ថ្នាក់​សិក្ខាសាលា
មេរៀន​សិក្សា​នៅផ្ទះ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ៣-៧; ១០; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦-៦៧ ( មេរៀន​ទី ៣ )


មេរៀន​សិក្សា​នៅ​ផ្ទះ

គោលលទ្ធិ និង សេចក្តីសញ្ញា ៣–៧; ១០; យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:៦៦–៦៧ ( មេរៀន​ទី ៣ )

ការរៀបចំ​សម្ភារសម្រាប់គ្រូបង្រៀនដល់សិស្សដែលសិក្សានៅផ្ទះ

សេចក្ដីសង្ខេបនៃមេរៀនសិក្សានៅផ្ទះប្រចាំថ្ងៃ

ខាង​ក្រោម នេះ​គឺ​ជា​សេចក្តីសង្ខេប​នៃព្រឹត្តិការណ៍ គោលលទ្ធិ និង គោលការណ៍​ដែល​សិស្ស​បាន​រៀន​នៅពេល​ពួកគេបាន​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣–៧;​ ១០; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦–៦៧ ( មេរៀន​ទី ៣ ) មិនមែន​ត្រូវយក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀនផ្ដោត​លើ​គោលលទ្ធិ និង គោលការណ៍​តែពីរបី​ទាំង​នេះប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការរបស់​សិស្ស ។

ថ្ងៃ​ទី ១ (គោលលទ្ធិ និង សេចក្តីសញ្ញា ៣;១០)

នៅពេល​សិស្ស​បាន​រៀន​ពី​ស្ថានភាព​ជុំវិញ​ការបាត់​ឯកសារ ១១៦​សន្លឹក​នៃ​ព្រះគម្ពីរ​មរមន នោះ ពួកគេ​បាន​ឃើញ​ថា​គម្រោងការណ៍​ទាំងឡាយ​នៃ​ព្រះ​នោះ​ពុំ​អាច​ធ្វើ​ឲ្យ​ស្មុគស្មាញបាន​ឡើយ ។ ព្រះអម្ចាស់​ស្តី​បន្ទោស​យ៉ូសែប ស្ម៊ីធ សម្រាប់​ការទូលអង្វរ​ដដែលៗ ដើម្បី​ផ្តល់​ឯកសារ​សរសេរ​ដោយ​ដៃ​នោះ​ឲ្យ​ទៅ​ម៉ាទីន ហារីស នោះ​សិស្ស​បាន​រៀន​ថា​ពួកគេ​គួរតែ​ខ្លាច​ព្រះ​ជាជាង​ខ្លាច​ការបញ្ចុះបញ្ចូល​របស់​មនុស្ស ហើយ​ថា​ប្រសិនបើ​យើង​ស្មោះត្រង់​ចំពោះ​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​គាំទ្រ​យើង​ ក្នុងអំឡុង​គ្រា​លំបាក​នានា ។ បន្ទាប់​ពី​ផ្ទាំង​ទាំង​នោះ​ត្រូវបាន​ប្រគល់ឲ្យ​យ៉ូសែប ស្ម៊ីធ​វិញ នោះ​ព្រះអម្ចាស់​បាន​បង្រៀន​លោក​ថា​សាតាំង​មាន​បំណង​ចង់​បំផ្លាញ​កិច្ចការ​របស់​ព្រះអម្ចាស់ និង ព្រលឹង​របស់​យើង ប៉ុន្តែ​នៅពេល​យើង​អធិស្ឋានជានិច្ច នោះ​យើង​នឹង​មានអំណាច​ដើម្បី​យកឈ្នះ​លើ​សាតាំង និង​អ្នកទាំងឡាយ​ដែល​បម្រើ​វា ។

ថ្ងៃ​ទី ២ (គោលលទ្ធិ និង សេចក្តីសញ្ញា ៤)

ចេញ​ពី​ការឆ្លើយតប​របស់​ព្រះអម្ចាស់​ចំពោះ​បំណង​ប្រាថ្នា​របស់​យ៉ូសែប ស្ម៊ីធ ស៊ីញ្ញ័រ ដើម្បី​ដឹង​ពី​អ្វី​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​លោក​ធ្វើ​នោះ​សិស្ស​បាន​រៀន​ថា ប្រសិនបើ​ពួកគេ​បម្រើ​ព្រះ​ដោយ​អស់​ពីចិត្ត​ អស់​ពី​ពលំ អស់​ពីគំនិត ហើយ​អស់​ពី​កម្លាំង​របស់​ខ្លួន នោះ​ពួកគេនឹងអាច​បាន​ឈរ​ដោយ​ឥតទោស​នៅ​ចំពោះ​ព្រះ​នៅថ្ងៃ​ចុង​ក្រោយ​ ។ ពួកគេ​ក៏​បាន​រៀន​ផងដែរ​ថា នៅពេល​ពួកគេ​ធ្វើការ​ដោយឧស្សាហ៍ព្យាយាម​ដើម្បី​នាំ​អ្នក​ដទៃ​មកកាន់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ពួកគេ​ក៏អាច​ទទួលបាន​សេចក្ដីសង្គ្រោះ​សម្រាប់​ខ្លួន​ផងដែរ ។ ជាចុងក្រោយ សិស្ស​បាន​រកឃើញ​ពីលក្ខណៈ​ដ៏​ទេវភាព​ដែល​ធ្វើឲ្យបុគ្គល​ម្នាក់​សក្តិសម​ជួយ​ដល់​កិច្ចការ​របស់​ព្រះអម្ចាស់​ ។

ថ្ងៃ​ទី ៣ (គោលលទ្ធិ និង សេចក្តីសញ្ញា ៥)

នៅពេល​ម៉ាទីន ហារីស បាន​ស្វែងរក​សាក្សី​នៃ​ផ្ទាំង​បន្ថែម​ទៀត​លើ​សាក្សី​ដែល​មាន នោះ​ព្រះអម្ចាស់​បាន​បង្រៀន​ម៉ាទីន​ថា ទ្រង់​បាន​ហៅ​យ៉ូសែប ស៊្មីធ ឲ្យ​ផ្សព្វផ្សាយ​ព្រះបន្ទូល​របស់​ទ្រង់​ទៅកាន់​ពិភពលោក ប៉ុន្តែ​ទីបន្ទាល់​នៃ​សាក្សី​បី​នាក់​នឹង​ឈរ​ជា​ភស្ដុតាង​ចំពោះ​សេចក្ដីពិត​ដ៏​ពេញលេញ​នៃ​ព្រះគម្ពីរ​មរមន ។ សិស្ស​បាន​រៀន​ថា ប្រសិនបើ​ពួកគេ​នឹង​ជឿ​លើ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ នោះ​ព្រះវិញ្ញាណ​នឹង​បញ្ជាក់​ពី​សេចក្តីពិត​របស់​ពួកគេ ។ កណ្ឌ​នេះ​ក៏​បាន​ជួយ​សិស្ស​ឲ្យ​យល់ផងដែរ​ថា បើសិន​យើង​អធិស្ឋាន​ដោយ​ស្មោះ ដោយ​រាបសារ និង​សេចក្ដីជំនឿ ខណៈនោះ​យើង​អាច​ទទួល​បាន​ចម្លើយ​ស្របតាម​បំណង​ប្រាថ្នា​សុចរិត​របស់​យើង ។

ថ្ងៃ​ទី ៤ (យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:៦៦–៦៧; គោលលទ្ធិ និង សេចក្តីសញ្ញា ៦–៧)

ព្រះអម្ចាស់​បាន​បង្រៀន អូលីវើរ ខៅឌើរី អំពី​សេចក្តីពិត​នានា​ដ៏​សំខាន់​នៃ​ការទទួល និង ការស្គាល់​វិវរណៈ ។ សិស្ស​បាន​ត្រិះរិះ​គិត​ពី​របៀប​ដែល​សេចក្តីពិត​ទាំង​នេះ​ត្រូវបាន​អនុវត្ត​ចំពោះ​ពួកគេ ។ លើស​ពី​នេះ​ទៅ​ទៀត​ពួកគេបាន​រៀន​ថា ព្រះអម្ចាស់​មាន​បន្ទូល​នូវ​ភាពសុខសាន្ដ​ចំពោះ​គំនិត​យើង ទុកជា​សាក្សី​មួយ​អំពី​សេចក្ដីពិត ។ សិស្ស​ក៏​បាន​រៀន​ផងដែរ​ថា នៅពេល​យើង​បែរ​ទៅរក​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​យក​ឈ្នះ​លើ​ភាព​សង្ស័យ និង ភាព​ភ័យ​ខ្លាច ។

សេចក្តីផ្ដើម

អំឡុង​ពេល​នៃ​មេរៀន​នេះ សិស្ស​នឹង​សិក្សា​យ៉ាង​ច្រើន​ពី គោលលទ្ធិ និង សេចក្តីសញ្ញា ១០, ដែល​បាន​បើក​សម្តែង​ដល់​ព្យាការី យ៉ូសែប ស៊្មីធ បន្ទាប់​ពី​បាត់បង់​ឯកសារ​ដែល​សរសេរ​ដោយ​ដៃ​នៃ​ព្រះគម្ពីរ​មរមន​ទាំង ១១៦​ទំព័រ ។ ពីមុន​វិវរណៈ​នេះ​មរ៉ូណៃ​បាន​យក​ផ្ទាំង​ព្រមទាំង​យូរីម និង ធូមីម​ពី​យ៉ូសែប ស្ម៊ីធ​វិញ ហើយ​ព្យាការី​បាន​បាត់បង់​អំណាច​ដើម្បី​បកប្រែ​មួយ​រយៈ ។ បន្ទាប់​ពី​ផ្ទាំង​ត្រូវ​បាន​ប្រគល់​ឲ្យ​គាត់​វិញ ព្រះអម្ចាស់​បាន​បញ្ជា​កុំ​ឲ្យ​យ៉ូសែប​បកប្រែ​ឡើង​វិញ​នូវ​ចំណែក​នៃ​ផ្ទាំង​ដែល​បាន​បាត់​ទាំង ១១៦​ទំព័រ នោះឡើយ ។ ព្រះអម្ចាស់​ក៏​បាន​បើក​សម្តែង​អំពី​ផែនការ​របស់​សាតាំង​ក្នុងការបំផ្លាញ​កិច្ចការ​នេះ ហើយ​បាន​បង្រៀន​ពី​របៀប​ដែល​យើង​អាច​យក​ឈ្នះ​លើ​សាតាំង ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្តីសញ្ញា ៣;១០

សាតាំង​ព្យាយាម​បំផ្លាញ​យ៉ូសែប ស្ម៊ីធ និង កិច្ចការ​របស់​ព្រះ

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពន្យល់​ពី​ស្ថានភាព​ជុំវិញ​ការបាត់បង់​ឯកសារ​ដែល​សរសេរ​ដោយ​ដៃ​ទាំង ១១៦​ទំព័រ​នោះ ។ បន្ទាប់មក សូម​ពិភាក្សា​សំណួរ​ខាងក្រោម​នេះ ៖

  • ចេញ​ពី​អ្វី​ដែល​អ្នក​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៣, ហេតុអ្វី​អ្នក​គិត​ថា យ៉ូសែប ស៊្មីធ បាន​ទូល​សុំ​ដល់ព្រះ​នូវ​សំណួរ​ដដែលៗ ទោះ​ជា​បាន​ទទួល​ចម្លើយ​យ៉ាង​ច្បាស់​ហើយ​ដូច្នោះ ?

  • តើ​អ្នក​គិត​ថា យ៉ូសែប ស៊្មីធ បាន​រៀន​អ្វីខ្លះ​ពី​បទពិសោធន៍​នេះ ?

  • តើ​សេចក្តីពិត​អ្វីខ្លះ​ដែល​អ្នក​បាន​រៀន​ពី បទពិសោធន៍​របស់​យ៉ូសែប​ដែល​អាច​ជួយ​អ្នក នៅពេល​អ្នក​ជួប​នូវ​ការរងសម្ពាធ​ពី​មនុស្ស​ដទៃ​ឲ្យ​ធ្វើ​អ្វីមួយ​ដែល​មិន​ត្រឹមត្រូវ​នោះ ?

សូម​បង្ហាញ​អង្គប់ ឬ​អន្ទាក់​មួយ ( ឬ គូរ​រូបភាព នេះ​មួយ​នៅលើ​ក្ដារខៀន ) ។ សូម​ឲ្យ​សិស្ស​ពីរបី​នាក់​សង្ខេប​ពី​អ្វី ដែល​ពួកគេ​បាន​រៀន​ពី​ការសិក្សា​នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ១០ អំពី​របៀប​ដែល​សាតាំង​មាន​បំណង​ដាក់​អន្ទាក់​យ៉ូសែប​ជាមួយ​នឹង​ឯកសារ ១១៦សន្លឹក​ដែល​បាត់​នោះ ។

រូបភាព
គំនូរ​ដាន​អង្គប់​កណ្ដុរ

សូម​ពន្យល់​ថា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០:២០–២៩ ព្រះអម្ចាស់ បាន​ពិពណ៌នា​ពី​អស់​អ្នក​ដែល​បណ្តោយ​ខ្លួន​ទៅ​តាម​ឥទ្ធិពល​សាតាំង ​ដើម្បី​យក​ឯកសារ ១១៦​សន្លឹក និង របៀប​ដែល​សាតាំង​អាច​ដាក់​អន្ទាក់​ពួកគេ ។

សូម​ចែក​សិស្ស​ជា​គូៗ ។ សូម​ឲ្យ​សិស្ស​មួយ​គូៗ អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០:២០–២៩ ដោយ​ស្ងាត់ស្ងៀម ស្វែងរក​អ្វី​ដែល​ខគម្ពីរ​ទាំងនេះ បង្រៀន​អំពី​គោលបំណង​របស់​សាតាំង ។ សូម​ឲ្យ​សិស្ស​ម្នាក់​ទៀត អាន​ខគម្ពីរ​ដូចគ្នា​នោះ ស្វែងរក​មើល​វិធីសាស្ត្រ​ដែល​សាតាំង​ប្រើ​ដើម្បី​សម្រេច​គោលបំណង​វា ។ នៅពេល​ពួកគេ​អាន​ចប់ សូម​អញ្ជើញ​សិស្ស​ក្នុង​គូ​និមួយៗ​រាយការណ៍​ប្រាប់​គ្នា​ទៅ​វិញ​ទៅមក ។ បន្ទាប់​ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ​នោះ សូម​សួរ​សិស្ស​នូវ​សំណួរ​ខាង​ក្រោម​នេះ ៖

  • តើ​យើង​អាច​រៀន​អ្វី​ខ្លះ​ពី គោលលទ្ធិ និង សេចក្តីសញ្ញា ១០:២០–២៩ អំពី​គោលបំណង​របស់​សាតាំង ? ( សិស្ស​អាច​រកឃើញ​គោលការណ៍​ផ្សេង​មួយ ប៉ុន្ដែ​សូម​ប្រាកដ​ថា​ពួកគេ​យល់​ថា សាតាំង​មាន​បំណង​បំផ្លាញ​កិច្ចការ​របស់​ព្រះអម្ចាស់ និង​ព្រលឹង​របស់​យើង ។ អ្នក​អាច​សរសេរ​គោលលទ្ធិ​នេះ​នៅលើ​ក្ដារខៀន ។ អ្នក​ក៏​អាច​ឲ្យ​យោបល់​ដល់​សិស្ស​ឲ្យ​គូសចំណាំ​ពាក្យ ឬ​ឃ្លាទាំងឡាយ​ដែល​បង្រៀន​សេចក្ដីពិត​នេះ​នៅក្នុង ខ ២២-២៣ និង ២៧) ។

  • ចេញពីអ្វីដែលអ្នកអាននៅក្នុង​ខគម្ពីរ​ទាំងនេះ តើ​សាតាំង​ព្យាយាម​បំផ្លាញ​កិច្ចការ​របស់​ព្រះអម្ចាស់ និង​ព្រលឹង​របស់​យើង​យ៉ាង​ដូចម្ដេច ? ( វា​ប្រើ​មធ្យោបាយ​ដូចជា ការបោកប្រាស់ កំហឹង ការបញ្ជោរ និង ការកុហក ។ អ្នក​អាច​ផ្ដល់​យោបល់​ឲ្យ​សិស្ស​គូសចំណាំ​នូវ មធ្យោបាយ​ទាំងនេះ​របស់​ពួក​មាសត្រូវ​ នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់ និង យល់​ពី​សារៈសំខាន់​នៃ​សេចក្តីពិត​នេះ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពិភាក្សា​សំណួរ​ខាង​ក្រោម​ជាមួយ​ដៃគូ​របស់​ពួកគេ ( អ្នកគួរតែសរសេរ​សំណួរ​ទាំង​នេះ​នៅលើ​ក្ដារខៀន ឬ រៀបចំ​ក្រដាស​ចែក​មុន​ពេល​ចាប់ផ្ដើម​បង្រៀន ) ៖

  • តើ​អ្នក​បាន​ឃើញ​ភស្ដុតាង​អ្វីខ្លះ ដែល​សាតាំង​នៅតែ​ប្រើ​ ការបោកបញ្ឆោត កំហឹង ការបញ្ជោរ និង ការកុហក ដើម្បី​បំផ្លាញ​កិច្ចការ​របស់​ព្រះអម្ចាស់ និង ព្រលឹង​របស់​មនុស្ស​នោះ ?

  • តើ​ការ​ដឹងជាមុន​អំពី​បំណង​របស់​សាតាំង និង វិធីសាស្ត្រ​របស់វា​ជួយយើង​ចៀសវាង និង គេច​ផុតពី​អន្ទាក់​របស់​វា​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹងគិតអំ​ពី​វិធីសាស្ត្រ​របស់​សាតាំង​ដែល​មាន​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០:២០–២៩ ពួកគេ​បាន​ទទួល​អារម្មណ៍ ឬ បាន​ឃើញ ព្រមទាំង​អ្វី ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​ចៀសវាង ឬ គេចផុត​ពី​អន្ទាក់​របស់​សាតាំង ។

សូម​ពន្យល់​ថា នៅក្នុង​វិវរណៈ​នេះ​ព្រះអម្ចាស់​បាន​ប្រទាន​ព្រះបញ្ញត្តិ និង​ការសន្យា​មួយ​ដែល​ទាក់ទង​នឹង​កិច្ចខិតខំ​របស់​យើង​ដើម្បី​ចៀសវាង​ពី​ឥទ្ធិពល​របស់​សាតាំង ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០:៥ ឲ្យ​ឮៗ ហើយ​សូម​ឲ្យ​សិស្ស​រកមើល​ទាំង​ព្រះបញ្ញត្តិរបស់​ព្រះអម្ចាស់ និង ការសន្យា​របស់​ទ្រង់ ។

សូម​សរសេរ​ឃ្លា​ខាង​ក្រោម​នៅ​លើ​ក្តារខៀន ៖ នៅពេល​យើង នោះ​យើង​នឹង​មាន​អំណាច​ដើម្បី .

សូម​សួរ​សិស្ស​ថា ៖ តើ​អ្នក​នឹង​បំពេញ​គោលការណ៍​នេះ​យ៉ាង​ណា​ដោយ​ផ្អែកលើ ខ ៥? ( សិស្ស​អាច​រកឃើញ​គោលការណ៍​ផ្សេងៗ ប៉ុន្តែ​សូម​ប្រាកដ​ថា អ្នក​គូស​បញ្ជាក់​ប្រាប់​ថា នៅពេល​យើង​អធិស្ឋាន​ជានិច្ច នោះ​យើង​នឹង​មាន​អំណាច​ដើម្បី​យក​ឈ្នះ​លើ​សាតាំង និង​អ្នក​ទាំងឡាយ​ដែល​បម្រើ​វា) ។

សូម​ឲ្យ​សិស្ស​រំឭកពី គោលលទ្ធិ និង សេចក្ដីសញ្ញា ១០:៣៨-៤៥ឡើងវិញ ។ បន្ទាប់ម សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​ពន្យល់​ពី​របៀប​ដែល​ព្រះអម្ចាស់​ប៉ះប៉ូវ​នូវ​ការបាត់​ឯកសារ ១១៦​សន្លឹក​នោះ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០:៤៣ ដោយ​ស្ងាត់ស្ងៀម ហើយ​រកមើល​សេចក្ដីពិត​ដ៏​សំខាន់​មួយ ដែល​ព្រះអម្ចាស់​បាន​ចង់​ឲ្យ​យ៉ូសែប ស្ម៊ីធ យល់ ។ ( នៅពេល​សិស្ស​ចែកចាយ​គំនិត​របស់​ពួកគេ សូម​សរសេរ​សេចក្ដីពិត​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ ប្រាជ្ញា​របស់​ព្រះ​មហិមា​ជាង​កលល្បិច​នៃ​អារក្ស​ទៅ​ទៀត ។ អ្នក​អាចត្រូវការ​ពន្យល់​ថា កលល្បិច សំដៅ​ទៅលើ​ការប្រើ​ល្បិច​ដើម្បី​បញ្ឆោត​មនុស្ស ) ។

សូម​សួរ​សំណួរ​ខាងក្រោម ៖

  • តើ​ផែនការ​របស់​ព្រះអម្ចាស់ ជំនួស​ឯកសារ​សរសេរ​ដោយ​ដៃ​ដែល​បាន​បាត់ បង្ហាញ​ពី​សេចក្ដីពិត​នេះ​យ៉ាង​ដូចម្ដេច ?

  • តើ​វា​ជួយ​អ្នក​ឲ្យ​ដឹង​ថា​ប្រាជ្ញា​របស់​ព្រះ​មហិមា​ជាង​កលល្បិច​នៃ​អារក្ស​យ៉ាង​ដូចម្តេច ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០:៤៤–៤៥, ដោយ​ស្ងាត់ស្ងៀម រកមើល​ភស្ដុតាង​បន្ថែម​ទៀត​នៃ​សេចក្ដីពិត​ដែល​បាន​សរសេរ​លើ​ក្តារខៀន ។

  • យោង​តាម គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០:៤៤–៤៥, ហេតុអ្វី​ក៏​ផ្ទាំង​តូច​មាន​តម្លៃ​ជាង​ការសង្ខេប​របស់​មរមន​ពី ផ្ទាំង​ធំ​ដែល​មាន​នៅក្នុង ១១៦​សន្លឹក​ដែល​បាត់​នោះ ? ( ផ្ទាំងតូច​មាន​នូវ​ដំណើរ​រឿង​សំខាន់ៗ​ខាង​វិញ្ញាណ ។ ឯកសារ​១១៦​សន្លឹក​ដែល​បាត់​នោះ​មាន​នូវ​ដំណើរ​រឿង​សង្ខេប​នៃ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ) ។

  • តើ​ការដឹង​ថា​ព្រះបាន​រៀបចំ​ផ្លូវ​មួយ​ដើម្បី​ប៉ះប៉ូវ​ឯកសារ ១១៦​សន្លឹក​ដែល​បាត់​នោះ​ជួយ​អ្នក​ឲ្យ​កាន់តែ​ទុកចិត្ត​ទាំងស្រុង​លើ​ទ្រង់​យ៉ាង​ដូចម្ដេច ?

គោលលទ្ធិ និង សេចក្តី​សញ្ញា ៤-៧

ព្រះអម្ចាស់​ប្រទាន​ព្រះឱវាទ​ដល់​យ៉ូសែប និង​អូលីវើរ​កុំ​ឲ្យ​សង្ស័យ ឬ​ខ្លាច​ឡើយ

សូម​អញ្ជើញ​សិស្ស​ឲ្យ​ប្រាប់​ខ្លីៗ​ពី​សេចក្តីពិត​មួយ​ចំនួន​អំពី​វិវរណៈ​ផ្ទាល់​ខ្លួន ដែល​ពួកគេ​បាន​ដឹង​ពេល​សិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ៦ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​បទពិសោធន៍ នៅពេល​ពួកគេ​បាន​ទទួល​អារម្មណ៍​ថា​គំនិត​របស់​ពួកគេ​ត្រូវបាន​បំភ្លឺ ហើយ​ពេញ​ដោយ​ភាពសុខសាន្ត​ចំពោះ​អ្វី​ដែល​ពួកគេ​បាន​អធិស្ឋាន ។ សូម​អញ្ជើញ​សិស្ស​ពីរ​បីនាក់​ឲ្យ​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ​ជា​មួយសិស្ស​នៅក្នុង​ថ្នាក់ ។

សូម​រំឭក​សិស្ស​ថា ផ្នែក​មួយ​នៃ​ការសិក្សា​របស់​ពួកគេ​នៃ​វគ្គ​ចំណេះចំណាន​ខគម្ពីរ​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៦:៣៦, នោះ​ពួកគេ​បាន​សរសេរ​ការឡើង​និយាយ​ខ្លី​មួយ​ដែល​រៀបរាប់​ពី​វិធី​នានា​ដើម្បី​រស់នៅ​តាម​ព្រះឱវាទ​របស់​ព្រះអម្ចាស់​ដែល​បាន​ប្រទាន​ឲ្យ​ក្នុង​ខគម្ពីរ​នោះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦:៣៦ឲ្យ​ឮៗ​ទាំងអស់​គ្នា ។ អ្នក​អាច​ធ្វើ​វា​ម្តង​ទៀត​ដើម្បី​ជួយ​ពួកគេ​ទន្ទេញ​ឲ្យ​ចាំ​វា ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ដែល​ចង់​ចែកចាយ​ការនិយាយ​របស់​ពួកគេ​ឡើង​មក​ចែកចាយ ។ អ្នក​អាចចង់​ចែកចាយ​ទីបន្ទាល់​របស់​ខ្លួន​អំពី របៀប​ដែល​ព្រះអម្ចាស់​បាន​ជួយ​អ្នក​ឲ្យ​យក​ឈ្នះ​លើ​ការសង្ស័យ ឬ ការភ័យខ្លាច​កាល​ពី​អតីតកាល ។

មេរៀន​បន្ទាប់ (គោលលទ្ធិ និង សេចក្តីសញ្ញា ៨–៩; ១១–១៦)

តើ​វិញ្ញាណ​នៃវិវរណៈ​គឺ​ជា​អ្វី ? តើ​អ្នកដឹង​ថា​អ្នក​កំពុង​ទទួល​វិវរណៈ​ពី​ព្រះ​ដោយ​របៀប​ណា ? សូម​ពន្យល់​ថា នៅក្នុង​មេរៀន​បន្ទាប់​សិស្ស​នឹង​រៀន​អំពី​គោលការណ៍​នៃ​វិវរណៈ​ដែល​នឹង​ប្រទាពរ​ដល់​ពួកគេ នៅពេល​ពួកគេ​ស្វែងរក​ការណែនាំ​ពី​ព្រះ​នៅក្នុង​ជីវិត​របស់​ពួកគេ ។