ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៣៥ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ២៩:១-២៩


មេរៀន​ទី ៣៥

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:១-២៩

បុព្វកថា

មិន​យូរ​ប៉ុន្មាន​ពីមុន​ពេល​សន្និសីទ​សាសនាចក្រ ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៦ ខែ​កញ្ញា ឆ្នាំ ១៨៣០ ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​ទទួល​វិវរណៈ​មួយ​នៅក្នុង​វត្តមាន​របស់​អែលឌើរ​ប្រាំ​មួយ​រូប ។ តាមរយៈ​វិវរណៈ ពួកអែលឌើរ​ទាំងនេះ បាន​រៀន​អំពី​ការ​ប្រមូល​ផ្ដុំ​នៃ​ពួកជម្រើស​របស់ព្រះអង្គសង្គ្រោះ មុន​ការ​យាង​មក​ជា​លើក​ទីពីរ​របស់ទ្រង់ ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:១-១៣

ព្រះអម្ចាស់ បាន​ថ្លែងទីបន្ទាល់អំពី​ដង្វាយធួន​របស់ទ្រង់ និង​ព្រះទ័យ​របស់ទ្រង់​ក្នុងការ​ប្រមូល​រាស្ត្រ​របស់ទ្រង់

ពីមុន​ចាប់​ផ្ដើម​ថ្នាក់រៀន សូម​សរសេរ​ឃ្លា​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ « សូម​លើក​ចិត្ត​អ្នកឡើង ហើយ​អរ​សប្បាយ​ចុះ » ( គ និង ស ២៩:៥ ) ។

  • ហេតុអ្វីក៏​ពេល​ខ្លះ​វា​ពិបាក​ដើម្បី​គោរព​តាម​ការ​ទូន្មាន​នេះ ? តើ​មានវិធីមួយចំនួន​ណា​ខ្លះ ដែល​អ្នក​បាន​រក​ឃើញ​ដើម្បី​គោរព​តាម​ការ​ទូន្មាន​នេះ ?

សូម​ពន្យល់​ថាគោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩:១-៣មាន​នូវ​ព្រះបន្ទូល​របស់ព្រះអង្គសង្គ្រោះ ដែល​អាច​ជួយ​យើង « សូម​លើក​ចិត្ត [ យើង ]ឡើង ហើយ​អរ​សប្បាយ​ចុះ » ។

រូបភាព
ព្រះយេស៊ូវគ្រីស្ទ​ជាមួយ​នឹង​កុមារតូចៗ

សូម​ដាក់​បង្ហាញ​រូបភាពព្រះយេស៊ូវគ្រីស្ទ​ជាមួយ​នឹង​កុមារតូចៗ( សៀវភៅ​សិល្បៈដំណឹងល្អ[ ២០០៩ ] ទំព័រ ៤៧ សូមមើល​ផងដែរLDS.org ) ហើយ បើ​អាច​ធ្វើទៅបាន សូម​បង្ហាញ​រូបភាព​មេមាន់​កំពុង​ក្រុង​កូនៗ​វា ។ សូម​សួរថា​តើ​មាននរណា​ម្នាក់ អាច​ពិពណ៌នា​អំពី របៀប និង មូលហេតុ ដែល​មេមាន់​ក្រុង​កូនវា ។ ( បើ​សិស្ស​ពុំ​ដឹង​ទេ សូម​ពន្យល់​ថា នៅពេល​មេមាន់​ដឹង​ពីគ្រោះថ្នាក់ នោះ​វា​នឹង​ហៅ​កូនៗ​វា​មក ។ នៅពេលពួក​វា​មក​រក​មេវា មេមាន់​ក្រុង​ពួកវា​នៅ​ក្រោម​ស្លាប ដើម្បីការពារ​ពួកវា ) ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:២ ឲ្យឮៗ ។

  • តើ​ព្រះអង្គសង្គ្រោះ ដូចជា​មេមាន់​ដែល​ក្រុង​ការពារ​កូន​វា​យ៉ាង​ដូចម្ដេច ?

  • តើ​កូនមាន់​ត្រូវ​ធ្វើ​អ្វីខ្លះ ដើម្បី​ត្រូវបានក្រុង​ដោយ​សុវត្ថិភាព​នៅ​ក្រោម​ស្លាប​ការពារ​របស់​មេ​វា ? ( បើ​ចាំបាច់ សូម​ចង្អុល​បង្ហាញ​ថា កូនមាន់​ត្រូវ​ខំរត់ទៅរក​មេ​របស់វា ) ។

សូមសរសេរឃ្លាខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ ព្រះ​យេស៊ូវ​គ្រីស្ទ​នឹង​ប្រមូល​យើង ពេល​យើង …

  • យោង​តាម គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩:២ តើយើង​ចាំបាច់ត្រូវ​ធ្វើអ្វី​ខ្លះ ដើម្បី​ត្រូវបាន​ប្រមូល​ផ្ដុំ​ដោយ​ព្រះ​អង្គសង្គ្រោះ ? ( សូម​ប្រើ​ចម្លើយ​របស់​សិស្ស​ដើម្បីបំពេញ​គោលការណ៍​នៅលើ​ក្ដារខៀន ៖ ព្រះយេស៊ូវ​គ្រីស្ទ នឹង​ប្រមូល​យើង ពេល​យើង​ស្ដាប់​តាម​សំឡេង​ទ្រង់ដោយរាបសារ ហើយ​ទូល​ហៅទ្រង់​ក្នុងការ​អធិស្ឋាន ) ។

សូម​ពន្យល់​ថា ចាប់តាំងពី​ការ​ចាប់ផ្ដើមមក ពួក​ព្យាការី​បាន​ព្យាករ​អំពី​ការ​ប្រមូល​ផ្ដុំ​នៃ​ពួកអ៊ីស្រាអែល ។ ដំណាក់​នៃ​អ៊ីស្រាអែល--រាស្ត្រ​នៃ​សេចក្ដីសញ្ញា​របស់​ព្រះអម្ចាស់--​នឹង​ត្រូវ​បាន​ប្រមូល​ផ្ដុំ​នៅ​ក្នុង​ថ្ងៃ​ចុង​ក្រោយ មុន​ការ​យាង​មក​របស់ព្រះគ្រីស្ទ ( សូមមើលមាត្រា​នៃ​សេចក្ដី​ជំនឿ ១:១០ ) ។ ព្រះអម្ចាស់ ប្រមូល​រាស្ត្រ​ទ្រង់ នៅពេល​ពួកគេ​អនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ទ្រង់ ហើយ​រក្សា​បទបញ្ញត្តិ​របស់ទ្រង់ ។

ដើម្បីជួយសិស្ស​យល់ និង​ដឹងពីសេចក្តីពិត និងសារៈសំខាន់​នៃ​គោលការណ៍​នេះ សូមពិភាក្សា​ចំពោះ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​វិធីមួយចំនួន​ដែល​យើង​ស្ដាប់​សំឡេង​របស់ព្រះអង្គសង្គ្រោះ​មានអ្វី​ខ្លះ ? ( ចម្លើយ​អាច​រួមមាន​ថា យើងអាច​ស្ដាប់​ឮ​សំឡេង​របស់ទ្រង់​តាមរយៈ​ព្រះគម្ពីរ ការបង្រៀន​របស់​ពួកព្យាការី​នៅរស់ និង​ពួក​សាវក និង​ការ​បំផុសគំនិត​នៃព្រះវិញ្ញាណបរិសុទ្ធ ) ។

  • តើ​ការ​ស្ដាប់​តាម​សំឡេង​របស់ព្រះអង្គសង្គ្រោះ ខុស​ពី​ការគ្រាន់តែ​ឮ​សំឡេង​របស់ទ្រង់​យ៉ាងដូចម្ដេច ?

  • ហេតុអ្វី​ក៏អ្នក​គិត​ថា យើង​ចាំបាច់​ត្រូវ​បន្ទាបខ្លួន ដើម្បី​ត្រូវបាន​ប្រមូល​ដោយ​ព្រះអង្គសង្គ្រោះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​គ្រា​ដែលពួកគេ​បាន​ទទួលអារម្មណ៍​ថា នៅជិត​នឹង​ព្រះអង្គសង្គ្រោះ តាមរយៈ​ការ​សិក្សា​ព្រះគម្ពីរ ការ​ធ្វើតាម​ពាក្យ​សម្ដី​របស់ព្យាការី​នៅរស់ ឬ​ការ​អធិស្ឋាន​ទៅកាន់ព្រះវរបិតាសួគ៌ ។ សូម​ផ្ដល់​ឱកាស​ដល់សិស្ស​ពីរបីនាក់ ឲ្យ​ចែកចាយ​បទពិសោធន៍​ទាំងនេះ សូម​រំឭក​សិស្ស​ថា បទពិសោធន៍​មួយចំនួន គឺ​ពិសិដ្ឋ ឬ​ផ្ទាល់ខ្លួន​ណាស់ ពុំ​គួរ​ចែក​ចាយទេ ។

យោង​ទៅ​បទគម្ពីរ​ដែល​អ្នកបាន​សរសេរ​នៅលើ​ក្ដារខៀន​ពីមុន​ចាប់​ផ្ដើម​ថ្នាក់រៀន ។

  • តើ​គំនិត​ដែលត្រូវ​បាន​ប្រមូល​ផ្ដុំ​ដោយព្រះអង្គសង្គ្រោះ ជួយអ្នក​លើក​ចិត្ត​អ្នកឡើង ហើយ​អរ​សប្បាយ​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩:១ , ៣ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​មូលហេតុ​មួយ ដើម្បី​លើក​ចិត្ត​យើង​ឡើង ហើយ​អរ​សប្បាយ ។ បន្ទាប់មក សូម​ឲ្យ​សិស្សប្រាប់​អំពីគោលការណ៍​មួយ​មកពី​ខគម្ពីរ​ទាំង​នេះ ដែល​ពន្យល់​ពីមូលហេតុ​ដែល​យើង​អាច​លើក​ចិត្ត​ខ្លួនឯងឡើង ហើយ​អរ​សប្បាយ ។

ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​ពី​គោលការណ៍​ដែល​ពួកគេ​បានប្រាប់​នោះ ។ ( ចម្លើយ​របស់ពួកគេ​គួរ​តែ​ឆ្លុះបញ្ចាំង​ពី​គោលការណ៍​ដូច​ខាង​ក្រោម ៖ ដោយ​សារ​តែ​ព្រះអង្គសង្គ្រោះ​បាន​ធួន​សម្រាប់អំពើ​បាប​របស់​យើង នោះ​យើង​អាច​លើក​ចិត្ត​យើង​ឡើង ហើយ​អរសប្បាយ ) ។

  • តើ​ទីបន្ទាល់របស់អ្នក​អំពី​ដង្វាយធួន​របស់ព្រះយេស៊ូវ​គ្រីស្ទ​បាន​នាំ​សុភមង្គល​មក​ក្នុង​ជីវិត​របស់អ្នក​យ៉ាង​ដូចម្ដេច ? ( បន្ទាប់ពី​សិស្ស​បាន​ឆ្លើយ​តប​ចំពោះ​សំណួរ​នេះ អ្នក​អាច​នឹង​ចង់​ចែកចាយ​ចម្លើយ​របស់​អ្នក​ផងដែរ ) ។

សូម​ពន្យល់​ថា របៀប​មួយ​ដែលព្រះអង្គសង្គ្រោះ​ប្រមូល​រាស្ត្រ​ទ្រង់ គឺ​តាមរយៈ​ការ​ខិតខំ​របស់​យើង​ដើម្បី​ចែកចាយ​ដំណឹងល្អ ។ នៅក្នុង​វិវរណៈ​ដែល​បានកត់ត្រា​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩ ទ្រង់​មានបន្ទូល​តាមរយៈ យ៉ូសែប ស៊្មីធ ទៅកាន់​អែលឌើរ​ទាំង​ប្រាំមួយ​រូប ហើយ​បានបញ្ជា​ពួកគេ​ដើម្បី​ប្រកាស​ដំណឹងល្អ​របស់ទ្រង់ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩:៤-៦ដោយ​ស្ងាត់ស្ងៀម ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​រក​មើល​ពាក្យ និង​ឃ្លា​ទាំងឡាយ​ដែល​ទាក់ទង​នឹង​កិច្ចការ​អ្នក​ផ្សព្វផ្សាយសាសនា ។ បន្ទាប់មក សូម​សួរ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​ពាក្យ និង ឃ្លា​អ្វីខ្លះ ដែល​អ្នក​បានរក​ឃើញ ? តើ​ពាក្យ ឬ​ឃ្លា​ទាំងឡាយ​នេះ បង្រៀន​អំពី​បទពិសោធន៍​នៃ​ការ​ចែកចាយ​ដំណឹងល្អ​យ៉ាង​ណា​ខ្លះ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៧-៨ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ការ​ពន្យល់​របស់ព្រះអង្គសង្គ្រោះ​អំពី​អ្វី​ដែល​អែលឌើរ​ទាំង​ប្រាំ​មួយ​នាក់នេះ ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ និង​ហេតុអ្វី ។​

  • តើ​ព្រះអង្គសង្គ្រោះ​បាន​ហៅ​ពួកអែលឌើរ​ទាំង​នេះ​ឲ្យ​ធ្វើ​អ្វីខ្លះ ? ( « ដើម្បី​នាំ​ឲ្យ​មាន​ការ​ប្រមូល​ផ្ដុំ​នៃ​ពួកជម្រើស [ របស់ទ្រង់ ] » ) ។ តើព្រះអង្គសង្គ្រោះ​ពិពណ៌នា​អំពី​ពួក​ជម្រើស​របស់ទ្រង់​យ៉ាង​ដូចម្ដេច ? ( អ្នក​ទាំងឡាយ​ដែល « ស្ដាប់​សំឡេង​របស់ទ្រង់ ហើយ​ពុំ​រឹងរូស​ក្នុង​ដួងចិត្ត​របស់ពួកគេ » ) ។

  • តើ​អ្នក​ផ្សព្វផ្សាយសាសនា​ជួយ​នាំ​មកនូវការ​ប្រមូល​ផ្ដុំ​នៃ​ពួកជម្រើស​យ៉ាង​ដូចម្ដេច ?

ចូ​រពន្យល់​ថា កាល​វិវរណៈ​នេះ​ត្រូវ​បាន​ផ្ដល់​ឲ្យ សមាជិក​ភាព​ក្នុង​សាសនាចក្រ​មានចំនួន​តិច ។ ពួកបរិសុទ្ធ​អាច « ត្រូវបាន​ប្រមូល​នៅ​កន្លែង​មួយ » ( គ. និង ស. ២៩:៨ ) ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅពេល​សាសនាចក្រ​រីកចម្រើន ព្រះអម្ចាស់ បាន​បញ្ជា​ឲ្យ​ពួកបរិសុទ្ធ​ប្រមូល​ផ្ដុំ​គ្នា​ពី​កន្លែង​ផ្សេងៗ ។ សព្វ​ថ្ងៃ​នេះ យើង​ប្រមូល​ផ្ដុំ​គ្នា​នៅក្នុង​ស្ដេក​នៃ​ស៊ីយ៉ូន ត្រង់​កន្លែង​ដែល​យើង​រស់នៅ ។

  • តើ​យើង​ប្រមូល​ផ្ដុំ​គ្នា​នាសព្វថ្ងៃ​នេះ​ត្រង់​កន្លែង​ណា ? ( ចម្លើយ​អាច​រួមមាន នៅគេហដ្ឋាន សាលា​ប្រជុំ និង​ព្រះវិហារបរិសុទ្ធ ) ។

សូម​សង្ខេប គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩:៩-១៣​ដោយ​ការ​ពន្យល់​ថា នៅក្នុង​ខគម្ពីរទាំង​នេះ ព្រះអង្គ​សង្គ្រោះ បាន​ប្រកាស​ថា ទ្រង់​នឹង​យាងមក​ម្ដង​ទៀត​នៅលើ​ផែនដី​ដោយព្រះចេស្ដា និង​សិរីល្អ ។ ពួកពល​បរិវា​រ​ដែល​នឹង​មក​ជាមួយ​ព្រះអង្គសង្គ្រោះ​ក្នុង​សិរីល្អ​នៅការ​យាង​មកជា​លើក​ទីពីរ​របស់ទ្រង់ នឹងជា​ពួកបរិសុទ្ធ​ស្មោះត្រង់ ដែលបាន​រស់នៅ​ពី​គ្រប់​ជំនាន់នៃ​ប្រវត្តិសាស្ត្រ​ផែនដី ។ ពួកសុចរិត​ដែលបាន​ស្លាប់​ទៅ នឹង​ត្រូវ​បាន​រស់ឡើងវិញ ហើយ​ពួក​ទុច្ចរិត​នឹង​ត្រូវ​បំផ្លាញ​ចោល ។ ព្រះយេស៊ូវ​គ្រីស្ទ នឹង « ស្ថិត​នៅក្នុង​សេចក្ដីសុចរិត​ជាមួយ​មនុស្ស​លោក​នៅលើ​ផែនដី​អស់មួយពាន់​ឆ្នាំ » ( គ និង ស ២៩:១១ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:១៤-២១

ព្រះយេស៊ូវ​គ្រីស្ទ ពិពណ៌នា​អំពី​ទីសម្គាល់​មួយចំនួន​ដែល​នឹង​មាន​មុន​ការ​យាង​មក​ជា​លើក​ទីពីរ​របស់ទ្រង់

សូម​ពន្យល់​ថា ការ​ប្រមូល​ផ្ដុំ​នៃ​ពួក​អ៊ីស្រាអែល គឺ​ជា​ចំណែក​នៃ​ការ​រៀបចំ​ខ្លួន​របស់យើង​សម្រាប់​ការ​យាង​ត្រឡប់មក​វិញ​របស់ព្រះអង្គសង្គ្រោះ ។ ព្រះអម្ចាស់ បាន​បើក​សម្ដែង​ទីសម្គាល់​ដទៃៗទៀត ដែល​នឹង​កើត​ឡើង ពីមុន​ការ​យាង​មក​ជា​លើក​ទីពីរ​របស់ទ្រង់ ។ សូម​ឲ្យ​សិស្ស​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩:១៤-២១ ដោយ​ស្ងាត់ស្ងៀម រកមើលទី​សម្គាល់​ដែល​នឹង​កើត​ឡើង ពីមុន​ការ​យាង​មក​ជា​លើក​ទីពីរ ។ អ្នក​អាច​នឹង​ចង់​ផ្ដល់​យោបល់​ឲ្យ​សិស្ស​គូស​ចំណាំ​ទីសម្គាល់​ទាំងនេះ​នៅក្នុង​បទគម្ពីរ​របស់ពួកគេ ឬ​សរសេរ​វា​នៅក្នុង​សៀវភៅ​កត់ចំណាំការ​រៀនសូត្រ​របស់ពួកគេ ឬ​សៀវភៅ​កត់ត្រា​ការសិក្សា​ព្រះគម្ពីរ ។

ពីមុន​សិស្ស​អាន​ខគម្ពីរ​ទាំង​នេះ សូម​គូសបញ្ជាក់​ថា យើង​ពុំ​ដឹង​ពី​របៀប ឬ​នៅពេល​ណា​ដែល​ការព្យាករណ៍​ទាំងនេះ​នឹង​ត្រូវ​បាន​បំពេញ​នោះ​ទេ ។

បន្ទាប់​ពីសិស្ស​មាន​ពេល​គ្រប់គ្រាន់​ដើម្បីសិក្សា​ខគម្ពីរ​ទាំងនេះ​ហើយ សូម​ចង្អុល​បង្ហាញ​ថា ទោះ​បីជា​ទីសម្គាល់​ទាំងនេះ​នឹង​កើត​មាន ដោយសារ​តែ​សេចក្ដីទុច្ចរិត​ក្ដី នោះ​វា​នឹង​មាន​ឥទ្ធិពល​លើ​មនុស្ស​ទាំងអស់​នៅលើ​ផែនដី ទោះ​ជា​ពួកសុចរិត​ក្ដី ។ អ្នកអាច​នឹង​ចង់​អាន​សេចក្ដីថ្លែង​ការ​ដូច​ខាង​ក្រោម ដោយ​ព្យាការី យ៉ូសែប ស៊្មីធ ៖

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

« អំពី​ការយាង​មក​របស់​កូន​មនុស្ស… វា​ក៏​ជា​គំនិត​ខុសឆ្គង​ផង​ដែរ ដែល​ថា​ពួក​បរិសុទ្ធ នឹង​ចៀស​ផុត​ពី​គ្រប់​ការ​ជំនុំ​ជម្រះ ខណៈ​ពេល​ដែល​មនុស្ស​ទុច្ចរិត​រងទុក្ខ ដ្បិត​គ្រប់​សាច់​ឈាម គឺ​ស្ថិត​នៅ​ក្រោម​ការ​រងទុក្ខ ហើយ ‹ ពួក​សុចរិត​វិះ​នឹង​ភៀស​ខ្លួន​មិន​រួច​ដែរ › [ សូមមើល គ និង ស ៦៣:៣៤ប៉ុន្តែ​ពួកបរិសុទ្ធ​ជាច្រើន​នឹង​បាន​ភៀស​ខ្លួន ដ្បិត​មនុស្ស​សុចរិត​នឹង​រស់នៅ​ដោយ​សេចក្តី​ជំនឿ​របស់​ខ្លួន​[ សូមមើល ហាបាគុក ២:៤] ប៉ុន្តែ​ពួក​សុចរិត​ជា​ច្រើន នឹង​រងគ្រោះ​ដោយ​សារ​ជម្ងឺ គ្រោះចង្រៃ ជាដើម ។ ដោយ​សារ​តែ​មូលហេតុ​នៃ​ភាព​ទន់ខ្សោយ​ខាង​សាច់ឈាម ហើយ​ប៉ុន្តែ​នឹង​ត្រូវបាន​សង្គ្រោះ​នៅក្នុង​នគរ​ព្រះ » ( Teachings of Presidents of the Church: Joseph Smithឆ្នាំ ២០០៧], ២៥៣ ) ។

  • ហេតុអ្វី​ក៏អ្នក​ចង់​ត្រូវ​បាន​ប្រមូល​ផ្ដុំ​ជា​មនុស្ស​ជម្រើស​ម្នាក់​របស់ព្រះអង្គសង្គ្រោះ នៅពេល​រឿង​ទាំង​នេះ​កើត​ឡើង​ដូច្នេះ ?

សូម​ចង្អុល​បង្ហាញ​ថា បើ​យើង​មាន​សេចក្ដីជំនឿ​ទៅ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​ធ្វើតាម​ទ្រង់ នោះ​យើង​អាច​មាន​ភាព​សុខសាន្ដ​ជានិច្ច ទោះ​ជា​នៅក្នុង​គ្រា​ទាំងឡាយ ដែលបាន​ពិពណ៌នា​នៅក្នុង​វិវរណៈ​នេះ​ក្ដី ។ ដើម្បី​គូស​បញ្ជាក់​អំពី​សេចក្ដីពិត​នេះ អ្នកអាច​អញ្ជើញ​សិស្ស​ឲ្យ​អាន​នូវ​ខមួយចំនួន ឬ​ខទាំង​អស់​ដូច​ខាង​ក្រោម ៖ យ៉ូហាន ១៤:២៧,១៦:៣៣, គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៩:២៣ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩:១៧ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រក​មើល​ផលវិបាក​នៃ​ការ​បដិសេធក្នុងការ​ប្រែចិត្ត ។

  • តើ​ផលវិបាក​នៃការ​បដិសេធ​ក្នុងការ​ប្រែចិត្ត​មានអ្វីខ្លះ ? ( សិស្ស​គួរ​តែ​បង្ហាញ​ពី​គោលការណ៍​ដូច​ខាង​ក្រោម ៖ បើ​យើង​មិន​ប្រែចិត្ត​ទេ នោះ​លោហិតនៃ​ដង្វាយធួន​របស់ព្រះយេស៊ូវ​គ្រីស្ទ នឹង​ពុំ​លាងជម្រះ​យើងឡើយ ។ អ្នក​អាច​នឹង​ចង់​ឲ្យ​យោបល់​សិស្ស​គូសចំណាំ​គោលការណ៍​នេះ​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩:១៧ ) ។

សូម​អះអាង​នឹង​សិស្ស​ថា ការរៀបចំខ្លួន​ដ៏សំខាន់បំផុត ដែលយើង​អាច​ធ្វើ​សម្រាប់​ការ​យាង​មក​ជា​លើក​ទីពីរ​គឺ ការ​មក​រក​ព្រះអង្គសង្គ្រោះ ប្រែចិត្ត ហើយ​ត្រូវ​បាន​លាង​ជម្រះ​ពី​អំពើបាប​របស់យើង ។ សូម​អញ្ជើញសិស្ស​ឲ្យ​គិត​ថា តើពួកគេ​ចាំបាច់​ត្រូវ​ប្រែចិត្ត​អ្វីខ្លះ ហើយ​អ្វីខ្លះ​ដែលពួកគេ​ត្រូវ​ធ្វើ ដើម្បី​ឲ្យ​បាន​ជ្រះស្អាត​ពីអំពើបាប ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:២២-២៩

ព្រះអង្គ​សង្គ្រោះ បើក​សម្ដែង​សេចក្ដីពិត​អំពី​អ្វី​ដែលនឹង​កើត​មាន​ឡើង បន្ទាប់ពី​សហសវត្ស រួមទាំង​ការ​ជំនុំជម្រះ​ចុង​ក្រោយ​ផងដែរ

សូម​ចាត់​ឲ្យ​សិស្ស​ម្នាក់ៗ​នូវ​វគ្គ​បទគម្ពីរ​ដូចខាង​ក្រោម​មកពី​គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩ ៖ ខ ២២, ខ ២៦ខ ២៧-២៨ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​ខគម្ពីរ​ដែល​បាន​ចាត់​ទៅ​ឲ្យ​ពួកគេ ឬ​អាន​ខគម្ពីរ​នោះ​ដោយស្ងាត់ស្ងៀម ហើយ​ប្រាប់​នូវ​រឿង​មួយ​ដែល​នឹង​កើត​ឡើង​នៅ​ចុង​បញ្ចប់​នៃ​សហស្សវត្សរ៍ ។ ( សម្រាប់​សិស្ស​ទាំង​ឡាយ​ដែល​ត្រូវ​បាន​ចាត់​តាំង​ឲ្យ​សិក្សាគោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩:២៦អ្នកអាច​នឹង​ចង់​ពន្យល់​ថា មីគែល​ដែល​ជា​មហាទេវតា គឺ​ជាលោក​អ័ដាម ។ សូម​មើលគ. និង ស. ១០៧:៥៤ ) ។ បន្ទាប់​ពី​សិស្ស​មាន​ពេល​ស្រាវជ្រាវ​ខ​គម្ពីរ​ដែល​បាន​ចាត់​ទៅ​ឲ្យ​ពួកគេ​ឬ​ខគម្ពីរ​ទាំងឡាយ​រួច​ហើយ សូម​ឲ្យ​ពួកគេ​រាយការណ៍​អំពី​អ្វី​ដែល​ពួកគេ​បាន​រក​ឃើញ ចាប់​ផ្ដើមពី ខ ២២ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩:២៧ ឲ្យឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រក​មើល​នូវ​ពរជ័យ​ដែល​បាន​ប្រទាន​ដល់​ពួក​សុចរិត​នៅ​ក្នុង​ការ​ជំនុំ​ជម្រះ​ចុង​ក្រោយ ។

  • តើ​នឹង​មាន​ពរជ័យ​អ្វី​ខ្លះ​កើត​មាន​ដល់​យើង បើ​យើង​ត្រូវ​បាន​ប្រមូល​ផ្ដុំ​ទៅជួប​ព្រះអង្គសង្គ្រោះ ? ( សិស្ស​គួរ​តែ​ប្រាប់​នូវ​គោលលទ្ធិ​ដូច​ខាង​ក្រោម ៖ អ្នក​ទាំងឡាយ​ដែល​បាន​រស់នៅ​ដោយ​សុចរិត ហើយ​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្បជានិច្ច ។ អ្នក​អាច​ចង់​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​គូស​ចំណាំ​សេចក្ដីពិត​នេះ នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩:២៧ ) ។

សូម​បញ្ចប់​ដោយ​ការ​ដាក់​រូប​ភាព​នៃព្រះយេស៊ូវ​គ្រីស្ទ​ជាមួយ​នឹង​កុមារ​តូចៗ​នៅលើ​ក្ដារខៀន ។ សូម​សរសេរ​ពាក្យ ខ្ញុំ នៅលើ​ក្ដារ​ខៀន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​កន្លែង​ដែលពួកគេ​នឹង​ដាក់​ពាក្យ​ខ្ញុំ បើ​សិន​ជា​ការ​ដាក់ជំនួស​វា​នោះ តំណាង​ឲ្យ​ភាព​ជិត​ស្និត​បំផុត​របស់​ពួកគេ​ចំពោះ​ព្រះអង្គ​សង្គ្រោះ ។ សូម​ឲ្យ​សិស្ស​ចែកចាយ​បទពិសោធន៍​ដែល​ពួកគេ​មាន នៅពេល​ពួកគេ​បាន​ធ្វើ​តាម​ការ​បំផុសគំនិត​ដែល​បាន​នាំ​ពួកគេ​ទៅ​កាន់​តែ​ជិត​នឹង​ព្រះអង្គ​សង្គ្រោះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យជ្រើស​រើស​អ្វី​មួយ ដែល​ពួកគេ​នឹង​ធ្វើ ដើម្បី​ធ្វើ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅ​ថ្ងៃ​នេះ ហើយ​ខិត​ទៅកាន់​តែជិត​នឹង​ទ្រង់ ។

សេចក្តី​អធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៧ ។ « អ្នករាល់គ្នា​ត្រូវ​បាន​ហៅ​ដើម្បី​បណ្ដាល​ឲ្យ​មាន​ការ​ប្រមូល​នៃ​ពួក​ដែល​យើង​បាន​រើស​តាំង »

អែលឌើរ នែល អិល អិល អាន់ឌើរសិន នៃ​កូរ៉ូម​នៃ​ពួកសាវក​ដប់ពីរនាក់ ថ្លែង​ទៅ​កាន់​យុវជន​នៃ​សាសនាចក្រ បាន​បញ្ជាក់​ពី​ទំនួល​ខុសត្រូវ​របស់​យើង​ចំពោះ​ការ​ប្រមូលផ្តុំ​នៃ​ពួក​ជម្រើស​របស់​ព្រះ ៖

រូបភាព
អែលឌើរ នែល អិល អាន់ឌើរសិន

« បេសកកម្ម​របស់​អ្នក​នឹង​ក្លាយ​ជា​ឱកាស​មួយ​ដ៏​ពិសិដ្ឋ​ក្នុង​ការនំា​មនុស្ស​ទូទៅ​មក​រក​ព្រះ​គ្រីស្ទ ហើយ​ជួយ​រៀបចំ​ពួកគេ​ទទួល​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះអង្គ​សង្គ្រោះ ។

« ព្រះអម្ចាស់ បាន​មាន​បន្ទូល​ជា​យូរ​មក​ហើយ​អំពី​ភាព​ចាំបាច់​នៃ​ការ​រៀបចំ​ខ្លួន​សម្រាប់​ការ​យាង​មក​ជា​លើក​ទី​ពីរ​របស់​ទ្រង់ ។ ចំពោះ​ហេណុក លោក​បាន​ប្រកាស​ថា ‹ រីឯ​សេចក្ដី​សុចរិត នោះ​យើង​នឹង​ចាត់​ឲ្យ​ចុះ​មក​ពី​ស្ថានសួគ៌ ហើយ​ឯ​សេចក្ដី​ពិត នោះ​យើង​នឹងចាត់​ឲ្យ​ចេញ​ពី​ផែនដី​ទៅ… ហើយ​សេចក្ដី​សុចរិត និង​សេចក្ដីពិត នោះ​យើង​នឹង​បណ្ដាល​ឲ្យ​បោល​ផែនដី ដូចជា​ទឹក​ជំនន់ ដើម្បី​ប្រមូល​ពួក​អ្នក​ជម្រើស​របស់​យើង​ពី​ទិស​ទាំង​បួន​នៃ​ផែនដី › ។ [ ម៉ូសេ ៧:៦២ ] ។ ព្យាការី ដានីយ៉ែល បាន​ព្យាករ​ថា នៅ​ក្នុង​ថ្ងៃ​ចុង​ក្រោយ ដំណឹងល្អ​នឹង​រមាល​ទៅ​ដល់​ចុង​ផែនដី ដូចជា ‹ ថ្ម​[ ដែល ]​ដាប់​ផ្ដាច់​ចេញ​ពី​ភ្នំ​ឥត​មាន​ដៃ​អ្នក​ណា​ធ្វើ › ។ [ ដានីយ៉ែល ២:៤៥ ] ។ នីហ្វៃ​បាន​ថ្លែង​អំពី​សាសនាចក្រ​នៅ​ថ្ងៃ​ចុង​ក្រោយ ជាមាន​ចំនួន​តិច ប៉ុន្តែ​បាន​សាយភាយ​ពាស​ពេញ​ផ្ទៃ​ផែនដី​ទាំងមូល ។ [ សូមមើល នីហ្វៃទី ១ ១៤:១២-១៤ ] ។ ព្រះអម្ចាស់​បានប្រកាស​នៅក្នុង​គ្រា​កាន់​កាប់​ត្រួតត្រា​នេះ​ថា ‹ អ្នករាល់គ្នា​ត្រូវ​បាន​ហៅ​ដើម្បី​បណ្ដាល​ឲ្យ​មាន​ការ​ប្រមូល​នៃ​ពួក​ដែល​យើង​បាន​រើស​តាំង › ។ [ គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:៧] ។… បេសកកម្ម​របស់​អ្នក​គឺ​ជា​ឱកាស និង​ការ​ទទួល​ខុស​ត្រូវ​ដ៏​អស្ចារ្យ​មួយ ដែលសំខាន់ចំ​ពោះ​ការ​ប្រមូល​ផ្ដុំ​ដែល​បាន​សន្យា ហើយ​តភ្ជាប់​ទៅ​នឹង​ជោគវាសនា​ដ៏អស់កល្ប​ជានិច្ច​របស់​អ្នក » (Preparing the World for the Second Coming, » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១១, ៥០-៥១ ) ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ២៩:៧-៩ ។ ពួកបរិសុទ្ធ​ត្រូវ​បាន​ប្រមូល​ទៅកាន់​ស្ដេក​នៃ​ស៊ីយ៉ូន

អែលឌើរ ប្រ៊ូស អ័រ. ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ពីកន្លែង​ដែល​ពួក​បរិសុទ្ធ គួរប្រមូល​ផ្ដុំ ៖

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

« ស្ដេក​នៃ​ស៊ីយ៉ូន ត្រូវបាន …រៀបចំ​ឡើង​នៅ​ចុង​ផែនដី ។ នៅក្នុង​ទំនាក់ទំនង​នេះ សូម​យើ​ងពិចារណា​អំពី​សេចក្ដីពិត​ទាំង​នេះ ៖ ស្ដេក​នៃ​ស៊ីយ៉ូន គឺជា​ផ្នែក​មួយ​នៃ​ស៊ីយ៉ូន ។ អ្នក​ពុំ​អាច​បង្កើត​ស្ដេក​នៃ​ស៊ីយ៉ូន​មួយ ដោយ​គ្មាន​ការ​បង្កើត​ចំណែក​មួយ​នៃ​ស៊ីយ៉ូនបានឡើយ ។ ស៊ីយ៉ូន គឺ​ជា​ភាព​បរិសុទ្ធ​នៃ​ដួងចិត្ត យើង​ទទួល​បាន​ភាពបរិសុទ្ធ​នៃ​ដួងចិត្ត​តាមរយៈ​ពិធីបុណ្យជ្រមុជទឹក និង​ការ​គោរពប្រតិបត្តិ ។ ស្ដេក​មួយ មាន​ព្រំ​ប្រទល់​ភូមិសាស្ត្រ ។ ដើម្បីបង្កើត​ស្ដេក​មួយ គឺ​ដូចជា​ការ​សង់​ទីក្រុង​នៃ​ភាព​បរិសុទ្ធមួយដែរ ។ គ្រប់ស្ដេក​នៅ​លើ​ផែនដី គឺ​ជា​កន្លែង​ប្រមូល​ផ្ដុំកូន​ចៀម​អ៊ីស្រាអែល​ដែល​បាន​វង្វេង​បាត់ ដែល​រស់​នៅ​ក្នុង​តំបន់​នោះ ។

« កន្លែង​ប្រមូលផ្ដុំ​ប្រជាជន​ពេរ៉ូ គឺ​ស្ថិត​នៅក្នុង​ស្ដេក​នៃ​ស៊ីយ៉ូន​នៅ​ប្រទេស ពេរ៉ូ ឬ​នៅកន្លែង​នានា​ដែល​មិន​យូរប៉ុន្មាន​នឹង​ក្លាយទៅ​ជា​ស្ដេក​នោះ ។ កន្លែង​ប្រមូល​ផ្ដុំ​សម្រាប់​ប្រជាជន​ឈីលី គឺនៅ​ក្នុង​ប្រទេស​ឈីលី សម្រាប់​ប្រជាជន​បូលីវី គឺ​នៅ​ប្រទេស​បូលីវី សម្រាប់​ប្រជាជន​កូរ៉េ គឺ​នៅ​ប្រទេស​កូរ៉េ ហើយ​វា​នឹង​មាន​ពេញ​ផែនដី ។ សាសន៍​អ៊ីស្រាអែល​ដែល​ខ្ចាត់ព្រាត់ ដែល​ស្ថិត​នៅ​គ្រប់ជាតិសាសន៍ ត្រូវ​បាន​ហៅ​ប្រមូល​មក​ក្នុ​ងក្រោល​របស់ព្រះគ្រីស្ទ មកកាន់​ស្ដេក​នៃ​ស៊ីយ៉ូន ដែល​ត្រូវ​បាន​ស្ថាបនាឡើង​នៅ​ក្នុង​ជាតិសាសន៍​របស់ពួកគេ » ( « Come: Let Israel Build Zion »Ensignខែ ឧសភា ឆ្នាំ ១៩៧៧ ទំព័រ ១១៨ ) ។