ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៧ ៖ តួនាទី​របស់​អ្នក​រៀន


មេរៀន​ទី ៧

តួនាទី​របស់​សិស្ស

សេចក្តីផ្តើម

គោលបំណង​នៃ​មេរៀន​នេះ គឺ​ដើម្បី​ជួយ​សិស្ស​ឲ្យ​រៀន​អំពី​របៀប​បំពេញ​តួនាទី​របស់ពួកគេ​ក្នុងការ​រៀនសូត្រ​ដំណឹងល្អ ។ ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈប្រធាន​ទីមួយ ​បាន​មាន​ប្រសាសន៍​ថា « ការ​ផ្លាស់ប្រែចិត្តជឿ​ពិត អាស្រ័យ​លើ​ការ​ស្វែង​រក​សេចក្ដីជំនឿ​របស់សិស្ស​ដោយ​សេរី និង​ដោយ​កិច្ចខិត​ខំ​ដ៏​ខ្លាំង » ( « We Must Raise Our Sights » [ address to CES religious educators ] ថ្ងៃ​ទី ១៤ ខែ សីហា ឆ្នាំ ២០០១ ] ទំព័រ ៤ LDS.org ) ។ នៅពេល​អ្នក​ជួយ​សិស្ស​ឲ្យ​បំពេញ​តួនាទី​របស់ពួកគេ​ក្នុង​ដំណើរ​ការ​រៀនសូត្រ នោះ​ពួកគេ​នឹង​រៀន​ពី​របៀប​ដើម្បី​អញ្ជើញ​ឲ្យ​មាន​វិវរណៈ​ផ្ទាល់ខ្លួន ហើយ​មាន​ការ​ផ្លាស់ប្រែ​ចិត្តជឿ​កាន់​តែខ្លាំង​ទៅ​លើ​ព្រះអម្ចាស់ ។ អ្នក​អាច​នឹង​ត្រូវការ​រំឭក​គោលការណ៍​នានា ដែល​បាន​បង្រៀន​នៅក្នុង​មេរៀន​នេះ​ជា​ទៀងទាត់ ដើម្បី​រំឭក​សិស្ស​អំពី​តួនាទី​របស់ពួកគេ​ក្នុង​ការរៀនសូត្រ​ដំណឹងល្អ ។

យោបល់​សម្រាប់ការ​បង្រៀន

តួនាទី​របស់គ្រូបង្រៀន អ្នក​រៀន និង​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​ការ​រៀនសូត្រ​ដំណឹងល្អ ។

សូម​នាំ​យក​អាហារ ឬ​ទឹក​មក​ថ្នាក់​រៀន ( ដូចជា ចំណិត​ផ្លែឈើ ឬ​ចំណិត​នំប៉័ង ឬ​ទឹក​មួយកែវ ) ។ សូម​អញ្ជើញ​សិស្ស​ពីរ​នាក់ឡើង​មក​ខាងមុខ​ថ្នាក់ ។ សូម​ឲ្យ​សិស្ស​ម្នាក់​បរិភោគ​អាហារ​នោះ​មួយ​ម៉ាត់ ឬ​ផឹក​ទឹក​មួយ​ក្រេប ។ សូមសុំ​ឲ្យ​សិស្ស​ទីមួយ​រៀបរាប់​អំពី​រសជាតិ​អាហារ ( ឬ​ទឹក ) ទៅ​សិស្ស​ទីពីរ ។ សូម​លើកទឹកចិត្ត​គាត់ រៀបរាប់​វា​ឲ្យ​បាន​ល្អ ដើម្បី​ឲ្យ​ការរៀបរាប់​នោះ បាន​ជួយ​បំពេញ ឬ​បំបាត់​ការ​ស្រេកឃ្លាន​របស់​សិស្ស​ទីពីរ។ បន្ទាប់​មក​សួរ​សិស្ស​ទីពីរ​នូវ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​អ្នក​ទទួលបាន​ប្រយោជន៍​អ្វី​មក​ពី​អាហារ ( ឬ​ទឹក ) ដែល​សិស្ស​ម្នាក់ទៀត​បាន​រៀបរាប់​នោះ ?

  • តើ​ការ​រៀបរាប់​របស់​សិស្ស ជួយ​បំបាត់​ការ​ស្រេក​ឃ្លាន ( ឬ​ការ​ស្រេក​ទឹក ) របស់​អ្នក​បាន​ល្អ​យ៉ាង​ណា ?

  • តើ​អ្នក​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ទទួល​បាន​កម្លាំង ឬ​ប្រយោជន៍​មកពី​អាហារ ( ឬ​ទឹក )​នេះ ?

សូម​សួរ​សិស្ស​ក្នុង​ថ្នាក់​អំពី​របៀប​ដែល​ឧទាហរណ៍នេះ នៃ​ការ​បំពេញ​តម្រូវការ​ខាង​រូបកាយ​របស់យើង អាច​ទាក់ទង​នឹង​ការ​ទទួលខុសត្រូវ​របស់យើង ដើម្បី​រៀន និង​រីកចម្រើន​ខាង​វិញ្ញាណ​យ៉ាង​ដូចម្ដេច ។

សូម​ចង្អុល​បង្ហាញ​ថា មនុស្ស​ខ្លះ​គិត​ថា ការទទួលខុសត្រូវ​ចំពោះការ​រៀន​ដំណឹងល្អ​ផ្អែក​ជាចម្បង​ទៅលើ​គ្រូបង្រៀន ។ ទោះជា​យ៉ាង​ណា ក៏ដូចជា​ឧទាហរណ៍​អំពី​អាហារ ឬ​ទឹក មនុស្ស​ម្នាក់ពុំអាច​ទទួល​យក​សេចក្ដីពិតខាងវិញ្ញាណ​ជំនួស​មនុស្ស​ម្នាក់​ទៀត​បាន​ឡើយ ។ យើង​ម្នាក់ៗ​ត្រូវ​តែ​រៀន និង​អនុវត្ត​សេចក្ដីពិត​នៃ​ដំណឹងល្អ​សម្រាប់​ខ្លួន​យើង ដើម្បីទទួលបាន​កម្លាំង និង​ការរីកចម្រើន​ខាង​វិញ្ញាណ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:១១៨ ឲ្យឮៗ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀងតាម រកមើល​ពាក្យ ឬ​ឃ្លា​ដែល​ពិពណ៌នា​អំពី ការ​ទទួលខុសត្រូវ​របស់យើង​ក្នុង​ការ​រៀន​ដំណឹង​ល្អ ។

  • តើ​ពាក្យ ឬ​ឃ្លា​ណា ដែល​ពិពណ៌នា​អំពីការ​ទទួល​ខុសត្រូវ​របស់​យើង​ក្នុង​ការ​រៀន​ដំណឹងល្អ ? ( « ព្យាយាម​ស្វែងរក » « បង្រៀន​គ្នាទៅវិញទៅមក » « ស្វែងរក​ការ​រៀន គឺ​ដោយ​ការ​សិក្សា និង​ដោយ​សេចក្ដីជំនឿ​ផង » ។ អ្នក​អាច​នឹង​ចង់​អញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​សរសេរ​ឃ្លា​ទាំងនេះ នៅលើ​ក្ដារខៀន ដូច​ដែល​សិស្ស​បាន​និយាយ​ប្រាប់ ) ។

  • យើង​ស្គាល់​អត្ថន័យ​ស្វែងរក​ការ​រៀនសូត្រ​គឺ « ដោយសារ​ការ​សិក្សា » ។ តើ​អ្នក​គិត​ថា វា​មាន​ន័យ​យ៉ាង​ណា ដើម្បី​ស្វែងរក​ការ​រៀនសូត្រ « ដោយ​សារ​សេចក្ដីជំនឿ​ផង » ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​កាន់​តែ​យល់អំ​ពីអត្ថន័យ​នៃ​ឃ្លានេះ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​ឲ្យ​ឮៗ​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ បើ​អាច​ធ្វើ​ទៅបាន សូម​ផ្ដល់​ច្បាប់ចម្លង​ដល់សិស្ស​ម្នាក់មួយច្បាប់ៗ ឬ​សរសេរ​សេចក្ដីថ្លែង​នោះ​នៅលើ​ក្ដារខៀន​មុន​ពេល​ចាប់​ផ្ដើម​ថ្នាក់រៀន ។ សូម​សិស្ស​ឲ្យ​ស្វែងរក​ពាក្យ ឬ​ឃ្លា ដែល​ជួយ​ពួកគេ​ឲ្យ​យល់​បទបញ្ញត្តិ​របស់ព្រះអម្ចាស់ ដើម្បី​ស្វែងរក​ការ​រៀនសូត្រ​ដោយ​សេចក្ដីជំនឿ ។

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

« ការរៀនសូត្រ​ដោយ​សេចក្ដី​ជំនឿ តម្រូវ​ឲ្យ​មាន​កិច្ចខិត​ខំ​ខាង​វិញ្ញាណ ខាង​សតិអារម្មណ៍ និង ខាង​រូបកាយ ហើយ​ពុំ​មែន​គ្រាន់​តែ​ជា​ការ​ទទួលភាព​អកម្ម​នោះ​ទេ ។…

«… សិស្ស​ត្រូវ​តែ​អនុវត្តសេចក្ដីជំនឿ ហើយ​ធ្វើ​សកម្មភាព​ដើម្បី​ទទួល​បាន​ចំណេះ​ដឹង​សម្រាប់​ខ្លួន​ពួកគេ » ( « Seek Learning by Faith » [ address to CES religious educators ថ្ងៃទី ៣ ខែ​កុម្ភៈ ឆ្នាំ ២០០៦ ] ទំព័រ ៣ LDS.org ) ។

សូម​សរសេរ​សេចក្ដីថ្លែង​ការណ៍​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ ការ​រៀន​សូត្រ​ខាង​វិញ្ញាណ តម្រូវ​ឲ្យ …

សូម​ដល់​សិស្ស​ឲ្យ​ប្រើ​ការ​ពន្យល់​ដោយ​អែលឌើរ បែដណា និង​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​ការ​ទទួលខុសត្រូវ​របស់​យើង ជា​អ្នក​រៀន​សូត្រ​ដើម្បី​បំពេញ​សេចក្ដី​ថ្លែង​ការណ៍​នេះ ។ ចម្លើយ​ដែល​ឆ្លើយ អាច​នឹងមាន ដូចខាង​ក្រោម ៖ ការ​រៀន​សូត្រ​ខាង​វិញ្ញាណ តម្រូវ​ឲ្យ​មាន​ការ​ខិតខំពី​ខ្លួន​យើង ។ ការ​រៀន​សូត្រ​ខាង​វិញ្ញាណ តម្រូវ​ឲ្យ​យើង​អនុវត្ត​សេចក្ដីជំនឿ និង​ធ្វើសកម្មភាព ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពីឥទ្ធិពល​ដែល​ការ​ខិតខំ​ផ្ទាល់ខ្លួន អាច​មាន​ទៅលើ​ការ​រៀនសូត្រ​ខាង​វិញ្ញាណ​របស់ពួកគេ សូមគូរ​ឌីយ៉ាក្រាម​ដែល​មានអមជាមួយ នៅលើ​ក្ដារខៀន ។ សូម​ពន្យល់​ថា នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥០ ព្រះអម្ចាស់ ជួយ​យើង​ឲ្យ​យល់កាន់​តែ​ច្បាស់ អំ​ពីតួនាទី​របស់យើង​នៅក្នុង​ការ​រៀន​សូត្រ​ដំណឹងល្អ ។ ដើម្បី​ធ្វើ​ដូច្នេះ ដំបូង​ទ្រង់​ពន្យល់​អំពី​តួនាទី​របស់​គ្រូ​បង្រៀន និង​ព្រះវិញ្ញាណ​បរិសុទ្ធ នៅក្នុង​ការ​រៀនសូត្រ​ដំណឹងល្អ ។

រូបភាព
ត្រីកោណ​ព្រះវិញ្ញាណ​បរិសុទ្ធ

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥០:១៣-១៤ ឲ្យឮៗ ។ មុន​ពេល​សិស្ស​អាន សូម​ពន្យល់​ថា ខទាំងនេះ ត្រូវ​បាន​ផ្ដល់​ទៅ​ឲ្យ​ពួកបរិសុទ្ធ​ជំនាន់​មុន ដែល​ត្រូវ​បាន​តែងតាំង​ឲ្យ​បង្រៀន​ដំណឹងល្អ​ដល់​អ្នកដទៃ ។ សូម​អញ្ជើញ​សិស្ស​ពាក់​កណ្ដាល​ថ្នាក់ ឲ្យ​រកមើល​ពាក្យ​ដែល​ពិពណ៌នា​អំពី​ការទទួលខុសត្រូវ​របស់​គ្រូបង្រៀន ។ សូម​អញ្ជើញ​សិស្ស​ពាក់​កណ្ដាល​ថ្នាក់ទៀត ឲ្យ​រកមើល​ពាក្យ​ដែល​ពិពណ៌នា​អំពី​ការទទួល​ខុសត្រូវ​របស់​ព្រះវិញ្ញាណ ។

  • ស្របតាម​ខទាំងនេះ តើ​ការ​ទទួលខុសត្រូវ​របស់​គ្រូបង្រៀន គឺជា​អ្វី ? ( ដើម្បី​ផ្សាយដំណឹងល្អ​ដោយ​ព្រះវិញ្ញាណ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​សរសេរ ផ្សាយ​ដំណឹងល្អ​ដោយ​ព្រះវិញ្ញាណ នៅ​ខាង​ក្រោម​ពាក្យ គ្រូបង្រៀន នៅ​លើឌីយ៉ាក្រាម ) ។

  • តើ​តួនាទី​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ឬ​ព្រះ​ដ៏​ជា​ជំនួយ គឺ​ជា​អ្វី ? ( ដើម្បី​បង្រៀនពី​សេចក្ដីពិត ។ សូមឲ្យ​សិស្ស​ម្នាក់​បន្ថែម​ពាក្យ បង្រៀន​ពី​សេចក្ដីពិត នៅ​ខាង​ក្រាមពាក្យ ព្រះវិញ្ញាណ​បរិសុទ្ធ នៅលើ​ឌីយ៉ាក្រាម ) ។

សូម​សរសេរ​សេចក្ដីពិត​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​ជា​គ្រូបង្រៀន​ពិត ។ សូម​ពន្យល់​ថា ខណៈពេល​ដែល​គ្រូបង្រៀន អ្នក​ផ្សព្វផ្សាយ​សាសនា ឬ​ថ្នាក់ដឹកនាំ​ក្នុង​សាសនាចក្រ មាន​ការទទួលខុសត្រូវ​ដើម្បី​ផ្សាយ​ដំណឹងល្អ​ដោយ​ព្រះវិញ្ញាណ វា​គឺ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​ទេ​តើ ដែល​បើក​សម្ដែង បំភ្លឺ និង​នាំ​សេចក្ដីពិត​នៃដំណឹងល្អ​មក​ក្នុង​ដួងចិត្ត​របស់​យើង ។

  • តើនៅពេល​ណា ដែល​អ្នក​មាន​អារម្មណ៍​ដឹង​ថា ព្រះវិញ្ញាណ​បរិសុទ្ធ កំពុង​បង្រៀន​អ្នក ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥០:១៩-២១ ឲ្យឮៗ ។ សូម​ឲ្យសិស្ស​ផ្ទៀងតាម រក​មើល​ពាក្យ​ដែលពិពណ៌នា​អំពី​ការ​ទទួលខុសត្រូវ​របស់​អ្នក​រៀន​សូត្រ ។

  • ស្របតាម​ខទាំង​នេះ តើ​ការ​ទទួលខុសត្រូវ​របស់​អ្នក​រៀនសូត្រ​គឺ​ជា​អ្វី ? ( ដើម្បី​ទទួល​ព្រះបន្ទូល​នៃ​សេចក្ដីពិត​ដោយ​ព្រះវិញ្ញាណ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​សរសេរ​ពាក្យ​ទទួល​ដោយ​ព្រះវិញ្ញាណ នៅខាង​ក្រោម​ពាក្យ អ្នក​រៀន​សូត្រ​នៅលើ​ឌីយ៉ាក្រាម ) ។

ដើម្បី​ជួយ​សិស្ស​យល់​កាន់​តែ​ច្បាស់​អំពី​អត្ថន័យ​ដើម្បី​ទទួល​ដោយ​ព្រះវិញ្ញាណ សូមសុំ​ពួកគេ​ឲ្យ​ពិចារណា​ថា តើ​មនុស្ស​ម្នាក់​តម្រូវឲ្យ​​មានអ្វី ដើម្បី​ទទួល​បាន​បាល់​ពី​មនុស្ស​ម្នាក់​ទៀត ដែល​កំពុង​ទាត់ ឬ​កំពុង​បោះ​វា​ទៅ​ពួកគេ​នោះ ។

  • តើ​មនុស្ស​ម្នាក់​ចាំបាច់​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ទទួលបាន​បាល់ ? ( លើក​ដៃ​របស់​ខ្លួន​ឡើង ហើយ​ចាប់​វា ) ។ តើ​វា​ដូច​គ្នា​ទៅនឹង​ការ​ខិតខំ​របស់​អ្នក​រៀន​សូត្រ​ម្នាក់ ត្រូវ​ធ្វើ ដើម្បី​ទទួលបាន​ព្រះបន្ទូល​នៃ​សេចក្ដីពិត​ដោយ​ព្រះវិញ្ញាណ​យ៉ាង​ដូចម្ដេចដែរ ? ( ដើម្បីទទួល​បាន​បាល់ មនុស្ស​ម្នាក់ ត្រូវ​ត្រៀមចាំ​ចាប់​បាល់ ។ ដូចគ្នា​នេះ​ដែរ យើង​ត្រូវ​តែ​ត្រៀម​ដួងចិត្ត និង​គំនិត​របស់​យើង ដើម្បី​ទទួល​សេចក្ដីពិត​ដោយ​ព្រះវិញ្ញាណ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្រាវជ្រាវ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥០:២២ ដោយ​ស្ងាត់ស្ងៀម រកមើល​អ្វី​ដែល​កើត​ឡើង ពេល​យើង​ធ្វើការ​ខិតខំ​នេះ ដើម្បី​ទទួល​បាន​ដំណឹងល្អ ហើយ​រៀន​សូត្រ​ដោយ​សេចក្ដីជំនឿ ។ ពីមុន​សិស្ស​អាន សូម​ពន្យល់ថា ពាក្យ បាន​ស្អាងឡើង សំដៅ​ទៅ​លើ​ការ​ដែល​ត្រូវ​បាន​លើក​ឡើង ឬ​ស្ថាបនា​ឡើង​ខាង​វិញ្ញាណ ។

  • ស្របតាម​ខ​នេះ តើ​មាន​ពរជ័យ​អ្វី​ខ្លះ ដែល​គ្រូបង្រៀន និង​អ្នក​រៀន​ទទួលបាន​តាមរយៈព្រះវិញ្ញាណ បើ​ពួកគេ​បំពេញ​ការ​ទទួល​ខុសត្រូវ​របស់​ពួកគេ​ក្នុង​ការ​បង្រៀន និង​ការ​រៀនសូត្រ​ដំណឹងល្អ​នោះ ? ( ការ​យល់ដឹង, ការ​ស្អាងឡើង និង​សេចក្ដីអំណរ) ។

សូម​ប្រាប់​សិស្ស​ថា អែលឌើរ រីឆាដ ជី ស្កត បាន​ថ្លែង​ទីបន្ទាល់​អំពី​ទំនាក់ទំនង​រវាង​អ្នក​រៀនសូត្រ​ដែល​បំពេញ​តួនាទី​របស់​ពួកគេ និង​ឱកាស​របស់​ព្រះវិញ្ញាណ​ដើម្បី​បង្រៀន និង​ថ្លែងទីបន្ទាល់ ។ បើ​អាច​ធ្វើ​ទៅបាន សូម​ចែក​ដល់សិស្ស​ម្នាក់ៗ​នូវ​ច្បាប់​ចម្លង​សេចក្ដីថ្លែង​ការណ៍​មួយ​ដូច​ខាង​ក្រោម ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដីថ្លែង​ការណ៍​ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​ឃ្លា​ដែល​ពន្យល់​អំពី​ឥទ្ធិពល​នៃ​កិច្ចខិតខំ​របស់​អ្នក​រៀនសូត្រ មាន​ចំពោះ​ឱកាស​របស់ព្រះវិញ្ញាណបរិសុទ្ធ​ដើម្បី​បង្រៀន ។

រូបភាព
អែលឌើរ រីឆាដ ជី ស្កត

« ការសម្រេចចិត្ត​របស់ [ អ្នក​រៀនសូត្រ ] ដើម្បី​ចូលរួម គឺ​ជា​ការអនុវត្ត​នូវ​សិទ្ធ​ជ្រើសរើស ដែល​អនុញ្ញត​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ បញ្ជូន​សារលិខិត​ផ្ទាល់​ខ្លួន មួយ ដែល​ត្រូវ​នឹង​សេចក្តី​ត្រូវការ​ផ្ទាល់ខ្លួន [ របស់​ពួកគេ ] ។ ការ​បង្កើត​បរិយាកាស​នៃ​ការ​ចូលរួម ពង្រីក​ឱកាស​ដែល​ព្រះវិញ្ញាណ​នឹង​បង្រៀន​មេរៀន​កាន់តែ​សំខាន់​ជាង [ គ្រូបង្រៀន ] អាច​ទំនាក់ទំនង » (« To Learn and to Teach More Effectively » [ BYU Campus Education Week devotional ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០០៧ ] ទំព័រ ៤–៥ speeches.byu.edu ) ។

  • ស្របតាម​សេចក្ដីថ្លែងការ​របស់​អែលឌើរ ស្កត តើ​យើង​អាច​អញ្ជើញ​ព្រះវិញ្ញាណបរិសុទ្ធ​ដើម្បី​បង្រៀន​យើង​តាម​របៀប​ណា ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សង្ខេប​អំពី​របៀប​ដែល​កិច្ចខិតខំ​របស់ពួកគេ ក្នុង​នាម​ជា​អ្នក​រៀនសូត្រ មាន​ឥទ្ធិពល​យ៉ាង​ណា​ចំពោះឱកាស​របស់ព្រះវិញ្ញាណបរិសុទ្ធ​ដើម្បីបង្រៀន ។ សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែ​ពួកគេ​គួរ​បង្ហាញ​នូវ​គោលការណ៍​ដូច​ខាង​ក្រោម ៖ នៅពេល​យើង​អនុវត្ត​សិទ្ធិជ្រើសរើស​របស់យើង​ដើម្បី​ចូលរួម​ក្នុង​ដំណើរ​ការ​រៀនសូត្រ នោះ​យើង​អាច​អញ្ជើញ​ព្រះវិញ្ញាណ​ដើម្បី​បង្រៀន និង​ថ្លែង​ទីបន្ទាល់​ពី​សេចក្ដីពិត ។ សូម​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន នៅខាង​ក្រោម​ពាក្យទាំងឡាយ​ដែល​បាន​ប្រាប់​ពី​មុន​ៗ ។

ដើម្បី​ផ្ដល់​ឧទាហរណ៍​មួយដល់​សិស្ស អំពី​នរណា​ម្នាក់​ដែល​អនុវត្ត​សិទ្ធិ​ជ្រើសរើស​របស់​គាត់ ដើម្បី​រៀន​សូត្រ​តាម​រយៈការ​សិក្សា និង​សេចក្ដីជំនឿ សូម​អញ្ជើញ​ពួកគេ​ឲ្យ​នឹកគិត​អំពី​ដំណើររឿង​នៃ​ការ​និមិត្ត​ដំបូង​របស់​យ៉ូសែប ស្ម៊ីធ ។ សូម​ចាត់​តាំងសិស្ស​ជាគូៗ ហើយ​ចាត់តាំង​គូ​នីមួយៗ អាន​ខគម្ពីរ​ខាងក្រោម​មួយ ឬ​ច្រើន ៖ យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:៨, ១០, ១១, ១២, ១៣, ១៤, ១៥, ១៦, ១៨ ។ ( អ្នក​អាច​សរសេរ​ខ​ទាំង​នេះ​លើ​ក្ដារខៀន ) ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​ខ​ដែល​បាន​ចាត់​ឲ្យ​ពួកគេ​នោះ ហើយ​ពិភាក្សា​នូវ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​យ៉ូសែប​បាន​ខិត​ខំ ដើម្បី​រៀន​សេចក្ដីពិត​ខាងវិញ្ញាណ​យ៉ាង​ដូចម្ដេច ?

បន្ទាប់​ពី​ឲ្យ​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​គូ​និមួយៗ​ប្រាប់​ពី​ឃ្លា ដែល​បង្ហាញ​អំពី​កិច្ចខិតខំ​របស់​យ៉ូសែប ចេញ​មកពី​ខគម្ពីរ​ដែល​បាន​ចាត់តាំង​ឲ្យពួកគេ​នោះ ។

សូម​ថ្លែង​ទីបន្ទាល់​អំពី​ឆន្ទៈ​របស់​យ៉ូសែប ក្នុងការ​សិក្សា​ព្រះបន្ទូល​របស់​ព្រះ ហើយ​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ ទៅលើ​អ្វី​ដែល​លោក​បាន​រៀន ដែល​នាំ​ឲ្យ​មាន​ចំណេះដឹង​ដ៏ធំកើតឡើង ហើយជា​ពរជ័យ​មួយ មាន​សម្រាប់​យើង​ទាំងអស់គ្នា ។ សូម​អញ្ជើញ​សិស្ស​ឲ្យស្រាវជ្រាវ យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:២០ ដោយស្ងាត់​ស្ងៀម រកមើល​អ្វី​ដែល​យ៉ូសែប បាន​ថ្លែង​ទៅម្ដាយ​របស់លោក ពេល​លោក​បាន​ត្រឡប់មក​ផ្ទះវិញ បន្ទាប់ពី​ទទួល​បាន​ការនិមិត្ត​ដំបូង ។

  • តើ​ឃ្លាណា នៅក្នុង​សេចក្ដី​ថ្លែង​​របស់​យ៉ូសែប ចំពោះ​ម្ដាយ​របស់​លោក​ឆ្លុះបញ្ចាំង​ថា លោក​បាន​រៀន​សេចក្ដីពិត​ដោយ​ខ្លួន​លោក ? ( « ខ្ញុំ​បានចេះដឹង​ដោ​យ​ខ្លួនខ្ញុំ » ) ។

សូម​អញ្ជើញសិស្ស​ឲ្យ​ប្រាប់​គោលការណ៍​មួយ ដែល​យើង​អាច​រៀន​មកពី​បទពិសោធន៍​របស់​យ៉ូសែប ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​បង្ហាញ​ពី​យោបល់​របស់ពួកគេ​ជា សេចក្ដីថ្លែង « បើសិនជា -នោះ » ។ ខាង​ក្រោម​នេះ គឺ​ជា​វិធីមួយ​ដែល​សិស្ស​អាច​បង្ហាញ​គោលការណ៍​នេះ ៖ បើ​យើង​សិក្សា​ព្រះបន្ទូល​របស់ព្រះ​ដោយ​ឧស្សាហ៍ព្យាយាម ហើយ​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ នោះ​យើង​អាច​ដឹង​សេចក្ដីពិត​នៃ​ដំណឹងល្អ​ដោយ​ខ្លួន​យើងផ្ទាល់ ។ (អ្នក​អាច​នឹង​ចង់​ឲ្យ​យោបល់​ដល់សិស្ស​ឲ្យ​សរសេរ​គោលការណ៍នេះ ជា​ពាក្យ​របស់គេ​ផ្ទាល់​នៅជិត​នឹង​យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:២០) ។

យោងទៅលើ​សកម្មភាព​អាហារ ឬ​ទឹក អ្នក​អាច​ប្រើនៅ​ពេល​ចាប់​ផ្ដើម​ថ្នាក់ ។ សូម​រំឭកសិស្ស​ថា ការ​ទទួលទាន​នូវ​ការ​ចិញ្ចឹមបីបាច់​ខាង​រូបកាយ តម្រូវ​ឲ្យ​មាន​ការខិតខំ​ពីខ្លួន​យើង ហើយ​ថា​យើង​អាច​ទទួលប្រយោជន៍​ពី​អាហារ ឬ​ទឹក បាន​តែ​តាមរយៈ​ការ​ទទួលទាន ឬ​ការ​ផឹកវា​ចូលមកក្នុង​ខ្លួន​យើង​ប៉ុណ្ណោះ ។ សូម​ថ្លែងទីបន្ទាល់ថា វា​ដូចគ្នា​នឹង​ខាងវិញ្ញាណ​ដែរ៖ ដំណឹងល្អ​អាច​ចូល​មក​ក្នុង​ដួងចិត្ត​របស់យើង ហើយ​ក្លាយ​ជា​ចំណែក​របស់យើង តែ​នៅពេល​យើង​ខិតខំ​រៀនសូត្រ​សេចក្ដីពិត​នៃ​ដំណឹងល្អ ហើយ​អនុវត្ត​វា​នៅក្នុងជីវិត​យើងផ្ទាល់​ប៉ុណ្ណោះ ។

  • តើ​សកម្មភាព​អ្វី​ខ្លះ ដែល​អ្នក​នឹង​ធ្វើនៅ​ឆ្នាំ​នេះ ដើម្បី​អញ្ជើញ​ព្រះវិញ្ញាណ ដើម្បី​បង្រៀន​អ្នក ហើយ​នាំ​សេចក្ដីពិត​នៃ​ដំណឹងល្អ​ចូល​មក​ក្នុង​ដួងចិត្ត​អ្នកនោះ ? ( ចម្លើយ អាច​រួមមាន ការ​ចូលរួម​ក្នុង​ការ​ប្រជុំ​សាសនាចក្រ និង​ថ្នាក់រៀន រួម​មាន ថ្នាក់សិក្ខាសាលា ការ​ចូលរួម​ក្នុង​ការ​ប្រជុំ និង​ថ្នាក់​រៀន តាមរយៈ​ការ​ច្រៀង​ទំនុកដំកើង ការ​គូសចំណាំ​ខគម្ពីរ ការ​កត់ត្រា​ការបំផុសគំនិត ការ​ឆ្លើយ​សំណួរ ការ​ចែកចាយ​បទពិសោធន៍ និង​ការ​ថ្លែងទីបន្ទាល់ និង​ការ​បង្រៀន​អ្នកដទៃ ការ​ចូលរួម​ក្នុង​រាត្រីជួបជុំ​ក្រុមគ្រួសារ និង​ការ​សិក្សា​បទគម្ពីរជា​គ្រួសារ មាន​ការ​សិក្សា​ព្រះគម្ពីរ និង​ការ​អធិស្ឋាន​ផ្ទាល់ខ្លួន​ជាប្រចាំ និង​ការ​អនុវត្ត​គោលការណ៍​ដំណឹងល្អ​ក្នុង​ជីវិត​របស់ពួកគេ ។ សូម​អញ្ជើញសិស្ស​ឲ្យ​សរសេរ​គោលដៅ​មួយ ឬ​ច្រើន ) ។

សូម​បញ្ចប់​ដោយ​ការ​សុំ​ឲ្យ​សិស្ស​នឹកគិត​អំពី​ទីបន្ទាល់​របស់ពួកគេ​ចំពោះដំណឹងល្អ និង​អ្វី​ដែល​ពួកគេ​ដឹង​ដោយ​ខ្លួន​គេ​ថា​ជាការពិត ។ សូម​អញ្ជើញ​សិស្ស​ពីរបីនាក់​ឲ្យ​ចែកចាយ​អំពី​របៀប​ដែល​ការ​ខិតខំ​ផ្ទាល់​ខ្លួន​របស់ពួកគេ​ក្នុងការ​រៀនសូត្រ​ដំណឹងល្អ មាន​ឥទ្ធិពល​ទៅលើ​ទីបន្ទាល់ និង​ទំនាក់ទំនង​របស់ពួកគេ​ជាមួយ​នឹង​ព្រះអម្ចាស់ ។ សូម​បន្ថែម​ទីបន្ទាល់របស់អ្នក​អំពី​កម្លាំង និងការ​ណែនាំ ដែល​យើង​អាច​ទទួល​បាន​មកពីព្រះអម្ចាស់ នៅក្នុង​ការ​ឆ្លើយតប​ចំពោះការខិតខំ​របស់យើង ដើម្បី​រៀន​សូត្រ និង​រស់នៅ​តាម​គោលការណ៍​ដំណឹងល្អ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

សិស្ស​អាច​អញ្ជើញ​ព្រះវិញ្ញាណបរិសុទ្ធ​ឲ្យ​បញ្ជាក់អំពី​អ្វី​ដែល​ពួកគេ​កំពុង​រៀនសូត្រ

អែលឌើរ ដាវីឌ អេ បែដណា បាន​ថ្លែង​ទីបន្ទាល់​អំពី​ទំនាក់ទំនង​រវាង​អ្នក​រៀនសូត្រ​ដែល​បំពេញ​តួនាទី​របស់ពួកគេ និង​ឱកាស​របស់​ព្រះវិញ្ញាណ​ដើម្បី​បង្រៀន និង​ថ្លែងទីបន្ទាល់​ថា ៖

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

« អ្នក​រៀនសូត្រ អនុវត្តសិទ្ធិជ្រើសរើស​របស់ពួកគេ តាមរយៈការ​ធ្វើសកម្មភាព​ស្រប​ទៅតាម​គោលការណ៍​ត្រឹមត្រូវ បើក​ដួងចិត្ត​ពួកគេ​ឲ្យ​ព្រះវិញ្ញាណបរិសុទ្ធ-- ហើយ​អញ្ជើញ​ការបង្រៀន​របស់ទ្រង់ អំណាច​នៃការថ្លែងទីបន្ទាល់ និង​សាក្សី​បញ្ជាក់​របស់​ទ្រង់ ។… វា​គឺ​ស្ថិត​ទៅលើ​សកម្មភាព​ដែល​បំផុសសេចក្ដីជំនឿ​របស់យើង​ដោយ​ស្មោះត្រង់ និង​ខ្ជាប់ខ្ជួនទេតើ ដែល​យើង​បង្ហាញ​ប្រាប់​ដល់​ព្រះវរបិតាសួគ៌ និងព្រះរាជបុត្រា​របស់ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ នូវ​ឆន្ទៈ​ដើម្បី​រៀន​សូត្រ​របស់យើង ហើយ​ទទួល​ការ​បង្រៀនមកពី​ព្រះវិញ្ញាណបរិសុទ្ធ » ( « Seek Learning by Faith » [ address to CES religious educators ថ្ងៃទី ៣ ខែ កុម្ភៈ ឆ្នាំ ២០០៦ ] ទំព័រ ៣ LDS.org) ។

សារៈសំខាន់​នៃ​ការសិក្សា​ព្រះគម្ពីរ​ជាប្រចាំ​ថ្ងៃ

ពិតចំពោះ​សេចក្ដីជំនឿ បាន​ថ្លែង​អំពី​សារៈសំខាន់​នៃ​ការសិក្សា​ព្រះគម្ពីរ​ជាប្រចាំ​ថ្ងៃ​ដូចខាង​ក្រោម ៖

« ព្យាការី​ថ្ងៃចុងក្រោយ បាន​ប្រឹក្សា​យើង​ឲ្យ​សិក្សា​ព្រះគម្ពីរ​រាល់ថ្ងៃ ទាំង​ដោយ​ផ្ទាល់ខ្លួន និង ជាមួយ​នឹង​គ្រួសារ​របស់​យើង ។ ពួក​លោក លើក​ទឹកចិត្ត​យើង​ដូចជា នីហ្វៃ បាន​លើក​ទឹកចិត្ត​ដល់​បងប្អូន​ប្រុស​របស់​លោក ឲ្យប្រដូច​បទគម្ពីរ​ទៅ​នឹង​ខ្លួន​យើង សូម​ស្វែងរក​របៀប​ទាំង​ឡាយ ដែល​ជា​ដំណើររឿងពិសិដ្ឋ​ក្នុង​ជំនាន់បុរាណ អនុវត្តក្នុងជីវិតរបស់​យើង​សព្វថ្ងៃនេះ ( សូមមើល នីហ្វៃទី ១ ១៩:២៣-២៤ ) ។ ពួកលោក​បាន​ទូន្មាន​ដល់​យើង​ថា ‹ ស្ទង់មើល​គម្ពីរ › (យ៉ូហាន ៥:៣៩) និង ‹ ទទួល​ទាន​នូវ​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ › (នីហ្វៃទី ២ ៣២:៣ ) ។

« អ្នក​នឹង​ទទួល​បាន​ប្រយោជន៍​យ៉ាង​ខ្លាំង ដោយ​ការធ្វើតាម​ការប្រឹក្សា​នេះ ។ ការសិក្សា​ព្រះគម្ពីរដ៏​ជ្រាលជ្រៅ​ជា​ប្រចាំថ្ងៃ ជួយ​អ្នក​ឲ្យ​ទទួល​បាន​ការខ្សឹបប្រាប់​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ វា​ជួយ​កសាង​សេចក្ដីជំនឿ​របស់​អ្នក ធ្វើឲ្យ​អ្នក​មាំមួន​ប្រឆាំង​នឹង​ការល្បួង និង ជួយ​អ្នក​ឲ្យ​ខិតជិត​ទៅ​ព្រះវរបិតា​សួគ៌ា​របស់អ្នក និង​ព្រះរាជបុត្រា​ដ៏​ស្ងួនភ្ងា​របស់​ទ្រង់ ។

« អភិវឌ្ឍ​គម្រោង​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​អ្នក ។ សូម​ញែក​ពេល​មួយ​ចំនួន​រៀង​រាល់ថ្ងៃ ដាក់​សម្រាប់​សិក្សា​ព្រះគម្ពីរ ។ អំឡុង​ពេល​នោះ សូម​អាន​ដោយ​ប្រុងប្រយ័ត្ន ដោយ​យកចិត្តទុកដាក់​ទៅ​នឹង​ការបំផុស​នៃ​ព្រះវិញ្ញាណ ។ សូម​ដល់​ព្រះវរបិតាសួគ៌ា​របស់​អ្នក ឲ្យ​ជួយ​អ្នក​ដឹង​ពី​អ្វី​ដែល​ទ្រង់​នឹង​ចង់​ឲ្យ​អ្នក​រៀន និង ធ្វើ ។

« បន្ដ​អាន​ព្រះគម្ពីរ ជាពិសេស​ព្រះគម្ពីរ​មរមន ពេញ​មួយ​ជីវិត​របស់​អ្នក ។ អ្នក​នឹង​រក​ឃើញ​នូវរតនៈសម្បត្តិ​នៃ​បទគម្ពីរ​ម្ដងហើយ​ម្ដងទៀត ដោយ​រកឃើញ​អត្ថន័យ និង​ការ​អនុវត្ត​ថ្មី​នៅក្នុង​នោះ ពេលអ្នក​សិក្សា​វា​នៅ​ដំណាក់កាល​ផ្សេងៗ​ក្នុងជីវិត » ( ពិត​ចំពោះ​សេចក្ដីជំនឿ៖ ឯកសារ​យោង​នៃ​ដំណឹងល្អ [ ឆ្នាំ ២០០៤ ] ទំព័រ ១៥៦ ) ។

ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈប្រធាន​ទីមួយ​បាន​មាន​ប្រសាសន៍ ៖

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

« ប្រសិន​បើ​យើង​ធ្វើ​ឲ្យ​មាន​ទម្លាប់​មិន​ហ្មត់ចត់​នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​របស់​យើង នោះ​យើង​នឹង​មាន​ទម្លាប់​មិន​ហ្មត់ចត់​នៅក្នុង​ការអធិស្ឋាន​របស់​យើង​ផងដែរ ។

យើង​មិន​អាច​ឈប់​អធិស្ឋាន​បាន​ទេ បើ​ខ្វះ​គោល​បំណង នោះការអធិស្ឋាន​របស់​យើង នឹង​ក្លាយ​ជា​ច្រំដែលៗ​ដូច​គ្រឿង​ម៉ាស៊ីន ។ ដួងចិត្ត​របស់យើង ពុំ​អាច​ខិតទៅជិត​ព្រះ​ដែល​យើង​មិនស្គាល់​បាននោះឡើយ ហើយ​ព្រះគម្ពីរ និង​ពាក្យ​សម្ដី​របស់​ព្យាការី​នៅរស់​ជួយ​យើង​ឲ្យ​ស្គាល់​ទ្រង់ » ( Prayer » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០១ ទំព័រ ១៧ ) ។