ថ្នាក់​សិក្ខាសាលា
មេរៀន​សិក្សា​នៅផ្ទះ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ១៧-១៩ ( មេរៀន​ទី ៥ )


មេរៀន​សិក្សា​នៅ​ផ្ទះ

គោលលទ្ធិ និង សេចក្តីសញ្ញា ១៧–១៩ ( មេរៀន​ទី ៥ )

ការរៀបចំ​សម្ភារសម្រាប់គ្រូបង្រៀនដល់សិស្សដែលសិក្សានៅផ្ទះ

សេចក្ដីសង្ខេបនៃមេរៀនសិក្សានៅផ្ទះប្រចាំថ្ងៃ

ខាង​ក្រោម នេះ​គឺ​ជា​សេចក្តីសង្ខេប​នៃគោលលទ្ធិ និង​គោលការណ៍​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​បាន​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៧–១៩ ( មេរៀន​ទី ៥ ) មិន​មែន​ត្រូវយក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀនផ្ដោត​លើ​គោលលទ្ធិ និង គោលការណ៍​តែពីរបី​ទាំង​នេះប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការរបស់​សិស្ស ។

ថ្ងៃ​ទី ១ (គោលលទ្ធិ និង សេចក្តីសញ្ញា ១៧)

តាមរយៈ​ព្រះឱវាទ​របស់​ព្រះអម្ចាស់​ដល់​សាក្សី​បីនាក់​នៃ​ព្រះគម្ពីរ​មរមន នោះ​សិស្ស​បាន​រៀន​ថា ប្រសិនបើ​យើង​អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះ នោះ​យើង​អាច​ទទួល​បាន​សាក្សី​មួយ​អំពី​សេចក្ដីពិត ដែល​យើង​ចង់ដឹង ។ អស់​អ្នក​ដែល​ទទួល​បាន​សាក្សី​អំពី​សេចក្ដីពិត​មាន​ទំនួល​ខុសត្រូវ​ ដើម្បី​ថ្លែងទីបន្ទាល់​អំពី​វា ។ ព្រះអង្គ​សង្គ្រោះ​ទ្រង់​ផ្ទាល់​ក៏​បាន​ថ្លែងទីបន្ទាល់​ផងដែរ​ថា ព្រះគម្ពីរ​មរមន​ពិត ។

ថ្ងៃ​ទី ២ (គោលលទ្ធិ និង សេចក្តីសញ្ញា ១៨)

នៅក្នុង​មេរៀន​នេះ សិស្ស​បាន​រៀន​ថា​តម្លៃ​នៃ​ព្រលឹង​គឺ​មហិមា​ណាស់​ដែល​ធ្វើ​ឲ្យ​ព្រះយេស៊ូវគ្រីស្ទ​បាន​រងទុក្ខ ហើយ​បាន​សុគត​ដូច្នេះ​មនុស្ស​អាច​ប្រែចិត្ត ហើយ​ត្រឡប់​ទៅ​នៅ​ជាមួយ​ព្រះវរបិតាសួគ៌​វិញ ។ សិស្ស​ក៏​បាន​រកឃើញ​ផងដែរ​ថា ប្រសិនបើ​យើង​ជួយ​អ្នក​ដទៃ​ឲ្យ​ប្រែចិត្ត ហើយ​មក​រក​ព្រះអម្ចាស់ នោះ យើង​នឹង​ទទួល​អារម្មណ៍​នៃ​ក្ដីអំណរ ជាមួយ​ពួកគេ​នៅក្នុង​នគរ​នៃ​ព្រះ​ ។ យើង​អាច​ឮ​សំឡេង​របស់​ព្រះយេស៊ូវគ្រីស្ទ បាន​នៅ​ពេល​យើង​អាន​ព្រះគម្ពីរ​ដោយ​នូវ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​ ។

ថ្ងៃ​ទី ៣ (គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:១–២២)

ចេញពីព្រះឱវាទ​របស់​ព្រះអង្គ​សង្គ្រោះ​ដល់​ម៉ាទីន ហារីស សិស្ស​អាច​រៀន​ថា​ព្រះយេស៊ូវគ្រីស្ទ​បាន​បំពេញ​តាម​ព្រះហឫទ័យ​នៃ​ព្រះវរបិតា​ទ្រង់ ហើយ​ថា​ព្រះយេស៊ូវគ្រីស្ទ​នឹង​ជំនុំជម្រះ​យើង​តាម​កិច្ចការ​ទាំងឡាយ​របស់​យើង ។ សិស្ស​ក៏​បាន​រៀន​ផងដែរ​ថាយើង​ត្រូវតែ​ប្រែចិត្ត​ចេញ​ពី​អំពើ​បាប ឬ ការរងទុក្ខ​របស់យើង ។ អ្នក​ទាំងឡាយ​ដែល​ជ្រើសរើស​ពុំ​ប្រែចិត្ត នឹង​ត្រូវរងទុក្ខ​នូវ​ទោស​នៃ​អំពើ​បាប​របស់​ខ្លួន ។

ថ្ងៃ​ទី ៤ (គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:២៣–៤១)

សិស្ស​បាន​រៀន​អំពី​ការសន្យា​របស់​ព្រះអម្ចាស់​ចំពោះ​ម៉ាទីន ហារីស ៖ ប្រសិនបើ​ម៉ាទីន​រៀន​ពី​ទ្រង់ ស្ដាប់​តាម​បន្ទូល​របស់​ទ្រង់ ហើយ​ដើរ​ដោយ​ភាពរាបសារ​នៃ​ព្រះវិញ្ញាណរបស់​ទ្រង់ នោះ​គាត់​នឹង​មាន​ភាព​សុខសាន្ដ ។ ការសន្យា​នេះក៏​អនុវត្ត​ចំពោះយើង​ផងដែរ ។ មេរៀន​នេះ​ក៏​បាន​ជួយ​សិស្ស​ឲ្យ​រៀន​ថា ប្រសិនបើ​យើង​ធ្វើ​តាម​ព្រះឆន្ទៈ​របស់​ព្រះអម្ខាស់ នោះ​ទ្រង់​នឹង​ប្រទាន​ពរជ័យ​ដល់​យើង ដែល​មាន​តម្លៃ​ថ្លៃ​ជាង​ទ្រព្យ​សម្បត្តិ​លើ​ផែនដី​ទៅ​ទៀត ។

សេចក្តីផ្ដើម

មេរៀន​នេះ​នឹង​ជួយ​សិស្ស​រៀន​ពី មូលហេតុ​ដែល​ការប្រែចិត្ត​មាន​ភាពចាំបាច់ ។ វា​នឹង​ជួយ​ពង្រីក​ការយល់ដឹង​របស់​ពួកគេ​អំពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ កាលណាយើង​យល់​កាន់តែច្រើនអំពីការបូជា និង ការគោរពប្រតិបត្តិ​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ ការសង្ស័យ​ពី​សមត្ថភាព​របស់​យើង​ដើម្បី​ជួយ​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់​នឹង​កាត់​បន្ថយ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្តី សញ្ញា ១៧

ព្រះអម្ចាស់សន្យា​ដល់​ពួកសាក្សី​បីនាក់ថា ពួកគេ​នឹង​អនុញ្ញាត​ឲ្យ​មើល​ឃើញ​ផ្ទាំង​ចំណារ និង​វត្ថុ​ពិសិដ្ឋ​ដទៃ​ទៀត

សូម​យក​វត្ថុ​មួយ​ដែល​គួរឲ្យ​ចាប់​អារម្មណ៍​មក​ថ្នាក់​រៀន ប៉ុន្តែ​សូម​កុំ​ឲ្យ​សិស្ស​មើល​ឃើញ​ឡើយ ។ នៅពេល​ថ្នាក់​ចាប់​ផ្ដើម សូម​ប្រាប់​សិស្ស​ថា​អ្នក​បាន​យក​វត្ថុ​មួយ​មក ។ សូម​សួរ​សិស្ស ប្រសិនបើ​ពួកគេ​ជឿ​ថា​អ្នក​មាន​វត្ថុ​នោះ ទោះបី​ជា​ពួកគេ​ពុំ​បាន​ឃើញ​វា​ក្តី ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៧:២ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើ​ល​អ្វី​ដែល​សាក្សី​បី​នាក់​ចាំបាច់​ត្រូវ​មាន​ពីមុន​ពួកគេ​អាច​មើល​ផ្ទាំង​មាស​បាន ។

  • ហេតុអ្វី​អ្នក​គិត​ថា សាក្សី​បីនាក់​ត្រូវ​មាន​សេចក្ដី​ជំនឿ​មុននឹង​ពួកគេ​អាច​ឃើញ​ផ្ទាំង​ចំណារបាន​យ៉ាង​ដូច្នេះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៧:៣-៥ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​តម្រូវ​ឲ្យ​សាក្សី​បីនាក់​ធ្វើ បន្ទាប់​ពី​ពួកគេ​បាន​ឃើញ​ផ្ទាំង​មាស និង វត្ថុ​ពិសិដ្ឋៗ​ផ្សេង​ទៀត ។

  • តើ​ព្រះអម្ចាស់​បាន​ប្រាប់​សាក្សី​បីនាក់​ឲ្យ​ពួកគេ​ត្រូវ​ធ្វើ​អ្វី​ខ្លះ បន្ទាប់​ពី​ពួកគេ​បាន​ឃើញ​ផ្ទាំងមាស និង វត្ថុ​ពិសិដ្ឋៗ​ផ្សេង​ទៀត ?

  • តើ​ព្រះអម្ចាស់​រំពឹង​អ្វីខ្លះ​ពី​យើង ​បន្ទាប់​ពី​យើង​ទទួល​បាន​សាក្សី​នៃ​សេចក្តីពិត​នោះ ? ( បន្ទាប់ពី​យើង​ទទួល​បាន​សាក្សី​នៃ​សេចក្ដីពិត នោះ​យើង​មាន​ទំនួល​ខុសត្រូវ​ដើម្បី​ថ្លែងទីបន្ទាល់​អំពី​វា ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹងគិត​ពី​អ្វី​ដែល​ពួកគេ​បាន​ដឹង​ថា​ពិត និង របៀប​ដែល​ពួកគេ​បាន​ថ្លែងទីបន្ទាល់​ពី​វត្ថុ​ទាំងនោះ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ១៨-១៩

ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ពី​ការរងទុក្ខ​របស់​ទ្រង់ ហើយ​បង្រៀន​ពី​សារៈសំខាន់​នៃ​ការប្រែចិត្ត

សូម​បង្ហាញ​ផ្លែឈើ​មួយ​ចំណិត​ដល់​សិស្ស ឬ បង្ហាញ​រូបភាព​នៃ​ផ្លែឈើ​មួយ​ចំណិត ។ សូម​សួរ​ពួកគេ​ថា តើ​ពួកគេ​ដឹង​ដោយ​របៀប​ណា​ថា​ផ្លែឈើ​នេះ​អាច​ហូប​បាន ។ ( រូបរាង​របស់​វា ឬ លក្ខណៈពិសេស​ផ្សេង​ទៀត​ដែល​បង្ហាញ​ថា​វា​ទុំ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨:៦ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​អំពី អ្វី​ដែល​ទុំសុះ​នៅក្នុង​សេចក្តី​ទុច្ចរិត ។

  • តើ​អ្នក​គិត​ថា « ពិភពលោក​លោក​កំពុង​តែ​ទុំសុះ​នៅក្នុង​សេចក្តី​ទុច្ចរិត » មាន​ន័យ​យ៉ាង​ណា ?

  • តើ​ភស្តុតាង​អ្វី​ខ្លះ​ដែល​អ្នក​ឃើញ​ថា​ការណ៍​នេះ​កំពុងតែកើត​ឡើង ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨០:១០ ( ដែល​ជា​ផ្នែក​មួយ​នៃ​វគ្គ​ចំណេះចំណាន​ខគម្ពីរ ) ដោយ​ស្ងាត់ស្ងៀម រកមើល​របៀប​ដែល​ព្រះអម្ចាស់​មាន​ព្រះទ័យ​ចំពោះមនុស្ស​ទាំងអស់ ទោះទាំង​អស់​អ្នក​ដែល​ទុំសុះ​នៅក្នុង​សេចក្តី​ទុច្ចរិត ។ បន្ទាប់មក សូម​ឲ្យ​ពួកគេ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨:១០ ឲ្យ​ឮៗ រួមគ្នា ជាច្រើនដង រហូត​ទាល់តែ​សមាជិក​ម្នាក់ៗ​នៃ​ថ្នាក់​អាច​សូត្រ​ចាំ ។

  • តើ​ព្រះអម្ចាស់​មាន​ព្រះទ័យ​យ៉ាង​ណា​ចំពោះ​កូនចៅ​របស់​ទ្រង់ ?

  • តើ​ការដឹង​ពី​ការណ៍​នេះ អាច​ជះឥទ្ធិពល​លើ​របៀប​ដែល​អ្នក​ប្រព្រឹត្ត​ចំពោះ​មនុស្ស​នៅជុំ​ខ្លួន​អ្នក​ដោយ​របៀប​ណា ?

  • តើ​មនុស្ស​ម្នាក់​អាច​ដឹង​ថា​ខ្លួន​គេ​មាន​តម្លៃ​មហិមា​ចំពោះ​ព្រះ​ដោយ​របៀប​ណា ?

សូម​ចង្អុល​បង្ហាញ​ថា នៅក្នុង​ស្ថានភាព​ជាច្រើន​តម្លៃ​នៃ​វត្ថុ​មួយ​គឺ​ត្រូវបាន​កំណត់​ដោយ​ឆន្ទៈ​ដ៏​អនេករបស់​បុគ្គល​ម្នាក់​ដែល​ចង់​បង់ថ្លៃ​សម្រាប់វា ។ អ្នក​អាច​នឹង​ចង់​ដាក់​បង្ហាញ​វត្ថុ​ពីរបី​ដែល​មាន​តម្លៃ​ផ្សេងៗ​ពី​គ្នា​ដើម្បី​បង្ហាញ​ពី​ចំណុច​នេះ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨:១១-១២ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​តម្លៃ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង់​ថ្លៃ​ចំពោះ​ព្រលឹង​របស់​យើង ។

  • តើ​តម្លៃ​អ្វីខ្លះ​ត្រូវបាន​បង់​សម្រាប់​ព្រលឹង​របស់​យើង ? ហេតុអ្វី​បាន​ជា​វា​ត្រូវបាន​បង់ថ្លៃ​ឲ្យ ? ( អ្នកអាចសរសេរ​នូវ​គោលការណ៍​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ តម្លៃ​នៃ​បុគ្គល​ម្នាក់ គឺ​ធំមហិមា​អ្វីម៉្លេះ ដែល​ធ្វើ​ឲ្យ​ព្រះយេស៊ូវគ្រីស្ទ បាន​រងទុក្ខ ហើយ​បាន​សុគត ដូច្នេះ​ខ្ញុំ​អាច​បាន​ប្រែចិត្ត ហើយ​ត្រឡប់​ទៅ​ព្រះវរបិតាសួគ៌​វិញ) ។

  • តើ​ការប្រែចិត្ត​ត្រូវតែ​ធ្វើ​អ្វី​ជាមួយ​នឹង​ការមក​កាន់​ព្រះអង្គសង្គ្រោះ ?

ដើម្បី​ជួយ​សិស្ស​យល់​កាន់តែ​ប្រសើរ​ពី​របៀប​ជួយ​យើង​មក​កាន់​ព្រះអង្គ​សង្គ្រោះ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឃ្លា​ខាង​ក្រោម​មកពី​កូន​សៀវភៅ ពិត​ចំពោះ​សេចក្ដីជំនឿ ៖

« ការប្រែចិត្ត​គឺ​វា​សំខាន់​ជាង​ការគ្រាន់តែ​ដឹង​ពី​ការធ្វើខុស ។ វា​គឺ​ជា​ការ​ផ្លាស់​ប្តូរ​នៃ​គំនិត និង ចិត្តដែល​ផ្តល់​ដល់​យើង​នូវ​ការ​យល់​ដឹង​ថ្មី​អំពី​ព្រះ អំពី​ខ្លួន​របស់​យើង​ផ្ទាល់ និង​ អំពី​ពិភព​លោក​នេះ ។ វា​រួម​មាន​ការ​បែរ​ចេញ​ពី​អំពើ​បាប​ ហើយ​បែរ​ទៅ​រក​ព្រះ​សម្រាប់​ការ​អភ័យ​ទោស ។ វា​ត្រូវបាន​ជម្រុញ​ដោយ​សេចក្ដីស្រឡាញ់​ដល់​ព្រះ និង បំណង​ដ៏​ស្មោះត្រង់​ក្នុង​ការគោរព​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់​» ពិត​ចំពោះ​សេចក្ដី​ជំនឿ ៖ សេចក្ដីយោង​នៃ​ដំណឹងល្អឆ្នាំ ២០០៤], ទំព័រ ១៣២ ) ។

សូម​លើក​ទឹកចិត្ត​ឲ្យ​សិស្ស​គិតពិចារណា​ពី អំពើបាប អកប្បកិរិយា និង បុគ្គល​លក្ខណៈ​ណា​មួយ ​ដែល​ពួកគេ​ត្រូវការដក​ខ្លួន​ចេញ​ពីវា​ដើម្បី​ប្រែចិត្ត ហើយ​មក​កាន់​ព្រះគ្រីស្ទ ។

សូម​សរសេរ​សេចក្ដីយោង​បទគម្ពីរ​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ គោល​លទ្ធិ និង សេចក្តីសញ្ញា ១៨:១៣–១៦ ។

សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់ឲ្យ​ឆ្លាស់​វេន​គ្នា​អាន​ខគម្ពីរ​ទាំង​នេះ​ឲ្យ​ឮៗ ខណៈ​ដែល​សិស្ស​ទាំងអស់​ទៀត​ផ្ទៀង​តាម ។ អ្នក​អាច​នឹង​ចង់​ផ្ដល់​យោបល់​ឲ្យ​សិស្ស​គូស​ចំណាំ​ពាក្យ​ណា​ស្រដៀង​នឹង ការប្រែ​ចិត្ត នៅក្នុង​ខគម្ពីរ​ទាំង​នេះ (ប្រែចិត្ត និង ការប្រែ​ចិត្ត) ។ បន្ទាប់ពី​អាន​ខគម្ពីរ​នេះ​ហើយ សូម​សួរ​សិស្ស​ពី​អ្វី​ដែលខគម្ពីរ​ទាំង​នេះ​បាន​បង្រៀន​អំពី ការប្រែចិត្ត ។ អ្នក​អាច​ចង្អុលបង្ហាញ​ថា គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១៥-១៦ ​ជា​វគ្គ​ចំណេះចំណាន​ខគម្ពីរ​មួយ ។

សូម​បន្ថែម​សេចក្ដីពិត ដែល​សិស្ស​ស្វែងរក​ដាក់​លើ​ក្តារខៀន ។ សិស្ស​អាច​រកឃើញ​គោលការណ៍​ផ្សេងៗ​គ្នា ប៉ុន្តែ​សូម​ប្រាកដ​ឲ្យ​ច្បាស់​ថា ប្រសិនបើ​យើង​ជួយ​អ្នក​ដទៃ​ឲ្យ​ប្រែចិត្ត ហើយ​មក​រក​ព្រះអម្ចាស់ នោះ យើង​នឹង​ទទួល​អារម្មណ៍​នៃ​ក្ដីអំណរ ជាមួយ​ពួកគេ​នៅក្នុង​នគរ​នៃ​ព្រះ ។

សូមអញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹងគិត​អំពី​អ្វី​ដែល​នឹង​ទទួល​បាន នៅពេល​ពួកគេ​ត្រឡប់​ទៅ​កាន់ទីវត្តមាន​របស់​ព្រះ​ដើម្បី​ទទួល​ការកាត់ទោស​ ។ សូម​សួរ​ពួកគេ​ពីរបៀប​ដែល​ពួកគេ​ដាក់​ផែនការ​សម្រាប់​ប្រព្រឹត្តិការណ៍​ដ៏​ធំ​នោះ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:៤ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​អ្វី​ដែល​ហើយ​គួរធ្វើ​ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​ថ្ងៃ​នោះ ។

  • យោង​តាម​ខគម្ពីរ​នេះ តើ​មាន​អ្វី​កើតឡើង​ប្រសិនបើ​យើង​ជ្រើសរើស​ពុំ​ប្រែចិត្ត​នោះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:១៣-១៩ដោយ​ស្ងាត់ស្ងៀម ។ សូម​ឲ្យ​ពួកគេ​រកមើល​លទ្ធផល​សម្រាប់​អស់​អ្នក​ដែល​ជ្រើសរើស​ពុំ​ប្រែចិត្ត ។

  • យោងតាម គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:១៦–១៩, តើ​មាន​មូល​ហេតុ​អ្វីខ្លះ ដែល​ព្រះអង្គសង្គ្រោះ​បាន​ប្រទាន​ឲ្យ​ចំពោះ​ហេតុផល​ដែល​ទ្រង់​រងទុក្ខ​ចំពោះ​អំពើ​បាប​របស់​យើង​នោះ ? ( អ្នកអាចបន្ថែម​គោលលទ្ធិ​ខាង​ក្រោម​លើ​គោលលទ្ធិ​ផ្សេងៗ​នៅលើ​ក្តារខៀន ៖ ព្រះអង្គ​សង្គ្រោះ​បាន​រងទុក្ខ​ចំពោះ​អំពើ​បាប​របស់​យើង ដូច្នេះ​យើង​អាច​ប្រែចិត្ត​ហើយ​ពុំ​រងទុក្ខ​ដូចជា​ទ្រង់​បាន​រងទុក្ខឡើយ) ។

សូម​បង្ហាញ​រូបភាព​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ច្បារ​គែតសេម៉ានី ដូច​ជា​រូបភាព​ដែល​ព្រះយេស៊ូវ​អធិស្ឋាន​នៅក្នុង​ច្បារ​គែតសេម៉ានី (សៀវភៅ​រូបភាព​ដំណឹង​ល្អ [ ឆ្នាំ ២០០៩ ]​,​ លេខ ៥៦ សូមមើល​ផងដែរ​គេហទំព័រ LDS.org) ។ សូម​ពន្យល់​ថា ដំណើរ​រឿង​ភាគច្រើន​អំពី​សេចក្ដី​រងទុក្ខ​របស់​ព្រះយេស៊ូវគ្រីស្ទ​ត្រូវ​បាន​ផ្ដល់​ឲ្យ​ដោយ​មនុស្ស​ផ្សេង​ទៀត​ក្រៅពី​ព្រះអង្គ​ទ្រង់ ( សូមមើល ម៉ាថាយ ២៦:៣៦–៣៩; លូកា ២២:៣៩–៤៤) ប៉ុន្តែ គោលលទ្ធិ និង សេចក្តីសញ្ញា ១៩ មាន​នូវ​ដំណើរ​រឿង​នៃ​ការរងទុក្ខ​របស់​ព្រះអង្គ​សង្គ្រោះ​ផ្ទាល់ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:១៨–១៩ ដោយ​ស្ងាត់ស្ងៀម រកមើល​របៀប​ដែល​ព្រះអង្គសង្គ្រោះ​បាន​ពិពណ៌នា​អំពី​សេចក្ដីរងទុក្ខ ដែល​ទ្រង់​បាន​ជួប​អំឡុង​ពេល​ធ្វើ​ដង្វាយធួន ។

សូម​សរសេរ សំណួរ​ពីរ​ខាងក្រោម នៅលើ​ក្ដារខៀន ៖

តើ​ផ្នែកមួយណា​នៃ​ការពិពណ៌នា​របស់​ព្រះអង្គ​សង្គ្រោះ អំពី​ការរងទុក្ខ​របស់​ទ្រង់​ដែលមានន័យ បំផុត​ចំពោះ​អ្នក ? ហេតុអ្វី ?

តើ​មាន​អ្វីខ្លះ​នៅក្នុង​ការពិពណ៌នា​របស់​ព្រះអង្គ​សង្គ្រោះ​ ដែល​ជួយ​បង្កើន​បំណង​ប្រាថ្នា​របស់​អ្នក ដើម្បី​ប្រែចិត្ត ហើយ​ត្រឡប់​ទៅ​កាន់​ទ្រង់​វិញ​នោះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​សំណួរ​មួយ ហើយ​ពិភាក្សា​ចម្លើយ​របស់​ពួកគេ​ជាមួយដៃគូ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ច្រៀង ឬ ស្តាប់​ទំនុកបទ​នៃ​ទំនុកតម្កើង « ខ្ញុំ​ឆ្ងល់​យ៉ាង​អស្ចារ្យ »(​ទំនុក​តម្កើង, លេខ ១១៥ ) ។ សូម​ឲ្យ​ពួកគេ​សញ្ជឹងគិត​ពី​ទំនុកបទ​នៃ​ទំនុកតម្កើង​នេះ ហើយ​គិត​អំពី​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​សម្រាប់​ពួកគេ ។

ប្រសិនបើ​មាន​ពេល សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះអង្គសង្គ្រោះ និង ពរជ័យ​នៃ​ការប្រែចិត្ត ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ធ្វើ​តាម​អារម្មណ៍ ឬ ការបំផុសគំនិត​ដែល​ពួកគេ​មាន​ដើម្បី​ប្រែចិត្ត ហើយ​ត្រឡប់​មក​រក​ព្រះអង្គ​សង្គ្រោះ​វិញ ។

ដើម្បី​បញ្ចប់​មេរៀន​នេះ សូម​អញ្ជើញ​សិស្ស​ឲ្យ​សូត្រ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:២៣ ពី​ការចងចាំ ឬ អាន​វា​រួម​គ្នា​ពី​ព្រះគម្ពីរ​របស់​ពួកគេ ។ សូម​សួរ​ពួកគេ​ពី​របៀប​ដែល​ពួកគេ​គិត​អំពី​ចំណេះចំណាន​ខគម្ពីរ​នេះ ទាក់ទង​នឹង​ការប្រែចិត្ត និង សេចក្តីសង្ឃឹម​នៃ​ការអភ័យទោស ។

មេរៀន​បន្ទាប់ (គោលលទ្ធិ និង សេចក្តីសញ្ញា ២០-២៣)

តើ​យើង​ធ្វើ​អ្វី​ខ្លះ​នៅក្នុង​សាសនាចក្រ​សព្វថ្ងៃ​នេះ ដែលដូច​គ្នា​ក្នុងសម័យដែល​សាសនាចក្រ​ត្រូវបាន​ស្ថាបនា​ឡើង​នៅថ្ងៃ​ទី ៦ ខែ មេសា ឆ្នាំ ១៨៣០​នោះ ? តើ​អ្វី​ខ្លះ​ជា​តម្រូវការ​នៃ​បុណ្យជ្រមុជទឹក ? តើ​ការណែនាំ​របស់​អ្នក​កាន់​បព្វជិតភាព​ដើម្បី​ប្រសិទ្ធិពរ​សាក្រាម៉ង់​យ៉ាង​ដូចម្តេច​ដែរ ? តើ​កាតព្វកិច្ច​របស់​គ្រូ ឬ សង្ឃ​មាន​អ្វី​ខ្លះ ? សិស្ស​នឹង​រៀន​ឆ្លើយ​សំណួរ​ទាំង​នេះ​នៅពេល​ពួកគេ​សិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ២០–២៣ ។