ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៣៩ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៣៣-៣៤


មេរៀន​ទី ៣៩

គោលលទ្ធិ និង សេចក្តី​សញ្ញា ៣៣-៣៤

បុព្វកថា

នៅខែតុលា ឆ្នាំ ១៨៣០ ព្រះអម្ចាស់ បានហៅ អ៊ែសរ៉ា ធេយ័រ និង ណូរត្រុព ស្វ៊ីត ឲ្យ​ប្រកាស​ដំណឹងល្អ ។ វិវរណៈនេះ បានកត់ត្រា​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៣ រួមមាននូវ​ការណែនាំ​អំពី​របៀប​ដែលបុរស​ទាំងនេះ ត្រូវ​បាន​បង្រៀនដំណឹងល្អ ។ មិន​យូរប៉ុន្មាន​បន្ទាប់ពីនោះ នៅក្នុង​វិវរណៈ​បានកត់ត្រា​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៤ ព្រះអម្ចាស់ បានសរសើរ អួរសុន ប្រាត្ត ចំពោះ​សេចក្ដីជំនឿ​របស់​គាត់ ហើយ​បាន​បញ្ជា​ឲ្យគាត់​ទៅ​ផ្សាយ​ដំណឹងល្អ​ផងដែរ ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៣:១-៦

ព្រះអម្ចាស់ បានហៅ អ៊ែសរ៉ា ធេយ័រ និង ណូរត្រុព ស្វ៊ីត ឲ្យ​ប្រកាស​ដំណឹងល្អ

មុន​ពេល​ថ្នាក់ចាប់​ផ្ដើម សូមសរសេរ​ឃ្លា​ដូចខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ ត្រែ, មាត់, ត្រចៀក វាល​ស្រែស្រូវ​ទុំល្មម​ច្រូតកាត់ ។ ( បើ​អាច​ធ្វើ​ទៅបាន សូម​បង្ហាញ​រូបភាព​នៃ​វត្ថុទាំងនេះ ) ។ នៅ​ពេល​ចាប់​ផ្ដើម​ថ្នាក់ សូម​សួរ​សំណួរ​ដូចខាង​ក្រោម ៖

  • តើ​វត្ថុ​ទាំងនេះ ទាក់ទង​នឹង​កិច្ចការ​ផ្សព្វផ្សាយសាសនា​យ៉ាង​ដូចម្ដេច ?

ដើម្បីជួយសិស្ស​យល់​បរិបទ​ចំពោះគោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៣សូម​ពន្យល់​ថា អ៊ែសរ៉ា ធេយ័រ បាន​រស់នៅ​ជិត​នឹង​គ្រួសារ​របស់ យ៉ូសែប ស៊្មីធ ជុញ្ញ័រ ។ គាត់​បាន​ស្គាល់​សមាជិក​នៃ​គ្រួសារ​ស្ម៊ីធ តាមរយៈ​កិច្ចការ​ដែលពួកគេ​បានធ្វើ​សម្រាប់​គាត់​ក្នុង​ពេល​ផ្សេងៗ ។ នៅ​ក្នុង​ខែ តុលា ឆ្នាំ ១៨៣០ អ៊ែសរ៉ា ធេយ័រ និងអ្នករស់នៅ​ប៉ាល់ម៉ៃរា ឈ្មោះ ណូរត្រុព ស្វ៊ីត ត្រូវបាន​ទទួលបុណ្យជ្រមុជទឹក​ចូល​ក្នុង​សាសនាចក្រ ។ មិន​យូរប៉ុន្មាន​បន្ទាប់ពី​នោះ ព្យាការី​យ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈ​មួយ​ដែល​ថ្លែង​ទៅកាន់​បុរសទាំង​ពីរ​នាក់នេះ ដែល​ឥឡូវ​ត្រូវ​បាន​កត់ត្រា​ទុក​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៣ ។

សូម​អញ្ជើញ​សិស្សឲ្យអានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៣:១–២ដោយ​ស្ងាត់ស្ងៀម រកមើល​ពាក្យ ឬ​ឃ្លា​ដែលទាក់ទង​ទៅនឹង​គំនូរ ( ឬ​ពាក្យ ) នៅលើ​ក្ដារខៀន ។ ( រូបភាព​មាត់ នឹង​ប្រាប់​នៅពេល​ក្រោយក្នុងមេរៀន​នេះ ) ។ ក្រោយពី​សិស្ស​បាន​រាយការណ៍អំពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​ហើយ សូម​សួរ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អ្នក​គិត​ថា វា​មានន័យ​យ៉ាងណា​ដើម្បី « បើក… ត្រចៀក​របស់អ្នក ហើយ​ស្ដាប់​តាម​សំឡេង​នៃ… ព្រះ » នោះ ? តើយើង​អាចបង្ហាញ​ដល់ព្រះអម្ចាស់​ថា ត្រចៀក​របស់យើង​ត្រូវ​បាន​បើក​ដើម្បី​ស្ដាប់​តាម​សំឡេង​របស់ទ្រង់យ៉ាងដូចម្ដេច ?

  • តើអ្នកគិតថា វា​មានន័យ​យ៉ាងណា ដើម្បី​ប្រកាស​ដំណឹងល្អ « ហាក់​ដូចជា​ដោយ​សំឡេង​ត្រែ » ?

សូម​ពន្យល់​ថា ជាញឹកញាប់ ព្រះអម្ចាស់ បាន​ប្រើ​វត្ថុ​ស្រដៀងគ្នា ដូចជា ត្រែ ជា​និមិត្តរូប ដើម្បី​បង្រៀន​ដំណឹងល្អ​របស់ទ្រង់ និង​ដើម្បីជួយ​យើង​យល់​អំពី​សេចក្ដីពិត​ដ៏អស់កល្បជានិច្ច ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៣:៣ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​និមិត្តរូប​បន្ថែម ដែល​ព្រះអម្ចាស់​បានប្រើនៅក្នុង​វិវរណៈនេះ ។

  • តើ​អ្នកគិត​ថា​ចម្ការទំពាំង​បាយជូរ​របស់​ព្រះអម្ចាស់​តំណាង​ឲ្យអ្វី ? ( ពិភពលោក ) ។

  • តើ​អ្នក​ដែល​ធ្វើការ​ក្នុងចម្ការ​ទំពាំង​បាយជូរ​របស់ព្រះអម្ចាស់ តំណាង​ឲ្យ​នរណា ? ( សមាជិក​នៃ​សាសនាចក្រ​របស់ព្រះអម្ចាស់ ) ។

  • តើ​អ្នកគិត​ថា​ឃ្លា « ត្រូវ​ជា​ម៉ោង​ទី ១១ » មានន័យ​យ៉ាងណា ? ( នេះ​គឺ​ជា​គ្រា​កាន់កាប់ត្រួតត្រា​ចុង​ក្រោយ​នៃ​ដំណឹងល្អ និង​ជា​គ្រា​ចុង​ក្រោយ ដែល​ព្រះអម្ចាស់​នឹង​រៀបចំ​នគរ​របស់ទ្រង់​ឡើង​នៅលើ​ផែនដី មុន​ពេល​ការ​យាងមក​ជាលើក​ទីពីរ​របស់ទ្រង់ ) ។

សូមសុំ​សិស្ស​ឲ្យអានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៣:៤ដោយស្ងាត់ស្ងៀមរក​មើល​របៀប​ដែលព្រះអម្ចាស់ បានពិពណ៌នា​អំពីស្ថានភាព​នៃ​លោកិយ​ក្នុងឆ្នាំ ១៨៣០ ។

  • តើ​ឃ្លា​ណាមួយ​ក្នុង​ខគម្ពីរនេះ ដែល​លេច​ធ្លោ​ចំពោះ​អ្នក ? ហេតុអ្វី ? តើ​យើង​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ពង្រឹង​ខ្លួន​យើង​ទប់ទល់​នឹង​ឥទ្ធិពល​ពុករលួយ​នៃ​លោកិយ ?

សូម​សរសេរ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ ព្រះអម្ចាស់​មាន ហើយ​គឺ​ជា  ។

សូម​ឲ្យពេល​ដល់សិស្ស​ពីរបីនាទី ដើម្បីពិចារណា​ពី​អ្វី​ដែលព្រះអម្ចាស់​បានធ្វើ ឬ​កំពុង​ធ្វើ​ដើម្បីជួយពង្រឹង​ពួកគេ​ទប់ទល់​នឹង​ភាព​ពុករលួយ​នៃ​លោកិយ ។ សូម​ពន្យល់ថា នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៣:៥-៦ ព្រះអម្ចាស់ បាន​ប្រកាស​អ្វីមួយ ដែលទ្រង់បានធ្វើ ហើយនឹង​រឿង​មូយ​ដែលទ្រង់​កំពុង​ធ្វើ​ដើម្បីជួយ​ពង្រឹង​យើង ទប់ទល់​នឹង​ភាពពុករលួយ​នៃ​លោកិយ ។ សូមសុំ​ឲ្យ​សិស្ស​ម្នាក់​អាន​ខគម្ពីរ​ទាំងនេះ​ឲ្យ​ឮៗ ។ សូម​អញ្ជើញ​សិស្ស​ក្នុងថ្នាក់ផ្ទៀង​តាម ហើយ​ប្រាប់នូវអ្វី​ដែលព្រះអម្ចាស់​បាន​ធ្វើ ហើយ​នឹង​ធ្វើ​ដើម្បីពង្រឹង​ដល់​យើង ។

  • យោង​តាម​ខគម្ពីរ​ទាំងនេះ តើ​អ្វីមួយដែលព្រះបានធ្វើ ហើយអ្វីមួយដែល​ទ្រង់​កំពុង​ធ្វើ​ក្នុងពេល​ឥឡូវ​នេះ ដែលអាច​ជួយពង្រឹង​យើង​ទប់ទល់​នឹង​ភាព​ពុករលួយ​នៃ​លោកិយនេះ ? ( នៅពេល​សិស្ស​ឆ្លើយតប សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​បំពេញ​នៅក្នុង​ចម្លោះ នៅក្នុង​សេចក្ដីថ្លែង​ការ​ណ៍​នៅលើ​ក្ដារខៀន ) ។ ចម្លើយ​របស់សិស្ស​គួរ​តែ​ឆ្លុះ​បញ្ចាំង​អំពី​គោលការណ៍​ដូច​ខាង​ក្រោម ៖ ព្រះអម្ចាស់ បានស្ថាបនា​សាសនាចក្រ​របស់ទ្រង់ ហើយ​កំពុង​តែ​ប្រមូល​ផ្ដុំ​ពួកជម្រើស​របស់ទ្រង់​នៅ​ថ្ងៃ​ចុង​ក្រោយ ) ។

ដើម្បីជួយសិស្ស​យល់​បន្ថែម​អំពី​សេចក្ដីពិត​នេះ ហើយ​មានអារម្មណ៍​ដឹង​ពី​សារៈសំខាន់​របស់វា សូម​ចាត់​ឲ្យ​ពួកគេ​ធ្វើការ​ជា​គូៗ ហើយ​ពិភាក្សា​អំពី ចម្លើយ​របស់ពួកគេចំពោះសំណួរ​ដូចខាងក្រោម ។ អ្នកអាច​អាន​សំណួរ​ទាំងនេះ​ឲ្យ​ឮៗ សូមសរសរ​វា​នៅលើ​ក្ដារខៀន ឬ​ចែកវា​នៅក្នុងក្រដាស​ទៅ​ឲ្យ​សិស្ស ។ ( សូម​កុំ​សរសេរ​ចម្លើយ​នៅក្នុង​វង់ក្រចក ) ។

  1. យោងតាម​ខ ៦ តើ​នរណា​ជា​ពួកជម្រើស ? ( អ្នក​ទាំងឡាយ​ដែលនឹង​ជឿ​លើព្រះ ហើយស្ដាប់​តាម​សំឡេង​ទ្រង់ ) ។

  2. សូម​ពិចារណា​អំពី​ភាព​ពុករលួយ​នៃ​លោកិយ ហេតុអ្វី​ក៏​វាសំខាន់​ដើម្បីប្រមូល​ផ្ដុំ​ពួកជម្រើស​របស់​ព្រះអម្ចាស់ ?

  3. តើ​សមាជិកភាព​របស់អ្នក​នៅក្នុង​សាសនាចក្រ​នៃព្រះយេស៊ូវ​គ្រីស្ទ​នៃពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ បាន​ពង្រឹង​ដល់អ្នក ទប់ទល់​នឹង​ភាពពុករលួយ​នៃ​លោកិយ​នេះ​យ៉ាង​ដូចម្ដេច ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៣:៧-១៨

ព្រះអម្ចាស់ បាន​ប្រទានការណែនាំ​ដល់ អ៊ែសរ៉ា ធេយ័រ និង ណូរត្រុព ស្វ៊ីត ឲ្យ​បង្រៀន​ដំណឹងល្អ

យោង​ទៅ​លើ​រូបភាព មាត់ ( ឬ​ពាក្យ មាត់ ) នៅលើ​ក្ដារខៀន ។ សូម​អញ្ជើញ​សិស្ស​ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៣:៧-១០ ដោយ​ស្ងាត់ស្ងៀម រកមើល​នូវ​អ្វី​ដែលព្រះ​អម្ចាស់បាន​បង្រៀន​ដល់ អ៊ែសរ៉ា ធេយ័រ និង ណូរត្រុព ស្វ៊ីត ពីអ្វី​ដែលពួកគេ​ត្រូវធ្វើ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​បានរៀន ។

សូម​សរសេរ​សេចក្ដីថ្លែងការណ៍ពុំ​ពេញលេញ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ បើ​យើង​បើក​មាត់​របស់យើង​ប្រកាស​ដំណឹងល្អ …

សូម​ឲ្យ​សិស្ស​ប្រើ​នូវ​អ្វី​ដែលពួកគេ​បាន​រៀន​មកពីគោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៣:៧-១០ដើម្បី​បំពេញ​សេចក្ដីថ្លែង​ការណ៍នេះ ។ អ្នកអាច​នឹង​ចង់​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យមក​កាន់​ក្ដារខៀន ដើម្បី​សរសេរ​បញ្ចប់​គោលការណ៍​នេះ ។ វា​អាច​ត្រូវបាន​សរសេរ​ដូចតទៅ ៖ បើ​យើង​បើក​មាត់​របស់យើងប្រកាស​ដំណឹងល្អ នោះ​ព្រះអម្ចាស់​នឹង​បំផុស​យើង​អំពីអ្វី​ដែល​ត្រូវ​និយាយ ។

  • តើ​ស្ថានភាព​មួយចំនួន​ដែល​យើង​អាច​នឹង​ស្ទាក់ស្ទើរ​ដើម្បី​បើក​មាត់​របស់យើង​ប្រាប់អំពី​ដំណឹងល្អ​មានអ្វីខ្លះ ?

  • តើ​អ្នក​បាន​សម្រេចចិត្ត​បើក​មាត់​របស់អ្នក និយាយ​អំពី​ដំណឹងល្អ និង​ទទួលអារម្មណ៍​បំផុស​គំនិត​ឲ្យដឹង​នូវអ្វី​ដែលត្រូវ​និយាយ​នៅពេលណា ? តើនៅពេល​ណា​អ្នក​បាន​ឃើញ​នរណា​ម្នាក់ទៀត ដែលចែកចាយ​ដំណឹងល្អ ហើយ​មានអារម្មណ៍​ថា ពួកគេ​ត្រូវ​បាន​បំផុសគំនិត​នៅក្នុងអ្វី​ដែលពួកគេ​និយាយ​នោះ ?

សូមសង្ខេបគោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៣:១១-១៥តាម​រយៈ​ការ​ពន្យល់​ថា នៅក្នុង​ខគម្ពីរ​ទាំងនេះ ព្រះអម្ចាស់ បាន​ណែនាំ អ៊ែសរ៉ា ធេយ័រ និង ណូរត្រុព ស្វ៊ីត ដើម្បីផ្សាយ​គោលការណ៍​ទីមួយ និង​ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹងល្អ-- សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ការប្រែចិត្ត ពិធី​បុណ្យជ្រមុជទឹក និង​អំណោយទាន​នៃព្រះវិញ្ញាណបរិសុទ្ធ ។

សូមយោង​ទៅ​គោលការណ៍​ដែល​បាន​សរសេរ​លើ​ក្ដារខៀន​ម្ដង​ទៀត ។ សូម​ឲ្យ​សិស្ស​ពិចារណា​អំពីអ្វី​ដែលយើង​ចាំបាច់​ត្រូវធ្វើ បន្ថែម​ពី​លើ​ការ​បើក​មាត់របស់យើង ដូច្នេះ​ព្រះអម្ចាស់​អាច​បំផុសគំនិត​យើង​ឲ្យ​ដឹង​នូវអ្វី​ដែលត្រូវ​និយាយ ពេល​យើង​ចែកចាយដំណឹងល្អ​ជាមួយអ្នកដទៃ ។ សូមអញ្ជើញ​សិស្ស​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៣:១៦-១៨ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយប្រាប់​អំពី​ការទូន្មាន​ជាក់លាក់​ដែលព្រះអម្ចាស់​បានប្រទាន​ដល់ អ៊ែសរ៉ា និង ណូរត្រុព ដែល​នឹង​ជួយពួកគេ​ដឹង​នូវអ្វី​ដែល​ត្រូវ​និយាយ​ក្នុងនាមជា​អ្នកផ្សព្វផ្សាយសាសនា ។

  • តើ​ព្រះអម្ចាស់​បាន​ប្រទាន​ការ​ទូន្មាន​អ្វីខ្លះ ដល់អ៊ែសរ៉ា និង ណូរត្រុព ដែល​អាច​ជួយ​ពួកគេ​ឲ្យ​ដឹងនូវអ្វី​ដែលត្រូវនិយាយ ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា ? ( សូម​គិត​ពី​ការសរសេរ​ចម្លើយ​របស់​សិស្ស​ដាក់​លើ​ក្ដារខៀន ។ )

  • តើ​អ្នក​គិត​ថា វា​មាន​ន័យ​យ៉ាង​ណា​ចំពោះ​ការ​ទូន្មាន​របស់ព្រះអម្ចាស់ ឲ្យ​មាន « ចង្កៀង​បង្កាត់ ហើយ​ឆេះ ហើយ​មាន​ប្រេង​នៅជាមួយ​អ្នក​ផង » នោះ ? ( គ និង ស ៣៣:១៧ ) ។ ( ដើម្បី​ត្រូវ​បាន​ត្រៀម​ខ្លួន​ខាង​វិញ្ញាណ ហើយ​ត្រៀម​ខ្លួន​ជាស្រេច​គ្រប់​ពេល​សម្រាប់​ការ​យាង​មក​ជា​លើក​ទីពីរ​របស់ព្រះយេស៊ូវ​គ្រីស្ទ ។ ខគម្ពីរ​នេះ ជាប់ទាក់ទង​នឹង​រឿង​ប្រៀបធៀប​នៃ​ស្ត្រី​ក្រមុំ​ព្រហ្មចារីយភាព​ទាំង​ដប់​នាក់ ដែល​មាន​នៅក្នុង​ម៉ាថាយ ២៥:១-១៣ហើយ​មានប្រាប់​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:៥៦-៥៧ ) ។

  • តើ​ការ​ទូន្មាន​របស់ព្រះអម្ចាស់​នៅក្នុង​ខទាំង​នេះ​ជួយ​យើង​ត្រៀម​ខ្លួន​ដើម្បី​បើក​មាត់​ចែកចាយ​ដំណឹងល្អ​នៅ​គ្រប់ពេល និង​គ្រប់​ស្ថានភាព​យ៉ាង​ដូចម្ដេច ?

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៤

ព្រះអម្ចាស់ បាន​សរសើរ​ដល់ អួរសុន ប្រាត្ត ចំពោះ​សេចក្ដីជំនឿ​របស់គាត់ ហើយ​បាន​បញ្ជា​ឲ្យ​គាត់​ផ្សាយ​ដំណឹងល្អ

សូម​អញ្ជើញ​សិស្ស​ឲ្យ​រក​មើល​សេចក្ដី​ណែនាំ​អំពី​កណ្ឌ​នៃ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៤ដើម្បី​រក​មើល​ឧទាហរណ៍​មួយ​របស់​មនុស្ស​ម្នាក់ ដែល​ត្រូវ​បាន​ប្រទាន​ពរ​នៅពេល​នរណា​ម្នាក់​ទៀត បាន​បើក​មាត់​របស់គាត់​ចែកចាយ​ដំណឹងល្អ ។

  • តើ​នរណា​ត្រូវ​បាន​ទទួលពរជ័យ​នៅក្នុងឧទាហរណ៍​នេះ ? តើ អួរសុន ប្រាត្ត មាន​អាយុប៉ុន្មាន ពេល​គាត់​ទទួលបុណ្យជ្រមុជទឹក ? តើ​គាត់​បាន​រៀន​អំពី​ដំណឹងល្អ​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៤:១ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើលថា​តើ​ព្រះអម្ចាស់​មាន​បន្ទូល​សំដៅ​ទៅ​លើ​អួរសុន​យ៉ាង​ណាខ្លះ ។ សូម​អញ្ជើញ​សិស្សឲ្យ​រៀបរាប់​អំពីអ្វី​ដែល​ពួក​គេ​រកឃើញ ។ បន្ទាប់មក ឲ្យ​សិស្ស​ក្នុង​ថ្នាក់​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៤:២-៣ដោយស្ងាត់ស្ងៀម ដើម្បី​រក​មើល​មូលហេតុ​ដែលព្រះអម្ចាស់​បាន​ហៅ​គាត់​ថា « បុត្រ​របស់​យើង » ។

  • ហេតុអ្វី​ក៏​ព្រះអម្ចាស់​ហៅ អួរសុន ជា​បុត្រ​របស់ទ្រង់ដូច្នេះ ? ( ដោយសារ​ជំនឿ​របស់ អួរសុន មាន​ទៅលើ​ព្រះអម្ចាស់ ) ។

  • យោង​តាមគោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៤:៣តើ​ព្រះអម្ចាស់​បាន​ធ្វើ​អ្វីខ្លះ សម្រាប់ « អស់​អ្នកណា » ដែល​ជឿ​ទៅលើ​ទ្រង់ ? ( ដើម្បី​ជួយសិស្ស​យល់​ថា សេចក្ដីពិត​នៅក្នុង​ខគម្ពីរ​នេះ អនុវត្ត​ដូចគ្នា​ចំពោះ​ស្ត្រី អ្នក​អាច​នឹង​ចង់​ផ្ដល់​យោបល់​ថា ពួក​គេ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ២៥:១ ) ។

សូមអញ្ជើញ​សិស្ស​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៤:៤-៦ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ផ្ទៀងតាម រក​មើល​នូវ​អ្វី​ដែលព្រះអម្ចាស់​បាន​ប្រាប់​ដល់ អួរសុន ដែលនឹង​នាំ​មកនូវ​ពរជ័យ​កាន់តែ​ច្រើន​ក្នុង​ជីវិត​របស់​គាត់​នោះ ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​យើង​ត្រូវបាន « ប្រទានពរកាន់​តែច្រើន » នៅពេល​យើងបង្រៀន​ដំណឹងល្អ​ដល់អ្នក​ដទៃ​ដូច្នេះ ?

សូមអញ្ជើញ​សិស្ស​ម្នាក់ទៀត​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៤:១០-១១ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ផ្ទៀង​តាម រកមើល​ពរជ័យ​ដែល​ត្រូវ​បាន​ប្រទាន​ដល់អ្នក​ទាំងឡាយ​ដែល​ចែកចាយដំណឹងល្អ​ជាមួយអ្នកដទៃ​ដោយ​ឧស្សាហ៍ព្យាយាម ។

  • តើ​មានពរជ័យអ្វីខ្លះ ដែលត្រូវ​បាន​ប្រទាន​ឲ្យ​អ្នកទាំងឡាយ​ដែល​បង្រៀន​ដំណឹងល្អ​ដោយឧស្សាហ៍ព្យាយាមនោះ ? ( នៅពេល​សិស្ស​ឆ្លើយតប អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​ដូច​ខាង​ក្រោម នៅលើ​ក្ដារខៀន ៖ អ្នក​ទាំងឡាយ​ដែល​បង្រៀន​ដំណឹង​ល្អ​ដោយ​ឧស្សាហ៍ព្យាយាម នឹង​ធ្វើ​ឡើង​ដូច្នោះ​ដោយ​ព្រះចេស្ដារ​នៃ​ព្រះវិញ្ញាណបរិសុទ្ធ

  • តើ​មានពរជ័យ​អ្វីខ្លះ​ដែលត្រូវ​បាន​សន្យា​ដល់អ្នកទាំងឡាយ​ដែល​ស្មោះត្រង់ ? ( អ្នក​ក៏អាច​នឹង​ចង់​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន​ផងដែរ ៖ បើ​យើង​ស្មោះត្រង់ នោះ​ព្រះអម្ចាស់​នឹង​គង់​នៅជាមួយ​យើង ) ។

  • តើ​សេចក្ដីពិត​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៤:១១ អាច​ជួយ​យើង​នៅក្នុង​គ្រា​ដែល​បាក់​ទឹកចិត្ត​យ៉ាង​ដូចម្ដេច ?

អ្នកអាច​នឹង​ចង់​បញ្ចប់​មេរៀន​ដោយ​ការ​ចែកចាយ​អំពី​គ្រា​មួយ​ដែល​អ្នក​បាន​មានអារម្មណ៍​ថា ព្រះអម្ចាស់ គង់នៅជាមួយ​អ្នក ពេល​អ្នក​ស្មោះត្រង់​នឹង​ទ្រង់ ។ អ្ន​ក​ក៏​អាច​នឹង​ចង់​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត ដែលបាន​ពិភាក្សា​នៅក្នុង​មេរៀន​នេះ​ផងដែរ ។

សេចក្តី​អធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដី សញ្ញា ៣៣ ។ ណូរត្រុព ស្វ៊ីត

ណូរត្រុព ស្វ៊ីត បាន​ទទួល​បុណ្យជ្រមុជទឹក​ជា​សមាជិក​នៃ​សាសនាចក្រ​ដោយ ប៉ាលី ភី ប្រាត្ត នៅក្នុង​ខែ​តុលា ឆ្នាំ ១៨៣០ ក្នុង​ភូមិប៉ាលម៉ៃរា រដ្ឋ​នូវយ៉ោក ។ គាត់​ត្រូវ​បាន​ចាត់​តាំង​ឲ្យ​បម្រើ​បេសកកម្ម​មួយ​នៅ​ខែ​តុលា ឆ្នាំ ១៨៣០ ( សូមមើលគ និង ស ៣៣ ) ។ គាត់​បាន​ផ្លាស់​ទៅ​កាន់ក្រុង ខឺតឡង់ រដ្ឋ អូហៃអូ ត្រឹមខែ​មិថុនា ឆ្នាំ ១៨៣១ ជាកន្លែង​ដែល​គាត់ត្រូវ​បាន​តែងតាំង​ជា​អែលឌើរ តែ​ទោះជា​យ៉ាង​ណា គាត់បាន​ចាកចេញ​ពី​សាសនាចក្រ​មិន​យូរប៉ុន្មាន​បន្ទាប់ពី​នោះ ហើយ​បាន​ប៉ុនប៉ង​ចង់បង្កើត​ព្រះវិហារ​មួយទៀត ដោយអះអាងថា យ៉ូសែប ស៊្មីធ គឺ​ជា​ព្យាការី​ក្លែង​ក្លាយ ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៣:១ ។ ព្រះបន្ទូល​របស់ព្រះ​គឺនៅរស់ ហើយ​ពូកែ​ផង

ព្រះអម្ចាស់ បានប្រើ​រូបភាព​ចំណាប់អារម្មណ៍មួយចំនួន​ដើម្បីពិពណ៌នា​អំពី​ព្រះចេស្ដារ​នៃព្រះបន្ទូល​ទ្រង់ ។ គំនិត​ដែល​ថា ព្រះបន្ទូល​របស់ព្រះ​គឺ​ប្រកបដោយ​អានុភាព គឺ​ងាយស្រួល​ដើម្បី​យល់ ពីព្រោះ​ថា តាមរយៈ​ព្រះបន្ទូល​របស់ទ្រង់ អ្វីៗទាំងអស់​មក​ពីស្ថានសួគ៌ ទៅ​កាន់ដួងចិត្ត​របស់​មនុស្ស គឺ​ត្រូវ​បាន​ផ្លាស់ប្ដូរ ។ ព្រះបន្ទូល​នៅរស់នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៣:១ពុំ​មានន័យ​ថា​ឆាប់​រហ័ស​នោះទេ តែ​វា​មានន័យ​ថា នៅរស់ ឬ​មានជីវិត ( សូមមើល Bible Dictionary« Quick » ) ។ ឃ្លា « មុត​ជាង​ដាវ​មាន​មុខ​ពីរ​ដើម្បី​កាត់​សន្លាក់ និង​ខួរឆ្អឹង ព្រលឹង និង​វិញ្ញាណ​ដាច់​ពីគ្នា » យ៉ាង​ច្បាស់ ពិពណ៌នា​អំពី​របៀប​ដែលព្រះ​បន្ទូល​របស់ព្រះ អាច​កាត់​ដល់​ដួងចិត្ត​របស់មនុស្ស ( សូមមើល​ផងដែរនីហ្វៃទី១ ១៦:១-២ ) ។

ការ​ផ្លាស់ប្រែចិត្ត​ជឿ​របស់ អ៊ែសរ៉ា ធេយ័រ ផ្ដល់​គំរូ​ល្អ​អំពី​របៀប​ដែល​ព្រះបន្ទូល​របស់ព្រះ គឺ​នៅរស់ ហើយ​ពូកែ ។ អ៊ែសរ៉ា ធេយ័រ បាន​រំឭក​ថា ៖

« នៅពេល ហៃរាំ បាន​ចាប់ផ្ដើម​និយាយ នោះ​គ្រប់ពាក្យ​សម្ដី​របស់គាត់ បាន​ប៉ះ​ដល់ដួងព្រលឹង​ខ្ញុំ ។ ខ្ញុំ​បាន​គិត​ថា គ្រប់ពាក្យ គឺត្រូវ​បាន​ថ្លែង​មកកាន់ខ្ញុំ ។ ព្រះបាន​ដាក់ទោស​ខ្ញុំ ហើយ​ដែលខ្ញុំ​ពុំអាច​កម្រើក​បាន ។ ខ្ញុំ​ពុំ​អាច​ជួយ​ខ្លួន​ឯងទេ ។ ទឹកភ្នែក​បាន​ស្រក់​ចុះមក​លើ​ថ្ពាល់​ខ្ញុំ ខ្ញុំ​គឺជា​មនុស្ស​ឆ្មើង​ឆ្មៃ និង​រឹងរូស ។ មាន​មនុស្ស​ជាច្រើន​នៅទីនោះ​ដែល​បាន​ស្គាល់ខ្ញុំ ខ្ញុំ​ពុំហ៊ាន​ងើប​មុខ​ឡើង​ឡើយ ។ ខ្ញុំ​បាន​អង្គុយ រហូត​ដល់​ខ្ញុំ​បាន​ដឹង​ខ្លួន​វិញ មុន​ពេល​ខ្ញុំ​ហ៊ាន​ងើប​មុខ​ឡើង ។ ពួកគេ​បាន​ច្រៀង​ទំនុក​តម្កើង​មួយចំនួន ហើយ​បាន​បំពេញ​ក្នុង​ខ្លួន​ខ្ញុំ​ដោយព្រះវិញ្ញាណ ។ នៅពេល ហៃរាំ បាន​បញ្ចប់ គាត់​បាន​លើក​សៀវភៅ​មួយឡើង ហើយ​និយាយ​ថា ‹ នេះ​គឺ​ជា​ព្រះគម្ពីរមរមន › ។ ខ្ញុំ​បាន​និយាយ​ថា ខ្ញុំសូម​មើល​បន្ដិច ។ រួច​ខ្ញុំ​បាន​បើក​សៀវភៅ​នោះ ហើយ​ខ្ញុំ​បាន​ទទួល​នូវការ​រន្ធត់ជាខ្លាំង​មួយ ដែល​ពេញ​ដោយក្ដីអំណរ ដែល​គ្មាន​ទឹកប៊ិច​ណា​អាច​សរសេរ ហើយ​គ្មាន​អណ្ដាត​ណា​អាច​ថ្លែង​បាន​ឡើយ ។ ខ្ញុំ​បាន​បិទ​សៀវភៅ ហើយ​បាន​និយាយថា តើ​វា​ថ្លៃ​ប៉ុន្មាន ? រួច​បានតប​មក​ថា ‹ ដប់បួន​ស៊ីលីង › ។ ខ្ញុំ​បាន​និយាយ​ថា ខ្ញុំ​នឹង​ទិញ​សៀវភៅ​នេះ ។ ខ្ញុំ​បាន​បើក​វា​ឡើង​ម្ដងទៀត ហើយ​ខ្ញុំ​បាន​ទទួល​នូវ​ព្រះវិញ្ញាណ​បន្ថែម ដែល​ខ្ញុំ​ពុំ​អាច​ដឹង​ថា​តើ​ខ្ញុំ​នៅក្នុង​ពិភពលោក​នេះ ឬ​អត់ទេ ។ ខ្ញុំ​មានអារម្មណ៍​ដូចជា​ខ្ញុំ​នៅក្នុង​ស្ថានសួគ៌​ដ៏ពិត ។

« ម៉ាទីន ហារិស បាន​ប្រញាប់​មករក​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ​ថា គម្ពីរ​នេះ​ពិត ។ ខ្ញុំ​បាន​ប្រាប់គាត់​ថា គាត់ពុំចាំបាច់​ប្រាប់ខ្ញុំ​ទេ ដ្បិត​ខ្ញុំ​ដឹង​ថា វា​គឺ​ពិត​ដូចជា​គាត់​ដឹង​ផងដែរ » ( នៅក្នុង Lyndon W. Cook,the Revelations of the Prophet Joseph Smith: A Historical and Biographical Commentary of the Doctrine and Covenants[ ១៩៨៥ ], ទំព័រ ៤៧–៤៨ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៣:៩ ។ ផ្ទុក​កណ្ដាប់​ស្រូវ​ពីលើ​ខ្នង​របស់អ្នក

តើ​វា​មានន័យ​យ៉ាង​ណា​ដែលថា យើង​អាច « ផ្ទុក​កណ្ដាប់​ស្រូវ​ពីលើ​ខ្នង​[ របស់យើង ] នោះ » ? ឃ្លា​នេះ សំដៅ​ទៅលើ​ផល ឬ កណ្ដាប់ ដែល​បាន​ច្រូតកាត់​ពី​ស្រែ ។ ដើម្បី « ផ្ទុក​កណ្ដាប់​ស្រូវ » ចង្អុល​ប្រាប់​ថា ជា​ការ​ប្រមូលផល​ដ៏​ធំ និង បរិបូរណ៍​មួយ ។ នេះ​គឺ​ជា​ឃ្លា​និមិត្តរូប​មួយ តំណាង​ឲ្យ​ភាព​ជោគជ័យដ៏ធំ​ខាង​ការ​ផ្សព្វផ្សាយសាសនា ។

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់​បន្ថែម​អំពី​អត្ថន័យ​ស្រដៀងគ្នា​នេះ​ថា ៖

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

« កណ្ដាប់​នៅក្នុង​សទិសភាព​នេះ តំណាង​ឲ្យ​សមាជិក​ដែលបានទទួលបុណ្យជ្រមុជទឹក​ថ្មីៗ​ក្នុង​សាសនាចក្រ ។ ជង្រុកគឺ​ជា​ព្រះវិហារបរិសុទ្ធ ។ អែលឌើរ នែល អេ ម៉ាក់ស្វែល បាន​ពន្យល់​ថា ៖ ‹ ច្បាស់ណាស់ នៅពេល​យើង​ជ្រមុជទឹក ភ្នែក​របស់​យើង​គួរ​តែ​មើល​ហួស​ពី​អាងជ្រមុជទឹក​ទៅ​កាន់​ព្រះវិហារបរិសុទ្ធ ។ ជង្រុក​ដ៏​ធំ​ដែល​កណ្ដាប់​គួរ​តែ​ត្រូវ​បាន​ប្រមូល​ទុក គឺ​ព្រះវិហារបរិសុទ្ធ › ( នៅក្នុង John L. Hart, ‹ Make Calling Focus of Your Mission ›Church News, ថ្ងៃ​ទី ១៧ ខែ​កញ្ញា ១៩៩៤, ទំព័រ ៤ ) ។ ការណែនាំ​នេះ បញ្ជាក់ និង​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ពិធីបរិសុទ្ធ និង​សេចក្ដីសញ្ញា​ដ៏ពិសិដ្ឋ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​—ដែល​កណ្ដាប់​ពុំ​អាច​ត្រូវ​បានបំផ្លាញ​នោះ​ទេ » ( ​Honorably Hold a Name and Standing, »​Ensignលីអាហូណាខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៩៧ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៤:១ ។ អួរសុន ប្រាត្ត

អួរសុន ប្រាត្ត បាន​ពិពណ៌នា​អំពី​របៀប​ដែល​គាត់​បាន​អនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ក្នុង​នាម​ជា​យុវជន​ម្នាក់ថា ៖

រូបភាព
អែលឌើរ អួរសុន ប្រាត្ត

« ចាប់តាំងពី​អាយុ​ដប់ឆ្នាំ​ដល់ដប់ប្រាំបួន​ឆ្នាំ ខ្ញុំ​បាន​មើល​ឃើញ​ពិភពលោក​​ច្រើន ហើយ​ត្រូវ​បាន​រសាត់អណ្ដែត​ដោយគ្មានកន្លែង​នៅ​អចិន្ត្រៃយ៍ទេ ប៉ុន្តែ​តាមរយៈព្រះគុណ​របស់ព្រះ ខ្ញុំ​ត្រូវ​បាន​ការពារ​ពី​សេចក្ដី​អាក្រក់​ជាច្រើន ដែល​មនុស្ស​វ័យក្មេង​បានជួបប្រទះ ដែល​ចំណាប់​អារម្មណ៍​ពីមុន​អំ​ពី​សីលធម៌ និង​សាសនា បាន​ដក់ជាប់​ក្នុង​គំនិត​ខ្ញុំ តាមរយៈ​ឪពុកម្ដាយ​ខ្ញុំ វា​តែងតែ​ដិតជាប់​នឹង​ខ្ញុំ ហើយ​ជាញឹកញាប់ ខ្ញុំ​មានអារម្មណ៍​រំភើប​ដ៏ខ្លាំង​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ស្ថានភាព​នាពេលអនាគត​មួយ ប៉ុន្តែ​ពុំ​ដែល​បាន​ចាប់​ផ្ដើម​ក្នុងការ​ស្វែងរ​ក​ព្រះអម្ចាស់ដ៏ពិតទេ រហូត​ដល់​រដូវ​ស្លឹកឈើជ្រុះ​ក្នុង​ឆ្នាំ ១៨២៩ ។ បន្ទាប់មក ខ្ញុំ​បាន​ចាប់​ផ្ដើម​អធិស្ឋាន​យ៉ាង​ក្លៀវក្លា ប្រែចិត្ត​ពីគ្រប់​អំពើបាប​របស់ខ្ញុំ ។ ក្នុង​ភាព​ស្ងប់ស្ងាត់នាពេល​រាត្រី កាល​ដែល​អ្នកដទៃទៀត​បាន​លង់លក់​នៅក្នុង​ដំណេក ជាញឹកញាប់​ខ្ញុំ​បាន​ចូល​ទៅកន្លែង​ស្ងាត់​មួយចំនួន​ក្នុង​ទីវាល​តែ​ឯង ឬ​វាលរហោស្ថាន​ស្ងាត់ដាច់ពីគេ ហើយ​ឱនក្បាល​ចំពោះព្រះអម្ចាស់ ហើយ​បានអធិស្ឋាន​រាប់ម៉ោង ដោយ​ដួងចិត្ត​សង្រេង និងវិញ្ញាណ​ទន់ទាប ដែល​ការណ៍​នោះ​គឺជា​ការលួងលោមចិត្ត និង​ក្ដីរីករាយ​របស់ខ្ញុំ ។ បំណងប្រាថ្នា​ដ៏​ធំបំផុត​ក្នុងចិត្ត​ខ្ញុំ គឺ​សុំ​ឲ្យព្រះអម្ចាស់​បើក​សម្ដែង​ព្រះហឬទ័យ​របស់ទ្រង់​អំពី​ខ្ញុំ » ( នៅក្នុង​The Orson Pratt Journals, ចងក្រង​ដោយ Elden J. Watson [ ឆ្នាំ ១៩៧៥ ], ទំព័រ ៨–៩ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៤:១០ ។ « សូម​បន្លឺ​សំឡេង​របស់អ្នក​ឡើង »

នៅក្នុងការ​គោរពប្រតិបត្តិ​ចំពោះ​បញ្ជា​របស់ព្រះអម្ចាស់ ដែលបានកត់ត្រា​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៤:១០ អួរសុន ប្រាត្ត បាន​បន្លឺសំឡេង​របស់គាត់​ដើម្បី​ចែកចាយដំណឹងល្អ ។ មិនយូរប៉ុន្មាន​បន្ទាប់ពី​ការទទួលវិវរណៈ​នេះ អួរសុន​ប្រាត្ត បាន​ចាប់​ផ្ដើម​បេសកកម្ម​មួយ​ទៅកាន់ ខូលស្វិល រដ្ឋ នូវ យ៉ោក ។ ​រយៈពេល​ពីរបីឆ្នាំ​ក្រោយ នៅក្នុង​បេសកកម្ម​មួយទៀត អួរសុន បានធ្វើ​ដំណើរ « ថ្មើរ​ជើង​ចម្ងាយជិត ៤០០០ ម៉ែល ( ៦៤០០ គ.ម ) ចូលរួម​ការ​ប្រជុំ​ចំនួន ២០៧ ការ​ប្រជុំ… បាន​ជ្រមុជទឹក​ដល់​មនុស្ស​ចំនួន ១០៤ នាក់ ហើយ​បាន​រៀបចំ​សាខា​នៃ​សាសនាចក្រ​ថ្មី​ជាច្រើន​ផងដែរ » ( Orson Pratt, « History of Orson Pratt, » Millennial Starថ្ងៃទី ៤ ខែ​កុម្ភៈ ឆ្នាំ ១៨៦៥, ទំព័រ ៧២ ) ។ នៅក្នុង​ជីវិត​នៃការ​បម្រើ​របស់គាត់ « គាត់បាន​ធ្វើដំណើរឆ្លងកាត់​មហាសមុទ្រ​ដប់ប្រាំមួយដង នៅ​ក្នុង​បេសកកម្ម​នៃ​សេចក្ដីសង្គ្រោះ » ( « អួរសុន ប្រាត្ត » Contributorខែ វិច្ឆិកា ឆ្នាំ ១៨៨១, ទំព័រ ៦១ ) ។