប្រាប់​ពាក្យ ដែល​ព្រះអម្ចាស់​បាន​ប្រើ សំដៅទៅលើ​សេចក្ដីទុច្ចរិត ការ​ក្បត់សាសនា និង​ការ​បំផ្លិចបំផ្លាញ ដែលនឹង​កើត​ឡើងនៅ​ថ្ងៃ​ចុង​ក្រោយ ។ នៅពេល​សិស្ស​ប្រាប់​ពាក្យគ្រោះមហន្តរាយ សូម​ពន្យល់​ថា នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ១:១៧-៣៣ ព្រះអម្ចាស់ បាន​ផ្ដល់​ដំណោះ​ស្រាយ​ដើម្បី​ជួយ​យើង​ឆ្លង​កាត់​គ្រោះ​មហន្តរាយ​នៃ​ថ្ងៃ​ចុង​ក្រោយ​នោះ ។ ( អ្នក​អាច​នឹង​ចង់​ពន្យល់​ថា ពាក្យ គ្រោះ​មហន្តរាយ គឺ​សំដៅ​ទៅលើ​ព្រឹត្តការណ៍ប្រកប​ដោយគ្រោះថ្នាក់ ដែល​មាន​ជាមួយ​នូវការ​បាត់បង់​ដ៏ធំ ការ​ឈឺចាប់ និង​ការ​រងទុក្ខ) ។

សូម​ចម្លង​តារាង​ខាងក្រោម ដាក់​លើ​ក្ដារខៀន ឬ រៀបចំ​វា​ជា​ក្រដាស​សម្រាប់ចែកឲ្យ​សិស្ស ៖

តើ​ដំណោះស្រាយ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​សម្រាប់​គ្រោះមហន្ដរាយ ដែល​នឹង​កើតមាន​មក​លើ​ផែនដី មានអ្វីខ្លះ ?

តើ​ដំណោះ​ស្រាយនេះ ជួយ​យើង​ប្រឈមមុខ​នឹង​គ្រោះមហន្ដរាយ​នៃ​ថ្ងៃ​ចុង​ក្រោយ​យ៉ាងដូចម្ដេច?

គ និង ស ១:១៧

គ និង ស ១:១៨-២៣

គ និង ស ១:២៩

គ និង ស ១:៣០

អ្នក​អាច​នឹង​ចង់​សុំ​ឲ្យ​សិស្ស​បំពេញ​តារាង​ខ្លួនឯង ឬ​ជាដៃគូ ។ សូម​សិស្ស​ឲ្យ​អាន​វគ្គ​បទគម្ពីរ នៅ​ផ្នែក​ខាង​ឆ្វេង​នៃ​តារាង ហើយ​ប្រាប់​ពី​ដំណោះ​ស្រាយ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ ដើម្បី​ជួយយើង​ពេល​គ្រោះមហន្តរាយ​នៃ​ថ្ងៃ​ចុង​ក្រោយ ។ សូម​ឲ្យ​ពួកគេ​សរសេរ​ពិពណ៌នា ឬ​គូ​ររូបភាព​អំពី​អ្វី​ដែល​ពួកគេ​រកឃើញ​នៅក្នុង​កូឡោន​កណ្ដាល​នៃ​តារាង​នោះ ។ នៅក្នុង​ប្រអប់​ខាងស្ដាំ សូម​ពួកគេ​ឲ្យ​សរសេរ​ការ​ពន្យល់​សង្ខេបៗ អំពី​របៀប​ដែលដំណោះស្រាយ​និមួយៗ​របស់ព្រះអម្ចាស់ អាច​ជួយ​យើង​ក្នុង​គ្រា​គ្រោះ​មហន្តរាយ​នៃ​ថ្ងៃ​ចុង​ក្រោយ ។

ក្រោយពីឲ្យ​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​បានកត់ត្រា​នៅក្នុង​តារាង ។ ចម្លើយ​នៅក្នុង​កូឡោន​កណ្ដាល គួរ​តែ​មាន​ដូច​ខាង​ក្រោម ៖ ព្រះអម្ចាស់ បាន​ហៅ​យ៉ូសែប ស្ម៊ីធ ហើយ​បាន​ប្រទាន​វិវរណៈ និង​បទបញ្ញត្តិ​ដល់​លោក ( សូមមើល គ និង ស ១:១៧) ព្រះអម្ចាស់ បាន​បញ្ជា​ពួក​អ្នក​បម្រើ​ទ្រង់​ឲ្យ​ទៅ​ទូទាំង​ផែនដី ដើម្បី​ប្រកាស​ដំណឹងល្អ​របស់ទ្រង់ ហើយ​ស្ថាបនា​សេចក្ដីសញ្ញា​របស់ទ្រង់ ( សូមមើល គ និង ស ១:១៨-២៣) ព្រះអម្ចាស់ បាន​បើក​សម្ដែង​ព្រះគម្ពីរ​មរមន ( សូមមើលគ និង ស ១:២៩) ហើយ​ព្រះអម្ចាស់​បាន​ស្ដារ​សាសនាចក្រ​របស់​ទ្រង់​នៅ​លើ​ផែនដី ( សូមមើល គ និង ស ១:៣០) ។ ចម្លើយ​នៅក្នុង​កូឡោន​ខាង​ស្ដាំ​អាច​មាន​ផ្សេងៗ​គ្នា ។ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។

ដើម្បីជួយសិស្ស​គិត​បន្ថែម​អំពី ការ​ប្រកាស​របស់ព្រះអម្ចាស់​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១:៣០ អ្នក​អាច​នឹង​ចង់​ឲ្យ​យោបល់​ដល់​ពួកគេ​ឲ្យ​គូសចំណាំ​ពាក្យ​ក្នុង​ខគម្ពីរ​នេះ ដែល​បង្ហាញ​ពី​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ គឺ​ជា​សាសនាចក្រ​តែ​មួយ​ដែល​ពិត ហើយ​សកម្ម​នៅលើផ្ទៃ​ផែនដី ។

  • ផ្អែក​ទៅលើ​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​មេរៀន​មុន អំពី​ការ​ក្បត់សាសនា​ដ៏ធំ តើ​អ្នក​នឹង​ពន្យល់​ដល់​នរណា​ម្នាក់ អំពី​មូលហេតុ​ដែល សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ គឺ​ជា​សាសនាចក្រ​តែមួយ​ដែល​ពិត ហើយ​សកម្ម​នៅលើផ្ទៃផែនដី​ដោយ​របៀប​ណា ?

  • តើ​អ្វី​ដែល​ធ្វើ​ឲ្យ​សាសនាចក្រ​នេះ « សកម្ម » ?

សូម​ពន្យល់​ថា តាមរយៈ​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ព្រះអម្ចាស់​អាច​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ ជាមួយ​នឹង​ការ​បន្ដ​ផ្ដល់​វិវរណៈ ។ វិវរណៈ​ដែល​មាន​ជា​បន្ដបន្ទាប់នេះ គឺ​ជា​ឧទាហរណ៍​មួយពី​របៀប​ដែល​សាសនាចក្រ​នេះ​សកម្ម ។

  • ហេតុអ្វី​ក៏​វា​សំខាន់​ចំពោះ​អ្នក ដើម្បី​ដឹង​ថា​អ្នក​ស្ថិត​នៅក្នុង​សាសនាចក្រ​តែមួយ ដែលពិត ហើយ​សកម្ម​នៅលើ​ផ្ទៃ​ផែនដី ?

  • តើ​អ្នក​គិត​ថា ព្រះអម្ចាស់​ចង់​មាន​ន័យ​យ៉ាង​ណា ពេល​ទ្រង់​មាន​បន្ទូល​ថ្លែង​ថា ទ្រង់​សព្វព្រះទ័យនឹង​សាសនាចក្រ​របស់ទ្រង់ « ទាំងស្រុង ហើយ​មិនមែននិមួយៗ​ទេ » នោះ ? (គ និង ស ១:៣០) ។ ( ទោះ​ជា​សាសនាចក្រ​ពិត ហើយ​សាសនាចក្រ​ទាំងស្រុង គឺ​ជា​ទី​សព្វ​ព្រះទ័យ​ដល់ព្រះអម្ចាស់​ក្ដី ក៏​មាន​សមាជិក​មួយចំនួន​ក្នុង​សាសនាចក្រ អាច​នឹងមិន​រស់នៅ​តាម​របៀប​មួយ​ដែល​សព្វព្រះទ័យ​ចំពោះទ្រង់​ដែរ) ។​

សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្រាវជ្រាវ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១:៣១-៣៣ ហើយ​ប្រាប់​អំពី​អ្វី​ដែលព្រះអម្ចាស់​បាន​មាន​បន្ទូល​អំពី​អំពើបាប និង​ការ​ប្រែចិត្ត ។

  • តើ​ព្រះអម្ចាស់​ទតមើល​អំពើបាប​យ៉ាង​ដូចម្ដេច ? តើ​យើង​អាច​ត្រូវ​បាន​អភ័យ​ទោស​ដោយ​របៀប​ណា ?

  • ស្របតាម គោលលទ្ធិ និង សេចក្ដី​សញ្ញា ១:៣៣ តើ​អ្វី​ខ្លះ​កើតឡើង​ចំពោះ អ្នក​ទាំងឡាយ​ដែ​លមិន​ប្រែចិត្ត ?

  • តើ​វា​មាន​ន័យ​យ៉ាង​ណា​ដែល​ថា « ពន្លឺ » ត្រូវ​បាន​ដក​ចេញ​នោះ ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ១:៣៤-៣៩

ព្រះអម្ចាស់ ដឹកនាំ​យើង​ឲ្យ​ស្រាវជ្រាវ​ទំនាក់ទំនង និង​បទបញ្ញត្តិ ដែលមាននៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ។

សូម​សង្ខេបគោលលទ្ធិ និង សេចក្ដី​សញ្ញា ១:៣៤-៣៦ ដោយ​ពន្យល់​ថា ព្រះអម្ចាស់ បាន​បង្ហាញ​ព្រះរាជបំណង​របស់ទ្រង់​ម្ដងទៀត ដើម្បី​ព្រមាន​ដល់​មនុស្ស​ទាំងអស់​ឲ្យ​រៀបចំខ្លួន​សម្រាប់​ការ​យាងមក​ជាលើក​ទីពីរ​របស់ទ្រង់ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១:៣៧-៣៩ ឲ្យ​ឮៗ ។ សូម​ដល់សិស្ស​ក្នុង​ថ្នាក់​ឲ្យផ្ទៀង​តាម ហើយ​រក​មើល​សេចក្ដីពិត ដែលព្រះអម្ចាស់​បាន​គូសបញ្ជាក់​នៅ​ក្នុងសេចក្ដីបញ្ចប់​នៃ​បុព្វកថា​របស់ទ្រង់ ចំពោះ គោលលទ្ធិ និង សេចក្ដី​សញ្ញា ។

  • តើ​សេចក្ដីពិត​អ្វីខ្លះ ដែល​ព្រះអម្ចាស់​គូស​បញ្ជាក់​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ១:៣៧-៣៩? ( នៅពេល​សិស្ស​ចែកចាយ​សេចក្ដីពិត​ដែល​ពួកគេ​បាន​ប្រាប់ សូម​ប្រាកដ​ថា សេចក្ដី​តទៅនេះ​គឺ​ច្បាស់លាស់ ៖ យើង​ត្រូវ​ស្រាវជ្រាវ​​បទបញ្ញត្តិ ដែលព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ ។ ព្រះ​បន្ទូល​របស់​ព្រះអម្ចាស់ ​នឹង​ត្រូវ​បាន​បំពេញទាំងអស់ ។ ព្រះបន្ទូល​របស់ព្រះអម្ចាស់ គឺពិត ទោះជា​វា​ត្រូវ​បាន​មានបន្ទូល​ដោយ​ទ្រង់​ផ្ទាល់ ឬ​ដោយ​ពួក​អ្នក​បម្រើ​ទ្រង់​ក្ដី) ។

  • ផ្អែក​ទៅលើ​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ថ្ងៃនេះ តើ​អ្នក​អាច​ត្រូវ​បាន​ប្រទានពរ​យ៉ាង​ដូចម្ដេច បើ​អ្នកស្រាវជ្រាវ​បទបញ្ញត្តិ និងវិវរណៈ​ទាំងឡាយ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា​នោះ ?

សូម​អញ្ជើញ​សិស្ស​ពីរបីនាក់ ឲ្យ​ចែកចាយ​ពីរបៀប​ដែល​ការ​ស្រាវជ្រាវ​បទគម្ពីរ បាន​ប្រទានពរ​ដល់ជីវិត​របស់ពួកគេ ។ អ្នក​ក៏អាច​ចង់​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ចំណាំ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់ពួកគេ នូវ​គោលដៅ​ដើម្បី​សិក្សា​គោលលទ្ធិ និង​សេចក្ដី​សញ្ញា​ប្រចាំ​ថ្ងៃ ​អំឡុង​ឆ្នាំ​សិក្សា ។ សូម​ឲ្យ​ពួកគេ​ពិចារណា​អំពី​ពេលវេលា ទីកន្លែង និង​រយៈពេល​ដែល​ពួកគេ​នឹង​សិក្សា​រាល់​ថ្ងៃ​នោះ ។ សូម​ប្រាប់​ពួកគេ​ថា អ្នក​នឹង​ធ្វើការ​តាមដាន​ជារឿយៗ ដើម្បី​ជួយ​ពួកគេ​ទទួល​ជោគជ័យ​ក្នុងការ​សិក្សា​ប្រចាំ​ថ្ងៃ​របស់ពួកគេ ។

សេចក្តី​អធិប្បាយនិង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១:១៤។ « ស្ដាប់​​តាម​ពាក្យ​សម្ដី​របស់​ពួកព្យាការី »

អែលឌើរ អិម រ័សុល បាឡឺដ បាន​បង្រៀន​ថា ៖

រូបភាព
អែលឌើរ អិម រ័សុល បាឡឺដ

« បងប្អូន​ប្រុសស្រី វា​ពុំ​មែន​ជា​រឿង​តូចតាច​ទេ ដើម្បី​មាន​ព្យាការី​ម្នាក់​របស់​ព្រះ​ក្នុង​ចំណោម​ពួកយើង​នោះ ។ ពរជ័យ ​គឺ​មហិមា និង​អស្ចារ្យ​ណាស់ ដែល​កើត​មាន​ក្នុង​ជីវិត​របស់​យើង ពេល​យើង​ស្ដាប់​ព្រះបន្ទូល​របស់ព្រះអម្ចាស់ ដែលបាន​ប្រទានដល់​យើង តាមរយៈរូបលោក ។ ដូច​គ្នា​នោះ​ដែរ ពេល​ដឹង​ថា [ ប្រធាន នៃ​សាសនាចក្រ ] គឺ​ជា​ព្យាការីរបស់ព្រះ ក៏បាន​ប្រទានដល់​យើង​នូវការ​ទទួលខុសត្រូវ ។ នៅពេល​យើង​ស្ដាប់​តាម​ការ​ទូន្មាន​របស់ព្រះអម្ចាស់ ដែល​បង្ហាញ​តាមរយៈ​ពាក្យសម្ដី​របស់​ប្រធាន​នៃ​សាសនាចក្រ នោះ​ការ​ឆ្លើយ​តប​របស់យើង​គួរ​តែ​ធ្វើ​ឡើងដោយ​វិជ្ជមាន និង​ឲ្យ​បាន​ឆាប់ ។ ប្រវត្តិសាស្ត្រ បាន​បង្ហាញ​ថា មានសុវត្ថិភាព សន្ដិភាព ភាពរុងរឿង និង​សុភមង្គល នៅក្នុង​ការ​ឆ្លើយតប​ចំពោះ​ដំបូន្មាន​របស់ព្យាការី ដូច​នីហ្វៃពីជំនាន់​ដើម​ថា ៖ ‹ ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ​នូវ​អ្វីៗ​ដែល​ព្រះអម្ចាស់​ទ្រង់​បាន​បញ្ជា › (នីហ្វៃទី ១ ៣:៧His Word Ye Shall Receive »Ensign ខែ ឧសភា ឆ្នាំ ២០០១ ទំព័រ ៦៥ ) ។